Jump to content

ទីបសូត្រ

ពីវិគីភីឌា

[២៨] ម្នាលភិក្ខុ​ទាំងឡាយ​ អានា​បាន​ស្សតិ​សមា​ធិ ​ដែល​បុគ្គល​ចម្រើន​ហើយ​ ធ្វើ​ឲ្យ​​ច្រើន​​ហើយ​ រមែង​មាន​ផល​​ច្រើន​​ មាន​អានិសង្ស​​ច្រើន​ ។

[២៩] ​ ម្នាលភិក្ខុ​ទាំងឡាយ​ ចុះអានាបានស្សតិសមាធិ ​ដែល​បុគ្គល​ចម្រើន​ហើយ ធ្វើ​ឲ្យ​​ច្រើន​​ហើយ ទើបមានផល​ច្រើន​​ មានអានិសង្ស​​ច្រើន​ ​តើ​ដូច​ម្ដេច​ ។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ​ នៅ​ក្នុង​ព្រៃក្ដី​ នៅទៀប​គល់​ឈើ​ក្ដី​ នៅ​ក្នុង​ផ្ទះស្ងាត់​ក្ដី​ អង្គុយពែន​ភ្នែន តាំង​កាយ​ឲ្យ​ត្រង់​ ផ្ចង់​ស្មារតី​ ឲ្យមាន​មុខ​ឆ្ពោះ​ទៅ​រក ​(កម្មដ្ឋាន) ។ ភិក្ខុ​នោះ​ មានសតិ​ដក​ដង្ហើម​ចេញ​ មានសតិ​ ​ដក​ដង្ហើម​ចូល​ ។ ​កាល​ដក​ដង្ហើម​ចេញ​វែង ដឹងច្បាស់ថា អាត្មា​អញ ​ដក​ដង្ហើម​ចេញ​វែង (បណ្ឌិតគប្បី​ឲ្យ​ពិស្ដារ​ រហូត​ដល់​ពាក្យ​ថា​ ភិក្ខុ​សិក្សា​ថា​ អាត្មា​អញ ​ឃើញ​រឿយៗ នូវធម៌​សម្រាប់​លះកិលេស​ចោល​ នឹង​ដក​ដង្ហើម ​ចេញ​ ​សិក្សា​ថា​ អាត្មា​អញ​ ឃើញ​រឿយៗ​ នូវធម៌​សម្រាប់​លះកិលេស​ចោល​ នឹង​ដក​ដង្ហើម​ចូល​ផ​ង​ចុះ​) ។ ម្នាលភិក្ខុ​ទាំងឡាយ​ អានាបានស្សតិ​សមាធិ ​ដែល​បុគ្គល​ចម្រើន​ហើយ​ យ៉ាង​នេះ​ ធ្វើ​ឲ្យ​​ច្រើន​​ហើយ​ យ៉ាង​នេះ​ រមែង​មាន​ផល​​ច្រើន​​ មាន​អានិ​សង្ស​​ច្រើន​ ។

[៣០] ម្នាលភិក្ខុ​ទាំងឡាយ​ ក៏​កាល​មុន​ដែល​តថាគត​ នៅ​ជា​ពោ​ធិសត្វ ​មិន​ទាន់​បាន​ត្រាស់​ដឹង​ នូវ​សម្ពោធិ​ញ្ញាណ​នៅ​ឡើយ តែង​សម្រេច​សម្រាន្ត​នៅ​ ​ដោយ​​ច្រើន​​ដោយ​ ​វិហារ​ធម៌​នេះ​ ។ ម្នាលភិក្ខុ​ទាំងឡាយ​ តថាគត​នោះ​ កំពុង​សម្រេច​សម្រាន្ត​នៅ​ ​ដោយ​​ច្រើន​ ​ដោយ​វិហារ​ធម៌​នេះ​ ​កាយ​មិន​លំបាក ចក្ខុ​ទាំងឡាយ​ ក៏​មិន​លំបាក ទាំងចិត្ត​របស់​តថាគត​ក៏​រួច​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​បាន​ប្រកាន់​មាំ ។

[៣១] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ងថា ​កាយ​របស់អាត្មាអញ ​កុំ​លំ​បាក ចក្ខុ​ទាំងឡាយ​ ​ក៏​កុំ​លំបាក​ ទាំងចិត្ត​របស់​អាត្មា អញ ក៏រួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រ​កាន់​មាំ អានា​បាន​ស្សតិ​សមាធិ​នេះ​ឯង ភិក្ខុ​គួរយក​ចិត្ត​ទុក​ដាក់ ​ដោយ​ប្រ​ពៃ​ចុះ ។

[៣២] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ប្រសិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុនប៉ង​ថា​ ​សេចក្ដី​ត្រិះរិះ ​ដោយ​សេចក្ដី​រឭក អាស្រ័យ​នូវ​កាម​គុណ​ ​ដែល​ជា​របស់​អាត្មា​អញ ​សេចក្ដី​ត្រិះ​រិះ​ដោយ​សេចក្ដី​រឭក​នោះ​ អាត្មាអញ​ គួរលះបង់​ចោល​ ​ព្រោះ​ហេតុ​នោះ​អានា​បាន​ស្សតិ​សមាធិ​នេះ​ឯង ភិក្ខុគួរ​យក​ចិត្ត​ទុក​ដាក់​ ​ដោយ​ប្រពៃ​ចុះ ។

[៣៣] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ​ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ង​ថា ​អាត្មា​អញ​ គួរសំគាល់​ក្នុង​របស់ ​ដែល​មិន​មែន​ជា​បដិកូល ថាជាបដិកូល អានា​បាន​ស្សតិ​សមាធិ​នេះ​ឯង ភិក្ខុ​គួរ​យក​ចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ចុះ ។

[៣៤] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ​ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ងថា​ អាត្មា​អញ ​គប្បី​សំគាល់​ ​ក្នុង​របស់​ជាបដិកូល​ ថា​មិន​មែន​ជាបដិកូល អានា​បានស្សតិ​សមាធិ​នេះ​ឯង​ ភិក្ខុ​គួរ​យក​ចិត្ត​ទុក​ដាក់​ ​ដោយ​ប្រ​ពៃ​ចុះ ។

[៣៥] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ប្រសិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន ប៉ង​ថា អាត្មាអញ​ គួរ​សំគាល់​ក្នុង​របស់​មិន​មែន​ជាបដិកូលផង​ ​ក្នុង​របស់ជាបដិកូល​ផង ថាជារបស់បដិកូល អានា​បាន​ស្សតិ​សមាធិ​នេះ​ឯង ភិក្ខុ​គួរ​យក​ចិត្ត​ទុកដាក់ ​ដោយ​ប្រពៃ​ចុះ ។

[៣៦] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ប្រសិន​បើភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ងថា​ អាត្មា​អញ​ គួរ​សំគាល់​ ​ក្នុង​របស់​ជា​បដិកូល​ផង​ ​មិន​មែន​ជា​បដិកូលផង ថាជារបស់​មិន​មែន​ជាបដិកូល​ អានាបានស្សតិ​សមាធិ​នេះ​ឯង ភិក្ខុគួរយចិត្តទុកដាក់ ​ដោយ​ប្រពៃ ចុះ ។

[៣៧] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ​ប្រសិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ង​ថា​ អាត្មា​អញ គប្បី​វៀរ​នូវ​របស់​ទាំង​ ២ ​គឺ​របស់​មិន​មែន​ជា​បដិកូល​ ១ របស់​ជាបដិកូល ១ ជា​អ្នក​ព្រងើយ​កន្តើយ ​ជា​អ្នក​មាន​ស្មារតី​ដឹង​ខ្លួន អានាបានស្សតិ​សមាធិ​នេះ​ឯង​ ភិក្ខុ​គួរយក​ចិត្ត​ទុក​ដាក់​ ​ដោយ​ប្រពៃ​ចុះ ។​

[៣៨] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ប្រសិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ង​ថា ​អាត្មាអញ ​គប្បី​ស្ងប់​ស្ងាត់ចាក​កាម​ទាំង​ឡាយ ស្ងប់ស្ងាត់​ចាកអកុសល​ធម៌​ទាំងឡាយ​ ហើយ​ចូល​កាន់​បឋម​ជ្ឈាន ​ប្រកប​ដោយ​វិតក្កៈ​និង​វិចារៈ មាន​បី​តិនិង​សុខ​ដែល​កើត​អំ​ពី​សេចក្ដី​ស្ងប់​ស្ងាត់ ​អានាបានស្សតិ​សមាធិ​នេះ​ឯង​ ភិក្ខុ​គួរយក​ចិត្ត​ទុកដាក់ ​ដោយ​ប្រពៃ​ចុះ ។

[៣៩]​ ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ប្រសិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ងថា​ អាត្មាអញ​ ​ចូល​កាន់​ទុតិយជ្ឈាន​ ​ដែល​កើត​មាន​ក្នុង​សន្ដាន​នៃ​ខ្លួន​ ជាទី​ផូរផង់​មានសភាពជាចិត្ត​ខ្ពស់ឯក ​មិន​មានវិតក្កៈ និង​វិចារៈ មានតែបីតិ ​និង​សុខ ​ដែល​កើត​អំពី​សមាធិ ​ព្រោះ​រម្ងាប់វិតក្កៈ និង​វិចារៈ អានាបាន​ស្សតិសមាធិ​នេះ​ឯង ភិក្ខុគួរយកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃចុះ ។

[៤០] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ប្រសិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុនប៉ង ថា អាត្មាអញ​ ​ព្រោះ​នឿយណាយ ​ចាក​បីតិផង​ ជា​អ្នក​ប្រកប​ដោយ​ឧបេក្ខា​ផង​ មាន ​ស្មារតី​ដឹង​ខ្លួន​ផង សោយ​សេចក្ដី​សុខ ​ដោយ​នាម​កាយ​ផង ​ព្រះ​អរិយៈ​ទាំងឡាយ​ តែង​ សរ​សើរ​នូវ​បុគ្គល ​ដែល​បាន​តតិយ​ជ្ឈាន​ថា​ ជា​អ្នក​មាន​ឧបេក្ខា មាន​ស្មារតី​ មានធម៌​ជា​គ្រឿង​នៅ​ជា​សុខ ​ដូច្នេះ​ ​ព្រោះ​តតិយ​ជ្ឈាន​ឯណា​ គប្បី​ចូល​កាន់​តតិយជ្ឈាន​នោះ​ អានាបានស្សតិ​សមាធិ​នេះ​ឯង ភិក្ខុគួរ​យក​ចិត្ត​ទុក​ដាក់​ ​ដោយ​ប្រពៃ​ចុះ ។

[៤១] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ​ប្រសិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុនប៉ង​ថា​ អាត្មាអញ ​ព្រោះ​លះបង់ នូវ​សុខ​ផង ​ព្រោះ​លះបង់ ​នូវ​ទុក្ខ​ផង មានសោមនស្ស ​និង​ទោមនស្ស​អស់​ទៅ ​ក្នុង​កាល​មុនផង គប្បី​ចូល​កាន់​ចតុត្ថជ្ឈាន​ ជាធម្មជាតមានអារម្មណ៍​ ​មិន​មែន​ជាទុក្ខ ​មិន​មែន​ជាសុខ ​គឺ​ជា​ឧបេក្ខា មានសតិដ៏បរិសុទ្ធ​ដោយ​ឧបេក្ខា អានាបានស្សតិសមាធិ​នេះ​ឯង ភិក្ខុ​គួរ​យក​ចិត្ត​ទុកដាក់ ​ដោយ​ប្រពៃ​ចុះ ។

[៤២] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ង​ថា អាត្មាអញ ​ព្រោះ​កន្លងបង់ នូវរូបសញ្ញា ​ដោយ​ប្រការទាំងពួង ​ព្រោះ​អស់បដិឃ​សញ្ញា ហើយលែងធ្វើទុក​ក្នុង​ចិត្ត នូវនានត្តសញ្ញា គប្បី​ចូល​កាន់​អាកាសា​នញ្ចយតនជ្ឈាន ​ដោយ​ការធ្វើទុក​ក្នុង​ចិត្តថា អាកាស​មិន​មានទីបំផុត ​ដូច្នេះ​ អានាបានស្សតិសមាធិ​នេះ​ឯង ភិក្ខុគួរយកចិត្តទុកដាក់ ​ដោយ​ប្រពៃចុះ ។

[៤៣] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ​ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ង​ថា អាត្មាអញ ​ព្រោះ​កន្លង​បង់​ នូវ​អាកាសាន​ញ្ចាយតន​ជ្ឈាន ​ដោយ​ប្រ​ការ​ទាំង​ពួង គប្បី​ចូល​កាន់​វិញ្ញាណ​ញ្ចា​យតនជ្ឈាន ​ដោយ​ធ្វើ​ទុក​ក្នុង​ចិត្ត​ថា វិញ្ញាណ​មិន​មាន​ទី​បំ​ផុត​ ដូ​ច្នេះ អានា​បាន​ស្ស​តិ​សមា​ធិ​នេះ​ឯង​ ភិក្ខុ​គួរ​យក​ចិត្ត​ទុក​ដាក់​ ​ដោយ​ប្រ​ពៃ​ចុះ ។

[៤៤]​ ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ​ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ង​ថា អាត្មាអញ​ ​ព្រោះ​កន្លង​បង់​ នូវ​វិញ្ញាណ​ញ្ចាយតនជ្ឈាន​ ​ដោយ​ប្រ​ការ​ទាំង​ពួង​ គប្បី​ចូល​កាន់​អាកិញ្ចញ្ញាយតនជ្ឈាន ​ដោយ​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ថា អ្វី​បន្តិច​បន្តួច​មិន​មាន​ ដូ​ច្នេះ អានា​បាន​ស្សតិ​សមា​ធិ​នេះ​ឯង ភិក្ខុ​គួរ​យក​ចិត្ត​ទុក​ដាក់​ដោយ​ប្រ​ពៃ​ចុះ ។

[៤៥] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ង​ថា អាត្មាអញ​ ​ព្រោះ​កន្លង​បង់​ នូវ​អាកិញ្ច​ញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការទាំងពួង គប្បី​ចូល​កាន់​នេវសញ្ញា​នាសញ្ញាយតនជ្ឈាន អានាបាន​ស្សតិសមា​ធិ​នេះ​ឯង ភិក្ខុ​គួរ​យក​ចិត្ត​ទុក​ដាក់​ដោយ​ប្រ​ពៃ​ចុះ ។

[៤៦] ម្នាលភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ហេតុ​នោះ​ ​ប្រ​សិន​បើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ប៉ុន​ប៉ង​ថា អាត្មាអញ ​ព្រោះ​កន្លង​បង់ ​នូវ​នេវសញ្ញានា​សញ្ញាយតនជ្ឈាន ​ដោយ​ប្រ​ការ​ទាំង​ពួង​ គប្បី​ចូល​កាន់​សញ្ញាវេទយិតនិរោធ​ អានា​បាន​ស្ស​តិសមា​ធិ​នេះ​ឯង ភិក្ខុ​គួរ​យកចិត្ត​ទុក​ដាក់ ​ដោយ​ប្រពៃចុះ ។

[៤៧] ម្នាលភិក្ខុ​ទាំងឡាយ​ កាល​បើ​អានា​បាន​ស្សតិ​សមា​ធិ ​ដែល​ភិក្ខុ​ចម្រើន​យ៉ាង​នេះ​ហើយ ធ្វើ​ឲ្យ​ច្រើន​​ យ៉ាង​នេះ​ហើយ បើភិក្ខុ​នោះ​ ​សោយ​នូវ​វេទនាជាសុខ ​ដឹង​ច្បាស់​ថា វេទនា​នោះ​ ​មិន​ទៀង​ ដឹង​ច្បាស់​ថា ​មិន​គួរប្រ​កាន់មាំ​ ដឹង​ច្បាស់​ថា ​មិន​គួរ​ត្រេកអរ ។ បើ​ភិក្ខុ​នោះ​ សោយវេទនាជាទុក្ខ ដឹងច្បាស់ថា វេទនា​នោះ​ ​មិន​ទៀង ដឹង​ច្បាស់​ថា ​មិន​គួរ​ប្រកាន់មាំ ដឹងច្បាស់ថា ​មិន​គួរត្រេកអរ ។​ បើភិក្ខុ​នោះ​ សោយ​វេទនា​មិន​មែន​ទុក្ខ ​មិន​មែនសុខ ដឹងច្បាស់ថា វេទនា​នោះ​ ​មិន​ទៀង ដឹងច្បាស់ថា ​មិន​គួរប្រកាន់មាំ ដឹងច្បាស់ថា ​មិន​គួរត្រេកអរ ។ បើភិក្ខុ​នោះ​ សោយវេទនាជាសុខ ​មិន​ប្រកប​ដោយ​កិលេស សោយនូវវេទនា​នោះ​ ។ បើភិក្ខុ​នោះ​ សោយវេទនាជាទុក្ខ ក៏​មិន​ប្រកប​ដោយ​កិលេស សោយនូវវេទនា​នោះ​ ។ បើភិក្ខុ​នោះ​ សោយវេទនា​មិន​មែនទុក្ខ ​មិន​មែនសុខ ក៏​មិន​ ​ប្រកប​ដោយ​កិលេស សោយនូវវេទនា​នោះ​ ។ កាលភិក្ខុ​នោះ​ សោយវេទនា មាន ​កាយ​ជាទីបំផុត ដឹងច្បាស់ថា​ អាត្មាអញ សោយវេទនាមាន​កាយ​ជាទីបំផុត កាល​សោយ​វេទនាមានជីវិតជាទីបំផុត ដឹងច្បាស់ថា អាត្មាអញ សោយវេទនាមានជីវិត​ជាទីបំផុត លុះ​ទំលាយរាង​កាយ​ ​បន្ទាប់​អំពីការអស់ជីវិតទៅ ដឹងច្បាស់ថា កាសោយនូវ​វេទនា​ទាំងអស់ ​ក្នុង​លោក​នេះ​ ​មិន​គួរត្រេកអរ នឹងរលត់ទៅវិញ ។

[៤៨] ម្នាលភិក្ខុ​ទាំងឡាយ​ ​ដូច​ប្រទីបប្រេង ​ដែល​ឆេះទៅបាន ​ព្រោះ​អាស្រ័យ​ប្រេង និងប្រឆេះ ​ដែល​មិន​មានអាហារ គប្បីរលត់ទៅ ​ព្រោះ​អស់ទៅ​នៃ​ប្រេង និងប្រឆេះ​នោះ​ឯង យ៉ាងណា ។ ម្នាលភិក្ខុ​ទាំងឡាយ​ កាលភិក្ខុសោយវេទនា មាន​កាយ​ជាទីបំផុត ដឹងច្បាស់​ថា អាត្មាអញ សោយ​វេទនា​មាន​កាយ​ជា​ទី​បំ​ផុត កាល​សោយ​វេទនា​មានជីវិត​ជាទីបំផុត ដឹងច្បាស់ថា អាត្មាអញ សោយ​វេទនា​មានជីវិតជាទីបំផុត លុះទំលាយ​រាង​កាយ​ បន្ទាប់​អំ​ពី​ការ​អស់​ជីវិត​ទៅ ដឹង​ច្បាស់​ថា​ ការសោយ​នូវ​វេទនាទាំងអស់ ​ក្នុង​លោក ​នេះ​ ​មិន​គួរ​ត្រេក​អរ នឹង​រលត់​ទៅ​វិញ​ ក៏​យ៉ាង​នោះ​ដែរ ។

ឯកសារយោង

[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ > មហាវារវគ្គ > អានាបានស្សតិសំយុត្ត > ឯកធម្មវគ្គ (សៀវភៅភាគ៣៩ ទំព័រទី ១៥)