ទំពក់វាទៅ ទើបព្នៅវាជ្រុះ

ពីវិគីភីឌា

«ទំពក់​វា​ទៅ​ទើប​ព្នៅ​វា​ជ្រុះ»សេចក្តី​យ៉ាង​ខ្លី​នេះ​មាន​អត្ថរស​យ៉ាង​សំខាន់​ដើម្បី​នឹង​ញាំង​ចរិយា​ជន​ណា​ដែល​ខ្ជិល​ទំរន់​ក្នុង​កិច្ចការ​សព្វ​សារពើ​កុំ​ឲ្យ​តែ​ដេក​ចាំ​តែ​ព្រេង​វាសនា​ជូន​ផល​ឲ្យ​។

អត្ថនុរូប​របស់​ភាសិត​[កែប្រែ]

បើ​យើង​ចង់​បាន​ផ្លែ​ព្នៅ​ដែល​នៅ​ជាប់​នឹង​សណ្តង់​នៅ​ឡើយ​យើង​ត្រូវ​ខ្វល់​ខ្វាយ​រក​ទំពក់​ទៅ​ថ្ពក់​ទាញ​យក​មក​ទើប​វា​ជ្រុះ​ដើម្បី​យក​មក​ធ្វើ​ជា​ចំណី​របស់​យើង​។​បើ​នៅ​ស្ងៀម​អង្គុយ​ចាំ​ឲ្យ​ផ្លែ​ព្នៅ​ជ្រុះ​មក​តែ​ម្តង​នោះ​កុំ​សង្ឃឹម​ថា​នឹង​បាន​អាស្រ័យ​មុខ​ជា​«អង្គុយ​លេប​ទឹក​មាត់​ហើយ​»

អត្ថបដិរូប​របស់​ភាសិត​[កែប្រែ]

ផ្លែ​ព្នៅ​ដែល​យើង​ចង់​បាន​នេះ​គឺ​គេ​ចង់​និយាយ​អំពី​ផល​ឬ​បំណង​អ្វី​មួយ​ដែល​យើង​ប្រាថ្នា​នឹង​ឲ្យ​បាន​សំរេច​មក​យើង​។​យើង​មិន​មែន​ដេក​ចាំ​ឲ្យ​ផល​នេះ​វា​រត់​រក​យើង​ទេ​គឺ​ត្រូវ​ប្រឹង​ប្រែង​ខ្នះ​ខ្នែង​ប្រើ​កម្លាំង​កាយ​ឬ​កម្លាំង​ចិត្ត​ដើម្បី​ទៅ​ថ្ពក់​យក​នោះ​វិស័យ​ដូច​គេ​ខំ​ខ្នះខ្នែង​ធ្វើ​ទំពក់​រួច​ហើយ​ខំ​ថ្ពក់​យក​ផ្លែ​ព្នៅ​ជា​ចំណី​។​ឧទាហរណ៍​

១) ​កូន​សិស្ស​ដែល​ប្រាថ្នា​ចង់​បាន​សញ្ញាប័ត្រ​អ្វី​មួយ​នោះ​ត្រូវ​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ឲ្យ​ណាស់​ព្រោះ​ចំណេះ​ដែល​បាន​ពី​ការ​ខំ​នេះ​ហើយ​ជា​ទំពក់​យ៉ាង​មាំ​ដើម្បី​ទៅ​ថ្ពក់​កាវ​យក​សញ្ញាប័ត្រ​។​

២) មាតា​បិតា​ទាំង​ឡាយ​បើ​ចង់​រក​ភរិយា​ឲ្យ​កូន​ប្រុស​តាម​ច្បាប់​នោះ​ត្រូវ​តែ​គិត​គូរ​ខ្នះ​ខ្នែង​រក​គេ​ឯង​ឲ្យ​ជួយ​ស៊ើប​សួរ​ចូល​ទៅ​ដណ្តឹង​ដល់​ម៉ែ​ឪ​ខាង​កូន​ស្រី​។​បើ​មិន​ដូច្នោះ​ទេ​កូន​ស្រី​អ្នក​មាន​ពូជ​ពង្ស​មិន​ងាយ​នឹង​«ជ្រុះ»ដោយ​ងាយ​ទេ​ទាល់​តែ​មាន​ទំពក់​ទៅ​ទើប​ព្នៅ​ជ្រុះ​មក​កុំ​សង្ឃឹម​ថា​«​គេ​នឹង​លើក​ឲ្យ​ដោយ​ងាយ​នោះ​។​

៣) ប្រទេស​កម្ពុជា​ដែល​បាន​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ​នេះ​ក៏​មិន​មែន​បាន​មក​ដោយ​គ្មាន​យក​«​ទំពក់​ទៅ​ថ្ពក់​»​ដែរ​។​ចុះ​អ្វី​ជា​ទំពក់​នេះ​?​គឺ​គ្មាន​អ្វី​ក្រៅ​ពី​សេចក្តី​ប្រឹង​ប្រែង​របស់​សម្តេច​ព្រះ​បិតា​ឯករាជ្យ​ជាតិ​ទេ​។​ព្រះ​អង្គ​ទ្រង់​ប្រើ​ព្រះ​នយោបាយ​ដ៏​ភ្លឺ​ថ្លា​ធ្វើ​ជា​ទំពក់​ដើម្បី​ទៅ​ទាញ​យក​ឯករាជ្យ​ជូន​ជាតិ​។​

សេចក្តី​បញ្ចប់[កែប្រែ]

បើ​ចង់​ឲ្យ​បាន​ផល​អ្វី​មួយ​ដូច​សេចក្តី​បំណង​យើង​កុំ​នៅ​ស្ងៀម​ឲ្យ​រត់​មក​រក​នោះ​ត្រូវ​ចាំ​ឲ្យ​ជាក់​ថា​«​បើ​ចង់​ស្រួច​ដូច​បន្លា​ត្រូវ​តែ​ឧស្សាហ៏​ដុស​ដែក​ដុល​ទោះ​មាន​កុសល​អកុសល​កុំ​ចាំ​សេស​ផល​នោះ​ជួយ​ជូន​»​

សម្គាល់[កែប្រែ]

កែសម្រួលឡើងវិញដោយកែមសំអាង