ធម្មរាជាទី១

ពីវិគីភីឌា
Jump to navigation Jump to search
ធម្មរាជាទី១
ព្រះបាទ
រជ្ជកាល គ.ស ១៤៧៨-១៥០៤
រាជ្យមុន ស្រីរាជា និង ស្រីសុរិយោទ័យទី២
រាជ្យបន្ត ឝ្រីឝៅគន្ធបទ
ស្វាមី/មហេសី សម្ដេចព្រះភគវតី សេរីទេពទេវី នារីចក្រពត្តិុ, ព្រះមែយ្យទេពបុប្ផា
បុត្រ ចៅពញាដំខាត់រាជា ចៅពញាចន្ទរាជា ព្រះអង្គរតនមាលី
ព្រះនាមពេញ
ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា មហាចក្រពត្រាធិរាជ
វង្ស ធម្មរាជា
សន្តតិវង្ស អង្គជ័យ
បិតា ស្រីសុរិយោពណ៌ទី២
មាតា អ្នកម្នាងស៊ីសៈងាម
ប្រសូត គ.ស ១៤៥២
ចតុម្មុខ
សុគត ក្រុងចតុមុខ
ព្រះសុសាន ១៥០៤
ក្រុងចតុមុខ

ព្រះបាទស្រីធម្មរាជាទី១ (គ.ស ១៤៥២-១៥០៤) រជ្ជកាល (គ.ស ១៤៧៨-១៥០៤) ព្រះធម្មរាជា ឡើងសោយរាជសម្បត្តិក្នុងឆ្នាំច សំរឹទ្ធិស័ក ព.ស ២០២២ - គ.ស. ១៤៧៨​ - ម.ស. ១៤០០-ច.ស. ៨៤០ ក្នុងជន្មាយុ២៦ឆ្នាំ ទ្រង់ព្រះនាមជា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា មហាចក្រពត្រាធិរាជ។ ព្រះអង្គលើកព្រះវង្សក្សត្រីឡើងជាអគ្គមហេសី ទ្រង់ព្រះនាមជា សម្ដេចព្រះភគវតី សេរីទេពទេវី នារីចក្រពត្តិ។ ទ្រង់ប្រោសព្រះរាជទាន ព្រះរាជវង្សានុវង្ស ស្នំ រក្សាឲ្យមានយសសក្ដិ តាមឋានានុរូប ដោយសមគួរ ទាំងប្រុសទាំងស្រី។ ក្នុងឆ្នាំនោះ មានអព្ភូតហេតុបង្កើតជាអស្ចារ្យណាស់ គឺកំរើកផែនដីជាង ៥ ម៉ោង។

ប្រវត្តិ[កែប្រែ]

ការឆ្លៀតឱកាស[កែប្រែ]

ព្រះបាទសម្ដេច ព្រះស្រីរាជា ស្ដេចបានទ្រង់ជ្រាបថា : សម្ដេចព្រះធម្មរាជា ប្រែព្រះទ័យក្បត់ ឡើងសោយរាជ្យហើយ ស្ដេចខ្ញាល់ណាស់។ ស្ដេចត្រាស់ឲ្យលើកទ័ព ទៅវាយក្រុងភ្នំពេញ។ ប៉ុន្តែលុះទ្រង់ជ្រាបថា: សម្ដេចព្រះសុរិយោទ័យ ស្ដេចចាត់កងទ័ព ឲ្យទៅសង្កត់ខេត្តស្ទឹងត្រែង កំពង់សៀម ហើយទើបទ្រង់ឲ្យឈប់ខាន លើកទ័ពទៅវាយស្រុកភ្នំពេញវិញ ហើយព្រះអង្គឲ្យលើកទ័ព ឡើងទៅខែត្រត្រើយខាងកើត ដើម្បីតាំងរក្សា ខែត្រស្ទឹងត្រែង កំពង់សៀម នឹងធ្វើសង្គ្រាមទល់នឹងព្រះស្រីសុរិយោទ័យវិញ។ ស្ដេចទាំងពីរព្រះអង្គ លើកច្បាំងគ្នាគ្រានោះជាច្រើនក្ដារ តែមិនចាញ់មិនឈ្នះសោះ។ លុះដល់ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២០២៣-គ.ស. ១៤៧៩ - ម.ស. ១៤០១-ច.ស. ៨៤១ ភ្លៀងធ្លាក់រឿយៗ ច្បាំងមិនកើត ទើបព្រះស្រីរាជា និងព្រះស្រីសុរិយោទ័យ ស្ដេចថយទ័ពបញ្ឈប់ពលឲ្យធ្វើស្រែទាំងសងខាង។

ផែនដីគ្រានោះបែកជា ៣ ភាគ ស្ដេចទាំង៣ព្រះអង្គពុំព្រមចំណុះគ្នាទៅវិញទៅមកសោះ។ ស្ដេចធ្វើសឹកសង្គ្រាមនឹងគ្នា គឺពីឆ្នាំវកអដ្ឋស័ក រៀងមកដល់ឆ្នាំម្សាញ់ បញ្ចស័ក ត្រូវជា១០ឆ្នាំ រេហ៍ពលរាស្ត្រប្រជា ស្លុតស្លាប់អស់ជាច្រើននាក់។ កងទ័ពទាំងសងខាងក៏ញញើតថ្វីដៃគ្នាទៅវិញទៅមកទើបស្ដេចឲ្យបញ្ឈប់សង្គ្រាម ទ្រង់នៅស្ងៀមរក្សាព្រះរាជអាណាខែត្ររបស់ព្រះអង្គ គ្រប់ព្រះអង្គ។

ក្នុងឆ្នាំកុរ ឯកស័ក ព.ស. ២០២៣ - គ.ស. ១៤៧៩ សម្ដេចព្រះមហេសី នៃ ព្រះបាទសម្ដេចព្រះធម្មរាជា ព្រះអង្គសម្ភពព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាមថា ព្រះចៅពញាដំខាត់រាជា។ ស្ដេចគង់នៅជាសុខរៀងមក។

ឯព្រះបាទសម្ដេចស្រីរាជានោះ អ្នកព្រះបរមចន្ទារពិសេសសម្ភព ព្រះរាជបុត្រាមួយព្រះអង្គ ទ្រង់ព្រះនាមចៅពញាអុងរាជា ក្នុងឆ្នាំជូត ទោស័ក។ លុះដល់ឆ្នាំកុរ ឯកស័កក្រោយដែលបានធ្វើសង្គ្រាម ៣ ឆ្នាំហើយនោះព្រះបាទសម្ដេចព្រះស្រីរាជា ស្ដេចត្រាស់បង្គាប់ឲ្យតទូក កេណ្ឌរេហ៍ពល ហ្វឹកហ្វឺនហាត់សេនាទាហានប្រុងប្រៀបស្បៀងអាហារ គ្រឿងសស្ត្រាវុធ នឹងលើកទ័ពទៅវាយសម្ដេចព្រះស្រីសុរិយោទ័យម្ដងទៀត។ លុះសូរេចហើយ ស្ដេចលើកយោធាទាហានឆ្លងទៅច្បាំងគ្នា ទាំងទ័ពទឹក ទ័ពគោកបោះបាញ់ ចាក់កាប់សំលាប់គ្នា ជាច្រើនក្ដារ តែពុំទាន់ចាញ់ឈ្នះរាងចាលម្ខាងៗឡើយ។

ព្រះបាទសម្ដេច ព្រះធម្មរាជា កាលទ្រង់ជ្រាបថា : ស្ដេចទាំងពីរព្រះអង្គ ទិសខាងកើតច្បាំងគ្នាទៀតហើយ ទើបទ្រង់ត្រាស់ឲ្យនាយកងទ័ព កេណ្ឌរេហ៍ពលលើកទៅត្រួតត្រា រក្សាព្រះរាជអាណាខេត្តកុំឲ្យកងទ័ពខាងកើត និង ខាងជើងចូលមកធ្វើវឹកវរក្នុងព្រះអាណាខេត្តព្រះអង្គបានឡើយ។

ស្ដេចទាំងពីរព្រះអង្គ ត្រើយខាងកើត និង ខាងជើង ធ្វើសង្គ្រាមនឹងគ្នាពីឆ្នាំវក អដ្ឋស័ករៀងមកដល់ឆ្នាំម្សាញ់ បញ្ចស័ក ត្រូវជា ១០ឆ្នាំ អស់អាណាប្រជានុរាស្ត្រវិនាស ដោយច្បាំង និងដោយជំងឺដំកាត់ជាច្រើន។ ទើបព្រះបាទសម្ដេចធម្មរាជា ព្រះអង្គយល់ថា ប្រទេសកើតកោលាហលខ្លាំងណាស់សង្គ្រាមក៏រឹតតែខ្លាំងឡើង ចោរខ្មួញ ក៏កំរើកថ្លើមធំ ប្លន់កាប់ចាក់សំលាប់គ្នាគ្រប់ស្រុកគ្រប់ដំបន់។ ទ្រង់មានព្រះរាជហឫទ័យ ព្រះមហាករុណា អាណិតអាណាប្រជានុរាស្ត្រពន់ប្រមាណ ទើបទ្រង់តែងព្រះសុភអក្សរ ឲ្យព្រះតេជៈអញ្ជើញយកសុភអក្សរនោះចុះទូក ចេញទៅក្រុងទេពបូរីស្រីអយុធ្យា នៅឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ២០២៩-គ.ស ១៤៨៥-ម.ស ១៤០៧-ច.ស ៨៤៧។ នោះបើគិតរាជសម្បត្តិ ព្រះមហាក្សត្រទាំង ៣ ព្រះអង្គ ឃើញថា ព្រះបាទសម្ដេចព្រះសេរីរាជាសោយរាជ្យបាន ២០ ឆ្នាំ។ ស្ដេចលើកទ័ពទៅធ្វើសង្គ្រាមនឹងសៀម ហើយត្រឡប់មកវិញ ក្នុងឆ្នាំវក អដ្ឋស័កនេះ ស្ដេចធ្វើសង្គ្រាមនឹងព្រះបាទសម្ដេចព្រះស្រីសុរិយោទ័យ រៀងមកដល់ឆ្នាំម្សាញ់ សប្តស័កនេះ ១០ ឆ្នាំទៀតត្រូវជា ៣០ ឆ្នាំ។ ស្ដេចគង់នៅក្នុងខែត្រគោកសេះ (ខែត្របារាយណ៍) និង ខែត្រកំពង់សៀម

ព្រះបាទស្រីសុរិយោទ័យ សោយរាជ្យពីឆ្នាំរកា នពស័ក។ ស្ដេចធ្វើសង្គ្រាមនឹងព្រះបិតុលា (មាខាងឪពុក) រៀបមកដល់ឆ្នាំម្សាញ់ សប្តស័ក នោះត្រូវជា ៥ ឆ្នាំ ស្ដេចគង់នៅក្រុងបាសាន (គឺស្រុកស្រីសន្ធរទាំងឆ្វេង ទាំងស្ដាំ ទាំងកណ្ដាលសព្វថ្ងៃនេះ)។

សុំអន្តរាគមន៍ពីសៀម[កែប្រែ]

ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចសោយរាជ្យពីឆ្នាំ សំរឹទ្ធិស័ក រៀងមកដល់ឆ្នាំម្សាញ់ សប្តស័ក ត្រូវជា ៨ ឆ្នាំ ស្ដេចគង់នៅក្រុងចតុម្មុខ ព្រះអង្គឲ្យបោះទ័ពរាំងទប់តែប៉ុណ្ណោះ ពុំបានលើកទៅច្បាំងនឹងខាងណាៗឡើយ។

នឹងថ្លែងអំពី ព្រះរាជតេជៈរាជទូត ដែលអញ្ជើញព្រះរាជសារនោះវិញ។ លុះទៅដល់ក្រុងទេពបូរីហើយ។ ព្រះរាជតេជៈរាជទូត ក៏ចូលទៅប្ដឹងសេនាបតី សេនាបតីក៏នាំឡើងក្រាបបង្គំគាល់ ថ្វាយព្រះរាជសារនោះ។ សម្ដេចព្រះចៅចក្រពត្តិឲ្យលាម (បកប្រែ) សារនោះ អាល័ក្សថ្វាយសេចក្ដី ដូចតទៅនេះថា : ព្រះរាជសារព្រះបាទសម្ដេច ស្ដេចព្រះរាជឱង្ការ ព្រះធម្មរាជា រាមាធិបតី សេរីសូរ្យវង្ស តម្រង់មហានគរ ក្រុងកម្ពុជាធិបតី សេរីសោធរ បវរឥន្ទបត្ត កុរុរដ្ឋរាជធានី មន្ទីរលីលាមហាឋាន

សូមចំរើនផ្លូវព្រះរាជមេត្រីមកសម្ដេចព្រះមហាចក្រពត្តិ រាជវរឫទ្ធិ បរមិន្ទមហិន្ទរាជឫទ្ធីជីវិត រតនជាញជ័យ នៃ ព្រះចៅក្រុងទេពមហានគរ រាជធារាវតី ស្រីអយុធ្យា មហាតិលក (សៀមអានថា មហាតិឡុក) ពិភពនពរ័តន៍ រាជធានី ឧត្តមមហាឋាន

សូមទ្រង់ជ្រាប ដ្បិតក្រុងកម្ពុជា កើតកោលហលក្ដៅក្រហាយ ដល់សមណជីព្រាហ្មណ៍ ទាំងព្រះពុទ្ធសាសនាក៏សៅហ្មង ព្រោះព្រះបាទសម្ដេចព្រះស្រីរាជា ជាព្រះជេដ្ឋា និង សម្ដេចព្រះស្រីសុរិយោទ័យ ជាព្រះភាគិនេយ្យ នៃ យើងស្ដេចកើតវិវាទ ធ្វើសង្គ្រាម និងគ្នាជាយូរយារអង្វែងណាស់ហើយ។

ដូច្នេះ សូមទ្រង់តំរង់ផ្លូវព្រះរាជមេត្រី អញ្ជើញលើកព្យូហៈកងទ័ពទៅជួយប្រាបប្រាម ក្រសត្រទាំងពីរព្រះអង្គឲ្យលះលែងបដិបក្សចេញ ដើម្បីឲ្យសមណជីព្រាហ្មណ៍ បណ្ដារាស្ត្រ នឹងបានសេចក្ដីសុខ ដោយព្រះចៅក្រុងសៀមជួយទំនុកបំរុង ព្រះពុទ្ធសាសនានឹងបានរុងរឿងតទៅ។ ព្រះនគរទាំងពីរ ទុកជាផែនដីមួយជាមួយគ្នា បើព្រះនគរខាងណា កើតសឹកសង្គ្រាម ព្រះនគរម្ខាងនឹងលើកទ័ពទៅជួយគ្នាទៅវិញទៅមក ទុកជាព្រះរៀម ព្រះអនុជ តាមព្រះរាជប្រវេណី

ឥឡូវនេះ យើងព្រះរៀម ឲ្យព្រះរាជតេជៈ ជារាជទូត និង ឧបទ្ទត និង ឧបទ្ទតនាំចានមាស ៤ ចានប្រាក់កុយរមាស ៤ ភ្លុកដំរីយ៉ាងធំ ៤ ក្បាល សំពត់ហូល ៤០ សូត្រហាប ជារាជបណ្ណាការ មកថ្វាយ សម្ដេចព្រះអនុជជាធិរាជ ជាផ្លូវព្រះរាជមេត្រី សូមព្រះចៅទទួលសម្ពន្ធមិត្រ កុំបីឃ្លាត។

លុះអាល័ក្ស សូត្រសេចក្ដីព្រះរាជសារចប់ហើយ ព្រះចៅចក្រពត្តិ ទ្រង់ព្រះអំណរណាស់ ស្ដេចត្រាស់សួរថា: ព្រះរៀមនេះឬ ដែលមានព្រះមាតាជាសៀម? (លោកអ្នកអានប្រហែលជានៅចាំបានថាព្រះមាតារបស់ព្រះស្រីធម្មរាជានោះនាមស៊ីសាងាមជាតិសៀមសុទ្ធ) ព្រះរាជតេជៈរាជទូត ក្រាបទូលថា៖

សូមទ្រង់ព្រះមេត្តាប្រោស សេចក្ដីនេះ ដូចព្រះរាជតំរាស់ហើយ។

ព្រះចៅចក្រពត្តិ បានទ្រង់ជ្រាបជៀងជាក់ជាវង្សសៀម ជាមួយនឹងព្រះអង្គហើយ ព្រះអង្គទុកព្រះទ័យស្និទជាព្រះរៀម ទើបត្រាស់ឲ្យកេណ្ឌកងទ័ព ជើងទឹកទុកបំរុងថ្វាយ។ លុះដល់ខែអស្សុជ ចេញវស្សា ស្ដេចត្រាស់បង្គាប់ឲ្យចៅពញាយោធានិករជាមេទ័ពជើងទឹក ឃុំពលពីរម៉ឺននាក់ (២០ ០០០នាក់) នាំព្រះរាជតេជៈរាជទូតខ្មែរ លើកចូលមកក្រុងកម្ពុជាធិបតីតាមផ្លូវកំពត ពាម បន្ទាយមាស

ព្រះរាជពង្សាវតារភាគ៣ ដែលតំកល់នៅព្រះរាជបណ្ណាល័យលេខ គ ៥៣-៣ មានសេចក្ដីដូច្នេះថែមទៀត ស្ដេចសៀមឲ្យប្រែព្រះរាជសារថ្វាយ លុះទ្រង់ជ្រាបសេចក្ដីគ្រប់ប្រការហើយ ទ្រង់ព្រះអំណរណាស់ ដោយមានគំនុំនឹងព្រះស្រីរាជា កាលមកវាយស្រុកសៀម កៀរគ្រួយកទៅជាច្រើន។ ទ្រង់មានបន្ទូលថា: យើងលើកទ័ពទៅគ្រានេះនឹងយកគ្រួយើងមកវិញទាំងអស់។ លុះទ្រង់ព្រះរាជបញ្ជាសេនាបតីមន្ត្រីឲ្យប្រមូលសេនាទាហានមក ជួបជុំរៀបជាក្បួនព្យូហៈស្រេច ស្ដេចចាត់ពញាយោធាជាមេទ័ពជើងទឹក ឲ្យនាំពល៣០០០នាក់ ចុះទូកជាមួយនិងព្រះរាជតេជៈរាជទូតខ្មែរចេញមកក្រុងកម្ពុជាធិបតី ទូលសម្ដេចព្រះធម្មរាជា សូមទ្រង់ជ្រាបជាមុន។

លុះដល់ថ្ងៃអាទិត្យកើត ខែបុស្ស ឆ្នាំម្សាញ់ បញ្ចស័ក ព.ស. ២០២៩ គ.ស. ១៤៨៥ ម.ស. ១៤០៧ ច.ស. ៨៤៧ វេលាព្រឹកម៉ោង ២ (ម៉ោងបុរាណ ត្រូវម៉ោង កន្លះយើងសព្វថ្ងៃនេះ) ព្រះចៅចក្រពត្រាធិរាជស្ដេចទ្រង់គ្រឿងសង្គ្រាមយុទ្ធ ឡើងគង់ព្រះទីនាំងគជេន្ទ្រប្លាយមង្គលចក្រពត្តិ កំពស់ប្រាំហត្ថមួយចំអាម ទើបស្ដេចឲ្យចៅពញាមហាសេនាសមុហៈក្រឡាហោមជាមេទ័ព ចៅពញាចក្រី ឧកញ៉ាព្រះឃ្លាំងធិបតី ជាប៉ែកឆ្វេង ប៉ែកស្ដាំ លើកទ័ពជើងគោក មកប្រទេសកម្ពុជាមហានគរ តាមផ្លូវបាត់ដំបង

ឯព្រះរាជតេជៈជារាជទូត កាលនាំទ័ពជើងទឹក តាមផ្លូវកំពត រហូតមកដល់ភ្នំពេញហើយ អ្នកក៏ចូលក្រាបថ្វាយបង្គំគាល់ ទូកតាមសេចក្ដី ដែលព្រះចៅចក្រពត្តិ យកព្រះទ័យទុកដាក់ លើកទ័ពមកនោះគ្រប់ប្រការ។ ព្រះបាទសម្ដេច ព្រះធម្មរាជា កាលទ្រង់បានជ្រាបហើយ ក៏ចាត់ស្បៀងលៀងកងទ័ពស្រេច ទើបស្ដេចឲ្យសេនាបតីតាំងព្យូហៈទ័ព និងលើកទៅប្រសប់ (គឺលើកទៅជួប) នឹងទ័ពសៀមខាងជើងគោក។ ខណៈនោះ ស្ដេចទ្រង់គ្រឿងរាជរណរង្គយុទ្ធ ស្រេចហើយស្ដេចឡើងគង់ព្រះទីនាំងហត្ថី ចងគ្រឿងគជាហរណៈ បាំងនូវព្រះបរមស្វេតច្ឆ័ត្រឆើតឆាយ ដោយនូវអភិរមសែនត្វាន ទង់ជ័យប្រពៃរន្ទាល ច្រាលឆ្អៅគ្រប់កងគជសារ អស្សាពាជី យោធីព្រៀងព្រម មកស្ថិតចាំស្ដេចនៅ ព្រះលានជ័យ។ លុះបានពិជ័យឫក្សល្អហើយ ហោរាក៏គោះគងទូងស្គរ អ្នកមុខអ្នកការ ក៏ប្រគំរងំដោយនូវតូរ្យតន្ត្រីយ៍ ភ្លែភ្លៀវលេងស្គរជ័យ ល្វាសល្វៃព្យូហៈ ទ័ពចេញចាកព្រះមហានគរទៅឧត្តរទិស។ ស្ដេចព្រះរាជដំណើរទៅដល់ខែត្រអម្រាគគីរិន្តបូណ៌ (ស្រុកបរិបូណ៌សព្វថ្ងៃនេះ) ស្ដេចបញ្ឈប់កងទ័ព ធ្វើទីប្រថាប់សំរាប់ក្រសត្រជាពីរឋាន។

តទៅនេះសេចក្ដីក្នុងសាស្ត្រាវត្តកំពង់ត្រឡាចក្រោម ព្រះចៅចក្រពត្តិ ស្ដេចលើកយោធាសៀម តាមផ្លូវបាត់ដំបង ពោធិ៍សាត់ ក្រុងខ្លុង ចូលមកដល់ខែត្រអម្រាគគីរិន្តបូរណ៌ ជួបនឹងសម្ដេចព្រះធម្មរាជាស្ដេចសៀមទទួលព្រះអង្គដោយផ្លូវ ព្រះរាជមេត្រីយ៉ាងធំ សមនឹងព្រះសិរីយស ព្រះមហាក្សត្ររួមមហាស្វេតច្ឆ័ត្រ។ លំដាប់នោះ ទ្រង់ព្រះតំរិះពីការសង្គ្រាមស្រេចហើយ ស្ដេចទាំងពីរព្រះអង្គ ទុកព្រះទ័យសោមនស្សគ្មានរង្គាសទាំងសងខាង។ ស្ដេចធម្មរាជាសម្ដេចត្រាស់ហៅព្រះចៅចក្រពត្តិថា ព្រះអនុជ ខាងព្រះចៅត្រាស់ហៅមកវិញថា ព្រះរៀម

លុះណាត់ការសង្គ្រាមស្រេច ស្ដេចទាំងពីរព្រះអង្គ ក៏លើកទ័ពខ្មែរទ័ពសៀមឆ្លងទៅត្រើយខាងកើត ចោមបន្ទាយសម្ដេចព្រះស្រីរាជា

ឧបាយចាប់ព្រះញាតិវង្ស[កែប្រែ]

សម្ដេចសិរីរាជា ក្នុងគ្រានោះ កំពុងគង់ប្រថាប់ នៅខែត្រកំពង់សៀម។ លុះព្រះអង្គស្ដេចបានជ្រាបហើយថា សម្ដេចព្រះអនុជាធិរាជ ឲ្យនៅអន្ទងទ័ពសៀមមកច្បាំងនឹងព្រះអង្គដូច្នេះ ស្ដេចក៏មានព្រះតំរាស់ប្រឹក្សានឹងអស់សេនាបតី មន្ត្រីជាមេកងទ័ពធំតូចថា: ឥឡូវនេះ មានកងទ័ពសៀមខ្មែរលើកមកថែមទៀត ដូច្នេះអស់អ្នករាល់គ្នាយល់ដូចម្ដេច?

ខណៈនោះ សម្ដេចចៅហ្វាទឡ្ហៈ៖ តាមគំនិតរបស់ទូលព្រះបង្គំជាខ្ញុំនោះ ទូលព្រះបង្គំយល់ថា យើងនឹងតនឹងគេពុំបានទេ ដ្បិតយើងធ្វើទ័ពមកជិត ១០ ឆ្នាំហើយ ពលទាហានកំពុងនឿយហត់ ស្បៀងអាហារសស្ត្រាវុធ ក៏ស្ដួចស្ដើង។ ចំណែកខាងគេវិញ រេហ៍ពលគេក៏ថ្មោងថ្មី ស្បៀងអាហារសស្ត្រាវុធគេ ក៏បរិបូណ៌។ មិនតែប៉ុណ្ណោះសោត ថែមទាំងសម្ដេចព្រះអនុជ ស្ដេចចូលនឹងគេថែមទៀតផង ដែលជាហេតុឲ្យគេកើត ទៅជាពីរកំលាំង។ យើងមុខជាតតាំងច្បាំងពុំឈ្នះគេឡើយ។

ខណៈនោះ ពួកមន្ត្រីខាងសេនាទាហាន ឆ្លើយឡើងថា៖

យើងនឹងស្ដីធ្វើអ្វីឲ្យតែវែង ពួកសៀមនោះ វាធ្លាប់តែចាញ់ថ្វីដៃយើងទេ។ ខាងទ័ពខ្មែរខាងលិច (គឺទ័ពព្រះស្រីធម្មរាជា) ក៏សុទ្ធតែថ្មីៗ ពុំដែលចូលច្បាំងសោះ ហេតុដូច្នេះ សូមស្ដេចជាអម្ចាស់ ស្ដេចកុំព្រួយព្រះទ័យឡើយ។ យើងខ្ញុំទូលព្រះបង្គំទាំងអស់គ្នាទទួលអាសាធ្វើការថ្វាយត្រាតែអស់ជីវិតរៀងៗខ្លួន។

សម្ដេចព្រះស្រីរាជា បានទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ទ្រង់ព្រះចិន្ដាឈ្វេងយល់ថា: វិស័យជាជាតិទាហាន ចិត្តមនោមានៈ មិនដឹងកំលាំងគេកំលាំងឯងជាធម្មតា (ស្ដេចស្រីរាជាក៏យល់ពីរបៀបក្បួនសឹកដែរ ស្គាល់គេស្គាល់ឯង)។ យើងនឹងស្ដាប់ណាស់ផង ក៏ពុំបាន ទើបទ្រង់ត្រាស់ថា៖

អស់អ្នករាល់គ្នា យកចិត្តឈឺឆ្អាល ជួយយករាជអាសាយើងនោះ យើងអរណាស់ហើយ តែការណ៍ម្ដងនេះធ្ងន់ណាស់។ យើងឃើញថា បើយើងតនឹងគេនោះ មុខជាតពុំបានឡើយ យើងមុខជាស្លាប់មិនខាន។ រាស្ត្រប្រជា សេនា ទាហាន រេហ៍ពលគ្មានប្រយោជន៍អ្វីនឹងតស៊ូជាមួយនឹងគេបានទេ។ យើងគួរចុះចូលគេទៅវិញ ជាជាង ព្រោះអាណិតអស់រាស្ត្រប្រជា។ មានព្រះបន្ទូលរួច ស្ដេចត្រាស់ប្រើ ឧកញ៉ាយមរាជ ១ ឧកញ៉ាវាំង ១ ឲ្យទៅទូលសម្ដេចព្រះធម្មរាជាថា៖ ព្រះអង្គនឹងលើកលែងសង្គ្រាមយុទ្ធ ដែលបានធ្វើនោះតទៅទៀតហើយ។ សម្ដេចព្រះធម្មរាជា និង ព្រះចៅចក្រពត្តិ កាលទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ ទើបស្ដេចទាំងពីរព្រះអង្គ ត្រាស់បង្គាប់ឧកញ៉ាទាំងពីរនាក់ ឲ្យទៅអញ្ជើញ ស្ដេចមកជុំទាំង ៣ ព្រះអង្គ នៅថ្ងៃ ៣ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក។ ខណៈនោះ ឧកញ៉ាទាំងពីរនាក់ កាលបានឮដូច្នោះហើយ ក៏ត្រេកអរណាស់ ត្រឡប់ទៅក្រាបទូលព្រះសិរីរាជា តាមសេចក្ដីគ្រប់ប្រការ។

អស់មុខមន្ត្រីទាំង ៣ កង កាលបានដឹងការណ៍ថា ៖ ក្សត្រទាំង៣ព្រះអង្គជាមេត្រីស្មោះសរត្រេកអរនឹងគ្នា ដោយស្មោះស្ម័គ្រដូច្នោះ ក៏ចាត់ចែងពលទាំងកង ឆ្លងទៅសង់ព្រះពន្លាជ័យ នៅរោងទង (សូមអភ័យទោសចុះស្រុកនេះ យើងខ្ញុំមិនស្គាល់ទេ យើងបានស៊ើបសួរអ្នកស្រុកកំពង់ចាមដែរ តែមិនប្រទះនឹងអ្នកស្គាល់សោះ។ ប្រហែលជាគេសរសេរមុនឲ្យឃ្លៀងឃ្លាតឆ្ងាយពេក ឬប្រការយ៉ាងណាក៏មិនដឹង)។ លុះដល់កំណត់គ្រប់ថ្ងៃ ១០ រោច ខែមាឃហើយ ព្រះពន្លាក៏បានសង់រួចស្រេច សម្ដេចព្រះស្រីរាជា សម្ដេចព្រះធម្មរាជា ព្រះចៅចក្រពត្តិ ស្ដេចយាងដោយក្បួនហែយ៉ាងធំ ទៅជួបជុំ ព្រមដោយសេនាបតី មុខមន្ត្រីចតុស្ដម្ភ ខ្ញុំរាជការតូចធំ បង្គំគាល់ជាយសបរិវារ ពុំកាន់គ្រឿងអាវុធឡើយ។ ព្រះមហាក្សត្រាធិរាជទាំង៣ ព្រះអង្គក៏ទទួលបញ្ឈប់ការសង្គ្រាម តាមព្រះទ័យព្រះអនុជ។ ទើបព្រះចៅចក្រពត្តិ ទូលសម្ដេចព្រះសិរីរាជា៖ ខ្ញុំជាអនុជលើកទ័ពមកទាំងនោះ ព្រោះព្រះរៀម និង ព្រះភាគិនេយ្យ ទ្រង់ធ្វើសង្គ្រាមយូរឆ្នាំមកហើយ ពុំសំរេច។ ដូច្នេះ សូមកុំឲ្យទ្រង់តូចព្រះទ័យឡើយ សូមតាំងព្រះទ័យ ជួយព្រះពុទ្ធសាសនា បំបាត់ទុក្ខប្រជារាស្ត្រឲ្យបាននៅជាសុខក្សេមក្សាន្ត។ ខ្ញុំសុំអញ្ជើញ ស្ដេចទៅគង់ក្រុងទេពជាមួយគ្នានឹងខ្ញុំជាព្រះអនុជទៅវិញ សោះរវល់។ ឯពញាអុងជាក្មួយនោះ (ព្រះរាជបុត្រព្រះស្រីរាជា) ខ្ញុំសុំជាបុត្រធម៌ នឹងទំនុកបំរុងឲ្យដូចជារាជបុត្របង្កើតរបស់ទូលបង្គំ។ ឯមុខមន្ត្រីបណ្ដាជាខ្ញុំ នឹងចង់ទៅតាមប៉ុន្មានៗ ក៏ទៅតាមស្ម័គ្រចិត្តចុះ។ លុះត្រាស់ប្រាប់រាជការស្រេចហើយស្ដេចត្រឡប់ចូលព្រះពន្លាជ័យវិញ។

នាយកងទ័ពសៀម ដែលបានទទួលណាត់ កិច្ចការទាហាននោះ ក៏ឃុំសម្ដេចព្រះស្រីរាជា ពញាអុងរាជា និង ខ្ញុំរាជការក្នុងក្រៅ ទុកហើយទើបឲ្យរាជទូតទៅអញ្ជើញសម្ដេចព្រះស្រីសុរិយោទ័យអំពីត្រើយខាងកើត ដើម្បីឲ្យស្ដេចមកនឹងរៀបចំឲ្យបានសុខសាន្តតាមប្រវេណីរៀងទៅ។

សម្ដេចព្រះស្រីសុរិយោទ័យទ្រង់បានជ្រាបថាសៀមចាប់សម្ដេចព្រះបិតុលាបានហើយ ទ្រង់មានព្រះអំណរណាស់។ ស្ដេចត្រាស់ទៅមុខមន្ត្រីថា៖ ព្រះធម្មរាជានេះជាមាយើងមែន តែព្រះជន្មវស្សាតិចជាងយើងទេ បើដូច្នេះ គង់តែព្រះចៅរៀបចំ ឲ្យយើងជាទ្រង់រាជ្យជាមិនខាន។ បើមិនដូច្នោះទេព្រះចៅគង់នឹងបែងផែនដីជាពីរចែកស្មើគ្នាពុំខាន។ បើដូច្នេះគួរតែយើងចូលទៅស្ដាប់ការណ៍មើលសិន។ លុះទ្រង់ព្រះចិន្តាដូច្នេះហើយ ស្ដេចឲ្យលើកកងទ័ពឆ្លងទៅខែត្រសំរោងទងចូលដល់ទៅបានជួបនឹងសម្ដេចព្រះធម្មរាជា និង ព្រះចៅចក្រពត្តិ នៅទីព្រះពន្លាក្រៅបន្ទាយ។ ខណៈនោះ ព្រះចៅចក្រពត្តិ ទ្រង់ត្រាស់នឹងព្រះស្រីសុរិយោទ័យថា៖

សម្ដេចព្រះស្រីរាជា និងព្រះអង្គ ជាគូសង្គ្រាមនឹងគ្នា ឥឡូវនេះ យើងនឹងឲ្យតែមួយព្រះអង្គនៅ យកតែមួយព្រះអង្គស្ដេចទៅនេះ ជាអយុត្តិធម៌ណាស់ ហេតុដូច្នេះ សូមអញ្ជើញព្រះក្មួយ ទៅក្រុងទេព ជាមួយនិងបិតុលាចុះ។

ព្រះចៅចក្រពត្តិ ត្រាស់ចប់តែប៉ុណ្ណោះហើយ ក៏ឲ្យទាហានអញ្ជើញ ព្រះស្រីសុរិយោទ័យ ចូលក្នុងបន្ទាយ។ កងទ័ពទាំងឡើយ ដែលហែហមព្រះអង្គមក នឹងចូលទៅតាមផងពុំបាន ព្រោះទាហានសៀម ដែលកាន់គ្រឿងអាវុធគ្រប់គ្នានោះ ឃាត់មិនឲ្យចូល។ ដូច្នេះ ទាហានរបស់ព្រះស្រីសុរិយោទ័យ ក៏ថយមកចាំស្ដាប់ការណ៍នៅខាងក្រៅ។ លុះបានដឹងថាសៀមឃុំព្រះអង្គ នឹងយកស្ដេចទៅស្រុកសៀមហើយ ក៏ទាល់គំនិត ភិតភ័យ ហើយរត់ត្រឡប់ទៅស្រុកវិញអស់។

ព្រះបាទសម្ដេចព្រះធម្មរាជា និងព្រះចៅចក្រពត្តិ ស្ដេចលើកទ័ព នាំក្សត្រទាំងពីរព្រះអង្គ ព្រះរាជដំណើរ ត្រឡប់ទៅដល់ខែត្រលង្វែក រួចហើយព្រះចៅចក្រពត្តិ ស្ដេចថ្វាយបង្គំលា សម្ដេចព្រះធម្មរាជា លើកទ័ពទៅក្រុងទេពបូរីវិញ។

ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចចាត់រាជបណ្ណាការ និង ស្បៀង តាមសមគួរដោយផ្លូវព្រះរាជមេត្រី។ ស្ដេចថ្វាយមកុដមាស យ៉ាងខេមរាប្រទេសមួយ សង្វារមាសបីខ្សែ ព្រះសុព័ណ៌បាទមាសមួយសំរាប់ ស្វេតច្ឆ័ត្រមួយ ព្រះខាន់ដងខ្លីដងមាសស្រោមមាសមួយ ប្រាក់បីហាប ដំរីមានភ្លុក ៦ ក្បាល សេះ ២០០ សូត្រ ១០ ហាប ក្របាស់ ៥ហាប សំពត់ហូល ៣០០ ព្រែកសូត្រ ១០០ ត្បូង រង្គ ៣ ហាប ថ្មកែវ ២០០ ដុំ និង គ្រួសៀម ដែលសម្ដេចព្រះស្រីរាជាបានកៀរយកមកមុននោះ លើកថ្វាយទៅវិញទាំងអស់។

ខណៈនោះ ព្រះចៅចក្រពត្តិ ថ្វាយស្នងវិញគឺ មកុដមាសយ៉ាងស្យាមប្រទេសមួយអង្គ ព្រះពានមាសមួយ ទំរង់ព្រះហស្ថ ឆ្លាក់ជារូបគ្រុឌមួយ ព្រះមាលាមួយ ព្រះពានមាសទំរង់ព្រះកាញ្ចនការមួយ (ជើងពានទ្រគ្រឿងទ្រង់ធ្វើពីមាសសុទ្ធ) ព្រះពានទ្រព្រះសុភ័គ (អក្ខរាវិរុទ្ធនៃពាក្យនេះមិនឃើញមាន) ឆ្លាក់ជារូបទេពប្រណម្យមួយ ព្រះសែង (ដាវ) ស្រោមមាស ដងមាសមួយ ស្វេតច្ឆ័ត្រមួយ ព្រះវិកាញ្ចនការ (ថាស) មួយព្រះវិកាញ្ចនវាំងណយ ៥ អង្គ សឹងប៉ាក់មាស ទេសស្រុកជ្វា គ្រឿងព្រះទីនាំង គជេន្ទ្រយុទ្ធពីរសំរាប់ស្គរយោងទ័ពមុខមួយគូរ គ្រឿងពិណពាទ្យពីរវង់ ដំរីភ្លុក ១០០ គ្រឿងលួង "ប្រអប់ដាក់ថ្នាំជក់ មួយសំរាប់។ លុះព្រះរាជបណ្ណាការ (ខ្មែរបូរាណយកនាម ធ្វើជាកិរិយាសព្ទសេចក្ដីត្រង់នេះបានន័យថាថ្វាយព្រះរាជបណ្ណាការ) រួចស្រេចហើយ ព្រះចៅចក្រពត្តិក៏ស្ដេចលើកកងទ័ពសៀម ត្រឡប់មកវិញ តាមពោធិ៍សាត់ បាត់ដំបង រៀងទៅ។

ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា ស្ដេចទ្រង់ត្រាស់បង្គាប់ ចៅហ្វាយស្រុកស្ដេចត្រាញ់ (ចៅហ្វាយស្រុកដែលមានបណ្ដាសក្ដិ ១០ ហ៊ូពាន់ក្នុងសម័យបូរាណ ប្រទេសកម្ពុជាមានស្ដេចត្រាញ់ ៥ គឺពញាតេជោចៅហ្វាយស្រុកកំពង់ស្វាយ១ ពញាសួគ៌ាលោកចៅហ្វាយស្រុកខែត្រ ពោធិសាត់១ ពញាស្រីធម្មាតេជោចៅហ្វាយស្រុកខែត្របាភ្នំ១ ពញាពិស្ណុលោកចៅហ្វាយស្រុកខែត្រទ្រាំង១ ពញាអរជូនចៅហ្វាយស្រុកខែត្រត្បូងឃ្មុំ១)។ ទាំង៤ និងចៅពញាសួគ៌ាលោក ឲ្យជូនទ័ពស្ដេចសៀម តាមរយៈផ្លូវរៀងទៅ។ លំដាប់តមក ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចលាព្រះចៅចក្រពត្តិ ស្ដេចសៀមលើកទ័ពត្រឡប់ចូលមក ក្រុងចតុម្មុខវិញ។

ព្រះចៅចក្រពត្តិ ស្ដេចព្រះរាជដំណើរទ័ពទៅតាមផ្លូវពោធិ៍សាត់ បាត់ដំបង មង្គលបូរី ឫស្សីសាញ់ បាត្រង់។ ព្រះអង្គបញ្ឈប់ទ័ពនៅទីនោះ ៣ ថ្ងៃ។ ឯសម្ដេចព្រះស្រីរាជា ព្រះអង្គតូចព្រះទ័យណាស់ទ្រង់ពុំសោយពុំស្រង់សោះ ទ្រង់អស់ព្រះកាយពលទាល់តែទ្រង់ព្រះអាពាធជាទំងន់ណាស់។ ព្រះចៅចក្រពត្តិ ស្ដេចទៅសួរព្រះអាការរោគ ព្រះបាទសម្ដេចព្រះសិរីរាជា។ ព្រះសិរីរាជា ទ្រង់ផ្ដាំផ្ញើពញាអុងនិងព្រះចៅចក្រពត្តិហើយទ្រង់សុវណ្ណគតទៅ។ ព្រះចៅក្រុងទេពសៀមរៀបចំតំកល់សពស្រេចស្ដេចលើក ពញាអុង ជាព្រះរាជបុត្រធម៌របស់ព្រះអង្គ។ ទ្រង់ថ្វាយព្រះនាមជា ព្រះសទ្ធានរាជាទុកជាបុត្រច្បង។ ស្រេចហើយស្ដេចលើកទ័ពចូលទៅក្រុងទេពបូរីវិញ។ លុះដល់ទៅក្រុងទេពបូរីបញ្ឈប់ទ័ពបាន ១៥ ថ្ងៃ សម្ដេចព្រះសិរីសុរិយោទ័យ ស្ដេចទ្រង់អាពាធជាទំងន់ ហើយទ្រង់សុវណ្ណគតទៅ។ ព្រះចៅចក្រពត្តិស្ដេចឲ្យរៀបសង់ព្រះមេរុ ថ្វាយព្រះភ្លើងរើសព្រះធាតុបញ្ចុះស្រេចហើយ ទ្រង់ប្រោសពញាអុង "ព្រះសុទ្ធានរាជា" ឲ្យទៅគ្រងស្រុកសុវណ្ណខលោក។ ទ្រង់ប្រោសព្រះរាជទាន ព្រះរាជបុត្រីបង្កើត ឲ្យជាព្រះជាយា និងព្រះស្នំក្រមការផងទាំងពួង។

សោយរាជ្យ[កែប្រែ]

នេះនឹងនិយាយពីប្រទេសកម្ពុជាវិញ ព្រះបាទសម្ដេចព្រះស្រីធម្មរាជា បរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គបង្ក្រាបរាជសង្គ្រាមនូវសឹកសត្រូវរាបទាបហើយ ស្ដេចទ្រង់ទំនុកបំរុង ព្រះពុទ្ធសាសនាបានរុងរឿងថ្កើងថ្កាន។ ទ្រង់ប្រោសព្រះរាជទានរង្វាន់ដល់អស់មុខមន្ត្រី ឲ្យឡើងយសសក្ដិ ទ្រង់ប្រណីដល់ សមណៈជីព្រាហ្មណ៍ ទាំងអាណាប្រជានុរាស្ត្រ ឲ្យបានសុខក្សេមក្សាន្ត។ ទ្រង់មានព្រះទ័យ ប្រកាន់ទសពិធរាជធម៌ ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា ចំណាយព្រះរាជទ្រព្យ សង់សាលាឆទាន។ ទ្រង់លើកលែង យកពន្ធរាជការខ្លួន និង ពន្ធព្រះរាជធានី ៣ ឆ្នាំ។ ព្រះអង្គឲ្យព្រះរាជឱរសាធិរាជ (កូនប្រុស) សូត្ររៀនធម៌អាថ៌ សាស្ត្រាបាលីគ្រប់ប្រការ។

ព្រះពុទ្ធសាសនា[កែប្រែ]

ឆ្នាំមមី អដ្ឋស័ក ព.ស. ២០៣០-គ.ស. ១៤៨៦- ព្រះរាជឱរស (គឺព្រះស្រីសុគន្ធរថ) បានរៀនព្រះត្រៃបិតក ចាំចប់គ្មានទើសទាល់។ ខណៈនោះ ព្រះបរមបពិត្រជាព្រះបិតា ស្ដេចទ្រង់ឆ្លងព្រះរាជកុសល និមន្តព្រះសង្ឃទេសនា បរិច្ចាគព្រះរាជទ្រព្យ ធ្វើទេយ្យទានច្រើនណាស់។ ទ្រង់សំដែងព្រះធម្មចក្រប្រទានជាសណ្ដាប់ដល់សេវកាមាត្យទាំងឡាយរាល់ថ្ងៃឧបោសថ ពុំដែលដាច់។ ស្ដេចតាំងព្រះរាជហឫទ័យ ប្រាថ្នាជាពុទ្ធភូមិទៅអនាគត។

ឆ្នាំរោង អដ្ឋស័ក ព.ស. ២០៤០-គ.ស. ១៤៩៦ ព្រះអង្គសោយរាជ្យបាន ១៩ឆ្នាំ ព្រះមែយ្យ (ពាក្យសៀម ពាក្យសំរាប់ហៅព្រះអគ្គមហេសីស្នំឯក) ទេពបុប្ផាជាព្រះស្នំឯកសម្ភពព្រះរាជបុត្រាមួយព្រះអង្គនៅវេលាចន្ទ្រគ្រាស ដូច្នេះ ក្រុមបារគូ បុរោហិត ហោរាចារ្យ ថ្វាយព្រះនាមដល់ព្រះរាជបុត្រនោះថា ពញាចន្ទរាជា។ ព្រះចន្ទរាជា ស្ដេចបានជំទាវវារ (ប្រហែលជាជំទាវនោះវល្លិឬ?) ជាភរិយាចៅពញាយមរាជ ពិភ័ក្ដិរក្សាព្រះអង្គទំនុកបំរុងជាសុខរៀងមក។

សម្ដេចព្រះធម្មរាជាអម្ចាស់ផែនដីតាមព្រះទ័យដែលស្ដេចតាំងប្រាថ្នាជាព្រះពុទ្ធភូមិទៅអនាគត ទ្រង់ប្រជុំសម្ដេចព្រះសុគន្ធាធិបតី ជារាជាគណៈ មុខមន្ត្រី កវីជាតិមកជួបជុំហើយមានព្រះរាជឱង្ការថា៖ ព្រះបរមសារីរិកធាតុនៃព្រះពុទ្ធជាអម្ចាស់ ដែលព្រះបាទស្រីធម្មាសោករាជ និង ព្រះមោគ្គល្លីបុត្តតិស្សត្ថេរ ធ្វើបុណ្យសង្គាយនាសាងព្រះវិហារចេតីយ ៨៤០០០ នោះ ប្រាថ្នាឲ្យព្រះពុទ្ធសាសនា គង់វង្សនៅគ្រប់ ៥០០០ ព្រះវស្សា។ លោកបានចែក ព្រះបរមសារីរិកធាតុនោះ នៅទីភ្នំសន្ទុកទុកជាសក្ការៈបូជា ឲ្យបានគ្រប់គ្រាន់ ៥០០០ ព្រះវស្សា តើព្រះករុណាគ្រប់ព្រះអង្គ និង ព្រះបរមរាជវង្សានុវង្ស ព្រះអគ្គមហាសេនា សេនាបតី មន្ត្រីធំតូច ខ្ញុំរាជការទាំងឡាយយល់ដូចម្ដេច?

ខណៈនោះ សម្ដេចព្រះសុគន្ធាធិបតី មហាសង្ឃរាជា ជារាជគណៈ និង ព្រះវង្សា សេនាបតី មន្ត្រីទាំងឡាយ ថ្វាយព្រះពរក្រាបទូលថា៖

ព្រះបាទអ្នកជាអម្ចាស់ ដែលមានព្រះរាជហឫទ័យ ភ្នកប្រាថ្នាចង់បានបុព្វនិស្ស័យជាពុទ្ធភូមិហើយមានប្រាថ្នាកសាងព្រះចេតិយនេះ ឃើញថាសមគួរតាមព្រះរាជឱង្ការណាស់។ លំដាប់តពីនោះមក ព្រះបរមបពិត្រ ស្ដេចត្រាស់បង្គាប់ដល់ខ្ញុំរាជការគ្រប់ក្រសួង ឲ្យចេញទៅកេណ្ឌរាស្ត្រធ្វើការនោះ តាមត្រាស់បង្គាប់។ ក្រោយបំរើចេញទៅកេណ្ឌរាស្ត្រ ឲ្យធ្វើការនោះមក ព្រះបរមបពិត្រ ស្ដេចនាំរាជសេវកាមាត្យក្នុងក្រៅព្រះរាជដំណើរ ទៅខេត្តអាសន្ទុក ហើយទ្រង់ចាប់ការស្ថាបនា (ពាក្យនេះមានតាំងពីបូរាណកាលមក) កជាព្រះចេតិយនៅតំបន់ភូមិខ្វាវនេះ។ អស់មុខមន្ត្រីមេការទាំងឡាយ កេណ្ឌកូនជាងសាងព្រះមហាស្តូបព្រះចេតិយធំ និង ចេតិយតូចៗ ជាបរិវារ រចនាដោយថ្ម តកំពែងខ្វាត់ខ្វែង ឲ្យជាច្រើនបែបច្រើនយ៉ាង សាងព្រះវិហារ មានត្រីសូល៍កំពូលប្រាំ។ តាមកំពែង និងព្រះលានព្រះអារាមនោះ សឹងឆ្លាក់ឆ្លោវជាភាពមនុស្ស គ្រុឌនាគ សត្វមហឹង្សា គោក្របី និង ក្បាច់ភ្ញីផ្កា វល្លិ រចនាថ្លៃថ្លាប្រពៃ ហើយសាងព្រះពុទ្ធរូបបន្ទុំ និង សណ្ឋិតជាច្រើនអង្គ មានសីមា និង របៀងរោងទង ក្លោងទ្វារកំពូលមុខព្រហ្ម សុទ្ធសឹងឆ្លាក់ឆ្លោវដោយថ្ម កកំពែងខ្វាត់ខ្វែង ជុំវិញសឹងថ្មបាយអ ថ្មគ្រាម ក្រាលថ្មល្អិត ហើយមានរូបសិង្ហតោរាជសីហ៍ ដំរីយក្ស ដាក់គ្រប់ទ្វារ។ ព្រះអង្គឲ្យជីកស្រះរៀបថ្មក្នុងទីនោះទៀត។ ក្នុងព្រះចេតិយធំនោះ ព្រះអង្គ តំកល់ព្រះបរមសារីរិកធាតុ រៀបថ្មជាទីបរិមណ្ឌល។ ទ្រង់ឲ្យធ្វើប្រាសាទទង់ដែងតំកល់លើមន្ទីរក្នុងប្រាសាទនោះ មានស្តូបដល់បីជាន់ស្តូបជាន់ក្រៅរចនាពីប្រាក់ ស្តូបជាន់បន្ទាប់ធ្វើពីទង់ហ៊្វា ស្តូបជាន់ក្នុងរចនាពីមាស ប្រដាប់ដោយត្បូង។ ក្នុងនោះ ព្រះអង្គបានរោយរាយ ខ្លឹមចន្ទន៍ក្រស្នា និង គ្រឿងសុគន្ធពិដោរ តំកល់ព្រះបរមសារីរិកធាតុស្រេចហើយ ស្ដេចត្រាស់បង្គាប់ឲ្យយកព្រះមកុដ ព្រះសង្វាមហារាជពាហុរតនៈ (គ្រឿងអលង្ការធ្វើដោយរតនវត្ថុ មានមាសជាដើម សំរាប់ស្ត្រីពាក់ត្រង់កំភួនដៃ ឬ ត្រង់ដើមដៃ) សំរាប់ទ្រង់នោះ ទៅរចនាជាមហាស្វេតច្ឆ័ត្រ រាយឱភាសសោភា បូជាហើយ ស្ដេចរចនាឲ្យមានតំណាងរូប ព្រះអរហន្តគាល់ជាបរិវារ រចនាសុទ្ធតែពីមាសប្រាក់។ ទ្រង់យកព្រះពានព្រះស្រី (ជើងពានសំរាប់ដាក់ស្លាបារីថ្វាយព្រះរាជា) កុណ្ឌី ព្រះទំរង់ ព្រះពានរង ព្រះពស្ត្រសុវណ្ណកាញ្ចីរេត ដោយមាសធ្វើសក្ការបូជា។ ចំណែក ព្រះអគ្គមហេសី នៅព្រះរាជវង្សានុវង្ស និង សេវកាមាត្យទាំងពួង ក៏ធ្វើសក្ការៈបូជាដោយទ្រព្យមានតំលៃផ្សេងៗ សាងព្រះចេតិយ និងព្រះវិហារសីមានោះពីរឆ្នាំប្លាយ ទើបរួចស្រេច ទើបស្ដេច ឲ្យហែព្រះបរមសារីរិកធាតុ ពីព្រះមហានគរវត្ត មកធ្វើបុណ្យឆ្លង។ នាម៉ឺនសព្វមុខមន្ត្រីទាំងឡាយ ក៏រៀបក្បួនទៅដង្ហែ ព្រះបរមសារីរិកធាតុមកថ្វាយ តាមទ្រង់ព្រះរាជបញ្ជា ជាប្រញាប់។

ព្រះពុទ្ធសករាជ ២០៣៩-គ.ស. ១៤៩៥ - ម.ស. ១៤១៧ - ច.ស. ៨៥៧ ឆ្នាំថោះ សប្តស័ក (ព្រះរាជពង្សាវតារ ព្រះរាជបណ្ណាល័យថា : ព.ស. ២០៤០ - គ.ស. ១៤៩៦ - ម.ស. ១៤១៨- ច.ស. ៨៥៨ ឆ្នាំរោង អដ្ឋស័ក) ថ្ងៃ១១ កើត ខែអាសាធ ទ្រង់ចាត់មុខក្រសួង ឲ្យរៀបពិធីបុណ្យឆ្លង ព្រះបរមសារីរិកធាតុ តំកល់ក្នុងព្រះស្តូបមាសក្នុងព្រះចេតិយធំ។ ក្រោយនោះ ស្ដេចឲ្យហែព្រះបរមអដ្ឋិ ព្រះស្រីរាជា និង ព្រះអដ្ឋិព្រះស្រីសុរិយោទ័យ ព្រះអដ្ឋិនៃព្រះមហាក្សត្រទាំងពីរព្រះអង្គនេះ។ តាមព្រះរាជពង្សាវតារ ដែលតំកល់នៅព្រះរាជបណ្ណាល័យថា: ព្រះបាទស្រីធម្មរាជា ស្ដេចចាត់ព្រះរាជតេជៈ ឲ្យទៅសុំស្ដេចសៀម នាំយកមកធ្វើបុណ្យបូជាហើយ ដំកល់នៅភ្នំពេញ ពីថ្ងៃ១០ កើត ខែបុស្ស ឆ្នាំកុរ ត្រីស័ក ព.ស. ២០៣៥ - គ.ស. ១៤៩១ ពីព្រះបរមរាជាវាំងចតុម្មុខ មកបញ្ចុះក្នុងព្រះចេតិយបន្ទាប់ស្រេច រួចស្ដេចទ្រង់បព្វជ្ជា ជាភិក្ខុក្នុងព្រះពុទ្ធសាសនា។ ព្រះឧបជ្ឈាយ៍ ថ្វាយព្រះនាមក្នុងឆាយាថា : ព្រះគោណសាមីផលា ភីរមបរមវីរិយោធិក ពោធិសម្ភារ មហាបរិបាល ឥន្ទប្រស្ថ សំរឹទ្ធិ។ ស្ដេចគង់ក្នុងភេទជាភិក្ខុភាវៈ ៣ថ្ងៃហើយ ទ្រង់លាចាកសិក្ខាបទ។ ទ្រង់បរិច្ចាគព្រះរាជទ្រព្យធ្វើឆ្នោតព្រះរាជទាន បណ្ដារាស្ត្រជាអនេកអនន្តពន់ពេក។ ទ្រង់ព្រះរាជសទ្ធាវេរភូមិ ២១ ស្រែ២១ ខ្ញុំប្រុស ២១ នាក់ ខ្ញុំស្រី ២១ នាក់ រទេះគោ ២១ ​នឹម រទេះក្របី ២១ នឹម សេះ ២១ ដំរី ២១ នូវគ្រឿងប្រគំផ្សេងៗ ថ្វាយទុកជាទាសាទាសី ឲ្យរក្សាព្រះចេតិយ ព្រះវិហារ សីមា សំរាប់បោសច្រាសសំអាត។ ទ្រង់តាំងឲ្យមានមេពីរនាក់ជានាយត្រួតត្រារក្សា។ អាស្រ័យហេតុនេះហើយ បានជាមានពលព្រះស្រីរតនត្រ័យ តាំងពីនោះរៀងមក។ ស្ដេចទ្រង់ជ្រួចទឹកស្នោទក (ទក្សិណោទក គឺទឹកដែលចាក់ដោយដៃស្ដាំ) ហើយទ្រង់មានព្រះរាជតំរាស់ថា : សូមទេពនិករ អមរមេឃ ឥន្ទព្រហ្មដែលមានទិព្វសោត ទិព្វចក្ខុ ជួយជាសាក្សី ពេជ្ជញាណ ដ្បិតខ្ញុំបានវេរដីស្រែ មនុស្សសត្វទាំងអស់នេះឧទ្ទិសថ្វាយ ព្រះបរមសារីរិកធាតុ និង ព្រះស្រីរតនត្រ័យ សូមព្រះពុទ្ធសាសនា ឋិតឋេរថីរកាល ដរាបដល់គ្រប់ ៥០០០ ព្រះវស្សា។

ព្រះស្រីធម្មរាជា ស្ដេចឲ្យឆ្លាក់រាជសករាជ នៅផែនថ្មទុកជាចារឹក កុំឲ្យបាត់។ ទ្រង់ធ្វើបុណ្យឆ្លង ៣ ខែ ទើបស្រេចការព្រះរាជកុសល រួចស្ដេចព្រះរាជដំណើរត្រឡប់មកក្រុងចតុម្មុខភ្នំដូនពេញវិញ។

សាស្ត្រាវត្តកំពង់ត្រឡាចក្រោម មានសេចក្ដីលើសពីឯកសារដទៃទៀតដូច្នេះថា: ព្រះស្រីធម្មរាជា មុននឹងលើក ព្យូហៈយាត្រាចូលទៅក្រុងចតុម្មុខនោះ ស្ដេចបានធ្វើព្រះរាជដំណើរទៅទតនគរពិជ័យ បាអា (ប្រហែលជា វត្តនគរនៅកំពង់ចាមទេដឹង)។ លុះដល់ហើយ ទ្រង់ប្រថាប់នៅក្នុងកំពែងប្រាសាទនោះ ទ្រង់ទតព្រះនេត្រសព្វគ្រប់ ទ្រង់សរសើរថា: ព្រះបាទអរិដ្ឋពលពាហនោ មានបុណ្យបារមី ពន់ប្រមាណណាស់ ស្ដេចសាងព្រះរាជវាំង គ្រាន់ជាទីមកក្រសាលម្ដងៗទេ តែស្ដេចធ្វើសុទ្ធតែពីថ្ម កទាំងកំពែង ស្រះស្រង់រងថ្លា មានទាំងទន្លេសំរាប់ព្រះស្នំក្រុមបរិពារ អុំទូកលេងសប្បាយ គប្បីតែស្ដេចប្រទេសរាជ ១០១ មកជាចំណុះមែន។

បុត្រីសោយទិវង្គត[កែប្រែ]

សម័យថ្ងៃមួយនោះ ព្រះអង្គរតនមាលី ព្រះរាជបុត្រី នៃ សម្ដេចព្រះមហាស្រីធម្មរាជា ទ្រង់ភ្នកព្រះទ័យ ចង់ទៅស្រង់ទឹកទន្លេធំ ឲ្យដឹងស្គាល់ជាតិ។ លុះទ្រង់ព្រះចិន្តាដូច្នោះហើយ ព្រះអង្គក្សត្រី ក៏ក្រាបថ្វាយបង្គំលា សម្ដេចព្រះវររាជមាតាបិតា ទៅក្រសាលតាមសព្វព្រះទ័យ។ ព្រះវររាជមាតាបិតា ក៏យល់ព្រមហើយ ស្ដេចព្រះរាជដំណើរទៅជាមួយដែរ។

ក្នុងគ្រានោះ ច្រាំងទន្លេធំ នៅទីកំពង់ចាម ដុះខ្សាច់ជ្រេជ្រាលល្អ ព្រះនាង និង អស់បរិវារ ចុះស្រង់ក្នុងទឹកទន្លេនោះយ៉ាងក្សេមក្សាន្ត។

នេះនឹងនិយាយពី ក្រពើមួយនៅព្រែកឆ្លូង ថាក្រពើនោះ មានក្បាល ៥ហត្ថ សាហាវ ហានក្លាក្រឡាខ្លួនបាន។ ថ្ងៃនោះ វាចេញអំពីព្រែកឆ្លូង ហែលនាំបរិវារទៅ លេងទីនានា តាមសព្វដងរៀងមក។ ក្នុងគ្រានោះ ក្រពើក្រឡេក ឃើញព្រះរាជបុត្រី ព្រះរតនមាលី នៅក្នុងកណ្ដាលហ្វូងស្ត្រី ក៏មានចិត្តមេត្រី ចង់ព្រះនាងជាភរិយា ទើបវាវាយកន្ទុយ រលកបោកគ្រាំគ្រេង។ អស់ស្ត្រីជាបរិវារ ភិតភ័យទាំងព្រះអង្គរតនមាលី រត់ឡើងគោកទាំងអស់គ្នា។ ខណៈនោះ ក្រពើនោះ ស្ទុះចូលមកខាំ ពាំយកព្រះនាងរតនមាលីបានហើយ ក៏ពាំនាំតំរង់ទៅកាន់កន្លែងរបស់វា។ អស់ពួកខ្ញុំរាជការទាំងប្រុសទាំងស្រី ឃើញហើយភិតភ័យ ក៏ស្រែកកញ្ជ្រោលរោលរាលជាខ្លាំង។ សេចក្ដីនេះ ជ្រាបដល់ព្រះវររាជមាតាបិតា ស្ដេចទ្រង់សោកស្ដាយព្រះរាជបុត្រីណាស់ ទ្រង់ឲ្យលើកព្យូហៈនាវា ដេញតាមក្រពើនោះ។ ទាហានខ្លះក៏បាញ់កាំភ្លើងបង្អើល ដើម្បីឲ្យក្រពើនោះ លែងចោលព្រះនាងមកវិញ ខ្លះក៏បោះបាញ់ច្បូក ធ្នូ ស្នា ដោយប្រការផ្សេងៗ។ ឯក្រពើនោះ កាលឮសន្ធឹកកាំភ្លើងបាញ់ ដេញតាមប្រកិតយ៉ាងជិតខ្លាំងពេក នឹងរកពេលគេចវេះដោះខ្លួនយកព្រះនាងធ្វើជាភរិយាពុំបាន ក៏លេបព្រះនាងចូលទៅក្នុងពោះ ហើយស្ទុះហែលចូលទៅក្នុងព្រែកឆ្លូង តាមទីកន្លែងរបស់វា។

ឯព្រះបរមបពិត្រ ដែលទ្រង់លើកព្យុហៈនាវា តាមទៅនោះ លុះទៅដល់ព្រែកឆ្លូងហើយ ទ្រង់ត្រាស់បង្គាប់ឲ្យហ្មចូលទាក់ក្រពើនោះ លុះត្រាតែបានយកមកវះពោះ យកសពព្រះរាជបុត្រី មកធ្វើព្រះមេរុ បូជាព្រះសព។ កាលសូរេចបុណ្យ ស្ដេចទ្រង់យកគ្រឿងសង្វារ កងកន់ និង ព្រះពានមាសទាំងប៉ុន្មាន មកកសាងជាព្រះពុទ្ធរូបមាស ៥ អង្គ ប្រាក់ ៥អង្គ សំរឹទ្ធិ ៥អង្គ ទង់ហ៊្វា ៥អង្គ ទង់ដែង ៥អង្គ។ ព្រះអង្គឲ្យសាងចេតិយ តំកល់ព្រះអដ្ឋិព្រះរាជបុត្រី នៅទីនោះ។ ទ្រង់ឲ្យសាងព្រះវិហារមួយនៅមាត់ព្រែកឆ្លូង នោះមានសសរមួយរយប្លាយ ហើយយកសុទ្ធសឹងតែខ្មោច ព្រាយទ្រាបបាតសសរទាំងមួយរយនោះ បញ្ចុះអថ័ន (មកពីពាក្យ សំស្ក្រឹត អថវ៌ន ប្រើជាឈ្មោះ មន្តអាគមពួកមួយសំរាប់សូតសែកហៅ ឬ បណ្ដេញភូតបីសាចជាដើម និងពិធីបញ្ចុះគោលចារឹកសន្មតថាជាជ័យភូមិ) ឲ្យពូកែ។ ដោយហេតុថា ព្រះអង្គក្រោធនឹងអស់មន្ត្រីខ្ញុំរាជការ ពុំជួយថែទាំរក្សា បានជាព្រះរាជបុត្រីថ្លោះការទាំងម៉្លេះ ទើបសម្ដេចព្រះបរមបពិត្រ ស្ដេចដាក់ទំនាយថា : បើមន្ត្រីណាដើរកាត់មុខព្រះវិហារកូនអញ ឲ្យមន្ត្រីនោះអន្តរាយ។ ហេតុនេះហើយ បានជាព្រះវិហារវត្តនោះ នាម៉ឺនដើរកាត់មុខពុំបាន។ សម្ដេច ស្ដេចសាងស្រេចហើយ ស្ដេចធ្វើសង្គាយនាឆ្លងព្រះវិហារវត្តនោះ។ ព្រះអង្គ បង្វែរ ខ្ញុំប្រុស ២១ នាក់ ខ្ញុំស្រី ២១ នាក់ រទេះគោ ២១ នឹម រទេះក្របី២១នឹម ស្រែ២១ ភូមិ២១ សេះ២១ ដំរី២១ ជាដង្វាយព្រះស្រីរតនត្រ័យ ឲ្យបានកុសលនោះ ចំរើនដល់ព្រះរាជបុត្រី។ លុះសំរេច ព្រះរាជពិធី បុណ្យនេះហើយ ព្រះអង្គនាំរាជសេវកាមាត្យ ត្រឡប់ចូលមកក្រុងចតុម្មុខវិញ។

ដំរីភ្លុកស[កែប្រែ]

លុះដល់ឆ្នាំមមែ ឯកស័ក ព.ស. ២០៤៣-គ.ស. ១៤៩៩-ម.ស. ១៤២១-៨៦១ ឧកញាសួគ៌ាលោកចៅហ្វាយស្រុកខែត្រពោធិ៍សាត់ ប្ដឹងចូលមកអ្នកឧកញាចក្រី សេនាបតី ឲ្យនាំសេចក្ដីក្រាបបង្គំទូលសូមទ្រង់ជ្រាប។ ដ្បិតភ្នាក់ងារក្លោងទាក់ដំរីភ្លុកសបានមួយ កំពស់បួនហត្ថប្លាយ សំបុរឆ្នាំងថ្មី ប្រកបដោយគជលក្ខណៈបរិបូណ៌។

អ្នកឧកញ៉ាចក្រី ក៏នាំឡើងក្រាបបង្គំទូល តាមសេចក្ដីសំបុត្រគ្រប់ប្រការ ទើបទ្រង់ព្រះរាជបញ្ជាឲ្យនាំដំរីចូលមកថ្វាយ។ លុះស្ដេចចេញទតដំរី យល់បរិសុទ្ធប្រាកដមែន ទ្រង់សោមនស្ស សព្វព្រះទ័យក្រៃពេក។ ស្ដេចព្រះរាជទានរង្វាន់ហ្មដែលទាក់បាននោះ មាសមួយតឹងកូនដៃ ប្រាក់មួយតឹងកូនដៃ និង របស់ឯទៀតជាច្រើន។ ឯអ្នកដែលជួយទាក់នោះ ជាពលកំលោះ ស្ដេចព្រះរាជទានដល់ពលទាំងនោះ តាមគួរទ្រង់ប្រោសមិនឲ្យត្រូវកំណែនរាជការអ្វីឡើយ។

ថ្ងៃក្រោយ ទ្រង់ចាត់មុខក្រសួងឲ្យរៀបពិធីមង្គល ព្រះរាជទាននាមដំរីសនោះថា ព្រះស្វេតមង្គលរាជហត្ថិពិជ័យឆទ្ទន្ត។ ទ្រង់ព្រះរាជទានគ្រឿងប្រដាប់សឹងមាស ទ្រង់ឲ្យធ្វើរោងប្រក់ស្បូវអំបែងបិទមាស សំរាប់ទ្រង់ដំរីនោះ។ លុះដល់ឆ្នាំ ចត្វាស័ក ព្រះស្វេតមង្គល រាជហត្ថី ឈឺយូរថ្ងៃហើយ ក៏ស្រុតទៅ "ស្រុតប្រែថាស្លាប់ ពាក្យនេះ សំរាប់និយាយចំពោះតែដំរី"។

សោយទិវង្គត[កែប្រែ]

ថ្ងៃ ១០ កើត ខែពិសាខ ឆ្នាំច ចត្វាស័ក ព.ស. ២០៤៦-គ.ស. ១៥០២-ម.ស. ១៤២៤-ច.ស. ៨៦៤ ព្រះបាទសម្ដេច ព្រះមហាធម្មរាជា ទ្រង់យាងទៅប្រពាត ភ្នំព្រះរាជទ្រព្យ ខេត្តសំរោងទង សេនាបតី មន្ត្រីខ្ញុំរាជការ គ្រប់ក្រុម ហែហមអមព្រះអង្គជាច្រើន ហើយទ្រង់ព្រះរាជបញ្ជាកេណ្ឌរាស្ត្រ ជីកស្រះនៅកៀនភ្នំ យកទឹកដាក់ជាទាន សាងព្រះរាជកុសល។ វេលាគ្រានោះ មានព្រះគ្រោះមួយបង្កើតជាព្រះរោគក្នុងព្រះអង្គ ទើបស្ដេចព្រះរាជដំណើរត្រឡប់មក ក្រុងដូនពេញវិញដោយព្រះរោគរឹតតែខ្លាំងឡើងៗ ឯស្រះដែលជីក ក៏ពុំទាន់ហើយ។

សម្ដេចព្រះមហាធម្មរាជា ព្រះអង្គសោយរាជសម្បត្តិ កាលស្រុកកំពុងកើត ចលាចល បាន ៨ឆ្នាំ ស្ដេចប្រាប្ដាភិសេក បាន ១៩ ឆ្នាំរួមជា ២៧ ឆ្នាំ ព្រះជន្ម ៦៤ ឆ្នាំ ទ្រង់ព្រះអាពាធ រឹតតែធ្ងន់ណាស់។ ទ្រង់ឲ្យនិមន្តព្រះរាជាគណៈមកចំរើនព្រះពុទ្ធគុណ ធម្មគុណ សង្ឃគុណ ថ្វាយរាល់វេលា

ថ្ងៃ ១០ រោច ខែជេស្ឋ ឆ្នាំជូត ឆស័ក ព.ស. ២០៤៨-គ.ស. ១៥០៤-ម.ស. ១៤២៦-ច.ស. ៨៦៦ ទ្រង់សោយព្រះទិវង្គតទៅ។ ព្រះបរមវង្សា នាម៉ឺនសព្វមុខមន្ត្រី លើកព្រះសពតំកល់ក្នុងព្រះកោដ្ឋស្រេច។ ទើបអញ្ជើញចៅពញាដាំខត្តិយ៍ ជាព្រះរាជបុត្រាច្បង ឲ្យឡើងសោយរាជសម្បត្តិតាមព្រះប្រវេណី។

រដ្ឋបាលដែនដី[កែប្រែ]

ក្នុងផ្នែកទី១ ដែលទាក់ទងនឹងការបែងចែកអាណាចក្រ យើងបានឃើញថាទឹកដីខ្មែរ ត្រូវចែកជាប្រមាណ ៧០ ខេត្ត ហើយខេត្តទាំងនោះត្រូវប្រមូលផ្ដុំជាតំបន់ដែលគេហៅថា ដី។ ក្នុងតំបន់នីមួយៗ មានស្ដេចក្រាញ់មួយអង្គឈរត្រួតត្រា (ជួនកាលហៅថា ស្ដេចក្រាញ់ក៏បាន ពាក្យនេះទំនងជាក្លាយមកពីពាក្យបុរាណ ម្រតាញ ដែលមានប្រើក្នុងសិលាចារឹកខ្មែរ) ។ ស្ដេចក្រាញ់ មួយអង្គៗមាននាទីគ្រប់គ្រងតំបន់របស់ខ្លួនផង ហើយមាននាទីគ្រប់គ្រងខេត្តរបស់ខ្លួនផ្ទាល់ផង។ បើតាមឯកសាររាជពង្សាវតារខ្មែរ ក្នុងរជ្ជកាលព្រះបាទធម្មរាជាទី១ មានការតែងតាំងស្ដេចក្រាញ់ ៥ អង្គគឺ:

ដូចបានពោលរួចមកខាងលើនេះ យើងឃើញថាក្នុងខេត្តនីមួយៗមានមន្ត្រីជាន់ខ្ពស់ម្នាក់ឈរត្រួតត្រា។ មន្ត្រីនេះគេនិយមហៅថា ចៅហ្វាយស្រុក : ឧ.មន្ត្រីឈរត្រួត ខេត្តទ្រាំង គេហៅថាចៅហ្វាយស្រុកខេត្តទ្រាំង ។


គោរម្យងារសំរាប់រាជ្យ
មុនដោយ
ស្រីរាជា និង ស្រីសុរិយោទ័យទី២
ព្រះម្ចាស់ក្រុងកម្ពុជាធិបតី
(១៤៧៨-១៥០៤)
តដោយ
ឝ្រីឝៅគន្ធបទ
ព្រះរាជគោរម្យងារ
មុនដោយ
មិនស្គាល់
ឧបរាជសម័យចតុមុខ
១៣៨០?-១៤៧៨
តដោយ
ព្រះមហាឧបរាជចន្ទរាជា