ស្រីសុរិយោវង្ស

ពីវិគីភីឌា
Jump to navigation Jump to search
ស្រីសុរិយោវង្ស
ព្រះបាទ
រជ្ជកាល គ.ស ១៣៥៩-១៣៦៩ រឺ ១៤០០-១៤១៣
រាជ្យមុន ព្រះចៅកំបង់ពិសី រឺ ព្រះបាទធម្មាសោករាជ
រាជ្យបន្ត ព្រះបាទបរមសោករាជ រឺ ព្រះបាទបរមរាមាធិបតី
បុត្រ ពញាយ៉ាត ពញាទ័យ ពញាកែវ (ពង្សាវតារសម្ដេចវាំងជួន)
កែវកេនយា ទេវី (ជាព្រះអគ្គមហេសីរបស់ព្រះបាទហ្វាង៉ុម)[១]
ព្រះនាមពេញ
​​​ ព្រះបាទសម្ដេចព្រះស្រីសុរិយោវង្ស​ ​រាជាធិរាជ
សន្តតិវង្ស ទេវង្សអស្ចារ្យ រឺ អង្គជ័យ
បិតា ព្រះបាទស្រីសុរិយោទ័យទី១ រឺ ព្រះស្រីសុគន្ធចក្រ
ប្រសូត គ.ស ១៣១៨ រឺ ១៣៥៣
មហានគរ
សុគត គ.ស ១៣៦៩ រឺ ១៤១៣
មហានគរ

ព្រះបាទស្រីសុរិយោវង្ស (សំស្ក្រឹត: ឝ្រីសូយ៌្យវំឝ)(គ.ស ១៣១៨-១៣៦៩ រឺ ១៣៥៣-១៤១៣) រជ្ជកាល (គ.ស ១៣៥៩-១៣៦៩ រឺ ១៤០០-១៤១៣) បើតាមឯកសារមហាបុរសខ្មែរព្រះស្រីសុរិយោវង្ស ព្រះអង្គឡើងសោយរាជ្យ ទទួលរាជាភិសេក ក្នុងឆ្នាំកុរឯកស័កព.ស.១៩០៣ - គ.ស. ១៣៥៩ - ម.ស. ១២៨១ - ច.ស. ៧២១ ក្នុងព្រះជន្មាយុ ៤១ឆ្នាំ ព្រះអង្គទ្រង់ព្រះនាមថា ព្រះបាទសម្ដេចព្រះស្រីសុរិយោវង្ស ហើយទ្រង់ប្រទានរង្វាន់ពិសេស ជាយសស័ក្ដិ ទ្រព្យសម្បត្តិ ឲ្យសេនាទាហាន ដែលមានបំណាច់ បានជួយបង្ក្រាប អរិន្ទ (មកពី អរិ = ឥន្ទប្រែថា សត្រូវជាធំ) រាជភ័យរី (ប្រហែលជាបានន័យថា ភ័យ កើតមកពីស្ដេចជាសត្រូវ)។ ព្រះអង្គទ្រង់តាំង សេនាបតី មន្ត្រីគ្រប់តំណែង។ បើតាមឯកសារផ្សេងទៀត ព្រះ​រាជាភិសេក​ ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​នៅ​មហានគរ​ ​នៅ​ថ្ងៃ​ ១១​រោច​ ​ខែបុស្ស​ ​ឆ្នាំរោង​ ​ព.ស​១៩៤៤​ ​ម.ស​១៣២២ ច.ស​៧៦២ និង​គ.ស​១៤០០។ កាល​ព្រះ​អង្គ​ឡើង​សោយរាជ្យ​ ​ជា​ព្រះមហាក្សត្រ​ទី​៣២​ ​ព្រះ​ស្រីសុរិយោវង្ស​ ​ព្រះ​អង្គ​បាន​ព្រះ​ជន្ម​៤៧​វស្សា។​ ​ព្រះ​អង្គ​បាន​មាន​ព្រះ​បរម​នាម​ថា​ ​ព្រះបាទ​សម្ដេច​ ​ព្រះ​ស្រីសុរិយោវង្ស​ ​រាជាធិរាជ។​ ​ព្រះរាជធានី​ស្ថិត​នៅ​មហានគរ​ដដែល។ ព្រះបាទ​ស្រីសុរិយោវង្ស​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​ ៣២​ ​ព្រះ​អង្គ​បាន​សោយរាជ្យ​សម្បត្តិ​ ​ប្រទេស​កម្ពុជា​បាន​​ ១៤​ ឆ្នាំ ។ អស់ពួកបរមរាជវង្សានុវង្ស ក៏ចូលមកជួបជុំ ជាបរមសុខរៀងមក។ ព្រះអង្គទ្រង់ព្រះករុណាប្រោស ប្រទានព្រះរាជបុត្រ ព្រះសុរិយោទ័យ ជាមហាឧបរាជ ដែលសុគតក្នុងសង្គ្រាមនោះ ដែលត្រូវជាក្មួយព្រះទួតនឹងព្រះអង្គ ឲ្យឡើងជាទី សម្ដេចមហាឧបរាជ ស្នងព្រះបិតា។ ព្រះអង្គសោយរាជ្យបាន ១០ ឆ្នាំ ព្រះជន្មបាន ៥១ ឆ្នាំ ទ្រង់ប្រឈួនជាទម្ងន់ ពេទ្យថ្វាយព្រះឱសថពុំជាគ្រាន់ក៏ទ្រង់ព្រះសុវណ្ណគតទៅ។ ខណៈនោះ ព្រះបរមរាជវង្សា សេនាព្រឹទ្ធាមាត្យ អញ្ជើញ ព្រះបរមរាមា ជាព្រះរាជបុត្រានៃព្រះលំពង្សរាជាជាព្រះភាគិនេយ្យោ នៃព្រះសុរិយោវង្ស ស្នងព្រះអង្គ តរៀងទៅ។ ឯកសារផ្សេងទៀត ព្រះ​អង្គ​បាន​ចូល​ទិវង្គត​នៅ​ឆ្នាំម្សាញ់ ​ក្នុង​ព្រះ​ជន្ម​៦០​ ​វស្សា។​ ​ពង្សាវតារ​ខ្មែរ​ទាំងឡាយ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការ​សុគត​ រលត់ខន្ធនេះ​ទេ។​ ​ត្រង់​ចំណុច​នេះ​ ​គេ​ពុំ​បាន​សរសេរ​កត់ត្រា​ ​រៀបរាប់​អធិប្បាយ​ ​បង្ហាញ​អំពី​របៀប​ជ្រើសតាំង​ព្រះមហាក្សត្រ​ថ្មី​ ​ដូចដែល​ធ្លាប់​មាន​ក្នុង​ពង្សាវតារ​របស់​សម្ដេច​វាំង​ជួន​នោះ​ទេ។

សង្គ្រាមរំដោះទឹកដី[កែប្រែ]

បើតាមឯកសារមហាបុរសខ្មែរឬ គិតតាំងពីសៀមវាយបានព្រះនគរ ក្នុងឆ្នាំមមី ឆស័ក ដល់មកឆ្នាំ កុរឯកស័ក ត្រូវជា ៦ឆ្នាំ ទើបព្រះបរមពិត្រ ព្រះស្រីសុរិយោវង្ស ស្ដេចបង្ក្រាបរាជសត្រូវបាន ហើយយកបានព្រះនគរវិញ ទ្រង់គង់នៅជាសុខស្ថាពរ (ពាក្យនេះមានតាំងពីបុរាណកាលមក) រៀង។ ទ្រង់ត្រាស់បង្គាប់ ឲ្យចៅពញាចក្រីនាំសេនាទាហានរេហ៍ពល លើកទៅវាយស្រុករាយរង (នាងរោង) ចុះចូលមក ជាស្រុកខ្មែររៀងមក។ ប៉ុន្ដែ​បើ​តាម​ពង្សាវតារ​វត្ដ​ទឹកវិល​ ​ក្នុងស្រុក​ស្អាង ​ខេត្ដកណ្ដាល​ ​និង​ពង្សាវតារ​របស់​ក្រុម​ជំនុំ​សម្ដេច​សង្ឃរាជ​ទៀង​វិញ​ ​គេ​បានដឹង​ថា​សង្គ្រាម​រវាង​ខ្មែរ​ ​និង​សៀម​តែងតែមាន​ជា​ហូរហែ​(ពង្សាវតារ​វត្ត​កោកកាក និង​ពង្សាវតារ​របស់​សម្ដេច​វាំង​ជួន បាន​ចាត់​ទុក​សង្គ្រាម​ខ្មែរ‑សៀមនេះ នៅ​ក្នុង​រាជ្យ​របស់​ព្រះបាទធម្មាសោករាជ)។ ​កងទ័ព​ខ្មែរ​វាយប្រហារ​កម្ចាត់​កងទ័ព​សៀម​ ​បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់។ នេះនឹងស្រដី ពីក្រុងស្រីអយុធ្យាវិញ។ កាលព្រះរាមាធិបតី (ស្ដេចសៀម) សុគតដោយសារគេធ្វើឃាតក្នុងឆ្នាំ ១៣៨៨ នៃគ.ស ព្រះរាមេសូរបានឡើងសោយរាជ្យតែមួយឆ្នាំក្រោយមកទ្រង់បានដាក់រាជ្យថ្វាយទៅ ព្រះបរមរាជា ជាបងថ្លៃឡើងសោយរាជ្យ ស្នងព្រះរាមាធិបតី។ ព្រះបរមរាជា សុគតទៅ ព្រះចៅឡាន ដែលជាព្រះរាជបុត្រ ព្រះបរមរាជា ឡើងសោយរាជ្យ ស្នងព្រះបិតា។ ពេល​នោះ​ព្រះ​រាមេសូរ​បាន​ទៅ​ទាន់ដង្ហើម​ ​ឃើញ​ស្ដេច​កំពុង​តែ​សុគត។​ ព្រះចៅឡាន សោយរាជ្យបាន ៧ ថ្ងៃ ព្រះរាមេសូរដែលជាព្រះរាជបុត្រ ព្រះរាមាធិបតី បានឡើងយសោយរាជ្យបន្តពីព្រះចៅឡានក្រោយពីសុគត។ ដល់ឆ្នាំជូត ទោស័ក។ ព្រះរាមេសូរ លើកទ័ពទៅវាយនគរឈៀងរ៉ាយជាងរ៉ាយ (លាវពោះខ្មៅ) តែបើតាមពង្សាវតារវត្តទឹកវិល ​ក្នុង​ឆ្នាំជូត​ ​បាន​លើក​កងទ័ព​ពល​យោធា​ទៅ​ធ្វើសង្គ្រាម​វាត​ទឹកដី​ ​វាយប្រហារ​ស្រុក​លាវ​ដណ្ដើម​យក​បាន​ស្រុក​ឈៀងម៉ៃ​ ​និង​កៀរ​កេណ្ឌ​អ្នកស្រុក​អ្នក​ភូមិ​លាវ​មួយ​ចំនួន​ធំ​ ​នាំ​យក​មក​ធ្វើ​ជា​ឈ្លើយ​ស្រុក​សៀមទៅវិញ។ ក្នុងពេលដំណាលគ្នានោះ សៀមដែលនៅប្រទល់ដែន ទល់នឹងប្រទេសខ្មែរ បានលើកទ័ពមកកំហែងទារយក ប្រជានុរាស្ត្រខ្មែរ បានជាងមួយរយភាគយកទៅស្រុកវា។ ចៅហ្វាយស្រុក ក្រមការខេត្តខាងខ្មែរ លើកទ័ពតាមទៅដណ្ដើមពីសៀមមកវិញ។ សៀមក៏លើកពលជាងពីររយពាន់នាក់ មកច្បាំងនឹងទ័ពចៅហ្វាយស្រុកខ្មែរ។ ចៅហ្វាយស្រុក និង ក្រមការខេត្តខ្មែរតស៊ូនឹងទ័ពសៀម ហើយប្ដឹងបកសំបុត្រ ជូនមកលោកសេនាបតី ឲ្យយកសេចក្ដីក្រាបបង្គំទូល ព្រះករុណាក៏ទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រ ព្រះស្រីសុរិយោវង្ស ជាអម្ចាស់ផែនដី ប្រទេសកម្ពុជា កាលទ្រង់ជ្រាបដំណឹងនេះហើយ ​​នៅ​ចំពោះ​មុខ​បញ្ហា​ធ្ងន់ធ្ងរ​នេះ​ ​ព្រះមហាក្សត្រ​ខ្មែ​ទី​៣២ ​ព្រះ​ស្រីសុរិយោវង្ស​ ​បាន​បញ្ជា​ឲ្យ​ចៅហ្វាយខេត្ដ​ ​មេទ័ព​ខ្មែរ​តូច​ធំ​ជិត​ឆ្ងាយ​នៅ​កម្ពុជា​ក្រោម​ ​ដូច​ជា​ខេត្ដ​ទ្រាំង​បាសាក់​ ​(ឬ​បាសក្ដិ​?) ព្រះត្រពាំង​ឱមោរ​ក្រមួនស​ ​ពាម [ខេត្ត​ខ្មែរ​នៅ​កម្ពុជាក្រោម​នេះ សព្វថ្ងៃ​បាន​ប្រែក្លាយ​ឈ្មោះ​ទៅ​ជា សុកត្រាង (ខេត្ត​បាសក្តិ) ត្រាវិញ (ខេត្ត​ព្រះត្រពាំង) រ៉ាចញ៉ា (ខេត្ត​ក្រមួនស) កាម៉ាវ (ខេត្ត​ទឹកខ្មៅ) ហាទៀង (ខេត្ត​ពាម) និង​ឱមូន (ខេត្ត​ឱមោរ)]​ ​កំពត​និង​កំពង់សោម​ រៀបចំ​កងពល​រេហ៍​ ​ទៅ​វាយប្រហារ​ទប់ទល់​នឹង​សត្រូវ​សៀម​ដែល​កំពុង​តែ​ចូល​មក​ទន្ទ្រាន​ ជាន់ឈ្លី​លើ​ទឹកដី​ខ្មែរ។​ កងទ័ព​ខ្មែរ​ចំនួន​ប្រាំ​ម៉ឺន​នាក់​ ​ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​បញ្ជាការ​របស់​មេទ័ព​ចៅពញាពិស្ណុលោក។ ​ឯ​មេទ័ព​ស្រួច​វិញ​ ​ត្រូវ​ដឹកនាំ​ដោយ​ចៅហ្វាយខេត្ដ​ស្រុក​បាសក្ដិ។​ ​កងទ័ព​ខ្មែរ​បាន​លើក​ទៅ​តាម​គោក​ផង​ ​ចូលទៅច្បាំងនឹងសៀមតាម​សមុទ្រ​ជិះទូក​សំពៅ​ផង​ ​នាំ​គ្នា​វាយ​ប្រយុទ្ធ​ ​គៀប​ខ្ទប់​សត្រូវ​យ៉ាង​អង់អាច​ក្លាហាន​ ​យក​បាន​ជោគជ័យ​ឈ្នះ​ ​បណ្ដេញ​អស់​កងទ័ព​ឈ្លានពាន​សៀម​ ​ដណ្ដើម​យក​បាន​ស្រុក​សុនយ៉ៃ​ រឺ សំយ៉ែ ​(បច្ចុប្បន្ន​ ​គឺ​ស្រុក​ត្រាត​) រយ៉ង​ច័ន្ទបូរី​ (ចន្ទបូរ ចាន់តាប៊ុន ) ​និង​ជលបូរី​ ​មក​វិញ។​ គ្រួសារ​សៀម​ចំនួន​ប្រមាណ​ប្រាំបួន​ពាន់​គ្រួ​ ​ត្រូវ​ខ្មែរ​ចាប់​កេណ្ឌ​កៀរ​មក​ធ្វើ​ជា​ឈ្លើយ។ ទើបលើកទ័ពត្រឡប់មកប្រទេសកម្ពុជាវិញ រួចឡើងទៅក្រាបបង្គំទូលថ្វាយ ព្រះករុណា សូមទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះករុណា ទ្រង់ព្រះអំណរណាស់ ទ្រង់ប្រទានរង្វាន់ដល់នាយកង នាយទ័ព ដល់នាយទាហាន និង សេនាទាហាន តាមគុណបំណាច់។ តមក ព្រះករុណា ទ្រង់ព្រះរាជកំណត់ទៅគ្រប់ចៅហ្វាយស្រុកតូចធំ ឲ្យត្រៀមខ្លួនប្រុងប្រៀបរៀបរៀងទៅបង្ហាត់ សេនា ទាហាន ឲ្យមានគ្រប់ខែត្រ ជាទីបង្ការ រក្សាព្រះនគរតទៅ។ នេះក៏ព្រោះតែ ព្រះ​ស្រីសុរិយោវង្ស​ ​ដែល​យល់​អំពី​ស្ថានការណ៍​ប្រទេស​ជាតិ​ ​និង​អំពី​ចិត្ដ​លោភលន់​របស់​សៀម​ ​ដែល​ចង់​លួច​ប្លន់​បន្លំ​យក​ទឹកដី​ខ្មែរ​ ​ព្រះ​អង្គ​បាន​រៀបចំ​ដាក់​ផែន​ការណ៍​ការពារ​ ​បង្គាប់​ឲ្យ​ខ្មែរ​រាល់​រូប​ ​នៅ​គ្រប់​ខេត្ដ​ខណ្ឌ​ក្នុង​នគរ​ ​រៀនសូត្រ​ហាត់​ហ្វឹកហ្វឺន​គ្រប់មុខ​វិជ្ជា​ក្បួនទ័ព​ ​ធ្វើសង្គ្រាម

សង្គ្រាមការពារទឹកដី[កែប្រែ]

ព្រះរាមេសូរ ក្រុងទេព ដែលលើកទ័ពទៅវាយស្រុកលាវនោះ កាលបានជ័យជំនះឈ្នះលាវយកបានស្រុកជាងរ៉ាយ ហើយកៀរគ្រួសារលាវ បានជាច្រើន ហើយទើបលើកទ័ពត្រឡប់ទៅក្រុងស្រីអយុធ្យាវិញ។ លុះមកដល់ហើយ ទ្រង់ជ្រាបថា ខ្មែរលើកទ័ពមកវាយ បានស្រុកបួនតំបន់ ព្រមទាំងកៀរគ្រួយកទៅជាច្រើនទៀតផង។ ទ្រង់ខ្ញាល់ណាស់ ទើបត្រាស់ឲ្យកេណ្ឌកងទ័ព លើកមកធ្វើសង្គ្រាមនឹងខ្មែរ ដើម្បី​ទៅ​វាយប្រហារ​សងសឹក​​គឺ​នៅ​ក្នុង​ឆ្នាំ​ឆ្លូវ។​ ​ព្រះ​រាមេសូរ ​បាន​តែងតាំង​ចៅពញាជ័យដំរុង​ជា​មេទ័ពស្រួច។​ ចំណែក​ព្រះ​អង្គ​វិញ​ ​ដឹកនាំ​ទ័ព​ធំ​ដោយ​ខ្លួនឯង​ផ្ទាល់។​ ​កងទ័ព​សៀម​ដើរ​សម្រុកចូល​ស្រុក​ខ្មែរ ​វាយ​ប្រយុទ្ធ​ ​ដណ្ដើម​យក​បាន​ភូមិ​ខេត្ដ​ខណ្ឌ​ខ្មែរ​ជា​លំដាប់លំដោយ​ ​ហើយ​សំដៅ​តម្រង់​ឆ្ពោះទៅ​រក​កម្ទេច​មហានគរ។ ព្រះរាមេសូរ អង្គឯងជាទ័ពហ្លួងលើកមកវាយស្រុកទាំងបួនតំបន់បានទៅវិញ ហើយបំរុងនឹងលើកទ័ពមកវាយមហានគរទៀត។ ប៉ុន្តែនាយគយខ្មែរ ដែលនៅល្បាតព្រំដែន កាលបើដឹងថា ទ័ពសៀមលើកមកហើយ ក៏ចាត់សំបុត្រឲ្យបម្រើសេះ ចូលមកប្ដឹងសេនាបតី ឲ្យនាំឡើងក្រាបបង្គំទូលព្រះករុណា សូមទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះករុណា កាលបើបានទ្រង់ជ្រាបហើយ ក៏ត្រាស់ឲ្យប្រមូលសេនាទាហាន ដែលបានហាត់ហ្វឹកហ្វឺន បំរុងការណ៍ ក្នុងខែត្រជិតៗ នោះមកប្រជុំគ្នា ទ្រង់ត្រាស់បង្គាប់ ឲ្យមហាឧបរាជ ​ជា​មេទ័ព​ធំ​ ​ដឹកនាំ​ពល​រេហ៍​ ​ទាំង​តាម​ផ្លូវទឹក​ ​ទាំង​តាម​ផ្លូវគោក​ ​ឲ្យ​ចេញ​ទៅ​ច្បាំង​ទប់ទល់​នឹង​ខ្មាំង។​ ​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​មួយ​ ​ដែល​មានឈ្មោះ​ថា​ ​ស្ពាននាគ​ ឯកសារវត្តទឹកវិលថា​ស្ពានញែក ព្រះ​មហាឧបរាជ​ ​បាន​បញ្ជា​ឲ្យ​កង​យោធា​ឈប់​សម្រាក​ ​បោះជំរំ​រៀប​បន្ទាយ​ការពារ​ ​ជីកដី​ដាក់​សម្រះ​កប់ចម្រូង​ ​ចាំ​ត្រៀមប្រយុទ្ធ​នឹង​កងទ័ព​សៀម។​ ​មិនយូរ​ប៉ុន្មាន​ ​កងទ័ព​ស្រួច​សៀម​របស់​ចៅពញាជ័យដំរុង​បាន​មក​ដល់។​ កងទ័ព​ទាំង​ពីរ​ក៏​ចាប់ផ្ដើម​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​ ​លាន់ឮ​សូរ​សំឡេងកងរំពង​ទ្រហឹង​អឺងអាប់​ស្រែក​ខ្ញៀវខ្ញារ​ ​លាយឡំ​ទៅ​ដោយ​ស្នូរ​អាវុធ​ប៉ះទង្គិច​គ្នា។ ​​​តែ​កងទ័ព​ទាំង​សងខាង​នៅ​ស្មើ​ដៃ​គ្នា​ ​មិន​ទាន់​មាន​ខាង​ណាមួយ​ ​អាច​យក​ប្រៀប​ឈ្នះ​បាន​ឡើយ។​ ប៉ុន្ដែ​គ្រានោះ​ ​ទ័ព​ធំ​ស្ដេច​សៀម​ព្រះ​រាមេសូរ​ ​បាន​មក​ដល់ចាត់ឲ្យធ្វើបន្ទាយឆាក (បន្ទាយឆាក គឺបន្ទាយដែលចាត់ឆែវ ខុសពីទិសដែលត្រូវធ្វើ) ទ័ពឆ្វេងស្ដាំ ហើយបាញ់ផ្ទប់ចូលមក ​វាយ​ព័ទ្ធ​ព្រះ​មហាឧបរាជ​ពីឆ្វេង​ផង​ពីស្ដាំ​ផង​ ​ធ្វើ​ឲ្យ​ទ័ព​ខ្មែរ​មាន​ចំនួន​តិច​ ​ទន់​ដៃ​ចុះ​អន់​ខ្សោយ​ ​មិន​អាច​ទ្រាំទ្រ​ទប់ទល់​នឹង​កម្លាំង​វាយប្រហារ​របស់​សត្រូវ។ ព្រះ​មហាឧបរាជ​ក្នុង​គ្រា​ប្រថុចញ៉ុច​នេះ​ ​ដោយ​ដឹង​ថា​មិន​អាច​តទល់​នឹង​ខ្មាំង​បាន​ ​បាន​ហក់លោត​ដកឃ្លា​ថយ​ ​ចុះ​មក​រក​ទូក​ដែល​ចត​តាម​ដងស្ទឹងនៅក្នុងពាម គង់ក្នុងព្រះទីនាំងនាវា ដើម្បីឲ្យកងទ័ពជើងទឹក លើកទៅជួយកងទ័ពជើងគោក។ ខណៈនោះ ទ័ពសៀមក៏ចោមរោម បាញ់តម្រង់ព្រះទីនាំងនាវា សន្ធាប់យ៉ាងខ្លាំង ឥតសំចៃឡើយ។ មួយស្របក់ក្រោយមក គ្រាប់កាំភ្លើងសត្រូវ ក៏រត់មកត្រូវធុងរំសេវខាងខ្មែរ បែកឆេះធ្លាយហើយត្រូវសម្ដេចព្រះមហាឧបរាជរបួសជាទម្ងន់ និង ទាហានក្នុងកងទ័ព ស្លាប់ និង ពិការជាច្រើននាក់។ ទ័ពខ្មែរ ឃើញហេតុដូច្នេះហើយ ក៏ផ្អើលភ្ញាក់ បរាជ័យ រត់បែកខ្ញែកប្រាសយកតែអាយុសព្វៗខ្លួន។ ទ័ពសៀមដេញសន្ធាប់ហើយចាប់បានសម្ដេចព្រះមហាឧបរាជ យកមកទុកបាន ៣ ថ្ងៃ ព្រះអង្គក៏ទ្រង់សុគតទៅ។ ​ព្រះ​មហាឧបរាជ​បាន​បាត់បង់​ជីវិត​ដោយសារ​សៀម​សម្លាប់? ឬ​មួយ​ក៏​ដោយសារ​មាន​របួសធ្ងន់? ចំណុច​ត្រង់នេះ​ ​ឯកសារ​ពង្សាវតារ​ខ្មែរ​មិន​បាន​សរសេរ​កត់ត្រា​បំភ្លឺ​ទេ។​ ព្រះបាទសម្ដេច ព្រះសុរិយោវង្ស កាលទ្រង់បានជ្រាបថា​: ទ័ពព្រះអង្គបែកហើយ ព្រមទាំងសៀមចាប់បានព្រះមហាឧបរាជទៅទៀតនោះ ស្ដេចក៏លើកសេនាយោធា ជាកងទ័ពធំចេញទៅព័ទ្ធចោមច្បាំងនឹងទ័ពសៀមទៀត។ ​គ្រាន់តែ​បាន​ទៅ​ដល់​ ​ជួបនឹង​ទ័ព​សៀម​ស្ដេច​រាមេសូរ​ភ្លាម​ មិន​រង់ចាំ​យូរ​ ​ព្រះ​អង្គ​បញ្ជា​ឲ្យ​ឡោម​ព័ទ្ធ​សៀម​ទាំងអស់​ ​ហើយ​ទូងស្គរ​ទូង​គងស្រែក​ហ៊ោកញ្ជ្រៀវ​បើក​ការ​វាយប្រហារ​សន្ធប់​សន្ធាប់​ ផ្ទប់​លាន់ឮ​ដូច​ស្នូរ​រន្ទះ។​ យុទ្ធជន​ខ្មែរ​ប្រយុទ្ធ​កាប់​ចាក់​ ​ហក់លោត​ឆ្វេង​ស្ដាំ​ ​ការពារ​តស៊ូ​យ៉ាង​អង់អាច​ក្លាហាន​ ​ឥត​រួញរា​ ​ឥត​សំចៃ​ដៃ​ឡើយ។​ ​នៅ​ចំពោះ​មុខ​សេចក្ដី​ក្លាហាន​ ​និង​កម្លាំង​តស៊ូ​ប្ដូរផ្ដាច់​ ​ការពារ​ជាតិ​មាតុភូមិ​ ​របស់​កម្លាំង​ទ័ព​ ​និង​ប្រជានុរាស្ដ្រ​ខ្មែរ​ ​កងទ័ព​សៀម​ព្រះ​រាមេសូរ ​មានការ​តក់ស្លុត​បាត់​អស់​ស្មារតី​ ​អស់​សេចក្ដី​ក្លាហាន​ ​នាំ​គ្នា​រត់ចោលជួរ​យក​រួច​ជីវិត​តែ​រៀងខ្លួន។ ទ័ពសៀមរអាដៃអស់កម្លាំងច្បាំងតថ្វីដៃនឹងទ័ពសម្ដេចព្រះសុរិយោវង្សពុំបាន ក៏រាថយមក​វិញ។ ខណៈនោះ ទ័ពខ្មែរយល់ថា បានការហើយ ក៏ចោមចាក់កាប់សម្លាប់ ពួកទ័ពសៀមឥតត្រាប្រណីឡើយ។ សៀមនឹងតតាំងច្បាំងពុំកើត ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយ ហើយបាក់ទ័ពរត់ទៅស្រុកវិញអស់។ ​ឆ្លៀតឱកាស​ដ៏​ល្អ​នេះ​ ​ព្រះ​ស្រីសុរិយោវង្ស​ ​ក៏​បាន​នាំ​ពល​រេហ៍​ខ្មែរ​ទាំង​ប៉ុន្មាន​ ​ដេញ​តាម​វាយប្រហារ​កម្ទេច​ទ័ព​សៀម​ ​និង​រុល​លុក​បន្ដ​ទៅ​ទៀត​ ​រហូត​ដល់​ព្រំប្រទល់​ជាយ​ដែន​ខ្មែរ។​ ​ទ័ពខ្មែរ ចាប់បានឈ្លើយសៀមជាច្រើននាក់ នាំមកក្រាបបង្គំទូលថ្វាយ រួចហើយដេញទ័ពសៀមឲ្យចេញផុត ពីដែនដីខ្មែរ ទើបត្រឡប់មកប្រទេសកម្ពុជាវិញ។

គ្រងរាជសម្បត្តិ[កែប្រែ]

ព្រះបាទសម្ដេច ព្រះស្រីសុរិយោវង្ស ព្រះអង្គបង្ក្រាបទ័ពសៀមរាបទាបហើយ ស្ដេចក៏យាងចូលទៅព្រះមហានគរ សោយរាជសម្បត្តិ ប្រកបដោយនូវយុត្តិធម៌ អាណាប្រជានុរាស្ត្រ ក្នុងព័ទ្ធសីមា (ព័ទ្ធសីមា = សីមាមួយយ៉ាងដែលព្រះសង្ឃ ទុកជាគោល សម្រាប់ កំណត់ព្រំដែន ក្នុងការធ្វើសង្ឃកិច្ចផ្សេងៗ។ ព័ទ្ធសីមាក្នុងទីនេះ គឺព្រំដែនប្រទេសនីមួយៗ។) ក៏បានសុខសប្បាយគ្រប់ៗគ្នា។ កាលនោះ ផែនដីស្រុកខ្មែរ ធំទូលាយណាស់ ទិសខាងលិចទល់នឹងបស្ចិមបូរី ខាងពាយ័ព្យទល់នឹងស្រុកនាងរង (នាងរោង) និង នគររាជសីមា ខាងឧត្តរទល់ដល់ស្រុកស្នាមខ្សាច់ ទិសឦសាន ដល់ស្រុកចន្ទបូរី (គឺចាន់តាប៊ុន រឺ ចន្ទបុរ សព្វថ្ងៃនេះ) ​ខាងជើង​ឆៀង​ខាងកើត​ទល់​នឹង​ស្រុក​គោកខណ្ឌ​ ខាងកើតដល់បារៀ និងដូនណាយ (ដូនណយ រឺ ដូនណៃ) ខាងត្បូងផុតសមុទ្រ ទល់នឹងស្រុកយួន ស្រុកចាម។ ព្រះបរមបពិត្រ បើតាមឯកសារផ្សេងទៀតក្នុង​ ឆ្នាំឆ្លូវ​ ​មុន​ដែល​ព្រះ​អង្គ​បាន​ឡើង គង់ក្នុងរាជសម្បត្តិនោះ មានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមព្រះពញាយ៉ាត។ ​តែបើ​តាម​ពង្សាវតារ​វត្ដ​កោកកាក​ ​ចៅ​ពញាយ៉ាត​បាន​ប្រសូត​ក្នុង​ឆ្នាំមមី។ ("សាស្ត្រាខ្លះថា ព្រះសុរិយោវង្សអង្គនេះ ឡើងសោយរាជ្យពី គ.ស. ១៣៥៧ ហើយទ្រង់សោយសុវណ្ណគតទៅវិញនៅគ.ស. ១៣៦៦។")។ ​​មួយ​ផ្នែក​ទៀត​ ​ពង្សាវតារ​ខ្មែរ​ភាគច្រើន​បាន​កត់ត្រា​ទុក​មក​ថា​ ​ក្នុង​រាជ​ព្រះ​ស្រីសុរិយោវង្ស​ ​ព្រះមហាក្សត្រ​ខ្មែរ​ទី​៣២​ ​ទោះបីជា​មាន​ចម្បាំង​ញឹកញាប់​ជាមួយនឹង​សៀម​ក៏​ដោយ​ ​ក៏​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ដោយ​សុខ​សប្បាយ​ ​និង​ចម្រើន​លូតលាស់​ដែរ។​ ​គេ​បាន​ចាត់​ទុក​ព្រះ​អង្គជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​ល្អ​ប្រសើរ​ ​ពោរពេញ​ប្រកប​ទៅ​ដោយ​ព្រហ្មវិហាធម៌​ ​និង​ទសពិធរាជធម៌​ ​យកចិត្ដទុកដាក់​អំពី​ជោគវាសនា​អនាគត​ប្រទេស​ជាតិ​ ​និង​ជាទី​ម្លប់​ត្រជាក់ត្រជំ​ ​ចំពោះ​ប្រជានុរាស្ដ្រ​តូចតាច​ ​ខ្សត់ខ្សោយ​ ​ក្រីក្រ​ទូទៅ​ទាំង​ប្រទេស។​

ឯកសារយោង[កែប្រែ]

  • ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
  • ឯកសារមហាបុរសខ្មែរ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ព្រះចៅកំបង់ពិសី រឺ ព្រះបាទស្រីសុរិយោទ័យទី១
ព្រះបាទសម្ដេច ព្រះស្រីសុរិយោវង្ស
គ.ស ១៣៥៩-១៣៦៩ រឺ ១៤០០-១៤១៣
តដោយ
ព្រះបាទបរមសោករាជ រឺ ព្រះបាទបរមរាមាធិបតី
  1. https://www.khaosod.co.th/travel/news_1838114