ធម្មាអនុរថ
Appearance
ធម្មាអនុរថ | |
---|---|
ព្រះបាទ | |
រាជ្យមុន | មិនស្គាល់ |
រាជ្យបន្ត | មិនស្គាល់ |
ប្រសូត | មហានគរ |
សុគត | មហានគរ |
ព្រះបាទធម្មាអនុរថ ទ្រង់ជាស្ដេចនៃម៉ាឡានប្រទេស។
ប្រវត្តិទាក់ទងចារក្នុងពង្សាវតារខ្មែរ
[កែប្រែ]- ពង្សាវតារវត្ដទឹកវិល បានសរសេរថែមទៀតថា គឺក្នុងរាជស្ដេចអឡស្សរាជដែលស្ដេចលាវ ព្រះធម្មាអនុរថ បានមកដល់មហានគរ ទាមទារយកព្រះត្រៃបិដក និងព្រះពុទ្ធរូបព្រះកែវមរកត)។
- ពង្សាវតារវត្តកោកកាក និយាយដំណាលអំពីព្រះធម្មាអនុរថ ស្ដេចប្រទេសលាវ កាលបើឃើញតែសំពៅមួយត្រលប់ទៅដល់នគរ ហើយសំពៅមួយទៀតបាត់ដំណឹងសូន្យឈឹង ព្រះអង្គមានក្ដីកង្វល់មួហ្មង ចាត់ឲ្យមន្ដ្រីតូចធំស្រាវជ្រាវស៊ើបអង្កេតរក យូរឆ្នាំក្រោយមក ទើបលេចឮដំណឹងដល់ព្រះអង្គថា សំពៅដែលបាត់នោះបានទៅទើរនៅឯស្រុកខ្មែរ។ ព្រះអង្គគង់លើសេះហោះ ហើយនាំពលសេនាអាមាត្យប្រមាណបីនាក់ ធ្វើដំណើរសំដៅតំរង់ទៅប្រទេសកម្ពុជា។ ទៅដល់មហានគរ ព្រះធម្មាអនុរថស៊ើបសួររកសម្ដេចសង្ឃរាជ ព្រះកែវមរកត និងព្រះត្រៃបិដក។ ដឹងអស់សេចក្ដីហើយ ព្រះអង្គដើរសំដៅទៅវត្ដបញ្ចេញមហិទ្ធិឫទ្ធិរបស់ខ្លួនឲ្យគេខ្លាច កោតស្ញប់ស្ញែង ព្រះអង្គឡើងឈរលើដុំថ្មមួយផ្ទាំងធំ ហើយបង់ជំទាញបាញ់នោមដាក់ថ្មនោះទាល់តែបាក់ជាពីរ។ ព្រះសង្ឃក្នុងវត្ដឃើញព្រឹត្ដិការណ៍មិនស្រួលដូច្នេះ ភ័យតក្កមាស្លន់ស្លោររត់ទៅទូលប្រាប់សម្ដេចសង្ឃរាជតាមដំណើរ។ នៅពេលដែលសម្ដេចសង្ឃរាជនិមន្ដមកដល់ ព្រះធម្មាអនុរថ ប្រកាសទូលលោកថា ខ្លួនជាអ្នកបំរើស្ដេចលាវ ហើយមកនេះ គឺក្នុងគោលបំណងចង់ទាមទារយកព្រះត្រៃបិដក និងព្រះកែវមរកត ព្រះអង្គបានរៀបរាប់គ្រប់ចំណុចទាំងអស់តាំងពីដើមរហូតចប់ ទូលថ្វាយសម្ដេចសង្ឃ ដោយបញ្ជាក់ថារបស់ពិសិដ្ឋទាំងនេះ ជាសម្បត្ដិរបស់ព្រះអង្គ។ ព្រះធម្មាអនុរថស្នើសុំឲ្យសម្ដេចសង្ឃនិមន្ដទៅទូលថ្វាយ ព្រះមហាក្សត្រខ្មែរ ព្រះបាទធនញ្ជ័យគោរពរាជ្យតាមដំណើរ និងសុំឲ្យព្រះអង្គប្រគល់សំពៅព្រះកែវមរកត និងព្រះត្រៃបិដកមកវិញ ដើម្បីជៀសវាងកុំឲ្យមានជំលោះក្លាយទៅជាសត្រូវ។ តែ ព្រះមហាក្សត្រខ្មែរមិនបានយល់ព្រមទៅតាមសំណើនេះទេ ដែលជាហេតុបណ្ដាលឲ្យស្ដេចលាវខឹងខ្ញាល់យ៉ាងខ្លាំង ហើយនឹកគិតក្នុងចិត្ដថា ខ្លួនមានឫទ្ធានុភាពអំណាច លទ្ធភាពគ្រប់បែបនឹងប្រហារជីវិតខ្មែរទាំងអស់ក្នុងនគរ។ តែដោយភ័យខ្លាចទទួលជាប់កម្មពៀរវេរា ព្រះអង្គមិនចង់បង្កបង្កើត ប្រព្រឹត្ដឲ្យមានឧក្រិដ្ឋកម្មរបៀបនេះឡើយ។ ព្រះអង្គ សំរេចចិត្ដត្រឹមតែសំដែងបដិហារបញ្ចេញឫទ្ធិឲ្យខ្មែរឃើញញាប់ញ័រ តក់ស្លុតបាក់បបប៉ុណ្ណោះបានហើយ ស្ដេចលាវក៏ស្រែកបន្លឺលាន់ឮថា «បើមិនព្រមប្រគល់ព្រះត្រៃបិដកទេ នោះព្រះអង្គនឹងកាត់ប្រហារជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់! ហើយបើមិនជឿទេ ចាំសំឡឹងមើលគ្រប់គ្នាទៅចុះ!»។ ក្នុងពេលជាមួយគ្នានោះដែរ ស្ដេចលាវចាប់យកកំបោរមកលាបលើចុងដាវ (ពង្សាវតារវត្ដកោកកាកបញ្ជាក់ថា ស្ដេចលាវយកឈើមកធ្វើដាវ) បន្ទាប់មកព្រះអង្គឡើងជិះសេះ គ្រវីដាវហោះជុំវិញមហានគរ នាម៉ឺនមុខមន្ដ្រី និងពលរដ្ឋទាំងស្រីទាំងប្រុសស្ទាបករៀងខ្លួន ស្រាប់តែឃើញស្នាមកំបោរជាប់ជុំវិញ ម្នាក់ៗភ័យស្លន់បុកពោះរត់ទៅទូលថ្វាយដំណឹងព្រះរាជា ចំពោះពង្សាវតារវត្ដកោកកាក ស្ដេចលាវព្រះធម្មាអនុរថបានបំបាំងខ្លួន គ្មាននរណាមើលឃើញឡើយ ចូលទៅក្នុងបរមរាជវាំងប្រាសាទទេវរាជមន្ទារហើយយកដាវប្រឡាក់ជាប់ កំបោរឆូតលើព្រះមហាក្សត្រ និងអគ្គមហេសី។ ទាំងស្ដេច ទាំងនាម៉ឺន ទាំងរាស្ដ្រ ឃើញដូច្នេះទើបបន្ទន់អាកប្បកិរិយា ចាត់នាម៉ឺនពីរនាក់ទៅចរចាពិភាក្សាជាមួយនឹងស្ដេចលាវ។ ភាគីទាំងសងខាងក៏បានយល់ស្របចុះសំរុងគ្នា គឺប្រទេសខ្មែរទទួលស្គាល់ថា សំពៅព្រះត្រៃបិដក និងព្រះពុទ្ធរូបព្រះកែវមរកត ជាសម្បត្ដិរបស់មាឡានប្រទេស (ម៉ាឡេ??) មែន។ ព្រះមហាក្សត្រខ្មែរបានសុំឲ្យស្ដេចលាវត្រលប់ទៅនគរមុនសិន ចាំព្រះអង្គរៀបចំបញ្ជូនសំពៅ និងដង្ហែព្រះត្រៃបិដកទៅថ្វាយជាក្រោយ តាមការទាមទាររបស់ព្រះអង្គស្ដេចលាវយល់ព្រមហើយក៏ជិះសេះហោះនាំ ពលសេនាវិលត្រលប់ទៅនគរវិញ។ រីឯព្រះបាទធនញ្ជ័យគោរពរាជ្យ ព្រះអង្គក៏បង្គាប់នាម៉ឺនតូចធំឲ្យយកសំពៅ និងដង្ហែព្រះត្រៃបិដកទៅប្រគល់ដល់ស្រុកលាវតែម្ដង។ ព្រះអង្គមិនបានប្រគល់ព្រះកែវមរកតទេ ព្រះអង្គបានរក្សាទុកធ្វើជាទីសក្ការបូជានៅក្នុងព្រះមហានគរវត្ដ ពីព្រោះក្រោយពេលដែលស្ដេចលាវធម្មាអនុរថ ថយត្រលប់ទៅនគរវិញ មុននឹងសម្រេចព្រះទ័យដូច្នេះ ព្រះបាទធនញ្ជ័យគោរពរាជ្យ បានធ្វើពិធីបួងសួងបន់ស្រន់ ៧យប់ ៧ថ្ងៃ សុំធ្វើដូចម្ដេចឲ្យស្ដេចលាវភ្លេចគិតនឹកឃើញ ទាមទារព្រះពុទ្ធព្រះកែវមរកតដល់យប់ទីប្រាំពីរ ព្រះកែវមរកតបញ្ចេញមហិទ្ធិឫទ្ធិ ជះចេញចាំងពន្លឺប្រាំពីរពណ៌ ភ្លឺចិញ្ចាចពេញបរមរាជវាំង។ ដោយយល់ និងជឿជាក់ថា ការបួងសួងបន់ស្រន់របស់ព្រះអង្គបានសំរេចដូចសេចក្ដីប្រាថ្នា ទើបព្រះអង្គបង្គាប់ឲ្យក្រុមនាម៉ឺនសេនាបតីយកតែព្រះត្រៃបិដកទៅ ថ្វាយស្ដេចលាវ។ ស្ដេចលាវព្រះធម្មាអនុរថ នឹកឃើញខ្លះព្រះកែវមរកតដែរ ប៉ុន្ដែគ្រានោះ ព្រះអង្គនៅចាំបានថា ព្រះអង្គបានទាមទារយកតែព្រះត្រៃបិដកប៉ុណ្ណោះ ដោយគិតថាត្រូវគោរពពាក្យសច្ចៈ ហើយម្យ៉ាងទៀតបើតាមទំនាយនគរ ព្រះកែវមរកតត្រូវតែគង់នៅមហានគរក្នុងស្រុកខ្មែរ ព្រះអង្គក៏សំរេចចិត្ដបំភ្លេចរឿងចាស់ទាំងប៉ុន្មានចាប់តាំងពី ថ្ងៃនោះមក។ ព្រះពុទ្ធរូបព្រះកែវមរកត និងព្រះត្រៃបិដកត្រូវបានជនជាតិខ្មែរគ្រប់ជាន់ថ្នាក់គ្រប់វណ្ណៈ គោរពបូជារៀនសូត្រអនុវត្ដប្រតិបត្ដតាម ឥតបីហ៊ានធ្វេសប្រហែសឃ្លាងឃ្លាតឡើយ វត្ថុស័ក្ដិសិទ្ធិទាំងនោះ បាននាំមកនូវជោគជ័យសេរីមង្គលសម្បូណ៌សប្បាយ ចំរុងចំរើនគ្រប់ប្រការដល់ប្រជានុរាស្ដ្រ និងស្រុកខ្មែរ។ ស្ដេចលាវ រឺ លវ ប្រហែលជាត្រូវនឹង លវបុរី រឺ ល្វោ រឺ លពបុរីនៅថៃ បច្ចុប្បន្ន (ដោយហេតុថាកាលណោះល្វោប្រហែលគ្រប់គ្រងដោយសន្តតិវង្សម៉ាឡេ)។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
មុនដោយ មិនស្គាល់) |
មហានគរ | តដោយ មិនស្គាល់ |