នាងពេញ
នាងពេញ (ស្លាប់ គ.ស ១៥៤៩) គឺជាបាវបំរើអ្នកម្នាងខៀវ ដែលម្នាងត្រូវជាមហេសីព្រះបាទចន្ទរាជាកាលសង្គ្រាមនៅក្រុងបន្ទាយមានជ័យនាងបានត្រឡប់មកសំលាប់ខ្លួនតាមអ្នកម្នាងខៀវ ក្នុងស្ថានការណ៍ដែលសួគ៌ាលោកពេជ្រទៅកេណ្ឌទ័ពបិសាចមកសង្គ្រោះព្រះមហាក្សត្រត្រើយខាងលិច។
សំលាប់ខ្លួនទៅតាមម្ចាស់
[កែប្រែ]ខណៈនោះ ពញាពេជ្រ កាលឲ្យពលជីករណ្ដៅជំរៅ ៨ ហត្ថ ៤ ជ្រុងហើយ ក៏ថ្វាយបង្គំលាសម្ដេចចៅពញាចន្ទរាជាទៅកេណ្ឌបិសាចឲ្យជួយធ្វើសង្គ្រាម។ មុននឹងទៅកេណ្ឌបិសាចនោះពញាពេជ្របានផ្ដាំនឹងពញាចន្ទជាសំឡាញ់ដែលជាជំទប់មេស្មឹងភ្នំក្រវាញថា "ឲ្យសំឡាញ់ឯង នៅជាមេស្មឹងជំនួសអញ ដើម្បីនិយាយតពីព្រះមហាក្សត្រមកអញ កុំបីឲ្យព្រះអង្គនិយាយផ្ទាល់នឹងអញឡើយមួយទៀត បើដល់ថ្ងៃស្អែកពេញបូណ៌មីខែពិសាខ វេលាយប់ បើឯងឮសូរសន្ធឹកខ្ទរខ្ទារមេឃក្នុងដីហើយ ឲ្យឯងក្រាបបង្គំទូលព្រះបរមបពិត្រ សូមឲ្យទ័ពទៅចោមបន្ទាយសត្រូវជាប្រញាប់ចុះ"។
ឯអ្នកម្នាងខៀវ កាលឮថា "ពញាពេជ្រសំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចហើយក៏មានចិត្តឈឺឆ្អាលជួយផែនដីដែរ។ កាលឃើញពញាពេជ្រចូលក្នុងរោងរាជវ័តិ តាំងពិធីបួងសួងទេវតាដូច្នោះ អ្នកម្នាងក៏ថ្វាយបង្គំលា សម្ដេចចៅពញាចន្ទរាជា ចូលទៅក្នុងទីព្រះរាជពិធីដែរ។ លុះបួងសួងទេវតាស្រេចហើយ អ្នកម្នាងខៀវ និងពញាសួគ៌ាលោកពេជ្រ ក៏លោតទាំងពីរនាក់ទៅក្នុងរណ្ដៅ។ ព្រះបរមបពិត្រ និង បណ្ដាជាខ្ញុំ ក្រុមរាជការជួយឃាត់ផង ក៏ពុំស្ដាប់។ ក្នុងគ្រានោះ កូនពញាពេជ្រ ៤ នាក់ដែលព្រះបរមបពិត្រស្ដេចបានតាំងជាមន្ត្រីទាំង៤នាក់ រួចហើយនោះគឺ៖
១. ឈ្មោះកែវ ទ្រង់បានតាំងជា "ចៅពញាវង្សាអគ្គរាជ"
២. ឈ្មោះកែ ទ្រង់បានតាំងជា "ចៅពញាបរទេសរាជ"
៣. ឈ្មោះទេព ទ្រង់បានតាំងជា "ចៅពញាវិបុលរាជ"
៤. ឈ្មោះសុខ ទ្រង់បានតាំងជា"ពញារាជតេជៈ"។
កូនទាំង ៤ នាក់នោះកាលឃើញបិតា លោតសំឡាប់ខ្លួនទៅកេណ្ឌបិសាចដូច្នោះ ក៏និយាយគិតគ្នាថា: "បិតាយើងទៅតែម្នាក់ឯង គ្មានគេទៅជួយបំរើជួយគិតកេណ្ឌបិសាចផងសោះ បើយ៉ាងនេះក្រែងឪពុកយើងធ្វើការនេះពុំទាន់ការ ដូច្នេះត្រូវយើងកេណ្ឌទ័ពខ្មោចជាមួយនឹងគាត់"។ ថាតែប៉ុណ្ណោះ កូនទាំង៤នាក់នោះក៏ស្ទុះលោតទៅតាមបិតាទាំងអស់គ្នា។ តែខណៈនោះ ខ្ញុំរាជការចាប់មិនឲ្យលោតតាមដើម្បីឃាត់ឲ្យនៅធ្វើរាជការបានពីនាក់មកវិញ គឺចៅពញាវិបុលរាជ ទេព១ ចៅពញារាជតេជៈសុខ ១។ ឯចៅពញាវង្សាអគ្គរាជកែវ និងចៅពញាបរទេសរាជកែ (ឬអង់) ជាកូនទី១ ទី២ នោះ ខ្ញុំរាជការចាប់ឃាត់ពុំទាន់ ក៏លោតចុះទៅក្នុងរណ្ដៅស្លាប់ជាមួយបិតាទៅ។ អ្នកម្នាងខៀវក៏លោតសំលាប់ខ្លួនទៅក្នុងរណ្ដៅ រួមជា ៤ នាក់។ (ខ្មោចទាំង ៤ នាក់នោះបានកើតឡើងជាដំបូកឃ្លាំងពេជ្រ ដល់សព្វថ្ងៃនេះ)។
លុះដល់ ព្រះចន្ទចរត្រង់ ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ នោះក៏ស្រាប់តែឮសូរសន្ធឹកខ្ទរខ្ទារមហិមានៅលើមេឃ និង នៅក្នុងដី នាំឲ្យភិតភ័យតក្កមាក្រៃលែង ហាក់បីដូចជាកក្រើកក្រឡាមហាប្រថពី។ ខណៈនោះពញាចន្ទ មេស្មឹង យកសេចក្ដីក្រាបបង្គំទូល សម្ដេចៅពញាចន្ទរាជា តាមបណ្ដាំចៅពញាសួគ៌ាលោកពេជ្រដែលបានផ្ដាំនោះ។ សម្ដេចចៅពញា ចន្ទរាជា ក៏លើកទ័ពចេញទៅចោមបន្ទាយសត្រូវ។ ឯកងទ័ពសត្រូវបានឮសូរសន្ធឹកខ្ទរខ្ទារលើកមកក្នុងដីលើមេឃសន្ធឹកដូចជារន្ទះ ដូច្នោះក៏ភិតភ័យញ័រជើងញ័រដៃរន្ធត់តក់ស្លុតរត់ចោលបន្ទាយចោលសស្ត្រាវុធរត់គេចដោះខ្លួនឲ្យរួចជីវិត តែសព្វខ្លួន។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គលើកពលយោធាចូលក្នុងបន្ទាយអាសត្រូវហើយទ្រង់ចាត់កងទ័ពឲ្យដេញតាមទ័ពអាសត្រូវទៅ។ ព្រះអង្គបានគ្រឿងសស្ត្រាវុធ ស្បៀងអាហារសេះ ដំរី ជាច្រើនដែលនៅក្នុងបន្ទាយនោះទាំងប៉ុន្មាន។
ថ្ងៃក្រោយមកនាងពេញជាបាវអ្នកម្នាងខៀវបានដឹងថា "ចៅហ្វាយរបស់ខ្លួនស្លាប់ទៅហើយ ហើយទៅកើតជាបិសាច រក្សាស្រុកដូច្នោះ" នាងអធិដ្ឋានថា : "ខ្ញុំសូមឲ្យបានទៅជួបនឹងចៅហ្វាយខ្ញុំហើយឲ្យបានជាផ្នូកផ្នូលព្រះនគរ" លុះបួងសួងស្រេចហើយ នាងពេញក៏លោតទឹកស្ទឹងពោធិ៍សាត់ជិតផ្សារក្រោមនេះ ហើយស្លាប់ទៅកើត ជាបិសាច ថិតនៅក្នងទីដែលមានដំបូកទាំង ៣។
អ្នកម្នាងខៀវកើតជាដំបូកមួយនៅខាងជើង ពញាពេជ្រកើតជាដំបូកមួយនៅខាងត្បូង វង្សាអគ្គរាជកែវ និងបរទេសរាជកែ ដែលជាកូនពញាសួគ៌ាលោកពេជ្រ នោះកើតជាដំបូកមួយនៅខាងលិច។
ប្រផ្នូល
[កែប្រែ]កន្លែងឧកញ៉ាសួគ៌ាលោកមឿង (ពេជ្រ) បានសំលាប់ខ្លួន ថ្ងៃក្រោយមកដុះក្លាយទៅជាដំបូកដែលគេដាក់ឈ្មោះហៅថាដំបូកតាឃ្លាំងមឿង។ ជារៀងរហូតមក គេតែងកត់សំគាល់យល់ជាប្រផ្នូលថា បើដំបូកនោះដុះខ្ពស់ល្អ ចៅហ្វាយខេត្តសប្បាយចិត្ត ។ បើដំបូកនោះរេចរឹល ចៅហ្វាយខេត្តមានទុក្ខព្រួយដោយការងារនគរដើរមិនល្អ ឬដោយសារមានកើតជំងឺពេញស្រុក បើដំបូកនោះប្រេះបែកក្រហែង ចៅហ្វាយខេត្តត្រូវអស់បុណ្យ ឬត្រូវស្លាប់។ នៅខាងលិចនោះ ដែលជាកន្លែងកូនតាមឿងស្លាប់ ក៏មានដុះដំបូកដែរ ដែលគេដាក់ឈ្មោះថាដំបូកក្រវាញ។ បើដំបូកនោះដុះល្អ ក្រវាញនឹងបានផលល្អ។ ផ្ទុយទៅវិញ បើដំបូកនោះរេចរឹល ក្រវាញមិនបានល្អទេ។ បើសិនជាមានសត្វទៅធ្វើឲ្យដំបូកនោះធ្លុះធ្លាយនឹងមានជនបរទេសមកលួចដើមក្រវាញជាមិនខាន។
កន្លែងអ្នកម្នាងខៀវបានធ្វើអត្តឃាតក៏ដុះទៅជាដំបូក ដែលគេហៅថា ដំបូកកន្ទោងខៀវ។ ដំបូកនោះតែងតែផ្ដល់ប្រផ្នូលថា បើដំបូកនោះដុះឡើងល្អ ព្រះមហាក្សត្រនឹងបានសុខសប្បាយរីករាយ។ តែបើដំបូកនោះត្រូវរេចរឹល ព្រះមហាក្សត្រនឹងត្រូវអស់ព្រះជន្ម។ ឯកន្លែងដែលនាងពេញបានសំលាប់ខ្លួនក្នុងស្ទឹងពោធិ៍សាត់ ក៏មានដុះជាដីកោះនៅកណ្ដាលស្ទឹងទល់មុខផ្សារ។ កោះនោះហៅថា កោះដូនពេញ។ ចំពោះប្រផ្នូលវិញ គេតែងនិយាយតគ្នាមកថា បើច្រាំងកោះដូនពេញដុះខ្ពស់ល្អ ចៅហ្វាយខេត្តនឹងបានឡើងបុណ្យស័ក្តិ សុខសប្បាយ។ បើសិនច្រាំងនោះត្រូវរេចរឹល ចៅហ្វាយខេត្តនឹងមានទុក្ខព្រួយ។ បើច្រាំងបាក់ ចៅហ្វាយខេត្តនឹងត្រូវអស់បុណ្យ។
រហូតមកដល់សព្វថ្ងៃនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តពោធិ៍សាត់ តែងតែមានជំនឿទៅលើគុណបុណ្យបារមីលោកតាឃ្លាំងមឿងជានិច្ច។ ជារៀងរាល់ឆ្នាំ គេតែងតែធ្វើបុណ្យឡើងអ្នកតាថ្វាយជូនអ្នកតាឃ្លាំងមឿង។ មិនតែប៉ុណ្ណោះ បើមានការអ្វី អ្នកស្រុកនៅពោធិ៍សាត់តែងតែធ្វើពិធីបន់ស្រន់ដល់អ្នកតាឃ្លាំងមឿង។ បើគេបានសំរេចគោលបំណងហើយ គេពុំដែលភ្លេចទៅធ្វើបុណ្យលាបំណន់ឡើយ។