ចន្ទរាជា
ចន្ទរាជា ព្រះរាជឱង្ការធំ (រាស្ត្រហៅ) បរមខត្តិយាមហាចន្ទរាជា (ស្មេរពង្សាវតារ) | |||||
---|---|---|---|---|---|
ព្រះបាទសម្ដេច | |||||
រជ្ជកាល | គ.ស ១៥១៦-១៥៦៦ | ||||
រាជ្យមុន | ស្រីជេដ្ឋា | ||||
រាជ្យបន្ត | បរមិន្ទរាជា | ||||
ស្វាមី/មហេសី | សម្ដេចព្រះភគវតីសិរីចក្រពត្តិ អ្នកម្នាងបទុមបុប្ផា | ||||
បុត្រ | សម្ដេចព្រះរាមាធិបតី សម្ដេចព្រះបរមិន្ទរាជា សម្ដេចព្រះមហាទេវីក្សត្រីយ៍ | ||||
| |||||
វង្ស | ធម្មរាជា | ||||
សន្តតិវង្ស | អង្គជ័យ | ||||
បិតា | ធម្មរាជាទី១ | ||||
មាតា | ព្រះមែយ្យទេពបុប្ផា | ||||
ប្រសូត | ១៤៩៦ ខែត្រភ្នំពេញ (ស្រីសន្ធរ) | ||||
សុគត | ១៥៦៦ ខែត្រលង្វែក | ||||
ព្រះសុសាន | ១៥៦៧ ភ្នំសន្ទុក |
ព្រះបាទសម្ដេច ចន្ទរាជា រឺ អង្គចន្ទទី១ រឺ បរមខត្តិយាចន្ទរាជា (គ.ស.១៤៩៦-១៥៦៧) រជ្ជកាល (១៥១៦-១៥៦៧) ព្រះអង្គជាមហាក្សត្រនៃអាណាចក្រទិសខាងលិចក្រុងមានជ័យ បន្ទាប់ពីបង្ក្រាបអាណាចក្រទិសខាងកើតស្រឡប់ដូនតីពិជ័យព្រៃនគរ ដែលមានស្ដេចកនជាក្សត្រសោយរាជ្យបានហើយ ទ្រង់ក៏បានឡើងសោយរាជ្យក្រុងកម្ពុជាធិបតីទាំងមូលដោយរើរាជធានីពីបន្ទាយមានជ័យ ខែត្រពោធិ៍សាត់មកក្រុងលង្វែក ខែត្រលង្វែកវិញ ក្រុងនេះបានហ៊ុំព័ទ្ធទៅដោយឫស្សីយ៉ាងក្រាស់ មិនងាយវាយលុកចូលបានឡើយ។
តាមសិលាចារឹក K.៨២ B ជាភាសាខ្មែរថា សម្តេចឱកញាយស្យឝ្រីឝៅគន្ធបទ បានស្ថាបនាចៃតិយបញ្ចុះព្រះមហាសារីរិកធាតុ ធ្វើព្រះវិហារចន្លោះគោបុរៈខាងកើតនិងតួប៉មកណ្តាលនៃប្រាសាទ វត្តនគរបាជ័យ ខេត្តកំពង់ចាម ដែលពេលនោះហៅថា នគរជយវីរសក្តិ និងធ្វើសន្លឹកសីមាវធិបញ្ចុះព័ទ្ធជុំវិញវិហារនេះ ហើយវេរប្រគេនព្រះអរិយសង្ឃនាម មហានាគសេនបពិត្រ នៅវេលាពីរស្រមោលពេលព្រឹក ថ្ងៃច័ន្ទ ទី ១៤រោជ ខែអាសាឍ ឆ្នាំខាល នក្សត្រត្រូវនឹង គ.ស. ១៥៦៦។ ចំណែកអត្ថបទខាងភាសាបាលី K.៨២ A នៅបន្ទាត់ទី១-២ ថា អធិនាម សិរីសោគន្ធបទ គឺជាអតីតព្រះមហាក្សត្រ ឬអ្នកដែលបានទទួលឋានៈដូចព្រះមហាក្សត្រ។ នាមទាំងពីរនេះ ត្រូវអ្នកឯកទេសភាសាសំស្ក្រឹត និងបាលីថា ត្រូវនឹងពាក្យសំរួលរបស់ខ្មែរថា «ស្រីសុគន្ធបទ»។ ដូច្នេះបានន័យថា ព្រះបាទឝ្រីឝៅគន្ធបទ ដែលក្នុងពង្សាវតារសតវត្សរ៍ទី១៩ សរសេរថា ព្រះអង្គត្រូវស្តេចកន ប្រើល្បិចកលសំលាប់ចោលនៅកំពង់ធំនាឆ្នាំគ.ស. ១៥១២ នោះ គឺជារឿងមិនពិតទេ។ ចំណុចនេះ ឆ្លើយត្រូវគ្នានឹងកំណត់ត្រារបស់លោក ហ្គាស្ប៉ាដាគ្រុស ដែលបានកត់ត្រាទុក នៅពេលលោកស្នាក់នៅលង្វែកពីឆ្នាំ១៥៥៥-១៥៥៧ ថាព្រះមហាក្សត្រនៅពេលនោះបានឡើងសោយរាជ្យដោយសារតែមានការបះបោរដ៏ធំមួយរបស់ប្រជាជន ដែលបានបង្ខំឲ្យព្រះជេដ្ឋារបស់ព្រះអង្គជាព្រះមហាក្សត្រពេលនោះចុះចេញពីរាជបល្លង្ក។ បន្ទាប់ពីព្រះអង្គបង្រ្កាបការបះបោរបានដោយជោគជ័យ ទើបព្រះជេដ្ឋាព្រះអង្គប្រគល់ព្រះរាជាណាចក្រនេះឲ្យព្រះអង្គគ្រប់គ្រងជំនួសវិញ។ ម្ល៉ោះហើយ ព្រះបាទឝ្រីឝៅគន្ធបទ នៅមានព្រះជន្មនៅឡើយ បន្ទាប់ពីព្រះអនុជចន្ទរាជាបង្ក្រាបការបះបោរ ដែលគេជឿថាដឹកនាំដោយស្តេចកននោះរួច។ ត្រង់នេះមានសរសេរនៅក្នុងនិក្ខេបបទបណ្ឌិតរបស់លោក ម៉ៃឃើល-វិកឃើរី (១៩៧៧)។
ព្រះអង្គទ្រង់ក៏បានសំរិតសំរាំងអ្នកមានថ្វីដៃខាងផ្នែកយោធាផងដែរសំរាប់ការពារមាតុភូមិជាពិសេសព្រះអង្គជាពុទ្ធសាសនិកមួយដ៏មោះមុតព្រះបាទចន្ទរាជាបានសាងសង់ព្រះវិហារជាច្រើននៅពោធិ៍សាត់ ឧដុង្គ បរិបូរណ៍ និងនៅលង្វែកជាច្រើន។ ព្រះអង្គបានលើកស្ទួយការកសាងវប្បធម៌ជាតិផងដែរ គឺព្រះអង្គបានចាត់ឲ្យបណ្តុះបណ្តាលខាងផ្នែកល្ខោនប្រុសល្ខោនស្រីភ្លេងចំរៀងតូរ្យតន្ត្រីជាច្រើនទៀតផង។ ចំណែកឯសិលាចារឹកដែលខ្មែរលែងបានកសាងចាប់តាំងពីសម័យអង្គរមកគឺត្រូវចាប់ផ្តើមសាងសង់វិញក្នុងរាជ្យព្រះអង្គផងដែរ។
ដូច្នេះហើយបានជាអ្នកប្រវត្តិវិទូចាត់ទុកថាសម័យកាលរបស់ព្រះអង្គ (សម័យលង្វែក) ជាសម័យកាលដ៏រុងរឿងបំផុតរបស់ខ្មែរក្រោយសម័យអង្គរ។ ព្រះបាទចន្ទរាជានេះហើយដែលជាព្រះរាជាខ្មែរដែលបានកសាងបន្ទាយលង្វែកហើយព្រះអង្គបានប្រែក្លាយនគរកម្ពុជាដែលជាប្រទេសទន់ខ្សោយមួយក្រោយសម័យអង្គរឲ្យក្លាយទៅជាមហាអាណាចក្រខ្មែរជាលើកទី២ឡើងវិញ។ ក្នុងរាជ្យរបស់ព្រះអង្គប្រជានុរាស្ត្រនិងព្រះពុទ្ធសាសនារស់នៅដោយសុខសាន្តព្រមទាំងមានការរីកចំរើនផងដែរ។ ទ្រង់ជាព្រះមហាក្សត្រសឹកដ៏អង់អាចក្លាហាន និងមានមហិទ្ធិឫទ្ធិខ្លាំងពូកែជាងគេបំផុតក្នុងចំណោមព្រះមហាក្សត្រខ្មែរទាំងឡាយក្រោយសម័យអង្គរ។ ក្នុងរាជ្យរបស់ព្រះអង្គទ្រង់បានធ្វើសឹកសង្គ្រាមជាច្រើនលើកច្រើនសាជាមួយនគរសៀម។ ០
ការប្រសូត និង ព្រះនាម[កែប្រែ]
ឆ្នាំរោង អដ្ឋស័ក ព.ស. ២០៤០, គ.ស. ១៤៩៦ ព្រះបាទស្រីធម្មរាជាទី១ សោយរាជ្យបាន ១៩ឆ្នាំ ព្រះមែយ្យ (ពាក្យសៀម ពាក្យសំរាប់ហៅព្រះអគ្គមហេសី ឬ ស្នំឯក) ទេពបុប្ផាជាព្រះស្នំឯកសម្ភពព្រះរាជបុត្រាមួយព្រះអង្គនៅវេលាចន្ទ្រគ្រាស ដូច្នេះ ក្រុមបារគូ បុរោហិត ហោរាចារ្យ ថ្វាយព្រះនាមដល់ព្រះរាជបុត្រនោះថា ពញាចន្ទរាជា។ ព្រះចន្ទរាជា ស្ដេចបានជំទាវវារ (ប្រហែលជាជំទាវនោះវល្លិឬ?) ជាភរិយាចៅពញាយមរាជ ពិភ័ក្ដិរក្សាព្រះអង្គទំនុកបំរុងជាសុខរៀងមក។
ព្រះរាជជីវប្បវត្តិ[កែប្រែ]
តែងតាំងជា សម្ដេចព្រះបរមរាជា មហាឧបរាជ រាជាធិរាជ[កែប្រែ]
ឆ្នាំថោះ នព្វស័ក ព.ស. ២០៥១, គ.ស. ១៥០៧, ម.ស. ១៤២៨, ច.ស. ៨៦៨ ព្រះបរមបពិត្រស្ដេចទ្រង់ព្រះតំរិះ អំពីកិច្ចការរាជការផងទាំងពួង ទ្រង់ឃើញថាប្រទេសកម្ពុជាត្រើយខាងលិចនោះឆ្ងាយណាស់ឆ្ងាយអំពីកិច្ចការត្រួតត្រា គួរជាទីរងាអស់អាណាប្រជានុរាស្ត្រ។ ទ្រង់ព្រះពិចារណាឃើញថា: ចៅពញាចន្ទរាជា ជាព្រះអនុជនោះ មានតំរិះប្រាជ្ញា ល្មមជាទីកក់ក្ដៅរបស់រាស្ត្រត្រើយខាងលិចបាន ទើបទ្រង់តាំងឲ្យចៅពញាចន្ទរាជាឡើងយសជាសម្ដេចព្រះបរមរាជា មហាឧបរាជរាជាធិរាជ ហើយព្រះបរមបពិត្រជាអម្ចាស់ស្ដេចឲ្យចេញទៅគង់នៅក្នុងក្រុងចតុម្មុខ មង្គលស្រុកភ្នំពេញឲ្យបានជាទីកោតក្រែងអ្នកត្រើយខាងលិច។ សម្ដេចព្រះអនុជចន្ទរាជាធិរាជ ថ្វាយបង្គំទទួលព្រះរាជឱង្ការហើយ ក៏លាចេញមក នាំបណ្ដារាស្ត្រជាខ្ញុំក្នុងព្រះអង្គចេញទៅគង់ចតុម្មុខមង្គល (រាជធានីភ្នំពេញយើងសព្វថ្ងៃនេះ) ដើម្បីទំនុកបំរុង អ្នកស្រុកត្រើយខាងលិចឲ្យបានក្សេមក្សាន្តឥតមានកលិយុគរៀងមកឡើយ។
សម្ដេចព្រះឝ្រីឝៅគន្ធបទរាជាជាអម្ចាស់ជីវិតលើត្បូង កាលសម្ដេចព្រះអនុជថ្វាយបង្គំលាទៅហើយ ក្រោយនោះទ្រង់ព្រះតំរិះយល់ថា: ព្រះរូបរបស់អញ អញក៏បានសាងទុកជាព្រះកេរ្តិ៍ ជាព្រះយសរួចហើយ ខាងរាជការទៀត ត្រើយខាងកើតមានខ្លួនអញជាអ្នកត្រួតត្រារក្សាមាំមួន ហើយត្រើយខាងលិច អញក៏បានចាត់សម្ដេចព្រះអនុជចន្ទរាជាធិរាជឲ្យទៅត្រួតត្រាមាំមួនជ្រះស្រឡះហើយដែរ។
ប្រផ្នូល និង ហេតុភេទក្នុងរាជ្យព្រះជេដ្ឋា[កែប្រែ]
ឆ្នាំរោង សំរឹទ្ធិស័ក ព.ស.២០៥២, គ.ស. ១៥០៨, ម.ស.១៤៣០, ច.ស.៨៧០ ក្នុងខែចែត្រចូលមហាសង្ក្រាន្ត នៅថ្ងៃនក្ខត្តឫក្សនោះ អស់មហាជនសឹងជួបជុំធ្វើបុណ្យសក្ការៈបូជាទាំងទេពនិករអមរមេឃ សូមមង្គលសួស្ដី ចូលឆ្នាំថ្មីតទៅ។ ខណៈនោះ ព្រះបាទឝ្រីឝៅគន្ធបទជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គធ្វើសក្ការៈបូជា ថ្វាយព្រះស្រីរតនត្រ័យ សព្វទេពទិសទសស្រេចហើយ ស្ដេចចូលក្រឡាព្រះបន្ទំ បរមសេយ្យាសន៍ (ឬសយ្យាសន៍ប្រែជាទីដេក ឬទីងងុយ) ជាសុខស្កល់។ ទ្រង់ព្រះសុបិននិមិត្តឃើញថា: មាននាគមួយធំមានឫទ្ធិមហិមា មកដេញព្រះអង្គ និង មនុស្សម្នាឲ្យរត់ចេញអស់ពីព្រះរាជវាំង ហើយព្រួសពិសជាភ្លើងឆេះដាលពេញទាំងព្រះមហានគរ។ អំណាចភ្លើងនោះក្ដៅពន់ប្រមាណណាស់ឃើញហាក់ដូចជានាគនោះស្ទុះចូលមកខាំពាំស្វេតច្ឆ័ត្រនាំទៅកាន់ទិសបូព៌។ លុះល្មមព្រឹកឡើងព្រាងស្វាងព្រះសុរិយា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតើនចាកព្រះសេយ្យាសន៍ស្រេច ស្ដេចព្រួយព្រះទ័យ នឹងព្រះសុបិនប្លែកនោះ ពន់ប្រមាណណាស់។ លុះស្ដេចស្រង់ ទ្រង់គ្រឿងស្រេច ស្ដេចចេញព្រះរាជរោងរម្យគង់លើព្រះសុវណ្ណទែនទិព្វអាសនៈ។ សម្ដេចព្រះអនុជចន្ទរាជាធិរាជ និង សម្ដេចឱរសាធិរាជព្រមដោយព្រះបរមវង្សា ព្រាហ្មណ៍ព្រឹទ្ធាចារ្យ សេនាបតី មន្ត្រីតូចធំ គាល់គ្រប់តំណែង ថ្វាយទៀនធូបមាលាជាទីតបស្នងឆ្លងព្រះតេជគុណ តាមព្រះរាជប្រវេណី។ ក្នុងវេលានោះ គ្រប់គ្នាទាំងអស់ ទាំងខ្ញុំព្រះរាជការក្នុង ទាំងខ្ញុំព្រះរាជការក្រៅ មកថ្វាយទៀនធូបមាលា ពុំមានសេសសល់ដល់ម្នាក់ឡើយ។ ព្រះបាទបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលសូរសីហនាថព្រះរាជទាន ព្រះពរសុន្ទររាជមង្គលស្រេចហើយ ស្ដេចទតព្រះនេត្រទៅ អស់ព្រះបរមវង្សា និង ខ្ញុំរាជការរៀងទៅដល់ឃុនហ្លួងព្រះស្ដេចធិបតី។ ខណៈនោះ ស្ដេចទតឃើញមានតួនាគពីរព័ទ្ធព័ន្ធលើឃុនហ្លួងព្រះស្ដេចហើយងើបក្បាលឆ្វេងស្ដាំ ទន្ទឹមគ្នានឹងសិរសាឃុនហ្លួងព្រះស្ដេចកន។ រូបនាគនោះ ដូចនាគដែលព្រះអង្គទ្រង់ព្រះសុបិននិមិត្ត។ កិរិយានាគនោះហាក់ដូចជានឹងស្ទុះទៅខាំព្រះអង្គ ព្រះអង្គទ្រង់ភ្ញាក់ព្រះទ័យត្រាស់ឲ្យមន្ត្រីមើល មន្ត្រីមើលពុំឃើញតាមព្រះរាជបញ្ជាសោះ។ ដូច្នោះហើយ ព្រះអង្គទ្រង់ព្រួយព្រះទ័យណាស់។
ក្នុងពេលទ្រង់ធ្វើសវនការ ចៅពញាមនោមេត្រី ចៅហ្វាយស្រុកបាត់ដំបង បានបកសំបុត្រប្ដឹងមកថា: ស្រះទឹកសំរាប់ព្រះមហាក្សត្រ ដែលនៅក្នុងគុហាភ្នំបាណន់នោះ ចេញជាឈាមដាលក្រហមដូចទឹកល័ខ។ ព្រះចៅអធិការ វត្តព្រះវិហារសួគ៌ ក៏មានសង្ឃដីកាបកចូលមកថា: ព្រះជ្រែប្រផ្នូលនោះ បាក់មែកចេញជាឈាម។ ថាព្រះឥសូរ ព្រះនរាយណ៍ ប្រេះព្រះឱរាចេញជាឈាមដែរ។ ព្រះរាជគ្រូបុរោហិត ក៏ថ្វាយសេចក្ដីថា: ព្រះខឌ្ដជ័យមង្គលនោះមានស្នឹមច្រាលក្រហមពីត្រីសូល៍ដល់គល់។ ចៅហ្វាយស្រុកពោធិ៍សាត់ បកសំបុត្រប្ដឹងមកថា: ព្រះកាំបិតស្ដាំរង្គោះផ្លែពីដង។ ថាមានផែះនៅក្នុងស្រោមកាំបិតនោះ។ ចៅហ្វាយស្រុកបាភ្នំបកសំបុត្រចូលមកថា ព្រះពុទ្ធរូបក្នុងទីបាភ្នំហូរទឹកនេត្រមកជាឈាម ក្រហមដូចល័ខ។ ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ព្រួយព្រះទ័យណាស់។ លុះផុតវេលា ក្រាបបង្គំគាល់ហើយ ព្រះអនុជអង្គចន្ទរាជាធិបតី ស្ដេចយាងត្រឡប់ទៅភ្នំពេញវិញ។ ខ្ញុំរាជការទាំងពួង ក៏ថ្វាយបង្គំលាទៅផ្ទះទីទៃៗរៀងខ្លួន។ ឯព្រះបរមបពិត្រ ព្រះអង្គចូលទៅដល់រតនបល្លង្ក តាំងប្រថាប់នៅមុខស្វេត្រច្ឆ័ត្រទើបត្រាស់ព្រះឥសីភ័ទ្ទ មហារាជគ្រូ និង រាជហោរាធិបតីឲ្យចូលទៅគាល់ខាងក្នុងទីស្ងាត់។
ខណៈនោះ ទ្រង់ប្រឹក្សាការណ៍ថា:
"ការផែនដីពេលនេះ មានហេតុគ្រប់ប្រការ ដូច្នេះអស់អ្នកយល់ថាដូចម្ដេច?"
សម្ដេចព្រះឥសីភ័ទ្ទ យកសេចក្ដីក្រាបបង្គំទូលថា:
"ព្រះខឌ្ដជ័យមង្គល ដែលមានហេតុស្នឹមដល់គល់យ៉ាងនេះ តាមសម្ដេចព្រះឥន្ទ្រាធិរាជទ្រង់ទំនាយទុកនោះថា មុខជានឹងកើតហេតុធំពុំខានឡើយ។"
ព្រះរាជហោរាធិបតីយកសេចក្ដីក្រាបបង្គំទូលថា:
"តាមហេតុនេះ ផែនដី កើតកោលាហលដល់អស្ចារ្យ។ ផែនដីនឹងមានព្រះគ្រោះកាចខ្លាំងណាស់។"
លុះទ្រង់ព្រះសណ្ដាប់ទំនាយឥសីភ័ទ្ទ និងហោរាសព្វគ្រប់ហើយ ទើបព្រះអង្គត្រាស់សួរទៀតថា:
"រាជសត្រូវនោះ មកពីក្នុង ឬ ក្រៅក្រុង ឲ្យគន់គូរតទៅទៀតមើល?"
ហោរា តាំងលេខតំរាគន់គូបូកហត្ថទៅទៀត ដឹងច្បាស់ក្នុងតំរាហើយក្រាបទូលថា:
"រាជសត្រូវនោះ នៅក្នុងព្រះនគរ។ វាកើតឆ្នាំរោង ពង្សនាគ។ ទំនាយនេះ ឃើញចំត្រូវត្រង់ខ្លួនឃុនហ្លួងព្រះស្ដេចកន ដ្បិតជតារាសីរបស់វាកំពុងឡើងខ្លាំងណាស់។ ទំនាយថា បើកើតកលិយុគម្ដងនេះ គឺកើតមកពីឃុនហ្លួនព្រះស្ដេចកននេះឯង ព្រោះវាកើតឆ្នាំនាគ។ នាគដើមឆ្នាំនេះ កំពុងក្លាហានណាស់ សូមទ្រង់ជ្រាប។ សូមព្រះអង្គ ស្ដេចកុំប្រហែសព្រះអង្គឡើយ។"
ព្រះបរមបពិត្របានទ្រង់ជ្រាបទំនាយត្រូវនឹងហេតុនិមិត្ត ដែលព្រះអង្គយល់ឃើញគ្រប់ប្រការហើយ ទ្រង់ស្លុតក្នុងព្រះរាជហឫទ័យណាស់ ទើបត្រាស់ថា:
"អញក៏ឃើញពិត ដូចហោរាឯងទាយដែរ តែបើនឹងចាប់វាយកទៅប្រហារជីវិតតែម្ដង វាឥតខុសឥតទោសនឹងអញសោះ។ ការធ្វើយ៉ាងនេះ មុខជានឹងមានពាក្យគេនិន្ទាជាមិនខាន។ មួយវិញទៀតបងវាក៏ជាព្រះស្នំឯកមានទាំងព្រះរាជបុត្រផង។ បើបងវាដឹងក្រែងនឹងញុះញង់កូនវាឲ្យចេញជាសត្រូវនឹងអញ។ អញនឹងកើតសត្រូវចំបាំងព្រោះកូនឯងនាំឲ្យលំបាករាស្ត្រ។ អញគិតយល់ឧបាយកលម្យ៉ាងយ៉ាងនេះ គឺថាដល់វេលាព្រឹកនេះ យើងក្លែងទៅបង់សំណាញ់ ហើយក្លែងធ្វើជាសំណាញ់ជាប់គល់រួចហើយបង្គាប់ឲ្យវាមុជចុះទៅដោះ។ លុះវាមុជទៅក្នុងទឹកហើយ យើងព្រួតគ្នាបង់សំណាញ់គ្របឲ្យជាប់ទាំងដៃទាំងជើង វានឹងឡើងក៏មិនរួច ហែលក៏មិនបាន។ វាគង់តែស្លាប់ដោយងាយ តែកាលណាវាបាត់ខ្លួនទៅសេចក្ដីដែលនឹងកើតពាក្យនិន្ទានោះក៏គ្មានដែរ។ តើអ្នករាល់គ្នាយល់ដូចម្ដេច?"
ព្រះឥសីភ័ទ្ទ និង រាជហោរាឆ្លើយថាយល់តាមព្រះរាជបរិហារគ្រប់គ្នា។ ឯព្រះម្នាងកេសរបុប្ផា ព្រះស្នំឯក កាលស្ដេចកំពុងប្រជុំមន្ត្រីប្រឹក្សាការផែនដីនោះលបស្ដាប់ផ្ទាប់ខាងឡប់ឡែ តែឮពុំច្បាស់។ អ្នកព្រះម្នាង ឮ តែចុងពាក្យថា: ឲ្យព្រះស្ដេចកនមុជទឹក ហើយឲ្យបង់សំណាញ់គ្របឲ្យស្លាប់ តែប៉ុណ្ណោះ ថាខុសពីហេតុអ្វីក៏ពុំដឹង។ លុះលបស្ដាប់បានប៉ុណ្ណេះហើយ ក៏លបវិលទៅដំណាក់ខ្លួនវិញ។
ការភៀសព្រះកាយ[កែប្រែ]
ព្រះស្ដេចកនបានធ្វើឧបាយសំបុត្រប្រកាសប្រាប់ក្រមការ និងរាស្ត្រឲ្យដឹងគ្រប់គ្នាថា:
"ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងត្រាស់មកឲ្យតឿនយើងឲ្យយើងចេញមកជាមេកងធ្វើគតចៅពញាចន្ទរាជា។ ថាក្រែងអស់រាស្ត្រពុំជឿ ទ្រង់ចាត់រាជបំរើឲ្យអញ្ជើញព្រះរាជឱង្ការបានឡាយព្រះហស្ថលេខាមកថែមទៀតផង។ នោះបើឈ្មោះណាយកអាសាចាប់ចៅពញាចន្ទរាជាសំលាប់បាន ទ្រង់ឲ្យជាមាសមួយរយតម្លឹង ហើយយើងនឹងក្រាបទូលឲ្យលើកយសសក្ដិអ្នកនោះជានាម៉ឺនធំផង។ អស់ក្រមការប្រជារាស្ត្របានឃើញសំបុត្រប្រកាសហើយពុំដឹងឧបាយក៏នាំគ្នាចុះចូលទទួលអាសាជាច្រើន។"
រាស្ត្រទាំងនោះស្រដីតៗគ្នាថា:
"ហ្លួងព្រះស្ដេចកន ទៅបង្កើតទ័ពលើកទៅលុកសម្ដេចព្រះអនុជនេះឃើញថាពិតមែនហើយ ព្រោះមានបំរើទៅមកតឿនការរាជការនេះរឿយៗ សេចក្ដីបរិហារនេះពុំស្ងាត់រឹងតែឮឡើងៗ ពេញទាំងព្រះនគរបវររាជធានី។"
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គប្រសូតឆ្នាំមមី អដ្ឋស័ក មកដល់ចុល្លសករាជ ៨៧០ ឆ្នាំមមី ឯកស័កត្រូវបានព្រះជន្មវស្សា ២៤ ឆ្នាំ។ លុះបានឮពាក្យដូច្នេះហើយ ទើបទ្រង់ព្រះចិន្តាថា: ពាក្យដែលឮនេះប្រហែលជាមែន បានជាសម្ដេចព្រះជេដ្ឋាធិរាជធ្វើព្រងើយកន្តើយឲ្យបំរើស្រីទៅមកយ៉ាងនេះ ណ្ហើយចុះបើព្រោះតែយើងមួយ យើងនឹងនៅឲ្យគេទើសទាល់រវល់ថ្វី ទើបស្ដេចនាំអស់បណ្ដាជាខ្ញុំ ៥០ នាក់ដោះរត់ជើងគោកទាំងរាត្រីនោះពីក្រុងចតុម្មុខស្រូតរូតចូលទៅក្រុងទេពបុរីទៅ។ ឧបាយកលស្ដេចកនបានសំរេចហើយ ហ្លួងព្រះស្ដេចក៏ចាប់ផ្ដើមរៀបចំផែនការវាយដណ្ដើមទឹកដីត្រួតត្រាតទល់នឹងព្រះឝ្រីឝៅគន្ធបទដែលជាព្រះជេដ្ឋា។
លុះស្ដេចទៅដល់ខែត្រពោធិ៍សាត់ សម្ដេចចៅពញាចន្ទរាជា ស្ដេចចូលទៅសំណាក់អាស្រ័យនៅផ្ទះតាមឿង (ក្នុងសាស្ត្រាវត្តកំពង់ត្រឡាចក្រោមដដែលនេះ មានកន្លែងខ្លះនិយាយថា តាមឿងនេះមិនមែនឈ្មោះមឿង ឬ ឈ្មោះឃ្លាំងមឿងដូច្នេះទេ គឺថាគាត់មានឈ្មោះជា ពេជ ដូច្នេះទៅវិញ។ គេនិយាយបែបនេះក៏សមដែរ ព្រោះតាមឿងនោះស្លាប់ទៅ ទៅកើតជាអ្នកតាចាស់ស្រុក ដែលសៀមហៅអ្នកតាចាស់ស្រុកតាមពាក្យ វាថា "ខ្លាងមឿង" ហើយខ្មែរយើងហៅតាមវាយារៗ មកជាឃ្លាំងមឿងដូច្នេះទេឬ?) មេស្មឹងភ្នំក្រវាញ។ តាមឿងឃើញស្ដេចយាងទៅដល់ហើយក៏អរណាស់ ចុះមកអញ្ជើញស្ដេចឡើងទៅគង់លើផ្ទះ ហើយរៀបក្រយាស្ងោយ ថ្វាយសោយតាមភាសាអ្នកស្រែ។ លុះព្រឹកឡើង តាមឿងថ្វាយដំរី ៨, សេះ ១០ និងកូនប្រុស ៤នាក់ជាខ្ញុំតាមហែស្ដេចទៅក្រុងទេព។ ព្រះចៅចន្ទរាជាបានដង្វាយគួរសមហើយ ទ្រង់ព្រះអំណរណាស់។ ទ្រង់ត្រាស់ថា: តាឯងធ្វើគុណនឹងយើង យើងពុំភ្លេចគុណតាឡើយ ហើយស្ដេចលាតាមឿង ឡើងដំរីលើកចេញទៅតាមរយៈផ្លូវជាច្រើនថ្ងៃ។ លុះបានដល់ក្រុងទេពមហានគរហើយ ទ្រង់ក៏ឲ្យមន្ត្រីសៀម នាំឡើងក្រាបបង្គំទូល ព្រះចៅចក្រពត្តិតាមដំណើរគ្រប់ប្រការ។ ព្រះចៅចក្រពត្តិបានទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់។ ទ្រង់ត្រាស់ថា: យើងនឹងជួយទំនុកបំរុងដល់អ្នក ហើយទ្រង់ព្រះរាជទានគ្រឿងអម្ពរ គ្រឿងឧបភោគបរិភោគ សំរាប់យសស័ក្ដិ និង វាំងដំណាក់ ឲ្យស្ដេចគង់ខាងវត្តប្រណែងធឿនជាសុខរៀងមក។
ការវិភាគរបស់បណ្ឌិតរស់-ចន្ទ្រាបុត្រ[កែប្រែ]
ឯកសារពង្សាវតារខ្មែរបាននិយាយអំពីបុណ្យបារមីព្រះស្ដេចកនដែល ព្រះឝ្រីឝៅគន្ធបទរៀបចំល្បិចកលដើម្បីសំលាប់ព្រះស្ដេចកន។ ឯកសារទាំងនោះបញ្ជាក់ថា មន្ត្រីរាជាជាច្រើនបានច្រណែនស្អប់ព្រះអង្គ ហើយបានបន្តទៀតថា ព្រះអង្គចន្ទរាជាបានរត់ភៀសខ្លួនចាកចេញចោលទីក្រុងភ្នំពេញទាំងយប់ ដោយសារតែអន់ចិត្តនឹងព្រះឝ្រីឝៅគន្ធបទជាបង និងខ្លាចព្រះស្ដេចកនលើកទ័ពមកវាយប្រហារតាមបញ្ជារបស់ស្ដេច។
ការលើកយកល្បិចកលរបស់ព្រះមហាក្សត្រមកបកស្រាយការប៉ុនប៉ងធ្វើឃាត ព្រះស្ដេចកន និងការរត់ចោលស្រុករបស់ព្រះអង្គចន្ទរាជា មើលទៅហាក់ដូចជាងាយពេក (រាក់កំផែល) ហើយមិនសមហេតុសមផលទៀត។ ព្រះអង្គចន្ទរាជាគង់នៅទីក្រុងភ្នំពេញជិតទួលបាសាន្ត ចំណែកឯព្រះស្ដេចកនបោះជំរំប្រមូលកេណ្ឌទ័ពនៅបាភ្នំក្នុងខែត្រព្រៃវែង។ ដូច្នេះព្រះអង្គចន្ទរាជាមានលទ្ធភាពនឹងទាក់ទងទូលថ្វាយ និងសួរព្រះរាជាឆាប់រហ័សគ្រប់ពេលវេលា។ ហេតុដូចម្ដេចក៏ព្រះអង្គមិនទាក់ទងឆ្លងឆ្លើយ ហើយបែរជានាំគ្នារត់គ្មានទាំងផ្ទុះអាវុធប្រយុទ្ធគ្នាផង? ត្រង់នេះហើយដែលយើងនិយាយថា ប្រវត្តិសាស្ត្រមានលាក់អាថ៌កំបាំងមិនលើកយកមកកត់ទុកបង្ហាញជាឯកសារ និងសក្ខីភាព។
ព្រឹត្តិការណ៍នេះ អាចបញ្ជាក់ថាស្ដេចជាបងប្អូនទាំងពីរអង្គអាក់អន់ចិត្តនឹងគ្នារហូតឈប់ទាក់ទងគ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀត ប្រហែលជាកងទ័ពព្រះអង្គចន្ទរាជា និងកងទ័ពព្រះមហាក្សត្រព្រះឝ្រីឝៅគន្ធបទធ្លាប់ប៉ះទង្គិចគ្នា ហើយកងទ័ពព្រះអង្គចន្ទរាជាត្រូវបរាជ័យអាចមានបញ្ហាចោទដល់ជីវិត ទើបព្រះអង្គនាំមន្ត្រីពលសេនាតែបន្តិចបន្តួចលួចរត់ជន្លៀសភៀសខ្លួនសំដៅទៅស្រុកសៀម។
ក្នុងវគ្គនេះ អ្នកប្រាជ្ញបារាំង អាឌេម៉ារ-ឡឺក្លែរបានកត់ត្រាក្នុងស្នាដៃរបស់លោកស្ដីអំពីប្រវត្តិសាស្ត្រកម្ពុជាមានការឈ្លោះទាស់ទែងខ្វែងគំនិតបែកសាមគ្គីរវាងព្រះឧបរាជអង្គចន្ទរាជា និងព្រះឝ្រីឝៅគន្ធបទជាបង។ លោកបានសរសេរបន្តទៀតថា៖
«នៅក្នុងពេលនោះ ព្រះអនុជព្រះអង្គ ចៅពញាចន្ទរាជា ឈ្មោះនេះត្រូវបានគេប្រទានដោយសារព្រះអង្គបានប្រសូតនៅថ្ងៃមានចន្ទគ្រាសមិនសប្បាយចិត្តនឹងការជ្រើសរើសរបស់ក្រុមមន្ត្រីធំៗបានដកថយមកបោះទីតាំងនៅចតុមុខ បន្ទាប់មកកេណ្ឌលើកកងទ័ពពលទាហានចេញមុខប្រឆាំងនឹងព្រះមហាក្សត្រ»។
ដូច្នេះ ការរត់ភៀសខ្លួនរបស់ព្រះអង្គចន្ទរាជា មិនមែនដោយសារតែឮសូរពាក្យចចាមអារ៉ាមនាំទៅមកដែលបណ្ដាលឲ្យព្រះអង្គភ័យខ្លាចនោះទេ។
ក្នុងព្រឹត្តិការណ៍នេះ បើយើងពិចារណាឲ្យឆ្ងាយបន្តិច យើងមានទស្សនៈប្លែកថ្មីខុសបន្តិចពីឯកសារប្រវត្តិសាស្ត្រ។ បើយើងផ្លាស់ប្ដូរហេតុការណ៍ខ្លះពីមុខទៅក្រោយ ពីក្រោយទៅមុខ ហើយបន្ថែមសេចក្ដីកត់ត្រារបស់លោកអាឌេម៉ារ-ឡឺក្លែរ យើងនឹងឃើញមានព្រឹត្តិការណ៍មួយផ្សេងទៀតដែលទាក់ទងនឹងការប៉ុនប៉ងធ្វើឃាតព្រះស្ដេចកន។
យើងអាចពិចារណាថាមនុស្សកើតក្នុងឆ្នាំរោងមានពង្សនាគដូចព្រះស្ដេចកនច្រើនណាស់ក្នុងនគរ ហេតុដូចម្ដេចហោរាចង្អុលថារាជសត្រូវនោះជាព្រះស្ដេចកន។ មួយចំណែកទៀត យោងតាមឯកសារពង្សាវតារទាំងនោះ ព្រះអង្គមិនទាន់មានឈ្មោះល្បីល្បាញអំណាចយសស័ក្តិអ្វីដែលនាំមកនូវគ្រោះថ្នាក់ដណ្ដើមរាជ្យស្ដេចឡើយ។
ប៉ុន្តែអ្វីដែលចំឡែកអស្ចារ្យនោះគឺនៅពេលរត់គេចផុតពីការប៉ុនប៉ងសំលាប់របស់ព្រះឝ្រីឝៅគន្ធបទភ្លាម ព្រះស្ដេចកនមានលទ្ធភាពអាចកេណ្ឌទ័ពបានជាច្រើន ហើយត្រួតត្រាខែត្រខាងត្បូងមួយចំនួនទៀត។ ទោះបីជាព្រះអង្គយកឈ្មោះព្រះមហាក្សត្រទៅលាតត្រដាងបញ្ចុះបញ្ចូលក៏ដោយ ជោគជ័យនេះបើយើងពិចារណាទៅគឺបានមកអំពីប្រជាប្រិយភាពរបស់ព្រះស្ដេចកនដែលធ្លាប់បញ្ចេញស្នាដៃគ្រប់ទិសទីជាពិសេសក្នុងការតតាំងជាមួយព្រះអង្គចន្ទរាជា។
អាថ៌កំបាំងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ប្រហែលក្រោយពេលព្រះឝ្រីឝៅគន្ធបទ និងព្រះអង្គចន្ទរាជាឈ្លោះប្រកែកបែកបាក់គ្នាមានផ្ទុះសង្គ្រាមរាំងជលរវាងស្ដេចទាំងពីរដែលជាបងប្អូនបង្កើត។ ក្នុងគ្រានោះ ព្រះឝ្រីឝៅគន្ធបទ ព្រះមហាក្សត្រខ្មែរបានបង្គាប់ឲ្យព្រះស្ដេចកនទៅកេណ្ឌទ័ពនៅបាភ្នំដើម្បីចេញទៅវាយផ្ទប់ព្រះអង្គចន្ទរាជាពីផ្នែកទិសខាងត្បូង។ ព្រះស្ដេចកនបានទទួលជោគជ័យលើព្រះអង្គចន្ទរាជាធ្វើឲ្យព្រះអង្គបាក់ទ័ពរត់ចោលនគរ ដែលជាហេតុព្រះអង្គល្បីឈ្មោះមានប្រជាប្រិយភាពខ្លាំងក្លាជាងបណ្ដាមេទ័ពមន្ត្រីធំៗ។
ប្រហែលជាភាពលេចធ្លោ និងកេរ្តិ៍ឈ្មោះរបស់ព្រះអង្គនេះហើយធ្វើឲ្យស្ដេចខ្មែរមានការព្រួយបារម្ភខ្លាចព្រះអង្គដណ្ដើមយករាជសម្បត្តិ។ ហេតុនេះហើយបានជាព្រះឝ្រីឝៅគន្ធបទបានរៀបចំគំរោងល្បិចកលដើម្បីលួចសំលាប់ព្រះស្ដេចកន។ គឺប្រជាប្រិយភាពនេះហើយដែលព្រះអង្គបានទទួលការគាំទ្រពីប្រជានុរាស្ត្រ ព្រះសង្ឃ និងកងទ័ព។
ព្រះជេដ្ឋាសុគត[កែប្រែ]
នៅវេលាយប់មួយនោះ សម្ដេចព្រះឝ្រីឝៅគន្ធបទជាអម្ចាស់ផែនដី ស្ដេចចូលក្រឡាព្រះបន្ទំ ទ្រង់សុបិននិមិត្តឃើញថា: ព្រះអង្គចុះស្រង់ក្នុងទឹកស្ទឹងសែនថាវេលានោះមាននាគរាជមួយមកខាំពាំព្រះអង្គ ហើយពន្លិចព្រះអង្គទៅក្នុងគង្គា ឥតមានមន្ត្រីណាជួយព្រះអង្គដល់ម្នាក់សោះ ថាក្នុងពេលនោះស្ដេចឃើញ ដូចជាសម្ដេចព្រះវររាជបិតាមកដាស់ហៅព្រះអង្គថាឯងទៅនៅនឹងអញថាស្ដេចនាគរាជ (ស្ដេចកនកើតឆ្នាំរោង) នោះកុំឲ្យឯងតនឹងវាអី ថាវានោះដល់កំណត់ព្រះចន្ទ (ចន្ទរាជាកើតថ្ងៃចន្ទគ្រាស) រះមកពីទិសខាងលិចកាលណា វាក៏រលាយរូបទៅក្នុងកាលនោះដែរ។ ទ្រង់ព្រះសុបិនតែប៉ុណ្ណោះហើយ ក៏តើនចាកក្រឡាបព្រះបន្ទំ។ លុះដឹងព្រះអង្គស្រេច ស្ដេចចេញទៅខាងក្រៅ ត្រាស់ហៅព្រះបុរោហិត និង ហោរាមកថ្វាយព្យាករណ៍។ ព្រះហោរាធិបតីថ្វាយព្យាករណ៍ថា: ការណ៍ដែលព្រះអង្គនិមិត្តឃើញនាគខាំពាំព្រះអង្គនាំទៅក្នុងទឹកស្ទឹងសែននោះត្រូវត្រង់ស្ដេចកននាំអ្នកជាមកប្រមាថព្រះអង្គបាន។ ថាត្រង់ដែលឃើញសម្ដេចព្រះវររាជបិតា មកស្រែកហៅព្រះអង្គនោះទំនាយថា ព្រះអង្គគង់នៅទីនេះពុំបានទេ។ ថាបើចៅពញាឧទ័យធិរាជឲ្យរៀបព្រះទីនាំងឲ្យថយទៅខែត្រពោធិ៍សាត់នោះ ឃើញថាត្រូវណាស់សូមព្រះអង្គទ្រង់ធ្វើតាមចុះ។ ថាត្រង់ដែលព្រះចន្ទរះមកពីទិសខាងលិចនឹងរលាយរូបនាគនោះទំនាយថាអ្នកមានបុណ្យក្នុងព្រះត្រកូលនឹងចេញមកពីទិសបស្ចិមមកប្រាមប្រាបឲ្យរលាយព្រះស្ដេចកននេះពុំខានឡើយ។ កាលដែលហោរាទំនាយថ្វាយនោះ ត្រូវជាថ្ងៃ ១៥ កើត ខែជេស្ឋ ឆ្នាំវក ចត្វាស័ក ព.ស.២០៥៦ គ.ស. ១៥១២-ម.ស. ១៤៣៤-ច.ស. ៨៧៤។ បើគិតពីត្រឹមកាលដែលព្រះអង្គ ព្រះឝ្រីឝៅគន្ធបទស្ដេចសោយរាជ្យជាសុខនោះបាន ៥ ឆ្នាំ ស្ដេចធ្វើសង្គ្រាមបាន ៤ ឆ្នាំបូករួមទៅត្រូវជា ៩ ឆ្នាំ ព្រះជន្មវស្សា ៣៤ ឆ្នាំ។ ក្នុងគ្រាដែលហោរាកំពុងព្យាករណ៍នោះ ឧកម៉ឺនសូរិន្ទកែវ គ្រងងារយមរាជមួយ ចៈម៉ឺនចៃចុងរ័ក្សសោមមួយនាំទាហានទាំងពីររយនាក់ចូលទៅស្រែកថាមានការណ៍ធំណាស់សូមក្រាបបង្គំគាល់។ ខណៈនោះ ព្រះបរមបពិត្រ ទ្រង់តើនឡើងទើបតែនឹងគង់ស្រង់ព្រះអង្គទាហានទាំងពីរកាយនេះកាប់ត្រូវព្រះអង្គជាទំងន់។ ព្រះបរមបពិត្រទ្រង់ស្រែកហៅក្រុមរក្សាព្រះអង្គឲ្យចូលមកជួយក្រុមរក្សាព្រះអង្គស្ទុះចូលទៅកូនទាហានទាំងពីររយនាក់នោះទទួលកាប់ចាក់គ្នាជាឱឡារិក ឮសូរសន្ធឹកនេះដល់ទៅចៅពញាយមរាជ ដែលជាបិតាលៀងនៃចៅពញាយសរាជាជាព្រះរាជបុត្រ តែចៅពញាយមរាជលើកទៅជួយពុំទាន់ ព្រះបរមបពិត្រក៏សុគតទៅ។ កាលព្រះបរមបពិត្រ ព្រះអង្គសុគតទៅ ចៅពញាយមរាជអញ្ជើញចៅពញាយសរាជា លើកព្រះសពព្រះបិតាបញ្ចុះនៅទីសមគួរហើយនាំសេនាទាហានខ្លះ ចេញមកកាប់អាក្បត់ស្លាប់អស់ ៣០ នាក់ស្លាប់ខាងទ័ពហ្លួងជាង ១០០ នាក់។
ចំណែកឯមហាឧបរាជកនវិញ កាលព្រឹកឡើងដឹងថា: ចៅពញាឧទ័យធិរាជនាំកងទ័ពរត់ចោលបន្ទាយហើយ ក៏លើកកងទ័ពទៅដល់បន្ទាយទ័ពហ្លួង។ ឯទ័ពហ្លួងដែលគ្មានមេកងត្រួតត្រា ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយអស់ទៅ។ ឯចៅពញាយមរាជ កាលដេញកងទ័ពឱកម៉ឺនសូរិន្ទកែវ រត់ខ្ចាត់ខ្ចាយអស់ហើយ ក៏ចេញមកទទួលច្បាំងនឹងទ័ពអាសត្រូវកន តែច្បាំងពុំបាន ក៏នាំចៅពញាយសរាជា ចុះទូកចែវរត់ទៅ។ លុះដល់ខែត្រមហានគរហើយ ចៅពញាយមរាជ ក៏សុំយកដំរីសេះ ពីចៅហ្វាយស្រុកនោះមកដើម្បីរត់ទៅក្រុងទេព (ប្រទេសសៀម)។ ចៅពញាយមរាជ លុះធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវ ក៏ឈឺអនិច្ចកម្មទៅ។ អស់មុខមន្ត្រីក្រមការមហាតលិករៀបដាក់ស្នែងបញ្ចុះសពនៅទីសមគួរហើយ ក៏នាំគ្នាអញ្ជើញចៅពញាយសរាជាចូលទៅក្រុងទេព។
ចំណែកឯ ចៅពញាយសរាជាជាព្រះរាជបុត្រព្រះឝ្រីឝៅគន្ធបទនោះព្រមទាំងបណ្ដាជាខ្ញុំ ក្រុមមហាតលិក នាំព្រះអង្គរត់ទៅដល់ស្រុកសៀមហើយ ក៏ចូលទៅនៅនឹងសម្ដេចចៅពញាចន្ទរាជាជាព្រះបិតុលា ហើយថ្វាយបង្គំយំខ្សឹកខ្សួល ទូលពីរឿងដែលអា (កន) ព្រះស្ដេចគិតប្រទូសរ៉ាយក្លែងឧបាយក្បត់ផែនដី។ សម្ដេចព្រះបរមរាជា មហាឧបរាជ ទ្រង់នឹកតូចព្រះទ័យនឹងការចាញ់ឧបាយកលអា (កន) ព្រះស្ដេច ដែលវាចេញក្បត់ផែនដី ទាល់តែអន្តរាយដល់ព្រះអង្គព្រះជេដ្ឋា។ ព្រះមហាចក្រពត្តិស្ដេចសៀម ទ្រង់ប្រារព្ធនឹងក្រស័ត្រទាំងពីរព្រះអង្គ ហាក់ដូចជាឈឺឆ្អាលណាស់ ថាចាំយើងចាត់សេនាទាហានឲ្យលើកទៅជួយបង្ក្រាបអាក្បត់នោះឲ្យវិនាសឆាប់ៗ កុំបីក្មួយ កុំបីចៅព្រួយព្រះទ័យឡើយ។
ឧបាយចូលស្រុកខ្មែរវិញ[កែប្រែ]
ព្រះចន្ទរាជា ស្ដេចចង់តែត្រឡប់មកក្រុងកម្ពុជាវិញ ស្ដេចទន្ទឹងចាំថា ព្រះចៅចក្រពត្តិ បានព្រមទទួលថានឹងជួយទំនុកបំរុងព្រះអង្គថ្វាយទ័ពដល់ព្រះអង្គនាំទៅក្រុងកម្ពុជាវិញ ក៏មិនឃើញចាត់កងទ័ពមកថ្វាយសោះ។ តាំងពីថ្ងៃនោះមក សម្ដេចចៅពញាចន្ទរាជាក៏រកតែកលនឹងដោះមកក្រុងកម្ពុជាវិញ តែរកពុំបាននៅឡើយ។
បើគិតពីត្រឹមតែ ស្ដេចចៅពញាចន្ទរាជាទៅគង់នៅស្រុកសៀមពីឆ្នាំម្សាញ់ ឯកស័ក ព.ស.២០៥៣, គ.ស. ១៥០៩, ម.ស. ១៤៣១, ច.ស. ៨៧១ ឆ្នាំជូត នព្វស័ក មកដល់ ព.ស.២០៥៩, គ.ស.១៥១៥, ម.ស. ១៤៣៧, ច.ស. ៨៧៧ ឆ្នាំកុរ សប្តស័កនេះត្រូវជា ៧ ឆ្នាំហើយ។ ឆ្នាំនោះ មានដំរីមួយ កំពស់ ៤ ហត្ថ នៅស្រុកកញ្ចនបុរី។ មានហ្មសៀមម្នាក់ឈ្មោះពាមនាំស្ម័គ្របក្សពួកទៅចោមទាក់ដំរីនោះតែទាក់ពុំបាន។ ដំណឹងនេះជ្រាបដល់ព្រះចៅចក្រពត្តិ (ស្ដេចសៀម) ទ្រង់ចង់បានដំរីសនោះណាស់ តែនឹងរកអ្នកណាជាទំនុកទុកព្រះទ័យ ឲ្យចេញទៅធ្វើការនេះថ្វាយពុំបាន។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជាក្រាបទូលសុំអាសាទៅទាក់ដំរីនោះយកមកថ្វាយ។ ព្រះចៅចក្រពត្តិមានព្រះទ័យត្រេកអរណាស់ ទ្រង់ត្រាស់បង្គាប់ឲ្យកេណ្ឌយកធ្នាក់យកហ្មទៅទាក់ដំរីសនោះ ឲ្យបាន។ សម្ដេចចៅពញាចន្ទរាជាទាក់បានដំរីនោះនាំមកថ្វាយព្រះចៅចក្រពត្តិ ព្រះអង្គទ្រង់ព្រះអំណរណាស់ទ្រង់ត្រាស់សរសើរឫទ្ធីចំណេះផ្សេងៗហើយទ្រង់ព្រះរាជទានរង្វាន់ជាច្រើនដល់សម្ដេចចៅពញាចន្ទរាជា ទើបទ្រង់ប្រទាននាមដំរីសនោះជាព្រះគជេន្ទ្រនរោត្តម។
សម្ដេចព្រះមហាឧបរាជចៅពញាចន្ទរាជា កាលទាក់ដំរីបាននោះយល់ថាបានឱកាសហើយក៏ក្រាបទូលថាសូមបង្គំលាសម្ដេចព្រះចៅចក្រពត្តិទៅបង្ក្រាបអាស្ដេចកន ដែលក្បត់ញាំញីព្រះពុទ្ធសាសនានូវព្រះបរមរាជវង្សានុវង្ស បណ្ដាលឲ្យបែកបាក់ខ្ចាត់ខ្ចាយអស់ ថាបើនឹងបង្អង់យូរទៅឃើញថាពុំបានឡើយ។ សម្ដេចព្រះចៅចក្រពត្តិបានទ្រង់ជ្រាបហើយទ្រង់ត្រាស់ថា: កុំឲ្យក្មួយរួសរាន់ពេកចាំដល់ឆ្នាំក្រោយៗមានឹងឲ្យជូនទៅជាមិនខាន។ ទ្រង់ត្រាស់តែម៉្លោះហើយព្រះចៅចក្រពត្តិស្ដេចក៏ចូលទៅខាងក្នុងព្រះក្រឡាបន្ទំទៅ។
ចៅពញាចន្ទរាជាបានឮព្រះក្រសែដូច្នោះកាលណាក៏យល់ថា: ព្រះចៅចក្រពត្តិមិនព្រមបើកឲ្យព្រះអង្គទៅឆាប់ឡើយ។ លុះទ្រង់ត្រឡប់ពីគាល់ដល់ទៅដំណាក់វិញ ស្ដេចទ្រង់ព្រះចិន្តាថា: បើអញនឹងចាំលាដោយស្រួលនោះមុខជាស្ដេចសៀម មិនបើកឲ្យអញទៅទេ។ ដូច្នេះមានតែអញគិតឧបាយកលយ៉ាងណាមួយ ទើបអញបានទៅស្រុកវិញឆាប់។ ទ្រង់ព្រះចិន្តាយល់ដូច្នេះហើយ ទើបទ្រង់ត្រាស់បង្គាប់បណ្ដាពួកក្រុមជាខ្ញុំ ១៥ នាក់ (ច្បាប់ខ្លះថា ១៤ នាក់) ឲ្យយកឈើឆ្លាក់ ធ្វើជាជើងដំរីយ៉ាងធំៗ ៤ ហើយយកទៅលបសង្កត់ដីឲ្យមានជាស្នាមដូចជាជើងដំរីមែនទែនរួចឲ្យយកលាមកដំរីញាត់ក្នុងជាល យកទៅរលាក់ចេញពីជាលច្រើនដុំ ហើយយកទៅទំលាក់រាយចោលឲ្យប្រកបនឹងដានជើងធំនោះ ឲ្យដូចជាដំរីទាំងពួងជុះ។ ទ្រង់ផ្ដាំថា បើដល់ដើមឈើណាណាល្មមជាដំរីឈរស្រប់បាន(ពាក្យសម្រាប់និយាយថា ដំរីឈរជ្រកម្លប់ឈើ) ឲ្យពួកបណ្ដាជាខ្ញុំទាំងនោះយកដីភក់ទៅលាប ហើយឲ្យយករោមចៀមពីរបីសរសៃសៀតនឹងសំបកឈើធ្វើឲ្យដូចជារោមដំរីត្រដុសនឹងដើមឈើមែនៗ។ ទ្រង់បញ្ជាថា បើធ្វើដូច្នេះរួចហើយឲ្យពួកក្រុមបណ្ដាជាខ្ញុំទាំងនោះដើរបង្ហួសកន្លងដានទៅទិសឦសាន ដល់ទៅខែត្រនាងរង ស្រុកនគររាជ ហើយខ្លួនឯងទាំង ១៥ នាក់ស្រូតរូតទៅបញ្ចុះបញ្ចូលប្រជារាស្ត្រ នៅស្រុកនាងរង នាងផ្អែក ចុងកាល់ (ចុងកល្ប) ស្រុកទំនប់ ទុងកែ ទឹកជោរ មង្គលបូរី នគររាជសីមា (ត្រង់នេះសាស្ត្រាខ្លះថាសៀមរាប) បាត់ដំបងឲ្យបានមកជួបជុំចាំអញនៅទីបន្ទាយ។ ទ្រង់ផ្ដាំទៀតថា: បើកាលណាដើរតាមផ្លូវនោះទៅ ហើយមានគេសួរឯងអំពីដំណើរនោះ ឯងត្រូវប្រាប់គេថាឯងបានឃើញដំរីសមួយដូចសំឡីកំពស់ប្រហែលជាង ១០ ហត្ថបានជាដើរតាមរកមើលឲ្យច្បាស់ទីលំនៅវា។
អស់បណ្ដាជាខ្ញុំទាំង ១៥ នាក់ក៏ចេញទៅធ្វើការតាមត្រាប់បង្គាប់គ្រប់ប្រការ។ លុះកន្លងមកគ្រប់មួយខែអស់ចៅមឿង (ចៅហ្វាយស្រុក ឬ មេឃុំ) ចៅបាន (ម្ចាស់ស្រុក) ក្នុងដែនសៀមទិសខាងកើត បានដំណឹងថា មានដំរីសក៏អរណាស់ ទើបនាំគ្នាចូលព្រៃទៅពិនិត្យមើល តែមើលឃើញតែដានជើង និង លាមកវា ធំក្រៃលែងនឹងដំរីទាំងពួង មើលទៅលើដើមឈើខ្លះ ក៏ឃើញមានរោមសសុទ្ធសដូចជាសំឡីជាប់នៅលើដើមឈើនោះច្រើនអន្លើមែន។ ចៅមឿង ចៅបានទាំងអស់នោះ ក៏ប្រញាប់ប្រញាល់ធ្វើសំបុត្របកប្ដឹងចូលទៅសេនាបតី សេនាបតី យកសេចក្ដីក្រាបទូលព្រះចៅចក្រពត្តិ ព្រះចៅចក្រពត្តិទ្រង់ជ្រាបហើយទ្រង់ព្រះអំណរណាស់។ ថ្ងៃមួយ ស្ដេចចេញគង់ព្រះរាជរោងរម្យ ជួបជុំព្រះរាជបុត្រាធម៌ គឺចៅពញាអុង ដែលត្រូវជាព្រះរាជបុត្រានៃព្រះស្រីរាជា (ខ្មែរ) និងព្រះវង្សា សេនាបតី មន្ត្រីទាំងពួង ក្រាបបង្គំគាល់ត្រៀបត្រា ទើបស្ដេចត្រាស់សួរថាឈ្មោះណានឹងទទួលអាសាទៅតាមទាក់ដំរីប្លែកនោះបាន?
អស់រាជសេវកាមាត្យសៀមក្រាបទូលថា: ទូលព្រះបង្គំយើងខ្ញុំទាំងឡាយឃើញតែចៅពញាចន្ទរាជាមួយប៉ុណ្ណោះ ដែលជាអ្នកក្លាហានមានតំរិះខាងទាក់ដំរីនោះជាងគេ។ ម្យ៉ាងវិញទៀត ចៅពញាចន្ទរាជានេះក៏បានធ្វើការទាក់ដំរីថ្វាយរៀងមកហើយផង។ សម្ដេចចន្ទរាជា ឮទីប្រជុំឆ្លើយដូច្នោះ ក៏យល់ថាបានដូចគំនិតព្រះអង្គហើយទើបក្រាបទូលថា:
តាមសំបុត្រច្រើនច្បាប់ ដែលចៅហ្វាយស្រុកច្រើនស្រុកប្ដឹងចូលមកនោះថា: ដំរីនោះ ធំខ្ពស់ទៅ ១០ ហត្ថ ហើយបើតាមដំណឹងក្រៅសំបុត្រទៀតថា: ដំរីនោះមានបរិវារ គោតស្ដ (គោត គឺដំរីឥតភ្លុកឥតចែ, ស្ដ = ដំរីឈ្មោលឥតភ្លុកមានតែចែ) នៅថែរក្សាជាច្រើនលើសដំរីទាំងពួង ទាំងសំបុរ និង កំពស់ទៀត ក៏ល្អគួរឲ្យចេតនា គួរតែទូលព្រះបង្គំយកចិត្តទុកដាក់គិតយកដំរីនោះ មកទុកជាមង្គលព្រះនគរថ្វាយឲ្យបាន។ ការណ៍ ដែលខ្ញុំព្រះរាជការទាំងឡាយ ជំនុំយល់ព្រមថា យកទូលព្រះបង្គំជាខ្ញុំឲ្យទទួលអាសានឹងទៅទាក់យកដំរីនោះមកថ្វាយឲ្យបានទៀត ក៏ជាការគួរសមណាស់ហើយ ក៏ប៉ុន្តែដំរីសនោះមានបរិវារធំ ច្រើនលើសដំរីមុនណាស់ ហេតុដូច្នេះ សូមសម្ដេចស្ដេចព្រះរាជទានពល ៥០០០ នាក់ ដំរី ១០០ និង កាំភ្លើង ធ្នូ ស្នា សស្ត្រាវុធក សំរាប់បាញ់បង្អើលដំរីកាចៗ ដែលនៅរក្សាដំរីសនោះ ច្រើនណាស់ឲ្យវាខ្លាចហើយចៀសចេញទៅ ៖
ម្យ៉ាងវិញទៀត ដោយឃើញថា ការទាក់ដំរីនោះ មុខជាធ្វើអស់ពេលវេលាជាច្រើនផងក្រែងរេហ៍ពលពុំគ្រប់គ្រាន់ស្បៀងអាហារនឹងកើតចលាចល ការណ៍ក៏ពុំបានសំរេចហេតុដូច្នេះ ទូលព្រះបង្គំសូមព្រះរាជទាន ស្បៀងអាហារឲ្យបានគ្រប់គ្រាន់ផង សូមព្រះរាជទាន ព្រះរាជអាជ្ញាឲ្យបានមាំមួនទៀត ទើបទៅធ្វើការណ៍នោះបានសំរេច។
ព្រះចៅចក្រពត្តិបានទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ព្រះអំណរណាស់ទើបព្រះរាជទានព្រះសែង (គឺដាវស្រោមមាស អ្នកកាន់ដាវនេះ មានអំណាចកាប់សំលាប់បានតាមចិត្ត) ហើយត្រាស់បង្គាប់ឲ្យចៅពញាចក្រីកេណ្ឌពលពាហនៈថ្វាយតាមសុំកុំបីខាន។ ឧកញ៉ាចក្រីក៏ចាត់ការថ្វាយ ព្រះចៅចន្ទរាជាតាមព្រះរាជបង្គាប់នៃព្រះចៅមហាចក្រពត្តិគ្រប់ប្រការ។
ចៅពញាចន្ទរាជា កាលបានពល និង ស្បៀងអាហារ ព្រមទាំងព្រះរាជអាជ្ញា ព្រះសែងអាជ្ញាសឹកគ្រប់អស់ហើយ ក៏ថ្វាយបង្គំលាចេញមកក្រៅ។ ក្នុងគ្រានោះ ព្រះអង្គសួគ៌លោកស្ដេចចូលទៅក្នុងក្រុងស្រីអយុធ្យានោះ ទើបសម្ដេចចៅពញាចន្ទរាជា ស្ដេចយាងទៅថ្វាយបង្គំ ព្រះអង្គសួគ៌លោកគឺពញាអុងរាជា ដែលត្រូវជាព្រះរៀម ព្រះអយ្យកោមួយនឹងព្រះអង្គ សម្ដេចចៅពញាចន្ទរាជា ស្ដេចក្រាបទូលសួរថា: អ្នកបងលែងគិតស្រុកហើយឬ ក៏បានជាគង់នៅព្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកន យករាជសម្បត្តិបានដូច្នេះ? ទ្រង់ពុំស្ដាយវង្សព្រះមហាក្សត្រ និងគ្រងព្រះមហានគរទេឬ? ព្រះអង្គសួគ៌លោក ទ្រង់ឆ្លើយថា:
"អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ។ ព្រះពុទ្ធចៅ ស្ដេចពុំយកទោសបង ស្ដេចប្រោសបង ឲ្យបងគ្រងស្រុកសួគ៌លោកនេះជាខែត្រធំស្មើនឹងខែត្រព្រះរាជបុត្រទៅហើយ បានប៉ុណ្ណេះហើយ បងក៏បានសុខណាស់ហើយ បើបានសុខដូច្នេះហើយនឹងគិតរកសុខអ្វីទៀត។ ចំណែកឯស្រុកខ្មែរវិញ បងលែងនឹករលឹកអាល័យហើយតាមតែអ្នកអូនគិតគូចុះ"។
សម្ដេចចៅពញាចន្ទរាជា ស្ដេចដឹងព្រះរាជហឫទ័យយ៉ាងនេះហើយ ទ្រង់មិនហ៊ានត្រាស់សួរតទៅទៀតក្រែងរឿងនេះពុំបាត់ស្ងាត់នឹងនាំឲ្យខូចការណ៍។ ដូច្នេះហើយ ទ្រង់ពុំបានត្រាស់តបទៅវិញឡើយ! ទ្រង់គង់ក្រសាលបន្តិច ក៏ថ្វាយបង្គំលា វិលមកដំណាក់វិញ។ មកដល់ដំណាក់ ទ្រង់នឹកតែក្នុងព្រះទ័យថា: ឱអ្នកបងអុងអើយ បានសុខហើយ ត្រឡប់ជាភ្លេចស្រុកទេសអស់។
លុះមកដល់ថ្ងៃ ១០រោច ខែផល្គុន ឆ្នាំជូត ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស.៨៧៨ នោះចៅពញាចន្ទរាជា មានព្រះជន្មវស្សា ៣៦ ឆ្នាំទ្រង់រៀបចំចាត់ចែង ព្រះរាជដំណើរស្រេច ស្ដេចនាំចៅពញាយសរាជា និង បណ្ដាជាខ្ញុំ លើកពលសៀមស្រូតរូត តាមស្នាមជើងដំរី ទាំងយប់ទាំងថ្ងៃពុំមានឈប់ឈរសោះ។ លុះលើកទៅបាន ៧ ថ្ងៃជិតដែនស្រុកខ្មែរហើយទ្រង់ព្រះរាជចិន្តាថា: អញមកដល់នេះហើយ បើទុកជាព្រះចៅចក្រពត្តិបានដឹងថា អញរត់ហើយលើកទ័ពតាមមកក៏ពុំទាន់ដែរ។ ទើបទ្រង់ឲ្យធ្វើសំបុត្របកដាក់ទាំងរោមចៀមដាក់ទាំងរោមចោមរឹស ដែលជាប់នៅដើមឈើគូរទាំងស្នាមជើង លាមក និង កំពស់ដំរីនោះឲ្យបំរើសៀមនាំវិលទៅថ្វាយព្រះចៅ រួចហើយព្រះអង្គក៏លើកទ័ពចេញមកទៀត។
ព្រះចៅចក្រពត្រាធិរាជកំពុងទ្រង់បារម្ភ ពីរឿងទាក់ដំរីនោះ លុះបំរើនាំសំបុត្រទៅដល់ហើយ ទ្រង់ត្រាស់សួរថា : ឥឡូវទៅដល់ណាហើយ?
បំរើក្រាបទូលថា: ទៅជិតដែនកម្ពុជាហើយ។
កាលទ្រង់ព្រះសណ្ដាប់ចំលើយ ដែលបំរើក្រាបទូលឆ្លងហើយ ព្រះចៅចក្រពត្តិនឹងគ្នាន់ក្នុងព្រះទ័យណាស់ ទើបត្រាស់សួរព្រះអង្គសួគ៌លោកថា: ចៅពញាចន្ទរាជាទៅទាក់ដំរីសនេះ ហេតុអ្វីក៏ស្រូតរូតម៉្លេះអញសង្ស័យណាស់។
ព្រះអង្គសួគ៌លោកក្រាបទូលថា:
ចៅពញាចន្ទរាជានេះ មានចិត្តមានះណាស់ មានស្មារតីរឹងប៉ឹង ហើយចិត្តក៏រឹងរូស កាន់វង្សត្រកូលណាស់ទៀត។ តាំងពីចៅពញាយសរាជាមកប្រាប់ថា: អាព្រះស្ដេចកនសំលាប់បិតាយកព្រះនគរហើយនោះ ទូលព្រះបង្គំឃើញកិរិយារបស់ចៅពញាចន្ទរាជាខឹងក្ដៅនឹងអាកនខ្លាំងណាស់។ ការដែលទៅហើយស្រូតរូតយ៉ាងនេះ ទូលព្រះបង្គំក៏យល់ឃើញថា ចៅពញាចន្ទរាជាលើកទ័ពទៅវាយអាព្រះស្ដេចកនពុំខានឡើយ។ ព្រះចៅចក្រពត្តិបានទ្រង់ជ្រាបដូច្នោះហើយ ទ្រង់ត្រាស់ប្រើម៉ឺនពេជ្រដាវិចិត្រឲ្យនាំទាហាន សេះ ៣០ នាក់លើកទៅតាមសម្ដេចចៅពញាចន្ទរាជា ហើយទ្រង់ផ្ដាំថា: បើចៅពញាចន្ទរាជាពុំព្រមត្រឡប់មកទេឲ្យឯងប្រាប់ពលទាំង ៥០០០ នាក់នោះឲ្យខាងតែបានមក។
ម៉ឺនពេជ្រដាវិចិត្របានទទួលព្រះរាជបញ្ជាហើយ ក៏ថ្វាយបង្គំលានាំទាហានសេះទាំង ៣០ នាក់លើកតាមទៅ។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គស្រូតរូតមកដល់ដែនខែត្រ ប្រទេសខ្មែរហើយក៏ទ្រង់បញ្ចុះបញ្ចូលអាណាប្រជានុរាស្ត្រ តាំងពីប្រទល់ដែនរៀងមកបានពល ១៨០០ នាក់ហើយលើកមកដល់ខែត្រទឹកជោរ ដូចជាបណ្ដាជាខ្ញុំដែលប្រើមុនគេនោះ។ បណ្ដាជាខ្ញុំទាំងនោះបានរេហ៍ពល ២០០ នាក់ផ្សំគ្នាជា ២០០០ នាក់ ហើយស្ដេចលើកកងទ័ពខ្មែរសៀមចូលវាយបន្ទាយបានខែត្រនគរសៀមរាបបានរេហ៍ពលថែមទៀតរួមទាំងទ័ព ៨០០០ នាក់ផងត្រូវជា ១០០០០ នាក់ហើយលើកចូលទៅក្នុងបន្ទាយមហានគរ។
ខណៈនោះ ម៉ឺនពេជ្រដាវិចិត្រ នាំទាហានសេះ ៣០ នាក់ដល់មកជិតមហានគរហើយ ហើយសួរគេឯងតាមផ្លូវទៅបានដំណឹងថា: ចៅពញាចន្ទរាជានាំរេហ៍ពលខ្មែរសៀមចូលមកតាំងក្នុងមហានគរ ៣ ថ្ងៃហើយ។ ម៉ឺនពេជ្រដាវិចិត្រ ក៏នាំទាហានទាំង ៣០ នាក់នោះចូលទៅមហានគរ ហើយបានឃើញសម្ដេចចន្ទរាជាប្រថាប់លើផែនសិលាជាមួយនឹងសេនាទាហានសៀមខ្មែរ ដែលកំពុងអង្គុយគាល់ត្រៀមត្រា។ មួយរំពេចនោះ ម៉ឺនពេជ្រដាវិចិត្រទូលថា: ព្រះពុទ្ធិចៅត្រាស់ប្រើទូលព្រះបង្គន់ឲ្យមកតាមទ្រង់ឲ្យទ្រង់លើកពលត្រលប់ទៅវិញឲ្យឆាប់។
សម្ដេចចៅពញាចន្ទរាជាដឹងកលយល់ការណ៍ថា: សៀមលើកតាមមកហើយក៏ហូតព្រះសែងអាជ្ញាសឹក ដែលព្រះចៅចក្រពត្តិ ព្រះរាជទានមកនោះ ហើយមានព្រះមធុរសវាចាសន្ធាប់ថា: នេះគឺជាអាជ្ញាសឹក ព្រះចៅប្រទានមកឲ្យអញពេញអំណាចឲ្យអញធ្វើនាទីពីរយ៉ាងគឺមួយឲ្យតាមទាក់ដំរីស ម្យ៉ាងទៀតឲ្យអញទៅកាប់អាព្រះស្ដេចកនថ្វាយព្រះអង្គ។ ខ្លួនឯងនេះឬ មានអំណាចលើសដាវអាជ្ញាសឹកនេះ? ដែលឯងថា ព្រះចៅឲ្យឯងមក តាមអញនោះគឺព្រះរាជឱង្ការ ឬ ចុតហ្មាយឯងនៅឯណាយកមកឲ្យអញមើល? បើឯងមិនយកមកឲ្យអញទេ អញទុកឯងជាក្លែងព្រះរាជឱង្ការទុកជាបង្ខូចបង្ខានរាជចារផែនដី ហើយអញត្រូវកាត់ក្បាលផងដោតជាបំរាម ព្រះទាំងគូកនផង។
ម៉ឺនពេជ្រដាវិចិត្រ និង កូនទាហានជំនិះ ៣០ នាក់ដែលខ្លួនមកនោះ គ្មានព្រះរាជឱង្ការរបស់ព្រះចៅជាទីអាងទេ។ លុះឃើញព្រះសែងអាជ្ញាសឹកហើយទាហានសៀមទាំង ៣០ នាក់ និង ៥០០០ នាក់ដែលមកតាមសម្ដេចចៅពញាចន្ទរាជានោះ ក៏ភិតភ័យតក់ស្លុត លុតជង្គង់សូមព្រះរាជទានទោស។ សម្ដេចចៅពញាចន្ទរាជា យល់ឃើញថាត្រូវព្រះទ័យហើយ ទ្រង់ព្រះអំណរណាស់ ទ្រង់ត្រាស់ថា: អស់ឯងរាល់គ្នាវិញទៅវិញចុះទៅក្រាបទូលព្រះចៅថា: ដែលទ្រង់ប្រោសលៀងរក្សាអញជាង ៧ ឆ្នាំនេះជាព្រះគុណលើអញខ្លាំងណាស់រកអ្វីមកប្រៀបផ្ទឹមពុំបានទេ។ មិនតែប៉ុណ្ណោះសោតកាលអញត្រឡប់មកស្រុកនេះ ទ្រង់ឲ្យរេហ៍ពល ៥០០០ នាក់ ដំរីធ្នាក់ ១០០ រយជូនមកទៀតនេះក៏ជាព្រះគុណធ្ងន់លើសលែងទៅទៀត។ ប៉ុន្តែឥឡូវនេះ អញនៅក្រណាស់ អញនឹងរកអ្វីថ្វាយទៅវិញឲ្យបានសមគួរនឹងព្រះគុណនោះគ្មានទេ។ សុំកុំឲ្យព្រះចៅ ទ្រង់ពិរោធឡើយ។ ថាបើដល់អញបានឈ្នះហើយចាប់អាព្រះស្ដេចកនបាន បានទាំងផែនដីមកវិញកាលណា អញនឹងនាំពលសៀម ដែលទ្រង់ប្រទានមកនេះ និង សួយសារមកក្រាបបង្គំទូលថ្វាយ តាមសំដីដែលអញបានក្រាបបង្គំទូលទុកជាសំងាត់ស្រាប់។
ពួកពលទាំង ៥០០០ នាក់បានឮព្រះរាជបរិហារហើយខ្សឹបគ្នាថា: ចៅពញាចន្ទរាជានេះបានសញ្ញាថ្វាយព្រះចៅយើងស្រេចហើយបានជាទ្រង់ត្រាស់ឲ្យយើងទាំង ៥០០០ នាក់នេះមក ឯម៉ឺនពេជ្រដាវិចិត្រ ដែលមកស្រដីមាត់ទទេនោះ ប្រហែលជាក្លែងក្លាយទេ យើងនឹងជឿស្ដាប់ផងមិនបានទេ។
ម៉ឺនពេជ្រដាវិចិត្រ ក៏រឹតតែកោតខ្លាចពលទាហានដែលមកនោះ ក៏គិតពិនិត្យទៅ ឃើញចិត្តរេហ៍ពលសៀមដែលហែមកមុននោះ ជឿខាងចៅពញាចន្ទរាជាច្រើនជាជាងខ្លួននឹងគិតធ្វើតាមព្រះចៅទ្រង់ព្រះបណ្ដាំនោះមិនកើត។ ដូច្នេះ ម៉ឺនពេជ្រដាវិចិត្រ ក៏នាំទាហានជំនិះ ៣០ នាក់នោះត្រឡប់ទៅក្រុងទេពវិញទៅ។
ក្រោយទាហានសេះត្រឡប់ទៅវិញ សម្ដេចចៅពញាចន្ទរាជា ទ្រង់លើកកងទ័ពទៅដល់ស្រុកបាត់ដំបងហើយ ទ្រង់ក៏ចាត់ឲ្យនាយកងទ័ព ដើរបញ្ចុះបញ្ចូលរាស្ត្រក្នុងខែត្រ។ ខណៈនោះ ពញាមនោមេត្រីចៅហ្វាយស្រុកបាត់ដំបង បានដឹងថា ចៅពញាចន្ទរាជា ជាព្រះរាជត្រកូលស្ដេចខ្មែរត្រឡប់មកដល់ហើយ ក៏ចូលទៅថ្វាយបង្គំ ថ្វាយរេហ៍ពល ១០០០០ នាក់ និង ស្បៀងអាហារ ១០០០ រទេះទៀត។ សម្ដេចចៅពញាចន្ទរាជាស្ដេចទ្រង់ព្រះអំណរណាស់ ស្ដេចគង់សំរាកកំលាំង រេហ៍ពលនៅក្នុងខែត្រនោះបីថ្ងៃ ហើយក៏លើកឆ្លងទៅតាំងបន្ទាយនៅខែត្រពោធិ៍សាត់។
ចំណែកឯសម្ដេចចៅពញាសួគ៌ាលោក ចៅហ្វាយស្រុកខែត្រពោធិ៍សាត់ ដែលជាមន្ត្រីខាងសម្ដេចព្រះស្រីជេដ្ឋា (កន) បានដឹងដំណឹងនេះហើយ ក៏កេណ្ឌពលបាន ៤០០០០ នាក់ឲ្យរក្សានាទីភាគបន្ទាយរាយល្បាតតាមច្រកផ្លូវស្រេច ទើបបកសំបុត្រប្ដឹងចូលមកសេនាបតីក្នុងក្រុងសន្លប់ពិជ័យព្រៃនគរ។
រីឯចៅពញាពេជ្រវិញ លុះបានដឹងថា ចៅពញាចន្ទរាជា ស្ដេចត្រឡប់មកដល់ស្រុកបាត់ដំបងហើយ អ្នកក៏ដើរបញ្ចុះបញ្ចូល បានស្ម័គ្របក្សពួកចូលក្នុងកងទ័ពចៅពញាសួគ៌ាលោកជាច្រើននាក់។ កាលឃើញថាចៅពញាសួគ៌ាលោក ជំនុំរាជការគិតរឹងទទឹង ពុំព្រមចុះចូលនឹងសម្ដេចចៅពញាចន្ទរាជាទេ ពញាពេជ្រ លុះដល់វេលាយប់ស្ងាត់ ក៏នាំស្ម័គ្រប័ក្សពួក ចូលលុក (គឺចូលទៅប្រហារមិនឲ្យដឹងខ្លួនជាមុន) ចៅពញាសួគ៌ាលោកស្លាប់មួយរំពេច ហើយស្រែកប្រកាសប្រាប់អស់ក្រមការបណ្ដារាស្ត្រថា:
សម្ដេចចៅពញាចន្ទរាជានេះ ពេញជាព្រះរាជត្រកូលនៃសម្ដេចព្រះធម្មរាជា ដែលជាស្ដេចទ្រង់ធម៌ហើយ។ ឯស្ដេចកនជាចៅហ្វាយ ចៅពញាសួគ៌ាលោកនេះខាងម្ដាយជាពលព្រះស្រីរតនត្រ័យសុទ្ធ។ អស់អ្នករាល់គ្នានឹងសំពះព្រះ ក៏ចង់ថ្វាយបង្គំបាយ៉ាប (បាយ៉ាប គឺអារ័ក្សទឹកសំរាប់ពួកនេសាទមច្ឆជាតិគោរព)។ ថាបើ អស់អ្នកពេញចិត្តថ្វាយបង្គំព្រះស្រីរតនត្រ័យនោះ ចូរអ្នកថ្វាយបង្គំចៅពញាចន្ទរាជា ដ្បិតស្ដេចយាងមកដល់ហើយ ត្រូវយើងចេញទៅថ្វាយបង្គំទទួលព្រះអង្គចុះ។ ថាបើអស់អ្នកចូលចិត្ត ចង់សំពះបាយ៉ាបនោះ ចូរអស់អ្នករៀបស្បៀងអាហារនាំបុត្រភរិយាទៅថ្វាយបង្គំព្រះស្ដេចកន កូនពល (ក្នុងពេលដែលប្រទេសយើងនៅវណ្ណៈច្រើននៅឡើយ វណ្ណៈពលជាវណ្ណៈថោកទាបបំផុត ជាពូជអំបូរអ្នកមានទោសដែលមិនអាចលុបលាងបានឡើយ) ព្រះស្រីរតនត្រ័យឯបន្ទាយស្រឡប់ពិជ័យព្រៃនគរឲ្យឆាប់ចុះ។
អស់ក្រមការបណ្ដារាស្ត្រក្នុងកងទ័ពទាំង ៤០០០ នាក់ប្លាយ លុះឮពញាពេជ្រប្រកាសចេញព្រះនាម សម្ដេចចៅពញាចន្ទរាជា ដូច្នោះហើយ ហេតុតែជាបុណ្យបារមីនៃព្រះអង្គ ក៏បណ្ដាលចិត្តគ្រប់កងទ័ពទាំងអស់ ឲ្យនឹកស្រឡាញ់អាល័យ ដល់សម្ដេចចៅពញាចន្ទរាជាពន់ប្រមាណ ហើយក៏ស្រែកតបប្រកាសថា :
យើងរាល់គ្នាចូលចិត្តទៅថ្វាយបង្គំព្រះមិនព្រមទៅថ្វាយបង្គំបាយ៉ាបទេ។ ហេតុនេះហើយបានជាមានពាក្យថា: មិនចង់សំពះព្រះ មិនចង់ថ្វាយបង្គំព្រះ ទៅសំពះឯបាយ៉ាបទៅវិញតាំងពីថ្ងៃនោះមក។
ចៅពញាពេជ្រ លុះឮរាស្ត្រប្រកាសវាយបកដូច្នោះ ល្មមពេលព្រឹកស្រាងៗ ហើយក៏នាំអស់ក្រមការ និង អស់អ្នកមុខអ្នកការ បណ្ដារាស្ត្រចេញទៅអញ្ជើញស្ដេចធ្វើព្រះរាជដំណើរចូលទៅប្រថាប់ក្នុងបន្ទាយស្រុក។ សម្ដេចចៅពញាចន្ទរាជា ស្ដេចបានទ្រង់ព្រះសណ្ដាប់ហើយទ្រង់ព្រះអំណរណាស់ ទ្រង់ត្រាស់សួរសេចក្ដីដើមទងគ្រប់ប្រការ។ លុះទ្រង់ជ្រាបហើយ ស្ដេចឲ្យលើកទ័ពចូលទៅប្រថាប់ក្នុងបន្ទាយស្រុក ហើយស្ដេចហាមកងទ័ពទាំងខ្មែរ ទាំងសៀមមិនឲ្យទៅកំហែងកំហល់រាស្ត្រប្រជា ក្នុងស្រុកឲ្យសោះដើម្បីកុំឲ្យរាស្ត្រប្រជាមានសេចក្ដីក្ដៅក្រហាយ។ ទ្រង់ដាក់អាយ័តថា "បើឈ្មោះណាពុំស្ដាប់ ព្រះរាជឱង្ការនេះទេ ស្ដេចនឹងយកទោសដល់ប្រហារជីវិត"។ ខណៈនេះ អស់រាស្ត្រប្រជាក៏បានសេចក្ដីសុខសាន្ត ឥតមានទុក្ខភ័យ អំពីពួកពលទាហាន សរសើរព្រះបារមី ព្រមទាំងថ្វាយសព្ទសាធុការពរគ្រប់ៗគ្នា។
ដណ្ដើមអាណាខែត្រភាគខាងលិច[កែប្រែ]
====សមរភូមិក្រគរ គ.ស.១៥១៦
ចៅពញាលំពាំងធិបតី ក្រាបទូលពុំទាន់ផុតវាចាផង ព្រះរាជវរានុកូលក្រាបទូលថា: "សូមទ្រង់ព្រះមេត្តាប្រោស មានសំបុត្រចៅហ្វាយស្រុកខែត្រក្រគរប្ដឹងទូលព្រះបង្គំថា: នៅខែត្រពោធិ៍សាត់នោះ ចៅពញាសួគ៌ាលោកអនិច្ចកម្មក្នុងចំបាំងទៅហើយ ឥឡូវនេះចៅពញាចន្ទរាជាតាំងពញាពេជ្រ (មឿង) មេស្មឹងឲ្យឡើងជាចៅពញាសួគ៌ាលោកហើយ ហើយឲ្យធ្វើជាមេទ័ព សំរេចរាជការទាំងពួងផងទៀត ចៅពញាចន្ទរាជាឲ្យកូនពញាពេជ្រទាំង៤ នាក់នោះធ្វើជាសេនាបតីសំរាប់ទ្រង់ហើយឲ្យធ្វើបាឡាត់ទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ លើកមកវាយបន្ទាយខែត្រក្រគរទៀត ឥឡូវនេះ បន្ទាយខែត្រក្រគរបកហើយ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់គ្រវីព្រះសិរសា ហើយមានព្រះបន្ទូលថា: បងចក្រី ចូរបងឯងចេញទៅជាមេទ័ពធំ កេណ្ឌបណ្ដារាស្ត្រខែត្រខាងលិច ហើយលើកយ៉ាងស្រូតរូតទៅទល់ទប់ទ័ពរបស់ចៅពញាចន្ទរាជា ឲ្យទាន់ការណ៍ សូមបងប្រឹងជួយខ្ញុំ ឲ្យអស់ពីកំលាំងចិត្តណា៎"។ ពញាចក្រីទទួលព្រះរាជបញ្ជា ហើយក្រាបទូលថា : "ទូលព្រះបង្គំ លើកទ័ពទៅម្ដងនេះ បើចាប់បានតួខ្លា ឬ មិនបាន ក៏គង់ខ្លាត្រូវរបួសបង់ជន្មឲ្យរាងចាលជាមិនខានដែរ"។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រូវព្រះទ័យណាស់ ទ្រង់ព្រះទានលំពែងក្រំ (១) មាសមួយជាអាជ្ញាសឹក ហើយឲ្យលើកកងទ័ពទៅតាំងនៅក្នុងខែត្រលង្វែក។ ហើយទ្រង់ត្រាស់បង្គាប់សម្ដេចចៅហ្វាកៅជាមាឲ្យធ្វើមេទ័ពធំ។ ទ្រង់ប្រទានដាវគ្រឿងមាសមួយជាអាជ្ញាសឹក ហើយនឹងពានកន្ថោរទិតោមាសមួយសំរាប់ជាគ្រឿងសំរាប់យស និង ស្គរហែពីរសំរាប់ទូងតាមផ្លូវខែត្រកំពង់សៀម។ សម្ដេចចៅហ្វាកៅទទួលព្រះរាជបញ្ជាហើយក៏ថ្វាយបង្គំលា លើកទ័ពទៅដល់ខែត្រកំពង់សៀមហើយចេញសំបុត្រទៅកេណ្ឌរេហ៍ពលគ្រប់ខែត្រ។ លុះបានរេហ៍ពលគ្រប់ខែត្រមកជួបជុំហើយចៅហ៊្វាកៅ ក៏ចាត់ចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខែត្រអាសន្នទុក ឲ្យលើកទ័ពកាត់សំដៅទៅខែត្របាត់ដំបងឆ្លងមកវាយផ្ទប់ពីក្រោយកុំឲ្យចៅពញាចន្ទរាជារត់រួច។ ចំណែកឯសម្ដេចចៅហ៊្វាកៅខ្លួនឯង ជាមេទ័ពធំនោះ លើកទ័ពឆ្លងមកត្រើយខាងលិច។ ឯប៉ែកកងទ័ពនៃចៅពញាចក្រី កាលកេណ្ឌរេហ៍ពលបាន ៥៥០០ នាក់ ហើយក៏ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងលើកទ័ព ១០០០០ នាក់ជាទ័ពមុខឲ្យចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញកាន់ពល ១០០០០ នាក់ជាប៉ែកស្ដាំឲ្យចៅពញាវង្សាអនុជិត (២) ចៅហ្វាយស្រុកបាទីកាន់ពល ១០០០០ នាក់ជាប៉ែកឆ្វេងឲ្យព្រះរាជាវរានុកូលកាន់ពល ១០០០០ នាក់ជាទ័ពក្រោយ។ ឯខ្លួនចៅពញាចក្រីឯងកាន់ពល ១៥០០០ នាក់ជាទ័ពធំ។ ទ័ពចៅពញាចក្រីលើកដល់ខែត្រក្រគរក៏ប្រទះនឹងទ័ពនៃចៅពញាសួគ៌ាលោកពេជ្រ។ ចៅពញសួគ៌ាលោកពេជ្រយល់ថា "ទ័ពខាងចៅពញាចក្រីលើកមកដល់ហើយព្រមទាំងមានពលលើសកងទ័ពខ្លួនច្រើនចំនួនណាស់ផង ក៏ចាត់ប្រើចៅពញាវង្សាអគ្គរាជកែវជាកូនច្បងឲ្យកាន់ពល ២០០០ នាក់ជាទ័ពមុខចាត់ចៅពញាបរទេសរាជអង់ជាកូនទី២ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាវិបុលរាជទេពជាកូនទី៣ឲ្យកាន់ទ័ព ១០០០ នាក់ជាប៉ែកឆ្វេងចាត់ចៅពញារាជតេជៈសុខជាកូនទី៤ ជាទ័ពក្រោយកាន់ពល ១០០០ នាក់។ ឯខ្លួនចៅពញាសួគ៌ាលោកឯងកាន់ពល ៤០០០ នាក់ជាមេទ័ពធំ ហើយចេញទៅតនឹងចៅពញាចក្រី។
ចៅពញាវង្សាអគ្គរាជកែវ កូនច្បងជាមេទ័ពមុខនោះដេញទ័ពឲ្យចូលវាយលុកកងទ័ពចៅពញាតេជោ។ រេហ៍ពលក្នុងកងទ័ពទាំង ២០០០ នាក់នោះកាលស្រែកហ៊ោយកជ័យយ៉ាងកងរំពងហើយក៏រត់សំដៅចូលទៅលុកកងទ័ពនៃចៅពញាតេជោវាយកាប់សំលាប់គ្នាពពាក់ពពួនស្លាប់ហូរឈាមដូចទឹកទរ ឬ ហូរដូចជាស្ទឹង តែទ័ពពញាតេជោពុំព្រមបែកសោះ។ ចៅពញាវង្សាអគ្គរាជកែវ ឃើញដូច្នោះហើយក៏ស្ទុះចូលទៅដេញកាប់ចៅពញាតេជោដែលនៅលើខ្នងសេះ។ សេះចៅពញាតេជោ ដោយឃើញគេស្ទុះចូលមកប្រញាប់ពេក ក៏ភ្ញាក់គេចខ្លួនទៅប៉ះនឹងដើមឈើ បណ្ដាលឲ្យធ្លាក់ពញាតេជោពីលើខ្នងសេះខ្ពោក។ ចៅពញាវង្សាអគ្គរាជឃើញបាចណាបហើយ ក៏កាប់ពញាតេជោស្លាប់មួយរំពេច រេហ៍ពលទាំងសងខាង ក៏ប្រកាប់ប្រចាក់គ្នាច្របូកច្របល់ទៅវិញទៅមកយ៉ាងសាហាវដូចម្រឹគពាឡមានរបឹងរឹងរូសមិនព្រមចាញ់គ្នាទៅវិញទៅមកសោះ។ ចៅពញវង្សាអគ្គរាជយល់ថា "ពលខ្លួនតិចណាស់ ហើយកងទ័ពខាងសត្រូវ ដែលមានចំនួនច្រើនស្រាប់ទៅហើយនោះ ក៏រឹងរឹតតែមកដល់ថែមហើយថែមទៀតផងនឹងយកជ័យតទៅទៀតពុំបានឡើយ" ទើបនាំរេហ៍ពលថយមកជំរាបបិតាតាមដំណើរ។ ឯចៅពញារាជាមេត្រី ចៅហ្វាយស្រុកខែត្រភ្នំពេញ និង ចៅពញាវង្សាអនុជិតចៅហ្វាយស្រុកខែត្របាទីជាមេទ័ពឆ្វេងស្ដាំ ដែលលើកតាមទ័ពពញាតេជោនោះ ក៏បានប្រទះនឹងកងទ័ព ចៅពញាបរទេសរាជនិង ចៅពញាវិបុលរាជដែលបង្កប់តាមសងខាងផ្លូវនោះ។
កងទ័ពចៅពញាបរទេសរាជ និងចៅពញាវិបុលរាជ កាលបើបានប្រទះហើយ ក៏ដេញពលចូលច្បាំង កាប់ចាក់ពលនឹងពល ចៅហ្វាយនឹងចៅហ្វាយប្រកាប់ប្រចាក់គ្នាទៅវិញទៅមក។ ចៅពញាវង្សាអនុជិតជាចៅហ្វាយស្រុកខែត្របាទីក្នុងពេលដែលកំពុងប្រកាប់គ្នាទៅវិញទៅមកនោះសេះរបស់ខ្លួនផុងជើងក្នុងរណ្ដៅផង ច្រឡោតដោយស្នូរកាំភ្លើងផង ក៏បណ្ដាលឲ្យធ្លាក់ចៅពញានេះទៅដី។ មួយរំពេចនោះ ចៅពញាវិបុលរាជស្ទុះចូលទៅកាប់ត្រូវស្មាចៅហ្វាយស្រុកខែត្របាទីបណ្ដាលឲ្យគាត់ពិការជាទំងន់។ អស់សេនាទាហាន ខាងចៅពញាវង្សាអនុជិតនាំគ្នាជួយគ្រាហ៍ចៅហ្វាយរត់រួចខ្លួនទៅ។ ទ័ពស្ដាំរបស់ចៅពញាចក្រី កាលបើឃើញថា "នាយទ័ពរបស់ខ្លួនត្រូវរបួសជាទំងន់ហើយ" ក៏នាំគ្នាទៅរកទ័ពចៅពញាតេជោ។ មេកងខាងចៅពញាចក្រី កាលដឹងថា"ចៅពញាតេជោ ស្លាប់ក្នុងសង្គ្រាមហើយ" ក៏នាំសេនាទាហានទាំងពីរកង ទៅប្ដឹងចៅពញាចក្រី។ ចៅពញាចក្រីបានដឹងហើយក៏លើកទ័ពធំតាមមក។ ចៅពញាចក្រី លុះឃើញកងទ័ព ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញនិងទ័ពចៅពញាបរទេសរាជ និងវិបុលរាជ ជាកូនទី២ ទី៣របស់ចៅពញាសួគ៌ាលោកពេជ្រកំពុងច្បាំងប្រកាប់គ្នា យ៉ាងគឹកកងរំពងខ្លាំងណាស់ដូច្នោះ ព្រមទាំងបានក្រឡេកមើលពីលើដំរីទៅ ឃើញកូនតាពេជ្រ ទាំងពីរនាក់នោះក្លាហានណាស់ ក៏នឹកថប់ក្រែងចៅពញារាជាមេត្រីថយថ្វីដៃរបស់កូនតាពេជ្រទាំងពីរនាក់ ទើបចៅពញាចក្រី ដេញរេហ៍ពល ឲ្យចូលទៅជួយច្បាំងថែមទៀត។
ចំណែកឯ ចៅពញាសួគ៌ាលោកពេជ្រ ចៅពញារាជតេជៈសុខកូនទី៤ របស់តាពេជ្រ កាលបានដឹងនូវកិច្ចការទ័ព ទាំងនោះហើយ ក៏លើកទ័ពទៅដែរ ហើយចូលជួយច្បាំងកូនទាំងពីរនោះទៀត។ ការប្រយុទ្ធរវាងកងទ័ព ខាងចៅពញាចក្រី និង ខាងចៅពញាសួគ៌ាលោកពេជ្រ បានប្រព្រឹត្តទៅអស់ពេលដ៏យូរ តែមិនមានខាងណាអន់ជាងខាងណាឡើយ។ ទ័ពទាំងសងខាង សុទ្ធសឹងតែរបឹងរឹងរូសមោះមុត ដូចៗគ្នា។
ខណៈនោះ ពញាសួគ៌ាលោកពេជ្រ យល់ថា កងទ័ពចៅពញាចក្រី មានពលច្រើនណាស់ សេនាទាហានទាំងនោះ ក៏មានថ្វីដៃខ្លាំងៗទៀត ឯពលខាងខ្លួន ក៏ស្លាប់ប្រមាណជា ៦០ នាក់ទៅហើយឃើញថានឹងតយកជ័យជំនះពុំបានទេ។ លុះវេលាព្រលប់ មកដល់ហើយ ចៅពញាសួគ៌ាលោកពេជ្រ ក៏វាយស្គរ ជាសញ្ញាឲ្យដំណឹងដល់កងទ័ព ឲ្យឈប់ច្បាំង ទាំងសងខាង។
ចៅពញាសួគ៌ាលោកពេជ្រ និង កូនទាំង៤នាក់ នាំសេនាទាហានរេហ៍ពល ថយទ័ពទៅក្រាបបង្គំគាល់ ព្រះចៅពញាចន្ទរាជានៅបន្ទាយពោធិ៍សាត់ ព្រមទាំងក្រាបបង្គំទូល តាមហេតុគ្រប់ប្រការ។ ចៅពញាចក្រី ឃើញថាចៅពញាសួគ៌ាលោក បន្ថយទ័ពទៅនោះ មិនហ៊ានដេញតាមទៅទេ ដោយខ្លាចចាញ់កលតាពេជ្រផង ដោយព្រះអាទិត្យអស្ដង្គតរលត់រស្មីទៅហើយផង។
សមរភូមិពោធិ៍សាត់ គ.ស. ១៥១៦[កែប្រែ]
លុះព្រឹកឡើង ចៅពញាចក្រីបំរុងនឹងលើកទ័ព តាមចៅពញាសួគ៌ាលោក តែទទួលពេលនោះសម្ដេចចៅហ៊្វាកៅនាំពល ៥០០០០ នាក់លើកឆ្លងមកដល់ដែរ ចៅពញាចក្រីក៏បញ្ឈប់ទ័ព រង់ចាំស្ដាប់ចៅហ៊្វាកៅដែលនឹងចាត់ទ័ពជាថ្មីវិញ។ វេលានោះចៅហ៊្វាកៅបានចាត់ទ័ពជា ៥ កងដូចតទៅនេះ៖
១. ឲ្យចៅពញាចក្រីកែវឃុំពល ៣០០០០ នាក់ជាមេទ័ពមុខ (ទ័ពស្រួច)។
២. ឲ្យចៅពញារាជាមេត្រីទិព្វ ចៅហ្វាយស្រុកខែត្រភ្នំពេញឃុំពល ២០០០០ នាក់ជាមេកងទ័ព ប៉ែកឆ្វេង។
៣. ឲ្យចៅពញាស្រែន្យសេនាឫទ្ធីជ័យ ចៅហ្វាយស្រុកខែត្រលង្វែក ឃុំពល១៥០០នាក់ជាប៉ែកស្ដាំ។
៤. ឲ្យចៅពញាសេនាសង្គ្រាមសួស ចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ។ ឬអម្រិន្ទបូរ គឺស្រុកបរិបូណ៌ឃុំពល ១៦០០០ នាក់ជាទ័ពក្រោយ។
៥. ឯខ្លួនសម្ដេចចៅហ៊្វាកៅ ឯងឃុំពល ៤០០០០ នាក់ជាមេទ័ពធំ។
សម្ដេចចៅហ៊្វាកៅលើកទ័ពដេញតាមទ័ពចៅពញាសួគ៌ាលោកពេជ្រ ដែលថយទ័ពមកក្រាបបង្គំទូលចៅពញាចន្ទរាជានោះ។ គ្រាដែលចៅហ៊្វាកៅលើកទ័ពដេញតាមមកនោះ កងទ័ពចៅពញាសួគ៌ាលោកពេជ្របានចូលទៅក្នុងបន្ទាយអស់ទៅហើយ។
សម្ដេចចៅពញាចន្ទរាជាកាលទ្រង់បានជ្រាបថា: "កងទ័ពខាងគេលើកមកច្រើនណាស់ដូច្នេះហើយ"ទ្រង់ក៏ត្រាស់ឲ្យកេណ្ឌពលបាន ២០០០០ នាក់ឲ្យឡើងការពារបន្ទាយ។ លុះកងទ័ពខាងចៅហ៊្វាកៅមកចោមវាយបន្ទាយ ទ្រង់ក៏ឲ្យទ័ពក្នុងបន្ទាយបាញ់ព្រួញចោលដុំថ្មទៅត្រូវកងទ័ពសម្ដេចចៅហ៊្វាកៅស្លាប់អស់ជាច្រើន។ ចៅហ៊្វាកៅ ខំដេញពលពានកំពែងបន្ទាយណែនណាន់តាន់តាប់ដូចស្រមោចរោមស្ករ តែវាយមិនបាន។ កាលដឹងថាវាយយកបន្ទាយសម្ដេចចៅពញា ចន្ទរាជាពុំបានក៏ឲ្យចៅហ៊្វាកៅ បោះទ័ពព័ទ្ធចោមបន្ទាយនោះឲ្យជាប់ដើម្បីទប់ព័ទ្ធខាងក្នុងមិនឲ្យចេញរួចផងឲ្យអត់បាយបរិភោគដរាបត្រូវស្លាប់ ឬត្រូវដាច់ពោះគ្រប់ៗគ្នាផង។
សម្ដេចចៅហ៊្វាកៅ ចៅពញាចក្រីកែវឲ្យពលចោមបន្ទាយរហូតដល់ ១២ ខែ។ កងទ័ពខាងសម្ដេចចៅពញាចន្ទរាជាចេញពីបន្ទាយពុំរួចមែនស្បៀងអាហារក្នុងបន្ទាយក៏ចេះតែហោចទៅៗគួរឲ្យបារម្ភណាស់ដោយបន្ទាយនោះមិនទាន់មានការប្រុងប្រៀបមាំមួន ប៉ុន្តែដោយហេតុព្រះបារមីរបស់ព្រះអង្គ ដែលបានសាងមកពីអតីតកាល បណ្ដាលឲ្យកងជញ្ជូនស្បៀងខាងសម្ដេចចៅហ៊្វាកៅបញ្ជូនទៅពុំទាន់។ ដូច្នេះ សម្ដេចចៅហ៊្វាកៅហើយក៏ឲ្យថយកងទ័ពមកតាំងបន្ទាយឆ្ងាយពីបន្ទាយព្រះចន្ទរាជា ចំងាយ ៣ សិនឲ្យទ័ពព័ទ្ធជុំវិញទៀត។ ការណ៍ដែលចៅហ៊្វាកៅឲ្យថយទ័ពនោះប្រយោជន៍ឲ្យកងទ័ពផ្លាស់ប្ដូរគ្នាចេញទៅរកស្បៀងអាហារក្នុងភូមិជិតខាង។
សម្ដេចចៅពញាចន្ទរាជា កាលទតឃើញថា "កងទ័ពសត្រូវថយឃ្លាតពីបន្ទាយព្រះអង្គហើយព្រះអង្គក៏ទ្រង់ត្រាស់ប្រឹក្សានឹងនាយកង នាយទ័ពថា: "ទ័ពសត្រូវរំលៀកចេញពីបន្ទាយយើងបន្តិចហើយ ការណ៍នេះល្អប្រពៃហើយជាឱកាសឲ្យយើងគិតដោះដៃចេញពីសត្រូវបានដោយស្រួល ចុះយើងនឹងគិតធ្វើយ៉ាងណាដើម្បីឲ្យចេញរួចពីចំណោមនេះ?"។
ចៅពញាសួគ៌ាលោកពេជ្រក្រាបទូលថា:
"បើយើងនឹងគិតវាយទំលាយចេញនោះក៏ចេញរួចបានដែរ ពីព្រោះពលយើងមានតែ ២០០០០ នាក់ ឯពលខាងគេ មានដល់ទៅជាង ១០០០០០ នាក់ បើយើងចេញរួចទៅ ទ័ពទាំងសងខាងក៏គង់ស្លាប់ច្រើនជាមិនខាន បើយើងរឹងតែនៅក្នុងបន្ទាយនេះ មិនចេញទទួលច្បាំងសោះ ក៏មិនបានដែរ ពីព្រោះបន្ទាយរបស់យើងទើបនឹងតាំងថ្មី ឯស្បៀងអាហារ ក៏ពុំទាន់មានបរិបូរណ៍ដល់យូរទៅ ក្រែងលំបាកក្នុងការខ្វះខាតគ្រប់យ៉ាង ទូលព្រះបង្គំជាខ្ញុំគិតយកគំនិតមួយមកសូមទទួលអាសាគឺទៅកេណ្ឌកងទ័ពបិសាចឲ្យមកចោមវាយទ័ពចៅហ៊្វាកៅ បើទ្រង់ព្រះរាជាអនុញ្ញាតទូលព្រះបង្គំយល់ឃើញច្បាស់ថា មុខជានឹងឈ្នះសត្រូវដោយងាយ បើទ្រង់ព្រះករុណាពិសេសយល់ព្រមផងនោះ សូមឲ្យជីករណ្ដៅកណ្ដាលបន្ទាយនេះ ឲ្យបានជាប្រញាប់ដើម្បីទូលព្រះបង្គំនឹងបានគិតការថ្វាយឲ្យទាន់ពេលវេលា។
សម្ដេចចៅពញាចន្ទរាជា កាលទ្រង់ព្រះសណ្ដាប់ចៅពញាសួគ៌ាលោកទូលសុំយ៉ាងនេះទ្រង់ពុំជឿសោះទេ ទើបទ្រង់គ្រវីព្រះសិរសា ហើយត្រាប់ថា "ពីបុរាណរៀងមក យើងពុំដែលឮថា មានឈ្មោះណាទៅកេណ្ឌយកខ្មោចបិសាច មកជួយច្បាំងមនុស្សដល់ម្ដងឡើយណ្ហើយអ្នកចៅពញា លែងគិតគំនិតបែបនេះទៅចុះ ព្រោះជាគំនិតមិនដែលមានអ្នកណាគិតមកពីមុនផង និងជាកិច្ចការមួយដែលខ្ញុំមិនជឿថាមានប្រសិទ្ធិភាពទាល់តែសោះផង"។
ចៅពញាសួគ៌ាលោកពេជ្រក្រាបទូលថា បើទ្រង់មិនសព្វព្រះហឫទ័យឲ្យគិតធ្វើតាមចំណេះ និងតាមមន្តវិជ្ជាការទូលព្រះបង្គំទេ នោះទូលព្រះបង្គំនឹងអារកឲ្យស្លាប់នៅទីនេះក្នុងឥឡូវនេះហើយ ព្រោះបើនឹងរស់នៅតទៅ ក៏មិនបានជួយយកអាសាផែនដីថ្វាយព្រះអង្គដល់កំរិតដែរ"។ ថាហើយចៅពញាសួគ៌ាលោកពេជ្រ ក៏ហូតដាវនឹងអារកតាមពាក្យដែលខ្លួនបានក្រាបទូល។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ក្រឡេកព្រះនេត្រាឃើញទាន់ក៏ទ្រង់ស្ទុះទៅចាប់ដាវនោះចេញពីដៃហើយទ្រង់ត្រាស់ថា: "កុំ! កុំ ចៅពញាកុំសំលាប់ខ្លួនខ្ញុំស្ដាយលោកណាស់ ខ្ញុំព្រមតាមចៅពញាហើយដូច្នេះ បើចៅពញាគិតឃើញដូចម្ដេច ស្រួលសូមចៅពញាធ្វើតាមគំនិតនោះចុះ"។
ចៅពញាសួគ៌ាលោក ឮហើយមានអំណរណាស់ ទើបថ្វាយបង្គំលាចេញមកក្រៅដំណាក់ ហើយក៏ចាត់កូនទាហានឲ្យជីករណ្ដៅធំមួយ ជំរៅ ៨ ហត្ថ ៤ ជ្រុងឲ្យធ្វើរានទេវតា ៧ ថ្នាក់ដាក់បាយសី ទឹកអប់ និង គ្រឿងបូជា ហើយឲ្យធ្វើរាជវីតិព័ទ្ធជុំវិញ។ លុះពួកពល ធ្វើតាមបង្គាប់សព្វគ្រប់ហើយ ចៅពញាសួគ៌ាលោកពេជ្រ ក៏ស្លៀកស ពាក់ស ហើយឲ្យរៀបភ្លេងចាំប្រគុំទាំង៨ទិស។
រឿងពញាពេជ្រ នេះមានក្នុងព្រះរបាក្សត្រថា: ពញាពេជ្រនេះ ជាមេស្មឹង មានកូនប្រុស៤នាក់ គឺឈ្មោះកែវ ១ កែ ១(៣) ទេព ១ សុខ ១។ ពញាពេជ្រ មានសំឡាញ់ម្នាក់ឈ្មោះចន្ទ ធ្វើជាជំទប់មេស្មឹងក្រវាញ។ ក្នុងគ្រានោះ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គមានម្នាងម្នាក់ ឈ្មោះអ្នកម្នាងខៀវ។ អ្នកម្នាងខៀវនោះ ទ្រង់គភ៌៧ខែ ហើយអ្នកម្នាងមានបាវស្រីមួយ ឈ្មោះ នាងពេញ។
សាស្ត្រារបាក្សត្រនោះនិយាយទៀតថាក្នុងគ្រាដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពពីក្រុងស្រីអយុធ្យាមកខែត្រពោធិ៍សាត់នោះ ពញាពេជ្រនាំដំរី សេះ ជាច្រើនទៅថ្វាយ ទុកធ្វើសង្គ្រាមប្រយុទ្ធនឹងព្រះស្រីជេដ្ឋា (ស្ដេចកន)។ សម្ដេចចៅពញាចន្ទរាជា ស្ដេចមកដល់ខែត្រក្រគរបានតយុទ្ធនឹងទ័ពព្រះស្រីជេដ្ឋា ប៉ុន្តែខាងទ័ពព្រះស្រីជេដ្ឋាឈ្នះ។
សម្ដេចចៅពញាចន្ទរាជាទ្រង់ឃើញទ័ពព្រះអង្គចាញ់ទ័ពព្រះស្រីជេដ្ឋាដូច្នេះ ព្រះអង្គក៏ថយទៅប្រថាប់ទ័ព នៅបន្ទាយមានជ័យ ខែត្រពោធិ៍សាត់ក្នុងឃុំបាក់នឹមវិញ។
ពញាពេជ្រកេណ្ឌទ័ពខ្មោច[កែប្រែ]
ខណៈនោះ ពញាពេជ្រ កាលឲ្យពលជីករណ្ដៅជំរៅ ៨ ហត្ថ ៤ ជ្រុងហើយ ក៏ថ្វាយបង្គំលាសម្ដេចចៅពញាចន្ទរាជាទៅកេណ្ឌបិសាចឲ្យជួយធ្វើសង្គ្រាម។ មុននឹងទៅកេណ្ឌបិសាចនោះពញាពេជ្របានផ្ដាំនឹងពញាចន្ទជាសំឡាញ់ដែលជាជំទប់មេស្មឹងភ្នំក្រវាញថា "ឲ្យសំឡាញ់ឯង នៅជាមេស្មឹងជំនួសអញ ដើម្បីនិយាយតពីព្រះមហាក្សត្រមកអញ កុំបីឲ្យព្រះអង្គនិយាយផ្ទាល់នឹងអញឡើយមួយទៀត បើដល់ថ្ងៃស្អែកពេញបូណ៌មីខែពិសាខ វេលាយប់ បើឯងឮសូរសន្ធឹកខ្ទរខ្ទារមេឃក្នុងដីហើយ ឲ្យឯងក្រាបបង្គំទូលព្រះបរមបពិត្រ សូមឲ្យទ័ពទៅចោមបន្ទាយសត្រូវជាប្រញាប់ចុះ"។
ឯអ្នកម្នាងខៀវ កាលឮថា "ពញាពេជ្រសំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចហើយក៏មានចិត្តឈឺឆ្អាលជួយផែនដីដែរ។ កាលឃើញពញាពេជ្រចូលក្នុងរោងរាជវ័តិ តាំងពិធីបួងសួងទេវតាដូច្នោះ អ្នកម្នាងក៏ថ្វាយបង្គំលា សម្ដេចចៅពញាចន្ទរាជា ចូលទៅក្នុងទីព្រះរាជពិធីដែរ។ លុះបួងសួងទេវតាស្រេចហើយ អ្នកម្នាងខៀវ និងពញាសួគ៌ាលោកពេជ្រ ក៏លោតទាំងពីរនាក់ទៅក្នុងរណ្ដៅ។ ព្រះបរមបពិត្រ និង បណ្ដាជាខ្ញុំ ក្រុមរាជការជួយឃាត់ផង ក៏ពុំស្ដាប់។ ក្នុងគ្រានោះ កូនពញាពេជ្រ ៤ នាក់ដែលព្រះបរមបពិត្រស្ដេចបានតាំងជាមន្ត្រីទាំង៤នាក់ រួចហើយនោះគឺ៖
១. ឈ្មោះកែវ ទ្រង់បានតាំងជា "ចៅពញាវង្សាអគ្គរាជ"
២. ឈ្មោះកែ ទ្រង់បានតាំងជា "ចៅពញាបរទេសរាជ"
៣. ឈ្មោះទេព ទ្រង់បានតាំងជា "ចៅពញាវិបុលរាជ"
៤. ឈ្មោះសុខ ទ្រង់បានតាំងជា"ពញារាជតេជៈ"។
កូនទាំង ៤ នាក់នោះកាលឃើញបិតា លោតសំឡាប់ខ្លួនទៅកេណ្ឌបិសាចដូច្នោះ ក៏និយាយគិតគ្នាថា: "បិតាយើងទៅតែម្នាក់ឯង គ្មានគេទៅជួយបំរើជួយគិតកេណ្ឌបិសាចផងសោះ បើយ៉ាងនេះក្រែងឪពុកយើងធ្វើការនេះពុំទាន់ការ ដូច្នេះត្រូវយើងកេណ្ឌទ័ពខ្មោចជាមួយនឹងគាត់"។ ថាតែប៉ុណ្ណោះ កូនទាំង៤នាក់នោះក៏ស្ទុះលោតទៅតាមបិតាទាំងអស់គ្នា។ តែខណៈនោះ ខ្ញុំរាជការចាប់មិនឲ្យលោតតាមដើម្បីឃាត់ឲ្យនៅធ្វើរាជការបានពីនាក់មកវិញ គឺចៅពញាវិបុលរាជ ទេព១ ចៅពញារាជតេជៈសុខ ១។ ឯចៅពញាវង្សាអគ្គរាជកែវ និងចៅពញាបរទេសរាជកែ (ឬអង់) ជាកូនទី១ ទី២ នោះ ខ្ញុំរាជការចាប់ឃាត់ពុំទាន់ ក៏លោតចុះទៅក្នុងរណ្ដៅស្លាប់ជាមួយបិតាទៅ។ អ្នកម្នាងខៀវក៏លោតសំលាប់ខ្លួនទៅក្នុងរណ្ដៅ រួមជា ៤ នាក់។ (ខ្មោចទាំង ៤ នាក់នោះបានកើតឡើងជាដំបូកឃ្លាំងពេជ្រ ដល់សព្វថ្ងៃនេះ)។
លុះដល់ ព្រះចន្ទចរត្រង់ ក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ នោះក៏ស្រាប់តែឮសូរសន្ធឹកខ្ទរខ្ទារមហិមានៅលើមេឃ និង នៅក្នុងដី នាំឲ្យភិតភ័យតក្កមាក្រៃលែង ហាក់បីដូចជាកក្រើកក្រឡាមហាប្រថពី។ ខណៈនោះពញាចន្ទ មេស្មឹង យកសេចក្ដីក្រាបបង្គំទូល សម្ដេចៅពញាចន្ទរាជា តាមបណ្ដាំចៅពញាសួគ៌ាលោកពេជ្រដែលបានផ្ដាំនោះ។ សម្ដេចចៅពញា ចន្ទរាជា ក៏លើកទ័ពចេញទៅចោមបន្ទាយសត្រូវ។ ឯកងទ័ពសត្រូវបានឮសូរសន្ធឹកខ្ទរខ្ទារលើកមកក្នុងដីលើមេឃសន្ធឹកដូចជារន្ទះ ដូច្នោះក៏ភិតភ័យញ័រជើងញ័រដៃរន្ធត់តក់ស្លុតរត់ចោលបន្ទាយចោលសស្ត្រាវុធរត់គេចដោះខ្លួនឲ្យរួចជីវិត តែសព្វខ្លួន។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គលើកពលយោធាចូលក្នុងបន្ទាយអាសត្រូវហើយទ្រង់ចាត់កងទ័ពឲ្យដេញតាមទ័ពអាសត្រូវទៅ។ ព្រះអង្គបានគ្រឿងសស្ត្រាវុធ ស្បៀងអាហារសេះ ដំរី ជាច្រើនដែលនៅក្នុងបន្ទាយនោះទាំងប៉ុន្មាន។
ថ្ងៃក្រោយមកនាងពេញជាបាវអ្នកម្នាងខៀវបានដឹងថា "ចៅហ្វាយរបស់ខ្លួនស្លាប់ទៅហើយ ហើយទៅកើតជាបិសាច រក្សាស្រុកដូច្នោះ" នាងអធិដ្ឋានថា : "ខ្ញុំសូមឲ្យបានទៅជួបនឹងចៅហ្វាយខ្ញុំហើយឲ្យបានជាផ្នូកផ្នូលព្រះនគរ" លុះបួងសួងស្រេចហើយ នាងពេញក៏លោតទឹកស្ទឹងពោធិ៍សាត់ជិតផ្សារក្រោមនេះ ហើយស្លាប់ទៅកើត ជាបិសាច ថិតនៅក្នងទីដែលមានដំបូកទាំង ៣។
អ្នកម្នាងខៀវកើតជាដំបូកមួយនៅខាងជើង ពញាពេជ្រកើតជាដំបូកមួយនៅខាងត្បូង វង្សាអគ្គរាជកែវ និងបរទេសរាជកែ ដែលជាកូនពញាសួគ៌ាលោកពេជ្រ នោះកើតជាដំបូកមួយនៅខាងលិច។
កាលពញាពេជ្រ ពញាវង្សាអគ្គរាជកែវ ពញាបរទេសរាជកែ អ្នកម្នាងខៀវលោតចុះទៅក្នុងរណ្ដៅ ហើយអស់ពួកតូរ្យតន្ត្រី តាំងប្រគុំរងំខ្ទរខ្ទារ ទាំង ៨ ទិសនោះមក ដំណឹងក៏ជ្រាបដល់ព្រះបាទសម្ដេចចន្ទរាជា។ ព្រះបរមបពិត្រ ទ្រង់ឱ្យនិមន្តព្រះសង្ឃបង្សកូលធ្វើបុណ្យសង្គាយនា ៣ ថ្ងៃ ៣ យប់ ទើបទ្រង់តាំងចៅពញាវិបុលរាជទេព ជា "ចៅពញាសួគ៌ាលោក" ជាជំនួសពញាពេជ្រ។ ចៅពញាតេជៈសុខ ជាកូនពញាពេជ្រ ទ្រង់ឱ្យគ្រងងារជា "ចៅពញាសង្គ្រាម" ជាចៅហ្វាយស្រុកខែត្រអមរគីរិន្ទបូរ (ឬអម្រិន្ទបូរ) សក្ដិ ១០ ហ៊ូពាន់ដូចគ្នា។ ទ្រង់ត្រាស់បង្គាប់ឱ្យចៅពញាសេនាសង្គ្រាមសុខចាត់ពលនឹងលើកទៅតាមកំចាត់សឹកសត្រូវ។
ក្រោយថ្ងៃធ្វើបុណ្យឧទ្ទិសកុសលជូនខ្មោចពញាពេជ្រ នោះក្នុងពេលព្រឹក មានមនុស្សម្នាក់ឈ្មោះហ្មជ័យ យកដំរីភ្លុកមួយកំពស់ ៦ ហត្ថ ១២ ធ្នាប់ មានរូបល្អបរិសុទ្ធមកក្រាបទូលថ្វាយព្រះចន្ទរាជា។ ដំរីនោះ មានកិរិយាប្រពៃក្រៃលែងជាងដំរីទាំងពួង សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់សព្វព្រះទ័យណាស់ ទុកដំរីនោះជាព្រះទីនាំងតាំងខ្នាន់នាមជា "ព្រះពិជ័យគជា" តាមឈ្មោះហ្ម និងតាមជាតិដំរី។ ទ្រង់តាំងហ្មជ័យ នោះជាចៅហ្វាយស្រុកខែត្រក្រងរួចហើយស្ដេចយាងទៅឯមុនព្រះពន្លា។ លុះឃើញអ្នកមុខអ្នកការបណ្ដារាស្ត្រនាំ ដំរី សេះ មកក្រាបបង្គំទូលថ្វាយខ្លះមួយ ខ្លះពីរ ស្ដេចទទួលបានដំរី ៣៥ សេះ ៣០។ ទ្រង់មានព្រះអំណរណាស់ ស្ដេចប្រោសព្រះរាជទាន រង្វាន់ជាមាសប្រាក់ និង យសសក្ដិ ដល់ជនជាម្ចាស់ដំរី ម្ចាស់សេះ ដែលថ្វាយព្រះអង្គ។
ឯសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ (មេទ័ពខាងស្ដេចកន) កាលបែកទ័ពដោយសារទ័ពបិសាចនោះ ក៏ថយមកឈប់ប្រមូលកងទ័ពតាំងខ្ជាប់ខ្ជួននៅខែត្រក្រគរ។ ក្រោយពីនោះ បីបួនថ្ងៃ ចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកចោមបន្ទាយពោធិ៍សាត់វិញ។
ប៉ុន្តែពេលនោះ មេទ័ពទាំងពីរកាលទៅដល់បន្ទាយពោធិ៍សាត់ហើយមិនទាន់ចូលទៅវាយទេព្រោះមេទ័ពទាំងពីរនោះរង់ចាំកងទ័ពចៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខែត្រអាសន្នទុក ដែលត្រូវមកព័ទ្ធទ័ពសម្ដេចចៅពញាចន្ទរាជា ពីក្រោយ ដើម្បីកុំឱ្យស្ដេចចៅពញាចន្ទរាជា ស្ដេចរត់រួច។
ឯសម្ដេចចៅពញាចន្ទរាជា តាំងពីបានឈ្នះសង្គ្រាម សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវមក ទ្រង់ក៏តាំងឱ្យផ្ដើមកេណ្ឌប្រមូលកងទ័ពថែមទៀត។ ថ្ងៃមួយនោះ ទ្រង់ជ្រាបថា សម្ដេចចៅហ៊្វាកៅ និងចៅពញាចក្រីកែវ លើកទ័ពត្រឡប់មកបោះចោមបន្ទាយម្ដងទៀត តែពុំទាន់ឃើញចូលវាយ។ យប់នោះ ទ្រង់ចាត់ចែងតែងនាយកង នាយទ័ព តាមចំនួនដែលត្រូវការ ទ្រង់តាំងចៅពញាតេជៈសុខ កូនពៅនៃពញាពេជ្រឱ្យគ្រងងារជា "សេនាបតី" ធ្វើជាទ័ពមុខ ឃុំពល ៥០០០ នាក់ ឱ្យចៅពញាសួគ៌ាលោកទេពជាកូនទី៣ របស់ពញាពេជ្រធ្វើជាមេទ័ពឃុំពល ៥០០០ នាក់ ទៅនៅទល់មុខទ័ពនៃចៅពញាចក្រីកែវ និង នៃសម្ដេចចៅហ៊្វាកៅ ដែលមានពល ៣០០០០ នាក់ ជាទ័ពមុខ។ ព្រះចន្ទរាជាទ្រង់ពល ១៥០០០ នាក់ ជាទ័ពហ្លួង លើកតាមទៅជាក្រោយ រួចទ្រង់ឱ្យចៅពញាយសរាជា ជាព្រះភាគិនេយ្យ និង ឧកញ៉ាវៀត ជាព្រះពិលៀង ឃុំពល ៣០០០ នាក់ នៅរក្សាបន្ទាយ។ លុះចាត់ទ័ពស្រេច ហើយល្មមពេលព្រះចន្ទចរត្រង់ចំពីលើទ្រង់ហើយ សម្ដេចចៅពញាចន្ទរាជាក៏អុជ ទៀន ធូប ភ្ញី ផ្កា តាំងធ្វើនមស្ការ ទ្រង់ប្រតិស្ថានដល់គុណព្រះរតនត្រ័យ និង ព្រះព្រហ្ម បរមឥន្ទ្រាធិរាជ ព្រមទាំងទេវតាទាំងឆកាមាសួគ៌ ដែលមានឫទ្ធីសក្ដិសិទ្ធិ និង អ្នកតាឃ្លាំងមឿងថា: "ឱ្យយើងខ្ញុំមានជ័យជំនះឈ្នះបានសេចក្ដីសុខ ទាំងរេហ៍ពលសកលយោធា" ។ ទ្រង់បួងសួងស្រេចហើយ ស្ដេចឡើងគ្រងព្រះទីនាំងពិជ័យគជេន្ទ្របវរសសុទ្ធដ៏ប្រពៃ។ ខណៈនោះស្រាប់តែឮសូរហ៊ោក្រោមប្រថពីលើអាកាសដាសកក្រើករំពើកទាំងផែនដី។ សូរសព្ទទាំងនោះ អស្ចារ្យពន់ប្រមាណណាស់។ ព្រះបរមក្សត្រក្សាន្តទ្រង់ឱ្យវាយគង ទូងភេរី លើកយោធាចេញទៅទាំង ៤ កង តំរង់ទៅបន្ទាយសម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវ។
សម្ដេចចៅហ៊្វាកៅ និង ចៅពញាចក្រីកែវបានដឹងហើយ ក៏ដេញកងទ័ពឱ្យបាញ់ត។ ក្នុងពេលដែលកងទ័ពកំពុងតែបាញ់ចាក់កាប់គ្នានោះ កងទ័ពខាងសត្រូវគឺខាងលោកកៅ និងលោកកែវទាំងប៉ុន្មាននោះ ក៏ស្រាប់តែឮសូរសន្ធឹកនៃទ័ពជាច្រើនកងព័ទ្ធពីក្រោយខ្នងខ្លួន។ សូរសព្ទហ៊ោនោះលាន់ឮកក្រើករំពើកទាំងក្រឡាប្រឹថពីដូចជាស្នូររន្ទះ ឬ ដូចជាភ្នំរលំមកលើទ័ពរបស់ខ្លួន។ សូរសព្ទនេះកើតឡើង ដោយសារខ្មោចពញាពេជ្រ កេណ្ឌបិសាចមកជួយ។ ខណៈនោះ នាយកងទ័ព សេះ ដំរី ខាងសត្រូវក៏ផ្អើលវឹកវរជាន់ជល់ដួលអស់សេនាទាហានខាងខ្លួនឯង។ រេហ៍ពលខាងសត្រូវ ក៏បែកទ័ពរត់យកតែអាយុជីវិតគ្រប់ខ្លួនទីទៃៗគ្នា។
ចៅពញាសួគ៌ាលោកកែវ និង ចៅពញាមហាសេនាសង្គ្រាមសុខ ក៏ដេញរេហ៍ពលឱ្យចូលចោមកងទ័ពចៅពញាចក្រីជិតជុំវិញ។ ចៅពញាចក្រីកែវឃើញដូច្នោះ ក៏លោតឡើងជិះដំរីបរចូលទៅតទល់ជាមួយនិងចៅពញាសួគ៌ាលោកកែវ (កែវតទល់នឹងកែវ) លុះទៅជិតទៀបនឹងបានប្រកាប់ជាមួយ និងចៅពញាសួគ៌ាលោកទៅហើយ ក៏ស្រាប់តែដំរីជំនិះនៃចៅពញាចក្រីកែវនោះភ្ញាក់ផ្អើលបោលពេញទំហឹងបណ្ដាលឱ្យដូចគេគ្រវាត់ធ្លាក់ខ្លួនចៅពញាចក្រីទៅលើភ្លុកដំរីជាជំនិះនៃចៅពញាសួគ៌ាលោក។ ភ្លាមនោះ ចៅពញាសួគ៌ាលោក ក៏កាប់ពញាចក្រីនឹងដាវដាច់កស្លាប់មួយរំពេច។ រេហ៍ពលខាងចៅពញាចក្រីកែវឃើញនាយស្លាប់ហើយមិនហ៊ានតទល់ទៅទៀតទេ ក៏បែកទ័ពរត់ខ្ចាត់ខ្ចាយទៅទីទៃៗអស់។
ពញាសួគ៌ាលោកកែវ និងចៅពញាសេនាសង្គ្រាមសុខ កាលបានជ័យជំនះហើយ ក៏នាំយកក្បាលចៅពញាចក្រីកែវ ទៅក្រាបបង្គំទូលសម្ដេចពញាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចចៅពញាចន្ទរាជា ទ្រង់មានព្រះអំណរណាស់។ លុះព្រឹកឡើងកងទ័ពសម្ដេចចៅពញាចន្ទរាជាចាប់បានដំរីសេះ គោ ក្របី ស្បៀងអាហារ សស្ត្រាវុធ និង របស់ផ្សេងៗជាច្រើននាំមកក្រាបទូលថ្វាយសម្ដេចចៅពញាចន្ទរាជា សម្ដេចទ្រង់ឱ្យដោតក្បាលចៅពញាចក្រីកែវជាសត្រូវរួចហើយ សម្ដេចក៏រៀបដំណើរកងទ័ពចេញមកដល់ខែត្រក្រគរ។ នៅទីនោះទ្រង់បញ្ឈប់កងទ័ពឱ្យតាំងបន្ទាយមួយ។ ទ្រង់ត្រាស់បង្គាប់ចៅហ្វាយស្រុកដែលទ្រង់តាំងថ្មីឱ្យទៅឈរប្រមូលស្បៀងអាហារអំពីរាស្ត្រប្រជាទុកនៅក្នុងខែត្រក្រគរ ហើយព្រះអង្គស្ដេចចេញព្រះរាជដំណើរក្បួនកងទ័ពមកដល់ខែត្រក្រង ទ្រង់លើករំលងទៅដល់ខែត្រខ្លុង។ នៅទីនោះ ទ្រង់ត្រាស់ឱ្យកងទ័ពឈប់តាំងបន្ទាយមួយទៀត ហើយទ្រង់ត្រាស់តាំងចៅហ្វាយស្រុកថ្មីឱ្យនៅប្រមូលស្បៀងអាហារអំពីប្រជារាស្ត្រទុកឱ្យបានច្រើនសំរាប់នឹងបើកឱ្យកងទ័ព កុំឱ្យមានខ្វះខាត។ តមក ស្ដេចធ្វើព្រះរាជដំណើរទៅថ្វាយបង្គំព្រះពុទ្ធរូបនៅព្រះវិហារប្របភូមិប្រាសាទ កាលសម្ដេចដែលទ្រង់បកព្រះសុភ័គពីព្រះអង្គយកទៅឃ្លុំបូជាព្រះពុទ្ធរូបរួចទ្រង់អធិស្ថានបន់ឱ្យបានឈ្នះសឹកសង្គ្រាម។ ហេតុនេះហើយ បានជាជាប់មានពាក្យរាស្ត្រហៅវត្តនោះថា "វត្តព្រះជីវលួងបន់" នៅខែត្រខ្លុងរៀងមកដល់សព្វថ្ងៃនេះ។
លុះចប់ពិធីបួងសួងដល់គុណព្រះរតនៈត្រ័យហើយ សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកកងទ័ពចេញពីខែត្រខ្លុងលើកសំដៅទៅខែត្រអម្រិន្ទបូរ (ឬ អមរគិរិន្ទបូរ) ទៀត។
កាលនោះ អស់រាស្ត្រប្រជាក្នុងខែត្រអម្រិន្ទបូរពុំព្រមកំណែនចៅហ្វាយស្រុកចាស់នាំគ្នារៀបគ្រឿងដង្វាយនាំទៅថ្វាយ សម្ដេចចៅពញាចន្ទរាជា។ ចៅហ្វាយស្រុកចាស់ ឃើញរាស្ត្រតំអឹងរឹងនឹងអំណាចខ្លួន ពុំព្រមស្ដាប់ខ្លួនហើយទៅក្រាបទូលស្ដេចដូច្នោះក៏ភ័យរត់ដោះខ្លួនទៅខែត្ររលាប្អៀរ។
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គឱ្យជួសជុលបន្ទាយពីបុរាណ រួចហើយទ្រង់ប្រថាប់ទ័ពនៅទីនោះចំនួន ៣ ថ្ងៃ។ ក្រោយពីនោះមក ព្រះអង្គឡើងគង់ព្រះទីនាំងអស្សតរព្រមដោយនូវសេនាទាហានយាងទៅដល់ទីដីមួយអន្លើជាឯត្បូងចុងខែត្រអម្រិន្ទបូរ។
កាលស្ដេចយាងដល់ទីនោះ ទ្រង់ទតឃើញស្ថានដីមួយអន្លើដែលមានទីរាបទាបស្មើមានជ័យភូមិល្អ ហើយទ្រង់ឱ្យលើកបោះបង់ចោលបន្ទាយចាស់ផ្លាស់ទៅតាំងបន្ទាយថ្មីនៅដីដែលមានជ័យភូមិវិញព្រោះនៅទីនោះជាទីឧត្តមធំទូលាយមាំមួន។ លុះទ្រង់ធ្វើបន្ទាយនោះហើយ ព្រះអង្គលើកយោធាទៅប្រថាប់ក្នុងបន្ទាយថ្មីនោះ។ ហេតុនេះបានជាមានពាក្យអ្នកស្រុកហៅបន្ទាយដែលបោះបង់នោះថា "បន្ទាយចាស់" រៀងមក។
ក្នុងពេល ដែលសម្ដេចចៅពញាចន្ទរាជាយាងទៅគង់នៅបន្ទាយថ្មីក្នុងខែត្រអម្រិន្ទបូរនោះមានចៅអធិការមួយអង្គ ព្រះនាមជ័យ ងារជា "មង្គលសត្ថា"។ ព្រះថេរៈអង្គនេះនាំទូក-ងមួយជាដង្វាយមកថ្វាយ ហើយទូលសម្ដេចចៅពញាចន្ទរាជា:
សូមថ្វាយព្រះពរ ទូក-ងនេះ ឈ្មោះ "សារាយអណ្ដែត" កាលចុងផែនដីនៃព្រះបាទឝ្រីឝៅគន្ធបទបរមបពិត្រ ជាសម្ដេចព្រះរៀមនៃទ្រង់ដែលកើតចលាចល ព្រោះស្ដេចកនសព្វថ្ងៃនេះអាចក្ដី បានលាក់ទុកឈើដែលធ្វើជាទូកពុំទាន់ហើយនោះ ទុកចោលនៅវាលមួយ ឆ្ងាយពីព្រៃចំងាយ ៦ សិន ប្លាយ។ ដល់ខែប្រាំងរាំងរឹះ ត្រូវថ្ងៃក្ដៅ មានហ្វូងដំរីព្រៃ ទៅបោចសារាយ ត្រឹបបឿនយកទៅគ្របលើឈើដែលធ្វើទូកនេះមិនឱ្យត្រូវថ្ងៃ ក្រែងប្រេះឆា។ លុះស្រុកសាន្តត្រាណបន្តិចទៅ អាចក្ដីក៏នាំសិស្សានុសិស្ស ទៅកាប់ចាំងឈើនោះ ធ្វើជាទូក-ង។ លុះយកទូកនេះមក អុំទៅ អាចក្ដី ក៏ឃើញថា ទូកនេះលឿនជាងទូកទាំងពួង។ ហេតុនេះហើយបានជាអាចក្ដីឱ្យឈ្មោះទូកនេះថា "សារាយអណ្ដែត" មួយទៀតកាលពីខែវស្សាអាចក្ដីជិះទូកនេះទៅបិណ្ឌបាតឯស្រុកមហានគរអាចក្ដី ត្រឡប់វិលមកវិញទាន់ពេលឆាន់ ហើយចង្ហាន់ក៏នៅហុយៗ។ ហេតុនេះហើយ បានជាមានពាក្យហៅថា "ទូកចង្ហាន់ហុយ"។ អាចក្ដីយល់ថា ទូក-ងនេះលឿនលើសចំឡែកនឹងទូកទាំងពួង ជារបស់អស្ចារ្យក្នុងព្រះនគរបានជាអាចក្ដីនាំមកថ្វាយព្រះមហាបពិត្រ។
សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទ្រង់ថ្វាយអភិវន្ទនកម្មហើយត្រាស់ថា "ព្រះជីតុន ឱ្យទូកនេះមកញោមៗមានអំណរណាស់ តែសព្វថ្ងៃនេះញោមនៅទ័លពេក។ បើទៅថ្ងៃមុខ ញោមបានព្រះនគរមកកាលណាញោមនឹងតបស្នងព្រះគុណឱ្យគាប់ព្រះទ័យពុំខានឡើយ"។
លំដាប់នោះសម្ដេចចៅពញាចន្ទរាជា ព្រះអង្គឱ្យមន្ត្រីមុខងារទទួលទូកនោះ ហើយបញ្ចុះពួកស៊ីថាយ ១២៤ នាក់អុំទៅមហានគរវត្តល្បងមើល។ លុះទូកនោះត្រឡប់មកវិញបាយដែលដាំនោះនៅក្ដៅហុយៗ នៅឡើយ ដូចព្រះថេរដីកានៃចៅអធិការនោះ ថ្វាយព្រះពរមែន។
សមរភូមិវាលសាបអង្កាម[កែប្រែ]
សម្ដេចចៅពញាចន្ទរាជា ស្ដេចមានព្រះតំរាស់ប្រាប់មន្ត្រីទាំងពួងថា "យើងមានភ័ព្វវាសនាល្អណាស់ ខាងជើងគោក យើងបាន "ព្រះពិជ័យគជេន្ទ្រ" សសុទ្ធជាព្រះទីនាំង ខាងជើងទឹក យើងបានទូក-ង "សារាយអណ្ដែត" ជាព្រះទីនាំងលឿនដូចខ្យល់"។ រួចទ្រង់ត្រាស់បង្គាប់ឱ្យភ្នាក់ងារទទួលធ្វើរោង ដាក់រក្សាទូកទិព្វនោះ។ ទ្រង់តាំងនាមទូកនោះថា "ព្រះទីនាំងចក្រព័ត្រ"។ លុះទ្រង់ត្រាស់សន្មតនាមស្រេចហើយ ស្ដេចបង្គាប់ចៅពញាសេនាធិបតីសង្គ្រាមសុខឱ្យប្រមូលស្បៀងអាហារ និង គ្រឿងសស្ត្រាវុធទុកក្នុងបន្ទាយនោះជាកំលាំងទ័ព។ លុះទ្រង់ប្រមូលរេហ៍ពលបានសូរេចហើយស្ដេចធ្វើព្រះរាជដំណើរទ័ពទៅដល់វាលសាបអង្កាម (ភូមិនេះទៅខាងលិចកំពង់ឆ្នាំង)។ នៅទីនោះទ្រង់បានប្រទះនឹងទ័ពសម្ដេចចៅហ៊្វាកៅ។ មួយរំពេចនោះ ស្ដេចចាត់ឱ្យបរកងទ័ព ចូលច្បាំងនឹងទ័ពចៅហ្វាយកៅឥតរួញរា។ ទ័ពទាំងសងខាង ច្បាំងគ្នា ជាកោលាហលតាំងពីអាវុធវែងរហូតដល់អាវុធខ្លី។ ពួកពលសេនាចូលតតាំងច្បាំងប្រកាប់គ្នាខ្លាំងមហិមាណាស់នឹងរៀបរាប់ឱ្យអស់ពុំបាន។ ខណៈនោះមានអភូតហេតុមួយគួរឱ្យអស្ចារ្យណាស់គឺដំរីភ្លុកមួយជាឧត្តមធំណាស់របស់សម្ដេចចៅពញាកៅ (ខាងស្ដេចកន) ជាមេទ័ពត្រើយខាងកើត វាផ្អើលរត់ទៅដល់ព្រេចដំបូកមួយរលើងរលំទាំងដើមឈើរមៀលទៅលើកងទ័ពខ្លួនឯងបែកទាំងសំបុកឱម៉ាល់ ព្រលួតល័ខ ហើយហើរទៅទិចកងទ័ពសម្ដេចចៅហ៊្វាកៅទៀត។ រេហ៍ពលទាំងនោះទ្រាំនឹងឱម៉ាល់ ព្រលួតល័ខ ពុំបានក៏រត់ខ្ចាត់ខ្ចាយបែកទ័ពទៅ។
ខាងកងទ័ពនៃសម្ដេចចៅពញាចន្ទរាជាឃើញដូច្នោះ ក៏តាមដេញទ័ពសម្ដេចចៅហ៊្វាកៅទៅទៀត។ លុះកងទ័ពនេះទាន់ ឃើញសម្ដេចចៅហ៊្វាកៅ ហើយសម្ដេចចៅហ៊្វាកៅក៏រា-តនឹងសេនាទាហានសម្ដេចចៅពញាចន្ទរាជា។ សម្ដេចចៅពញាចន្ទរាជា ស្ដេចចូលតយុទ្ធទល់គ្នានឹងចៅហ៊្វាកៅ។ លុះប្រយុទ្ធគ្នាមិនបានប៉ុន្មានភ្លេងផង សម្ដេចចៅពញាចន្ទរាជា ក៏កាប់ត្រូវស្មាចៅហ៊្វាកៅមួយអន្លើ ចៅហ៊្វាកៅមានពិការជាទំងន់។ សេនាទាហានខាងសម្ដេចចៅហ៊្វាកៅជួយការពារនាំរត់ឆ្លងទៅក្រាបទូលព្រះស្រីជេដ្ឋា (ស្ដេចកន) តាមការណ៍ដែលបែកទ័ព ហើយស្លាប់ចៅពញាចក្រីកែវនោះ។ ឯសេនាទាហានខាងសម្ដេចចៅពញាចន្ទរាជា កាលសម្ដេចចៅហ៊្វាកៅរត់ទៅនោះ ហើយដេញតាមពុំទាន់ក៏ចាប់យកតែ គោ ក្របី ដំរី សេះ ស្បៀងអាហារ សស្ត្រាវុធជាច្រើននាំទៅក្រាបទូលថ្វាយ។ សម្ដេចចៅពញាចន្ទរាជា ស្ដេចទ្រង់ជ្រាបហើយ ទ្រង់លើកកងទ័ពចូលទៅបោះទ័ពនៅខាងលិចភូមិរលាប្អៀរ ក្នុងខែត្ររលាប្អៀរ (ខែត្រកំពង់ឆ្នាំងសព្វថ្ងៃនេះ)។
ចំណែកខាងចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្ររលាប្អៀរខាងព្រះស្រីជេដ្ឋា (ស្ដេចកន) បានដឹងហើយ ក៏ឱ្យកេណ្ឌកងទ័ពឡើងរក្សានាទីបន្ទាយ។ ប៉ុន្តែរាស្ត្រពុំចុះកំណែនសោះ បែរជានាំគ្នាយកបណ្ណាការចូលទៅគាល់ថ្វាយខ្លួនធ្វើរាជការក្នុងសម្ដេចចៅពញាចន្ទរាជា ជាច្រើននាក់ទៅវិញ។ ចៅហ្វាយស្រុកសោមដឹងដូច្នោះហើយ ក៏នាំគ្រប់គ្រួដឹកកូនជញ្ជូនចៅរត់តាមសម្ដេចហ៊្វាកៅ។ លុះរត់ទៅពុំទាន់ចៅហ៊្វាកៅ ចៅហ្វាយស្រុកសោមក៏ចូលទៅជ្រកក្នុងបន្ទាយភ្នំពេញហើយស្លាប់ក្នុងទីនោះ។
សម្ដេចចៅពញាចន្ទរាជា ព្រះអង្គទ្រង់ជ្រាបថា: "ចៅពញាស្រែន្យាធិបតីសោម ចៅហ្វាយស្រុកខែត្ររលាប្អៀររត់ទៅហើយ" ទ្រង់ក៏បានជ្រើសរើសយកហ្លួងរាជាភឹមឱ្យធ្វើជាចៅហ្វាយស្រុកឡើង។ ទ្រង់ឱ្យប្រមូលរាស្ត្រប្រជា ស្បៀងអាហារសស្ត្រាវុធទុកជាកំលាំងសឹកសង្គ្រាមសំរាប់ស្រុកនោះ។
ចៅពញាស្រែន្យសេនាទន់ ចៅហ្វាយស្រុកខែត្រលង្វែកកាលដឹងដើមទងថា "សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រឡប់មកពីស្រុកសៀមវិញហើយៗ ទ្រង់បានទាំងឈ្នះសង្គ្រាមបានខែត្រខាងជើងជាច្រើន ទ្រង់បានសំលាប់ចក្រីកែវដេញទាំងទ័ពចៅហ៊្វាកៅទៀត" ចៅពញាក៏នាំស្ម័គ្របក្សពួករាស្ត្រប្រជា និងបណ្ណាការយកទៅថ្វាយសម្ដេចចៅពញាចន្ទរាជាថ្វាយទាំងខ្លួនចូលទៅធ្វើរាជការជាច្រើននាក់។
ការពារការវាយបករបស់ស្ដេចកន[កែប្រែ]
សមរភូមិលង្វែក គ.ស. ១៥១៦[កែប្រែ]
នេះនឹងនិយាយអំពីព្រះស្រីជេដ្ឋាតាំងខ្លួនជាម្ចាស់ផែនដីលុះដល់មកឆ្នាំជូត អដ្ឋស័ក ព.ស. ២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចព្រះស្រីជេដ្ឋា ព្រះអង្គសោយរាជ្យបាន ៤ ឆ្នាំ។ លុះទ្រង់ជ្រាបថា "សម្ដេចចៅពញាចន្ទរាជា វាយយកខែត្រខាងលិច ប៉ែកខាងជើងបានហើយ ហើយបានសំលាប់ចៅហ្វាយស្រុកជាច្រើនផងមិនតែប៉ុណ្ណោះទាំងពញាចក្រីកែវក៏ស្លាប់ ទាំងសម្ដេចចៅហ្វាកៅជាមា ក៏មានរបួសជាទំងន់ទៀត។" ទ្រង់មានព្រះវិតក្កទុក្ខទោមនស្សណាស់រហូតដល់ទ្រង់ព្រះកន្សែងសោកស្ដាយជាខ្លាំង។ លុះស្វាយសោកហើយ ទ្រង់មានព្រះតំរិះពីការសង្គ្រាមសព្វប្រការ ទើបទ្រង់ត្រាស់បង្គាប់មុខមន្ត្រីឱ្យចេញទៅកេណ្ឌទ័ព។ លុះមន្ត្រីកេណ្ឌបានរេហ៍ពលត្រើយខាងកើត ១២០០០០ នាក់ ហើយទ្រង់ចាត់បំរើសេះឱ្យទៅតាមកងទ័ពចៅពញាឧទ័យធិរាជថ្មី ដែលឱ្យទៅស្កាត់ផ្លូវ សម្ដេចចៅពញាចន្ទរាជាពីផែនបាត់ដំបងនោះឱ្យនាំកងទ័ពត្រឡប់មកវិញ " ចៅពញាឧទ័យធិរាជនាំរេហ៍ពល ៥០០០០ នាក់ទៅជួបជុំគ្នានឹងមេទ័ពឯទៀតនៅបន្ទាយភ្នំពេញ ហើយក៏ចាត់ចែងតែងដាក់រេហ៍ពលឱ្យផ្លាស់ប្ដូរគ្នានៅរក្សាទីបន្ទាយ។ ចៅពញាតេជោកុយ ចៅហ្វាយស្រុកខែត្រសំរោងទង និង ចៅពញាវង្សាអនុជិតយស ចៅហ្វាយស្រុកថ្មីខែត្របាទី មានរេហ៍ពលមួយម៉ឺននាក់ជាកងក្រវែលរួមទាំងអស់ត្រូវជា ១៩០០០០ នាក់។
ព្រះស្រីជេដ្ឋាទ្រង់ចាត់កងទ័ពទាំង ១៩០០០០ នាក់នោះជាពីរផ្លូវ។ ក្នុងមួយផ្លូវៗ ទ្រង់តាំងដូចមានខាងក្រោមនេះ៖
១. ផ្លូវទី១
- ក) ទ្រង់ចាត់ចៅពញាយមរាជព្រាបឃុំពល ១ ម៉ឺននាក់ជាទ័ពមុខ។
- ខ) ឱ្យចៅពញាវង្សាអគ្គរាជស្រីឃុំពល ១ ម៉ឺននាក់ជាប៉ែកឆ្វេង។
- គ) ឱ្យចៅពញាពិស្ណុលោកទេនចៅហ្វាយស្រុកទ្រាំង ឃុំពល ១ ម៉ឺននាក់ជាប៉ែកខាងស្ដាំ។
- ឃ) ឱ្យចៅពញាអធិកវង្សាវេត ចៅហ្វាយស្រុកទ្រាំង ឃុំរេហ៍ពល ១ ម៉ឺននាក់ជាប៉ែកខាងក្រោយ។
- ង) ទ្រង់ឱ្យយក ឧកហ្លួងសូរត្រូវជាមាម៉ែបានតាំងឡើងជា "ចៅពញាចក្រីធិបតីកុញ្ចរ" សំរេចរាជការមហាក្រស័ត្រសឹក ហើយឱ្យលើកទ័ពទៅមុន។
២. ផ្លូវទី២ ក្រោយដែលឧកហ្លួងសូរ លើកទ័ពចេញទៅនោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរ ស្ដេចកនរើសយកក្មួយម៉ែបាន ៤ នាក់ មកតាំងជាសេនាបតីគឺ៖
- ក) ឧកហ្លួងសូរ តាំងជា ឧកញ៉ាវៀង ឱ្យឃុំពល ២០០០០ នាក់ ជាទ័ពមុខ។
- ខ) ឧកហ្លួងនៅ តាំងជា ឧកញ៉ាវាំង ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពឆ្វេង។
- គ) ឧកហ្លួងទេព តាំងជា ឧកញ៉ាលំពាំង ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពស្ដាំ។
- ឃ) ឧកហ្លួងមាន់ តាំងជា ឧកញ៉ាស្រាល ឱ្យឃុំពល ១៥០០០ នាក់ ជាទ័ពក្រោយ។
ឯព្រះអង្គឯង (ព្រះស្រីជេដ្ឋា) ឃុំពល ៣០០០០ នាក់ ជាទ័ពហ្លួង។ ឯអស់ចៅហ្វាយស្រុកទាំងពួង ទ្រង់ចាត់ឱ្យធ្វើជាបល័ដ្ឋទ័ព យោក្បាត់ទ័ព ជាកងក្រវែល ១៥ កង សឹងឱ្យកាន់ទង់ជ័យពណ៌ដែលមានរូបខុសៗគ្នា ដើម្បីនឹងមិនឱ្យច្រឡូកច្រឡំគ្នាឡើយ។
ព្រះស្រីជេដ្ឋានេះ មានបុណ្យអស្ចារ្យណាស់ ទ្រង់មានព្រះទីនាំងគជេន្ទ្រភ្លុកធំ ១ កំពស់ ១០ ហត្ថ ឈ្មោះ "ព្រះគជេន្ទ្រយាវុធ" មានសេះព្រះទីនាំងសំបុរស៊ីសាំ កំពស់ ៣ ហត្ថ ៤ ធ្នាប់ មានកំលាំងបោលក្នុងមួយថ្ងៃកំណត់ ២០៥០ សិន ហែលទឹកលឿនបីដូចរន្ទះរូបល្អបីដូចរូបរាជសីហ៍ ឈ្មោះ "ព្រះទីនាំងស័ង្ខរង្ស៊ី"។
សេនា សេនីយ៍ ដែលទ្រង់ចាត់ហើយនោះបានមកគ្រប់មុខងារគឺអ្នកកាន់ស្វេតច្ឆ័ត្រអភិរម្យសែនត្វាន់ចាម៉រ បាយមន តូរ្យតន្ត្រីតាមលំដាប់ព្រះមហាក្សត្រ។ លុះដល់ពេលមានជោគជ័យបើកហើយ បុរោហិតផ្លុំត្រែស័ង្ខ ពួកតូរ្យតន្ត្រីក៏ប្រគំនូវរគាំងស្គរស្នែង ដែលតាក់តែងសំរាប់បង្គាប់ទ័ព។ ព្រះស្រីជេដ្ឋា ជាម្ចាស់ផែនដីស្រឡប់ពិជ័យព្រៃនគរ ស្ដេចឡើងគង់ព្រះទីនាំងគជេន្ទ្របវររតនមង្គលលើករេហ៍ពលចេញទៅសូរសព្ទរេហ៍ពលនិសូរសព្ទរទេះ សេះ ដំរី ព្រមទាំងសូរសព្ទតូរ្យតន្ត្រីនោះនាំឱ្យព្យូហយាត្រាកងទ័ពជាឧត្តមរងំ ខ្ទ័រខ្ទារ ទាំងព្រៃព្រឹក្សាក្រឡាមហាប្រថពី។
លុះទៅដល់ស្ទឹងក្រាំងពន្លៃ (សព្វថ្ងៃនៅក្នុងខេត្តកំពង់ស្ពឺ ក្បែរផ្សារឧដុង្គ) ហើយព្រះអង្គទ្រង់តាំងបន្ទាយទ័ពធំនៅស្ទឹងក្រាំងពន្លៃនោះ ទ្រង់ត្រាស់បង្គាប់ចៅពញាយមរាជព្រាបជាមេទ័ពមុខឲ្យឃុំពល ៤៥០០០ នាក់លើកទៅចោមវាយបន្ទាយខែត្រលង្វែក។ ចៅហ្វាយស្រុកខែត្រលង្វែក ក៏ដេញពលតតាំងច្បាំងគ្នាជាមាំមួន។ ខណៈនោះ សម្ដេចចៅពញាចន្ទរាជា ទ្រង់ជ្រាបថា “កងទ័ពសត្រូវមកចោមបន្ទាយលង្វែកហើយ” ព្រះអង្គក៏ប្រើទ័ពសេះឲ្យទៅប្រាប់ចៅហ្វាយខែត្រលង្វែកថា “ឲ្យក្លែងធ្វើជាចាញ់ទ័ពសត្រូវ ហើយរត់តាមផ្លូវទៅទិសខាងជើង” ។ ក្រោយបំរើសេះចេញទៅនោះ ព្រះអង្គលើកកងទ័ព ៤៥០០០ នាក់ស្រូតរូតទៅជួយចៅស្រុកខែត្រលង្វែក។ លុះស្ដេចទៅដល់ព្រៃមួយធំ ទ្រង់ឮសូរកាំភ្លើងច្បាំងគ្នាជាឱឡារិកណាស់ ទើបព្រះអង្គបង្កប់រេហ៍ពលនៅទីនោះ។ ឯចៅហ្វាយស្រុករលាប្អៀរបានដឹងឧបាយកលដោយបំរើសេះ ហើយក៏ឲ្យកងទ័ពទាំងនោះថយតាមព្រះរាជបញ្ជា។ ចៅពញាយមរាជ និងនាយកងទ័ពមុខ ក្រោយ ឆ្វេង ស្ដាំ ៥ កងខាងព្រះស្រីជេដ្ឋាយល់ថា “មានជ័យជំនះហើយ” ក៏មានចិត្ដកំរើកកងទ័ពដេញជិតប្រកិតតាមទៅរហូតដល់ទីដែលសម្ដេចចៅពញាចន្ទរាជា ស្ដេចបង្កប់ទ័ពចាំនោះ។ មួយរំពេចនោះសម្ដេចចៅពញាចន្ទរាជា ស្ដេចបរព្រះទីនាំងគជេន្ទ្រពិជ័យនាំសេនាទាហានរេហ៍ពលលើកចេញដេញទៅវាយខ្ចប់សំលាប់កងទ័ពសត្រូវពីក្រោយដោយទ័ពសត្រូវពុំដឹងខ្លួន។ កងទ័ពត្រូវស្លាប់ដោយក្របីវ័ធ ដំរីជល់ព្រេច និងដោយអាវុធវែងខ្លីស្លាប់អស់ជាង ៣០០០ នាក់ឈាមក្រហមដាលច្រាលទាំងព្រៃវាលចាប់បានចៅពញាយមរាជ និងនាយកងនាយទ័ពទាំង ១០ នាក់ទៀត។
ផ្អាកសង្គ្រាមលើកទី១[កែប្រែ]
សម្ដេចចៅពញាចន្ទរាជា ស្ដេចត្រាស់បង្គាប់ឲ្យកាត់ក្បាលចៅពញាយមរាជ និងមេទ័ព ១០ នាក់ ហើយឲ្យចៀរស្លឹកត្រចៀកមេកងដែលចាប់បានទាំងរស់ ១០ នាក់ទៀត។ ទ្រង់មានព្រះបន្ទូលថា “អាឯងទាំង ១០ នាក់នេះចូលនាំក្បាលគូកនឯងទាំង ១១ នាក់នេះទៅឲ្យអាព្រះស្ដេចកនចុះ ហើយឲ្យប្រាប់អាកនថា បើវាអាងពលច្រើនឲ្យលើកមកទៀត ឬបើយល់ថាភ្លៀងធ្លាក់មក ហើយជិតដល់ល្មមនឹងឲ្យរាស្ដ្រធ្វើស្រែចំការ ហើយនឹងចង់ឈប់ច្បាំងឲ្យរាស្ដ្រធ្វើស្រែចំការសិនក៏តាមចិត្តចុះ”។ ទ្រង់ត្រាស់ផ្ដាំរួចស្រេចហើយ ព្រះអង្គលើកទ័ពត្រឡប់មកបន្ទាយខែត្ររលាប្អៀរវិញ។ ទ្រង់បំរើចេញទៅស៊ើបការណ៍ក្នុងកងទ័ពសត្រូវ។ បំរើដឹងការណ៍ហើយក៏វិលត្រឡប់មកក្រាបបង្គំទូលសព្វគ្រប់ពុំមាន ហ៊ានធ្វេសប្រហែសឡើយ។ នេះនឹងស្រដីអំពីបំរើ ១០ នាក់ដែលរែកយួរក្បាល ១១ នាក់នោះទៅដល់ ស្ទឹងក្រាំងពន្លៃ ហើយក៏ចូលទៅថ្វាយបង្គំយំក្រាបម្ចាស់របស់ខ្លួនសព្វគ្រប់តាមដំណើរ។ ព្រះស្រីជេដ្ឋា ក្រុងស្រឡប់ពិជ័យព្រៃនគរ ទ្រង់បានជ្រាបហើយ ទ្រង់ញ័រភ័យខ្លាចព្រះបារមី ថ្វីព្រះហស្ថនៃសម្ដេចចៅពញាចន្ទរាជា។ លុះដល់ភ្ញាក់ស្មារតីយ៉ាងនេះ ព្រះស្រីជេដ្ឋាត្រាស់ថា “យើងនឹងខ្លាចអ្វីថ្វីដៃចៅពញាចន្ទរាជានោះ ប៉ុន្ដែឥឡូវនេះ គេសុំយើងឲ្យកងទ័ពយើងធ្វើស្រែសិន យើងក៏គួរឈប់តាមសណ្ដាប់ព្រះនគរ បើយើងនឹងរឹងទទឹងទៅ ក៏ឃើញថាការណ៍នេះមិនត្រឹមត្រូវដែរ យើងត្រូវតែព្រមតាមគេចុះ”។ ទើបទ្រង់ត្រាស់ឲ្យតែងព្រះរាជសារបោះត្រាសំរាប់ផែនដីទៅឲ្យពញាមហាមន្ដ្រីជារាជទូតឲ្យពញាមន្ដ្រីជារាជទូតឲ្យពញាឫទ្ធាធិបតី ជាឧបទូតឲ្យឧកញ៉ាជុំជិតជំនិតទឡ្ហៈជាត្រីទូតនាំពានមាសមួយតំកល់ព្រះរាជសារនោះ និងព្រែផ្កាមាស ១០ កី ព្រែញ័រ ១០ ព្រំយ៉ាងធំ ២ ក្បាលជាគ្រឿងបណ្ណាការ។ លុះរាជទូត ឧបទូត ត្រីទូត នាំទៅដល់ខែត្ររលាប្អៀរ ហើយអស់នាយកងទាហានខាងសម្ដេចចៅពញាចន្ទរាជាក៏ឃុំខ្លួននាំទៅក្រាបថ្វាយបង្គំគាល់សម្ដេចចៅពញាចន្ទរាជា។ ខណៈនោះស្ដេចចេញជួបមុខមន្ដ្រី សេនាយោធាកងទ័ពក្រាបបង្គំគាល់តាមបណ្ដាស័ក្ដិធំតូច ហើយស្ដេចឲ្យអាល័ក្សថ្លែងព្រះរាជសារថ្វាយ។ ឯព្រះរាជសារនោះមានសេចក្ដីដូចខាងក្រោមនេះ៖
«ព្រះរាជសារ សម្ដេចព្រះស្រីជេដ្ឋាធិរាជរាមាធិបតីបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង ក្រុងកម្ពុជាធិបតីសិរីយសោធរបវរឥន្ទកុរុរដ្ឋរាជធានី ដែលរាស្ដ្រ និងព្រះរាជវង្សានុវង្សស្រឡាញ់ស្ម័គ្រចិត្ដលើកឡើងឲ្យសោយរាជសម្បត្ដិក្នុងមហាស្រឡប់ពិជ័យព្រៃនគរបវរបូព៌ាទិសា។ សូមចំរើន ព្រះរាជមេត្រីមកសម្ដេចព្រះអនុជាធិរាជ គឺសម្ដេចចៅពញាចន្ទរាជាបានទ្រង់ជ្រាប។ ដ្បិតអ្នកអូនលើកចតុរង្គសេនាទាហានរេហ៍ពលមកធ្វើសង្គ្រាមនេះ យើងមានចិត្ដអំណរណាស់ដោយហេតុថាយើងនឹងបានទតនូវសេនាទាហានច្បាំងប្រកាប់គ្នាដោយអាវុធវែងខ្លី លើខ្នងសេះ ដំរី ជាសិរីសួស្ដីនៃចក្ខុទាំងសងខាង។
ប៉ុន្ដែឥឡូវនេះ ជិតដល់វស្សារដូវហើយ រាស្ដ្រត្រូវធ្វើស្រែ ដូច្នេះយើងសូមឲ្យឈប់ធ្វើសង្គ្រាមនឹងគ្នាក្នុងមួយរដូវនេះចុះ តែសុំឲ្យចាំពាក្យដែលសន្មតសញ្ញាកុំឲ្យលបលួចវាយយកខែត្រគ្នាដូចជាកងទ័ពចោរនោះឡើយ។ បើដល់រាស្ដ្រធ្វើស្រែចំការរួចហើយ មុននឹងធ្វើសង្គ្រាមនឹងគ្នាកាលណាឲ្យមានរាជសារចារជាព្រះរាជកំណត់ទៅមកទើបគួរសមជាឧត្ដមមហាក្សត្រធិរាជ»។ លុះអាល័ក្សថ្លែងព្រះរាជសារចប់ហើយ សម្ដេចចៅពញាចន្ទរាជា ទ្រង់ពិរោធខ្លាំងណាស់ ទ្រង់ត្រាស់ថាអារាជទូតឯងវិលទៅប្រាប់ម្ចាស់ឯងចុះថាអញព្រមសំរាកឲ្យរាស្ដ្រធ្វើស្រែហើយ តែថាអញសុំកុំឲ្យម្ចាស់ឯងហៅអញថាជាបងជាប្អូនឡើយ ដ្បិតម្ចាស់ឯង និងអញនេះមានជាតិត្រកូលឆ្ងាយពីគ្នាណាស់”។ ទ្រង់ត្រាស់ហើយ ទ្រង់ព្រះរាជទានមាសដួងមួយជញ្ជីងសៀម ប្រាក់ដួងពីរជញ្ជីងដែលបានមកពីក្រុងស្រីអយុធ្យានោះ ហើយប្រទានឲ្យជារង្វាន់រាជទូតជាគ្រឿងឧបរាជបណ្ណាការរួចទ្រង់បណ្ដេញឲ្យទៅជាប្រញាប់។ លុះរាជទូតចេញផុតទៅនោះ អស់នាយកងទ័ពយកសេចក្ដីក្រាបបង្គំទូលថា៖
យើងធ្វើសង្គ្រាមកំពុងមានជ័យជំនះ ហើយហេតុអ្វីក៏ទ្រង់ទទួលសញ្ញាឲ្យឈប់សង្គ្រាមដូច្នេះ មួយទៀត ខែត្រខាងសត្រូវនៅច្រើនជាងយើងដែរ គឺថាបានទៅគេនោះជាង ១០ សួន បានមកយើងមិនទាន់បាន ១ សួនទេ។ បើខាងសត្រូវឲ្យកេណ្ឌបណ្ដារាស្ដ្រតាំងពីខែត្រខាងជើងទល់នឹងស្រុកលាវខាងត្បូងទល់នឹងសមុទ្រខាងកើតទល់នឹងនគរចាមបានមកទាំងអស់ប្រហែលជាង ១០០០០០០ (ដប់សែននាក់) ទៅហើយ។ ឯខាងយើងទើបតែវាយបាន ៦-៧ ខែត្រ គឺខែត្រមហានគរដែលសម្ដេចព្រះបរមរាជពញាយ៉ាតវាយដណ្ដើមបានពីសៀមមកវិញ ហើយឲ្យឈ្មោះថា សៀមរាបនេះមួយ ខែត្របាត់ដំបងមួយ និងខែត្រតូចៗ១២ ឬ១៣នេះមួយ។ ម្យ៉ាងទៀតខេត្ដនេះ កាលបើបែកព្រះមហានគរកម្ពុជាហើយ សៀមកៀរគ្រួយកទៅអស់ នៅតែពីរឬបីពាន់នាក់ប៉ុណ្ណោះ បើដូច្នេះ តើយើងធ្វើដូចម្ដេចនឹងទទួលជ័យពីសត្រូវបាន បើសត្រូវកេណ្ឌពលពីក្រុងខែត្រទាំងអស់លើកមកយើងនឹងមិនបង់ការណ៍ ទេឬអ្វី ? ។ ទូលព្រះបង្គំយល់ថា យើងនឹងរក្សាខ្លួនពិបាកណាស់”។
សម្ដេចចៅពញាចន្ទរាជា ជាអម្ចាស់ទ្រង់ត្រាស់ថា : ការណ៍នេះ យើងបានគិតស្រេចហើយបានជាយើងព្រមឈប់ច្បាំងសិន ព្រោះយើងឃើញប្រយោជន៍ ៧ ប្រការ គឺ៖
- ប្រការ១: មានសុភាបុរាណថា : "ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ" បើយើងខំតែធ្វើសង្គ្រាមទៅ កូនប្រពន្ធរបស់ឈ្មោះ ដែលមកចុះកំណែននោះ នឹងដាច់ពោះស្លាប់ បើកូនប្រពន្ធវានោះអត់បាយហើយ វាក៏ពុំយកចិត្តទុកដាក់ ក្នុងការធ្វើរាជការនឹងយើងឡើយ។
- ប្រការ២: យើងបានខែត្រតូចធំ ចំនួន ១២ ឬ ១៣ ខែត្រនេះ ល្មមទុកជាទីសំណាក់បានហើយ បើយើងមិនទាន់ឱ្យទៅបញ្ចុះបញ្ចូលខែត្រផ្សេងៗទេ ហើយស្រាប់តែលើកទ័ពទៅវាយគេតែម្ដងនោះនឹងខ្ចេចខ្ចាំរកាំចិត្ត នៃអាណាប្រជានុរាស្ត្រជាមិនខាន។ លុះតែយើងទៅបញ្ចុះបញ្ចូលលួងចិត្តចៅហ្វាយស្រុក និងបណ្ដារាស្ត្រ ជាមុនសិន ឱ្យចូលចិត្តនឹងយើង ដែលជាព្រះរាជត្រកូល ឬ បើគេមិនចូលចិត្តនឹងយើងទេ គេបែរជាចូលចិត្តទៅខាងពួកក្បត់ ដែលតាំងខ្លួនជាស្ដេចនោះ ចាំយើងបានចំណាប់កាលណាសុំលើកទ័ពទៅបង្ក្រាប ពួកដែលរឹងទទឹងនោះ ធ្វើឱ្យបានសម្រេចការណ៍ ក្នុងកាលខាងក្រោយ។
- ប្រការ៣: ខែត្រអាសន្នទុក ជាខែត្រធំមានអាណាខែត្រឡើងក៏ច្រើន ចៅពញាឧទ័យធិរាជប្រាង្គជាចៅហ្វាយស្រុកនៃខែត្រនេះគាត់មានថ្វីដៃ និង តម្រិះប្រាជ្ញាមាំមួនណាស់ ប្រសិនបើយើងខំធ្វើចំបាំងរហូតទៅមិនឈប់ ហើយពញាប្រាង្គ គេលើកទ័ពមកព័ទ្ធយើងពីក្រោយ យើងនឹងនៅជាកណ្ដាលចំណោមគេ នោះយើងពិបាកនឹងរក្សាខ្លួនណាស់។ ហេតុនេះហើយបានជាយើងព្រមបង្អង់ច្បាំង ចាំប្រាប់ប្រាមនូវខែត្រធំៗនេះ និងខែត្រតូចៗត្រើយខាងកើត ទិសខាងជើងនោះ ឱ្យបានមកជារបស់យើងសិន។
- ប្រការ៤: ខាងព្រះស្ដេចកន ដែលវាតាំងខ្លួនជាស្ដេចនោះ តែវាចេញច្បាំងកាលណា វាបាំងស្វេតច្ឆត្រ និង ចាម៉រ បាយមន់ សែនត្វាន់ តាមទំនៀមព្រះមហាក្សត្រ។ ឯខាងយើង ដែលពេញជាព្រះរាជត្រកូលនោះ យើងគ្មានអ្វីសោះ យើងចេញច្បាំងកាលណា ឥស្សរិយយសយើង ជាទ័ពថោកជាងវា។ ទោះបី ឈ្នះប៉ុន្មានដងក្ដី ឥស្សរិយយសយើងនោះក៏នៅតែថោកទាបជាងវា។
- ប្រការ៥: កាលដែលបម្រើនៃព្រះស្ដេចកននាំព្រះរាជសារមក ហើយទៅវិញនោះយើងបានផ្ដាំថា បើនឹងចង់ឈប់សង្គ្រាម ឱ្យរាស្ត្រធ្វើស្រែ ក៏ឈប់តាមចិត្តចុះ។ បើរាស្ត្រកំពុងមានចិត្តត្រេកអរព្រោះបានទៅប្រមូលកូនប្រពន្ធផង ត្រេកអរនឹងយើងជាដើមគំនិតនេះផង ហើយបើយើងត្រឡប់ជាប្រែសំដីវិញ រាស្ត្រកំពុងបាក់ចិត្តស្រលាញ់យើងនោះ ក៏នឹងប្រែចិត្តស្អប់យើង ព្រោះយើងមានវាចាពុំទៀងទាត់។
- ប្រការ៦: សេនាទាហានខាងយើង មានថ្វីដៃក៏ច្រើននាក់ តែយើងពុំបានឱ្យប្រឡងថ្វីដៃ ឱ្យឃើញជាក់ច្បាស់នៅឡើយ។
- ប្រការ៧: ខាងយើងពិតជាព្រះរាជត្រកូលមែន តែទើបតាំងខ្លួនថ្មី ពុំទាន់មានទូកចំបាំងដល់មួយសោះ។ ឯខាងព្រះស្ដេចកនវិញ គេពិតជាក្រៅព្រះរាជត្រកូល តែគេតាំងខ្លួនមកយូរហើយ គេមានទូកចំបាំងក៏ច្រើន។ បើគេលើកទ័ពជើងទឹក មកព័ទ្ធចោមយើងកាលណាយើងគ្មានអ្វីតទល់នឹងគេឡើយ។ ហេតុនេះហើយ បានជាយើងព្រមតាមស្ដេចកន សុំដែលសមតាមគំនិតរបស់យើង។
ឯមន្ត្រី ខ្ញុំរាជការ សេនាទាហានទាំងប៉ុន្មានបានថ្លែងកោតសរសើរព្រះប្រាជ្ញាញាណនៃទ្រង់គ្រប់ៗគ្នា។ សម្ដេចចៅពញា ចន្ទរាជាជាអម្ចាស់ កាលទ្រង់បានយល់ចិត្តនៃមន្ត្រី ខ្ញុំរាជការ ដែលទុកចិត្តជឿ ចំពោះព្រះតម្រិះប្រាជ្ញាព្រះអង្គហើយ ព្រះអង្គក៏តាំង ចៅពញាសួគ៌ាលោកទេព ជាកូនទី៣របស់ពញាមឿង ឱ្យសម្រេចរាជការ លើចៅហ្វាយស្រុកខែត្ររលាប្អៀរ ខែត្រលង្វែក ហើយព្រះអង្គលើកទ័ពទៅប្រថាប់ នៅបន្ទាយអមរិន្ទបូរវិញ។ ឯព្រះស្រីជេដ្ឋា អម្ចាស់ផែនដីខាងក្រុងស្រឡប់ពិជ័យព្រៃនគរនោះ ស្ដេចត្រាស់ឱ្យកងទ័ព ឈររក្សាខែត្រ ជាប់តាំងពីស្ទឹងក្រាំងពន្លៃ រៀងទៅដល់ខាងត្បូង ហើយស្ដេចលើកទ័ពត្រឡប់ ទៅក្រុងស្រឡប់ពិជ័យព្រៃនគរទិសខាងកើតវិញ។
ការរៀបចំអាណាចក្រមានជ័យ[កែប្រែ]
ព្រះទីនាំង[កែប្រែ]
ព្រះអង្គមានបុណ្យបានរបស់ត្រកាលពីរយ៉ាងគឺ:"
- ១. ទ្រង់មានព្រះពិជ័យគជេន្ទ្រសសុទ្ធមួយកាលដែលទើបនឹងបានកំពស់តែ ៦ ហត្ថមកដល់ ឥឡូវនេះកំពស់របស់វា ៧ ហត្ថប្លាយ ដំរីនេះមានដំណឹង (ការចេះដឹង) ច្រើនចំពូកណាស់ គឺ ចំពូកមួយ វាចេះកាន់អាវុធចាក់កាប់ ដូចមនុស្សជើងទាំង ៤ ចេះធាក់ផងរងអាវុធបានផង។ ចំពូកពីរ បើមានជំងឺតំកាត់នៅទីណាក្នុងព្រះនគរ ព្រះករុណាជាអម្ចាស់យើងឱ្យហ្មថៅពិធីសុំទឹកយកទៅជះបាចសាចនៅទីណាដែលមានជំងឺនោះ ជំងឺក្នុងទិសនោះសឹងតែស្ងប់ស្ងាត់បាត់ទៅ។ ចំពូកបី បើរដូវវស្សាហើយរាំងភ្លៀងព្រះអង្គជាអម្ចាស់យើងឱ្យហ្មថៅនាំទៅធ្វើពិធីក្នុងទីនោះ ៣ ឬ ៧ថ្ងៃប៉ុណ្ណោះ ភ្លៀងក៏ធ្លាក់បរិបូណ៍។ ចំពូកបួន បើព្រះអង្គជាអម្ចាស់យើងឡើងគង់នឹងធ្វើសង្គ្រាមយុទ្ធកាលណា បើវាស្រែកឱ្យឮសំឡេងក្រអៅហើយនោះឱ្យសង្ឃឹមទុកចិត្តចុះថាមុខជាមានជ័យជំនះឈ្នះបានដំរីមកជាបរិវារច្រើនជាមិនខានឡើយ។
- ២. ព្រះអង្គទ្រង់បានទូក-ង ឈ្មោះសារាយអណ្ដែតមកជាព្រះទីនាំងចក្រពត្តិនោះ ក៏មានបុញ្ញាធិការច្រើនចំពូក គឺចំពូកមួយ បើទូកធម្មតាទៅនគរវត្តនោះ មិនមានខ្យល់រលកទេកំណត់បីបួនថ្ងៃ ទើបទៅដល់បើខ្យល់រលកផង ទូកធម្មតាទៅនគរវត្តត្រូវប្រើវេលាអស់ ១០ ឬ ១៥ ថ្ងៃ ឯព្រះទីនាំងចក្រពត្តិនោះ ព្រះអង្គទៅបិណ្ឌបាតនៅនគរវត្តត្រឡប់មកដល់វត្តយើងវិញកំណត់តែបាយចង្ហាន់ហុយៗ នៅឡើយព្រោះលឿន បីដូចជាទូកទិព្វ។ ចំពូកពីរ បើសេនាទាហាននឹងឡើងជិះធ្វើសង្គ្រាមចំណុះទូក ១២៥ នាក់នោះទោះកាំភ្លើង ធ្នូ ស្នា ច្រើនប៉ុន្មានក្ដី ក៏ពុំដែលមកជិតចំណុះទូកនោះឡើយ។ ចំពូកបី បើនឹងលើកទ័ពចេញទៅ ហើយ គេត្រូវលេងភ្លេងពិធីអូសចេញពីបង្គងនោះ លុះលេងរួចហើយឱ្យពិនិត្យមើលពងមាន់ ១២៥ ដែលតាំងថ្វាយទូកនោះ បើបិសាចដែលរក្សាទូកនោះ ឮសូរគាំហ៊ោជាត្រេកត្រអាលនោះអ្នកស្នែងអាចសែងតែ ១៦ នាក់រួចយ៉ាងស្រួល ហើយឱ្យសង្ឃឹមថាមុខតែមានជ័យ, បើពងមាន់នោះមិនបាត់ មាត់ក៏ឮហ៊ោក្រេវទេ ទូកដែលចេញទៅនោះមុខជាពុំប្រទះច្បាំងនឹងសត្រូវសោះឡើយ។
សង្គ្រាមាភិសេក[កែប្រែ]
របស់វិសេសទាំងពីរប្រការនេះ អស់អាត្មាភាព និង យើងខ្ញុំទាំងឡាយយល់ថា ចូលជារបស់ចុល្លចក្រ មហាចក្រទៅធ្វើការឯណាក៏នឹងមានជ័យជំនះ ហើយយើងខ្ញុំទាំងអស់គ្នាមកនៅស្ងៀមពុំបានធ្វើព្រះរាជពិធីអភិសេកឱ្យបានរុងរឿងឥស្សរិយយសខ្ពស់ជាឯកព្រះមហាក្សត្រឱ្យបានថ្កុំថ្កើងជាងរាជសត្រូវនោះពុំបានឡើយ។ លុះគិតព្រមគ្នាហើយ ក៏នាំគ្នាចូលទៅក្រាបបង្គំទូលសូមអញ្ជើញព្រះអង្គ សោយរាជសម្បត្តិតាមសេចក្ដីពិភាក្សា ហើយយល់ព្រមគ្នាជាឯកច្ឆន្ទ។
ទើបសម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ទ្រង់ត្រាស់ថា: ព្រះនគរក៏ពុំទាន់បានរាបទាបទាំងព្រះខ័នក៏ពុំទាន់រកឃើញ បើនឹងរៀបអភិសេកក្រែងពុំគួរទេដឹង។ ពេលនោះ អស់ព្រះសង្ឃ និងព្រះបុរោហិត ព្រះវង្សានុវង្ស មន្ត្រីចាស់ទុំ ខ្ញុំព្រះរាជការក្រាបបង្គំទូលថាសូមព្រះរាជទាននឹងរៀបព្រះរាជពិធីជាសង្គ្រាមាភិសេកថ្វាយជាសុវត្ថិមង្គលគ្រាន់នឹងគ្រប់គ្រងរាស្ត្រប្រជាជាបណ្ដោះអាសន្នសិនប៉ុណ្ណោះទេ បើទ្រង់ច្បាំងឈ្នះបានព្រះនគរស្រេចកាលណានឹងសូមថ្វាយប្រាប្ដាភិសេកក្នុងកាលនោះ ខណៈនោះ សម្ដេចព្រះបរមបពិត្រទ្រង់ព្រះរាជានុកូលចូលព្រះហឫទ័យផង ហើយទ្រង់ត្រាស់ថា បើព្រមគ្នាយល់ថាត្រូវតែឱ្យយើងទទួលអភិសេកហើយ ក៏ឱ្យគិតសំរេចធ្វើតាមក្បួនសង្គ្រាមាភិសេកនោះឱ្យបានត្រឹមត្រូវតាមប្រពៃណីចុះ។ មួយរំពេចនោះ ព្រះសង្ឃ និងខ្ញុំរាជការទាំងឡាយត្រេកអរសោមនស្សណាស់ ហើយក៏ចេញមកចាត់ចែង កេណ្ឌកងកំណែនឱ្យចាំងដីជំរះស្មៅជាឯលិចបន្ទាយដែលគង់ឱ្យសង់រោងរាជពិធី តាមពុទ្ធសាសន៍ សេយ្យសាសន៍ ព្រះរាជវ័តិ ឆត្រ ទ្រង់ធ្វើភ្នំមហាបណ្ឌមធ្វើព្រះបុស្បកមានព្រះស្វេតច្ឆត្រគ្រឿងរាជអភិរមសព្វសារពើ។ ចំណែកឯព្រះស្វេច្ឆត្រនោះ សម្ដេចចៅពញាចន្ទរាជាទ្រង់ពុំឱ្យធ្វើគ្រប់ ៩ ជាន់ទេ ទ្រង់ឱ្យធ្វើតែ ៥ ជាន់ ហើយទ្រង់ឱ្យធ្វើគ្រឿងព្រះទីនាំងគជេន្ទ្រយុទ្ធ គ្រឿងព្រះទីនាំងអស្សតរ ព្រះទីនាំងពីជ័យរិទ្ធិគ្រឿងឧសភរាជ គ្រឿងព្រះទីនាំងរាជ និង គ្រឿងសេនាទាហានឱ្យមានស្លាកពាក់ តែងខ្លួនឱ្យប្រពៃបំរុងកាន់ទង់ជាតិដើរហែចូលទៅក្នុងរោងព្រះរាជពិធី។ ឯបណ្ដារាស្ត្រជិតឆ្ងាយ ឮថា ព្រះបរមបពិត្រ ទ្រង់រៀបសង្គ្រាមាភិសេកហើយ ត្រេកអរណាស់ ក៏នាំគ្នាយកគោ ក្របី ដំរី សេះ រទេះ ទូក មាស ប្រាក់ សំពត់ អាវ សាវស្បៃ តាមដែលខ្លួនមាននោះមកក្រាបទូលថ្វាយច្រើនជាអនេក។
លុះមកដល់ថ្ងៃទី៩ កើត ខែផល្គុន ឆ្នាំជូតអដ្ឋស័ក ព.ស.២០៦០, គ.ស. ១៥១៦, ម.ស. ១៤៣៨, ច.ស. ៨៧៨ សម្ដេចចៅពញា ចន្ទរាជា ព្រះអង្គទ្រង់គ្រឿង មហាខត្តិយាធិបឌិន ទ្រង់ធ្វើព្រះរាជដំណើរចូលក្នុងរោងរាជពិធី។ ព្រះរាជគ្រូ ថ្វាយមហាស្វេតច្ឆត្រ ស្ដេចឋិតនៅនាបូព៌ាភិមុខស្វេតច្ឆត្រ ទើបព្រះរាជវង្សានុវង្ស សេនាមុខមន្ត្រី ក្រាបថ្វាយព្រះរាជមង្គល ព្រះពិធីពរជ័យ។ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គឡើងគ្រងរាជសម្បត្តិ ទ្រង់ព្រះនាមជា សម្ដេចព្រះបរមរាជា ចន្ទរាជា គ្រងក្រុងកម្ពុជាធិបតី។
តែងតាំងទ្រទូងរត្នទាំង៧[កែប្រែ]
លុះរួចពិធីហើយ ព្រះអង្គតាំងព្រះសង្ឃ និងមន្ត្រី តាមមានគុណបំណាច់ និង ចំណេះវិជ្ជាដូចតទៅនេះ:
- ១. ចៅអធិការ សួស ជាទី សម្ដេចព្រះសុគន្ធាធិបតី សិរីសោធរសង្ឃនាយក។ (ទីចៅហ្វាទឡ្ហៈ)
- ២. ចៅអធិការ ស្រី ជាទី សម្ដេចព្រះមង្គលទេពាចារ្យ។ (ទីយមរាជ)
- ៣. ចៅអធិការ សោម ជាទី សម្ដេចព្រះធម្មលិខិត។ (ទីក្រឡាហោម)
- ៤. ចៅអធិការ លាស់ ជាទី សម្ដេចព្រះពោធិវង្ស។ (ទីវាំង)
- ៥. ចៅអធិការ ទន់ ជាទី សម្ដេចព្រះវនរ័ត។ (ទីចក្រី)
- ៦. ចៅអធិការ សោម ជាទី សម្ដេចព្រះមហាព្រហ្មមុនី។ (ទីមហាមន្ត្រី)
- ៧. ចៅអធិការ ជ័យ ជាទី សម្ដេចមហាវិមលធម្ម។ (ទីមហាទេព)
លំដាប់មក ទ្រង់តាំងព្រះរាជាគណៈសំរាប់ ទោ ត្រី ចត្វា តទៅទៀត។
មន្ត្រីរត្នទាំង៧[កែប្រែ]
លុះតាំងទ្រទូងរត្នទាំង ៧ គ្រប់ទាំង ៤ សំរាប់នោះរួចហើយ ទ្រង់តាំងមន្ត្រីរត្នទាំង៧ទៀត ហើយទ្រង់បញ្ញត្តិទុកថា តាំងពីថ្ងៃនេះតទៅ បើនឹងតាំងសេនាបតីមន្ត្រីក្នុងក្រៅ ឱ្យតាំងដោយរបៀបដូច្នេះ:
សេនាបតី និងចៅហ្វាយស្រុក សក្ដិ ១០ ហ៊ូពាន់ ពីបុរាណរៀងមក គឺតាំងពីផែនដីព្រះបាទអរត្តពលពាលោនោះ ទ្រង់តាំងឡើង សុទ្ធតែជាទី "សម្ដេចចៅពញា" ព្រោះចៅហ្វាយស្រុកទាំងនោះ សុទ្ធតែជាសម្ដេចព្រះរាជត្រកូល ដែលចេញទៅគ្រងស្រុក សក្ដិ ១០ ហ៊ូពាន់ ក៏មាន ៩ ហ៊ូពាន់ ក៏មានដល់មកផែនដី ព្រះបាទធនញ្ជ័យកោរព្យរាជនោះ ចៅហ្វាយស្រុកទាំងនោះ ពុំសូវកោតខ្លាចសេនាបតី ទើបព្រះបាទកោរព្យរាជទម្លាក់ចៅហ្វាយស្រុកទាំងនោះមកនៅត្រឹមតែទី "ចៅពញា" វិញ។ បើសក្ដិ ៨ ហ៊ូពាន់ចុះមក តាំងជាទី "ពញា"។ ឯសេនាបតី និងមន្ត្រីសក្ដិ ៩ ហ៊ូពាន់ ក្នុងវង្សមន្ត្រីរត្ននោះ ពីមុនមក បានតែងតាំងជា "សម្ដេចចៅពញា" ដល់មកផែនយើងនេះ យើងពិនិត្យទៅក៏ឃើញថា នៅតែច្រឡូកច្រឡំនៅឡើយ។ ដូច្នេះ យើងត្រូវគិតរៀបចំជាថ្មី គឺថា នាម៉ឺនក្រៅពីខ្នងពស់ទាំង៤ សំរាប់បើតាំងឡើង ឱ្យតាំងជាទី "ឧកញ៉ា"។ ឯចៅហ្វាយស្រុកសក្ដិ ៩ ឬ ១០ ហ៊ូពាន់នោះឱ្យតាំងជាទី "ចៅពញា"។ បើ៧ ឬ ៨ ហ៊ូពាន់ឱ្យតាំងជាទី "ពញា"។
- សក្ដិ ១០ រឺ ៩ ហ៊ូពាន់ សំរាប់ខ្នងពស់ទាំង ៤ សំរាប់ (ចៅហ្វាទឡ្ហៈ រឺ អគ្គមហាេសេនា, សម្ដេចចៅពញា (អង្គឌួង), ជេដ្ឋាមន្ត្រី (អង្គឌួង) និង អធិបតីសេនា (អង្គឌួង)) តាំងឡើងជា ........................... សម្ដេចចៅពញា
- សក្ដិ ១០ រឺ ៩ ហ៊ូពាន់ ក្នុងវង្សមន្ត្រីរត្ន (យមរាជ វាំង ចក្រី មហាទេព ក្រឡាហោម និង មហាមន្ត្រី)ជា ... ឧកញ៉ា
- សក្ដិ ១០ រឺ ៩ ហ៊ូពាន់ចៅហ្វាយស្រុក តាំងឡើងជា ...................................... ចៅពញា
- សក្ដិ ៨ រឺ ៧ ហ៊ូពាន់ចៅហ្វាយស្រុក តាំងឡើងជា ........................................ ពញា
- សក្ដិ ៦ ហ៊ូពាន់ តាំងឡើងជា ........................................................ ព្រះ
- សក្ដិ ៥ ហ៊ូពាន់ តាំងជា ............................................................ ហ្លួង/ចៅមឿង (មេស្រុក)
- សក្ដិ ៤ ហ៊ូពាន់ តាំងជា ............................................................ ឃុនម៉ឺន
- សក្ដិ ៣ ហ៊ូពាន់ តាំងជា ......................................................... ឧកម៉ឺន រឺ ឱកម៉ឺន
- សក្ដិ ២ ហ៊ូពាន់ តាំងជា ............................................................. ចៈម៉ឺន
- សក្ដិមួយម៉ឺន តាំងជា ................................................................ ម៉ឺន
គ្មានយសសក្ដិទេឱ្យហៅថា ............................................................. នាយ
តែងតាំងព្រះភីលៀងព្រះអង្គ[កែប្រែ]
តមក ទ្រង់តាំងព្រះភីលៀង ខាងព្រះអង្គ ទាំង ៥ នាក់គឺ៖
- ១. ព្រះទិព្វជាញជ័យ ទេព ឱ្យជាទី សម្ដេចចៅហ្វាទឡ្ហៈ (នាយករដ្ឋមន្ត្រី)។
- ២. ហ្លួងស្នេហានុរ័ក្ស ព្រំ ជាទី ឧកញ៉ាយមរាជ (រដ្ឋមន្ត្រីខាងក្រសួងយុត្តិធម៌)
- ៣. ហ្លួងវិជិត ព្រះអង្គឱ្យតាំងជាទី ឧកញ៉ាក្រឡាហោម (រដ្ឋមន្ត្រីក្រសួងទ័ពជើងទឹក)។
- ៤. ហ្លួងឧត្តមចិន្តា ស្រី ជាទី ឧកញ៉ាវាំង (រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង)។
- ៥. ហ្លួងភក្ដីនុរ័ក្ស កែវ ជាទី ឧកញ៉ាចក្រី (រដ្ឋមន្ត្រីខាងទាហានជើងគោក)។
តែងតាំងព្រះភីលៀងព្រះភាគិនេយ្យោយសរាជា[កែប្រែ]
ទ្រង់តាំងខ្ញុំរាជការ ដែលជាកំសត់ជំនិត និងព្រះអង្គ ទាំង ៥០ នាក់នោះ ជាមន្ត្រីក្រុមរក្សាព្រះអង្គគ្រប់គ្នា។ ទ្រង់តាំងចៅពញាយសរាជា ជាទី សម្ដេចព្រះភាគិនេយ្យោយសរាជា។ ទ្រង់តាំងព្រះភីលៀង សម្ដេចព្រះភាគិនេយ្យោ:
- ១. ឃុនស្នេហានុរ័ក្ស កែន ជាទី ឧកញ៉ាវង្សាអគ្គរាជ
- ២. ម៉ឺនវិជិតសិទ្ធិរស សម ជាទី ឧកញ៉ាវិបុលរាជ
- ៣. ម៉ឺនភក្ដីនុរ័ក្ស ទេព ជាទី ឧកញ៉ាធម្មាធិរាជ
- ៤. ម៉ឺនវិសេសហឫទ័យ កៅ ជាទី ឧកញ៉ារាជតេជៈ។
ឯមន្ត្រីក្នុងសេនាទាហាន ក្រៅពីនេះ ទ្រង់តាំង:
- ១. ចៅពញាសេនរឿងឫទ្ធិ ទ័យ ជាទីសម្ដេចជេដ្ឋាមន្ត្រី
- ២. ចៅពញាជំរង់ស្នេហា ស៊ិន ជាទី ឧកញ៉ាឯករាជ
- ៣. ចៅពញាសេនាវុធ ស៊ុន ជាទី ឧកញ៉ាបរទេសរាជ
- ៤. ចៅពញាសេនាសមសក្ដិ នូរ ជាទី ឧកញ៉ាស្រីសូទិព្វវាំង
- ៥. ចៅពញាសំដែងអាវុធ មោ ជាទី ឧកញ៉ានរិន្ទ្រាធិបតី។
តែងតាំងចៅហ្វាយស្រុកធំ[កែប្រែ]
ចំពោះមន្ត្រី ក្នុងសេនាទាហាន ក្រៅពីនេះទៅទៀត ព្រះបាទសម្ដេចព្រះចន្ទរាជាទ្រង់តាំងឱ្យធ្វើជាចៅហ្វាយស្រុកខ្លះ ជាក្រុមព្រះតំរួតខ្លះ ជាក្រុមវាំងខ្លះ ជានាយទាហានខ្លះ គ្រប់មន្ត្រីដែលមានគុណបំណាច់ក្នុងការធ្វើចំបាំងគ្មានខ្វះចន្លោះ អ្នកណាម្នាក់ឡើយ។ ទ្រង់រាប់រៀបសរសើរពីគុណបំណាច់ នៃចៅហ្វាយស្រុក ចៅពញាសួគ៌ាលោកមឿង (នូវ) ដែលបានថ្វាយសេះ ដំរី និងថ្វាយ កូន ៤ នាក់ក្នុងគ្រាដែលព្រះអង្គទ័លសម្បត្តិ ទាំងគ្មាន ពលសោះ ហើយរត់ទៅក្រុងទេព និងកាលទ័ពសត្រូវ ចោមបន្ទាយពោធិ៍សាត់ ហើយពញាមឿង (នូវ) ប្ដូរជីវិតស្លាប់ ទៅកេណ្ឌបិសាច យកមកជួយ ឱ្យឈ្នះសង្គ្រាមច្រើនគ្រានោះថា: ទ្រង់តាំងកូនពីរនាក់ឱ្យធ្វើជាសួគ៌ាលោកមួយ សេនាសង្គ្រាមមួយ នោះឃើញថា ពុំទាន់ធួនល្មម នឹងកំលាំងបំណាច់ទើបទ្រង់តាំងចៅពញាសួគ៌ាលោកទេព ទី៣ ជាសម្ដេចចៅពញាយោធានរិន្ទ តាំងចៅពញាសេនាសង្គ្រាម សុខ កូនទី ៤ ជាឧកញ៉ាសួគ៌ាលោក ឱ្យមានអាណាខែត្រឡើង (ខែត្រឡើង គឺ ខែត្រជាចំណុះ) គឺខែត្រក្រគរមួយ ក្រងមួយ ខ្លុងមួយ។ តមក ទ្រង់គិតដល់គុណបំណាច់ នៃពញាមនោមេត្រី គល់ ជាចៅមឿង ស្រុកបាត់ដំបង ដែលកាលសម្ដេចត្រឡប់ពីស្រុកសៀមមកដល់នោះ ហើយចៅពញាមនោមេត្រីបានថ្វាយដំរី ៥ និង សេះ ១៥ ព្រមទាំងថ្វាយ ស្បៀងអាហារ ១០០០ រទេះ។ ទ្រង់មានបន្ទូលថា : ចៅមឿងនេះ មានសក្ដិស្មើនឹងសក្ដិ ៦ ហ៊ូពាន់ តែពញាមឿង មានស្ម័គ្របក្សពួកច្រើនស្រុក ដូច្នេះ ទ្រង់លើកឡើងជា ចៅហ្វាយស្រុកធំ មានសក្ដិ ៩ ហ៊ូពាន់ ហើយឱ្យមានចៅមឿង ឡើងស្ដាប់បង្គាប់ ៥ ស្រុក គឺស្រុកមង្គលបូរី១ ទឹកជោរ១ បរត្បូង១ ពាមសីមា១ មោងឫស្សី១ ស្រុកខាងលើទាំង៥ នេះឱ្យឡើងស្ដាប់បង្គាប់នៃចៅមនោមេត្រី ទាំងអស់។
ព្រះកិត្តិនាម[កែប្រែ]
សេចក្ដីសារស័ព្ទ អំពីព្រះកិត្តិយស ពីរោះខ្ពស់ប្រសើរនោះ ផ្សាយចេញទៅដល់ខែត្រនានាថា: ទ្រង់ពុំដែលបកសក្ដិខ្ញុំរាជការ នេះមួយថាទ្រង់ពុំអួតអាងថាមានថ្វីដៃនេះមួយ ថាបើអ្នកមានប្រាជ្ញា ស្មារតី មានវោហារ ចេះអធិប្បាយធម៌អាថ៌ នេះមួយ អ្នកប្រាជ្ញរាជបណ្ឌិតដែលចេះដឹងគម្ពីរបាលី ក្បួនតំរានេះមួយ ទ្រង់ឱ្យស៊ើបរកយកខ្លួនមកតាំងចិញ្ចឹមជានាម៉ឺនតាមប្រាជ្ញា ស្មារតីរបស់ខ្លួនទាំងអស់។ ម៉្លោះហើយ អ្នកប្រាជ្ញរាជបណ្ឌិត អ្នកចេះដឹងនាំគ្នាមកជ្រកក្រោមម្លប់បុណ្យ ព្រះបារមីនៃព្រះអង្គច្រើនក្រៃពេក។ ក្នុងថ្ងៃមួយនោះ ព្រះបាទសម្ដេច ព្រះចន្ទរាជា ទ្រង់ព្រះតំរិះថា "តាំងពីយើងបានមកនៅក្នុងខែត្រអម្រិន្ទបូរនេះ យើងគិតការណ៍អ្វីៗ ក៏បានសំរេចដោយធូរទូលាយ អស់អាណាប្រជានុរាស្ត្រ ក៏មិត្តមូលចូលមកយកយើងជាទីពុំនាក់សំបូរទាំងមនុស្សទាំងសម្បត្តិជាស្ថាននាំឱ្យបានរបស់ចំឡែកអស្ចារ្យ ទាំងសេនាទាហាន ក៏មានបរិបូណ៍"។ លុះទ្រង់ព្រះតំរិះឃើញយ៉ាងនេះហើយ ទើបទ្រង់ប្រែឈ្មោះ អមរគីរិន្ទបូរ អម្រិន្ទបូរនោះ ឱ្យឈ្មោះជា "ខែត្របរិបូណ៍" វិញតាំងពីថ្ងៃនោះរៀងមក។ ក្នុងពេលដែលទ្រង់កំពុងតែតែងតាំង នាម៉ឺនមុខមន្ត្រីនោះ ថ្ងៃរះភ្លឺច្បាស់គ្មានភ្លៀងសោះ ក៏ស្រាប់តែមានឥន្ទធនូ ៧ ពណ៌ ចុះពាសពេញទាំងអាកាសទាល់តែព្រះអង្គទ្រង់តាំងមន្ត្រីនាម៉ឺនរួច ទើបស្ងប់ស្ងាត់បាត់ទៅវិញ។
ខណៈនោះព្រះបរមបពិត្រ និងសេនាបតី មន្ត្រីធំតូច ខ្ញុំព្រះរាជការ សង្ស័យណាស់ក៏ទ្រង់ត្រាស់សួរហោរាសុំឱ្យទំនាយថ្វាយ។ ហោរាពិនិត្យយល់ឃើញស្រេច ទើបថ្វាយព្យាការណ៍ថា : សូមទ្រង់ព្រះមេត្តាប្រោស! អព្ភូតហេតុដ៏អស្ចារ្យនេះប្រាប់ឱ្យដឹងថា ព្រះអង្គនឹងមានបុណ្យបារមីជាឱកាសព្រះនគរទាំងព្រះខ័នជ័យ និង ទេវរូប ក៏នឹងបានមកជារបស់សំរាប់ផែនដីវិញមិនខាន។ ព្រះបរមបពិត្រ ទ្រង់ត្រាស់សួរបញ្ជាក់ហោរាថែមទៀតថា: ហេតុអ្វីបានហោរាទាយដូច្នេះ? តើឃើញហេតុដូចម្ដេចខ្លះ? ហោរាក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស! ទូលព្រះបង្គំបានពិនិត្យសង្កេតមើលក្នុងហោរាសាស្ត្រទៅ ឃើញមានហេតុ ៧ ប្រការគឺ:
- ប្រការ ១: កាលព្រះអង្គចាប់បដិសន្ធិនោះ សម្ដេចព្រះកន្លោង (សម្ដេចព្រះមាតា) ទ្រង់ព្រះសុបិនឃើញចន្ទគ្រាសក្នុងថ្ងៃពេញបូណ៌មី។
- ប្រការ ២: ដល់ព្រះអង្គប្រសូត្រមកទៀតនោះ ក៏ប្រសូតក្នុងពេញបូណ៌មី ថ្ងៃនោះក៏មានចន្ទគ្រាសទៀត។
- ប្រការ ៣: ទ្រង់មានព្រះនាមទៀត ក៏ហៅថា ព្រះចន្ទ។
- ប្រការ ៤: កាលសម្ដេចព្រះជេដ្ឋានៃព្រះអង្គគង់ព្រះជន្មនៅឡើយ ទ្រង់បានព្រះសុបិននិមិត្តឃើញថា ព្រះវររាជបិតានៃទ្រង់ មកហៅព្រះអង្គទៅកុំឱ្យព្រះអង្គនៅតស៊ូនឹងនាគ។ ថានាគនេះ លុះតែព្រះចន្ទពីទិសខាងលិចមកក្នុងថ្ងៃណា ទើបវានោះនឹងរលាយបាត់បង់ទៅវិញ។ ឥឡូវនេះ ព្រះអង្គក៏ស្ដេចមកពីប្រទេសសៀមជានគរនៅទិសខាងលិចនៃនគរកម្ពុជានេះ គឺត្រូវនឹងសុបិននិមិត្តនោះមែន។
- ប្រការ ៥: ព្រះអង្គទ្រង់ព្រះនាមថា ព្រះចន្ទនេះ ជានិមិត្តរូបនៃទីត្រជាក់របស់អាណាប្រជានុរាស្ត្រ។
- ប្រការ ៦: ឥឡូវនេះ ឃើញថាតាំងពីព្រះស្ដេចចូលមកជាន់ផែនដី ក្រុងកម្ពុជាថ្ងៃណាអាណាប្រជានុរាស្ត្រ ក៏ក្សេមក្សាន្តក្នុងចិត្តណាស់។
- ប្រការ ៧: ព្រះនគរនេះ សម្ដេចអម្រិន្ទ្រាធិរាជ ទ្រង់បានឧបត្ថម្ភជួយទំនុកបំរុងឱ្យកើតជាមហានគរមក។ ដល់ទ្រង់ព្រះករុណាពិសេសបានគ្រប់គ្រងនគរទំនុកបំរុងព្រះពុទ្ធសាសនា ក៏ធ្វើដោយបុណ្យ ដោយឫទិ្ធទាំងតែងតាំងមន្ត្រីខ្ញុំរាជការ ក៏ត្រឹមត្រូវតាមដំណើរនៃអ្នកមានគុណបំណាច់។ ហេតុនេះហើយ ទើបសម្ដេចអម្រិន្ទ្រាធិរាជ ទ្រង់បណ្ដាលជាឥន្ទធនូ ៧ ពណ៌ ពាសពេញទាំងអាកាសក្នុងវេលាដែលទ្រង់តាំងមន្ត្រីនោះ។ បានសេចក្ដីថា ព្រះឥន្ទ្រាធិរាជ ទ្រង់ប្រទានសព្ទសាធុការពរថ្វាយព្រះអង្គឱ្យបានជាកំពូលភពជាម្លប់កម្ពុជានេះ ហើយកុំឱ្យរាស្ត្រស្ដាប់មនុស្សក្រៅពីព្រះរាជត្រកូលឡើយ។
ព្រះបាទសម្ដេចព្រះចន្ទរាជា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់យល់ឃើញថា ហោរាទាយនេះ មានលក្ខណៈមានគោលចារឹកគ្រប់គ្រាន់ល្មមជឿបាន ទើបទ្រង់មានព្រះអំណរណាស់។ ទ្រង់បានចំណាយព្រះរាជទ្រព្យប្រទានដល់ហោរានោះ ហើយទ្រង់ចំណាយព្រះរាជទ្រព្យដល់កងទ័ព ដែលកាប់ឈើធ្វើព្រះវិហារនៅជំរំ ដែលធ្វើរោងរាជពិធីនៅមាត់ស្ទឹងនោះ។
លុះថ្ងៃក្រោយមក សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបថា "ទឹកស្ទឹងនេះ រីងហួតអស់" ទ្រង់សង្ស័យក្នុងព្រះហឫទ័យណាស់ទើបស្ដេចឡើងគង់លើព្រះរាជទីនាំងអស្សតរព្រមទាំងពួកនិករចេញទៅទតដល់ក្បាលស្ទឹង។ ទ្រង់ឃើញទឹកស្ទឹងនោះ ហូរច្រោះដីរូងហូរទៅទិសខាងជើង មានឈើ មានថ្មរលើងរលំ ត្រង់មាត់ស្ទឹងខាងត្បូង។ ទើបទ្រង់ត្រាស់បង្គាប់ឧកញ៉ាវង្សាធិបតីសម ក្រុមព្រះសុរិយោដីឱ្យប្រមូលរាស្ត្រឱ្យបួងសួងអ្នកតាធ្វើពិធីលើកដីបិទផ្ទៃស្ទឹងនោះមិនឱ្យហូរទៅទិសខាងជើង។ ទឹកនោះក៏ហូរតាមប្រឡាយ ដែលជីកថ្មី ហើយហូរចុះទៅស្ទឹងធំដូចដើមវិញ ហើយក៏ស្ដេចព្រះរាជដំណើរមកបន្ទាយវិញ។ ក្រោយពីនោះមានស្រីពីរនាក់ មួយឈ្មោះឯម មួយទៀតឈ្មោះអាំ មានប្ដីទាំងពីរនាក់ មានផ្ទៃពោះ ហើយផិតប្ដី។ នាងឯម សាហាយ និងចៅកៅ ចាក់ចៅលួសជាប្ដីស្លាប់។ នាងអាំ សាហាយនិងចៅគាំកាប់ចៅសោមជាប្ដីស្លាប់។ ពេលនោះ ទីទំនប់ស្ទឹង ក៏ហូរធ្លាយចេញ ចុះទិសខាងជើង ដូចជាន់មុនទៀត។ ចៅហ្វាយស្រុកក្រមការ ខែត្របរិបូណ៌ចាប់បានអាចោរមេចោរទាំងប្រុសស្រីនាំខ្លួនយកទៅក្រាបបង្គំទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ជ្រាបសេចក្ដីគ្រប់ប្រការហើយ ទ្រង់ត្រាស់ថាអញបិទទំនប់នេះ ព្រោះត្រូវការឱ្យទឹកហូរចេញ ចុះមកក្នុងស្ទឹងដើម្បីឱ្យអ្នកស្រុកធ្វើរហាត់ទឹក យកទឹកដាក់ស្រែយកស្រូវឱ្យបរិបូណ៌ ពុំគួរឡើយអាចោមមេចោរទាំងពីរ ៤ នាក់នេះទៅបំផ្លាញពិធីទំនប់ទឹកនេះឡើយ។ បើដូច្នោះត្រូវមានទោស ៣ ស្ថានគឺ:
- ១. ត្រូវថាវាទាំង២ នាក់លួចប្រពន្ធគេ
- ២. ត្រូវវាទាំង ៤ នាក់មានទោស ព្រោះបានសំលាប់មនុស្សពីរនាក់
- ៣. វាទាំង ៤ នាក់ត្រូវមានទោស ថាបង្អត់បាយគេ ទូទៅទាំងខែត្រ។
ទើបទ្រង់បង្គាប់មន្ត្រីក្រុមព្រះនគរបាល និង ក្រុមព្រះសុរិយោដីឱ្យយកអាចោរ មេចោរទាំង ៤ នាក់នេះ ទៅដាក់ក្នុងទំនប់នោះ។ មន្ត្រីក្រុមទាំងពីរ ក៏ថ្វាយបង្គំលានាំមនុស្សចោរទាំង ៤ នាក់នោះទៅធ្វើពលិការបួងសួងអាកាសទេវតា អារក្ខទេវតា ហើយសំរេចទោស អាមេទាំង ៤ នាក់ រួចលើកដីលប់ទៅ។ បិសាចខ្មោច អា មេ ទាំង ៤នាក់និងកូនក្នុងពោះពីរនាក់ ជា៦នាក់ ក៏នៅឃុំរក្សាទំនប់នោះ ទំបន់នោះក៏ជិតជាប់រៀងមកដល់ឥឡូវនេះ។ អស់បណ្ដាអ្នកស្រុក ធ្វើស្រែដោយហេតុទំនប់នេះចំរើនផលស្រូវជាសព្វឆ្នាំ។ ទឹកស្ទឹងនេះហូរខ្លាំងមក ប្រែះដីនោះជ្រៅ ធំទូលាយ អាចឱ្យចេញចូលទូកបាន អ្នកឈ្មួញ ជួញលក់ ចេញចូលទៅនៅរកស៊ីតាំងជាផ្ទះផ្សារជាច្រើន។ ហេតុនោះហើយបានជាហៅថា "ផ្សារបរិបូណ៌" តមកដល់សព្វថ្ងៃនេះ។ ឯដីចុងស្ទឹងនោះទ្រង់ត្រាស់ឱ្យកងទ័ព និង អ្នកស្រុកធ្វើស្រែសឹងតែបានចំរើនផលជាច្រើនសូមប្រកបនឹងមានខែត្របរិបូណ៌ ដែលទ្រង់ប្រែឈ្មោះនោះ។
លុះមកដល់ឆ្នាំឆ្លូវ នពស័ក ព.ស ២០៦១, គ.ស. ១៥១៧, ម.ស. ១៤៣៩, ច.ស. ៨៧៩ នោះព្រះបរមបពិត្រទ្រង់ត្រាស់ឱ្យរំសាយរេហ៍ពលឱ្យធ្វើស្រែគ្រប់ខែត្រ ហើយត្រាស់ឱ្យធ្វើព្រះរាជបន្ទូល ព្រះរាជប្រកាសឱ្យមន្ត្រីប្រើបំរើឱ្យលបយកទៅបិទគ្រប់ខែត្រត្រើយខាងលិច។ សេចក្ដីប្រកាសនោះថា បើខែត្រណាមានចិត្តសុចរិតស្មោះត្រង់នឹងសម្ដេចព្រះឧបរាជដែលជាព្រះរាជត្រកូលពុំចូលនឹងពួកអាព្រះស្ដេចកនជាអ្នកងារពលព្រះទេ ក៏ចូលទៅសារពិភ័ក្ដីតាំងពីឥឡូវនេះឱ្យហើយទៅ។ តែទុកឱ្យយូរទៅដរាបដល់បានរាបទាបក្នុងព្រះនគរនោះ ព្រះអង្គនឹងយកទោសចាត់ទុកជាក្បត់ផែនដីដូចពួកអាស្ដេចកនជាប្រាកដពុំលែងឡើយ។ កាលនោះ ដោយហេតុតែបុណ្យបារមីរបស់ស្ដេចចៅពញា ចន្ទរាជាអស់បណ្ដារាស្ត្រទាសកម្មករគ្រប់ភាសាក្នុងក្រុងកម្ពុជា ក៏កើតមានគំនិតប្រាជ្ញា ស្នេហាមេត្រីនឹងព្រះបរមបពិត្ររាល់រូបកាយពុំមានខាន។ បណ្ដារាស្ត្រទាសកម្មទាំងនោះ ក៏នាំគ្នាចូលមកថ្វាយបង្គំសុំសារពិភ័ក្ដិច្រើនស្រុកច្រើនខែត្រ។
សមរភូមិទន្លេសាប[កែប្រែ]
ចៅហ្វាយស្រុកខែត្រអាសន្ទុកលុះដឹងថា “សម្ដេចចៅពញាចន្ទរាជា ស្ដេចលើកទ័ពហួសរហូតទៅដល់ខែត្ររលាប្អៀរ លង្វែក ហើយ” ក៏តាំងកេណ្ឌកងទ័ពគ្រប់ខែត្រដែលឡើងខែត្រអាសន្ទុកនោះគឺ មឿងជីក្រែង ស្ទោង ព្រំទេព ព្រៃក្ដី សៀមបូក សៀមប៉ាង ព្រះប្រសប់ មឿងទាំង ២៥ នេះកេណ្ឌបានពល ៨០០០០ នាក់ ហើយឲ្យកេណ្ឌទូករាស្ដ្រសំរាប់ចំលងកងទ័ពឆ្លងទៅខែត្រក្រគរដើម្បីវាយកងទ័ពសត្រូវផ្ទប់ពីខាងក្រោយកុំឲ្យសម្ដេចចៅពញាចន្ទរាជារត់គេចខ្លួនបាន។ ឯសម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ ព្រះអង្គប្រថាប់ទ័ពនៅបន្ទាយស្រុកបរិបូរណ៍ (អម្រិន្ទបូរី)។ ក្នុងថ្ងៃនោះព្រះអង្គជ្រាបថា “កងល្បាតនៃចៅពញាឧទ័យធិរាជកំពុងឲ្យកងទ័ពឆ្លងទន្លេសាបមកខែត្រក្រគរហើយ” ទ្រង់ឈ្វេងយល់គ្រប់ប្រការស្រេច ទើបស្ដេចត្រាស់បង្គាប់បំរើសេះឲ្យទៅទូលចៅពញាយសរាជាដែលនៅរក្សាខែត្រពោធិ៍សាត់ថា ឲ្យលើកកងទ័ពទៅស្ទាក់ចាំនៅកំពង់ដៃទន្លេសាបកុំឲ្យកងទ័ពសត្រូវឡើងគោករួច។ ឯចៅពញាយសរាជាជាស្ដេចព្រះភាគិនេយ្យោ (របស់ព្រះចន្ទរាជា) ទ្រង់ជ្រាបហើយទ្រង់ឲ្យនាយកងទ័ពនាំរេហ៍ពល ១០០០០ នាក់កាន់កាំភ្លើងធំតូចទៅបង្កប់ចាំនៅមាត់ព្រៃទន្លេសាបពីរអន្លើ ហើយឲ្យកេណ្ឌទូកបានជាច្រើន។ ទ្រង់ត្រាស់កំណត់ថាបើកងទ័ពសត្រូវវាថយរត់ទៅត្រូវឲ្យតាមបាញ់តាមចាប់យកជ័យជំនះឲ្យបាន។ សម្ដេចចៅពញាចន្ទរាជា កាលឲ្យបំរើទៅទូលសម្ដេចព្រះភាគិនេយ្យោចៅពញាយសរាជារួចហើយ ស្ដេចត្រាស់បង្គាប់ចៅពញាអធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅឲ្យនាំរេហ៍ពល ២០០០០ នាក់ទៅបង្កប់ចាំនៅមាត់ព្រែកទន្លេសាបត្រើយខាងកើត ហើយទ្រង់ផ្ដាំថា “បើឮកាំភ្លើងសន្យាទ័ពហើយឲ្យលើកកងទ័ពចូលច្បាំងឲ្យបានសំរេចចុះ” ។ ចៅពញាទាំងពីរក៏ក្រាបបង្គំថ្វាយលាចេញទៅតាមព្រះរាជបញ្ជា។ ឯសម្ដេចចៅពញាចន្ទរាជា ព្រះអង្គស្ដេចឡើងគង់លើព្រះទីនាំងចក្រពត្ដិគឺទូក-ងសារាយអណ្ដែតនោះ ព្រមដោយទូក-ងផ្សេងៗ ២៥ ទៀតចេញទៅបង្កប់ស្ទាក់នៅមាត់ព្រែកទន្លេសាបចាំទ័ពសត្រូវ។ ចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកខែត្រអាសន្ទុក (ខាងស្ដេចកន) កាលបានទូក និងទ័ពមកជួបជុំហើយក៏ដេញពលឲ្យចុះទូកទៅដល់ជិតព្រៃត្រើយ ខាងលិច។ ខណៈនោះកងទ័ពចៅពញាយសរាជាដែលបង្កប់ខ្លួននោះក៏តាំងហ៊ោរបាញ់កាំភ្លើង ធំតូចរំពងឡើង។ កងទ័ពចៅពញាឧទ័យធិរាជជិះទូកកំណែន គ្មានចំណាប់នឹងបាញ់ ក៏បែកកងទ័ពរត់ទៅពួនក្នុងព្រៃមួយអន្លើក្នុងខែត្របរិបូរណ៍។ នៅទីនោះកងទ័ពចៅពញាឧទ័យធិរាជទាំងនោះរត់ទៅជួបនឹងកងទ័ពចៅពញាសេនាសង្គ្រាម។ ខាងកងទ័ពចៅពញាសេនាសង្គ្រាមក៏ទទួលបាញ់កាប់ចាក់កងទ័ពសត្រូវឥតត្រាប្រណីឡើយធ្វើឲ្យកងទ័ពសត្រូវទ្រាំមិនបានក៏រត់ឆ្លងទៅត្រើយខាងកើតវិញ។ ទ័ពដែលស្លាប់ដោយធ្លាក់ទឹកទន្លេសាបនោះប្រមាណជាពីរ ឬ បីពាន់នាក់។ ឯសម្ដេចចៅពញាចន្ទរាជាដែលបង្កប់ក្នុងព្រៃ លុះឮសូរកាំភ្លើងហើយឃើញទ័ពនៃចៅពញាឧទ័យធិរាជរារង់ថយមកនោះ ទ្រង់ក៏ឲ្យទូកងទាំង ២៥ និងទូកព្រះទីនាំងព្រះចក្រពត្ដិអុំសំរុកចូលទៅចាប់ ហើយចាប់បានទាំងពលទាំងពញាឧទ័យធិរាជ និងចៅមឿង ១០ នាក់ទៀត។ ឯចៅមឿង ១១ នាក់ទៀតលោតរត់ដោះខ្លួនទៅដល់ច្រាំងត្រើយខាងកើតជាមុន។ ឯចៅពញាអធិបតីសេនា និងចៅពញាយោធាសង្គ្រាមដែលនៅបង្កប់ទ័ពនៅមាត់ទន្លេត្រើយខាងកើតនោះ លុះឃើញចៅមឿងទាំង ១១ នាក់រត់ទៅដល់ហើយ ក៏ឲ្យទ័ពខ្លួនដេញចាប់បានទាំងអស់ ហើយឲ្យដាក់ក្ដីប្រចាំការទំរាំស្ដេចយាងទៅដល់។ លុះដល់ថ្ងៃរសៀលសម្ដេចចៅពញាចន្ទរាជាព្រះអង្គចេញព្រះរាជដំណើរទៅដល់ព្រះពន្លានៅត្រើយខាងកើតនោះហើយ ចៅពញាអធិបតីសេនាពេជ្រ និងចៅពញាយោធាសង្គ្រាមពៅនាំចៅហ្វាយស្រុកចៅមឿងទាំង ២២ នាក់ និងឈ្លើយទាំង ៦០០០០ នាក់ដែលចាប់បាននោះនាំមកក្រាបបង្គំទូលថ្វាយ។ ខណៈនោះចៅហ្វាយស្រុក ចៅមឿង ចៅបាន សេនាទាហាន ឯក ទោ ត្រី ដែលចាប់បានជាប់ទាំងរេហ៍ពល ៦០០០០ នាក់ក៏កោតខ្លាចអំណាចបុណ្យបារមីនៃសម្ដេចចៅពញាចន្ទរាជា ហើយសន្មតសញ្ញាសូមនៅជាខ្ញុំរាជការត្រាអស់មួយជីវិត។ សម្ដេចចៅពញាចន្ទរាជាទ្រង់ព្រះរាជានុញ្ញាតឲ្យតាមសុំ។ តែក្នុងគ្រានោះព្រះអង្គពុំទាន់រកឃើញនូវក្រុមព្រះបុរោហិតនៅឡើយនឹងឲ្យធ្វើសច្ចាប្រណិធានតាមច្បាប់ប្រពៃណីពុំកើត ទើបទ្រង់ត្រាស់បង្គាប់ឲ្យក្រុមទាំងនេះទទួលថាតាមព្រះអង្គ ៣ ដងម្នាក់ៗ ហើយឲ្យក្រុមទាំងនោះទទួលទានទឹកពិភទ្ទសច្ចាទុកជាការស្រេច។
យកបានអាណាខែត្រខាងកើត និង ឦសាន[កែប្រែ]
លុះពលទាំងនោះសុំចុះចូលអស់ហើយ ព្រះអង្គត្រាស់បង្គាប់ទៅពញាឧទ័យធិរាជជាចៅហ្វាយស្រុកខែត្រអាសន្ទុកដែលទើបនឹងសុំចុះចូលឲ្យនាំមឿងទាំង ២២ ស្រុក និងរេហ៍ពល ៦០០០០ នាក់ដែលសល់ពីស្លាប់នោះឲ្យលើកទ័ពទៅវាយបន្ទាយខែត្រកំពង់សៀម បន្ទាយខែត្រជើងព្រៃ និងស្ទឹងត្រង់ ទាំង ៣ ខែត្រនេះឲ្យបាន។ ចៅហ្វាយស្រុកទាំង ៣ ខែត្រនេះធ្លាប់ខ្លាចថ្វីដៃចៅពញាឧទ័យធិរាជស្រាប់លុះឃើញកងទ័ពពញាឧទ័យធិរាជចាត់សេនាទាហានឲ្យនៅរក្សាខែត្រទាំង ៣ នោះហើយក៏លើកទ័ពមកក្រាបបង្គំទូលស្ដេចចៅពញាចន្ទរាជាអំពីជ័យជំនះ ដែលខ្លួនយកបានគ្រប់ប្រការ។ ស្ដេចចៅពញាចន្ទរាជាទ្រង់មានព្រះអំណរណាស់ ទ្រង់ត្រាស់ព្រះរាជទានមាស ប្រាក់ យសស័ក្ដិដល់សេនាទាហានទាំងនោះឲ្យឡើងទីទៃៗពីគ្នាតាមសមគួរហើយ ទ្រង់ផ្ដាំនឹងចៅពញាឧទ័យធិរាជឲ្យការពារសឹកសង្គ្រាមត្រើយខាងកើត ទិសខាងជើងនេះឲ្យជាប់នៅនឹងបាឯងឲ្យបាឯងខំរក្សាអាណាខេត្ដ ព្រមទាំងបញ្ចុះបញ្ចូលចៅហ្វាយស្រុក ចៅមឿងទីទៃៗឲ្យបានមកជាចំណែកខាងយើងទាំងអស់។ ចៅពញាឧទ័យធិរាជប្រាង្គ និងចៅមឿង ២១ ខែត្រក៏ថ្វាយបង្គំទូលថ្វាយទទួលព្រះបន្ទូលពិសេសហើយ ក៏លើកទ័ពត្រឡប់ទៅខែត្រទីទៃៗរៀងខ្លួន។ ចៅពញាឧទ័យធិរាជទៅដល់ខែត្រហើយ ក៏ឲ្យកេណ្ឌសេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតីមានថ្វីមាត់ចេញទៅនិយាយបញ្ចុះបញ្ចូល ចៅហ្វាយស្រុកចៅមឿងដែលនៅទិសខាងកើត ប៉ែកខាងលិចនោះទាំងអស់។ សេនាទាហាន និងអ្នកមានប្រាជ្ញាស្មារតីថ្វីមាត់ទាំងនោះទៅបញ្ចុះបញ្ចូលបាន ចៅហ្វាយស្រុកមហានគរ ចៅមឿងសូទ្រនិគម ចៅមឿងពួក ចៅមឿងក្រឡាញ់ ចៅមឿងចុងកាល់ និងរហូតរៀងទៅដល់ចុងផែនបានជាច្រើននៅទិសខាងលិចជាស្រេចដាច់ខាតមកខាងស្ដេចពញាចន្ទរាជាទាំងអស់។ ចៅពញាឧទ័យធិរាជជោគជ័យដូច្នោះហើយ ក៏ធ្វើសំបុត្រក្រាបបង្គំទូលចូលមកព្រះបាទចន្ទរាជាជាម្ចាស់តាមដំណើរ។ ព្រះបាទអ្នកអង្គម្ចាស់ទ្រង់ជ្រាបហើយ ទ្រង់មានព្រះអំណរណាស់ ទើបព្រះអង្គថយទ័ពត្រឡប់មកខេត្ដអម្រិន្ទបូរវិញ។ ក្នុងឆ្នាំជូត អដ្ឋស័កនោះ ព្រះសង្ឃរាជរាជាគណៈ ឋានានុក្រម និងព្រះបុរោហិត ព្រឹទ្ធាចារ្យ ព្រះរាជវង្សានុវង្សដែលរត់ខ្ចាត់ភ្លាត់ចេញពីក្រុងភ្នំពេញ និងពីក្រុងបាសាន្តនោះដឹងថា “សម្ដេចព្រះអនុជ (ព្រះចន្ទរាជា) ព្រះអង្គមានជ័យជំនះហើយ” ក៏ចេញពីព្រៃដែលពួនជ្រកនោះមកជួបជុំនាយកងនាយទ័ពសុំឲ្យនាំខ្លួនយកទៅថ្វាយជាខ្ញុំរាជការ ហើយប្រឹក្សាគ្នាថា “ទ្រង់ព្រះករុណាពិសេសជាអម្ចាស់យើងនេះពេញជាព្រះរាជបុត្រាបង្កើតនៃព្រះបាទសម្ដេចព្រះរាជឱង្ការ ព្រះធម្មរាជាដែលជាព្រះមហាក្សត្រទ្រង់ធម៌ ទ្រង់ប្រាថ្នាជាពុទ្ធភូមិ វិរិយោធិក ព្រះអង្គម្ចាស់យើងនេះពេញជាមានសតិបញ្ញាឈ្លាសវៃណាស់ ព្រះអង្គឈមព្រះភ័ក្ដ្រទៅធ្វើសង្គ្រាមទិសណា ក៏វាយទិសនោះបាក់បបខ្លបខ្លាចទាំងអស់ ពុំដែលទើសទាក់ និងព្រះរាជានុភាពបានឡើយ។
រារាំងការវាយរុលមកខែត្របរិបូរណ៍-ពោធិ៍សាត់[កែប្រែ]
លុះដល់វស្សានរដូវក្នុងឆ្នាំឆ្លូវ នព្វស័កនោះ សម្ដេចព្រះស្រីជេដ្ឋាស្ដេចកន ព្រះអង្គចេញជួបជុំសេនាបតី មន្ដ្រីតូចធំ ខ្ញុំព្រះរាជការ ហើយត្រាស់ថា “ចៅពញាចន្ទរាជាលើកកងទ័ពទៅវាយយកផែនដីត្រើយខាងជើង ហើយលើកខ្លួនជាម្ចាស់ផែនដីទៀត ដូច្នេះឲ្យសេនាបតីចេញសំបុត្រកេណ្ឌរេហ៍ពលឲ្យមកគ្រប់ខែត្រថា កាលណាចេញព្រះវស្សា ព្រះអង្គនឹងលើកទ័ពទៅវាយយកខែត្របរិបូរណ៍-ពោធិ៍សាត់វិញឲ្យបាន។
សមរភូមិសំរោងទង គស.១៥១៧[កែប្រែ]
សេនាបតីទទួលព្រះរាជបញ្ជាហើយ ក៏ចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុក ចៅមឿង ចៅបានឲ្យកេណ្ឌកងទ័ពតាមត្រាស់បង្គាប់។ លុះដល់ខែនោះ គ្រប់ចៅហ្វាយស្រុកបញ្ជូនរេហ៍ពលមកជួបជុំបានចំនួន ១២០០០០ នាក់។ ទ្រង់ត្រាស់ឲ្យបង្ហាត់កាន់អាវុធឲ្យស្ទាត់តាមក្បួនពិជ័យសង្គ្រាម ទ្រង់ត្រាស់ឲ្យចៅពញាលំពាំង ចៅពញាស្រាលឲ្យឃុំកងទ័ព ២០០០០ នាក់ឆ្លងទៅតាំងទ័ពនៅខេត្ដសំរោងទងឲ្យសម្ដេចចៅហ៊្វាកៅឃុំពល ៣០០០០ នាក់ទៅតាំងបន្ទាយនៅភ្នំពេញ។
ក្នុងខណៈនោះ សម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទ្រង់ជ្រាបដោយបំរើសេះពីខេត្ដលង្វែកចូលទៅក្រាបបង្គំទូលសព្វគ្រប់ប្រការហើយ ទ្រង់ព្រះពិរោធជាខ្លាំងណាស់។ ទ្រង់ប្រាប់ឧកញ៉ាចក្រីកែវ និងឧកញ៉ាវង្សាអគ្គរាជកែន (កែ) ឲ្យឃុំពល ២០០០០ នាក់លើកចេញទៅ។ ព្រះបរមបពិត្រអម្ចាស់ត្រាស់ឲ្យស្ដេចព្រះភាគិនេយ្យោយសរាជានៅចាំរក្សាបន្ទាយ ហើយព្រះអង្គព្រមដោយសេនាទាហាន រេហ៍ពល ៣០០០០ នាក់លើកចេញទៅតាំងនៅភូមិជ័យសួគ៌នៅខេត្ដលង្វែករង់ចាំស្ដាប់រាជការសង្គ្រាម បើឃើញអាសន្នទ្រង់នឹងលើកទ័ពទៅជួយជាឆាប់។ ក្នុងគ្រានោះឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ (កែន) លើកទ័ពចូលច្បាំងនឹងកងទ័ពចៅពញាស្រាល។ វង្សាអគ្គរាជលើកទ័ពតទល់នឹងចៅពញាលំពាំងជាសេនាបតីមេទ័ពត្រើយខាងកើត។ ខណៈនោះ សេនាទាហានរេហ៍ពលទាំងសងខាងចូលប្រយុទ្ធគ្នាដោយអាវុធវែងខ្លី ជាសន្ធឹកគឹកកងកោលាហល។ ពួកពលស្លុតស្លាប់ទាំងសងខាងកងទ័ពដំរី (ទ័ពខាងសម្ដេចចៅពញាចន្ទរាជា) ដែលឧកញ៉ាចក្រីឲ្យឧកញ៉ានរិន្ទនាយកព្រះរាជានុកូលទៅបង្កប់ក្នុងព្រៃនោះចំនួនដំរីសឹក ១៤០ នាក់វាងបានទៅខាងក្រោយទ័ពសត្រូវហើយក៏បរចូលទៅរួសរាន់ជាន់ជល់ពង្រាបពីក្រោយកងទ័ព។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាលទ្រាំពុំបានក៏បែកទ័ពរត់ទៅនៅក្នុងបន្ទាយភ្នំពេញវិញ។
សមរភូមិបាទី-ទ្រាំង[កែប្រែ]
មេទ័ពនៃសម្ដេចចៅពញាចន្ទរាជា ព្រះបរមបពិត្រទាំងពីរកងក៏លើករហូតទៅវាយបានបន្ទាយខែត្របាទី ខែត្រទ្រាំងមួយ ចាប់បានចៅហ្វាយស្រុកបាទីមួយ ចៅមឿងព្រៃកប្បាសមួយ ចៅមឿងកណ្ដាលស្ទឹងមួយ ចៅមឿងគងពិសីមួយ ចៅមឿងភ្នំស្រួចមួយ ព្រមទាំងចាប់បានចៅមឿងបន្ទាយមាសមួយ ចៅមឿងពាមមួយ ចៅមឿងស្រែរនោងមួយ ចៅមឿងជើងកញ្ជុំមួយនាំមកក្រាបទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ចាត់ឲ្យទទួលទានបាយទឹកព្រះពិភ័ទ្ធសច្ចា ហើយទ្រង់ព្រះមេត្ដាប្រោសលើកលែងខ្លួន និងឲ្យនៅរក្សាស្រុកខែត្រដូចដើមវិញ។ ចៅពញាពិស្ណុលោកឯក ជាចៅហ្វាយស្រុកខេត្ដទ្រាំងក្នុងពេលនោះរត់រួច ហើយទៅរួមនឹងចៅហ្វាយស្រុកបាសាក់មួយ ព្រះត្រពាំងមួយ ក្រមួនសមួយ ឪម៉ៅមួយ តាំងបន្ទាយមាំមួននៅខេត្ដនោះ។ ដល់រដូវទ្វារទសមាសអកអំបុកនោះ អស់មុខមន្ដ្រីខាងសម្ដេចចៅពញាចន្ទរាជាជាព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងចតុមុខទៅធ្វើប្រាសាទគ្រឿង ឈើ ប្រក់ស្បូវ នៅកំពង់ខែត្រលង្វែក។ លុះដល់សំរេចហើយក៏អញ្ជើញស្ដេចទៅប្រថាប់ទតប្រណាំងទូក និងលយកន្ទោងធំ ទូក ប្រទីបថ្វាយទៅព្រះចង្កូមកែវ ដែលតំកល់នៅពិភពនាគ និងអុជកាំជ្រួចរន្ទាថ្វាយទៅចូឡាមណីចេតិយដែលតំកល់ព្រះចង្កូមកែវនៅឋានត្រៃត្រិង្ស ៣ ថ្ងៃ។ ទ្រង់ប្រោសប្រទានឈ្មោះភូមិជ័យសូរដែលព្រះអង្គតាំងបន្ទាយនោះឲ្យហៅថា “ភូមិសូរវង្ស”។ ឯភូមិកំពង់សែតនោះទ្រង់ឲ្យហៅថា កំពង់ប្រាសាទ។ ហេតុនេះហើយបានជាមានឈ្មោះហៅថា ភូមិសូរវង្ស កំពង់ប្រាសាទរៀងមក។
សមរភូមិភ្នំពេញ គ.ស. ១៥១៧-១៥១៨[កែប្រែ]
លុះ ការបុណ្យទ្វារទសមាសហើយ សម្ដេចចៅពញាចន្ទរាជា ព្រះអង្គត្រាស់បង្គាប់ឧកញ៉ាចក្រីកែវ ឧកញ៉ាវង្សាអគ្គរាជកែ និងឧកញ៉ាក្រឡាហោមគាំឃុំពលរេហ៍ ៣០០០០ នាក់លើកទៅចោមបន្ទាយខែត្រភ្នំពេញ។ ឧកញ៉ាទាំង ៣ នាក់ក៏ថ្វាយបង្គំលាចេញទៅចាត់ចែងកងទ័ព ព្រមទាំងគ្រឿងសាស្ដ្រាវុធស្រេចហើយក៏លើកចេញទៅចោមវាយបន្ទាយនោះតាមត្រាស់បង្គាប់។ ខណៈនោះមេទ័ពខាងស្ដេចកន គឺចៅហ៊្វាកៅ ចៅពញាលំពាំង ចៅពញាស្រាល ចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទង ចៅពញារាជាមេត្រី ចៅហ្វាយស្រុកភ្នំពេញជាមេទ័ពម្ចាស់ផែនដីត្រើយខាងកើតចេញច្បាំងនឹងមេទ័ពនៃអម្ចាស់ត្រើយខាងលិចជួនឈ្នះជួនចាញ់ម្ដងម្នាក់ជាច្រើនដង។ លុះដល់រដូវភ្លៀងរាស្ដ្រអត់ឃ្លានបាយគ្មានស្រូវវេទនាណាស់ ក៏សន្យាបើកកងទ័ពទាំងសងខាងឲ្យឈប់ច្បាំងរហូតដល់ធ្វើស្រែហើយ។ លុះមកដល់ឆ្នាំខាល ទោស័ក ព.ស ២០៧៤, គ.ស ១៥១៨, ម.ស ១៤៥២, ច.ស ៨៩២ តាំងពីខែមិគសិរ បុស្ស រៀងទៅមន្ដ្រីត្រើយខាងកើត (ស្ដេចកន) ចេញកេណ្ឌមនុស្សចុះក្បួនទ័ពលើកច្បាំងគ្នាដណ្ដើមយកខែត្រត្រើយខាងលិចទៀត។ ច្បាំងគ្នាជាច្រើនគ្រា លុះផុតវេលាក៏ឲ្យទ័ពឈប់ទាំងសងខាង។ “សង្គ្រាមលើកក្រោយនេះតាំងពីឆ្នាំឆ្លូវដល់ឆ្នាំខាល មេទ័ពទាំង ៣ យកជ័យជំនះពុំបានសោះ។ ទើបទ្រង់ត្រាស់ប្រើឃុនវិជិតតរង្គពៅឲ្យទៅប្រាប់ឧកញ៉ាចក្រី និងឧកញ៉ាវង្សាអគ្គរាជថា ច្បាំងរារត់ថយក្រោយរហូតទៅជួបនឹងទ័ពឧកញ៉ាក្រឡាហោមថា ឲ្យឧកញ៉ាក្រឡាហោមក្លែងទង់ជ័យជារូបមនុស្សថាបើឃើញកងទ័ពសត្រូវបាក់រត់មកឲ្យធ្វើជាភ្ញាក់ផ្អើលរត់ទៅជាមួយនឹងកងទ័ពឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជត្រង់រហូតទៅដល់ស្រុកឧដុង្គ។ ឃុនវិជិតតរង្គពៅក៏ប្រាប់ទៅមេទ័ពទាំង ៣ កងតាមព្រះរាជបន្ទូលពិសេស។ ក្រោយព្រះរាជបំរើទៅនោះ ទ្រង់អនុញ្ញាតឲ្យឧកញ៉ាយមរាជព្រំជាមេទ័ពធំ ឧកញ៉ាមហាសេនាសុខជាមេទ័ពមុខ ឧកញ៉ាយោធាសង្គ្រាមជាប៉ែកឆ្វេង ឧកញ៉ាយោធាសង្គ្រាមទេព ជាប៉ែកស្ដាំទៅឃុំពល ២០០០០ នាក់បង្កប់នៅក្នុងព្រៃមួយខាងជើងបឹងពោងពាយ។ ទ្រង់ផ្ដាំថា បើឃើញកងទ័ពសត្រូវនៅបន្ទាយដេញកងទ័ពយើង ៣ កងទៅហើយនោះឲ្យដេញកងទ័ពយើងឲ្យលើកជណ្ដើរកាន់គប់ភ្លើងយកទៅចោមអុជបន្ទាយនោះឲ្យបាន។ ទើបទ្រង់ចាត់ឧកញ៉ាវិបុលរាជគាំ ឧកញ៉ាប្រទេសរាជសួរឲ្យកេណ្ឌទូករាស្ដ្រផ្សំនឹងទូកចំបាំងរបស់ខ្លួនទៅបោះនឹងជ្រោយពន្លាថា បើឃើញកងទ័ពសត្រូវលើកចេញមកឲ្យរាថយមកដល់ព្រែកព្នៅ។ ទ្រង់ចាត់សម្ដេចចៅហ៊្វាទឡ្ហៈទេព ជាកូនទី ៣ ចៅពញាមឿង ឲ្យលើកទ័ពទូកទៅបង្កប់នៅព្រែកតាទែនដោយផ្ដាំថា បើឃើញទ័ពសត្រូវដេញតាមឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជមកឲ្យព័ទ្ធពីក្រោយព្រួតគ្នាច្បាំងដណ្ដើមយកជ័យជំនះឲ្យបាន។ មេទ័ព មេកង ទាំងជើងទឹកជើងគោក ក៏ថ្វាយបង្គំលា ឃុំកងទ័ពលើកទៅធ្វើតាមព្រះរាជបញ្ជាការ។ លុះមកដល់ថ្ងៃ ១២ កើត ខែមិគសិរ ឆ្នាំខាល ទោស័កនេះ ឧកញ៉ាចក្រី ឧកញ៉ាវង្សាអគ្គរាជ លើកកងទ័ពចូលចោមបន្ទាយភ្នំពេញបានមួយស្របក់ក៏ថយរត់ទៅវិញ។ ចៅពញាតេជោ និងចៅពញារាជាមេត្រី ឃើញហើយពុំដឹងកល ក៏បើកទ្វារបន្ទាយនាំកងទ័ពរបស់ខ្លួន ២០០០ នាក់នោះ ដេញតាមទ័ពដែលចោមព័ទ្ធខ្លួនដល់អូរផ្អរ ក៏ប្រទះទង់ជ័យទ័ពហ្លួងមួយកងទៀតបែកទ័ពរត់ទៅវិញ ដូច្នេះទ័ពខាងស្ដេចកន ក៏កំរើកចិត្ដពន់ប្រមាណ។ លុះឃើញទង់រូបមេទ័ពទាំងពីរនោះ ក៏សំគាល់ថា ជាទ័ពហ្លួងចាញ់បែកទ័ពរត់ទៅហើយ ទើបឲ្យលើកកងទ័ពដេញតាមទៅទៀត។ លុះទៅដល់ដំបូកមានលាក់ទ័ពសត្រូវដេញតាមឧកញ៉ាចក្រីហួសទៅ។ ខណៈនោះឧកញ៉ាក្រឡាហោម ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ានរិន្ទ្រាធិបតី (ទ័ពខាងសម្ដេចព្រះចន្ទរាជា) ត្រឡប់ទ័ពបានពីក្រោយឡោមចោមច្បាំងផ្ទប់មក។ ឧកញ៉ាចក្រី (ខាងសម្ដេចព្រះចន្ទរាជា) ក៏រាទ័ពត្រឡប់មកវិញ ចូលបាញ់ចាក់កាប់សំលាប់ទ័ពសត្រូវដែលនៅជាកណ្ដាលសត្រូវក៏បែក ទ័ពរត់ទៅ មេទ័ពខាងសម្ដេចព្រះចន្ទរាជាចាប់បានចៅហ្វាយស្រុកទាំងពីរ និងក្រុមសេនាទាហានទាំង ២៣ នាក់ ព្រមទាំងគោ ក្របី ដំរី សេះ ហើយនាំខ្លួនឈ្លើយទាំងនោះទៅក្រាបបង្គំទូលថ្វាយ។ សម្ដេចព្រះមហាខត្តិយាចន្ទរាជា ទ្រង់ឲ្យដាក់ក្ដីទាំងនោះទុកចាំជួបមេទ័ពគ្រប់កង។ ឯសម្ដេចចៅហ៊្វាកៅ កាលក្រឡេកទៅឃើញកងទ័ពទូកបោះនៅជ្រោយចង្វាមានចំនួនតិចតួចស្ដួចស្ដើងណាស់ ក៏គិតថាចៅហ្វាយស្រុកទាំងពីរ (ខាងខ្លួន) ច្បាស់ជាមានជ័យជំនះហើយ ដែលដេញតាមទ័ពត្រើយខាងលិចនោះ ប្រហែលជាបានសំរេចការសង្គ្រាមក្នុងគ្រានេះហើយ ថាបើបានសំរេចហើយ មុខជាចៅហ្វាយស្រុកទាំងពីរនោះនឹងបានគុណគាប់ជាងអញហើយ។ ចៅហ៊្វាកៅគិតទៀតថា “ពីមុនអញអធ្យាស្រ័យឲ្យម្ដង ពុំទាន់បានកែខ្លួន គ្រាម្ដងនេះចៅហ្វាយស្រុកទាំងពីរមានជ័យលើទ័ពត្រើយខាងលិចទៀតនោះ ឃើញថាមិនស្រួលដល់អញជាខ្លាំង”។ សម្ដេចចៅហ៊្វាកៅគិតឃើញដូច្នេះហើយ ទើបឲ្យចៅពញាលំពាំង ចៅពញាស្រាល ចៅពញាវៀង នៅរក្សាបន្ទាយ ឯខ្លួនចៅហ៊្វាដេញកងទ័ពឲ្យចុះទូកចំបាំងប្រមាណ ៦០ ទៅច្បាំងនឹងឧកញ៉ាវិបុលរាជ ឧកញ៉ាប្រទេសរាជដែលចតទូកនៅជ្រោយចង្វា។ កាលទ័ពសត្រូវមកដល់ហើយ ឧកញ៉ាវិបុលរាជ និងឧកញ៉ាប្រទេសរាជ (មេទ័ពខាងព្រះចន្ទរាជា) ក៏ដេញពលឲ្យទទួលច្បាំងតនឹងអាវុធវែងយ៉ាងឃោរឃៅ។ មួយស្របក់ក្រោយមកឧកញ៉ាទាំងពីរនាក់ក៏ឲ្យពលថយទូករត់ទៅដល់ព្រែកព្នៅ។ ចៅហ៊្វាកៅឃើញដូច្នេះក៏ចែវទូកដេញទៅតាម។ សម្ដេចចៅពញាទេព កូនចៅពញាពេជ្រមេទ័ពម្ចាស់ផែនដីត្រើយខាងលិចកាលឃើញចៅហ៊្វាកៅដេញទ័ព ឧកញ៉ាទាំងពីរហួសទៅហើយ ក៏បង្គាប់ឲ្យនាយកងនាយទ័ពឲ្យចេញទូកចំបាំងពីក្នុងព្រែកតាទែន ហើយដេញបាញ់ពីក្រោយ។ ឯកងទ័ពឧកញ៉ាវិបុលរាជ ឧកញ៉ាទេសរាជ មេទ័ពអម្ចាស់ផែនដីត្រើយខាងលិចពេលនោះ ក៏រាបែរមកច្បាំងតាំងតជាឱឡារិក។ កងទ័ពខាងចៅហ៊្វាកៅ នៅជាកណ្ដាលនៃទ័ពសត្រូវទ័លកំលាំងណាស់ ក៏តទៅទៀតពុំបាន។ ដូច្នេះហើយក៏លោតទឹកស្លាប់ទៅ ខ្លះក៏ត្រូវនឹងអាវុធស្លាប់ ខ្លះទៀតពិការជាច្រើន។ ចំណែកឯចៅហ៊្វាកៅវិញលោតទឹកទន្លេហែលរត់ត្រាតែរួចទៅដល់ក្រុងបាសាន្ត។ កងទ័ពឧកញ៉ាយមរាជ ឧកញ៉ាមហាសេនា ឧកញ៉ាយោធាសង្គ្រាម ដែលបង្កប់ទ័ពក្នុងព្រៃមួយកាលឃើញកងទ័ពក្នុងបន្ទាយសត្រូវចេញដេញ មេទ័ពត្រើយខាងលិចអស់ជាច្រើនកងហើយ យល់ថាមានមនុស្សតិចក្នុងបន្ទាយក៏ឲ្យពួកសេនារេហ៍ពលកាន់គប់ភ្លើងលីជណ្ដើរទៅព័ទ្ធឡើងបន្ទាយនោះ។ ខណៈនោះចៅពញាលំពាំង ចៅពញាស្រាល ដេញពលឲ្យចូលតទល់នឹងទ័ពឧកញ៉ាទាំងពីរ តែទ័ពចៅពញាទាំងពីរនេះទប់មិនឈ្នះកងទ័ពខាងព្រះចន្ទរាជា ទើបចៅពញាទាំងពីរលោតចេញពីបន្ទាយចុះរត់មកទៀត។ សេនាទាហានខាងឧកញ៉ាយមរាជ មេទ័ពហ្លួងត្រើយខាងលិចទទួលចាក់កាប់សំលាប់ទាំងពីរនាក់នោះទៅ។ កងទ័ពជើងគោក ជើងទឹករបស់ព្រះបរមបពិត្រអម្ចាស់ផែនដីត្រើយខាងលិចទ្រង់ព្រះសណ្ដាប់មេទ័ព និងនាយកងទ័ពទាំងជើងទឹក ជើងគោកក្រាបបង្គំទូលថ្វាយមនុស្សទោសក្បត់គ្រប់ប្រការហើយទ្រង់ឲ្យចៅក្រមប្រឹក្សាទៅឃើញថា អាក្បត់ដែលមានទោសធ្ងន់ ៣៥ នាក់ទ្រង់ឲ្យប្រហារជីវិតទាំងអស់ឃើញថាមនុស្សសល់ពីនោះ មានទោសស្រាលល្មមត្រាស់ឲ្យដាក់ក្ដីទាំង ៥០ នាក់។ ព្រះអង្គឈ្នះសង្គ្រាមក្នុងគ្រានេះ យកបានខែត្រ ភ្នំពេញ សំរោងទង បាទី ទ្រាំង កំពត និងកំពង់សោម។ ចៅមឿងដែលឡើងខែត្រទាំងនេះនៅទិសខាងលិចទាំងប៉ុន្មាននោះ ទ័ពហ្លួងត្រើយខាងលិចចាប់បានខ្លួនទាំងអស់នៅសល់តែខែត្របាសាក់ ព្រះត្រពាំង ក្រមួនស ឪម៉ៅ តែប៉ុណ្ណោះព្រោះចៅពិស្ណុលោករត់ទៅប្រមូលចៅហ្វាយស្រុកក្រៅបន្ទាយទាំងនោះឲ្យតាំងបន្ទាយរឹងនៅឡើយមិនទាន់យកបាន។
ឧបាយធ្វើគតព្រះអង្គ[កែប្រែ]
សម្ដេចព្រះស្រីជេដ្ឋាម្ចាស់ផែនដីដែលឡើងខែត្រត្រើយខាងកើត ទ្រង់ជ្រាបអំពីបរាជ័យនេះហើយ ទ្រង់ព្រះពិរោធណាស់ថា ចៅពញាចន្ទនេះកាន់តែទន្ទ្រានបានទីច្រើនពន់ប្រមាណ ហើយមេទ័ព និងនាយកងដែលយើងប្រើទៅទាំងប៉ុន្មានក៏ចេះតែធ្វេសប្រហែសឲ្យចាញ់ឧបាយកលគេ ខូចរេហ៍ពលច្រើនដងមិនគិតសងសឹកវិញឲ្យបានសោះ។ ទើបទ្រង់គិតឧបាយកលរើសសេនាទាហានដែលមានទំនុកចិត្ដទុកព្រះទ័យបាន ១០០ នាក់ ហើយត្រាស់បង្គាប់ថា “ឲ្យក្លែងរត់ចូលទៅនៅនឹងសម្ដេចចៅពញាចន្ទរាជា កាលបើល្បងឲ្យទុកព្រះទ័យបានកាលណាហើយឲ្យទាហានទាំងនោះនាំគ្នាលុក សំលាប់ឲ្យបាន បើអ្នកទាំងឡាយធ្វើបានយើងនឹងឲ្យអ្នកឡើងយសស័ក្ដិឲ្យទ្រព្យសម្បត្ដិឲ្យពេញចិត្ដ”។ សេនាទាំង ១០០ នាក់នោះថ្វាយបង្គំសុំទទួលអាសាថា “ទូលព្រះបង្គំទាំងឡាយនឹងធ្វើឲ្យបានតាមព្រះរាជហឫទ័យ” ។ ព្រះស្រីជេដ្ឋា ទ្រង់ព្រះសណ្ដាប់ឮថាសេនាទាហានព្រមព្រៀងហើយទ្រង់ ព្រះអំណរណាស់ ទើបទ្រង់តាំងឲ្យហ្លួងជ័យជាក្មួយមេបាន (ម្ដាយព្រះស្ដេចកន) ឲ្យធ្វើជាចៅពញាមន្ដ្រីតេជៈ (មេទ័ព) ឃុំពលទាហានទាំង ១០០ នាក់នោះឲ្យទៅចាត់ការឲ្យបានសំរេច។
លុះទៅដល់បន្ទាយផែនដីទិសខាងលិច ទាហានទាំង ១០១ នាក់នោះ ក៏ចូលទៅរកសេនាបតីឲ្យនាំចូលទៅថ្វាយខ្លួន នៅជាខ្ញុំរាជការទ្រង់ព្រះករុណាពិសេស។ លុះដល់ខ្នើត ខែពិសាខ ព.ស ២០៦៣, គ.ស ១៥១៩, ម.ស ១៤៤១, ច.ស ៨៨១ ឆ្នាំថោះ ឯកស័ក សម្ដេចព្រះចន្ទរាជាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គស្រង់ក្នុងទឹកស្ទឹងខែត្របរិបូណ៌នោះ ព្រមទាំងសេនាទាហានស្និទព្រះអង្គជាច្រើនសុទ្ធតែដៃទទេគ្មាន សាស្ត្រាវុធសោះ។ ទ្រង់ត្រាស់ឲ្យក្រុមទាំងនោះផ្លាស់សំលៀកបំពាក់ឲ្យចុះងូតទឹកគ្រប់គ្នា។ មន្ដ្រីសេនាទាហានស្និទព្រះអង្គទាំងអស់ក៏ផ្លាស់សំពត់ងូតទឹកតាម ព្រះរាជអធ្យាស្រ័យ។ ឯពញាមន្ដ្រីតេជៈ និងទាហាន ១០០ នាក់ដែលព្រះស្រីជេដ្ឋាប្រើទៅនោះ ងូតទឹកទាំងសំពត់ស្លៀក ពុំហ៊ានផ្លាស់ព្រោះក្រែងគេមើលឃើញកាំបិតដែលខ្លួនចងជាប់នៅភ្លៅ នោះ ។ សម្ដេចបរមបពិត្រទ្រង់យល់ដូច្នេះហើយ ទ្រង់មានការសង្ស័យក្នុងព្រះហឫទ័យណាស់ ក៏ត្រាស់តឿនឲ្យផ្លាស់សំលៀកបំពាក់ឲ្យអស់គ្រប់គ្នា។ ពួកក្បត់ទាំង១០១នាក់នោះយល់ថា មុខជាពុំរួចខ្លួនទេក៏ថ្លោះទឹកមុខគ្រប់ៗគ្នា។ ទ្រង់យល់ពិរុទ្ធដូច្នោះហើយ ហេតុតែបុណ្យបារមី ទ្រង់រឹតតែសង្ស័យក្នុងព្រះរាជហឫទ័យ ក៏ស្ទុះឡើងពីក្នុងស្ទឹងទៅប្រថាប់ក្រោមម្លប់ឈើមួយ។ ទ្រង់ចាប់បានព្រះស្ដែងដាវទាំងស្រោម ឯពួកក្បត់ទាំងនោះគិតថា ការណ៍ម្ដងនេះបើមិនធ្វើឲ្យហើយទេ មុខជាមិនរួចខ្លួនឡើយ ទើបពួកវាទាំងនោះក្លែងថា សូមចូលទៅក្រាបទូលត្បិតថាវាមានការណ៍ជាសំងាត់នឹងត្រូវក្រាបទូល។ ព្រះអង្គទ្រង់ជ្រាបឧបាយកល ហើយក៏កាន់ព្រះរាជអាវុធជាប់នឹងព្រះហត្ថា ហើយព្រះអង្គក៏ក្លានៅគុនអាវុធផង។ លុះពួកក្បត់ហូតកាំបិតចូលមកប្រហារព្រះអង្គ ព្រះអង្គទ្រង់តនឹងអាវុធដាវនោះ ដោយកាប់ត្រូវអាមន្ដ្រីតេជៈជាមុនគេ ហើយទ្រង់ស្ទុះទៅតនឹងអាក្បត់ ១០០ នាក់ទៀត។ ឯអស់ខ្ញុំរាជការដែលតាមហែក៏ផ្អើលឆោឡោឡើង ខ្លះចូលចាប់ដោយដៃទទេ តែត្រូវពួកអាក្បត់ចាក់ត្រូវស្លាប់ និងពិការជាច្រើន។ ខ្ញុំរាជការខ្លះទៀតស្ទុះទៅដកបានបង្គោលរបងចូលតនឹងពួកអាក្បត់ យ៉ាងអង់អាច។ ពួកអាក្បត់ស្លាប់ និងចាប់បាន ៣៥ នាក់ក្រៅពីនោះរត់រួចទាំងអស់ ឯពួកអាក្បត់ដែលស្លាប់ និងត្រូវចាប់បាននោះ ទ្រង់ត្រាស់សុំឲ្យកាត់ក្បាលដោតជាបំរាម ហើយស្ដេចព្រះរាជដំណើរត្រឡប់ចូលទៅបន្ទាយវិញដោយសុវត្ថិភាព។ ក្រោយពីនោះមកទ្រង់ព្រះតំរិះយល់ថា ការធ្វើសឹកសង្គ្រាមនៅវែងឆ្ងាយណាស់ទៅទៀត ឯមុខដំរីសឹកក៏នៅតិច ទូកចំបាំង គ្រឿងសាស្ដ្រាវុធក៏នៅមិនទាន់គ្រប់គ្រាន់ ទើបទ្រង់ត្រាស់បង្គាប់ក្រុមហ្មថៅ ហ្មទាំងពួងឲ្យចេញទៅទាក់ដំរី ទ្រង់បង្គាប់ជាងទូក ឲ្យរកមកធ្វើទូកចំបាំងឲ្យច្រើន ទ្រង់បង្គាប់ជាងដែកឲ្យសិតកាំភ្លើង និងលំពែង ដាវ ផ្គាក់ឲ្យបានច្រើន ទ្រង់បង្គាប់ក្រុមសេះឲ្យទិញសេះមកបន្ថែមទៀត។ ទ្រង់បង្គាប់ភ្នាក់ងារដំរីថា ការណ៍ដែលរង់ចាំឲ្យហ្មទៅទាក់ដំរីនោះឃើញថា យឺតយូរពុំទាន់ការណ៍ទេ យើងត្រូវតែឲ្យទិញដំរីពីស្រុកលាវយកមកបង្ហាត់ឲ្យបានជាដំរីសឹកឲ្យស្ទាត់ទាំងព្រេចទាំងជាន់ទាំងជល់ឲ្យបានជាច្រើន។ លុះចូលដល់រដូវភ្លៀង ទ្រង់បើកកងទ័ពឲ្យទៅធ្វើស្រែចំការដាក់ឲ្យមាននាយត្រួតត្រាធ្វើឲ្យបានច្រើន។ ស្រូវក្នុងឆ្នាំនោះបង្កើតផលចំរើនឡើងបាន ១ ជា ៥ ជា ៦ ភាគ កាត់យកជាពន្ធដាក់ឃ្លាំងសំរាប់សេនា ទាហាន មិនឲ្យអត់ឃ្លាន។ លុះចេញវស្សារដូវរួចដល់ខែមិគសិរ ឆ្នាំថោះនោះ ព្រះអង្គយកព្រះក្សត្រី ព្រះវង្សធំ លើកឡើងជាព្រះអគ្គមហេសី ទ្រង់ព្រះនាមសម្ដេចព្រះភគវតីសិរីចក្រពត្តិ ហើយព្រះអង្គតែងតាំងឲ្យមានព្រះស្នំឯក ទោ ត្រី ចត្វាឲ្យមានយសស័ក្ដិធំតូចតាមលំដាប់។
សមរភូមិកំពង់សៀម គស.១៥១៩[កែប្រែ]
សម្ដេចព្រះស្រីជេដ្ឋាជាម្ចាស់ផែនដីត្រើយខាងកើតទ្រង់ជ្រាបថា សម្ដេចចៅពញាចន្ទរាជាយកបានផែនដីខែត្រខាងលិចទាំងអស់ហើយ ចៅពញាលំពាំង ចៅពញាស្រាល ក៏ស្លាប់ក្នុងសង្គ្រាមអស់ ចៅពញាវៀង ចៅពញាវាំង ក៏មានរោគអនិច្ចកម្មទៅទាំងអស់គ្នាទៀត ទ្រង់ព្រះពិរោធណាស់ ទើបទ្រង់រើសព្រះញាតិខាងព្រះអង្គមកតែងតាំងថ្មី៖
- ឈ្មោះព្រំ តាំងជាចៅពញាវៀង “ទីយមរាជ”
- ឈ្មោះជុំ តាំងជាចៅពញាវាំង “ទីវាំង”
- ឈ្មោះផាត់ តាំងជាចៅពញាស្រាល “ទីក្រឡាហោម”
- ឈ្មោះពេញ តាំងជាចៅពញាលំពាំង “ទីចក្រី”
ហើយទ្រង់បង្គាប់សេនាទាំង ៤ នេះឲ្យចេញសំបុត្រប្រាប់ទៅចៅហ្វាយស្រុកគ្រប់ខែត្រដែលឡើងព្រះអង្គទិសខាងកើត ទិសអាគ្នេយ៍ទាំងប៉ុន្មានកេណ្ឌកងទ័ពឲ្យបានច្រើន។ ចៅហ្វាយស្រុកទាំងនោះទទួលព្រះរាជបង្គាប់ហើយ ក៏កេណ្ឌបាន ៨០០០០ នាក់មកជួបជុំតាមព្រះរាជកំណត់គ្រប់ប្រការ។ ខណៈនោះព្រះស្រីជេដ្ឋាស្ដេចចាត់សម្ដេចចៅហ៊្វាកៅជាមាឲ្យនៅចាំរក្សាព្រះនគរជាមួយនិងចៅពញាវាំងចាត់ចៅពញាវៀង (ព្រំ) និងសេនាទាហានរេហ៍ពល ១៥០០០ នាក់ជាទ័ពមុខចាត់ចៅពញាលំពាំងឲ្យឃុំពល១០០០០ នាក់ជាប៉ែកឆ្វេង ចាត់ចៅពញាយោធាធិបតីនួនឃុំរេហ៍ពល ១០០០០ នាក់ជាប៉ែកស្ដាំ ចាត់ចៅពញាមហាសេនាទន់ ឃុំរេហ៍ពល ១០០០០ នាក់ជាទ័ពក្រោយ។ ចំណែកព្រះអង្គឯងឡើងគង់ព្រះទីនាំង ព្រមដោយស្វេតច្ឆត្រ ចាមរបៃមនសែនក្វាន់អភិរម្យ ឃុំរេហ៍ពល ២០០០០ នាក់លើកចេញជាទ័ពហ្លួង។ ទ្រង់ចាត់ចៅពញាស្រាល និងចៅពញាវិបុលរាជឃុំរេហ៍ពល ២០០០០ នាក់ចុះទូកចំបាំង ៣០០ លើកចេញទៅទាំងជើងគោក ជើងទឹក។ ខណៈនោះកងទ័ពជើងទឹកក៏ចតទូកបោះនៅកំពង់ព្រែកពោធិ៍។ ទ័ពជើងទឹកជើងគោកបោះទ័ពហ្លួងនៅភូមិមាត់ឃ្មុងក្នុងខែត្រត្បូងឃ្មុំ។ ទើបសម្ដេចព្រះស្រីជេដ្ឋាជាអម្ចាស់ផែនដីត្រើយខាងកើតក្រុងស្រឡប់ពិជ័យព្រៃនគរត្រាស់បង្គាប់ចៅពញាវៀង ចៅពញាលំពាំងឲ្យលើកទ័ពឆ្លងទៅចោមវាយបន្ទាយកំពង់សៀម។ ចៅពញាមន្ដ្រីភក្ដី ចៅហ្វាយស្រុក និងក្រមការខែត្រកំពង់សៀមដឹងហើយ ក៏ឲ្យកេណ្ឌកងទ័ពរក្សានាទីបន្ទាយយ៉ាងមាំមួន ទើបធ្វើសំបុត្រចាត់បម្រើឲ្យនាំទៅជូនសេនាបតីត្រើយខាងលិច សេនាបតីនាំសេចក្ដីក្រាបបង្គំទូលទ្រង់ជ្រាបគ្រប់ប្រការ។ ព្រះបរមបពិត្រចៅពញាចន្ទរាជាជាអម្ចាស់ផែនដីទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ឲ្យឧកញ៉ាធម្មាធិរាជឈឹម ឧកញ៉ាពិភ័ក្ដិនិវេសន៍កោឲ្យនាំព្រះអគ្គមហេសី ស្រីស្នំ ក្រុមបរិពារ និងគ្រប់គ្រួនាម៉ឺនសព្វមុខមន្ដ្រីថយទៅនៅក្នុងបន្ទាយខែត្រពោធិ៍សាត់សិន ហើយព្រះអង្គឲ្យសេនាបតីមន្ដ្រីតាមក្រសួងចំលងរេហ៍ពល ៥០០០០ នាក់ដាក់នៅត្រើយខាងកើតចុងខែត្រអាសន្ទុក ព្រមដោយសេះដំរី។ ព្រះអង្គស្ដេចព្រះរាជដំណើរចុះព្រះទីនាំងនាវាឆ្លងទៅដល់ហើយ ទ្រង់ឡើងប្រថាប់លើព្រះពន្លាស្រេច ទើបទ្រង់ចាត់កងទ័ពជើងទឹកដូច្នោះ៖
- ឧកញ៉ាវិបុលរាជជាទ័ពមុខឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
- ឧកញ៉ាបរទេសរាជជាប៉ែកឆ្វេងឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់។
- ឧកញ៉ារាជាបវេររាជឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ាត្រាចឃុំទូកចំបាំង ៥០ មានរេហ៍ពល ៥០០ នាក់ជាទ័ពក្រោយ។
- ឧកញ៉ាក្រឡាហោមជាទ័ពហ្លួងឃុំទូកចំបាំង ១០០ មានរេហ៍ពល ១០០០ នាក់។
ព្រមដោយគ្រឿងសាស្ដ្រាវុធលើកទៅបោះទ័ពនៅភូមិព្រៃរកាកោង។ ទើបទ្រង់ចាត់ទ័ពជើងគោកតទៅទៀត៖
- ឧកញ៉ាចក្រីឃុំរេហ៍ពល ១០០០០ នាក់លើកទៅជាទ័ពមុខ។
- ឧកញ៉ាវង្សាអគ្គរាជឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកស្ដាំ។
- ឧកញ៉ារាជតេជៈឃុំរេហ៍ពល ៦០០០ នាក់ជាប៉ែកឆ្វេង។
- ឧកញ៉ានរិន្ទ្រាធិបតីឃុំពល ៦០០០ នាក់ជាទ័ពក្រោយ។
ព្រះអង្គឯង ទ្រង់ជាទ័ពហ្លួងនាំរេហ៍ពល ២០០០ នាក់ព្រមដោយសេនាទាហានរេហ៍ពល ដំរី សេះ និងស្វេតច្ឆត្រ អភិរម សែនក្វាន់ត្រៀបត្រា។ ឲ្យឧកញ៉ាយមរាជជាមេទ័ពធំមួយកងផ្សេងឃុំរេហ៍ពល ១០០០០ នាក់លើកទៅព័ទ្ធដីព្រៃចំការលើចុះមក។ សម្ដេចចៅពញាយោធានរិន្ទឃុំពល ១០០០០ នាក់លើកទៅតាមផ្លូវក្រោម គឺតាមមាត់ព្រៃខាងលិច កំណត់ឲ្យជួបជុំនៅបន្ទាយខែត្រកំពង់សៀម។ ឯទ្រង់ព្រះករុណាពិសេស ព្រះបរមបពិត្រព្រមដោយសេនាទាហាននាយកងទ័ពមុខក្រោយ ឆ្វេង ស្ដាំ លើកតាមផ្លូវកណ្ដាលចេញទៅ។ តែ ដោយហេតុថាផ្លូវនោះមានទឹកច្រើនពេករេហ៍ពលធ្វើដំណើរយឺតយូរ ក៏ចាត់ចៅពញាលំពាំង ចៅពញាយោធាធិបតី មេទ័ពស្ដេចខាងកើតដែលចោមវាយបន្ទាយខែត្រកំពង់សៀមនោះវាយបែកបន្ទាយនោះមួយថ្ងៃមុន។ លុះព្រះរាជដំណើរទ័ពទៅដល់ហើយ ស្ដេចឲ្យរេហ៍ពលឡើងរក្សានាទីបន្ទាយមាំមួន។ ក្នុងគ្រាដែលស្ដេចព្រះរាជដំណើរទ័ពទៅប្រថាប់នៅប្រាសាទគុហ៍ពង្រនោះ ក៏ស្រាប់តែឃើញចៅពញាមន្ដ្រីភក្ដី និងក្រមការខែត្រកំពង់សៀមចូលទៅក្រាបបង្គំយំថ្វាយទោសថា ស្ដេចកនឲ្យចៅពញាលំពាំង និងចៅពញាយោធាធិបតីលើកកងទ័ព ៤០០០០ នាក់មកចោមវាយបន្ទាយនោះ ១៦ ថ្ងៃយ៉ាងសាហាវក្រៃពេកកងទ័ពក្នុងបន្ទាយតែ ១០០០០ នាក់ ហើយខ្វះស្បៀងអាហារផង ទ្រាំពុំបានទើបបានជាបែកទ័ពរត់ជ្រកក្រោមបុណ្យបារមីនេះ។ ព្រះបាទបរមនាថ បរមបពិត្រជាអម្ចាស់ ទ្រង់ត្រាស់សណ្ដាប់ហើយ ទ្រង់មានព្រះបន្ទូលពិសេសថា ការណ៍ដែលយើងយឺតយូរក្រមកជួយអ្នកនេះ ពីព្រោះតាមផ្លូវមានទឹកច្រើនណាស់ ហេតុនេះហើយបានជាសត្រូវវាយបែកបន្ទាយអ្នកទាំងអស់គ្នា។ ការបាត់បង់ជោគជ័យនេះមិនមែនជាកំហុសឧកញ៉ា និងក្រមការខែត្រធ្វេសប្រហែសទេ គឺជាកំហុសពីយើងដើរកាត់យឺតយូរមកពុំទាន់ ពុំត្រូវឲ្យអ្នករាល់គ្នាមានទោសទេ។ ស្អែកនេះយើងនឹងវាយបន្ទាយនេះឲ្យបានវិញចូលកុំបារម្ភឡើយ។
ចៅពញាមន្ដ្រីភក្ដី និងក្រមការទាំងអស់ ឮព្រះបន្ទូលទ្រង់ព្រះមេត្ដាប្រោសលើកទោសដូច្នោះក៏ត្រេកអរណាស់។ លុះព្រឹកឡើង ព្រះបរមបពិត្រទ្រង់ចាត់កលឧបាយប្រាប់នាយទ័ព នាយកងឲ្យដឹងឲ្យធ្វើតាមគ្រប់ៗគ្នា ហើយទ្រង់ចាត់ឲ្យបំរើសេះចេញទៅជាពីរផ្លូវទៅប្រាប់សម្ដេចយោធានរិន្ទមួយផ្លូវ ទៅប្រាប់ឧកញ៉ាយមរាជមួយផ្លូវឲ្យលើកទ័ពវាយប្រសព្វចូលមក។ ឯឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈឃុំរេហ៍ពលរបស់ខ្លួនហើយក៏លើកទៅចោមបន្ទាយកំពង់សៀមតាមត្រាស់បង្គាប់។ ខណៈនោះ ចៅពញាលំពាំងយោធាធិបតី មេទ័ពសម្ដេចស្រីជេដ្ឋាឃើញហើយ ក៏លើកទ័ពចេញមកច្បាំងគ្នាយូរបន្ដិចមក ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ាតេជៈ ក៏ក្លែងធ្វើជាចាញ់ ហើយលើកកងទ័ពរត់ទៅដល់ភូមិសៀមបោយ ឧកញ៉ាចក្រី ឧកញ៉ានរិន្ទនាយកដែលបង្កប់ទ័ពនៅទីនោះឃើញទ័ពសត្រូវមកដល់ហើយ ក៏ដេញកងទ័ពរបស់ខ្លួនស្ទាក់ព័ទ្ធពីឆ្វេងពីស្ដាំ។ ឧកញ៉ាវង្សាអគ្គរាជ ឧកញ៉ារាជតេជៈ ក៏ដេញពលទ័ពឲ្យរា-មកតវិញ។ ទ័ពសត្រូវទាំងពីរកងដែលដេញទៅនោះក៏ត្រឡប់ជានៅកណ្ដាលកងទ័ពហ្លួងខាងលិច។ លុះឃើញថា ទ័ពនេះច្រើនលើសកំលាំងតស៊ូពុំបាន មេទ័ពសត្រូវនោះក៏នាំកងទ័ពរបស់ខ្លួនវាយបំបែកការឡោមព័ទ្ធ ហើយចេញមកដល់ព្រៃមួយអន្លើសិន ផ្នែកខាងកើតភូមិសៀមបោយប្រមាណ ៣៥ សិន។ ខណៈនោះព្រះបរមបពិត្រ ព្រះអង្គទ្រង់បរព្រះទីនាំងពិជ័យគជេន្ទ្រនាំយោធាចេញពីព្រៃស្ទាក់ទ័ពចៅពញាលំពាំង ចៅពញាយោធាធិបតីជាប់។ មេទ័ពសត្រូវក៏ទទួលច្បាំងគ្នាជាមាំមួនដោយអាវុធវែងខ្លី។ ឯអស់ពលខាងទ័ពចៅពញាលំពាំង និងយោធាធិបតីកាលឃើញសម្ដេចព្រះចន្ទរាជាគង់លើដំរីសសុទ្ធហើយនោះ ក៏ចេះតែនឹកថាព្រះបរមបពិត្រអង្គនេះហើយដែលគេហៅថាអ្នកមានបុណ្យមានតេជៈ។ មិនយូរប៉ុន្មានពួកពលទាំងនោះ ក៏បោះចោលគ្រឿងសាស្ដ្រាវុធពីដៃ ហើយរត់ចូលទៅថ្វាយបង្គំសុំព្រះរាជទានឲ្យអភ័យទោស។ ព្រះអង្គក៏ទ្រង់លើកទោសឲ្យទាំងអស់ ឯចៅពញាលំពាំង ចៅពញាយោធាធិបតី ទ័លគំនិតនឹងច្បាំងតទៅទៀតពុំកើតក៏គេចចូលព្រៃអារកខ្លួនឯងស្លាប់ ទាំងពីរនាក់ទៅ។ ព្រះបរមបពិត្រខត្តិយាមហាចន្ទរាជាទ្រង់យល់បាត់មេទ័ពខាងសត្រូវទាំងពីរនាក់ហើយឲ្យសេនាទាហានដេញតាមរកសព្វព្រៃ។ លុះឃើញថាស្លាប់ហើយសេនាទាហានក៏កាត់ក្បាលយកទៅថ្វាយបង្គំទូលព្រះបរមបពិត្រ។ គ្រានោះទ្រង់ត្រាស់ឲ្យដោតក្បាលមេទ័ពសត្រូវទាំងពីរទុកជាបំរាម។ ឯសម្ដេចចៅពញាយោធានរិន្ទ១ ឧកញ៉ាយមរាជ១ ជាមេទ័ពដែលចេញទៅទាំងពីរផ្លូវលុះដឹងសេចក្ដីដោយព្រះរាជបំរើជិះសេះទៅប្រាប់ហើយ ក៏លើកកងទ័ពស្រូតទៅដល់ទីណាត់ ហើយចោមបន្ទាយកំពង់សៀម។ ខណៈនោះចៅពញាមហាសេនាមេទ័ពខាងស្ដេចត្រើយខាងកើតដែលនៅរក្សាបន្ទាយនោះ លុះឃើញហើយក៏ដេញរេហ៍ពលឲ្យឡើងរក្សានាទីបន្ទាយ តែដោយពលខ្លួនតិចពេកយល់ថានឹងស៊ូពុំបានក៏នាំពួកពលចេញពីបន្ទាយទៅចុះទូក តែចុះជាបន្ទាន់ពេកទូកភ្លូកលិចអស់ជាច្រើនទៅ ពលរេហ៍ធ្លាក់ស្លាប់ក៏ច្រើន រួមទាំងចៅពញាមហាសេនាផង។
ឯព្រះបរមបពិត្រ ព្រះអង្គធ្វើសង្គ្រាមមានជ័យហើយ ព្រះអង្គត្រឡប់មកបន្ទាយកំពង់សៀមវិញ។ សម្ដេចចៅពញាយោធានរិន្ទ និងឧកញ៉ាយមរាជឃើញស្ដេចព្រះរាជដំណើរមកដល់ ក៏ចេញមកទទួលស្ដេចចូលទៅប្រថាប់ក្នុងបន្ទាយ។ នៅទីនោះ ព្រះបរមបពិត្រស្ដេចត្រាស់បញ្ចុះបញ្ចូលសេនាទាហាន រេហ៍ពលដែលមេទ័ពព្រះអង្គទាំងពីរចាប់បានមកថ្វាយនោះជាសេចក្ដីស្រុះស្រួល ហើយកងទ័ពទាំងនេះក៏ទទួលខ្លបខ្លាចអំណាចព្រះបារមីថ្វាយខ្លួនជាខ្ញុំរាជការទាំងអស់គ្នា។ ព្រះស្រីជេដ្ឋា ព្រះចៅក្រុងស្រឡប់ពិជ័យព្រៃនគរបានទ្រង់ជ្រាបថា បែកបន្ទាយកំពង់សៀមដូច្នោះហើយ ទ្រង់ត្រាស់ឲ្យបំរើទៅប្រាប់ចៅពញាស្រាល ចៅពញាវិបុលរាជឲ្យលើកកងទ័ពជើងទឹកមកជួយទ័ពជើងគោកទៀត។ គ្រានោះចៅពញាស្រាល និងចៅពញាវិបុលរាជជាសេនាបតីសំរាប់ឯកភូសម្រេចរាជការខាងជើងទឹកបានដឹងហើយ ក៏លើកទ័ពទៅដល់រួចក៏ដេញកងទ័ពជើងទឹកឲ្យឡើងចោមបន្ទាយខែត្រកំពង់សៀម។ ខណៈនោះ កងទ័ពហ្លួងគ្រប់កងដេញពួកពលឲ្យចេញច្បាំងបាញ់គ្នាដោយកាំភ្លើងតូចធំសូរសន្ធឹកកក្រើករំពើកទាំងប្រឹថពី។ ឯឧកញ៉ាក្រឡាហោម ឧកញ៉ាវិបុលរាជសេនាបតី សម្រេចរាជការហ្លួងត្រើយខាងលិចដែលបោះទីតាំងនៅរកាកោងនោះ ចែវទូកទៅដល់ភូមិអង្គរបាន ស្រាប់តែឮសូរកាំភ្លើងធំតូចជាខ្លាំងណាស់ ក៏ស្រូតទៅដល់កំពង់ចាម។ លុះឃើញទូកចំបាំងខាងហ្លួងត្រើយខាងកើត ហើយដែលទូកនីមួយៗមានតែពល ៥ ឬ ៦ នាក់នៅរក្សា។ ក្នុង ១៥០ ទូកនោះមានរេហ៍ពលតែ ១៥០០ នាក់ក៏ឲ្យសេនាទាហានចោមបាញ់ចាក់កាប់សត្រូវទាំងនោះឥតសំចៃឡើយ ហើយកងទ័ពទាំងនោះបែកបាក់ទៅអស់។ មេទ័ពខាងព្រះបរមបពិត្រចាប់យកទូកចំបាំងងទាំងអស់មកក្រាបបង្គំទូលថ្វាយយកថ្វីដៃ។ ខណៈនោះ រេហ៍ពលដែលរត់បែកពីទូកចំបាំងនោះ ខ្លះក៏បែកផ្លូវទៅទីទៃៗ កងទ័ពខាងសម្ដេចចៅពញាយោធានរិន្ទ និងកងទ័ពឧកញ៉ាយមរាជចាប់បានសត្រូវចំនួន ៨០០ នាក់ ហើយក៏នាំមកក្រាបបង្គំទូលដែរ។ កងទ័ពដែលចាំទូកសត្រូវនោះខ្លះក៏រត់ទៅពឹងចៅពញាស្រាល និងចៅពញាវិបុលរាជរាយការណ៍តាមដំណើរ។ ចៅពញាទាំងពីរជាមេទ័ពស្ដេចត្រើយខាងកើតឮហើយក៏ស្លុតចិត្ដ អស់គំនិតភិតភ័យបណ្ដាលឲ្យដឹងដល់នាយកងនាយទ័ពគ្រប់កង។ នាយទាំងនោះក៏អស់ទឹកចិត្ដនឹងចូលច្បាំងទៀត ហើយក៏តាំងបែកទ័ពរត់ខ្ចាត់ខ្ចាយទៅ ខ្លះក៏លោតទឹកស្លាប់។
ឯកងទ័ព សម្ដេចចៅពញាចន្ទរាជាជាអម្ចាស់ផែនដីត្រើយខាងលិចចេញពីបន្ទាយមកចាប់បានខ្លួនសត្រូវប្រមាណ ៥០០ នាក់។ លុះជួបជុំនាយកងទ័ពជើងទឹក ជើងគោកគ្រប់គ្នា ព្រមទាំងឈ្លើយ និងស្បៀងអាហារ សាស្ត្រាវុធ និងទូកចំបាំង ១៥០ នោះហើយក៏នាំគ្នាទៅក្រាបបង្គំទូលថ្វាយព្រះបរមបពិត្រជាអម្ចាស់ជីវិតលើត្បូង។ ព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ជ្រាបគ្រប់ប្រការ ទ្រង់ព្រះអំណរណាស់បានប្រោសព្រះរាជទានរង្វាន់ដល់សេនាទាហានតាមសមគួរ។ សម្ដេចព្រះបាទស្រីជេដ្ឋាអម្ចាស់ផែនដីទិសខាងកើតកាលទ្រង់ជ្រាបថា ចៅពញាស្រាល ចៅពញាលំពាំង ជាក្មួយបរាជ័យរហូតដល់ស្លាប់ ខូចទាំងទូកចំបាំងដូច្នោះហើយទ្រង់ព្រះពិរោធណាស់ ទ្រង់រើសយកកូនសម្ដេចចៅហ៊្វាកៅពីរនាក់មកគឺឈ្មោះពេជ១ តាំងជាចៅពញាស្រាល (ទីក្រឡាហោម) ឈ្មោះក្រេះ១ តាំងជាចៅពញាលំពាំង (ទីចក្រី) និងចៅពញាវៀង ទីយមរាជ (កុយ) រួមជា ៣ នាយឲ្យលើកទ័ពទៅច្បាំងនឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជជាទ័ពអម្ចាស់ត្រើយខាងលិច។ សម្ដេចព្រះជ័យជេដ្ឋាទ្រង់ផ្ដាំថា បើសម្ដេចចៅពញា និង ឧកញ៉ាយមរាជបែកទៅហើយឲ្យឃុំពល ២០០០០ នាក់ទៅចោមបន្ទាយខែត្រកំពង់សៀមទៀត។ មេកងធំទាំង ៣ នាក់ទទួលព្រះរាជតំរាស់ហើយក៏ថ្វាយបង្គំលាលើកទ័ពឆ្លងទៅចោមបន្ទាយរាយទ័ពច្បាំង នឹងកងទ័ពសម្ដេចចៅពញាយោធានរិន្ទ ឧកញ៉ាយមរាជ តាមត្រាស់បង្គាប់។ ទ័ពទាំងសងខាងច្បាំងគ្នាជាច្រើនដង ច្រើនគ្រាម្ដងចាញ់ម្ដងឈ្នះ ពុំបានសំរេចជ័យជំនះទៅខាងណាៗឡើយ។
ផ្អាកសឹកសង្គ្រាមលើកទី២[កែប្រែ]
លុះដល់ខែជេស្ឋជិតដល់ពេលឲ្យរាស្ដ្រធ្វើស្រែ សម្ដេចស្រីជេដ្ឋា ស្ដេចពិជ័យនគរ ទ្រង់ឲ្យបន្ថយមេទ័ពទាំង ៣ នោះចូលទៅសំរាកខ្លួនវិញ ទើបទ្រង់ព្រះតំរិះថា តាំងពីធ្វើសង្គ្រាមនឹងពញាចន្ទមកនេះ ការខូចខាតទ្រព្យសម្បត្ដិ និងស្បៀងអាហារ អាណាប្រជានុរាស្ដ្រក៏អស់ជាច្រើន ដូច្នោះគួរតែយើងបែកចែកផែនដី យកសេចក្ដីសុខវិញជាការល្អជាង ។ លុះត្រង់ឈ្វេងយល់យ៉ាងនេះ ហើយទើបទ្រង់ឲ្យតែងព្រះរាជសារដាក់ក្នុងបំពង់មាសតំកល់លើពានមាស ពិសេសថ្លៃថ្លាប្រពៃល្អ ហើយទ្រង់ត្រាស់ប្រើពញាសង្គ្រាមកែវជារាជទូត ពញារក្សាសម្បត្តិឯម ជាឧបទូត ព្រះជំនាញអាវុធគាមជាត្រីទូតឲ្យយកព្រះរាជសារចុះទូកង បាំងសប្បធន ៣ លើក ព្រះពានព្រះរាជសារនោះមកថ្វាយសម្ដេចព្រះចន្ទរាជា។ រាជទូត ឧបទូត ឆ្លងមកដល់ដែនកំពង់សៀមប៉ងនឹងឡើងគោកដើម្បីយកព្រះរាជសារទៅថ្វាយព្រះបរមខត្តិយាមហា ចន្ទរាជាធិរាជ ខណៈនោះម៉ឺនជំនិតសទ្រង់សួរជាព្រះញាតិដែលនាំរេហ៍ពល ៣០០ នាក់ដើរល្បាតដូចសព្វដង កាលឃើញរាជទូតទាំង ៣ ដែលយកព្រះរាជសារមកហើយក៏ស្រែកឲ្យពលចូលចាប់។ រាជទូតទាំង ៣ នាក់ក៏ប្រយុទ្ធគ្នានឹងទ័ពល្បាតធ្វើឲ្យធ្លាក់បំពង់ព្រះរាជសារ និងព្រះពានមាសនោះទៅក្នុងទឹក។ ទ័ពល្បាតចាប់យកបាន តែរាជទូត ឧបទូត ត្រីទូត ទាំងបីនាក់ និងពល ១០០ នាក់ ចំណុះទូកទាំង ៣ នោះនាំទៅក្រាបទូលថ្វាយរាយសេចក្ដីគ្រប់ប្រការ។ សម្ដេចព្រះបរមក្សត្រមហាចន្ទរាជា ទ្រង់ព្រះវិនិច្ឆ័យទោសឧកម៉ឺនជំនិតសទ្រង់សួរ ថា “ដែលឧកម៉ឺនចាប់បំរើសត្រូវដែលមកជារាជទូត ឧបទូត ត្រីទូតនេះ ទាស់នឹងព្រះច្បាប់សំរាប់ស្រុកអំពីបុរាណរាជប្រវេណីហើយត្រូវតែមានទោស ទើបទ្រង់ប្រោសឲ្យចុះព្រះរាជអាជ្ញា (ឲ្យវាយខ្នង) ២៤ ខ្វាត់ម្នាក់ឲ្យដាក់ឃ្នាងបណ្ដើរអាក្រោសឧកញ៉ាម៉ឺនជំនិត “ស” ទ្រង់ “សួ” ៣ ជុំបន្ទាយទ័ព។ លុះធ្វើទោសរួចស្រេចហើយស្ដេចមានព្រះបន្ទូលត្រាស់សួរទៅទូតទាំង ៣ ថា ឯងមកនេះតើដោយប្រការម្ដេច? រាជទូតយកសេចក្ដីក្រាបបង្គំទូលថា ទូលព្រះបង្គំជារាជបំរើព្រះករុណាត្រើយខាងកើតស្ដេចឲ្យនាំព្រះរាជសារមកថ្វាយល្អងធូលីជាម្ចាស់ផែនដីប៉ែកខាងលិច ប៉ុន្ដែឥឡូវនេះព្រះរាជសារនោះធ្លាក់ទឹកបាត់ក្នុងគ្រាដែលចោមចាប់នោះអស់ទៅហើយ តែនៅចាំសេចក្ដីខ្លះៗ បើនឹងក្រាបទូលទៅក្រែងសេចក្ដីនោះពុំសព្វគ្រប់។ ហេតុនេះសូមទ្រង់ព្រះរាជទានទោស។ សម្ដេចព្រះចន្ទរាជាស្ដេចទ្រង់ប្រោសឲ្យទូតទាំងនោះទូលព្រះអង្គតាមចាំរៀងខ្លួនចុះ។ រាជទូតត្រើយខាងកើត ក៏ទូលថា ដ្បិតហ្លួងជាម្ចាស់លើត្បូង ទូលព្រះបង្គំជាខ្ញុំមានព្រះហឫទ័យប្រណីរាស្ដ្រដែលវិនាសស្លាប់បាត់បង់ជាច្រើនក្នុងសង្គ្រាមដែលបានធ្វើមកជាច្រើនឆ្នាំនោះ។ ឥឡូវនេះ ហ្លួងជាម្ចាស់លើត្បូងទូលព្រះបង្គំជាខ្ញុំស្ដេចមានព្រះ ហឫទ័យចង់បញ្ឈប់សង្គ្រាមសុំចងជាព្រះរាជមេត្រីចែកផែនដី និងម្ចាស់ត្រើយខាងលិចឲ្យស្មើគ្នា។ បើទ្រង់ព្រះករុណាវិសេសជាអម្ចាស់លើត្បូងខាងនេះទ្រង់យល់ព្រមល្មមផងនោះ ព្រះពុទ្ធសាសនា និងអាណាប្រជានុរាស្ដ្រនឹងបានសុខក្សេមក្សាន្ដតទៅដោយសារព្រះសតិប្រាជ្ញា ទ្រង់ព្រះករុណាពិសេសទាំងពីរអង្គបំរុងរាស្ដ្រឲ្យសុខជាព្រះកិត្ដិយសប្រសើរ។ សម្ដេចព្រះបរមរាជ បរមបពិត្រជាអម្ចាស់ត្រាស់ថា ក្រុងកម្ពុជារាជធានីនេះជាព្រះរាជសម្បត្ដិអំពីព្រះបរមរាជអយ្យកោ អយ្យិកាយើងរៀងមក។ ឯព្រះស្ដេចកន អម្ចាស់ឯងនោះប្រៀបដូចជាចោរមកលួចផែនដីយើង ហើយមកសុំចែកសម្បត្ដិនឹងម្ចាស់ទ្រព្យនេះ តើឯងឃើញថាគប្បីហើយ ឬ? ប៉ុន្ដែឥឡូវនេះ បើម្ចាស់ឯងចង់ឈប់សង្គ្រាមក៏ឈប់តាមចិត្ដចុះ។ តែថាឲ្យម្ចាស់ឯងថយទៅជាមុនចុះចាំអញថយទៅជាក្រោយ។ មានព្រះបន្ទូលចប់ហើយ ស្ដេចព្រះរាជទានពានមួយជាជំនួស ព្រះពានមាសដែលធ្លាក់ទឹកនោះទៅទូតទាំង ៣ នាក់វិញ។ រាជទូតត្រើយខាងកើតទាំង ៣ នាក់ក្រាបបង្គំលាចេញទៅចុះទូកងឲ្យពួកស៊ីផាយអុំឆ្លងទៅក្រាបបង្គំទូលអម្ចាស់ខ្លួនសព្វ សេចក្ដី។ សម្ដេចព្រះស្រីជេដ្ឋាក្រុងពិជ័យនគរ (ស្ដេចកន) ទ្រង់ជ្រាបហើយឃើញថាពុំសមប្រកបតាមព្រះហឫទ័យដែលទ្រង់ប្រាថ្នាទេ ទ្រង់ព្រះពិរោធណាស់តែក្លែងធ្វើជាទ្រង់ព្រះសំរួលហើយត្រាស់ថា ចៅពញាចន្ទរាជាដែលលួចមកវាយស្រុកខែត្រខាងលិចនេះ តែត្រូវជាចោរដែរ ឬពុំមែនជាចោរទេ? ព្រះរាជទូតទាំង ៣ ក្រាបបង្គំទូលថាទូលព្រះបង្គំទាំងឡាយនឹកឃើញថានឹងតបទូលទៅវិញដែរ តែបើនឹងទូលតបតសេចក្ដីទៅវិញ ដូច្នេះពុំហ៊ានដ្បិតនៅគ្នាតិចពេក ហើយទូលព្រះបង្គំទាំងឡាយបានរួចខ្លួនមកនេះ ក៏ព្រោះតែបុណ្យបារមីសម្ដេចជាអម្ចាស់គ្រប់គ្រងហើយទើបបានរួចមកនេះ។ សម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់សព្វគ្រប់ហើយ ព្រះអង្គចាត់ចៅហ្វាយស្រុក និងកងទ័ពឲ្យនៅរក្សាបន្ទាយមាត់ឃ្មុង បន្ទាយស្រីសឈរ ហើយព្រះអង្គលើកទ័ពត្រឡប់ទៅក្រុងពិជ័យនគរវិញ។ សម្ដេចព្រះបរមបពិត្រជាម្ចាស់ផែនដីប៉ែកខាងលិចទ្រង់ជ្រាបថា ព្រះស្ដេចកនលើកទ័ពត្រឡប់ទៅមុន ហើយទើបព្រះអង្គបង្គាប់ចៅហ្វាយស្រុកឲ្យនៅរក្សាបន្ទាយកំពង់សៀម បារាយណ៍ ជើងព្រៃ រួចស្ដេចលើកទ័ពត្រឡប់មកបន្ទាយខែត្របរិបូណ៌វិញ។ ព្រះអង្គលើកហួសទៅខែត្រពោធិ៍សាត់ទៀត ហើយត្រាស់ឲ្យពលធ្វើដំណាក់តូចធំ ប្រក់ស្លឹកមានសន្ធិយាចុងរោងទីក្រៅក្នុង។
ការធ្វើគតស្ដេចកនលើកទី១[កែប្រែ]
រួចស្រេចស្ដេចចូលគង់ ទ្រង់មានព្រះរាជបន្ទូលនឹងអស់សព្វមុខមន្ដ្រីថា ទំនៀមទំលាប់ពីបុរាណរៀងមកដល់រដូវមហាសង្ក្រាន្ដចូលឆ្នាំថ្មី ហើយព្រះមហាក្សត្រាធិរាជ ស្ដេចតែងចេញទតព្រះនេត្រអស់សេនាទាហាន និងអាណាប្រជានុរាស្ដ្រក្នុងខែត្រដែលបានហាត់ក្បួនគុនដាវអាវុធមក ប្រជុំថ្វាយថ្វីដៃ។ បើគូណាដៃជាទ្រង់តែងប្រោសព្រះរាជទានរង្វាន់ និងចិញ្ចឹមឲ្យជារេហ៍ពលតទៅទៀត។ ៣ ឆ្នាំមកហើយយើងបានឃើញថា មនុស្សដែលចូលមកប្រឡងយកថ្វីដៃតិចណាស់ យើងនឹងរើសដាក់ជាទាហានក៏ពុំគ្រប់គ្រាន់ពុំធួននឹងរាជការដែលត្រូវការ។
ឥឡូវនេះ ជិតចូលឆ្នាំថ្មីហើយគប្បីឲ្យអស់សេនាបតីប្រកាសឲ្យគ្រប់ខែត្របានដឹងថា បើឈ្មោះណាបាញ់កាំភ្លើង ធ្នូ ស្នាត្រង់ ច្បាំងលើខ្នងដំរីឈ្នះគេ ៣ ថ្ងៃយើងនឹងទុកជាលេខ១ ហើយនឹងប្រោសព្រះរាជទានឲ្យមានយសស័ក្ដិ ៥ ហ៊ូពាន់ព្រមទាំងព្រះរាជទានរង្វាន់មាស ប្រាក់ដីស្រែចំការច្បារដំណាំ ភូមិឋានឲ្យមានសមគួរ។ បើឈ្មោះណាកាន់អាវុធច្បាំងគ្នាលើខ្នងសេះឈ្នះគេ ៣ ថ្ងៃ យើងទុកជាលេខ ២ ហើយនឹងព្រះរាជទានយសស័ក្ដិជា ៤ ហ៊ូពាន់ និងរង្វាន់មាសប្រាក់ភូមិឋានឲ្យតាមសមគួរ។ បើឈ្មោះណាកាន់អាវុធច្បាំងគ្នាឈ្នះគេនៅលើដី ៣ ថ្ងៃទុកជាលេខ៣ ហើយនឹងប្រោសព្រះរាជទានយសស័ក្ដិ ៣ ហ៊ូពាន់ និងរង្វាន់មាសប្រាក់តាមសមគួរ។ បើគូណាមានថ្វីដៃចុះជារណ្ដាប់ក្រៅពីនោះ យើងនឹងព្រះរាជទានជា ឧកញ៉ាម៉ឺន ជាម៉ឺន ជានាយរាល់រូប។ អស់សេនាបតីក្រាបបង្គំទទួលព្រះរាជបន្ទូលថ្លៃវិសេសហើយក៏ថ្វាយបង្គំលាចេញទៅធ្វើសំបុត្រប្រកាសប្រាប់ទៅចៅហ្វាយស្រុកឲ្យប្រាប់អស់អ្នកមុខអ្នកការបណ្ដារាស្ដ្រឲ្យដឹងគ្រប់គ្នាតាមត្រាស់បង្គាប់។ ខណៈនោះអស់មនុស្សដែលមានចំណេះវិជ្ជាការខំហ្វឹកហ្វឺនហាត់រៀនរាល់គ្នា។ លុះចូលសង្ក្រាន្ដថ្មី ឆ្នាំរោង ទោស័កសេនាទាហាន អាណាប្រជានុរាស្ដ្រចូលមករកនាយចៅហ្វាយទីទៃៗដើម្បីរង់ចាំដល់ថ្ងៃចូលប្រឡងចំណេះវិជ្ជាការថ្វាយថ្វីដៃគ្រប់ៗគ្នា។ ការប្រឡងជាន់នោះរើសបានសេនាទាហានច្រើនលើសឆ្នាំមុនៗ ១០ សួន។ ព.ស ២០៦៤, គ.ស ១៥២០, ម.ស ១៤៤២, ច.ស ៨៨២ ឆ្នាំរោង ទោស័ក សិរីរាជសម្បត្ដិស្ដេចគ្រប់គ្រងនគរនៅខែត្រខាងលិចបាន ៥ ព្រះវស្សា សម្ដេចព្រះអគ្គមហេសីសម្ភពព្រះរាជបុត្រាមួយអង្គ ទ្រង់ព្រះនាមព្រះរាមាធិបតីនោះ សម្ដេចព្រះបិតុរង្គាធិរាជជាអម្ចាស់ត្រាស់ឲ្យព្រះរាជគ្រូបុរោហិត ព្រឹទ្ធាចារ្យ សេនាបតី រៀបទទួលតាមព្រះសិរីយស សម្ដេចព្រះឱរសាធិរាជឯកតាមទំនៀម។ លុះបានមួយខែក្រោយមកទ្រង់ត្រាស់បង្គាប់ឲ្យមុខងារធ្វើព្រះរាជពិធី ចំរើនព្រះកេសាព្រៃ។ លុះធ្វើស្រេចហើយ អស់សេនាបតី មន្ដ្រីមុខងារទាំងពួងនាំកូនប្រុសស្រី និងទាសាទាសី គោ ក្របី សេះ រទេះ ទូកចេញហែសុវណ្ណមាលាថ្វាយភួងព្រះហស្ថរាល់ៗគ្នា។ ឯសម្ដេចព្រះវររាជបិតាក៏ទ្រង់ព្រះរាជទានសួយសារអាករក្នុងខែត្របាត់ដំបងជាចំណងព្រះហស្ថនៃសម្ដេចព្រះប្រិយបុត្របរិសុទ្ធ រាមាធិបតី។ ឆ្នាំម្សាញ់ ត្រីស័ក ព.ស ២០៦៥, គ.ស ១៥២១, ម.ស ១៤៥៣, ច.ស ៨៨៣ នោះ អ្នកម្នាងបទុមបុប្ផាជាព្រះស្នំឯក សម្ភពព្រះរាជបុត្រាមួយអង្គទ្រង់ប្រោសព្រះនាមជាព្រះអង្គបរមិន្ទរាជា។ សម្ដេចព្រះវររាជបិតា ទ្រង់ពេញព្រះស្នេហាទាំងពីរអង្គដូចគ្នា។
នេះនឹងនិយាយអំពីឧកញ៉ាមន្ដ្រីកែវ សេនាបតីភូសំរេចរាជការផ្នែកកងទ័ពជើងគោកខាងព្រះចៅក្រុងកម្ពុជាទិសខាងលិចនោះ កាលជិតដល់ចូលឆ្នាំម្សាញ់ ត្រីស័ក ឧកញ៉ាក៏គិតថាពីមុនព្រះស្ដេចកនបានឲ្យពល ១០០ នាក់មកក្លែងកលប៉ងនឹងធ្វើអន្ដរាយអម្ចាស់យើង យើងពុំទាន់បានសងកលវាម្ដងនៅឡើយទេ។ ឥឡូវនេះជិតចូលឆ្នាំថ្មី ហើយព្រះស្ដេចកនមុខជានឹងប្រមូលសេនាទាហានឲ្យល្បងថ្វីដៃជាមិនខាន។ ដូច្នោះ នរណាហ្ន៎! បណ្ដាអ្នកអាចនឹងទទួលអាសាទៅប្លមធ្វើជាពួករបស់ពួកវា ហើយបាញ់វាសំលាប់ចេញបានសោះនឹងនឿយព្រួយរវល់ច្បាំងតទៅទៀតថា បើឯងរាល់គ្នាសំរេចការនេះឲ្យបានដូចប្រាថ្នា យើងនឹងក្រាបទូលសុំឲ្យឡើងយសស័ក្ដិឲ្យបានជាធំ។ ខណៈនោះសេនា៤ នាក់ដែលមានថ្វីដៃត្រង់ខាងបាញ់កាំភ្លើងគឺឈ្មោះប្រាច នៅខែត្រទ្រាំង ឈ្មោះ ក្ដាន់ នៅខែត្រកំពត ឈ្មោះតោ នៅខែត្របន្ទាយមាស ឈ្មោះជ័យ នៅខែត្រសំរោងទង បានចូលមកនៅជាខ្ញុំរាជការ ហើយចងជាសំឡាញ់នឹងគ្នាគិតគ្នាថា យើងចូលមកនៅជាខ្ញុំរាជការនេះប្រាថ្នាស្វែងរកគុណបំណាច់ បើបានកលហើយត្រូវទទួលយកអាសាអម្ចាស់ផែនដី។ លុះយល់ព្រមគ្នាហើយសេនាទាំង ៤ នាក់ក៏ឆ្លើយថា យើងខ្ញុំប្របាទទាំង ៤ នាក់នេះសុំទទួលយកអាសាធ្វើការថ្វាយព្រះបរមបពិត្រថា ហើយសេនាទាំង ៤ នាក់នោះក៏សំពះជំរាបលាចេញទៅ។ លុះមកដល់កំពង់ហ្លួងក្នុងខែត្រសំរោងទងទាំង ៤ នាក់ ក៏សុំដោយសារទូកគេឆ្លងកាត់ទៅដល់ខែត្របាសាន ហើយកាត់ទៅដល់ក្រុងស្រឡប់ពិជ័យនគរ។ ពេលទៅដល់ក្រុងនេះពីរថ្ងៃ សេនាទាំងនោះបានសំគាល់ឃើញថា មានមនុស្សម្នាកាន់កាំភ្លើងគ្រឿងអាវុធចូលទៅទីរាំងព្រ័ត្រនៅវាល មុខព្រះពន្លាជាច្រើន ឃើញរាស្ដ្រប្រជានាំគ្នាមើលពិធីនោះរាប់ម៉ឺននាក់។ លុះដល់ថ្ងៃរសៀលម៉ោង ២ សេនាទាំង ៤ នាក់ក៏ចូលទៅបន្លំអែបនឹងអ្នកស្រុកដែលឈរមើលនោះ។ ក្នុងវេលានោះ សម្ដេចព្រះស្រីជេដ្ឋាព្រះចៅក្រុងស្រឡប់ពិជ័យនគរស្ដេចតើនចាកក្រឡាព្រះបន្ទំ ហើយចូលស្រង់ ទ្រង់គ្រឿងសំរាប់ព្រះមហាក្សត្ររួច ទ្រង់នាំអស់ស្នំធំតូចចេញទៅគង់នៅព្រះពន្លាខ្ពស់ចំពោះមុខ សេនាទាហានធំតូចដែលមកជួបជុំ រួចទ្រង់ផ្គូមនុស្សជិះសេះ ជិះដំរីចូលប្រកាប់គ្នា។ អស់ភ្នាក់ងារក៏វាយស្គរជ្វាតាមទំនងចូលសង្គ្រាម។ ការប្រឡងយកថ្វីដៃលុះបានឈ្នះចាញ់ហើយ ចៅពញាមហាសេនាយោធាសង្គ្រាមក៏នាំមនុស្សដែលខាងឈ្នះនោះចូលទៅថ្វាយបង្គំ ទើបសម្ដេចព្រះស្រីជេដ្ឋាប្រទានប្រាក់មួយជញ្ជីង ហើយឲ្យជានាយពលរេហ៍ រួចទ្រង់ឲ្យលើកវង់ចងឲ្យខ្ពស់ស្មើក្បាល។ វង់នោះគូសខ្សែក្រៅពណ៌ខ្មៅ ខ្សែបន្ទាប់ពណ៌ក្រហម ចំណុចខាងក្នុងវង់នោះ លាបពណ៌សរួចឲ្យមនុស្សបាញ់ម្នាក់ម្ដងគ្រប់ៗគ្នា។ មនុស្សដែលបានបាញ់ពេលនោះដល់ទៅ ២៣ នាក់តែបាញ់ពុំត្រូវក្នុងវង់ ៣ ជាន់នោះឡើយ។ អស់អ្នកកាន់ធ្នូខ្លះបាញ់ដល់ ខ្លះបាញ់ពុំដល់។ អ្នកកាន់ស្នាបាញ់ពុំដល់សោះ។ អ្នកកាន់កាំភ្លើងបាញ់ដល់តែមិនត្រូវ។ ទើបព្រះអង្គបែរព្រះភ័ក្ដ្រទៅត្រាស់នឹងស្នំឯក ទោ ត្រី ចត្វា ថា អាចោលម្សៀតទាំងអស់នេះមានថ្វីដៃយ៉ាងនេះ ស្រីណានឹងដោយកើត។ ខណៈនោះ ពួកព្រះស្នំក្រមការឮហើយក៏សើចទ្រហឹងអឺងកង។ ខ្លះទូលថា ក្រែងវង់នោះនៅឆ្ងាយណាស់ដឹងឬ? ទើបព្រះអង្គថា ឆ្ងាយប៉ុណ្ណឹងក៏អញបាញ់ត្រូវដែរ បើអញបាញ់ត្រូវឲ្យអញធ្វើម្ដេច? ពួកព្រះស្នំថា បើទ្រង់បាញ់ត្រូវនឹងក្រងផ្កាថ្វាយ។ ខ្លះថាបើទ្រង់បាញ់ត្រូវនឹងថ្វាយព្រះស្នំយ៉ាងក្រអូប ៥ ។ ខ្លះថា ឲ្យដករោមភ្នែក។ ខ្លះថា បើទ្រង់បាញ់ត្រូវខ្ញុំម្ចាស់ទទួលកោត។ លុះអស់អ្នកព្រះស្នំទូលថ្វាយកំសាន្ដចប់ហើយ សម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់ហើយត្រូវព្រះទ័យណាស់ ទើបទ្រង់ស្ទុះចេញមកក្រៅកន្ត្រាក់យកព្រះកៅទណ្ឌចុះទៅរានហាល ហើយព្រះអង្គឡើងឈរលើព្រះកើយ ព្រះហស្ថស្ដាំចាប់ព្រួញទាំង ៥ គងឡើងហើយទ្រង់ត្រាស់ប្រាប់នាម៉ឺនមុខមន្ដ្រី ស្រីស្នំ ក្រមការដែលជួបជុំក្នុងទីនោះទាំងប៉ុន្មានថាឲ្យចាំមើលយើងៗនឹងបាញ់ឲ្យត្រូវវង់ស។ ទ្រង់ថ្លែងកៅទណ្ឌនោះទៅសរក៏ត្រូវវង់សមែន។ លុះទ្រង់ថ្លែងព្រួញមួយទៀត ព្រួញនេះក៏ត្រូវបញ្ជូនព្រួញចាស់រហូតទៅព្រួញថ្មីជាប់នៅទីនោះ។ លុះបាញ់ព្រួញជាប់គំរប់ ៣ ទៀត ព្រួញគំរប់ ៣ នេះទៅត្រូវព្រួញគំរប់ ២ រហូតទៅត្រូវជាប់នឹងព្រួញគំរប់មួយ។ កាលនោះ អស់ព្រះស្នំក្រុមការ និងសេនាបតីមន្ដ្រីធំតូចឃើញដូច្នោះក៏ស្រែកហ៊ោគឹកកង។ ភ្នាក់ងារតូរ្យតន្ដ្រីក៏តាំងវាយស្គរថ្វាយសព្ទសាធុការពរខ្ទរខ្ទារនៅទីនោះ។ ឯបំរើទាំង ៤ នាក់ដែលឧកញ៉ាចក្រីកែវប្រើទៅទីនោះ ឃើញវឹកវរដូច្នោះហើយក៏លើកកាំភ្លើងឡើងតំរង់ចំទៅឆ្អឹងជំនីរ ព្រះស្ដេចកនខាងឆ្វេង។ តែដោយតេជៈព្រះស្ដេចកនពុំទាន់អស់បុណ្យ គ្រាប់នោះបាញ់ខុសមួយទះដៃ និងបាញ់ថែមទៀតក៏ពុំទាន់។ ខណៈនោះសម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ផែនដីស្រឡប់ពិជ័យនគរស្ដេចកំពុងឈរមាននៅជាប់ព្រួញពីរនៅព្រះហស្ថនោះ លុះឮសូរកាំភ្លើងបាញ់ខាងឆ្វេងហើយ ក៏ក្រលេកប្រែព្រះភក្ដ្របាញ់តាមផ្សែងរំសេវនោះទៅ ព្រួញក៏ត្រូវប្រជុំចិញ្ចើមអ្នកបាញ់ព្រះអង្គស្លាប់នៅទីនោះមួយរំពេច។
ទ្រង់ទតទៅឃើញម្នាក់លូកដៃទៅគ្រាហ៍គ្នាវានោះក៏បាញ់មួយព្រួញទៅទៀត ត្រូវត្រង់សៀតផ្កាអ្នកដែលលូកដៃទៅគ្រាហ៍នោះស្លាប់មួយរំពេចទៀត។ អស់សេនាបតី មន្ដ្រី នាយកងទ័ព និងប្រជានុរាស្ដ្រ ក៏ភ្ញាក់ផ្អើលវឹកវរជាកោលាហលរចល់រកចាប់ពួកអាក្បត់ តែពួកក្បត់ក៏រត់រួច។ ព្រះស្ដេចកនក៏បញ្ជាឲ្យកាត់ក្បាលអ្នកដែលស្លាប់ទាំងពីរនាក់នោះដោតជាបំរាមរួចស្ដេចត្រឡប់ចូលព្រះរាជវាំងវិញ។
ឯបំរើឧកញ៉ាចក្រីដែលទៅលុកនោះ នៅរស់ពីរនាក់ លុះត្រឡប់ឆ្លងទន្លេដើរទៅដល់ខែត្រពោធិ៍សាត់ហើយ ក៏ចូលទៅប្រណិប័តន៍ប្ដឹងអ្នកឧកញ៉ាចក្រីតាមដំណើរសេចក្ដីគ្រប់ប្រការ។ ឧកញ៉ាចក្រីក៏នាំហេតុដំណើរនោះឡើងក្រាបបង្គំទូលក្រោមល្អងធូលីព្រះបាទតាមដំណើរសេចក្ដី ទើបព្រះបរមចក្រមហាចន្ទរាជាធិរាជបរមរាមាជាអម្ចាស់ទ្រង់ត្រាស់ នឹងអស់ខ្ញុំព្រះរាជការសេនាទាំងឡាយថា ឧកញ៉ាចក្រីគិតធ្វើដូច្នេះពុំគួរទេ ដ្បិតដើមនោះអាស្ដេចកនវាជាស្ដេចព្រៃ វាឲ្យមនុស្សមកលុកយើងមុន វាខុសច្បាប់ខុសទំនៀមទ័ពទៅហើយ។ កាលដែលឧកញ៉ាចក្រីឲ្យមនុស្សទៅលបលុកវាវិញនឹងនាំឲ្យខូចព្រះកិត្ដិយសដែរ។ ប៉ុន្ដែគ្រានោះ យើងអភ័យទោសឲ្យម្ដងចុះ ហើយទ្រង់ត្រាស់ប្រដៅថា វិស័យសឹកក្រស័ត្រ បើថានឹងគិតជាឧបាយកលបែបណាៗនោះ លុះត្រាតែកុំប្រទល់ប្រទះទ័ពគ្នា។ ឥឡូវនេះគេនឹងយើងវិលមកលំនៅរាល់ខ្លួនហើយ ហើយយើងប្រើមនុស្សឲ្យទៅលបលុកគេនោះ ពាក្យបុរាណលោកហៅថា ចោរសង្គ្រាមពុំប្រសើរឡើយ។ ទ្រង់ត្រាស់ហើយ ស្ដេចយាងចូលទៅទីខាងក្នុងព្រះរាជរោងរមវិញទៅ។ តាំងតែពីខែនោះរៀងមក ស្ដេចទាំងពីរព្រះអង្គទ្រង់សំរាកឈប់ធ្វើសង្គ្រាមនឹងគ្នារាស្ដ្រប្រជាក៏បានសុខបន្ដិច។ តែបើអ្នកឈ្មួញ លក់រទេះ ទូកនោះ ស្ដេចឲ្យមានកងទ័ពនៅត្រួតត្រាមើល។ បើឃើញរទេះណា ទូកណាមានគ្រឿងសាស្ដ្រាវុធត្រូវដកហូតចេញពុំឲ្យមានឡើយ។ ពេលនោះឈ្មួញទៅមកជួបទាំងនគរខាងកើត ខាងលិចលក់ដូរទំនិញជាសុខទាំងសងខាង។ កងទ័ពរបស់សម្ដេចត្រើយខាងលិចខាងកើតប្រកាន់ច្បាប់តែសព្វខ្លួនឥតខុសឆ្គងឡើយ។
រើសអ្នកមានសមត្ថភាព[កែប្រែ]
ព.ស ២០៦៥, គ.ស ១៥២១, ម.ស ១៤៤៣, ច.ស ៨៨៣ ឆ្នាំម្សាញ់ ត្រីស័ក ក្នុងវេលាចូលឆ្នាំថ្មី ៣ ថ្ងៃនោះអស់អាណាប្រជានុរាស្ដ្រក្នុងបស្ចិមទិសអាណាចក្រចូលមកប្រឡងយកថ្វីដៃ គុនដាវ គុនអាវុធគ្រប់ធុនច្រើនអស្ចារ្យ អាណាប្រជានុរាស្ដ្រចូលមកក្រាបបង្គំសុំជ្រកក្រោមព្រះបារមីច្រើនលើសឆ្នាំមុន។ សម្ដេចព្រះបរមបពិត្រចន្ទរាជាធិរាជទ្រង់ក៏ប្រោសប្រទានយសស័ក្ដិតាម ថ្វីដៃរាល់រូបកាយ។ នាយកង នាយទ័ព ក៏កាន់តែមានចំនួនច្រើននាក់មួយជាពីរ។ ក្នុងឆ្នាំបញ្ចប់សង្គ្រាមនោះ ទ្រង់ព្រះករុណាជាអម្ចាស់ផែនដីត្រើយខាងលិច ស្ដេចព្រះរាជដំណើរចេញពីបន្ទាយខែត្រពោធិ៍សាត់ទៅប្រពាតព្រៃ ទាក់ដំរី ទ្រង់ឲ្យតាំងបន្ទាយចោមដេញបញ្ចូលចាប់បានដំរីភ្លុកស្ដញីក្នុងខែត្រពោធិ៍សាត់ ៤០ ហើយទ្រង់ត្រាស់បង្គាប់ហ្មថែមទៀតថា ឲ្យឡើងទៅទាក់ដំរីនោះតាំងពីខែត្រពោធិ៍សាត់រហូតដល់ខែត្រសំរោងទង និងខែត្រថ្ពង កំពង់សោម បានដំរី ៣៥ ទៀត រួមទាំងអស់បានដំរី ៧៥។ ស្រេចហើយស្ដេចនាំត្រឡប់វិញមកបន្ទាយទ័ពហ្លួងនៅខែត្រពោធិ៍សាត់វិញ។ លុះចូលឆ្នាំថ្មី ព.ស ២០៦៦, គ.ស ១៥២២, ម.ស ១៤៤៤, ច.ស ៨៨៤ ឆ្នាំមមី ចត្វាស័កទាហានដែលចូលមកប្រឡងថ្វាយថ្វីដៃហើយរើសសំរាំងបានជាប់លេខ ១, ២, ៣ ច្រើនជាងមុនមួយភាគទ្រង់ប្រោសព្រះរាជទានយសស័ក្ដិ និងប្រាក់មាសតាមសមគួរ។ ខណៈនោះសេនាបតី មន្ដ្រីខ្ញុំរាជការ ក្រាបបង្គំទូលថា ក្រុមទាហានក៏មានសមគួរ និងធ្វើការហើយនៅឡើយជាខ្ញុំរាជការក្នុងស្រុកនោះមានចំនួនតិចពុំដែលដេញប្រយោគ វិជ្ជាការរបស់អ្នករៀនលេខ និងអក្សរសោះ ព្រោះលោកទាំងនោះសម្គាល់ថា កាលនៅបួសជាសាមណេរនោះ មានដេញប្រយោគសាស្ដ្រាបាលី រួចហើយបើលោកធ្វេសប្រហែសពុំបានសិក្សាឲ្យបានស្ទាត់ជំនាញខាងលេខ នោះឡើយ។ បុរាណរៀងមកឈ្មោះណាដេញបានប៉ុន្មានប្រយោគដល់ស័កមកលោកបញ្ជូន ឈ្មោះនោះជាក្រុមព្រះរាជបណ្ឌិតសំរាប់តែងតាំងជាមន្ត្រីក្នុងស្រុក។ ក្នុងឆ្នាំនោះគួរតែពួកសង្ឃការីនិមន្ដព្រះសង្ឃរាជ ព្រះរាជាគណៈឋានានុក្រម និងគ្រឹហាវាសទៅប្រជុំដេញសាស្ដ្រា ដេញលេខនព្វន្ដគុនហា ក្នុងខែត្របរិបូណ៌ឲ្យបានច្រើន។ ខណៈនោះព្រះបរមបពិត្រពិនិត្យតាមពាក្យមន្ដ្រីយកសេចក្ដីក្រាបបង្គំ ទូលនោះទៅឃើញថា ពេញព្រះរាជហឫទ័យណាស់ ទើបស្ដេចព្រះរាជដំណើរនាំព្រះរាជបុរោហិត បណ្ឌិតកវី ស្រីព្រះស្នំ ក្រមការ និងពួកសេវកាមហាមាត្រ មាត្រាចាកនិគមបរមនិវេសន៍ បន្ទាយពោធិ៍សាត់មកដល់ខែត្របរិបូណ៌។ ព្រះអង្គចូលគង់ក្នុងព្រះពន្លាជ័យក្នុងបន្ទាយចាស់ ហើយទ្រង់បរិច្ចាគព្រះរាជទ្រព្យថ្វាយព្រះសង្ឃ និងព្រះរាជទានរង្វាន់ឲ្យអស់អ្នកដែលដេញសាស្ដ្រា បាលី ប្រយោគ។ ខាងព្រះសង្ឃដេញប្រយោគបានលេខ ទ្រង់នឹងតាំងជាបាឡាត់សមុហ៍បៃដីកា។ បើខាងគ្រឹហាវាសវិញ ទ្រង់ព្រះរាជទានជាមន្ត្រីខ្ញុំរាជការ ក្រុមស្រុកតាមគុណវិជ្ជាការ ហើយត្រាស់បង្គាប់ចាងហ្វាងមហោស្រពឲ្យតាំងហាត់ល្ខោនប្រុសស្រី ភ្លេងតូរ្យតន្ដ្រីជាសំរាប់ ព្រះឥស្សរិយយស។
ទិញសព្វាវុធ[កែប្រែ]
ក្រោយមកក្នុងឆ្នាំដដែល ព្រះបរមខត្តិយាចន្ទរាជា ព្រះអង្គឲ្យតែងសំពៅពីរផ្ទុកទំនិញទៅស្រុកជ្វាម៉ាឡាយូ ហើយទិញបានកាំភ្លើងធំ ១០០ កាំភ្លើងតូច ១០០០ ដើមថែមលើកាំភ្លើងចាស់ទុករក្សាព្រះនគរ។ ឯសម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើតកាលជ្រាបថា សម្ដេចចៅពញាចន្ទរាជាទិញកាំភ្លើងបានជាច្រើនមកទុកសំរាប់ព្រះនគរ ហើយព្រះអង្គក៏ឲ្យធ្វើសំពៅពីរផ្ទុកទំនិញទៅលក់ឯស្រុកម៉ាឡាយូដែរ ហើយទិញបានកាំភ្លើងធំ ១៥០ កាំភ្លើងតូច ៣០០០ ដើម។ លុះសំពៅនោះវិលមកវិញខ្យល់ផាត់សំពៅមួយទៅជាប់ពាម “ប្រហែលជាពាមមាត់ជ្រូក” សំពៅមួយទៀតជាប់នៅស្រុកកំពត។ ពេលនោះនាយកងស្រុកពាម ស្រុកកំពតចាប់បានសំពៅមួយយកបានកាំភ្លើងធំ ១៥០ កាំភ្លើងតូច ៣០០០ ដាក់ទុកក្នុងរទេះឲ្យមេឃុំនាំទៅថ្វាយព្រះបាទ អ្នកអម្ចាស់នៅខែត្របរិបូណ៌។ ព្រះបាទជាអម្ចាស់ត្រើយខាងលិច កាលទ្រង់ទតឃើញបំរើនាំគ្រប់សព្វសាស្ត្រាវុធមកក្រាបបង្គំទូល ថ្វាយហើយទ្រង់ព្រះអំណរណាស់។ ទ្រង់ប្រោសព្រះរាជទានរង្វាន់ដល់មេទ័ពមេកងនោះជាច្រើន។
សមរភូមិលង្វែក គ.ស. ១៥២៣[កែប្រែ]
សម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ត្រើយខាងកើត ស្ដេចគង់នៅព្រះរាជវាំងស្រីសឈរ ទ្រង់ត្រាស់ឲ្យកេណ្ឌកងទ័ព ១៤០០០០ នាក់ ទ្រង់ឲ្យចៅហ៊្វាទឡ្ហៈកៅ និងចៅពញាមោងនៅរក្សាបន្ទាយស្រឡប់ពិជ័យព្រៃនគរ ហើយទ្រង់ចាត់ឲ្យចៅពញាចក្រីឃុំពល ៣០០០០ នាក់ជាទ័ពមុខ ចៅពញាក្រឡាហោម ឃុំពល ២០០០០ នាក់ជាទ័ពស្ដាំ ចៅពញាវៀងឃុំពល ២០០០០ នាក់ជាទ័ពឆ្វេង ចៅពញាវាំងឃុំពល ២០០០០ នាក់ជាទ័ពក្រោយ ចៅពញាស្រាលឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងស្ដាំ ចៅពញាលំពាំងឃុំពល ១០០០០ នាក់ ជាទ័ពក្រវែលខាងឆ្វេង ចៅពញាស្នងធ្នឹមព្រះនគរឃុំពល ១០០០០ នាក់ជាទ័ពក្រវែលខាងមុខ ព្រះអង្គស្រីជេដ្ឋាឯងឃុំពល ៣០០០០ នាក់ជាទ័ពហ្លួងឆ្លងមកដល់ស្រុកភ្នំពេញ ហើយលើកទ័ពគ្រប់កង ព្រមដោយនូវស្វេតច្ឆត្រអភិរម្យ សែនត្វាន់ឡើងគង់ព្រះទីនាំងស័ង្ខរស្មីលើកទ័ពតំរង់ទៅខែត្របរិបូណ៌។ ឯសេះល្បាតខាងព្រះបរមខត្តិយាចន្ទរាជាឃើញហើយ ក៏ឃ្មាតខ្មីយកសេចក្ដីទៅក្រាបបង្គំទូលព្រះបរមបពិត្រ។ លុះទ្រង់ជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រាស់ឲ្យសម្ដេចព្រះភាគិនេយ្យយសរាជាឡើងជាទីនាយក និងមន្ដ្រីខាងជើងទឹកលើកទ័ពទូកគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតនាំទូកចំបាំង ៤០០ ហើយទ្រង់ចាត់ទ័ពជើងគោកថែមទៀត។ ទ្រង់ត្រាស់ឲ្យឧកញ៉ាចក្រីទេព កូនពញាមឿងឃុំពល ២០០០ នាក់ជាមេទ័ពមុខឲ្យចៅពញាសួគ៌ាលោក “សុខ” កូនពញាមឿងឃុំពល ១០០០០ នាក់ជាទ័ពស្ដាំឲ្យចៅពញាឧទ័យធិរាជសូរ ឃុំពល ១០០០០ នាក់ជាទ័ពឆ្វេងឲ្យឧកញ៉ារាជតេជៈ ឃុំពល ១០០០០ នាក់ជាទ័ពក្រោយឲ្យឧកញ៉ាវង្សាអគ្គរាជឃុំពល ១០០០០ នាក់ជាកងជន្លឲ្យឧកញ៉ានរិន្ទ្រាធិបតី ចៅពញាមនោមេត្រី ចៅពញាស្រែន្យាធិបតី ចៅពញាស្រែន្យសេនាឃុំពលម្នាក់ៗ ៣០០០ នាក់ទៅបង្កប់សងខាងផ្លូវឲ្យសម្ដេចព្រះសុទត្ត ឃុំពលដំរី ៣០០០ ទៅបង្កប់ក្នុងព្រៃខាងលិចវាលស្រាបអង្កាមឲ្យឧកញ៉ាដ៏រុងសេនា ឃុំពលសេះ ៥០០ ជាកងជន្លទី២។ លុះបានឫកជាពេលាល្អហើយ បុរោហិតក៏តាំងផ្លុំត្រែស័ង្ខហោរាថ្វាយឫក្សរួចហើយ ព្រះបរមបពិត្រមហាខត្តិយាចន្ទរាជាទ្រង់គ្រឿងកកុធភ័ណ្ឌសំរាប់ រាជយុទ្ធឡើងគង់ព្រះទីនាំងពិជ័យរាជកុញ្ជរ លើកអស់និករចេញទៅ។ ឯឧកញ៉ាវង្សាអគ្គរាជជាកងជន្លទី១ លើកទ័ពទៅដល់ស្ទឹងក្រាំងពន្លៃជួបនឹងទ័ពព្រះស្រីជេដ្ឋា (ព្រះស្ដេចកន) ហើយបានតតាំងច្បាំងគ្នានៅទីនោះយូរបន្ដិច ឧកញ៉ាវង្សាអគ្គរាជក៏នាំពលរត់ថយក្រោយមកដល់ខាងលិចភូមិឈូកស ខែត្រលង្វែក។ ខណៈនោះឧកញ៉ានរិន្ទសេនាឃុំពលទាហានសេះ ៤០ នាក់កាល់ពលខ្លួន និងពលឧកញ៉ាវង្សាអគ្គរាជឲ្យចូលតតាំងច្បាំងគ្នាទៀត ហើយបណ្ដែតទូកថយក្រោយ។ មេទ័ពខាងព្រះស្ដេចកនឃើញហើយយល់ថា ខ្លួនមានជ័យជំនះក្នុងសង្គ្រាមពីរដងហើយ ក៏បរពលសំរុកគ្រលុកតាមដល់ស្ទឹងជ្រៃ។ ឧកញ៉ាចក្រីទេពជាកងជន្លទី៣ ក៏ចេញពីក្នុងព្រៃបរពលចូលមួយស្របក់ ក៏នាំពលគេចរត់ថយក្រោយទៅទៀត។ ខណៈនោះនាយកងនាយទ័ពខាងព្រះស្ដេចកនស្រែកក្រាបទូលថា ចក្រីបាក់ទ័ពទៀតហើយ ឯកងទ័ពគ្រប់កងខាងព្រះស្ដេចកនឮថាចក្រីបាក់ទ័ពទៀត ហើយក៏រឹតតែមានចិត្ដជោរឡើង ក៏ដេញតាមទៅត្រាតែជួបនឹងទ័ពក្រឡាហោមដែលបង្កប់ចាំនៅវាលស្រាបអង្កាមនោះ។ ឧកញ៉ាក្រឡាហោម ក៏ទទួលច្បាំងជាមាំមួន សម្ដេចព្រះសុទត្ដដែលឃុំពលដំរីច្បាំង ៣០០ នោះបានឫកហើយ ក៏បរដំរីជល់ជាន់ពីក្រោយ។ ឯកងទ័ពដែលបង្កប់សងខាងនោះ ក៏ប្រសព្វពីឆ្វេងពីស្ដាំទាំងព្រះបរមបពិត្រក៏បែរព្រះទីនាំងរាជកុញ្ជរចូលលុកលុយកាប់ចាក់ប្រសព្វគ្នាមកបណ្ដាលឲ្យស្លាប់ពលខាងព្រះស្ដេចកនប្រមាណ ២០០០០ នាក់។ លុះមកដល់មុខព្រះស្ដេចកន ព្រះទីនាំងពិជ័យរាជកញ្ជរដែលចេះកាន់នូវអាវុធគ្រវែងចាក់សំលាប់ពលព្រះស្ដេចកនបណ្ដាលឲ្យស្លាប់ជាច្រើន។ ព្រះស្ដេចកនទ្រាំមិនបានក៏បែកទ័ពរត់កាត់ព្រៃមកដល់ចុងព្រែករលាប្អៀរខាងស្ដាំ ចោលទ័ពអស់ជាប់តែខាងទាហានស្ម័គ្រចិត្ដប្រមាណ ១០០ នាក់ ហើយមកជួបជុំនឹងទ័ពឧកញ៉ាសួគ៌ាលោក ឧកញ៉ាមនោមេត្រី ឧកញ៉ាឧទ័យធិរាជដែលបង្កប់ក្នុងព្រៃ។ ទ័ពទាំងនោះក៏ស្ទុះចេញមកក៏តាំងហ៊ោដេញទ័ពព្រះស្ដេចកនខ្ចាត់ខ្ចាយទៅទៀត។ ស្ដេចកននៅសល់តែទាហាន១០០ នាក់រត់តាមលុះទៅដល់ចុងភូមិតាជេស ខែត្រលង្វែក កងទ័ពទាំង ១០០ នាក់នោះពុំចេះហែលទឹកទាំងអស់គ្នាទេចេះតែ ២០ នាក់ប៉ុណ្ណោះ។ អ្នកចេះហែលទឹកក៏រត់ទៅលើកោះតូចនាំគ្នាតោងសេះព្រះទីនាំងស័ង្ខរស្មីនោះឆ្លងទៅស្ទឹងស្ងួតជើងព្រៃជាត្រើយខាងកើត។ លុះកងទ័ពឧកញ៉ាយមរាជ ឧកញ៉ាសួគ៌ាលោកដេញទៅដល់ឃើញទ័ពសត្រូវកំពុងហែល ក៏ស្រែកហៅកងទ័ពជើងទឹកឲ្យតាមចាប់។ សូរសព្ទដែលបង្កូកហៅទ័ពជើងទឹកតែមួយម៉ាត់ម្នាក់ក៏លាន់ដូចគេស្រែកហ៊ោ (ព្រោះហេតុនេះហើយបានជាកោះតូចនោះ ប្រែឈ្មោះថា កោះហ៊ោ រៀងមក)។ ឯម៉ឺនពិភក្ដីលិខិត ម៉ឺនជំនិតសទ្រង់ ម៉ឺនបំរុងអក្ខរាទាំង ៣ នាយជាអាល័ក្ស ជាមន្ត្រីព្រះស្ដេចកនជាប់បាវប្រាំមួយប្រាំពីរនាក់ស្ពាយត្រាជាសំរាប់រាជ្យរបស់សម្ដេចកននោះរត់បែកទៅដល់ចុងភូមិកំពង់ម្ដា ខែត្ររលាប្អៀរ ក៏ចាប់យកកូនទូកអ្នកស្រុកនោះចុះចែវតាមស្ដេចកនទៅ។ ខណៈនោះមានខ្យល់ព្យុះរលកបោកបក់ខ្លាំងទូកលិចលង់ទាំងត្រាសំរាប់រាជ្យនោះបាត់នៅក្នុងព្រះធរណីបាតទន្លេ នៅទីនោះក៏ស្រុតទៅជ្រៅពន់ប្រមាណ។ នាយអាល័ក្សទាំង ៣ យកផ្ដៅពីរបន្ទះមកតតែមួយសំយុងទៅត្រង់កន្លែងដែលលិចត្រានោះក៏ពុំដល់នឹងរកមនុស្សឲ្យមុជទៅតាមមនុស្សផងឃើញជ្រៅណាស់ពុំហ៊ានមុជតាម។ នាយទាំង ៣ នាក់ខ្លាចខុសនឹងព្រះស្ដេចកនក៏នាំគ្នាមុជទឹកទៅតាមត្រានោះលុះដល់ស្លាប់ទាំង ៣ នាក់ “ព្រោះហេតុនោះបានជាទីនោះហៅអន្លង់ត្រារាជ្យយារៗមកហៅតំបន់អន្លង់រាជ្យ ទ្រង់ស្រូតព្រះទីនាំងចក្រពត្ដិសារាយអណ្ដែតជ្រួសតាមទៅដល់កៀនតាធឹង។ ឯសម្ដេចព្រះស្រីជេដ្ឋាទតពីលើខ្នងសេះព្រះទីនាំងទៅឃើញ ក៏បរសេះព្រះទីនាំងនោះនាំទាហានរួមចិត្ដមកដល់ចុងភូមិកំពង់ចាម ក៏បរសេះព្រះទីនាំងនោះហែលឆ្លងទឹកតំរង់ទៅតំបន់ដូនម៉ៅត្រើយខាងកើត ព្រមទាំងទាហានរួមចិត្ដ ២០ នាក់ក៏ហែលតោងសេះនោះទៅដល់ច្រាំងទន្លេម្ខាង សេះនោះក្លាយជានាគមុជទឹកបាត់ទៅ។
សមរភូមិស្រឡប់ដូនតីពិជ័យព្រៃនគរ គ.ស. ១៥២៤[កែប្រែ]
សម្ដេចព្រះបរមបពិត្រខត្តិយាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គលើកពិជ័យសង្គ្រាមមកដល់ស្រុកឧដុង្គហើយ ស្ដេចទៅថ្វាយបង្គំព្រះចេតិយ ព្រះបដិមា ហើយស្ដេចត្រឡប់មកគង់ព្រះពន្លាវិញ ហើយទ្រង់ត្រាស់ចាត់កងទ័ពជាច្រើនកង៖
- ឲ្យចៅពញាតេជោ ចៅហ្វាយស្រុកសំរោងទងជាមេទ័ពមុខកាន់ពល ២០០០០ នាក់ជាទ័ពស្រួច។
- ឲ្យឧកញ៉ាមនោមេត្រីកាន់ពល ១០០០០ នាក់ជាមេទ័ពស្ដាំ។
- ឲ្យឧកញ៉ារាជាមេត្រី ជាមេទ័ពឆ្វេងកាន់ពល ១០០០០ នាក់។
- ឲ្យឧកញ៉ាសួគ៌ាលោក”សុខ” កូនចៅពញាមឿង កាន់ពល៣០០០០ នាក់ជាទ័ពមុខ។
- ឲ្យសម្ដេចចៅពញាយសរាជាជាព្រះរាជភគិនេយ្យោជាមេទ័ពហ្លួងឃុំពល ៥០០០០ នាក់ឆ្លងទៅព័ទ្ធពីខែត្រព្រៃវែងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅហ៊្វាកៅមកសួរគ្នាបាន។ ទើបទ្រង់ចាត់ទ័ពមួយផ្លូវទៀត៖
- ឲ្យឧកញ៉ាឧទ័យធិរាជ ចៅហ្វាយស្រុកអាសន្ទុកជាមេទ័ពមុខ។
- ចៅពញាពេជតេជោ ជាមេទ័ពឆ្វេង។
- ចៅពញាស្រែន្យខាំងហ្វាជាមេកងទ័ពស្ដាំ។
- ចៅពញាមន្ដ្រីភក្ដីជាកងទ័ពក្រោយ។
ទាំង ៤ កងឃុំពល ៥០០០០ នាក់លើកជាទ័ពជើងគោកទៅ ខែត្រកំពង់សៀមឆ្លងទៅមាត់ឃ្មុង និងភ្នំពានជាំងស្ទាក់ផ្លូវកុំឲ្យសម្ដេចចៅពញាកំហែងជាឪពុកក្មេក ព្រះស្ដេចកនលើកទៅជួយព្រះស្ដេចកនបាន។ ទើបព្រះអង្គចាត់ទ័ពមួយផ្លូវទៀត៖
- ឧកញ៉ាចក្រី“ទេព” កូនទី៣ ពញាមឿង ឃុំពល ២០០០០ នាក់ជាមេកងទ័ពមុខ។
- ឧកញ៉ាយមរាជឃុំពល ១០០០០ នាក់ជាទ័ពឆ្វេង។
- ឧកញ៉ាក្រឡាហោម ឃុំពល ១០០០០ នាក់ជាទ័ពស្ដាំ។
- ព្រះអង្គឯងទ្រង់ពល ៤០០០០ នាក់ជាទ័ពហ្លួង។
ឧកញ៉ាមហាមន្ដ្រី ឃុំពល ៥០០០ នាក់ជាទ័ពបង្កប់ ហើយទ្រង់ត្រាស់ផ្ដាំឲ្យធ្វើតាមគ្រប់ប្រការ។ ព.ស ២០៦៨, គ.ស ១៥២៤, ម.ស ១៤៤៦, ច.ស ៨៨៦ ឆ្នាំវក ឆស័ក សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា លុះទ្រង់ចាត់ទ័ពស្រេចហើយ ស្ដេចចូលស្រង់ទ្រង់គ្រឿងរង្គសង្គ្រាមយុទ្ធបរិសុទ្ធនូវគ្រឿងកកុធភ័ណ្ឌ ព្រះហោរាថ្វាយពិជ័យឫក្សព្រះរាជគ្រូបុរោហិត ថ្វាយទឹកស័ង្ខ ទឹកកុណ្ឌី ទឹកក្លស់ ផ្លុំត្រៃស័ង្ខ ក្រុមសុរិយាតូរ្យតន្ដ្រី វាយគង ទូងស្គរ ខ្ទ័រខ្ទារ ទាំងក្រឡាប្រឹថពី ស្ដេចគង់ព្រះរាជយានព្រមដោយនូវស្វេតច្ឆត្រស ៩ ជាន់ និងចាមរបៃមន់ សែនត្វាន់ ទង់ ឆត្រលឿង ខៀវ សព្រាតឆ្លុះសសែង ព្រះសុរិយាស្ដេចយាងគង់ព្រះទីនាំងចក្រពត្ដិសារាយអណ្ដែត។ ឯអស់មន្ដ្រីសេនារេហ៍ពលសឹងជិះទូកហ៊ោទូក-ង មួង យោងពីមុខនៅពីក្រោយតាមអណ្ដាប់អណ្ដោយលើកចេញទៅប្រថាប់ទ័ពនៅព្រះប្រសប់ឈប់ចាំស្ដាប់សូរសព្ទគ្រប់កងដែលលើកទៅ។ ផ្លូវខាងណាទន់នឹងបានទៅជួយខាងនោះ។
រីឯសម្ដេចព្រះស្រីជេដ្ឋា ម្ចាស់ត្រើយខាងកើតដែលទ្រង់ចាត់ឲ្យចៅហ៊្វាកៅនាំគ្រប់គ្រួទៅ ហើយត្រាស់បង្គាប់ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង កេណ្ឌកងទ័ពមកឲ្យរក្សាព្រះនគរបានតែ ១០០០០ នាក់នោះនាយគយខាងពាមផ្កាយសម្រេច១ នាយគយខាងខែត្រព្រៃវែង១ នាយគយខាងពាមរ១ ទាំង ៣ មេគយនេះយល់កងទ័ពទាំងបីផ្លូវលើកមកដល់ហើយក៏ភិតភ័យឡើងសេះចូលទៅប្ដឹងសេនាបតីឲ្យយកសេចក្ដីក្រាបបង្គំទូលសម្ដេចព្រះស្រីជេដ្ឋា សម្ដេចព្រះស្រីជេដ្ឋាត្រាស់ថា យើ! ពញាចន្ទរាជាអញស្មានថាបានផែនដីតែប៉ុណ្ណោះក៏នឹងគិតនៅស្ងៀមរក្សាផែនដី ដោយខ្លួនឯងឲ្យរាស្ដ្ររកស៊ីឲ្យសុខសប្បាយទៅហើយ ឥឡូវរុករានទន្ទ្រានលើកយោធាទាហានតាមមកទៀត។ ខណៈនោះទ្រង់ត្រាស់សេនាបតីទាំង ៤ ឲ្យតឿនពលឡើងរក្សានាទីភាគបន្ទាយ តែកាលពិនិត្យរេហ៍ពលទៅឃើញបានចំនួនបានតែ ១០០០០ នាក់ទ្រង់យល់ថានឹងទប់រក្សាបន្ទាយព្រះរាជវាំងនោះពុំបាន ទើបទ្រង់ត្រាស់ឲ្យកៀរគ្រួលើកចោលបន្ទាយបាសាន។ លុះធ្វើដំណើរមក ទ័ពព្រះស្រីជេដ្ឋាក៏មកជួបប្រទះនឹងកងទ័ពចៅពញាសួគ៌ាលោកសុខ កូនពញាមឿង។ ទ័ពទាំងសងខាងក៏បានច្បាំងគ្នាពីព្រឹកលុះថ្ងៃត្រង់ តែពុំទាន់ឈ្នះចាញ់។ ឧកញ៉ាចក្រីទេពកូនទី៣របស់ចៅពញាមឿង និងចៅពញាតេជោ ចៅហ្វាយស្រុកខែត្រសំរោងទងបានដឹងថា ព្រះស្ដេចកន និងមុខមន្ដ្រីរេហ៍ពលរត់ចោលបន្ទាយដូច្នោះហើយ ព្រមទាំងឮសូរកាំភ្លើងកំពុងច្បាំងគ្នាយ៉ាងខ្លាំងណាស់ទៀត ក៏តឿនកងទ័ពស្រូតតាមទៅហើយបានទាន់កំពុងច្បាំងគ្នា។ មេទ័ពខាងលិចទាំងពីរកងក៏ដេញពលឲ្យចូលជួយច្បាំងប្រកាប់គ្នាយ៉ាង សាហាវ ពលខ្មាំងស្លាប់ជាច្រើន។ មេទ័ពត្រើយខាងលិចព្រួតគ្នាចូលទៅប្រយុទ្ធនឹងព្រះស្ដេចកនទៀត តែស្ដេចកនខំបរពលវាយទំលាយ តែពុំរួចក៏ថយទ័ព និងគ្រប់គ្រួចូលទៅក្នុងបន្ទាយស្រីសឈរវិញ ហើយឲ្យបិទទ្វារបន្ទាយឲ្យរេហ៍ពលឡើងរក្សាបន្ទាយជាមាំមួន។ ឯស្នាព្រះអង្គជាក្មួយព្រះស្ដេចកនឃុំពល ៥០០ នាក់នៅក្រៅបន្ទាយលុះឃើញព្រះស្ដេចកនជាប់ចំណងហើយនាំពល ៥០០ នាក់នោះវាយជ្រែកចូលទៅក៏ពុំបាន ទើបស្នាព្រះអង្គជិះសេះបរជាប្រញាប់ទៅជំរាបសម្ដេចចៅហ៊្វាកៅនៅ បន្ទាយពិជ័យព្រៃនគរតាមហេតុគ្រប់ប្រការ។ សម្ដេចចៅហ៊្វាកៅលុះបានដឹងហើយក៏និយាយនឹងសម្ដេចចៅពញាហែងជាបិតាក្មេកស្ដេចកន និងឧកញ៉ាចក្រីជាមាព្រះស្ដេចកន ពញាស្នងធ្នឹមព្រះនគរ“ផាលង់” ជាប្អូនថ្លៃព្រះស្ដេចកនថាឲ្យទៅត្រួតបន្ទាយឲ្យមាំមួនកុំឲ្យធ្វេសប្រហែស។ កាលមន្ដ្រីទាំង ៣ នាយទទួលពាក្យហើយ សម្ដេចចៅហ៊្វាកៅក៏ឡើងជិះសេះនាំពល ៥០០០០ នាក់លើកស្រូតទៅជួយព្រះស្ដេចកន។ លុះឃើញទ័ពខាងលិចកំពុងចោមបន្ទាយដូច្នោះ ក៏បរពលវាយជ្រែកចូលទៅ។ សម្ដេចព្រះស្រីជេដ្ឋាព្រះស្ដេចកននៅលើក្បាលបន្ទាយឃើញមានកងទ័ពវាយចូលមកអរណាស់ក៏នាំចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំង វាយជ្រែកចំណោមចេញទៅ តែវាយបាន ៣ ថ្ងៃហើយក៏នៅតែចេញពុំរួច។ ឯសម្ដេចព្រះឧត្ដមបរមខត្តិយាមហាចន្ទរាជាធិរាជ ព្រះអង្គលើកទ័ពចេញទៅដល់ភូមិស្វាយឫស្សីស្រុក ហើយទ្រង់ជ្រាបថា មេទ័ពទាំងបីចោមបន្ទាយព្រះស្ដេចកន ៣ ថ្ងៃហើយពុំបែកចាប់ខ្លួនពុំបានពុំទាន់ឈ្នះចាញ់ ទើបទ្រង់ត្រាស់ប្រើសម្ដេចចៅហ៊្វាទឡ្ហៈឲ្យលើកទ័ពទៅជួយថែមទៀត ហើយព្រះអង្គលើកទ័ពទៅតាំងបន្ទាយឈប់ទ័ពនៅទន្លេបិទ ខែត្រត្បូងឃ្មុំ។ ស្រេចហើយទ្រង់ចាត់ឧកញ៉ាមហាមន្ដ្រីឲ្យឃុំពល ១០០០០ នាក់ឲ្យលើកទ័ពចេញទៅបង្កប់ក្នុងព្រៃរំលោងប្របផ្លូវចង្អៀត ទ្រង់ផ្ដាំថា បើឃើញទ័ពអាខ្មាំងលើកទៅជួយ ឬលើករត់ចេញពីបន្ទាយមកឲ្យលើកទ័ពទៅបោះស្កាត់ពីមុខវាចាប់វាឲ្យបានកុំឲ្យអាខ្មាំងរត់រួច។ ទ្រង់ត្រាស់បង្គាប់ព្រះសុទត្ដឲ្យឃុំពលកាំភ្លើងតូច ២៥០ នាក់ឲ្យទៅបង្កប់ចាំមើលឃើញកងទ័ពខ្មាំងចុះចូលក្នុងផ្លូវរំលោង ហើយទ្រង់ផ្ដាំថាឲ្យព្រួតគ្នាបាញ់កុំឲ្យអាខ្មាំងរត់រួច ទើបទ្រង់ត្រាស់បង្គាប់ឲ្យឧកញ៉ាមហាទេពឲ្យឃុំពល ៤០០ នាក់ទៅពួនចាំមើលលើភ្នំពានជាំងថា បើឃើញខ្មាំងសត្រូវចូលមកដល់ឲ្យព្រួតគ្នាបាញ់កាំភ្លើងធំ និងព្រួតគ្នាប្រមៀលដុំថ្មទំលាក់ឲ្យត្រូវពួកខ្មាំងចាប់ខ្មាំងឲ្យបាន។ មេកងទាំងបីក៏ថ្វាយបង្គំលាធ្វើតាមត្រាស់បង្គាប់។ ចៅពញាតេជោ មេទ័ពខាងលិចយល់ទ័ពខ្មាំងវាយផ្ទប់ទាំងសងខាងនឹងទ្រាំទៅមុខមិនបាន ទើបស្រែកឲ្យពលបើកផ្លូវឲ្យខ្មាំងចេញទៅ។ ឯព្រះស្ដេចកនយល់ឃើញដូច្នោះហើយ ក៏នាំរេហ៍ពលចេញពីបន្ទាយទៅទំលាយទ័ពដែលព័ទ្ធចេញទៅបាន។ ក្នុងគ្រានោះ មេទ័ពទាំងបីកងក៏ដេញពលសត្រូវចាក់កាប់សំលាប់ពលខ្មាំងសត្រូវអស់ជាង ១០០០០ នាក់។ ស្ដេចកន និងចៅហ៊្វាកៅខំបរពលស្រូតរូតឆ្លងទន្លេតូចទៅតាមផ្លូវមេសព្រះចន្ទកាត់តំរង់ទៅក្រុងពិជ័យព្រៃនគរ។ ពេលនោះ សម្ដេចចៅពញាបែន មេទ័ពខាងលិចលើកទៅប្រទះនឹងទ័ពខាងកើតដែលបែកខ្ចាត់ខ្ចាយដូច្នោះ ក៏បរពលឲ្យចូលកាប់ចាក់សត្រូវអស់ជាច្រើន ហើយសម្ដេចបែនជិះសេះរាំដាវបរដេញទៅទាន់សម្ដេចចៅហ៊្វាកៅ។ សម្ដេចចៅហ៊្វាកៅឲ្យព្រះស្ដេចកនបរសេះរត់ទៅមុន ឯចៅហ៊្វាកៅបែរមកប្រកាប់ប្រចាក់គ្នាមួយស្របក់ តែទទួលជាពេលនោះ សេះសម្ដេចចៅពញាបែនស្រុតជើងក្នុងអន្លង់ សម្ដេចបែនក៏ធ្លាក់អាវុធពីដៃ ដូច្នេះសម្ដេចចៅហ៊្វាកៅយល់បានការហើយ ក៏ពួយមួយលំពែងទៅត្រូវសម្ដេចពញាបែនធ្លាក់ពីសេះស្លាប់មួយរំពេច។ ឯមេទ័ពខាងលិចទាំងបីកងលើកទៅដល់ក៏បរពលចូលច្បាំង។ សម្ដេចចៅហ៊្វាកៅឃើញទ័ពខាងលិចច្រើនលើសលប់កំលាំងក៏បរសេះរត់ទៅតាមព្រះស្ដេចកនកំពុងរត់ក្នុងផ្លូវរំលោង លុះឃើញសម្ដេចចៅហ៊្វាកៅមកដល់ហើយក៏នាំស្រូតទៅ។ រំពេចនោះឧកញ៉ាមហាមន្ដ្រី យល់ទ័ពខ្មាំងនៅក្នុងរំលោង ហើយក៏បរពលស្កាត់ស្ទាក់ពីមុខភ្លាម។ ទ័ពខ្មាំងនឹងវាយទំលាយទៅក៏ពុំរួចនឹងងាកឆ្វេងស្ដាំក៏ពុំបាន ព្រោះទើសច្រាំងខ្ពស់ណាស់ និងថយក្រោយក៏ពុំបានឡើយ ហើយកងទ័ពពីក្រោយក៏ដេញមកដែរ។ ឃុនហ្លួងព្រះស្ដេចកនភ័យណាស់ ទើបប្រឹក្សានឹងសម្ដេចចៅហ៊្វាកៅថា យើងម្ដងនេះនឹងរត់ទៅខាងណាក៏ពុំបាន ព្រោះសងខាងមានច្រាំងខណ្ឌខាងមុខមានគេបោះស្កាត់ខាងក្រោយទ័ពគេដេញនឹងជ្រែកទៅខាងណាក៏ពុំរួចដែរ យើងមុខជាស្លាប់នៅទីនេះពុំខាន។ និយាយរួចហើយហើយស្ដេចកន ក៏ក្រាបយំលើខ្នងសេះ។ សម្ដេចកៅយល់ដូច្នោះហើយ ក៏ចាប់ដៃទាញឡើងហើយថាបើមាស្លាប់សុំក្មួយស្លាប់តាម។ បើមាមានជីវិតរស់ទេ ក្មួយនឹងភ័យខ្លាច វាថ្វីថាហើយចៅហ៊្វាកៅក៏បោលសេះទំលាយចេញទៅ។ ឯព្រះសុទត្តយល់ទ័ពខ្មាំងជាប់ចំណោមហើយក៏បរពលកាំភ្លើង ២៥០ នាក់ទៅឈរបាញ់ពីមាត់ច្រាំងត្រូវពលខ្មាំងស្លាប់ជាច្រើនណាស់។ សម្ដេចកៅយល់ដូច្នោះហើយក៏ស្រែកប្រកាសថា បើយើងមិនខំប្រឹងគង់នឹងស្លាប់គ្រាប់កាំភ្លើងគេទាំងអស់ជាមិនខាន យើងស៊ូចូលទៅប្រកាប់ បើស្លាប់នឹងប្រយុទ្ធគេយើងក៏មានកេរ្តិ៍ឈ្មោះដែរ បើរស់យើងក៏រស់បានរួចទៅដល់បន្ទាយជួបប្រពន្ធកូនជាមិនខាន។ ឯអស់ពួកខ្មាំងស្ដាប់ឮអស់ហើយក៏ចូលចិត្ដពួតដៃគ្នាចូលវាយទំលាយទ័ពមុខត្រាតែរួចចេញមកនៅសល់តែមនុស្ស ៥០០០ នាក់ក្រៅពីនោះស្លាប់អស់។ កងទ័ពទាំងនោះក៏ខំស្រូតរូតរត់ទៅដល់ច្រកចង្អៀតផ្លូវភ្នំពានជាំងអស់កំលាំងណាស់ក៏នាំគ្នាឈប់ដាំបាយស៊ី។ ឧកញ៉ាមហាទេពឃើញហើយក៏ប្រមៀលដុំថ្មបាញ់កាំភ្លើង ធ្នូ ស្នាត្រូវពួកស្ដេចកនស្លាប់ជាច្រើននាក់ទៀត។ ព្រះស្ដេចកន និងចៅហ៊្វាកៅព្រមទាំងពលទាហាន ៥០០០ នាក់នាំគ្នារត់ទៅទៀត។ ឧកញ៉ាមហាទេពដេញតាមទៅឃើញច្រកចង្អៀតណាស់ ក្រែងចាញ់កលឧបាយសត្រូវក៏វាយស្គរហៅពលថយមកជួបនឹងកងទ័ពទាំង ៥ កងវិញហើយនាំគ្នាទៅក្រាបបង្គំទូលសម្ដេចបរមខត្តិយាមហាចន្ទរាជាសូមទ្រង់ជ្រាបគ្រប់ប្រការ។ សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា ទ្រង់ត្រាស់ថា៖ សម្ដេចចៅពញាបែនស្លាប់ចាប់ខ្មាំងមិនបាន ហើយទ្រង់ស្ដាយណាស់ ទ្រង់មានព្រះបន្ទូលថា ចៅពញាបែនមិនគួរជាស្លាប់ក្នុងដៃអាខ្មាំងឡើយ។ ទ្រង់ព្រះពិរោធនឹងពួកអាខ្មាំងណាស់ ទើបទ្រង់ត្រាស់ឲ្យឧកញ៉ាយមរាជព្រំ (សួស) ឃុំពល ២០០០០ នាក់ទៅវាយបន្ទាយពិជ័យនគរ ឧកញ៉ាវាំងឃុំពល ២០០០០ នាក់ទៅវាយទិសខាងលិច ឲ្យសម្ដេចព្រះភគិយ្យោយសរាជាជាកែវនាយកមេទ័ពធំត្រួតត្រាលើមេទ័ពទាំងអស់។ មេទ័ពទាំងបីកងក៏លើកពលចោមបន្ទាយតាមត្រាស់បង្គាប់រៀងៗខ្លួនពុំមានធ្វេសប្រហែសឡើយ។ (សាស្ដ្រាទាំងប៉ុន្មាននិយាយថា ព្រះបរមខិត្ដិយាមហាចន្ទរាជាឲ្យលើកទ័ពទៅប្រាំកង តែរាប់ឈ្មោះមេទ័ពឃើញតែបីកង)។
សម្ដេចចៅហ៊្វាកៅដែល នាំព្រះស្រីជេដ្ឋាព្រះស្ដេចកនរត់ទៅនោះលុះរត់ទៅដល់បន្ទាយហើយ ក៏រួបរួមនឹងសម្ដេចចៅពញាហែង ចៅពញាចក្រី និងចៅពញាស្នងធ្នឹមព្រះនគរជាលន់នឹងចៅពញាវាំង ចៅពញាស្រាល ចៅពញាលំពាំងតាំងឲ្យត្រួតត្រារក្សាពុំហ៊ានធ្វេសប្រហែសទាំងយប់ទាំងថ្ងៃ។ មេទ័ពទាំងបីកងខាងព្រះបរមខត្តិយាមហាចន្ទរាជា លុះលើកទៅដល់បង្គាប់ពលឲ្យឡើងក្បាលបន្ទាយខាងសត្រូវអត់មានបង្អែបង្អង់ឡើយ។ ពួកពលខ្មាំងក៏ពួយនឹងលំពែង បាញ់នឹងកាំភ្លើង ប្រមៀលដុំថ្មទំលាក់មកត្រូវអស់រេហ៍ពលមេទ័ពខាងលិចបណ្ដាលឲ្យស្លុតស្លាប់អស់ជាច្រើន។ មេទ័ពខាងលិចយល់ថា ទ្រាំពុំបានហើយក៏វាយស្គរបរពលថយមកវិញ មេទ័ពខាងលិចព្យាយាមបរពលឲ្យចូលចោមបន្ទាយព្រះស្ដេចកនឥតមានឈប់ឈរ តែឡើងបន្ទាយនោះពុំបានត្បិតបន្ទាយនោះធំហើយខ្ពស់ណាស់។
លបធ្វើគតព្រះស្ដេចកនលើកទី២[កែប្រែ]
ក្នុងថ្ងៃមួយនោះ សម្ដេចព្រះស្រីជេដ្ឋា ព្រះហត្ថាម្ខាងកៅទណ្ឌ ព្រះហត្ថាម្ខាងទ្រង់នូវធ្នូ ២៥ ស្ដេចនាំអ្នកព្រះម្នាងជាលែង និងព្រះស្នំក្រមការយាងព្រះបាទាតាមផ្លូវថ្នល់ទៅថ្វាយបង្គំព្រះអរហន្ដធាតុនៅវត្ដព្រះធាតុតាមសព្វដង។ ព្រះរាជកិច្ចនោះដឹងដល់ឧកញ៉ាយមរាជសួស (ព្រំ)ជាមេទ័ពហ្លួងខាងលិច ទើបមេទ័ពនេះក៏ចាត់កងទ័ពកាំភ្លើងតូច ១០០ នាក់ឲ្យទៅបង្កប់ចាំក្នុងព្រៃដើម្បីលបលុកព្រះស្ដេចកន។ លុះព្រះស្រីជេដ្ឋាទៅដល់ទាហានកាំភ្លើងដែលឧកញ៉ាយមរាជសួស (ព្រំ) ចាត់ទៅនោះក៏បាញ់ត្រូវដាច់ព្រះពស្ដ្រសម្ដេចព្រះស្រីជេដ្ឋា ៥ គ្រាប់។ សម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះពិរោធណាស់ ទ្រង់ទាញកៅទណ្ឌបាញ់ទៅវិញបាញ់ម្ដងចេញទៅ ៥ ព្រួញបាញ់ ៥ ដងត្រូវជា ២៥ ព្រួញបណ្ដាលឲ្យស្លាប់ពលឧកញ៉ាយមរាជសួស (ព្រំ) ២៥ នាក់ ទ័ពសល់ពីនោះមិនហ៊ានតទៅទៀត ក៏បែករត់ទៅប្ដឹងឧកញ៉ាសួសវិញតាមដំណើរគ្រប់ប្រការ។ ខណៈនោះសម្ដេចព្រះស្រីជេដ្ឋាក៏នាំព្រះស្នំក្រមការត្រឡប់ទៅបន្ទាយពិជ័យព្រៃនគរវិញ ហើយទ្រង់ឲ្យតែងព្រះរាជសារ ហើយចាត់ឧកញ៉ាមហាមន្ដ្រីទេពឲ្យអញ្ជើញព្រះរាជសារនោះទៅថ្វាយព្រះបរមខត្តិយាមហាចន្ទរាជាសូមទ្រង់ជ្រាប។ រាជទូតក៏ក្រាបថ្វាយបង្គំលាអញ្ជើញព្រះរាជសារទៅដល់សេនាបតី សេនាបតីនាំចូលទៅថ្វាយព្រះបរមបពិត្រ។ ព្រះបរមបពិត្រស្ដេចទ្រង់អាល័ក្សថ្លែងសេចក្ដីតាមព្រះរាជសារថា យើងជាម្ចាស់ផែនដីទិសខាងកើតមានព្រះរាជសារសុំឲ្យបញ្ឈប់សង្គ្រាមដើម្បីរាស្ដ្រធ្វើស្រែ ម្ចាស់ផែនដីខាងលិចក៏ព្រមហើយ។ ឥឡូវនេះហេតុអ្វីម្ចាស់ផែនដីទិសខាងលិចដែលធ្វើជាព្រះមហាក្សត្រធំ ហើយស្ដេចមកស្រដីគ្មានពាក្យសត្យសោះគឺថាឲ្យពលទាហានទៅលបបាញ់យើង ធ្វើដូចទ័ពចោរប្លន់ដូច្នេះ? ព្រះបាទព្រះបរមបពិត្រខត្តិយាមហាចន្ទរាជា ទ្រង់ពិរោធនឹងកងទ័ពដែលទៅលួចបាញ់នោះពន់ប្រមាណ។ ទ្រង់ត្រាស់ឲ្យសួររកមុខទៅឃើញថា ឧកញ៉ាយមរាជសួស (ព្រំ) ឲ្យកងទ័ពទៅលបបាញ់ ទើបសេនាទាហានក្រុមរក្សាព្រះអង្គចាប់យកឧកញ៉ាយមរាជសួស (ព្រំ) ទៅសំលាប់ភ្លាម។ ឧកញ៉ាយមរាជស្លាប់ ហើយគ្មាននរណាហ៊ានកប់សោះលុះខ្មោចយមរាជហើមស្អុយ ទ្រង់ជ្រាបហើយក៏ត្រាស់បង្គាប់ប្រោសអនុញ្ញាតឲ្យញាតិសន្ដានយកខ្មោចនោះទៅធ្វើបុណ្យ រួចត្រាស់បង្គាប់ឲ្យបញ្ជូនកងទ័ពដែលនៅសេសសល់ ៧៥ នាក់នោះជាពលរក្សាផ្នូរខ្មោចឧកញ៉ាយមរាជ ហេតុនេះហើយបានជាជាប់មានពលសំរាប់ងារយមរាជនោះរៀងមក។ ឯទីដែលឧកញ៉ាយមរាជស្លាប់ហើមនោះ អ្នកស្រុកហៅថា ភូមិយមរាជហើម តែយូរៗមកក៏ហៅភូមិហើមរៀងមកទល់សព្វថ្ងៃនេះ។ ឯព្រះបាទសម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា គ្រាដែលឈប់សង្គ្រាមនោះ ព្រះអង្គតាំងបន្ទាយនៅភូមិក្ដុល មានរេហ៍ពលសំរាប់ការពារបន្ទាយ ១០០០០ នាក់ ហើយព្រះអង្គទុកតែសម្ដេចព្រះភាគិនេយ្យយសរាជា កែវនាយក និងសេនាទាហាន ៤០០០ នាក់ឲ្យនៅរក្សាបន្ទាយ។ ឯព្រះអង្គ និងរេហ៍ពល ៦០០០ នាក់យាងត្រឡប់ទៅខែត្រពោធិ៍សាត់វិញ ហើយព្រះអង្គឲ្យឈ្មោះបន្ទាយដែលព្រះអង្គគង់នោះហៅថា បន្ទាយមានជ័យ វិញ។
ការឡោមព័ទ្ធបន្ទាយស្រឡប់ដូនតីពិជ័យព្រៃនគរ (១៥២៥)[កែប្រែ]
និយាយអំពីសម្ដេចស្រីជេដ្ឋា ព្រះអង្គគ្រងពិជ័យព្រៃនគរនោះវិញ លុះដល់ខែមិគសិរ បុស្ស ហើយទ្រង់គិតថា ទ្រង់នឹងធ្វើសង្គ្រាមយកជ័យជំនះលើសម្ដេចចៅពញាចន្ទរាជាក្នុងគ្រានេះឲ្យខាងតែបាន ទើបទ្រង់ត្រាស់បង្គាប់ចៅហ៊្វាកៅ សម្ដេចចៅពញាហែង ចៅពញាស្នងធ្នឹមព្រះនគរ ចៅពញាវៀង ចៅពញាវាំង ចៅពញាស្រាល និងចៅពញាលំពាំងជាសេនាបតីឲ្យកេណ្ឌរេហ៍ពលបាន ១៥០០០ នាក់មកសមហាត់ឲ្យស្ទាត់ ហើយនឹងយកទៅវាយបន្ទាយក្ដុលវិញ។ បើមានជ័យជំនះហើយ ទ្រង់នឹងលើករហូតដល់បន្ទាយមានជ័យ (ពោធិ៍សាត់) សំរេចផែនដីក្នុងឆ្នាំនេះឲ្យបាន។ សេនាបតីទាំងប្រាំមួយនាក់ ក៏ថ្វាយបង្គំលាចេញទៅចាត់សំបុត្រឲ្យកេណ្ឌមកគ្រប់គ្រាន់តាមព្រះបន្ទូលពិសេស។ សេចក្ដីដែលកេណ្ឌរេហ៍ពលមកសមហាត់នេះឮសូរសព្ទទៅដល់សម្ដេចព្រះភាគិនេយ្យោយសរាជាជាកែវនាយកទើបទ្រង់ត្រាស់ប្រឹក្សានឹងឧកញ៉ាចក្រីទេព ឧកញ៉ាសួគ៌ាលោកសុខ កូនពញាមឿង និងសម្ដេចចៅពញាកែវ ចៅពញាឧទ័យធិរាជ ចៅពញាតេជោនោះអស់នាយកងទ័ពថា ពលគេដល់ទៅ១៥០០០០ នាក់ ពលយើងមានតែ ៤០០០ នាក់ដូច្នោះនឹងគិតដូចម្ដេចកើត។ វេលានោះ ឧកញ៉ាចក្រី ចៅពញាសួគ៌ាលោកសុខ កូនពញាមឿងយកសេចក្ដីក្រាបទូលពលយើងសម្ដេចព្រះបរមបពិត្រជាអម្ចាស់ ទ្រង់ឲ្យបន្ថយអស់ទៅហើយ បើយើងនឹងទៅកេណ្ឌថែមទៀត ក្រែងពុំទាន់ តែកាលបិតាទូលព្រះបង្គំលោតអន្លង់សំលាប់ខ្លួនទៅកេណ្ឌទ័ពបិសាចឲ្យជួយធ្វើការនោះ បានផ្ដាំទុកនឹងចៅពញាចន្ទ មេស្មឹងជាភឿនថា បើម្ចាស់ផែនដីមានសេចក្ដីទ័លធុរៈដូចម្ដេច កុំឲ្យស្ដេចមានបន្ទូលផ្ទាល់ថាឲ្យមេស្មឹងនិយាយឆ្លងព្រះបន្ទូល លោកនឹងកេណ្ឌទ័ពបិសាចមកជួយឲ្យបានសំរេច។ ឥឡូវការណ៍យើងក៏ប្រទាលខ្លួនណាស់ហើយ គួរយើងធ្វើតាមបណ្ដាំនោះល្បងមើល សម្ដេចព្រះភគិនេយ្យោយសរាជាជាកែវនាយកទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យចៅពញាចន្ទ មេស្មឹង ចូលមកត្រាស់ប្រាប់ដូនកូនពញាមឿងពីរនាក់យកសេចក្ដីក្រាបបង្គំទូល។ ខណៈនោះ ពញាចន្ទ មេស្មឹងទទួលព្រះបន្ទូលពិសេសហើយក៏ឲ្យធ្វើរោងរាជវ័តិ និងឆត្រ គ្រឿងសក្ការៈបូជា ស្លៀកសស្រេចហើយ ក៏ចូលទៅក្នុងរោងរាជពិធីឧទ្ទិសដល់ខ្មោចពញាមឿងថាសុំឲ្យពញាជួយឲ្យបានសំរេចដូចជួយការណ៍ក្នុងខែត្រ ពោធិ៍សាត់។ ក្នុងគ្រានោះបិសាចពញាមឿងចូលសណ្ឋិតនឹងមេស្មឹង ហើយប្រាប់កូនទាំងពីរថាឲ្យយកចំបើងចងជារូបមនុស្សឲ្យកាន់ប្រឆេះឲ្យពួកពលចេះតែតាំងហ៊ោបាញ់កាំភ្លើងពីចំងាយទៅសុំយើងកេណ្ឌទ័ពបិសាចទៅជួយឲ្យសំរេច។ វេលានោះកូនពញាមឿងទាំងពីរនាក់ លុះដល់ពេលយប់ហើយឲ្យរេហ៍ពលយកចំបើងចងជារូបមនុស្សរួចចងប្រឆេះនៅរូបចំបើងនោះយកទៅដាក់នៅក្បាលត្រោកជុំវិញបន្ទាយព្រះស្ដេចកន។ ឯបិសាចពញាមឿងក៏កេណ្ឌឲ្យតាំងហ៊ោបីដូចគេប្លន់យកបន្ទាយ។ ទ័ពស្ដេចកនឮហើយ ក៏តាំងតែបាញ់កាំភ្លើង ធ្នូ ស្នាចោលដុំថ្មពីក្នុងបន្ទាយមកជាច្រើនរាត្រី។ សម្ដេចចៅហ៊្វាកៅធ្វើតែដូច្នោះ ១៥ រាត្រី។ កងទ័ពក្នុងបន្ទាយបាញ់អស់ព្រួញ ធ្នូ ស្នា នឹងជិតអស់ទាំងគ្រាប់រំសេវលុះដល់យប់គំរប់ ១៥ នោះស្រាប់តែឮតាំងហ៊ោទូងស្គរក្រោមដី និងលើអាកាសដូចរន្ទះ កក្រើកទាំងព្រះធរណី ធូលីក៏បក់បោកចូលភ្នែក។ អស់សេនាទាហានទ្រាំពុំបានក៏បើកទ្វារបន្ទាយខាងកើត ហើយរត់ទៅទិសអាគ្នេយ៍ប៉ងទៅខែត្ររោងដំរីដើម្បីទៅពឹងប្រទេសចាមឲ្យជួយ។ កងទ័ពបិសាចបណ្ដាលអាត្មាឲ្យឃើញកងទ័ពឈរតាំងហ៊ោតាមផ្លូវថ្នល់ដល់ទៅខែត្ររោងដំរីនោះ។ ឯព្រះស្ដេចកន សម្ដេចចៅហ៊្វាកៅ ចក្រី និងស្នងធ្នឹមព្រះនគរជាលន់នាំអ្នកម្នាងជាលែងរត់ចេញតាមទ្វារប៉មទិសឦសានដើម្បីទៅទិសខាងជើងកាត់ស្រុកលាវ។
លុះទៅដល់ព្រៃមួយអន្លើឲ្យបោះទ័ពបង្អង់នៅទីនោះ យូរទៅជាប់ឈ្មោះបង្អង់យារៗមក ហៅហូរជើងវាំង។ ទីនោះជាព្រៃគគីរមានដើមគគីរជាច្រើន ព្រះស្ដេចកនឃើញដើមគគីរមួយធំក្រៃលែងឲ្យបាំងស្រមោលវាស់លមើលឃើញ ២៤ ព្យាម សំណុំ ៩ ព្យាម ទើបព្រះស្ដេចកនប្រឹក្សានឹងអស់មន្ដ្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្ដែតវែងតែ ១៨ ព្យាម ទើបព្រះស្ដេចកននឹងអស់មន្ដ្រីនាយកងទ័ពថា ចៅពញាចន្ទរាជាមានទូកសារាយអណ្ដែតវែងតែ ១៨ ព្យាម។ ដូច្នោះគួរយើងឲ្យកាប់ដើមគគីរធ្វើទូកឲ្យបានជាស្រេច ហើយនឹងឲ្យរាជសារទៅបបួលចៅពញាចន្ទរាជាអុំភ្នាល់ដាក់ព្រះនគរ។ បើមិនភ្នាល់ យើងនឹងឲ្យរេហ៍ពលតាំងហ៊ោចំអកចំអន់ឲ្យឈឺចិត្ដ។ បើហ៊ានអុំភ្នាល់ទូកយើងវែងជាងដល់ទៅ ៧ ព្យាមនោះគង់មានជ័យជំនះដោយងាយបាន។ គិតព្រមព្រៀងគ្នាហើយ ស្ដេចកនក៏ឲ្យរេហ៍ពលកាប់ដើមគគីរនោះចាំងលុងបានជាទូក-ងមួយវែង ២៥ ព្យាម ទទឹង ១២ ហត្ថទើបឲ្យឈ្មោះព្រៃគគីរនោះហៅថា ព្រៃគគីររៀងមក។ ឯទូកដែលកាប់បាននោះសិតពុំទាន់រួច ហើយស្ដេចកនឲ្យអូសយកទៅធ្វើនៅឯបន្ទាយសង់រោង និងសិតទូកនោះ ហើយឲ្យសាងព្រះចេតិយមួយគិតនឹងយកបន្ទាយសាងថ្មីនេះជាមហានគរ។ កំពុងតែសាងព្រះចេតិយធ្វើបន្ទាយ នឹងសិតទូកនោះ កងទ័ពបិសាចក៏តាមទៅសំដែងឫទ្ធិតាំងហ៊ោឮសូរសព្ទដូចជាស្គររន្ទះទាំងផែនប្រឹថពី។ ស្ដេចកន ចៅហ៊្វាកៅ និងអស់នាយកងទ័ពមើលមិនឃើញច្បាំងពុំកើត ឃើញប្លែកអស្ចារ្យណាស់ទ្រាំពុំបានក៏នាំគ្នារត់ពីទីនោះទៅទៀត។ ស្ដេចកន សម្ដេចកៅ សម្ដេចចៅពញាហែងរត់បែកគ្នាទៅចុងម្ខាង ឯអ្នកម្នាងជាលែង និងចក្រីនីរត់បែកផ្លូវទៅទិសខាងត្បូងទៅដល់ភូមិគោកស្រុក ហើយទីដែលបែកផ្លូវនោះជាប់ហៅភូមិនាងឃ្វាងផ្លូវយារៗមកហៅថាភូមិស៊ាងឃ្វាង។ ក្រោយមកអ្នកម្នាងជាលែងរត់ទៅទៀតចូលព្រៃលេចវាលគិតថា ក្រែងស្ដេចកនតាមរកខ្លួនពុំឃើញក៏កាត់សក់ចងនឹងមែកឈើនោះប្រាថ្នាឲ្យស្ដេចកនឃើញហើយតាមរកបានជាជាប់ហៅវាលចងសក់ដល់សព្វថ្ងៃនេះ។ តមកទៀតនាងដើរហួសទៅទៀតត្រូវថ្ងៃក្ដៅណាស់ ខណៈនោះមានសត្វខ្លែងមួយហ្វូងចំកាងស្លាប ហើរបាំងពីលើមិនឲ្យក្ដៅ លុះមានគេទៅនៅភូមិនោះក៏ជាប់ឈ្មោះហៅថា ភូមិបង្ហើរខ្លែង។ នាងដើរហួសទៅទៀត ឃើញត្រពាំងមួយទឹកថ្លាល្អ នាងក៏ចូលទៅកក់ក្បាលនៅទីនោះ លុះមានគេទៅនៅភូមិបានជាប់ឈ្មោះហៅថា ភូមិស្រែកក់រៀងមក។ នាងដើរទៅទៀតមានអូរមួយនឹងដើរឆ្លងមិនរួចនាងបន់ដល់អ្នកតាបង់បត់សុំឲ្យមានទូកឆ្លង ពេលនោះអ្នកតាបង់បត់តំណែងជាក្រពើមួយឲ្យនាងដើរជាន់ឆ្លងទៅក្រពើនោះប្រែក្លាយទៅជាក្រពើថ្មរហូតដល់សព្វថ្ងៃនេះ គេហៅថាភូមិភាគក្រពើរៀងមក។ នាងដើរហួសទៅទៀតរោយជើងដើរពុំរួចអស់កងទ័ពសុំពរនាងនៅទួលនោះ សព្វថ្ងៃនេះជាប់ហៅថា ទួលសុំពរ។ លុះដើរទៅទៀត នាងសួសជាមាតានាងជាលែង រោយជើងដើរមិនរួច ចៅពញាចក្រីនីឲ្យយកសំពត់ធ្វើអង្រឹង ហើយយកដងផ្គាក់ធ្វើស្នែង សព្វថ្ងៃនេះជាប់ឈ្មោះហៅថា ព្រែកដងផ្គាក់។ តពីនេះទៅទៀតដល់វាលមួយអន្លើ ធ្លាក់ខ្នើយនាងសួសពីអង្រឹងបានជាជាប់ឈ្មោះហៅថា វាលជ្រុះខ្នើយ។ លុះទៅដល់អូរមួយអន្លើ ចោលស្នែងដែលសែងនាងសួសនោះទៅក្នុងអូរនោះសព្វថ្ងៃគេហៅថា អូរចោលស្នែង។ ក្នុងស្រុកត្បូងឃ្មុំនោះមានអុងម៉ុងពីរ (ដូចដែលយើងបានពណ៌នារួចមកហើយក្នុងដើមនេះ) អ្នកស្រុកសន្មតហៅថា អុងម៉ុងព្រះមហោសថ។ អុងម៉ុងតូចនោះមានទំហំ ៧ ហត្ថបួនជ្រុង អុងម៉ុងធំនោះ មានទំហំ ១៣ ហត្ថបួនជ្រុង។ ទឹកដែលហូរលើអុងម៉ុងនោះធ្លាក់ទៅលើព្រែកឆ្លូងឆ្ពោះត្រង់ទៅស្រុកយួន។ លុះពេលសែងនាងទៅដល់អុងម៉ុងនោះសំរាកមួយសន្ទុះ នាងទៅពួនក្នុងហោងតូច សព្វថ្ងៃនេះគេហៅ អុងម៉ុងតូចនោះថា ហោងពលសែង។ លុះឃើញថាស្ងប់ស្ងាត់គ្មានកងទ័ពលើកតាមទេ នាងនាំបក្សពួកទៅដល់ហោងអុងម៉ុងធំនោះ នាងសួសទាំងកូន និងម្ដាយចូលទៅពួនក្នុងអុងម៉ុងនោះ សព្វថ្ងៃគេហៅថា ហោងពួន។ ពួកនេះហួសទៅខាងកើតបានជួបជុំព្រះស្ដេចកន សម្ដេចកៅ។ ស្ដេចកនជំនុំគ្នានឹងធ្វើបន្ទាយទៀត តែធ្វើមិនកើត លុះមានគេទៅនៅភូមិនោះជាប់ឈ្មោះថាភូមិស្រែបន្ទាយ។ រត់ពីនោះទៅទៀតដល់វាលមួយវែងបណ្ដោយទៅខាងកើត ក្រោយមកមានគេទៅនៅស្រែ សព្វថ្ងៃនេះជាប់ហៅឈ្មោះភូមិស្រែវែង។ រត់ទៅទៀតច្រឡំផ្លូវលោជាគេចទៅឦសានព្រៃដែលមក។ ក្រោយមកមានគេទៅនៅសព្វថ្ងៃនេះហៅថា ភូមិរលា រៀងមក។ បក្សពួកស្ដេចកននាំគ្នារត់ទៅទិសខាងកើតទៀតជួបនឹងស្វាសមួយ ស្វានោះ ក៏បេះផល្លានុផលទំលាក់មកឲ្យក្រោយមកគេទៅរានភូមិនៅសព្វថ្ងៃនេះជាប់ជាភូមិស្វាស។ រត់ទៅឯកើតទៅទៀត ដល់ចំការពោតមួយអន្លើ ម្ចាស់ចំការឈ្មោះថៅកែ យកពោតមកថ្វាយស្ដេចកន ហើយស្ដេចកនឲ្យពរថាឲ្យរកស៊ីកើតកាលវាលគុម្ព។ លុះក្រោយមកមានគេទៅនៅគេហៅថា ភូមិជីកែ រៀងមក។ រត់ទៅទិសខាងកើតស្ដេចនឹងនាងអស់កំលាំងណាស់ អស់ពួកពលឃើញថ្មមួយដុំចាំងធ្វើជាគ្រែ បណ្ដោយ ៦ ហត្ថ កំពស់ ១ ហត្ថ ទទឹង ៣ ហត្ថថ្វាយស្ដេចផ្ទុំលុះក្រោយមកមានគេទៅរាន ភូមិនៅគេហៅ ភូមិថ្មគ្រែ។ ឯសម្ដេចចៅហ៊្វាកៅ ចៅពញាចក្រីនី ចៅពញាវៀង ចៅពញាវាំង ៤ នាយនេះកាលភ័យពេកក៏រត់បែកគ្នា ចូលទៅខែត្របាភ្នំ មឿងរមាសហែកមានស្ម័គ្របក្សពួក ២០០ នាក់។ វេលានោះកងទ័ពនាយទាំង ៤ បានប្រទះនឹងចៅពញាសួគ៌ាលោកសុខ កូនពញាមឿង កងទ័ពទៅដេញរត់ទៅទៀត។ ឯស្ដេចកនឃ្លានបាយណាស់ ក៏ឈប់ឲ្យដាំបាយ តែដាំពុំទាន់ឆ្អិន ទ័ពគេទៅដល់ក៏រត់ទៅចោលបាយនៅទីនោះទាំងបាយឆៅផង។ លុះកងទ័ពចៅពញាសួគ៌ាលោកទៅដល់ក៏យកបាយឆៅនោះស៊ី ក្រោយមកទៀតមានគេទៅរានភូមិនៅគេ ហៅ ភូមិបាយឆៅរៀងមក។ ឯនាយកងទ័ពខ្មាំងទាំង ៤ នាក់ឃើញត្រឡាចផ្លែក្នុងព្រៃក៏បបួលគ្នាបេះ។ កំពុងតែបេះនោះទ័ពគេទៅដល់ចាក់កាប់សំលាប់ចៅពញាវៀង ចៅពញាវាំង ហើយទ័ពដែលនៅសល់ក៏បែករត់ទៅទៀត។ ក្រោយដែលបេះត្រឡាចនោះមកមានគេទៅនៅក៏ជាប់ហៅថា ភូមិត្រឡាច រៀងមក។ ឯសម្ដេចចៅហ៊្វាកៅ និងចក្រីនី នាំស្ម័គ្របក្សពួករត់ទៅដល់ព្រៃមួយអន្លើមានទឹកត្រពាំងល្មមពេលដាំបាយស្លស៊ីក៏ឈប់កាប់ត្រីធ្វើម្ហូប។ លុះកងទ័ពគេទៅដល់សម្ដេចចៅហ៊្វាកៅ ចៅពញាចក្រីនី ប្រថុយជីវិតចូលមកតដៃក៏កំពប់ត្រីពីចានបានជាជាប់ហៅថា ភូមិចានត្រីរៀងមក។ ឯចៅហ៊្វាកៅ ចក្រីនីនាំស្ម័គ្របក្សពួករត់ទៅទៀត ចៅពញាសួគ៌ាលោកក៏ដេញតាមទៅបន្ដិច ចៅពញាតេជោលើកទ័ពទៅដល់ក៏ចូលប្រកាប់គ្នា ចក្រីនីនឹងចៅពញាសួគ៌ាលោក សម្ដេចកៅតនឹងចៅពញាតេជោ អ្នកទាំងនោះស្ទាត់ក្នុងការកាន់អាវុធចិត្ដមុតដូចគ្នា។ ប្រយុទ្ធគ្នាពីថ្ងៃត្រង់ដល់រសៀល បិសាចពញាមឿងបណ្ដាលឲ្យចៅហ៊្វាកៅ ចក្រីនី ឮសូរដូចគេស្រែកសន្ធាប់នាំឲ្យធ្លាក់អាវុធពីដៃ។ ខណៈនោះចៅពញាសួគ៌ាលោក ចៅពញាតេជោសំលាប់បាន ហើយកាត់ក្បាលនាំមកថ្វាយសម្ដេចព្រះភគិនេយ្យាយសរាជជាកែវនាយក ទ្រង់ព្រះអំណរណាស់ ទ្រង់ប្រោសរង្វាន់តាមសមគួរ។ ឯសម្ដេចចៅពញាហែង នាងជាលែង ចៅពញាស្រាល ចៅពញាលំពាំងនោះនៅជាមួយនឹងព្រះស្ដេចកនធ្វើបន្ទាយរាយល្បាតយាមក្នុងព្រៃនោះ តែជិតកើតជាបន្ទាយកាលណាក៏ចេះតែឮសូរដូចជាកងទ័ពគេលើកទៅចោម។ ដូច្នោះហើយស្ដេចកនក៏នាំគ្នាជិះដំរីទៅជ្រកក្នុងព្រៃមួយក្រោយមកមានគេទៅនៅគេហៅ ភូមិដំរីជ្រាប។ រត់ពីនោះទៅទៀតស្ដេចកនជួបមេមត់ម្នាក់ល្បីថាឆុតណាស់ ស្ដេចកនឲ្យបញ្ជាន់សួរពីសុខឬមិនសុខ។ មេមត់នោះឆ្លើយថា ពុំសុខទេ បើចង់សុខឲ្យទៅសុំទោសហ្លួងខាងលិច ក្រោយមកនោះមានគេទៅនៅទីនោះក៏ជាប់ហៅថា ភូមិមេមត់ រៀងមក។ រត់ពីនោះទៅទៀតដល់ព្រៃមួយអន្លើ ពួកយាមគ្មានឫស្សីធ្វើត្រដោក តែឃើញផ្ទាំងថ្មមួយមានរូងពួកយាមក៏វាយថ្មនោះខ្ទ័រដូចស្គរដូច ត្រដោក។ ក្រោយមកមានគេហៅឈ្មោះភូមិនោះថា ភូមិត្រដោក។ រត់ទៅទៀតស្ដេចកនឃើញទន្លេចាមមានទឹកហូរចុះទៅស្រុកព្រៃ ក៏ឈប់ទ័ពនៅទីនោះ។ មានកំពង់ចុះងូតដងទឹកនោះដោយខ្លួន មានឈ្មោះកំពង់នាងជាលែង កំពង់ហ្លួង កំពង់សម្ដេចចៅពញាហែងរៀងមក។
លុះ នៅទីនោះយូរទៅសម្ដេចចៅពញាហែង ជំទាវសួសក៏មានជំងឺហើយអនិច្ចកម្មទៅ នៅតែមន្ដ្រីសេនាទាហានជាន់តូចៗ និងរេហ៍ពលប្រាំ ឬប្រាំមួយរយនាក់ ទើបព្រះស្រីជេដ្ឋាជំនុំនឹងរេហ៍ពលទាំងឡាយថា យើងរត់មកនោះឆ្ងាយណាស់ ស្បៀងអាហារក៏តិចណាស់ កេណ្ឌរេហ៍ពលថែមទៀតក៏ពុំបាន។ យើងយល់ថា ព្រះចន្ទរាជាទៅខែត្រពោធិ៍សាត់ទៅហើយ នៅតែពញាយសរាជានោះជាក្មួយអញបង្កើត ដូច្នោះបើទុកជាម្ដេចម្ដា ក៏ចៅពញាយសរាជាមិនយកទោសអញទេ ទ្រង់ឲ្យអញធ្វើជាសម្ដេចជាសម្ដេចចៅហ៊្វាដែរ ហើយពួកឯងរាល់គ្នាគង់បានសេចក្ដីសុខដែរ។ ការណ៍ដែលឯងមានគុណគាប់នឹងអញ អញនិងទំនុកបំរុងបានដោយងាយ។ អញយល់ថា យើងចាក់ចោលគ្រាប់រំសេវឲ្យអស់ ហើយសុំចុះចូលវិញឃើញថាបានសេចក្ដីសុខប្រសើរជាង។ អស់ពលក៏យល់ព្រមតាម សព្វថ្ងៃទីនោះហៅថា ភូមិជំនុំ រៀងមក។ ព.ស ២០៦៩, គ.ស ១៥២៥, ម.ស ១៤៤៧, ច.ស ៨៨៧ ឆ្នាំរកា សប្ដស័ក សម្ដេចព្រះស្រីជេដ្ឋាគឺព្រះស្ដេចកនបានចាក់ចោលគ្រាប់រំសេវ ហើយក៏នាំរេហ៍ពលមកដល់វត្ដគរដែលព្រះនាងជាលែងសាងនោះ។ នៅទីនោះស្ដេចកនឲ្យរេហ៍ពលជីកស្រះមួយនៅផ្នែកខាងកើតព្រះវិហារទុក ជាទីសំរាប់វត្ដ។ ក្រោយមកស្ដេចកននាំរេហ៍ពលទៅទិសខាងជើង ដល់វត្ដមួយដែលសម្ដេចចៅពញាហែង បិតាព្រះម្នាងជាលែងសាងនោះឲ្យឈ្មោះជាប់នឹងវត្ដដែលសាងនោះហៅថា វត្ដគរការទួលតាហែង តាមនាមសម្ដេចហែង។ រួចចេញទៅខាងលិចភូមិព្រះអង្គឲ្យជីកស្រះមួយបណ្ដោយប្រវែង ៥០ ព្យាម ទទឹង ២៥ ព្យាម ហើយសាងវត្ដមួយសាងព្រះពុទ្ធរូប និងដើមរកា ៥ ព្រះអង្គបានដាក់ឈ្មោះហៅថា វត្ដភូមិរកាព្រះប្រាំ រៀងមក។
ចូលទិវង្គត[កែប្រែ]
ឯពញាមន្ត្រីអរជូនកែ មេគយទទួលដំណឹងនេះហើយ ក៏កេណ្ឌពលចោមចាប់បាននាងជាលែង និងស្ដេចកន។ ស្ដេចកនស្រែករោទិ៍ជាខ្លាំងហើយថា «អញមិនគួរជាឲ្យគេចាប់បានសោះ»។ ឯពញាមន្ដ្រីអរជូនកែជាមេគយ កាលចាប់ដាក់ក្ដីស្ដេចកន និងនាងជាលែងបានហើយគិតថា បើអញនាំទៅទាំងរស់សម្ដេចព្រះភគិនេយ្យោយសរាជានោះ ត្រូវជាក្មួយស្ដេចកនផង កាលណានឹងហ៊ានសំលាប់ស្ដេចកនត្រូវជាឪពុកមា។ បើអញពុំហ៊ានសំលាប់ ហើយតែកាលណាស្ដេចលែងខ្លួនវា ចិញ្ចឹមវាឲ្យធំមុខជាយើងនឹងស្លាប់ទាំងអស់គ្នាវិញពុំខាន។ លុះគិតយល់ព្រមគ្នាវិញហើយអរជូន «កែ» ក៏កាត់យកក្បាលស្ដេចកន និងនាងលែងដាក់ជាល ព្រមទាំងឲ្យប្រហារជីវិតទាំងអស់ស្ម័គ្របក្រពួក ២៥ នាក់ទៀត។ ឯព្រៃដែលគេចោមចាប់ស្ដេចកននោះ សព្វថ្ងៃគេហៅថា ព្រៃចំណោម ហើយត្រង់កន្លែងដែលស្ដេចកនស្រែករោទិ៍នោះ សព្វថ្ងៃគេហៅថាព្រៃទំរនរោទិ៍យារៗមកគេហៅថា ព្រៃរោទិ៍។ ត្រង់កន្លែងដែលថា មិនគួរចាប់បាននោះ គេហៅថា ព្រៃមិនគួរ យារៗមកគេហៅថា ព្រៃជើងគួរ។ ឯសម្ដេចព្រះភាគិនេយ្យាយសរាជាជាកែវនាយក ព្រះអង្គមានកងទ័ព ៤០០០ នាក់ឯខាងស្ដេចកនមានកងទ័ពដល់ទៅ ៧ស្បែក គឺ ១៤០០០០ នាក់។ ស្ដេចនឹងលើកវាយបន្ទាយនោះ ពលតិចក្រែងថ្លស់ការណ៍ ដ្បិតបន្ទាយនោះធំណាស់ ហើយខ្ពស់ផង ទាំងរេហ៍ពលក៏ច្រើនណាស់ទៀត។ ព្រះអង្គឲ្យរេហ៍ពលជញ្ជូនតែរូបចំបើង និងប្រឆេះទៅអុជតាំងហ៊ោនៅក្បាលត្រោករាល់ៗយប់។ ទាហានក្នុងបន្ទាយជ័យព្រៃនគរ ក៏បាញ់កាំភ្លើង ធ្នូ ស្នា តគ្នាយូរមកទៀត ស្រាប់តែបាត់ពុំឃើញមានឮសូរកាំភ្លើងបាញ់ចេញពីក្នុងបន្ទាយទាំង ចៅពញាតេជោ ពញាសួគ៌ាលោកក៏នាំក្បាលចៅហ៊្វាកៅ និងចក្រីនី ហើយនិងក្បាលចៅពញាវៀង ចៅពញាវាំង មកថ្វាយចំណែកឧកញ៉ាចក្រី «ទេព» កូនពញាមឿងក៏ក្រាបទូលថាក្នុងដប់យប់នោះ ពុំមានទ័ពខ្មាំងបាញ់តមកពីក្នុងបន្ទាយទេគឺឃើញតែមនុស្សរត់ចេញពីក្នុងបន្ទាយទាំងយប់ទាំងថ្ងៃពុំដែលដាច់។ ខណៈនោះ សម្ដេចចៅពញាយសរាជាភគិនេយ្យាជាកែវនាយកទ្រង់ជ្រាបហើយមានព្រះបន្ទូលប្រឹក្សានឹងនាយកងទ័ពថា អ្នករាល់គ្នាចំពោះការនេះយល់ដូចម្ដេចខ្លះ? មេកងខ្លះទូលថា ការណ៍នេះគឺថា ព្រះស្ដេចកនធ្វើឧបាយកលឲ្យយើងទៅឲ្យស៊ុនខ្លួនដើម្បីគេចោមព័ទ្ធយើង។ ខ្លះថា ព្រះស្ដេចកនវាឃើញកងទ័ពយើងតិច បានជាវាបន្ថយកងទ័ពខ្លះចេញ។ ក្នុងវេលាកំពុងជំនុំគ្នានោះ បណ្ដាលឲ្យព្រះទ័យនៃព្រះអរិយបញ្ញាសាគរអាប៉ោ ចៅអធិការដែលរក្សាវត្ដប្រាសាទក្នុងឲ្យយល់ថា អាត្មាអញនឹងនៅបង្អង់ពុំថ្វាយព័ត៌មានទៅហ្លួងខាងលិចទេ តែហ្លួងខាងលិចចូលនគរបាន ហ្លួងនឹងយកទោសដល់អាត្មាអញជាពុំខាន។ គិតយល់ដូច្នោះហើយ ព្រះអង្គឡើងគង់លើគ្រែឲ្យរេហ៍ពលសែងបាំងសម្បទានមានពលហែមុខក្រោយ ៥០០ នាក់ និងភិក្ខុសាមណេរ ១៦០ អង្គហែសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ចេញពីបន្ទាយពិជ័យព្រៃនគរ តំរង់ទៅបន្ទាយក្ដុល។ លុះទៅដល់ហើយលោកឲ្យភិក្ខុជាសិស្សានុសិស្សទៅប្ដឹងសេនាបតី ក្រាបបង្គំទូលសម្ដេចយសរាជាជាកែវនាយក។ ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ឲ្យនិមន្ដលោកចូលទៅក្នុងព្រះពន្លា ទើបសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោ ថ្វាយព្រះពរថា ស្ដេចកនបែកបន្ទាយរត់ចោលបន្ទាយទៅ ៣ ខែហើយដោយភ័យនឹងសូរសព្ទសន្ធឹកខាងក្រោមដី លើអាកាស ដាស់ព្រះធរណី ដូចជារន្ទះជាអចិន្ដ្រៃយ៍។ ហេតុនេះអាត្មាភាពមកថ្វាយព្រះពរសូមទ្រង់ជ្រាប។ សម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ព្រះអំណរណាស់ ហើយទ្រង់ត្រាស់ថា ឧកញ៉ាចក្រី ចៅពញាសួគ៌ាលោក ក្រាបទូលនេះ ឃើញថាពិតណាស់។ ត្រាស់តែម្ល៉ោះហើយ ព្រះអង្គក៏លើកយោធាចូលទៅប្រថាប់ក្នុងបន្ទាយពិជ័យព្រៃនគរ ទ្រង់ទតប្រាសាទព្រះរាជវាំងសួនច្បារ ផ្កា ដំណាំ ព្រះដំណាក់ ឃ្លាំង និងរោងដំរី សេះទាំងប៉ុន្មានទ្រង់ស្ញើចទន់ព្រះហឫទ័យទ្រង់ត្រាស់សរសើរថា ព្រះស្ដេចកននេះមានបុណ្យអស្ចារ្យណាស់ ហើយត្រាស់ឲ្យរឹបរើយករបស់ទ្រព្យទាំងនោះចាត់បំរើឲ្យនាំទៅក្រាបទូលថ្វាយព្រះបរមរាជបិតុលាឯបន្ទាយខែត្រពោធិ៍សាត់ ហើយសម្ដេចព្រះយសរាជាជាកែវនាយក ទ្រង់ប្រោសឲ្យសម្ដេចព្រះអរិយបញ្ញាសាគរអាប៉ោឲ្យរួចទោសឲ្យគង់ទីគ្រងពលសំរាប់វត្ដដូចដើម។ ទ្រង់ចាត់នាយកកងទ័ពឲ្យលើកតាមចាប់ព្រះស្ដេចកនឲ្យបាន ហើយត្រាស់ឲ្យដាក់គយល្បាតស្ទាក់រកចាប់គ្រប់អន្លើ។ ឯពញាមន្ដ្រីអរជូន លុះធ្វើគុតស្ដេចកន និងនាងជាលែង ព្រមទាំងសេនាទាហាន ២៥ នាក់រួចហើយ ក៏ឲ្យធ្វើជាលដាក់ក្បាលទាំងអស់នាំយកទៅថ្វាយសម្ដេចព្រះភគិនេយ្យោ កែវនាយកក្នុងបន្ទាយពិជ័យព្រៃនគរ។ ឯសម្ដេចព្រះយសរាជា ជាកែវនាយកព្រះអង្គស្គាល់ហើយ ឲ្យយកក្បាលស្ដេចកន និងម្នាងជាលែងធ្វើបុណ្យបូជាព្រះភ្លើងសាងព្រះចេតិយដាក់ក្នុងវត្ដប្រាសាទដោយហេតុជាប់សាច់សាលោហិតខាងព្រះអង្គ ហើយទ្រង់ប្រោសលើកទោសអស់អាណាប្រជានុរាស្ដ្រដែលចូលក្បត់ជាមួយនឹង ស្ដេចកនទាំងប៉ុន្មានៗនោះឲ្យរួចទោសទៅរកស៊ីដូចប្រក្រតី។ បណ្ដារាស្ដ្រផងទាំងពួងក៏មានចិត្ដត្រេកអរសោមនស្សនាំគោ ក្របី ដំរី សេះរបស់ខ្លួនយកមកក្រាបទូលថ្វាយដោយស្រលាញ់ព្រះរាជហឫទ័យបុណ្យបារមីជាអនេក។ ឯពញាមន្ដ្រីអរជូនកែដែលមានគុណបំណាច់កាត់ក្បាលស្ដេចកន នាងជាលែងនោះ ទ្រង់តាំងចៅហ្វាយស្រុកខែត្រត្បូងឃ្មុំថែមជាថ្មីទៀតជាចៅពញាអរជូនចាប់បាន។
គិតពីស្ដេចកន សោយរាជ្យជាសុខ ជាសម្ដេចព្រះស្រីជេដ្ឋាមកដល់ ព.ស. ២០៦០ គ.ស. ១៥១៦ ម.ស. ១៤៣៨, ច.ស. ៨៧៨ ឆ្នាំជូត អដ្ឋស័ក ត្រូវជាបួនឆ្នាំ។ ស្ដេចកនធ្វើសង្គ្រាមនឹងព្រះអង្គចន្ទ ពីឆ្នាំជូតនោះ មកដល់ចុល្លសករាជ ៨៨៦ ឆ្នាំវក ឆស័កនេះ ត្រូវជា ១២ ឆ្នាំ បែកព្រះនគរហើយរត់ជ្រកព្រៃ តាំងពីឆ្នាំវក មកដល់ ចុល្លសករាជ ៨៨៧ ឆ្នាំរកា សប្តស័កនេះមួយឆ្នាំទៀត ត្រូវនៅក្នុងរាជសម្បត្តិបាន ១៣ ឆ្នាំ សុវណ្ណគុតដោយអាវុធ។
- ១. "ព្រះរាជពង្សាវតារភាគបី របស់ព្រះរាជបណ្ណាល័យលេខ គ. ៥៣-៣ មានសេចក្ដីថា : ព្រះចន្ទរាជា ទ្រង់ចាត់សេនាបតីឱ្យលើកទ័ព ទៅចោមបន្ទាយស្រឡប់ពិជ័យនគរទៀត ចោមព័ទ្ធ ៣ ខែ តែវាយមិនបែក ដ្បិតបន្ទាយនោះ ធំខ្ពស់ ហើយនៅលើភ្នំផង។ ទើបទ្រង់តម្រិះថា : បន្ទាយនេះ ធំខ្ពស់កាលណានឹងវាយបានងាយ មានតែធ្វើកលឧបាយទើបវាយបាន។ ទ្រង់ព្រះតម្រិះដូច្នេះហើយ ស្ដេចឱ្យចាប់រាស្ត្រអ្នកស្រុកមកសួរថា : ឯងមានញាតិសន្តាននៅក្នុងបន្ទាយខ្លះឬទេ មនុស្សទាំងនោះទូលថា : មាន។ ទ្រង់ត្រាស់ថា : បើមានចូរឯងទៅប្រាប់ញាតិរាល់គ្នាចុះថា : ស្ដេចកន វានៅមានបុណ្យតែ ៣ ថ្ងៃទៀតទេ ដល់ថ្ងៃជាគំរប់ ៤ ស្ដេចនឹងចាប់យកមកកាត់ក្បាលដោយជាបម្រាមពិតប្រាកដ ឯងរាល់គ្នាទៅប្រាប់ញាតិសន្តាននៅក្នុងបន្ទាយស្ដេចកន ជាឆាប់។ រាស្ត្រទាំងនោះ នាំគ្នាទៅប្រាប់ញាតិសន្តានជាប្រញាប់។ អ្នកទាំងនោះ បានស្ដាប់ហើយ ភិតភ័យបារម្ភណាស់ ថាយើងនឹងនៅទ្រាំចាំច្បាំងពុំបាន ក៏នាំគ្នាបើកទ្វារបន្ទាយរត់ចេញមក។ កងទ័ពហ្លួង យល់បានការណ៍ហើយ ក៏នាំគ្នាវាយទម្លាយចូលកាប់សម្លាប់អាក្បត់ ស្លាប់ពាសពេញ រួចលើកគ្រាចូលទៅក្នុងវាំង ហើយបានកាប់សម្លាប់នាយទាហានខ្មាំងច្រើន។ ឯចៅហ្វាកៅ លុះឮកលាហលជាខ្លាំង ក៏ចាប់រាវលំពែងចេញមកដល់មាត់ទ្វារជាន់ក្នុងប្រទះនឹងឧកញ៉ាចក្រី ឧកញ៉ាចក្រីបានឃើញហើយ ក៏ស្ទុះទៅកាប់នឹងដាវដាច់ក ស្លាប់មួយរំពេច។ ឧកញ៉ាវាំងនាយទាហានវាយទម្លាយទ្វារចូលទៅខាងក្នុងបាន ឃើញស្ដេចកនកំពុងអង្គុយ ជាមួយនឹងស្រីស្នំក៏ពួយនឹងលំពែង ត្រូវដើមដៃស្ដេចកន ដួល ឧកញ៉ាវាំងស្ទុះទៅចាប់ចងសេក ប្រគល់ឱ្យទាហានរក្សាទុក ក្នុងវេលាយប់នោះ។ លុះព្រឹកឡើងមេទ័ព ត្រើយខាងលិច ប្រមូលរបស់ទ្រព្យគ្រប់គ្រឿងសស្ត្រាវុធ និង ស្រីដែលជាប្រពន្ធធំតូចចំនួន ៥០០ នាក់។ លុះយកបញ្ជីស្រេចហើយ មេទ័ពទាំងនោះ ក៏លើកទ័ពនាំស្ដេចកន និងស្រី៥០០នាក់ ព្រមទាំងរបស់ទ្រព្យទាំងនោះ យកមកក្រាបបង្គំទូលថ្វាយសម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបថា ចាប់អាខ្មាំងបានហើយ ទ្រង់ព្រះអំណរពន់ប្រមាណណាស់ ស្ដេចឱ្យយកកូនប្រពន្ធស្ដេចកន និងស្ម័គ្របក្សពួក ដែលរួមគំនិតទាំងប៉ុន្មាន ប្រហារជីវិតទាំងអស់។ ឯស្ដេចកន ស្ដេចឱ្យបណ្ដើរអាក្រោស៣ថ្ងៃ រួចប្រហារជីវិតបង់ យកក្បាលវាទៅដោត នៅប្របផ្លូវទ្វារមុខបន្ទាយស្រឡប់ពិជ័យនគរ កុំឱ្យជនទាំងពួងយកបែបយ៉ាងតទៅ។" ក្រោយនោះទ្រង់ប្រកាសប្រាប់អស់បណ្ដារាស្ត្រ កុំឱ្យភ្ញាក់ផ្អើល ឱ្យទៅនៅរកស៊ីតាមភូមិលំនៅវិញ។ កាលសម្លាប់ស្ដេច កនបាននោះនៅក្នុងឆ្នាំរកាសប្តស័ក ព.ស. ២០៦៩, គ.ស. ១៥២៥។ សិរីរាជ្យសម្បត្តិស្ដេចកន បាន១៤ឆ្នាំ ព្រះជន្ម ៤២ឆ្នាំសុគត។
- ២. "សាស្ត្រាដទៃទៀត ក៏និយាយថា : ស្ដេចកន បរាជ័យ ដោយសារចាញ់សង្គ្រាមរបស់ព្រះអង្គចន្ទរាជា ប៉ុន្តែជាឧបាយកល ប្លែកពីខាងលើនេះទៅទៀត"។ ឯសម្ដេចព្រះភាគិនេយ្យោយសរាជា ជាកែវនាយកនោះ ព្រះអង្គប្រាប់ប្រាម សឹកសង្គ្រាមបានរាបទាបសព្វគ្រប់ហើយ ព្រះអង្គតាំងចៅហ្វាយស្រុក ឱ្យនៅរក្សាខែត្រខណ្ឌព័ទ្ធសីមាស្រេច ស្ដេចត្រឡប់ទ័ពទៅក្រាបបង្គំគាល់ ព្រះបរមរាជបិតុលាធិរាជ។ ព្រះបរមរាជបិតុលា ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ទ្រង់ព្រះរាជទានរង្វាន់ សម្ដេចព្រះភាគិនេយ្យាតាមមានគុណបំណាច់។ ឯសម្ដេចព្រះភាគិនេយ្យោយសរាជាព្រះអង្គមានព្រះរាជបុត្រាមួយព្រះអង្គ ព្រះនាមជ័យជេដ្ឋាក្នុងឆ្នាំនោះ ព្រះអង្គមានព្រះជន្មវស្សា២៩ឆ្នាំ ទ្រង់ព្រះអាពាធ សុវណ្ណគតតទៅ។
- ៣. "ព្រះរាជពង្សាវតារភាគបី របស់ព្រះរាជបណ្ណាល័យថា : ព្រះភាគិនេយ្យោនេះ មានព្រះជន្មាយុ ៣៣ ឆ្នាំ មានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមជា សុជាតិក្សត្រី ទ្រង់សុគតក្នុងឆ្នាំកុរ នពស័ក ព.ស. ២០៧១, គ.ស.១៥២៧។ ចំណែកឯសាស្ត្រាវត្តសិទ្ធបូរ និងវត្តកោកាក មិនបាននិយាយដល់ ព្រះអង្គយសរាជានេះទេ។
- ៤. ប៉ុន្តែមានសៀវភៅមួយទៀត របស់លោកតាឌុច លោកយាយពិន ដែលជាបិតា មាតាលោកឌុចស៊ីឌឹម និយាយថា : ព្រះយសរាជា ស្ដេចសុវណ្ណគតក្នុងសង្គ្រាម ក្នុងពេលដែលព្រះអង្គ ស្ទាក់វាយចៅហ្វា កៅ"។ សម្ដេចព្រះរាជបិតុលា ស្ដេចទ្រង់ស្ដាយពន់ប្រមាណណាស់ ទ្រង់ត្រាស់ឱ្យលើកព្រះសព តម្កល់ ក្នុងព្រះកោដ្ឋ ហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេច តម្កល់ក្នុងព្រះកោដ្ឋហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេច តម្កល់ក្នុងព្រះកោដ្ឋហើយទ្រង់ត្រាស់បង្គាប់ឱ្យមុខងារ ឱ្យទៅអញ្ជើញព្រះសពសម្ដេចព្រះឝ្រីឝៅគន្ធបទ អំពីស្រុកសំរោងសែន ខែត្រអាសន្ទុកមកហើយ ទ្រង់ត្រាស់ឱ្យសាងព្រះមេរុថ្វាយព្រះភ្លើង រំលាយព្រះបរមសពតាមរាជប្រវេណី។
រើរាជធានី[កែប្រែ]
សម្ដេច ព្រះឧត្តមបរមខត្តិយា មហាចន្ទរាជា កាលចុល្លសករាជ ៨៨៧ ឆ្នាំវក ឆស័ក ដែលព្រះអង្គត្រឡប់ពីធ្វើសង្គ្រាមក្នុងខែត្រត្បូងឃ្មុំនឹងព្រះស្ដេចកន ហើយយាងទៅដល់បន្ទាយមានជ័យវិញ នោះទ្រង់ត្រាស់បង្គ្រាប់ឱ្យឧកញ៉ាពិភ័ក្ដិឥស្សរា១ ឧកញ៉ារក្សាឥស្សរោ២ ជាមេការ ឧកញ៉ាពិភ័ក្ដិទិព្វរាជ្យ១ ឧកញ៉ាស្រីសុមេធរាជធិបតីបែន ក្រុមព្រះសុរិយោដី១ កេណ្ឌរាស្ត្រទៅកាប់ឈើ ឱ្យមេការទៅសាងព្រះរាជវាំងលង្វែកឱ្យធ្វើឱ្យមាំមួនកុំធ្វេសប្រហែស។
នោះក្រុមព្រះសុរិយោដី ក៏ចេញទៅកេណ្ឌរាស្ត្រ កាប់ឈើ ជញ្ជូនថ្ម ប្រគល់ឱ្យក្រុមមេការ ក្រុមមេការក៏តាំងកេណ្ឌជាងឱ្យទៅសាងព្រះរាជវាំង និងបន្ទាយរាជសីមា។ នោះក្រុមមេការឱ្យជីកបុកឫសរៀបថ្ម ៦ ហត្ថ ជុំវិញបន្ទាយជា ៣ ជ្រុង ហើយលើកដីច្រុះក្ដារធ្វើជាបន្ទាយខាងលើនោះតំកល់ ១៧ ហត្ថ កំរាស់លិច ១០ ហត្ថ ជើងទេរក្រោម ២២ ហត្ថ ជុំវិញទាំង ៣ ជ្រុង " ព្រោះជ្រុងទី៤ នោះគឺទន្លេ តាមយល់របស់អ្នកនិពន្ធ " ៥ ជាន់ហើយមានទ្វារធំ ៨។ ទ្វារមួយៗ មានសើនមួយ។ ទាំង ៨ សើននោះ កំពស់ ២២ ហត្ថ សំរាប់ដាក់កាំភ្លើងធំ។ ចំជ្រុងទាំង ៤ កំពស់ ២៥ ហត្ថ សំរាប់ដាក់កាំភ្លើងធំដូចគ្នា។ ឯលើភាគបន្ទាយជុំវិញនោះទ្រង់ឱ្យដាក់សុទ្ធតែកាំភ្លើងបាញ់ច្រូងជុំវិញទាំង ៥ ជាន់។ ខាងមុខកំពែង ជាន់ទី១ ស្ដេចឱ្យធ្វើរោងដំរី រោងសេះ។ ក្នុងកំពែងជាន់ទី១ នេះធ្វើដាក់សុទ្ធតែទាហានកាំភ្លើងធំ។ ខាងកំពែងជាន់ទី២ តាំងថែវ ដាក់សុទ្ធតែទាហានកាំភ្លើងតូច និងធ្វើសាលាជំនុំដាក់សាលាដំបូងខាងឆ្វេង សាលឧទ្ធរណ៍ខាងស្ដាំ។ ខាងក្នុងកំពែងទី៣ តាំងថែវដាក់សុទ្ធតែទាហានដាវ ផ្គាក់ជាទាហានអាវុធខ្លី។ ខាងកំពែងជាន់ទី៤ តាំងថែវដាក់ទាហានរក្សាព្រះអង្គ រោងល្ខោន និង ព្រះពន្លាទតល្ខោន។ ខាងក្នុងកំពែងទី៥ តាំងរោងព្រះបញ្ចក្សេត្រ និងដំណាក់សំរឹទ្ធិ ពិមានសំរាន្តភិរម្យ ក្រុមបារគូ បុរោហិត និងក្រុមមហាតលិកនៅក្នុងកំពែងជាន់ទី៥ នៅទ្វារយាម ព្រលប់នោះតាំងថែវឱ្យកំបាំងកំពូល ៥ ត្រឡែងកែវមានជហ្វាដងក្ដារ សុទ្ធតែលាបម្រ័ក្សណ៍ ជាតិហិង្គុល បិទមាស ឱភាសសោភាភ្លឺផ្លេកពន់ប្រមាណ ហើយធ្វើប្រាង្គមហាប្រាសាទមួយកំពូល ៥ ជាប្រាសាទសំរាប់ព្រះមហាក្សត្រាធិរាជផ្ទំ សាងព្រះរាជមន្ទីរធំមួយសំរាប់ព្រះស្នំក្រមការប្រចាំយាម ហើយធ្វើប្រាសាទមួយ កំពូល ៣ ជាន់ ជាសំរាប់ព្រះរាជបុត្រី ហើយឱ្យធ្វើព្រះដំណាក់ ៥ ខ្នងសំរាប់ព្រះមង្គល និងព្រះស្នំទាំង ៥ ឱ្យធ្វើព្រះដំណាក់ ៥ ខ្នងទៀតជាសំរាប់ព្រះម្នាងទាំង ៥ ឱ្យធ្វើព្រះដំណាក់ ២ ខ្នងទៀតជាសំរាប់អស់អ្នកចេញឈ្មោះ ហើយខាងក្រោយកំពែងនោះ ឱ្យតាំងឃ្លាំងស្រូវអង្ករ និងឃ្លាំងអំបិល ត្រី ១៥ ខ្នងខាងត្បូង និងខាងជើងកំពែងនោះ តាំងឃ្លាំងគ្រាប់រំសេវ ១០ ខ្នងខាងឦសានព្រះរាជវាំងឱ្យតាំងខ្លាងមឿងទុកខាងមុខ។ ប្រាសាទ ព្រះរាជមន្ទីរតូចធំសុទ្ធសឹងចំលួយចំលាក់ ឆ្លាក់ឆ្លៅ លាបម្រ័ក្សណ៍ ជាតិហិង្គុល បិទមាស ឱភាសឆ្អិនឆ្អៅ ដាំនូវកញ្ចក់ ឆ្លូកឆ្លុះ ចាំងសែងព្រះសុរិយា ថ្លាថ្លៃ ក្រៃពេកណាស់។ ហើយស្ដេចឱ្យជីកស្រះស្រង់រងថ្លា សួនច្បារផ្កា ដំណាំ ក្រអូប ល្វឹងល្វើយ ល្អជាអនេក ប្លែកត្រកាលក្នុងព្រះនគរ។ ព.ស. ២០៧១, គ.ស. ១៥២៧, ម.ស. ១៤៤៩, ច.ស. ៨៨៩ ឆ្នាំកុរ នព្វស័ក នោះក្រុមជាង ក្រុមព្រះសុរិយោដី ដែលទៅសាងនគរលង្វែកនោះ សាងព្រះនគរ តាំងពី ច.ស. ៨៨៧ ឆ្នាំរកា សប្តស័ក ដល់ ច.ស. ៨៨៩ ឆ្នាំកុរ នព្វស័ក ត្រូវជា ៣ ឆ្នាំរួចស្រេចសព្វគ្រប់ហើយ ក៏នាំគ្នាចូលទៅក្រាបបង្គំទូល ព្រះបរមបពិត្រ ទ្រង់ជ្រាបគ្រប់ប្រការ។ ទ្រង់ព្រះអំណរសោមនស្សណាស់។ ព.ស. ២០៧២, គ.ស. ១៥២៨, ម.ស. ១៤៥០, ច.ស.៩០០ ឆ្នាំជូត ឯកស័ក ព្រះបាទបរមនាថ បរមខត្តិយា មហាចន្ទរាជា ព្រះអង្គនាំអស់ព្រះអគ្គមហេសី ស្រីស្នំក្រមការ និងព្រះបរមវង្សានុវង្ស អង្គអគ្គមហាសេនា សេនាបតី មន្ត្រីតូចធំខ្ញុំព្រះរាជការលើកព្យូហយាត្រា ទាំងជើងទឹក ជើងគោក ចេញចាក ព្រះបរមនិវេសន៍ បន្ទាយមានជ័យ ខែត្រពោធិ៍សាត់ទៅគង់នៅព្រះរាជនិវេសន៍ បន្ទាយលង្វែកជាឯកមហាក្រស័ត្រ។
ទំនាយនគរ[កែប្រែ]
នៅក្នុងឆ្នាំជូត សំរឹទ្ធិស័កនោះ ព្រះបាទបរមខត្តិយា មហាចន្ទរាជា ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ត្រាស់បង្គាប់ ឧកញ៉ាចក្រី ឧកញ៉ារាជតេជៈ ក៏ថ្វាយបង្គំលាចេញ ត្រៀមដំរី សេះ រទេះ ហើយចាត់មន្ត្រីគ្រប់ក្រុម ខ្ញុំព្រះរាជាការឱ្យតាមហែស្ដេចទៅប្រពាតព្រៃ។ ចាត់ស្រេចហើយ មន្ត្រីទាំងពីរនាក់ក៏នាំយកទៅត្រៀមទុក នៅមុខព្រះលាន ព្រះបរមរាជវាំង។ ដល់ថ្ងៃ ៥ កើត ខែចែត្រ ឆ្នាំជូត វេលាព្រឹក សម្ដេចព្រះបរមនាថបពិត្រជាអម្ចាស់ជីវិតលើត្បូងនាំព្រះអគ្គមហេសី ស្រីព្រះស្នំក្រមការចេញអំពីព្រះបរមរាជវាំងឡើងគង់ព្រះទីនាំងកញ្ចោងគជេន្ទ្រា។ ឯព្រះស្នំ ក្រុមបរិវារក៏ឡើងជិះជំនិះតាមចំណាំសព្វខ្លួនទីទៃៗ ស្រេចហើយក៏លើកព្យូហយាត្រា ប្រពាតព្រៃចេញទៅ។ សូរសព្ទរទេះ សេះ ដំរី នោះសន្ធោសន្ធឹក ពន់ប្រមាណ។ លុះដល់មុខភ្នំត្រៀល ក្នុងខែត្រលង្វែកនោះទ្រង់ត្រាស់បង្គាប់ឱ្យឈប់ធ្វើព្រះសុវណ្ណព្រះពន្លាជ័យឡើង គង់ប្រថាប់កំសាន្ត ព្រះចិន្តា។ ខណៈនោះ ព្រះទីនាំងគង់ភក្ដី ព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធឈឺ ដួលមួយរំពេច។ អស់ហ្មប្រកបថ្នាំ ពុំស្បើយ ទ្រង់ជ្រាបដល់ក្រោមល្អងធូលីព្រះបាទ ទ្រង់ព្រួយព្រះទ័យណាស់ ទ្រង់ត្រាស់ថា: ព្រះពិជ័យគជេន្ទ្រយុទ្ធនេះ ធ្លាប់ជិះធ្វើសង្គ្រាមមានជ័យច្រើនគ្នា លុះត្រាតែបានសំរេចផែនដី។ ឥឡូវមកមានជំងឺដូច្នេះ បើនរណាមើលជាអញនឹងឱ្យប្រាក់មួយហាប និង គ្រឿងឧបភោគបរិភោគឱ្យបរិបូរណ៍ ហើយនឹងឱ្យមានយសសក្ដិជាចៅហ្វាយខែត្រនេះផង។ ខណៈនោះមានតាចាស់ម្នាក់ជាមនុស្សកាន់សីល ឈ្មោះពញាដែកជាមេស្រុកចាស់ ក្រោយមកលាចេញពីរាជការមកកាន់រក្សាបង់បត់នៅភ្នំត្រៀលទូលថា: ព្រះទីនាំងគជេន្ទ្រនោះ ប្រហែលជាដើរកាត់មុខអ្នកតាហើយ បានជាមានជំងឺឈឺនេះ។ ឯអ្នកតា និងបង់បត់នោះកាលផែនដីព្រះបរមរាជា ពញាយ៉ាត ស្ដេចមកសាងព្រះនគរនៅចតុមុខនោះ ព្រះអង្គសាងរូបព្រះទសមុខ ៤ និង ព្រះឥសូរ ព្រះនារាយណ៍ និងព្រះយាយទេព ច្រើនព្រះអង្គ ទ្រង់ប្រតិស្ឋានទុកនៅភ្នំត្រៀល ១ ភ្នំស្រង់ ១ ទុកជាទ្វារព្រះនគរ បង្ការសឹកសង្គ្រាមសៀម លាវ ពីទិសខាងលិច ខាងជើងប្រតិស្ឋាន នៅវត្តស្លាកែត១ ព្រែកអំពិល១ ព្រះវិហារសួគ៌១ ទុកជាទ្វារព្រះនគរ បង្ការសឹកសត្រូវខាងយួន ចាម ទៅទិសខាងត្បូង ខាងកើត។ ក្នុងមួយឆ្នាំ ព្រះអង្គតែងតែនាំអង្គព្រះកឋិន និង គ្រឿងសក្ការបូជានោះ អស់ទៅហើយ ព្រះទីនាំងក៏ពានមកលើទីនេះផង បានជាព្រះទីនាំងនោះពុំស្រួល។ សម្ដេចព្រះបរមខត្តិយា មហាចន្ទរាជា ទ្រង់ជ្រាបហើយ ទ្រង់មានព្រះរាជឱង្ការត្រាស់ថា: បើដូច្នោះ ចូរតាឯងយកទៀនធូបទៅបន់ស្រន់ជាប្រញាប់ បើចំពិតដូចសំដីតាឯងនិយាយមែន យើងនឹងឱ្យរង្វាន់ឱ្យពេញចិត្ត។ ខណៈដែលពញាដែក ទទួលទៀនធូបទៅកាលណា ព្រះទីនាំងពិជ័យគជេន្ទ្រយុទ្ធនោះ ក៏សះជាមួយរំពេច ទើបអស់ព្រះបរមវង្សានុវង្ស និង អគ្គមហាសេនា សេនាបតី មន្ត្រីតូចធំ ខ្ញុំរាជការទាំងឡាយ ក៏ត្រេកអរលើកហត្ថទៅលើ ហើយសរសើរព្រមគ្នាថា: តាចាស់នេះទាយចំពិតជាត្រូវណាស់។ សេចក្ដីនេះ ជ្រាបដល់ព្រះបរមបពិត្រ ទ្រង់មានព្រះសោមនស្សណាស់ ទើបទ្រង់ប្រែនាមភ្នំត្រៀលនោះ ឱ្យឈ្មោះភ្នំចំពិតវិញ ហើយតាំងពញាដែកនោះ ឱ្យធ្វើជាចៅហ្វាយស្រុក និងព្រះរាជទានប្រាក់មួយហាប សំពត់ អាវ ១០០ មួយមុខ។ ឯពញាដែក ទទួលហើយ ក្រាបបង្គំទូលថ្វាយថារបស់អស់ទាំងនេះ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំថ្វាយដាក់ក្នុងព្រះឃ្លាំងជាសំរាប់ចែកចាយសេនាទាហានចុះ ដ្បិតពីរឆ្នាំទៀត សៀមនឹងលើកទ័ពមកចោមព្រះនគរហើយ។ ថាដែលព្រះអង្គស្ដេចព្រះដំណើរមកក្រសាលព្រៃនេះ ទំនាយថា: ព្រះអង្គនឹងបានរបស់ល្អទៅទុកក្នុងព្រះនគរ។ ព្រះបាទបរមនាថ បរមបពិត្រត្រាស់ថា: ម្ដេចក៏តាដែកឯងដឹង ហ៊ានទាយដូច្នេះ។ ទើបពញាដែក ក្រាបទូលថា: ដឹងដោយទេវតាដែលរក្សាភ្នំនេះ ឱ្យនិមិត្តប្រាប់ ហើយទូលថា: តាមទេវតាប្រាប់ហេតុនោះ ទូលព្រះបង្គំជាខ្ញុំ ត្រូវអស់ជីវិតក្នុងគ្រានេះហើយ ហើយត្រូវទៅនៅរក្សាភ្នំត្រៀល ដែលទ្រង់ប្រែឈ្មោះចំពិតនោះ។ លុះក្រាបទូល ចប់សេចក្ដីនោះហើយ ពញាដែកក៏អស់ជីវិត ក្បែរព្រះទីនាំងក្នុងមួយរំពេចនោះទៅ។ ព្រះបាទបរមបពិត្រយល់អស្ចារ្យណាស់ ទ្រង់ត្រាស់ឱ្យធ្វើបុណ្យរំលាយសពពញាដែកហើយឱ្យប៉ានរូបពញាដែកធ្វើអាស្រមទុកនៅភ្នំនោះបានជាក្នុងភ្នំនោះជាប់ហៅថា អ្នកតាដំបងដែករៀងមកសព្វថ្ងៃនេះ។ ឯព្រះបាទបរមបពិត្រ តាំងតែពីថ្ងៃនោះរៀងមក ទ្រង់បញ្ញត្តិលើក្រមព្រះរាជក្រឹត្យសង្ឃការីថា: ក្នុងមួយឆ្នាំៗត្រូវរៀបគ្រឿងព្រះកឋិន ចំនួនតាមព្រះជន្មព្រះអង្គនាំទៅថតគ្រប់វត្ត ដែលមានទេពទេវរុក្ខ ជាទ្វារព្រះនគរ និងវត្តនានា ដែលមានសិទ្ធិស័ក្ដិនោះរាល់ឆ្នាំ ហើយត្រាស់ថា: ឱ្យលើកព្យូហយាត្រាបាត្រាតទៅទៀត។ ដល់ទៅភូមិឈើទាលប្រឱប ជាព្រំខែត្រសំរោងទង និងខែត្រលង្វែកនោះទ្រង់ឱ្យឈប់ ព្រះទីនាំងតាំងព្រះពន្លា។ លុះដល់ថ្ងៃរសៀលត្រជាក់ ស្ដេចយាងព្រះបាទា ទតទៅយល់ដើមឈើទាលមួយ ធំខ្ពស់ក្រៃលែងនឹងប្រមាណ ហើយមានផែនថ្មមួយផ្ទាំងជាប់នៅ លើបង្កៀបមែកឈើទាលនោះ កំរាស់ ២ ហត្ថ ទំហំ ៥ ហត្ថ ៤ ជ្រុង។ ទ្រង់សង្ស័យណាស់ ទើបត្រាស់សួរអស់អ្នកស្រុកចាស់ទុំ។ អ្នកស្រុកក្រាបទូលថា : "ទូលព្រះបង្គំជាខ្ញុំរាល់គ្នា កើតពុំទាន់ដែរ តែឮដោយដូនតានិយាយតមកថា : ថ្មនោះតាំងពីកាលផែនដី ព្រះបាទសម្ដេចព្រះបរមព្រហ្ម ដែលហៅថា តាព្រហ្ម" ជាឈ្មួញគោ កាលពុំទាន់បានសោយរាជសម្បត្តិនោះ ព្រះអង្គនាំកូនឈ្មួញទៅផ្ទំឃ្វាលគោ ក្រោមដើមឈើទាលនោះ។ វេលានោះមានសត្វត្រកួតមួយ មកជុះដាក់ព្រះអង្គ ព្រះអង្គទ្រង់ព្រះពិរោធណាស់ក៏ចាប់យកថ្មនោះចោលទៅ ត្រូវសត្វត្រកួតមួយ មកជុះដាក់ព្រះអង្គ ព្រះអង្គទ្រង់ព្រះពិរោធណាស់ក៏ចាប់យកថ្មនោះចោលទៅ ត្រូវសត្វត្រកួតនោះស្លាប់ ធ្លាក់មកដល់ដី។ ឯថ្មនោះក៏នៅជាប់លើមែកឈើទាលនោះ។ សព្វថ្ងៃ តែដល់ថ្ងៃ ៥ កើត ៥ រោច, ថ្ងៃ ៨ កើត ៨ រោច និង ថ្ងៃ ១៥ កើត និង ១៥ រោច កាលណា មានគោមទៅអុជលើដើមឈើទាលនោះ។ ព្រះបរមនាថបរមបពិត្រ ជាអម្ចាស់ជីវិតលើត្បូង ទ្រង់ជ្រាបហើយ ទ្រង់ឃើញអស្ចារ្យក្នុងព្រះរាជហឫទ័យពន់ប្រមាណ ទើបទ្រង់នឹកពីពាក្យ ពញាដែក ក្រាបបង្គំទូលថា: ទ្រង់នឹងបានរបស់វិសេសនោះ ប្រហែលជាថ្ម និងឈើនេះឯងហើយ។ ទ្រង់ត្រាស់បង្គាប់មេស្មឹលឱ្យធ្វើពិធីសុំថ្ម និង ឈើនោះ ៣ ថ្ងៃ ហើយបង្គាប់ឱ្យរំលំដើមឈើទាលនោះធ្លាក់ទៅក្នុងទឹកស្ទឹងទើបព្រះអង្គឱ្យស្រង់យកថ្ម និងឈើនោះ នាំយកទៅដល់ក្នុងបន្ទាយព្រះនគរទ្រង់ឱ្យធ្លាក់ជាព្រះបាទព្រះ ៨ ព្រះបាទា ឱ្យយកដើមឈើទាលនោះឆ្លាក់ធ្វើជាព្រះរូបព្រះ ពុទ្ធអង្គចតុទិស ឈមព្រះភ័ក្ត្រ និងព្រះបាទ បែរចេញទៅចតុទិស កំពស់ ១៨ ហត្ថ។ ឯព្រះបិដ្ឋិទល់គ្នា។ រួចស្រេច ស្ដេច ប្រតិស្ឋានក្នុងព្រះវិហារលួង ឱ្យឈ្មោះហៅថា ព្រះអារាមត្រឡែងកែង ហើយទ្រង់ឱ្យសាង ទេព្រ័ក្សឃ្លាំងមឿង ហើយឱ្យសាងព្រះរាជវាំង ស្ដេចគ្រប់ព្រះអង្គ រាជវាំងបុត្រាច្បងគឺសម្ដេចព្រះរាមាធិបតីនោះ ឱ្យសាងនៅទួលលាប វាំងព្រះរាជបុត្រពៅគឺសម្ដេចព្រះបរមិន្ទរាជាឱ្យសាងនៅក្នុងព្រះបរមរាជវាំង។ ឯវាំងព្រះរាជវង្សានុវង្សតូចៗ ក្រៅអំពីនោះ ទ្រង់ឱ្យសាងក្នុងបន្ទាយ។ ឯក្នុងកំពែងដំណាក់ប្រាសាទទាំងប៉ុន្មាននោះ សឹងឱ្យឆ្លាក់លាបម្រ័ក្សណ៍ ជាតិហិង្គុល បិទមាសតាមបណ្ដាសក្ដិធំតូច ពុំឱ្យច្រឡូកច្រឡំតាមសក្ដិ។ ខាងមុខព្រះនគរដែលគ្មានភាគបន្ទាយជាន់ខាងក្រៅនេះ ស្ដេចឱ្យសង់រោងព្រះទីនាំងនាវា។ នៅនាកំពង់ទឹកនោះទ្រង់ឱ្យយកថ្មឥដ្ឋ រៀបជាព្រះលាន សំរាប់នាំដំរី សេះ ចំបាំងចុះលាងទឹក និងឱ្យធ្វើព្រះដំណាក់សំរាប់ស្ដេចចុះលយកន្ទោង ធំ តូច ជារុងរឿងប្រពៃ។ ខាងក្រៅបន្ទាយ ក្រៅស្នាមភ្លោះនោះ ទ្រង់ឱ្យដាំឫស្សីកំរាស់ពីរសិនពីស្នាមភ្លោះទៅ ទាំង ៣ ជ្រុង ជិតស្និទណាស់ ពុំឱ្យនរណាទៅកាប់កាច់ឫស្សីបានឡើយ។
រដ្ឋបាល[កែប្រែ]
ទ្រង់សាងព្រះនគរមាំមួនដូច្នេះជាសូរេចហើយទើបទ្រង់មានព្រះរាជតំរាស់ថា: កាលព្រះមហាក្សត្រ សោយរាជ្យនៅនគរធំនោះ ត្រាស់ឱ្យធ្វើស្រែវាលពល ក្នុងស្រែមួយកំណត់ពល ១០០០០០ នាក់ ដល់បច្ចុប្បន្នឥឡូវនេះ អាណាប្រជានុរាស្ត្រ តិចជាងពីដើម ឱ្យធ្វើស្រែវាលពលនោះ កំណត់តែចុះពល ១០០០០ នាក់ជាកំណត់។ លុះស្រេចការ សាងព្រះនគរ បវរនិវេសន៍ មហាឋាន នោះរួចស្រេច ព.ស ២០៨២, គ.ស ១៥៣៨, ម.ស ១៤៦០, ច.ស ៩០០ ឆ្នាំច សំរឹទ្ធិស័ក ទើបស្ដេចមានព្រះតំរាស់ត្រាស់បង្គាប់ឱ្យអស់ខ្ញុំ ក្រុមរាជការ ក្រោមល្អងធូលីព្រះបាទទាំងធំ ទាំងតូច តាំងព្រះរាជពិធីសម្ពោធ ព្រះបរមរាជវាំង ស្រេចហើយ ស្ដេចឡើងប្រាសាទ ព្រះរាជមន្ទីរ ដំណាក់មានទាំងល្បែងរបាំមហោស្រព ថ្វាយទេយ្យទានព្រះសង្ឃ ទ្រង់បរិច្ចាគព្រះរាជទ្រព្យឱ្យជាទានដល់ស្មូមយាចកគំរប់ ៧ ថ្ងៃរួចឱ្យឆ្លងទាំងព្រះវិហារវត្តត្រឡែងកែង នៅមុខព្រះបរមនិវេសន៍ ៣ ថ្ងៃ បញ្ចុះសីមា អភិសេកព្រះពុទ្ធរូប ចតុទ្ទិស និងព្រះពុទ្ធរូបដែលសាងដោយមាស ប្រាក់ ទង់ហ៊្វា ស្ពាន់ សំរឹទ្ធិ ១០ ទៀតកាលនោះ ដាច់ព្រះរាជទ្រព្យ ដោយធ្វើបុណ្យទាន ជាច្រើនអនេកឯកមហោឡារិក មហាសប្បាយណាស់។ ព្រះអង្គឡើងគង់ក្នុងព្រះបរមរាជវាំង ហើយត្រាស់តាំង សម្ដេចព្រះសុគន្ធាមហាសង្ឃ រាជាគណាធិបតី និង ទទូងរដ្ឋទាំង ៧ និង មន្ត្រីរដ្ឋទាំង ៤ (ឯក, ទោ, ត្រី, ចត្វា) សំរាប់ និង មន្ត្រីក្រៅតំណែងតែងតាំងឱ្យមានក្រុមគ្រប់ក្រសួងមុខងារ ជើងទឹក ជើងគោក ទាំងក្រៅក្នុង ឱ្យសង់ផ្ទះនៅ ឱ្យមានទទឹងមុខក្រោយភ្លោះ ១.២.៣ ក្ដីសុទ្ធតែមានសំគាល់រាល់រូបកាយតាមបណ្ដាសក្ដិមានកំណត់ដោយខ្លួនទីទៃមិនឱ្យច្រឡូកច្រឡំគ្នា។ ទ្រង់តាំងស្ដេចត្រាញ់ទាំង ៥ :
- ១. ចៅពញាឧទ័យធិរាជ ចៅហ្វាយស្រុកខែត្រអាសន្ទុកមួយ មានចៅមឿងស្រុកឡើង ២៤ ស្រុក : មឿងស្ទោង១ ជីក្រែង១ ព្រំទេព១ ប្រាសាទដប់១ ព្រៃក្ដី១ ស្រងែ១ ឈើទាល១ ងន១ កំពង់លែង១ កោះកេរ្តិ៍១ ព្រះកាន១ ពោធិ៍ររោង១ សេន១ នគរ១ ម្លូព្រៃ១ ជាំក្សាន្ត១ វារីសែន១ ព្រៃសំបួរ១ កំពូលពេជ្រ១ ព្រះប្រសប់១ ត្បែង១ ព្រះឃ្លាំង១ គោកសេះ១។
- ២. តាំងចៅពញាសួគ៌ាលោក នៅស្រុកខែត្រពោធិ៍សាត់ ឱ្យមានចៅមឿង ៦ ស្រុកឡើងគឺ: ចៅមឿងក្រគរ១ ត្រង១ ថ្ពង១ ខ្លុង១ តាំង១ សម្រែ១។
- ៣. តាំងពញាអរជូន ចៅហ្វាយស្រុកខែត្រត្បូងឃ្មុំ មានចៅមឿងឡើង ៥ ស្រុក ទ្វារស្រុក ៤ គឺ : ចៅមឿងទួលអង្គុញ១ ដំបែ១ ភ្នំព្រះ១ ទ្វារលោ១ ទ្វារភក្ដិ១ ជើងគួរ១ ចៅមឿងព្រៃប្រហារ១ ទ្វាររូង១ ទ្វាររៀល១។
- ៤. តាំងចៅពញាធម្មាតេជោ ចៅហ្វាយស្រុកខែត្របាភ្នំ មានចៅមឿងឡើង ៧ ស្រុកគឺ : ចៅមឿងកោះ១ ចៅមឿងមេចុង១ មេកង១ ស្វាយទាប១ រំដួល១ កណ្ដាល១។
- ៥. តាំងចៅពញាពិស្ណុលោក ចៅហ្វាយស្រុកខែត្រទ្រាំង មានចៅមឿង ៦ ស្រុកឡើងទៅគឺ : ចៅមឿងពាម១ ជើងព្រៃ១ ជាន់ជុំ១ បន្ទាយមាស១ ស្រែរនោង១ តាបួរ១។ ឯចៅហ្វាយស្រុក ៩ ហ៊ូពាន់ ក៏ឱ្យមានចៅមឿងសំរាប់ខែត្រទីទៃ។
តែងតាំងរួចហើយ សម័យថ្ងៃមួយនោះ ព្រះបរមបពិត្រ ព្រះអង្គចេញគង់ចុងព្រះរាជរោងរម ជួបជុំព្រះបរមវង្សានុវង្ស អង្គអគ្គសេវកាមហាមាត្រ បុរោហិត បណ្ឌិតកវី មន្ត្រីតូចធំ ទើបមានព្រះរាជបន្ទូលមង្គលទិព្វពិសេសត្រាស់ថា: ទំនៀមព្រះមហាក្សត្រខត្តិយាវង្ស អំពីបូរាណរាជរៀងមកតែង ទ្រង់គ្រឿងអលង្ការ កកុធភ័ណ្ឌ ចេញឱ្យមន្ត្រីក្រាបបង្គំគាល់ជាប្រក្រតី នោះឃើញលំបាកណាស់ ទើបត្រាស់ឱ្យធ្វើព្រះសភ័គ ប្រវែង ៨ ហត្ថ ឱ្យពិចិត្ររចនាដោយសុវណ្ណបុប្ផាដាំជរ ជាសំរាប់ព្រះអង្គទ្រង់ជាប្រក្រតីវិញហើយទ្រង់ប្រញប្ដិ ខាងរបៀបក្សត្រីនោះ ព្រះរាជវង្សានុវង្ស ជំទាវខុនណាង តូចធំឱ្យដណ្ដប់ស្បៃប្រវែង ៨ ហត្ថ មានផ្កាភ្ញីជរ ដោយខ័ណ្ឌ ដោយសែសយ តិចច្រើនតាមបណ្ដាស័ក្ដិ ធំតូច។ ក្នុងមួយខ្លួន ឱ្យមានជា ៣ យ៉ាង ឬ ៣ សំរាប់ សំរាប់ស្លៀកដណ្ដប់ដោយមានការណ៍ធំតូច។ វេលាកាលចូលគាល់ ឱ្យដណ្ដប់ស្បៃដែលបញ្ញត្តិ។ ឱ្យសេនាទាហាន កាន់ផ្លិតស្លឹកត្នោត ឯផ្លិតនោះ ឱ្យបិទមាសរាយផ្កាយជាជរប៉ាន់ប៉ាក់។ វេលាណាចូលគាល់ ឱ្យចូលគាល់រាល់ខ្លួនតាមស័ក្ដិ។ ព្រះបរមវង្សានុវង្សខាងក្សត្រាឱ្យបាំងព្រះក្លស់ គង់ព្រះរាជយានបិទមាស ព្រះវង្សា ដែលមានយសជាធំ ឱ្យបាំងសប្បធមជិះគ្រែក្រញូង មនុស្សសែង ៤ នាក់ បាំងតាំងយូក្រអែ រាយផ្កាយបិទមាស រំយោលមាសយ៉ាងច្រើន។ មន្ត្រីធំ តូច ឱ្យបាំងតាំងយូក្រអែ លាបម្រ័ក្សណ៍ លាបប្រាក់ និង ជាតិហិង្គុលបិទមាសរំយោលយ៉ាងច្រើន។ មន្ត្រីធំ តូច ឱ្យបាំងតាំងយូ ក្រអែ លាបម្រ័ក្សណ៍ លាបប្រាក់ និងជាតិហិង្គុលបិទមាសរំយោលយ៉ាងច្រើនតិច ចុះមកតាមបណ្ដាស័ក្ដិធំតូច។ ឯតាំងយូក្រអែនោះ ធ្វើនឹងស្លឹកត្នោត តែតំលោះពុំបាន ហើយទ្រង់ព្រះករុណា ឱ្យចៅពញាឧទ័យធិរាជចៅហ្វាយស្រុកខែត្រអាសន្ទុក ខ្នងពស់១ ឱ្យចៅពញាពិស្ណុលោកខែត្រទ្រាំង ១ ឱ្យចៅពញាធម្មាតេជោ ខែត្របាភ្នំ ១ ឱ្យចៅពញាអរជូន ស្រុកត្បូងឃ្មុំ ១ ឱ្យចៅពញាសួគ៌ាលោក ជាចៅហ្វាយស្រុកខ្នងពស់ ខែត្រពោធិ៍សាត់ ១ ជើងគ្រុសទាំង ៥ នេះ ឱ្យមានដំរី សេះ និង រោងពល សំរាប់ចាំទ្វារ សំរាប់សែងបំរើ ដោយចំនួនតិចច្រើន និង តាមស័ក្ដិធំតូច។
ព.ស ២០៨៣, គ.ស. ១៥៣៩, ម.ស. ១៤៦១, ច.ស. ៩០១ ឆ្នាំកុរ ឯកស័ក អស់មុខមន្ត្រីយល់ ស្ងប់ស្ងាត់សឹកសង្គ្រាមហើយ ក៏យកសេចក្ដីក្រាបបង្គំទូលការរាជការ សំរេចគ្រប់យ៉ាង ហើយល្មមនឹងរៀបប្រាប្ដាភិសេកយ៉ាងធំឱ្យឮព្រះនាមទូរទ័រទៅនានាប្រទេស។ ទើបព្រះបរមបពិត្រត្រាស់តបវិញថាអស់មុខមន្ត្រីយល់នេះ ក៏គួរណាស់ហើយ តែព្រះខឌ្ដរាជ្យសំរាប់ផែនដី រកពុំទាន់ឃើញ នឹងប្រាប្ដាភិសេកយ៉ាងធំពុំទាន់បាន។ ខណៈនោះពញាពិជ័យសង្គ្រាមសុខ គាល់នៅទីនោះ ក្រាបបង្គំថា : ព្រះខឌ្ដជ័យមង្គលសំរាប់ផែនដីនោះ សំរេចនៅសម្ដេចឥសីភ័ទ្ទសួស។ កាលបែកព្រះនគរនឹងព្រះស្ដេចកន នោះសម្ដេចព្រះឥសីភ័ទ្ទនាំយកទៅលាក់បំពួនក្នុងព្រៃណាមិនប្រាកដ តែសម្ដេចព្រះឥសីភ័ទ្ទនោះ ស្រុកកំណើតនៅខែត្របាទី ទីសំណាក់នៅខាងត្បូងវត្តភ្នំពេញ តែសម្ដេចព្រះឥសីភ័ទ្ទសួសនោះអនិច្ចកម្មទៅហើយ ហើយទីនឹងលាក់ព្រះខឌ្ដនោះ មានតែលាក់ក្នុងព្រៃទាំងពីរអន្លើនេះ គួរចាត់បំរើឱ្យស្វែងព្រៃដើររកព្រះខឌ្ដ និង ព្រះបញ្ចក្សេត្រក្នុងតំបន់ទាំងពីរអន្លើ។ ព្រះបាទបរមបពិត្រ ទ្រង់ព្រះសណ្ដាប់ ពញាពិជ័យសង្គ្រាមសុខ យកសេចក្ដីក្រាបបង្គំទូលហើយ ក៏បណ្ដាលក្នុងព្រះរាជហឫទ័យឱ្យគិតអំពីព្រះខឌ្ដនោះពន់ប្រមាណ ទើបទ្រង់ត្រាស់បង្គាប់ ចៅពញាពិជ័យសង្គ្រាមសុខថាបើដូច្នោះ ចូរឯងយកចិត្តទុកដាក់ នាំរេហ៍ពល ៥០០ នាក់ ឱ្យមានគ្រឿងកាប់ឆ្ការព្រៃនោះ ទៅរកក្នុងព្រៃទាំងពីរអន្លើនោះកុំឱ្យខាន។ ទើបពញាពិជ័យសង្គ្រាម ក្រាបថ្វាយបង្គំលា ម្នីម្នានាំរេហ៍ពល ៥០០ នាក់ចុះទូកមកដល់ខាងត្បូងភ្នំពេញ ឃើញព្រៃស៊ុបទ្រុប ស្បាតបន្លាច្រើនណាស់ មន្ទិលក្នុងចិត្តហើយក៏ឱ្យរេហ៍ពលកាប់ឆ្ការទៅ តែពុំឃើញព្រះខឌ្ដនោះឡើយ ឃើញតែប្រាសាទថ្មមួយ នៅទីនោះមានចារឹកអក្សរថា : ព្រះចេតិយ ព្រះឧណ្ណាលោម។ ពញាពិជ័យសង្គ្រាម ក្រឡេកមើលទៅខាងលើ ឃើញកំពូលមុខព្រហ្មឧត្តមប្រសើរណាស់ ហើយគិតថា: ក្រែងសម្ដេចព្រះឥសីភ័ទ្ទសួសយកព្រះខឌ្ដ និងព្រះបញ្ចក្សេត្រនោះទៅកប់ក្នុងព្រះចេតិយនោះ លុះបើកទ្វារនោះចូលទៅទៀតក៏ពុំឃើញ តែក្នុងចិត្តពញាគិតថាទីនេះជាទីវិសេសណាស់ចាំត្រឡប់ទៅវិញ និង ក្រាបបង្គំទូល ឱ្យបានទ្រង់ជ្រាប។ គិតហើយ ពញាក៏នាំរេហ៍ពលទៅខែត្របាទីប្រកាសប្រាប់អ្នកស្រុកថា : បើនរណាដឹងឃើញព្រះខឌ្ដ និង គ្រឿងព្រះបញ្ចក្សេត្រនោះហ្លួងនឹងព្រះរាជទានជាសម្ដេចចៅហ្វាទឡ្ហៈ សំរេចរាជការផែនដី។
រកឃើញព្រះខឌ្ដរាជ្យ[កែប្រែ]
និយាយអំពី ក្រឡាពាស "សួស" នារាត្រីមួយនោះយល់សប្តិថា ឃើញតាចាស់ម្នាក់មកប្រាប់ថា: ឱ្យទៅយកព្រះខឌ្ដ និង គ្យងព្រះបញ្ចក្សេត្រនៅរូងដើមចំបក់យកទៅថ្វាយហ្លួងនឹងបានជាធំ។ លុះព្រឹកភ្ញាក់ឡើងក្រឡាពាស "សួស" ក៏និយាយប្រាប់សប្ដិឱ្យនាងរៀបជាម្ដាយស្ដាប់, ម្ដាយស្រាយនិមិត្តថា យល់សប្តិទៀបព្រឹកនេះ ចំណាំតែឆុតណាស់ដូច្នេះ ឱ្យកូនទៅឡើងមើលក្នុងរូងចំបក់ធំនោះឱ្យច្បាស់មើល។ ក្រឡាពាសសួសទៅដល់ហើយឡើងមើលនៅរូងដើមចំបក់នោះឃើញព្រះខាន់នឹងគ្រឿងព្រះបញ្ចក្សេត្រនោះមែន ក៏អរណាស់ឃ្មាតខ្មីតំរង់ទៅបន្ទាយលង្វែក។ មកដល់កណ្ដាលផ្លូវឃើញពញាពិជ័យសង្គ្រាមនាំពល ៥០០ នាក់ ទៅស៊ើបសួររកព្រះខាន់នោះហើយ ថាបើនរណារកឃើញ ហ្លួងនឹងឱ្យធ្វើជាសម្ដេចចៅហ្វាទឡ្ហៈផង ទើបក្រឡាពាសសួស ថ្លែងប្រាប់ពញាពិជ័យសង្គ្រាមតាមដំណើរសេចក្ដីគ្រប់ប្រការ។ ទើបពញាពិជ័យសង្គ្រាមនាំក្រឡាពាសសួសត្រឡប់មកព្រះបរមរាជវាំងយកសេចក្ដីមកក្រាបបង្គំទូល ទ្រង់ជ្រាបគ្រប់ប្រការ។ ទ្រង់ព្រះអំណរណាស់ ត្រាស់ចាត់សេនាបតីមន្ត្រីតូចធំ ខ្ញុំរាជការឱ្យរៀបគ្រឿងហែមានដំរី សេះ រេហ៍ពលអភិរម្យសែនត្វាន់ ទៅដង្ហែយកព្រះខឌ្ដ និង គ្រឿងព្រះបញ្ចក្សេត្រនោះមក។ ព្រះអង្គចេញទៅទទួលដល់ក្រៅព្រះនគរ យកមកតំកល់ក្នុងហោបញ្ចក្សេត្រ។ ទ្រង់ទតទស្សនាឃើញគ្រឿងព្រះបញ្ចក្សេត្រនោះ ទេវរូប ១៣ ព្រះអង្គបាត់ ១២ ព្រះអង្គ ហើយព្រះអង្គទ្រង់តាំងសម្ដេចព្រះធម្មរឹទ្ធិជ័យ ជាសម្ដេចព្រះឥសីភ័ទ្ទ ហើយឱ្យប្រជុំរាជាគណៈបារគូ ស្ដេចមាឃ មកធ្វើពិធីសាងទេវរូប ១២ ព្រះអង្គបង្គ្រប់ជា ២៥ ព្រះអង្គឡើងវិញទុកឱ្យសម្ដេចព្រះឥសីភ័ទ្ទ និង ក្រុមបុរោហិតរក្សាទុកក្នុងហោព្រះបញ្ចក្សេត្រ ហើយព្រះអង្គយាងទៅតាក់តែង ព្រះចេតិយ ព្រះឧណ្ណាលោម នោះជាព្រះអារាមតាំងចៅអធិការ បញ្ចុះសីមា រួចចាត់ឱ្យមានរេហ៍ពលសំរាប់វត្ត ឱ្យនៅថែរក្សាហើយ ព្រះអង្គត្រឡប់មក ព្រះបរមរាជវាំងវិញ។
របៀបកាត់ក្ដី[កែប្រែ]
សម្ដេចព្រះស្រីជេដ្ឋាអម្ចាស់ផែនដីនគរខាងកើតនោះឃើញការសង្គ្រាមស្ងាត់ហើយ ក៏ធ្វេសប្រហែសពុំសូវយកព្រះទ័យទុកដាក់នឹងរាជការផែនដី។ ទ្រង់សំរាន្តព្រះរាជហឫទ័យតែនឹងអស់អ្នកស្នំក្រមការ ព្រះចិន្ដាភ្លើតភ្លើនទៅដោយនូវល្ខោន ចំរៀង តូរ្យតន្ដ្រីជានិច្ចកាលជាអលជ្ជី។ ក្នុងឆ្នាំមមីនោះក្នុងព្រះរាជនគរខាងកើត អស់រាស្ដ្រប្រជារកស៊ីពុំសូវសុខសាន្ដទាំងជំនួញជួញដូរលក់ ក៏ពុំសូវចំរើនដូចសព្វឆ្នាំ។ ក្នុងវេលាយប់មួយនោះ ទ្រង់ព្រះតំរិះយល់ថា អញសោយរាជ្យនេះមកយូរហើយនៅឡើយតែចិត្ដរាស្ដ្រពុំដឹងស្រឡាញ់អញ ឬប្រែចិត្ដគិតទៅចូលនឹងពញាចន្ទរាជាវិញទេដឹង។ លុះយប់ស្ងាត់ស្ដេចយាងទៅតែមួយអង្គឯងលបស្ដាប់រាស្ដ្រ។ ខណៈនោះទ្រង់ឮរាស្ដ្រជុំគ្នានិយាយថា អម្ចាស់ផែនដីយើងសព្វថ្ងៃនេះមានបុណ្យអស្ចារ្យណាស់ ទ្រង់ព្រះរាជហឫទ័យក៏ធូរទូលាយ យើងសុខសប្បាយមករាល់ឆ្នាំ តែក្នុងឆ្នាំនេះហេតុអ្វីក៏ខាតពុំបានចំរើនផលប្រយោជន៍សោះ។ ហេតុដូចម្ដេចក៏ព្រះបាទអស់ជុំនុំពុំឃើញជុំនុំដោះទុក្ខសុខរាស្ដ្រឲ្យបានរកស៊ីធូរទូលាយឡើងវិញ។ ខណៈនោះសម្ដេចព្រះស្រីជេដ្ឋាទ្រង់ព្រះសណ្ដាប់បានជ្រាបគ្រប់ប្រការហើយ ទ្រង់ត្រឡប់ទៅដំណាក់វិញ។ លុះព្រឹកឡើងទ្រង់បង្គាប់ព្រះអាល័ក្ស និងក្រុមព្រះសុភាធិបតីឲ្យត្រាទុកថាព្រះរាជបញ្ញត្តិឲ្យតុលាការធ្វើទោសអ្នកទោសដែលចាញ់ក្ដីគេឲ្យបែងជាភាគ៣ ឲ្យប្រណីចោលភាគ១ ឲ្យយកតែភាគ២ ជាទីសំរាលជាងពីបុរាណច្បាប់មុន។
សេចក្ដីដែលព្រះស្រីជេដ្ឋាបន្ធូរបន្ថយច្បាប់ឲ្យស្រាលមកនោះ ក៏ជ្រាបដល់សម្ដេចព្រះបរមខត្តិយាមហាចន្ទរាជា អគ្គមហាបុរសរដ្ឋនគរខាងលិច ទើបទ្រង់មានព្រះរាជបរិយាយត្រាស់សួរអស់មន្ដ្រីកវីរាជបុរោហិតថា តើនគរខាងកើតធ្វើច្បាប់បង្គាប់ឲ្យយកទោសស្រាលនេះត្រូវឬខុស? អស់សេវកាមហាមាត្យយកសេចក្ដីក្រាបទូលព្រះករុណាក្រោមល្អងធូលីព្រះបាទថារាស្ដ្រសព្វថ្ងៃក្រីក្រណាស់ ព្រះករុណាគេគិតប្រណីនេះត្រឹមត្រូវហើយ។ ទើបព្រះបរមបពិត្រត្រាស់តបថា អាព្រ