និមិត្តរូបរបស់ប្រាសាទខ្មែរ
ប្រាង្គប្រាសាទខ្មែរមានអត្ថន័យខ្ពង់ខ្ពស់ត្រចះត្រចង់ ការកំណត់អត្ថន័យប្រាង្គប្រាសាទខ្មែរ ដែលជាទេវស្ថានដើម្បីឧទ្ទិស ដល់អាទិទេពខាងព្រហ្មញ្ញសាសនាថា ជាភ្នំព្រះសុមេរុ ត្រូវបានអនុវត្តន៏ឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីដើមស.វ.ទី១នៃ គ.ស. ក្រោមឥទ្ធិពលវប្បធម៌ឥណ្ឌា ។ គឺទស្សន:នេះហើយ ដែលបានបណ្ដាលអោយបុរាណស្ថានបូជនីយដ្ឋានខ្មែរទាំងឡាយ ត្រូវបានបង្កើតឡើង ដើម្បីជាទីគោរពបូជាព្រះអាទិទេព ក៏ប៉ុន្តែជាមយគ្នានោះ ក៏មានទស្សន:មួយចំនួនទៀត ដែលទាក់ទិនទៅនឹងនិមិត្តរូបនៃលោកធាតុ បើសិនជាយើងវិភាគអោយស៊ីជម្រៅទៅលើវិស័យ មនោគមន៏វិជ្ជាសាសនារបស់មនុស្សខ្មែរ នាសម័យបុរេអង្គរ និងអង្គរ ។ តាមបីតការសាងសង់ប្រាង្កប្រាសាទ ជនជាតិខ្មែរបានអនុលោមទៅតាមលោកធាតុវិទ្យា ដែលមានក្នុងលទ្ធិព្រហ្មញ្ញសាសនា ក្រោមរូបភាពដូចតទៅនេះ សម្រាប់មនុស្សខ្មែរបុរាណ លោកយើងនេះ ត្រូវហ៊ុំព័ទ្ធជុំវិញពិខាងក្រៅដោយជួរភ្នំជាកំពែង៧ជាន់ដីក្រាស់ធំខ្ពស់សម្បើមអស្ចារ្យ ។ កំពែងភ្នំនីមួយៗ មានរាងជារង្វង់មូល ឬមណ្ឌលរួម ហើយមានសមុទ្រខណ្ឌព័ទ្ធថែមទៀតផង ។ នៅចំកណ្ដាលនៃលោកឬចក្រវាឡគឺជម្ពូទ្វីប ដែលមានភ្នមសុមេរិជាស្នូល ។ ម្យ៉ាងវិញទៀតនៅជុំវិញភ្នមសុមេរុដែលជាស្នូលនោះ គេឃើញមានភព៦ មួយរាងដូចកងហ៊ុំព័ទ្ធជុំវិញដែរ ។ ដោយផ្អែកលើទស្សន: លោកធាតុវិទ្យានេះ យើងអាចដឹងថាស្ថាបត្យកម្ម ខ្មែរបុរាណ មានទំនាក់ទំនងយ៉ាងជិតស្និត ទៅនិងប្រព័ន្ធគំនិត ស្ដីពីលោក ដែលមានប្រភពចេញពីឥណ្ឌា ហើយប្រាសាទខ្មែរ គឺតំណាងនូវភ្នំសុមេរុ ឬភ្នំកណ្ដាលដែលជា លំនៅដ៏ពិសិដ្ឋ របស់ព្រះអាទិទេព និងពពួកទេវតាតូចធំទាំងឡាយ ។ សរុបមករាល់មូលនិធិសាសនាដែលត្រូវបានសាងសង់ ឡើងគឺសម្រាប់កំណត់ចំនុចកណ្ដាល ឬភ្នំកណ្ដាលនៃចក្រវាល គឺភ្នំសុមេរុ ឬភ្នំកៃឡាសដែលជាភ្នំមាស ឬភ្នំស្នែងមាស ។ កន្លែងខ្ពស់បំផុតនៃលោកយើង ហើយមានភាពពិសិដ្ឋកប់កំពូលបែបនេះ អាចឆ្លុះបញ្ចាំងតាមរយ:វត្តមានទេវតាទាំង៤ ឬចតុលោកបាលទាំង៤ ដែលជាអ្នកបាច់ថែរក្សាទិសនីមួយៗ ក្នុងទ្វីបទាំង៤ ។ ដូច្នោះចំណុចដែលយើងត្រូវយកចិត្តទុកដាក់គឺរាល់ប្រាសាទខ្មែរ ដែលធ្វើឡើង គឺសម្រាប់តំណាងភ្នំព្រះសុមេរុ ។ ដោយហេតុនេះហើយ បានជាគេហៅថា ប្រាសាទភ្នំ ទោះបិជាស្ថិតនៅលើកំពូលភ្នំ ចង្កេះភ្នំ ឬជាទីវាលទំនាបក៏ដោយ ។ គប្បីរំលឹកនៅទីនេះផងដែរថា ជាងប្រាសាទទាំអស់ដូចជាប្រាសាទភ្នំបាខែង ដែលស្ថាបនាឡើងនៅឆ្នាំ៨០៦នៃ គ.សដោយព្រះបាទយសោវ័រ្មន ដើម្បីតំកល់ព្រះសិវលិង្គរាជ្យ គឺយសោរេស្វរ: តំណាងនូវចំណុច ឬភ្នំកណ្ដាលនៃចក្រវាឡ ។ ប្រាសាទដ៏ស្កឹមស្កៃនេះ មាន៥ជាន់ថ្នាក់ ហើយនៅជាន់លើគេបង្អស់ តំណាងនូវស្ថានត្រៃត្រឹង្ស គេឃើញមានប្រាសាទចំនួន៤ទៀត អមប្រាសាទកណ្ដាលឬភ្នំមាស ។ នៅជាន់នីមួយៗចំនួនប្រាសាទទាំងអស់មាន១២ ។ ហើយបើគេរាប់តាមជាន់ទាំងប្រាំជុំវិញ គេនឹងឃើញចំនួនប្រាសាទទាំងអស់មានដល់ទៅ៦០ ដែលពាក់ព័ន្ធទោនឹងហោរាសាស្ត្រ ។ តាមលោធាតុវិជ្ជាឥណ្ឌា ជាន់ទីប្រាំលើនេះ គឺតំណាងស្ថានទាំង៥ ក្នុងចក្រវាឡ គឺស្ថាននាគ ស្ថានគ្រុឌ ស្ថានយក្ស ស្ថានរក្សស: និងស្ថានមហារាជ ។ ប៉ុន្តែអ្វីដែលអស្ចារ្យទៅទៀត គឺប្រសិនជា យើងមកកាន់ប្រាសាទ ហើយឈរចំពីមុខនៃទិសណាមួយ ក្នុងទិសធំទាំង៤ យើងពិតជានឹងឃើញចំនូនប្រាសាទទាំង ៣៣ តំណាងអោយស្ថានសួគ៏ត្រៃត្រឹង្ស ដែលគ្រប់គ្រងដោយព្រះឥន្ទ្រាធិរាជពុំខាន ។ ម្យ៉ាងវិញទៀត បើសិនជានៅទីនេះយើងគ្រាន់តែសម្លឹងមើលតែខឿនប្រាសាទទាំងប្រាំជាន់តែប៉ុណ្ណោះ យើងពិតជានឹងឃើញយ៉ាងប្រត្យក្ស នូវកំពូលទាំង៣ ដែលតំណាងអោយលទ្ធិត្រីមូតិនៃព្រហ្មញ្ញសាសនា ដែលមានព្រះសិវ: ឬព្រះឥសូរ ព្រះវិស្ណុ ឬព្រះនារាយណ៏ និងព្រះព្រហ្មដ៏មានមហិទ្ធិឫទ្ធិ ។ គឺព្រះកំពូលទាំង៣អង្គនេះហើយ ដែលបីបាច់ថែរក្សា ទឹកដីដ៏បវររបស់ជាតិសាសន៏ខ្មែរនាសម័យបុរាណ ។ ទន្ទឹមនឹងនេះ ប្រសិនបើយើងរាប់ចំនួនប្រាសាទទាំងអស់ ដែលស្ថិតនៅថ្នាក់ទាំង៥ គួបផ្សមទៅនិង ប្រាសាទស្ថិតនៅខាងក្រៅក្រោមដី ដែលហ៊ុំព័ទ្ធជុំវិញតួប្រាសាទបាខែងទាំងមូល យើងនឹងឃើញចំនួនប្រាសាទមានរហូតដល់១០៨ ដែលជាលេខដ៏ស័ក្កិសិទ្ធមួយ ។ តាមពិតលេខ១០៨ខាងលើនេះ ពាក់ព័ន្ធទៅនឹងវិស័យតារាសាស្ត្របុរាណ ។ ក្នុងប្រក្រតិទិនខ្មែរបុរាណ ដែលគេគិតថ្ងៃខែតាមដំណើរព្រះចន្ទ ឬចន្ទគតិ គេឃើញក្នុងមួយខែមានត្រឹមតែ២៧ថ្ងៃតែប៉ុណ្ណោះ ដោយមានចក្រ៤ បូកសរុបទៅយើងនឹង ឃើញមានចំនួនចក្រទាំងអស់មានចំនួន១០៨ ។ សូមរំលឹកនៅតីនេះផងដែរថា លេខ១០៨នេះ ក៏តំណាងអោយកថាចណ្ឌតាំង១០៨ ដែលមានក្នុងមហាគម្ពីរទេវ តំណាងនូវចំនេះដឹងកំពូលនៃលោកយើងនេះ ។ រួមសេចក្ដីមក តាមការវិភាគផ្នែកស្ថាបត្យកម្មប្រាង្គប្រាសាទបុរាណខ្មែរ យើងឃើញថា ជនជាតិខ្មែរនាសម័យ មហានគរបានស្គាល់នូវទស្សនវិជ្ជាធំៗ ស្ដីអំពីលោកធាតុព្រមទាំងគម្ពីរវេទ ដែលតំណាងអោយការចេះដឹងជ្រៅជ្រះគ្រប់វិស័យ ហើយបានសាងសង់ប្រាង្គប្រាសាទទាំងនោះឡើង ជានិមិត្តរូដ៨ឧត្តុងឧត្តមគ្មានពីរក្នុងភូមិភាគអាស៊ីអាគ្នេយ៏នេះ ។ ចំណុចមួយយ៉ាងសំខាន់បំផុត គឺប្រាង្គប្រាសាទធំៗរបស់ខ្មែរ នាសម័យបុរាណ គឺស្ថិតនៅក្នុងបរិវេណនៃទីប្រជុំជន ឬទីក្រុង ដូច្នេះហើយបានជាគេពុំអាចផ្ដាច់សម្ព័នភាព រវាងប្រាសាទ និងទីក្រុងឡើយ ដោយមូលហេតុខាងលើនេះ ។ បើនិយាយម្យ៉ាងទៀតប្រាសាទខ្មែរ បំពេញនាទីជាបូជនីយដ្ឋាន និងជាមណ្ឌល នយោបាយ សេដ្ឋកិច្ច ។
តួនាទីប្រាង្គប្រាសាទ និងព្រះបដិមាខ្មែរ នាសម័យមហានគរ
[កែប្រែ]នៅក្នុងតំបន់អង្គរដែលមានទំហំ២៣០គីឡូម៉ែត្រក្រឡា មានប្រាសាទជាង៥០០ទៅហើយ នេះឥតនិយាយដល់ប្រាសាទមួយចំនួន នៅប្រទេសលាវ និងប្រទេសសៀមផង ។ ប្រាសាទខ្មែរ ជាបូជនីយដ្ឋាន បូជនីយ៏ដ្ឋានឬជាទីស្ថានពោលគឺជាផ្ទះ អាស្រមកុដិរបស់ព្រះអាទិត្យ ដែលធ្វើឡើងតាមលំនាំនៃលោកធាតុបែបឥណ្ឌា ។ ម្យ៉ាងវិញទៀត ប្រាសាទខ្មែរ ក៏តំណាងអោយភ្នំសុមេរុខ្ពស់ជាងគេបំផុត ស្ថិតចំកណ្ដាលចក្រវាឡ ដែលជាស្ថានសួគ៌នៅលើមេឃ ក៏ប៉ុន្តែនេះគ្រាន់តែមានលណ្ខណ:បំព្រួញតូចតែប៉ុណ្ណោះ ។ ដូចនៅប្រទេសឥណ្ឌា ប្រាសាទភ្នំកណ្ដាលភាគច្រើន ក៏ជាទីក្រុងឬរាជធានី ដែលប្រសូត្រចេញពីទស្សនៈវិជ្ជាខាងលើនេះដែរ ។ និមិត្តរូបភាពនៃប្រាសាទ និមិត្តរូបភាពនៃទីក្រុងខ្មែរបុរាណ មានសម្ព័ន្ធភាពយ៉ាងជិតស្និតជាទីបំផុត ។ គប្បីបញ្ជាក់ផងដែរថា នៅពេលណាដែលយើងយល់ច្បាស់នូវលក្ខណៈសម្បត្តិដ៏វិសេសវិសាលខាងលើនេះ របស់វិស័យស្ថាបត្យកម្មប្រាសាទខ្មែរ នាសម័យបុរាណ យើងក៏អាចយល់បាននូវសារប្រយោជន៏ដ៏ពិតៗរបស់វា សម្រាប់ការចងក្រងទំព័រប្រវត្តិសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជាឡើងវិញដែរ ។ តាមពិត តាមរយៈទីតាំងនៃប្រាង្គប្រាសាទទាំងនោះ យើងអាចនឹងប្រមើល ឃើញយ៉ាងច្បាស់លាស់ នូវវិបុលភាព និងវិសាលភាពរបស់ភូមិសាស្ត្រខ្មែរបុរាណ ។ ឧទាហរណ៏ យើងអាចនឹងសម្គាល់ភូមិសាស្ត្រនៃ ព្រះរាជាណាចក្រកម្ពុជា នាសម័យបុរាណដោយងាយ បានតាមរយៈវត្តមានស្លាកស្នាមប្រាសាទខ្មែរ ដែលបានបន្សល់ទុក ។ ដោយហេតុថា កន្លែងណាដែលមានស្លាកស្នាមប្រាសាទ ទោះធំក្ដី តូចក្ដី កន្លែងនោះ គឺជាទឹកដីរបស់ខ្មែរ នាសម័យណាមួយ ដែលគេអាចកំណត់បានដោយងាយស្រួលក្នុងប្រវត្តិសាស្ដ្រកម្ពុជា ។ ដោយឡែក រចនាបថនៃចម្លាក់ ឬក្បាច់ក្បូរនៃប្រាង្គប្រាសាទទាំងនោះ គ៏ជាសញ្ញាណ បង្ហាញនូវការវិត្តន៏របស់សិល្បៈ និងការអភិវឌ្ឍន៏នៃតំបន់ផងដែរ ។ យើងក័សូមជម្រាបផងដែរថា វត្តអារាមខាងព្រះពុទ្ធសាសនា ក៏មានអត្តន័យ និងអត្ថរស់ ដូចវិស័យស្ថាបត្យកម្មនៃប្រាង្គប្រាសាទបែបព្រាហ្មណ៏សាសនាដែរ ។ តាមលោក ជីវតាក្វាន់ នៅតាមវត្តអារាមខ្មែរធ្វើអំពីឈើនៅក្នុងទីក្រុងអង្គរធម គេឃើញមានតម្កល់នូវរូបព្រះពុទ្ធអង្គ ។ សូមកុំភ្លេចថា ចំពោះខ្មែរបុរាណាការបូជាព្រះពុទ្ធអង្គតាំងនោះ ធ្វើអោយជីវិតរបស់ពួកគេមានន័យ ក្នុងករណីណាដែល ការបូជាផ្ដល់នូវសុភមង្គលគួរជា ជាទីគាប់ចិត្តរបស់មនុស្ស ។ ការបូជានៃព្រះបដិមាទាំងនោះក៏ជាមាគ៌ាមួយខ្ពស់ សម្រាប់ទទួលនូវជ័យជម្នះលើកម្លាំងអាក្រក់ ហើយក៏ជាប្រភពនៃសាមគ្គីភាពផងដែរ ។ ឥលូវនេះ យើងឆ្លៀតឪកាសសូមពិពណ៌នា អំពីនាទិរបស់បដិមាសាស្ត្ររបស់បដិមាសាស្រ្តក្នុងប្រាង្គប្រាសាទខ្មែរវិញម្ដង ។ ការសិក្សាស្វែងយល់អមពីបដិមាសាស្រ្តរបស់ ជនជាតិខ្មែរ តាំងពីសម័យបុរេអង្គរ រហូតដល់បច្ចុប្បន្ននេះ ថ្វីត្បិតតែមួយភាគធំនៃទឹកដីអតីតព្រះរាជាណាចក្រកម្ពុជាបុរាណ ត្រូវបានផ្ដាច់ចេញពីភូមិសាស្ត្រជាប្រវត្តិសាស្ត្រយ៉ាងណាក្ដី គ៏ការស្រាវជ្រាវវិភាគបានអោយដឹងថា សិល្បៈខ្មែរទោះជាស្ថិតនៅក្នុងសម័យកាលខុសៗគ្នាយ៉ាងនាក៏ដោយ ក៏បានរក្សានូវឯកភាពជានិច្ចដែរ ។ នេះគឺជាការធម្មតា ដែលអ្នកបុរានវិទូបានលើកយកលក្ខណៈ ឬទម្រង់ពិសេសរបស់បដិមាសាស្ត្រខ្មែរមកបង្ហាញបញ្ជាក់ នៅពេលដែលសិក្សាអំពីប្រវត្តិនៃសិល្បៈ ខ្មែរបុរាណ ។ និយាយដូចនេះ ពុំមែនមានន័យថា សិល្បៈខ្មែរមិនមានការប្រែប្រួលតាមដំណាក់កាលនីមួយៗនៃការវិវត្តិន៏របស់ប្រវត្តិសាស្ត្រនោះទេ ។ អ្វីដែលយើងចង់និយាយនៅទីនេះ គឺបដិមាសាស្ត្រខ្មែរ ដែលភាគច្រើនតមនាងអោយព្រះអាទិទេពបែបព្រាហ្មណ៏និងពុទ្ធនិយម មិនបានប្រែប្រួលលក្ខណៈ ដើម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ តាំងពីបុរាណកាលរហូត ដល់សម័យកាលក្រោយៗ មករហូតដល់សព្វថ្ងៃនេះ ។ ដូចនេះហើយទោះជាសិល្បៈខ្មែរ ស្ថិតនៅទីណាក៏ដោយ ដូចជានោប្រទេសថៃ លាវ ឬយៀកណាមខាងត្បូងជាដើម យើងនៅតែសម្គាល់បានថាជាស្នាដៃ ឬជាកេរដំណែលរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុក ។ ចំណុចចាំបាច់មួយទៀត ដែលយើងត្រូវចងចាំគឺបដិមាសាស្ត្រខ្មែរ រួមមានស្ថាបត្យកម្មប្រាសាទបុរាណ និងក្បាច់ផ្ដែរជាដើម ដែលត្រូវសាងសង់ឡើងនោះ គឺសម្រាប់មូលហេតុជំនឿសាសនា ។ សូមរំលឹកថា អត្ថបទសិលាចារឹកសប្បាកខាងលើបានបង្ហាញអោយដឹងថា ការគោរពសក្ការៈព្រះពុទ្ធអវលោកេស្វរៈទាំង៩ព្រះអង្គនៃនិកាយវជ្រយាន គឺធ្វើឡើងក្នុងគោលបំនងផ្ដល់នូវសិរីមង្គលនិងជ័យជម្នះ ដល់ព្រះរាជនគរខ្មែរ ពោលគឺកុំអោយជ្វារុករានទន្ទ្រានបានតទៅទៀត ។ ដូច្នេះការជួសជុលនូវព្រះពុទ្ធរូប ដោយព្រះគ្រូធរណិន្ទ្របុរៈ ឬការសាងព្រះពុទ្ធរូដោយព្រះធនុ ដែលជាសិស្សគប្បីសម្អាងលើខ្លឹមសារចារឹក គឺធ្វើឡើងប្រយោជន៨អោយរជ្ជកាលរបស់ ព្រះបាទឧទយាទិត្យវ័រ្មនទេវៈ បានប្រកបដោយសិរីមង្គល និងសូមអោយទ្រង់មានអំណាចយឺនយូរ ស្ថិតស្ថេរដរាបដូចផែនដី ព្រះចន្ទ និងព្រះអាទិត្យដូច្នោះដែរ ។ ព្រះបិមាជាច្រើនប្រភេទ ដែលគេបានយកទៅតម្កល់ក្នុងប្រាង្គប្រាសាទ នៅទោលឬជុំគ្នជាត្រីម៌ូតិ មិនគ្រាន់តែតំណាងនូវព្រះអាទិទេពនៃលទ្ធិព្រហ្មញ្ញសាសនាតែ ប៉ុណ្ណោះទេ ដូចជាព្រះសិវៈ ព្រះនារាយន៏ជាដើម គឺតំណាងអោយបុព្វការីជន ដែលបានចែកឋានទៅ ក៏ប៉ុន្តែព្រលឹងពួកគេបានមក សណ្ធិតនៅក្នុងព្រះរូបថ្មទាំងនោះ ។ ដូចនេះ រូបទាំងនោះក៏តំណាងអោយបុព្វការីជនផងដែរ ។ ជាផ្នែកមួយនៃវប្បធម៌ខ្មែរបុរាណ ការសិក្សាវិភាគស៊ីជម្រៅនៃវិស័យបដិមាសាស្ត្របុរាណ អាចផ្ដល់ចំពោះយើងនូវព័ត៌មានមួយចំនួនដូចតទៅនេះ ។ ការពិតបដិមាសាស្រ្តខ្មែរបុរាណ តំណាងអោយព្រះនារាយណ៏ ព្រះឥសូរ និងព្រះគណេសជាដើមធ្វើឡើងសម្រាប់លំអ ឬក៨តុបតែងបូជណីយដ្ឋាននានា ឬក៏សម្រាប់សាសនិកជនគោរពសក្ការៈបូជា ។ ម៉្យាងវិញទៀត គប្បីត្រូវជ្រាបផងដែរថា នៅក្នុងសង្គមខ្មែរ បដិមាសាស្ត្រ បានរួមចំនែកអប់រំមនុស្សអោយធ្វើអំពើល្អ ពោលគឺសិល ពន្យល់ពីតម្លៃនៃធម៌និងលើកកម្ពស់ លទ្ធិសាសនាទាំង ព្រហ្មញញ្ញសាសនា ទាំងព្រះពុទ្ធសាសនា ទាំងសាសនាដូនតាថែមទៀតផង ។ ក្រៅពីនេះ ពីតាមរយៈព្រះបដិមាបុរាណទាំងនោះ យើងក៏អាចសម្គាល់នូវលក្ខណៈរបស់ សិល្បៈជាតិខ្មែរតាំងតែពីដើមស.វ ទី១ នៃគ.ស រហូតដល់សម័យកាលណាមួយប្រាកដពុំខាន ។ នៅពេលដែលគេគ្មានឯកសារជាលាយលក្ខណ៏អក្សរចារលើថ្ម ឬសិលាចារឹក សារៈសំខាន់មួយទៀតរបស់រូបចំលាក់បុរាណទាំងនោះគឺការធ្វើអោយយើងដឹងនូវកាលបរិច្ឆេទ តាមរយៈរចនាបថតំណាងអោយសម័យកាលនីមួយៗ ។ តាមការវិភាគខាងលើ យើងអាចទទួលស្គាល់បានថា បដិមាសាស្រ្តខ្មែរ មានអត្ថប្រយោជន៏អនេកក្រៅពីសោភណ្ឌភាពវា អាចផ្ដល់ជូនយើងនូវទិន្នន័យ ទាក់ទិនទៅនឹងវិស័យវប្បធម៌ជាតិយ៉ាងពិតប្រាកដ ។ តាមរយៈការពិនិត្យវិភាគចម្លាក់តមណាងនូវព្រះអាទិទេពអង្គរ យើងមិនគ្រាន់តែរំភើបញាប់ញ័រ ប៉ុណ្ណោះទេ ពីព្រោះវិចិត្រករបុរាណ មានទេពកោសល្យខ្ពស់ ក្នុងការសម្ដែងនូវទេពកោសល្យខ្ពស់របស់គេ ក៏ប៉ុន្តែលើសពីនេះទៅទៀត ទាក់ទងទៅនឹងវិស័យស្មារតី ចិត្តគំនិត ជំនឿសាសនា ។ អ្វីទាំងអស់នេះគឺជាមែកធាងនៃវប្បធម៌ខ្មែរ បដិមាសាស្ត្របុរាណដែលមាន ការរីកចម្រើន ជឿនលឿនអស្ចារ្យ បានផ្ដល់នូវកិតិ្តយស និងកិត្តិនាមដ៏ល្អប្រពៃដែលជា សេចក្ដីថ្លៃថ្នូររបស់ជាតិសាសន៏ខ្មែរទាំងមូល គួរជាទីមោទនៈភាព។ ចាប់តាំងពីស.វទី១៨មក មានចលនាផ្លាស់ប្ដូរនូវទំរង់ប្រាសាទខ្មែរនាសម័យអង្គរ ណោក្នុងភូមិភាគឥសាននៃប្រទេសថៃបច្ចុប្បន្នដែលបានប្រែក្លាយរចនាបថ អង្គរអោយទៅជាព្រះចេតិយ ឬព្រះធាតុ(ថាត) ដោយការមកដល់នៃជនជាតិលាវក្នុងតំបន់នេះ ។ ទន្ទឹមនឹងនេះដែរ ជនជាតិខ្មែរក្នុងភូមិភាគនេះ ក៏ចាប់ផ្ដើមទទួលយកឥទ្ធិពល ខាងស្ថាបត្យកម្មវត្តអារាមលាវ និងថៃផងដែរ ដែលទទួលបាននូវការពេញនិយមរបស់ពួកគេចាប់តាំងពីពេលនោះមក ។