Jump to content

នើវ៉ាណា

ពីវិគីភីឌា
នើវ៉ាណា
លោកខឺត កូបេន (ពីមុខ) និងលោកគ្រីស ណូវ៉ូសែលិច ប្រគំតន្ត្រីនៅកម្មវិធីពានរង្វាន់វីដេអូចម្រៀងឆ្នាំ 1992 របស់ប៉ុស្តិ៍ទូរទស្សន៍អឹមធីវី (1992 MTV Video Music Awards)
លោកខឺត កូបេន (ពីមុខ) និងលោកគ្រីស ណូវ៉ូសែលិច ប្រគំតន្ត្រីនៅកម្មវិធីពានរង្វាន់វីដេអូចម្រៀងឆ្នាំ 1992 របស់ប៉ុស្តិ៍ទូរទស្សន៍អឹមធីវី (1992 MTV Video Music Awards)
ព័ត៌មានផ្ទៃខាងក្រោយ
ដើមកំណើតទីក្រុងអាប៊ែដិន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
ប្រភេទ
ឆ្នាំសកម្ម1987–1994
ស្លាកតន្ត្រី
អំពើដែលជាប់ទាក់ទង
គេហទំព័រnirvana.com
អតីតសមាជិក
អតីតសមាជិក

ក្រុមភ្លេងនើវ៉ាណា (Nirvana) ជាក្រុមភ្លេងមួយមានប្រភពមកពីទីក្រុងអាប៊ែដិន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលចាប់ផ្ដើមមានប្រជាប្រិយភាពខ្លាំងក្លា ក្រោយបានចេញអាល់ប៊ុមទីបីរបស់ខ្លួនឈ្មោះ ណេវើម៉ាញ (Nevermind)

ឈ្មោះក្រុម

[កែប្រែ]

ពេលបង្កើតឡើងនៅឆ្នាំ 1987 ក្រុមនេះមានឈ្មោះផ្សេងច្រើន មាន “ហ្វីកាល ម៉ាទ័រ” (Fecal Matter) “ស្គីត រ៉ូ” (Skid Row) និង “ថេត អេត ហ្វ្រេដ” (Ted Ed Fred)។ ក្រោយមក ក្រុមនោះយកឈ្មោះថា “នើវ៉ាណា” (Nirvana) ដែលជាពាក្យសំស្ក្រឹត មានន័យបង្កប់ថា “និព្វាន” ឬបើតាមលោកកូបេននិយាយ គឺ “សេចក្ដីរួចផុតពីភាពពិបាកវេទនា”។

ប្រវត្តិក្រុម

[កែប្រែ]

ក្រុមភ្លេងនើវ៉ាណា (Nirvana) ជាក្រុមភ្លេងមួយមានប្រភពមកពីរដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ធរមានពីឆ្នាំ 1987 ដល់ឆ្នាំ 1994។ ក្រុមភ្លេងនេះមានសមាជិកបីរូបគឺ លោក “ខឺត កូបេន” (Kurt Cobain) ជាអ្នកច្រៀង និងលេងហ្គីតាប្រចាំក្រុម លោក “គ្រីស ណូវ៉ូសែលេច” (Krist Novoselic) ជាអ្នកលេងហ្គីតាបាស (Bass Guitar) ប្រចាំក្រុម និងលោក “ដេវ ហ្គ្រល” (Dave Grohl) ជាអ្នកវាយស្គរប្រចាំក្រុម។

ដំបូងឡើយ ក្រុមនេះមានតែលោកខឺត កូបេន និងលោកគ្រីស ណូវ៉ូសែលេចទេ ហើយលោកដេវ ហ្គ្រលមិននៅក្នុងក្រុមនោះផង។ ក្រោយពីប្ដូរអ្នកវាយស្គរអស់បួនលើក ក៏ជាក្ដីសំណាង ចំពេលក្រុមភ្លេង “ស្គ្រីម” (Scream) ដែលលោកដេវនៅនោះបែកបាក់ រួចមិត្តរបស់គាត់ម្នាក់ដែលស្គាល់ក្រុមភ្លេងនើវ៉ាណាឱ្យលោកដេវទៅទាក់ទងក្រុមនើវ៉ាណា ពីព្រោះក្រុមនើវ៉ាណាកំពុងត្រូវការអ្នកវាយស្គរ។ ក្រោយវាយស្គរឱ្យខឺត និងគ្រីសមើល លោកខឺតពេញចិត្តនិងរបៀបលេងរបស់គាត់ ក៏ឱ្យលោកដេវ ចូលជាអ្នកវាយស្គរប្រចាំក្រុមទីប្រាំ។ ឯលោក “ផាត ស្មៀរ” (Pat Smear) គ្រាន់តែជាអ្នកលេងហ្គីតាជាមួយលោកខឺត កូបេន (Kurt Cobain) ពេលទៅប្រគំតន្ដ្រីនៅទីសាធារណៈតែប៉ុណ្ណោះ។

និមិត្តសញ្ញានៃក្រុមភ្លេងនើវ៉ាណា

ក្រុមភ្លេងនេះបានបើកទ្វារឱ្យក្រុមភ្លេងដែលមានប្រភពមកពីទីក្រុងស៊ីតថលផ្សេងទៀត ចូលទៅក្នុងល្បែងភ្លេង ដោយបានបង្កើតប្រភេទភ្លេងមួយថ្មីឈ្មោះថា “ហ្គ្រឹញ” (Grunge)។ ភ្លេងហ្គ្រឹញ ជាភ្លេងមួយមានភ្លេងបែបរ៉ុក (Rock) និងបែបផឹង (Punk) លាយបញ្ចូលគ្នា ព្រមទាំងមានល្បឿនភ្លេងដោយផ្ទាល់។

អាល់ប៊ុមទាំងបី

[កែប្រែ]

ក្រុមភ្លេងនើវ៉ាណា (Nirvana) មានអាល់ប៊ុមធំៗសរុបបី មានដូចជាប្ល៊ីច (Bleach) ឆ្នាំ1989 ណេវើម៉ាញ (Nevermind) ឆ្នាំ1991 និងអ៊ីន យូទែរ៉ូ (In Utero) ឆ្នាំ1993។ អាល់ប៊ុមប្ល៊ីច ចំណាយអស់ថវិកាត្រឹមតែ 600 ដុល្លារប៉ុណ្ណោះ។

ចំពោះអាល់ប៊ុមណេវើម៉ាញ នាខែកញ្ញា ឆ្នាំ1991 នេះវិញ ជាអាល់ប៊ុមមួយដែលបញ្ឆេះនូវបដិវត្ដន៍ចម្រៀងមួយដ៏មហាក្ដៅគគុក។ ក្រុមនើវ៉ាណា បានកញ្ឆក់យកចំណាត់ថ្នាក់លេខមួយក្នុងតារាងបទចម្រៀងក្ដៅៗ 100 របស់ប៊ីលបត (Billboard Hot 100) ប្រចាំដើមឆ្នាំ1992 តែម្ដង។

ចំណែកអាល់ប៊ុមអ៊ីន យូទែរ៉ូនៃឆ្នាំ1993 វិញ ក៏បាននូវការទទួលស្គាល់ និងគាំទ្រមិនចាញ់អាល់ប៊ុមណេវើម៉ាញផងដែរ។

ភាពប៉ិនប្រសប់របស់ខឺត

[កែប្រែ]

ភាពល្បីល្បាញនេះក៏ដោយសារតែភាពចំណាន ប៉ិនប្រសប់របស់ការតាក់តែងចម្រៀងរបស់ខឺតដោយបទខ្លះដូចបទភាពល្ងង់ខ្លៅ (Dumb) ចំណាយពេលតែកន្លះម៉ោងទេក្នុងការនិពន្ធ ផ្សំទៅដោយការបង្កប់ន័យដ៏ជក់ចិត្តដល់អ្នកស្ដាប់។ មួយវិញសោត ក្រោយពេលប្រគំបទចុងក្រោយរួច ខឺតតែងស្ដោះទឹកមាត់ដាក់កាមេរ៉ានៃកម្មវិធី បំផ្លាញឧបករណ៍ភ្លេងនៅលើឆាកចោលដូចជាហ្គីតារបស់គាត់ និងរត់បុកចូលតំបន់ស្គរ ព្រមទាំងលោតពីលើឆាកទៅលើអ្នកមកមើលទៀតផង។

រយៈកាលចុងក្រោយនៃក្រុម

[កែប្រែ]

ទោះបីជាក្រុមនេះល្បីរីកសាយនាមជុំវិញសកលពិតមែន ក៏គួរឱ្យស្ដាយផងដែរ ក្រុមនើវ៉ាណាបានបែកបាក់ក្នុងឆ្នាំ1994 អំឡុងពេលដែលលោកខឺត កូបេនសម្លាប់ខ្លួនដោយបាញ់កាំភ្លើងរះចូលមាត់ លាយឡំទៅដោយការប្រើគ្រឿងញៀនហេរ៉ូអ៊ីន (Heroin)។ សមាជិកដែលនៅសល់នោះចែកផ្លូវគ្នាផងដែរ ដូចលោកដេវ ហ្គ្រលបានបង្កើតក្រុមភ្លេងថ្មីមួយទៀតមានឈ្មោះហ្វូ ហ្វាយទ័រ (Foo Fighters) ដើម្បីបំបាត់ក្ដីបាក់ទឹកចិត្តក្រោយពីមិត្តស្និទ្ធរបស់គាត់ លោកខឺត កូបេនសម្លាប់ខ្លួន។ រីឯលោកលោកគ្រីស ណូវ៉ូសែលេចបានបង្កើតនូវក្រុមផ្ទាល់ខ្លួនផងដែរ ឈ្មោះស្វ៊ីត 75 (Sweet 75) ហើយក៏បានចូលក្នុងវិស័យនយោបាយផងដែរ។

បទដែលល្បីល្បាញរបស់ក្រុម

[កែប្រែ]

បទល្បីល្បាញមួយចំនួនរបស់ក្រុមនើវ៉ាណានោះមានសូមមកជាខ្លួនប្រាកដ (Come As You Are) ធុំដូចធីនស្ពៀរីត (Smells Like Teen Spirit) ប្រអប់រាងបេះដូង (Heart-Shaped Box) អំពីស្រីម្នាក់ (About a Girl) លីចូម (Lithium) ក្ដីអភ័យទោសទាំងឡាយ (All Apologies) និង តែផេននីរ៉ូយ៉ាល់ (Pennyroyal Tea) ជាដើម។ បទខ្លះមានន័យអាក្រក់មែនក្ដី តែមានបំណងប្រឆាំងនឹងអំពើអ្វីមួយ ជាក់ស្ដែងបទ រំលោភខ្ញុំទៅ (Rape Me) និងបទប៉ូលី (Polly) ដែលជាបទប្រឆាំងនឹងអំពើរំលោភនារី។ ក្រុមនេះមានភ្លេងចម្រៀងបែបធ្ងន់ៗ ដូចជា កូនចៅគ្មានក្លិន (Scentless Apprentice) សំឡេងស្នេហ៍ (Love Buzz) ឥតចប់ ឥតឈ្មោះ (Endless, Nameless) និងបទផ្សេងៗទៀត។

កេរដំណែលក្រុម

[កែប្រែ]

ក្រុមភ្លេងដែលមាននាមដ៏ល្បីឆ្នើម រន្ទឺឮជុំវិញពិភពលោកនោះប្រចាំទសវត្សរ៍1990 ត្រូវបានគេដាក់ចំណងជើងបទមួយរបស់ក្រុមឈ្មោះ សូមមកជាខ្លួនប្រាកដ (Come As You Are) ជាពាក្យបាវចនាផ្លូវការរបស់ទីក្រុងអាប៊ែដិន (Aberdeen) រដ្ឋវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក។