បណ្ឌិតកថា
ពុទ្ធសាសនិកជនទាំងឡាយ !
ថ្ងៃនេះជាថ្ងៃឧបោសថ ដែលពុទ្ធបរិស័ទជាគ្រហស្ថ គួរលះបង់កង្វល់ក្នុងផ្ទះ អប់រំឧបោសថសីល ដើម្បីញាំញីរាគៈ ទោសៈ មោហៈ មានៈ ជាដើម ។ ដើម្បីធ្វើឧបោសថឲ្យមានផលច្រើនគួរបំពេញកិច្ចពិសេសតាមកាលគួរ គឺការស្ដាប់ធម្មទេសនា ការសាកសួរធម៌ ការហាត់ធ្វើឧបោសថ ។ ឯកាលនេះ ជាកាលគួរស្ដាប់ធម្មទេសនា ។
វិទ្យុជាតិ ផ្សាយធម្មទេសនា អំពីបណ្ឌិតកថា ជូនជាសណ្ដាប់ចំពោះពុទ្ធបរិស័ទ ដើម្បីនឹងតម្រូវនឹងឧបោសថកាលផង ដើម្បីជួយអបរំចរិតអធ្យាស្រ័យ នៃមនុស្សជាតិឲ្យងាកចេញ អំពីពាលភាពមកកាន់បណ្ឌិតភាព តាមន័យនៃពុទ្ធទស្សនៈផង ។
ព្រះពុទ្ធជាបណ្ឌិតឯងខាងសន្តិភាព ឥតមានអាមិស មានការពិសោធន៍គ្រប់គ្រាន់ ទ្រង់ណែនាំពួកសត្វឲ្យលះបង់អំពើពាល ដែលបណ្ដាលឲ្យកើតទុក្ខទោស ភ័យ អន្តរាយ ឧបសគ្គ គ្រោះថ្នាក់ ឧបទ្រពអពមង្គលគ្រប់ប្រការ ឲ្យឧស្សាហ៍បំពេញអំពើបណ្ឌិត ដែលប្រព្រឹត្តទៅដើម្បីសុខសួស្ដី សិរីមង្គលគ្រប់យ៉ាង បានខាងសុខមនុស្ស សុខសួគ៌ សុខនិព្វានគ្មានកង្វល់រវល់នឹងកើតចាស់ស្លាប់ជាអវសាន ទ្រង់ទូន្មានបុគ្គលដែលជាពាល ឲ្យប្រញាប់ប្រញាល់ឆ្នៃខ្លួនឲ្យជាបណ្ឌិតទ្រង់ឲ្យឱវាទបន្ថែមដល់បណ្ឌិតឲ្យរឹតតែកាន់ភាពបណ្ឌិតល្អឡើង ។
សឹងមានព្រះពុទ្ធភាសិតពីរគាថាក្នុងធម្មបទ បណ្ឌិតវគ្គ ដែលមានអត្ថន័យសំដែងអំពីបណ្ឌិត នឹងធម៌របស់បណ្ឌិតជានិទស្សន៍ថា ៖
កណ្ហំ ធម្មំ វិប្បហាយ សុក្កំ ភាវេថ បណ្ឌិតោ
ឱកា អនោកមាគម្ម វីវេកេ យត្ថ ទូរមំ
តត្រាភិវតិមិច្ឆេយ្យ ហិត្វា កាមេ អកិញ្ចនោ
បរិយោទបេយ្យ អត្តានំ ចិត្តក្លេសេហិ បណ្ឌិតោ ។
បណ្ឌិតចេញចាកអាល័យ អាស្រ័យនិព្វាន ឥតអាល័យ គប្បីលះឲ្យស្រឡះនូវធម៌ខ្មៅ គប្បីចំរើននូវធម៌ស បណ្ឌិតលះបង់ នូវកាមទាំងឡាយអស់កង្វល់ គប្បីប្រាថ្នានូវសេចក្ដីត្រេកអរក្រៃលែងក្នុងវិវេក ដែលសត្វកម្រត្រេកអររក គប្បីញ៉ាំងខ្លួនឲ្យស្អាតផូរផង់ ចាកធម៌ទាំងឡាយជាគ្រឿងសៅហ្មងចិត្ត ។
សេចក្ដីអធិប្បាយ ៖
ពាក្យថា "បណ្ឌិត" បានសេចក្ដីថា អ្នកប្រព្រឹត្តទៅដោយបញ្ញាដោយញាណគតិអ្នកប្រកបដោយបញ្ញាស្អាត អ្នកប្រាជ្ញ អ្នកមានប្រាជ្ញាអ្នកចេះដឹង អ្នកចេះសំដែងសេចក្ដីច្បាស់លាស់ អ្នកចេះវែកញែកបើកបង្ហាញសំដែងពន្យល់ ឲ្យងាយយល់នូវអាថ៌ធម៌ អ្នកឈ្លាស អ្នកប៉ិនប្រសប់ អ្នកវាងវៃមានប្រាជ្ញារឹងប៉ឹង អ្នកមានប្រាជ្ញាខ្ជាប់ខ្លួន អ្នកមានប្រាជ្ញកាប់ឆ្កា អ្នកចេះលៃលក អ្នកមានញាណ អ្នកមានមតិល្អ អ្នកមានឧត្ដគតិ អ្នកចេះអប់រំខ្លួនដោយសុចរិត ។
ពាក្យថា ចេញចាកអាល័យ អាស្រ័យនៅព្រះនិព្វានគ្មានអាល័យបានសេចក្ដីថា ចេញចាកកំនៅគឺ ឃរាវាសធម៌ ជាលំនៅតណ្ហា ជាចំណងមារ ជាគ្រឿងអាឡោះអាល័យរបស់ចិត្ត ដែលធ្លាប់ដេកត្រាំ លះភេទគ្រហស្ថទាំងអស់ហើយតោងយកព្រះនិព្វាន ដែលចេញផុតអាល័យគឺតណ្ហាឲ្យជាអារម្មណ៍ ហើយបំពេញនេក្ខម្មក្នុងសាសនា ។
ពាក្យថា គប្បីលះបង់ឲ្យស្រឡះនូវធម៌ខ្មៅ បានសេចក្ដីថាកាលបានបួសហើយ គួរលះបង់នូវអកុសលទាំងអស់ មានទុចរិតជាដើម ហើយបំពេញចតុប្បារិសុទ្ធិសីលឲ្យផូរផង់ឲ្យស្អាត ឲ្យបរិបូណ៌ជាអបរិមាណ ។
ពាក្យថា គប្បីចំរើននូវធម៌ស បានសេចក្ដីថា គួរប្រឹងប្រែងព្យាយាមតាំងសម្មប្បធាន ៤ ឲ្យម៉ឺងម៉ាត់នឹងឥទ្ធិបាទ ៤ ឲ្យរឹងប៉ឺង បំពេញនូវកុសលធម៌ទាំងអស់ មានសុចរិតជាដើមឲ្យបានចំរើន ធ្វើសមាធិចិត្តឲ្យមាំមួនដរាបដល់បានអរហត្តមគ្គ ។
ពាក្យថា លះបង់នូវកាមទាំងឡាយឲ្យអស់កង្វល់ បានសេចក្ដីថាលះបង់ ផ្ដាច់បង់ រំលើងចោលនូវកាម ២ យ៉ាងគឺ វត្ថុកាម បានដល់កាមគុណារម្មណ៍ ៥ ឧបភោគបរិភោគវត្ថុ សវិញ្ញាណកាវិញ្ញាណកវត្ថុ ។ កិលេសកាម បានដល់ឆន្ទៈ រាគៈ សង្កប្បៈ តណ្ហា ស្នេហៈ មុច្ឆា អជ្ឈោសានៈ យោគៈ ឧបាទាន ចំពោះវត្ថុកាមនោះ ហើយអស់មានការរវល់ខ្វល់ស្មុគ្រស្មាញ ព្រោះកង្វល់គឺ រាគៈ ទោសៈ មោហៈ មានៈ ទិដ្ឋិនៅជាស្រួល ។
ពាក្យថា គប្បីប្រាថ្នានូវសេចក្ដីត្រេកអរក្រៃលែងក្នុងវិវេក ដែលពួកសត្វកម្រត្រេកអររក បានសេចក្ដីថា បន្ទាប់មក ចង់បាននូវសេចក្ដីរីករាយស្រោះស្រាយ កន្លងនូវសេចក្ដីរីករាយប្រកបដោយអាមិល ក្នុងព្រះនិព្វានដ៏ស្ងប់ស្ងាត់ចាកកិលេស ខន្ធ អភិសង្ខារ បានដោយងាយ ព្រោះសេចក្ដីត្រេកអររីករាយបែបនេះ ពួកសត្វដែលត្រូវកាមនឹងកង្វល់រួបរឹតជិះជាន់ញាំញីជានិច្ច ពុំបានឱកាសត្រេកអរនឹកដល់ទេ ។
ពាក្យថា គប្បីញ៉ាំងខ្លួនឲ្យស្អាតផូរផង ចាកធម៌ទាំងឡាយជាគ្រឿងសៅហ្មងចិត្ត បានសេចក្ដីថា តមកទៀត គប្បីដុសខាត់ខាត់អាត្ម័នគឺចិត្ត ឲ្យរឹតតែផូរផង់ពិសេសជាងនោះទៅទៀត ឲ្យជ្រះរលីងអំពីកិលេសរបស់ចិត្ត គឺនីវរណធម៌ ៥ យ៉ាង ។
បណ្ឌិតលោកយកនិព្វានជាអារម្មណ៍ហើយ ឈានទៅកាន់និព្វានសោយនេក្ខម្មៈ សីល សមាធិ បញ្ញា ដរាបសម្រេចអវសានកិច្ច ។
បណ្ឌិតចែកដោយន័យ ជាដំណើរមក ដោយសង្ខេបមាន ៤០ គឺ៖
[កែប្រែ]១- សីប្បិយបណ្ឌិត = បណ្ឌិតព្រោះស្ទាត់ខាងសិល្បៈមានសិល្បៈធ្នូជាដើម,
២- ឧគ្គណ្ហនបណ្ឌិត = បណ្ឌិតព្រោះរៀនចេះអក្សរសាស្ត្រ ធម្មសាស្ត្រ បរិយត្តិជាដើម,
៣- ពាហុសច្ចបណ្ឌិត = បណ្ឌិតព្រោះចេះចាំច្រើន រៀនសូត្រស្ដាប់ច្រើន,
៤- បណ្ឌិតបសំសេវបណ្ឌិត = បណ្ឌិតព្រោះចូលសេពបណ្ឌិតរៀនស្ដាប់ជាមួយ,
៥- សុតបណ្ឌិត = បណ្ឌិតព្រោះស្ដាប់អ្នកប្រាជ្ញសំដែងរឿយ ៗ,
៦- ចិត្តបណ្ឌិត = បណ្ឌិតព្រោះគិតត្រិះរិះ រាវរក ពិនិត្យពិសោធ ល្បង,
៧- ភាវនាបណ្ឌិត = បណ្ឌិតព្រោះការចំរើននូវគន្ធ ធាតុ អាយតនៈ ឥន្ទ្រិយ សច្ច,
៨- សជាតិបណ្ឌិត = បណ្ឌិតព្រោះមានបញ្ញាពីកំណើតដែលកើតអំពីធ្លាប់អប់រំ,
៩- អត្តវិមោចនបណ្ឌិត = បណ្ឌិតព្រោះចេះដោះខ្លួនឲ្យរួចអំពីឧបសគ្គ កណ្ដាប់ដៃសត្រូវ,
១០- ឧបាយកោសល្លបណ្ឌិត = បណ្ឌិតព្រោះឈ្លាសក្នុងឧបាយសព្វផ្លូវ,
១១- ការណាការណជាននបណ្ឌិត = បណ្ឌិតព្រោះស្គាល់ហេតុតូច-ធំ គួរមិនគួរ,
១២- លោកវត្តជាននបណ្ឌិត = បណ្ឌិតព្រោះចេះស្គាល់វត្តទំនៀមលោក ប្រើឫកពាសមតាម,
១៣- កាលវិចក្ខណបណ្ឌិត = បណ្ឌិតព្រោះប្រសប់លៃទុកដាក់ខ្លួនតាមកាលៈទេសៈ,
១៤- បញ្ហាវិស្សជ្ជនបណ្ឌិត = បណ្ឌិតព្រោះវាងវៃក្នុងការដោះស្រាយបញ្ហា,
១៥- ធនសន្និចយបណ្ឌិត = បណ្ឌិតព្រោះចេះដំកើងខ្លួនដោយសន្សំទ្រព្យឲ្យមាន,
១៦- ឃរាំវាសបណ្ឌិត = បណ្ឌិតព្រោះគ្រប់គ្រងផ្ទះ តាមប្រយោជន៍ទាន់ភ្នែកនឹងឯភ្នែក,
១៧- អជ្ឈាសយគ្គហណបណ្ឌិត = បណ្ឌិតព្រោះចេះតម្រូវអធ្យាស្រ័យ បុគ្គល បរិស័ទ,
១៨- កតញ្ញូកតវេទិបណ្ឌិត = បណ្ឌិតព្រោះដឹងគុណគេ ហើយធ្វើតបវិញ,
១៩- សង្គហបណ្ឌិត = បណ្ឌិតព្រោះចេះសង្គ្រោះដោយទាន សំដីផ្អែម ប្រយោជន៍ស្មោះស្មើ,
២០- អត្តប្បដិជគ្គនបណ្ឌិត = បណ្ឌិតព្រោះចេះថែទាំខ្លួនដោយល្អ ប្រាសចាកអកុសល,
២១- បដិរូបនិវេសនបណ្ឌិត = បណ្ឌិតព្រោះចេះដំកល់ខ្លួនក្នុងគុណដ៏សមគួរ,
២២- កល្យាណបណ្ឌិត = បណ្ឌិតព្រោះមានកល្យាណកម្ម អំពើល្អជាទីគាប់ចិត្ត,
២៣- មលនិទ្ធមបណ្ឌិត = បណ្ឌិតព្រោះព្យាយាមកំចាត់មន្ទិលដោយបំពេញកុសល,
២៤- បុញ្ញឧច្ចយបណ្ឌិត = បណ្ឌិតព្រោះចេះសន្សំបុណ្យបន្តិចម្ដង ៗ
២៥- បរិច្ចាគបណ្ឌិត = បណ្ឌិតព្រោះលះកំណាញ់បំពេញទាន,
២៦- សីលបណ្ឌិត = បណ្ឌិតព្រោះមានសីល ៥-៨-១០-៤,
២៧- បញ្ញាបណ្ឌិ = បណ្ឌិតព្រោះមានបញ្ញាដឹងនូវទុក្ខ ហេតុទុក្ខការរលត់ទុក្ខ ហេតុរលត់ទុក្ខ,
២៨- ពុទ្ធិបណ្ឌិត = បណ្ឌិតព្រោះត្រាស់ដឹងនូវសច្ចៈ ហើយឲ្យគេត្រាស់ដឹងផង,
២៩- អនុពុទ្ធិបណ្ឌិត = បណ្ឌិតព្រោះត្រាស់ដឹងនូវសច្ចៈតាមក្រោយ,
៣០- ខន្តិបណ្ឌិត = បណ្ឌិតព្រោះចេះអត់ធន់នឹងសភាវធម៌ ធម្មជាតិ អន្តរាយ,
៣១- វីរិយបណ្ឌិត = បណ្ឌិតព្រោះព្យាយាមកំចាត់កិលេសអកុសលលាមក,
៣២- អវេរបណ្ឌិត = បណ្ឌិតព្រោះមិនមានពៀរភ័យរវាងខ្លួននឹងអ្នកដទៃ,
៣៣- សមចរិយាបណ្ឌិត = បណ្ឌិតព្រោះការប្រព្រឹត្តិស្មើដោយ កាយ វាចា ចិត្ត,
៣៤- មោនបណ្ឌិត = បណ្ឌិតព្រោះការដឹងនូវលោក ព្រោះស្ងៀមចាកអកុសល,
៣៥- បច្ចវេក្ខណបណ្ឌិត = បណ្ឌិតព្រោះពិចារណាឃើញត្រកូលវ័យជាដើម វៀរចាកអកុសល,
៣៦- អត្ថគ្គហណបណ្ឌិត = បណ្ឌិតព្រោះមានបញ្ញាចក្ខុកាន់យកនូវប្រយោជន៍ទាំងពីរ,
៣៧- អត្តបរហិតបណ្ឌិត = បណ្ឌិតព្រោះធ្វើប្រយោជន៍ឲ្យខ្លួនផងឲ្យអ្នកដទៃផង,
៣៨- សុខីករណបណ្ឌិត = បណ្ឌិតព្រោះធ្វើខ្លួនឲ្យបានស្រួលឲ្យសុខសាន្ត,
៣៩- អត្តវិសោធនបណ្ឌិត = បណ្ឌិតព្រោះការឆ្នៃខ្លួនឲ្យបានចំរើនល្អ ចេះ,
៤០- កាមាទីនវទស្សនបណ្ឌិត = បណ្ឌិតព្រោះការឃើញទោសកាមគុណារម្មណ៍ ។
បណ្ឌិតទាំងនេះ មានសទិសភាពតែមួយ ដោយលក្ខណៈ ៣ គឺការធ្វើល្អ ការនិយាយស្ដីល្អ ការគិតល្អ ។ បំប្រួញមកនៅត្រឹម ៣ គឺ ៖
១- សយម្ភូបណ្ឌិត = បណ្ឌិតចេះ ដឹងឯង ដោយផលបារមីធម៌,
២- អនុបណ្ឌិត = បណ្ឌិតចេះដឹង តាមសយម្ភូបណ្ឌិត,
៣- ពីជបណ្ឌិត = បណ្ឌិតដែលមានពូជជាតិបណ្ឌិតក្នុងខ្លួន ។
ក្នុងទីនេះ គួរយក ពីជបណ្ឌិតជាប្រាមាណ ព្រោះជាខាងដើម ។
ក្នុងលោកនេះ បុគ្គលដែលបានកើតជាមនុស្សហើយ បានជាបណ្ឌិតតែម្ដង កម្រមានណាស់ ប៉ុន្តែ បុគ្គលដែលមិនក្លាយជាបណ្ឌិតសោះនោះមិនមានទេ បើទុកជាបុគ្គលនោះ កាន់អំពើពាលយ៉ាងណាក៏ដោយគង់អាចច្នៃខ្លួនបាន ដោយការសេពគប់បណ្ឌិត ព្យាយាមជាដើម ព្រោះក្នុងសន្តានរបស់គេ តែងតែមានពូជជាបណ្ឌិតឋិតនៅ ដូចជាធាតុថ្លាតែងតែមានក្នុងទឹកជ្រាំ ឬដូចជាតិរសផ្អែមតែងតែមានក្នុងផ្លែស្វាយខ្ចី ឬក៏ដូចពូជឈូកមាននៅក្នុងស្រះរីងទឹកក្នុងគិម្ភរដូវ ។ ដូច្នេះ មនុស្សឈ្មោះថាបណ្ឌិតដោយពូជជាតិបណ្ឌិត ។ ពូជជាតិបណ្ឌិតនេះនឹងដុះដាលឡើង ដោយការរៀន ដោយការសេពគប់បណ្ឌិតកល្យាណមិត្ត ដោយព្យាយាមជាដើមដូចពូជឈូកនៅក្នុងស្រះ តែងតែដុះក្នុងពេលមានទឹក ក្នុងវស្សានរដូវដូច្នោះ បើពុំដូច្នោះទេ មិនលូតលាស់ ដើម្បីបណ្ឌិតភាពឡើយ ដូចពូជឈូកមិនដុះក្នុងស្រះ ឥតដូច្នោះ ។
បុគ្គលជាពីជបណ្ឌិត អាចដើម្បីសាងខ្លួនឲ្យជាសយម្ភូបណ្ឌិត ឬអនុបណ្ឌិតបាន ដោយព្យាយាមបណ្ដុះពូជបណ្ឌិត ដោយឧបដ្ឋាន អប្បមាទ សញ្ញាមៈ ទមៈ ដោយការសេពគប់សប្បុរស, ដោយការអប់រំខ្លួនក្នុងរវាងរៀន, វិជ្ជាស្ថាន, វិទ្យាល័យ, ដោយការនៅក្នុងសំណាក់អាចារ្យចេះច្រើនមានការពិសោធន៍ច្រើន មានសីលាចា, សមរម្យស្រគត់ស្រគំ ដោយការស្ដាប់ គិត ចំរើន ដោយការលះបង់ចិត្ត គំនិត ចរិត អធ្យាស្រ័យអាក្រក់ដោយឧបាយបន្តិចម្ដង ៗ ដោយភាពទៀងត្រង់ ទន់ភ្លន់សុភាពប្រដៅងាយដោយទាន សីល ព្រហ្មវិហារ ។
ពីជបណ្ឌិត កាលបានអប់រំខ្លួនយ៉ាងនេះហើយ បានឈ្មោះថាបណ្ដុះពូជបណ្ឌិតឲ្យដុះតាមលំដាប់ យូរៗ ទៅ មានបញ្ញាចាស់ក្លា មានកំឡាំងភ្លឺថ្លា អាចមើលឃើញច្បាស់ នូវត្រៃលោក ដូចគំនរភ្លើងគគីរ ៣ ភ្នក់ធំនូវលោកដែលកើលនឹងត្រៃលក្ខណ៍ នូវភ្លើងទុក្ខ ភ្លើងកិលេស នូវសង្សារវដ្ដឥតចុងឥតដើម នូវភ័យក្នុងសំសារសាគរដ៏ធំធេងជ្រៅស្រឡូងឃើញយកឃរាវាសធម៌ពេញដោយកង្វល់សាំញាំ ។ ឃើញទេ ទោសកាមជាមេអសន្តិសុច ព្យាបាទ វិហឹសា ជាមេភ្លើង ប្រល័យលោក ដុតរោលលោក ឲ្យខ្លោចក្រៀមក្រមសៅហ្មងសោកសៅ ហើយធុញទ្រាន់នឹងលោក នឹងការកើត ចាស់ ឈឺ ស្លាប់ ឃើញច្បាស់នូវអានិសង្សនេក្ខម្មថាក្សេម ឥតកង្វល់ លះបង់ភេទគ្រហស្ថទាំងអស់ ថ្វាយជីវិតបួសក្នុងព្រះពុទ្ធសាសនាប្រាសចាកឧបករណ៍ក្នុងផ្ទះ ។
បណ្ឌិតចេញចាកអាល័យរបស់គ្រហស្ថគឺកាមតណ្ហាហើយ ក៏ផ្គងចិត្តបោះគោលលើព្រះនិព្វាន ដែលឥតអាល័យឲ្យជាអារម្មណ៍ជាខាងដើមឲ្យជាទីសម្រាប់ដើរទៅនៃចិត្ត ។ តមកលោកតាំងយកអសុតានុទស្សនៈសំវរៈ មត្តញ្ញុតា សទ្ធា វីរយៈ ជាសេនាឯក ហើយតតាំងញាំញីមារ លះបង់ឲ្យជ្រះស្រឡះនូវធម៌ខ្មៅ គឺអកុសលធម៌ទាំងអស់ ដែលជាធម៌នាំចិត្តឲ្យខ្មៅ ឲ្យសៅហ្មងល្អក់កករ នាំសត្វទៅកាន់កន្លែងខ្មៅ កំណើតខ្មៅ ឥតសិរីសុខចំរើន ដែលជាធម៌ មានឫស ៣ គឺ លោភៈ ទោសៈ មោហៈ ចែកទៅមានទុច្ចរិត ៣ ជាដើម ។ តមក លោកព្យាយាមចំរើនធម៌ស គឺកុសលធម៌ទាំងអស់ មានសុចរិតបីជាដើម ដែលជាធម៌ស្អាតបរិសុទ្ធម៉ដ្ឋចត់ផូរផង់ឥតទោស ជាធម៌នាំចិត្ត ឲ្យសឲ្យភ្លឺថ្លា នាំសត្វទៅកាន់កន្លែងស្អាតកំណើតស្អាត នាំសត្វទៅកាន់និព្វានដែលជាកន្លែងស្អាតចាកតណ្ហាមន្ទិលទុក្ខគ្រប់ប្រការ ។ លុះលោកបានចំរើនធម៌សហើយ លោកត្រូវការចង់បាននូវអភិរតិ សេចក្ដីត្រេកអរដែលកន្លងលែងនូវត្រេកអរជារបស់មនុស្សទេពតាទាំងអស់ ក្នុងវិវេកគឺអមតនិព្វាន ដែលស្ងប់ស្ងាត់សូន្យចាកឧបធិធិកិលេសទាំងអស់ អស់តណ្ហា ប្រាកចាកតម្រេក រលត់ទុក្ខ អស់កង្វល់វានវ័ណ្ត គឺតណ្ហាគ្រឿងដោត ដែលពួកសត្វកំពុងត្រូវអវិជ្ជាបិទបាំងមុខភ្នែកជិត មិនដែលនឹកឃើញ ចង់រីករាយសប្បាយសោះ ហើយលោកក៏លះបង់នូវកាម ២ យ៉ាង ៖
១- វត្ថុកាម = អារម្មណ៍របស់ជាទីត្រូវការ ឆ្ងាញ់នៃកាមលោកបានដល់អារម្មណ៍ជាទីពេញចិត្ត ៥ : រូប សំឡេង ក្លិន រស សម្ផស្ស បានដល់វិញ្ញាណកវត្ថុ គឺសំពត់ មាស ប្រាក់ ផ្ទះ ស្រែ ចំការ ស្រុក ដែន លោក សវិញ្ញាណកវត្ថុគឺ ប្រពន្ធ បុត្រ ធីតា ទាសី ទាសា គោ ក្របី ដំរី សេះ ។
២- កិលេសកាម = បានដល់សេចក្ដីពេញចិត្តតម្រេក ឆន្ទរាគ តម្រិះរកកាម សេចក្ដីគាប់ចិត្ត សេចក្ដីរីករាយត្រេកត្រអាល អន្ទះសារសាប់រសល់ជ្រួលក្នុងកាម ការស្អិតដាមក្នុងកាម សេចក្ដីក្ដៅរោលរាលរលាកព្រោះកាម ការជ្រប់ជ្រុល ងងុល ឈ្លក់ លង់ ក្នុងកាម ការក្រៀក ជាប់ ប្រកាន់ស្អិតក្នុងកាម ការរាំងរាការពារកាម លុះលះហើយលោកជាបុគ្គលទំនេរ ស្រាលអស់កង្វល់ អស់អំពល់ចិត្ត ។
លំដាប់ពីនោះ លោកសំអាតខ្លួនលោកឲ្យរឹតតែស្អាតចាកកិលេស គឺឲ្យផូរផង់រលីងចាកធម៌ដែលនាំឲ្យសៅហ្មង ធម៌ដែលនាំឲ្យចិត្តសៅហ្មងបានដល់នីវរណធម៌ ៥ យ៉ាងគឺ ៖
១- កាមច្ឆន្ទៈ សេចក្ដីទាក់ចិត្តនឹងកាម,
២- ព្យាបាទៈ សេចក្ដីឈ្នានីសបំផ្លេចបំផ្លាញ,
៣- ថីនមិទ្ធៈ សេចក្ដីងោកងុយ,
៤- ឧទ្ធច្ចកុក្កុច្ចៈ សេចក្ដីអណ្ដែតរាយមាយ,
៥- វិចិកិច្ឆា សេចក្ដីសង្ស័យ មិនអស់ហើយ ។
បណ្ឌិតថ្ពក់គោលដៅនឹងព្រះនិព្វានហើយ បានប្រព្រឹត្តធម៌បណ្ឌិតតាំងអំពីថ្នាក់ទាប កណ្ដាលរហូតថ្នាក់ឧក្កដ្ឋ ដើម្បីឲ្យសម្រេចនិព្វានក៏បានដល់នូវទីបំផុតនៃគោលដៅ ត្រង់ការអស់អាសវៈជាទីបំផុត ។
និគមវចនៈ
ពាក្យថា លះបង់នូវធម៌ខ្មៅ គួរចូលក្នុងសីល ចំរើននូវធម៌ស គួរចូលក្នុងសមាធិ, ចេញចាកអាល័យ គួរចូលក្នុងបញ្ញា, លះបង់កាមឥតកង្វល់គួរចូលក្នុងបញ្ញា, សំអាតចិត្តឲ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត គួរចូលក្នុងបញ្ញា ។
ឯកសារយោង
[កែប្រែ]- ព្រះមហា អ៊ុក អីន ទេសនាតាមវិទ្យុជាតិថ្ងៃទី ១៦-១១-១៩៥៨
- ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ធម្មបទគាថា > បណ្ឌិតវគ្គ