បុគ្គលល្អ
Appearance
បុគ្គលល្អ (បទ ផ្កាឈូករីក) | |
បុគ្គលល្អ (បទ ផ្កាឈូករីក) (១) កូនដែលល្អ ក្រោកពីគេង មុនពុកម៉ែ កូនដែលល្អ ត្រៀមឆុងតែ រៀបអាហារ កូនដែលល្អ សំអាតផ្ទះ ជួយកិច្ចការ កូនដែលល្អ មានចេតនា កត្តញ្ញូ។ (២) សិស្សដែលល្អ មានវិន័យ ខំប្រឹងរៀន សិស្សដែលល្អ មិនបំពាន គោរពគ្រូ សិស្សដែលល្អ មកទាន់ពេល មិនរអ៊ូ សិស្សដែលល្អ ដឹងគុណគ្រូ គ្មានអំណួត។ (៣) មិត្តដែលល្អ ចេះជួយគ្នា ក្នុងគ្រាក្រ មិត្តដែលល្អ រាប់បន្ត ពុំរីងស្ងូត មិត្តដែលល្អ សាមគ្គីធម៌ រៀងរហូត មិត្តដែលល្អ មិនប្រកួត យកឈ្នះចាញ់។ (៤) បងប្អូនល្អ មិនច្រណែន ចេះវែកញែក បងប្អូនល្អ ចែករំលែក ក្ដីស្រលាញ់ បងប្អូនល្អ មើលថែគ្នា កុំឯងអញ បងប្អូនល្អ សែនក្នក់ក្នាញ់ សាច់តែមួយ។ (៥) ប្រពន្ធល្អ ចេះដឹងចិត្ត ស្គាល់ខុសត្រូវ ប្រពន្ធល្អ កែតំរូវ រិះគិតជួយ ប្រពន្ធល្អ ថែប្រាក់កាក់ រៀបមុងភួយ ប្រពន្ធល្អ ជួយលើកស្ទួយ មុខមាត់ប្ដី។ (៦) ស្វាមីល្អ ខំធ្វើការ រកអនាគត ស្វាមីល្អ មិនផិតក្បត់ ទៅមានស្រី ស្វាមីល្អ ចេះថ្នាក់ថ្នម ហើយភក្ដី ស្វាមីល្អ លើកតំលៃ ភរិយា។ (៧) ពលរដ្ឋល្អ គោរពច្បាប់ ជួយសង្គម ពលរដ្ឋល្អ ប្រមូលផ្ដុំ ធ្វើការងារ ពលរដ្ឋល្អ អភិវឌ្ឍ មិនរុញរា ពលរដ្ឋល្អ ខំពុះពារ កសាងជាតិ។ និពន្ធដោយៈ សុខគឹមហេង ២៤ កញ្ញា ២០០៩ |