បុណ្យ
បុណ្យ (ភាសាបាលី បុញ្ញ) ប្រែថា គុណជាតិដែលលាងជម្រះ ដុសខាត់ សម្អាតនូវសន្តានរបស់ខ្លួនឱ្យបរិសុទ្ធស្អាតផូរផង់។
បុណ្យគឺជាទឹកចិត្ត ដ៏បរិសុទ្ធស្អាត សុខស្ងប់ដោយបីតិសោមនស្ស មិនក្តៅក្រហាយ រវើរវាយចិត្ត។ បុណ្យស្ថិតនៅលើចេតនា គឺការជ្រះថ្លា រីករាយពេញចិត្ត។ បើមិនមានចេតនា គឺការសប្បាយរីករាយ ពេញចិត្តហ្នឹងទេ ទោះបីជាយើងកំពុងតែប្រារព្ធពិធីបុណ្យសង្ឃទានក្តី បុណ្យបច្ច័យបួនក្តី បុណ្យកឋិនក្តី ឬបុណ្យផ្សេងៗទៀតក្តី ក៏មិនឈ្មោះថា ជាអ្នកធ្វើបុណ្យ ឬបានបុណ្យកុសលផលអានិសង្សសូម្បីតែបន្តិចនោះដែរ ម្ល៉ោះហើយ គ្រប់ពេលដែលធ្វើបុណ្យកុសល ទោះបីជាធ្វើបុណ្យអ្វីក៏ដោយ ត្រូវតែធ្វើចិត្តអោយបានសប្បាយ រីករាយជ្រះថ្លា អោយខ្លាំង បើមានសេចក្តីជ្រះថ្លា រីករាយ ពេញចិត្តខ្លាំងហើយ សូម្បីតែធ្វើបុណ្យតិចតួច ក៏គង់បានអានិសង្សច្រើនក្រាស់ក្រៃដែរ ទៅតាមចិត្តចេតនា ដែលជ្រះថ្លាពេញចិត្តនោះឯង។
ពាក្យថា ចេតនាក្នុងទីនេះ គឺសំដៅដល់ ការជ្រះថ្លា សប្បាយរីករាយ ពេញចិត្តក្នុងទង្វើល្អផ្សេងៗហ្នឹងឯង។ ចំណែកឯចេតនាដែលនាំឱ្យសម្រេច បានបុណ្យកុសលនេះមានបីគ្រាគឺ៖
- បុព្វចេតនាៈ ចេតនាមុនដំបូង បានដល់ ការតាំងចិត្តត្រៀម រៀបចំទុកជាមុន ដោយចិត្តជ្រះថ្លា។
- មុញ្ចនចេតនាៈ ចេតនាកំពុងធ្វើ បានដល់ រាល់សកម្មភាព ដែលកំពុងខ្វល់ខ្វាយ ចាត់ចែង ខ្នះខ្នែងដោយចិត្តជ្រះថ្លា។
- បរាបរចេតនាៈ ចេតនាក្រោយពេលធ្វើហើយ និងបន្តបន្ទាប់រៀងទៅ បានដល់ ពេលធ្វើរួចហើយ ក៏រឹងរឹតតែជ្រះថ្លា រីករាយ ពេញចិត្ត មិនមានការក្តៅក្រហាយ ស្តាយក្រោយ ទោះបីតទៅខាងមុខៗយូរអង្វែងទៀត ក៏នៅតែជ្រះថ្លាដូចគ្នា។
បុញ្ញកិរិយាវត្ថុ ១០ យ៉ាង
[កែប្រែ]- កិរិយាឲ្យនូវវត្ថុដ៏គួរដល់បុគ្គលដែលគួរឲ្យ ដោយសេចក្ដីសង្គ្រោះឬបូជាគុណ មានឲ្យដល់មនុស្សកំសត់ ឬបូជាដល់លោកអ្នកដ៏មានសីល និងមាតាបិតាជាដើម ហៅថា ទាន
- កិរិយាវៀរចាកអំពើអាក្រក់ ដែលកើតអំពីកាយឬវាចាមានវៀរចាកបញ្ចវេរាទាំង ៥ ជាដើម ហៅថាសីល
- កិរិយាធ្វើចិត្តឲ្យស្ងប់រម្ងាប់ ដោយសមថវិធីត្រឹមឧបចារ វិបស្សនាវិធីត្រឹមអនុលោក ហៅថា ភាវនា
- កិរិយាបន្ទន់អស្មិមានះ ដែលមានក្នុងចិត្តដោយសេចក្ដីកោតក្រែងដល់បុគ្គលដែលគួរកោតក្រែង គឺជនដែលចម្រើនដោយជាតិ ដោយវ័យ និងដោយគុណ ហៅថា អបចាយនៈ
- កិរិយាជួយខ្វល់ខ្វាយក្នុងកិច្ចរបស់អ្នកដទៃ ដែលគួរធ្វើដោយកាយ ឬវាចា ហៅថា វេយ្យាវច្ចៈ
- កិរិយាឲ្យនូវចំណែកបុណ្យ ដែលខ្លួនបានធ្វើហើយដល់អ្នកដទៃដោយចិត្តមេត្រី ដើម្បីឲ្យគេប្រព្រឹត្តត្រេកអរតាម ហៅថា បត្តិទានៈ
- កិរិយាអនុមោទនាត្រេកអរ តាមសេចក្ដីល្អរបស់អ្នកដទៃ ដោយចិត្តដែលប្រាសចាកសេចក្ដីឫស្យា ឈ្នានីស ហៅថា បត្តានុមោទនា
- កិរិយាណែនាំបង្រៀនប្រដៅអ្នកដទៃ ឲ្យចេះចំណេះដែលឥតទោស ឬពន្យល់ក្នុងផ្លូវធម៌ឲ្យស្គាល់កិច្ចគួរធ្វើ និងមិនគួរធ្វើ ដែលប្រព្រឹត្តទៅដើម្បីសម្បត្តិសួគ៌និងព្រះនិព្វាន ហៅថា ធម្មទេសនា
- កិរិយាតាំងចិត្តស្ដាប់ធម៌ដោយប្រុង ឲ្យចេះចាំធម៌អាថ៌បាន ហៅថា ធម្មស្សវន
- កិរិយាធ្វើទិដ្ឋិ សេចក្ដីយល់ឃើញរបស់ខ្លួនត្រង់តាមគន្លងធម៌ដែលពិតមែន ហៅថា ទិដ្ឋុជុកម្ម។
ទាំង ១០ ប្រការនេះ បានជាហៅថា បុញ្ញកិរិយាវត្ថុ ព្រោះសុទ្ធតែជាការបុណ្យ ការកុសលទាំងអស់ ការកុសលបែបនេះចាត់ជា កាមាវចរភូមិ។ ត្បិតតែថា បុណ្យកុសល គឺស្ថិតនៅលើចិត្ត សទ្ធាជ្រះថ្លា ត្រេកអរ ពេញចិត្តក៏ពិតមែន ប៉ុន្តែក៏ដោយសារតែមានហេតុពីខាងក្រៅដែរ ទើបធ្វើឱ្យចិត្តជ្រះថ្លាទៅកើត ម្យ៉ាងទៀត ហេតុនាំឱ្យបានបុណ្យកុសលនេះទៀតសោត មិនមែនទាល់តែធ្វើបុណ្យសង្ឃទាន, បុណ្យបច្ច័យបួន, បុណ្យចម្រើនព្រះជន្ម ឬបុណ្យកឋិនជាដើម ឬក៏ទាល់តែចែកអំណោយ ជួយឧបត្ថម្ភ កសាងកុដិសាលា ឬសមិទ្ធិផលនានាជាដើម ទើបបានបុណ្យអានិសង្សនោះទេ តាមពិតទៅ ហេតុនាំឱ្យបានបុណ្យអានិសង្សមានច្រើនទៀត មិនមែនមានតែត្រឹមប៉ុណ្ណឹងនោះឡើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា ហេតុនាំអោយបានបុណ្យអានិសង្សនោះ ទាំងអស់គឺមាន ១០ យ៉ាង។
ទានមយបុណ្យ
[កែប្រែ]បុណ្យសម្រេចពីការធ្វើទាន គឺការលះបង់ទ្រព្យ ដើម្បីជាប្រយោជន៍ដល់អ្នកដទៃ។
ទានមាន ៣ យ៉ាងគឺ៖
- អាមិសទានៈ បានដល់ការបរិច្ចាគទាន ប្រគេនចង្ហាន់ បាយទឹក នំចំណី ស្បង់ស្បៃត្រៃចីវរ បរិក្ខារផ្សេងៗ ឬក៏ជួយឧបត្ថម្ភ កសាងកុដិសាលា ព្រះវិហារ ការចែកអំណោយ ដល់ជនក្រីក្រ លោកយាយលោកតា ក្មេងអនាថាជាដើម។
- ធម្មទានៈ ការអោយធម៌ជាទានបានដល់ការបង្ហាត់បង្រៀន ទូន្មាន ប្រៀនប្រដៅ ឱ្យអ្នកដទៃបានល្អ បានចំណេះចេះដឹង បានប្រយោជន៍ បានសេចក្តីសុខ នេះហៅថា ឱ្យធម៌ជាទាន សូម្បីការជាវគម្ពីរធម៌អាថ៌ បិដក អដ្ឋកថា ដីកា យោជនា ឬសៀវភៅក្បូនច្បាប់នានា យកទៅវេរប្រគេន ដល់ព្រះសង្ឃដើម្បីតម្កល់ទុកដាក់ក្នុងវត្ត ឬតាមទីកន្លែងផ្សេងៗទៀត ក៏ឈ្មោះថាធ្វើបុណ្យធម្មទានដែរ។
- អភយទាន: ការមិនធ្វើអោយសត្វទាំងអស់ ទាំងមនុស្សនិងសត្វតិរច្ឆាន ភ័យតក់ស្លត់ បាក់ស្បាត ជាដើម។
សីលមយបុណ្យ
[កែប្រែ]បុណ្យបានមកដោយសារការរក្សាសីល បានដល់ការសមាទាន កាន់យកនូវសីល ៥, សីល ៨, សីល ១០ ជាដើម ឬការមានអាកប្បកិរិយា ចរិយាមារយាទល្អ សុភាពរម្យទម ស្លូតបូត សុចរិតត្រឹមត្រូវ ពោលគឺការសង្រួម វៀរចាកការប្រព្រឹត្តនូវទង្វើអាក្រក់តាមផ្លូវកាយ និង វាចា។
ទង្វើអាក្រក់តាមផ្លូវកាយដែលគួរវៀរចាកនោះ មាន ៤ ចំណុចគឺ៖
- បាណាតិបាត កិរិយាសម្លាប់សត្វមានជីវិត។
- អទិន្នាទាន ការលួច ឆក់ ប្លន់ បន្លំ កិបកេង ទ្រព្យសម្បត្តិរបស់អ្នកដទៃ។
- កាមេសុមិច្ឆាចារ កិរិយាប្រព្រឹត្តខុសក្នុងកាម មានការផិតក្បត់ សាហាយស្មន់ លួចលាក់ ឬល្បួងលួងលោម ចាប់បង្ខំប្រពន្ធកូនអ្នកដទៃ។
- សុរាមេរ័យ ការសេពនូវគ្រឿងស្រវឹង មានសុរា មេរ័យ គ្រឿងញៀនទាំងឡាយជាដើម។
ទង្វើអាក្រក់តាមផ្លូវវាចាដែលគួរវៀរចាកនោះ មាន ៤ ចំណុចគឺ៖
- មុសាវាទ ការនិយាយកុហក់ ភូតភរ ឆបោក មួលបង្កាច់ បង្ខូចបញ្ឆោតបោកប្រាស់អ្នកដទៃ។
- បិសុណាវាចា ការនិយាយពាក្យញុះញង់ បំបែកបំបាក់ នាំឱ្យអ្នកដទៃឈ្លោះទាស់ទែងបាក់បែកប្រេះឆាគ្នា។
- ផរុសវាចា ការនិយាយពាក្យអាក្រក់ អាសគ្រាម មិនពីរោះ គំរោះគំរើយ ទ្រគោះបោះបោក ត្រមាំងត្រមោក ជេរប្រទេចផ្ដាសា ប្រមាទមើលងាយ រិះគន់អ្នកដទៃ។
- សម្ផប្បលាបៈ ការនិយាយរោយរាយ ឥតប្រយោជន៍។
បើយើងវៀរចាក មិនប្រព្រឹត្តធ្វើទាំងតាមផ្លូវកាយ និងវាចាអោយបានគ្រប់ទាំង ៨ ចំណុចនេះ ឈ្មោះថាយើងមានសីលធម៌ល្អត្រឹមត្រូវ ថែមទាំងបានបុណ្យអានិសង្សទាំងយប់ទាំងថ្ងៃគ្រប់ពេលទៀតផង។
ភាវនាមយបុណ្យ
[កែប្រែ]បុណ្យសម្រេចពីការចម្រើនសមថ និងវិបស្សនា គឺការអប់រំទូន្មានខ្លួន ចម្រើនសេចក្តីស្ងប់ ដើម្បីឲ្យចិត្តបានបរិសុទ្ធផូរផង់។
ទង្វើដែលធ្វើឱ្យចិត្តមិនស្ងប់នោះ មាន ៣ យ៉ាងគឺ៖
- អភិជ្ឈា ការគិតសំឡឹងរំពៃ ចង់បានទ្រព្យសម្បត្តិអ្នកដទៃ។
- ព្យាបាទ ការខឹងក្រោធ ច្រណែនឈ្នានីស គំនុំគុំគួន ចងអាឃាតព្យាបាទអ្នកដទៃ។
- មិច្ឆាទិដ្ឋិ ការយល់ខុសចាកពីហេតុផលពិតជាក់ស្ដែង ដូចយល់ឃើញថា ឪពុកម្ដាយមិនមានគុណ គ្មានបុណ្យ គ្មានបាប គ្មានជាតិមុខ គ្មានជាតិក្រោយជាដើម។
ការអប់រំ ទូន្មានគ្របសង្កត់ចិត្តនេះ គឺសំខាន់ខ្លាំងណាស់ ដែលអាចធ្វើអ្វីផ្សេងៗ ឬពោលស្ដីនិយាយអ្វីបានក៏ដោយសារចិត្តជាអ្នកបង្គាប់បញ្ជាមក ទើបធ្វើ ឬនិយាយស្តីទៅកើត បើចិត្តគិតរឿងអាក្រក់ហើយ ទោះធ្វើទង្វើអ្វីក៏ដោយ ពោល និយាយស្ដីអ្វីក៏ដោយ ក៏សុទ្ធតែអាក្រក់ ទៅតាមចិត្តនោះទាំងអស់អញ្ចឹងដែរ តែបើចិត្តគិតរឿងល្អ រឿងបុណ្យកុសល ទោះធ្វើអ្វីក្ដី និយាយស្ដីអ្វីក្ដី ក៏សុទ្ធតែល្អ ជាបុណ្យកុសលទាំងអស់ដែរ ដូច្នេះត្រូវខំប្រឹងប្រែងព្យាយាម ទូន្មាន អប់រំគ្របសង្កត់ចិត្ត គឺធ្វើឱ្យចិត្តគិតតែរឿងល្អៗតែម្យ៉ាងប៉ុណ្ណោះ។ មួយវិញទៀត ការអប់រំ ទូន្មានចិត្តនេះសោត ក៏ជាចំណុចសំខាន់បំផុត នៅក្នុងព្រះពុទ្ធសាសនាផងដែរ ដែលអាចជួយឱ្យបានទៅដល់គោលដៅចុងក្រោយ នោះគឺជាព្រះនិព្វាន។
អបចាយនមយបុណ្យ
[កែប្រែ]បុណ្យសម្រេចពីការគោរព ឱនលំទោនដល់អ្នកដែលគួរគោរព មានដូចជា គោរពទៅតាមគុណធម៌ បានដល់ព្រះសង្ឃ ឪពុកម្តាយ អ្នកមានសីលជាដើម។ គោរពទៅតាមវ័យ មានចាស់ព្រឹទ្ធាចារ្យ ចាស់ទុំទាំងឡាយ ដែលមានអាយុច្រើនជាងយើងជាដើម។ ផលនៃការគោរពនេះ ធ្វើឲ្យយើងបាននូវសេចក្តីសុខ អ្នកផងគោរពស្រឡាញ់រាប់អាន។
វេយ្យាវច្ចមយបុណ្យ
[កែប្រែ]បុណ្យសម្រេចពីការជួយក្នុងការងារនៃបុណ្យ បានដល់ការខ្វល់ខ្វាយ ខ្នះខ្នែង ជួយចាត់ចែង រៀបចំ ឧបត្ថម្ភ ជ្រោមជ្រែង ក្នុងពិធីបុណ្យរបស់ខ្លួនឯងក្ដី របស់អ្នកដទៃក្ដី មានដូចជាការបោសសំអាតវត្តអារាម បម្រើព្រះសង្ឃ ក៏ដូចជាអ្នកដែលមានគុណធម៌ខ្ពស់ ជួយរៀបចំចង្ហាន់ ទីសំណាក់ជាដើម។
ធម្មស្សវនមយបុណ្យ
[កែប្រែ]បុណ្យបានមកពីការស្ដាប់ធម៌ ការស្ដាប់ព្រះធម៌នេះ សំខាន់ខ្លាំងណាស់ បើមិនបានស្ដាប់ទេនោះ យើងក៏មិនស្គាល់ បុណ្យ បាប គុណ ទោស ល្អ អាក្រក់ ត្រៃលក្ខណ៍ សច្ចធម៌នោះដែរ ហើយការស្ដាប់ ដែលចាត់ថា បានបុណ្យ បានផលប្រយោជន៍ច្រើននោះ គឺការស្ដាប់ដោយគោរព យកចិត្តទុកដាក់ ពិនិត្យ សង្កេត ពិចារណាឱ្យយល់អត្ថន័យសេចក្តី។
ធម្មទេសនាមយបុណ្យ
[កែប្រែ]បុណ្យបានមកពីការសម្តែងធម៌ បានដល់ការប្រាប់បង្ហាត់បង្ហាញបង្រៀន ពន្យល់ណែនាំ ទូន្មានប្រៀនប្រដៅ ឱ្យដឹងពីបាប បុណ្យ គុណទោស រារាំងហាមប្រាម មិនអោយធ្វើទង្វើអាក្រក់ ខុសសីលធម៌ សុជីវធម៌ក្នុងសង្គម។ ណែនាំឲ្យដើរផ្លូវល្អ ធ្វើអំពើជាកុសល ដើម្បីសេចក្តីសុខដល់ខ្លួន និងអ្នកដទៃអស់កាលវែង។
បត្តិទានមយបុណ្យ
[កែប្រែ]បុណ្យបានមកដោយសារការចែកចំណែកផលបុណ្យដល់អ្នកដទៃ។
ធម្មតាការចែករំលែករបស់របរផ្សេងៗឱ្យទៅគេ ឱ្យកាន់តែច្រើន អស់ក៏កាន់តែច្រើនដែរ ប៉ុន្តែការចែករំលែកបុណ្យកុសលវិញ ចែកឱ្យគេកាន់តែច្រើន អ្នកអោយនោះ រឹងរឹតតែបានបុណ្យកាន់តែច្រើនដែរ លោកប្រៀបឧបមាដូចជាពន្លឺភ្លើងទៀនមួយដើម បើយើងយកទៀនផ្សេងទៀតទៅអុជចម្លងបន្ត គឺរឹងរឹតតែធ្វើឱ្យភ្លឺកាន់តែខ្លាំងឡើងថែមទៀត ឯការចែកបុណ្យដល់អ្នកដទៃ ក៏មានឧបមាដូច្នោះដែរ។ ម្យ៉ាងទៀត ការចែករំលែកផលបុណ្យនេះ គឺសំខាន់ខ្លាំងណាស់ សម្រាប់អ្នកដែលចែកឋានទៅហើយ ដូចជាជីដូនជីតាមាតាបិតារបស់យើងជាដើម បើយើងធ្វើបុណ្យហើយ មិនបានឧទ្ទិស ជូនចំណែកផលបុណ្យនេះ ទៅដល់ពួកគាត់ទេ ទោះបីយើងធ្វើបុណ្យធំប៉ុណ្ណាក៏ដោយ ក៏ពួកគាត់មិនអាចទទួលបានផលបុណ្យសូម្បីបន្តិចបន្តួចឡើយ។
ការចែកចំណែកផលបុណ្យនេះមាន ២ ប្រភេទគឺ៖
- បើយើងចែកចំណែកផលបុណ្យនេះ ដល់អ្នកដែលកំពុងរស់នៅដូចគ្នា ហៅថា ប្រគេន ថ្វាយ ឬជូនបុណ្យ។ នេះជាពាក្យសម្រាប់ជូនបុណ្យដល់គ្នានិងគ្នា។
- បើចែកចំណែកផលបុណ្យដល់អ្នកដែលស្លាប់ ចែកឋានទៅហើយ ហៅថា ឧទ្ទិស។ នេះជាពាក្យសម្រាប់ឧទ្ទិសផលបុណ្យដល់អ្នកស្លាប់។
បត្តានុមោទនាមយបុណ្យ
[កែប្រែ]បុណ្យបានមកដោយសារការ ជ្រះថ្លា ពេញចិត្ត ត្រេកអរទទួលអនុមោទនាចំណែកបុណ្យជាមួយគេ ឬដែលគេបានអោយ។ ការជ្រះថ្លា ពេញចិត្ត ត្រេកអរនូវចំណែកបុណ្យនេះ ទោះជាគេមិនបានអោយក៏ដោយ គ្រាន់តែយើងជ្រះថ្លាត្រេកអរក្នុងចិត្តតាមគេ ឬសុំចែកពីគេក៏ដោយ ក៏បានបុណ្យអានិសង្សដូចគ្នាដែរ។
ការអនុមោទនាទទួលយកបុណ្យកុសលនេះ គឺសំខាន់ខ្លាំងណាស់ ពិសេសសម្រាប់ពពួកប្រេត នរក អសុរកាយ បើមិនចេះអនុមោទនា ទទួលយកកុសលផលបុណ្យទេ គឺមិនអាចរួចផុតពីកំណើតថោកទាប ទុក្ខទោសវេទនាទាំងអស់នោះ ហើយបានទៅកើតក្នុងស្ថានសុគតិភព សួគ៌ទេវលោកបានដោយឆាប់រហ័សឡើយ។
ទដ្ឋិជុកម្មមយបុណ្យ
[កែប្រែ]បុណ្យកើតមកពីការមានគំនិត គិតយល់ត្រឹមត្រូវ ទៅតាមហេតុផលពិត បានដល់ជឿយល់ ត្រូវត្រង់ តាមហេតុផលពិតនៃធម្មជាតិថា ឪពុកម្ដាយមានគុណ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មានពិតមែន កម្មមាន ផលរបស់កម្មក៏មាន បុណ្យមាន បាបមាន ជាតិមុនមាន ជាតិក្រោយក៏មាន ទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម ប្រេត នរក អសុរកាយមានប្រាកដមែន ឬក៏យល់ជឿជាក់ច្បាស់ថា អ្វីៗទាំងអស់មិនទៀង ជាទុក្ខ ជាអនត្តា ទុក្ខសច្ចៈ មានពិតមែន ហេតុនាំឱ្យកើតទុក្ខក៏មាន កន្លែងរួចផុតចាកទុក្ខក៏មាន ផ្លូវ
ប្រតិបត្តិដែលនាំឱ្យបានរួចផុតចាកទុក្ខក៏មាន ដូច្នេះជាដើម។
ឯកសារយោង
[កែប្រែ]- បុណ្យបរិយាយ រៀបរៀងដោយព្រះភិក្ខុធម្មបាលោ ប្រេមលីម
- អភិធម្មត្ថសង្គហៈ វៀបវៀងដោយ ព្រះភិក្ខុអគ្គធីរោ គង់ សុមិត្ត
- សិក្ខាបទ៨
- សៀវភៅ ឱវាទបាតិមោក្ខ