Jump to content

ប្រេត

ពីវិគីភីឌា

សង្ខេប

[កែប្រែ]

ប្រេត អានថា ប្រែត​ តាម​សំនៀង​ខ្មែរ គឺ​ជា​ពាក្យ​ខ្ចី​មក​ពី​ភាសា​សំស្ក្រឹត ចំណែក​ពាក្យ​ខ្ចី​មក​ពី​ភាសា​បាលី​វិញ​ ហៅ​ថា "បេត" អានថា ប៉េតៈ ។ អត្ថន័យ​ដើម​របស់​ពាក្យ​ ប្រេត គឺ​ជា​ មនុស្ស​ស្លាប់​ ​ឬ​ ព្រលឹង​ខ្មោច ។ នៅ​ក្នុង​វចនានុក្រម​ខ្មែរ ប្រេត ប្រែ​ថា សត្វ​កើត​ក្នុង​អបាយភូមិ​ពួក​មួយ ឧទាហរណ៍ ពួក​ប្រេត ។ បើ​ប្រើ​ជា​គុណនាម​វិញ ប្រេត មាន​ន័យ​ថា (អ្នក) ដែល​ធ្វើ​មរណកាល​ទៅ​កាន់​បរលោក​ហើយ ។ ក្រោយ​មក​ពុទ្ធ​សាសនា​មហាយាន​បាន​ជ្រាប​ទៅ​ដល់​ប្រទេស​ចិន ជនជាតិ​ចិន​បាន​បក​ប្រែ​ពាក្យ​ ប្រេត ពី​ភាសា​សំស្ក្រឹត​ទៅ​ជា​ភាសា​ចិន​ថា "អេគុយ" (egui) ដែល​មាន​ន័យ​ផ្សេង​ថា "ខ្មោច​ស្រេក​ឃ្លាន" ដែល​ជាប់​អត្ថន័យ​នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក និង ផ្នត់​គំនិត​ខ្មែរ និង សាសន៍​ផ្សេង​ៗ​ទៀត​ដែល​កាន់​ពុទ្ធសាសនា​និកាយ​ថេរវាទ​ រហូត​មក​ដល់​សព្វ​ថ្ងៃ ។ ទស្សនៈ​អំពី​ខ្មោច​ ឬ ព្រលឹង​ នៅ​ក្នុង​វប្បធម៌​របស់​ជនជាតិ​ឥណ្ឌា និង ជនជាតិ​ចិនដូច​គ្នា​ ។ ដូច្នេះ​ការ​បក​ប្រែ​ភាសា និង ការ​បង្រៀន​ទ្រឹស្តី​ពុទ្ធសាសនា​ក៏​មាន​ការ​ប្រែប្រួល ដែល​នាំ​ឲ្យ​កើត​មាន​ទស្សនៈ​ថ្មី​ស្រឡាង​នៅ​ជំនាន់​ក្រោយៗ​ទៀត ។

តាម​ន័យ​នៅ​ក្នុង​គម្ពីរ​បេតវត្ថុ នៃ​គម្ពីរ​ព្រះត្រៃបិដក​របស់​ពុទ្ធសាសនា​និកាយ​ថេរវាទ ពាក្យ​ថា ប្រេត គឺ​ជា​ បុថុជ្ជន ឬ ជនសាមញ្ញ ដែលស្លាប់​រួច​បាន​​​​កើត​ជា​សត្វ​ក្នុងអបាយភូមិ ពោល​គឺ​អបាយភូមិ​បេតវិស័យ ដោយសារ​តែ​ពួក​គេ​បាន​ប្រពឹត្ត​អកុសលកម្ម​ផ្សេងៗ​កាល​ពី​នៅ​ជា​មនុស្ស ។ ​បើ​ពិចារណា​តាម​លក្ខណៈ​វិទ្យាសាស្ត្រ មនុស្ស​ស្លាប់​គ្មាន​បន្សល់​អ្វី​ជា​គ្រឿង​សម្រាប់​ចងចាំ​ទេ​ ។ ទោះ​បី​សាច់ញាតិ​យក​សាកសព​ទៅ​ដុត​កំទេច​ចោល ​យក​​ទៅ​កប់​ក្នុង​ដី បោះ​ចោល​ក្នុង​ទឹក​សមុទ្រ​ឬ​ទន្លេ ឬ​កាត់ចិញ្ច្រាំ​ឲ្យ​ត្មាត​ស៊ី​ក៏​ដោយ ក៏​សាកសព​នោះ​​គ្មាន​អ្វី​សល់​​សេចក្តី​ចង​ចាំ​ឬ​ព្រលឹង​វិញ្ញាណ​អ្វី​ឡើយ ។ បើ​ញាតិ​កប់​ខ្មោច​ក្នុង​ដី សាច់រាងកាយ​នឹង​ផុយ​រលួយ​មុន​គេ ​ក្រោយ​មក​​ឆ្អឹង​ក៏​​នឹង​រលាយ​ទៅ​ជា​ដី​បាត់​នៅ​ថ្ងៃ​ណា​មួយ​ជា​ប្រាកដ ។ តើ​​ខ្មោច​នោះ​មាន​អ្វី​​សេស​សល់​​ដែល​អាច​​​រក្សា​ការ​ចង​ចាំ​ថា​ បុគ្គល​នេះ​ជា​សាច់​ញាតិ​របស់​ខ្លួន ឬ មាន​ការ​ឈឺ​ចាប់ ស្រេក​ឃ្លាន ឬ ខឹង​សម្បារ​នោះ ? សូម្បី​មនុស្ស​នៅ​រស់​ក៏​មាន​បញ្ហា​លំបាក​ចងចាំ​ទៅ​ហើយ រហូត​មាន​ជម្ងឺ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​បាត់​បង់​ការ​ចង​ចាំ​ទាំង​ស្រុង​ក៏​មាន ចុះ​ទម្រាំ​ខ្មោច​ផុយរលួយ​ខួរ​ក្បាល​គ្មាន​សល់ តើ​ឲ្យ​វាចាំ​អ្វី​បាន ។

​ជំនឿ​ដែលត្រឹមត្រូវ​មួយ​ចំនួន​​ត្រូវ​បាន​​​មនុស្ស​ខ្លះ​ខំ​ផ្សារ​ភ្ជាប់​ទៅ​នឹង​​ពុទ្ធសាសនា​និកាយ​ថេរវាទ​គឺមិនមែន​ចាប់បង្ខំ​ឲ្យ​មនុស្ស​ល្ងិតល្ងង់​ជឿ​កាន់​យក​ និង បន្ត​អនុវត្ត​រហូត​មក​ដល់​បច្ចុប្បន្ននោះទេ គឺមានហេតុផលច្បាល់លាស់ ។ ជំនឿ​ដែល​មាន​ភាព​ប្រាកដ​និយម​ទាំង​នោះ​បាន​បន្លាច​ថា​ជន​ណា​ដែល​បានប្រព្រឹត្ត​អកុសលកម្ម ដូច​ជា​ការ​សម្លាប់សត្វ, ការ​លួចទ្រព្យគេ, ការ​ប្រព្រឹត្តខុសក្នុងកាម, ការ​ភូតកុហក និង ការ​ផឹកសុរា​មេរ័យ ពេល​ស្លាប់​នឹង​​ទៅ​កើត​ក្នុង​ភព​នរក តិរច្ឆាន ប្រេត ឬ​ អសុរកាយ ។ ពួក​គេ​ថែម​ទាំង​បំភ័យ​ថា ទោះ​មនុស្ស​ក្រុម​ខាង​លើ​នេះ​​​បាន​កើត​ជា​មនុស្ស ក៏ដោយ ក៏បាន​ត្រឹម​តែ​ជា​មនុស្សប្រកប​ដោយ​ទុក្ខវេទនាជាខ្លាំង ។ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​សាសនា​នានា​នៅ​លើ​ពិភពលោក​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​​បង្រៀន​សេចក្តី​ជំនឿ​មាន​ប្រាកដ​និយម​បែប​នេះ​ ព្រោះ​ថា​ការ​បង្រៀន​បែប​នេះ​គឺ​ជា​វិធី​បង្រៀន​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់​តាម​បែប​វិទ្យាសាស្ត្រ​ (ឧទាហរណ៍​ ចិត្តវិទ្យា) ដើម្បី​ឲ្យ​មនុស្ស​រៀន​ធ្វើ​អំពើ​ល្អ​ប្រកប​ដោយ​ចិត្ត​មេត្តា និង​ ករុណា ។

ក្រុម​មនុស្ស​ខ្លះ​បកស្រាយ​ថា ប្រេតមានច្រើនប្រភេទ ពួកខ្លះមានឫទ្ធិ​អំណាច អាចបង្ហាញ​ជា​រូបរាង​ឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ៍បាន។ ប្រេតពួកខ្លះ ពេលយប់ជាទេវតា សោយសុខសម្បត្តិក្នុងវិមាន ពេលថ្ងៃជាប្រេត សោយទុក្ខវេទនា ។ ប្រេត​ពួកខ្លះអត់ឃ្លាន មានមាត់ប៉ុនម្ជុល, ពួកខ្លះត្រូវស៊ីរបស់បដិកូល(របស់មិនស្អាត) ដូច​ជា​​សាកសពសត្វជាដើម ។ ប្រេត​ប្រភេទ​ផ្សេង​ទៀត​គ្មានអាហារស៊ីរហូតអស់ពុទ្ធន្តរ (រយៈពេល​ចន្លោះ​ការ​ត្រាស់ដឹង​នៃ​ព្រះ​ពុទ្ធ​មួយ​អង្គ​ទៅ​មួយ​អង្គ​ទៀត) ។ ជំនឿ​ដ៏​គួរ​ឲ្យ​អស់​សំណើច​ទាំង​នោះ​​បន្ត​បកស្រាយ​ថា ប្រេត​ភាគ​មានច្រើន​មិន​អាច​ទទួល​បាន​អាហារ​ដែល​ញាតិ​ឧទ្ទិស​ជូន​នោះ​ទេ​ មាន​តែ​ប្រេត​ប្រភេទ បរទត្តូបជីវកប្រេត ទើប​អាច​ទទួល​បាន ។ ចុះ​បើ​ប្រេត​មួយ​ចំនួន​ធំ​មិន​អាច​ទទួល​អាហារ​ឬ​បុណ្យ​ដែល​ញាតិ​ឧទ្ទិស​ជូន​នោះ​បាន​ផង តើ​ញាតិ​សារលោហិត​ខំប្រឹង​បន្ត​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ទៅ​ប្រេត​ទាំង​នោះ​​នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ធ្វើអ្វី ?​ គឺដើម្បីញុំាងសាមគ្គីធម៌ផងនឹង រក្សាប្រពៃណីផង និងជាការរលឹងដល់អ្នកមានគុណផង។

ទោះ​បី​ពុទ្ធសាសនិក​ជន​ខ្លះ​នៅ​តែ​​ជឿ​​ថា​​មាន​ប្រេត មាន​ស្ថាន​នរក ឬ ស្ថាន​សួគ៌ ក៏​តាម​ការ​សិក្សា​ប្រៀបធៀប​អក្សរសិល្ប៍​ និង ជីវភាព​មនុស្ស​នៅ​ក្នុង​សង្គម​ឥណ្ឌា​ បាន​បង្ហាញ​​ថា​ ប្រេត​គឺ​ជា​តួអង្គ​តំណាង​ប្រជារាស្ត្រ​ក្រីក្រ​ ឬ​មនុស្ស​នៅ​ក្នុង​ក្រុម​ចណ្ឌាល (ក្រៅ​វណ្ណៈ) ដែល​ទទួល​រង​​ការជិះជាន់ មើលងាយ​មើលថោក កេង​ប្រវ័ញ្ច គាប​សង្កត់ បំបិត​សិទ្ធិ​សេរីភាព ទារុណកម្ម​ ពី​សំណាក់​មនុស្ស​នៅ​ក្នុង​វណ្ណៈ​ព្រាហ្មណ៍ និង វណ្ណៈ​ក្សត្រ ដែល​ជា​ក្រុម​មនុស្ស​មាន​អំណាច​ និង ​អ្នក​ដឹកនាំ​ប្រទេស ។ សម័យ​បច្ចុប្បន្ន នៅ​ប្រទេស​ឥណ្ឌា​ និង នៅ​ប្រទេស​ជាច្រើន​ទៀត​ដែល​គ្មាន​ការ​ដឹកនាំ​តាម​លទ្ធិប្រជាធិបតេយ្យ ​រាប់​ទាំង​ប្រទេស​ខ្មែរ​ផង​ដែរ អំពើ​ថោក​ទាប​របស់​មនុស្ស​​​នៃ​វណ្ណៈ​ព្រាហ្មណ៍ និង វណ្ណៈ​ក្សត្រ (ពួក​អ្នក​ចេះ​ដឹង និង អ្នក​មាន​ទ្រព្យ​​ដែល​គ្មាន​គុណធម៌ រួម​ទាំង​អ្នក​ដឹកនាំ​ប្រទេស​) បន្ត​ប្រព្រឹត្ត​អំពើ​អានាចារ្យ គាប​សង្កត់​ បោកប្រាស់រាស្ត្រ​ក្រីក្រ​​​​ តាម​គ្រប់​រូបភាព រាប់​តាំង​ពី​ការ​បំបិត​សិទ្ធិ​​ប្រជារាស្ត្រ​មិន​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង អំពើ​លួច​ប្លន់​ទ្រព្យ​សម្បត្តិ​រាស្ត្រ និង ការ​បំបិត​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រឹមត្រូវ ។

ប្រភេទប្រេត

[កែប្រែ]

ក្នុងសំយុត្តនិកាយនិទានវគ្គ ប្រេតមាន ១២ ពួក ។ យោងតាមជំនឿនិងការរៀបរាប់ តំណាលតៗមក ការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក ។ ម្យ៉ាងវិញទៀតប្រេតខ្លះ ក៏មានរូបសញ្ញាផ្ទាល់របស់ខ្លួនដែរ ។

បើតាមគម្ពីព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន។ មនុស្សចិត្ដអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗ លុះស្លាប់ទៅតែងតែកើតជាប្រេត ៤ ប្រភេទ គឺ ប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម (សត្ថង្គប្រេត), ប្រេតស្រេកឃ្លានអាហារជានិច្ច (បព្វតង្គប្រេត), ប្រេតដែលភ្លើងឆេះជានិច្ច (អគ្គិជាលមុខប្រេត) និង ប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសទៅឱ្យ ។ []

ប្រភេទ​ទី ១. វន្តាសប្រេត

[កែប្រែ]

វន្តាសប្រេត គឺប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែកក្រលួង មានមុខក្រញូវ ដុះរោមច្រើនសម្រ៉ូវ មាត់រៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្តោះដាក់អាហារឲអ្នកមានសីលខ្ពស់ ។

ប្រភេទ​ទី ២. កុណបាសប្រេត

[កែប្រែ]

កុណបាសប្រេត (ឬកុណបា) ប្រេតដែលស៊ីសាកសព ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានពោះធ្លាក់ត្រយោកមុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយាស្ពោក ធ្មេញធំប៉ុនដប សក់វែងអូសដី ចម្រុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួនមិនសមប្រកប ។ ធុំក្លិនស្អុយអសោច ស៊ីតែសពខ្មោច ។ ប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាមនៃសាកសពខ្មោច ឥតបានប្រយោជន៍ទេ បើស៊ីណាស់ កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង ។

ប្រភេទ​ទី ៣. គូថខាទកប្រេត

[កែប្រែ]

គូថខាទកប្រេត (ឬគូថៈ) ប្រេតដែលស៊ីឧច្ចារៈ(លាមក)។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែករិលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង ។ ក្បាលធំក្រមាង សក់ដុះខាងៗ កណ្តាលរលីង តចៀកកំប៉ិត ពោះធំកំភ្លឹង រូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយខ្មោះៗ សាច់ស្រែងកក្រោះ ដៃជើងធំស្ចក់ ខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី ។ ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ ។

ប្រភេទ​ទី ៤. អគ្គិជាលមុខប្រេត

[កែប្រែ]

អគ្គិជាលមុខប្រេត ប្រេតដែលមានភ្លើងនៅក្នុងមាត់ ។ ក្នុងតម្រាខ្មែរ ប្រេតនេះហៅថា អគ្គិជាល មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់ មានដំបៅខ្លាំង ស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ ។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែ លេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ ។ ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅញកបព្វតា ក្បែរមាត់សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹកពុំអាចស៊ីចំណីបាន ។

ប្រភេទ​ទី ៥. សូចិមុខប្រេត

[កែប្រែ]

សូចិមុខប្រេត ប្រេតដែលមានមាត់ប៉ុនម្ជុល។ ក្នុងតម្រាខ្មែរ មានចែងថា ប្រេតឈ្មោះ សុចិ មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុលធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់ មិនដាក់ទានឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ ។

ប្រភេទ​ទី ៦. តណ្ហដ្តិតប្រេត

[កែប្រែ]

តណ្ហដ្តិតប្រេត ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន ។ ក្នុងតម្រាខ្មែរហៅជា កណ្ហជិ គឺប្រេតមានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើងធំៗ ខ្លួនធំដូចយក្សសាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះ យាធ្លាក់សំយែះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដុះស្លែស្រមាញ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ ។

ប្រភេទ​ទី ៧. សុនិជ្ឈាមកប្រេត

[កែប្រែ]

សុនិជ្ឈាមកប្រេត ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ ។ ក្នុងតម្រាខ្មែរហៅជា និជ្ឍា មានរូបរាងកាយគ្រាំគ្រាគ្មានពេលស្បើយទេ ប្រេតនេះគឺមានកម្មក្រាសណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ ចំពោះរូបរាងវិញគឺរូបរាងអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀន ស្អុយ ច្រមុះកញ្ឆាត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មូរខ្មោះ សាច់ខ្មៅក្រងិត រាងខ្ពស់ស្គមស្វិត ដៃជើងក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀកបាក់ធ្លាក់យាដាបដល់ស្មា សក់ក្បាលវែងស្កា អាក្រក់ពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តតក់ម៉ក់ពេលឃើញ សាមណៈ ឬ ស្មូមយាចក ប្រើពាក្យអាក្រក់ជេរស្តីឲ្យ​លោក និយាយ​ពាក្យចាក់ដោតឡកឡឺយ បញ្ឆោតអ្នកមានសីលឲ្យអាប់កិត្តិយស ។

ប្រភេទ​ទី ៨. សត្ថង្គប្រេត

[កែប្រែ]

សត្ថង្គប្រេត ប្រេតមានក្រចកដូចកាំបិត ។ ក្នុងតម្រាខ្មែរហៅជា សព្វង្កា មានដំបៅពេញរាងកាយក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ ក្រចកវែងមុត ខ្វេះហែកសាច់បានគឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់ រឹតតែឃ្លាន ព្រោះវាមានកម្មក្រាសណាស់ ។ នៅក្នុងព្រៃជៅលើកោះ ក៏មានច្រើនណាស់ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យ មានចិត្តកាច។ ប្រេតនេះច្រើនរស់នៅ ឫស្យា ហាមប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាថជីដូនជីតា ឬ ញាតិសន្តាន បំភ្លេចគុណគេបែរជាឲ្យទោសគេទៅវិញ ។

ប្រភេទ​ទី ៩. បព្វតង្គប្រេត

[កែប្រែ]

បព្វតង្គប្រេត ប្រេតមានកាយដូចភ្នំ ។ ក្នុងតម្រាខ្មែរហៅជា បព្វង្កា មានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី ចំពោះខ្លួនប្រាណវិញ គឺមានភ្លើងឆេះរងំ ឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ ព្រោះបានធ្វើបាបកម្មច្រើននិងទ្រាំរស់នៅបែបបនេះរាប់រយឆ្នាំទៀត លុះអស់កម្មពៀរ ។ ប្រេតនេះច្រើនរស់នៅក្នុងដងព្រៃជ្រៅ នាហេមពាន្តភ្នំគិជ្ឈកូដ កាលពីជាតិមុនគឺមនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំ ឈ្លោះប្រកែកនិងតាមព្យាបាទគេឯង ឥតកោតក្រែងអំពើអាក្រក់ដែលខ្លួនបានសាង ។

ប្រភេទ​ទី ១០. អជគរង្គប្រេត

[កែប្រែ]

អជគរង្គប្រេត ប្រេតមានកាយដូចពស់ថ្លាន់ ។ ក្នុងតម្រាខ្មែរហៅជា អជតរៈ មានក្បាលច្រើនប្រភេទដូចជាពស់ថ្លាន់ សត្វខ្លា ជាឆ្មា គោ ក្របី ប្រេតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ ធំវៀនលើដី ធំវែងដូចភ្នំ ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬ បុព្វតា ក្បែរសមុទ្រ លើដុំសិលា ។ ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែ ឪ ជីដូន ជីតា ជេរអ្នកមានគុណថាឆ្កែជាឆ្មា ។ ចំពោះព្រះសង្ឃក៏មិនខ្លាច ប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះ មានក្បាលច្រើនបែបនេះឯង មានភ្លើងគ្រប់ពេលវេលាបែបនេះ ។

ប្រភេទ​ទី ១១. វិមានកប្រេត

[កែប្រែ]

វិមានកប្រេត ប្រេតមានវិមាននៅ ។ ក្នុងតម្រាខ្មែរហៅជា វេមានិក មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្ទើគ្មាន ។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ប្រេតនេះ គេហៅថា យមរាជ ទៅកាប់សត្វនរកឈាមប្រឡាក់ព្រាចពីព្រឹកដល់ល្ងាច អត់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែលសាយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះមានរូបល្អឥតខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរចោមរោមសុំស្នេហ៍ ដល់ពេលសោយទុក្ខកើតជាប្រេតចង្រៃរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ ប្រេតនេះកាលពីជាតិមុនជាមនុស្សស៊យប្រព្រឹត្តិលេលាបានធ្វើទានខ្លះ ធ្វើតាមទម្លាប់គឺបុណ្យក៏ធ្វើ បាបក៏ធ្វើ ក្នុងន័យប្រមាថដូចនេះហើយទើបផលកម្ម សងទាំងពីបែបនេះ ។

ប្រភេទ​ទី ១២. មហិទ្ធិកប្រេត

[កែប្រែ]

មហិទ្ធិកប្រេត ប្រេតមានឫទ្ធិច្រើន (ជាធំជាងប្រេតទាំងឡាយ មើលខុសត្រូវប្រេតទាំងឡាយ) ។ ក្នុងតម្រាខ្មែរចែងថា ប្រេតឈ្មោះ មហិទ្ធិកៈ នេះ រូបល្អពេញទីជាស្តេចនៃប្រេត អ្នកមានឫទ្ធិ​ល្អឥតមានពីរស្មើរូបទេព្តាមានគ្រឿងស្លៀកពាក់ ស្រស់ស្អាតពេកក្រៃ ទាស់តែស្រេកឃ្លានអាហារ អ្វីៗត្រេកអរលើសលន់ ខំស្ទុះទៅចាប់ភ្លើងឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះ ចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់តែក្លាយជាដុំដែក ក្រហម​ច្រាល​ឆ្អៅ​ឆេះ​ឆាប​ក្នុង​មាត់​ស្រេក​ឃ្លាន​ណាស់ ព្រោះ​មាន​កម្ម​ច្រើន ក្លិនស្អុយអស្ចារ្យ ល្អ​តែ​រូប​កាយ ។ ប្រេត​នេះ​កាល​ពី​ជាតិ​មុន​បួស​ក្នុង​សាសនា​ប្រមាថ​សុះសាយ បួស​មិន​ប្រព្រឹត្ត​វិន័យ បួស​ឆាន់​តែបាយ ប្រព្រឹត្តអាក្រក់ ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់​លាភ​មិន​ប្រតិបត្តិ​តាម​​វិន័យ ។

កំណាព្យ​ទាក់ទងនឹងប្រេត

[កែប្រែ]

ល្បើកប្រេត

[កែប្រែ]

ភិក្ខុ​ សុង​ ស៊ីវ បាន​និពន្ធ​ ល្បើក​ប្រេត​ ដើម្បី​ពន្យល់​ប្រភេទ​នីមួយៗ​នៃ​ប្រេត និង ការ​ឈឺ​ចាប់ ស្រេក​ឃ្លាន របស់​ពួក​ប្រេត​ទាំង​នោះ ។ ប្រសិន​បើ​អ្នក​អាន​ពិនិត្យ​ពិចារណា​ឲ្យ​បាន​ស៊ី​ជម្រៅ​ទៅ​លើ​លក្ខណៈ​រូបរាង សំលៀក​បំពាក់​តែងតួ ចំណី​អាហារ​ និង ចិត្ត​គំនិត​របស់​ប្រេត​នីមួយ​​នៃ​ពួក​ប្រេត​ទាំង ១២ ពួក​នោះ អ្នក​អាន​នឹង​អាច​ទាញ​ការ​សន្និដ្ឋាន​ថា មាន​អំពើ​រើសអើង បែងចែក​វណ្ណៈ អយុត្តិធម៌ និង អំពើ​ពុករលួយ នៅ​ក្នុង​ការ​ចាត់ថ្នាក់​នោះ ។ យើង​​ស្អប់​ខ្ពើម​​​​ ជិនឆ្អន់​​អយុត្តិធម៌ និង អំពើ​ពុក​រលួយ​នៅ​​ក្នុង​សង្គម​មនុស្ស​​ ព្រោះ​តែ​ចិត្ត​លោភលន់​របស់​មនុស្ស​មាន​អំណាច ​មាន​ល្បិច និង អាត្មានិយម ។ ពេល​ស្លាប់​ជា​ខ្មោច​ហើយ​ក៏​នៅ​បន្ត​បែងចែក​វណ្ណៈ បែង​ចែក​ប្រភេទ​ខ្មោច​ឬ​ប្រេត​ទៀត ។ ពួក​ប្រេត​ណា​ដែល​មាន​ទ្រព្យ​ច្រើន​អាច​សូកប៉ាន់​យមបាល​ដើម្បី​បន្ធូរបន្ថយ​ទោសទណ្ឌ មាន​រូបរាងកាយ​ល្អជាង​គេ ​មាន​សំលៀកបំពាក់​និង​គ្រឿង​​តែងកាយប្រណិត​​ និង មាន​​ម្ហូបអាហារ​ល្អ​សម្រាប់​បរិភោគ​ទៀត ។ ចំណុច​នេះ​ពិត​ជា​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​​នូវ​ល្បិច​កល​​ពិសពុល​ដ៏​​​អាក្រក់​របស់​អ្នក​និពន្ធ​អក្សរសិល្ប៍​បែប​ពុទ្ធ​និយម​ទាំង​នោះ ។

ទំនួញប្រេត

[កែប្រែ]

បទស្មូត "ទំនួញប្រេត" និពន្ធ​ដោយ​លោក ពេជ្រ សុខា ជា​ចម្រៀង​​​រៀប​រាប់​​សុខ​ទុក្ខ បុណ្យ បាប របស់​ឪពុក​ម្តាយ ដែល​​បាន​កើត​ទៅ​ជា​ប្រេត​ក្រោយ​ពេល​ស្លាប់ ។ ទំនួញ​ប្រេត មាន​​អត្ថន័យ​អប់រំ​​កូន​ចៅ ​ដែល​នៅ​​កំពុង​រស់​នៅ​​ ឲ្យ​ស្គាល់​​ភារកិច្ច​​ និង កិច្ច​ដែល​ត្រូវ​ធ្វើ​​​ពេល​ភ្ជុំបិណ្ឌ ។ ប្រជាជន​ខ្មែរ​មាន​ជំនឿថា នៅ​រដូវ​ភ្ជុំបិណ្ឌ ជាពេល​​ដែល​ពួក​យមបាល បើក​ទ្វារ​នរក​អនុញ្ញាត​ឲ្យ​ប្រេតមាន​ឱកាស​​ឡើង​មក​ទទួល​ទាន​របស់​​​កូន​ចៅ សាច់​ញាតិ ឬ គ្រួសារ​របស់​ពួក​គេ ។ ប្រជាជន​ខ្មែរ​ធ្លាប់​ឮ​បទស្មូត​នេះ​នៅតាម​​​វត្តអារាម ក្នុង​ព្រះរាជាណាចក្រកម្ពុជា នៅ​​រដូវ​បុណ្យ​កាន់​បិណ្ឌ ។ បទ​មួយ​​ទៀត មាន​ចំណងជើង​ថា "ទំនួញប្រេត" ដូច​គ្នា​ដែរ ប៉ុន្តែ​មិន​មែន​ជា​ស្មូត​ទេ អត្ថន័យ​ក៏​ខុស​គ្នា​ដែរ ។

ពិធីបុណ្យ​ទាក់ទង​នឹង​ប្រេត

[កែប្រែ]

នៅ​ក្នុង​គម្ពីរ​ធម្ម​បទ​ដ្ឋកថា​ ​បាន​និយាយ​ពី​រឿង​ពួក​ប្រេត​របស់​ព្រះ​រាជា​ព្រះ​នាម​ពិម្ពិសារ​មួយ​ក្រុម​ បាន​បំពេញ​ទាន​មាន​វត្ថុ​មិន​ស្អាត​បរិសុទ្ធ​ ពោល​គឺ​សីុ​បាយ​មុន​លោក ​លុះ​ធ្វើ​​​មរណ​កាល​​ទៅ​បាន​ទៅ​កើត​ក្នុង​បេត​វិស័យ ​"កើត​ជា​ប្រេត" សោយ​ទុក្ខ​វេទនា​អស់​កាល​ដ៏​យូរ​អង្វែង ​គឺ​តាំង​ពីមុន​ភទ្ទ​កប្ប​​យើង​នេះ​ទៅ​ទៀត​។ លុះ​មក​ដល់​ភទ្ទកប្ប​យើង​នេះ​មាន​ព្រះ​ពុទ្ធ​ត្រាស់​ដឹង​ធម៌​ប្រាំ​ព្រះ​អង្គ​គឺ​ កុក្ក​សន្ធោ កោ​​នាគម​នោ កស្ស​បោ សមណ​គោ​ត្តម​ និង ​អរិយ​មេត្តេយ្យ ​។ នៅ​សល់​ព្រះ​មួយ​អង្គ​ទៀត​ដែល​មិនទាន់​បាន​ត្រាស់​ គឺ ​ព្រះ​អរិយ​មេ​ត្តេយ្យ​ ដែល​លោក​កំពុង​តែ​បំពេញ​បារមី​នៅ​ឋាន​តុសិត​សព្វ​ថ្ងៃ​នេះ​។

ព្រះ​ពុទ្ធ​ព្រះ​នាម​កុក្ក​សន្ធោ ​បាន​ត្រាស់​ដឹង​ឡើង​មុន​គេ​ក្នុង​ភទ្ទកប្ប​នេះ​ ពួក​ប្រេត​ទាំង​នោះ​ក៏​នាំ​គ្នា​ទៅសួរ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន​ ចុះ​យើង​ខ្ញុំ​ទាំង​ឡាយ​កាល​ណា​ទើប​បាន​អាហារ​បរិ​ភោគ​ ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា​ ចាំ​សួរ​ព្រះ​ពុទ្ធ​​ជាន់​ក្រោយ​ចុះ​ ក្នុង​សាសនា​តថា​គត​នេះ​អ្នក​ទាំង​ឡាយ​មិន​ត្រូវ​បាន​អាហារ​បរិភោគ​ទេ​។ លុះ​ផែន​ដី​ដុះ​បាន​មួយ​យោជន៍​ឡើង ​ព្រះ​ពុទ្ធ​ព្រះ​នាម​កោនាគម​នោ​បាន​ត្រាស់​ដឹង​ ពួក​ប្រេត​ទាំង​នោះ​ក៏​បាន​នាំ​គ្នា​ទៅ​សួរ​ទៀត​ ព្រះ​អង្គ​ក៏​បាន​ត្រាស់​ដូច​ព្រះ​ពុទ្ធ​មុន​ដែរ ។ លុះ​​ដល់​ព្រះ​ពុទ្ធ​ព្រះ​នាម​សម​ណ​គោ​ត្តម​យើង​នេះ​បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក​ ពួក​ប្រេត​ទាំង​នោះ​បាន​នាំ​គ្នា​ទៅ​សួរ​ព្រះ​អង្គ​ ហើយ​ព្រះ​អង្គ​ត្រាស់​ថា​ អ្នក​ទាំង​ឡាយ​ត្រូវ​បាន​អាហារ​បរិភោគ​ក្នុង​សាសនា​តថា​គត​នេះ​ហើយ​ តែ​ចាំ​មើល​ពេល​ណា​ដែល​ព្រះ​បាទ​ពិម្ពិ​សារ​ជា​ញាតិ​របស់​អ្នក​ទាំង​ឡាយ​ថ្វាយ​ទាន​ដល់​តថា​គតនឹង​ញ៉ាំង​អាហារ​ឱ្យ​សំរេច​ដល់​អ្នក​ទាំង​ឡាយ​ អ្នក​ទាំង​ឡាយ​នឹង​បាន​អាហារ​បរិ​ភោគ​ក្នុង​ពេល​នោះ​។

លុះ​ព្រះ​បាទ​ពិម្ពិសារ​បាន​ថ្វាយ​ទាន​ក្នុង​ថ្ងៃ​ដំបូង ហើយ​មិន​បាន​ផ្សាយ​ផល​ទៅ​ឱ្យ​ពួក​ញាតិ​ ក៏​ស្រាប់​តែ​ពួក​ប្រេត​ទាំង​ឡាយ​នោះ​យំ​ស្រែក​ទ្រហឹង​អឺង​កង​ក្នុង​រាត្រី​នោះ​ ជា​សំលេង​គួរ​ឱ្យ​ព្រឺ​ព្រួច​ភ័យ​ខ្លាច​ពេក​ណាស់​ ដែល​ស្ថិត​នៅ​ពាស​ពេញ​ព្រះ​រាជ​ដំណាក់​។ លុះ​ព្រឹក​ឡើង​ព្រះ​បាទ​ពិម្ពិសារ​ក៏​បាន​យាង​ទៅ​កាន់​វត្ត​វេឡុវ័ន​ ហើយ​សួរ​ព្រះ​សម្ពុទ្ធ​ពី​ហេតុ​ការណ៍​យប់​នោះ​ ព្រះ​អង្គ​ទ្រង់​ត្រាស់​ថា​ ពួក​ប្រេត​ជា​ញាតិ​របស់​ព្រះ​អង្គ​នាំ​គ្នា​យំ​ស្រែក​រក​អាហារ​ ព្រោះ​ពួក​ប្រេត​ទាំង​នោះ​ត្រូវ​បាន​អាហារ​បរិ​ភោគ​ក្នុង​សាសនា​តថា​គត​នេះ​ហើយ​។ ព្រះ​រាជា​គ្រាន់​តែ​បាន​ដឹង​ហេតុ​យ៉ាង​ដូច្នេះ​ហើយ ​ក៏​បាន​ចាត់​ចែង​ធ្វើ​បុណ្យ​ទាន​ម្តង​ទៀត​មាន​បាយ ទឹក​ នំ​ចំណី ត្រី​ សាច់​ សំពត់​អាវ​ស្បៃ​ជា​ដើម​ដល់​ព្រះ​សង្ឃ​ទាំង​ឡាយ​មាន​ព្រះ​ពុទ្ធ​ជា​ប្រធាន​ ព្រះ​អង្គ​ក៏​បាន​​​អនុមោទនា​ដោយ​​ "តិរោកុឌ្ឌសូត្រ"​ស្រេច​ហើយ ​ពួក​ប្រេត​ទាំង​នោះ​ក៏​ទទួល​ផល​ក្នុង​ពេល​នោះ ហើយ​ក៏​បាន​រួច​ចាក​អំពី​ប្រេត​វិស័យ​ទៅ​កើត​ក្នុង​សុគតិ​ភព​អស់​ទៅ​។ រឿង​នេះ​លើក​យក​មក​បំភ្លឺ​ឱ្យ​ឃើញ​អំពី​ទំនាក់​ទំនង​ជា​មួយ​បុណ្យ​ភ្ជុំ​បិណ្ឌ​ ហើយ​ជា​រឿង​ដែល​គួរ​យក​ជា​ប្រមាណ​ក្នុង​កិច្ច​កុសល​បាន។ គួរ​បញ្ជាក់​ថា​ មនុស្ស​ដែល​ស្លាប់​ទៅ​មិន​មែន​សុទ្ធ​តែ​ចាប់​កំណើត​​ជា​ប្រេត​ទាំង​អស់​នោះ​ទេ​អ្នក​ធ្វើ​ល្អ​តែង​ទៅ​​កើត​ក្នុង​សុគិត​ភព​មាន​​ឋាន​ទេវ​លោក​ជា​ដើម​​ ហើយ​កុសល​​ផល​បុណ្យ​​​ដែល​ញាតិ​ធ្វើ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​ក៏​ទៅ​ជួយ​សណ្តោង​អ្នក​ល្អ​ទាំង​នោះ​ឱ្យ​រឹង​រឹត​សុខ​ចំរើន​ទ្វេ​ឡើង​ថែម​ទៀត​ ការ​លើក​ឡើង​នេះ​ក្រែង​មាន​ទស្សនៈ​យល់​ច្រឡំ​​ និង​ដើម្បី​បញ្ចៀស​នូវ​ការ​យល់​ខុស​។

បុណ្យ​ភ្ជុំ​បិណ្ឌ​មាន​លក្ខណៈ​ពិសេស​ ៣ ​យ៉ាង​គឺ ៖

១- ដើម្បី​ឧទិ្ទស​កុសល​ផល​បុណ្យជូន​​ចំពោះ​ពួក​ប្រេត​មាន​មាតា​ បិតា ញាតិកា​ប្រាំ​ពីរ​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ ទោះ​ទៅ​កើត​នៅ​ទី​ណា​ ជា​អ្វី​ក៏​ដោយ។ ​គោល​ដៅនៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះគឺ​​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ពួក​ប្រេត​ទាំង​អស់​ដែល​បាន​ស្លាប់​ទៅ ទោះ​កើត​ជា​អ្វី​ក៏​ដោយ​ ក៏​ឱ្យ​រួច​រដោះ​កម្ម​ពៀរ​បាន​ ហើយ​ទៅ​កើត​ក្នុង​ឋាន​សុគតិ​ភព​ សុខ​ចំរើន​ជា​ភយ្យោ​ភាព​តទៅ​។

២- ដើម្បី​ឱ្យ​បាន​សុខ​ចំរើន​សិរី​សួ​ស្តី​ដែល​កើត​ពី​ផល​ទាន​នៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​​ដល់​ខ្លួន​ និង​សង្គម​គ្រួសារ​។ មនុស្ស​គ្រប់​រូប​ទោះ​ល្អ​ឬ​អាក្រក់​តែង​ប្រាថ្នា​ចង់​បាន​សុខ​ចំរើន មិន​ចង់​ជួប​សេចក្តី​ទុក្ខ​ឡើយ​ ប៉ុន្តែ​សុខ​ឬ​ទុក្ខ​ជា​សភាវៈ​ពិត​ស្តែង​ចេញ​តាម​អំពើ​ឬ​សកម្ម​ភាព​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​ដូច​ពាក្យ​ថា​ ធ្វើ​ល្អ​ បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់​ នេះ​ជា​​សច្ច​ភាព​។

៣- ដើម្បី​បង្កើត​សាមគ្គី​ធម៌​របស់​ជាតិ​ព្រោះហេតុ​នោះ​ទើប​មាន​កំណត់​ថ្ងៃ ​ខែ​ ពេល​វេលា​ និង​មាន​កំណត់​ទាន​វត្ថុ​ ដូច​ជា​នំ​អន្សម​នំ​គម​ជា​ដើម​ ​ប្លែក​ជាង​ទាន​នៃ​បុណ្យ​ផ្សេងៗ​ ហើយ​ស្រុះ​ស្រួល​​បបួល​គ្នា​ធ្វើ​ស្ទើរ​គ្មាន​សល់​ម្នាក់​ទូ​ទាំង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ។

ហេតុ​អ្វី​បាន​ជា​​ពុទ្ធបរិស័ទ​ខ្មែរ​​​នាំ​គ្នា​វេច​នំ​អន្សម​ដូចៗ​គ្នា​យ៉ាង​នេះ?

បើ​យើង​ពិនិត្យ​ប្រវត្តិ​ដើម​ នៃ​ការ​អនុវត្តន៍​ជំនឿ​របស់​ជនជាតិ​ខ្មែរ ​តាំង​ពី​សម័យ​ដើម​មក យើង​ឃើញ​ថា​ ជនជាតិ​ខ្មែរ​​ធ្លាប់​បាន​ប្រកាន់​ជំនឿ​​​​​តាម​ការ​គោរព​ព្រលឹង​​ដូនតា​ ឬ គោរព​​វត្ថុ​ធម្មជាតិ​ដូច​ជា​ទន្លេ ភ្នំ រុក្ខជាតិ, ធ្លាប់​កាន់​​ជំនឿ​នៃ​​​លទ្ធិ​ព្រាហ្មណ៍ (សព្វ​ថ្ងៃ​ហៅ​ថា ហ៊ីនឌូ)​, ធ្លាប់​ប្រកាន់​ជំនឿ​តាម​ពុទ្ធសាសានា​​មហាយាន បន្ទាប់​មក​​ពួក​គេ​ក៏​បាន​ប្តូរ​មក​កាន់​តាម​ពុទ្ធសាសនា​និកាយ​ថេរវាទ​វិញ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​សង្កេត​ឃើញ​​ប្រជាជន​ខ្មែរ​បន្ត​អនុវត្ត​ជំនឿ​ទាំង​នោះ​លាយ​ចម្រុះ​គ្នា ដូច​ជា​ពិធី​សែនព្រេន​នៅ​ទីវត្ត​អារាម តាម​ស្រែ​ចម្ការ ផ្ទះ​សម្បែង​ ពិធី​លៀង​អារក្ស ពិធី​បូជា​សព​ដោយ​មាន​អាចារ្យ​ភ្លុក​​ស្លៀកស ពាក់​ស ជាដើម ។ នៅ​ក្នុង​លទ្ធិ​ព្រាហ្មណ៍ ការ​អនុវត្ត​ជំនឿ​គឺ​ភាគច្រើន​ធ្វើ​ឡើង​តាម​រយៈ​ការ​បង្កើត​និមិត្ត​សញ្ញា​សម្រាប់​តំណាង​អង្គ​អាទិទេព​ណា​មួយ ដូច​ជា​ការ​សូន្យ​ថ្ម​​តំណាង​ឲ្យ​លិង្គ​ព្រះ​ឥសូរ និង យោនី​ព្រះនាង​ឧមាវតី, ការ​​ប្រើ​​ផ្លែ​ត្រប់​វែង (ត្រប់​ក្ត​គោ) និង ត្រប់​មូល​នៅ​ក្នុង​ពិធី​មង្គលការ, ការ​រៀប​ស្លឹក​ម្លូ​ (យោនី) និង ចំណិត​ស្លា​​ (លិង្គ) នៅ​លើ​កន្ទោង​បាយសី, ការ​ពោលពាក្យ​ថា​ "សូម​ឲ្យ​អ្នក​ទាំង​ពីរ​បាន​សុខ​ចម្រើន ​ត្រជាក់​​ត្រជុំ​ដូច​ទឹក​អង្គ​ (លិង្គ) បំពង់​ខ្ចី (យោនី)", ការ​វេច​​នំ​អន្សម​ (លិង្គ) និង នំ​គម (យោនី) ។ ការ​អនុវត្ត​ន៍​ជំនឿ​ទាំង​នេះ​បាន​ដិត​ជាប់​នៅ​ក្នុង​ផ្នត់​គំនិត​របស់​ខ្មែរ ដែល​ពិបាក​នឹង​លុប​បំបាត់​ចោល​​ណាស់ ។ ដូច្នេះ​ហើយ​ទើប​ភិក្ខុ​មួយ​ចំនួន​ចេះ​តែ​បណ្តោយ​ឲ្យ​ប្រជាជន​ធ្វើ​កិច្ច​ទាំង​នោះ​ ដោយ​មិន​ហ៊ាន​ពន្យល់​​វែកញែក​ឲ្យ​ច្បាស់ ព្រោះ​ម្យ៉ាង​ខ្លាច​បាត់​សមាជិក​ពុទ្ធបរិស័ទ​ជើង​វត្ត ម្យ៉ាង​ទៀត​ខ្លាច​បាត់​លាភសក្ការៈ​អំពី​កិច្ច​ទាំង​នោះ ។​

សរុប​សេចក្តី

ភ្ជុំ​បិណ្ឌ ​ជា ​បុណ្យ​មួយ​ផ្នែក​ព្រះ​ពុទ្ធ​សាសនា​ ដែល​ជា​ទី​ពេញ​និយម​ពី​សំណាក់​ពុទ្ធ​បរិ​ស័ទ​គ្រប់​មជ្ឈ​ដ្ឋាន​ ។ ​ទោះ​​បី​មក​ដល់​សម័យ​ទំនើប ដែល​មនុស្ស​ជា​ច្រើន​ឈប់​ជឿ​លើ​ជំនឿ​អរូបី ខ្មោច ព្រាយ អារុក្ខអារក្ស អ្នកតា ទេវតា ប្រេត នរក ឬ សួគ៌​ហើយ​ក៏​ដោយ ក៏​នៅ​មាន​មនុស្ស​មួយ​ចំនួន​បន្ត​សេចក្តី​ជំនឿ​ទាំង​នោះ និង បន្ត​អនុវត្ត​កិច្ច​​បូជា​ខាង​សាសនា​​រហូត​មក​ ។ ដរាប​ណា​គ្មាន​ការ​អប់រំ និង សិក្សា​​ជ្រៅជ្រះ​ដើម្បី​ជា​ឧបករណ៍​សម្រាប់​វិភាគ​ពិចារណា​ស្វែង​រក​សច្ចភាព និង ​តថភាព ដរាប​នោះ​​​នឹង​​នៅ​តែ​មាន​មនុស្ស​​​ល្ងង់​ខ្លៅ​បន្ត​អនុវត្ត​ជំនឿ​គ្មាន​ហេតុផល​រហូត ។

បទវិភាគ​​លើ​និទានកថា​អំពី​ប្រេត​

[កែប្រែ]

ការ​សិក្សា​អក្សរសិល្ប៍​ឥណ្ឌា​នៅ​ក្នុង​​​​​គម្ពីរ​បញ្ចតន្ត្រៈ​ ​គម្ពីរ​ហិតោបទេស​ និង​ ជាតក​ផ្សេងៗ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​និពន្ធ​បាន​ស្ថិត​នៅ​ក្រោម​គំនាប​​ប្រពៃណី និង សាសនា ជាពិសេស​គំនាប​របស់​វណ្ណៈ​ព្រាហ្ម និង វណ្ណៈ​ក្សត្រ ។ ពួក​​មនុស្ស​វណ្ណៈ​ក្សត្រ​ ដែល​ជា​អ្នក​ដឹកនាំ​ មិន​​ត្រឹម​តែ​មិន​បាន​គិត​គូរ​ដោះស្រាយ​បញ្ហា​របស់​រាស្ត្រ​ទេ ពួក​គេ​ថែម​ទាំង​បាន​ប្រើ​អំណាច​ផ្តាច់ការ​​ដើម្បី​ជិះជាន់​ កេង​ប្រវ័ញ្ច​ បោក​បញ្ឆោត​ប្រជារាស្ត្រ​ ដោយ​ប្រើ​គ្រប់​មធ្យោបាយ ។​ ពួក​វណ្ណៈ​ព្រាហ្ម ដែល​មាន​អាចារ្យ ឬ ព្រាហ្ម​បុរោហិត​ច្រើន​គរ​ដឹក​នៅ​បម្រើ​ក្សត្រ​តាម​រាជវាំង និង​ វិហារ​នានា តែង​រួម​គំនិត​គ្នា​ជា​មួយ​មនុស្ស​វណ្ណៈ​ក្សត្រ​ដែល​មាន​ទាំង​កម្លាំង​អាវុធ និង ទ្រព្យ​សម្បត្តិ​ ដើម្បី​បោក​បញ្ឆោត​ប្រជាជន​នៅ​វណ្ណៈ​ក្រោមៗ​ ជា​ពិសេស​មនុស្ស​នៃ​វណ្ណៈ​សូទ្រ និង មនុស្ស​ចណ្ឌាល ។ ដោយ​អ្នក​ប្រាជ្ញ​មួយ​ចំនួន​បាន​មើល​ឃើញ​អំពើ​អយុត្តិធម៌​ទាំង​នេះ ទើប​លោក​និពន្ធ​និទាន​អប់រំ​ជាច្រើន​សម្រាប់​អប់រំ​ប្រដៅ​មនុស្ស​នៃ​វណ្ណៈ​ព្រាហ្ម​ និង វណ្ណៈ​ក្សត្រ ឲ្យ​កែប្រែ​ឥរិយាបថ​ចំពោះ​មនុស្ស​នៅ​វណ្ណៈ​ខាង​ក្រោម​ៗ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​និពន្ធ​ទាំង​នោះ​មិន​ហ៊ាន​បញ្ចេញ​ទស្សនៈ​អប់រំ​របស់​ខ្លួន​ដោយ​ចំហ​ទេ ពួក​គាត់​ត្រូវ​ប្រើ​សិល្ប៍​វិធី​បង្កប់ ប្រៀប​ធៀប​ ដោយ​យក​តួអង្គ​សត្វ​ផ្សេងៗ​ជំនួស​ឲ្យ​តួអង្គ​មនុស្ស​នៅ​ក្នុង​សង្គម​ពិត​ប្រាកដ ។

អ្នក​និពន្ធ​សម័យ​ក្រោយៗ​មួយ​ចំនួន​មាន​សេចក្តី​ក្លាហាន​គ្រាន់​បើ​ក៏​បាន​លើក​យក​តួអង្គ​ពាក់កណ្តាល​មនុស្ស​ ពាក់​កណ្តាល​សត្វ (ប្រេត) មក​​បង្ហាញ​​ឲ្យ​ឃើញ​នូវ​សកម្មភាព និង ស្ថាន​ភាព​ពិត​ ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​សង្គម​ឥណ្ឌា នៅ​ក្រោម​ការ​ជិះជាន់​របស់​មនុស្ស​នៅ​វណ្ណៈ​ព្រាហ្ម និង វណ្ណៈ​ក្សត្រ ។ ពួក​ប្រេត គឺ​ជា​តំណាង​ប្រជារាស្ត្រ​ក្រីក្រ​ដែល​ទទួល​រង​ការ​ជិះជាន់​ កេង​ប្រវ័ញ្ច​ រង​ការ​ធ្វើ​ទារុណកម្ម​គ្រប់​យ៉ាង​ ពី​ពួក​​ព្រាហ្ម​ និង វណ្ណៈ​​ក្សត្រ ។ ពួក​ប្រជារាស្ត្រ​គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ ផលិតផល​ផ្នែក​កសិកម្ម​ និង​ សិប្បកម្ម​ផ្សេងៗ ត្រូវ​បាន​ពួក​ក្សត្រ​ប្រមូល​យក​អស់ ។ នៅ​ពេល​មាន​ការ​តស៊ូ​រើ​បម្រះ​​ពី​សំណាក់​ប្រជារាស្ត្រ ពួក​​ព្រាហ្ម និង ពួក​ក្សត្រ បាន​ប្រើ​គ្រប់​មធ្យោបាយ​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ​របស់​រាស្ត្រ ដើម្បី​បំបាក់​ស្មារតី បំបិត​កុំឲ្យ​មាន​គំនិត​ងើប​ឡើង​ប្រឆាំង​នឹង​ពួក​វណ្ណៈ​របស់​ខ្លួន ។ តួអង្គ​ប្រេត​ទាំង​នោះ​ គឺ​ជា​ប្រជារាស្ត្រ​សាមញ្ញ​ពិត​ប្រាកដ​ដែល​មាន​គំនុំ​ រង់​ចាំ​សងសឹក​ចំពោះ​មនុស្ស​វណ្ណៈ​ព្រាហ្ម និង​ វណ្ណៈ​ក្សត្រ ដែល​បាន​ប្រព្រឹត្ត​អំពើ​សាហាវ​យង់​ឃ្នង​មក​លើ​ប្រជារាស្ត្រ​រាប់​ពាន់​ជំនាន់ ។

ពួក​វណ្ណៈ​ព្រាហ្ម និង វណ្ណៈ​ក្សត្រ​ សប្បាយ​រីករាយ​នឹង​ឃើញ​ ឬ ឮ​ការ​បកស្រាយ​ថា​ មាន​ប្រេត មាន​ស្ថាន​នរក មាន​ស្ថាន​សួគ៌ និង ការ​ធ្វើ​បុណ្យ​សម្រាប់​ដាក់​ទៅ​ជាតិមុខ ។ ពួក​គេ​បំភាន់​ស្មារតី​ប្រជាជន​ឲ្យ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បរលោក ដោយ​បង្វែរ​ការ​គិត​ពិចារណា​របស់​រាស្ត្រ​​ពី​ការ​គិតគូរ​ដោះស្រាយ​បញ្ហា​​សង្គម​នា​​ពេល​បច្ចុប្បន្ន ព្រោះ​ថា​បើ​រាស្ត្រ​ងាក​មក​គិតគូរ​ដោះស្រាយ​បញ្ហា​សង្គម​ក្នុង​ពេល​នៅ​មាន​ជីវិត ពេល​នោះ​រាស្ត្រ​នឹង​រក​ឃើញ​ថា ភាព​ក្រីក្រ ការ​ជិះជាន់ កេង​ប្រវ័ញ្ច អយុត្តិធម៌ និង ការ​បាត់បង់​សេរីភាព សុទ្ធ​តែ​ជា​លទ្ធផល​កើត​ចេញ​មក​ពី​អ្នក​ដឹកនាំ​ប្រទេស ។

ដូច្នេះ​ អ្នក​អាន​គួរ​គិត​ពិចារណា​ នៅ​ពេល​អាន​សាច់រឿង​ទាំងឡាយ​ដែល​រៀបរាប់​នៅ​ក្នុង​គម្ពីរ​ព្រះត្រៃបិដក ដោយ​ពិនិត្យ​មើល​ថា តើ​អ្នក​និពន្ធ​មាន​គោល​គំនិត​អ្វី​សម្រាប់​ការអប់រំ ពោល​គឺ​មិន​មែន​ចេះ​តែ​នាំ​គ្នា​ជឿ​ថា​ មាន​ប្រេត មាន​ឋាន​នរក ឋាន​សួគ៌ ដោយ​ខ្វះ​ការ​ពិចារណា​នោះ​ឡើ​យ ។ អ្នក​និពន្ធ​បាន​ប្រើ​វិធី​ភ្ជាប់​សាច់រឿង​ទាំង​ឡាយ​ទៅ​នឹង​តួអង្គ​ព្រះ​ពុទ្ធ​ ថា​ជា​រឿង​ដែល​ព្រះ​ពុទ្ធ​បាន​សំដែង​ទុក ប៉ុន្តែ​តាម​ការពិត វា​គ្រាន់​តែ​ជា​វិធី​និពន្ធ​ដើម្បី​ឲ្យ​ប្រជាជន​ឆាប់​ទទួល​យក​ប៉ុណ្ណោះ ។

ឯកសារ​យោង

[កែប្រែ]
  1. ភ្ផុំបិណ្ឌជាបុណ្យប្រវត្ដិសាស្ដ្ររបស់បុព្វជនខ្មែរ Archived 2012-10-28 at the វេយប៊ែខ ម៉ាស៊ីន., នៅ សុខភាពកម្ពុជា

ព្រះត្រៃបិដក > សុត្តន្តបិដក > សំយុត្តនិកាយ

តំណ​ភ្ជាប់

[កែប្រែ]