ប្រជុំពាក្យកាព្យ
ភាគទី ១
ព្រះរាជនិពន្ធព្រះបាទសម្ដេចព្រះស្រីធម្មរាជា ព្រះរាជសម្ភារ ព្រះចៅក្រុងកម្ពុជាធិបតី
ត ទី ៤
ហៃសាធុជនផង នេះគឺចំណង បទបាឡីថា
គម្ពីររសធម៌ អាណាក្រិតិកា គួរគប្បីមហា
ជនផងត្រងត្រាប់ ។
ធម៌នេះដំបូន្មាន រួមរក្សាប្រាណ ឲ្យបានក្ដីគាប់
ដល់លោកបរលោក ហៅរស់ពុំស្លាប់ ធម៌នេះច្បាប់
ក្ដីគាប់បរិយាយ ។
កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស កុំទុកចិត្តអភិប្រាយ
ប្រើស្ទំរែងខ្ពស់ (1) រំពឹងឲ្យឆ្ងាយ ស្ដាប់ពាក្យបរិយាយ
បណ្ដាំមេជី ។
កុំងឿងដោយខ្យល់ កុំឱនពាក្យពល់ កុំខ្វល់ដោយស្រី
កុំកាន់ពិសយង់ គប់នឹងស្រ្តី សមណជនជី
កុំឲ្យក្ដីត្រូវ ។
កុំនៅញ័ងឈ្លោះ កុំស្ដាប់អាសូរោះ កុំស្ដាប់អាស្រូវ
កុំដើរពានស្កុន កុំស្កាត់ច្រកផ្លូវ កុំធ្វើស្រែស្រូវ
នៅផ្លូវដំរី ។
ផ្អែមពីរប្រការ ចំណេរនៅដាល កុំអាលឲ្យឆី
ផ្អែមមួយពាក្យពាល រែងរាលរកក្ដី ផ្អែមមួយពាក្យស្រី
ស្រដីមាយា ។
ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពីសា
ពាក្យពិតរែងស្លែង ពុំពីរោះថា បណ្ដាំមេបា
រែងថាពុំគាប់ ។
ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ
ស្រីស្រាលប្រចណ្ឌ រែងស្អប់ខ្ញុំគាប់ ពាលពិតឥតច្បាប់
រែងស្អប់ប្រដៅ ។
ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធនទៅ
មានះបាត់មិត្រ ឥតអ្នកជាផៅ ក្រេវក្រោធឃោរឃៅ
រមែងបាត់អង្គ ។
ស្វែងគាប់បានយស ចង់ស្វែងរបស់ ប្រើចេះផ្គត់ផ្គង់
ចង់ធំកុំអួត ដើមមានពូជពង្ស ចង់ឲ្យខ្លួនត្រង់
ប្រើផ្គាប់អ្នកមុខ ។
ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខ
ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក មានផ្ទះស្រណុក
ដ្បិតភរិយាជា ។
បាត់យសដ្បិតខ្ជិល បាត់ញាណទានសីល ដ្បិតសេពសុរា
ប្រមាទបាត់បុណ្យ ខឹងបាត់ប្រាជ្ញា លេញលេងដៀលថា
បាត់ឥរិយាគាប់ ។
អត់ឱនឥតទោស ធ្វើចិត្តសន្ដោស បង្កើតជាទ្រព្យ
មេត្រីជាញាតិ រក្សាដល់ស្លាប់ ចៀសក្ដីពុំគាប់
ជាគន្ធពិដោរ ។
ទឹកបាក់ទៅទាប បុណ្យបាត់ដ្បិតបាប លាភបាត់ដ្បិតឃោរ
ទឹកថ្លាដ្បិតរលក ពុំយល់ស្រមោល ទោសកើតដ្បិតពោល
ល្មមមាត់ឃ្លានពាន ។
ខ្លៅរែងស្អប់ប្រាជ្ញ នាអ្នកខ្លួនខ្លាច រែងធ្វើជាហ៊ាន
ខ្សត់ខ្សោយស្ម៊ុតទ្រុត រែងធ្វើជាមាន អ្នកឥតសន្ដាន
រែងមើលគេងាយ ។
ទាហានថ្កើងដ្បិតសឹក ធ្វើស្រែដ្បិតទឹក ត្រេកពលដ្បិតបាយ
សិស្សប្រាជ្ញដ្បិតគ្រូ ជេរពោលដំវាយ ពលជាដ្បិតនាយ
ហ្វឹកហ្វឺនខះខំ ។
រៀនក្ដីគួរគិត ចាស់ឥតប្រព្រឹត្ត នូវប្រែច្រឡំ
អ្នកជា ៗ កាច តូចប្រែជាធំ ពង្សពូជឧត្ដម
ច្រឡំជារាស្រ្ត ។
ឃើញសេះជាលា ក្ងានជាទា ពពាយជាទាស
សំណជាប្រាក់ ស្ពាន់ឆ្លាក់ជាមាស បង្កួយជាជាស
កប្បាសជាគរ ។
ហេតុនេះគួរគិត គួររិះរកហឹត ដឹងរសគន្ធ
ពីដោរអសុដោរ ពីសាសាទរ ហឺតហើយគប្បីប-
រិភោក្ដាក្ដិត ។
ល្គឹកឮពីពាក្យ សាកសួររកសាច់ សន្ដានព្រេងព្រឹទ្ធ
រករិះកលអ្វី សុចរិតទុច្ចរិត ហើយហោងគួរគិត
ឲ្យដឹងខ្ពស់ទាប ។
ដូចខ្វាក់បាំស្បែក មួយដូចទំពែក ចង់សុំប្រេងលាប
ដូចថ្លង់ស្ដាប់ច្រៀង ទះដៃព្រាក ៗ ដូចខ្វិនអាបឡាប
ចង់ចងក្បិនរត់ ។
ពុតព្នាយមានបី មួយដូចដំរី សាហាវឥតបទ
អាចផ្សះផ្សាំងបាន កង្វេរកាន់កត់ ដាលដេញគោតគត់
៦ ហត្ថហោង ។
មួយចង់ឈ្នានិះ ចិត្តចង់ចចេស ពុំដោយគន្លង
ពាក្យពោលអ្នកធំ ច្រឡំសូរសង ពុំគិតក្ដីហ្មង
ចងចេរអន្តរាយ ។
មួយស្រីពេស្យា បំពេញព្រហ្មចា- រីរួសអភិប្រាយ
អំពើទាំងបី ហៅពិសពុតព្នាយ សាធុសម្ទាយ
ចៀសកុំបីត្រាប់ ។
ប្រាជ្ញពុំស្មើពុត បំរើលំឧត ពុំស្មើក្ដីគាប់
មានគុណពុំស្មើ អ្នកមានបុណ្យភ័ព្វ ស្វែងរៀនរកច្បាប់
ពុំស្មើចិត្តជា ។
ស័ក្ដិពុំស្មើយស អ្នកមានរបស់ ពុំស្មើសក្ដា
សូវបង់ធនធាន កុំខុសអាជ្ញា សូវមានរោគា
កុំឲ្យគ្នាមើលងាយ ។
សូវសុំកុំយក គ្នាស្មើកុំរក ដូចបាវនឹងនាយ
ខុសគាប់សូវអត់ កុំឲ្យឮឆ្ងាយ ក្ដីសុខុមទាំងឡាយ
កុំចាយសូរស័ព្ទ ។
ធម៌នេះដំបូន្មាន រួមរក្សាប្រាណ ឲ្យបានក្ដីគាប់
សូវបង់ធនធាន កុំឲ្យខ្លួនស្លាប់ សូវស្លាប់គួរគាប់
រសធម៌កុំបីបង់ ។
បន្តិបមេបា អំបូរលោកថា ទូកតាមកំពង់
សំពៅតាមខ្យល់ ចង្កូតដំរង់ មេលឹមតែងត្រង់
ត្រីវិសៃជាមុខ ។
ដូចចិត្តប្ដីជា ដូចមានភរិយា នៅផ្ទះស្រណុក
ដូចកូនទទួល យកពាក្យអាពុក ដូចខ្ញុំឲ្យមុខ
អម្ចាស់ប្រើហៅ ។
បន្តិបមេបា អំបូរលោកថា ព្រេងព្រឹទ្ធប្រដៅ
ទើងឆីប្រើរក ទើងស្វែងប្រើទៅ ទើងស្នេហ៍ប្រើហៅ
មិត្រមកជាមិត្រ ។
ពាក្យខុសកុំស្ដាប់ ក្ដីខុសកុំត្រាប់ អ្នកកាចកុំប្ដិត
ល្ងង់កុំស្រដី ខ្សត់កុំទុកចិត្ត ពាលោកុំប្ដិត
ជាមិត្រមេត្រី ។
ប្រើថ្លឹងឲ្យស្មើ ទោះបីនឹងប្រើ ប្រើអ្នកចេះក្ដី
កុំយកពាក្យស្លោក ផ្ទឹមនឹងគម្ពីរ កុំយកពាក្យជី
ផ្ទឹមនៅពាក្យពាល ។
មើលភ្នែកជញ្ជីង ក្នុងចិត្តឲ្យដឹង ណាធ្ងន់ណាស្រាល
កុំយកមណីរ័តន៍ មាសមានជាកាល ចិត្តកុំកណ្ដាល
នូវបង់សីលធម៌ ។
ប្រើដឹងតុលហាប ប្រើដឹងខ្ពស់ទាប មានភ្នែកយល់ល្អ
ទោះដឹងទឹកមាស ពុំចេរនៅថ្ម ទោះដឹងនៅដីស
ពុំចេរសំបុត្រ ។
ធ្វើស្រែមើលស្មៅ សន្ដានមើលផៅ បំរើមើលពុត
ទោះដឹងពុតជា ពុំចេរពុតត្បុត ដឹងចិត្តបរិសុទ្ធ
ពុំចេរឥរិយា ។
ទេពីមើលក្រិត្យ ក្សត្រាមើលឫទ្ធិ៍ ទាហានមើលចេស្ដា
ជាងមើលអំពើ អំពីហត្ថា ទោះយកភិរិយា
មើលនាលំនៅ ។
អាសាក្ដីបី បណ្ដាំមេជី ព្រេងព្រឹទ្ធប្រដៅ
អង្ករសសុទ្ធ ចំអិនឲ្យឆៅ ពីសីហើយខ្លៅ
ប្រាជ្ញឥតមារយាទ ។
អ្នកបួសឥតក្រិត្យ ចាស់ឥតប្រព្រឹត្ត ខ្សត់ច្រើនប្រមាទ
ភរិយាផុយផាយ ចាយវាយឥតខ្នាត ពលពាលសុទ្ធសាត
ប្រដៅក្របាន ។
ផ្ទះភ្លើងមានបី អំពើពុតស្រី ខឹងឥតប្រមាណ
កូនកាចចចេស ពុំដោយដំបូន្មាន ខ្ញុំកាចភៀសប្រាណ
ពុំឲ្យម្ចាស់ប្រើ ។
ហោរាប្រើគូរ ភូមូប្រើមូល ស្ទង់ទឹកប្រើស្មើ
បន្ទាត់ប្រើត្រង់ ពលផ្ចង់គប្បីប្រើ ពុំហើយគប្បីធ្វើ
កុំលេងគប្បីភ្ងា ។
ក្ដីកោតមានបី កោតមួយពួកស្រី ស្រដីមាយា
កោតមួយពាក្យពិស អាស្រូវជេរថា កោតមួយពាក្យពា-
លោលោភទូរជន ។
ពិសពស់នានា កុយខ្នាយទន្តា កាលគត់ស្ដាប់មន្ត
ត្រង់ពិសពាក្យពាល រោលរាលពុំស្រន្ត សូម្បីអស់ជន្ម
ក្រមន្តបោសបាន ។
ហេតុនោះគួរគិត គួររិះរកហឹត ថ្នាំពិសឲ្យស្រាន្ត
ដ៏លោភនេះគួរ រកអ្នកទ្រង់ញាណ សេពសាងសីលទាន
ជាថ្នាំលោកិយ ។
រីថ្នាំបរលោក ចៀសចាកទុក្ខសោក បង់បញ្ចឥន្ទ្រិយ
គប្បីផឹកសត្តតិង្ស- ពោធិបក្ខិយ អាចនាំដល់ត្រី-
ពិសសម្បតិសារ ។
ពិដោរផ្កាបី ពិដោរមេត្រី សួសីលាចារ
ពិដោរបរិសុទ្ធ កុសលសម្ភារ ពិដោរនេះដាស
ដល់សួរពុំស្បើយ ។
ពិដោរផ្កាបី ក្រៃលែងក្លិនភ្ញី ឥតឯល្ហែល្ហើយ
ដោយខ្យល់ច្រាសខ្យល់ នៅត្រើយឆ្លងត្រើយ ពិដោរពុំស្បើយ
ហៅរសគន្ធា ។
ពិសាផ្លែប្រាំ ពិសារសធម៌ ពិសាសត្យា
ពិសាសីលទាន ទ្រើសទ្រង់ករុណា ពិសារសវា-
ចាចេញមធូរ ។
ពិសាផ្លែប្រាំ គិតជានាយនាំ ឥន្ទ្រិយទៅចូល
ត្រិពិធសម្បត្ត ទិព្វរ៍តន៍អនុកូល ចំណេរទៅចូល
មោក្ខមាគ៌ាល័យ ។
នេះជាច្បាប់ធម៌ ប្រសើរមហាគាប់ ឧត្ដមពេកក្រៃ
ក្រអ្នកណាបាន ប្រាជ្ញាឈ្លាសវៃ អាចដឹងដោយន័យ
រសធម៌គាថា ។
គួរចេះគួរចាំ គួរតាមបណ្ដាំ ទូលទុកសិរសា
ធម៌នេះស្មើក្សីរ អម្រឹតធារា សម្ដេចភគវា
សាធុប្រោសប្រាណ ។
អ្នកណាបានស្ដាប់ អ្នកណាបានត្រាប់ អ្នកណាបានធ្យាន
រសធម៌នេះគាប់ ជាច្បាស់ទូន្មាន អ្នកនោះស្មើបាន
ដល់និព្វានហោង ។
(1) ច្បាប់ខ្លះថា ប្រើធំ... ក៏មាន ។