ប្រមូលភាសិតខ្មែរ
តែងសេចក្តី"វិជ្ជានិងវ័យមនុស្សមិនត្រូវឲ្យខុសជំនាន់គ្នា វ័យច្រើនត្រូវចម្រើនវិជ្ជា ទងពីរស្មើគ្នាទើបប្រពៃ"
ក
[កែប្រែ]កម្មករមែនពិត តែគំនិតឥតចង់ធើ្វខ្ញុំកំដរអ្នកណាទេ សាច់ឈាមថ្លាឆ្វង់ស្មោះត្រង់នឹងជាតិ ។
- ករណីយកិច្ចជាគំរោងការ ដែលមនុស្សគ្រប់គ្នាត្រូវបំពេញតាមឋានៈខ្លួន ។ (ព្រះធម្មវរោត្តម តុង-ឈូន)
- ការកើតជាមនុស្សទោះប្រុសស្រី ចាស់ក្ដីក្មេងក្ដី តែងឃ្លាឃ្លាតចាកទីស្រឡាញ់ចេញចាកញាតិ មានជាតិមានទុក្ខ ទុក្ខខ្លាំងក្លា ។(លោកគ្រូ ម៉ុក-សំឱក)
- ការកើតបានមកជារូបអង្គ ត្រូវផ្ចង់គំនិតនឹងប្រាជ្ញា ព្រមទាំងសេចក្ដីខ្មីឧស្សាហ៍រៀនវិជ្ជាការឲ្យចេះស្ដាប់ ។ (តែ-ជុន)
- ការចេះចប់សព្វមន្តសិល្បវិជ្ជា មិនប្រើជាប្រយោជន៍ធ្ងន់តែខួរ ដូចពាក់មាសពេជ្របំប៉នព្យួរ ស្រីមិនគួរខាតធនធ្ងន់តែខ្លួន ។ (ញូង-សឿង)
- ការចេះសន្ទនាជាមួយភ្ញៀវ ទុកជាវិជ្ជាដ៏កម្រមួយ ត្រូវប្រើរបៀបមួយរយជំពូក ដើម្បីឲ្យភ្ញៀវរីករាយជានិច្ច ។ (ឈូក-ម៉ឹង-ម៉ៅ)
- ការដែលយើងធើ្វ នាំឲ្យយើងដុះដាលចិត្តគំនិតកាន់តែធំ កាន់តែខ្ពស់ កាន់តែរីកធំឡើង យើងធើ្វការជួយបង្កើតលោកទាំងមូល ។ (មាស-រឿង)
- ការបរិភោគ អាហារក្នុងលោក មិនដឹងប្រមាណ ស៊ីច្រើនចាក់ច្រាសវិបល្លាសសន្ដាន ភ្លើងធាតុមិនបាន ដុតដូចប្រក្រតី ។ ចាត់ជាពិសពុល ព្រោះតែស៊ីជ្រុលនាំកាឡកណ្ណី ឲ្យមកគ្រប់ប្រាណ សន្ដានប្រុសស្រី ព្រោះតែចំណី គប្បីរិះគិត។ (ព្រះគ្រូ
បញ្ញាលិខិត កៅ ស៊ឹម)
- ការធើ្វឲ្យប្រាសចាករោគផ្សេងៗ ជាមូលដ្ឋានធំបំផុត នៃវឌ្ឍនភាពកម្ពុជា ការពារសុខភាព នៃបណ្ដាជន តុបតែង ព្រះរាជធានីយើងឲ្យបានជារាជធានី ល្អជាងគេនៅខាងបូព៌ាប្រទេស ផ្ដល់នូវសុខុមាភាពដល់បណ្ដាជនទាំងអស់គ្នា នេះហើយគោលបំណងជាអចិន្រ្តៃយ៍នៃរាជការក្រុមមឿង ។
- ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្ដិសុខក្នុងផ្ទៃលោក ។ (ព្រះធម្មវរោត្តម តុង-ឈួន)
- ការរចនាឯករាជ្យរបស់យើង ជាការពិបាកមែន ប៉ុន្តែនឹងបានផលប្រយោជន៍ច្រើន។
- ការអប់រំ គឺជាការហ្វឹកហ្វឺននូវសក្ដានុភាព ដែលជាគ្រឿងពង្រីកបណ្ដុះ ឬបង្កើតចំណេះវិជ្ជា ។
- កាលបើឃើញថា ការថ្មីធ្លាក់មកនៅក្នុងកណ្ដាប់ដៃហើយនោះ សឹមលះបង់ការចាស់ជាក្រោយ ។
- កាលបើមានភ្លៀងចូលមករកអាត្មា ចូរចរចាតែពាក្យផ្អែមយ៉ាងស្រស់ស្រាយ ការរាប់អានបានយ៉ាងនេះឆ្ងាញ់ មាល្បាយលើសលុបអស់រសទាំងឡាយក្នុងផែនភព។
- កិច្ចការឯណា យើងបានគិតពិនិត្យសំឡឹង ទៅក្នុងអនាគតក្ដី បច្ចុប្បន្នក្ដីអតីតក្ដី ហើយមានប្រយោជន៍ នោះគួរយើងខំព្យាយាមធើ្វកិច្ចនោះឲ្យបានសម្រេចប្រយោជន៍ឡើង។ (ព្រះសាសនមុនី មាស-កង)
- កិត្តិយសនៃប្រទេសនីមួយៗ មិនមែនស្ថិតនៅលើមូលដ្ឋាន នៃឃាតកម្មមនុស្សម្នាក់
ឬពីរនាក់នោះទេ។ កុំគិតយល់អំពល់នឹងរូបំ អនិច្ចំមិនទៀងល្អៀងគ្រប់ប្រាណ កើតហើយស្លាប់ក្រឡាប់ព្រាត់ប្រាសឋាន ទុក្ខគ្មានស្រាន្តស្រាក ស្រុតផុតមួយថ្ងៃ ។ (អ្នកឧកញ៉ាមហាវិនិច្ឆ័យ នៅ)
- កុំគិតរៀនចង់ធើ្វមន្រ្តី ស្អប់ខ្ពើមដឹកនាំឲ្យក្រ ត្រូវរៀនធើ្វជាកសិករទើបមានទ្រព្យតទៅខាងក្រោយ ។
- កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង ។
- កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាសល្ងង់ទើបចេះ ខ្មាស់ក្រទើបមាន ដឹងខ្លួនថាល្ងង់គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល ។ (ព្រះគ្រូធម្មបណ្ឌិត គង់ ស៊ឹម)
- កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្ដាក់ចាំជាពេលក្រោយ កុំរៀនប្រហែលមើលងាយនាំធ្លោយ កុំរៀនមិនឲ្យទានស្មូមយាចក ។
- កំហុសរមែងមានដល់អ្នកធើ្វ អ្នកនៅឥតអំពើបានអ្វីនឹងខុស ។
- កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន ។
- កុំឲ្យប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រី សហាយស្មន់ក្បត់ចិត្តប្រពន្ធឲ្យមួរហ្មង ។
- កុំឲ្យយកបញ្ហាសាសនាមកបន្លំ នឹងសេចក្ដីរៀបរយខាងរដ្ឋបាល ។
- ក្រពះបង្កើតឲ្យមានបញ្ហាសេដ្ឋកិច្ចស្មុកស្មាញក្នុងលោក ។
- ព្រះរាជាហេតុដើម នៃការចលាចលក្នុងរដ្ឋនីមួយៗ នៃសង្រ្គាមក្នុងលោក។
ជនត្រេកអរក្នុងធម៌ អាចនាំមកនូវសេចក្ដីសុខ។
ស្រង់ចាកសុភាសិតសម្ដេចព្រះសុធម្មាធិបតី
សង្ឃនាយក គណៈធម្មយុត្តីកនិកាយ ឥនុញ្ញាណោ (ភ,ទ)
ខ
[កែប្រែ]- ខន្ធទាំងឡាយប្រាំជាភាវៈធ្ងន់ កូនប្រពន្ធក៏មានខន្ធប្រាំ បុគ្គលអ្នកនាំភាវៈរងកម្មដោយសារខន្ធប្រាំត្រួតហើយត្រួតទៀត ។
- ខឹងខុសខូតខាត ប្រមាថលិចលង់ ។
- ខឹងឥតពិចារណា នាំខូចការខូចប្រយោជន៍ ធម៌ខឹងនាំអាសោចិ ខុសខាតខូចដោយមិនគិត ។
- ខ្មែរយើងភាគច្រើនបំផុត បានកាន់ព្រះពុទ្ធសាសនា ដែលជាសាសនានាំទៅកាន់សន្ដិភាព ។
- ខំរកស៊ីធើ្វការ មិនអសារឥតប្រយោជន៍ ចង្រៃណាស់យ៉ាងហោចគង់គ្រប់ស៊ីមិនសុំគេ។ ប្រសិនមានសំណាង បានកសាងពីបុព្វេ ផ្សំផងមិនលេងទេ ឡើងជាកុដុម្ពិក៏សេដ្ឋី។
- ខ្យល់មិនបោកបក់រំលើងស្មៅ ដែលឱនទន់ទោរទៅគ្រប់ទិសតំបន់ទេនេះជាភាពនៃបុគ្គលធំតូចក្នុងលោកនេះ អ្នកផងធើ្វសង្រ្គាមចំពោះអ្នកធំដូចខ្យល់បក់រំលំឈើណាដែលធំៗ ។ (បញ្ចតន្រ្តៈមហាវិរិយបណ្ឌិតោ ប៉ាង ខាត់) ។
ចៀសចាកអកុសល ក្ដីអំពល់ពីទុក្ខសោក រូបរាងតែងស្មោកគ្រោក
គួរឲ្យរកព្រះអរហំ។ ស្រង់ចាកសុភាសិត សម្ដេចព្រះមហាសុមេធាធិបតី
សង្ឃនាយក គណៈមហានិកាយ ចន្ទត្ថេរោ (ប្រាក់ ហ៊ិន)
គ
[កែប្រែ]- គុកនិងសោរគឺចោរបង្កើត ឱសថល្អឆើតកើតពីរោគ ដំណេកកើតពីការងុយងោកមនុស្សក្នុងលោកកើតពីកម្ម ។
- គួរគិតជីវិតពុំទៀងទាត់ តែងតែបែរបត់កាន់ក្ដីស្លាប់ ពុំដែលបានស្រួលប្រែប្រួលឆាប់ក្រឡាប់ស្ងាត់សូន្យចាកកូនចៅ ។
- គួរនិយាយទូន្មានគ្នា និងគួរហាមឃាត់គ្នា ឲ្យបានមុនធើ្វអំពើខុសឬការអាក្រក់។
- គេទុកវិធីពេទ្យវិទ្យាសាស្រ្តជាអាវុធមានមុខពីរ អាចធើ្វឲ្យមនុស្សជារោគក៏បាន ស្លាប់ក៏បាន បើអ្នកកាន់អាវុធនោះគ្មានសមត្ថភាព ។
- គ្មានកម្លាំង គ្មានបញ្ញា គ្មានអាហារ គ្មានជីវិត ។
- គ្រប់កាលទាំងពួង ព្រះរាជាដែលមានសេចក្ដីទុក្ខព្រួយធ្លាក់មកដល់រមែងទៅជាគ្រឿងលេងនៃមន្រ្តីទាំងឡាយ ព្រោះហេតុនេះឯងបានជាមន្រ្តីតែងត្រូវការព្រះបតីដែលមានទុក្ខ ។ (បញ្ចតន្រ្តៈ មហាវិរិយបណ្ឌិតោ ប៉ាង ខាត់)
- គ្រួសារដែលរីករាយ គឺដោយសារភរិយា ព្រោះភរិយានេះហើយដែលចេះប្រចុកប្រចែងស្វាមី មានការតាក់តែងគេហដ្ឋានឲ្យជាទីគាប់ចិត្តនៃប្ដី និងប្រើវាចាផ្អែមពីរោះ។
ចេះនិយាយស្ដីដូចព្រះ តែចិត្តមានះដូចទេវទត្ត
ស្រង់ចាកសុភាសិត សម្ដេចព្រះធម្មលិខិត ឧត្តមប្រឹក្សា
វជិប្បញ្ញោ (ល្វី ឯម)
ឃ
[កែប្រែ]- ឃាត់កំហឹងដោយប្រឹងអត់ឲ្យបាន ឃាត់ពាលសាមាន្យដោយអាជ្ញា បុគ្គលឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ ។
- ឃាត់ចិត្តចាកក្ដីស្នេហា ក្នុងកាមតណ្ហានាលោកិយ ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរវៀរមុន ។
- ឃុបឃិតជនពាលរាលទុក្ខដល់ខ្លួន ។
- ឃុបឃិតបណ្ឌិត សុខមួយជីវិតឥតទុក្ខា ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាបថាខ្លាសំពះ ឃើញគេទៅកុំឲ្យខាន ឃើញគេបានកុំឲ្យទៅ ។
- ឃើញឈើពុកកុំអាលដាក់គូថអង្គុយ ឬ(កុំអាលដាក់គូថលើ) ។
- ឃើញដំរីជុះកុំជុះតាមដំរី ឬ(ដំរីជុះ កុំជុះតាមដំរី) ។
- ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន។
- ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅសទើបថាបាន បើបណ្ដោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន ។
- ឃើញសម្បកថាខ្លឹមរុក្ខា យល់ពួកបច្ចាថាជាមិត្រ ពាលច្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ផា ។
- ឃ្មុំកន្លង់វៀរបងឈើគ្មានផ្កា សត្វម្រឹគាវៀរបងព្រៃភ្លើងឆេះ សត្វបក្សីវៀរឈើគ្មានផ្លែបេះ ចោរតែងវេះវៀរចាកចោរ៍បុព្វេ ។
- ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក ។
- ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ ឬ(ពិសាក្រៃណានឹងឃ្លានអាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត) ។
- ឃ្លេមិនខ្លាច ទៅខ្លាចខ្លា (រឿងអាខ្វាក់អាខ្វិន) ។
- ឃ្លោកលិច អម្បែងអណ្ដែត ។
- ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ ។
- ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក ។
- ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់ ។
- ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី ។
- ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ ។
កើតមកជាកូនប្រុស ត្រូវតែខំប្រឹងបំពេញករណីកិច្ច
លុះត្រាតែបានសម្រេច។ ការអ្វីមិនទាន់ស្រេច
កុំឲ្យប្រញាប់ពោលអួត ។
ស្រង់ចាក់សុភាតសិត សម្រេចព្រះមហាសុមេធាធិបតី
សង្ឃនាយក គណៈមហានិកាយ (ជោតញ្ញាណោ ជ ណ)
ង
[កែប្រែ]- ងប់នឹងកូនប្រពន្ធទ្រព្យ ព្រះថាអភ័ព្វព្រោះជាប់ចំណង ។
- ងប់នឹងញាតិឃ្លាតច្បាប់ ។
- ងប់នឹងមាសប្រាក់ខូចយសសក្ដា ។
- ងប់នឹងប្រុសខូចព្រហ្មចារី ។
- ងប់នឹងស្រីចំណីទុក្ខ ។
- ងប់នឹងល្បែងតែងហិនហោច ។
- ងប់នឹងស្រាខូចស្មារតី ។
- ងប់នឹងពាក្យសរសើរគេថាភ្លើ ។
- ងប់នឹងពាក្យបង្អាប់ស្លាប់គំនិត ។
- ងប់នឹងស័ក្ដិយសស្អុយទាំងអស់ក្នុងលោកិយ ។
- ងប់នឹងជំនឿរឿគំនិត ។
- ងាប់ដើម្បីជាតិមាតុភូមិ ទេវតាឥន្រ្ទព្រហ្មចោមឲ្យពរ ។
- ងាប់ខ្លួន សមសួនជាងងាប់កេរ្តិ៍ឈ្មោះ ។
- ងាប់គំនិត ងងឹតដល់ស្លាប់ ។
- ងាប់ទាំងរស់ ស្អុយទាំងស្រស់ ។
- ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្ដី ។
- ងាប់នឹងស្រី ចង្រៃមួយជាតិ ។
- ងាប់នឹងប្រុស ខូចឈ្មោះមួយជាតិ ។
- ងាប់នឹងសម្ដី ដូចត្រីកំភ្លាញ ។
- ងាប់នឹងអាចម៍ឯង ជាក់ស្ដែងដូចខ្វែក ។
- ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង ។
- ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី ។
- ងាប់នយោបាយ ព្រោះស្ដាយលាភ ។ - ងាប់ស្ដូក ដូចឃ្លោកទុំ ។
- ងាយមិនក្រៃណានឹងបាន មានមិនក្រៃណានឹងអ្នកបានសុខ ចេះក្ដីមិនក្រៃណានឹងម្ចាស់ស្រុក ។
- ងើបស្កក ឱនដាក់ក្រាប់ ឬ(ងើយ…) ។
អ្នកណាបានធម៌ព្រះ ជឿជាក់ច្បាស់កា
ស្មើបានយានភេត្រា នាំមាតាបិតាបាន។
ស្រង់ចាកសុភាសិត សម្ដេចព្រះមហាសុមេធាធិបតី
សង្ឃនាយក គណៈមហានិកាយ ចន្ទត្ថេរោ (ប្រាក់ ហ៊ិន)
ច
[កែប្រែ]- ចងអ្វីមិនជាប់ស្មើសង្សារ ការអ្វីមិនស្មើការប្រតិបត្តិ ស្ងាត់អ្វីមិនស្មើចិត្តអរហត្ត កាចអ្វីមិនស្មើចិត្តពាលា ។
- ចងទូកបោះបង្គោល រិះរកថ្នោលពួរយុថ្កា (ការខ្យល់ព្យុះកាចជាក្រែងពានពាបោកបែកបាក់) ។
- ចងជនលោភដោយឲ្យធនធាន ចងប្រាជ្ញកល្យាណដោយពាក្យសត្យ ចងអ្នកឆ្មើងឆ្មៃដោយប្រណិប័តន៍ ចងអ្នកល្ងង់ក្ដាត់ដោយបណ្ដោយតាម ។
- ចចើងចង់លាភរែងបាត់ធន់ទៅ ។
- ចចេសមិនចង់ត្រង់ឈឺចាប់ មិនចង់ចាស់ស្លាប់ចាកធម្មតា តែចិត្តខ្ពើមស្អប់សីលចរិយា នេះជាអាការៈពាលជន ។
- ចង់ដឹងភាពមនុស្សដោយសេពគប់ ចង់ដឹងភូមិភពដោយទស្សនា ដឹងពាលបណ្ឌិតដោយវាចា ចង់ដឹងអាត្មាត្រូវអប់រំ ។
- ចង់គាប់ប្រើស្វះស្វែង រករៀនរិះសារពើក្ដី ។
- ចង់គុណឲ្យទុក្ខ ចង់បានក្ដីសុខឲ្យស្វែងដើររក ឬ (ចង់គង់ឲ្យទុក) ។
- ចង់ចេះឲ្យសំលាប់អាចារ្យ ចង់បានផ្លែផ្កាឲ្យយកភ្លើងដុតគល់ ។
- ចង់ចេះឲ្យធើ្វល្ងង់ ។
- ចង់បានប្រាណជាប្រុសឲ្យទាត់ទៀង រៀងៗរាល់ជាតិអសង្ខេយ្យ គួរវៀរប្រពន្ធអ្នក
ដទៃ និស្ស័យកាមេនឹងប្រែភេទ ។
- ចង់បានសុខតត្រុកចូលក្រុមភាគច្រើន មិនក្រវើនមើលមុខក្រោយឲ្យច្បាស់ការ ឮតែផ្គរចាក់ទឹកចោលបង់អាសារ ដល់គញមានភ្លៀងរត់ឆ្លេឆ្លាររកទឹកគ្មាន ។
- ចង់ដឹងសេះលឿនដោយជវ័ន ចង់ដឹងគោគ្រាន់ដោយរទេះ ចង់ដឹងទឹកដោះដោយរួតកែះ ចង់ដឹងប្រាជ្ញចេះដោយចរចា ។
- ចង់ឆ្ងាញ់ឲ្យរកអន្លក់ ចង់ស្រណុកឲ្យនឿយពីក្មេង ឬ (ចង់ពិសាឲ្យរកអន្លក់) ។
- ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធនទៅ ។
- ចង់ធំឲ្យតូច ចង់ខ្ពស់ឲ្យទាប ចង់បានឲ្យបង់ ចង់ចេះឲ្យរៀន ចង់ទៀងឲ្យត្រង់ ចង់ស្រួលឲ្យស្រង់ ខ្លួនពិបាក ។
- ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី ។
- ចង់ល្អហួសមាឌ ចង់បានហួសខ្នាត កម្រិតមាត្រា មិនបានដូចប៉ង បំណងប្រាថ្នាខូចទាំងទ្រព្យា គួរបានក៏បង់ ។
- ចង់បានវាបង់ ចង់មានទ្រទ្រង់ ចង់ត្រូវបានខុស ចង់ខ្ពស់បានទាប ដោយហេតុកំហុស ដែលខ្លួនបណ្ដុះ បណ្ដោយឲ្យផល ។
- ចង់បានហួសខ្នាត ច្រើនតែបង់ខាត ខកខូចលាភា ខាតបង់ចំណេញ ច្រើនហួសមាត្រា ដូចពាក្យចាស់ថា លាភរែងបាត់ធន ។
- ចង់ច្រើនបានតិច ក្រោកដើររឹលរេច បានខាតទទេ ខំចេញជួញឆ្ងាយ ពុំបានទំនេរប្រែខាតបង់កេរ្តិ៍ ដើមទុនចេញទៅ ។
- ចង់ស្ដាប់សំឡេងដែលពីរោះ ចំពោះជាចង់គ្មានស្រាកស្រន់ ចង់ស្រូបរសក្លិនមិនឆ្អែតឆ្អន់ ព័ន្ធជោដ្ឋព្វាធម្មារម្មណ៍ ។
- ចង់ប្រាជ្ញឲ្យខំប្រឹង ចងក្បិនតឹងរកស៊ីធូរ គំនិតមុនគំនូរ រៀនធើ្វគ្រូ មានគេរាប់ ។
- ចង់ដឹងខ្ញុំឲ្យមើលពេលធើ្វការ ចង់ដឹងវង្សាក្នុងពេលដែលកើតទុក្ខ ចង់ដឹងមិត្រក្នុងកាលភ័យមកផ្ទុក ចង់ដឹងប្រពន្ធកាលទុក្ខអស់សម្បត្តិ ឬ (កាលទុក្ខអស់សម្បត្តិ) ។
- ចង្អៀតផ្ទះនៅបាន ចង្អៀតចិត្តនៅពុំបាន ។
- ចង់ស្រួលដូចបន្លា ត្រូវឧស្សាហ៍ដុសដែកដុល ។
- ចង់ឲ្យគេកោតស្ងប់ស្ងែងក្រែងអំណាច ឲ្យគេខ្លាចគេសរសើរថាក្លាហាន តែតម្លៃខ្លួនមិនដល់ដូចស្មាន នោះនឹងបានតែវិនាសខ្លួនទេតើ ។
- ចាក់អង្ករយកអង្កាម ឬ(កុំចាក់អង្ករយកអង្កាម) ។
- ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល ។
- ចាញ់បានជាព្រះ ឈ្មះបានជាមារ ។
- ចាញ់ល្បែងអស់ទ្រព្យធន ចាញ់ប្រពន្ធអស់សិរី ចាញ់ក្ដីអស់គំនិត ។
- ចានមួយរាវ លែងអីរណ្ដំគ្នា ឬ (ចានក្នុងរាវ…) ។
- ចាបមួយនៅនៃប្រសើរក្រៃ ជាងចាបដប់នៅលើឈើ ។
- ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា ។
- ចាប់ការឲ្យជាប់បាន ខំប្ដូរប្រាណសម្រេចផល សាងជាតិចេះកិច្ចកល ស៊ូឲ្យដល់
ទើបដាំដុះ ។
- ចាប់ច្រវាក្រាក សំឡឹងជ្រោយ ។
- ចាប់ត្រីបានកុំឲ្យល្អក់ទឹក ។
- ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានះ បង់ព្រះទៅសំពះឯបាយាប ខ្លះថា (បន់ព្រះ) ។
- ចាប់ចោរ ចោរចាប់វិញ ។
- ចាប់វល្លិមួយ រញ្ជួយរាល់ដើម ។
- ចាយវាយក្រៅមត្រា នៅវិនាសធនធានផង ឬ(នូវវិនាស…) ។
- ចាស់ដូងចាស់ត្នោត ។
- ចាស់អាងស្លាប់ ពាលអាងកាប់ ក្មេងអាងយំ ។
- ចាស់កោងកាន់ច្រត់ អួតអាងប្រគំ ក្លូរអួតផ្លុំ ប៉ីពកយកខ្យល់ ។
- ចាស់ធើ្វគួរយើងកោត ថាចាស់ឆោតមិនបាន អ្នកឆោតខុសលំអាន សាច់សន្ដានសត្វក្រៀល ។
- ចាស់ថានៅស្រុកស្រាស់បន្លា អារសាច់ជូនខ្លាកុំខ្លាចស្ដាយ វិជ្ជានឹងកើតមកបីកាយកុំណាយខ្លាចនឿយគិតឲ្យយូរ ។
- ចាស់ចើកបានចួននួនក្រមុំ ដោះក្បំពកប៉ុនផ្លែទន្លាប់ សែនស្រឡាញ់ពេញចិត្តប្រព្រឹត្តជាប់ របស់អ្វីក៏ផ្គាប់វាទាំងអស់ ។
- វាអើយឡើងកាលណាក៏ឲ្យភ្លាម ស៊ូព្យាយាមអង្អែលទន្លាប់ស្រស់ ស៊ីពុំបានក៏ស៊ូហិតតែរស ការទាំងអស់ជាហេតុបរាមុខ (បរាភវសូត្រ) ។
- ចិញ្ចឹមបំពង់បាយ ។
- ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមកូនខ្លា ។
- ចិញ្ចឹមមនុស្សឲ្យមើលចិត្ត ចិញ្ចឹមសត្វឲ្យមើលចង្កូម ។
- ចិញ្ចឹមគោក្របី រកខ្សែវល្លិបោះក្រោយឃ្នង ។
- ចិញ្ចឹមកូនខ្លា វាសងគុណ ។
- ចិត្តជនអ្នកលោភដូចសាគរធំ ទន្លេប្រជុំពុំមានស្កប់ស្កល់ ទោះបីមានទ្រព្យនៅសេសសល់ គង់តែកិច្ចកលនៅពោលថាក្រ ។
- ចិត្តចង់កុំអាលស៊ី យល់តែស្រីកុំអាលចង់ ។
- ចិត្តជាទេវត្ត មាត់ជាទេវតា ។
- ចិត្តដាច់នៅស្រី ។
- ចិត្តល្អ ក្រខ្លួន ។
- ចិត្តល្អក្រមិនយូរ ឬ (មិនក្រយូរ) ។
- ចិត្តជាមេទ័ព ត្រូវច្បាំងប្រារព្ធ ទប់ទល់អន្ធការ បើចិត្តក្លាហាន មិនបានរួញរា ដល់ពេលទុក្ខា ភក្រា្តញញឹម ។
- ចិត្តរេបែរទៅខាងផ្លូវលោក តែងតែសោយសោកគួរអាណិត បើអែបនែបខាងផ្លូវធម៌
ស្និទ្ធ ចេញពីងងឹតភ្លឺស្វាងទែង ។
- ចិត្តល្អតាមកាល ភារៈធ្ងន់ស្រាលត្រូវបើកកិរិយា ធើ្វភាពប្រើសព្រៃនៅជិតមាត់ខ្លាធើ្វឫកហានក្លា អង់អាចតាមកាល។
- ចិត្តឧបាទានគ្មានស្គាល់ទុក្ខ ភ្លេចមុខភ្លេចក្រោយឲ្យតែជួន ខំឱបបាច់ឆ្អឹងមិនដឹងខ្លួនចំនួនបីរយកំណាត់ប្លាយ ។
- ចិត្តនៃបុគ្គលកាលលោកធម៌ ប៉ះមិនញាប់ញ័រមិនសោកា ប្រាសចាកតម្រេកក្សេមក្សាន្តចិន្តា ទាំងបួននេះជាសួស្ដីប្រសើរ ឬ(ជាមង្គលប្រសើរ) ។ (មង្គលសូត្រ)
- ចិត្តចង់ធើ្វមាត់ថាធើ្វដៃមិនធើ្វ តើអំពើនោះកើតការយ៉ាងណា បានតែខំអាងសំណាងព្រេងជាប្រមាណ មុនជាខានបានឃើញផលដល់តិចឡើយ ។
- ចិត្តក្នុងពាល់លោក ផ្អែមតែពាក្យនិងសម្ដី កូនចៅទាំងប្រុសស្រី កុំបីត្រាប់មនុស្សយ៉ាងហ្នឹង ។
- ចុះទឹកក្រពើ ឡើងលើខ្លា ។
- ចុះទូកកុំឲ្យចុះកន្សៃ ទៅព្រៃកុំឲ្យបាំងជម្រុំ ។
- ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល ។
- ចូរមើលកាលវែង កុំមើលកាលខ្លី ។
- ចូររកពូជល្អសាបព្រោះទុក តទៅអនាគតបើដីមានជី ឲ្យផលចំហុត ច្រូតកាត់ឆាប់ផុត ផុតភ័យអន្តរាយ ។
- ចូលស្ទឹងតាមបត់ ចូលទូកតាមកំពង់ ចូលស្រុកតាមប្រទេស ។
- ចូលជិតព្រះអាទិត្យដោយខ្នង ចូលជិតកងអគ្គីដោយខាងពោះ ចូលជិតម្ចាស់ដោយភោគភាគចន្លោះ ចូលជិតឆ្ពោះបរលោកដោយឥតមោហ៍ ។
- ចូរព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ បានស្ករនិងទឹកឃ្មុំ ពួនក្នុងផ្ទះឆីម្នាក់ឯង ។ ចៀសសត្វមានស្នែង ៥០ហត្ថ ចៀសសត្វសេះហត្ថមួយរយរ៉ា ចៀសដំរីមានភ្លុកពាន់ហត្ថា ចៀសជនពាលាចេញចាកស្រុក ។
- ចេកស្លាប់ព្រោះផ្លែ ។
- ចេញពីខ្លួនមិនទាន់ចួននៅឡើយទេ ត្រូវគ្នាន់គ្នេរយកពីគេមកផ្សំផង ទើបការនោះបានបែបបទល្អហ្មត់ហ្មង តាមបំណងប៉ងប្រាថ្នាក្នុងការល្អ ។
- នេះគេថាកាច ប្រាជ្ញាគេថាព្រើល ឬ(គេចេះថាគេកាច គេប្រាជ្ញថាគេព្រើស) ។
- ចេះច្បាប់មិនខ្លាចក្ដី ចេះវិន័យមិនខ្លាចអាបត្តិ ឬ(មិនខ្លាចសង្ឃ) ។
- ចេះរបេះក្បាច់ ឬ(ច្រើនចេះរបេះក្បាច់) ។
- ចេះពីរៀន មានពីរក ក្រពីខ្ជិល។
- ចេះមួយចេះពីរឲ្យតែស្ទាត់ ប្រកបប្រាកដអ្នកចំណាន ជាហេតុចិញ្ចឹមជីវិតបាន សន្ដានជួយពឹងពំនឹងអឺយ ឬ(សន្ដានចូលពឹង…) ។
- ចេះដប់មិនស្មើប្រសប់មួយ ឬ(អ្នកចេះដប់…) ។
- ចេះឯងមិនក្រែងចេះគេ ពូកែឯងមិនក្រែងពូកែគេ ។
- ចេះមិនឈ្នះចង់ ។
- ចេះមែនហើយតែនៅឡើយមិនទាន់ចេះ ព្រោះចំពោះច្រើនលើសលុបគ្រប់បែបយ៉ាង និងគុណនារាប់មិនបានមានជាតាង កុំអាលអាងថាចេះចប់សព្វអស់ហើយ ។
- ចេះឯងឲ្យក្រែងចេះគេ ។
- ដៃតូច([1]) ខ្លួនទាប ចង់ឈោងចាប់ផ្កាយ ។
- ចោរព្រៃហ៊ានដោយសារស្រុក ខ្មោចក្រៅលុបខ្មោចក្នុងញ៉ាំង ប្រទេសក្រៅមិនហ៊ានចូលមកច្បាំង បើមិនមានខ្មាំងក្នុងស្រុកក្បត់ ។
- ចោលសាច់ស្រវាឆ្អឹង ទំពារទៅរឹងបែររកសាច់វិញ ។
- ចៅហ្វាយមានបុណ្យខុនមានស័ក្តិ ចៅហ្វាយអប្បលក្ខណ៍ ខុនធ្លាក់អណ្ដូង ឬ(ខុនធ្លាក់តតូង) ។
- ចំបាប់នឹងលោកសង្ឃ ខ្លាចអ្វីនឹងកាន់ព្រះកេស([2]) ឬ(កុំខ្លាចកាន់ព្រះកេស) ។
- ចំណីច្រើនមុខច្រើនពិសា កូនច្រើនបានច្រើនល្អ ឬ(សម្លច្រើនមុខច្រើនពិសា) ។
- ចំណីឆ្ងាញ់កុំទុកស្អែក ប្រពន្ធគាប់ភ្នែកកុំឲ្យដើរក្រោយ ។
- ចំណែកជនមានចំណេះចេះវិជ្ជា គួរនាំគ្នាស្ងើចសរសើរគេទៅចុះ ចំណែកជនគ្មានវិជ្ជាគ្នាធើ្វខុស កុំបន្ដុះគួរមេត្តាករុណាផង ។
- ចំណេះវិជ្ជាលោកចែងចាត់ ទុកជាសម្បត្តិសម្បូរបាន ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់
តែបានគ្រាន់អាស្រ័យ ។
- ចំណេះជិះកឯង ។
- ចាំក្បួនចាំឲ្យស្ទាត់ កុំអៀនប្រៀនផ្សំពាក្យពោល (សមពាក្យពោល) ។
- ច្បាប់ក្បួនតម្រា មែនមានខ្លឹមសារ គួរខំរៀនសូត្រ ឲ្យបានចេះដឹង គ្រាន់ជាចង្កូត នៃប្រាណរបូត ដល់ត្រើយជោគជ័យ ។
- ច្បាប់ពុំឈ្នះ (មានះ) មនុស្សពាលនឹងកាំភ្លើង គួរតែយើងពុំទទឹងរឹង ខ្វាយខ្វល់ គួរបណ្ដោយឲ្យខ្លែងហើរទៅតាមកល តែអស់ខ្យល់មុខជាធ្លាក់ជាក់ប្រាកដ ។
- ច្របាច់កចិន លៀនអណ្ដាតខ្មែរ ។
- ច្រើនមកពីតិច ដោយចម្រើនកិច្ច ខាងការសន្សំ ដូចប្រឡាយតូច ក្លាយជាស្ទឹងធំហូរច្រាសច្រោះចំ យូររឹតធំសាយ ។
- ច្រែះកើតពីដែក តែងតែទំពាស៊ីដែកវិញ (ពុទ្ធភាសិត) ។
[1] មនុស្សចែ គឺមនុស្សតូចទាបពេកខុសខ្នាត ។
[2] កេស (ក្បាល) ។
ឆ
[កែប្រែ]- ឆ័ត្រថ្មថ្មដាជាជាតិធ្ងន់ ចិត្តទេពអត់ធន់មហិមា អ្នកតាមឱវាទចាស់ព្រឹទ្ធា ហៅធ្ងន់មួយសាលើសលែងក្រៃ ។
- ព្រះបន្ទូលព្រះពុទ្ធវិសេសលន់ ធ្ងន់ក្រៃលែងធ្ងន់ផុតនិស្ស័យ ព្រោះជាកំពូលលើភពត្រៃ រកអ្វីមកថ្លៃថ្លឹងពុំបាន ។
- ឆ្កួតស្រី ឆ្កួតស្រា ឆ្កួតល្បែងពាលា អំពើឆ្គាំឆ្គង ។
- ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កឹះឲ្យរកនាយ ។
- ឆ្កែព្រុសមិនដឹងខាំ ផ្គរលានរអាំមិនដែលភ្លៀង ។
- ឆ្កែចចកកុំត្រាប់រាជសីហ៍ សត្វបក្សីកុំត្រាប់រាជហង្សា អ្នកល្ងង់ខ្លៅកុំត្រាប់អ្នកប្រាជ្ញាបាគូភ្លៀវក្លាកុំត្រាប់សត្វសសេះ ។
- ឆ្កែទាល់ច្រក រលកទាល់ច្រាំង ។
- ឆ្កែជាឲ្យបាយឆី ដេកនៅដីចាំធនធាន គ្រឿងសឹកទុកទាហ៊ាន កេរ្តិ៍គម្ពីរទុកប្រាជ្ញប្រាយ ។ (កិរកាល)
- ឆ្ងាញ់កាមញ៉ាមស្អិត ឆ្ងាញ់សុភាសិតស្អិតលើសកាម ។
- ឆ្ងាញ់មាត់មិនស្អិត ដូចចិត្តឆ្ងាញ់ ។
- ឆ្ងាយកាយ ណាយចិត្ត ។
- ឆ្មាកន្ទុយខ្វៀន ឬមនុស្សឆ្មាកន្ទុយខ្វៀន ឬ(ធ្លាក់ខូច ឬធ្លាប់មានពុតដូចឆ្មាកន្ទុយខ្វៀន) ។
- ឆ្មាមិននៅកណ្ដុរឡើងរាជ្យ ។
- ឆ្លុះកញ្ចក់ធ្មេចនេត្រា ។
- ឆ្លៀតកេងកិបចំពោះអ្នកឲ្យផល ដោយប្រើកលគិតគំនិតថោកថាគេ មិនដឹងប្រឹងឆបោក នេះហៅចាប់បោកឆ្នាំងបាយឯង ។
- ឆ្លៀតពងដូចត្រីងៀត ។
- ឆ្អឹងស្រែក ស្បែកហៅ ឬ(ឈាមស្រែកស្បែកហៅ) ។
- ឆ្អិនសឹមស៊ី ។
- ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ។
- ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាង ឆ្អិនព្រេងសំណាងផុតទុក្ខា ។
- ឆ្អិនឆ្ងាញ់យ៉ាងណាកុំសាវ៉ាភ្លេចកាលឆៅ ធម្មតាឆ្អិនទើបកើតក្រោយដោយសារក្ដៅបើគ្មានឆៅតើបានឆ្អិនមកពីណា ។
កុំយកវិជ្ជា ទៅប្រឡង ឬប្រកួតនឹងវាសនា ។
ស្រង់ចាកសុភាសិត (ព្រះឧត្តមមុនី អ៊ុំ ស៊ូ)
ជ
[កែប្រែ]- ជក់នឹងល្បែងតែងវិនាស ឬ(តែងហិនហោច) ។
- ជនណាអេះដែលចេះគិតប្រព្រឹត្តត្រូវ ទៀងតាមផ្លូវសុភាសិតពិតប្រាកដមិនលំអៀងឃ្លៀងឃ្លាតទីពីអត្ថបទ យើងសន្មត់ថារកបានដោយកម្រ ។
- ជនណាស្ដាប់ត្រាប់ត្រងតាមសុភាសិត ជននោះស្ថិតក្នុងចំណោមអ្នកប្រាជ្ញប្រាយតែងលេចឈ្មោះបោះសំឡេងឮវែងឆ្ងាយ ល្បីសុសសាយជាអ្នកប្រាជ្ញអាចចេះដឹង ។
- ជនណាល្ងើលមើលឃើញតែទ្រព្យលោកិយ ជននោះមើលឃើញផ្លូវខ្លីពន់ពេកណាស់ ទ្រព្យនេះឯងតែងមិនទៀងជាងជាក់ច្បាស់ នឹងក្រឡាស់ផ្លាស់ជាទោសក៏សឹងមាន ។
- ជនឯណាវេចរុំនូវក្រឹស្នា ដោយស្លឹកឈើធម្មតាឬក្រដាស ក្លិនក្រឹស្នាក៏ផ្សព្វផ្សាយពេញពាស ក្រអូបដាស់ដល់ជនអ្នកវេចនោះ ។
- មិនប៉ុន្តែប៉ុណ្ណោះទោះស្លឹកវេច ក៏ជាប់ក្លិនដាសលេចឡើងចំពោះ ដូចបុគ្គលគប់ប្រាជ្ញអាចភ្លឺធ្លុះ មានឧបមេយ្យដូច្នោះប្រាជ្ញគួរដឹង ។
- ជនជួកាន់យកទោសទុក្ខ ដូចកល់ជ្រូកស្រុកប៉ងអាចមន ជនល្អកាន់យកគុណឧត្តមដូចហង្សប៉ងចំចឹកទឹកដោះ ។
- ជនឯណាកំចាត់ក្ដៅក្រោធបាន ជននោះគ្មានសោកសាន្តក្នុងលោកិយ ព្រះឥសីសរសើរអ្នកគប្បី លះបង់ក្ដីលុបគុណគាប់សត្យា ។
- អ្នកឯណាអាចអត់ផរុសវាទ មិនលោភដោយពាក្យបេសុញ្ញា សប្បុរសសរសើរអ្នកនោះណា កបខន្តីគឺតិក្ខាដ៏ឧត្តម ។
- ជនឯណាដឹងពាក្យពោលគួរសម និងពាក្យប្រិយភិរម្យពីរោះពិត ដឹងក្ដីក្រោធសភាពប្រាណប្រព្រឹត្ត ជននោះហៅបណ្ឌិតពិតក្នុងលោក ។
- ជនខ្សត់ចង់ស៊ីរស់ខ្ពស់ខ្ពង់ ជនអ្នកឥតកម្លាំងអង្គចង់ចំណាប់ ជនអ្នកឥតបញ្ញាចង់ថ្លែងស័ព្ទ ជនបីនេះរាប់ទុកស្មើឆ្កួត ។
- ជនអ្នកដេកចង់ក្រោកថាយប់យូរ អ្នកដើរគិតគូរថាយោជន៍ឆ្ងាយ ពាលាពុំចេះធម៌ទាំងឡាយ សង្សារវែងឆ្ងាយពីនិព្វាន ។
- ជនឯណាតបគុណប្រយោជន៍បាន ជននោះហៅសន្ដានញាតិវង្សផៅ ជនឯណាចិញ្ចឹមបាយទឹកនៅ ជននោះលោកហៅថាជាបិតា ។
- ក្ដីស្និទ្ធស្នាលក្នុងឯជនណាពិត ជននោះហៅថាមិត្រស្និទ្ធស្នេហា ក្ដីស្ងប់ទុក្ខមាននៅស្រីឯណា ស្រីនោះហៅថាប្រពន្ធពិត ។
- ជនឯណានៅរួមប្រពន្ធកាច ឬទាសាកំណាចចិត្តឫស្យា ឬនៅផ្ទះមានពស់ពិសហានក្លា ជននោះថាជិតស្លាប់កុំសង្ស័យ ។
- ជនប្រាសចាកគុណកបគ្នាច្រើន តែចម្រើនដោយក្ដីសាមគ្គីអាចផ្ទាញ់បាន នៅពួកពៃរីដោយឫទ្ធីសាមគ្គីដ៏ហៅហាន ។
- ខ្សែពួរដែលបុគ្គលវេញដោយស្មៅ នាំយកទៅព័ទ្ធចងដំរីបាន រូបតូចពិតតែចិត្តស្ម័ត្រស្មើប្រាណ គង់ផ្ទាញ់បានរូបធំរលំអឺយ ។
- ជនធើ្វការប្រញាប់ដោយខ្លួនឯង ឬចាត់ចែងប្រើគេឲ្យធើ្វផងញ៉ាំង ខ្លៅឲ្យក្ដៅចិត្តមួរហ្មង ដោយគន្លងការរហ័សក្នុងកាលក្រោយ ។
- ជនណាទ្រុស្ដមិត្រអស់កាលម្ដង ហើយគិតប៉ងសេពតថ្មីទៀតរ៉ា ជននោះជិតមច្ចុរាជគឺមរណា ដូចមេលាកើតគ៌តកូនអស្សតរ ។
- ជនឯណាមាត់ក្រអូបដូចបទុម ពាក្យភិរម្យដូចជាតិចន្ទន៍ត្រជាក់ តែក្នុងពោះដូចពិសមុតដូចចក្រជននោះ គួរកុំស្ម័គ្រស្មាគមឡើយ ។
- ជនចាញ់ប្រហារ មិត្រសាមាថី([1]) ចាញ់កុំប្រាជ្ញ ស្រីកំណាចចាញ់កំណាញ់ រោគាកាញ់ចាញ់បាយតិច ។
- ជនពាលដល់ពេលកើតកលិយុត ទេវតាឲ្យទុក្ខចាំផ្ដន្ទា ពួកប្រាជ្ញសប្បុរសកាន់ធម្មាដល់ពេលទុក្ខាទេវតាជួយ ។
- ជនពាលសាមាន្យ ឃោរឃៅឈ្លានពានមិនមានមេត្តា ជននោះតែជួបនឹងទុក្ខទោសា ឈឺចាប់ខ្លោចផ្សាមិនដែលចៀសបាន ។
- ជនណាពោលភាសាដទៃស្និទ្ធ យូរទៅជាប់ចិត្តភ្លេចពាក្យខ្លួន ភ្លេចជាតិសាសនានិងច្បាស់ក្បួន ដូចក្រពើចួនវង្វេងបឹង ។
- ជនណាដឹងគួរសម ដឹងអភិរម្យពាក្យពោលពិត មិនខឹងក្រោធក្រៅក្រឹត្យជននោះពិតជាអ្នកប្រាជ្ញ ។
- ជនណាខំព្យាយាមរៀនមុន បន្ទាន់វ័យខ្លួនតែសព្វថ្ងៃ ជននោះលោកចាត់ជាប្រុស
ថ្លៃ វិសេសប្រពៃគួរត្រាប់តាម ។
- ជនណាទ្រាំអត់ ខន្តីសង្កត់ រក្សាមារយាទ មិនខឹងផ្ដេសផ្ដាស ពួកបណ្ឌិតជាតិ សរសើរជាអាទ៍ ថាអ្នកធ្ងន់ធ្ងរ ។
- ជនណាកើតក្នុងត្រកូលខ្សត់ អ្នកខ្សត់សម្បត្តិហើយប្រាថ្នាធំ ចង់បានជាស្ដេចសោយរាជ្យស្ដុកស្ដម្ភ ហេតុនេះនឹងនាំឲ្យអន្តរាយ ។
- ជនដែលប្រាសចាកគុណ ចាត់ថាស៊ុនអាប់យស ទោះមានត្រកូលខ្ពស់ នឹងមានយសក៏មិនសម ។
- ជនដែលធើ្វអំពើល្អបរិសុទ្ធស្អាត មិនប្រមាទធ្វេសប្រហែសការគ្រប់យ៉ាង ជននោះឯងតែងសត្រូវនឹងពួកម្ខាង ដែលកសាងតែកម្មពៀរជាអកុសល ។
- ជនដែលចេះសាស្រ្តា ទោះត្រកូលក្រ ទាបក៏ចាត់ទុកថាល្អ ទេវតាក៏បូជាផង ។
- ជនខ្លៅទៅជាប្រាជ្ញ ដោយត្រឹមអាចមានប្រាជ្ញា ចេះមូលសូត្រឯណា ក៏ចាត់ថាជាបណ្ឌិត ។
- ជនណាមានជាតិព្រមភាសា ភ្លេចជាតិអាត្មាភាសាខ្លួន ដូចមេអំបៅភ្លេចដង្កូវក្បួនគាប់ចួនចូលវង្សតិរច្ឆានសត្វ ។
- ជនណាបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ ពួកស្មូមឬអ្នកដទៃៗ ដោយមុសាវាទឃ្លាតពាក្យប្រពៃ នោះប្រធាននៃសេចក្ដីវិនាស ។ (បរាភវសូត្រ)
- ជន្មជីវិតមិតដើរលឿន គ្រឿនទៅមុខមិនថយក្រោយ បណ្ដោយទុកចាំយើងទេម្ដេចក៏យើងនៅតែស្ពឹកមិននឹកគ្នេរ ត្រិះរិះរេបំពេញកិច្ចល្អអ្វីសោះ។
- ជនអ្នកប្រព្រឹត្តល្បែងបីប្រការ ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ ធើ្វទ្រព្យ
ខ្លួនមានឲ្យអន្តរាយ ការល្បែងទាំងឡាយនេះនាំវិនាស ។ (បរាភវសូត្រ)
- ជន្លេនសត្វពូជប្រេត ស៊ីមិនឆ្អែតតាមសំណាង ផែនដីធំអស់យ៉ាងស៊ី ខាងៗខ្លាចអស់ដី ។
- ជាងទងស៊ីវងកំបែក ជាងដែកស៊ីហែកនឹងដៃ ឬ(នឹងមាត់) ជាងមិនកើតទៅបន្ទោសឯដែក ។
- ជាតិក្អែកគោកកុំត្រាប់ក្អែកទឹក រុក្ខាព្រៃព្រឹក្សកុំត្រាប់សត្វ ពួករាស្រ្តកុំត្រាប់ត្រកូលខ័ត្តីយ៍ មហាក្សត្រកុំត្រាប់ប្រជារាស្រ្ត ។
- ជាតិកែវមណីល្អឆើត មិនដែលកើតសត្វថ្មភ្នំ គុជមានថ្លៃឧត្តម មិនមានសព្វគជេន្ទ-ជ័យ ។
- ជាតិមនុស្សពាលពោលពាក្យមិនពិត កុំយកធើ្វមិត្តខាតរបស់ មនុស្សសុចរិតចិត្តសម្បុរស ស្រឡាញ់ឲ្យស្មោះចិត្តឲ្យស្មើ ។
- ជាតិជាកូនប្រុស ធើ្វទាហានស្មោះ និន្រ្ទាលើពូក ឆីបាយក្រហម ជួយជាតិគោកធ្លកលីបាវសាងលោក ស្លាប់ក្រោមទង់ជ័យ ។
- ជាតិពាលមិនដឹងគួរ គ្មានគេសួរសាកចង់ជាក់ ឆ្លើយឆ្លងផងរាក់ទាក់ ក្បួនហីនលក្ខណ៍ឆ្លាក់លើខ្លួន ។ (លោកនិត)
- ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ ។
- ជាតិពាលឃើញពាលចូលគ្នាបាន ពូជសិង្គាលប្រាណមិនឆីគ្នា ពូជចោរយកចោរជា
មិត្រភ្ងា បណ្ឌិតសោភាគប់សប្បុរស ។
- ជាតិជាអ្នកជា ស្ងាត់ស្ងៀមកិរិយា មិនចេញក្អេងក្អាង ឯសន្ដានពាល ចេញឫកអាងយ៉ាង([2]) ភ្លាត់ស្នៀតស្រទាង ព្រោះព្រុសមិនឈប់ ។
- ជាតិមនុស្សទោះថោកទាប មិនចោលភាពពីម៉ែឪ ពាក្យមនុស្សវែងជាងផ្លូវ ស្រូវច្រើនខួបខូចអង្ករ ។
- ជាតិខ្លឹមចន្ទន៍ត្រជាក់ក្នុងលោកា ដូចចន្រ្ទាត្រជាក់លើសខ្លឹមចន្ទន៍ សុភាសិតសប្បុរសពោលធម្មក្ខន្ធ ត្រជាក់លើសខ្លឹមចន្ទន៍និងចន្រ្ទា ។
- ជាតិអំពៅទោះនៅក្នុងយន្តគាប មិនលះបង់សភាពរសផ្អែមសាយ ជាតិបណ្ឌិតទោះមានទុក្ខក្នុងកាយ មិនជិនណាយលះបង់ព្រះធម៌ថ្លៃ ។
- ជាតិអំពៅរសផ្អែមវិសេសខ្លាំង ក្នុងមួយថ្នាំងកង់ៗដោយលំដាប់ តាំងពីចុងដល់គល់រសផ្អែមជាប់ លោកិយជាប់ចាប់ចិត្តចង់ភោក្ដា ។
- សប្បុរសជាតិជាមិត្រប្រពៃ មានឧបមេយ្យដូចអំពៅផ្អែមពិសារ ជាតិជនទ្រុស្ដមិត្រមានឧបមា ដូចអំពៅត្រូវផ្កាវិបរិតរស ។
- ជាតិកំជិលសិល្បសាស្រ្តឯណាមាន សិល្បសាស្រ្តខាងទ្រព្យសម្បត្តិអន្តរធាន សម្បត្តិគ្មានញាតិមិត្រឥតមានរវល់ ឥតមិត្រត្រេកមេត្រីក្ដីសុខគ្មាន ឥតសុខសាន្តគ្មានបុណ្យគ្មានកុសល ឥតបុណ្យយោគសិវមោក្ខទៅមិនដល់ ចុះក្នុងកលកាមភពជប់ជាប់ហោង ។ (លោកនីតិ)
- ជាតិបណ្ឌិតពិតពេញប្រាជ្ញត្យក្ស គ្មានគេស្ម័គ្រសាកសួរការនានា ដូចស្គរធំឥតគេដំគោះវាយវា បើគេសួរកាលណាដូចភ្លៀងធ្លាក់ ។
- ជាតិពាលពិតឥតគេសួរឬសាសង ក៏លាន់កងរំពងពោលឥតអាក់ និយាយច្រើនកើនហួសជ្រួសដំណាក់ ចុះក្នុងក្បួនហិនលក្ខណ៍ធ្លាក់សព្វកាល ។
- ជាតិប្រាជ្ញនៅជិតបណ្ឌិតប្រាជ្ញ មួយរំពេចក៏អាចចេះធម៌អាថ៌ ដូចអណ្ដាតដឹងរសនៃអាហារ ជូរចត់ខារហីរប្រៃអាចដឹងបាន ។
- ជាន់ជើងចោរ ឬ(ដូចជាន់ជើងចោរ) ។
- ជាប់ជ្រួលច្រវាភ័ក្រ្តស្រស់ស្រាយ គួរខ្លាចខ្លួនក្លាយជាក្លៀវក្លា វង្វេងផ្លូវមិនសួរនរណា តនឹងបច្ចាឥតអាវុធ ។
- ជិះក្របីចម្លងភក់ ស្រណុកជាជាងហែល ។
- ជីងចក់ផ្លាស់ពណ៌តាមកន្លែង ពួកជនពាលតែងផ្លាស់មារយាទ ដោយការចូលជិតបណ្ឌិតជាតិ គង់ប្រែបទបានយល់ខុសត្រូវ ។
- ជុះអាចម៍ក្ដាប់ ឬ(កំណាញ់ជុះអាចម៍ក្ដាប់) ។
- ជុះអាចម៍កប់ដូចខ្លា ឬឆ្មា (មនុស្សលាក់គំនួច ឬលាក់ពុត) ។
- ជួញជិតជាជាងជួញឆ្ងាយ ជួញក្បែររៀងអាចរក្សាប្អូនស្រី ឬ(ចិញ្ចឹមកូនស្រី) ។
- ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់ ខ្លាចបាត់ឲ្យផ្ចិតផ្ចង់ ប្រុងថែទាំឲ្យមាំមួន។
- ជើក្រោយដោយជើងមុខ ។
- ជើងបួនគង់មានជ្រុល អ្នកចេះពេញផ្ទុល([3]) គង់មានជ្រួស ។
- ជើងជា ស្មារឹង ។
- ជឿជនសុភាព ឫករាបទាបពាក្យពីរោះ តែងមានសោមគ្រោះ មានកេរ្តិ៍ឈ្មោះក្រអូបសាយ ។
- ជោគបោកអ្នកផង ឲ្យនឹកប៉ុនប៉ង ចង់ពឹងតែជោគ មិនខំរកស៊ី ឲ្យកើតមានភោគ ទាល់ក្ររកជោគ ជោគផាយចោលបាត់ ។
- ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់ ។
- ជ្រងោប៉ុនក្បាលអារក្ស ឬ(ធំប៉ុនក្បាលអារក្ស) ។
- ជ្រង៉ោប៉ុនគល់ មិនយល់ប៉ុនសក់ ។
- ជ្រាយរអៀចដូចបបរឈ្មោល។
- ជ្រូកស្លាប់ព្រោះសាច់ ។
- ជ្រើមដូចមហាត ។
- ជ្រៃលោមស្រឡៅ ត្រាវលោមបឹង ។
- ជ្រៃមិនលាការរួមរឹត បណ្ឌិតមិនដែលរាចាកធម្មា ខ្លាមិនដែលរាខ្លាចម្រឹគាជនពាលាមិនដែលរាខ្លាចអាក្រក់ ។
- ជ្រៃស្នាយកន្រ្ទាញ និងកុកស កុំត្រេកអរ ធើ្វត្រាប់តាម ។
- ជ្រៅទឹកជ្រៅដីមិនជាជ្រៅអ្វីគង់មានទោដល់ ឯគំនិតជ្រៅ ជ្រៅឆ្ងាយសែនសល់ ជ្រៅទៅមិនដល់គ្មានទីបំផុត ។
- ជ្រៅតែមាត់ គំនិតរាក់កំភែល ។
- ជ្រៅដូចក្តិតចាន ។
- ជ្រះថ្លាក្នុងការល្អ គួរត្រេកអរជ្រះថ្លាចុះ ជ្រះថ្លាក្នុងការខុស កុំបណ្ដុះជ្រះថ្លាឡើយ។
- ជ្រះថ្លាតែមាត់ ចិត្តស្មូរជន ។
- ជ្រះថ្លាដូចទឹកភក់ ។
អ្នកដែលមិនធ្វេសស្មារតីមិនស្លាប់គំនិត
ទោះបីស្លាប់បាត់ទៅហើយ ក៏ទុកដូចជានៅរស់។
ស្រង់ចាកសុភាសិតសម្ដេចព្រះមហាសុមេធាធិបតី
សង្ឃនាយកគណមហានិកាយ
(ជោតញ្ញាណោ ជ,ណ)
ឈ
[កែប្រែ]- ឈាមស្រែកស្បែកហៅ ។
- ឈឺជើងធាត់ ឈឺមាត់ស្គម ។
- ឈឺធ្ងន់យកដំរីទៅបន់ ដល់ជម្ងឺស្រន់យកពងមាន់ទៅថ្វាយ ។
- ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ភ្លាត់កុំឲ្យយកខ្លួនបៀត ឬថា(មនុស្សសាត់ព្រាត់ កុំឲ្យជាគ្នា ។
- ឈើធំរលំឮខ្លាំង ។
- ឈើល្អផ្កាក្រអូបសូម្បីមួយដើម អាចស្រង់ក្លិនផ្សើមឈ្ងុយសព្វព្រៃដូចត្រកូលដែលកូនល្អប្រពៃ បានជាសិរីនៃវង្សញាតិផៅ។
- ឈើផ្លែចាញ់សន្លឹក ត្រីច្រើនទឹកល្អក់ពុំជា ឬ(ឈើផ្លែច្រើនចាញ់សន្លឹក) ។
- ឈើងាប់ពីចុង ដំរីស្លាប់ពីពុង មនុស្សស្លាប់ពីជើង ។
- ឈើពុកកុំដាក់គូថលើ ឬ(កុំអង្គុយលើ) ។
- ឈ្មួញទឹកពិតពឹងទូក រឺឈ្មួញគោកពឹងរទេះ សំណាងពឹងចំណេះ ប្រាជ្ញប្រាយចេះពឹងគម្ពីរ ។
- ឈ្នះក៏ដោយចាញ់ក៏ដោយឲ្យតែត្រូវ ទៅតាមផ្លូវដែលសុចរិតឥតចៀសវាង តាមគន្លងយុត្តិធម៌ល្អឥតល្អៀង កុំបញ្ឆៀងកុំបញ្ឆិតគិតលោភយស ។
- ឈ្លោះនឹងពាលឃើញពិបាកបន្តិចហើយ កុំស្មានឡើយថាពាលស្ដាប់សព្ទវាចា ទុកថាវែកញែកខុសត្រូវទៅផ្លូវណា ក៏ពាលថាគេមិនស្ដាប់ច្បាប់អ្វីទេ ។
- ឈ្នះអ្នកស័ក្ដិខ្ពស់ដោយលុតក្រាប ឈ្នះអ្នកទន់ទាបដោយឲ្យទាន បំបែកសាមគ្គីឈ្នះអ្នកក្លាហាន ឈ្នះអ្នកស្មើប្រាណដោយតស៊ូ ។
- ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយទំលាយ ឈ្នះអ្នកខ្សោយដោយឲ្យសម្លបាយ ឈ្នះអ្នកស្មើកាយដោយព្យាយាម ។
- ឈ្នះប្រទេសដទៃតែងល្បី ឈ្នះល្បែងអប្រិយវិសេសឯក ឈ្នះខ្លួនៗឯងឧត្តមប្លែកហៅឈ្នះចម្លែកលែងចាញ់វិញ ។
- ឈ្នះអ្នកក្រោធដោយក្រឹត្យមិនក្រោធតប ឈ្នះអសប្បុរសប្រកបដោយសប្បុរសឈ្នះកំណាញ់ដោយឲ្យទ្រព្យរបស់ ឈ្នះបុរសឡេះឡោះដោយពាក្យសត្យ ។
- ឈ្មោះខ្លួនបែបណា ខំធើ្វការឲ្យដូចឈ្មោះ ។
- ឈ្មោះល្អក្រក្នុងលោក សិរីរត់រកអ្នកមានកេរ្តិ៍ឈ្មោះ ។
- ឈ្លោះនឹងស្រីនាំឲ្យហិន ក្ដីនិងចិននាំឲ្យថោក ។
- ឈ្លោះគ្នាក្នុងគ្រួសារ ដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិ ដូចលាតកំណប់បង្ហាញចោរ ។
- ឈ្លោះនឹងបរទេស កុំធ្វេសគំនិត ។
អ្នកបួសធ្ងន់ក្នុងលោកភយសមិនបវរ
គ្រហស្ថគ្មានរបរ មិនថ្លៃថ្លូរ ។
ស្រង់ចាកសុភាសិត សម្ដេចព្រះធម្មលិខិត
ឧត្តមប្រឹក្សា វជិប្បញ្ញោ (ល្វី ឯម)
ញ
[កែប្រែ]- ញញឹមស្មើ សើចស្ទើរ សម្ដីពីរោះ ការណ៍ទាំងនេះចូរប្រយ័ត្ន ។
- ញញួរប្រើកើតព្រោះមានដង អ្នកផងបានខ្ពស់ព្រោះអ្នកធំ ដូចពេជ្រមានមាសប្រាក់ស្រោបរុំ ទើបបានឧត្តមស្គាល់ថាពេជ្រ ។
- ញាក់ដូចគោក្របី នាំឲ្យខូចក្ដីរាប់អាន ។
- ញាតិផ្ទាល់ បើមិនស្គាល់គឺអ្នកដទៃ ។
- ញាតិនិងមិត្រ បើញាតិមិនគិត មិត្រប្រសើរជាង ។
- ញាប់តែពាក្យ ទ្រគាកស្លាប់ឈឹង ឬ(ទ្រគាកងាប់ស្ដូក) ។
- ញាប់ដូចក្ដាមស៊ីអាចម៍។
- ញឹកណាស់ដំរីចេញរួច ជាលភ្នែកក្រួចដាក់ទឹកមិនលេច ។
- ញៀននឹងល្បែងតែងហិនហោច ។
- ញៀននឹងល្បែងតែងបង់យស ។
- ញៀននឹងស្រីចំណីទុក្ខ ។
- ញៀននឹងបៀ គឃៀរស្លៀកពាង ។
- ញៀននឹងបៀប៉ោ អស់ខោអស់អាវ ។ - ញៀននឹងស្រា ដេកផ្ងារក្នុងផ្លូវ ។
- ញៀននឹងលោភ ថោទាបដូចសត្វ ។
________________________________________
ដ
[កែប្រែ]- ដង្កូវចេញពីសាច់ ច្រែះចេញពីដែក ។
- ដប់នាក់អន្សមខ្លោច គ្នាដូចស្រមោចអន្សមឆៅ ឬ(គ្នាច្រើនអន្សមខ្លោច) ។
- ដល់កំពង់លង់ទឹក ។
- ដល់ក្របីបាត់ទើបធើ្វរបង ដល់ពេលប្រឡងទើបស្វាធ្យាយ ដល់ពេលចេញដើរវេចសំពាយ បីនេះអន្តរាយវិនាសបង់ ។
- ដល់ត្រើយ សើយគូថ ។
- ដាក់ទុកកូនចៅ ឲ្យមើលផៅសន្ដាន ឬ(ទុកដាក់កូនចៅ) ។
- ដាក់ទ្រូឲ្យស្រាស់បន្លា អារសាច់ជូនខ្លា ទើបនៅស្រុកបាន (ន័យមួយ) ទៀតថា៖ នៅស្រុកឲ្យស្រាស់បន្លា អារសាច់ជូនខ្លាទើបនៅស្រុកបាន (វចនានុក្រម) ឬថា (នៅផ្ទះឲ្យស្រាស់បន្លាអារសាច់ជូនខ្លាទើបនៅស្រុកបាន) ។
- ដាវមុតៗមែននៅក្នុងស្រោម វិជ្ជាចេះព្រមមិនត្រូវការ ជាតិស្រីឥតប្ដីនឹងព្យាបាលគជសារឥតហ្មនឹងប្រដៅ ។
- ដាវមុតៗមែនក្នុងស្រោម វិជ្ជាចេះព្រមនៅក្នុងក្បួន ប្រពន្ធគាប់ចិត្តនៅឆ្ងាយខ្លួន ដល់ចួនត្រូវការរអារចិត្ត ។
- ដឹកគោញី បន្សីគោឈ្មោល ។
- ដឹងបានដឹងបង់ ដឹងបាត់ដឹងគង់ ដឹងគូរដឹងគាប់ ដឹងខ្ពស់ដឹងទាប ដឹងដប់ផ្ទប់ឈើ
មួយ ។
- ដឹងដែកកាំបិតព្រា ទុកឲ្យជាកុំឲ្យបាត់ ។
- ដឹងបាំងតាមសាប់ ច្បាប់កាត់តាមពាក្យ ។
- ដឹងហាបឲ្យដឹងដុល ភ្នែកឲ្យយល់ទៀងត្រាជូ ។
- ដឹងគ្នានៅគ្រាក្រ សម្បុរល្អនៅខែកត្តិក ឬ(ដឹងគ្នាទាន់គ្រាក្រ សម្បុរល្អទាន់ខែកត្តិក)។
- ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា ឬ(កូនឆ្គងត្បិតឪម៉ែ) ។
- ដឹងឆ្លើយត្បិតដង កូនសោតរែងឆ្គង ដ្បិតតែឪពុក ទ្រព្យគង់ដ្បិតតែស្រី ចេះរៀបដាក់ទុក ប្រះដេកឆាប់លក់ដ្បិតឥតបើគិត ។
- ដឹងរង្គោះ បោះបណ្ដោយ ។
- ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ ។
- ដុតឲ្យខ្លោច រោចឲ្យឆៅ ។
- ដួងមួយធ្លាយ គង់មានតក់មាននាឡិ ដូចកន្លង់នឹងផ្កា ។
- ដូចក្រពើវង្វេងបឹង ។
- ដូចបាចអង្កាមច្រាសខ្យល់ ឬ(ដូចបាចខ្សាច់ប្រាសខ្យល់) ។
- ដូចខ្លាបានទួល ។ - ដូចខ្វាក់បានដៃ ។
- ដូចខ្វៀនកន្ទុយឆ្កែ ទោះនៅប្រែពត់ពុំត្រង់ ។
- ដូចចិញ្ចឹមកូនខ្លា ។ - ដូចចាប់ក្ដាមដាក់ចង្អេរ ។
- ដូចចាប់ស្វាមកបំបួស ។ - ដូចយកអន្ទង់ ទៅចំហុយភក់ ។
- ដូច (ជាគេ) អូសឫស្សីច្រាសចុង ។
- ដូច (ជាគេ) អូសឆ្កែឲ្យចុះទឹក ។
- ដូច (ជាគេ) ប្រដៅក្រពើឲ្យចុះទឹក ។
- ជូច (ជា) ទឹកកន្លះក្អម ។ - ដូចញញួរនិងទ្រនាប់ ។
- ដូចកាំបិតនិងជ្រុញ ឬ(ដូចជ្រុញនិងកាំបិត) ។
- ដូចសង្ឃឹមផ្កាយលើមេឃ ។ - ដូចអាចម៍ចូលឈ្នាង ។
- ដូចអាចម៍ត្រូវថ្ងៃ ឬ(ក្រអឺតដូចអាចម៍ត្រូវថ្ងៃ) ។
- ដូចទន្សាយបានទួល ។ - ដូចឆ្មាចូលត្រឡោក ។
- ដូចត្រឡាចនៅក្នុងបន្លា ។ - ដូចប្រដៅសេកចាស់ ។
- ដូចក្របីនឹងចេក ។ - ដូចខ្លាចឃ្មុំនិងដើមពង្រ ។
- ដូចសំពៅនូវសំប៉ាន ឬ (ដូចសំពៅពឹងសំប៉ាន) ។
- ដូចសត្វប្រលាំងកាស ឬ (ជាប់គ្នាដូចសត្វប្រណាំងកាស) ។
- ដូចស្រមោលនិងស្ករ ។ - ដូចដេកផ្ងារស្ដោះដាក់ទ្រូងឯង ។
- ដួលមិនបាច់ច្រាន បានមិនបាច់ខំ ។ - ដួលត្មោលដូចគ្មានអីទប់ ។
- ដួលដូចគោចាស់ ។ - ដួលតិតដួលតូង ។
- ដួលសង់ជ្រោង ។ - ដើរឲ្យមានបី ស្រដីឲ្យមានបួន ។
- ដើរជិតផ្ទះគេពេលគេដេក កុំក្អេងក្អាងពេលគេផ្អើលភ្ញាក់ និយាយឲ្យល្មមគេស្ដាប់ជាក់ កុំខ្សឹមលបលាក់គេសង្ស័យ ។
- ដើរលេងផ្ទះគេទោះជិតឆ្ងាយ គេហៅស៊ីបាយឲ្យខំអត់ អង្ករគេច្រកដឹងកំណត់ ឲ្យល្មមតែមាត់កូនចៅគេ ។
- ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង ។
- ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ ។
- ដើមឈើអាស្រ័យដីជីល្អជា តែងនឹងផ្កាផ្លែចម្រើនឡើង អ្នកដែលអាស្រ័យសប្បុរសថ្កុំថ្កើង ចម្រើនបុណ្យឡើងទៅធំបាន ។
- ដើមនៅឯស្រែ ផ្លែនៅឯផ្សារ ។ - ដេកមិនលក់ បក់មិនល្ហើយ ។
- ដេកមិនលក់កុំខំដេក ឬ (ត្រូវខំដេក) ។
- ដេកលក់បាត់ខ្លាច ។ - ដេកយប់កុំនិយាយនឹងស្រី ។
- ដេកយប់កុំដំអក់ ឲ្យលង់លក់ក្រៅសុចរិត ខ្ញុំណាមានគំនិត គួរឲ្យគិតប្រណីវា ។
- ដេកយប់កុំដេកយូរ ហើយទទូរដូចគេងាប់ សំពត់ស្លៀកឲ្យជាប់ កុំឲ្យអាក្រាតក្រៅខ្លួន ។
- ដេកយប់កុំដេកយូរ ខ្លាចក្ដីទុជ៌ន([4]) ដល់ប្រាណ ។
- ដេកដល់ថ្ងៃរះហៅឥតគំនាប់ ចង្រៃអភ័ព្វដិតដល់អាត្មា ។
- ដេកដល់ថ្ងៃនាំចង្រៃខ្លួន ។ - ដេកទាល់ថ្ងៃយកកំជិលដែលគេ ។
- ដេកកុំដំងើច គេក្រកុំសើច គេភ័យកុំព្យូរហ៍ ទោះខឹងប៉ុន្មាន ធើ្វជាឲ្យគួរ តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់ ។
- ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ ។
- ដេកយប់ឲ្យរាំងទ្វារ ទ្រព្យសម្រាលរៀបប្រយ័ត្ន ចងទូកកុំឲ្យរសាត់ ផ្ទះបាក់បែកឆាប់ទ្រល់ទ្រ ។
- ដេកផ្ងារស្ដោះដាក់លើទ្រូងឯង ។
- ដេកផ្សំដួល រមួលផ្សំគ្រេច ។ - ដេញទាន់កុំជាន់កែង ។
- ដៃភ្លើងជើងមាន់ ។
- ដៃស្ដាំជាខ្ញុំកាយ ព្រោះខ្វល់ខ្វាយអេះខ្វារខ្ញាំ កូនដៃនៃដៃស្ដាំ ខ្ញុំត្រចៀក ច្រមុះភ្នែក ។ ដៃឆ្វេងជាខ្ញុំជើង តាមទំនើងជើងរហែក ប្រើលាងសព្វចង្វែក វេណីចែកចាំទុកហោង។
- ក្រោកឡើងពីព្រឹកប្រកបការងារ ។ - ដោះកន្ទែក អារឹសកូន ។
- ដោះស្រាយប្រស្នា ថ្កើងឯអ្នកប្រាជ្ញ ។
- ដំណេកដេកជាខ្នាត ឲ្យសំអាតសំអាងជា ទើបទេព្តាររក្សាចម្រើនសុខសិរីសួស្ដី។
- ដំណាំអ្វីៗ សាបព្រោះលើដី គេតែងបានផល ដំណាំដែលគេដាំបុណ្យ បាបសល់វ៉ល់ ធ្ងន់ស្រាលដូចកល ដំណាំនោះដែរ ។
- ដំរីសារស្លាប់ ទៅយកឯចង្អេរបាំង ។
- ដំរីស្លាប់យកឯគ្រប់បាយ គ្រប់ដំរីម្ដេចជិតបាន ។
- ដំរីផុង ព្រយុងដើមលើ ។
- ដំរីជល់គ្នាខ្ទេចស្មៅ ឬ(ខ្ទេចដើមឈើ) ។
- ដំរីខ្វាក់ ទ្រមាក់ឆ្កួត ។
- ដំរីជើងបួនគង់មានភ្លាត់ អ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេច ឬ(ខុស) ។
- ដំរីជុះកុំជុះតាមដំរី ។
- ដំបៅមិនឈឺយកឈើទៅចាក់ ឬ (យកបន្លាចាក់) ។
- ដាំចង្រ្កានមិនប្រមាណឆ្នាំង ។
- ដាំដូងឲ្យខំថែ ចងស៊ីផ្លែឲ្យដុតគល់ បើជូនសំណាងដល់ រវល់តែឆ្ងាញ់ពិសា។
- ដំរីស្លាប់ ដោយសារភ្លុក។
ឋ
[កែប្រែ]- ឋានសួគ៌មាននៅក្នុងលោកិយ គឺជនប្រុសស្រីក្នុងគ្រួសារ
ដែលស្រុះស្រួលគ្នារាល់វេលា ទោះខ្ទមជរាពិតជាប្រាសាទ ។
បរិភោគតែអំបិលនិងបាយ ក៏មានរូបកាយមុខស្រស់ស្អាត
ប្រៀបដូចទេវតាពណ៌សុទ្ធសាត នៅក្នុងប្រាសាទត្រៃត្រឹង្សា ។
- ឋានសួគ៌ប្រកបដោយសុខា គួរយើងប្រាថ្នាទៅគ្រប់គ្នា
ឋាននិព្វានសុខលើសសួគ៌នានា ហៅមហាសុខាប្រសើរក្រៃ ។
- ឋានបុគ្គលមានទ្រព្យ លោកិយគេរាប់មុខមិនខ្វះ
សិរីប្រសិទ្ធឥតកន្លះ ពាក្យត្មិះតិះដៀលមិនដែលដល់ ។
- ឋិតថេរឥតអំពើ បើមិនធើ្វអំពើល្អ ។
- ឋិតថេរតែខ្លួន ចិត្តផ្ទួនតែទុក្ខ ។
- ឋិតនៅក្នុងសេចក្ដីប្រមាទ ឈ្មោះថាស្លាប់ ។
- ឋិតនៅឯកឯង ប្រសើរជាងនៅរួមដោយជនពាល ។
- ឋិតក្នុងរដ្ឋគ្មានយុត្តិធម៌ គួរខ្លាចជាងនៅក្នុងព្រៃខ្លា ។
- ឋិតនៅក្នុងរដ្ឋ ដែលមានប្រមុខរដ្ឋល្អ ដូចនៅក្នុងឋានសួគ៌ ។
- ឋិតនៅក្នុងប្រទេសអព្យាក្រិត្យ ដូចជាស្ថិតនៅគ្រប់ប្រទេសទាំងអស់ ។
- ឋិតនៅក្នុងប្រទេសរណបគេពិបាកចិត្ត ដូចជានៅក្នុងដប ។
- ឋិតនៅក្នុងគុក ស្រណុកជាងនៅក្នុងអំណាចស្រីប្រច័ណ្ឌ ។
ឌ
[កែប្រែ]- ឌមជនគឺអ្នកថោក អាចប្រែក្លាយភាពជាខ្ពង់ខ្ពស់
ដោយការសេពគប់នឹងសប្បុរស ដង្កូវបានខ្ពស់ព្រោះបុប្ផា។
ឌមជនដូចជាសត្វដង្កូវ ទៅឋិតនៅលើព្រះកេសា
នៃព្រះរាជាដ៏ថ្លៃថ្លា ដោយបុប្ផាផួងគន្ធា ។
- ឌមជនបាសេពគប់បណ្ឌិត ដង្កូវគប់មិត្រនឹងបុប្ផា
អាចយិតយោងគ្នាបានថ្លៃថ្លា ថ្កើងក្នុងលោកាទាំងពីរពិត។
- ឌាកិនីគឺបីសាចញី ព្រះមុនីប្រដូចនឹងមនុស្សស្រី
ដែលមិនគោរពដល់ស្វាមី ប្រច័ណ្ឌតែប្ដីជានិច្ចពិត។
- ស្រីពួកនេះគួរឲ្យខ្លាចក្រៃ ម្ង៉ៃៗរិះគន់ប្រច័ណ្ឌស្អិត
ព្រោះនាំចង្រៃមួយជីវិត នាំឲ្យវិបរិតចិត្តមួរហ្មង ។
- ឌំសៈគឺសព្វល្បោម រោមចោមចោះសត្វនានា
ដូចពួកជនពាលា ដែលកម្មពៀរចោមឲ្យផល។
- ឌំសៈគឺសព្វល្បោម នាំគ្នាចោមសត្វនានា
ដូចកូនល្ងង់លីលា នាំគ្នាចាយទ្រព្យម៉ែឪ ។
- ឌំសៈគឺសព្វល្បោម ខំចោមបោះសត្វនានា
ដូចបុគ្គលលិកពាលា នាំគ្នាលួចប្រាក់ជាតិចាយ ។
ឍ
[កែប្រែ]- ឍាមរាប្រែជាសត្វហង្ស មានរូបរាងខ្ញង់ប្រសើរឯក
ដូចបណ្ឌិតដែលចេះដឹងអនេក ឯពួកសត្វក្អែកដូចមនុស្សល្ងង់។
ធម្មតាក្អែកចូលក្នុងហ្វូងហង្ស ធើ្វម្ដេចបានខ្ញង់ស័ក្តិសមទ្រង់
ពួកជនប្រុសស្រីដែលខ្លៅល្ងង់ ទោះមានរូបខ្ញង់ក៏ទាបថោក ។
អ្នកមានរូបល្អដូចទេវតា តែខ្វះបញ្ញាការប្រាជ្ញព្រោក
ល្អដូចផ្កាចារគ្មានគេរក ល្អដែរតែថោកគ្មានតម្លៃ ។
ទោះបីបានធើ្វតំណាងរាស្រ្ត គ្មានការវៃឈ្លាសទាន់សម័យ
គ្មានពាក្យនិយាយប៉ុនពងចៃ ចាំតែលើកដៃបាទតាមគេ ។
- ឍាលិនប្រែថាអ្នកកាន់ខែល ចេះកាប់ប្រហែលចេះការពារ
ដូចអ្នកចេះដឹងមិនខ្លាចរា ឧបស័គ្គនានាការពារបាន ។
ខែលនិងអាវុធគឺវិជ្ជា នៃប្រុសនិងនារីគ្រប់ប្រាណ
ដែលបានរៀនសូត្រយ៉ាងចំណាន ក្នុងភូមិភពឋាននាលោកិយ ។
- ឍាលិនប្រែថាអ្នកកាន់ខែល គឺពលរដ្ឋដែលជាទាហាន
ត្រូវតែកាប់ចាក់ពួកឈ្លានពាន កុំឲ្យកើតមានក្នុងផែនដី ។
ទោះពួកបរទេសយកលាភទាក់ កុំឲ្យភាន់ភ្ញាក់ស្មារតី
តស៊ូទាល់ស្លាប់ក្រោមទង់ជ័យ ជាតិខ្លួនប្រពៃថ្កើងរុងរឿង ។
ណ
[កែប្រែ]- ណាត់ពេលប្រជុំគ្រប់កិច្ចការ ត្រូវតែឧស្សាហ៍ទៅឲ្យទាន់
កុំធ្វេសប្រហែសមិនរួសរាន់ កុំអន់ជាងមាន់ជាតិតិរិច្ចាន ។
- ណាត់ជួបជុំគ្នាពេលម៉ោងណា ត្រូវប្រុងកាយាកុំខកខាន
ត្រូវគិតអៀនខ្មាសមាន់តិរិច្ចាន វារងាវបានទៀងគ្រប់ពេល ។
- ណាយកាយ ឆ្ងាយចិត្ត ។
- ណាស់ខាងណា ចិត្តប៉ះទៅខាងណោះ ។
- ណាស់ខាងទុក្ខសុខឃ្លាតឆ្ងាយ ណាស់ខាងអបាយឆ្ងាយសួគ៌
ណាស់ខាងខ្ជិលរៀនគ្មានវិជ្ជា ណាស់ខាងឈ្លោះគ្នាបានហិនហោច ។
- ណាស់ខាងស្រឡាញ់ជាតិ មានយាទខ្ពស់ ។
- ណែនាំខុសផ្លូវតែងទៅអបាយ ឬ (នាំទៅអបាយ) ។
- ណែនាំក្រពើឲ្យហែលទឹក ណែនាំពាលថ្នឹកឲ្យលួចឆក់
ណែនាំសត្វខ្លាឲ្យលោតហក់ នេះក្បួនអាក្រក់គេថាឆោត។
- ណែនាំជនពាលឲ្យធើ្វល្អ ពាលមិនត្រេកអរប៉ុនចុងសក់
ពាលរិតបានចិត្តធើ្វអាក្រក់ ភូតភរកុហកថែមខ្លាំងក្លា។
នរូប្រុសស្រីចូរចងចាំ បុរាណបានផ្ដាំផ្ដាច់ទុកថា
ប្រដៅជនពាលដោយអាជ្ញា ឃុំឃាំងប្រហារទើបវាខ្លាច ។
- ណែនាំកូន([5]) ត្រូវប្រដៅខ្លួនទុកជាគំរូ។
ត
[កែប្រែ]- តកម្លាំងឲ្យសេពអាហារ ។
- តដងរែកឲ្យល្មមនឹងស្មា ។
- តវាសនាឲ្យខំសន្សំបុណ្យ ។
- តសំពៅមិនត្រូវស្ដាយដែក ឬ(តសំពៅទៅស្ដាយអីដែក) ។
- តក់ៗដូចទឹកត្នោត ព្រឹកឡើងសោតពេញបំពង់ ឬ(ដល់ព្រឹកឡើងសោតពេញបំពង់)បានមកទុកឲ្យគង់ កុំឲ្យបង់បាត់ឡើយណា។
- តណ្ហាទាសោពុទ្ធោថា សត្វជាទានសាចង់នេះជាប់ ។
- ចង់ខ្លាំងតែងផុងខ្លួនផ្ទួនផ្ទាប់ តែធ្លោយឲ្យធ្លាប់ទុក្ខជាប់ង៉ក់ ។
- តណ្ហាជាមេខ្វះ ចេះតែកន្លះ មិនដែលគ្រប់គ្រាន់ អ្នកមានសន្ដោស ចិត្តលុះជាក់ស្បាន់ ក្រដេញមិនទាន់ ជាន់កែងមិនបាន ។
- តមមេស៊ីពង ស៊ីរងសម្បុក ។
- តមមាន់ញីស៊ីមាន់ឈ្មោល តមកំបោរស៊ីអាចម៍ក្រពើ ។
- តម្ពក់វាទៅ ទើបព្នៅវាមក ឬ(ទើបព្នៅវាជ្រុះ) ។
- តរុណានៅជិតតរុណី ក្របីនៅជិតរុក្ខាចេក ហត្ថីអំពៅចូលបោចសែក ស្ករប្លែកស្រមោចតែងរត់រក ។ ខ្លះថា (អំពៅហត្ថី…) ។
- តរុណីស្អាតរូបសប្បាយភ្នែក កុមារីប្លែកចិត្តសល្អ សប្បាយចិត្តភ្លឺបវរក្នុងលោកកម្របានជួប ។
- តាបសរូបស្គមនោះឧត្តម ចតុប្បាទធាត់ធំនោះសោភណា
ប្រុសមានវិជ្ជានោះសោភា ស្រីមានភស្ដានោះសោភី ។
- តាមប្រាជ្ញអាចឃ្លាតជាតិទុក្ខ ឯសុខអាមិសកុំផ្ដេកផ្ដិត
ផ្លូវព្រះនិព្វានគ្មានវិបរិត តែស្និទ្ធអាមិសអាមះភ័យ ។
- តឹងព្អឹះដូចអូសឫស្សីច្រាសចុង ។
- តឹងគិតឲ្យធូរ យូរគិតឲ្យឆាប់ ។
- តឹងង៉ាង ធូរស្ប៉ត ។
- តូចមានពិសពិត ធំឥតគំនិត ទាំងឥតខ្លឹមសារ ដូចថ្នាំវិសេស ពូកែបានការ ទោះតិចយ៉ាងណា សះជាជម្ងឺ ។
- តូចពិតដូចពេជ្រពណ្ណារាយ ។
- តែខំប្រមាថវាបាត់បុណ្យ ចិត្តជូស្មូរជនចាត់សទ្ធា
មានះបាត់មិត្រឥតគ្នីគ្នា វិជ្ជានឹងចេះមកពីចិត្ត។
- តែខំច្រើនកើនចំណេះ តែចេះការច្រើនជាបច្ច័យ
តែខំរៀនសូត្ររាល់ខែថ្ងៃ ដូចច្នៃត្បូងពេជ្រលេចពន្លឺ ។
- តែថាឯស្រានិងការល្បែង គួរលះគួរលែងបានមិនអ្វី
ឯត្រង់ចំណង់ចង់នឹងស្រី លោកិយយើងក្រលះបានណាស់។
- តែឃ្លាវាឆ្ងាញ់ តែស្រឡាញ់វាល្អ ឬ(ឃ្លានវាឆ្ងាញ់ ស្រឡាញ់វាល្អ) ។
- តែចេះពេកតែឆ្លាតពេកគេស្អប់ គេត្រឡប់ជាថាឯងសម្ដែងឫទ្ធិ
គេមិនតាំងចិត្តបំណងចងជាមិត្ត គេមិនគិតថាឯងល្អបរិសុទ្ធទេ ។
- តែនិយាយធ្លាយពីមាត់ទៅហើយ កុំស្មានឡើយថាមិនចូលត្រចៀកគេ
តែមានរូបកុំគិតពួនមិនបាច់ទេ មុខតែគេមើលឃើញស្ដែងពុំលែងឡើយ។
- តែខ្សោយវិជ្ជាវាខ្សត់ធន តែបុណ្យស័ក្ដិគ្មានខ្មាសអៀនជាប់
អាស្រ័យក្នុងលោកក៏មិនគាប់ ព្រោះមិនប្រសប់ផ្លូវសេពគប់ ។
- តែងតោលដូចទូកឥតបង្គោល ឬ(ដូចទូកកណ្ដាលទន្លេ) ។
- តាំងខ្លួនឲ្យឃ្លាតពីខ្លៅចេញ វែងណាស់លលេញហួសប្រមាណ
លក់ដូរមើលដើមឲ្យដឹងដាន គិតអានសឹមធើ្វតាមប្រាថ្នា ។
- តាំងឲ្យមើលៗឲ្យសព្វ បើនឹងស្អប់កុំអាលបាញ់
ក្ដីឈ្នះគេចុះចាញ់ កុំខ្នាញ់កុំតាមផ្ដន្ទាទៀត ។
- ត្នោតបាទប្រមាថត្នោតលៃ ប្រមាត់ដីចង់ឡើងទ្រើង ។
- ត្មាតផ្លុំក្លុយ ។
- ត្រកូលសជាតិ មាយាទសពូជ ឬ (សខ្លួន) ។
- ត្រកូលខ្ពង់ខ្ពស់ យសហេតុផលស្មោះ ហិរិឱតប្បា ប្រព្រឹត្តសោភ័ណ ទើបបានថ្លៃថ្លាគេលើកទុកជា អភិជនពិត ។
- ត្រង់មិនឈ្នះទាល់ ។
- ត្រង់ពុតមនុស្សពាលពេទ្យនឹងពត់ ដោយមន្តឱសថពុំបានឡើយ ។
- ត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាត្រ ។
- ត្រឡាចវារទៅ ល្ពៅវារមក ។
- ត្រីមួយត្រកតែស្អុយមួយ ស្អុយទាំងអស់ ។
- ត្រីរ៉ស់ក៏រួច ទន្សាយក៏រួច ។
- ត្រីបានត្រីតូច ត្រីរួចត្រីធំ ។
- ត្រីព្រួលកុំចោលស្រកា ត្រីប្រាកុំចោលស្រកី ត្រីក្អីកុំចោលជើង ។
- ត្រីងៀតឆ្លៀតពង ។
- ត្រីកប់ត្រឡប់ជាត្រីអាំង សំឡក្នុងឆ្នាំងរកវែកដួសគ្មាន ។
- ត្រីឆ្កោរស៊ីកូនឯង ។
- ត្រឹកៗដល់ផ្ទះ តូងតាងដេកផ្លូវ ។
- ត្រុកៗអ្នកស្រុលមើលងាយ រលាស់គូថខ្ចាយមានឱតមានភាន់ ។
- ត្រូវសន្សំទ្រព្យ តិចៗត្រឡប់ ចម្រើនធាត់ធំ ។
- តក់ៗគង់ពេញ បំពង់រងផ្សំ សម្បត្តិស្ដុកស្ដម្ភ ធើ្វសេដ្ឋិបាន ។
- ត្រូវកំចាត់សត្រូវដោយសត្រូវ ដោយឲ្យទ្រព្យត្រូវដល់ចិត្តវាដូច បន្លាដែលមុតក្នុងបាទា យកបន្លាដូចគ្នាជួសទើបបាន ។
- ត្រូវយកដើមត្រែងជាច្បាប់ប្រាណ វាយោរបកច្រានមិនរលំ រុក្ខជាតិដូចយ៉ាងផ្ទឹមសុក្រំ ខ្យល់ធំបក់ចំគង់រលើង ។
- ត្រូវដឹងប្រមាណ អាហារដែលបាន បរិភោគរាល់ថ្ងៃ ទោះមានតិចច្រើនចេះគិតសំចៃគ្រប់គ្រាន់សព្វថ្ងៃ ទើបបានសុខសាន្ត ។
- ត្រូវតាំងចិត្តខ្ជាប់នៅជានិច្ច ម្ដងៗបន្តិចដោយខ្មីឃ្មាត
កុំដាច់ស្រយាលរយាលឃ្លាត រវាតចោលកិច្ចការសិក្សា ។
- ត្រូវកោតក្ដីបី កោតមួយពាក្យស្រី ស្រដីមារយា កោតមួយពាក្យពិស អសុរោះវាចាកោតមួយពាក្យពាល ពាលោទុជន ។
- ត្រូវនឹកប្របូលការគ្រប់មុខ មកពិនិត្យទុកមុននឹងធើ្វ
ការណាយល់ជាគាប់ប្រសើរ ត្រូវប្រើព្យាយាមនិងមានះ ។
- ត្រូវថ្មមកូនអាយុប្រាំវស្សា ត្រូវាយជេរថាទៅត្រឹមដប់ឆ្នាំ
ដល់អាយុដប់ប្រាំមួយចូរចាំ ពាក្យអ្នកប្រាជ្ញផ្ដាំថាកូនជាមិត្រ ។
- ត្រូវត្រាប់កុកសាប់ កុំត្រាប់កុកស ។
- ត្រូវទ្រាំអត់ខ្សត់តោកយ៉ាកពិបាកប្រាណ ពីដើមដានទើបក្សេមក្សាន្តទៅគ្រាក្រោយកុំចង់បានក្នុងគ្រាអំណត់ដែលខ្សត់ខ្សោយ តែបណ្ដោយតាមចំណង់នឹងបង់លាភ ។
- ត្រួសត្រាយទុក ស្រណុកជាងកែកុន ។
- ត្រួសៗគ្រប់មុខគ្មានបានការ ដល់ពេលចរចារដូចឆ្មាចូលត្រឡោក ។
- ត្រើយនាយនិងត្រើយអាយ ពិតជាឆ្ងាយដាច់អាល័យ
ឯមេឃហើយនិងដី ក៏ឆ្ងាយក្រៃឥតជួបគ្នា ។
ពួកជនជាបណ្ឌិត សែនឆ្ងាយពិតពីពាលា
មិនដែលបានជិតគ្នា ក្នុងគ្រាណាបានម្ដងសោះ ។
ឯទិសទាំងប្រាំបី ក៏ឆ្ងាយក្រៃឆ្ងាយទាំងអស់
មិនដែលឮម្ដងណាសោះ ថាខាងកើតជួបខាងលិច។
- ត្រើយស្ទឹងតើយសមុទ្រ ថាឆ្ងាយផុតតែទៅដល់
ត្រើយញាណព្រះទសពល ទៅមិនដល់យល់មិនផុត ។
- ត្រៀបត្រាដូចឃ្លោតត្រឡាច គ្មានអង់អាចស្គាល់ខុសត្រូវ ។
- ត្រៀមទុកមុន មិនស្កុនការ ។
- ត្រៃចីវរល្អលើសអស់គ្រឿងស្លៀកពាក់ គ្មានពួកអ្នកប្រាជ្ញកែប្រែបំបែរបាន
ជាម៉ូដចាស់រាប់កោដិកប្បពីបុរាណ ជាសញ្ញាណភាពទង់ជ័យនៃអរហន្ត ។
- ត្រៃរតនៈជាវត្ថុសក្ដិសិទ្ធិផុតក្នុងលោក ។
- ត្រាំពិសដូចពស់វែក ។
[1] សមាថី អ,ថ សាម៉ា (មកពីសំ សមថី សមមត្ថ) អត់អាច បានការ ស្ទាត់ ។
[2] អាងយ៉ាង ពាក្យយួន (ក្អេងក្អាង) ។
[3] ផ្ទុល ឬផ្នូរ (ដំបូលរទេះ) ក្នុងទីនេះសំដៅ ច្រើនជ្រៅជ្រះពេញបន្ទុក ។
[4] អានថា ទូរជន់ ។
[5] កូនបង្កើត កូនសិស្ស ប្រជាពលរដ្ឋ បុគ្គលិក និងកម្មករ ។
ថ
[កែប្រែ]ថៅកែបោកក្បាលនឹងប្រាក់ ខ្វាក់ភ្នែកមន្រ្តី
- ថាបើមានកើតគង់មានស្លាប់ ជរាឈឺចាប់ចុកស៊កសៀត
ចៀសទុក្ខជួបទុក្ខៗដល់ទៀត ចង្អៀតចង្អល់ទាល់តែក្ស័យ ។
- ថែទាំទើបគង់ទ្រព្យ (រៀបរណ្ដាប់ទុកទើបជា
ចាយវាយក្រៅតម្រា នៅវិនាសធនធានផង) ។
- ថោកអីនៅដៃ ថ្លៃអីនៅមាត់ ។
- ថ្ងៃនេះឯងចួនថ្ងៃស្អែកគេ ចួនថ្ងៃនេះជេរថ្ងៃស្អែកជា
ថ្ងៃនេះបណ្ឌិតថ្ងៃស្អែកពាលា ថ្ងៃនេះវឌ្ឍនាស្អែកវិនាស ។
- ថ្ងៃជាគ្រូថ្ងៃ ពាក្យនេះជាន័យ បំភ្លឺឲ្យយល់ អ្វីមានខាងក្នុង ជាគ្រូសាកល កុំគិតខ្វាយខ្វល់ រកគ្រូផ្សេងជាតិ ។
- ថ្មមឲ្យឡើងចាងទោសច្រើនប្រការ វាយល្មមរាងចាលមានគុណអនេក
ដូច្នោះកុំថ្នមកូននិងសិស្សពេក ត្រូវវាយដំផ្ដេកផ្ដួលពត់ឲ្យហើយ ។
- ថ្លង់ចង់ស្ដាប់ច្រៀង ផ្អៀងផ្អងផ្ទៀងផ្ទាប់ ដៃតូចខ្លួនទាបចង់ឈោងចាប់ផ្កាយ ។
- ផ្លស់យសព្រោះប្រមាទ ។
- ថ្លៃមាសថ្លៃពេជ្រ មិនមែនថ្លៃផ្ដាច់ នៅក្នុងលោកិយ ថ្លៃឫក្សមារយាទ ទើបថ្លៃពិសី
ថ្លៃឥតមានអ្វី ប្រៀបផ្ទឹមស្មើបាន ។
ទ
[កែប្រែ]- ទងកុមុទប្រមាណទីផលស្ថាន វិស័យប្រមាណត្រកូលវង្ស
វាចាប្រមាណប្រាជ្ញខ្លៅល្ងង់ ស្មៅល្ហុងប្រមាណនៃពសុធា ។
- ទ័ពបាក់កុំសង្ខុញ។ - ទន្លេដប់ មិនស្កប់សមុទ្រមួយ ។
- ទន្សាយបានទួល ឬ (ដូចទន្សាយបានទួល) ។
- ទន្លេស្ទឹងសុទ្ធសឹងមិនផឹកទឹក ដើមព្រៃព្រឹក្សមិនស៊ីផល
មហាមេឃមិនធ្លាក់នូវភ្លៀងខ្យល់ ក្នុងមណ្ឌលឯណាមួយតំបន់ ។
- ក៏ឯទ្រព្យសប្បុរសផងទាំងឡាយ សឹងចម្រើនផ្សព្វផ្សាយដល់មហាជន
ប្រយោជន៍សប្បុរសប្រកបជណ បំពេញបុណ្យផ្លូវកុសលដល់និព្វាន ។
- ទម្លាប់ធំជាច្បាប់ បើរៀនច្បាប់កុំត្រាប់ខ្លៅ ប្រាជ្ញាអាចប្រដៅ ស្ដីកូនចៅ ស្ដីឲ្យសោះ
- ទានជាទីញ៉ាំងជនដំរឹងអង្គ ឲ្យលះបង់ពុតព្យសន៍កំណាចប្រាណ ទានអាចនាំប្រយោជន៍ទាំងពួងបាន បង្អោនប្រាណពាក្យពីរោះព្រោះទាននាំ ។
- ទានជាថ្នាំនាំកើតក្ដីស្នេហា កំណាញ់ជាឱសថានៃទោសទុក្ខ ទានជាថ្នាំយសស័ក្ត
ចម្រើនសុខ កំណាញ់ទុកជាថ្នាំនាំកំព្រា ។
- ទាហានថ្កើងដ្បិតសឹក ធើ្វស្រែកដ្បិតទឹក ត្រេកពលដ្បិតបាយ សិស្សប្រាជ្ញាដ្បិតគ្រូជេរពោលដំវាយ ពលជាដ្បិតនាយ ព្រិលប្រើខះខំ ។
- ទិវារាត្រី យប់ថ្ងៃប្រក្រតី តែងរត់ទៅមក កាត់អាយុសត្វ ជនបន្សល់ទុក ផ្ដាច់ក្ដីសាន្តសុខ ទុកតែងរាងឆ្អឹង ។
- ទីប្រជុំកុំកន្ដុះបង្អាប់គ្នា ឲ្យខ្មាសគេពុំល្អជាពុំគួរគាប់
ទីប្រជុំកុំស្លៀកពាក់អួរអាប់ នេះជាច្បាប់សម្រាប់កាន់អនាម័យ ។
- ទីប្រជុំកុំនិយាយឲ្យឮខ្លាំង គួរឲ្យតាំងនូវស្មារតីនិយាយតិច
ទីប្រជុំត្រូវប្រើឫកស្ងប់ជានិច្ច នេះជាកិច្ចប្រព្រឹត្តប្រើនៃអ្នកប្រាជ្ញ។
- ទីប្រជុំត្រូវប្រើឫកយ៉ាងក្លាហាន ឲ្យបានឫកពារម្យទមទាំងកុំខ្លាច
ទីប្រជុំកុំប្រើឫកប្រហើនកាច ព្រោះគេអាចនិន្ទាជាមនុស្សឥតច្បាប់។
- ទីប្រជុំកុំនិយាយពាក្យទាស់ ជាទីនាស់របស់ឈ្មោះប្រុសស្រីណា
ទីប្រជុំច្រើនតែមានមនុស្សខុសគ្នា ក៏ឲ្យកើតទោសវេរាគួរកុំភ្លេច ។
- ទីលំនៅចង្អៀតជ្រៀតមិនចុះ សឹងច្រមុះដោយសារអសោចិក្រៃ
តែងនាំមកនូវទុក្ខអចិន្រ្តៃយ៍ កែអាស្រ័យទៅបានជាមធ្យម ។
- ទីលំនៅៗរួមមនុស្សអារិ ជាទំនិសត្រូវមិនភិរម្យ
ជាទុក្ខលើសទីពេញអាចម នឹងសម្ងំខំនៅសៅនាំរំខាន ។
- ទីលំនៅៗរួមអកតញ្ញូ ជាទុក្ខរកអ្វីតស៊ូនឹងប្រៀបបាន
លើសលែងទីដែលរួមអារិប្រាណ ព្រោះសន្ដានមក្ខោជាចោរធំ ។
- ទឹកថ្លាល្គឹកបើល្អក់ ដ្បិតរលកបោកសោះសា ។
- ទឹកទិព្វទោះនៅ ក្នុងថ្នាំពិសក្ដៅ គួរយកកុំខាន មានទោះនៅក្នុង ទីស្មោកគ្រោកស្ថាន គួរយកឲ្យបាន កុំខានឡើយណា ។
- ទឹកជ្រៅតែងមានជ្រោះ មានសត្វពស់វាពួនខាំ កង្កែបអែបទ្រាសត្រាំ ពស់លបខាំលេបមិនលែង ។
- ទឹកបាក់ទៅទាប ដីខ្ពស់កណ្ដៀរពូន ។ - ទឹកជន់ បុណ្យស្ដេច ។
- ទឹកបាក់ទៅទាប បុណ្យបាក់ដ្បិតបាប លាភបាត់ដ្បិតឃោរ ។
- ទឹកត្រជាក់ត្រីកុម ទឹកក្ដៅត្រីរត់ចេញ ។
- ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី ។
- ទឹកហូរមិនដែលហត់ ព្រះពុទ្ធមិនដែលខឹង។
- ទឹកហូរមិនដែលហត់ ប្រុសស្បថកុំឲ្យជឿ ។
- ទឹកបាក់ទៅទាប លាភបាកា់ទៅសិរី ទួលហៅម្ដេចក្ដី ទឹកទៅពុំបាន ។
- ទឹកខ្លាចគេដងដាក់តម្កល់ ជាតិដែលដុលខ្លាចគេដាំឆៅ ក្រញូងខ្លាចធើ្វខ្នួចកួចដូចស្មៅ ទូកខ្លាចគេទៅជាន់គែមផ្អៀង ។
- ទឹកហូរតាមប្រឡាយ ទន្សាយបោលតាមប្រឡោះ ។
- ទឹកថ្លាលាងសក់ ទឹកល្អក់លាងជើង ។
- ទុកចោលវាចាស់ ប្រើណាស់វាថ្មី ។
- ទុកចិត្តកុំឲ្យដាក់ ស្មើភ្នែកខ្វាក់ទាំងសងខាង
ឲ្យកូនគន់មើលតាង ស្មើភ្នែកម្ខាងពុំពេញពីរ ។
- ទុក្ខខ្សោយជាងចិត្ត សព្វខ្សោយកម្មពិត លោកខ្សោយជាងធម៌ ជាតិខ្សោយសាស-នា លាមកខ្សោយល្អ អាត្មាខ្សោយភរ ជនសក្រឃើញ។
- ទុច្ចរិតសុចរិត ដែលជនប្រព្រឹត្ត ក្នុងជាតិនេះណា គាប់ជានិស្ស័យ បច្ច័យវាសនាដិតជាប់អាត្មា ទៅបរលោកនាយ ។
- ទូកនៅកំពង់នៅ ។ - ទូកបែកជាទូកគត់ ទូកកំបុតជាទូកកង ។
- ទឹកហួសកំពង់ វាចែវចង្អង់ ថយមកចូលចាប់ ពាក្យលឿនហួសខ្នាត ហៅឥតទំនាប់ថយមករកគាប់ ពុំបានឡើយ ។
- ទូកលឿនជិះលុបអុំឲ្យលិច ត្បូងពេជ្ររឹងម្ដេចគង់ប្រេះឆា
ទីស្ងាត់ប្រយ័ត្នចេងវាចា គិតអាថ៌ឯណាកុំអាងជិត ។
- ទូកយើងវែង ទូកគេខ្លីតាមគេម្ដេចបាន ឬទាន់ ។
- ទូកដាច់យកទូកតាម ។ - ទូកប្រហោងក្នុង ឬ(ទូងៗដូចស្គរ) ។
- ទើងធីប្រើរក ទើបស្វែងប្រើទៅ ទើងស្នេហ៍ប្រើហៅ មិត្រមកជាមិត្រ ។
- ទេពីមើលព្រឹក្ស ក្សត្រាមើលឫទ្ធិ ពលមើលចេស្ដា ជាងមើលអំពើអំពីហត្ថា ទោះយកភរិយា មើលនាលំនៅ (ខ្លះថាទាហានមើលចេស្ដា) ។
- ទោសខ្លួនឯងមើលមិនយល់ ទោសគេតូចសោកសល់ រមិលមើលយល់ប៉ុនភ្នំ ។
- ទោសតិចកុំទាញផ្សំ ឃើញមិនចំកុំនិយាយ
កុំចាប់ស្ទើររវើរវាយ នាំឲ្យរវល់អំពល់ចិត្ត ។
- ទោះពេលយប់ព្រលប់ គន់ឲ្យគ្រប់ទ្រព្យនានា ។
- ទោះមុខមន្រ្តី សេនាបតី ពុំដោយគន្លង រលាភោចង់បាន បំពានរាស្រ្តផង រាស្រ្តនឹងក្ដៅក្រហាយ អង្គឥតអាស្រ័យ ។
- ទោះគិតកុំរួសរាន់ គិតឲ្យគ្រាន់ទើបដើរទៅ កុំឲ្យអាប់អាសៅ កើតដំនៀលដល់អាត្មា។ ឬ (គិតឲ្យគ្រាន់ទើបដើរទៅ) ។
- ទោះបីដំរីបាត់ លោកប្រើស្កាត់វាជាត្រើយ តាមនឹងដំរីហើយ កុំបីដើរនឹងជើងលា។
- ទោះទូកដាច់សាត់សោះ យកទូកស្មោះទៅតាមគ្នា ។
- ទៅឥតគេរក មកឥតគេហៅ ។
- ទៅទាំងប៉ីទាំងស្គរ ។ - ទំពាំងស្នងឫស្សី ។ - ទុំមុនស្រគៀល ។
- ទាំងគេឯងតែងតែមានភាន់ច្រឡំ ប្រឹងគិតខំឲ្យទៀងទាត់គង់ភ្លាត់បាន
ទុកជាអង្គបុព្វបុរសពីដើមដាន ក៏គង់បានភាន់ច្រឡំមកខ្លះដែរ ។
- ទ្រព្យគង់ដ្បិតស្រីចេះសំចៃទុក ផ្ទះធំស្រណុកដ្បិតភរិយាជា ។
- ទ្រព្យធននេះថោកថ្លៃ កុំដាក់ដៃឲ្យតែកូន (នៅអស់ទាំងបងប្អូនអ្នកដទៃរក្សាតាង) ។
- ទ្រព្យច្រើនព្រួយរក្សា ទ្រព្យតិចណាព្រួយរិះរក ។
- ទ្រព្យធនទោះថោកថ្លៃ រួមរក្សាកុំបីធ្លោយ ។
- ទ្រព្យស្មើដោយវិជ្ជានោះពុំមាន សត្រូវប្រាណមិនស្មើដោយព្យាធិ
ស្រឡាញ់ក្រៅមិនស្មើកាយិន្រ្ទយ៍ កម្លាំងអ្វីមិនបានកម្មបុរាណ ។
- ទ្រព្យមានលើកឲ្យគេខ្ចីទៅ ចំណេះចេះនៅតែក្នុងក្បួន ប្រពន្ធនៅឆ្ងាយអំពីខ្លួន ដល់ចួនត្រូវការរអាចិត្ត ។
- ទ្រព្យរបស់សប្បុរសទោះតិចតួច បានជាប្រយោជន៍ជននានា ដូចទឹកអណ្ដូងរសសាបថ្លា អស់មហាជនផងដងអាស្រ័យ ។
- ទ្រព្យសប្បុរសទោះមានច្រើន ពុំបានចម្រើនអ្នកដទៃ ដូចទឹកសមុទ្រ មានរសប្រៃមនុស្សផងអាស្រ័យផឹកពុំបាន ។
- ទ្រព្យសម្បត្តិដែលប្ដីឲ្យកើតមាន ស្រ្ដីជាពានទទួលគ្រងរក្សា បុរសជាប្រធាននៃភរិយា ស្រ្ដីដូចចេសម្ជុលផុលជាប់នៅ ។
- ទ្រព្យលួចប្លន់បាន ធើ្វដើមធនធាន រកស៊ីកែខៃ មិនដែលចម្រើន បាកុំសង្ស័យ មុខជាហិនហៃ វិនាសហិនហោច ។
- ទ្រព្យលើកឲ្យគេខ្ចី ចេះដឹងអ្វីឆ្លើយមិនបាន ភរិយានៅឆ្ងាយប្រាណ ឈ្មោះថាគ្មានៗដូចគ្នា ។
- ទ្រព្យធនមាសងាយរក្សា ជាតិស្រ្តីកញ្ញាលំបាកថែ ចិត្តវាឃ្លោងយប់ថ្ងៃប្រែ គំនិតគេចកែពិបាកស្គាល់ ។
- ទ្រព្យធនខ្លួនផងក្ដី ឲ្យគេខ្ចីទោះច្រើនតិច ដល់ត្រូវការធើ្វម្ដេច និងបានចាយថាគ្មាន។
- ទ្រព្យពាលប្រយោជន៍រួមគ្នា ទ្រព្យសប្បុរិសាសាសនាជាតិ ដូចទឹកអណ្ដូងភ្លៀងកើតអាទ៌ អ្នកផងសង្វាតដងអាស្រ័យ ។
- ទ្រព្យកើតក្រោយកិរិយា បើរកភរិយារើសមារយាទ ក្រទ្រព្យមាសប្រាក់បញ្ញាឆ្លាតហៅមានតាមខ្នាតគង់ពកស្នែង ។
- ទ្រព្យដែលគេបាន ដោយនៅលំអាន មិនសូវឮល្បី ដល់ខ្ចាត់បាត់ទៅ បាកលំនៅថ្មីឮសព្ទស្រដី ល្បីពេញទាំងស្រុក ។
- ទ្រាំអត់សង្កត់ចិន្ដា ប្រសើរថ្លៃថ្លាក្នុងលោកិយ លែងជាតិពីរនេះទៅក្ដី សម្ដេចជិតស្រីទ្រង់ត្រាស់សរសើរ ។
ធ
[កែប្រែ]- ធម្មជាតិជ្រៃបញ្ញើក្អែក ទំនើលើមែកឈើព្រឹក្សព្រៃ ជញ្ជក់យករសឥតប្រណី ទាល់តែក្សិណក្ស័យវិនាសបង់ ។
- ធម្មជាតិជំហានដែលឈានដើរ ដំណើរទៅកាន់គ្រប់ទីស្ថាន តែងយោលទៅមុខតាមលំអាន ទើបជ្រែងជួយច្រានប្រាណជ្រុលទៅ ។
- ធម្មជាតិក្នុងលោក មានប្រាជ្ញមានព្រោក មានឆោតល្ងង់ឆ្ងល់ ជាគូនឹងគ្នាទប់ទល់តាមកល ឲ្យកើតវិលវល់ ក្នុងនាលោកិយ ។
- ធម្មតាវែកមិនស្គាល់រសសំឡ មេអំបៅមិនស្គាល់រសបុប្ផា ពួកល្ងង់ខ្លៅមិនស្គាល់រសសេធម្មា បាបពាលាមិនស្គាល់រសបុណ្យ ។
- ធម្មតាអ្នកជាជាតិ ការកេរ្តិ៍អាទិគិតគូរ កុំខ្ជិលដេកទទូរ ទាល់ថ្ងៃរះពេញពន្លឺ ។
- ធម្មតាមិនមែនជាបងប្អូន ល្អុះល្អូនមិនបាយូរអង្វែង បើកើតអាក់អន់ក៏រមែង លះលែងស្រឡាញ់ឈប់រាប់អាន ។
- ធម្មសត្យា មន្រ្តីប្រជា ត្រូវកាន់ហ្មត់ចត់ ទើបប្រទេសជាតិ ចម្រើនប្រាកដ ពាក្យសត្យសន្មត់ ជាមូលយុត្តិធម៌ ។
- ធម៌ចង់ជាហេតុឲ្យកើតទុក្ខ ធម៌ចង់ជាគ្មានសុខមួយវេលា តែចង់ទុក្ខជួយឲ្យវេទនាចង់រាទុក្ខរត់ផុតប្រកាន់ ។
- ធុងទទេឮខ្លាំងណាស់ ។ - ធំតែខ្លួនដូចឃ្លោក ។
- ធ្ងន់នៅថ្ម ក្រនៅក្ដី ។ -
- ធ្ងន់អម្រែកជួយគ្នាបាន ធ្ងន់ជម្ងឺក្នុងប្រាណជួយមិនបានទេ ឬ(ជួយមិនកើតទេ) ។
- ធ្នូស្នាបង់បាញ់ ធម៌បង់ទន្ទេញ ស្រីបង់ភស្ដា របាំបង់លេង វង្វេងតម្រា ចុះក្នុងមាលាមន្ទិលសៅហ្មង (លោកនីតិ) ។
- ធ្វើការអ្វីគប្បីគិតទៅមុខផង ក្រែងសៅហ្មងប៉ះពាល់ជាតិញាតិសន្ដាន មើមុខក្រោយកុំបណ្ដោយឲ្យតែបាន សុខសាន្តត្រាណតែខ្លួនឯងមិនក្រែងគេ ។
- ធើ្វការអ្វីតែចម្លែកប្លែកពីគេ បើមិនបានប្រសើរទេមុខជានឹងខុស អាប់យសឈ្មោះអប្រិយល្បីសាយសុស គេបន្ដុះគេបន្ទាបរាបដល់ដី ។
- ធើ្វការបានប្រាក់ ធើ្វការបានស័ក្ដិ ធើ្វការបានយស ធើ្វការបានទ្រព្យ បានវិជ្ជាស្មោះចម្រើនឥតថ្លស់ ដោយសារការងារ ។
- ធើ្វការជាមួយប្រុសពាលព្រួយល្មម លំបាកណាស់ព្រមស្រីពាលា ធើ្វការរបៀបរែងខ្លោចផ្សា ពួកសប្បុរិសារួមស្រួលងាយ ។
- ធើ្វការអ្វីឲ្យប្រាកដ ទើបផុតខ្សត់ទូក្ខវេទនា បើធើ្វតែមាត់ខ្ជិលខ្ជីខ្ជារ គ្មានគិតការងារប៉ុនពងចៃ ។ ប្រាប់អ្នកដទៃថាធើ្វការ យកឈ្មោះសង្ហាខំកែខៃ ពេលចូលធើ្វការរាល់ៗថ្ងៃ ចិត្តគិតអាល័យតែម៉ោងចេញ។ នេះហៅធើ្វការធុនខ្ញុំគេ គ្មានគិតគ្នាន់គ្នេរខាតចំណេញដល់ផលហុចឲ្យត្រឡប់វិញ ធើ្វមាត់ស្ញេញថ្ងូរថាក្រៗ ។ (សុង ស៊ីវ)
- ធើ្វការងារគ្រប់បែបយ៉ាង ជាព្រេងសំណាងរបស់មនុស្ស មិនមែនសំណាងខំទម្លុះមេឃដីហើយស្ទុះមករកទេ ។ (សុង ស៊ីវ)
- ធើ្វការក្រសួងណាកុំយកក្រសួងនោះធើ្វជាយីហោ ហើយក្លែងធើ្វចោរបន្លំខំឆ្លៀតពងទីកន្លៀត អ្នកធើ្វយ៉ាងនេះសំគិះគេថាមនុស្សចោលម្សៀត នេះឯងហៅជនក្បត់ជាតិយ៉ាងកំសាកកំសុយសោះ ។ (សុង ស៊ីវ)
- ធើ្វគុណបានទោស ដូចប្រោះខ្លាស្លាប់ ។
- ធើ្វចេះត្រូវគេប្រើ ធើ្វល្ងីល្ងើស្រណុកខ្លួន ។
- ធើ្វឆ្កួតដើម្បីស្ដាប់កិច្ចការ ធើ្វភមរាដើម្បីក្រេបរសជាតិ ព្យាយាមមុតមាំកុំបីឃ្លាត ខ្មីឃ្មាតសង្កេតគង់ឃើញកល ។
- ធើ្វជាចៅក្រមមិនលែងនិយាយហួស ធើ្វជាអ្នកបួសមិនលែងត្រូវអាបត្តិ ។
- ធើ្វទានធើ្វឲ្យស្មោះ កុំអាឡោះអាល័យស្ងួន ឬ (ឲ្យទានឲ្យស្មោះ) ។
- ធើ្វបាបមិនធើ្វបុណ្យ លែងជាតិទៅនៅនរក ។
- ធើ្វមេអ្នកបាអ្នក។
- ធើ្វស្មូមយាចក ថោកទាបអាក្រក់ ក្នុងនាលោកិយ ក្រទ្រព្យសម្បត្តិ មារយាទសោភីទុកជាប្រុសស្រី រាប់មុខទុកចិត្ត ។
- ធើ្វស្រែទាន់ក្ដៅដី ចង់ស្រីទាន់ក្ដៅចិត្ត ។
- ធើ្វស្រែខុសមួយឆ្នាំ ឆ្នាំក្រោយទ្រាំគង់ចំណេញ បើយកប្រពន្ធវិញតែខុស ម្ដងខុសរហូត ។
- ធើ្វស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន ។
- ធើ្វស្រែលើទូល សាកសួរទំនួល មនុស្សល្ងង់ងងឹតយប់ ទីពឹងអសប្បុរស បានទុក្ខទោសសព្វ បណ្ឌិតសេពគប់ បានសុខសួស្ដី ។
- ធើ្វស្រែទាន់មានភ្លៀង ខំស្រែកច្រៀងទាន់ចិត្តចង់ សាងជាតិដោយស្មោះត្រង់ ខំចង់ស្រីទាន់ក្ដៅចិត្ត ។
- ធើ្វស្រែយកស្រូវ បើគាបអំពៅ គេយកស្ករជាតិ បុគ្គលជួយយើង ប្រាថ្នាសង្វាត កំរៃតាមខ្នាត មិនមែនទទេ ។
- ធើ្វអ្វីឲ្យស្បាន់ ធើ្វអ្វីឲ្យបាន ធើ្វអ្វីផ្ចង់ធើ្វឲ្យស្រូវ ធើ្វអ្វីឲ្យត្រង់ ធើ្វអ្វីឲ្យគង់ ធើ្វអ្វីឲ្យគាប់។
- ធើ្វស្រែនឹងទឹក ធើ្វសឹកនឹងបាយ ។
- ធើ្វមិនបាច់ភ្ជួរ រក្សាតែមួរ ស៊ីស្រូវមិនអស់ ។
- ធើ្វស្រែចំការឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសន្ដាន ធើ្វទីលំនៅមើលភូមិស្ថាន បរិភោគប្រមាណមើលអាហារ ។
- ធើ្វអ្វីធើ្វឲ្យហើយ កុំទុកឡើយបង្កើតកេរ្តិ៍ សម្អាតអស់សរិល កុំឲ្យមានក្ដីនិន្ទា ។
រូបកាយតែងចាស់ជរា ឯកេរ្តិ៍ឈ្មោះល្អ មិនចេះចាស់ជរាឡើយ
ទាំងធម៌របស់សប្បុរស ក៏មិនចេះចាស់ជរាដែរ។
ស្រង់ចាកសុភសិត សម្ដេចព្រះមហាសុមេធាធិបតិ សង្ឃនាយក
គណៈមហានិកាយ (ជោតញ្ញាណោ ជ.ណ)
ន
[កែប្រែ]- នរជនណាមានពាលស្អប់ពាលពាធា ពាលនិន្ទាពាលឈ្នានីសរិះគន់គ្រប់
នរជននោះជាអ្នកប្រាជ្ញគួរសេពគប់ ទុកជាម្លប់ការពារថ្ងៃអាស្រ័យបាន ។
- នរជនស្រឡាញ់អសប្បុរស មិនសោមនស្សធើ្វសប្បុរសផង ត្រេកអរធម៌អសប្បុរសសេពសៅហ្មង បទនេះហោងជាហេតុអន្តរធាន (បរាភវសូត្រ) ។
- នរជនណាមានទ្រព្យធនធាន ហើយខ្លួនមិនមានចិញ្ចឹមរក្សា មាតាបិតាដែលចាស់ជរា ហេតុនោះទៅជានាំឲ្យវិនាស ។ (បរាភវសូត្រ)
- នរណាអេះ ! ចេះផ្គាប់មនុស្សត្រូវគ្រប់គ្នា កុំបីមានគេនិន្ទាឈ្នានីសបាន ឲ្យគាប់ចិត្តស្និទ្ធសេពគប់គ្រប់ៗប្រាណ យើងសន្និដ្ឋានថាគ្មានម្នាក់ជាក់មែនហើយ ។
- នរណាឡើយសម្រួចបន្លាភ្នំ សភាពស្រួចៗសមកំណើតវា នរណាឡើយដាក់ថ្នាំភ្នែកម្រឹគា សភាពខ្មៅៗថ្លាធម្មតាតែង ។
- នរណាឡើយដាក់ថ្នាំក្នុងបង្កផល សភាពនៃក្លិនឧប្បលក្រអូបឯង កុលបុត្រកបរូបបច្ច័ក្ខចែង សភាពរូបល្អឯងតាមវាសនា ។
- នរូអ្នកណា ទោះយកអាត្មា ចូលសាសន៍ពុទ្ធរតន៍ ចូរធើ្វឲ្យត្រង់ ដោយនូវបន្ទាត់ហៅស្វែងសម្បត្តិ យកផ្លូវនិព្វាន ។
- នាកាលកើតកលិយុគយុទ្ធនា ព្រះរាជត្រូវការអ្នកក្លាហាន នាកាលព្យាធិយាយីប្រាណ ទ្រង់ចង់បានពេទ្យចេះមន្តសុខា ។ នាកាលពេលបរិភោគអាហារវិញ ចង់បាន
មិត្រសម្លាញ់មកភោក្ដា នាកាលកើតកិច្ចអាថ៌ប្រស្នាសឹងប្រាថ្នារកប្រាជ្ញអាចដោះស្រាយ។
- នាងគូនឹងអ្នក មេខាតលក្ខណ៍គូនឹងអាកំបាក់ទន្សា ក្សត្រីគូនឹងក្សត្រា ស្រីទេពកញ្ញាគូនឹងមហាក្សត្រ ឬ(នាងរត់រកអ្នក មេកណ្ដាច់លក្ខណ៍រត់រកអាកំបាក់ទន្សា ទំទាវរត់រកឧកញ៉ា នាងទេពកញ្ញារត់រកមហាក្សត្រ) ។
- នាកាលកិច្ចការគឺខ្លួនធើ្វហើយ គ្មាននរណាមួយឡើយមើលនរណាហេតុនោះឯងសព្វអំពើកិច្ចការ ទោះជាធើ្វការនោះដោយសល់នៅ ។
- នាងតីស្មាគាង ស៊ីរះសងខាង មិនឲ្យអន់ចិត្ត ឬ(មិនឲ្យទាស់ចិត្ត) ។
- នាបីហៅគ្រូ ដូចអ្នកនាំផ្លូវ ដើរដោយគន្លង ទោះនឹងឆ្ពោះទៅ ស្រុកតូចធំផង សឹងដូចបំណង នៃចិត្តប្រាថ្នា ឬ(នៃចិត្តចិន្ដា) ។
- នារីណាមានកាយពិការអង្គ តែចេះផ្គង់ធើ្វវត្តប្រតិបត្តិប្ដី នារីនោះថារូបពិសី ប្រុសកាលីរូបពិការតែចេះការ ។ វិជ្ជាការចេះនោះនាំយោងប្រាណជួយឲ្យបានឋាន្ដរទីអាចារ្យឬស័ក្ដិយសខ្ពង់ខ្ពស់ក្នុងសង្សារ មិនខាតការលោកិយស្រីគង់ដោយ ។
- នារីមានប្ដីពីរបីដង ភិក្ខុផងនៅវត្តពីរបីវ៉ា([1]) បក្សីជាប់ជង់ពីរបីគ្រាមាយា ពួកនេះធើ្វច្រើនក្រៃ ។
- នារីជួរជាតិ បង្កវិវាទ បង្ហិនឲ្យខ្លាច ប្រកាន់អំនួត ប្រកួតអំណាច ប្រកឹងពូជកាចប្រកាន់ពង្សា ។ ដាំស្លខ្ជះខ្ជាយ បង់ខាតមិនស្ដាយ មិនស្ដាប់មេបា ឃើញប្រុសក្រឡេកតម្រេកតណ្ហា សម្ដែងមាយា មារយាទកិច្ចកល ។
- បរិភោគចំណី ចំណូលស្វាមី មិនទុកសំណល់ រួចបាយចុះក្រេស សំណេះទៅដល់ផ្ទះគេថ្លែងកល ថ្លែងកិច្ចក្អាកក្អាយ ។
- ប្រុសប្រាជ្ញត្រេកត្រិះ បើបានស្រីនេះ ព្រះស្ដែងកុំស្ដាយ ក្រហល់ស៊ូនៅ យូរទៅក្រហាយ ទោះកូនរយប្លាយ គួរផ្លាស់ជាថ្មី ។
- នារីណាប្រាថ្នាបុរសគាប់ ចង់ឲ្យជាប់រឿយៗសព្វជាតិណា គួរគោរពស្វាមីនៃអាត្មាដូចអច្ឆរាបម្រើព្រះកោសីយ ។
- នារីរូបខ្មៅអាក្រក់ក្រៃ តែមារយាទថ្លៃចិត្តសោភា វិសេសជាងស្រីល្អរូបបាចិត្តលោកាមិនល្មមនឹងកាមរាគ ។
- នាយស្មូនឆ្នាំដំឆ្នាំងតាំងឲ្យល្អ គ្រូនឹងតតាំងវាយសិស្សឲ្យសិក្សា នឹងឲ្យធ្លាក់អបាយនោះកាលណា វាយប្រាថ្នាជាហេតុចម្រើនសិស្ស ។
- ជេរវាយនោះនឹងឲ្យសិស្សអន្តរាយ ធ្លាក់ទៅក្នុងអបាយក៏ទេណា ជេរវាយនោះជាហេតុឲ្យវឌ្ឍនា មានវិជ្ជាចម្រើនដល់កូនសិស្ស ។
- និយាយស្ដីឲ្យមើលតម្រា និយាយការឲ្យមើលទំនង ។
- និយាយច្រើនគេមិនស្ដាប់ អាប់ប្រាជ្ញា ។
- និយាយបែកជាអូរហូរជាស្ទឹង ។
- និយាយយប់ផ្ទប់ព្រៃ និយាយថ្ងៃព្រៃមានត្រចៀក ។
- និរាសកុំម្ញេញ ខឹងកុំទន្ទេញ ស្អប់កុំព្យាបាទ ។
- និរាសកុំម្ញេញ ទុក្ខពេញកុំដឹង ខឹងកុំទន្ទេញ មិត្រកុំបណ្ដេញ ស្អប់កុំព្យាបាទ ។
- នឹងជួញចេញគិតក្រោយ ទោះនឹងឲ្យៗមើលមុខ ។
- នឹងឆីចង់ពិសា ខ្ជិលទំពាឲ្យម៉ដ្ឋហ្មង ។
- នឹងលើរង្គើក្រោម ។ - នឹងលេបវាស្លាក់ នឹងខ្ជាក់វាស្លែង ។
- នឿយណាស់កុំដេក យកប្រពន្ធឱមើលម្ដាយក្មេក ចូលដំណេក កុំនិយាយនឹងប្រពន្ធ ។
- នៅផ្ទះឲ្យស្រាស់បន្លា អារសាច់ជូនខ្លា ទើបនៅស្រុកបាន ខ្លះថា(នៅព្រៃឲ្យស្រាស់បន្លា) ។
- នៅផ្ទះម្ដាយជាទីទៃ ទៅព្រៃម្ដាយជាមួយ ។
- នៅស្ងៀមព្រងើយ គ្មានអ្នកណាឡើយ ជាមិត្រអ្នកណា អ្នកជាសត្រូវ ក៏គ្មានដូចគ្នាដឹងមិនបានថា អ្នកណាដូចម្ដេច ។
- នៅត្រង់ណា គ្មានចេះអក្ខរា ន មោ ក ខ ទីត្រង់នោះឯង លោកតែងតែសរសើរ ចេះក ខ ក៏ធើ្វប្រាជ្ញបាន ។
- នៅជិតសប្បុរស សុខស្រួលទាំងអស់ ឥតមានភិតភ័យ នៅជិតជនពាល មានតែចង្រៃ ព្រួយចិត្តរាល់ថ្ងៃ មិនបានក្ដីសុខ ។
- នៅជិតមនុស្សពាល ដូចភ្លើងឆេះវាល ឆេះព្រៃព្រឹក្សា ដូចសត្វមានពិស ក្លាខ្លាំងពាលា ដូចយក្សមនុស្សា តែងមានទោសទុក្ខ ។
- នៅមូលបងប្អូនប្រពន្ធ ថ្នមចិត្តឲ្យធ្ងន់កុំអាលជេរ បើឃើញខ្លះខ្ជិលនៅទំនេរ កុំស្ងៀមទទេដាស់តឿនទៅ ។
- នៅមិនឈ្នះនាង រាងមិនឈ្នះរោគ ជោគមិនឈ្នះចង់ បានមិនឈ្នះបង់ ត្រង់មិនឈ្នះទាល់ ។
- នំដែលបង្កប់ថ្នាំពិសពុល ឃើញល្អសោតសល់ដូចនំទិព្វ ដល់ដាក់ក្នុងមាត់បរិភោគគ្រឹប ប្រកាច់វឹបដួលតូងស្លាប់តែហោង ។
- នំពុលទុកដូចជាលាភយស ដែលអសប្បុរសចក្រពត្តិកោង វាថាជួយលើកជួយសណ្ដោង ដល់អ្នកល្ងង់តោងវាជាន់ក ។ (សុង ស៊ីវ)
- នំណាមានរសជាតិល្អឆ្ងាញ់ពិសា គេត្រូវការរកនំនោះគ្រប់ៗគ្នា រដ្ឋបុរសស្មោះជួយជាតិឥតរួញរា ជាតិសាមគ្គានាំគ្នាតាមទាំងប្រទេស ។
- នំបង្អែមជាសត្រូវអ្នកប្រមឹក ការវរវឹកជាសត្រូវអ្នកស្ងប់ស្ងាត់ ព្រានប្រមាញ់ជាសត្រូវដល់ពួកសត្វ មិនប្រតិបត្តិជាសត្រូវដល់ក្បួនច្បាប់ ។
- នាំមិនដែលធំជាងនាឡិ ។
ប
[កែប្រែ]- បក្សាសប្បាយនឹងនភាល័យ សត្វក្នុងព្រៃសប្បាយនឹងព្រឹក្សា
សេដ្ឋីសប្បាយចិត្តនឹងទ្រព្យា សប្បុវិសាសប្បាយនឹងព្រះធម៌ ។
- បក្សីត្មាតបន្ទោសនិគមស្រុក អ្នកឈឺរងទុក្ខបន្ទោសអាហារ
អ្នកក្របបន្ទោសព្រេងវេសនា អ្នកខ្ជិលធើ្វការតែងត្មះពេល ។
- បក្សីសឹងអាងអាកាសស្ថាន ត្រីប៉ុន្មានសឹងអាងព្រះគង្គា
អ្នកទុព្វលសឹងអាងព្រះរាជា ទាវិកាតូចៗសឹងអាងយំ ។
- បង់ព្រះទៅសំពះឯបាយាប ។
- បង់បោយមិនមើលប្រាណ ដាំជើងក្រានមិនប្រមាណឆ្នាំង
ឬ (បង់បោយឲ្យមើលប្រាណ ដាំជើងក្រានឲ្យប្រមាណឆ្នាំង) ។
- បញ្ញើទុកស្មើបំណុល ។
- បណ្ដាបុណ្យទ្រព្យ ជាបុណ្យគួរគាប់ មិនមានអន្តរាយ សម្បត្តិទ្រព្យប្រាក់ ចោលខ្ចាត់ខ្ចាយ មិនបានវែងឆ្ងាយ បានតែមួយជាតិ ។
- បណ្ឌិតស្ងៀមស្ងាត់ ចាំស្ដាប់គ្រប់មាត់ អ្នកពោលប្រាស្រ័យ ប្រើស្មារតីគិត គំនិតខៃ ឲ្យបានជោគជ័យ ជាងពោលប៉ប៉ាច់ ។
- បណ្ឌិតចរទៅដោយជើងម្ខាង សំអាងឈរដោយជើងមួយខ្មី
មិនបានត្រិះរិះនូវទីថ្មី មិនគប្បីលះចោលលំនៅចាស់ ។
- បណ្ឌិតត្រាច់ចរទៅដោយចិត្ត តាំងពិនិត្យបែរមើលនូវទីថ្មី
ប្រៀបដូចឈានជើងម្ខាងទៅខ្មី កាលឈរក្ដីដោយចិត្តកម្ចាត់បង់ ។
- លះចោលទីស្ថានចាស់មិនអាងខ្នាង ប្រៀបដូចឈរជើងម្ខាងរំពឹងអង្គ
មិនពិចារណាទីថ្មីរំពៃត្រង់ មិនលះបង់ទីស្ថានបូរាណចាស់ ។
- បន់ព្រះសំពះទេព្ដារ ។
- បន្លាស្រួចភ្នំស្រួចៗខ្លួនឯង គ្មានអ្នកណាចាត់ចែងសំរួចវា
ភ្នែកម្រឹកខ្មៅៗឯងជាធម្មតា គ្មានអ្នកណាចាត់ថ្នាំចាំគោរព ។
- ផ្កាឧប្បលមានក្លិនក្រអូបឯង គ្មានអ្នកណាចាត់ចែងដាក់ទឹកអប់
កុលបុត្រចេះឯងដឹងឯងសព្វ គ្មានអ្នកណាប្រារព្ធចាំដាស់តឿន។
- បរិភោគអាហារការសេពកាម ដេកត្រេកញ៉ាបញយៗមិនឈប់នៅ
មានក្នុងគោនិងបុរសអស់ទូទៅប្រុសមានសិល្បសាស្រ្តនៅវិសេសក្រៃ ។
- បើប្រាសចាកចេះវិជ្ជាការ ជាអាសារឥតការឥតកម្រៃ
ទុកស្មើគោគេផ្ទុកប្រើសព្វថ្ងៃ នឹងអាស្រ័យក្ដីទុក្ខរកសុខគ្មាន ។
- បរិវិតក្កក្ដៅក្ដួលអួលអន់អាក់ ចូលចាប់ចាក់ជីវិតមនុស្សធ្លុះដល់ ថ្លើមមុតជាងដាវ
ជាងកាំបិតស្និទ្ធសម្បើម បរិវិតក្កនេះជាឆ្នើមគួរឆ្អើមពេក ។
- បាតដៃជាខ្នងដៃ ឬនិយាយបាតដៃជាខ្នងដៃ ។
- បានមាត់បានក ។
- បានហើយមិនល្មមចង់លោ្មតទៀត មិនឆ្លៀតដោះកាយឆ្ងាយពីជ្រាំចិត្ត ផ្ដេកត្រេកផ្ដិតផ្ដួលបង្ខំ ទៅចំទូលកាមតាមនិស្ស័យ ។
- បានតែបាបមិនឆ្អាបមាត់ ។
- បានពីក្អែកចែកទៅតាវ៉ៅ ។
- បានមកថាតូច រួចទៅថាធំ ។
- បានមកទុកឲ្យគង់ កុំឲ្យបង់បាត់ឡើយហោង ។
- បានមាស ក្រអីនឹងក្រដាសខ្ទប់ ។
- បានស្វាយណាយក្រូច បានតូចណាយធំ បានក្រមុំណាយចាស់ មិនបានឈ្នះបង់។
- បានហើយចង់បានទៀត ឆ្លៀតហើយឆ្លៀតទៀតកុំគិតឈ្វេង មើលយល់តែមុខឯងមិនមើលគេឯទៀតផង ។
- បានច្រើនកុំខំពារឲ្យសន្សឹមតិចៗទៅ ឬ(ឲ្យសន្សឹមសៀរតិចទៅ)
- បាបពុំទាន់ឲ្យផលដល់កាលណា ពាលគិតថាបាបផ្អែមដរាបនោះ
បាបឲ្យផលកាលណាទើបពាលលុះ ដល់ក្ដីទុក្ខចំពោះកាលនោះឯង
- បាបពុំទាន់ឲ្យផលដល់កាលណា ពាលគិតថាបាបនោះដូចទឹកឃ្មុំ
លុះបាបកម្មឲ្យផលដល់ប្រជុំ ទើបពាលរងទុក្ខធំក្នុងកាលនោះ ។
- បាបមិនឆ្អាបមាត់ ។
- បាបកម្មកុំបីមាន សីលនឹងទានឲ្យរិះគិត ។
- បាយសង្ឃដ ហ៊ានប្រមាថកន្ទោងធំ ។
- បាយកកបាយទា ប្រពន្ធមាជាភ័ព្វក្មួយ ដំរីស្លាប់ជាភ័ព្វក្មួយ ប្រពន្ធក្មួយជាភ័ព្វមា។
- បាយកកក៏បាយ មេម៉ាយក៏ស្រី ឬ(កកក៏បាយ…) ។
- បាយថ្លាន់ៗដូចបបរឈ្មោល ឬ(បាយជ្រាយដូចបបរឈ្មោល) ។
- បុគ្គលណាគប់សេពដោយសប្បុរស សោមនស្សសម្ភពគប់ប្រាជ្ញ ប្រាណអាចដឹងរសធម៌របស់សប្បុរសផងទាំងឡាយ បុគ្គលនោះឆើតឆាយផុតបាបកម្ម ។
- បុគ្គលកើតក្នុងត្រកូលកាច អង់អាចយល់ទោសគេប៉ុនល្ង មិនយល់ទោសខ្លួនដែលធើ្វមក គរប៉ុនទាំងដូងឈោងមិនដល់ ។
- បុគ្គលយល់ទោសអ្នកដទៃ តូចប៉ុនគ្រាប់ស្ពៃ ឬល្ងសក ទោសខ្លួនប៉ុន ដូចទាំងសម្បក បែររករិះគយគន់មិនយល់ ។
- បុគ្គលអ្នកស្រែ ដង្ខៅជួយប្រែ អាមាត្យមន្រ្តី សមណព្រាហ្មណ៍ព្រឹឌ្ឍ បណ្ឌិតកវី មានសូត្រសិល្បក្ដី កើតវិបុលា ។
- ជនទាំងឡាយនោះ មែនមានចំពោះ នៅក្នុងដែនណា ដែននោះរុងរឿង ថ្កុំថ្កើង
មហិមា ក្របកសុខសា បាយបរិបូណ៌ហោង ។
- បុគ្គលបានស្ដាប់បានរៀនចេះច្រើន សីល្បៈចម្រើនឆ្លៀវឈ្លាសវាងវៃ វិន័យសិក្ខាវាចាប្រពៃ ទាំងបួននេះនៃមង្គលឧត្តម ។ (មង្គលសូត្រ)
- បុគ្គលណាមានគតិដ៏បរិសុទ្ធ បុគ្គលនោះប្រសើរផុតលើសអ្នកចេះ លើសអ្នកចេះគិតអាងខាងចំណេះ ច្រើនតែមិនផែះរបេះក្បាច់ដាច់ដួលតូង ។
- បុគ្គលពាលសុខបច្ចុប្បន្ន ប្រកបទុក្ខធ្ងន់អនាគត ឯពួកសប្បុរសទុក្ខប្រាកដ ដល់អនាគតបានឋានសួគ៌ ។
- បុគ្គលល្អបរិសុទ្ធស្អាតឥតហ្មង ឆ្គងតាមគន្លងពុទ្ធដំណើរប្រសើរគ្រប់ ព្រមទាំងការចរិយាល្អលើសលុប កម្រឃើញមានក្នុងភពលោកយើងនេះ ។
- បុណ្យបាបតាក់តែង សង្ខារចាត់ចែង តាមភាពកិរិយា កើតមកខ្វាក់ខ្វិន ឈឺជាធម្មតា គឺគូរសង្ខារ តាក់តែងបុណ្យបាប ។
- បុណ្យអាចជួយឧត្តមប្រាណ នាំយើងឲ្យបានស្ថានសុខា នៅពេលមច្ចុផ្ដាច់ជីវ៉ារួចនាំសង្ខារថ្កានសុគតិ ។
- បុណ្យត្រជាក់ចិត្ត ម្លប់ឈើតាមពិត ត្រជាក់អ្នកជ្រក បាបឲ្យក្ដៅមនោ ចេះគួរលៃលក កុំឲ្យបាបមក ពកក្នុងហទ័យ។
- បុណ្យបាត់ដ្បិតបាប លាភបាត់ដ្បិតឃោរ ។
- បុណ្យក៏ធើ្វឈើក៏កាប់ សត្វក៏សម្លាប់ ច្បាប់ក៏កាន់ ។
- បុត្រល្អតាមពូជ បុត្រដែលខិលខូច មកពីមេបា សិស្សល្អព្រោះគ្រូទូន្មានមេត្តា កិច្ច
កលម្ដេចម្ដា មិនឲ្យមានឆ្គង ។
- បុប្ផាកុលាប តែងមានបែបភាព បន្លាស្រួចមុត សត្វមនុស្សភូមិភព មិនបានសុខសុទ្ធ ចៀសទុក្ខមិនផុត កុំឲ្យប្រមាថ ។
- បុរសអ្នកមានធនធានច្រើន មានប្រាក់ចម្រើននឹងគ្រឿងអាហារ លបលាក់របស់ដ៏ឆ្ងាញ់ពិសា តែម្នាក់ឯងជាប្រធានវិនាស ។
- បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ ឬស្រីទាំងឡាយតាំងប្រុសយ៉ាងនោះ
ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នេះ អំពើទាំងនោះនាំឲ្យវិនាស ។
- បុរសសោភ័ណដោយវិជ្ជា ស្រីសោភាដោយស្វាមី ចតុប្បាទល្អដោយធំឥន្រ្ទីយ៍ ព្រះមុនីល្អដោយមានរូបស្គម ។
- បុរសមានវ័យចាស់ហួសជ្រុលពេក ហើយមានតម្រេកដោយក្ដីតណ្ហា
នាំយកស្រីក្មេងមកធើ្វភរិយា ហេតុនោះទៅជានាំឲ្យវិនាស ។ (បរាភវសូត្រ)
- បុរសមិនត្រេកនឹងភរិយាខ្លួន ហើយត្រូវការស្ទួននឹងស្រីសេព្យា ទ្រុស្ដនឹងប្រពន្ធកូនជននានា នេះឯងហេតុជាវិនាសអន្តរាយ ។ (បរាភវសូត្រ)
- បុរសទុកដូចមាស ស្រីទុកដូចទង់ដែង ឬ(ស្ពាន់) ។
- បុរសឯណាប្រាថ្នាជាប្រុសនោះ សព្វៗជាតិលុះត្រានិព្វាន គួរវៀរគេឲ្យបាន ដូចជើងរៀរស្ថានភក់ផងផង ។
- បុរសចាស់បាននួននាងក្រមុំ ដោះពកឡើងក្បំប៉ុនទន្លាប់ សឹងវិលតាមអំណាចនាង
នោះជាប់ ការនោះរាងថាជាហេតុអន្តរធាន ។ (បរាភវសូត្រ)
- បុរសទុកដូចជាដី ស្រីទុកដូចជាជី ញាតិមិត្រទុកដូចជាវារី ផលផងទុកដូចជារុក្ខា។
- បុរាណថាមនុស្សភ្នែកស្រលៀង គឺមនុស្សលំអៀងចាកការពិត ចិត្តកៀចវៀចវេរធើ្វទុច្ចរិត ហាមកុំដើរជិតកុំដើរចូល ។
- បុរាណចាយចែង សម្ដីសម្ដែង ទុកតវែងឆ្ងាយ សម្រាប់កូនចៅ ញាតិផៅទាំងឡាយតែងប្រែអធិប្បាយ តាមចិត្តចំណង់ ។
- បុរាណពូជពេជ្រ បច្ចុប្បន្នរំលេច ជាថ្មរចនា យកមកពីភ្នំ សឹងដុំសិលា ដូចជាវាចាមានពីព្រេងនាយ ។
- បុរាណថាកុំធើ្វការគូរមុនគិត មិនពិនិត្យតាមក្បួនខ្នាតឲ្យស្ទាត់ការ
ចេះតែធើ្វតាមអំពើចិត្តប្រាថ្នា កុំស្មានការនោះល្អបរិសុទ្ធឡើយ ។
- បូញមាត់បត់ដុំដៃ ។ - បួសដោយវត្ត ចិត្តដោយខ្លួន ។
- បើជំពប់ជើងគ្រាន់នឹងបិទ តែជំពប់មាត់បង់ប្រាក់ ឬ(គ្រាន់នឹងបទ) ។
- បើប្រុងនឹងស្រួច បាច់អីសម្រួចដូចបន្លា ។
- បើប្រុងដុះ បាច់អីផ្សាំ បើខ្លានឹងខាំ បាច់អីនឹងចូលព្រៃ ឬ(បើប្រុងដុះបាច់អីដាំ) ។
- បើប្រុងនឹងស្រួច បាច់អីសម្រួចដូចបន្លា ។
- បើប្រុងដុះ បាច់អីផ្សាំ បើខ្លានឹងខាំ បាច់អីនឹងចូលព្រៃ ឬ(បើប្រុងដុះបាច់អីដាំ) ។
- បើស្ដីឲ្យពិនិត្យ ពាក្យណាពិតសឹងចរចា ។
- បើបានងារសក្តិយស ចិត្តឲ្យស្មោះនឹងមហាក្សត្រ បើចង់គង់សម្បត្តិ ច្បាប់លោកថាកុំសូវចាយ ។
- បើចង់ធើ្វជាហោរ ឲ្យរៀនគូរលេខទំនាយ បើចង់ចេះប្រាជ្ញប្រាយ ឲ្យឧស្សាហ៍រៀនស្ដាប់ច្រើន ។ (បទព្រហ្មគិត)
- បើបាយត្រជាក់ឲ្យតែសម្លក្ដៅ បើស្រីខ្មៅឲ្យតែនៅក្មេង។
- បើក្រទ្រព្យក៏ក្រចុះ កុំឲ្យតែទាល់គំនិត ។
- បើកាចៗគេកោត បើឆោតៗឲ្យគេអាណិត ។
- បើចង់ចំណេញកុំខ្លាចខាត បើចង់ស្ទាត់កុំខ្លាចយូរ ។
- បើមិនជួយចូកជួយចែវ (ទេ) កុំ(តែ) យកជើងរាទឹក ។
- បើឮសូរផ្គរ កុំអាលចាក់ទឹក (បំពង់) ចោល។
- បើស៊ីត្រង់ណា កុំជុះត្រង់នោះ ឬស៊ីត្រង់ណាកុំជុះត្រង់នោះ ។
- បើឆីកុំតាមឃ្លាន មើលប្រមាណគ្រប់គ្នីគ្នា ។
- បើនឹងរស់ឲ្យគាប់ បើនឹងងាប់ឲ្យគួរ ។
- បើអាក្រក់ចុះឲ្យតែល្អ បើក្រៗចុះឲ្យតែមាន ។
- បើម្ង៉ៃនឹងកាចឲ្យគេកោត បើម្ង៉ៃនឹងឆោតឲ្យគេអាណិត ។
- បើមានខឹងឈ្លោះនឹងឈ្មោះណា កុំដើរបរិហារបញ្ចោរជេរ អ្នកផងគេអៀនមិនល្អទេ បើគេប្រកាន់រវល់ប្រកែក ។
- បើម្ង៉ៃនឹងកាចឲ្យពេញវង់ បើម្ង៉ៃនឹងល្ងង់ឲ្យផុតថា បើម្ង៉ៃនឹងប្រាជ្ញឲ្យបានការ បើម្ង៉ៃឲ្យគេថាឲ្យបានខ្នាត ។
- បើម៉្ងៃនឹងចេះឲ្យគេកោត បើម្ង៉ៃនឹងឆោតឲ្យគេអាណិត បើម្ង៉ៃនឹងហ៊ានឲ្យមានចិត្តបើម្ង៉ៃនឹងគិតឲ្យបានការ ។
- បើឮគេឈ្លោះកុំចង់ស្ដាប់ ក្រែងគេប្រចាប់ធើ្វសាក្សី ស័ក្ដិសិទ្ធិប្រាកដស្បថមិនថ្វីអ្នកម្ខាងចាញ់ក្ដីគេកើតក្ដៅ ។
- បើចេះតែរៀនឥតបើគិត ឥតយោបល់គំនិតឲ្យឃើញជ្រៅ គិតរិះឲ្យដឹងរសជាតិជៅទោះរៀនចេះទៅក៏ទន់ខ្សោយ ។
- បើធើ្វអ្វីខុស ព្យាយាមទំលុះ ឧបសគ្គគ្រប់យ៉ាង កែខ្លួនជាថ្មី កុំបីចៀសវាង ខំគិតកសាង ជាតិសាសន៍អាត្មា ។
- បើនឹងចង់គង់ទ្រព្យ កុំទម្លាប់សាងអកុសល ល្បិញល្បុញវៀចចាកកល ទេវតាផ្ដល់ផ្ដាច់ធនធាន ។
- បើគ្រោះថ្នាក់ធ្ងន់ ឧបាយដោះកុន ត្រូវឲ្យប៉ុនគ្នា កិច្ចការរាក់ជ្រៅ ខុសត្រូវម្ដេចម្ដាដូចជម្ងឺរោគា ប្រើថ្នាំបំបាត់ ។
- បើខឹងកុំរំលោភ បើលោ្មភឲ្យល្មមមាឌ កុំមាត់ក្រែងភ្លាត់ស្នៀត វាតហួសវង់ខុសគំនិត ។
- បើតបគុណស្រី ដោយក្ដីប្រណីត បានតែប្រើចិត្ត ស្និទ្ធស្នាលជាស្នេហ៍ ។
- បើស្រឡាញ់ណាស់ ដល់ពេលព្រាត់ប្រាស់ កើតទុក្ខធ្ងន់ក្រៃ ត្រូវគិតអនិច្ចំ ទុក្ខំរាល់
ថ្ងៃ ទើបឃើញធម៌ថ្លៃ ទុក្ខទោសស្នេហា ។
- បើចុះធើ្វការឲ្យអស់ចិត្ត ចាញ់ឈ្នះជាក់ពិតទើបពេញជាអង្គ ប្រុសបើជាបរាជ័យ ចាញ់ចុះ ឲ្យតែប្រឹងពុះពារគង់បានការ ។ (បរាជ័យ ចាញ់ អបរាជ័យ ឈ្នះ)
- បើធើ្វការណាល្អចំណាប់ ត្រូវតែចាយទ្រព្យច្រើនអនេក ដូចតសំពៅកុំស្ដាយដែកបំបែកការនោះឲ្យបានទៅ ។
- បើឡើងរុក្ខាឲ្យដល់ចុង បើផុងអន្លង់ឲ្យដល់បាត បើឡើងគិរីឲ្យខ្មីឃ្លាត ព្យាយាមសង្វាតកំពូលលើ ។
- បើការស្លាប់រស់កុំប្រាប់ស្រី បើបានជាខ្ចីៗប្រាក់ទិញ ការស្ងាត់កំបាំងកុំបញ្ចេញ បើបានជាវេញឲ្យមូលមួយ ។
- បើច្បាំងត្រូវតែយកឈ្នះចាញ់ បើឆ្លងអរាញ្ញឲ្យដល់វាល បើរៀនវិជ្ជាឲ្យផុតពាល ទើបអាចបណ្ដាលឲ្យគុណគាប់ ។
- បើដើររកគ្នា ភ្លាត់ដូចផ្កាប់ផ្ងា ត្រូវក្រោកខ្មីឃ្មាត ប្រឹងដើររត់ទៅ លុះដល់ជាអាទិ ទីដែលសង្វាត ទើបសម្រេចផល ។
- បើធើ្វកិច្ចការ ចូរគិតពិចារ ឲ្យបានមាំមួន បើបរាជ័យ ចាញ់ដៃថ្លស់ខ្លួន ត្រូវខំថែធួនផ្ទួនធើ្វឡើងទៀត ។
- បើមិនរៀនសូត្រមិនសិក្សា ប្រាជ្ញាក៏អាប់ចាប់មិនស្អិត បើខ្លួនមិនអាចពាលមិនស្បិតហៅមិនអាណិតអាសូរកាយ ។
- បើលក់ឲ្យលក់មានរឭក បើភ្លឹកកុំធ្មេចភ្លេចក្នុងក្រៅ តែលក់ក្នុងលោកក្រោកឡើង
សៅ អ្នកប្រាជ្ញអាចហៅថីនមិទ្ធ ។
- បើស្ទាត់កុំស្ទាត់ឲ្យស្ទើស្ទាក់ បើលាក់កុំលង់ឲ្យរលួយ បើចេះកុំចាំបាច់គេជួយ បើស្ទួយកុំស្ទង់ឲ្យផុងខ្លួន ។
- បើខ្លៅកុំខ្លៅឲ្យដល់ក្លាក់ បើស្លាក់កុំស្លាក់ឲ្យដល់ស្លឹង បើស្រេកកុំស្រេកដល់ស្រវឹងបើប្រឹងកុំប្រឹងឲ្យដល់ព្រួយ ។
- បើខូចកុំខើចឲ្យដល់ខាត បើឆ្លាតកុំឈ្លាសហួសចំណាំ បើកាចកុំកោងបង្កកម្ម បើខាំកុំខាំតាមចិត្តខឹង ។
- បើហ៊ានកុំហ៊ានឲ្យហួស បើជ្រួសកុំជ្រុលដល់ជ្រែងខ្នង បើស៊ីកុំសាញឲ្យគេសង បើត្រេកកុំត្រង់ឲ្យចិត្តត្រាំ ។
- បើប្រាជ្ញកុំប្រាជ្ញដល់ព្រើល បើមើលកុំមើលឲ្យដល់ងាប់ បើធ្លោយកុំធ្លោយឲ្យដល់ធ្លាប់ បើជាប់កុំជាប់ឥតគេចង ។
- បើលោភព័ន្ធព័ទ្ធមាត់មិនលេច មិនល្មមនឹងគេចគួរអង់នៅ បើមុខជាមុជមិនបានជ្រៅ កុំគិតឲ្យព្រៅវាព្រួយចិត្ត ។
- បើឮថាមានអ្នកប្រាជ្ញច្បាស់ កបសូត្រសិល្បសាស្រ្តក្នុងទីណា អ្នកស្វែងរៀនសូត្រខំឧស្សាហ៍ យាត្រាចូលទៅទីនោះហោង ។
- បើមាគ៌ាហីនជាតិកើតបុត្រា បុត្រនោះមានវាចាភាសាទាប បើបិតាហីនជាតិមាត្រទុរភាព បុត្រនោះទាបកិរិយាអាក្រក់នៅ ។
- បើម៉ែឪហីនជាតិទាំងពីរនាក់ កូននោះអប្បលក្ខណ៍ទាំងពីរផ្លូវ ទាំងចរិយាមារយាទ
ក៏ហ្មងសៅ តាមគន្លងម៉ែឪផ្លូវដូចគ្នា ។
- បើមាតាប្រសើរកើតបុត្រា បុត្រនោះមានភាសាពាក្យពីរោះ បើបិតាប្រសើរឥតហ្មងមោះ ឯបុត្រនោះប្រកបកិរិយាពិត ។
- បើម៉ែឪឧត្តមទាំងពីរវង្ស កូននោះប្រកបទ្រង់អ្នកសុចរិត ទាំងភាសាកិរិយាភាពជាបណ្ឌិត បានជាមិត្រសប្បុរសក្នុងលោកិយ ។
- បើខឹងដូចម្ដេចក្ដី ប្រុសស្មារតីកុំឲ្យធ្លោយ ខឹងនោះនឹងខុសក្រោយ ខឹងនោះឲ្យមានទោសា ។
- បើខឹងឲ្យខំអត់ បើខ្សត់ឲ្យខំរក ។
- បើសត្វមែនទើបឲ្យឈ្មោះថាសត្វបាន ចុះបើស្មានតែក្នុងចិត្តឥតឃើញឡើយ ម្ដេចក៏ថាជាក់ជាសត្វប្រាកដហើយ ហ៊ានទាំងឆ្លើយបំពានត្រោកយកតែឈ្នះ ។
- បើប្រាកដពិតគិតឃើញផ្លូវតែមួយទេ មិនវេះវេរទៅរកផ្លូវដទៃតែ ប្រាជ្ញស្មើរល្ងើរល្ងឹតល្ងល់វល់មិនវៃ មិនស្គាល់ន័យការខុសត្រូវឃើញផ្លូវច្រើន ។
- បើយើងចង់ឲ្យគេសុខឲ្យគេល្អ ហេតុម្ដេចក៏គេថាយើងមនុស្សអាក្រក់
ចុះបើយើងនៅស្ងៀមកុំស្លើតស្លក់ តើគេថាយើងអាក្រក់ដូចម្ដេចកើត ។
- បើពួកពាលឬសត្រូវពាលបង្អាប់ ថ្លែងសាសព្ទប្រាប់ព្រៀងលានផងដទៃ
ពាក្យសំអប់នោះត្រឡប់ជាមានន័យ ចូរកុំភ័យចូរកុំកិតគិតបារម្ភ ។
- បើប្រាថ្នាក្នុងការសុខចម្រើន ត្រូវក្រវើនយកវិជ្ជាមកប្រើការ ទើបសុខសាន្តបាន
ចម្រើនដូចប្រាថ្នា កុំស្មានថាការថ្កុំថ្កើងកើតឡើងឯង ។
- បើគិតនឹងប្រាថ្នាការគ្រប់យ៉ាង ចូរកុំអាងអ្នកចំណេះចេះវិជ្ជា ត្រូវអាងមនុស្សមានបំណងប៉ងដូចគ្នា ទុកជាគ្មានចេះវិជ្ជាអ្វីក៏ដោយ ។
- បើមានចិត្តគិតសំអប់ស្អប់ជនណា ត្រូវមានការចង់ដឹងខុសកំហុសផង បើមិនឃើញមានកំហុសខុសអ្វីម្ដង គួរកុំចងចិត្តសំអប់ស្អប់គ្នាថ្វី ។
- បើគេស្អប់យើងយកស្អប់ទៅតបស្អប់ កាលណាចង់ស្ងប់ស្ងៀមស្ងាត់បាត់រំខាន ចុះបើយើងយកស្រឡាញ់តបវិញថ្កាន តើយើងបានសុខសាន្តកាយសប្បាយទេ?
- បើចេះធើ្វអំពើអ្វីប្រាកដពិត នឹងបានផលតាមប្រព្រឹត្តគិតកសាង កុំបាច់ល្បងផ្សងរកព្រេងរកសំណាង មុខជាបានផលតាមយ៉ាងដែលប្រព្រឹត្ត ។
- បើធើ្វខុសកំហុសអ្វីស្ដីផ្ដេសផ្ដាស ត្រូវប្រកាសប្រាប់ញាតិមិត្រកុំគិតលាក់ ទើបកំហុសនោះនឹងបាត់ស្ងាត់ផៀងជាក់ ហើយខ្លួនអ្នកនឹងបានល្អតទៅមុខ ។
- បើកត់ហើយមិនពិនិត្យគិតសិក្សា នោះគេថាមិនផេះចេះដឹងដែរ បើចេះហើយបើដឹងហើយក៏នៅតែ មិនគិតកែធើ្វតាមចេះក៏កើត ។
- បើអ្នកថានឹងធើ្វការនៅពេលនេះ ហើយអ្នករិះគិតពន្យាទៅគ្រាក្រោយ មុខជាគ្មានពេលនឹងបើកឱកាសឲ្យ តែបណ្ដោយការនោះណាមេម៉ាយហើយ ។
- បើមានចិត្តស្ថិតក្នុងការក្លៀវក្លាហាន ត្រូវធើ្វប្រាណឲ្យបានរាបសុភាពផង កុំព្រហើនភ្លើនឥតគួរមោះមួហ្មង កុំកន្លងឲ្យខុសច្បាប់សម្រាប់រដ្ឋ ។
- បើគិតជួយលើកស្ទួយជាតិឬញាតិមិត្រ តែមិនដឹងកិច្ចដែលគិតជួយយ៉ាងណា នោះ
នឹងត្រូវពាក្យតំនៀលគេដៀលថា ចេញវាចាដូចសត្វក្អែកស្រែកឡូវៗ ។
- បើមិនធើ្វគុណគេក៏ហើយចុះ កុំឲ្យតែឲ្យទោសកំហុសទៅគេថ្វី បើមិនព្រួយជួយចូកចែវក៏វាហី កុំតែស្ដីបន្ទោសទៀតឆ្លៀតរករឿង ។
- បើប្រកបដោយគំនិតស្មោះស្មាន ត្រូវឲ្យបានប្រកបដោយបញ្ញាផង ទើបធើ្វការម្នាក់ឯងកើតឆើតឥតហ្មង សមតាមប៉ងបំណងការប្រាថ្នាហើយ ។
- បើចេះពេកបើដឹងពេកកុំបានដែរ គេនៅតែមានឈ្នានីសរិះគន់គ្រប់ ម្ដេចចិត្តអាក្រក់ម្ល៉េះមនុស្សក្នុងភព បើតែម្លឹងនឹងរកម្លប់ជ្រកពុំបាន ។
- បើបុគ្គលឃើញវាសនាជាក់ មិនត្រូវទំលាក់ព្យាយាមឡើយ ដូចយើងបានល្ងនៅមុខហើយ យើងកន្តើយប្រេងម្ដេចបាន ។
- បើកក្ដោងទាន់ត្រូវខ្យល់ ។
- បើមិត្រមិនល្អ កុំយកជាមិត្រ ។
- បោះសន្ទូចរំលងភ្នំ ។
- បំណាច់នឹងចេះឲ្យគេកោត បំណាច់នឹងឆោតឲ្យគេអាណិត ។
- បំណាច់នឹងបាប ឲ្យឆ្អាបមាត់ ។
- បំណាច់នឹងខូចឲ្យបានការ បំណាច់នឹងគេថាសើមមាត់ ។
- បម្រើឪពុកម្ដាយ គេនៅឆ្ងាយគេច្រើនគាប់ អ្នកណាបម្រើខ្ជាប់ធ្លាប់តែខុសពុំដែលត្រូវ ។
- បុប្ផាវិសជ្ជនា ដេញដោលកាន់គ្នា នាំកើតគំនិត បង្កើតពន្លឺ បំភ្លឺផ្លូវចិត្ត ចម្រើនចរិត ដោយសាបុប្ផា ។
- ប៉ុនក្រចក ធ្លកជាធំ ។
- ប៉ុយគរសំឡីជាជាតិស្រាយ មនុស្សពាលក្លៀវក្លាស្រាលលើសក្រៃ មនុស្សបង់ឱវាទចាស់ប៉ូប៉ៃ ស្រាលលើសដទៃក្រៃនានា ។
- មនុស្សមានប្រមាថនៅសព្វកាល លោកចាត់ហៅស្រាលក្នុងសាសនា ប្រមាថមាននៅលើអ្នកណា អ្នកនោះចុះត្រាមច្ចុរាជ។
- ប៉ះបានការស្អាតខូចខាតទៅ នោះត្រូវគិតកែលៃគ្នាន់គ្នេរ មិនដឹងកលកិច្ចល្បិចជើងភេល រកពេលបំពេញឡើងវិញពិត ។
- ប៉ះកល់សត្វគោដំបៅខ្នង ក្អែកហើររំលងច្រើនស្ងប់ស្ញែញ បោលត្រង់កន្ទុយដោយគិតក្រែង រអែងក្អែកចោះដំបៅខ្លួន ។
- ប្រក្រតីស្រីៗចិត្តមិនដឹង ច្រើនឆាប់ខេរខឹងតែឆាប់ជា ប្រុសណាឆាប់ខឹងនឹងប៉ះពាឈ្លោះទាស់ទែងគ្នាជាមិនខាន ។
- ប្រញាប់ហួសពេកច្រើនខូចការ ចង់សម្រេចប្រាថ្នាត្រូវសន្សឹម កុំចង់បំបោលឲ្យហួសនឹង បាត់ខ្លឹមបានស្រាយនឹងស្ដាយក្រោយ ។
- ប្រទេសមួយស្ដេចពីរមិនភិរម្យ វត្តមិនឧត្តមសង្ឃរាជពីរ ព្រះពុទ្ធទ្វេអង្គហោចសាមគ្គីអាទិត្យពីរក្ដៅនៅមិនបាន ។
- ប្រទេសអាក្រក់មិត្រកោងត្រកូលកាច ញាតិកំណាចប្រពន្ធគំនុំខ្ញុំរឹងរូស គប្បីចៀស
ឲ្យឆ្ងាយចេញឲ្យហួស ឬទៅបួសដើរធុតង្គទៅឲ្យបាត់ ។
- ប្រព្រឹត្តសុចរិត កុសលក្រមក្រឹត្យ ឧត្តមថ្លៃថ្លា អ្នកផងសរសើរ មិនតិះដៀលថា ធើ្វល្អទេវតា ឲ្យពរជោគជ័យ ។ តែងបានសុខស្រួលស្រស់បស់ប្រិមប្រីយ កេរ្តិ៍ឈ្មោះក៏ល្បីក្រអូបប្រាសខ្យល់ ។
- ប្រម៉ង់ខ្លែងចោរប្លន់ ចាប់កូនមាន់កណ្ដាលស្រុក មេមាន់យំរកអុក ហែកកញ្ចុករសកូនឯង ។
- ប្រមាណជម្រៅទឹកពិនិត្យ ឲ្យដកព្រលិតវាស់វែងវា ប្រមាណត្រកូលអ្នកកាចជាឲ្យមើលកិរិយាអាការចេញ ។
- ប្រមាណអ្នកឈ្លាសវៃប្រាជ្ញប្រាយ មើលកាលនិយាយពោលមកមិញ ប្រមាណប្រថពីជីដីដេញ មើលស្មៅខៀវចេញអាក្រក់ល្អ ។
- ប្រមាថចាស់អាយុខ្លី ។
- ប្រមាថម្ដាយរំលាយព្រះ ។
- ប្រមាណទឹកពិនិត្យ ដកព្រលិតវាស់វែងវា ប្រមាណមនុស្សកាចជាមើលកិរិយាអាការចេញ ។
- ប្រយ័ត្នជនណាគេមានល្បិច កែគេចលើកទោសទម្លាក់លើ ខ្លួនគេស្អាតបានល្អប្រសើរ អាក្រក់ធ្លាក់ទើរលើរូបខ្លួន ។
- ប្រយ័ត្នពោលពាក្យ ក្រែងព្រួយលំបាក ដោយសារសម្ដី គិតរួចសឹមថ្លែង សម្ដែងវចីឥតរឿងអប្រិយ ពិភាល់ដល់ប្រាណ ។
- ប្រយោជន៍ជាតិដូងត្នោត មនុស្សណាឆោតគិតមិនដឹង គេកាប់មិនចេះខឹង ប្រឹងតែលូតលាស់ជាថ្មី ។
- ប្រសិនកូនសិស្សឬកូនកាច ពុំខ្លាចគ្រូមាតាបិតា ទៅខ្លាចឯអ្នកក្រៅមេបា ហៅខ្លាចអាចម៍ខ្លាៗមិនខ្លាច ។
- ប្រហែលបាត់ប្រយ័ត្នគង់ គួរយើងទ្រទ្រង់ដោយប្រាជ្ញាចាំ ហើយត្រូវនាំគ្នាឧស្សាហ៍ប្រយ័ត្នកិរិយាកុំភ្លាត់ភ្លេច ។
- ប្រហែសតែងតែបាត់ ប្រុងប្រយ័ត្នតែងតែនៅ គិតសព្វគ្រប់ដោយផ្លូវ សូវទ្រាំនឿយកុំទ្រាំក្រ ។
- ប្រពន្ធពីរ គោបី ដំរីមួយ នាំឲ្យព្រួយចិត្ត។
- ប្រពន្ធច្រើនចាញ់ប្ដី ពាក្យច្រើនភូតចាញ់អាត្មា ។
- ប្រមាថសង្ឃរំលាយព្រះ ។
- ប្រមាថព្រៀងលាន តែងមានក្ដីទុក្ខ ។
- ប្រមាត់ដី អួតចង់ឡើងទ្រង់ ។
- ប្រហែសបាត់ ប្រយ័ត្នគង់ ឬ(ប្រហែសវាបាត់ ប្រយ័ត្នវាគង់) ។
- ប្រាក់ក៏បង់ថង់ក៏ដាច គូថក៏កាចកូនក៏កើត ។
- ប្រាក់ចាយគង់អស់ ពោលពាក្យសប្បុរស ចាយក្រពន់ពេក បើចាយខាងល្បែង ក្រមានអនេក វិទ្យាចេះប្លែក ចាយចែករឹតពេញ ។
- ប្រាក់មានលើកឲ្យគេខ្ចីទៅ ចំណេះចេះនៅក្នុងក្បួន ប្រពន្ធនៅឆ្ងាយពីខ្លួន ដល់ជួនត្រូវការរអាចិត្ត ។
- ប្រាជ្ញពុំស្មើពុត បម្រើលំអុត ពុំស្មើក្ដីគាប់ មានគុណពុំស្មើ អ្នកមានបុណ្យភ័ព្ធ ស្វែងរករៀនច្បាប់ ពុំស្មើចិត្តជា ។
- ប្រាជ្ញពុំស្មើប្រប ស្លឹកត្រចៀកខ្លប មិនស្មើឡេមឡឹម ។
- ប្រាជ្ញលិចលង់ព្រោះរួមដោយសិស្សពាល ឬប្រពន្ធចណ្ឌាលពាលសាមាន្យ ឬកបដោយអសប្បុរសជាសន្ដាន នាំឲ្យអន្ដរធានប្រាជ្ញព្រើលអីយ ។
- ប្រាជ្ញឯណានៅរួមដោយសិស្សកាច ឬប្រពន្ធកំណាចចោរមាយា ឬយោគដោយអសប្បុរសជាតិពាលា ទោះប្រាជ្ញជាក៏គង់លង់មិនខាន ។
- ប្រាជ្ញច្បាស់មិនប្រកាសទ្រព្យរាយ នឹងស្ដេចក្ដៅក្រហាយក្នុងចិន្ដា ទាំងការទុច្ចរិតក្នុងគ្រីហា ឬមាយាបញ្ឆោតមើលងាយផង ។
- ប្រាជ្ញធ្លាក់រណ្ដៅ ខ្លៅឡើងឋានសួគ៌ ឬ (ខ្លៅឡើងសួគ៌) ។
- ប្រាជ្ញអាងប្រាជ្ញា រមាសអាងបន្លា ខ្លាអាងព្រៃ ដំរីអាងរនាម ត្រីអាងទឹក ទាហានអាងសឹក ប្រមឹកអាងពែង ។
- ប្រាជ្ញបុណ្យផងកើតដោយប្រតិបត្តិ ។
- ប្រាជ្ញខំធើ្វពាលខំរើបំផ្លាញបាត់ ប្រាជ្ញកំចាត់ពាលប្រមូលចូលជុំជិត ប្រាជ្ញនឹងពាលមិនដែលរាលមកជាមិត្រ ទុកជាគិតឲ្យផ្សំផ្សារតក៏មិនជាប់ ។
- ប្រាជ្ញមែនហើយតែនៅឡើយមិនទាន់ប្រាជ្ញ ខ្វះអង់អាចខ្លាចខ្លាសអៀនគ្មានក្លាហាន
ទុកជាចេះចំណេះជ្រៅទៅប៉ុន្មាន ក៏ឥតបានកេរ្តិ៍ឈ្មោះល្បីអ្វីនឹងគេ ។
- ប្រាជ្ញមែនហើយតែនៅឡើយអំពើពាល ចេះវាល់វាលនៅតែលង់ល្ងង់ខ្លះដែរ កុំអាងប្រាជ្ញអាងចំណេះចេះពូកែ ក៏គង់មានកំហុសខុសនៅឡើយ ។
- ប្រាថ្នាអ្វីក្នុងលោកិយសុទ្ធតែទុក្ខ សុទ្ធតែទោសអបាយមុខជាប្រធាន កុំបណ្ដោយឲ្យតម្រេកដែលស្រេកឃ្លាន ចូលទន្ទ្រានជាន់ញាំញីឥន្រ្ទីយ៍ពេក ។
- ប្រាថ្នាទ្រព្យគប្បីជួយសព្វនាន ប្រាថ្នាវិជ្ជាគប្បីគប់បណ្ឌិតជាតិ ប្រាថ្នាកូនគប់មេសាវស្អាតៗ ប្រាថ្នារាជមោត្យផ្គាប់ចិត្តម្ចាស់ ។
- ប្រាសពីដងរែក ទៅផ្អែកលើពូក ។
- ប្រុសរើសភរិយា រូបខ្មៅភ្លឺថ្លា ចិន្តាមិនត្រូវ មួយសល្អដែរ ទាស់តែល្ងង់ខ្លៅ ចង់ដើរច្រើនផ្លូវ ជួបភ្នែកស្រលៀង ។
- ស្រឡាញ់នារីច្រើនមិនបានការ ចំណីអាហារច្រើនមុខលំបាកលូកចិត្ត សង្ស័យច្នៃមិនជាក់ក្ដាន់ឬជ្រូក រកកលលូកចុះជ្រុះសោះទទេ ។
- សំពត់អាវហូលព្រែគំនូរ គិតគូររកឲ្យតាមពេញចិត្ត ។
- ប្រុសៗកម្លោះមានកម្លាំង នៅតាំងក្នុងវ័យក្មេងស្រួលបួល បើបានមេម៉ាយយ៉ាងទំនួល ក៏គួរទទួលជាភរិយា ឬ(នៅតាំង) ។
- បើត្រាប់សត្វក្ងោក កុំបីត្រាប់ពុតទន្សាយ ។
- បើត្រាប់ពុតកង់ ឬ(កង់ត្រាចកង់ធ្នង់) ។
- ប្រើត្រាប់កុកសាប់ កុំបីត្រាប់កុសល ។
- ប្រើអន្ទង់ឲ្យចំហុងភក់ ។
- ប្រើត្រាប់ឫស្សី កុំបីត្រាប់ស្នាយកន្ទ្រាញ ។
- ប្រើត្រាប់ឯត្រាជូ កុំបង់ផ្លូវដោយតម្រាស់ ។
- ប្រើត្រាប់អ្នកប្រាជ្ញប្រាយ ប្រើត្រាប់ខ្លៅសាមាន្យ ។
- ប្រើឱនដាក់គ្រាប់ ប្រើងើបវាស្កក ។
- បើត្រាប់ឯតាំងយូ ក្រឯគ្រូពុំគួរគ្រាប់ ។
- ប្រើទៅជាត្បូងចិញ្ចៀន ក្រវិចក្រវៀនជាមៀនកាំបិត ។
- ប្រើគេប្រើបុត្រា ។
- ប្រើខ្ញុំមើលមុខវា ទោះកាចជាមើលឲ្យស្ដែង ។
- ប្រើបាវមើលចិត្តវា កុំពុះពាឥតប្រណី សត្វបម្រើសោតខ្មី ត្រូវមេត្រីឲ្យស្មៅទឹក ។
- ប្រើស្រែចេះស្រែ រករៀនកែប្រែ ចាំស្ទាត់ចំណេះ ហាត់ចិត្តស្គាល់ចិត្ត ហាត់សេះស្គាល់សេះ ដំដែកយកច្រែះ ចង់ចេះខំដាំ ។
- ប្រៀបដូចទន្សាយ ប្រាជ្ញាឆ្ងាយ គង់ចាញ់ខ្យង ។
- ប្រះដេកឆាប់លក់ ដ្បិតឥតបើគិត ។
ផ
[កែប្រែ]- ផល្លារុក្ខាខ្ចីចង់ទុំ ឥតបុណ្យសន្សំចង់បានស័ក្ដិ ឥតនិស្ស័យអប់រំចង់ស្ដេចចក្រ ឥតទ្រព្យមាសប្រាក់ចង់សេដ្ឋី ។
- ផាយត្រង់កែង ឬ(ត្រង់កន្ទុយ) ។
- ផាសជើង ឬ(ផាសក្រញាំ) ។
- ផឹកស្រាក្លាសម្ដី ។
- ផោមក្នុងទឹកម្ដេចគង់ស្អុយ ។
- ផ្កាឧប្បសក្រអូបឯង គ្មានចាប់ចែងចាក់ទឹកអប់ បុលបុត្រចេះដឹងសព្ទ គ្មានចាំបាច់គេតឿនក្រើន ។
- ផ្គាប់គ្រូមិនសូវមានគ្រោះខ្លួន បើផ្គាប់ឲ្យមួនកុំសង្ស័យ ខុសពីរបីដងលោកអភ័យបើមានចំណីទុកឲ្យស៊ី ។
- ផ្គាប់ស្ដេចតោងតាមព្រះទយា ផ្គាប់រាស្រ្ដដូចគ្នាតោងមើលចិត្ត ។
- ផ្គាប់អ្នកលោភដោយអាមិសគ្រឿងគួរសម ផ្គាប់អ្នកថ្កើងដោយប្រណម្យដៃប្រណីតផ្គាប់អ្នកមោហ៍ដោយប្រព្រឹត្តទៅតាមចិត្ត ផ្គាប់បណ្ឌិតដោយពោលពាក្យសត្យា ។
- ផ្ទាញ់អ្នកក្រោធដោយក្ដីមិនក្រោធា ផ្ទាញ់អសប្បុរសពាលាដោយក្ដីល្អ
ផ្ទាញ់អ្នកកំណាញ់ដោយទេយ្យធម៌ ផ្ទាញ់អ្នកភូតភរដោយពោលពាក្យពិត ។
- ផ្ទុករទេះតាមចំណុះ ។ - ផ្ទះបាក់បែកឆាប់ទល់ទ្រ ។
- ផ្ទះធំស្រណុកដ្បិតភរិយាជា ។
- ផ្ទះជាគ្រូផ្ទះ ជាងមានមានះ ធើ្វដោយសង្វាត ធើ្វផ្ទះច្រើនដង ផ្ទះប្រាប់ទបបាទ ធើ្វផ្ទះក្រោយស្អាត សមល្អជាងមុន ។
- ផ្ទះឥតកូនសូន្យស្ងាត់ ដែនឥតក្សត្រសូន្យអាជ្ញា មាត់ឥតសិល្បសូន្យវាចា ខ្សត់កំព្រាសូន្យទាំងអស់ ។
- ផ្ទះឯណាឥតក្មេងផ្ទះនោះស្ងាត់ ដែនដែលឥតក្សត្រសូន្យអាជ្ញា មាត់អ្នកគិតសិល្បសាស្រ្តសូន្យចរចា ទុគ៌តទ្រព្យាសូន្យទាំងអស់ ។
- ផ្ទះភ្លើងមានបី អំពើពុតស្រី ខឹងឥតប្រមាណ កូនកាចចចេស កុំយកទូន្មាន ខ្ញុំកាចជាប្រាណ ភៀសពុំឲ្យប្រើ ។
- ផ្លូវកាយវាចាចិត្ត គួរខំគិតខាតរាល់ថ្ងៃ ផ្ទៀងផ្ទឹមតាមធម៌ថ្លៃ ទើបប្រពៃពេញកូនបុ្រស ។
- ផ្លូវវៀចកុំបោះបង់ ផ្លូវណាត្រង់កុំដើរហោង ដើរដោយផ្លូវគន្លង តម្រាយអ្នកចាស់បុរាណ ។
- ផ្លូវវៀចកុំបោះបង់ ផ្លូវព្រៃត្រង់កុំយាត្រា ឈានឈរពិចារណា ឆ្ការឲ្យស្អាតសឹមដើរទៅ ។
- ផ្លែខ្នុរណាំងទុំ សម្បកក្រៅរុំ ច្រូងច្រាងបន្លា ខាងក្នុងសឹងក្លែប ក្រអែបពិសា ដូចអ្នកសទ្ធា ចិត្តជាសប្បុរស ។
- ផ្លែត្រឡាចគង់មានបណ្ដូល មនុស្សទាំងមូលគង់មានចិត្ត ។
- ផ្លែឈើមិនដែលជ្រុះឆ្ងាយពីគល់ ។
- ផ្លែម្នាស់គេគោះស្គាល់ទុំខ្ចី ជាតិមនុស្សប្រុសស្រីត្រូវសាកសួរ លលូកចាប់ទាញពោលគាប់គួរ ទើបយល់ខួរក្បាលល្អអាក្រក់ ។
- ផ្សារកំពង់ទឹកមិនដែលស្ងាត់ ខាងការប្រាសព្រាត់ស្រេចសង្ខារ ជនទាបចម្រើនដល់មេឃា ស្រីមានភសា្ដទើបសោភ័ណ ។
- ផ្សាក្ដៅរោលរាលចិត្តយ៉ាងខ្លាំងក្នុងលោកិយ គ្មានវត្ថុអ្វីប្រៀបផ្ទឹមស្មើចិត្តប្រពន្ធដើមកាលដែលស្វាមីមានស្រីទៀតហើយស្អប់ខ្ពើមឆ្អើម ឱបចេកទាំងដើមក៏ស្លោកស្វិតដូចដុតអគ្គី ។
- ហេតុនោះពួកប្រុសលោកិយគប្បីគិតពិចារណា ត្រូវមានមេត្តាស្រីដែលគ្នាស្រឡាញ់ស្មើជីវិត កុំអាងខ្លួនប្រុសធើ្វព្រើលមានស្រីដល់មួយពីរ គួរគិតសម្ភីក្រែងខ្លួនក្លាយជាញីពិបាកកែ។ (សុង ស៊ីវ)
- ផ្អកក្រឹម តម្រឹមក្ដឹបស្វាយ ឬ(ក្ដីអម្ពិល) ។
អ្នកធ្វេសស្មារតី ស្លាប់គំនិតទោះបីមានជីវិតរស់នៅឡើយ ។
ស្រង់ចាកសុភាសិតសម្ដេចព្រះមហាសុមេធាធិបតី
សង្ឃនាយកគណៈមហានិកាយ(ជោតញ្ញាណោ ជ.ណ)
[1] ពីរបីរ៉ា គឺពីរបីវត្ត ។ វត្តរ៉ា ។
ព
[កែប្រែ]- ពពកជាលំអនភាល័យ បុប្ផាក្នុងព្រៃលំអព្រឹក្សា រលកលំអនៃសាគរា គោរពភស្ដាលំអនៃស្ដ្រី ។
- ពងមានកុំជល់នឹងថ្ម ។
- ពងមាន់ក្នុងជាល ម្ដេចឡើយត្រអាល ទៅពាំក្អែកវិញ ។
- ពងមាន់កុំផ្ញើនឹងក្អែក ។
- ពស់កាចអាចទ្រុស្ដទោះវាខាំ ពេទ្យកែដោយថ្នាំអាចស្ងប់បាន មនុស្សកាចលើសពិសពស់សាមាន្យ កុំមានអ្វីកែបានស្ងប់ស្ងាត់ឡើយ ។
- ពស់មួយក្បាលច្រើនចម្រើនទាស់ ចូលមិនអស់ចេញមិនអាចសម្របគ្នា
ពស់មួយកន្ទុយច្រើនទោះបែករ៉ា អាចសម្របស្របគ្នាចូលចេញបាន ។
- ពស់វែកដំបូកមួយស្រែ ពស់វែកស្រងែមួយព្យាម ពស់វែករនាមផស់ស្រូស ។
- ពស់ខំលេប កង្កែបខំប្រឹង ឬពស់ប្រឹងកង្កែបប្រឹង ។
- ពាក្យខុសកុំឲ្យស្ដាប់ សេចក្ដីគាប់ឲ្យរិះធ្យាន ឬ(ឲ្យគិតធ្យាន) ។
- ពាក្យក្រកុំអាលប្រាប់ ពាក្យឥតស័ព្យកុំអាលថ្លែង ។
- ពាក្យគ្រូរែងរឹង ស្រារែងស្រវឹង ពុំដែលពិសា ។
- ពាក្យចាស់អង្វរ ថាបើខ្លាចក្រ បាខំធើ្វស្រែ កាប់កាយធរណី ដាំយកផ្កាផ្លែ លក់ដូរ
ជួយប្រែ មាសប្រាក់រត់ហៅ ។
- ឯល្បែងនានា គឺជាពូជធារ នៃទុក្ខសោកសៅ មិនដែលអ្នកលេង ធើ្វជាដង្ខៅ បានឈ្នះច្រើនទៅ ស្លៀកពាងក្រឡ ។ (សុង ស៊ីវ)
- ពាក្យអប្រិយចាញ់អាត្មា ។
- ពាក្យពិតរែងស្លែងពុំពីរោះថា បណ្ដិបមេបារែងថាពុំគាប់ ឬ(បណ្ដាំមេបា) ។
- ពាក្យភូតស្ដាប់គួរឆ្ងល់ មានកង្វល់កុំអាលថ្លែង ពាក្យពិតកុំឲ្យចែង ពាក្យពិតស្លែងពុំគួរលាក់ ។
- ពាក្យច្រើនភូតចាញ់អាត្មា ។
- ពាក្យព្រេងលោកស្រដី ថាកុំបីចិញ្ចឹមខ្លាច ពាក្យព្រេងលោកឧបមា គិតត្រង់ណាធើ្វឲ្យបាន ។
- ពាក្យស្លែងកុំស្អប់ ពាក្យគាប់ឲ្យយក ។
- ពាក្យម្ដាយទំនាយគ្រូ ឬ(គ្រូទាយម្ដាយថា) ។
- ពាក្យសង្ឃពាក្យសត្យ ។
- ពាក្យចាស់ពាក្យពីព្រេង ទោសខ្លួនឯងមើលមិនយល់ ទោសគេតូចសោតសល់ រមិលយល់ប៉ុនទាំងភ្នំ ឬ(ប៉ុននឹងភ្នំ) ។
- ពាក្យលើកបញ្ជោរឬបង្គាប់ នាំឲ្យអ្នកស្ដាប់ភ័ន្ដស្មារតី ជោរចើចតាមធម៌ជាលោកិយនេះជនប្រុសស្រីគួរប្រយ័ត្ន ។
- ពាក្យបូរាណខ្មែរ អ្នកប្រាជ្ញាលោកកែ ឲ្យគិតប្រយោល ចោលសាច់យកឆ្អឹង ប្រឹងតែខំថ្កោល ទោសពិតឥតពោល អំពើពុតកាល ។
- ពាក្យចាស់លោកថា រីអ្នកចម្ការ ចិត្តរែងសើរ៉ើ រីគ្រាប់ត្រសក់ កុំយកទៅផ្ញើ តែទាល់ឥតបើ ស្រេចហើយយកដាំ ។
- ពាក្យលេងជន្លមើលប្រាជ្ញ ពាក្យព្រេងមុសាការគេដេញ អួតខ្លួនតោងឃ្លាតពីខ្លៅចេញ ស្រឡាញ់តោងថ្នមលោមមើលចិត្ត ។
- ពាក្យចាស់បុរាណលោកប្រដូច ជាបោះសន្ទួចរំលងភ្នំ គឺគិតការអ្វីចោលអ្នកធំ ទៅខំផ្គាប់ផ្គុនឯអ្នកតូច ។
- ពាក្យសរសើរពាក្យនិន្ទារបស់មនុស្សយើង នោះមិនទើងយកប្រមាណបានតាមមាត់បើជាពាក្យទេវតារក្សារដ្ឋ ទើបទៀងទាត់តាមគំនូសគូសទុកឲ្យ ។
- ពាក្យហួសបង់មាសប្រាក់ ឡើងហួសថ្នាក់ធ្លាក់ចុះទាប ប្រាជ្ញព្រើលហួសសុភាពខ្ពស់ទាបហួសមិនបានការ ។
- ពារស្ដុកពារស្ដោ អ្នកមានប្រាជ្ញាក្រៃណានៅមានបុណ្យភ័ព្វ ។
- ពាលដោយពាលពិត បណ្ឌិតដោយបណ្ឌិត មិនដែលរួមគ្នាដូចសត្វចចក មូលចិត្តគ្នាវា មិនចង់មិត្រគ្នា នឹងសត្វដទៃ ឬ(មិត្រភ្ងា) ។
- ពាលនៅផងបណ្ឌិត អស់ជីវិតល្ងង់អនេក មិនដឹងធម៌អាថ៌ឯក ប្រៀបដូចវែកមិនដឹងរស ។
- ពាលនាំគ្នាគប់ឲ្យខាតបង់ បណ្ឌិតនាំត្រង់ផ្លូវសុចរិត ឲ្យបានប្រយោជន៍ប្រពៃពិត
គួរគប់បណ្ឌិតកុំគប់ពាល ។ (ចាប ពិន)
- ពាលខ្លៅចូលនៅផងបណ្ឌិត ត្រាអស់ជីវិតលង់អនេក មិនដឹងរសធម៌អាថ៌ជាឯកដូចវែងមិនដឹងរសសម្ល ។
- ពាលឃ្លាតជាតិក្លាយជាបណ្ឌិត បីដូចវិចិត្រដោយកែវមុនី លាក់យសសរសើរសុខពេញទី វិធីនេះត្រជាក់ប្រាណ ។
- ពាលស្គាល់ខ្លួនឯងថាពាលពិត បណ្ឌិតពោលថាជាប្រាជ្ញបាន បើពាលអួតគុណដែលមិនមាន កុំស្មានថារួចខ្លួនពីពាល ។
- ពាលឯណាដឹងខ្លួនជាពាលពិត ពាលនោះហៅបណ្ឌិតដោយនុយោគ ពាលឯណាកាន់ខ្លួនថាជាប្រាជ្ញព្រោក ពាលនោះឯងលោកហៅថាពាលោ ។
- ពាលឯណាឥតបញ្ញាក្លាហានខ្លាំង បានទ្រព្យដោយកម្លាំងក្លាហានគេ ពាលជននោះលុះទម្លាយកាយក៏រេ ទៅកើតក្នុងនិរយេនរកជ្រៅ ។
- ពិបាកឲ្យគន់គិត រកគំនិតគិតឲ្យដល់ ។
- ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត ឬថា(អាក្រក់ក្រៃណានឹងស្រឡាញ់ ឆ្ងាញ់ក្រៃណានឹងឃ្លាន) ។
- ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក ។
- ពុទ្ធរូបល្អក៏ដោយសារស្នាដៃជាង រចនារាងព្រាងពុម្ពសិតឥតមានឆ្គង
ការងារល្អឬអាក្រក់តាមគន្លង ហេតុដើមទងពីអ្នកធើ្វអំពើនោះ ។
- ពូកែឯង ឲ្យក្រែងពូកែគេ ។
- ពូជសិស្សគ្រូបី ពូជស្រ្ដីប្ដីលែង ពូជគោជ្រលែង ពូជឆ្កែបង់ម្ចាស់ ។
- ពូជខ្លាចមិនដែលចាកចោលព្រៃ មច្ឆាជលស័យមិនចោលទឹក ពូជចោរមិនចោលចោរកម្មិក ជនពាលប្រមឹកមិនចោលខូច ។
- ពូជទានៅតែទា ពូជមាន់នៅតែមាន់ ។
- ពូជហង្សមិនចោលស្រះឈូក មិនចោលប្រមាថជ្រូកសូករះ ពូជទាមិនចោលការថោកជាក់ ពូជលាមកៈមិនចោលទុច្ចរិត ។
- ពូជទាមិនដែលឡើងទ្រនំ ពូជសត្វព្រៃភ្នំនៅស្រុក ពូជបណ្ឌិតមិនខ្វល់ក្នុងផ្លូវទុក្ខពូជសត្វកុកមិនដែលបោះបង់បឹង។
- ពូជសត្វពានដែលជាប់តើ សើរើមិនរួចស្ដួចជើងដៃ ជាប់ត្រឹងស្លឹងភ្នែកស្រែករាល់ថ្ងៃចិត្តចង្រៃជាប់កាមក៏ដូចគ្នា ។
- ពួកមនុស្សមុយៗបែបមឹសៗ អង្គុយភ្លឹសៗទន់ពភ្លៀច សម្ដីល្អូកល្អើនល្អល្អៀចៗ តែងមានចិត្តកៀចកលឧបាយ ។
- ពួកជនណារៀនចិត្តសើៗ ដល់ដប់មិនស្មើប្រសប់មួយ អ្នកចេះគួររកប្រសប់ជួយលើកស្ទួយចំណេះឲ្យគ្រាន់បើ ឬ(ចេះសើៗ) ។
- ពួកកូនគ្មានវិជ្ជានិងច្បាប់ កូននោះដូចស្លាប់ឥតប្រយោជន៍ ដូចភ្នែកដែលខ្វាក់គួរអសោច៍ នាំឲ្យហិនហោចឈឺតែម្យ៉ាង ។
- ពួកអ្នកដែលនៅមិនទាន់មាន តែនឹកស្រេកឃ្លានចង់បានច្រើន ពួកអ្នកដែលមាន
សុខលើសកើន រឹតចង់បានច្រើនណាស់ទៅទៀត។
- ពួកមនុស្សអ្នកតូចល្ងង់ខ្លៅ តែងទៅក្អេងក្អាងគិតវាទអាទិ៍ ចង់បានយសស័ក្ដិធំហួសមាឌ និងខាតកម្លាំងនាំរំខាន ។
- ពួកចេកអំពៅ កុំយកទៅផ្ញើ លើសត្វដំរី អស់ស្រូវពូជផង កុំផ្ញើកុដុម្ដិក៏ កំព្រយឆ្កែញីកុំយកព្រ័ក្រផ្ញើ ។
- ពួកអ្នកជាងស្មិត កុំយកសំរិទ្ធ ទៅផ្ញើបញ្ចាំ ប្រមឹកស្រាសោត កុំយកស្រាផ្ដាំ អ្នកលោភស៊ីថ្នាំ កុំយកថ្នាំផ្ញើ។
- ពួកជឿខ្មាសបាបខ្លាចបាបស្ដាប់ច្រើន សង្វាតចម្រើនសតិបញ្ញា ប្រកបដោយធម៌ប្រាំពីរប្រការ នេះលោកហៅថាបណ្ឌិតពិតមែន ។
- ពួកខ្ជិលមិនរៀន គំនិតអៀនប្រៀន មិនខំសង្វាត ដួចសត្វពារនរ មិនស្គាល់មណីជាតិ ខិលខូចដល់ខ្នាត បោះលេងជាល្បែង ។
- ពួកចាស់ឯងធ្លោយគំនិត ប្រព្រឹត្តការល្បែងទាស់ចំណាប់ ជាមួយក្មេងៗរមែងអាប់យកស័ក្ដិខ្ពស់ផ្កាប់ក្រឡាប់ថោក ។
- ពួនតែមុខដូចពង្រូល ឬ(លាក់តែមុខដូចពង្រូល) ។
- ពួនតែមុខ គូថនៅកណ្ដាលវាល ។
- ពេជ្រកើតពីថ្ម តែងទំពាស៊ីនូវថ្មវិញ ។
- ពេទ្យគោលូន មេមត់ស្លាប់កូន សុភាចាញ់ក្ដី ក្រពើលង់ទឹក ម្រឹគជាប់ព្រៃ…។
- ពេលទ្រព្យបុណ្យស័ក្តិនឹងស្រី ប្រែខុសប្រក្រតីដូចសុរិយា មិនដែលនៅទៀងទិសបូព៌ា នេះជាធម្មតាតាក់តែងឡើង ។
- ពេលណាដែលធើ្វការប៉ុនភ្នំ ត្រូវគិតខិតខំដោយមធ្យ័ត កុំគិតឯស្គរកំបែកមាត់ បំភ្លាត់ចោលការមានប្រយោជន៍ ។
- ពោលច្រើនស្រេចស្រី ខុសច្រើនស្រដី អ្នកខំធើ្វការ គិតច្រើនៗពាស ប្រាជ្ញចាញ់ពាលា កូនច្រើនមេបា ប្រាជ្ញាសោភ័ណ ។
- ពោលក៏ល្អធើ្វក៏ល្អគិតក៏ត្រូវ សំដៅផ្លូវសន្ដិសុខសង្ខារ ឯវិថីកាឡីមិច្ឆាចារ សាងតែការបុណ្យទានគ្មានខ្មោះខ្មូរ ។
- ពោះជាទេវទត្ត មាត់ជាទេវតា ឬ(ចិត្តជាទេវទត្ត…) ។
- ពោះគោពោះក្របី ។
- ព្នៅនៅថ្នក់ តម្ដក់នៅដៃ ។
- ព្យាយាមដុតបាបនឹងប្រព្រឹត្តល្អ នឹងបានឃើញធម៌អរិយសច្ចា ធើ្វព្រះនិព្វានច្បាស់ក្នុងអាត្មា ទាំងបួននេះជាមង្គលឧត្តម ។ (មង្គលសូត្រ)
- ព្រលិតខ្មៅក្រហមគ្រោតក្រៅ បកសម្បកទៅប្រែជាស ផ្លែត្នោតស្រអាប់សាច់ក្នុងល្អមានទឹកក្នុងក៏ជាតិផ្អែមរស ឬ(ទឹកក្នុងក៏) ។
- ព្រឹក្សាឥតបុប្ផាមិនសោភ័ណ នគរខេត្តខណ្ឌឥតនាទី គ្រឹហាឥតក្មេងមិនសោភី វារីឥតមច្ចាមិនសោភា ។
- ព្រៃឈើជាម្លប់ត្រសុំសាខា ម្ដេចឡើយប្រែជាក្ដៅជ្រកពុំបាន ។
- ព្រៃគ្មានសត្វជិត ប្រទេសឥតបណ្ឌិត ទ្វីបឥតសាសនា គ្រឹហាឥតបុត្រ ស្រុកគ្មានជាតិជា មេឃឥតចន្រ្ទា សូន្យចក្រវាឡ ។
- ព្រះពុទ្ធសាសន៍ជាប្រទីបធំ ភ្លឺសាយត្រសុំក្នុងភារា ធើ្វសត្វឲ្យខ្ចាត់ពីអវិជ្ជា លោកអ្នករាល់គ្នាគប្បីកាន់ ។
- ព្រះកាយកេណ្ឌកម្មកាច មិនកោតខ្លាចអ្នកមានក្រ បើសីលបរិសុទ្ធល្អទើបអង្វរព្រះកាលបាន ។
- ព្រះចន្ទជាគ្រឿងស្អាង ផ្កាយជិតខាងនិងផ្កាឆ្ងាយ ប្ដីជាគ្រឿងស្អាងកាយ ស្ដ្រីទាំងឡាយជាតិលោកិយ ។
- ព្រះចន្ទជាទីលម្អពួកផ្កាយ ស្វាមីឆើតឆាយនៃពួកនារី ស្ដេចជាលម្អរបស់ប្រឹថពី វិជ្ជាជាទីលម្អសព្វមនុស្ស ។
- ព្រះធម៌ថ្លៃថ្លាគ្មានស្អប់សត្វ អ្នកគំនិតកាត់មិនដឹងគួរ លោកតែងដឹកដៃអ្នកទៅសួគ៌ពុំគិតចិត្តជូគួរខ្លាចស្លាប់ ។
- ព្រះធម៌ដែលជនបានរៀនយក ប្រៀបដូចពពកខ្ពស់ពេកពន់ ជនណាបានរៀនច្រើនលើសលន់ លោកប្រៀបជាជនកប់ពពក ។
- ព្រះធម៌ស្ថិតនៅមនោស្អាត ព្យាយាមសង្វាតនៅបណ្ឌិត ការជួយធុរៈជាក់ជាមិត្រ ការវិបរិតស្ថិតក្នុងសង្ខារ ។
- ព្រះសង្ឃពឹងវិន័យ សត្វភពត្រៃពឹងធរណី សេនាពឹងឫទ្ធី ឯអ្នកជីពិតពឹងវត្ត ។
- ព្រះមិនសមព្រហ្មមិនជួយ ។
- ព្រះស្ថិតនៅឯគេហដ្ឋាន គួរថ្វាយទានមុនព្រះនៅវត្ត ។ (ជុំ មួង)
ជីវិតរាល់រូប តិចតូចណាស់ ប៉ុន្តែយើង ត្រូវប្រឹងរៀន ប្រឹងរក
ប្រឹងគិត ប្រឹងប្រព្រឹត្ត ហាក់ដូចជាយើងនឹងមានជីវិតរស់នៅរាប់
ពាន់ឆ្នាំ ។
ស្រង់ចាកសុភាសិត សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយក
គណៈមហានិកាយ (ជោតញ្ញាណោ ជ.ណ)
ភ
[កែប្រែ]- ភពគឺប្រទេសជាតិសាសនា ចម្រើនលឿនថាវរៈក្រៃ ដោយសារជនណាខំប្រឹងច្នៃស៊ូប្ដូរដួងចៃមិនខ្លាចស្លាប់ ។
- ភរិយាមួយសុខស្រួលកាយចិត្ត ភរិយាពីរពិតដូចផែសផ្លុំ ភរិយាបីដូចភ្លើងឆេះភ្នំ ភរិយាបួនសមភ្លើងអវិចី ។
- ភរិយាល្អចូរពិនិត្យ គឺពិតជាមិនចេះប្រច័ណ្ឌ ទោះឃើញប្ដីមានស្រីជាក់ស្បាន់នាងកាន់តែល្អស្មោះសក្រៃ ។
- ចំណែកភរិយាកាឡកិណ្ណី ប្រច័ណ្ឌតែប្ដីរាល់យប់ថ្ងៃ ក្នុងចិត្តក្ដៅក្ដួលនឹកស្រមៃ តែប្ដីមានស្រីជាប់ជានិច្ច ។ (សុង ស៊ីវ)
- ភរិយាល្អក្ររកបាន បើជាមានទុកធើ្វគំរូ ។ (ជុំ បួង)
- ភាណុវង្ស([1]) រះក្នុងទិសបច្ចិមា សុមារាគិរីទោរទន់ទៅ ភ្លើងក្នុងយមលោកនរកជ្រៅកុំដៅប្រែទៅជាត្រជាក់ស្និទ្ធ ។
- ឧប្បលបុប្ផាផ្កាបទុម រីកលើខ្នងភ្នំឃើញវិបរិត វាចាសប្បុរសពោលចេញពិត មិនប្រែវិបរិតក្នុងកាលម្ដង ។
- ភិក្ខុសង្ឃច្រឡង់ដោយសិក្ខា សីលសិក្ខាមានពីណាបរិសុទ្ធ អ្នកស៊ីសាច់មានពីណាចិត្តលំអុត ប្រមឹកសុទ្ធមានពីណាពោលពាក្យសត្យ ។
- មហាលោភមានពីណាក្ដីខ្មាសអៀន អ្នកខ្ជិលរៀនមានពីណាសិល្បសាស្រ្តស្ទាត់មហាក្រោធមានពីណាទ្រព្យសម្បត្តិ ឥតប្រតិបត្តិមានពីណាបញ្ហាបុណ្យ ។
- ភូតនៅហោរ ចោលនៅជាង ។
- ភូមិផងរបងជាមួយ ។
- ភេលង់ទឹក ។
- ភោជនមេថុននឹងនិន្ទ្រា មានក្នុងគោបានិងបុរស វិជ្ជាវិសេសរបស់ប្រុស វិជ្ជាហីនយសស្មើគោខ្មៅ ។
- ភ្លៀវមកតោងមើលអាការចេញ ពាក្យពោលម្ដេចមិញគង់ឃើញពិត ពាក្យស្លែងរែងស្លុតជួនជាមិត្រ ពាក្យពិតជួនពោលមមាលវិញ ។
- ភ្លាត់មាត់មិនទប់ប្រាក់ ភ្លាត់ជើងៗបាក់មានថ្នាំបិទ ភ្លាត់ការគង់តែបំបែរគិត ភ្លាត់ចិត្តគង់រាប់ទៅតាមចេះ ។
- ភ្លើងឆេះមកពីសម្រាម ។
- ភ្លេភ្លើដូចក្រពើវង្វេងបឹង ។
គ្មានសុខដទៃក្រៃលែងជាងសន្ដិភាព ។
សេចក្ដីលោភនាំឲ្យអន្តរាយសន្ដិភាព ។
ស្រង់ចាកសុភាសិត ព្រះមុនីកោសល (សោម-ឈុន)
ម
[កែប្រែ]- មច្ចាត្រីឆ្លោរស៊ីកូន កូនចេកប្រាជ្ញចែងស៊ីមេវា ឫស្សីបបុសផ្លែតែងមរណា បាបវេរាតែងសម្លាប់ជនពាល ។
- មនុស្សពាលមានការរករឿងជាកម្លាំង ។ (ប៉ាង-ខាត់)
- បណ្ឌិតមានការមិនរករឿងជាកម្លាំង ។ (ប៉ាង-ខាត់)
- អ្នកពហុសូត្រមានការពិចារណាជាកម្លាំង ។ (ប៉ាង-ខាត់)
- សមណព្រាហ្មណ៍មានខន្ដីជាកម្លាំង ។ (ប៉ាង-ខាត់)
- ទារកមានយំជាកម្លាំង ។ (ប៉ាង-ខាត់)
- ស្រ្ដីមានក្រោធជាកម្លាំង ។ (ប៉ាង-ខាត់)
- ចោរមានអាវុធជាកម្លាំង ។ (ប៉ាង-ខាត់)
- ព្រះរាជាមានឥស្សរិយៈជាកម្លាំង ។ (ប៉ាង-ខាត់)
- មនុស្សយកសម្ដី ដំរីយកភ្លុក ឬ(មនុស្សគេយកសម្ដី ដំរីគេយកភ្លុក) ។
- មនុស្សមាត់ឥតគ្រប ។
- មនុស្សស្លាប់ព្រោះវាចា ឬ(ព្រោះសម្ដី) ។
- មនុស្សកាចកុំប្រសព្វ កុំទៅគប់នឹងចោរក្មួយ ។
- មនុស្សកុំមើលងាយមនុស្ស ។
- មនុស្សខឹងកុំឲ្យលាងចាន មនុស្សឃ្លានកុំឲ្យដាំបាយ ។
- មនុស្សខ្លាំងទុកជារបង មនុស្សកាចទុកជាខ្នង មនុស្សកោងទុកជាកម្រាស់ មនុស្សស្លូតណាស់ទុកជារនាំង ។
- មនុស្សឆ្លាតគេថាឆោត មនុស្សប្រាជ្ញគេថាល្ងង់ ។
- មនុស្សចេះគេថាកាច មនុស្សប្រាជ្ញគេថាព្រើល ។
- មនុស្សទាបរែងធើ្វខ្ពស់ ក្រទុយ៌ស(រែង) អួតធនធាន ខ្លាចរែងធើ្វជាហ៊ាន ប្រាជ្ញគ្មានរែងអួតចេះ ឬ(រែងអួតមាន) ។
- មនុស្សនឹងប្រាក់ យក្សនឹងសាច់ ឆ្កែនឹងអាចម៌ ស្រីនឹងប្រុស ។
- មនុស្សមិនស្គាល់មនុស្ស កុំយកចំពោះធើ្វការឧត្តម ស្រីមិនស្គាល់ស្រី កុំឲ្យសេពសម ភរិយាជាធំអភ័ព្វវិនាស ។
- មនុស្សភ្នែកងងឹត មានទ្រព្យច្រើនពិត ហៅក្រពេកពន់ ចេះមិនប្រតិបត្តិ ហៅល្ងង់លើសលន់ មានវិទ្យាគុណ ហៅមានប្រាកដ ។
- មនុស្សច្រើនងងឹតល្ងង់មិនបានការ មនុស្សម្នាក់ប្រាជ្ញាវិសេសឯក អាចរំលឹកទូន្មានគួរចូលសេក្ខ ខំស្ដាប់ធម៌ប្លែកៗប្រដៅប្រាណ ។
- មនុស្សក្នុងផែនដី បុរាណស្រដី តាមន័យភាសិត ថ្លៃថោកយ៉ាងណា កិច្ចការកំរិត ទៅតាមគំនិត មនុស្សជាន់ថោកថ្លៃ ។
- មនុស្សលោកលោភលន់ មិនដែលឆ្អែតឆ្អន់ បានច្រើនយ៉ាងណា នៅតែខ្វះខាត កន្លះចិន្ដា ចិត្តចើងលាភា វែងបាត់ធនទៅ ។
- មនុស្សនឹងមនុស្ស តែងមានត្រូវខុស ទាស់ទែងខ្វែងគ្នា ឯសត្វនឹងសត្វក៏ដូច្នោះណាតែងមានវេរា តគ្នាជានិច្ច។
- មនុស្សក្នុងលោក មានច្រើនគគោក ត្រូវប្រាស្រ័យគ្នា អ្នកខ្លះធើ្វស្រែ ខ្លះធើ្វចម្ការ ជាងសង់គ្រីហា មុខការរៀងខ្លួន ។
- មនុស្សមានពូជ មិនសូវខិលខូច ខាងផ្លូវមុសា ពោលតែពាក្យពិត តាមវង្សគុណា អម្បូរថ្លៃថ្លា ការកេរ្តិ៍អ្នកជា ។ (ប៉ុណ្យ-សម្កាជ)
- មនុស្សសត្វទាំងឡាយ កិច្ចកលក្រងាយ មិនស្គាល់ជម្រៅ ព្រោះសន្ដានចិត្ត ចរិតសខ្មៅ បងប្អូនកូនចៅ សឹងផ្សេងពីគ្នា ។
- មនុស្សសត្វលោក តែងជួបទុក្ខសោក ព្យាធិមរណា ធំតូចខ្ពស់ទាប ស្ដេចរាស្រ្ដប្រជា មន្រ្តីក្ដីណា សឹងមរណ៍សូន្យបង់ ។
- មនុស្សណាល្ងង់មិនដឹងខ្លួនថាខ្លួនល្ងង់ ដូចហ៊ីងប៉ោងផ្ទឹមទ្រង់ពង្សគុជសារ មនុស្សបែបនេះអ្នកប្រាជ្ញរិះឲ្យឈ្មោះថា ពាលមាហាកុំប្រាថ្នាចងជាមិត្រ ។
- មនុស្សណាល្ងង់ហើយដឹងខ្លួនថាល្ងង់ បន្ទន់ភាពបន្ទាបពង្សថាល្ងង់ពិត មនុស្សបែបនេះគួររាប់គេយកជាមិត្រ អ្នកប្រាជ្ញព្រឹទ្ធប្រើប្រាប់គ្នាកុំទ្រមក់ ។
- មនុស្សណាចេះមិនដឹងថាខ្លួនចេះ ទុកចំណេះឲ្យភាន់ផុងកប់ក្នុងភក់ មនុស្សបែបនេះឈ្មោះថាគ្នាទិន្ទ្រាលក់ គួរតែគត់ទាញតប់ទះដាស់តឿនថ្កាន ។
- មនុស្សណាចេះហើយដឹងខ្លួនថាចេះ ផ្សាយចំណេះជាពន្លឺភ្លឺសព្វស្ថាន មនុស្សបែបនេះចំជាប្រាជ្ញអាចហៅបាន គួរសន្និដ្ឋានទុកជាមហាបុរសរដ្ឋ ។
- មនុស្សណាផ្សាយតែការល្អរបស់ខ្លួន លាក់បំពួនការអាក្រក់មិនសម្ដែងទុកជាមានអានុភាពខ្ពស់ឈ្មោះខែងរ៉ែង ក៏គេតែងតែនិន្ទាជានិរន្ដន៍ ។
- មនុស្សមិនស្របប្រកបដោយគុណសម្បត្តិ គ្មានពាក្យសត្យពាក្យសុចរិតឥតមេត្តាគង់នឹងភាន់ក្នុងជ្រោះនៅឯកា គ្មាននរណាគេអាណិតគិតប្រណី ។
- មនុស្សអំនួតអួតពូកែគ្នាឯង គេមិនឆោតទៅកោតក្រែងស្វែងធើ្វអ្វី គេមិនស្ដាប់ត្រាប់ត្រងទេពាក្យសម្ដី គេមិនខ្ចីទៅពឹងពាក់ការរាក់ជ្រៅ ។
- មនុស្សដែលល្ងង់ឃើញតែទ្រង់ទម្រង់ការ មិនពិនិត្យពិចារណារកការពិត ចេះតែជឿដោយភាន់ភាំងទាំងងងឹត គ្មានគំនិតផ្សំហេតុផ្សំផលផង ។
- មនុស្សច្រើនភាព អាហារប្រៃសាប ជូរចត់ល្វីងខារ តិរិច្ឆានច្រើនក្រុម ជាតិច្រើនភាសា ធម៌ច្រើនប្រការ និព្វានតែមួយ ។
- មនុស្សណាមានទុក្ខភ័យ ក្រេបរសប្រៃល្វីងជូរខារ តែងញញើតកាយា ឃើញស្រមោលក៏ខ្លាចដែរ ។
- មនុស្សខឹងច្រើនៗខុស មនុស្សច្រើនឈ្លោះច្រើនប្រមាថ ការល្អច្រើនត្រូវខ្នាត បើចង់ស្អាតកុំខ្លាចយូរ ។
- មនុស្សរើសចំណី ឆ្ដោប្រាមិនឆី រើសឆ្មើងបែរបៀង រកជ្រូកមាន់ទា សម្រាប់ជប់លៀង ដល់ឃ្លានមិនទៀង លូកពាងប្រហុក ។
- មនុស្សនៅក្រោមមេឃត្រេកតែទុក្ខ ព្រោះជឿថាសុខក្នុងរូបក្ខន្ធ ខន្ធអគ្គីកុំចង់កាន់ស្គាល់ខន្ធឲ្យមាំខំគិតដោះ ។
- មនុស្សជាគេថាកាច មនុស្សប្រាជ្ញគេថាព្រើល។
- មនុស្សប្រាសចាកគុណ ទុកជាមានបុណ្យត្រកូលខ្ពស់ធំ ក៏គ្មានប្រយោជន៍ដល់អ្នកសេពសម គ្រាន់តែខ្ពស់ធំៗមិនប្រសើរ ។
- មនុស្សល្ងង់តែងខ្លួន បិទបាំងបំពួន ដោយសំពត់ស្បៃ មើលពីចម្ងាយ សមល្អប្រពៃដោយសារអាស្រ័យ សំពត់អាវនោះ ។
- មនុស្សថោកសម្ដីខ្ពស់ ឥតឥស្សរិយយសឫកចចើង ប្រាជ្ញាតិចស្ដួចស្ដើង ប្រឹងដំឡើងអំនួតចេញ ។
- មនុស្សរស់ឈ្មោះស្លាប់មានប្រាំហេតុ មួយគឺពេទ្យបំភពខ្លោចបិសាច ពីរគឺកើតព្យាធិរោគកំណាច បៀតបៀនកាយមិនអាចឲ្យក្សាន្ដចិត្ត ។បីអ្នកមូឡោកំជិលជាក់ បួនគឺអ្នកជំពាក់បំណុលពិតប្រាំគឺរាជអមាត្យគាល់នៅនិត្យមានជីវិតប្រាំនេះប្រាជ្ញថាស្លាប់ ។
- មនុស្សវៀរតម្រាប្រាំពីរនាក់ មួយគឺអ្នកល្មោភដេកត្រេកនិន្ទ្រា ពីរគឺអ្នកប្រមាថសព្វវេលា បីគឺអ្នកសុខាភ្លឺស្មារតី([2]) ។ បួនគឺអ្នកមានរោគជាមន្ទិល ប្រាំគឺអ្នកកំជិលជួរអប្រិយប្រាំមួយគឺប្រាថ្នាការលោកិយ ប្រាំពីរគឺមានក្ដីត្រេកក្នុងការ ។
- មនុស្សយើងសព្វថ្ងៃ ហ្វូងគោវិស័យ ស៊ីស្មៅនៅវាល ជាតិខ្លារាជសីហ៍ ប្រុងស្នៀតគ្រប់កាល មិនចោលក្បួនពាល ចាំចាប់បរិភោគ ។
- មនុស្សកាចប្រាកដ លាក់ពុតមិនមាត់ ធើ្វឫកសុភាព ឯមនុស្សព្រហើន ឫកមិនរាបទាប ពាក្យឥតសុភាព នាំឲ្យគេស្អប់ ។ (ជុំ-មួង)
- មនោបរិសុទ្ធ មិនសូវច្យុត កាន់ទីសល់វ៉ល់ គំនិតថោតទាប ដូចភាពត្រូវខ្យល់ ឲ្យកើតអំពល់ អំពើព្រួយប្រាណ ។
- មនោយិទ្ធនឹងវាសនា ធម៌ពីប្រការនេះនែបនិត្យ តែងជួបគ្នាគ្រាប្រឌិត ផ្ដើមគិតធើ្វអ្វីឲ្យសម្រេច ។
- មហាក្សត្រតម្រាស់ត្រាប់តែម្ដង សមណព្រាហ្មផងពោលម្ដងស្រេច សប្បុរសពោលម្ដងក៏សម្រេច ធម៌ដែលដាច់នោះជាធម៌បុរាណ ។
- មហាក្សត្រគួរជ្រាបព្រះរាជទ្រព្យ វិនាសទៅឬត្រឡប់ចម្រើនវិញ ទាំងមានការឥតការយ៉ាងណាមិញ គួរបំពេញឬបន្ថយដោយកិច្ចណា ។
- អ្នកណាធើ្វខុសប្រោសធើ្វទោស កុំសន្ដោសយល់មុខសេវកា ។
- មន្រ្តីភ្លេចជាតិ និន្ទ្រាភ្លេចស្នៀត ស្ដេចភ្លេចឧបាយ ក្រេបរសដទៃ ភ្លេចរសជាតិបាយបានលាភស្រួលកាយ ភ្លេចជាតិអាត្មា ។
- មន្រ្តីស៊ីរាស្រ្ត ពួកអ្នកទាំងផ្ដាស ស៊ីរាស្រ្តកម្មករ ដូចពួកសេដ្ឋី ពឹងអ្នកក្រីក្រ ឲ្យខំត្រដរ អូសនឹមអាត្មា ។
- មាត់អាក្រក់ច្រើនចិត្តកល្យាណ អ្នកចិន្ដាសាមាន្យច្រើនមាត់ល្អ ឯរបៀបភាពមារយាទខ្មៅស កម្រយល់ពិតបណ្ឌិតដឹង ។
- មាត់មានគ្រប ដប់មានឆ្នុក ។
- មាត់ស៊ីអំបិលប្រហុក ។
- មាត់តែប្រកែកអង្រែកតែទទួល ឬ(មាត់តែប្រកែក ភ្នែកតែឲ្យការណ៍)។
- មានពីរោះ ពោះកាត់ក។
- មានត់ចាបមាត់ព្រាប ឬ(ឮតាមមាត់ចាបមាត់ព្រាប) ។
- មាត់ឥតគ្រប ។
- មាត់នៃជនឯណាដូចបទុម ពាក្យភិរម្យត្រជាក់ដូចខ្លឹមចន្ទន៍ ដួងហឫទ័យ ដូចសរមុតដូចខ័ន កុំពាក់ព័ន្ធគប់សេពនឹងជននោះ ។
- មានទ្រព្យមិនស្មើនឹងមានវិជ្ជា មានរោគាពុំស្មើពាលតង្គាន ស្រឡាញ់អ្វីពុំស្មើស្រឡាញ់ប្រាណ កម្លាំងអ្វីមិនស្មើស្ថានកម្លាំងកម្ម ។
- មានទ្រព្យមិនស្មើមានវិជ្ជា វិជ្ជាចោរលួចយកមិនបាន វិជ្ជាទុកជាមិត្រសន្ដាន ក្សាន្តក្នុងឥធលោកយោគបលោក ។
- មានវិជ្ជាជាពន្លឺភ្លឺសាយសុស នាំឲ្យមើលឃើញកំហុសរបស់អ្នកខ្លៅ បើឃើញហើយត្រូវបង្រៀនប្រៀនប្រដៅ ទើបឈ្មោះហៅថាអ្នកចេះចំណេះមែន ។
- មានទុក្ខសឹងនឹករកញាតិ ដល់ទុក្ខឃ្លាតបាត់នឹកឈឹង ។
- មានកូនមិនឲ្យកូនសូត្ររៀន ចំណេះរបៀនការនានា មាតាលោកថាជាវេរា បិតាទុកជាសត្រូវធំ ។
- កូនពេញរូបពាលពត់មិនឡើង ហៅថាមិនថ្កើងក្នុងជំនុំ ប្រៀបដូចកុកគ្រោងចូលទ្រនំ កណ្ដាលជំនុំនៃរាជហង្ស ។
- មានផ្លូវឥតមនុស្សដើរ តាមដំណើរពីព្រេងនាយ អ្នកស្រែក៏អត់បាយ អ្នកព្រៃឆ្ងាយគ្មានអុសដុត ។
- មានផ្ទះឥតមនុស្សនៅ មានផ្លូវឥតមនុស្សដើរ ។
- មានទោសពីព្រោះដី គំនិតខ្លីឆោតជឿជាក់ ឆោតបង់ទាំងលុយកាក់ រើលើកដាក់រកដីល្អ ។
- មានទ្រព្យគាប់គ្រាន់បើ តែពុំស្មើនឹងវិជ្ជា ចេះចាំកិច្ចវិទ្យា ចោរលបលួចយកពុំបាន។
- មានទ្រព្យគង់នឹងមានមិត្រភ្ងា មានទ្រព្យមុខជាមានផៅពង្ស មានទ្រព្យរាប់ថាប្រុសខ្ពង់ខ្ពស់ មានទ្រព្យជាវង្សបណ្ឌិតជាតិ ។
- មានបុណ្យពុំស្មើមានសម្បត្តិ មានធនធានក្ដាត់ពុំស្មើមានកុសល មានបរិពាពោពាសពុំស្មើបុត្រនិមល ជនច្រើនរវល់ពុំស្មើព្រះពុទ្ធមួយ ។
- មានភ្លើងមានផ្សែង មានងងឹតមានចែង([3]) ស្លឹកឈើកំរើក ដ្បិតមានខ្យល់បក់ មច្ចជាតិរវើក ហែលហែបកខ្វើក ល្អក់ទឹកពុំជា ។
- មានមាសនិងប្រាក់ជាដើមទង តែងមានអ្នកផងជាញាតិមិត្រ គេសូកអង្វរឲ្យជួយគិត ប្រឌិតកិច្ចការផងទាំងឡាយ ។
- មានយោបល់យល់ស្របគ្នាជាធ្លុងមួយ នោះមិនព្រួយនឹងប្រកែកជជែកអ្វី បើជាបែកយោបល់គញនាជាពីរបី ទោះប្រកែកដូចម្ដេចក្ដីឥតបានការ ។
- មានគំនិតឥតកំណើត ។
- មានភ្នែកដូចម្នាស់ ។
- មានភ្នែកដូចមនុស្សខ្វាក់ ។
- មានធនប្រពន្ធមិនក្រ មានដីសមិនក្រក្ដារខៀន មានរបៀនមិនក្ររបស់ ។
- មានមិនដែលឋិត ក្រមិនដែលបីជាន់ ។
- មានបញ្ហាការជ្រៅរាក់ទាក់ទាមអ្វី ឬកើតក្ដៅឈ្លោះប្រកែកជជែកគ្នាខ្វែង គំនិតគិតផ្ដេសផ្ដាសមិនសះជា កុំយកពាលធើ្វសភាកាត់ក្ដី ។
- មានទុក្ខមហាក្សត្រ មានទុក្ខចៅវត្ត មានទុក្ខស្រីរូបល្អ ។ (ខ្លះថាស្រីមានគត៌)
- មានស្រមោចទើបឆ្លែវាជុះ ។
- មានប្រឡាយទើបទឹកហូរ ។
- មាន់ពងលើជង្រុកស្រូវ ។
- មាន់តែយក កតែកាច់ ឬ(មាន់ក៏យក កក៏កាច់) ។
- មាន់ព្រៃកំចាយមាន់ស្រុក ។
- មាន់ល្អព្រោះរោម រូបឆោមល្អព្រោះតែង ។
- មាន់ណាខ្ដត មាន់ហ្នឹងពង ។
- មានៈជាធម៌ ធើ្វឲ្យល្អក់ពណ៌ ធើ្វឲ្យខាតលក្ខណ៍ ធើ្វសត្វឲ្យសាប សូន្យលាភសូន្យភ័ក្ត សូន្យចាកពុំនាក់ សូន្យមគ្គសូន្យផល ។ (ខ្លះថាភក្ដិ)
- មានៈបាត់មិត្រ ឥតអ្នកជាផៅ ក្រេវក្រោធឃោរឃៅ រមែងបាត់អង្គ ។
- មារជ្រែក ។
- មាសប្រាក់ទាំងឡាយ ទ្រព្យផងសម្ចាយ ទោះច្រើនយ៉ាងណា បើឥតសុខកាយ ឥតសប្បាយចិន្ដា ទើបលោកពោលថា ទ្រព្យមិនប្រសើរ ។
- មានប្រាក់កែវសូរ្យកាន្ដ អាចអួតហាននឹងពេជ្ររតន៍ ភមរជាតិកន្លង់សត្វ អួតហើរកាត់ភ្នំព្រះសុមេរុ ។
- មិត្រមួយសោតណា ទៅមកកាន់គ្នា បង្កើតឲ្យសុខ មិត្រមួយឲ្យទោស បង្កើតជាទុក្ខមិត្រមួយឲ្យទុក្ខ ឲ្យបង់ទ្រព្យា ។
- មិត្រមួយឲ្យហឹន ទៅមកខ្ជាន់ៗ ជក់ថ្នាំស៊ីស្លា ចុះឡើងឥតអាក់បង្ហិនអាត្មា កូនអើយលោកថា អាសារបង់ទ្រព្យ ។
- មិត្រឯណាលុបគុណមិត្រកំបាំង លុះមកតាំងឆ្ពោះមុខពោលភិរម្យ មិត្រយ៉ាងនោះគួរតែកុំស្វាគមន៍ ដូចទឹកឃ្មុំនៅក្នុងឆ្នាំងថ្នាំពិស ។
- មិត្រឯណាហាមឃាត់ការអប្រិយ ត្រង់ការសួស្ដីខំដាស់តឿន ក្នុងពេលវិបត្តិមិនចោលភឿន មិត្រនោះទើបហៅថាជាមិត្រពិត ។
- មិត្រឧត្តមធំបំផុតនៅវិជ្ជា សត្រូវក្លាកាចបំផុតនៅព្យាធី ការស្រឡាញ់ក្រៃបំផុតកាយិន្រ្ទិយ ពលពលីខ្លាំងបំផុតនៅផលកម្ម ។
- មិត្រល្អឲ្យសុខ បាបមិត្រឲ្យទុក្ខ គ្រប់ទិសទិវា មិត្រល្អក្រមាន ខ្ពស់ទាបយ៉ាងណាតែងយកអាសា ដាស់តឿនខុសត្រូវ ។
- មិនលេងបានឈ្នះ នេះគឺពាក្យព្រះ ពាក្យចាស់ពីព្រេង អ្នកណាចាញ់ៗ គឺសុទ្ធតែលេង នេះពាក្យពីព្រេង ចូរចាំកុំភ្លេច ។ (សុង ស៊ីវ)
- មិនត្រូវចោលសាច់ស្រវាឆ្អឹង ទំពារទៅរឹងទើបបានគិត ងាកមកសាច់ខ្លួនឯងពិត ដោយទាស់គំនិតគេចពុំរួច ។
- មិនប្រហែសភ្លេចស្មារតី វិជ្ជាទ្រព្យអ្វីត្រូវរៀបចំ ត្រូវចេះរំលឹកចេះសន្សំ ចេះរៀបចេះខំកុំខានឡើយ ។
- មិនត្រូវរង់ចាំព្រេងវាសានា មិនត្រូវធើ្វការខុសលំអាន មិនត្រូវខ្ជិលរៀនទូន្មានប្រា-ណ មិនត្រូវឲ្យទានគ្មានពិចារណា ។
- មិនមានចេះសោះ ថាមិនចេះស្មោះ ហៅគាត់ប្រសើរ បើចេះថាចេះ ហៅចេះគ្រាន់បើ ចេះប្រាជ្ញចេះប្រើ ដំណើរការពិត ។
- មិនជឿពាក្យស្រីអស់ស្រូវពូជ ឬ(តែជឿ…)។
- មិនឲ្យអ្នកក្រៅដឹងទោសខ្លួន ទោសគេបំពួនអាចដឹងបាន ទោសខ្លួនពួកលាក់ធើ្វហាក់គ្មាន ដូចកល់ជើងក្រានលាក់គ្រាប់ធ្យូង ។
- មិនជឿពាក្យចាស់វាស្រឡះដៃធេង មិនជឿពាក្យក្មេងរលីងដុចគុជ ឬ(វារលីងសក់ក្បាល) ។
- មិនទាន់ចាស់កុំអាលបេះមកបន្ទុំ ជាក់ជាពុំមានរសផ្អែមល្ហែមឡើយណា មិនទាន់ចេះកុំអាលចង់ធើ្វមេបា នឹងខូចការដោយសារលង់ស្ទង់មិនត្រូវ។
- មឹះៗកែះឆ្នាំងបាយធ្លុះ ។
- មុខរឹងដូចដែក ។
- មុខឆ្កែស្រែជម្រៅ ។
- មុខក្រាស់ដូចស្បែកជើង ។
- មុជមិនជ្រៅទៅមិនឆ្ងាយ ។
- មុតដូចកាប់នឹងកាំបិត ឬ(សម្ដីមុតដូចកាប់នឹងកាំបិត) ។
- មុននឹងធើ្វទារុណកម្មទៅលើគេ ត្រូវអ្នកផ្ទេរប្ដូរមកដាក់រូបអ្នកសិន តែមិនគិតចេះតែមិតសង្កត់កិន ឲ្យគេហីនដោយសារឯងមិនក្រែងខ្លាច ។
- មួយសេនសន្សំ ចូលថង់ប្រជុំ ផ្សែផ្សំគ្នីគ្នា យូរទៅបានច្រើន រាល់ថ្ងៃវេលា តិចៗផ្ទួនគ្នា ទៅជាសេដ្ឋី ។
- មើលផ្ទះស្រាស់របង វាំងចំណារគួររក្សា ឬ(ឯអាត្មា) ។
- មើលអាយមើលនាយមើលកៀនកោះ កុំឲ្យចន្លោះប្រយោជន៍បង់ ឈានជើងក្នុងលោកធៀបមើលអង្គ កុំចង់បង់បោយឲ្យហួសខ្លួន ។
- មើលមេឃតោងមើលទៅទេវតា ចូលព្រៃព្រឹក្សាតោងមើលលើ យកមិត្រមើលចិត្តឲ្យស្មោះស្មើ យកក្លើតោងមើលឲ្យសមប្រាណ ។
- មើលឃើញច្រើនកល ខេមរៈកុំឆ្ងល់ គួរសេពមេត្រី អ្នកមើលច្រើនសុ្រក ចេះបែបបទថ្មី ភមរាវិស័យ ច្នៃខ្មែរទាន់លោក ។
- មើលឲ្យជាក់សឹមញាក់ចិញ្ចើម ឬ(មើលមិនជាក់ កុំអាលញាក់ចិញ្ចើម ប្រពន្ធមិនទាន់ផើមកុំអាលរកខុស)។
- មេម៉ាយកូនមួយដូចព្រហ្មចារី មេម៉ាយកូនបីដូចស្រីសៅកែ។
- ម៉ែឪមានគុណណាស់ មិនសំពះខ្មាសអៀនដៃ ឯអ្នកក្រៅដទៃ វិស័យស្មោះសំពះបាន ។
- ម៉ែឪនៅផ្ទះ លោកទុកជាព្រះ ដូចព្រះឯវត្ត សំពត់អាហារ ត្រូវកូនផ្គង់ផ្គត់ កុំឲ្យលោកអត់ បានបុណ្យដូចគ្នា ។ (ជុំ មួង)
- ម៉ែឪជាបុគ្គលប្រសើរណាស់ក្នុងលោកិយ កូនប្រុសស្រីកុំយល់ថាគុណតែនឹងខ្លួនម៉ែឪគឺជាម៉ែឪសកលលោកពេញសំនួន ជាម៉ែឪនៃក្បួនច្បាប់វិទ្យាសាស្រ្តទាំងអស់។
- ព្រោះអ្នកប្រាជ្ញ អ្នកមានយសមានទ្រព្យគ្រប់ជាន់ថ្នាក់ គ្មាននរណាម្នាក់កើតឯងឥតម៉ែឥតឪសោះ គ្រប់ជាតិសាសន៍សុទ្ធតែកូនម៉ែកូនឪទាំងអស់ នេះឯងព្រះរស់កូនត្រូវបូជាគុណរាល់ពេល។ (សុង-ស៊ីវ)
- ម្ចាស់កំណាញ់ពេញកំណាចលើសម្ចាស់គ្រាត ម្ចាស់ថយជាតិមិនលើសម្ចាស់កំណាញ់ ម្ចាស់ផ្ទាល់ជួរលើសម្ចាស់មិនលើសវិញ ម្ចាស់បួននេះកុំស្រឡាញ់យកជាម្ចាស់។
- ម្ដាយឪពុកនិងកូន បីដូចខ្លួននឹងស្រមោល ឃើញខុសកុំដេញដោល កុំថ្កោលទោសអ្នកមានគុណ ។
- ម្នៅៗទាយកជ័រព្នៅមកត្បៀតក្លៀក ឬ(មិននៅៗ…)។
- ម្នៅៗយកស្ករទៅផ្ញើនឹងស្រមោច ។
- ម្លប់នៃព្រឹក្សាហៅមហាសុខ ម្លប់ម្ដាយឪពុកញាតិកា វិសេសលើសម្លប់នៃព្រឹក្សា ម្លប់គ្រូអាចារ្យលើសម្លប់ញាតិ។
- ម្លប់ស្ដេចលើសម្លប់គ្រូអាចារ្យ ម្លប់ព្រះឈ្នះមារបរមនាថ វិសេសលើសម្លប់ខត្តីយជាតិ ព្រោះស្អាតខាតបង់សង្សារចក្រ ។
[1] ភាណុវង្ស = ព្រះអាទិត្យ ។
[2] ប្រហែលជា “បីគឺអ្នកសុខាភ្លេចស្មារតី” ។
[3] ចែង = ភ្លឺ , ច្បាស់ ។
យ
[កែប្រែ]- យកផ្សែងថ្កូតជាដុំ ។
- យកហេះទៅដូរហោះ ។
- យកអន្ទង់ទៅចំហុងភក់ ។
- យកសំផឹងធើ្វប្រពន្ធ យកប្រពន្ធសំផឹង (សុភាសិតចិន)។
- យប់យូរនៃអ្នកមិនលក់ឯង យោជន៍យូរឆ្ងាយវែងនៃអ្នកចរ សង្សារយូរឆ្ងាយនៃនិករពាលពុំចេះធម៌ទៅនិព្វាន ។
- យល់ញាតិឃ្លាតច្បាប់ចាប់រវាត យល់ការគង់ឃ្លាតឃ្លៀងចំណេះ ដំរីជើងបួនគង់មានភ្លាត់អេះ អ្នកប្រាជ្ញដែលចេះគង់មានភ្លេច។
- យល់ឆ្ងាយកុំណាយចិត្តគិត ទោះយល់ជិតកុំណាយខំ មិនជាក់មើលឲ្យចំ ក្រែងច្រឡំសជាខ្មៅ ។
- យល់តូចកុំអាលខំ ទោះយល់ធំកុំអាលស្រាយ គិតក្ដីគិតងាយ មើលពិនិត្យពីនីច្ច័យ។- យល់នាមថាជាបង យល់ឯថាជាក្មួយ ។
- យល់តាថាជាដូន យល់ឯកូនថាជាក្មួយ យល់ពីរជាមួយ យល់ឯព្រួយថាជាសុខ។
- យល់ទោសថាជាគុណ យល់ឯបុណ្យថាជាបាប ។
- យល់ល្អថាអាក្រក់ យល់ឯលាមកថាជាផ្កា ។ ឬ(យល់ឯបុណ្យថានរក)។
- យល់ឈើថាខ្មោច ស្មានស្វាជាទោច យល់ក្ដោងនារី ពីឆ្ងាយសន្លឹម សន្សំឃ្លាតខ្មីចូលចតជិតដី ទើបគេស្មានយក ។
- យើងជាតិខ្មែរយើងពូកែប៉ុណ្ណាហើយ យើងចោទឆ្លើយតែខ្លួនយើងក៏បានដែរ ព្រោះខ្លួនយើងៗបានដឹងជាហូរហែ ខ្លាំងពូកែឬមានក្រក៏យើងដឹង។
- យើងធើ្វគេៗធើ្វយើងវិញដូចគ្នា។
- យើងរាល់គ្នានេះឯងហើយជាមនុស្សលោក គួរអធ្យោគយោគយល់គ្នាជាញាតិមិត្រយល់សាមគ្គីជាទីតាំងរួមគំនិត ត្រិះរិះគិតកសាងលោកឲ្យចម្រើន។
- យើងពលរដ្ឋត្រូកផ្គាប់ច្បាប់សម្រាប់រដ្ឋ កុំបីភ្លាត់ចូលបទល្មើសឃ្នើសនឹងច្បាប់ល្អជាងផ្គាប់មនុស្សនានាជាលំដាប់ ល្បីកិត្តិស័ព្ទថាស៊ូស្លាប់ក្រោមច្បាប់មែន។
- យើងកុំធើ្វអ្វីឲ្យគេខឹងនឹងយើង នោះមិនទើងគេនឹងថាយើងអាក្រក់ ចុះបើយើងពោលតែពាក្យភូតកុហក មិនឲ្យគេថាយើងអាក្រក់ដូចម្ដេចបាន ។
- យើងជាមនុស្សកុំខ្លាចមនុស្សមានវិជ្ជា ដូចមច្ចាពឹងគង្គាជាទីស្ថានតែគួរ គិតខាងផ្លូវចិត្តដ្បិតបុរាណ លោកសន្និដ្ឋានថាកុំអាលទុកចិត្តមនុស្ស ។
- យើងចង់ឲ្យគេធើ្វតាមសព្វសារពើ ត្រូវយើងធើ្វការនោះមុនឲ្យកើតសិន ចុះបើយើងធើ្វមិនផែះចេះតែហីន ម្ដេចក៏កិនថាគេធើ្វមិនដូចខ្លួន ។
- យើងខ្សត់ខ្សោយកុំឲ្យយកស្រេចតែម្ដង មុខជាឃ្លាតក្ដីបំណងប៉ងប្រាថ្នា ត្រូវគេយកព្យាយាមជួយទៅវិញណា ទើបកិច្ចការមិនអសារសោះសូន្យឡើយ ។
- យើងធើ្វល្អគេធើ្វអាក្រក់ហក់មកខ្លួន យើងត្រូវផ្ទួនពោលផ្អែមថែមទៅទៀត កុំរវល់
ពោលពាក្យបៀនបៀត នោះពុតពាលនឹងរវាតឃ្លាតទៅឯង។
- យោធាទាហានវៀរបង់សស្ដ្រាវុធ ចេញសង្រ្គាមតយុទ្ធទៅពុំបាន ជាតិអ្នកប្រាជ្ញវៀរគម្ពីរតម្រាមាន ពុំអាចថ្លែងបានខានចរចា។
- នាយពាណិជវៀរបង់យានរទេះ ទាល់ចំណេះទៅឆ្ងាយពុំបានណា អ្នកនឹងទៅកាន់ប្រទេសទីនានា វៀរយាននឹងយាត្រាទៅពុំបាន ។
- យោធាស្រុះគ្នាធើ្វហត្ថកម្ម ជីកគាស់ដីដាំយកផ្កាផ្លែ ធើ្វថ្នល់ធើ្វស្ពាន កាប់រានស្រែនេះឯងទាហានខ្មែរសន្ដិភាព ។
- គ្មានកាប់គ្នាចាក់គ្មានសរសន់ ទៅលួចទៅប្លន់ធុនថោកទាប កាន់ច្បាប់អន្ដរជាតិផ្ទៃរាប មានភាពថ្លៃថ្នូរអម្បូរខ្ពស់ ។ (សុង-ស៊ីវ)
- យោធិនជារបង ខំឃុំគ្រងជាតិសាសនា ព្រមទាំងព្រះមហាក្សត្រា កុំឲ្យសត្រូវយាយីទោះមានខ្មាំងសត្រូវ ខ្លាំងម្ដេចកូវគ្រប់ទិសទី ស៊ូតែប្ដូរជីវិត ធើ្វសង្រ្គាមឈាមក្រាលដី។ (ជុំ មួង)
- យោធិនជាតិខេមរា បើត្រូវការធើ្វសង្រ្គាម ស៊ូតែប្ដូរសាច់ឈាម បូជាជាតិក្សត្រសាសនា បើស្លាប់ក្នុងចម្បាំង គ្មានភ័ន្ដភាំងស្ដាយជីវ៉ា ព្រោះបានជួយរដ្ឋា ស្លាប់ពីខ្មែរកើតជាខ្មែរ ។ (ជុំ មួង)
- យោធិនយកកំណើតកើតជាខ្មែរ ជាតិខ្លាំងពូកែផ្នែកអាស៊ី ត្រូវខំធើ្វការខំសាមគ្គីបំពេញនាទីពូជអង្គរ។ (សុង ស៊ីវ)
រ
[កែប្រែ]- រកស៊ីនឹងក្ដិតដូចពីងពាង ។
- រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក។
- រកស៊ីយប់ដូចខ្វែក ។
- រកស៊ីទូកក្ដាររំពឹងក្ដោង សត្វក្ដាមពពងប្រកោងស្មៅ អ្នករកស៊ីជួញអាងដង្ខៅ រៀបចំកូនចៅអាងប្រពន្ធ ។
- រងាផល្គុន ភ្លៀងធ្លាក់ប្រាំមុន លួជាអាក្រក់ ធំទៅជាតូច ពាលឡើងយសស័ក្ដិ មិនខំបានប្រាក់ ឈើក្រាក់ដុះត្រួយ ។
- រង៉ាប់រងើដូចពុលក្ដួច ។
- រងាវតែក្នុងព្រៃ ឬ(បានតែរងាវក្នុងព្រៃ) ។
- រងាវឲ្យតែគេស្ដាប់ រួចជុះអាចម៍ដាក់បង្គងឯង។
- រងើពកថ្ងាស ។ - រងីរងើដូចរាហូកន្លង ឬដូចគ្រោះកន្លង។
- រដិបរដុបដូចផ្លែក្រសាំង។ - រដិបរដុបដូចអាចម៍សេះ។
- រត់ផាសក្រញាំ។ - រត់ផាសកែង។
- រត់បាតជើងសព្រាត។ - រត់ឥតអំពើ ដើរអំណត់ចម្រើនជាង។
- មនុស្សបាក់ត្រង់ណា ល្អិតស្មៅត្រង់ណោះ។
- រទេះសេះដំរី រាប់បញ្ជីកុំឲ្យឃ្លាត ខ្ញុំណាមានមារយាទ ទុកដាក់ដៃឲ្យរក្សា។
- រទេះបាក់មិនគិត ទៅគិតឯគោលួចដាំង។
- រទីសរទាស ដូចរាស្រ្តឥតស្ដេច។
- រនាបបាក់គ្រាន់នឹងជួស តែសម្ដីថាហួសមុខជាបង់ប្រាក់។ ឬ(តែសម្ដីហួសកំពុបប្រាក់) ឬថាតែសម្ដីហួសមុខជាបង់ប្រាក់។
- របស់ព្រះ បូជាព្រះ។
- របាំងបង់លេងលង់ប្រាំថ្ងៃ ជាមន្ទិលគឺដៃខុសលំអាន នាយខ្មាន់ធ្នូបង់ បាញ់កន្លង់បាន ប្រាំពីរថ្ងៃក៏មានមន្ទិលភ្លាត់។
- ប្រពន្ធល្អបង់ប្ដីលង់មួយខែ ជាមន្ទិលគឺប្រែចិត្តព័ទ្ធ សិស្សបង់ការសិក្សាក្នុងវត្ត កន្លះខែក៏ភ្លាត់ការសិក្សា។
- រលំមិនបាច់ច្រាន បានមិនបាច់ខំ ឬ(រលំបាច់អីច្រាន)។
- រលាក់រលើដូចឆ្កួតលេលា។
- រសាត់ដូចចក។
- រស់នៅថាអាក្រក់ ស្លាប់បាត់មុខថាល្អ។
- រស់ក៏គាប់ងាប់ក៏គួរ ។ - រពឹសដៃផ្ទៃឆ្អែត ។
- រស់នៅធម្មតា អ្នកប្រាជ្ញពោលថា មិនគាប់ប្រពៃ លុះតែប្រឹងប្រែង ទុកកេរ្តិ៍ស្មាដៃទុកប្រាជ្ញាថ្លៃ ទើបរស់បានផល ។
- រស់ទុកដូចជាស្លាប់ គឺជនអាប់អន់អប្រិយ មិនធើ្វប្រយោជន៍ពីរ ដ៏ជាទីគោរពឡើយ។
- រហ័សអ្វីមិនស្មើចិត្តដែលនឹក មុតអ្វីមិនស្មើទឹកហូរជោរជន់ ធ្ងន់អ្វីមិនស្មើព្រះគុណធ្ងន់ ធន់អ្វីមិនស្មើប្រពន្ធប្រើ។
- រហ័សអ្វីមិនស្មើចិត្តដែលគិត ពិសកាចអ្វីមិនស្មើពិសពាលា ជួបអ្វីប្រសើរមិនស្មើជួបពុទ្ធា រសពិសាអ្វីមិនស្មើរសព្រះធម៌ ។
- រហ័សតែពាក្យ ត្រគាកស្លាប់ស្ដូក ឬ…ស្លាប់ឈឹង។
- រឡឹករឡក់ដូចទឹកន្លះក្អម ។
- រឡេះរឡោះដូចកូនក្មេង ។
- រាជសីហាប្រាថ្នាភស្ដុចំណី ដេកស្ងៀមនៅដីហាមាត់ចាំ ឲ្យម្រឹគដើរចូលមាត់ទើបខាំយ៉ាងនេះរាល់ឆ្នាំក៏គ្មានឆី ។
- រាជទសពិធលម្អស្ដេច ស្គមដោយស្មាធ៍កិច្ចល្អឥសី សិក្ខាបទលម្អសង្ឃព្រះជិនស្រីប្រុសកាឡីលម្អដោយវិទ្យា ។
- រាជហង្សនៅក្នុងហ្វូងក្អែក រាជសីហ៍ចូលសែកនៅក្នុងហ្វូងគោនានា អាជានេយ្យនៅក្នុងហ្វូងលា អ្នកមានប្រាជ្ញនៅក្នុងពួកពាលសាមាន្យ។
- រាជអាមាត្យគួរគិតក្នុងចិត្តច្នេះ ថាព្រះរាជានេះមិនមែនជាមិត្រស្និទ្ធមិន មែនជាញាតិសាច់សាលោហិត ព្រះអង្គពិតជាម្ចាស់នៃអាត្មា។
- រាជសីហ៍ដំរីសប្បុរសផង ប្រទេសសៅហ្មងនាំអន្តរាយ សឹងលះបោល ទីនោះទៅ
មិនស្ដាយ ស្វែងរកទីសប្បាយចម្រើនប្រាណ។
- រាជសីហ៍សត្វខ្ពស់ទោះអត់ឃ្លាន ក៏ពុំបានបរិភោគស្លឹកឈើស្មៅ ឈ្មោះសីហោទោះស្គមទ្រមហ្មងសៅ ស៊ូអត់នៅមិនស៊ីសាច់ដំរី។
- រាត្រីវៀរព្រះច័ន្ទមិនសោភា សាគរវៀររលកមិនសោភី បោក្ខរណ៍វៀរហង្សពុំពិសីនាងកញ្ញាវៀរប្ដីពុំពិសេស។
- រាត្រីពុំមានព្រះចន្រ្ទា មេឃាងងឹតឥតរង្សី សមុទ្រឥតរលកបោកប្រក្រតី រាសសូន្យស្ងាត់បាត់ខ្ទរខ្ទារ។
- ស្រះស្រង់ឥតហង្សចុះវារី បាទីប្រៀបដូចឥតបរិពារ កញ្ញាឥតប្ដីគ្រងព្យាបាល អាការនាំកើតឲ្យគេគៀវ។
- រាល់រូបទាំងស្រីប្រុស ចង់រស់ជន្មជីវិត គួរជឿគម្ពីរពិត មិនគួរគិតជឿអាគម។
- រីគ្រូបាធ្យា ប្រដូចនឹងម្ដាយ អាពុតឯងហោង។
- រីនឹងចេះឯង ដូចអ្នកវង្វេង កណ្ដាលអាធ្វា ពុំនោះដូចខ្វាក់ តែម្នាក់អាត្មា ចរចេញយាត្រា ឥតអ្នកដឹកដៃ។
- រីជោគវាសនា របស់ជនណា មិនដែលជួយកែ កំណើតជននោះ ឲ្យផ្លាស់រូបប្រែសម្រាប់ចំណាំ កត់កាលវែងខ្លី រត់លឿនទៅមុខ ទុកសត្វលោកិយ សល់តែអដ្ឋី ធាតុកលោកកា។
- រីការសិក្សា ចំណេះវិជ្ជា ផ្លូវធម៌ផ្លូវលោក បីដូចកូនសោ ធ្លាក់ទ្វារឃ្លាំងភោគ សម្បត្តិគរគោក ក្នុងនាលោកិយ។
- រីទ្រព្យសម្បត្តិ ត្រូវតែប្រយ័ត្ន កុំឲ្យអន្ដរាយ បានច្រើនចាយតិច កុំឲ្យខ្ជះខ្ជាយ តែចាយពាលងាយ ធ្លាក់ខ្លួនក្រីក្រ។ (ជុំ មួង)
- រីអ្នកប្រដៅដូចស្មូនឆ្នាំង តែងតាំងច្របាច់ដីបែកខ្ចាយ ដីល្អញធើ្វបានមិននឿយឡាយ ដាំបាយអាស្រ័យរាល់វេលា។
- រីឯវិជ្ជានាលោកិយ ប្រយោជន៍សិរីសួស្ដីជា នឹងជួយឲ្យមានទ្រព្យនានា ក្សេមក្សាន្តសុខាក្នុងលោកនេះ។
- រីអ្នកខ្លាចស្លាប់ គាប់ពុំហ៊ានពុះពារ ក្រែងមានថ្លស់ធ្លោយ ដល់ក្ស័យជីវ៉ា ត្រូវលះភរិយា ទើបជាតិថ្កើងថ្កាន។
- រីឯស្រីជាភារិយា ទុកជាមេម៉ាយក៏ល្អពិត បើជាក្រមុំអស់ពីចិត្ត គំនិតមិនបានក៏មិនស្រួល។
- រីឯប្រពន្ធយ៉ាងល្អឯក គាប់ភ្នែកខ្លួនឯងនឹងអ្នកផង អ្នកជាស្វាមីត្រូវឃុំគ្រង កុំបីរំលងការរក្សា ។
- រីពួកទាហាន សេនាថ្កើងថ្កាន រហ័សក្លៀវក្លា បើគ្មានថ្វីដៃ ឥតជ័យចេស្ដា ពុំរាប់ហៅថា ជាទាហានឡើយ ។
- រីឯមូលពឹងក្រឡឹង រីឯត្រង់ពឹងបន្ទាត់ កិរិយាពឹងសំពត់ អ្នកបរិសុទ្ធពិតពឹងសីល។
- រីមនុស្សសប្បុរស សម្ដីមិនខ្ពស់ ពីពាក្យសច្ចា ទោះត្រូវអាក្រក់ ឬល្អយ៉ាងណា ពោលតែសត្យា បានការជានិច្ច។
- រីរបស់អ្វីថ្មី ក្នុងភពផែនដី ក្រោមដួងសូរិយា មិនដែលមានសោះ ពីព្រោះលោកថា
ថ្មោងថ្មីយ៉ាងណា កើតមកពីចាស់ ។
- រឹងដូចដែក ឬ(ចិត្តរឹង ឬមាត់រឹងដូចដែក) ។
- រុក្ខជាតិត្រូវពត់ពីតូចតាច មនុស្សជាតិគេអាចពត់ពីក្មេង សិក្សាវិជ្ជាត្រូវខ្នះខ្នែង ឲ្យចាំជាក់ស្ដែងពីដំបូង ។
- រុក្ខាខ្ពស់ធំ វាយោប្រជុំ បោកបក់ខ្លាំងក្លា រលំលាន់ឮ សព្វព្រៃព្រឹក្សា សូរសព្ទលោកាជាងស្មៅជើងក្រាស់ ។
- រូបគេឯងតែងមានកម្មប្រចាំកាយ ប្រចាំកិតឥតឃ្លាតឆ្ងាយណាយក្ដីល្ហែបើម្លឹងៗប្រឆាំងខ្លាំងពូកែ ទទូចតែឈ្មោះប្រកែកនឹងកម្មឯង ។
- រូបគេឯងស្វែងរកយកជ័យជំនះ បើបានឈ្នះដូចបំណងប៉ងប្រាថ្នា នោះនឹងបានសាន្តសុខសព្វគ្រប់ប្រការ ហេតុនេះហើយគេប្រាថ្នារកការឈ្នះ។
- រូបសព្វរស់ដោយអាហារពិត ថាបើមិនគិតរកចំណេះ តែរោគរឹតរុំពុំរបេះ មុខជាលិទ្ធផែះពុំលែងឡើយ ។
- រូបរាងសខ្មៅ លោកមិនសំដៅ យកជាប្រមាណ ប៉ុន្តែឯចិត្ត ជាដួងវិញ្ញាណ ល្អក្ររកបាន ទើបគាប់ប្រសើរ ។
- រូបរាងនៃស្រ្តីជារបស់ វិជ្ជានៃបុរសជាទ្រព្យា សីលនៃភិក្ខុសង្ឃភោគា កម្លាំងនៃរាជាជាភោគោ ។
- រួចបាត់ថាត្រីរ៉ស់ បានទាំងអស់ថារនួត។
- រៀនរិះសារពើក្ដី ទោះស្រដីកាន់ពាក្យសត្យ។
- រៀនសិល្បសាស្រ្តកុំរាន់បន្ទាន់ញាប់ ស្វែងទ្រព្យសន្សំកុំខំខ្លាំង ឡើងភ្នំសន្សឹមកុំប្រណាំង សេពកាមតាមកម្លាំងតិចៗរ៉ា។
- ខឹងឃោតិចៗកុំឲ្យស៊ុន កាមគុនទាំងប្រាំជាមាត្រា សន្សឹមតិចៗមើលកិរិយា តម្រាសន្សឹមកុំបោល។
- រៀនរិះរូសរវាំង ធើ្វស្រែប្រាំងស្រែវស្សា (ធើ្វស្រែមានចំណារ ធើ្វចម្ការចាររបង)។
- រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ ។
- រៀនស៊ីឲ្យល្មមកុំពមល្មោភ កុំលេបរំលោភឫកដូចប្រេត តែស៊ីច្រើនពេកច្រើនកើតហេតុ ស៊ីហួសពីឆ្អែតខានធើ្វការ ។
- រៀនច្បាប់ឲ្យល្អិតកុំឲ្យឆៅ ចេះល្អិតក្នុងក្រៅអ្នកខ្លៅខ្លាច មនុស្សមានចំណេះមានអំណាច ចង់ឈ្នះមនុស្សកាចកុំស្ដីកោង ។
- រេចទាំងលើរេចទាំងក្រោមដូចត្បាល់កិន ។
- រោគរោមកាយា ថ្កើងឯគ្រូពេទ្យ ។
- រោគឃ្លាននាំមនុស្សហ៊ានលួចប្លន់ ស្រឡាញ់ពេកពន់ហ៊ានសម្លាប់ ស្វាមីភរិយាត្រូវតាមច្បាប់ ទាល់ច្រកប្រចាប់ហ៊ានតដៃ ។
- រោគអ្វីមិនស្មើរោគឃ្លាន ទានអ្វីមិនស្មើទានធម៌ទេសនា មានអ្វីមិនស្មើមានបញ្ញា ថ្លាអ្វីមិនស្មើចិត្តជាបុណ្យ។
- រោគត្រូវមានឱសថកែ កើតទុក្ខចិត្តប្រែធម៌ជាថ្នាំ ពេលក្រលំបាកខន្តីទ្រាំ ចិត្តពោលប្រាជ្ញផ្ដាំគ្មានថ្នាំកែ។
- រោចគល់រញ្ជួយដល់ចុង ។
- រំងាប់ជនកំណាចដោយប្រហារ រំងាប់មិត្រឧចារដោយកុំស្ដី រម្ងាប់ស្រីដោយកុំឲ្យអ្វីៗរម្ងាប់រោគដោយក្ដីបន្ថយបាយ។
- ឫកពាសុភាព សម្ដីរាបទាប ស្គាល់ចាស់ព្រឹទ្ធា អ្នកផងសរសើរ រាល់មាត់គ្រប់គ្នា សម្បូណ៌លាភា កេរ្តិ៍ឈ្មោះថ្កុំថ្កើង ។ (ជុំ មួង)
- ឫក្សជតាក្រៃណានឹងពន្យាកំណើត ។
- ឫកក្រអឺតដូចអាចម៍ត្រូវថ្ងៃ ឬ(ធើ្វឫកក្រអឺត…)។
- ឫស្សីមួយដើមគង់ផ្សេងថ្នាំង បងប្អូនត្រឡាំងគង់ផ្សេងចិត្ត ។
- ឫស្សីធើ្វក្លាក់ដាក់គ្មានថ្នាំង គងស្គររគាំងវាយមិនឮ សុរិយាមិនយកជាពន្លឺ អួតភ្លឺអពិលអំពែកសត្វ ។
- ឫស្សីអាងបន្លាការពារខ្លួន ប្រាជ្ញអាងច្បាស់ក្បួនការពារខុស មនុស្សល្ងង់គ្មានអាងអ្វីទាំងអស់ អាងតែឈ្លោះតទល់កម្លាំងបាយ ។ (សុង ស៊ីវ)
- ឫស្សីសីលា ខំប្រឹងភាវនា ចម្រើនកម្មដ្ឋាន ហោះហើរវេហាស៍ ដោយកម្លាំងឈានមិនសង្រួមប្រាណ ដាច់ឈានដើរដី។ (ជុំ មួង)
មនុស្សចាស់ស៊ីអំបិលច្រើនជាងក្មេងស៊ីអង្គរគង់ស្គាល់អាក្រក់ល្អច្រើនជាងក្មេង។
ស្រង់ចាកសុភាសិត សម្ដេចព្រះធម្មលិខិត ឧត្តមប្រឹក្សា (វជិប្បញ្ញោ ល្វី ឯម)
ល
[កែប្រែ]- លលេងកូនក្មេងគង់អាប់យស លលេងនឹងពស់គង់ចឹកផ្សា លលេងអ្វីៗគង់គេថាលេងស្រីលេងស្រាគង់ឆ្កួតចិត្ត។
- លង់ទឹកប្រាក់នាំឲ្យខ្វាក់ថ្លង់ហ៊ានលះបង់ច្បាប់ ចេះដឹងចំណាប់បែជាល្ងង់ល្ងើឫកថោកទាប ហ៊ានយកឋានៈមុខក្រសួងខ្លួនទៅប្ដូរលាភ ឲ្យជនថោកទាបវាយប្រាក់ទិញខ្លួនបាន ។
- បុគ្គលបែបនេះសំគិលណាស់គ្មានខ្មាសអៀន បើទុកជាមានប្រាក់រាប់លានមិនថ្កើងថ្កាន ថោកដល់កូនចៅដែលគ្នាមកកើតទាំងប៉ុន្មានញាតិព្រៀងលានគេដៀលថាកូនេះរស់ព្រោះសំណូក ។ (សុង ស៊ីវ)
- លាក់តែមុខ គូថនៅកណ្ដាលវាល។
- លាក់តែមុខដូចពង្រូល។
- លាភណាស់លោកណាបានកើតមក កុំជ្រកក្នុងស្នូកដូចអណ្ដើក តែភ្លើងព្រៃរោលរត់កក្វើក របើកស្រកាផ្ងារចង្រ្គាង ។
- លិចកញ្ជង់លង់កញ្ជើ ។
- លិចកណ្ដេងដី ឬលិចកណ្ដេងធ្លុះ។
- លិចទាំងជង់លង់ទាំងកុក លិចទាំងអ្នកស្រុក លក់ទាំងអ្នកដំណើរ ឬ(លាញទាំងអ្នកស្រុក) ។
- លិចសឹមលោត ដល់កំប៉ូតដឹមតោង។
- ឮផ្គរឲ្យមើលខ្យល់ ក្ដីពុំយល់កុំអាលក្រោធ។
- ឮផ្គរកុំអាលចាក់ទឹក (បំពង់) ចោល។
- ឮផ្គរឲ្យមើលខ្យល់ ក្ដីអម្ពល់កុំអាលក្រោធ។
- ឮតាមមាត់ចាបមាត់ព្រាប។
- ឮស័ព្ទសូរធ្ងន់ស្រាលកុំអាលស្លុត មិនមែនសុទ្ធតែសូរស័ព្ទកាំភ្លើងទេ ទោះម្ដេចម្ដាឲ្យពិនិត្យគិតគ្នាន់គ្នេរ ត្រិះរិះរេរកជ្រៅរាក់ឲ្យជាក់សិន។
- លូកប្រហុក លូកឲ្យកប់ក្លៀក ឬ(លូកឲ្យកប់ដៃ)។
- លួចគេវាធ្លាប់ដៃ ដេកថ្ងៃវាធ្លាប់ភ្នែក។
- លួចគេវាគ្រាន់ ដល់ពេលគេទាន់វាក្រែល។
- លើកដាក់តាមកម្លាំង កុំភើចចាំងឈឺជាលស្មា ឬ(ប្រស្មា)។
- លើកស្នារំអាក្អែក ។
- លេចឮកិត្តិស័ព្ទខ្មែរដ៏ខ្ពង់ខ្ពស់ពេញផ្ទៃលោក ជាមហាជោគក្នុងសតវត្សទី១៩នៃគ.ស ដោយបារមីព្រះនរោត្តមសីហនុដ៏បវរ សត់អធីករណ៍ជនជាតិលាវដោយសន្និសិទក្រុងហ្សឺណែវ។ (សុង ស៊ីវ)
- លេចលើស្មើក្រោម ។
- លេងនឹងក្មេងវាអាប់យស លេងនឹងពស់វាខាំដៃ លេងនឹងចាស់វាចង្រៃ ឬ(លេង
ក្មេងអាប់យស លេងពស់ខាំដៃ)។
- លេងច្រើនៗឈ្លោះ ។
- លេខមួយមានប្រាំនាក់មិនបាន បទនេះជាស្ថានពិចារណា មិនងាយបានស្រួលក្នុងលោកា ទ្វីបមួយសុរិយាប្រាំឆេះកប្ប។
- លេបទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង។
- លោកធើ្វមាត់មួយម្រាមដៃដប់ សង្ខារប្រារព្ធសត្វប្រដៅ ត្រូវដៃធើ្វការជាងចៅរ៉ៅ មិនត្រូវនៅស្ងៀមកើតជាមនុស្ស ។
- លោកនេះសម្បូរណាស់ឧបាយ កិច្ចកលលែបខាយខាងមិនពិត ខ្លួនឥតមារយាឃ្លាតគំនិត ខ្លៅមួយជីវិតគិតមិនលេច។
- លោកិយគរគោកខាងមុខការ រិចារណ៍មិនចង់មិនចេះល្អិត ធ្វេសមិនប្រមូលខានចូលចិត្ត ខុសក្រឹត្យក្រមច្បាប់អាប់រាសី។
- លោភពេកវាយបែកពោះ។
- លំបាកខ្លួនប្រាណទើបស្គាល់ធម៌ លំបាកនគរទើបប្រពៃធ្លង វដ្ដសង្សារលំបាកក្រៃគប់ពាលចង្រៃលំបាកលើស។
- លះបង់កិច្ចចំណាប់ ស្រវាចាប់កិច្ចមិនពិត តែងតែធ្លោយគំនិត ក្ដួលក្ដៅចិត្ត នឹកស្ដាយក្រោយ។
- លះមនុស្សមិនប្រឹងប្រែង មិនខ្នះខ្នែងក្នុងកិច្ចការ ច្រើនក្រោធខឹងសំបា ព្រោះជាការនាំលិចខ្លួន ។
- លះទុក្ខប្រាថ្នាស្រណុកខ្លួន ត្រូវប្រឹងមាំមួនខ្លាំងកន្លង សិក្សាវិជ្ជារកទ្រព្យផង ទើបឆ្លងចាកទុក្ខបានសុខស្រួល។
- ល្មមទៅល្មមខាន ល្មមដើរបំពាន កុំគិតត្រង់ងាយ ល្មមគិតបង្អង់ ល្មមខានទៅអាយក្ដីក្រកុំស្រាយ ក្ដីងាយកុំធ្វេស ។
- ល្អមើល មិនល្អស៊ី។
- ល្អតែរូបម្ហូបមិនបាន ឬ(ល្អតែមាឌមារយាទមិនបាន) ។
វ
[កែប្រែ]- វក់នឹងល្បែងតែវិនាស (ងប់នឹងល្បែងតែវិនាស ឬ……តែងហិនហោច)។
- វក់នឹងអាភៀន តែងញៀនជាប់។
- វត្តមួយសង្ឃរាជពីរទីមិនស្អាត លោកធាតុមួយមានព្រះអាទិត្យបី នគរមួយស្ដេចច្រើនអធិបតី អ្នកប្រាជ្ញគប្បីដឹងដោយឧបមា។
- វត្តអត្តាវាចាចិត្ត ឲ្យសុចរិតឥតទាក់ទាម បាបបាត់បុណ្យបានដោយព្យាយាម អាចសន្មតនាមហៅមេធី។
- វរៗឆ្កែទរប្រហុកអស់។
- វ័យបឋមឲ្យខំរៀនវិជ្ជា វ័យទីពីរខំឧស្សាហ៍រកធនធាន វ័យទីបីស្វែងធម៌បម្រុងប្រាណ វ័យទីបួនក្បួនគ្មានឲ្យធើ្វអ្វី។
- វល្លិបណ្ដូលពេចរសល្វីងក្ដាត់ ស្ករអាចស្បាត់បានរសឱជា ឯជនជាតិបាបចិត្តពាលាបើសេពមេធាចិត្តជាភ្លាម។
- វាចាត្រជាក់មិត្រជុំចម្រើននៅ វាចាក្ដៅមិត្រក៏ឃ្លាតប្រាសចាកមិត្រ ត្រជាក់ក្ដៅដូចព្រះចន្ទនិងព្រះអាទិត្យ ហៃបបណ្ឌិតគួរដឹងឲ្យឧបមា។
- វាយពស់ឲ្យក្អែកស៊ី។
- វាយឲ្យយំ ខំបញ្ចុកចេក។
- វាយអារស់ អាងាប់ស្រែក។
- វិជ្ជាទុកជាមិត្រ លោកិយពិត ពេញថ្កើងថ្កាន បរលោកក៏ក្សេមក្សាន្ត សុខសម្រាន្ដបានជាពូជ។
- វិជ្ជាឧត្តម ទោះធ្លាក់ទៅធំ មនុស្សទាបសក្ដា គួរៀនគ្រប់បទ ស្រីរតន៍ទុកជា វង្សទាបយ៉ាងណា ក៏គួរចិញ្ចឹម។
- វិជ្ជាពិសេសលើសទ្រព្យធន ចោរមិនអាចប្លន់លុកលួចបាន វិជ្ជាគ្មានថ្ងៃនឹងប្រមាណប្រើចេះតែបានគ្រប់វេលា ។
- វិជ្ជាមិនដែលកើតឡើងឯង ដោយឥតគេស្វែងរកប្រាថ្នា ទ្រព្យធនមិនកើតដល់អ្នកណា ដែលគ្មានឧស្សាហ៍ខំប្រឹងរក។
- វិជ្ជាអាជីពការជួញប្រែ កើតផលមកតែពីគំនិត ថាបើដង្ខៅខ្លៅឥតគិត នោះពិតជាពោះរស់ពីបាយ ឬ(នោះពិតជាពោះរស់ពីបាក)។
- វិជ្ជានិងវ័យនៃមនុស្ស មិនគួរឲ្យខុសជំនាន់គ្នា វ័យច្រើនត្រូវចម្រើនវិជ្ជា ទាំងពីរស្មើគ្នាទើបប្រពៃ។
- វិជ្ជាចំណេះ ដែលយើងចាំចេះ រួចស្រេចពេលណា ត្រូវទូន្មានគេឲ្យចេះផងរ៉ា ទាំងតែងទុកជា ក្បួនតកូនចៅ។
- វិទ្យាទុច្ចរិត នាំអ្នកប្រព្រឹត្ត ឲ្យដើរខុសផ្លូវ ចាកគន្លងធម៌ ដែលល្អត្រឹមត្រូវ នាំឲ្យអាស្រូវ អន្ដរាយអាត្មា។
- វិធីហ្វឹកខ្លួន ថែទាំមាំមួន ព្រួយប្រាណអាត្មា នៅតែខ្លីជាង សព្វសិល្បវិជ្ជា ច្នេះត្រូវសិក្សា រៀបរៀនចេះឆាប់។
- វិស័យចិត្តល្អក្រខ្លួន មើលក្បួនលំអានបុរាណប្រាម ការខុសចោលទៅការត្រូវតាមឯកាមគួរកាត់រំលត់ខ្លះ។
- វិស័យបុគ្គលមានឧបាយ កែកុននាយអាយកាយត្រឡប់ ធើ្វការបានស្អាតល្អទាំងគ្រប់ ឆាប់ចប់ឆាប់កើតមិនបាច់ព្រួយ។
- វិស័យពេលថ្ងៃលម្អអាទិត្យ ពេលយប់ងងឹតលម្អចន្រ្ទា អំពើបាបលម្អពួកពាលា កុសលធម្មាលម្អពួកសប្បុរស ។
- វិស័យចេះច្រើនលំបាកគេច ចេះតិចព្រួយប្រាណរំខានគិត ល្ងង់លើ្ងប្រើការដូចងងឹត ឥតបើគិតមិនកើតការនោះឡើយ។
- វុឌ្ឍិពរអ្នកនគរតែងត្រូវការ ។
- វៀចបានជាកង់ ត្រង់បានជាប្រែក ឬ(វៀចបានជាកុង)។
- វៀចវេរមានភ័ព្វអាយុយឺនយូរ ឬ(វៀចវេរ…)។
- វៀរចាកអំពើទុច្ចរិត ប្រព្រឹត្តធម៌ល្អសព្វៗថ្ងៃ នឹងបានជាឧបនិស្ស័យ បច្ច័យទៅដល់ព្រះនិព្វាន។ (ជុំ មួង)
- វេចសំពាយចាំព្រេងសំណាង អាងតែដុតធូប ។ (សុង ស៊ីវ)
- វែងផុតត្រឹមពាក្យសម្ដី ខ្លីផុតត្រឹមមិននិយាយ។ (សុង ស៊ីវ)
អ្នកធ្វេសស្មារតី ស្លាប់គំនិតទោះបីមានជីវិតរស់នៅឡើយក៏ទុកដូចជាស្លាប់ស្រេចទៅហើយ។(ស្រង់ចាកសុភាសិតសម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ (ជោតញ្ញាណណោ ជ.ណ)។
ស
[កែប្រែ]- សក់មួយច្រៀកជាដប់ ។
- ស័ក្តិពុំស្មើយស នាមានរបស់ ពុំស្មើសក្តា សូវបង់ទ្រព្យធន កុំខុសអាជ្ញា សូវមានរោគា កុំគ្នាមើលងាយ ។
- សង់ផ្ទះតាមចិត្តអ្នកនៅ ។
- សង្ខារសព្វសត្វ តែងតែខ្ចាត់ភ្លាត់ មិនដែលទៀងត្រង់ មានរូបអង្គពេញ សោភ័ណសមទ្រង់ បណ្ឌិតខ្លៅល្ងង់ សឹងស្លាប់ដូចគ្នា។
- សង្ឃកំពង់សត្វ ។
- សង្ឃក្នុងសាសនា ប្រិតត្រៃសិក្ខា ពលរដ្ឋប្រិតច្បាប់ ព្រះរាជប្រិត ទសពិធម៌គាប់បណ្ឌិតសម្រាប់ បំភ្លឺជនខ្លៅ។
- សង្ឃផ្គង់វិន័យ ស្រីផ្គង់មារយាទ។
- សង្ឃឥតសន្ដោស រាជាមានប្រោស សន្ដោសទោសា សំផឹងខ្មាសប្រុស សន្ដោសភរិយា នាងកុលធីតា ឥតការកេរខ្មាស។
- ជនបួននេះមាន ឈ្មោះអន្ដរថាន ចុះហៅវិនាស នាក្នុងលោកិយ សិរីឱភាស ពុំមានឱកាស ចម្រើនលោកិយ។
- សង្វាតសូត្ររៀន កុំធើ្វអៀនប្រៀន ក្នុងចិត្តសព្វថ្ងៃ លំអុតបម្រើ ផ្គាប់ដោយហឫទ័យ បារម្ភមៃៗ ក្ដីច្បាប់កុំបីបង់។
- សង្វាតសរសេរ អស់អញកុំខ្ជិល ទើបបានជាគាប់ សង្វាតសូត្ររៀន ដោយគ្រូប្រញាប់ កុំធើ្វលេបលាប់ ដោយចិត្តមាក់ងាយ។
- សង្វាតសរសេរ សូត្ររៀនឲ្យណាស់ ប្រាជ្ញយល់ច្បាស់ នាំញាតិទាំងឡាយយ។
- សត្វកើតសត្វងាប់ជាប់កិលេស ប្រហែសសុខហួសជ្រួសសីលម័យយកទុក្ខធើ្វសុខពុំប្រពៃ ត្រាដល់ក្សីណក្ស័យក្ដីសុខគ្មាន។
- សត្វក្រៀលឆោតភ្លើៗ ទំមែកឈើមិនខ្លាចបាក់ ដើរដីជើងម្ខាងដាក់ ម្ខាងលើកលាក់ខ្លាចផ្កាប់ដី។
- សត្វតុកកែស្លាប់ ដោយសារប្រើស។
- សត្វស្មោញគួរត្រាប់ លោកទុកជាច្បាប់ សណ្ដាប់អាត្មា កុំត្រាប់ជ្រូកស្រុក នៅក្នុងទ្រុងមារ ដល់ពេលប្រហារ ទើបដឹងខ្លួនស្លាប់ ។
- សត្វត្មាតពិតពឹងរុយ សាច់សត្វស្អុយពឹងអំបិល មង្គលព្រាហ្មណ៍ពឹងពពិល រក្សាសីលពិតពឹងទាន ។
- សត្វទាំងឡាយកាយតូចស្វិតល្អិតយ៉ាងណា អាចរក្សាការជីវិតឲ្យរស់បាន មនុស្សក្រក្សត់តោយ៉ាកយ៉ាប់អាប់ប៉ុន្មាន កុំគិតស្មានថាមិនចេះយោងជីវិត ។
- សន្ដានបិតា អាក្រក់យ៉ាងណា កូនតែងតែដើរ ទៅតាមលំអាន ដូចកលផ្លែឈើ ជ្រុះចុះពីលើ ទើរជិតគល់វា។
- សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា។
- សប្បាយនឹងល្បែង ហេងស៊យចង់លេង ផ្សងព្រេងវាសនា នឹងកើតទុក្ខក្រោយ
នឹងអស់ទ្រព្យា នឹងកើតនិន្ទា បង់មារយាទគាប់។
- សប្បាយធើ្វស្រែ ចម្ការជួយប្រែ នោះមានគេរាប់ សប្បាយបានស៊ី សប្បាយបានទ្រព្យ សប្បាយនោះគាប់ សប្បាយយឺនយូរ។
- សប្បុរសពេកចាញ់ធន នាទុជិនចាញ់ឥន្រ្ទីយ ប្រពន្ធល្អច្រើនចាញ់ប្ដីពាក្យ អប្រិយចាញ់អាត្មា ។
- សប្បុរសយល់ដោយមុខ ស៊ុកគ្រលុកពេកពុំជា កំណាញ់ក្រៅតម្រា សោតសឹងអាប់ប្រយោជន៍យស។
- សព្វមន្តទាំងឡាយ ពុំបានស្វាធ្យាយ ជាមន្ទិលណា គ្រឹហាទីស្ថាន ពុំបានឧស្សាហ៍ប្រក់ឡើងកាលណា ជាមន្ទិលនៅ។
- សេចក្ដីកំជិល កើតជាមន្ទិល ដល់ពណ៌ហ្មងសៅ សេចក្ដីប្រមាថ គឺជាតិសៅដៅ ជាមន្ទិលនៅ នៃអ្នករក្សា។
- សម័យបច្ចុប្បន្នពាលច្រើនភាព សាសនាគួរជ្រាបឲ្យចៀសចេញ វិលចុះវិលឡើងជួបពាលពេញ ខ្ពើមទុក្ខទោសមិញគង់តែជួប។
- សម៉មិនដែលទុំ ក្រមុំមិនដែលស្លូត ចង្កូតមិនដែលត្រង់ កំពង់មិនដែលស្ងាត់ មាត់មិនដែលស្ងៀម។
- សម្បត្តិហឹនជនព្យាយាមហោច មិនបានប្រយោជន៍យូរអង្វែង ឲ្យបានទៅជារបស់ឯង ហឹនជននឹងថ្លែងពោលច្នេះណា។
- បុព្វកម្មប្រធានមានពីព្រេង លាភអឺយចូរឯងវិលមករ៉ា ទោះហៅយ៉ាងនេះមួយពាន់
គ្រា លាភាមិនវិលមកកាន់ខ្លួន។
- អ្នកប្រាជ្ញមិនពោលកម្មវាសនា តាំងតែឧស្សាហ៍ព្យាយាមមួន ថាបើកម្មនោះមិនស្រេចធួន ឥតផលទោសខ្លួននឹងមានអ្វី។
- សម្បត្តិនៅស្ថាននាលោកិយ មាសប្រាក់ប្រក្រតីនៅសព្វថ្ងៃ សឹងតែប្រកបទៅដោយភ័យ បាត់បង់ខូចនៃជាអនិច្ចំ។
- សម្បត្តិអ្វីពុំស្មើគុណសម្បត្តិល្អ ដែលរកបានដោយកម្រក្រពេកពន់ មានតម្លៃថ្លៃលើសលុបជាងទ្រព្យធន គួរតែគន់គួរតែគិតប្រព្រឹត្តល្អ។
- សម្លមិនឆ្ងាញ់ឲ្យតែក្ដៅ ប្រពន្ធខ្មៅឲ្យតែនៅក្មេង។
- សម្លាប់មេមាន់យកពងមាស ចិត្តលោភពេញពាសដាសពសុធា ខ្លួនតឿតូចទាបភាពដូចទា ប្រាថ្នាជ្រុលហួសនឹងហឹនប្រាក់។
- សមុទ្រជលាស័យមានជោរនាច ផល្លាឈើអាចទុំស្រគាល ដូចចន្រ្ទជួនអាប់ជួនភ្លឺច្រាល នេះឯងបណ្ដាលពីអនិច្ចំ។
- សរសើរតែមាត់ ចិត្តផ្ដន្ទា។
- សរសើរបាយកាលបាយរលាយជ្រាប សរសើរប្រពន្ធកាលភាពលង់អធិក។
- សរសើរពេលត្រូវការ ទុកដូចឆ្មាចាំកណ្ដុរ សរសើរពេលកាល វិលចាកប្រាប់សឹកសរសើរស្រែកកាលដឹកស្រូវមកផ្ទះ។
- សាច់មិនបានស៊ីយកឆ្អឹងព្យួរក។
- សាច់សដូចចាន មារយាទមិនបានដូចឆ្កែក្រោមផ្ទះ ឬ(ស្រីសដូចចាន…)។
- សាត់អណ្ដែត សែតអញ្ជង់។
- សាបមួយដៃ ប្រៃមួយចឹប។
- សាមគ្គីមនុស្សកម្លាំងធំពិត សាមគ្គីបណ្ឌិតកើតវិទ្យា សាមគ្គីរាស្រ្តជាតិមិត្រសុខាមន្រ្តីពាលាមិនហ៊ានប្រមាថ។
- សារពើរួសរៀនរិះ ឲ្យចាំចេះៗចាំចែង ចង់គាប់ប្រើស្វះស្វែង រករៀនរិះសារពើក្ដី។
- សារពើទ្រព្យអ្វីៗ មើលស្រដីទុកឲ្យល្អ អុសទឹកស្រូវអង្គរ យកចេញចាយមានកំណត់។
- សិល្បសាស្រ្តមិនចាំមាត់ មានប្រាកដនៅក្នុងក្បួន ដល់ពេលដែលជួបជួន គេសួរសាកពិបាកគេច។
- សិល្បសាស្រ្តឯណាមិនស្ទាត់ពិត នៅក្នុងស្លឹករិតឬសៀវភៅ ទ្រព្យធនឯណាដែលមាននៅ ធ្លាក់ទៅដល់ដៃអ្នកដទៃ ។
- បើមានកិច្ចការណាដល់មក សិល្បទ្រព្យនោះយកមកអាស្រ័យ ពុំបានដូចចិត្តដ្បិតឆ្ងាយដៃ សិល្បទ្រព្យនោះនៃហៅគ្មានហោង។
- សិល្បសាស្រ្តមានពីណាដល់អ្នកខ្ជិល ទ្រព្យធនមានពីណាដល់អ្នកឥតសិល្ប មិត្រឯណាមានអ្នកមន្ទិលឥតធនធាន សុខឯណាមានដល់អ្នកប្រាសមិត្រ បុញ្ញឫទ្ធិឯណាមានដល់អ្នកឥតក្សាន្ត សិវមោក្ខយោគកែព្រះនិព្វាន មានពីណាដល់អ្នកគ្មានបុណ្យកសាង។
- សិល្បប្រាជ្ញដ្បិតគ្រូជេរពោលដំវាយ (ពលជាដ្បិតនាយព្រឹសប្រើខះខំ) ឬ(កូនជា
ដ្បិតម្ដាយឪពុកប្រដៅ)។
- សិស្សឯណាលោភបៀនរៀនរួសបទ ចាំមិនស្ទាត់មាត់មិនស្ដែងថ្លែងពុំបាន ដូចមនុស្សគយល់សម្ដីដឹងសព្វស្ថាន ថ្លែងពុំបានរំខានចិត្តអ៊ិអ៊ះរីយ។
- សីលជាស្ពាន ទានជាស្បៀង។
- ស៊ីច្រើនៗជុះ លេងច្រើនៗឈ្លោះ ដេកច្រើនៗខ្ជិល។
- ស៊ីព្រោះលោះកម្លាំង ឬ(ស៊ីពោះ…)។
- ស៊ីនឹងអ្នកណា ត្រូវយកអាសាអ្នកនោះ (ស៊ីបាយអ្នកណា)។
- ស៊ីបាយដេកបាយសរសើរ ស៊ីបាយដើរបាយប្រទេចផ្ដាសា។
- ស៊ីបាយនឹងពន្លឺទៀន និយាយនឹងមនុស្សមាន របៀនសប្បាយស្ដាប់។
- ស៊ីបាយនឹងត្រឡោក ផឹកទឹកនឹងរលាដ៍ កុំអាលសើចគ្នា ផ្គរលាន់ម្ដងម្នាក់។
- ស៊ីត្រង់ណា ជុះត្រង់នោះ។
- ស៊ីលៀសរអៀសខ្លួន។
- ស៊ីបាយនឹងពន្លឺខ្យល់ និយាយនឹងកំហល់ ប៉ុនគេយកអង្រែបុកដើមទ្រូង ។
- ស៊ីសាច់ដាច់មេត្តា សេពសុរាគ្មានពាក្យទៀង។
- សឹកដេញអាលបាញ់ ក្ដីជំពាក់ប្រើដោះសា សឹកដល់កុំអាលឆ្លា ឮវាចាកុំអាលយក ឬ(សឹកដល់កុំអាលឆ្លាយ ពាក្យពីធ្លាយកុំអាលយក)។
- សុនខព្រៃពូកែបស្សាវៈ ចង្កូមនខៈពូកែខាងខ្លា មាន់ជល់ពូកែឆ្នាល់សោតណា គំនិតប្រាជ្ញាពូកែខាងមនុស្ស។
- សុភាសិតទុកជាក្រិត្យជាបន្ទាត់ ជាបន្ទាលឲ្យស្គាល់វត្តកិច្ចប្រតិបត្តិ គឺប្រព្រឹត្តគិតប្រិតប្រៀនរៀនប្រយ័ត្ន ជាគ្រឿងហាត់ប្រដៅកាយវាចាចិត្ត។
- សុភាសិតជាក្របីស្នែងកែក គឺមនុស្សចិត្តបែកមិនទៀងត្រង់ មិនកាន់តាមធម៌ព្រះពុទ្ធអង្គ លោកឲ្យលះបង់កុំចូលជិត។
- សុនខោបែរជាយល់សុនខំ ក៏តាំងកំញើញប៉ងពាធា ជនជួយយល់ជនជួរដូចគ្នា ប្រាថ្នានឹងយាយីគ្នាឯង។
- សុសូសាកូនណាខ្វល់ខ្វាយគ្រប់ ប្រៀនរៀនស្ដាប់ចេះដឹងដោយបញ្ញា ធម៌អាថ៌ដែលចេះនោះជួយអាត្មា នាំឲ្យបានស្ថានមហាក្រសេមសុខ។
- សូវឱនកុំងើប សូវស្ងៀមកុំថា សូវវាយកុំយារ សូវកាប់កុំផែះ។
- សូវកាប់កុំឲ្យជន្ល សូវជេរមេដកទងចោរ កុំឲ្យថានែវើយ។
- សូវនឿយខ្លួនឯង កុំឲ្យបង់ទ្រព្យ សូវបង់ក្ដីគាប់ កុំឲ្យខ្លួនស្លាប់ សូវស្លាប់ទៅជា កុំបង់ធម្មា ឥរិយាសីលគាប់។
- សូវមានទ្រព្យជួយជា កុំធានាណាអ្នកអើយ។
- សូវចូលកុំឲ្យចេញ សូវឲ្យទិញកុំឲ្យដូរ។
- សូវទូលក្ដីតបាវ កុំឲ្យទូលក្ដីតកញ្ជើ។
- សូវបង់ប្រាក់មួយថង់ កុំឲ្យតែបង់ពាក្យសត្យ។
- សូវដើរកុំដេក សូវថប់កុំត្រេក នឹងក្ដីប្រហែស សូវខាតកុំពារ ចចើងចចេស សូវចូលកុំចៀស វាសរួចសឹមគូរ។
- សូវឲ្យក្រពើលេប កុំឲ្យចង្វាប្របិច។
- សូវឲ្យសាច់ កុំបង្ហាញព្រៃ។
- សូវបង់ទ្រព្យធន កុំដល់ក្ដីស្លាប់ សូវស្លាប់ទៅគាប់ រសធម៌កុំបីបង់ ។
- សូវលើកកុំញោច ចំពាក់កុំបោច ខ្ជិលកុំចងពន្ធ ជាគ្រូអាត្មា កុំឲ្យលោកអន់ សេចក្ដីទម្ងន់ សន្សឹមកុំបោល។
- សូវយកសំផឹងធើ្វប្រពន្ធ កុំតែយកប្រពន្ធធើ្វសំផឹង ឬ(កុំយកប្រពន្ធធើ្វសំផឹង)។
- សូវបែកក្បាល កុំឲ្យបែកឆ្នាំង សូវដាច់ចង្កាដាំង កុំឲ្យស្រីមើលងាយ។
- សូវស្ដួចកុំឲ្យដាច់ គិតការពុំទាន់សម្រេ កុំអាលរន្ធត់ ឬ(កុំអាលរន្ថាន់)។
- សូវស្ដួចកុំឲ្យដាច់ បើគង់តិចឲ្យឧស្សាហ៍ រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើនទុកឬ(បើវាតិចឲ្យឧស្សាហ៍) ។
- សូវស្លាប់បា កុំឲ្យស្លាប់មេ សូវលិចទូកកណ្ដាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ។
- ស៊ូប្ដូរជីវ៉ា នឹងជាតិអាជ្ញា ឲ្យបានក្ដីសុខ លូតឡាស់ចម្រើន ថ្កើងថ្កានមានមុខ និរភ័យឥតទុក្ខ បច្ចាមិត្រស្វែង។
- សូវធើ្វសង្រ្គាមទើបនាមជាតិល្បី ស៊ូចុះចាញ់ស្រីទើបក្ដីស្ងប់ស្ងាត់ ស៊ូប្រឹងធើ្វការទើង
ស្ថាពរអត្ត ស៊ូប្រតិបត្តិទើងខ្ចាត់មន្ទិល។
- សេចក្ដីគោរពនឹងរាំងរាទោស សេចក្ដីសន្ដោសនឹងគុណនានា នឹងការស្ដាប់ធម៌តាមកាលវេលា ទាំងប្រាំនេះជាមង្គលឧត្តម។
- សេចក្ដីអត់ធន់នឹងប្រដៅស្រួល នឹងការទទួលជួបពួកសមណា ការសាកសួរធម៌តាមកាលវេល ទាំងបួននេះជាមង្គលឧត្តម។
- សេចក្ដីដឹងគុណ ហើយប្រកាសគុណឲ្យប្រាកដ ជានិមិត្តរូបនៃមនុស្សល្អ ។ (ព្រះធម្មវរោត្តម តុង ឈួន ធម្មយុត្តីកនិកាយ)។
- សេពគប់ជនពាលដូចមច្ឆាស្អុយ ចេញចំណាយហុយស្អុយស្លឹកខ្ចប់ អ្នកផងមិនត្រូវចូលសេពគប់ ក្រែងអប់ក្លិនអសោច៍ស្រោចអាត្មា។
- សេវកាមាត្យចូលគាល់មហាក្សត្រក្សាន្ត គួរវៀរទោសឯស្ថានច្បាប់ខន្ដីយា មួយកុំគាល់ឆ្ងាយពេកបាំងនេត្រា ពីរកុំគាប់ជិតទីនាំងអាសន៍។ បីកុំគាល់លើខ្យល់គាល់ព្រះអង្គបួនកុំគាល់ឆ្ពោះត្រង់ព្រះភក្រ្តម្ចាស់ ប្រាំកុំគាល់លើទួលឬទាបណាស់ ប្រាំមួយគឺខ្ពស់អាសន៍លើម្ចាស់គង់។
- កាលចូលគាល់សង្រួមកាយតាមស័ក្ដិ អង្គុយថ្នាក់ដាក់ខ្លួនឲ្យសមទ្រង់ ដូចអ្នកចូលជិតភ្លើងកុំភ្លើអង្គ តែភ្លេចកាយភ្លើងគង់រលាកប្រាណ។
- សេះជាឲ្យស្ទុះមើលកម្លាំង គោខ្លាំងផ្ទុកឲ្យធ្ងន់បរមើលវា ដឹកដោះរួតឲ្យមើលចុងថនា មេធាឲ្យស្ដាប់ស័ព្ទនិយាយ។
- សេះដាច់ឲ្យយកសេះតាម។
- សំណាបយោងដី ស្រីយោងប្រុស ចង្រ្កានយោងអុស។
- សម្អាតអស់សុរិល កុំឲ្យមានក្ដីនិន្ទា។
- សម្ដីពោលចេញ មិនដែលវិលវិញ កាន់អ្នកចរចា ហេតុនេះត្រូវប្រុង ប្រយ័ត្នអាត្មាកុំឲ្យចរចា ថ្លស់ឆ្លោយជាប់កុន។
- សម្លេងប្រាប់ភាសា កិរិយាប្រាប់ត្រកូល ឬ(សម្ដីប្រាប់ភាសា កិរិយាប្រាប់ត្រកូល)។
- សំដីជាឯក លេខជាទោ អក្សរជាត្រី។
- សំដីមុតដូចកាប់នឹងកាំបិត។
- សំដីដូចចោលដឹងទាំងដង។
- សំដីសជាតិ មារយាទសត្រកូល ឬ(មារយាទសពូជ)។
- សំពៅពឹងព្រះពាយ អ្នកអភិប្រាយពឹងវាចា រាជសីហ៍ពឹងគុហា សត្វមហឹសាសោតពឹងស្នែង។
- សំឡាញ់ឯណាយកអាសាអាការពំនាក់ ក្នុងកាលថ្នាក់កើតរោគគ្រុនរងាឬស្រុកកើតទុរ្កិក្សវេទា ឬក្នុងគ្រាអន្ដរាយដោយទុក្ខភ័យ។
- ឬក្នុងកាលសត្រូវចាប់ប្រហារ ឬក្នុងទ្វារអាជ្ញានៃចៅទៃ ឬស្ថានប៉ាឆាទីខ្មៅព្រៃ សំឡាញ់យ៉ាងនោះ នៃហៅសុមិត្រ។
- សំឡេងតាវៅជារូបវា ប្រតិបត្តិភស្ដាជារូបស្រី វិជ្ជាការជារូបប្រុសកាឡី អង្គខន្ដីជារូបនៃតាបស។
- ស្គាល់ឆ្លាតឬល្ងង់ វៀចវេរឬត្រង់ ដោយការចរចា នឹងការសេពគប់ ស្គាល់ភាពសត្វឆ្មា ទោះសត្វសឹង្ហខ្លា ដោយការប្រកប។
- ស្គាល់ចិត្តប្រុសស្រី អាក្រក់ល្អក្ដី ចេញពីដួងនេត្រ ប្រាប់សុខទុក្ខផង បើយើងសង្កេត គង់ដឹងហេតុភេទ ដួងភ្នែកបញ្ជាក់។
- ស្ដីការមុនក្រោយកុំឲ្យភ្លាត់ កុំអាងតែមាត់មានប្រហោង បើមនុស្សប្រហើនមិនទំនងកុំកោងទល់កើតទោសទាស់។
- ស្ដេចមិនបានពិនិត្យ ធើ្វតាមចិត្តមិនឧត្តម បណ្ឌិតខឹងមិនសម មិនឧត្តមតាមជាតិប្រាជ្ញ ។
- ស្ដេចកបដោយសំណាង ជាគ្រឿងស្អាងនៃផែនដី វិជ្ជាល្អប្រិមប្រិយ ស្អាងប្រុសស្រីទាំងអស់គ្នា ។
- ស្ដេចចូលស្រុកភូមិនដែលស្ទាត់ បុគ្គលខ្ចាត់ភ្លាត់កុំនៅស្ងៀម ត្រូវស្គាល់ដំណើរឫកមារយាទ ចេញស្នៀតប្រាជ្ញឈ្លាសឬល្ងង់ខ្លៅ។
- ស្ដេចនិងបណ្ឌិត ផ្ទឹមគ្នានៅនិត្យ គ្រប់កាលមិនបាន ព្រោះស្ដេចមានមនុស្ស បូជារាប់អាន តែក្នុងទីស្ថាន ប្រទេសនៃទ្រង់។
- ស្ដេចមិនស្អែតសម្បត្តិអាណាខេត្ត ប្រាជ្ញមិនបានឆ្អែតសុភាសិតពុទ្ធដីកា មហាសមុទ្រមិនឆ្អែតស្ទឹងនានា នយនេត្រាមិនឆ្អែតគន់រូបគាប់។
- ស្ដេចផ្ទំអស់យាមមួយជានិត្យ បណ្ឌិតដេកអស់យាមពីរជាក់ គ្រហស្ដដេកអស់យាមបីភ្ញាក់ ពួកយាចកដេកលក់អស់យាមបួន។
- ស្ដេចមានពលច្រើនជាអំណាច តែពុំអាចនឹងផ្ទាលផ្ចាញ់សត្រូវ នឹងធើ្វអ្វីដោយតេជៈកំដៅ ដូចភ្លើងធ្លាក់ក្នុងរណ្ដៅរលត់ឯង។
- ស្មារតីខ្ជាប់ខ្លួន គំនិតប្រុងខ្លួន មិនសង់ប្រទេស ត្រួតត្រាចិត្តឯង មិនមានប្រហែលទើបចិត្តមិនធ្វេស ធ្លាក់ទៅអបាយ។
- ស្ទឹងទាំងឡាយមានខ្សែទឹកវៀចវង់ ព្រៃសឹងដ៏ហើយដោយឈើផង ស្រីបានឱកាសស្ងាត់ជាម្ដង អាចកន្លងធើ្វបាបក្នុងទីស្ងាត់។
- ស្មូនឆ្នាំងដំសំពង ក្អមឆ្នាំងប៉ងឲ្យបានល្អ គ្រួហាត់ទោះវាយជេរប៉ង ឲ្យតែចេះសិល្បសាស្រ្ត ។
- ស្រមោចនឹងស្ករ។
- ស្រមោចរូបតូចមែនពិត តែសាមគ្គីចិត្តសម្លាប់បាន មេអំបៅដង្កូវធំរូបប្រាណ ជនកល្យាណគួរយកតម្រាប់តាម។
- ស្នេហ៍កាមបឋមសប្បាយប្លែក ដល់ក្រោយដេកស្រែកយំទុក្ខសោកជាតិ អាហារល្វីងបាយច្រកដោក ឆ្ងាញ់តាមបយោគក្រោយហើមពោះ។
- ស្នេហ៍មិនស្មើស្និទ្ធ ឬ(ស្នេហ៍មិនឈ្នះស្និទ្ធ)។
- ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ឺ។
- ស្រដីឲ្យស្រួលស្រេច គិតសេចត្រេចកុំគិតងាយ រំពឹងគិតឲ្យឆ្ងាយ យល់ដោយផ្លូវសព្វនានា។
- ស្រវឹងបុណ្យ។ - ស្រវឹងយស។ - ស្រវឹងមាទ។
- ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង។
- ស្រឡាញ់ខ្លួនឲ្យស្ងួនចំណី ស្រឡាញ់ប្ដីឲ្យថ្នមចិត្ត។
- ស្រឡាញ់កុំសូមទ្រព្យប្រសើរ ពីភ្លើពួកបក្សនាំខូចចិត្ត ប្រៀបយកព្រះខ័នតម្រង់ពិតត្រង់គួរគិតក្ស័យជីវ៉ា។
- ស្រឡាញ់ណាស់ប្រែស្អប់ បុត្រល្អសំណប់ ថ្នមហួសខូចខុស ស្រឡាញ់ភរិយា ប្រចណ្ឌសាយសុស ស្រីដែលស្អប់ប្រុស ច្រើនឆាប់បានប្ដី។
- ស្រឡាញ់ពេញប្រាស ស្អប់ណាស់ជំពប់លើ។
- ស្រឡាញ់ផ្លែឲ្យថែគល់។
- ស្រឡាញ់កូនគេវាបង់ចំណី ស្រឡាញ់ប្ដីគេវាបង់ចិត្ត។
- ស្រឡាញ់ម៉ែឲ្យថែកូន ឬ(ស្រឡាញ់មេបំពេកូន)។
- ស្រឡាញ់កុំទៅញឹកៗ រលឹកសឹមទៅម្ដងៗ។
- ស្រ្ដីមានរូបជាសម្បត្តិ ប្រុសចាត់វិជ្ជាជាធនធាន ភិក្ខុសង្ឃមានសីលជាទ្រព្យបាន ក្សត្រក្សាន្ដមានពលជាភោគា។
- ស្រីល្អមានខ្មាស ដល់ចិត្តវិបល្លាស កេរ្តិ៍ឈ្មោះអាស្រូវ ចេញមុខបាត់អៀន ពេស្យាពាសផ្លូវ បុរាណប្រដៅ ឥក្ដីកិរិយា។ ខ្លះថា (ពេស្យាពាសផ្លូវ)។
- ស្រីឯណាមានប្រក្រតីពោលវិវាទ មានប្រមាថពោលនាំពាក្យឫស្យា ត្រេកបំណងឲ្យប្រុសគន់អាត្មា កិរិយាស្លដាំប្រចាំប្ដី ស៊ីបាយមុនប្ដីនៃអាត្មា ត្រេចយាត្រាផ្ទះគេពុំជូក្ដី ស្រី
យ៉ា់ងនេះបុរសក្នុងលោកិយ ទោះមានកូនមួយរយក្ដីគប្បីលែង។
- ស្រីក្រមុំឯណាកបរូបរាង សព្វសារពាង្គលឿងដូចសុវណ្ណ នេត្រថ្លាយង់ដូចក្នុងភ្នែកម្រឹគា ចង្កេះរៀវសមស្មាគាងរាងរាជហង្ស។
- ឧរូស្រួលទំនួលសមឱរ៉ា មានកេសាខ្មៅយង់ចុងងខ្វង់ មានទន្ដាក្រឹតល្អសរលង់ នាភីទ្រង់ខូងជ្រៅកបមារយាទ។
- ស្រីមានល្អយ៉ាងនេះ ទាំងចំណេះចេះការបម្រុងញាតិ ទោះបីកើតក្នុងត្រកូលហីនជាតិ គួរសង្វាតអភិសេកឯកមហេសី។
- ស្រីមួយដូចក្រូចមួយដើម ឬ(ស្រីម្ដូចក្រូចម្ដើម)។
- ស្រីក្ងោកមាស។ - ស្រីកញ្ជើធ្លុះ។
- ស្រីខ្មៅដូចអំបែង ចេះតុបតែង ម្ហូបពេញថាស។ (អៀង ភូរិន្ទ)
- ស្រីដកទងវៀរបង់បុរសខ្សត់ បណ្ឌិតប្រាកដវៀរបង់ជនពាល ស្រីក្បត់ស្មន្ធវៀរបង់សុក្កបក្ស វារីវៀរចាកផែនដីទួលខ្ពស់។
- ស្រីស្អាតត្រង់ភក្រ្ត សំពត់ល្អជាក់ ចំពោះជរជាយ អ្នកមានបុណ្យស័ក្ដិ គ្រឿងយសឆោមឆាយ ជាតិឯករាជ្យសាយ ល្អផុតលោកា។
- ស្រីស្រស់កម្លោះខ្ពើម មុខខ្លាញ់រងើមឥតចេតនា។
- ស្រីសដូចចាន មារយាទមិនបាន ដូចឆ្កែក្រោមផ្ទះ។
- ស្រុកមានសឹកកុំបីទៅជួញខ្មីរកធនធាន រឺខ្លួនកំព្រាប្រាណរក្សានូវមាសបា្រក់ ចោរ
ក្មួយចាំប្លែប្លន់ ឥតតម្បន់ណានឹងលាក់ ខ្លួនឯងឥតបើដាក់ សារពើទ្រព្យបាត់អស់ឯង។
- ស្រើបតាមផ្គរ អរតាមភ្លៀង។
- ស្លឲ្យសាប អង្គុយឲ្យទាប ប្រាជ្ញឲ្យវៃ សម្ដីឲ្យខ្ពស់ ឬ(គំនិតឲ្យវៃ សម្ដីឲ្យទាន់)។
- ស្លម្ហូបឥតបំបោររករសគ្មាន គ្រឿងតែងប្រាណឥតរសអ្នកគ្មានទ្រព្យ សម្លឥតអំបិលរសមិនជាប់ ព្យាករណ៍គាប់ឥតរសមនុស្សកម្លៅ។
- ស្លាប់ដូចពស់ រស់ដូចកង្កែប។
- ស្លាប់ព្រោះជួយជាតិ គួរខំខ្មីឃ្មាត ឲ្យជាប់និស្ស័យ កើតជាកូនប្រុស គួរកុំអាល័យរូបរាងក្សឹណក្ស័យ កេរ្តិ៍ឈ្មោះជាប់នៅ។
- ស្លាប់ក្នុងចម្បាំងជាមង្គលសួស្ដី កាន់អាវុធនៅដៃមិនត្រូវភ័យសត្រូវ។ (ជុំ មួង)
- ស្លាប់ទុកដូចជារស់ បានចំពោះដល់ជនណា កាលរស់ខំធើ្វការ ជាប្រយោជន៍លោកទាំងពីរ។
- ស្លឹកឈើជ្រុះ មិនដែលឆ្ងាយពីគល់។
- ស្លឹកឈើឥតកម្រើក នឹងកក្រើកដ្បិតខ្យល់បក់ ទឹកថ្លាល្គឹកលើល្អក់ដ្បិត រលកបោកសោះសា។
- ស្លូតស្លាប់ វៀចវេរមានភ័ព្វ អាយុយឺនយូរ។
- ស្លៀកស្បង់មិនកោរសក់ ឆ្លុះកញ្ចក់ធ្មេធនេត្រា ឃើញសេះថាជាលា ឃើញគោថាជាកណ្ដុរ។
- ស្លៀកសកាន់ព្រឹទ្ធចិត្តនៅខ្មៅ បោលប្រាជ្ញតាមខ្លៅចង់ចៀសបាប លូកវែកឲ្យដឹងរសប្រៃសាប យកខ្សាច់មកគាបបានប្រេងឬ?។
- ស្វាចង់ពាក់ម្កុដ លាត្រាប់ឆ្កែពុត ក្អែកទឹកត្រាប់គោក ល្ងង់ត្រាប់បណ្ឌិត រាស្រ្តតាមប្រយោគ ត្រាប់ស្ដេចឥតជោគ មិនសមឋានា។
- ស្វាមិនចោលបៀម សៀមមិនចោលក្បួន យួនមិនចោលពុត ខ្មែរបរិសុទ្ធ មិនចោលសច្ចៈ ឬ(ស្វាមិនបង់បៀម)។
- ស្វែងយសគឺស្វែងលាភ ទុរជនភាពតែងត្រូវការ រស់នឹងជាតិអាហារ ជាវាសនាជនសាមញ្ញ ។
- ស្វែងរករៀនច្បាប់ ពុំស្មើចិត្តជា។
- ស្វះស្វែងរៀនសូត្រឬការធើ្វ ដែលជាអំពើល្អមួនមាំ បើចេះព្រិលៗនៅព្រលាំ ត្រូវខំអត់ទ្រាំកុំលះបង់។
- ស្អប់ខ្ពើមការថោកទាប ជាសភាពមិនមែនសុខ ស្រឡាញ់ធម៌ជាប្រមុខ នៃស្ថានសុខគឺនិព្វាន។
- ស្អប់គេកុំអាលថា មានប្រាជ្ញាឲ្យចេះយល់។
- ស្អប់កុំអាលបាញ់ ស្រឡាញ់កុំអាលខ្ចី ឬ(កុំឲ្យរក)។
- ស្អប់ជំពប់លើ ស្រឡាញ់ពេញប្រាស។
- ស្អប់ណាស់មិនឲ្យជួបភក្រា្ត ដូចមហាក្សត្រានិងធនញ្ជ័យ ដោះប្រស្នាមិនរួចព្រួយព្រះទ័យ ហៅធនញ្ជ័យឲ្យមកវិញ។ (ជុំ មួង)
- ស្អប់អ្នកដែលស្រឡាញ់ខ្លួន សពីក្បួនតម្រាច្បាប់ ចាស់ទុំលោកប្រៀងប្រាប់ ថាដូចចាប់ឆ្នាំងបាយបោក។ (សុង ស៊ីវ)
ហ
[កែប្រែ]- ហង្សនៅកណ្ដាលហ្វូងកាកា សីហានៅកណ្ដាលនៃហ្វូងគោ តុរង្គនៅកណ្ដាលហ្វូងគទ្រភោ បណ្ឌិតោនៅកណ្ដាលពួកពាលា។
- ហាឡើងវាស្លាក់ ខ្ជាក់ទៅវាស្លែង។
- ហាហួសចង្កា ថាហួសសេចក្ដី។
- ហាឡើងមិនធ្យាន ស្ដីមិនប្រមាណនឹងអង្គអាត្មា។
- ហ៊ានស្បែកដាច ខ្លាចស្បែកស្វិត ឬ(អ្នកហ៊ានស្បែកដាច)។
- ហ៊ីងគីង្គក់ជើងខ្លី អួតសម្ដីចង់ទៅកាន់ ស្រះស្រង់ហេមវន្ដ ជនខ្វិនខ្វាក់អួតចង់រត់។
- ហុចអម្បោះស្រណោះដៃ។
- ហុតសម្លសំឡឹងកាក ហូតច្រវាក្រាសសំឡឹងជ្រោយ ឬ(ហុតទឹកសំឡឹងកាក ទាញច្រវាក្រាកសំឡឹងជ្រោយ)។
- ហេតុភេទណាអំពើណាគេធើ្វប្លែក ធើ្វចំឡែកពីធម្មតាការគួរឆ្ងល់ តែត្រូវគិតពិនិត្យក្នុងឧបាយកល មុខជាមានប៉ះពាល់ដល់ខ្លួនយើងហើយ។
- ហេតុវិនាសទ្រព្យសម្បត្តិ៦យ៉ាង មួយបានខាងប្រមឹកផឹកសុរា ពីរដើរត្រេចលេងខុសវេលា បីគឺយាត្រាមើលរាំរបាំភ្លេង បួនគឺលេងល្បែងភ្នាល់បៀប៉ោពិត ប្រាំគឺគប់បាបមិត្រចិត្តអ្នកលេង ប្រាំមួយគឺកំជិលមិនចាត់ចែង ពួកនេះឯងប្រយោជន៍អន្ដរធាន។
- ហៃបុត្រឧត្តម ចូលបាខះខំ រៀនសិល្បសាស្រ្ត បើខ្ជិលយ៉ាងនេះ នឹងចេះកាលណា
យូរទៅគង់ជា ខ្ញុំគេមិនខាន។
- បើបាបានចេះ ក្នុងលោកិយនេះ គង់គេរាប់អាន បូជាប្រាក់យស ស័ក្តិខ្ពស់ថ្កើងថ្កានចូរកូនរៀនអាន សព្វៗថ្ងៃហោង។
- ហៃចៅជាតិពិសី ចូរលះក្ដីច្រឡំទៅ ដោយជនពាលឃោរឃៅ គួរគាប់នៅនឹងសប្បុរស ។
- ចូរធើ្វបុណ្យប្រក្រតី សព្វរាត្រីថ្ងៃទាំងអស់ ចូរមានចិត្តសោមនស្សនឹក រលឹកព្រះត្រៃលក្ខណ៍ ។
- ហោរាប្រយ័ត្នមានអិល ជាងទងកាន់សីលប្រយ័ត្នទៀង ចៅក្រមប្រយ័ត្នមិនលំអៀងអ្នកផ្ទៀងប្រយ័ត្នបាត់អក្ខរា។
- ហោរាច្រើនតែផ្សំ ទាយបន្លំយកប្រាក់កាស សមដូចពាក្យអ្នកចាស់ ភូតនៅហោរចោរនៅជាង។ (ជុំ មួង)
- ហៅហានពេក ដេកមិនសូវលក់។
អ្នកធ្វេសសា្មរតី ស្លាប់គំនិត ទោះបីមានជីវិតរស់នៅឡើយ
ក៏ទុកដូចជាស្លាប់ស្រេចទៅហើយ ។
ស្រង់ចាកសុភាសិតសម្ដេចព្រះមហាសុមេធាធិបតី
សង្ឃនាយកគណៈមហានិកាយ (ជោតញ្ញាណោ ជ.ណ)
ហ
[កែប្រែ]- ហង្សនៅកណ្ដាលហ្វូងកាកា សីហានៅកណ្ដាលនៃហ្វូងគោ តុរង្គនៅកណ្ដាលហ្វូងគទ្រភោ បណ្ឌិតោនៅកណ្ដាលពួកពាលា។
- ហាឡើងវាស្លាក់ ខ្ជាក់ទៅវាស្លែង។
- ហាហួសចង្កា ថាហួសសេចក្ដី។
- ហាឡើងមិនធ្យាន ស្ដីមិនប្រមាណនឹងអង្គអាត្មា។
- ហ៊ានស្បែកដាច ខ្លាចស្បែកស្វិត ឬ(អ្នកហ៊ានស្បែកដាច)។
- ហ៊ីងគីង្គក់ជើងខ្លី អួតសម្ដីចង់ទៅកាន់ ស្រះស្រង់ហេមវន្ដ ជនខ្វិនខ្វាក់អួតចង់រត់។
- ហុចអម្បោះស្រណោះដៃ។
- ហុតសម្លសំឡឹងកាក ហូតច្រវាក្រាសសំឡឹងជ្រោយ ឬ(ហុតទឹកសំឡឹងកាក ទាញច្រវាក្រាកសំឡឹងជ្រោយ)។
- ហេតុភេទណាអំពើណាគេធើ្វប្លែក ធើ្វចំឡែកពីធម្មតាការគួរឆ្ងល់ តែត្រូវគិតពិនិត្យក្នុងឧបាយកល មុខជាមានប៉ះពាល់ដល់ខ្លួនយើងហើយ។
- ហេតុវិនាសទ្រព្យសម្បត្តិ៦យ៉ាង មួយបានខាងប្រមឹកផឹកសុរា ពីរដើរត្រេចលេងខុសវេលា បីគឺយាត្រាមើលរាំរបាំភ្លេង បួនគឺលេងល្បែងភ្នាល់បៀប៉ោពិត ប្រាំគឺគប់បាបមិត្រចិត្តអ្នកលេង ប្រាំមួយគឺកំជិលមិនចាត់ចែង ពួកនេះឯងប្រយោជន៍អន្ដរធាន។
- ហៃបុត្រឧត្តម ចូលបាខះខំ រៀនសិល្បសាស្រ្ត បើខ្ជិលយ៉ាងនេះ នឹងចេះកាលណា
យូរទៅគង់ជា ខ្ញុំគេមិនខាន។
- បើបាបានចេះ ក្នុងលោកិយនេះ គង់គេរាប់អាន បូជាប្រាក់យស ស័ក្តិខ្ពស់ថ្កើងថ្កានចូរកូនរៀនអាន សព្វៗថ្ងៃហោង។
- ហៃចៅជាតិពិសី ចូរលះក្ដីច្រឡំទៅ ដោយជនពាលឃោរឃៅ គួរគាប់នៅនឹងសប្បុរស ។
- ចូរធើ្វបុណ្យប្រក្រតី សព្វរាត្រីថ្ងៃទាំងអស់ ចូរមានចិត្តសោមនស្សនឹក រលឹកព្រះត្រៃលក្ខណ៍ ។
- ហោរាប្រយ័ត្នមានអិល ជាងទងកាន់សីលប្រយ័ត្នទៀង ចៅក្រមប្រយ័ត្នមិនលំអៀងអ្នកផ្ទៀងប្រយ័ត្នបាត់អក្ខរា។
- ហោរាច្រើនតែផ្សំ ទាយបន្លំយកប្រាក់កាស សមដូចពាក្យអ្នកចាស់ ភូតនៅហោរចោរនៅជាង។ (ជុំ មួង)
- ហៅហានពេក ដេកមិនសូវលក់។
អ្នកធ្វេសសា្មរតី ស្លាប់គំនិត ទោះបីមានជីវិតរស់នៅឡើយ
ក៏ទុកដូចជាស្លាប់ស្រេចទៅហើយ ។
ស្រង់ចាកសុភាសិតសម្ដេចព្រះមហាសុមេធាធិបតី
សង្ឃនាយកគណៈមហានិកាយ (ជោតញ្ញាណោ ជ.ណ)
ឡ
[កែប្រែ]- ឡៗមើលតែគេអារក។
- ឡាចៅលូកនាយអាយ មនុស្សទាំងឡាយមិនចូលចិត្ត លេងច្រើនឥតបើគិត គេស្អប់សម្ដីចៅ។ (ជុំ មួង)
- ឡឹកឡក់ដូចកូនក្មេង។
- ឡឹមឡំមិនដឹងមុខបាត មុខជាខាតអន្ដរធាន។
- ឡេមឡឹមម្ដងៗ ប្រសើរកន្លង ជានៅវក់វី បម្រើជានិច្ច ខ្លបត្រចៀកពីរ ផ្គាប់ផ្គុនម្ដេចក្ដី ពុំស្មើឡេមឡឹម ។ (ជុំ មួង)
- ឡូវៗដូចក្អែកបូល ជាប្រផ្នូលមានភ្លៀវមក បើតាមគិតលៃលក ជូនណាខុសជួនណាត្រូវ ។ (ជុំ មួង)
- ឡេះឡោះឡូឡា លោកថាអាប់យស។
- ឡេះឡោះដូចក្មេងវត្ត។
- ឡេះឡោះដូចទឹកកន្លះក្អម ឬ(រឡេះរឡោះ)។
- ឡើងចាងឡើងចិត្ត ឡើងជោរពិតៗ ដោយអាងអ្វីៗ នៅពីក្រោយខ្នង ក្អេងក្អាងសម្ដីបើឥតអាងអ្វី ធើ្វមុខក្រញុះ។ (ជុំ មួង)
- ឡើងជោរដូចទឹកក្រហុក។
- ឡើងជោររឡាម ខ្វះមួយចំអាមទាល់មេឃ។ (សុង ស៊ីវ)
- ឡើងភ្នំសន្សឹមកុំប្រណាំង សេពកាមតាមកម្លាំងតិចៗរ៉ា។ (សុត្តន្ត ប្រីជា ឥន្ទ)
- ឡើងទ្រើងដូចឃ្លោកដូចត្រឡាច គ្មានកោតខ្លាចបុគ្គលណា ដល់ទ្រើងរំលំដួលផ្កាប់ផ្ងារ ធើ្វមុខដូចស្វាឲ្យគេជួយ ។ (សុង ស៊ីវ)
អ
[កែប្រែ]- អង្គុយហួសស័ក្ដិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា ពុំមើលប្រមាណ និងប្រាណអាត្មា ហាហួសចង្កា ថាហួសសេចក្ដី។
- អញ្ជុលទុកឲ្យគង់ ប្រាក់ក្នុងថង់ទុកឲ្យជា ។ (កិរកាល)
- អណ្ដាតជាអាទិកន្លង ឲ្យសុខទុក្ខផង ពីព្រោះអណ្ដាត ។ ឬ(កើតសុខទុក្ខផង ឬអស់ទ្រព្យធនផងពីព្រោះអណ្ដាត)។
- អណ្ដើកនៅជើង ចាំរកឆ្កែកោះ។
- អត់ឱនឥតទោស ធើ្វចិត្តសន្ដោស បង្កើតជាទ្រព្យ មេត្រីជាញាតិ រក្សាដល់ស្លាប់ចៀសក្ដីពុំគាប់ ជាគន្ធពិដោរ ឬ(អត់ឱនអត់ទោស)។
- អនាគតយើងកុំអាលមើលឃើញឡើយ ហេតុនេះហើយអ្នកប្រាជ្ញហាមប្រាមប្រាប់ថា កុំអាលស្មានថាបានសុខទុក្ខយ៉ាងណា ព្រោះសង្ខាតែងតែល្អៀងមិនទៀងទាត់។
- អន្ទង់វែង រកឆ្នាំវែង ឬ(អន្ទង់វែងចាំរកឆ្នាំងវែង?)។
- អបាយមុខនាំទុក្ខគ្រប់កាល នាំចិត្តបណ្ដាលរោលរាលគ្រប់ប្រាណ ត្រូវចំណាយទ្រព្យច្រើនលើសប្រមាណ ធើ្វបុណ្យកល្យាណបានស្រួលអាត្មា។
- អស់កិច្ចទាំងពួងច្រើនអសារ ខូចការលិចលង់បង់អភ័ព្វ ព្រោះតែល្ងង់មិនចេះផ្គាប់ឲ្យជាប់និស្ស័យនឹងអ្នកធំ។
- អាត់តែវិវរ ឆ្កែទរប្រហុកអស់ ឬ(អាល័យតែវីវរ…)។
- អាកាសទីខ្ពស់ ស្លាប់ស្ងាត់ស្រស់បស់ ប្រសើរថ្លៃថ្លា ឯអាកាសទាប ពុំសូវរាបសាមានព្យុះសង្ឃរា វរវឹកវិលវល់។
- អាកាសជាកម្លាំងនៃបក្សា គង្គាជាកម្លាំងត្រីខ្ចៅគ្រំ រាជាជាកម្លាំងនៃអ្នកក្រៀមក្រំក្ដីសោកយំជាកម្លាំងនៃកុមារ។
- អាក្រក់ឬល្អសឬខ្មៅ វិធីក្នុងក្រៅប្រដៅខ្ទេច បើផ្លូវអាក្រក់គួរយើងគេច កុំភ្លេចផ្លូវល្អតឲ្យជាប់។
- អាគកដូចអាចែ។ - អាគកណាក៏ស៊ីស្រូវដែរ។
- អាគកណាដូចអាគកណាដែរ។ - អាគមផ្សំអាយុ។
- អាងតែមានអណ្ដាតចេះតែផ្ទាត់ទៅ។
- អាងតែអណ្ដាតឥតឆ្អឹងចេះតែគ្រលាស់ទៅ។
- អាចារ្យប្រែចិត្តជាអាចារ្យចោរ ខ្លួនទំមែកពោធិស៊ីផ្លែជ្រៃ ទុច្ចរិតនាំខ្លួនឲ្យហីនហៃអាស្រ័យសុចរិតកើតសុខា។
- អាចារ្យចេះទូន្មានហាមប្រដៅ បុគ្គលខ្លៅឲ្យលះបង់បាបបាន អាចារ្យនោះជាទីគាប់រាប់អាន នៃសន្ដានសប្បុរសទាំងអស់គ្នា។
- តែពុំគាប់នៃចិត្តអសប្បុរស ព្រោះពុតអសប្បុរសស្វែងពាលា ស្រឡាញ់តែអំពើបាបវេរា ផ្លូវសួគ៌ាជាទីស្ថានសប្បុរស។
- អាចារ្យមិនពោលពិសដទៃ ថាជាពិសលើសនៃពិសទ្រព្យសង្ឃ ពិសឯទៀតអាចសម្លាប់តែអង្គៗ ពិសទ្រព្យសង្ឃអាចសម្លាប់ជនទូទៅ។
- អាជ្ញាដែលមហាពាលកំណាច ឲ្យដល់អ្នកប្រាជ្ញដោយសរសើរ បណ្ឌិតគឺប្រាជ្ញកប់ដំណើរ សរសើរដោយគុណការគាប់ចិត្ត។
- អាដែងសត្វសុនខ ឫកអាក្រក់ដេកតែក្រ ឃើញគ្នាទោះខ្មៅស មិនដែលអរស្រាប់តែខាំង ។
- អាណាវៀចៗបានជាកង់ (បកុង) អាណាត្រង់ៗបានជាប្រែក។
- អាយុមិនអស់មិនស្លាប់។
- អាវុធស្ដេចស្រេចនៅព្រះឱង្ការ អាវុធសមណាគឺសច្ចៈ អាវុធសេដ្ឋីគឺមាសប្រាក់ អាវុធអ្នកក្រីក្រគឺកម្លាំង។
- អាវុធខ្លានៅត្រង់ចង្កូម សិង្ហសីហ៍ស្រមូមពឹងសម្រែក សត្វចចកពឹងធ្មេញខាំហែកចំណែកពួកពាលពឹងកម្លាំង។
- អាវែកគេស៊ីក្រោមភ្នែក អាវែកនៅតែមិនដឹងខ្លួន។
- អាស្រ័យក្នុងលោកកុំលាក់មុខ ទង្គក់នឹងលោកកុំអើតក បើល្ងង់ខ្លៅត្រូវខ្លាចក្រ ត្រដរឲ្យដល់ពលៈកាយ។
- អាស្វាមិនស្គាល់ព្រនង់។
- ឥតដំបៅហៅជំងឺ ដំបៅមិនឈឺយកឈើចាក់។
- ឥតមិនឥត យកកទៅលអន្ទាក់ ឬ(អត់មិនអត់…)។ ឬ(មិននៅៗយកកទៅលអន្ទាក់)
- អឹមជាងអៀង ស្ងៀមជាស្រដី ស៊ីចេកខ្ចី ជាជាងនៅមាត់ទទេ។
- ឧទម្ពរទុំ សម្បកក្រៅរុំ ក្រហមរលង់ ខាងក្នុងពេញនៅ ដង្កូវមមង់ដូច មនុស្សទ្រនង់ចិត្តជូឫស្យា។
- អុសទឹកស្រូវអង្ករ យកចេញចាយមានកំណត់។
- អូសសម្រាស់ប្រទះពាក្យ។
- អូសទូកកុំឲ្យល្អាន ចាប់ត្រីបានកុំឲ្យល្អកទឹក។
- អូសឫស្សីច្រាសចុង ឬ(តឹងដូចអូសឫស្សីច្រាសចុង) ឬ(តឹងដូចអូសឆ្កែចុះទឹក)។
- អើធើ្វតែត្រូវពុំសូវត្រូវល្អទេ គង់តែមានគេល្អគ្មានឃ្នើសលើសជាង បើគេត្រូវឯងពុំសូវឃើញជាក់ស្ដែង គេល្អខែងឯងថាគេមិនដល់ខ្លួន។
- ឯស្រានឹងស្រីនឹងល្បែង គួរលះគួរលែងកុំប្រព្រឹត្ត ព្រោះនាំឲ្យខ្វល់អំពល់ចិត្ត វិបរិតផ្គាសៗក្នុងលោកិយ។
- តែថាឯស្រានិងការល្បែង គួរលះគួរលែងបានមិនអ្វី ឯត្រង់ចំណង់ចង់នឹងស្រី លោកិយយើងក្រលះបានណាស់។
- ឯស៊ីប៉ុន្មានមិនបាត់ចង់ មិនបាត់ចង់នោះគួរចូលចិត្ត ចង់ឃើញរូបល្អសម្បុរសល្អិតជាទីគាប់ចិត្តឥតស្រាកស្រាន្ដ។
- ឯផ្លែខ្នុរខាងក្រៅបន្លា ក្នុងមានឱជារសដូចម្រឹត ធម្មតានៃជនជាអ្នកមានចិត្ត ស្អាតល្អប្រព្រឹត្តក៏ដូច្នោះឯង។
- ឱប្រាសាទស្អាតប្រសើរភ្លឺច្រវាត់ ម្ចាស់ដើរចោលទៅបាត់ស្ងាត់សូន្យឈឹង ទុកដំណែលដែលធ្លាក់នៅព្រៅចង្រ្គឹង ឱសង្ខាយើងយ៉ាងហ្នឹងម្លឹងទេតើឬ (សុត្តន្តប្រីជាឥន្ទ)។
- ឲ្យចង់ឲ្យចាំទំនៀមព្រេង ឲ្យចេះចាំចែងកបបរិយាយ ឲ្យរាប់ព្រៀងលានញាតិជិតឆ្ងាយ ឲ្យផ្សាយមេត្តានឹងផលផង។
- ឲ្យចេះត្រង់ណាឲ្យមាំមួន ឲ្យចេះចាំក្បួនតម្រាសោត ឲ្យពេញជាប្រាជ្ញលោកិយកោត ឲ្យមានឫកសោតសមប្រាជ្ញប្រាយ។
- ឲ្យរៀនអត់ឱនពាក្យដូនតា ឲ្យរៀនវិជ្ជាសិល្បសាស្រ្តស្អាត ឲ្យរៀនចិត្តធ្ងន់កុំប្រមាថឲ្យខំសង្វាតរកទ្រព្យធន អ្នកខ្លះថា(ប្រមាទ)។
- ឲ្យរៀនតម្រាសណ្ដាប់ធ្នាប់ ឲ្យខំរកទ្រព្យកុំលួចប្លន់ ឲ្យសង្រ្គោះញាតិមានអាសន្នឲ្យចេះអត់ធន់កុំក្រេវក្រោធ ឬ(រៀនតម្រាប់…)។
- ឲ្យមានមេត្តាប្រយ័ត្នទោស ឲ្យខំសន្ដោសសល់វេរា ឲ្យមានមេត្រីប្រណីគ្នា ឲ្យជាប់ឲ្យនៅជាធម៌ខន្តី។
- ឲ្យស្គាល់ទាបខ្ពស់ដ៏រាប់ទៅ ឲ្យប្រាជ្ញខ្លៅនៅរៀមច្បង ឲ្យចងចាំចិត្តខ្លាចហ្មង ឲ្យត្រងឲ្យត្រាប់ច្បាប់ធម្មតា។
- ឲ្យមានក្ដីបារម្ភ ធើ្វស្រែកុំចោលចម្ការ ដឹងដែកកាំបិតព្រា ទុកឲ្យជាកុំឲ្យបាត់។
- ឲ្យទានចិត្តឲ្យស្មោះ កុំអាឡោះអាល័យស្ងួន ទ្រព្យនេះនឹងនាំខ្លួន ទៅបរលោកកុំសោះសូន្យ។
- ឲ្យវិញ្ញាណទាំងប្រាំមួយជួយធើ្វការ កុំបណ្ដោយណាផ្អាកឈប់ខាន តែមិនគ្រប់អង្គប្រាំមួយជួយយោងប្រាណ នោះនឹងបានក្ដីកំហុសខុសពុំលែង។
- អ្វីដែលជាសត្រូវគ្នាពីមុនមក ត្រូវលៃលកមើលឲ្យជាប់ការរាក់ជ្រៅ កុំប្រហែសធ្វេស
ជឿចិត្តមនុស្សឃោរឃៅ គំនុំនៅចងជាប់ស្និទ្ធឥតរសាយ។
- អំបិលជារសសម្ល ស្រឡៃប៊ីអ ជារសនៃតូរ្យតន្រ្តី។
- អំពៅរសផ្អែមវិសេសណាស់ ផ្អែមស្រីល្អល្អះលើសអំពៅ សុភាសិតបណ្ឌិតពោលប្រដៅ ផ្អែមលើសអំពៅនិងស្រីល្អ។
- អាំងភ្លើងឲ្យអាំងពីខាងផ្ទៃ អាំងថ្ងៃឲ្យអាំងពីខាងខ្នង។
- អ្នកមានមិនដែលឋិត អ្នកក្រមិនដែលបីជាតិ។
- អ្នកប្រាជ្ញកាន់ពាក្យទៀង កុំឲ្យល្អៀងពាក្យបុរាណ។
- អ្នកចេះដប់ មិនស្មើអ្នកប្រសប់មួយ។
- អ្នកដំកុំផ្ញើដែក អ្នកប្រមឹកកុំផ្ញើស្រា។
- អ្នកមានកុំអាលអរ អ្នកក្រកុំអាលភ័យ។
- អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ានឬ(ដូចសំពៅនូវសំប៉ាន)។
- អ្នកខ្ពស់រក្សាទាប ដោយសុភាពធម៌បុរាណ។
- អ្នកឆ្អែតរក្សាឃ្លាន នាអ្នកមានរក្សាឆ្មា។
- អ្នកមុនកុំសោយ អ្នកក្រោយមានលាភ។
- អ្នកឃើញកាត់គ្រោះតាមរាសី ចៅក្រមកាត់ក្ដីតាមពាក្យបណ្ដឹង។
- អ្នកឡើងមិនបានបេះ អ្នកប្រឡះមិនបានស៊ី អ្នកនៅទំនេរស៊ីឆ្អែត។
- អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកស្វិត ឬ(អ្នកខ្លាចស្បែកជា)។
- អ្នកណាមានគេសរសើរ អ្នកនោះឯងមានគេនិន្ទា។ (នួន ប៉ិត)
- អ្នកដេកឆាប់លក់ ដ្បិតឥតបើគិត។
- អ្នកណែនាំគួរពិនិត្យ ពិច័យកាមតាមត្រឹមត្រូវ បើចេះតែពោលថាប្លូវៗ នឹងកើតអាស្រូវដល់អាត្មា។
- អ្នកសប្បាយច្រើនមានទុក្ខ អ្នកប្រឹងលុយភក់ទើបផុតភ័យ សង្ខាតាក់តែងតាមវិស័យ សុខទុក្ខបច្ច័យផ្លាស់វេនគ្នា។
- អ្នកមានប្រាជ្ញចេះសព្វអន្លើ ស្មឹងស្មាធិនៅស្មើគិតពិចារណា អ្នកនោះរស់នៅមួយថ្ងៃគង់ជា បានឈ្មោះហៅថារស់នៅប្រសើរ។
- អ្នកត្រកូលទាបថោក តែស្ទាត់ផ្លូវលោក សិល្បសាស្រ្តអាគម ចេះដឹងសព្វគ្រប់ ចំណេះតូចធំ ទេវតាឥន្ទព្រហ្ម គង់បូជាដែរ។
- អ្នកស្រែធើ្វស្រូវ រដ្ឋមន្ដ្រីត្រូវ រក្សាជនជាតិ ពាណិជទិញលក់ ពួកជាងខ្មីឃ្មាត ក្មេងៗសង្វាត រៀនវិទ្យាសាស្រ្ត។
- អ្នកល្ងង់ត្រូវរៀនពីអ្នកចេះ ចង់បានចំណេះត្រូវស្ដាប់គិត ចង់ទៅនិព្វានត្រូវហាត់ចិត្តបើទីងងឹតត្រូវរកប្រទីប។
- អ្នកធំកុំប្រមាថអ្នកតូច ស្មៅវល្លិវេញគួចចងដំរី ស្ដេចពឹងរាស្រ្តសង្ឃពឹងវិន័យ មច្ឆាជលស័យពិតពឹងទឹក។
- អ្នកចិត្តជ្រះថ្លា នៅត្រង់ណាចេះតែមាន មិនដែលខ្សត់អត់ឃ្លាន ព្រោះផលទានពី ជាតិមុន។
- អ្នកដែលចេះដឹងច្រើន តែងចម្រើនយ៉ាងវិសេស ពួកអ្នកឥតចំណេះ តែងវិនាសអន់អាប់ខ្លួន ។
- អ្នកចូលចិត្តសេពគប់ នឹងអសប្បុរសធម៌ ការសេពនោះមិនល្អ ជាហេតុករឲ្យអន្ដរាយ។
- អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល ហើយមិនប្រមូលសាច់ញាតិសន្ដាន មើលងាយញាតិខ្លួនដោយអាងខ្លួនមាន នោះជាប្រធាននៃសេចក្ដីវិនាស។
- អ្នកដែលស្រឡាញ់ធម៌ ត្រឹមត្រូវល្អមិនដែលសូន្យ អ្នកស្អប់ធម៌តែងអូន ទាបសូនយថោកវិនាស។ (បរាភវសូត្រ)
- អ្នកស្វិតចិត្តស្មូរជន ចាយទ្រព្យធនចាយក្នុងគិត ឲ្យទានឲ្យមិនពិត គំនិតនៅក្នុងកំណាញ់ ។
- អ្នកស្លួតស្អប់អ្នកកាច ឫកអ្នកប្រាជ្ញស្ងៀមមិនស្ដី ឫកមនុស្សកាឡកណ្ណី ស្អប់សម្ដីមិនហ៊ានជិត។
- អ្នកខូចនិងអ្នកជា នៅជិតគ្នាមិនសូវបាន អ្នកចេះច្បាប់បុរាណ មិនខានស្អប់អំនើបថ្មី- អ្នកខ្លាចស្អប់អ្នកហ៊ាន ជាតិអ្នកមានស្អប់អ្នកក្រ អាក្រក់ស្អប់អ្នកល្អ ព្រោះជនឈូឆរាប់អានគេ។
- អ្នកប្រាជ្ញពឹងគម្ពីរ អ្នករកស៊ីពឹងពាក្យឆុត ខ្លាចស្លាប់ភ័យតក់ស្លុត រត់ស្លឹតស្លក់ទៅរក
ក្បួន ។
- អ្នកក្រមានទ្រព្យ ចៅហ្វាយខ្លួនគាប់ នៅគេហដ្ឋាន កិច្ចការបំពេញ ស្រេចនៅខ្លួនប្រាណ ខ្លួនពឹងពាក់បាន តាមចិត្តប្រាថ្នា។
- អ្នកស្វែងសម្បត្តិ នឿយហត់ពេកក្ដាត់ ទាំងយប់ទាំងថ្ងៃ គិតគូរធើ្វការ ញាប់ជើងញាប់ដៃ លំបាកពេកក្រៃ ដោយសារសម្បត្តិ ។
- អ្នកមានទ្រព្យា មិនខ្វះមិត្រភ្ងា រាប់អានស្រឡាញ់ អ្នកក្រកម្សត់ មិនសូវហ៊ានចេញមុខមាត់ពេញលេញ ញាតិមិត្រឃ្លាតឆ្ងាយ។
- អ្នកពោលច្រើនមិនបានធើ្វ បាត់ការស្ទាក់ស្ទើរឥតប្រយោជន៍ ខូចពេលខាតកាល នាំហីនហោច អាសោច៍អសារឥតអំពើ។
- អ្នកមកពីឆ្ងាយ ភូតភរអធិប្បាយ តាមចិត្តប្រាថ្នា តែលោកអ្នកប្រាជ្ញអាចយល់ការវៀចត្រង់យ៉ាងណា ដ៏អាចដឹងដល់។
- អ្នកដើរច្រើនស្រុក ដឹងរឿងច្រើនមុខ ព្រោះបានឃើញច្រើន គំនិតអ្នកប្រាជ្ញ ភ្លឺថ្លាចម្រើន ដោយខំក្រវើន យកចិត្តទុកដាក់។
- អ្នកណាចិត្តហានក្លា ព្រេងវាសនាបើកទ្វារឲ្យ អ្នកណាចិត្តកំសោយ តែងថ្លស់ធ្លោយជួបក្ដីក្រ។
- អ្នកណាឧស្សាហ៍ ព្យាយាមកាប់ឆ្កា មែកឈើរាល់ថ្ងៃ លុះអនាគត បាកុំសង្ស័យ កើតផ្លូវប្រាស្រ័យ ក្នុងព្រៃព្រឹក្សា។
- អ្នកកាន់សច្ចៈគេទុកចិត្ត អ្នកក្លាហានពិតស្ដេចត្រូវការ អ្នកចេះឱសថក្បួនទ្រព្យា
អ្នកមានរោគាតែងតែរាប់អាន ។
- អ្នកណាអួតខ្លួនជាប្រាជ្ញព្រោក បែរបានប្រយោគហៅល្ងង់ស៊ប់ អ្នកណានៅស្ងៀមភ្លឺថ្ងៃយប់ អ្នកផងគោរពចូលសាកសួរ។
- អ្នកនៅស្ងៀមៗ អ្នកចេះលាក់លៀម ឫកពានឹងធឹង គេត្រូវប្រយ័ត្ន ដូចកលទឹកនឹងលិចស្រឹមក្នុងស្ទឹង មិនដឹងខ្លួនស្លាប់។
- អ្នកជក់មិនខ្លាចផ្សែង អ្នកផឹកមិនខ្លាចពែង អ្នកស្វះស្វែងមិនខ្លាចឆ្ងាយ (អៀង ភូរិន្ទ)- អ្នកសាងសុចរិត ប្រកាន់ធម៌ពិត តាមក្រឹត្យបុរាណ ទោះមានទោសទុក្ខ សុទ្ធតែស្លាប់ប្រាណ ត្រង់ធម៌កល្យាណ មិនបានបោះបង់។
- អ្នកតូចតោងពឹងនឹងអ្នកធំ អ្នកធំពឹងតូចទើបសុខសាន្ត នឹងនៅម្នាក់ឯង ទោសពុំបាន ពុំសុខសាន្តត្រាណដូចពឹងឡើយ។
- អ្នកណាមិនរៀននូវចំណេះ មុខជាមិនចេះមិនចម្រើន អ្នកណាមិនខំគិតក្រវើន នឹងបានទ្រព្យច្រើនមកពីណា។
- អ្នកពោលល្អពិត ស្ងៀមស្ងាត់ក្នុងចិត្ត គំនិតប្រុងស្ដាប់ ក្រេបយករសជាតិ ឱវាទគួរគាប់ ទើបត្រូវសណ្ដាប់ បណ្ឌិតទូន្មាន។
- អ្នកណាឧស្សាហ៍ខំខ្នះខ្នែង ប្រឹងប្រែងគ្រប់ប្រាណគ្មានរួញរា ខំរៀនខំរិះរកទ្រព្យាអ្នកនោះមុខជាមានទ្រព្យច្រើន។
- អ្នកដែលចេះមិនប្រព្រឹត្ត តាមធម៌ល្អពិតដែលរៀនយក បុរាណហៅចេះកប់ពពក ត្រឡប់ជាជ្រកអាចម៍ជន្លេន។
- អ្នកខ្លះមានចិត្តល្អណាស់ណា តែមានវាចាអសុរោះ អ្នកណាមិនដឹងជាដូច្នោះ ថាមិនល្អសោះព្រោះវាចា។
- អ្នកដែលប្រមាថមិនបាសុខ ច្រើនតែកើតទុក្ខពេកកន្លង ទាំងក្នុងលោកនេះនាយហោង សឹងរងវេទនាជាអនេក។
- អ្នកដែលធើ្វការប្រញាប់ណាស់ រមែងតែងផ្លាស់ធើ្វច្រើនដង ព្រោះធើ្វមុនខុសធើ្វក្រោយសង ដល់ធើ្វច្រើនដងទៅជាយឺត។
- អ្នកដែលព្រហើនភ្លើនបោងហោង ឫកកោងក្រអឺតឡឹតហួសខ្នាត តែងថយស័ក្ដិយសរលស់ខាត ព្រោះចិត្តឧត្បាតប្រមាថគេ។
- អ្នកធើ្វជំនួញ ចេញសំពៅជួញ ទាត់ក្បាច់ចំណេញ មិនដែលហៅខាត អ្នកចម្បាំងចេញ ចូលទៅប្រដេញ ព្រោះយើងជោគជ័យ។
- អ្នកឥតធនធាន ចង់ទទួលទាន រសឆ្ងាញ់លើសលែង ជនឥតកម្លាំង ចង់តាំងប្រឡែង ចំបាប់ទាត់ប៉ែង សំដែលអំណួត។
- ជនឥតបញ្ញា ល្មោភថ្លែងចរចា ប្រាថ្នាគេអួត ជនបីនេះប្រើ ទុកស្មើគេឆ្កួត ព្រោះឡើងអំណួត ល្មោភហួសប្រមាណ។
- អ្នកដទៃឲ្យប្រយោជន៍ទុកជាញាតិ ញាតិបើឃ្លាតទុកជាជាតិអ្នកដទៃ រោគក្នុងកាយទុកជាទោសប្រកបភ័យ ឈើក្នុងព្រៃជាឱសថទុកជាគុណ ។
- អ្នកមានសម្បត្តិនិងអ្នកប្រាជ្ញ និងស្ដេចគ្រងរាជ្យនិងព្រែកស្ទឹង និងពេទ្យវេទ្យាជាទី ពឹង ប្រាំនេះសូន្យឈឹងក្នុងស្ថានណា។
- ស្ថាននោះមិនគួរនៅអាស្រ័យ ជាស្ថានចង្រៃឥតសុខា កំណត់ថ្ងៃមួយៗវេលា កុំនៅ ខំយាត្រាទៅឲ្យផុត។
- អ្នកធំច្រើនប្រាជ្ញច្រើនក្នុងទីណា សឹងប្រាថ្នាចង់ធំទីទៃៗ ការងារដែលធើ្វនោះពុំប្រពៃ ចុះក្នុងន័យហីនជោគលោកវិនាស។
- អ្នកសេវកាមាត្យចូលផ្គាប់បុណ្យ កុំបរិភោគកាមគុណស្មើក្សត្រា កុំគប្បីធើ្វអាកប្បកិរិយា ពោលវាចាកែងកោងមិនកោតក្រែង។
- កុំលាបគ្រឿងសុគន្ធពាក់មាលា ស្លៀកភូសាអង្គាឲ្យលើសលែងកុំសំអាងយ៉ាងយសព្រះគម្ដែង អញ្ជើញតែងឲ្យសមសភាពខ្លួន។
- អ្នកមានគុណវិជ្ជាចេះលើសលប់ បញ្ញាស្មើចមភពសព្វញ្ញតិញ្ញាណ តែគ្មានលោកជាធំនឹងរាប់អាន លើកតម្កល់ក្នុងស្ថានពុំបានល្អ។
- កែវមណីយ៉ាងថ្លៃកាត់ពុំបាន អាស្រ័យមាសជាស្ថានជាផ្ទះទ្រ ទើបមណីរុងរឿងឡើងលម្អ បើឥតមាសនឹងទ្រល្អម្ដេចបាន។
- អ្នកប្រាជ្ញឃើញភ័យពុំទាន់ដល់ យោបល់គិតវៀរពីចម្ងាយ លុះកាលឃើញភ័យមកដល់កាយ មុខនៅពព្រាយឥតភិតភ័យ។
- អ្នកអួតខ្លួនថាបរិសុទ្ធ អ្នកនោះប្រាកដជាសៅហ្មង អ្នកអួតថាខ្លួនចេះចម្បង ប្រាកដតែម្ដងគឺល្ងង់ខ្លៅ។ (សុង ស៊ីវ)ឃើញគេថ្កុំថ្កើង កុំចចើងតាមគេ ហួសមាឌខ្លួន
ប៉ុន្តែមិនត្រូវបន្ធូរបន្ថយព្យាយាមឡើយ។
ស្រង់ចាកសុភាសិត
សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយ
គណៈមហានិយា (ជោតញ្ញាណោ ជ.ណ)
ចៀសចាកអកុសល ក្ដីអំពល់ពីទុក្ខសោករូបរាងតែង
ស្មោកគ្រោក គួរឲ្យរកព្រះអរហំ។
ស្រង់ចាកសុភាសិត
សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយ
គណៈមហានិកាយ ចន្ទត្ថេរោ (ប្រាក់ ហិន)
បើជឿព្រះ ធើ្វតាមព្រះពិតប្រាកដ ទៅបួសក៏ចម្រើន
នៅជាគ្រហស្ថក៏ចម្រើន។
ស្រង់ចាកសុភាសិត
សម្ដេចព្រះធម្មលិខិត ឧត្តមប្រឹក្សា
(វជិរប្បញ្ញោ ល្វី ឯម)
តណ្ហាជាហេតុ សេចក្ដីទុក្ខជាផល ឧបាយរំលត់
ទុក្ខជាហេតុ និរោធធម៌ (ធម៌រំលត់ទុក្ខ) ជាផល។
នេះជាសច្ចធម៌ពិតណាស់
ស្រង់ចាកសុភាសិត
សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយក
គណៈមហានិកាយ
(ជោតញ្ញាណោ ជួន ណាត)
មនុស្សដែលចេះសម្អាត ខាងក្រៅខ្លួន ចិត្តខាងក្នុងក៏ស្អាតដែរ
បើបែរជាក្រខ្វក់ខាងក្រៅហើយ ចិត្តខាងក្នុងពិតជាក្រខ្វក់។
ស្រង់ចាកសុភាសិត
សម្ដេចព្រះធម្មលិខិត ឧត្តមប្រឹក្សា
(វជិប្បញ្ញោ ល្វី ឯម)
កិច្ចការដំបូង តែងតែមានទាស់ខុសខ្លះ
លុះត្រាតែថ្នឹកស៊ប់ស៊ាំ ទើបមិនភ្លាត់ត្លាំង
ខុសទៀត។
ស្រង់ចាកសុភាសិត
សម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយក
គណៈមហានិកាយ
(ជោតញ្ញាណោ ជួន ណាត)
មនុស្សអលជ្ជី ឈ្មោះថាស្លាប់ទាំងរស់ស្អុយទាំងស្រស់។
ស្រង់ចាកសុភាសិត
សម្ដេចព្រះធម្មលិខិត ឧត្តមប្រឹក្សា
(វជិរប្បញ្ញោ ល្វី ឯម)
បានត្រូវ មកពីស្គាល់ខុស បើមិនដូច្នោះទេ
រកត្រូវពុំឃើញឡើយ។
ស្រង់ចាកសុភាសិត
សម្តេចព្រះមហាសុមេធាធិបតី សង្ឃនាយ
គណៈមហានិកាយ
(ជោតញ្ញាណោ ជួន ណាត)
ត្រូវដឹងខ្លួនថា អាត្មាអញត្រូវចាស់ ត្រូវឈឺ ត្រូវស្លាប់
ត្រូវព្រាត់ប្រាសចាកពីគ្នីគ្នាគេចមិនរួច ព្រោះកើត
ក្នុងស្រុកចាស់ ឈឺ ស្លាប់។
ស្រង់ចាកសុភាសតិ
(ព្រះពោធិវ័ង្ស ហួត តាត)