សុង ស៊ីវ
សុង ស៊ីវ | |
---|---|
កើត | ថ្ងៃព្រហសត្បិ៍ ១៥កើត ខែកត្តិក ឆ្នាំកុរ ព.ស.២៤៦៥ គ.ស.១៩២២ បាក់ទូក ក្នុងសង្កាត់ទី៥ នៃក្រុងភ្នំពេញ កម្ពុជា |
អាជីព | អ្នកនិពន្ធ |
សញ្ជាតិ | ខ្មែរ |
សាលាចាស់ | វត្តលង្ការ |
ស្នាដៃចំបងៗ | ប្រមូលភាសិតខ្មែរ |
ពន្ធភាព | យឹម ស៊ី |
កូន | កូនពីរនាក់គឺកូនស្រីម្នាក់និងកូនប្រុសម្នាក់ |
សុង ស៊ីវ ជាអ្នកនិពន្ធមួយរូបដ៏ល្បល្បាញខ្លាំងក្លា ក្នុងសម័យ សង្គមរាស្ត្រនិយម។
ជីវប្រវត្តិ
[កែប្រែ]លោកអាចា្យ សុង ស៊ីវ កើតនៅថ្ងៃព្រហសត្បិ៍ ១៥កើត ខែកត្តិក ឆ្នាំកុរ ព.ស.២៤៦៥ គ.ស.១៩២២ នៅភូមិអន្លងសំ ណ សង្កាត់កំពង់ជីក្រែង ខេត្តសៀមរាប។ឪពុកឈ្មោះ អាំង ចាវ និងម្តាយឈ្មោះ តាន់ ស៊ុង។សុង ស៊ីវ មានបងស្រីម្នាក់ ឈ្មោះ អាំង លី និងប្អូនស្រីម្នាក់ឈ្មោះ អាំង ឆាយ។ តាមសៀវភៅមហាបុរសពុទ្ធសាសនានៅប្រទេសខ្មែរបានបញ្ញាក់ថា កុមារ សុង ស៊ីវ អាយុ៣ឆ្នាំ ត្រូវឪពុកអនិច្ចកម្ម ដោយរោគាពាធ បន្ទាប់មក គឺមិនយូរប៉ុន្មានម្តាយក៏បានអនិច្ចកម្មចោលទៀត។ កុមារ សុង ស៊ីវ និងបងប្អូនកំព្រាទាំង៣នាក់ នេះ រស់នៅក្រោមការថែរក្សាពីជីដូនជីតាខាងម្តាយនៅភូមិស្រុកដដែល។ អាយុ៧ឆ្នាំ កុមារ សុង ស៊ីវ ត្រូវបានជីដូនជីតានាំ ទៅសិក្សាអក្សរសាស្ត្រខ្មែរ បារាំងក្នុងសាលាបឋមសិក្សាកំពង់ក្តី ទីប្រជុំជនស្រុកជីក្រែង។
កុមារនេះ រៀនចប់ថ្នាក់មជ្ឈិមដ្ឋាន ត្រូវបន្តទៅសិក្សានៅខេត្ត តែត្រូវបានអាក់ខានដោយពេលនោះបារាំងច្បាំងជាមួយ នឹងសៀម។ ម្លោះហើយជីដូននាំទៅបួសជាសាមណេរ ក្នុងវត្តបុព្វទិសារាម (កំពង់ក្តី) ក្រោយមកបានបំពេញជា ភិក្ខុ ក្នុងវត្ត អន្លង់សំណ ហើយបានប្រឡងយកវិញ្ញាបនបត្រ សាលាបាលីរងក្នុងវត្តដំណាក់ ខេត្តសៀមរាប ជាប់លេខ១។ មកដល់ ព.ស.២៤៨៧ គ.ស.១៩៤៤ ភិក្ខុ សុង ស៊ីវ ប្រឡងចូលសាលាបាលីជាន់ខ្ពស់នៅភ្នំពេញ គឺពេលប្រឡងជាប់ ហើយនិមន្តមកស្នាក់អាស្រ័យនៅកុដិសម្តេចធម្មលិខិត ល្វី ឯម វត្តលង្ការ។ក្នុងឆ្នាំនេះដែរ កំពុងរៀនថ្នាក់ទី១សាលាបាលី ជាន់ខ្ពស់ ភិក្ខុ សុង ស៊ីវ ត្រូវបានសម្តេចធម្មលិខិត ល្វី ឯម តែងតាំងជាបាឡាត់ឧត្តមលិខិតសម្រាប់ទទួលភារៈកិច្ចទាក់ទង ជាមួយនឹងក្រសួងធម្មការ និងក្រសួងព្រះសង្ឃនាយក តាមបញ្ជាសម្តេច។ បួនឆ្នាំក្រោយមក ប្រឡងបានសញ្ញាបត្រ សាលា បាលីជាន់ខ្ពស់ ផុតថ្នាក់សិក្សាវិជ្ជាពុទ្ធសាសនាសម័យនោះ។
ពេលប្រឡងចេញជាប់សញ្ញាបត្រសាលាបាលីជាន់ខ្ពស់ ភិក្ខុ សុង ស៊ីវ ត្រូវសម្តេចធម្មលិខិត និមន្តឱ្យធ្វើគ្រូបង្រៀនសា លាបាលីរងវត្តលង្កា និងភិក្ខុសង្ឃប្រគល់សិទ្ធិឱ្យរៀបចំការសិក្សារក្នុងសាលាបាលី វត្តលង្កា ឱ្យមានរបៀបទាន់សម័យ ដែល មានសមណសិស្សភិក្ខុ សាមណេររាប់ពាន់អង្គ។លក្ខណៈពិសេសរបស់អាចារ្យសុង ស៊ីវ គឺមានតុល្យភាពខាងការនិយាយ និងការសរសេរដូចគ្នា ហើយក្រោយមកលោកបានលាចាកសិក្សាបទនៅចុងឆ្នាំ១៩៥២។
ជាមួយគ្នានេះដែរ ក្នុងសៀវភៅដដែលបានបញ្ជាក់ទៀតថា លោកអាចារ្យ មានឧត្តមគតិធ្ងន់ទៅលើរបរពាណិជ្ជកម្ម ឧស្សាហកម្មផ្សំនឹងសមត្ថភាពខាងសំណេរផង ក៏បានក្លាយទៅជាកូនឧស្សាហករមួយរូប ក្នុងសម័យ សង្គមរាស្ត្រនិយម មិន យកជីវិតខ្លួននិងជីវិតគ្រួសារទៅប្រជ្រៀតផ្ញើនឹងថវិកាជាតិឡើយ មិនបានបង់ខាតក្រដាស់មួយសន្លឹកធ្វើដឺម៉ង្ត សុំប្រឡងប្រ ជែងដណ្តើមកៅអីក្នុងតំណែងរាជការណាមួយឡើយ។ ព្រោះតែហេតុដូចនេះ ទើបនៅដើមឆ្នាំ១៩៥៣ លោកបានដាក់ខ្លួន ធ្វើជាបុគ្គលិកស៊ីឈ្នួលកែវិញ្ញាសារ ក្នុងរោងពុម្ពជនបទបរទេស ហ្វឹកហាត់កាយវាចាចិត្តជាឧស្សាហករ ឱ្យមានបច្ចេកទេស ក្នុងការទិញនិងលក់ ការគិតបញ្ជី (គណនេយ្យករ) បង់ពន្ធដារ ការប្រើកម្មករ ការប្រើគ្រឿងម៉ាស៊ីន។ល។ ដែលត្រូវផលិត ចេញពីរោងពុម្ព។
លោកធ្វើការបានចំនួនមួយឆ្នាំ នៅឆ្នាំ១៩៥៤ លោកមានសមត្ថភាពគ្រប់គ្រាន់ជាផលិតករ ផ្នែករោងពុម្ពហើយ ពេល នោះក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងនាង យឹម ស៊ី ដែលមានលំនៅឋានក្នុងក្រុងភ្នំពេញ ហើយបានបើករោងពុម្ពមួយ ឈ្មោះ រោងពុម្ពជាតិ ក្នុងឆ្នាំ១៩៥៥។ លោកអាចា្យ សុង ស៊ីវ មានជីវភាពតាមសមត្ថភាព តាំងពីឆ្នាំ១៩៥៥ រហូតដល់ចុង ឆ្នាំ១៩៦៦ បើកបណ្ណាគារមួយទៀតឈ្មោះ បណ្ណាគារប្រជាប្រិយ។
លោក សុង ស៊ីវ ប្រហែលជាអនិច្ចធម្មក្នុងឆ្នាំ១៩៧៥ រវាងជន្មាយុ ៥៣ឆ្នាំ។
គ្រួសារ
[កែប្រែ]គ្រួសារលោក សុង ស៊ីវ អ្នកស្រី យឹម ស៊ី មានកូនពីរ នាក់គឺកូនស្រីម្នាក់និងកូនប្រុសម្នាក់។
កេរដំណែល
[កែប្រែ]ប្រេតតាមជំនឿនិងការរៀបរាប់តំណាលតៗ
[កែប្រែ]លោក សុង ស៊ីវ បានបញ្ជាក់ថា ប្រេតក្នុងលោកនេះមានចំនួន ១២ ប្រភេទ យោងតាមជំនឿនិងការរៀបរាប់តំណាលតៗមក មកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក[១] ហើយប្រេត សូចិមុខ ជាប្រេតដែលមានមាត់ប៉ុនម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុលធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។[២]
អត្ថន័យបុណ្យភ្ជុំបិណ្ឌ
[កែប្រែ]បើតាមអត្ថបទរបស់ លោក សុង ស៊ីវ បានបញ្ចេញទស្សនៈយ៉ាងនេះថា ការធ្វើ បុណ្យភ្ជុំបិណ្ឌ មានអត្ថន័យ៣យ៉ាងគឺ :
- ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល ( បេតៈ ជាពាក្យបាលី ឯប្រេត ជាពាក្យសំស្ក្រឹត) ប្រែថាអ្នកស្លាប់ ។
- ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន ។
- ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលា កំណត់ទាំងការធ្វើនំគម នំអន្សមពេញទូទាំងព្រះរាជាណាចក្រកម្ពុជា ។[៣]
ស្នាដៃ
[កែប្រែ]លោកបានបន្សល់ទុកនូវស្នាដៃ គឺបានសាងសង់តូបមួយខ្នងក្នុងវត្តលង្កា ឧទ្ទិសចំពោះសង្ឃ។ការតែងនិពន្ធសៀវភៅ មានពីរចំណែក គឺតែងនិពន្ធកាលនៅជាបព្វជិត និងការតែងនិពន្ធក្នុងពេលមកជាគ្រហស្ថ។សៀវភៅដែលបានតែងនិពន្ធ ក្នុងពេលជាបព្វជិត គឺរួមមាន៖
- វចនប្រទីប
- ត្រៃកូដធម៌
- ល្បើកប្រែតភាគ១ដល់ភាគ២(កាព្យ)
- ប្រជុំនិទានជាតក ភាគ១ដល់ភាគ៧
- ទាយកបរិហារ ៦ កប្បកថា ៧ ប្រស្នាចតុប្បសរិសុទ្ធិសីល
- សុភាសិតសង្គ្រោះ
- ទូរេនិទានប្បញ្ហា
- អរិយមគ្គាធិប្បាយ
- ធម្មប្រទីប
- ប្រជុំកងវិន័យ
- សំយោគវិភាគ
- ប្រជុំពុទ្ធប្បវត្តិ។
ចំណែកសៀវភៅដែលតែងនិពន្ធក្នុងពេលគ្រហស្ថ គឺរួមមាន៖
- ដំណឹងពាក់កណ្តាលសាសនា
- មធុរទេសនា
- សាសនប្រវត្តិ
- ប្រជុំរឿងព្រេងនិងភាសិតភាគ ១-២
- ប្រស្នាសាសនប្រតិបត្តិ
- អនុបុព្វីកថាធិប្បាយ
- អបាយមុខ ទំនើប(កាព្យ)
- ភាសាវិរុទ្ធ
- ប្រវត្តិព្រះនាងឥសិកាសីថេរី
- តម្រាឱ្យឈ្មោះកូន
- វែកញែកទម្លាប់ទំនៀមឈា បនកិច្ច
- ព្រះរស់
- សុជីវធម៌ប្រចាំសង្គមប្រចាំគ្រួសារ
- ជំនឿចាស់មនុស្សថ្មី
- គិហិបដិបត្តិពិស្តារ
- ប្រមូលភាសិត
- ប្រជុំបុញ្ញប្រវត្តិ
- សង្គហធម៌
- ធម្មាទាសកថា
- ឃរាវាសធម៌
- មិត្តកថា
- សតិសម្បជញ្ញកថា
- ប្រវត្តិចៅអធិការវត្តលង្កា
- មនុស្សលោក
- ជីវិតបដិវត្តន៍
- រឿងព្រេងខ្មែរ
- ចលនាអារ្យធម៌ភាគ១-២ និង
- សាធារណរដ្ឋថ្មី វិថីចិត្តចាស់។ល។[៤]
ឯកសារយោង
[កែប្រែ]- ↑ "ជិតដល់ថ្ងៃកាន់បិណ្ឌហើយ មកដឹងពីប្រភេទប្រេតក្នុងជំនឿសាសនា". កម្ពូជាថ្មី. ១៥ កញ្ញា ២០២១. https://www.kampucheathmey.com/belief/199209.
- ↑ "ម្ហូបមួយមុខទាក់ទងនឹងពពួកប្រេត កូនចៅខ្មែរចោលមិនបាន ក្នុងពិធីកាន់បិណ្ឌថ្ងៃទីមួយ". កម្ពូជាថ្មី. ២២ កញ្ញា ២០២១. https://www.kampucheathmey.com/belief/202524.
- ↑ "ជុំបិណ្ឌមិនមែនគ្រាន់តែដើម្បីឧទ្ទិសបុណ្យដល់ប្រេតប៉ុណ្ណោះទេ". កោះសន្តិភាព. ១៨ កញ្ញា ២០១៩. https://kohsantepheapdaily.com.kh/article/930538.html.
- ↑ វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ