Jump to content

ពន្លឺនាវាត្រៃលក្ខណ៍ ពាក្យប្រារព្ធ

ពីវិគីភីឌា

ពាក្យប្រារព្ធ

[កែប្រែ]



បុព្វហេតុនាំឲ្យសៀវភៅនេះកើតឡើង ដោយអាស្រ័យហេតុ២យ៉ាងគឺ៖



  • ១- ដោយអាស្រ័យអភូតហេតុនៃឧបាសក២រូប គឺឈ្មោះសញ្ញា១ ឈ្មោះវិញ្ញាណ១ ចូលទៅ ក្រាបថ្វាយបង្គំ ទូលសួរបញ្ហាធម៌ អំពីនាវាត្រៃលោក នាវាត្រៃលក្ខណ៍

និងវិបស្សនាកម្មដ្នាន ចំ ពោះព្រះបញ្ញាអាភា សុំឲ្យលោកសម្តែង បំភ្លឺផ្លូវវិបស្សនាធុរ: ជាមាគ៌ាដ៏ត្រង់ ឆ្ពោះទៅកាន់មគ្គ ផលនិព្វាន ដើម្បីទុកជាខវត្តិប្រតិបត្តិ សម្រាប់អ្នក

វិបស្សនាយានិកតទៅ ។ ព្រះបញ្ញាអាភា បាន សំដែងពន្យល់ អំពីរឿងនោះ យ៉ាងទូលំទូលាយ តាំងអំពីដើមដរាបចប់ ។ កាលលោកសំដែងចប់ហើយ អ្នកសញ្ញានិង

អ្នកវិញ្ញាណ មានសេចក្តីជ្រះថ្លាជាខ្លាំង ដរាបបន្លឺឧទានវាចារថា ពិរោះណាស់ ៗ ច្បាស់ណាស់ ៗ ល្មមជា ខវត្តិប្រតិបត្តិ បានហើយ ។

  • ២- ដោយយល់ឃើញថា នាវាត្រៃលោក នាវាត្រៃលក្ខណ៍ និងវិបស្សនាកម្មដ្នាននេះ អាចបាន ជាប្រទីបមួយ សម្រាប់ជួយបំភ្លឺផ្លូវ វិបស្សនាធុរ: មួយភាគយ៉ាងធំ

ចំពោះអ្នករាប់អាន ព្រះពុទ្ធ សាសនា ទាំងជាគោលធម៌ អាចនាំដំណើរ អ្នកបដិបត្តិ ឆ្ពោះទៅរកមគ្គផលនិព្វាន បានទៀតផង ។ អាស្រ័យហេតុ ទាំងពីរខាងលើនេះ

ទើបខ្ញុំមានកម្លាំងព្យាយាម រៀបរៀងរឿងនេះឡើង ដរាប បានសម្រេច ជាសៀវភៅមួយ ឲ្យឈ្មោះថា នាវាត្រៃលោក នាវាត្រៃលក្ខណ៍ និងវិបស្សនា បញ្ហាធម្មបរិយាយ ។

ក្នុងផ្ទៃសៀវភៅនេះ ខ្ញុំតាំងជាពាក្យ ចោទឆ្លើយ ដូចជាមានមនុស្ស៣នាក់ សាកសួរគ្នាគឺ អ្នកសញ្ញា១ អ្នកវិញ្ញាណ១ ព្រះបញ្ញាអាភា១ ។ ខ្ញុំសង្ឃឹមទុកថា លោកអ្នកអាន

និងលោកអ្នក បដិបត្តិទាំងឡាយ ដែលអាននិងបដិបត្តិ ដោយប្រើ វិចារណប្បញ្ញាប្រកបផង មុខជានឹងឃើញច្បាស់ នូវធម៌ពិត ធម៌មែន ដោយខ្លួនឯង ក្នុងរយ:កាលណា

មួយពុំខានឡើយ ។

ខ្ញុំសូមអភ័យទោស អំពីសំណាក់ លោកអ្នកប្រាជ្ញ ទាំងឡាយគ្រប់ប្រភេទ ទោះជាអ្នកប្រាជ្ញខាង ផ្លូវវិបស្សនាធុរ:ក្តី អ្នកប្រាជ្ញខាងផ្លូវគន្ថធុរ:ក្តី បើអានទៅហើយ ឃើញមានវិបត្តិ

ឬឆ្គាំឆ្គងត្រង់ ន័យណាមួយ សូមមេត្តាកែតម្រូវ ឲ្យបានត្រឹមត្រូវល្អផង ដើម្បីជាកិច្ចអនុគ្រោះ ចំពោះព្រះពុទ្ធ សាសនា ។ កាលខ្ញុំរៀបរៀង ចប់សព្វគ្រប់ហើយ បានប្រគេនទៅភិក្ខុ

ទត្តត្ថេរប្បបញ្ញោលុយ ទ្រឿន អរញ្ញវាសី ភូមិភ្នំល្ហុងឃុំព្រាល ស្រុករវៀង ខែត្រព្រះវិហារ ឲ្យជួយសរសេរសំណៅ និងពិនិត្យកែ លុះលោកសរសេរចប់ហើយ បានជូនទៅលោក

អ៊ិន ឆាយ សុំឲ្យលោកជួយលៃលក រកទីពឹងព្រះថេរ:អង្គណាមួយ ឯក្រុងភ្នំពេញ ជួយពិនិត្យកែសម្រួល ឲ្យបានត្រឹមត្រូវល្អ តាមពុទ្ធោវាទ ។ លោក អ៊ិន ឆាយ បាននាំច្បាប់នេះ

ទៅប្រគេន ព្រះធម្មត្រៃលោកាចារ្យ ច័ន្ទ សាលី ធម្មធីរោ វត្តបទុមវតីរាជវរារាម ភ្នំពេញ សុំឲ្យជួយពិនិត្យកែសម្រួល ។ ព្រះធម្មត្រៃលោកាចារ្យ បានទទួល ដោយយកព្រះទ័យ

ទុកដាក់ ជួយពិនិត្យសរសេរជាថ្មី ហើយកែសម្រួលគោលធម៌ ឃ្លាល្បះ និងអក្ខរាវិរុទ្ធ រហូតដល់បានជារូបរាង​សៀវភៅនេះសម្រេចឡើង ។ តែនៅពុំទាន់អស់សេចក្តី

សង្ស័យក្នុងចិត្ត ទើបបានប្រគេនព្រះធម្មរោត្តម តុង ឈួន ចន្ទវជីរោ បទុមវតីរាជវរារាម ភ្នំពេញ ឲ្យជួយពិនិត្យថែមទៀត និងជូនលោក ប៊ូ ប៉ូ (អតីតក្រុមជំនុំ​ ព្រះត្រៃបិដក

ក្រសួងសាសនបណ្ឌិត្យ) ឲ្យជួយពិនិត្យជាថ្មីម្តងទៀត ។ លោក ប៊ូ ប៉ូ ក៏បានជួយពិនិត្យ ដោយសព្វគ្រប់ ឃើញថាធម៌នេះ មានអត្ថន័យទូលំទូលាយ ទាំងមានប្រយោជន៍

ដល់អ្នកអាន អ្នកបដិបត្តិ ឲ្យភ្លឺស្វាង នាំចិត្តទៅរកសន្តិសុខ សន្តិភាពបានស្រួល ល្មមចារឹកបោះពុម្ព ទុកជាធម្មប្រទីបមួយ ក្នុងពុទ្ធសាសនមណ្ឌល ។ ទើបបានចារ

សេចក្តីយល់ឃើញ នៅខាងមុខ ដូចមាននៅទំព័រ ខាងមុខនេះស្រាប់ ។

សិរិបញ្ញាភិក្ខុ ឱក ណែម
នទីសមីបារាម (មហាពោធិ៍)
ឃុំគង់នយ ស្រុកកណ្តាលស្ទឹង ខែត្រកណ្តាល



សេចក្តីពិនិត្យ និង សេចក្តីយល់ឃើញ

[កែប្រែ]



ខ្ញុំបានពិនិត្យដោយម៉ត់ចត់ នូវសៀវភៅនាវាត្រៃលោក និងនាវាត្រៃលក្ខណ៍នេះ ចប់សព្វគ្រប់ហើយ យល់ឃើញថា សៀវភៅនេះត្រឹមត្រូវ តាមត្រៃសិក្ខាទាំង៣ គឺសីល សមាធិ បញ្ញា

និង ត្រឹមត្រូវតាមបាលី ឧទ្ទេសក្នុងគម្ពីរវិសុទ្ធិមគ្គថា:

សីលេ បតិដ្នាយ នរោ សប្បញ្ញោ ចិតុំបញ្ញញ្ច ភាវយំ
អាតាបី និបកោ ភិក្ខុសោ ឥមំ វិជដយេ ជដន្តិ



នរជនអ្នកឃើញភ័យក្នុងវដ្ត ជាអ្នកមាន បញ្ញាចាស់ក្លា មានព្យាយាម ដុតកម្លោចកិលេស កាលបើបានស្ថិតនៅ ក្នុងសីលវិសុទ្ធិហើយ គប្បីចំរើន នូវចិត្តវិសុទ្ធិ និងបញ្ញាគឺទិដ្និវិសុទ្ធិទៀត

ទើបអាចកាត់ផ្តាច់ នូវគ្រឿងបណ្តាញ ពោលគឺកិលេស ដូចជាគ្រឿងសាំញ៉ាំនៃឫស្សី ឲ្យជ្រះដាច់ស្រឡះបាន ។

ម៉្យាងទៀត វិបស្សនាបញ្ហាធម្មបរិយាយនេះ មិនមែនជាវិបស្សនាក្លែងក្លាយ អែបនែបទៅខាង មន្តអាគមគាថា កាប់មិនមុត ដុតមិនឆេះនោះទេ គឺជាវិបស្សនា យ៉ាងល្អិតសុខុម

គួរជាទីប្រព្រឹត្ត របស់ព្រះយោគាវចរ ទូទៅពិតប្រាកដណាស់ ។

ភ្នំពេញ ថ្ងៃទី ៩ កញ្ញា ១៩៦៥
ប៊ូ ប៉ូ
អតីតក្រុមជំនុំព្រះត្រៃបិដក ពុទ្ធសាសនបណ្ឌិត្យ

ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី១
ពន្លឺនាវាត្រៃលក្ខណ៍​ វគ្គទី២
ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៣
ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៤
ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៥
ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៦
ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៧
ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៨
ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី៩
ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទី១០
ពន្លឺនាវាត្រៃលក្ខណ៍ វគ្គទីបញ្ចប់