ព្រហ្មចក្រព័ត្រាធិរាជ
ព្រហ្ម | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | គ.ស ៩៥១-៩៥៩ | ||||
រាជ្យមុន | ព្រះបាទសែណ្ណ័ករាជ | ||||
រាជ្យបន្ត | ? | ||||
ស្វាមី/មហេសី | នាងកែសនី | ||||
| |||||
បិតា | ប្រាជ្ញ | ||||
មាតា | តន់ | ||||
ប្រសូត | គ.ស ៨៤៩ ស្រុកឈើទាលប្រឱប ខេត្តសំរោងទង | ||||
សុគត | គ.ស ៩៥៩ មហានគរ |
ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ រឺ តាព្រហ្មឈ្មួញគោ (គ.ស ៨៤៩-៩៥៩) រជ្ជកាល (គ.ស ៩៥១-៩៥៩) បន្ទាប់ពីស្ដេចព្រះនាមសែណ្ណ័ករាជ ឬស្ដេចពាល ដែលទើបតែអាយុ ១៦ ឆ្នាំ បានឡើងសោយរាជ្យបន្ដពីបិតា សោយរាជ្យបាន ១០ ឆ្នាំ ស្ដេចពាលក៏ចូលទិវង្គតទៀត ដោយគ្មានទុកនូវបុត្រាបុត្រីសម្រាប់បន្ដរាជ្យឡើយ។ នៅចំពោះព្រឹត្ដិការណ៍ដូច្នេះ នាម៉ឺនមុខមន្ដ្រីទាំងឡាយនាំគ្នារៀបចំកោះប្រជុំអស់ព្រះរាជ វង្សានុវង្ស ដើម្បីជ្រើសរើសរកស្ដេចអង្គណាមួយ ដែលមានសមត្ថភាព បុណ្យបារមី អាចនឹងឡើងសោយរាជ្យសម្បត្ដិគ្រប់គ្រងដឹកនាំប្រទេសខ្មែរតទៅ អនាគត។ តាព្រហ្មឈ្មួញគោ ក៏បានសោយរាជ្យបន្តដោយមានគោរម្យនាមថា ព្រះបាទ ព្រហ្មចក្រព័ត្រាធិរាជ ជាព្រះមហាក្សត្រខ្មែរទី ២៤។
ប្រវត្តិ
[កែប្រែ]និទានកាលនោះវិញ នៅស្រុកឈើទាលប្រឱប ក្នុងខេត្ដសំរោងទង មានប្ដីប្រពន្ធពីរនាក់រស់នៅដោយក្ដីសុខសាន្ដប្ដីឈ្មោះប្រាជ្ញ ប្រពន្ធឈ្មោះនាងតន់។ ក្នុងឆ្នាំម្សាញ់ ព.ស ១៣៩២ ត្រូវជាគ.ស ៨៤៩ បើតាមពង្សាវតារវត្ដទឹកវិល នាងតន់សម្រាលបានកូនប្រុសមួយ អាយុទើបតែបានប្រមាណបីខែ ស្រាប់តែទារកនោះបាត់ខ្លួន ដោយអាថ៌កំបាំងជាទីបំផុតទោះបីជាគេខំរកដូចម្ដេចក៏រកមិនឃើញដែរ។
៣៥ ឆ្នាំកន្លងមក បុរសម្នាក់ចេញមុខលេចមករកជួបអ្នកប្រាជ្ញ និងនាងតន់ ដោយបញ្ជាក់ថា ខ្លួននេះហើយជាកូន ខ្លួនមកនេះគឺដើម្បីបម្រើឪពុកម្ដាយដែលកាន់តែចាស់ជរា បុរសជាកូនបានរៀបរាប់ជម្រាបជូនមាតាបិតា អំពីបុព្វហេតុនៃការបាត់ខ្លួន និងព្រឹត្ដិការណ៍អស្ចារ្យ ដែលអ្នកសច្ចំបានរើសយកទៅចិញ្ចឹម បង្ហាត់បង្រៀនអប់រំប្រៀនប្រដៅអស់គ្រប់មុខវិជ្ជា វេទមន្ដសិល្ប៍សាស្ដ្រដែលធ្វើឲ្យខ្លួនគេមានកម្លាំងពលំមាំមួន ខ្លាំងក្លាស្មើនឹងដំរីសារប្រាំពីរ។ បានយល់ឃើញដឹងឮដូច្នេះ បុរសប្ដីប្រពន្ធនាំគ្នាខំសង្កេតពិនិត្យមើលរូបរាង អាកប្បកិរិយាឫកពានាយកំលោះនោះ ហើយក៏មានជំនឿជឿជាក់ថាពិតជាកូនរបស់ខ្លួនប្រាកដមែន។ អ្នកប្រាជ្ញ និងនាងតន់ បានដាក់ឈ្មោះឲ្យថា ព្រហ្ម។ ចៅព្រហ្មមានកម្ពស់ ៦ហត្ថ (១ ហត្ថមានប្រវែងប្រហែល ០,៥០ម អញ្ជឹងត្រូវជា ៣ ម៉ែត្រ)។
ថ្ងៃមួយ ឪពុកម្ដាយទាំងពីរនាក់ នឹកគិតចង់រៀបចំទុកដាក់កូនចៅឲ្យមានគ្រួសារ គាត់បាននាំគ្នាចូលទៅសុំចងស្ពានមេត្រី ស្ដីដណ្ដឹងនាងកែសនី បុត្រីពញាស្រី និងនាងកែវ ទុកដាក់ជាភរិយាគូគាប់ចៅព្រហ្ម។ ចៅព្រហ្មអាយុបាន ៥៨ ឆ្នាំឪពុកម្ដាយចែកស្ថានចាកចោលទៅ ដោយទុកគោញីមួយនឹម សម្បុរត្នោត និងពណ៌ស ជាកេរ្ដិ៍។ ពីថ្ងៃនោះមក ចៅព្រហ្ម និងនាងកែសនី ពីរនាក់ប្ដីប្រពន្ធ រកស៊ីទិញគោលក់គោ រហូតទាល់តែមានបានទ្រព្យសម្បត្ដិធនធានសម្បូរហូរហៀរយ៉ាងច្រើន មានមនុស្សខ្ញុំកំដរ បម្រើដល់ទៅ ៥០០ នាក់ អ្នកស្រុកអ្នកភូមិបានដាក់ឈ្មោះឲ្យថា តាព្រហ្មឈ្មួញគោ។
សម័យកាល មួយ តាព្រហ្ម និងភរិយានាំមនុស្សម្នាខ្ញុំបម្រើចេញទៅលក់គោនៅតំបន់ក្រៅ។ ទៅដល់តំបន់ថ្ពង គេនាំគ្នាឈប់សម្រាកយកកម្លាំងក្រោមដើមឈើទាល នាងកែសនីចាប់ផ្ដើមដាំស្លចម្អិនអាហារបាយទឹក គ្រានោះ តាព្រហ្មដែលផ្អែកខ្នងទៅលើដើមឈើទាលងើបក្បាលក្រឡេកមើលលើ ស្រាប់តែប្រទះឃើញពស់វែកធំពីរ មួយឈ្មោលមួយញីធំដូចដើមត្នោតប្រវែងប្រហែល ១២ ព្យាម (១ព្យាម មានប្រវែងប្រហែលជា២ម៉ែត្រ ត្រូវជា ២៤ ម៉ែត្រ) កំពុងតែរួតរឹតរមូលខ្លួនខ្មាញ់រួមរក្សសង្វាសគ្នាលើមែកឈើ។ តាព្រហ្ម ក៏ស្ទុះទៅរើសចាប់យកដុំថ្មមួយផ្ទាំងធំយ៉ាងធ្ងន់ គប់ចោលសំដៅសម្លាប់ពស់វែកទាំងពីរ រំពេចនោះ ទេវតានៅដើមជ្រៃ ដែលថែរក្សាទឹកដីព្រៃភ្នំក៏តំណែងខ្លួនជាសមណសង្ឃនិមន្តដើរ តម្រង់មករកតាព្រហ្ម។ តាព្រហ្ម និងនាងកែសនីរីករាយណាស់ បាននិមន្ដព្រះសង្ឃឲ្យចូលទៅគង់ ហើយពិតទូលលោកអំពីហេតុការណ៍ដែលទើបតែកើតមាន។ ព្រះសមណបានមានសង្ឃដិកាបញ្ជាក់ថា ពស់ទាំងពីរនេះជាពស់វែកភ្នំ ហើយក៏ជាពស់របស់ព្រះអង្គ។ ព្រះអង្គបានបន្ដទៅទៀតថា ពស់វែកភ្នំទាំងពីរចង់សាកល្បងមហិទ្ធិឫទ្ធិ ជាមួយនឹងតាព្រហ្ម។ ឥឡូវពស់វែកភ្នំនោះចាញ់ហើយ ដូច្នេះក្នុងរយៈពេលមួយឆ្នាំទៀត តាព្រហ្មនឹងមានសំណាងដល់ពេលបានឡើងសោយរាជសម្បត្ដិប្រទេស កម្ពុជា ហើយនិងបានការពារលើកស្ទួយតម្កើងព្រះពុទ្ធសាសនាជាមិនខាន។ មានពុទ្ធដីកាទស្សន៍ទាយចប់ដល់ត្រឹមនេះ ព្រះសាមណេរ និងពស់វែកភ្នំទាំងពីរក៏បំបាំងខ្លួនបាត់មួយរំពេចទៅដែរ។
តាព្រហ្មនឹកឆ្ងល់ណាស់ ក៏សម្រេចចិត្ដមិនធ្វើដំណើរនាំគោទៅលក់ឯកំពង់សោមទេ។ គាត់នាំប្រពន្ធ អ្នកបម្រើ និងគោត្រលប់មកកោះឫស្សីកែវវិញ។ ធ្វើដំណើរមកដល់ស្ទឹងទទឹងថ្ងៃ គាប់ជួនពេលព្រលប់យប់មកដល់ តាព្រហ្មនាំគ្នាឈប់សម្រាកនៅទីនោះ យប់នោះតាព្រហ្មសុបិនឃើញព្រះមួយអង្គ យកព្រះអាទិត្យមកប្រគល់ឲ្យគាត់។ ងើបភ្ញាក់ពីនិទ្រាតាព្រហ្មនឹកពិភាល់ក្នុងចិត្ដណាស់ នាំភរិយាចុះទូកអុំទៅវត្ដកោះស្លាកែត ដើម្បីសុំលោកគ្រូចៅអធិការទស្សន៍ទាយមើលជោគជតាវាសនារបស់ខ្លួន។ មកដល់ទន្លេបួនមុខ ភ្លៀងព្យុះសង្ឃរាមួយយ៉ាងធំបានបោកបក់មកលើ ធ្វើឲ្យទូកតាព្រហ្មលិចលង់កណ្ដាលទន្លេ។ រហ័សដូចផ្លេកបន្ទោរ តាព្រហ្មចាប់កញ្ឆក់ដៃនាងកែសនីហក់លោតផ្លោតទៅដល់ត្រើយ។ កន្លែងនោះមានឈ្មោះថា ជ្រោយតាព្រហ្ម ជាប់រហូតមកដល់សព្វថ្ងៃ។
ឆ្លងផុត គ្រោះថ្នាក់លង់ទូកហើយ តាព្រហ្ម និងភរិយានាំគ្នាធ្វើដំណើរបន្ដទៅទៀត។ មកដល់ស្រុកកៀនស្វាយក្នុង ស្រាប់តែមានខ្លាបង់បត់ពីរចេញមកដេញខាំរកស៊ីប្ដីប្រពន្ធទាំងពីរ។ ប៉ុន្ដែតាព្រហ្មរហ័សជាង ចាប់ដំបងវាយសម្លាប់ខ្លាទាំងពីរនោះបានដូចសេចក្ដីប្រាថ្នា។ បន្ទាប់មកគាត់លីខ្លាទាំងពីរ យកទៅប្រគេនលោកគ្រូមេវត្ដ។
សង្កេតមើលឃើញ និងស្គាល់គ្រប់អស់ភិនភាគនិស្ស័យតាព្រហ្ម លោកគ្រូចៅអធិការយល់ស្គាល់ច្បាស់ថា តាព្រហ្មជាអ្នកមានបុណ្យ ដែលត្រូវសោយរាជ្យក្នុងប្រទេសកម្ពុជា និងត្រូវលើកស្ទួយតម្កើងព្រះពុទ្ធសាសនាទៅអនាគត។ តែតាព្រហ្មមិនបានអាយុវែងទេ ពីព្រោះគាត់មានកម្មពៀរវេរា ដោយបានសម្លាប់ពស់ទាំងពីរ និងខ្លាទាំងពីរ។ ព្រះគ្រូចៅអធិការ បានមានសង្ឃដីកាបញ្ជាក់ប្រាប់តាព្រហ្មថា គាត់នឹងបានឡើងសោយរាជ្យ ហើយនឹងត្រូវការពារព្រះពុទ្ធសាសនា។ព្រះសង្ឃបានចង្អុលបង្ហាញ ឲ្យធ្វើដំណើរតម្រង់ទៅតាមទិសខាងជើងឆៀងខាងកើត នោះនឹងបានសម្រេចដូចសេចក្ដីប្រាថ្នាជាមិនខាន។
ឆ្នាំរកា ព.ស ១៤៩៤ត្រូវជា គ.ស ៩៥១ តាព្រហ្មអាយុបាន ១០២ ឆ្នាំ។ គ្រានោះ តាព្រហ្មនិងភរិយា ព្រមទាំងខ្ញុំកំដរប្រុសស្រី នាំហ្វូងគោឆ្លងកាត់ទន្លេទៅដល់ភូមិអរិយក្សត្រ បន្ដទៅដល់ពាមផ្កាយម្រេច ឆ្លងទៀតទៅដល់ស្រុកជីរោ សព្វថ្ងៃគឺស្រុកត្បូងឃ្មុំ រហូតទៅដល់ខេត្ដកំពង់ចាម និងកំពង់សៀម (នៅកំពង់សៀម ក្នុងខេត្ដកំពង់ចាម រូងភ្នំ ជាកន្លែងដែលតាព្រហ្មរក្សាទុកដាក់ស្នា មានឈ្មោះថាតុតាព្រហ្មជាប់រហូតរៀងមក) តាព្រហ្មនិងភរិយានាំគ្នារៀបចំសង់ទីលំនៅនៅទីនេះហើយប្រកបមុខរបរ កសិកម្មធ្វើស្រែចម្ការ និងចិញ្ចឹមគោ។
ថ្ងៃមួយ តាព្រហ្មនាំខ្ញុំកំដរ និងគោទៅលក់ឯមហានគរ។ គ្រានោះ ព្រះឥន្ទ្រ ព្រះព្រហ្ម ទេពតាតូចធំ គុណបុណ្យបារមី និងវត្ថុស័ក្ដិសិទ្ធទាំងឡាយបានបង្កើតធ្វើឲ្យស្នូរជើងគោត្រដោក លាន់ឮសូរគគ្រឹកគគ្រេងទ្រហឹងអឺងកង ខ្ទរខ្ទារសុះសាយពាសពេញព្រៀបមកលើមហានគរ ។ សព្វអស់នាម៉ឺនមុខមន្ដ្រី និងប្រជាពលរដ្ឋ ដែលកំពុងតែដោះស្រាយបញ្ហាស្នងរាជ្យបន្ដពីស្ដេចពាល ឬព្រះសែណ្ណ័ករាជ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខំងាកក្រឡេកសម្លឹងមើលទៅតាមទិសដែលឮសូរស្នូរសំឡេង ក៏ស្រាប់តែឃើញមានឥន្ទចន្ទប្រាំពីរជាន់ ប្រក់ព្រំការពារពីលើតាព្រហ្ម ដូចជាគេបាំងក្លស់ឲ្យ។ ក្លស់ឥន្ទចន្ទនោះ មានពណ៌ចម្រុះ ខៀវ ស បៃតង ក្រហម លឿង មើលទៅគួរឲ្យអស្ចារ្យសម្បើមពេកក្រៃ។
ដោយ យល់ឃើញថា តាព្រហ្មជាមនុស្សមានបុណ្យបារមី មានអាយុវែងជាងមនុស្សធម្មតា ប្រជានុរាស្ដ្រខ្មែរទូទៅ ព្រមទាំងនាម៉ឺនមុខមន្ដ្រីបានចុះសម្រុងមូលមតិគ្នា សុំឲ្យគាត់ឡើងគ្រប់គ្រងរាជសម្បត្ដិប្រទេសកម្ពុជា។ តាព្រហ្មឈ្មួញគោបាននាំមកនូវសេចក្ដីសុខក្សេមក្សាន្ដ សន្ដិភាព ចម្រុងចម្រើន គ្រប់ប្រការដល់ប្រទេសជាតិ។ ពង្សាវតារវត្ដទឹកវិលបានបញ្ជាក់ថា ព្រះអង្គបានកសាងប្រាសាទជាច្រើន ដូចជាប្រាសាទតាព្រហ្មជាដើម ។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
មុនដោយ ព្រះបាទសែណ្ណ័ករាជ |
មហានគឬ | តដោយ អត់ស្គាល់ |