សែណ្ណ័ករាជ
សែណ្ណ័ករាជ រឺ ស្ដេចពាល | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | គ.ស ១១៩៥-១២៣៨ | ||||
រាជ្យមុន | ព្រះបាទសិង្ខក័ង្ខា | ||||
រាជ្យបន្ត | ព្រះបាទសីហនុរាជ រឺ ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ (ពង្សាវតារវត្តទឹកវិល) | ||||
ស្វាមី/មហេសី | ព្រះនាងយស | ||||
បុត្រ | សីហនុកុមារ | ||||
| |||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
បិតា | ព្រះបាទសិង្ខក័ង្ខា | ||||
មាតា | ព្រះនាងពៅ | ||||
ប្រសូត | គ.ស ១១៧០ មហានគរ | ||||
សុគត | គ.ស ១២៣៨ មហានគរ |
ព្រះបាទសែណ្ណ័ករាជ រឺ ស្ដេចពាល (គ.ស ១១៧០-១២៣៨) រជ្ជកាល (គ.ស ១១៩៥-១២៣៨) បានទទួលព្រះរាជអភិសេក នៅថ្ងៃ ១០កើត ខែផល្គុន ឆ្នាំថោះ ព.ស ១៧៣៩ ត្រូវជា ម.ស ១១១៧ ច.ស ៥៥៧ និងត្រូវជា គ.ស ១១៩៥។ កាលនោះព្រះអង្គបានព្រះជន្ម ២៥ វស្សា។ ព្រះអង្គជាមហាក្សត្រខ្មែរទី២៣ ហើយមានព្រះបរមនាមព្រះបាទសម្ដេច ព្រះសែណ្ណ័ករាជ បរមនាថបរមបពិត្រ (នេះជាកំណត់របស់ពង្សាវតារសម្ដេចវាំងជួន ដែលបានបញ្ជាក់ថាព្រះអង្គជាកូនព្រះបាទសិង្ខក័ង្ខា ប៉ុន្តែពង្សាវតាររបស់គណៈកម្មការសម្ដេចនាយកទៀង និងវត្ដទឹកវិល បានសរសេរថា ក្នុងសម័យចន្លោះរាជ្យព្រះសិង្ខក័ង្ខា និងសែណ្ណ័ករាជមានស្ដេចមួយអង្គទៀតបានមកសោយរាជសម្បត្ដិ មហានគរ។ ព្រះមហាក្សត្រអង្គនេះ គឺតាព្រហ្មឈ្មួញគោ ឬព្រះបាទចក្រព័ត្រាធិរាជ ប្រវត្ដិរបស់ព្រះអង្គ ដូចគ្នានឹងនៅក្នុងភាគព្រះកេតុមាលា)។ ទីតាំងព្រះបរមរាជវាំង ស្ថិតនៅមហានគរដដែល។ ព្រះសែណ្ណ័ករាជ ព្រះមហាក្សត្រទី២៣ សោយរាជសម្បត្ដិប្រទេសកម្ពុជាបាន៤៥ឆ្នាំ។ ព្រះអង្គចូលទីវង្គតក្នុងព្រះជន្ម៦៨វស្សា ដោយជម្ងឺព្យាធិ នៅឆ្នាំច ព.ស១៧៨២ ត្រូវជាម.ស១១៦០ ច.ស៦០០ និងត្រូវជាគ.ស១២៣៨។
ប្រវត្តិតាមពង្សាវតារនិងសេចក្ដីកត់សំគាល់
[កែប្រែ]- បើតាមពង្សាវតារ វត្ដទឹកវិល ក្រោយដែលព្រះបាទសិង្ខក័ង្ខា ព្រះមហាក្សត្រខ្មែរទី២២ ចូលទិវង្គត គឺពញាសុក កូនប្រុសស្ដេចត្រាញ់ពញាសួគ៌ាលោកនៅស្រុកពោធិ៍សាត់ ដែលបានសោយរាជ្យបន្ដពីព្រះអង្គ។ ពញាសុក មានក្រុមបក្សពួកសេនាអាមាត្យអ្នកតាមបម្រើ ៥០០ នាក់។ ពួកគេនិយមចូលចិត្ដដើរបរបាញ់សត្វ យកសាច់ភ្លុក ស្នែង កុយ ខ្នាយ និងស្បែកទៅលក់ដូរសម្រាប់ចិញ្ចឹមជីវិត។ ថ្ងៃមួយ ពញាសុកបាននាំបក្សពួកទាំង ៥០០ នាក់ធ្វើដំណើរទៅបរបាញ់សត្វ រហូតដល់ភ្នំដងរែក និងភ្នំគូលែន។ កាលនោះ ពញាសុកមានអាយុ២៤ឆ្នាំ ពេលធ្វើដំណើរត្រលប់មកលំនៅស្ថានវិញ ពញាសុក និងបក្សពួកបានដើរកាត់តាមទីក្រុងមហានគរ។ ចូលមកដល់ទីប្រជុំជន គេឃើញនាម៉ឺនមន្ដ្រី និងប្រជាពលរដ្ឋកោរសក់ ស្លៀកពាក់ខោអាវស កាន់ទុក្ខគ្រប់គ្នា ហើយស្រែកទ្រហោយំខ្សឹកខ្សួលលាន់ឮពេញបរមរាជវាំង។ ឃើញយល់ និងក្ដាប់ស្ថានការណ៍បានភ្លាមកាលណា ដោយគ្មានភ័យតក់ស្លុត ឬខ្លាចក្រែងញញើតអ្វីទាំងអស់ ពញាសុកដើរតម្រង់ចូលទៅក្នុងព្រះបរមរាជវាំង សំដៅទៅរករាជបល្ល័ង្ក។ ក្រឡេកមើលទៅពុំឃើញមានព្រះរាជា ពញាសុកឡើងអង្គុយលើបល្ល័ង្ក ហើយប្រកាសខ្លួនធ្វើជាស្ដេចក្នុងឱកាសនោះ។ បក្សពួកទាំង៥០០នាក់ ត្រូវបានស្ដេចពញាសុកតែងតាំងឲ្យមានឋានន្ដរសក្ដិជា មន្ដ្រីជាន់ខ្ពស់គ្រប់រូប។ គ្រានោះគ្មាននាម៉ឺនមន្ដ្រីចាស់ទុំណាម្នាក់ហានជំទាស់នឹងពញាសុក ឡើយ។ ម្នាក់ៗភ័យខ្លាចអំណាចក្រុមបក្សពួកពញាសុក ហើយនាំគ្នាលុតជង្គង់ក្រាបថ្វាយបង្គំ សំពះគោរពធ្វើតាមបញ្ជាពញាសុក ឥតបីហ៊ានឲ្យខ្ចោះ។ ចំណែកឯពួកពញាសុកវិញ គេនាំគ្នាបញ្ចេញឫទ្ធិ និយាយលេងសើច អួតក្អេងក្អាង និងប្រើអំណាចផ្ដាច់ការ ជិះជាន់សង្កត់សង្កិនលួចប្លន់ រឹបអូស បំពារបំពានយកទ្រព្សម្បត្ដិប្រជានុរាស្ដ្រ។ ពញាសុកនៅពេលឡើងសោយរាជ្យ បានទទួលឈ្មោះជាក្សត្រថា ព្រះបាទសុនក្ខរិន្ទរាជា។ មហេសីព្រះអង្គ គឺ ព្រះនាងរតន៍បុប្ផា ដែលត្រូវជាកូនស្រីរបស់ចៅពញាតេជោ។
- ពង្សាវតារ ខ្មែរទាំងអស់បានកត់សម្គាល់ថា ព្រះបាទសែណ្ណ័ករាជ ព្រះមហាក្សត្រខ្មែរទី២៣ នេះបានប្រព្រឹត្ដនូវអំពើអាក្រក់ឃោរឃៅ អយុត្ដិធម៌ ប្រាសចាកទសពិធរាជធម៌គ្រប់បែបយ៉ាង គ្មានគិតអំពីអាយុជីវិត ជោគវាសនាអនាគតប្រជាជន និងប្រទេសជាតិឡើយ។ ដូច្នេះហើយ បានជាប្រជានុរាស្ដ្រដាក់ឈ្មោះឲ្យថា ស្ដេចពាល។ ពង្សាវតារ សម្ដេចវាំងជួនបានសរសេរបន្ដទៅទៀតថា ក្នុងឆ្នាំរោង ជាមួយនឹងព្រះនាងយស ព្រះសែណ្ណ័ករាជបានព្រះរាជបុត្រមួយព្រះអង្គព្រះនាម សីហនុកុមារ។ ព្រះសីហនុកុមារ ធំឡើងកាលណា សប្បាយចូលចិត្ដចិញ្ចឹមរុយក្បាលខៀវ។ ឯកូនបុរោហិត អ្នកបម្រើរួមល្បែង និងនាំលេងកំសាន្ដ ដែលមានអាយុប្រហាក់ប្រហែលគ្នា ចិញ្ចឹមពីងពាងសម្រាប់ធ្វើជាល្បែង។ ថ្ងៃមួយ ក្មេងទាំងពីរដែលកំពុងលេងសប្បាយ បានយករុយក្បាលខៀវ និងសត្វពីងពាងទៅដាក់ជាមួយគ្នា។ ពេលនោះ ស្រាប់តែពីងពាងស្ទុះទៅត្របាក់ខាំស៊ីរុយនោះជាចំណី ឃើញរុយរបស់ខ្លួនងាប់បាត់ដូច្នោះ ព្រះរាជបុត្រសីហនុកុមារក៏យំរំអុកបោកខ្លួនប្រាណ រនៀលដេកនឹងដី ហើយស្រែកទាមទារ ឲ្យគេរករុយក្បាលខៀវមកសង។ ស្រីមីនុំមីនាងបរិវារទាំងប៉ុន្មាន ព្រមទាំងកូនបរោហិតភ័យស្លន់ស្លោគ្រប់គ្នា ខំដើររកចាប់រុយមកសងកូនស្ដេច។ តែព្រះសីហនុនៅតែមិនព្រម ហើយខំស្រែកយំចំទាលមិនព្រមឈប់ ពីព្រោះរុយ ដែលគេនាំគ្នាចាប់បានយកមកសងទាំងប៉ុន្មាន មិនដូចរុយរបស់ខ្លួន។ ទោះបីជាមនុស្សម្នាជុំទិសទី នាំគ្នានិយាយពន្យល់អង្វរករ លួងលោមដូចម្ដេចក៏ដោយ ក៏ព្រះសីហនុកុមារមិនសុខចិត្ដជាដាច់ខាត ហើយរឹងរឹតតែយំខ្លាំងឡើង មិនព្រមឈប់ឈរ។ យល់ ឃើញហេតុការណ៍មិនស្រួលដូច្នេះ ពួកមីនុំមីនាងនាំគ្នារត់យករឿងរ៉ាវនេះទៅពិតទូលថ្វាយព្រះ សែណ្ណ័ករាជជាឪពុកតាមដំណើរដើមទង។ ព្រះមហាក្សត្រខ្មែរព្រះសែណ្ណ័ករាជ ដែលអាងខ្លួនជាស្ដេច ហើយដោយហេតុតែស្រឡាញ់កូនពេក មិនបានត្រិះរិះគិតគូរពិចារណាអ្វីឲ្យបានម៉ត់ចត់ល្អិតល្អន់ ឡើយ។ ព្រះអង្គបណ្ដោយខ្លួនឲ្យលង់លុះទៅតាមភ្លើងកំហឹង ក្រេវក្រោធ ហើយបញ្ជាឲ្យសេនាអាមាត្យ ចាប់យកកូនបុរោហិតទៅជាន់ជ្រមុជក្នុងទឹកទន្លេសាប លុះត្រាតែកុមារនោះរលត់បាត់ដង្ហើមស្លាប់។ បុរោហិត ជាឪពុក ឃើញដូច្នោះ ទាល់ប្រាជ្ញ មិនដឹងជារកវិធីណាដើម្បីជួយជីវិតកូនបានឡើយ ក្រៅអំពីសម្រក់ទឹកភ្នែកពីរនាក់ប្រពន្ធ ទូលទុក្ខរីងរៃ ឈឺចុកចាប់ខ្លោចផ្សាឥតឧបមា រកនិយាយអ្វីក៏ពុំរួច។ យល់ជាក់ច្បាស់ថាស្ដេចជាមនុស្សព្រៃផ្សៃឃោរឃៅ គ្មានយុត្ដិធម៌ មិនបំពេញតួនាទីជាព្រះមហាក្សត្រ ហើយជឿជាក់ថា មិនអាចនៅបម្រើទៅមុខទៀតបាន បុរោហិតក៏សម្រេចចិត្ដនាំប្រពន្ធកូនក្រុមគ្រួសារ ធ្វើដំណើរចាកចេញពីស្រុកខ្មែរ ទៅរស់នៅឯស្រុកយោនក្ក ឬប្រទេសលាវសព្វថ្ងៃនេះ គឺនៅឆ្នាំវក ព.ស ១៧៦៨ ត្រូវជា ម.ស ១១៤៦ ច.ស ៩៨៦ និងត្រូវជាគ.ស ១២២៤។ ក្នុងគ្រាជាមួយគ្នានោះដែរ ក្រុមបុរោហិតទាំងឡាយ ដែលជាអ្នកបម្រើកិច្ចការនគរ ដោយការក្ដៅក្រហាយ មិនពេញចិត្ដនឹងអំពើបំពារបំពាន ខុសច្បាប់ក្រឹត្យវិន័យជាព្រះមហាក្សត្រ របស់ព្រះសែណ្ណ័ករាជ យល់ឃើញថាមិនអាចទ្រាំទ្ររស់នៅប្រទេសកម្ពុជា ក្រោមអំណាចស្ដេចនេះបានឡើយ។ គេបានមូលមតិគ្នា សម្រេចចិត្ដប្រមែប្រមូលដឹកជញ្ជូនក្រុមញាតិគ្រួសារ និងក្បួនគម្ពីរសីល្ប៍សាស្ដ្រចំណេះចេះដឹង ទាំងប៉ុន្មានចុះសំពៅធ្វើដំណើរចាកចេញចោលព្រះមហានគរទៅរស់នៅឯនគរ ពារាណសី (ទីក្រុងបេណរ៉េស ក្នុងប្រទេសឥណ្ឌាសព្វថ្ងៃ)។ អំពើ សាហាវយង់ឃ្នង និងមិនគោរពច្បាប់វិន័យជាព្រះមហាក្សត្ររបស់ស្ដេចអង្គនេះ មិនមែនធ្វើឲ្យតែប្រជាជនខ្មែរ មនុស្សលោកក្ដៅក្រហាយប៉ុណ្ណោះទេ សូម្បីតែទេវតា ឥន្ទ្រ ព្រហ្ម និងស្ដេចភុជង្គនាគ ក៏អត់ធ្មត់បិទភ្នែកមិនកើតដែរ។ ស្ដេចភុជង្គនាគ ដែលធ្លាប់បាននាំពលសេនាបឺតបូមទឹកសមុទ្រធ្វើឲ្យរីងខះគោក ក្លាយទៅជាដីនគរខ្មែរ សម្រាប់ទុកជាចំណងដៃថ្វាយសម្ដេចព្រះកុម៉ែរាជ ព្រះមហាក្សត្រទី១ ព្រះអង្គខឹងខ្ញាល់ខ្លាំងណាស់ ចំពោះអាកប្បកិរិយាប្រាសចាកសីលធម៌របស់ស្ដេចខ្មែរ ដែលមានចិត្ដកាចសាហាវ ហ៊ានបង្គាប់ឲ្យយកកូនក្មេងមិនដឹងក្ដីតូចមួយ ទៅជាន់ជ្រមុជទឹកសម្លាប់ចោល។ ស្ដេចភុជង្គនាគព្រះអង្គក៏បញ្ចេញមហិទ្ធិឫទ្ធិ ឥទ្ធិពលបង្កបង្កើតធ្វើឲ្យមានភ្លៀង ខ្យល់ ព្យុះសង្ឃរា ទឹកជំនន់បោកបក់យ៉ាងខ្លាំងមកលើនគរខ្មែរ។ ប្រទេសខ្មែរទាំងមូលត្រូវទឹកជន់លិចពាសពេញ។ ប្រជានុរាស្ដ្រខ្មែរជាច្រើនត្រូវលង់ទឹកស្លាប់ ត្រូវព្រាត់ប្រាសប្ដីប្រពន្ធកូនចៅក្រុមគ្រួសារ ហើយជួបប្រទះតែភយន្តរាយ ចលាចល ក្រខ្សត់តោកយ៉ាក រងទុក្ខវេទនា អត់បាយអត់ទឹក គ្មានផ្ទះសម្បែងលំនៅស្ថាន និងមានជំងឺមិនស្រាកស្រាន្ដ។ ព្រះបរមរាជវាំងព្រះមហាក្សត្រនៅមហានគរ ក៏ត្រូវលិចលង់ដែរ។ ពេលនោះ ព្រះសែណ្ណ័ករាជ ឬស្ដេចពាល បានបញ្ជាឲ្យនិមន្ដព្រះកែវមរកត ព្រះត្រៃបិដកយកទៅដាក់ក្នុងទូក។ ព្រះរាជទ្រព្យ មហេសី ព្រះរាជបុត្រ ស្រីស្នំ មីនុំមីនាងបរិវារ និងព្រះញាតិវង្សទាំងប៉ុន្មានត្រូវបានដឹកជញ្ជូនចុះទូកសំពៅតូចធំ ហើយធ្វើដំណើរតម្រង់ទៅភ្នំដងរែក។ ចំណែកឯទូកនាម៉ឺនមុខមន្ដ្រី និងប្រជាពលរដ្ឋ ក៏អុំចែវចេញហែហមទៅតាមជាមួយដែរ។ ទៅដល់ជើងភ្នំដងរែក ក្បួនទូកឈប់សម្រាក បោះជំរុំបណ្ដោះអាសន្ននៅទីនោះ។ គ្រានោះ ស្ដេចលាវព្រះអទិច្ចវង្ស ដែលដឹងយ៉ាងជាក់ច្បាស់ ថាស្រុកខ្មែរកំពុងតែជួបប្រទះគ្រោះថ្នាក់មហន្ដរាយ ក៏លើកទ័ពគគ្រឹកគគ្រេង ទៅដណ្ដើមយកព្រះពុទ្ធរូបព្រះកែវមរកត ព្រះត្រៃបិដក បញ្ចក្សត្រ ព្រះរាជទ្រព្យរបស់ស្ដេចខ្មែរ និងសំបុកសម្បត្ដិផ្សេងៗទៀតរបស់នាម៉ឺនមន្ដ្រី និងរាស្ដ្រប្រជាខ្មែរ គឺនៅឆ្នាំវកដដែល ។ ឯ ស្ដេចសៀមវិញ ដែលបាទទួលព័ត៌មានដូចគ្នានេះដែរ បានលើកទ័ពទៅចាំស្កាត់វាយឆ្មក់ប្រហារស្ដេចលាវ ដណ្ដើមយកព្រះពុទ្ធរូបព្រះកែវមរកត ព្រះត្រៃបិដក និងបញ្ចក្សត្រ។ ព្រះសង្ឃ និងអ្នកបម្រើថែរក្សាព្រះកែវមរកត និងព្រះត្រៃបិដក ត្រូវស្ដេចសៀមចាប់យកទៅក្រុងស្រីអយុធ្យា។ ក្នុងចំណោមបញ្ចក្សត្រខ្មែរ ដែលស្ដេចសៀមបានលួចប្លន់បន្ដពីស្ដេចលាវ មានជាអាទិ ដូចជា ព្រះខ័នរាជរតនមង្គល និងព្រះពុទ្ធរូបស័ក្ដិសិទ្ធិជាច្រើន៘ ព្រះកែវមរកត សៀមបានថែរក្សាទុករៀងរហូតមកដល់សព្វថ្ងៃ។ ពង្សាវតារខ្មែរមិនបានបញ្ជាក់អំពីថេរវេលា ដែលប្រទេសកម្ពុជាត្រូវលិចលង់ដោយទឹកជំនាន់ទេ។ ឯកសារខ្លះបានសរសេរថា ព្រះសែណ្ណ័ករាជ ដែលត្រូវបរទេសលួចប្លន់យកអស់របស់ស័ក្ដិសិទ្ធិ និងសម្បត្ដិទ្រព្យក្នុងនគរ តូចចិត្ដឥតឧបមាហើយបានចូលទិវង្គតនាគ្រាដែលកើតមានមហាមហន្ដរាយ នោះ។ សាកសពព្រះអង្គត្រូវព្រះរាជបុត្រដង្ហែយកមកនគរធ្វើបុណ្យថ្វាយតាម ប្រពៃណី។ តែពង្សាវតារខ្លះទៀត ដូចជាពង្សាវតាររបស់គណៈកម្មការសម្ដេចសង្ឃនាយកទៀង និងវត្តទឹកវិល បានសរសេរថាព្រះរាជបុត្រអង្គនេះ បានសុគតមុនឪពុកទៅវិញ ។ ក្រោយ ដែលទឹកបានស្រកចុះ ព្រះសែណ្ណ័ករាជព្រះមហាក្សត្រខ្មែរទី២៣ បាននាំមហេសីព្រះរាជបុត្រ ព្រះរាជវង្សានុវង្សក្រុមបរិវារ និងមន្ដ្រីពលសេនា ធ្វើដំណើរតាមផ្លូវទឹកត្រលប់ចុះតាមទន្លេធំ(គឺទន្លេមេង្គ ។ មុននឹងជាប់ឈ្មោះជាទន្លេមេគង្គ ទន្លេធំមានឈ្មោះដើមថា ទន្លេច្រាបឈាម) ត្រលប់ទៅមហានគរ។ មកដល់កោះឫស្សីកែវ ព្រះអង្គបានឈប់សម្រាកបោះជំរុំ នៅតំបន់ខាងលិចភ្នំប្រសិទ្ធ ហើយរៀបចំសាងសង់ធ្វើព្រះរាជវាំង អំពីឫស្សី និងប្រក់ស្បូវ។ នេះតាមពង្សាវតារវត្ដទឹកវិល។ គេមិនបានដឹងពេលវេលាពិតប្រាកដ ដែលព្រះអង្គបានគង់នៅទីនេះ។ ពង្សាតារវត្ដទឹកវិលបានត្រឹមតែសរសេរថា ស្ដេចសៀមបានដង្ហែព្រះខ័នរាជ និងព្រះពុទ្ធរូបខ្លះក្នុងបញ្ចក្សត្រ យកមកសងថ្វាយព្រះមហាក្សត្រខ្មែរវិញ ដែលព្រះអង្គគង់នៅតំបន់ភ្នំប្រសិទ្ធនេះ។ បុព្វហេតុ បណ្ដាលឲ្យស្ដេចសៀម ដាច់ចិត្ដអារកាត់យកវត្ថុស័ក្ដិសិទ្ធទាំងនេះទៅប្រគល់សងម្ចាស់ដើម គឺមកពីនៅស្រុកសៀម គ្រោះកាចមហន្ដរាយ ជំងឺ និងចលាចលគ្រប់បែបយ៉ាងបានកើតពេញនគរ ធ្វើឲ្យប្រជារាស្ដ្ររងទុក្ខវេទនាមិនចេះចប់មិនចេះហើយ។ ឃើញស្រុកទេសមិនល្អដូច្នេះ ស្ដេចសៀមក៏កោះហៅហោរាឲ្យមកគន់គូរទាយមើលជើងលេខនគរ។ គន់គូរប្រមើលមើលចុះឡើងទៅ ហោរាទស្សន៍ទាយពោលថ្វាយព្រះរាជាថា មហន្ដរាយ និងគ្រោះកាចទាំងនេះ គឺបណ្ដាលមកអំពីសៀមបានលួចយកបញ្ចក្សត្រ និងព្រះខ័នរាជរតនមង្គលរបស់ខ្មែរ។ ពីព្រោះវត្ថុស័ក្ដិសិទ្ធិទាំងនេះ ជាចំណងដៃដែលព្រះឥន្ទ្រាធិរាជបានកសាងទុកជាកេរ្ដិ៍មរតកសម្រាប់ ប្រទេសខ្មែរ។ ហើយបើយើងមិនយកបញ្ចក្សត្រ និងព្រះខ័នរាជទៅសងខ្មែរទេ នោះនគរសៀមនឹងត្រូវអន្ដរាយរលត់រលាយអស់ជាមិនខាន។ ប៉ុន្ដែ មុននឹងយកវត្ថុស័ក្ដិសិទ្ធទៅថ្វាយសងស្ដេចខ្មែរ ស្ដេចសៀមបានលួចដោះយកដងព្រះខ័នរាជធ្វើអំពីមាសមកទុក។ ហើយព្រះអង្គឲ្យពួកក្រុមជាងស្មិត ធ្វើដងដាវមាសផ្សេងមួយទៀតយកមកដាក់បន្លំជំនួស។ ឯប្រដាប់បញ្ចក្សត្រ និងព្រះពុទ្ធរូប ២១ អង្គទៀត ក៏ស្ដេចសៀមលាក់ទុកមិនយកទៅប្រគល់សងវិញដែរ។ ចំណែកស្ដេចលាវ ដូចស្ដេចសៀមដែរបានលាក់ទុកបញ្ចក្សត្រខ្មែរមួយចំនួនធំ។ ព្រះសែណ្ណ័ករាជ ព្រះមហាក្សត្រទី២៣ សោយរាជសម្បត្ដិប្រទេសកម្ពុជាបាន៤៥ឆ្នាំ ។ ព្រះអង្គចូលទិវង្គតក្នុងព្រះជន្ម ៦៨ វស្សា ដោយជំងឺព្យាធិ នៅឆ្នាំច ព.ស ១៧៨២ ត្រូវជាម.ស ១១៦០ ច.ស ៦០០ និងត្រូវជាគ.ស ១២៣៨។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
មុនដោយ ព្រះបាទសិង្ខក័ង្ខា |
មហានគរ | តដោយ ព្រះបាទសីហនុរាជ រឺ ព្រះបាទព្រហ្មចក្រព័ត្រាធិរាជ |