Jump to content

ព្រហ្មវិហារធម៌

ពីវិគីភីឌា

ព្រហ្មវិហារធម៌ ៤ របស់​ឪពុក​ម្តាយ

[កែប្រែ]

ក-មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាចង់ឱ្យកូនគ្រប់រូបទទួលបានសេចក្តីសុខ។

ខ-ករុណា សេចក្តីអាណិត អាសូរចំពោះកូនគ្រប់រូបពេលពួកគេមានទុក្ខ ដោយប្រាថ្នាចង់ឱ្យពួកគេឆាប់រួចចាកសេចក្តីទុក្ខនោះ។

គ-មុទិតា សេចក្តីរីករាយត្រេកអរ នៅពេលឃើញកូនទាំងឡាយបានទទួលសេចក្តីសុខចម្រើន ។

ឃ-ឧបេក្ខា ការតាំងសន្តានចិត្តជាកណ្តាល (មិនលំអៀង) កាត់សេចក្តីដោយប្រើប្រាជ្ញា ។ (មង្គលត្ថទីបនី ២ ទំព័រ ១៥៣)។ ឧបេក្ខាជាការរក្សាចិត្តជាកណ្ដាល គឺ ការធ្វើទុកក្នុងចិត្តថា អ្នកទាំងឡាយ ទាំងខ្លួនខ្ញុំ ទាំងកូនរបស់ខ្ញុំផង សុទ្ធតែប្រព្រឹត្តទៅតាមកម្ម ឬអំពើដែលខ្លួនបានធ្វើមកហើយអំពីកាលមុន។ អំពើល្អរមែងឲ្យផលជាសុខ។ សេចក្ដីប្រមាទ (ការធ្វេសប្រហែស) ជាដើម រមែងឲ្យផលសមគួរទៅតាមអំពើនោះ។

ព្រហ្មវិហារធម៌ មកពីពាក្យ ព្រហ្ម +វិហារ+ ធម៌។ ពាក្យថា ព្រហ្ម មាន ន័យថា សេចក្តីចម្រើន សេចក្តីរីកចិត្ត សេចក្តីប្រសើរ ចំណែកចិត្ត វេទៈ សីល សភាពដែលល្អ ប្រសើរខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម វិសេសវិសាស លើសលែងជាងអ្វីៗ ផ្សេងទៀត ។ វិហារ ប្រែថា ទីកន្លែងសម្រាប់នៅ ការនៅ ការនៅដោយសប្បាយ ការដើរកម្សាន្តសប្បាយ ការសម្រួលអារម្មណ៍ឱ្យគេចផុតចាកកង្វល់ ។ វិហារធម៌ ប្រែថា ភាវៈឬធម៌ជាទី សម្រាកចិត្ត ឈាន សមាបត្តិ។ ព្រហ្មវិហារធម៌ មានន័យថា ជាលំនៅនៃពួកព្រហ្ម, ធម៌ជាលំនៅនៃ ចិត្តដ៏ប្រសើរមាន៤យ៉ាងគឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា។ (នេះបើតាមវចនានុក្រមខ្មែរ)

សរុបសេចក្តីមក ព្រហ្មវិហារធម៌ (The Four Immeasurables) ប្រែជាសេចក្តីឱ្យងាយស្រួលស្តាប់ថា ធម៌ជាជម្រកដ៏ប្រសើរ ធម៌ជាទីកន្លែងសម្រាប់នៅដ៏ឧត្តមខ្ពង់ខ្ពស់ ធម៌ជាជម្រកដ៏ត្រជាក់ត្រជុំ សុខដុមរមនា កក់ក្តៅ សុខសាន្តជានិច្ច។ វចនានុក្រមខ្មែរប្រាប់ថា ព្រហ្មវិហារធម៌ មានន័យថា ធម៌ជាទីនៅនៃព្រហ្ម ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ។ ព្រហ្មវិហារធម៌របស់មាតាបិតា ដែលមានចំពោះកូនប្រុសស្រីគ្រប់រូប គឺជាជម្រក ដ៏សែនសុខសាន្ត គ្មានជម្រកណាល្អប្រសើរស្មើនឹងជម្រកនេះឡើយ។ ឪពុកម្តាយតែងតែផ្តល់ជម្រកដ៏សែនសុខអស្ចារ្យនេះ ដល់កូនដោយមិនប្រកាន់មើលមុខកូនថា កូននេះល្អ ជាទីស្រឡាញ់ពេញចិត្តរបស់អញ ដូច្នេះអញត្រូវផ្ត់ល់ជម្រកឱ្យ។ រីឯកូននេះ អាក្រក់ជាទីសម្អប់ មិនជាទីពេញចិត្ត អញមិនឱ្យវាជ្រកឡើយ។ ការគិតដូច្នេះសូម្បី តែមួយវិនាទី មិនដែលកើតមាននៅក្នុងដួងចិត្តរបស់ឪពុកម្តាយឡើយ។

ពេលកូនមកនៅជ្រកកោនហើយ ឪពុកម្តាយមិនដែលប្រកែកប្រណាំង ហាមឃាត់ មិនឱ្យកូនចូលជ្រកទេ មិនតែប៉ុណ្ណោះពួកគាត់បានផ្តល់ជម្រកដល់កូន ដោយក្តី សោមនស្សរីករាយជាទីបំផុត។ សូមកូនទាំងឡាយត្រួតពិនិត្យមើលនូវជម្រកដ៏ឧត្តមនេះម្តងៗមួយ! ត្រួតពិនិត្យហើយ សូមផ្ទៀងផ្ទាត់ថាតើព្រះព្រហ្មនៅឯផ្ទះរបស់យើងមានទឹកចិត្តពិត ដូច្នេះមែនឬទេ? ចំណែកឯយើងជាកូនទទួលអំពើល្អវិញត្រូវត្រៀមកាយ ត្រៀមចិត្តយ៉ាងដូចម្តេចខ្លះ ដើម្បីតបឱ្យសមទៅនឹងទឹកចិត្តរបស់លោកទាំងពីរនោះ។

មេត្តាជាជម្រកដ៏សែនសុខសាន្ត

[កែប្រែ]

មេត្តា សេចក្តីស្រឡាញ់ពេញចិត្តកូន គឺប្រាថ្នាចង់ឱ្យកូនគ្រប់រូបបានសុខសាន្តគ្រប់វិនាទីទាំងអស់។ ឪពុកម្តាយគ្រប់ស្រទាប់វណ្ណៈទាំងអស់ ទោះម៉ែឪមានក្តី ក្រក្តី ខ្ពង់ខ្ពស់ក្តី ថោកទាបក្តី សុទ្ធតែមានទឹកចិត្តស្រឡាញ់រាប់អានកូន ចង់ឱ្យកូនបានសុខគ្រប់ពេលវេលា។ ឪពុកម្តាយខ្លះខិតខំលើកដៃបន់ព្រះសំពះដល់ពពួកទេវតា វត្ថុសក្តិសិទ្ធិ ក្នុងលោកដែលខ្លួនមានជំនឿទៅលើ ឱ្យជួយបីបាច់ថែរក្សា ការពារកូនឱ្យបាន សុខចម្រើន មានយសសក្តិ នៅក្នុងសង្គម។ ពេលកូនជាទីស្រឡាញ់ចេញអំពី ផ្ទះទៅខាងក្រៅ ដើម្បីធ្វើការរកទទួលទាន ទោះជិតក្តី ឆ្ងាយក្តី ឪពុកម្តាយតែងតែលើក ដៃបួងសួងសំបូងសម្រូងដល់គុណបុណ្យព្រះរតនត្រ័យ អាទិទេព ទេវតា វត្ថុស័ក្តិសិទ្ធិ ដើម្បីឱ្យកូនបានសុខសប្បាយតាមផ្លូវ ឱ្យឈ្នះអស់មារសត្រូវ ទាំងជិតទាំងឆ្ងាយ សូមឱ្យជួបតែកូនមានចិត្តសប្បុរស និងអាណិត ស្រឡាញ់កូនជានិច្ច។

មួយទៀត ឪពុកម្តាយហ៊ានធ្វើអ្វីៗទាំងអស់ ព្រោះតែស្រឡាញ់កូន។ ជាការណ៍ពិតណាស់ ការរកទ្រព្យយកមកចិញ្ចឹមកូនប្រុសស្រី ពិតជាមានឧបសគ្គច្រើនមែន ដែលពេលខ្លះ ធ្វើឱ្យឪពុកម្តាយទាំងទ្វេហា មិនអាចនឹងរកទ្រព្យដែលប្រកបដោយធម៌ទាំងអស់បានទេ ហើយក៏សុខចិត្តប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗ ដើម្បីទ្រព្យយកមកចិញ្ចឹមកូនគ្រប់រូប។ ជួនកាល អ្នកទាំងពីរហ៊ានសម្លាប់បំបាត់បង់អាយុជីវិតសត្វដទៃ ឬឈានទៅដល់ការកិបកេងប្រវញ្ចបំបាត់ កាន់យកទ្រព្យរបស់ដែលគេ មិនបានឱ្យដោយកាយឬវាចា(លួច) ពោលពាក្យកុហក បំផ្លើស ញុះញង់ចាក់ដោត អ្នកដទៃ ដើម្បីឱ្យទ្រព្យធ្លាក់មកលើខ្លួន នឹងយកទៅទំនុកបម្រុង បីបាច់ថែ រក្សាកូនឱ្យមានអនាគតភ្លឺស្វាង។ អំពើបាបអកុសលដែលឪពុកម្តាយបានប្រព្រឹត្ត ខាងលើនេះ មិនមែនពួកគាត់មិនដឹងលទ្ធផលនចុងក្រោយទេ ឪពុកម្តាយទាំងពីរស្គាល់យល់ដឹងអំពីរឿង នេះច្បាស់លាស់ណា់ស់ ប៉ុន្តែដើម្បីជីវិតកូនទាំងឡាយដែលខ្លួនបានបង្កើតមកឱ្យ ឃើញពិភពលោកនេះ ទើបឪពុកម្តាយទាំងពីរធ្វើបំពានទាំងគឃ្លើន។

ចូរសាធុជនទាំងឡាយមើលចុះ! ហេតុតែស្រឡាញ់ពេញចិត្តកូន ឪពុកម្តាយហ៊ាន ប្រព្រឹត្តអំពើគ្រប់យ៉ាងទាំងអស់ ទោះបីអំពើនោះជាអំពើបាបអកុសល ដែលមានផលគឺសេចក្តីទុក្ខលំបាកវេទនាក្នុងអបាយភូមិ មាននរក ប្រេត តិរច្ឆាន អសុរកាយ ក្តី ក៏ឪពុកម្តាយទាំងពីរកាយា ហ៊ានប្តូរផ្តាច់ ស៊ូរងទុក្ខ ហើយចចេសរឹងទទឹងធ្វើកម្មនោះ ដោយមិនខ្លាចរអានឹងសេចក្តីទុក្ខនោះសូម្បីតែបន្តិចឡើយ។ ឱ្យតែកូនបានសុខស្រួល ឪពុកម្តាយសុខចិត្តធ្វើមិនដឹងមិនឮចំពោះគ្រោះកាចទាំងអស់នោះ ហើយស៊ូទ្រាំរង ទុក្ខ ព្រោះតែចិញ្ចឹមរូបកូនគ្រប់រូប។

កូនប្រុសស្រីទាំងឡាយស្វែងរកចុះ! ក្រៅពីមាតាបិតានៅលើលោកនេះ គេមិនអាចស្វែងរកនរណាមួយ ដែលមានទឹកចិត្តប្រកបដោយសេចក្តីស្រឡាញ់ស្មោះត្រង់ ដូចឪពុកម្តាយដែលព្រមធ្វើអ្វីៗទាំងអស់យ៉ាងនេះ ហើយមិនទាមទារសំណងវិញឡើយ។ អ្នកដទៃមានតែចិត្តគំនុំគុំគួន ព្យាបាទធ្វើយ៉ាងណាឱ្យតែកូនទទួលបានតែសេចក្តីទុក្ខលំបាក ប៉ុណ្ណោះ។ ប្រសិនបើអ្នកដទៃ ធ្វើអំពើល្អចំពោះកូនវិញ គេធ្វើដើម្បី តែប្រយោជន៍ ដែលគេបានសម្លឹងរំពឹងទុកមុនថា នឹងបានទទួលផលកម្រៃតបស្នងពីកូនវិញប៉ុណ្ណោះ។ នៅលើភពផែនដីយើងនេះ គ្មាន នរណាម្នាក់ដែលប្រាថ្នាឱ្យសុខចម្រើនដល់កុនូដូចឪពុកម្តាយទាំងទ្វេទេ ។

ចំពោះទឹកចិត្តអ្នកម្តាយលោកឪពុក ទោះបីកូនទាំងឡាយមិនប្រកបដោយធម៌ ឬមិនស្តាប់ដំបូន្មានយ៉ាងណាក្តី ក៏លោកទាំងពីរមិនដែលក្បត់ចិត្ត កែប្រែចិត្តថា ឈប់ស្រឡាញ់កូន ដោយសារកូនប្រព្រឹត្តមិនល្អនោះទេ។ លោកទាំងពីរនៅតែស្រឡាញ់រាប់អានកូនដូចដើម ឪពុកម្តាយកាន់តែព្យាយាមណែនាំ ពន្យល់ប្រៀនប្រដៅ ពត់តម្រែតម្រង់កូន ឱ្យដើរក្នុងផ្លូវល្អឡើងវិញ។ ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក្តី ឪពុកម្តាយមិនដែលបោះបង់កូនសម្លាញ់ចោលម្តងណាឡើយ។ ស្ថានភាពកាន់តែលំបាក ឪពុកម្តាយតស៊ូស្រឡាញ់កូនកាន់តែខ្លាំង។ ព្រោះតែក្តីស្រឡាញ់ដែលដក់ជាប់ នៅក្នុងដួងហឫទ័យរបស់លោកមានគុណទាំងពីរ ទោះបីពួកគាត់ធ្លាក់ ខ្លួនខ្វះខាតកម្សត់ទុរគត កម្សត់អត់ឃ្លានរហូត ដល់ថ្នាក់ដើរសុំទាន គេតាមផ្លូវយ៉ាងណាក្តី ក៏ឪពុកម្តាយមិនអាចកាត់ផ្តាច់ទឹកចិត្តស្រឡាញ់របស់ គាត់ចំពោះកូនបានឡើយ។ ឪពុកម្តាយនៅតែស្រឡាញ់កូនប្រុសស្រី ដោយ មិនព្រមលះបង់ចោល ដោយឈប់ថ្នាក់ថ្នមចិញ្ចឹមកូនឡើយ។ ករណី នេះរឹតតែបញ្ជាក់យ៉ាងច្បាស់ក្រឡែតទៀតថា ទឹកចិត្តស្រឡាញ់កូន មានទំហំធំធេងលើសពីអ្វីៗទាំងអស់ មិនអាចយកអ្វីមួយមកវាស់ វែងស្ទង់ទឹកចិត្តលោកទាំងពីរបានឡើយ។

បើយោងទៅតាមសេចក្តីពន្យល់ របស់ព្រះសិរីមង្គលាចារ្យនៅក្នុង គម្ពីរមង្គលត្ថទីបនី ២ ទំព័រ១៥៣ បានបង្ហាញឱ្យឃើញថា “មេត្តាគឺ សេចក្តីស្រឡាញ់របស់មាតាបិតាចំពោះកូន មានចាប់តាំងតែពីកូនមក ចុះចាប់បដិសន្ធិក្នុងផ្ទៃមាតាម៉្លេះ ”។

គ្រប់ឪពុកម្តាយទាំងអស់មាននាទីជាអ្នកបង្កើតកូន។ ការបង្កើតកូន ម្នាក់ៗមិនមែនជាការងាយទេ។ ជាតិជាកូនដើម្បីបង្កើតកូនបានស្ត្រី ជាម្តាយត្រូវតែពផ្ទៃ អស់រយៈពេលប្រាំបួនខែដប់ថ្ងៃ ហើយកំឡុងពេល នោះ មានកិច្ចការលំបាកជាច្រើន ដែលស្ត្រីជាម្តាយត្រូវជួបប្រទះ ដូចជាការចាញ់ផ្ទៃ(ចាញ់កូន) តមនឹងចំណីមួយចំនួនតាមដែលចាស់ បុរាណនិងគ្រូពេទ្យបានហាម និងអ្វីដែលកាន់តែលំបាកបំផុតនោះ គឺការឆ្លងទន្លេ។

ចាស់បុរាណបានហៅស្ត្រីដែលផ្ទៃពោះថាមានទម្ងន់។ ពាក្យនេះ ពិតណាស់ ហើយប្រកបដោយអត្ថន័យជ្រាលជ្រៅ និងត្រឹមត្រូវ ឥតខ្ចោះ។ ពេលម៉ែមានកូន មានន័យថាម៉ែត្រូវបន្ថែមបន្ទុកបន្ថែមទម្ងន់ មកដាក់លើខ្លួនម៉ែទៀត គឺម៉ែត្រូវពរកូនក្នុងផ្ទៃរយៈពេលស្ទើរពេញមួយ ឆ្នាំ។ កូនគិតពិចារណា និងធ្វើសេចក្តីប្រៀបធៀបលមើលថា ពេលកូន យួរ ឬកណ្តៀតវត្ថុមានទម្ងន់ណាមួយនៅជាប់នឹងចង្កេះជានិច្ច រយៈ ពេលតែពីបីម៉ោងប៉ុណ្ណោះ កូននឹងមានសំឡេងថ្ងួចថ្ងូរថា ធ្ងន់ណាស់ សូមម៉ែជួយយួរខ្ញុំផង កូនរោយដៃ ចុកចង្កេះ ស្ពឹកស្រពន់ណាស់ កូនត្រូវ ការដាក់ចុះសម្រាកបន្តិចសិន។ ចូរកូនគិតមើល! ម៉ែពរពោះ ពរខ្លួនកូន នៅក្នុងផ្ទៃរយៈពេល ជាងប្រាំបួនខែ តើគាត់ធ្ងន់យ៉ាងណា? លំបាកយ៉ាង ណា? វេទនាយ៉ាងណា? សូម្បីតែលំបាកយ៉ាងនេះ ក៏គាត់មិនដែល ត្អូញត្អែរសូម្បីមួយម៉ាត់។ ម៉ែទ្រាំពរកូនមិនដែលដាក់ចុះសោះ ដរាប ដល់កូនប្រសូតចាកផ្ទៃនៃម្តាយ ទើបបានស្រាកស្រាន្តខ្លះ។

តើកូនអាចសាកល្បង ដោយយកក្អមដាក់ពេញដោយទឹក ហើយ ចងភ្ជាប់ក្អមនោះនឹងចង្កេះ ឬពោះរបស់កូនហើយដើរដោយមិនដាក់ចុះ រយៈពេលពេញមួយថ្ងៃមើល៍! តើវាលំបាកយ៉ាងណា? ម៉ែគិតថាកូនមិន អាចទ្រាំទ្របានទេ។ ចំពោះម៉ែវិញ ដោយសារតែសេចក្តីស្រឡាញ់ ក្តីអាណិតមានចំពោះកូន ម៉ែអាចធ្វើការងារនេះ បានមិនត្រឹមតែពីរបីថ្ងៃ នោះទេ គឺរយៈ៩ខែ ១០ថ្ងៃ យ៉ាងពេញលេញឥតមានខ្វះ។

ចាប់តាំងពីម៉ែមានផ្ទៃពោះមក ម៉ែមានអាការៈខុសប្លែកពីស្ត្រី ធម្មតាហើយ ជាអាការៈដែលម៉ែមិនធ្លាប់មានពីមុនមក (សម្រាប់ស្ត្រីមាន គភ៌ដំបូង) ដូចជាអស់កម្លាំងហេវហត់ល្ហិតល្ហៃវិលមុខ ក្អួតចង្អោរ ជា រឿយៗ មិនស្រឡះស្រឡុមក្នុងខ្លួនដូចពីដើមឡើយ។ ជាពិសេសជាង នេះទៅទៀត ម៉ែចង់បរិភោគនេះ ចង់បរិភោគនោះ ជាពិសេសវត្ថុដែល មានរសជាតិជូរៗចត់ៗជាដើម។ អាការៈបែបនេះ បុរាណាចារ្យឱ្យឈ្មោះ ថា ម៉ែចាញ់ផ្ទៃ ឬចាញ់កូន ។

មួយវិញទៀត ក្រោយពេលដែលម្តាយដឹងថា ខ្លួនមានផ្ទៃពោះគឺ មានកូន មកចាប់បដិសន្ធិជ្រកកោននឹងខ្លួនម៉ែហើយ សេចក្តីស្រឡាញ់គឺ ទឹកចិត្តមេត្តា ក៏ចាប់កើតមានចំពោះកូនដែលមកអាស្រ័យនឹងម្តាយ ភ្លាម។ អ្នកម្តាយតែងគិតរំពឹងក្នុងចិត្តថា ឥឡូវនេះ អញមានផ្ទៃពោះ ហើយ អញជាកូនដែលនឹងក្លាយទៅជាម្តាយគេហើយ មិនមែនជា កូនមានខ្លួននៅទំនេរទទេស្អាតដូចមុនទៀតឡើយ។ ដូចនេះ គ្រប់ ឥរិយាបថរបស់អញ ត្រូវប្រុងប្រយ័ត្នមិនត្រូវធ្វេសប្រហែសទៀតទេ និងធ្វើយ៉ាងណាឱ្យកូនរបស់អញ នៅក្នុងផ្ទៃបានសុខចម្រើន មិនត្រូវឱ្យ កូននេះ មានគ្រោះថ្នាក់ដោយប្រការណាមួយឡើយ។

ចាប់តាំងពីពេលនោះមក អ្នកម្តាយតែងតែប្រុងប្រយ័ត្នគ្រប់ ឥរិយាបថទាំងអស់ ទោះពេលធ្វើដំណើរទៅណាមកណាម្តងៗ មិន រហ័សពេក ឬរលះរលាំង ឬមួយ រត់លេងផ្តេសផ្តាសដូចកាលពីមុន ឡើយ គឺទៅដោយសន្សឹមៗថ្នមៗ ប្រុងប្រៀប មិនធ្វេសប្រហែសខ្លាច ក្រែងដួល ថ្លោះគ្រិច ហើយអាចមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។ មួយ ទៀត ពេលឈរក្តី ពេលអង្គុយក្តី ក៏តែងមានសតិសម្បជញ្ញៈរឭក ដឹងជានិច្ចថា ខ្លួនមានគេមកជ្រកនៅជាមួយហើយ ដូចនេះ ម៉ែមិនហ៊ាន លោតកញ្ឆក់កញ្ឆែងលេងជាល្បែងទេ។

ពេលឈរក៏មិនហ៊ានឈរយូរ ពេក ពេលអង្គុយក៏អង្គុយក្នុងរយៈពេលល្មម និងពេលដេកក៏មិនឱ្យយូរ ហួសប្រមាណ គឺខិតខំធ្វើ យ៉ាងណាដើម្បីឱ្យឥរិយាបថទាំង៤ ប្រព្រឹត្ត ទៅស្មើគ្នា ដើម្បីឱ្យខ្លួនមានសុខភាពមាំមួនផង និងអាចញ៉ាំងកូន ដែល នៅក្នុងផ្ទៃបានសុខសាន្តផងដែរ។ នៅពេលទទួលទានអាហារ ម្តាយ តែងបរិភោគអាហារទាំងឡាយណា ដែលងាយដល់ក្រពះរំលាយ មិនហ៊ានបរិភោគអាហារណាដែលរឹងពេក ឬមិនបរិភោគអាហារឱ្យឆ្អែត ពេករហូតដល់ហល់ទេ បរិភោគតែអាហារណាដែលមិនប៉ះពាល់ដល់សុខភាពខ្លួន និងកូនក្នុងផ្ទៃ។ ការបរិភោគអាហារដែលមានជាតិហឹរពេក ក្តៅពេក ក៏អាចបណ្តាលឱ្យកូននៅក្នុងផ្ទៃមានភាពក្តៅក្រហល់ក្រហាយនៅមិនសុខ ដូចនេះម្តាយក៏មិនហ៊ានបរិភោគ ទោះបីជាខ្លូនឃ្លាន ឬញៀនញ៉ាមយ៉ាងណាក៏ដោយ ក៏សុខចិត្តទ្រាំអត់ធ្មត់ សង្កត់ចិត្ត កាត់ចិត្តទាំងអាល័យ ព្រោះខ្លាចបរិភោគទៅមិនបានសុខដល់កូនក្នុងផ្ទៃ។

ម៉ែបរិភោគតែអាហារទាំងឡាយណា ដែលមានប្រយោជន៍ដល់ សុខភាពកូនផង សុខភាពម៉ែផង។ មួយទៀត ការជក់បារី ការផឹកនូវ គ្រឿងស្រវឹងមានស្រាជាដើម ការទិញថ្នាំលេបផ្តេសផ្តាស សុទ្ធតែជា មូលហេតុបណ្តាលឱ្យប៉ះ ពាល់ដល់សុខភាព គឺនៅពេលដែលកូន កើតមកអាចជាកូនញៀនសុរាដូចម្តាយគេដែរ ឬប៉ះពាល់ដល់ផ្លូវ ដង្ហើម មានសុខភាពខ្សោយ ស្គមមិនគ្រប់ទម្ងន់ ឬក៏អាចមាន កាយសម្បទាមិនប្រក្រតីជាដើម។ នៅពេលម៉ែដឹងច្បាស់ពីហេតុនេះ តាមរយៈ ចាស់ទុំណែនាំក្តី តាមរយៈគ្រូពេទ្យជំនាញខាងស្ត្រីមានផ្ទៃ ពោះក្តី ម៉ែក៏បោះបង់ ចោលការផឹកសុរា ការសេពគ្រឿងញៀន ឬការជក់បារីជាដើមនោះ ទោះបីខ្លួននៅ ស្រេកឃ្លាននៅចង់ ក៏ប្តេជ្ញាចិត្តថាឈប់ប្រព្រឹត្តតទៅទៀត ព្រោះតែទឹកចិត្តស្មោះ ស្ម័គ្រស្រឡាញ់បេតីចំពោះកូនជាទីពេញហឫទ័យ។

តើកូនទាំងឡាយដឹងទេ? ពេលដែលម៉ែដឹងថា ម៉ែមានទម្ងន់ហើយ ម៉ែស្ទុះស្ទារឆ្លេរឆ្លារ ទៅសាកសួរចាស់ទុំ នៅក្នុងស្រុកដែលមានភូមិរបង ផងជាមួយគ្នាថា តើខ្លួនត្រូវប្រតិបត្តិយ៉ាងដូចម្តេចខ្លះ ដើម្បីថែរក្សា ការពារកូននៅក្នុងផ្ទៃឱ្យបានសុខសប្បាយ។ ពេលដែលទទួលបាន ដំបូន្មានពីចាស់ទុំព្រឹទ្ធាចារ្យ ឬគ្រូពេទ្យជំនាញ ហើយក៏ប្រតិបត្តិតាម មិនឱ្យឆ្គាំឆ្គងឡើយ។

ដោយសារតែស្រឡាញ់កូន ម៉ែសុខចិត្តតស៊ូទ្រាំហូបថ្នាំរក្សាគភ៌ បំប៉នសុខភាព ដើម្បីឱ្យកូនម៉ែនៅក្នុងផ្ទៃបានសុខសប្បាយ មិនមានជំងឺ បៀតបៀន ទោះបីថ្នាំនោះល្វីងជូរចត់សាបភ្លាវលំបាកផឹកយ៉ាងណា ម៉ែនៅតែស៊ូទ្រាំលេបទាំងត្រដរ ដើម្បីការពារកូនឱ្យសុខសប្បាយ។ ចំណែកខាងលោកឪពុកវិញក៏មិនណយប៉ុន្មានដែរ នៅពេល ដែលដឹងថា ប្រពន្ឋរបស់ខ្លួនមានផ្ទៃពោះ ហើយខ្លួននឹងក្លាយទៅជា ឪពុករបស់គេហើយ ក៏សប្បាយចិត្តរីករាយឥតឧបមា ហើយខិតខំប្រឹង ប្រែងថ្នាក់ថ្នមបម្រើការពារភរិយា មិនឱ្យធ្វើការធ្ងន់ដូចសព្វមួយដង ឡើយ ហើយខ្លួនរឹងរឹតតែប្រឹងប្រែងធ្វើការទ្វេឡើង។ ការងារទាំងឡាយ ស្ទើរតែទាំងអស់ ឪយកខ្លួនមកធានារ៉ាប់រង់ទាំងអស់ ព្រោះខ្លាចឧត្តម ភរិយាមានគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។ ឪធ្វើ ការងារខាងក្រៅផ្ទះផង ខាងក្នុងផ្ទះផង រួមទាំងពុះអុស រែកទឹកដាក់ពាង បោសជូតដាំស្លជាដើម។ ឪថ្នាក់ថ្នមម៉ែទាំងកាយទាំងចិត្ត ត្បិតខ្លាច ប៉ះពាល់ដល់សុខភាពម៉ែ និងកូនក្នុងផ្ទៃ។ ពេលប្រពន្ធប្រាប់ថា ចង់ បរិភោគនូវម្ហូបចំណីអាហារ ឬផ្លែឈើប្រភេទណាមួយ ឪប្រញាប់ ប្រញាល់មិនបង្អង់យូរឡើយ ក៏ទៅរកមកប្រគល់ឱ្យ ភរិយាភ្លាមដើម្បី បំប៉នសុខភាពម្តាយ និងកូនឱ្យមានកម្លាំងពលំមាំមួនរឹងប៉ឹង។ នៅតាម ស្រុកស្រែចម្ការ លោកឪពុកគ្រាន់តែឮដំណឹងថា ឱសថបុរាណបែបនេះ បែបនោះ អាចរក្សាគភ៌ រក្សាសុខភាព ម្តាយកូនបានល្អ លោកក៏ស្រវេ ស្រវាទៅរក ដោយរហ័សរហួន មិននៅស្ពឹកស្រពន់ទម្រន់យូរឡើយ ហើយទៅស្វែងរកដើមឈើ សម្បកឈើ ឫសឈើនៅឯព្រៃ ឬទៅរក ទិញនៅទីផ្សារមកដាំ ស្ងោរឱ្យប្រពន្ធ ទទួលទានភ្លាម។ ចំណែកឯលោកឪពុកនៅតាមទីប្រជុំជនវិញ ក៏តែងតែខ្វល់ខ្វាយ ពីសុខមាល ភាពរបស់ប្រពន្ធកូនជានិច្ចដែរ។ ពេលដឹងថាភរិយាខ្លួន ក្លាយទៅជាម្តាយគេហើយ ក៏មានចិត្តសប្បាយរីករាយ ហើយជូនប្រពន្ធ ទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យលោកវេជ្ជបណ្ឌិត ដែលមានជំនាញខាងស្ត្រី ពិនិត្យមើលផ្ទៃពោះ និងសុខភាពម្តាយ និងទទួលយកដំបូន្មានល្អៗ ក្នុងការថែរក្សាការពារ ថែទាំសុខភាព និងការប្រតិបត្តិ យ៉ាងណា ដើម្បីឱ្យមានសុវត្ថិភាពដល់ម្តាយនិងកូន។ ក្រោយពេលដឹងថា ម្តាយនិង កូនមានសុខភាពល្អ លោកឪពុកក៏សប្បាយចិត្តនឹងរឹងរឹតតែមានកម្លាំង ចិត្តខិតខំ ធ្វើការរកទទួលទានថែមទៀត។

ទាំងពីរនាក់ប្តីប្រពន្ធដែលនឹងក្លាយទៅជាឪពុកម្តាយរបស់គេ មានទឹក ចិត្តប្រកបដោយក្តីរីករាយ ដោយក្តីស្រឡាញ់ជាទីបំផុត។ ក្តីស្រឡាញ់ (មេត្តា)នេះ ជាជម្រកមួយប្រកបដោយក្តីសុខសាន្តជាទីបំផុត គេមិនអាច ស្វែងរកជម្រកណាមួយមក ប្រៀបផ្ទឹមជាមួយបានឡើយ។ ជម្រកនេះ បានផ្តល់ជីវិតជាទីស្រឡញ់របស់សត្វ លោកឱ្យគង់វង្សស្ថិតស្ថេរនិង ថែមទាំងរក្សាការពារមិនឱ្យវិនាសដោយប្រការផ្សេងៗឡើយ។ ប្រសិន បើមានការថ្លោះធ្លោយគ្រោះថ្នាក់ដល់កូន ដែលនៅអាស្រ័យក្នុងផ្ទៃនោះ ក៏មិនមែនបណ្តាលមកពីទឹកចិត្តមេត្តានោះទេ គឺប្រាកដ ជាបណ្តាលមក ពីមូលហេតុផ្សេងៗ ដែលមានលក្ខណៈផ្ទុយពីទឹកចិត្តមេត្តាហើយ។ ការលំបាករបស់ព្រះម៉ែជាងពេលណាៗទាំងអស់ គឺពេលម៉ែឆ្លង ទន្លេបង្កើត កូនឱ្យឃើញពិភពលោកនេះ ពោលគឺម៉ែយកជីវិតម៉ែទៅ ប្តូរយកជីវិតកូន។ ការឆ្លងទន្លេ ដើម្បីទៅកាន់ត្រើយម្ខាងទៀត ពីសម័យដើមគេឆ្លង តាមរយៈ ទូក ក្បូន កំណាត់ឈើ កំណាត់ឫស្សី បន្ទះក្តារជាដើម ព្រោះគ្មានទូក កាណូត កប៉ាល ធំៗដូចសម័យបច្ចុប្បន្ននេះ។ ហេតុដូច នេះហើយ ការឆ្លងទន្លេនោះ ទើបមានគ្រោះកាចច្រើនឥតគណនា ជូនកាលត្រូវខ្យល់ព្យុះកំបុតត្បូង បោកបក់ពន្លិចស្លាប់ក៏មាន ជួនណា ត្រូវក្រពើ ត្រី ឆ្លាម មករ លេបត្របាក់ ទំពារស៊ីស្លាប់ក៏មាន ជួនណាត្រូវ ខ្សែទឹកកួចយកទៅបាត់ក៏មាន ជួនណាត្រូវចោរខូចកាចចាំប្លន់សម្លាប់ ក៏មាន។ ដូចនេះឃើញថា ការឆ្លងទន្លេមានគ្រោះកាចច្រើនជាង សំណាងសែនឆ្ងាយណាស់។

ចំណែកឯការប្រសូតបុត្ររបស់ម៉ែក៏កាន់តែមានការលំបាក និង គ្រោះកាចច្រើនណាស់ដែរ ហេតុនេះទើបបណ្ឌិតពីបុរាណ បានធ្វើ សេចក្តីប្រៀបធៀបការសម្រាលកូននេះ ទៅនឹងការឆ្លងទន្លេ ឆ្លងសមុទ្រ នោះដែរ។ ការណ៍ពិតណាស់ បុរាណាចារ្យពោលថា ការសម្រាលកូន គឺជាការឆ្លងទន្លេ ព្រោះការសម្រាលកូន ពិតជាមានគ្រោះកាចជាច្រើន មែនដល់ម្តាយនិងកូន។ នៅពេលសម្រាលកូនម្តងៗ ជីវិតរបស់ម្តាយស្ថិតក្នុងចង្កូម ក្រញ៉ាំនៃមច្ចុរាជទៅហើយ។ នៅពេលសម្រាលកូន ចាស់ទុំទាំងឡាយខំបែរបន់ នូវគុណបុណ្យព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ វត្ថុស័ក្តិសិទ្ធិក្នុងលោកមានទេវតា អ្នកតាព្រៃភ្នំ ជាដើមដើម្បីឱ្យម៉ែ និងកូនប្រសូត ប្រកបដោយសុវត្ថិភាព។ នៅពេលខ្លះទៀត ការឆ្លងទន្លេធ្វើឱ្យបាត់បង់ជីវិតកូននៅក្នុងផ្ទៃ គេអាចជួយ សង្គ្រោះបានតែម្តាយក៏មាន ជួនកាលស្លាប់ម្តាយនៅរស់តែកូនក៏មាន ជួនណាទៅ ស្លាប់ទាំងម្តាយទាំងកូនក៏មានដែរ។ បើសំណាងល្អ បុណ្យកុសលមានអាចរស់បានទាំងម្តាយទាំងកូន។ នៅពេលឆ្លងទន្លេ ជីវិតម៉ែមិនបានពេញលេញបរិបូណ៌ មួយរយភាគរយទេ គឺផុតមុខផុតក្រោយ ប្រផុតប្រផើយស្ទើរស្លាប់ស្ទើររស់ គឺនៅពេលនោះហើយ ម៉ែយកជីវិតម៉ែទៅប្តូរជាមួយនឹងជីវិតកូន។ មួយទៀត ការឆ្លងទន្លេជាការលំបាក ព្រោះម្តាយមានការឈឺចុកចាប់ណាស់ រកអ្វីមកប្រៀបផ្ទឹមមិនបានឡើយ។ អដ្ឋកថាបញ្ជាក់ថា ក្នុងវេលាដែលមាតា ជិតប្រសូតបុត្រនោះ មានខ្យល់មួយឈ្មោះខ្យល់កម្មជ្ជវាត កើតអំពីកម្មបក់បង្វិលទារកនោះ ឱ្យវិលក្បាលចុះក្រោមជើងឡើងលើ ឱ្យប្រសូតចេញតាមមុខយោនីនៃមាតា ឧបមាដូចជាគេចាប់បោះចោលទៅក្នុងជ្រោះជ្រៅចំនួន១០០ជួរបុរស ហើយចង្អៀតក្រៃលែងពេកណាស់ ទម្រាំតែនឹងបានប្រសូតចេញរួចមក។ ទារកហើយនិងមាតាលំបាកស្ទើរតែនឹងដាច់ខ្យល់ស្លាប់ ឧបមាដូចជាបុគ្គលទាញដំរីដឹកចេញតាមចន្លោះខ្នួចអ៊ីចឹងដែរ។

ការឈឺចុកចាប់ ទុក្ខវេទនាត្រូវបានរសាយទៅវិញ នៅពេលដែលម៉ែបាន ឮសូរសម្រែកកូនយំ។ ម៉ែចង់ឃើញមុខកូនពុំងា ថាតើកូនមានសុខភាពល្អថ្លោសស្រស់ថ្លាយ៉ាងណា កូនស្អាតយ៉ាងណា មានមុខមាត់កាត់ទៅរកអ្នកណា? ដូចម្តាយ ឬ ដូចឪពុក ឬដូចមីង មា យាយ តា ឬដូចអ្នកណា? គួរអាសូរចិត្តអាណិតម៉ែ អស់ប្រាំបួនខែម៉ែពរផ្ទៃ ស៊ូទ្រាំចាញ់គភ៌ញ័រល្ហិតល្ហៃ អាស្រ័យបុត្រភ្ងាផ្ញើជីវិត។ ម៉្លឹងហើយម៉ែនៅនឹកស្រឡាញ់ លំបាកម៉្តេចម៉ិញឥតបើគិត ទន្ទឹងឱ្យតែខែមកជិត ចិត្តពិតចង់ឃើញបុត្រពិសី។ ពេលឆ្លងទន្លេម៉ែឈឺណាស់ ឈឺក្រៃឈឺក្រាស់ហួសឧបមេយ្យ ស្ទើរផុតជីវិតចាកលោកិយ វិស័យមច្ចុរាជមករង់ចាំ។ បើម៉ែបានឆ្លងផុតវាលធំ ម៉ែស្តប្កា់កូនយំម៉ែចំណាំ សំឡេងកូនតូចដូចបណ្តាំ ផ្សះផ្សាទ្រូងម៉ែឱ្យល្ហែពិត។ម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នម បំពេបីបមលោមប្រណីតឆ្លងកាត់តំណក់នៃលោហិត ផ្តិតដោយឱរាដ៏ថ្លាស្អាត។

ធម្មាចារ្យ ឆឹង កាន

[កែប្រែ]

ឪពុកម្តាយសុទ្ធតែដឹងថា ការផ្តល់កំណើតឱ្យកូន ពិតជាលំបាកវេទនា មានគ្រោះ កាចច្រើនដល់ជីវិត ចុះហេតុដូចម្តេចបានជាឪពុកម្តាយទាំងពីរមិនរាងចាល នៅតែបង្កើត កូនបង្កើតចៅ ឆ្លងទន្លេមិនចេះឈប់ឈរ? ម៉េចក៏ម៉ែមិនពន្លូតទម្លាក់ ដោយលេបថ្នាំ ចាក់ថ្នាំសម្លាប់កម្ទេចកូនចោលឱ្យអស់តែម្តងទៅ? ចាំបាច់អីនៅរងទុក្ខលំបាកឆ្លង ទន្លេស្ទើរស្លាប់ស្ទើររស់? ឪពុកម្តាយខំតស៊ូលំបាកយ៉ាងនេះ មិនមកតែពីទឹកចិត្តប្រកបដោយមេត្តាស្រឡាញ់ស្នេហាចំពោះកូនទេឬ ?

តើកូនដឹងទេ! ហេតុអ្វីបានជាកូនមានជីវិតរស់យ៉ាងសប្បាយឆើតឆាយរីករាយដល់សព្វថ្ងៃនេះ? ប្រាកដជាមកពីលោកមានមេត្តាព្រហ្មវិហារធម៌គឺក្តីស្រឡាញ់ របស់ព្រះព្រហ្មទាំងពីរអង្គយ៉ាងប្រត្យក្ស គ្មាននរណាម្នាក់អាចប្រកែកបានឡើយ!

កូនទាំងឡាយស្វែងរកចុះ! គ្មានជម្រកណាមួយដែលផ្តល់ភាពសុខសាន្ត ភាពកក់ក្តៅ សុខសុភមង្គលដល់ជីវិតកូន ដូចជម្រកមេត្តារបស់ឪពុកម្តាយទាំងពីរទេ។ ទោះបីខ្លួនត្រូវភ្លៀង ត្រូវខ្យល់ត្រជាក់រងាញ័រចំប្រប់យ៉ាងណា ត្រូវថ្ងៃក្តៅស្ទើរឆេះ យ៉ាងណាក៏នៅតែសុខចិត្តផ្តល់ម្លប់ផ្តល់ភាពកក់ក្តៅ ភាពត្រជាក់ត្រជុំដល់កូនដែល កំពុងតែជ្រកកោន។ ឪពុកម្តាយមិនដែលត្អូញត្អែរថា ក្តៅណាស់ ត្រជាក់ណាស់ រងាណាស់ លំបាកណាស់ ក្នុងការផ្តល់ក្តីសុខឱ្យកូនស្ងួនភ្ងាពិសីនោះទេ។ ទោះលំបាកយ៉ាងណា គ្រោះថ្នាក់យ៉ាងណា ព្រះព្រហ្មទាំងពីរអង្គស៊ូអត់ទ្រាំ តស៊ូ ជម្នះនូវរាល់ឧបសគ្គតូចធំទាំងឡាយ ដែលរាំងស្ទះដល់ការការពាររូបកូនទាំងឡាយ។

ចូរកូនមើល! ពេលកូននៅជាកូនង៉ែតនៅឡើយ ពេលកូនឈឺបន្ទោបង់ម្តងៗ ម៉ែយកជើងទាំងពីរ ឬភ្លៅម៉ែទាំងពីរធ្វើជាបង្គន់សម្រាប់កូនបន្ទោបង់មូត្រលាមក អាចម៍នោមគ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់។ ឪពុកម្តាយលាងលាមកកូន ចាប់កាន់លាមកកូន មិនដែលខ្ពើមរអើម លោកចាប់កាន់យ៉ាងស្និទ្ធ ហាក់ដូចជាការ ចាប់កាន់ដុំមាសដុំប្រាក់ ឬកម្រងភួងផ្កាអ៊ីចឹងដែរ។ កន្ទបលាមកដ៏ស្អុយរបស់កូន ឪពុកម្តាយយកទៅបោកគក់ ដោយផ្ទាល់ដៃហាក់ដូចជាគ្មានធុំក្លិនអាក្រក់អ្វីបន្តិចទាល់ តែសោះ។ ឪពុកម្តាយលើកកូនឡើងផ្ងូតទឹក រៀងរាល់ល្ងាចព្រឹក ឬនៅពេលថ្ងៃក្តៅ រួចហើយស្លៀកពាក់ និងដណ្តប់ឱ្យកូនដើម្បីការពារកម្តៅ ត្រជាក់ ការពារសត្វល្អិត ទិច ឬខាំគ្រប់ពេលវេលាទាំងយប់ទាំងថ្ងៃ។

ចុះចំណែកកូនវិញ តើកូនដែលធ្លាប់យកភ្លៅខ្លួន សម្រាប់ឪពុកម្តាយទាំងទ្វេ ធ្វើជាបង្គន់បន្ទោបង់បានម្តងហើយឬនៅ? តើកូនធ្លាប់បោកគក់សម្លៀកបំពាក់ដែល ប្រឡាក់ដោយលាមករបស់លោកទាំងពីរដែលចាស់ជរាហើយឬនៅ? ធ្លាប់ផ្ងូតទឹក ជូនមាតាបិតាហើយឬនៅ...? ត្រង់ចំណុចនេះ ខ្ញុំគិតថាកូនទាំងឡាយគួរគិត ពិចារណាដោយខ្លួនឯងចុះ! នៅពេលកូនខ្លួនឯងផ្ទាល់ក្លាយទៅជាឪពុកម្តាយរបស់គេហើយ នោះកូននឹងយល់ច្បាស់ពីជម្រៅទឹកចិត្ត ឪពុកម្តាយទាំងទ្វេហាថាមានទំហំធំ និងជម្រៅដ៏សែនជ្រៅចំពោះកូនប៉ុនណា។

បើឪពុកម្តាយគ្មានមេត្តាទេ តើកូនដែលបានមកចាប់បដិសន្ធិនៅក្នុងផ្ទៃនោះ នឹងទៅជាយ៉ាងណា? តើកូនអាចរស់នៅបានសុខសប្បាយទេ? ខ្ញុំគិតថា បើប្រាសចាកមេត្តាគឺក្តីស្រឡាញ់ដែលជាជម្រកដ៏សែនសុខនេះហើយ កូននោះមិនបានសុខទេ ហើយថែមទាំងមានគ្រោះមហន្តរាយដល់ជីវិតថែមទៀតផង។

មានអ្នកម្តាយមួយចំនួនតូចណានោះ គ្មានទឹកចិត្តមេត្តា ដែលជាជម្រកដ៏កក់ ក្តៅសម្រាប់កូនគ្រប់រូប តែបែរជាមានចិត្តបាបអកុសល មានចិត្តច្រណែននិន្ទា ឈ្នានីស ព្យាបាទ គំនុំគុំកួនជាដើមវិញ ម៉ែនោះក៏បណ្តាលឱ្យគភ៌ដែលនៅក្នុងផ្ទៃ វិនាសអន្តរាយស្លាប់បាត់បង់ជីវិត ហើយក៏មិនអាចកើតមកឃើញពន្លឺថ្ងៃទាល់តែសោះ ព្រោះតែគភ៌ ដែលមកអាស្រ័យនៅក្នុងផ្ទៃនោះបដិសន្ធិឡើង មិនមែនដោយសារទឹកចិត្តប្រកបដោយមេត្តារបស់ម្តាយឪពុក គឺប្រហែលជាកើតឡើងដោយសារ ការសប្បាយភ្លើតិភ្លើនភ្លេចខ្លួន ខុសគន្លងប្រពៃណីរវាងបុរសនិងស្ត្រីយ៉ាងពិតប្រាកដ។ ពិតមែនហើយ នៅពេលដែលកាមតណ្ហាគ្របសង្កត់ គេមិនអាចពិចារណា ឃើញហេតុផលខុសត្រូវ ឬភាពខុសឆ្គងនឹងប្រពៃណីទំនៀមទម្លាប់ ដែលមានមកតាំងពីបរមបុរាណឡើយ។ ដូចនេះទឹកចិត្តប្រកបដោយក្តីមេត្តាចំពោះកូន ដែលនៅអាស្រ័យនៅក្នុងផ្ទៃតើមានមកពីណា? មួយវិញទៀត ដោយខ្លាចខ្មាសអស់ញាតិសាច់សាលោហិត មិត្តភក្តិជិតឆ្ងាយ ដែលជាសមាជិកសង្គមរួមគ្នាផង ខ្លាចខូចខាតបាត់បង់អស់កេរ្តិ៍ឈ្មោះរបស់ខ្លួន ដែលជាស្ត្រីខ្មែរមានកូនគ្មានប្តីផង និងដោយសារចិត្តបាបអកុសលចិត្តច្រណែននិន្ទា ឈ្នានីសជាដើមរបស់ខ្លួនឯងផង ហើយប្រហែលជាមានការជំរុញលើកទឹកចិត្តពីប្រុសជាឪពុកនោះផង ទឹកចិត្តបាបអកុសលក៏មានកម្លាំងខ្លាំងក្លាឡើង ហើយ បណ្តេញចិត្តមេត្តាគឺក្តីស្រឡាញ់ឱ្យចេញពីក្នុងសន្តន្កាមួយរំពេច។ នៅពេលនោះ ភ្លើងចិត្តអាក្រក់ក៏ចូលមកជំនួសចិត្តស្រឡាញ់ ហើយក៏ចាប់ផ្តើមបៀតបៀនកូននៅក្នុងផ្ទៃ មិនឱ្យរស់នៅតទៅទៀត។ ចិត្តអាក្រក់ នោះ ក្តៅជាងភ្នំភ្លើងទៅទៀត ដែលធ្វើឱ្យគភ៌មិនអាចរស់នៅតទៅទៀតបាន ព្រោះគេចាប់ផ្តើមដុតឱ្យឆេះក្តៅ ក្រហល់ក្រហាយ ដោយគេផឹក គេចាក់ថ្នាំទម្លាក់ចោលយ៉ាងសប្បាយចិត្ត។ កាលពីជំនាន់ដើម វិទ្យាសាស្ត្រខាងវិជ្ជាពេទ្យមិនទាន់មានការរីកចម្រើននៅឡើយ ការ រំលូតកូនខ្វះលក្ខណៈបច្ចេកទេស អាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ ម្តាយ ទៀតក៏មានដែរ។ សូម្បីសម័យបច្ចុប្បន្ន ក៏នៅតែអាចមាន គ្រោះថ្នាក់ដល់ម្តាយ និងគភ៌ផងដែរ។ គភ៌ដែលបាត់បង់ជីវិត មិនបាន ឃើញពន្លឺព្រះអាទិត្យ ក៏ព្រោះតែចិត្តបាប អកុសលដែលក្តៅជាងភ្នំភ្លើង របស់ឪពុកម្តាយអប្រិយនេះដែរ។

អស់លោកសាធុសប្បុរសមើលចុះ ចិត្តបាបនេះជាជម្រកដ៏សែន ក្តៅ ហើយគ្មាននរណាម្នាក់ អាចមានសមត្ថភាពមកនៅជ្រកកោន បានឡើយ។ ពេលវាបញ្ចោញចំហាយម្តងៗ វាធ្វើឱ្យអ្នកនៅក្បែរ គ្រោះថ្នាក់ ឬស្លាប់បាត់បង់សាបសូន្យជីវិត។ ដូចនេះ ទឹកចិត្តដែល ផ្ទុយពីក្តីស្រឡញ់(មេត្តា) គឺមានតែការស្អប់ ច្រណែន បៀតបៀនគ្នា ទៅវិញទៅមក និងធ្វើឱ្យវិនាសតែម៉្យាងប៉ុណ្ណោះ ហើយក៏គ្មានអ្វី មួយមកនៅជាមួយបានឡើយ។

នៅមានឪពុកម្តាយខ្វះការទទួលខុសត្រូវខ្លះទៀត ពេលបង្កើតកូនមក ហើយ មិនដឹងជាមូលហេតុអ្វី យកកូនទៅចោលនៅគំនរសំរាម។ នោះប្រហែលជាមាន ជីវភាពខ្វះខាត ឬខ្មាសញាតិជិតខាង? ឬត្រូវបោះ កូនចោលហើយរត់ទៅតាមប្រុស ឬស្រីថ្មីទៀត? ឬមួយកូនដែលកើត មកជាកូនកាឡកណ្ណីចង្រៃដល់គេ ដល់ឯងទើបបានជាយកទៅ បោះចោល? ឬមួយឪពុកម្តាយដែលបង្កើតគេមកនេះជាកូនវិកល ចរិត?

មានមូលហេតុតែមួយគត់ ដែលឪពុកម្តាយមិនទទួលខុសត្រូវនោះ បោះបង់កូនចោល គឺគ្មានមេត្តាធម៌(ក្តីស្រឡាញ់) ដែលជាម្លប់ដ៏ត្រជាក់ សែនសុខសម្រាប់កូនជ្រក។ ការលើកករណីនេះមកបង្ហាញ មិនមែន មានន័យថា ស្ត្រីជាម្តាយសុទ្ធតែមានចិត្តអាក្រក់ ចិត្តដាច់ឥតមេត្តា ដូច្នោះនោះទេ គឺគ្រាន់តែចង់បង្ហាញឱ្យឃើញ ពីគុណតម្លៃនៃចិត្តមេត្តា របស់មាតាបិតា ដែលមានលទ្ធភាពពេញលេញ ក្នុងការផ្តល់ជម្រក ដ៏សែនសុខសាន្ត ដល់សត្វដែលមកសុំជ្រកកោន ស្នាក់អាស្រ័យនៅ នឹងផ្ទៃ របស់ខ្លួនតែប៉ុណ្ណោះ ។ កូនទាំងឡាយ ចូរមើលគុណតម្លៃមេត្តាធម៌របស់ឪពុកម្តាយទាំងទ្វេចុះ! បើសិន ជាមានមេត្តាហើយ ទោះស្ថិតនៅក្នុងស្ថានភាពបែបណា ក៏ដោយ ក៏ឪពុកម្តាយទាំងទ្វេមិនដែលបោះបង់ចោលកូនឡើយ។ កូនទាំង ឡាយ ចូរមើលមកម្តាយឪពុក នៅក្នុងសង្គមខ្មែរមើល៍! ក្រោយពេល ពួកគាត់ចេញពីរបបវាលពិឃាតបីឆ្នាំ ប្រាំបីខែ ម្ភៃ ថ្ងៃមក ពួកគាត់មាន តែដៃទទេ គឺគ្មានទ្រព្យអ្វីទាល់តែសោះ ឪពុកម្តាយខ្លះមានកូនច្រើន រហូត ប្រាំបួន ទៅដប់នាក់ ប៉ុន្តែគាត់មិនបានបោះបង់កូនណាមួយចោលទេ ចិញ្ចឹមកូនទាំងនេះរស់ទាំងអស់ មិនបាត់បង់ដោយប្រការណាមួយ ឡើយ។ ឪពុកម្តាយខិតខំ ទំនុកបម្រុង រហូតដល់កូនរៀនបានថ្នាក់ខ្ពង់ខ្ពស់ រកទទួលួទានមានបានទៀតផង។

តួយ៉ាងដូចជាអ្នកម្តាយរបស់ខ្ញុំ កាលពីជំនាន់ចេញពីរបប ប៉ុល ពតភ្លាម, គាត់ក្លាយទៅជាស្ត្រីមេម៉ាយ ព្រោះឪពុករបស់ខ្ញុំបានស្លាប់បាត់ បង់ជីវិត នៅក្នុងរបបកាចសាហាវនេះហើយ។ ម៉ែទទួលបន្ទុកយ៉ាងធ្ងន់ ក្នុងការចិញ្ចឹមកូន អប់រំកូនទាំង៤ ទាំង៥នាក់ ហើយសុទ្ឋតែតូចៗនៅ ឡើយ។ ម៉ែដើរតួជាឪពុកផង ជាម្តាយផង ចំណែកឯជីវភាពវិញ មាន ការលំបាកយ៉ាងក្រៃលែង ព្រោះការធ្វើស្រែចម្ការ ក៏លំបាក ដោយសារបងៗខ្ញុំសុទ្ធតែស្រីៗ។ ប៉ុន្តែទោះជាយ៉ាងហ្នឹងក៏ដោយ ម៉ែមិនបាន អនុញ្ញាតឱ្យកូនណាម្នាក់ អត់បាយស្លាប់នោះទេ។ កូនរបស់ម៉ែម្នាក់ៗ សុទ្ធតែមានសុខភាពល្អ។

លើសពីនេះទៅទៀត កូនៗត្រូវបានម៉ែអប់រំយ៉ាងយកចិត្តទុកដាក់ ហើយ គ្មានកូនណាមួយធ្វើឱ្យគាត់ព្រួយចិត្ត មិនប្រកបដោយធម៌ នោះឡើយ គឺម្នាក់ៗសុទ្ធ តែមានសីលធម៌ល្អ គួរឱ្យស្រឡាញ់រាប់អាន។ តែជាកម្មអកុសល ម៉ែរស់នៅមិនយូរប៉ុន្មាន ម៉ែក៏ចែកឋានលាលោក នេះទៅ ព្រោះតែម៉ែមានជំងឺធ្ងន់ ដោយសារតែធ្វើការហួសកម្លាំង ដើម្បីចិញ្ចឹមកូនមួយហ្វូងនេះ ។

ខ្ញុំគិតថា បើអស់លោកនៅមានម៉ែ នៅមានឪនៅឡើយ ត្រូវខំ រក្សាឪពុកម្តាយ ស្តាប់ដំបូន្មានគាត់ កុំធ្វើឱ្យគាត់លំបាកចិត្ត កុំដល់ពេលគាត់ ទៅបាត់លែងវិលត្រឡប់មកវិញ ជារៀងរហូតហើយ ទើបកូនដឹងខ្លួន ស្តាយស្រណោះ វាជាការយឺតពេលជាទីបំផុត។

ដើម្បីជាគ្រឿងពិចារណាអំពីទឹកចិត្តមេត្តា ស្រឡាញ់របស់មាតា បិតាថាមាន ទំហំធំធេងយ៉ាងណា ចូរកូនទាំងឡាយសាកល្បង ពិចារណានិទាន មាតុឃាតក (បុរសសម្លាប់ម្តាយ)ម្នាក់នេះមើល៍! ដើម្បី ជាគ្រឿងជំនួយស្មារតីកូន ៖

មាតុឃាតករ (Matricide)

[កែប្រែ]

(ឪពុកម្តាយគិតកូន រកទ្រព្យឱ្យកូន ទោះបីកូនចង់សម្លាប់ខ្លួនក៏ដោយ)

ក្នុងកាលកន្លងទៅហើយ មានបុរសម្នាក់នៅដែនកាសី កាលបើបិតាធ្វើ មរណកាលទៅហើយ ក៏ទំនុកបម្រុងបម្រើមាតាដោយគោរព។ ឯមាតាឃើញកូន មានវត្តប្រតិបត្តិល្អ ក៏មានចិត្តអាណិតស្រឡាញ់កូន ក៏ស្តីដណ្តឹងនារីមានរូបស្រស់ ប្រិមប្រិយម្នាក់មករៀបចំជាគូនឹងកូនខ្លួន។ ចំណែកខាងនាងនោះបិតាស្លាប់ចោល តាំងពីក្មេង នៅសល់តែមាតា ទើបនាំម៉ែមកនៅរួមរស់ជាមួយត្រកូលខាងស្វាមី ហើយទំនុកបម្រុងដល់មាតាទាំងពីរដោយគោរព។

ក្រោយមកបន្តិច នាងក៏មានចិត្តនឿយណាយធុញទ្រាន់ចំពោះមាតាទាំងពីរ ហើយក៏មានគំនិតអាក្រក់កើតឡើង គឺគិតសម្លាប់ម្តាយក្មេកចោល។ លុះនាងបានគិតដូច្នេះហើយក៏ទៅនិយាយញុះញង់ស្វាមី ថា “ឥឡូវនេះ យើងគិតសម្លាប់ម្តាយយើងចោល ព្រោះយាយចាស់ ចង្រៃនេះ ខុសអស់ចាស់ទាំងពួង តែងបន្ទោបង់មូត្រ លាមក ដាក់ពាស ពេញផ្ទះសំបែង ហើយច្របាច់លេង ដូចកូនក្មេងដែលទើបនឹងកើត អ៊ីចឹង។ បើបងមិននៅផ្ទះកាលណា គាត់ធ្វើបាបតែអូន ឱ្យអូនវេទនារាប់ មិនឈ្នះ បើដូច្នេះ យើងគិតសម្លាប់ពួកគាត់ចោលឬ?”។ បុរសជាស្វាមី បានឮពាក្យ ប្រពន្ធរ៉ាយរ៉ាប់ញឹកញាប់ញយៗ ហើយក៏និយាយថា “ការសម្លាប់កូនមិនមែន ជាការងាយទេ វាជាការលំបាកណាស់”។ ភរិយានោះពោលតបថា “បងសម្លាញ់ការសម្លាប់នោះគឺងាយទេ មើល តែពួកគាត់ដេកលក់ យើងចងគ្រែរបស់គាត់សែង ទៅទម្លាក់ក្នុងស្ទឹង ខាងក្រោយផ្ទះ ហើយក្រពើឆ្លាមនឹងទំពារស៊ីភ្លាម”។ បុរសជាស្វាមី សួរថា “ម្តាយបងដេកខាងណា? ម្តាយអូនឯងដេកខាងណា?”។ ប្រពន្ធ ប្រាប់ថា “ម្តាយបងសម្រាន្តខាងណេះ ម្តាយអូនសម្រាន្តខាងណោះ”។ ស្វាមីប្រាប់ថា “បើដូច្នេះ ចូរអូនចងគ្រែរបស់ម្តាយបងទុកឱ្យហើយទៅ ដល់យប់ជ្រៅ យើងនឹងសែងទៅទម្លាក់ក្នុងស្ទឹងឱ្យក្រពើស៊ី”។ ភរិយា ត្រេកអរណាស់ ក៏ធ្វើតាមបង្គាប់ស្វាមី ហើយក៏ចូលដេកលក់បាត់ ស្ងាត់ទៅ។ បុរសជាស្វាមីបានដឹងថា ភរិយារបស់ខ្លួនដេក លក់ហើយ ក៏ចូលទៅស្រាយចំណងពីគ្រែម្តាយខ្លួនចេញ ហើយយកខ្សែទៅចង គ្រែម្តាយក្មេកវិញ លុះចងសព្វគ្រប់ហើយ ដើរចូលទៅដាស់ភរិយាថា “នែ៎! ក្រោក ឡើង! យើងល្មមសែងដូនចាស់ទៅទម្លាក់ចោលហើយ”។ ជនទាំងពីរនាក់ក៏ម្នីម្នា សែងគ្រែយកទៅទម្លាក់ក្នុងស្ទឹងខាងក្រោយផ្ទះ យ៉ាងប្រញាប់ប្រញាល់ ព្រោះខ្លាចក្រែងគេមើលឃើញ។ ពួកសត្វ សាហាវទាំងឡាយមានក្រពើឆ្លាមជាដើម ក៏ដណ្តើម គ្នាប្រជែងស៊ីយាយ ចាស់នោះអស់មួយរំពេច។ លុះព្រឹកឡើង នាងប្រពន្ធដឹងច្បាស់ថា ម្តាយខ្លួនស្លាប់ហើយ ក៏នឹកតូចចិត្តក្តៅក្រហាយអន្ទះសារពន់ពេក ទើប ប្រាប់ស្វាមីថា “យើងនឹងសម្លាប់ដូនចាស់មួយទៀត”។ បុរសជាស្វាមី ក៏យល់ព្រមហើយ នាំគ្នាទៅធ្វើជើងថ្ករក្នុងព្រៃស្មសាន។ លុះដល់ពេល យប់ម្តាយក៏ដេកលក់ គេក៏នាំគ្នាសែងគ្រែព្រមជាមួយនឹងម្តាយលើគ្រែ យកទៅដាក់តម្កល់លើជើងថ្ករប្រារឰនឹងដុតភ្លើង។ ជួនជាពេលនោះ គេភ្លេចដាក់ភ្លើងទៅ ក៏នាំគ្នាត្រឡប់មកយកភ្លើងវិញ។

កាលដែលជនទាំងពីរនាក់ត្រឡប់មកផ្ទះវិញ យាយចាស់នោះ ក៏ក្រោកឡើងអង្គុយ ព្រោះត្រូវទឹកសន្សឹមត្រជាក់ខ្លាំង ហើយក្រឡេក មើលសព្វទិសទី ទើបដូនចាស់ដឹងថា គេយកខ្លួនមកសម្លាប់ ក៏ចុះទៅ យកខ្មោចសពពពែមួយទៅដាក់លើ គ្រែគ្របសំពត់ពីលើជួសខ្លួន ហើយ ភៀសខ្លួនចេញពីទីនោះភ្លាមមួយរំពេច។ ដូនចាស់ដើរចូលទៅក្នុងគុហា មួយ ហើយរំពឹងគិតអាណិតខ្លួនថា “ឱ!អាត្មាអញនឹក ស្មានថា បានកូនប្រសាជាទីពឹង ឥឡូវវាធ្វើឱ្យអញភ័យ និងមានគ្រោះដល់ជីវិត យ៉ាងក្រៃលែង”។ ចំណែកខាងប្តីប្រពន្ធយកភ្លើងបានមក ក៏ដុតសាក សពពពែនោះទៅ ដោយសម្គាល់ថាជាម្តាយរបស់ខ្លួន។ ឯគុហាដែល យាយចាស់ចូលទៅអង្គុយនោះ មានចោរម្នាក់យកបង្វិចមាសប្រាក់ ទៅលាក់ទុកក្នុងទីនោះជាច្រើន។ យាយចាស់បានឃើញមាសប្រាក់ នោះហើយ ក៏នឹកភ្នកដល់កូនភ្លាមថា “ឱ! កូនសម្លាញ់អញ! ប្រសិនបើ បានមាសប្រាក់ច្រើនយ៉ាងនេះ ប្រហែលជាត្រេកអរណាស់ហើយ”។ យាយចាស់កំពុងតែគិតដូច្នេះ ស្រាប់តែចោរមកដល់។ ចោរគ្រាន់ តែឃើញយាយចាស់ភ្លាម ក៏ភ្ញាក់ភិតភ័យរន្ធត់ញាប់ញ័រ មិនហ៊ាន ចូលទៅជិតឡើយ ដោយគិតស្មានថាជាយក្ស ក៏ត្រឡប់មកវិញ ទៅហៅ គ្រូខ្មោចម្នាក់ឱ្យចូលទៅសង្កេតមើល។ គ្រូខ្មោចក៏រាយមន្តវិជ្ជាការហើយ ដើរចូលទៅកាន់គុហានោះ។

ណែកយាយចាស់បានឃើញគ្រូខ្មោចនោះ ក៏និយាយថា “យើង មិនមែនជាយក្សទេ ចូរអ្នកចូលមក! យើងទាំងពីរនាក់នឹងចែកទ្រព្យ គ្នា”។ គ្រូខ្មោចនោះនិយាយថា “យើងមិនជឿទេ”។ យាយចាស់ក៏បញ្ជាក់ ថា “បើអ្នកមិនជឿយើងទេ ចូរអ្នកលៀនអណ្តាតមកដាក់លើអណ្តាត យើងចុះ នោះអ្នកនឹងដឹងថា យើងជាកូនពិតហើយ។ គ្រូខ្មោចក៏ ធ្វើតាមពាក្យសម្តីដូនចាស់នោះ យាយចាស់ក៏ខាំអណ្តត្កាគ្រូខ្មោចនោះ ជាប់ដោយចង្កូមយ៉ាងចំណាំប់។ គ្រូខ្មោចខំបម្រះរើរួចហើយ ក៏ស្រែក ប្រាប់គ្នាថា “យក្សទេវ៉ើយ! យក្សទេ! ” ទើបនាំគ្នារត់ចេញទៅ។ លុះដល់ ភ្លឺឡើង យាយចាស់ក៏ប្រមូលមាសប្រាក់ វេចស្ពាយយកទៅឱ្យ កូននៅឯផ្ទះ។

ចំណែកខាងកូនប្រសាស្រី ក្រឡេកឃើញម្តាយស្ពាយបង្វិចមាស ប្រាក់មកដូច្នេះ ក៏ចុះទៅទទួលរាក់ទាក់ធ្វើបដិសណ្ឋារៈ ធ្វើការគួរសម យ៉ាងអស្ចារ្យ ហើយនិយាយថា “ឱលោកម្តាយអើយ! គេយកទៅដុតក្នុង ព្រៃខ្មោច តែត្រឡប់ជាបាន មាសប្រាក់មកឱ្យកូន បើដូច្នោះ ខ្ញុំសូមឱ្យ លោកម្តាយយកខ្ញុំទៅដុតវិញម្តង ខ្ញុំនឹងកើបវេចយកមាសប្រាក់ឱ្យច្រើន ជាងនេះទៅទៀត”។ ស្ត្រីនោះជាស្ត្រីពាលកាឡកណ្ណី ល្មោភចង់បាន ទ្រព្យមិនគិតវែងឆ្ងាយ ព្រោះហេតុនោះ ក៏បានឱ្យស្វាមីយកខ្លួនទៅដុត ក្នុងព្រៃស្មសាន។ ស្វាមីក៏នាំយកទៅដុតឆេះខ្ទេចគ្មានសល់ ហើយ ស្លាប់ទៅកើតក្នុងនរក។ ឯស្វាមីលុះអស់អាយុក៏ទៅកើត និងសោយទុក្ខ ក្នុងនរកជាមួយ គ្នាដែរ។ (ស្រងចាកប្រជុំនិទានជាតកភាគ ១ ទំព័រ ២៩)

អស់លោកទាំងឡាយអើយ អ្នកមិនគួរជឿពាក្យប្រពន្ធគ្រប់ម៉ាត់ ពេកនោះទេ ...!

តាមរយៈនិទាននេះ តើកូនទាំងឡាយអាចមើលឃើញទឹកចិត្ត ស្រឡាញ់ មេត្តារបស់ម៉ែកម្សត់នេះទេ ? ពីរនាក់ប្តីប្រពន្ធជាកូនអកតញ្ញូ មិនដឹងគុណម៉ែ ដែលបានបង្កើត និងខំចិញ្ចឹមយ៉ាងលំបាកវេទនា។ កូនទាំងពីរនេះ មិនត្រឹមតែមើលមិនឃើញគុណម៉ែ ដ៏សែនធ្ងន់ជាង ប្រថពីទេ តែថែមទាំងមានចិត្តគំនិតចង់សម្លាប់គាត់ទៀត ដោយគ្រាន់ លំបាកក្នុងការចិញ្ចឹមគាត់បន្តិចប៉ុណ្ណោះ ដោយគ្មានគិតឃើញ គុណូបការៈរបស់គាត់ សូម្បីប៉ុនសរសៃសក់សោះ។ កូនបែបនេះ ទទួលទោសធ្លាក់នរកដូចក្នុងនិទាននេះ សមស្របណាស់មិនខុស ឡើយ។

កូនចូរមើលទឹកចិត្តដូនចាស់ជរារូបនេះចុះ សូម្បីកូនយកទៅ សម្លាប់ហើយ ក៏នៅតែមិនខឹង មិនបោះបង់កូនចោល មិនចងគំនុំគុំ កួននឹងកូនទេ នៅតែគិតដល់កូនគ្រប់ដង្ហើមចេញចូលជានិច្ច។ ពេលម៉ែ បានជួបនឹងភព្វសំណាង បានមាស បានប្រាក់ ម៉ែនឹកដល់កូនសម្លាញ់ ភ្លាមថា“ ឱ! កូនសម្លាញ់អញ ! ប្រសិនបើបានមាសប្រាក់ច្រើនយ៉ាងនេះ មិនដឹងជាត្រេកអរយ៉ាងណាទេ”។ ម៉ែខំពុះពារគ្រប់ឧបសគ្គ ទោះបីប្រើ ល្បិច កិច្ចកលយ៉ាងណាក៏ម៉ែធ្វើដែរ ដើម្បីបានមាសប្រាក់នោះ យកមក ឱ្យកូនម៉ែ។ ម៉ែខំយ៉ាងនេះ មិនដើម្បីខ្លួនម៉ែផ្ទាល់ទេ គឺដើម្បីកូនតែម្នាក់ ប៉ុណ្ណោះ។ មាសប្រាក់ទាំងអម្បាលម៉ានដែលម៉ែបានមក ម៉ែមិនយក ទៅចាយវាយយកទៅប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួនម៉ែទេ ម៉ែប្រមូល ទ្រព្យនោះបានមក ដើម្បីប្រគល់ឱ្យកូនម៉ែតែម្នាក់ប៉ុណ្ណោះ សូម្បីកូននោះ មានគំនិតអាក្រក់់ខ្មៅអប្រិយ យកម៉ែទៅសម្លាប់ចោលក៏ដោយ។ នៅក្នុង ពិភពលោកនេះ មិនមាននរណាដែលមានទឹកចិត្តស្រឡាញ់ មានចិត្ត ល្អបរិសុទ្ធចំពោះកូនដូចឪពុកម្តាយទេ។

១) ឱះ!ឱព្រះមាតាបិតា មានធម៌មេត្តាសង្គ្រោះកូន តាំងពីកូនមកនៅជ្រកពួន លាក់ខ្លួនសំងំក្នុងផ្ទៃម្តាយ។
២) លុះខែមួយពីរអ្នកដឹងច្បាស់ អ្នកត្រេកអរណាស់ចិត្តរីករាយ កាលដឹងថាកូនក្នុងផ្ទៃម្តាយ អ្នកតែងខ្វល់ខ្វាយមិនឱ្យហ្មង។
៣) ទោះបរិភោគបាយចំណី អាហារហឹរប្រៃហើយក្តៅផង ពុំហ៊ានបរិភោគឱ្យរំលង ខ្លាចក្រែងកូនរងទុក្ខក្នុងផ្ទៃ។
៤) ណាមួយចិត្តអ្នកគិតរំពឹង ចង់ដឹងថាកូនប្រុសឬស្រី ដែលទើបនឹងចាប់កំណើតថ្មី កូនប្រុសឬស្រីខ្មៅឬស។
៥) អ្នកម្តាយមានធម៌ព្រហ្មវិហារ មេត្តានោះជាចិត្តស្មោះសរ ស្រឡាញ់អាណិតចិត្តត្រេកអរ ដួងចិត្តបវរគ្រប់មាសា។
៦) ជិតថ្ងៃប្រសូតស្រងូតមុខ កើតទុក្ខចម្បែងក្នុងឱរ៉ា ការក្រែងមានគ្រោះកាចឫស្យា បន់ស្រន់ទេវតាឱ្យជួយផង។
៧) នឹកដល់គុណមាតាបិតា គុណដូនគុណតាជួយគ្រប់គ្រង ការពារបិសាចឱ្យរំលង ប្រសូតបុត្រផងផុតទុក្ខភ័យ។
៨) លុះថ្ងៃគម្រប់គ្រប់មាសា ប្រសូតបុត្រភ្ងាចេញចាកផ្ទៃ ទោះខ្មៅឬសប្រុសឬស្រី អ្នកថ្នាក់ថ្នមបីរាល់វេលា។
៩) ពីខែមួយដល់ខែដប់ ពកូនគ្មានឈប់ផ្ទប់ឱរ៉ា លុះដល់កូនកើតឃើញរូបា មាតាថ្នាក់ថ្នមដោយមេត្រី។
១០) ស្រឡាញ់រូបកូនស្មើជីវិត គ្មានគិតនឿយហត់ថាយប់ថ្ងៃ ពេលបរិភោគបាយចំណី ដៃម្ខាងម្ចាស់ថ្លៃអ្នកបីកូន។
១១) ដៃមួយអ្នកហូបនូវអាហារ លំបាកវេទនាស្គមទាំងខ្លួន ចិត្តម្តាយគ្មានខ្ជិលនឹងរូបកូន ថែថួនថ្នមបីបំបៅដោះ។
១២) ពេលណាដែលកូនក្តៅរងា ទ្រូងម្តាយខ្លោចផ្សាមុខក្រៀមក្រោះ រត់រកពេទ្យហ្មជួយរំដោះ ចាយអស់ទ្រព្យធនឱ្យកូនជា ។
(អ្នកនិពន្ឋអនាមិក)

កូនបានជ្រកក្នុងជម្រកនេះហើយ តើត្រជាក់ត្រជុំប៉ុនណាទៅ? តើទឹកចិត្ត ដែលជាជម្រកសម្រាប់កូនមានត្រឹមតែប៉ុណ្ណឹងទេឬ.? ចុះពេល កូនមានទុក្ខលំបាកវិញ តើឪពុកម្តាយមានទឹកចិត្ត និងចាត់វិធានការយ៉ាង ដូចម្តេចដែរ?

ព្រហ្មវិហារធម៌ ៤ សំខាន់យ៉ាងណាចំពោះមនុស្ស

[កែប្រែ]

បានដល់ ធម៌ជាគ្រឿងឋិតនៅដ៏ប្រសើរ ធម៌ប្រចាំចិត្តដ៏ប្រសើរ គោលការប្រព្រឹត្តិដ៏ បរិសុទ្ធិ ធម៌ដែលត្រូវមានទុកជាគោលក្នុងចិត្ត និងកាន់កាប់ការប្រព្រឹត្តិ ទើបនឹងមាននាមថា ដំណើរជីវិតហ្មត់ចត់ និងប្រតិបត្តិខ្លួនចំពោះមនុស្ស សត្វទាំងឡាយដោយត្រូវ ប្រកបដោយ បានដល់ ៖

១. មេត្តា សេចក្តីស្រឡាញ់ ប្រាថ្នាល្អ ចង់ឲ្យគេមានសេចក្តីសុខ មានចិត្តមេត្រី និងគិតធ្វើប្រយោជន៍ដល់មនុស្ស សត្វទូទៅ ។

២. ករុណា សេចក្តីអាណិត ជួយឲ្យរួចផុតទុក្ខ ជួយសង្រ្គោះបំបាត់ទុក្ខលំបាករបស់ ពពួកសត្វ ។

៣. មុទិតា មានសេចក្តីត្រេកអរ ពេលឃើញអ្នកដទៃមានសក្តីសុខ មានចិត្តរីករាយសប្បាយជានិច្ច ចំពោះសត្វទាំងឡាយ អ្នកឋិតនៅក្នុងបកតិសុខ ។

៤. ឧបេក្ខា ការដម្កល់ចិត្តជាកណ្តាល ដែលនឹងធ្វើឲ្យតំរង់នៅក្នុងធម៌ តាមពិចារណាឃើញដោយបញ្ញា គឺមានចិត្តរាបត្រង់ដោយធម៌ដូចជាជញ្ជីង មិនលំអៀងដោយស្រ ឡាញ់ដោយស្អប់ ពិចារណាឃើញកម្ម ដែលសត្វទាំងឡាយធ្វើហើយ ដ៏គួរបានទទួលផលល្អ ឬអាក្រក់ សមដល់ហេតុដែលខ្លួនបានប្រព្រឹត្ត ព្រមនឹងវិនិច្ឆ័យ និងបដិបត្តិទៅតាមធម៌ រួមទាំងចេះតាំងចិត្តជាកណ្តាលសម្លឹងមើល នៅពេលមិនមានកិច្ចដែលគួរធ្វើ ព្រោះគេទទួលខុសត្រូវបានល្អហើយ គេសមគួរទទួលខុសត្រូវដោយខ្លួនឯង ឬគេគួរបានទទួលផលដ៏សមរម្យជាមួយការទទួលខុសត្រូវរបស់ខ្លួន ។

អ្នកឋិតនៅក្នុងព្រហ្មវិហារធម៌ រមែងជួយមនុស្ស សត្វទាំងឡាយដោយមេត្តាករុណា និងរមែងរក្សាធម៌ទុកបានដោយឧបេក្ខា ដូច្នោះ សូម្បីមានករុណាដែលនឹងជួយ សង្រ្គោះមនុស្សសត្វទាំងពួង តែក៏ត្រូវមានឧបេក្ខាផង ដែលនឹងនាំមិនឲ្យខូចធម៌ ។

ព្រហ្មវិហារធម៌នេះ ពេលខ្លះប្រែថា ធម៌របស់ព្រះព្រហ្ម ធម៌សម្រាប់ការរស់តាមបែបព្រះព្រហ្ម ធម៌ប្រចាំចិត្តដែលធ្វើឲ្យបានជាព្រះព្រហ្ម ឬ ឲ្យស្មើដោយព្រះព្រហ្ម ឬ ធម៌ ជាគ្រឿងរស់នៅរបស់អ្នកមានគុណខ្ពង់ខ្ពស់ ។

ព្រហ្មវិហារធម៌ ៤ ហៅម្យ៉ាងទៀតថា អប្បញ្ញា ៤ ព្រោះផ្សព្វផ្សាយជានិច្ចនៅក្នុង ចំណោមនុស្សសត្វទាំងឡាយមិនមានប្រមាណ មិនកំណត់ព្រំដែន ។ ព្រហ្មវិហារធម៌មាននៅក្នុងបុគ្គលណា រមែងធ្វើឲ្យអ្នកនោះប្រព្រឹត្តបដិបត្តិសង្រ្គោះដល់អ្នកដទៃ ដោយសង្គហវត្ថុជាដើម ។

ព្រហ្មវិហារធម៌ ៤ ប្រការនេះ ជាធម៌ដ៏ប្រសើរ ដែលចាត់ជាគោលធម៌ប្រចាំនៅក្នុងចិត្ត និងឃុំគ្រងការព្រឹត្តិ ជាធម៌ចាំបាច់យ៉ាងខ្លាំងក្នុងសង្គមខ្មែរ ដែលបច្ចុប្បន្ននេះ អំ ណាចវត្ថុនិយមបានរួមរឹត រហូតដល់ឲ្យបានក្លាយជាអ្នកមានចិត្តចង្អៀត គិតតែប្រយោជន៍ផ្ទាល់ខ្លួន ។ ការហ្វឹកហាត់ឲ្យមានក្តីស្រឡាញ់មេត្តា សូម្បីដល់សត្រូវរបស់ខ្លួនបាន រមែងនឹងបាននាមថា ពុទ្ធសាសនិកដ៏ពិត តាមគោលធម៌ពុទ្ធសាសនាថា ត្រូវប្រែមេត្តាដល់ចោរ ដែលកំពុងតែកាត់ ឬអាផ្តាច់អវយវៈ ដូចជាដៃ ឬជើងរបស់យើង នរណាមានក្រោធចំពោះចោរ អ្នកនោះក៏មិនមែនជាសាវករបស់យើង ។

ដូច្នោះ ការហ្វឹកហាត់ខ្លួនក្នុងរឿងប្រតិបត្តិព្រហ្មវិហារធម៌ ខាងដើមខ្លួនគួរប្រតិបត្តិដូច្នេះ ៖

១. ផ្សព្វផ្សាយមេត្តា

២. តាំងសេចក្តីប្រាថ្នាល្អចំពោះមនុស្សទូទៅ

៣. ខ្វល់ខ្វាយជួយសង្រ្គោះដល់អ្នកដទៃ

៤. ឧបត្ថម្ភបំរុង និងចូលរួមក្នុងកិច្ចការសាធាប្រយោជន៍

៥. មិនស្អប់ខ្ពើម ឬឫស្យាអ្នកដទៃ

៦. សម្តែងការពេញចិត្តនៅពេលអ្នកដទៃមានជោគជ័យ

៧. ដម្កល់ចិត្តជាកណ្តាល សម្លឹងមើលវត្ថុទាំងឡាយតាមសេចក្តីពិត ។


ព្រហ្មវិហារធម៌​ ​និង​ទសពិធរាជធម៌​របស់​មេដឹកនាំ

[កែប្រែ]

ក-ព្រហ្មវិហារធម៌​ (Brahmavihāra)

[កែប្រែ]

តើ​ព្រហ្មវិហារធម៌​មាន​អ្វីខ្លះ ? ព្រហ្មវិហារធម៌​មាន​ មេត្ដា​ ​ករុណា​ ​មុទិតា​ ​និង​ ឧបេក្ខា ។​

មេត្ដា (loving-kindness, benevolence )

[កែប្រែ]

មេត្ដា​ ​គឺ​សេចក្ដី​អាណិត​ ​ស្រឡាញ់​ ​ចង់​ឲ្យ​អ្នកផង​បាន​សុខ ។​ ​មេដឹកនាំ​តែងតែ​មាន​ការ​អាណិត​អាសូរ​ជា​និច្ច​ដល់​អ្នក​ក្រោម​បង្គាប់​ ​និង​ប្រជាពលរដ្ឋ ។ យក​ចិត្ដ​ទុក​ដាក់​ខ្ពស់​បំផុត​ ​ពោល​គឺ​ ​បើ​​ស្រឡាញ់​ខ្លួនឯង​ប៉ុណ្ណា​ ​​ត្រូវ​តែ​ស្រឡាញ់​អ្នក​ដទៃ​ ​ក្រុម​ការងារ​ ​កូនចៅ​ ​អ្នក​ក្រោម​បង្គាប់​ ​និង​ប្រជាពលរដ្ឋ​​ប៉ុណ្ណឹង​ដែរ ។​ ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​ ​ជា​ក្សត្រ​ដែល​មាន​ទសពិធរាជធម៌​ ​និង​ព្រហ្មវិហារធម៌​ពិតប្រាកដ​ ​ទ្រង់​យក​ព្រះ​ទ័យ​ទុកដាក់​ខ្វាយខ្វល់​ចំពោះ​រាស្ដ្រ​ជា​និច្ច​ ​“ទ្រង់មាន​ព្រះ​ទ័យ​ព្រួយបារម្ភ​ចំពោះ​រោគ​របស់​ប្រជារាស្ដ្រ​ព្រះ​អង្គ​ ​ជាង​ព្រះ​អាពាធ​ព្រះ​អង្គ​ទៅ​ទៀត​ ​ព្រោះថា​សេចក្ដី​ទុក្ខ​របស់​រាស្ដ្រ​ ​គឺជា​សេចក្ដី​ទុក្ខ​របស់​អ្នក​គ្រប់គ្រង​ទាំងឡាយ​ ​មិនមែន​សេចក្ដី​ទុក្ខ​ផ្ទាល់​ព្រះ​អង្គ​ទេ​ ​ដែល​នាំ​ឲ្យ​ព្រះ​អង្គ​ព្រួយ​ឈឺ​ចាប់​នោះ” ។ បើមេត្តាជាសេចក្តីអាណិត ស្រឡាញ់ ចង់ឲ្យអ្នកផងបានសុខ ការយល់ដូច្នេះដូចជាច្របូកច្របល់ចែកគ្នាមិនដាច់រវាងមេត្តានិងករុណា!

ករុណា (compassion)

[កែប្រែ]

ករុណា​ ​ចេះ​ជួយ​សង្គ្រោះ​អ្នក​ដទៃ​ឲ្យ​បាន​សេចក្ដីសុខ ។​ ​មេដឹកនាំ​​ត្រូវ​ចេះ​ជួយ​សង្គ្រោះ​អ្នក​ក្រីក្រ​លំបាក​ ​អ្នក​រង​គ្រោះ​ ​អ្នក​ដែល​ស្ថិត​ក្នុង​ភាព​ល្ងង់​ខ្លៅ​ ​និង​អ្នក​មាន​វិបត្ដិ​ផ្សេងៗ ។​ ​មេដឹកនាំ​​ត្រូវ​តែ​ហ៊ាន​លះបង់​គ្រប់​បែប​យ៉ាង​ ​ដើម្បី​ជួយ​សង្គ្រោះ​ជន​រួមជាតិ​ខ្លួន​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ទុក្ខវេទនា​ ទាំងអស់​ ​តែ​ដំណោះស្រាយ​ក្នុង​ការ​ជួយ​សង្គ្រោះ​ ត្រូវ​ដោះស្រាយ​ពី​ដើមចម​នៃ​បញ្ហា​ ​កុំ​ព្យាយាម​ដោះ​ចុង​បញ្ហា​ ​វា​ជា​ការ​ខាត​ពេល​ ​ខាត​ធនធាន​ឥត​ប្រយោជន៍​ ​ហើយ​បើ​​ប្រឹង​ដោះ​ខ្លាំង​ប៉ុណ្ណា​ ​បញ្ហា​ក៏​នឹង​កើន​ឡើង​ប៉ុណ្ណោះ​ ​ទោះ​ដោះ​រហូត​ស្លាប់​ទាំង​ខ្លួន​ទៀត​ ​ក៏​ពុំ​អាច​ចប់​បាន​ឡើយ ។​ ​ព្រះ​ពុទ្ធ​អង្គ​ជា​គំរូ​ស្រាប់​ ​ព្រះ​អង្គ​ហ៊ាន​លះបង់​រាជសម្បត្ដិ​ ​យសសក្កិ​ ​សេចក្ដីសុខ​ផ្ទាល់ខ្លួន​ ​និង​កាម​កិលេស​ ​តណ្ហា​ផ្សេងៗ​ ​រហូត​ដល់​អាយុជីវិត​ ​ដើម្បី​ស្វះ​ស្វែង​រក​ផ្លូវ​សង្គ្រោះ​មនុស្សលោក​ទូទៅ​ឲ្យ​រួច​ផុត​ពី​ អវិជ្ជា​ ​គឺ​សេចក្ដី​ទុក្ខ ។​

មុទិតា (empathetic joy)

[កែប្រែ]

មុទិតា​ ​មេដឹកនាំ​​មិន​ត្រូវ​មាន​ចិត្ដ​ច្រណែន​ឈ្នានីស​ ​ឬ​អន់ចិត្ដ​ចំពោះ​ការ​រីក​ចម្រើន​ ​ជោគជ័យ​របស់​អ្នក​ដទៃ​ ​ឬ​អ្នក​ក្រោម​បង្គាប់​ ​ឬ​ប្រជាពលរដ្ឋ​ឡើយ ។​ ​ផ្ទុយ​ទៅ​វិញ​ ​មេដឹកនាំ ​ត្រូវ​សប្បាយ​ត្រេកអរ​នឹង​សេចក្ដីសុខ​ចម្រើន​របស់​ប្រជាពលរដ្ឋ​​ ​ឬ​រីករាយ​សាទរ​ ​ពេល​ឃើញ​ពលរដ្ឋ​បាន​សេចក្ដីសុខ​ដោយសារ​ខ្លួន ។​ ​ក្រោយ​ពី​ពេល​ខ្លួន​បាន​ជួយ​សង្គ្រោះ​ ​ទោះបីជា​គេ​មិន​ថ្លែង​អំណរគុណ​ក៏​ដោយ​ ​ក៏​មិន​ត្រូវ​ទោមនស្ស ។​ ​មាន​ន័យ​ថា​ ​មេដឹកនាំ​​ ​មិន​ត្រូវ​រម្លឹក​គុណ​របស់​ខ្លួន​ ​អួត​ប្រាប់​គេ​ឲ្យ​ដឹង​ពេល​ជួយ​អ្នក​ដទៃ​នោះ​ទេ ។ តែ​ផ្ទុយ​ទៅ​វិញ​ ​មេដឹកនាំ​​ត្រូវ​សរសើរ​ ​និង​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ ​ដែល​បាន​ធ្វើ​ល្អ​មក​លើ​ខ្លួន​ ​ទោះជា​អំពើ​ល្អ​នោះ​តិច​ក្ដី​ ​ច្រើន​ក្ដី ។​

ឧបេក្ខា (equanimity)

[កែប្រែ]

ឧបេក្ខា​ ​មេដឹកនាំ​​ត្រូវ​ប្រកាន់​ចិត្ដជា​កណ្ដាល​ ​មិន​លំអៀង​ ​ព្រោះ​ស្អប់​ ​ស្រឡាញ់​ ​ច្រណែន​ ​និន្ទាឈ្នានីស​ ​អន់ចិត្ដ ។​ ​មេដឹកនាំ​ស្មោះស្មើ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ ​ដោយ​មិន​រើសអើង​ ​ដោយសារ​ភាព​អគតិ​ ​និង​ការ​ប្រកាន់​បក្ស​ពួក​ឡើយ ។​ ​អ្នកដឹកនាំ​​​ត្រូវ​បង្កើត​គោលការណ៍​រួម​ ​និង​ច្បាប់​រដ្ឋ​ជា​ច្បាប់​មួយ​មាន​សមភាព​អនុវត្ដន៍​លើ​ជន​ទូទៅ​ដូចៗ​គ្នា​ ​ហើយ​ជា​អ្នក​នាំមុខ​គេ​ប្រតិបត្ដិ​ ​ប្រកាន់​គោលការណ៍​ ​និង​អនុវត្ដ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ។​

ឧបេក្ខា៖ ការរក្សាចិត្តជាកណ្ដាល គឺ ការធ្វើទុកក្នុងចិត្តថា អ្នកទាំងឡាយ ទាំងខ្លួនខ្ញុំផង សុទ្ធតែប្រព្រឹត្តទៅតាមកម្ម ឬអំពើដែលខ្លួនបានធ្វើមកហើយអំពីកាលមុន។ អំពើល្អរមែងឲ្យផលជាសុខ។ សេចក្ដីប្រមាទ ការធ្វេសប្រហែស សេចក្ដីខ្ជិលច្រអូស ការបៀតបៀនអ្នកដទៃជាដើម រមែងឲ្យផលសមគួរទៅតាមអំពើនោះ។​

ខ-ទសពិធ​រាជធម៌ (Dasavidha-rājadhamma)​

[កែប្រែ]

ទសពិធធម៌ ​ឬ​ទសពិធរាជធម៌ (Dasavidha-rājadhamma ឬ Rajādhamma 10 ("tenfold virtue of the ruler") គឺ​ជា​ធម៌​របស់​ព្រះ​ពុទ្ធ​ដែល​អ្នក​ដឹកនាំ​មនុស្ស អង្គការ ក្រុមហ៊ុន ការិយាល័យ ប្រទេស ឬ​ស្ថាប័ន​នានា​គួរ​តែ​ប្រតិបត្តិ​ជាប់​ជានិច្ច ។ ទសពិធធម៌ អាច​រក​ឃើញ​នៅ​ក្នុង​​​គម្ពីរ​ព្រះត្រៃបិដក នៅ​ក្នុង​​​គម្ពីរ​ខុទ្ទកនិកាយ (​Khuddakanikāya) ​នៃ​វគ្គ​​ជាតក (Jātaka) សៀវភៅ​លេខ​ ៦១ ទំព័រ ១២៨ កថាខណ្ឌ ២៤០ ដែល​មាន​សេចក្តី​ថា ៖ "(ព្រះ​រាជា ...) ម្នាល​បក្សី យើង​តែង​ប្រមើល​មើល​នូវ​កាល​អនាគត​ដ៏​វែង យើង​ឋិត​នៅ​ ក្នុង​ធម៌ ១០ ប្រការ មិន​តក់ស្លុត​នឹង​បរលោក​ឡើយ ។ (ធម៌ ១០ ប្រការ​គឺ) ទាន ១ សីល ១ បរិច្ចាគ ១ ភាព​នៃ​ចិត្ត​ត្រង់ ១ ភាព​នៃ​ចិត្ត​ទន់ ១ តបៈ​គឺ​ឧបោសថសីល ១ ការ​មិន​ក្រោធ ១ ការ​មិន​បៀតបៀន ១ ខន្តី ១ កិរិយា​មិន​ភ្លាត់ ១ ។ យើង​ឃើញ​ នូវ​កុសលធម៌​ទាំង​នេះ ឋិត​នៅ​ក្នុង​ខ្លួន លំដាប់​នោះ បីតិ​និង​សោមនស្ស​ជា​ច្រើន កើត​ឡើង​​​ដល់​យើង ដោយ​ប្រការ​ដូច្នេះ ។ ឯ​បក្សី​ ឈ្មោះ​សុមុខៈ មិន​បាន​គិត​ ហើយ​បញ្ចេញ នូវ​វាចា​ដ៏​ទ្រគោះ ព្រោះ​តែ​មិន​បាន​ដឹង​ច្បាស់ នូវ​ការ​ប្រទូស្ត ក្នុង​ចិត្ត របស់​យើង ។ បក្សី​នោះ​ លុះ​ខឹង​ហើយ ក៏​បញ្ចេញ​នូវ​វាចា​ដ៏​ទ្រគោះ ដោយ​ឥត​គំនិត (ពោល) នូវ​ទោស​ទាំង​ឡាយ​ដែល​មិន​មាន​ក្នុង​ពួក​យើង ពាក្យ​នេះ​មិន​មែន​ដូច​ពាក្យ​នៃ​បុគ្គល​មាន​ប្រាជ្ញា (ពោល​ហើយ) ទេ ។"

គោល​ធម៌​ទាំង​ ​១០​ប្រការ នេះ​ ​មេដឹកនាំ​គ្រប់​រូប​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ជា​និច្ច ។​ ​គោល​ធម៌​ទាំង​ ​១០​ប្រការ​មាន ៖

ទាន (Dāna = charity)

[កែប្រែ]

ទាន​ ​គឺ​ការ​ផ្ដល់​ឲ្យ​ដូច​ជា​ ​វត្ថុ​ ​សម្ភារៈ​ ​ចំណេះដឹង​ ​ការ​អប់រំ​ ​ក្បួនច្បាប់​ ​និង​ការ​អប់រំ​ព្រះធម៌​ ​ដល់​ប្រជាពលរដ្ឋ​​​ជាទី​ស្រឡាញ់​របស់​ខ្លួន​ជាដើម ។​ ​មេដឹកនាំ​​​ត្រូវ​ហ៊ាន​លះបង់​ធនធាន​ផ្ទាល់ខ្លួន​ ​ធ្វើ​អំណោយទាន​ដល់​ប្រជាពលរដ្ឋ​​​ដែល​ក្រីក្រ​លំបាក ។​ ​មេដឹកនាំ​​​ត្រូវធ្វើ​ទាន​ក្នុង​គន្លង​គតិបណ្ឌិត​ ​មិនមែន​ក្នុង​បែប​ប្រជា​ភិថុត​ឡើយ ។​ ​ពោល​គឺ​ ​អំណោយ​ជា​ ​ផ្លែ​ ​ខ្សែ​សន្ទូច​ ​និង​ចំណេះដឹង​ ​ដើម្បី​ឲ្យ​​​ចេះ​រក​ ​ចេះ​ស្ទូច​ត្រី​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួនឯង ។​

សីល (Sīla = morality)

[កែប្រែ]

អ្នកដឹកនាំ​ល្អ​ ​គឺ​ជា​អ្នក​ដែល​ប្រកាន់​ខ្ជាប់​វិន័យ​ ​អំពើ​ល្អ​ ​តាម​ឱវាទ​ព្រះពុទ្ធ ។​ ​មេដឹកនាំ​​​​ត្រូវ​មាន​សីល​៥​ក្នុង​ខ្លួន ។​

ទី​១-សីល​ទាំង​៥​ ​រួម​មានៈ​ ​អ្នកដឹកនាំ​​​មិន​សាហាវ​យង់ឃ្នង​ ​មិន​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​ផ្សេងៗ​ ​មិន​បៀតបៀន​មិត្ដ​រួមការ​ងារ​ ​អ្នក​ក្រោម​ឱវាទ​ ប្រជាពលរដ្ឋ​របស់​ខ្លួន​ ​រហូត​ដល់​ការ​កាប់​សម្លាប់​ជាដើម ។​

ទី​២-អ្នកដឹកនាំ​​​មិន​ត្រូវ​ពុក​រលួយ​ ​ស៊ី​សំណូក​ ​លួច​បន្លំ​ ​កេង​យក​ទ្រព្យសម្បត្ដិ​ជាតិ​ ​ឬ​ទ្រព្យ​បុគ្គល​ ​ឬ​ក្រុម​គ្រួសារ​ណាមួយ​ ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ឬ​ប្រយោជន៍​ក្រុម​គ្រួសារ​ ​និង​បក្សពួក​ឡើយ ។​ ​មេដឹកនាំ​ត្រូវ​តែ​មាន​ការ​ស្មោះត្រង់​ចំពោះ​ជាតិ​គ្រប់​ពេលវេលា ។​

ទី​៣-អ្នកដឹកនាំ​ជាតិ​​​មិន​ត្រូវ​ពោល​ពាក្យ​កុហក​ ​ត្រូវ​តែ​ស្មោះត្រង់​ ​តាំង​ពី​ការ​គិត​ ​និយាយ​ ​និង​ការ​ធ្វើ​ឡើង​ទៅ ។ ពោល​គឺ​ ​គិត​ ​និយាយ​ ​និង​ធ្វើ​តែ​១ ។​ ​មេដឹកនាំ​ជាតិ​​មិន​ត្រូវ​គិត​ផ្សេងៗ​ ​និយាយ​ផ្សេង​ ​ធ្វើ​ផ្សេង​នោះ​ទេ ។​

ទី​៤-អ្នកដឹកនាំ​ជាតិ​​មិនមែន​ជា​អ្នក​ដែល​ល្មោភ​កាម ​តណ្ហា​ ​បុណ្យ​សក្កិ​ ​អំណាច​ ​និង​ទ្រព្យសម្បត្ដិ​ជាតិ​ឡើយ ។​ ​មិន​ត្រូវ​ប៉ះពាល់​កូន​ ​ប្រពន្ធ​គេ​ ​ឬ​ធ្វើ​ឲ្យ​ខូចខាត​ផលប្រយោជន៍​ជាតិ​ ​និង​ប្រជាពលរដ្ឋ​ ។​

ទី​៥-មេដឹកនាំ​មិន​ត្រូវ​លង់​ក្នុង​ការ​សេព​គ្រឿងញៀន ​ ​អាភៀន​ ​កញ្ឆា​ ​ស្រី​ ​ស្រា​ ​ល្បែង​ ​ព្រោះ​នាំ​ឲ្យ​ខូច​ស្មារតី​ ​និង​ប៉ះពាល់​ដល់​សុខភាព ។​

សរុប​មក​ ​មេដឹកនាំ​ត្រូវ​គ្រប់គ្រង​អារម្មណ៍​ទាំង​៦​ឲ្យ​មាន​ភាព​ប្រក្រតី​ជា​ដាច់ខាត​ ​គឺ​ភាព​សាមញ្ញ​ ​មិន​វង្វេង​ ​និង​លង់​តាម​អារម្មណ៍​ទាំង​៦​នោះ​ឡើយ​ ​ព្រោះ​នាំ​ឲ្យ​​មាន​ចំណុច​ខ្សោយ​ភ្លេច​ស្មារតី ។​ ​ព្រះពុទ្ធ​ទ្រង់​ត្រាស់​ទុក​ថា​ “អ្នក​ធ្វេសប្រហែស​ ​បាត់បង់​ស្មារតី​ ​ប្រៀប​ដូច​មនុស្ស​ស្លាប់” ។

បរិច្ចាគ​ ​ឬ​ការ​លះបង់ (Pariccāga = altruism)

[កែប្រែ]

បរិច្ចាគ​ ​ឬ​ការ​លះបង់​ ​មេដឹកនាំ​ត្រូវ​លះបង់​ខ្លួន​ដើម្បី​ជួយ​សង្គ្រោះ​ជាតិ​ ​ឲ្យ​រស់រាន​ ​មាន​ជីវិត​គង់វង្ស ។​ ​ការ​លះបង់​ជា​កត្ដា​សំខាន់​ក្នុង​ទាក់ទាញ​ជំនឿ​ពី​អ្នក​ក្រោម​ឱវាទ​ ​ឬ​អ្នក​ជុំវិញ​ ​ឲ្យ​ដើរ​តាម​ខ្លួន ។​ ​ភាព​កំណាញ់​ស្វិត​ ​នឹង​ធ្វើ​ឲ្យ​អ្នកដឹកនាំ​បាត់បង់​ប្រីយ៍ភាព​ ​បាត់បង់​ជំនឿ​ពី​អ្នកផង ។​ ​ការ​លះបង់​ទី​នេះ​ ​ចង់​និយាយ​សម្ដៅ​ទៅ​លើ​ការ​លះបង់​ដើម្បី​សាង​ប្រយោជន៏​អ្វីមួយ​សម្រាប់​ សង្គម​ជាតិ ។​ ​ក្នុង​ឋានៈ​ជា​មេដឹកនាំ​ត្រូវ​ហ៊ាន​ធ្វើ​គំរូ​ ​នាំមុខ​គេ​ ​ក្នុង​ការ​ធ្វើ​ពលីកម្ម​អាយុជីវិត​ ​លះបង់​តាំងពី​ធនធាន​ ​ពេលវេលា​ ​សេចក្ដីសុខ​ផ្ទាល់​ខ្លួន​ ​កិត្ដិយស​មុខមាត់​ ​រហូត​ដល់​ជីវិត​ ​ដើម្បី​ធ្វើ​ប្រយោជន៍​ជូន​ជាតិ​ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ​ដែល​កំពុង​រង​ទុក្ខវេទនា​ ​ក្រីក្រ​ ​អត់ឃ្លាន​ ​ល្ងង់ខ្លៅ​ ​និង​ភ័យ​ខ្លាច ។​ ​តើ​ត្រូវ​ធ្វើការ​លះបង់​អ្វីខ្លះ ? លះបង់​ភាព​មុខមាត់​និយម​ ​សម្ភារៈ​ហ៊ឺហា​ ​អំនួត​អួតអាង​និយម​ ​អាត្មា​និយម​ ​និង​ភាព​ភ្លើតភ្លើន ។​

ដូច​ពោល​ខាងលើ​ខ្លះៗ​មក​ហើយ​ ​ដើម្បី​ដឹកនាំ​គេ​ ត្រូវធ្វើ​ឲ្យ​គេ​មាន​ជំនឿ​ ​ស្រឡាញ់​គោរព​​ជា​មុន ។​ ​ដើម្បី​ឲ្យ​អ្នកផង​ ​ជឿ​ស្រឡាញ់​​ ​ត្រូវធ្វើ​ខ្លួន​ឲ្យ​សមសួន​ ​មាន​ឫកពារ​ថ្លៃថ្នូរ​ ​ដោយ​ការ​វា​ចាក​អំពើ​អបាយមុខ​ផ្សេងៗ ។​ ​ជា​ពិសេស​ ​លះបង់​ការ​ស្រេកឃ្លាន​មុខមាត់​ អំនួត​អួតអាង​ ​ភាព​ភ្លើតភ្លើន​និង​សម្ភារៈ​និយម​ ​ហ៊ឺហា​សម្បូរ​គ្មាន​ព្រំដែន ។​ ពោល​គឺ​ ​ត្រូវ​តែ​ចុះ​បម្រើ​ពលរដ្ឋ​ដល់​ទីកន្លែង ។​

អាជ្ជវៈ​ ​ឬ​សេចក្ដី​ស្មោះ​ត្រង់ (Ājjava = honesty)

[កែប្រែ]

អាជ្ជវៈ​ ​គឺ​ជា​សេចក្ដី​ត្រង់​ ​មិន​វៀចវេរ​ ​ក្រឡិចក្រឡុច ។​ ​មេដឹកនាំ​ត្រូវ​ស្មោះត្រង់​ចំពោះ​ឧត្ដមគតិ​រួម​ ​មុខងារ​ ​តួនាទី​របស់​ខ្លួន​ ​ត្រង់​ចំពោះ​ក្រុមការងារ​ ​ត្រង់​ចំពោះ​ប្រទេស​ជាតិ​ ​និង​ប្រជាពលរដ្ឋ​ ​ត្រង់​ទាំង​ការ​គិត​ ​ការ​និយាយ​ ​និង​ការ​អនុវត្ដ​ការងារ​ ​ត្រង់​ចំពោះ​អ្នក​ក្រោម​បង្គាប់​ ​និង​ត្រង់​ចំពោះ​សេចក្ដី​ល្អ​ទាំងឡាយ ។​ ​ភាព​ស្មោះត្រង់​ ​ជា​ផ្លូវ​ដ៏​ល្អ​មួយ​ ​ញ៉ាំង​ឲ្យ​មាន​ការ​ជឿជាក់​ពី​អ្នក​ជុំវិញ​ខ្លួន ។​ ​ជំនឿ​ជាក់​ពី​អ្នកផង​ទាំងពួង​ ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រួបរួមសាមគ្គី​គ្នា​ជុំវិញ​ខ្លួន​ដែល​ជា​អ្នកដឹកនាំ​ ​ហើយ​អាច​ជួយ​ធ្វើ​ឲ្យ​ការ​ដឹកនាំ​ដើរទៅ​រក​ជោគជ័យ​បាន​ឆាប់​រហ័ស ។ ក៏​ប៉ុន្ដែ​ ​នៅ​ពេល​ដែល​មាន​ការ​រួបរួម​ជុំវិញ​ខ្លួន​ហើយ​ ​មេដឹកនាំ​មិន​ត្រូវ​ភ្លេចខ្លួន​ភ្លើតភ្លើន​ ​មើល​ងាយ​អ្នកផង​ជុំវិញ​ឡើយ ។​ ​កាន់តែ​មាន​ការ​រួបរួម​ជុំវិញ​ខ្លួន​ខ្លាំង​ឡើង​កាលណា​ ​កាន់តែ​ផ្ដល់​សារៈសំខាន់​ដល់​សហការី​ជុំវិញ​ខ្លួន​​កាន់តែ​ឱន​លំទោន​ ​ប្រកបដោយ​សេចក្ដី​ថ្លៃថ្នូរ​ខ្ពស់​ឡើង​ជា​និច្ច ។​ ​មិន​គួរ​និយាយ​ពី​អ្នក​ក្រោម​ឱវាទ​ថា​អាក្រក់​យ៉ាងនេះ​ ​មិនល្អ​យ៉ាងនោះ​ឡើយ ។​ ​ត្រូវ​រិះរក​វិធី​កែខៃ​ដោយ​ភាព​ស្មោះត្រង់​ ​ដើម្បី​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន​ទាំងអស់​គ្នា​ ​ដើរ​ទៅ​ជាមួយ​គ្នា​ឆ្ពោះ​ទៅ​រក​ជោគជ័យ ។​ ​ត្រូវ​ចាំ​ថា​ ​អង្គការ​នយោបាយ​ដឹកនាំ​ ​ប្រៀប​បីដូច​ជា​ក្រុម​តូរ្យតន្ដ្រី​មួយ​ដែរ ។​ ​ត្រូវ​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការងារ​រៀងខ្លួន​ ​ដូច​គ្នា​ស្មើៗ​គ្នា ។​ ​បើ​ស្គរ​លេង​ល្អ​ ​តែ​ហ្គីតា​លេង​អន់​ ​ក៏​មិន​កន្ដ្រាក់​ ​ទាក់​អារម្មណ៍​អ្នក​មើល​អ្នក​ស្ដាប់ ។​ ​បើ​ស្គ​ ​ហ្គីតា​ ​លេង​ល្អ​ ​តែ​បើ​អ្នក​ច្រៀង​ ​ច្រៀង​មិន​ពិរោះ​ ​គ្មាន​ការ​ទាក់ទាញ​ ​នៅ​រឹង​ស្ដូក​ ​ក៏​មិន​អាច​ទាក់​អារម្មណ៍​អ្នក​ក្រោម​ឆាក​ឲ្យ​ហក់​លោត​ឡើង​រាំ​បាន​ ឡើយ ។​ ​ពោល​គឺ​ ​ទាំងអស់​គ្នា​ជា​ក្រុម​ការងារ​ ​ដែល​ស្មោះត្រង់​នឹង​គ្នា​ ​មានការ​ទទួលខុសត្រូវ​តាម​មុខងារ​រៀងៗ​ខ្លួន​ ដោយ​ស្មោះ​ស្ម​គ្រ័​ ​គ្មាន​ល្បិច​ប៉ែង​ជើង​ ​ប៉ែង​ដៃ​គ្នា​ឡើយ ។​ ​យ៉ាងណាមិញ​ ​ក្នុង​ភាព​ជា​អង្គការ​នយោបាយ​មួយ​ ​ត្រូវ​តែ​កសាង​ឲ្យ​ទៅ​ជា​ក្រុម​ការងារ​ល្អ​រលូន​បំផុត​ ទើប​អាច​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ​ភ្ញាក់រលឹក​ជឿជាក់​បាន ។​ ​ម្នាក់ៗ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ភារៈ​របស់​ខ្លួន​ជា​អ្នកដឹកនាំ​ ​មិន​ថា​ថ្នាក់​ណា​ ​នៅ​ទីណា​ ​កន្លែង​ណា​ ​មិន​ចាំបាច់​ដេក​ចាំ​ឲ្យ​មាន​អ្នក​ដាស់តឿន​ ​ឬ​ធ្វើ​ដើម្បី​ផ្គាប់​មុខមាត់​ឡើយ ។​ ​ម្នាក់ៗ​ត្រូវ​គិត​ថា​ ​ចេះ​អ្វីមួយ​ដែល​អ្នក​ឯទៀត​មិន​ចេះ​ ​តែ​អ្នក​ឯទៀត​ ​ក៏​ចេះ​អ្វីមួយ​ដែល​យើង​មិន​ចេះ ។​ ​ហេតុនេះ​ ​ដើម្បី​សម្រេច​ជោគជ័យ​ ​អ្នកដឹកនាំ​មាន​ភារៈ​ពូត​ ​ប្រមូលផ្ដុំ​ ​សមត្ថភាព​ ​និង​ការ​ប្រឹងប្រែង​របស់​អ្នក​ជុំវិញ​ខ្លួន​ ​ដើរ​ឆ្ពោះទៅ​រក​គោលដៅ​រួម​ ​ដោយ​ភាព​ស្មោះត្រង់​ និង​ពុះពារ​ ​ព្យាយាម​ ​ប្ដូរផ្ដាច់​ ​យ៉ាង​អត់ធ្មត់​បំផុត​ ​ដោយ​ការ​នាំមុខ​គេ​ជា​និច្ច​ ​ក្នុង​ការ​ពុះពារ​ឧបសគ្គ​ផ្សេងៗ ។ ចូរ​ពិចារណា​ចង​ចាំ​ និង​យល់​យ៉ាង​ជាក់​ថា​ ​ខ្សែ​ហ្គី​តា​មួយ​ ​មាន​សម្លេង​តែ​មួយ​ប៉ុណ្ណោះ​ ​ខ្សែ​ទាំង​៥​មាន​សម្លេង​ខុសៗ​គ្នា​ ​តែ​ដោយ​ភាព​ប៉ិន​ប្រសប់​របស់​អ្នកលេង​ហ្គីតា​ ​ចេះ​រួម​ផ្សំ​សម្លេង​ខ្សែ​ទាំងនោះ​បញ្ចូល​គ្នា​ធ្វើ​ឱ្យ​អ្នកលេង​អាច​លេង​ ភ្លេង​បាន​យ៉ាង​ពិរោះ​រណ្ដំ​ ​នាំ​ព្រលឹង​អាត្ម័ន​អ្នក​ស្ដាប់​ ​អ្នក​ទស្សនា​ ​ឲ្យ​លង់លក់​ទៅ​តាម​ចំណង់​របស់​គេ​បាន ។​ ​តើ​អ្នក​ណាមួយ​អាច​ទាយ​ថា​ ​អ្នកលេង​ដែល​ប្រើប្រាស់​ហ្គីតា​នេះ​ ​នឹង​លេង​បាន​ត្រឹមតែ​ប៉ុន្មាន​បទ​ ​ប្រាកដជា​គ្មាន​ចម្លើយ​ទេ ។​ ​យ៉ាងណាមិញ​ ​ជា​អ្នកដឹកនាំ​ដែល​ស្រឡាញ់​ជាតិ​ពិត​ ​ក៏​ត្រូវ​រៀនសូត្រ​ពី​នេះ​ដែរ​ ​ទើប​​អាច​កសាង​​ក្រុម​ការងារ​ល្អ​រលូន​បាន ។​ ​ក្រៅពី​នេះ​ ​ការ​រួមសុខ​ ​រួមទុក្ខ​ជា​កត្ដា​សំខាន់​ខ្លាំង​ណាស់ ។​ ​ជា​មេដឹកនាំ​ ​ត្រូវ​រស់នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​ ​មិន​រត់​មិន​ដោះ​យក​រួច​ខ្លួន​ក្នុង​គ្រាអាសន្ន​មិន​ដេក​ស្រួល​ ​ស៊ី​ឆ្ងាញ់​ ​យកសុខ​តែ​ម្នាក់ឯង​ ​ឬ​ប្រើ​ហើយ​មិន​ទទួលខុសត្រូវ​ ​ឬ​មួយ​ក៏​បោកប្រាស់​ប្រើ​ ​នោះ​មិនមែន​ជា​ការ​ល្អ​ដល់​មេដឹកនាំ​សោះឡើយ ។​ ​ដូច​រៀបរាប់​មក​ខាងលើ​មក​ហើយ​ គឺ​អ្នកដឹកនាំ​ត្រូវ​តែ​ស្មោះត្រង់​គ្រប់​ឥរិយាបថ​ទាំ​អស់​ ​តាំងពី​ការ​គិត​ ​ការ​និយាយ​ ​ការ​ធ្វើ​ ​ការ​រស់នៅ​ដោយ​ភាព​ប្ដូរផ្ដាច់​ចំពោះ​ជាតិ​មាតុភូមិ​ ​ប្រជាពលរដ្ឋ​ ​និង​អង្គការ​នយោបាយ​របស់​ខ្លួន​ ​ដែល​ខ្លួន​មាន​តួនាទី​ដឹកនាំ​ ​ដើម្បី​ជម្រុញ​ការ​តស៊ូ​ឆ្ពោះទៅ​រក​ជោគជ័យ​ផ្ដាច់​ព្រ័ត​ ​ដោយ​គ្មាន​វៀចវេរ ។​

“ដាក់​ខ្លួន​ឲ្យ​ទាប​ ​ដើម្បី​មើល​ឲ្យ​បាន​ដល់​ជម្រៅ​បញ្ហា​ ​តែ​ក្រោក​ឈរ​ឲ្យ​ខ្ពស់​ ​ដើម្បី​មើល​ឲ្យ​បាន​ឆ្ងាយ​ ​ដោយ​ភាព​ភ្លឺស្វាង​នៃ​អនាគត” ។

មទ្ទវៈ​ ​ឬ​ភាព​រាបសារ​ទន់ភ្លន់ (Maddava = gentleness)

[កែប្រែ]

មទ្ទវៈ​ ​ជា​សេចក្ដី​រាបសារ​ទន់ភ្លន់ ​មេដឹកនាំ​ត្រូវ​សម្ដែង​នូវ​ទឹកមុខ​ញញឹម​ ​រួសរាយ​រាក់ទាក់​ជា​និច្ច​ចំពោះ​អ្នក​ក្រោម​បង្គាប់​ ​និង​ប្រជាពលរដ្ឋ​ទូទៅ​ ​ទោះជា​នៅ​ពេល​មាន​ឧបសគ្គ​ពិបាក​យ៉ាងណា​ក្ដី ។​ ​សេចក្ដី​រីករាយ​របស់​មេដឹកនាំ​ជា​ឱសថ​ ​អាច​លើក​ទឹក​ចិត្ដ​ទាហាន​ ​ឬ​អ្នក​ក្រោម​ឱវាទ​ឲ្យ​មាន​ទឹកចិត្ដ​ប្រយុទ្ធ​ ​ឬ​មាន​ក្ដី​សង្ឃឹម​ទៅ​មុខ​បាន ។​ ​ហេតុនេះ​ ​មេដឹកនាំ​មិន​ត្រូវ​ធ្វើ​មុខ​ស្រពាប់​ស្រពោន​ ​មុខ​ក្រញូវ​ មុខ​ស្អុយ​ ​ប្រកាន់​ ​ឬក​ក្រអឺតក្រទម​ ​ច្រងេងច្រងាង​ ​ឆេវឆាវ​ ​អាង​ថា​ខ្លួនឯង​អ្នកធំ​មាន​អំណាច​ ​ឬ​មេ​គេ​នោះ​ទេ ។​ ​មេដឹកនាំ​ត្រូវ​តែ​រាក់ទាក់​ដាក់​អ្នកតូច​ ​អ្នក​ក្រោម​បង្គាប់​ ​និង​ប្រជាពលរដ្ឋ​សាមញ្ញ​មុន​ជា​និច្ច ។​ ​ត្រូវ​ព្យាយាម​ស្គាល់​ឈ្មោះ​អ្នក​ក្រោម​ឱវាទ​ឲ្យ​បាន​អស់​ ​និង​ត្រូវ​ហៅ​ឲ្យ​ចំៗ​ឈ្មោះ​ថា​ លោក​. ក​… ឬ​ ​លោក​…ខ​ ​ជាដើម ។​ ​ការ​ហៅ​ចំ​ឈ្មោះ​មាន​ន័យ​ខាង​ចិត្ដសាស្ដ្រ​មួយ​ធំ​ណាស់​ ​ជា​ពិសេស​ ​ចំពោះ​អ្នក​ដែល​មាន​ឋានៈ​តូច​ទាប​ជាង ។ ក្រៅពី​នេះ​ ​មេដឹកនាំ​ត្រូវ​ទទួល​នូវ​សេចក្ដី​គោរព​ពី​អ្នកផង​ ​ដោយ​ការ​យកចិត្ដទុកដាក់​ ​មិន​ព្រងើយកន្ដើយ​ ​ហើយ​ត្រូវ​ដាក់ខ្លួន​ឲ្យ​មាន​លក្ខណៈ​សាមញ្ញ​ជាមួយនឹង​ប្រជាពលរដ្ឋ​ ​និង​អ្នក​ក្រោម​បង្គាប់ ។​ ​មិន​ស៊ី​ជោរ​ ​អួតអាង​ ​ពេល​គេ​សរសើរ​ ​មិន​ត្រូវ​អង្គុយ​លើ​ចង្អេរ​លើក​ខ្លួនឯង​ ​ហើយ​បន្ដុះបង្អាប់​អ្នក​ដទៃ​ ​ពោល​គឺ​មិន​ត្រូវ​និយាយ​ពី​រឿង​ខ្លួន​ឯង​ថា​ ​គ្រាន់​បើ​ជាង​អ្នក​ដទៃ​ ​ឬ​តាំង​ខ្លួនឯង​ជា​មេដឹកនាំ​របស់​អ្នក​ទាំង​អស់នោះ ។​ ​ផ្ទុយ​ទៅ​វិញ​ ​ត្រូវ​តាំងខ្លួន​​ជា​អ្ន​កបម្រើ​ប្រជាពលរដ្ឋ​ទើប​ប្រសើរ ។​ ​មេដឹកនាំ​ត្រូវ​ហ៊ាន​សារភាព​កំហុស​ ​ដោយ​ការ​ទទួលខុសត្រូវ​ ​និង​ដោយ​ទឹកមុខ​ញញឹម​ពេញចិត្ដ​ចំពោះ​អ្វី​ដែល​បាន​ធ្វើ​ខុស​ ​ឬ​បាន​ចាត់ការ​ខុស ។ មេដឹកនាំ​ត្រូវ​ទន់ភ្លន់​ ​តែ​មិន​ទន់ជ្រាយ​នោះ​ទេ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ដើម​ឈើ​ មេដឹកនាំ​ត្រូវធ្វើ​ដូច​ជាដើម​ផ្ចឹក​ ​ក្រញូង​ ​និង​បេង​ ​ជាដើម​ ​ដែល​មាន​ភាព​ទន់​ខាងក្រៅ​ ​តែ​រឹងប៉ឹង​ខាងក្នុង ។​ ​មេដឹកនាំ​មិន​ត្រូវ​ធ្វើ​ដូច​ ​ដើម​ល្ហុង​ ​និង​អំពៅ​ ​ដែល​មាន​លក្ខណៈ​រឹង​ក្រៅ​ ​តែ​ប្រហោង​ក្នុង​នោះ​ទេ ។​ ​មេដឹកនាំ​ត្រូវ​ចេះ​ស្គាល់​កាលៈទេសៈ​ ​និង​ស្ថានការណ៍​ ​តើ​ពេល​ណា​​ត្រូវ​ធ្វើ​មេដឹកនាំ​គេ ? ហើយ​ពេល​ណា​​ត្រូ​វធ្វើ​ជា​អ្នក​ក្រោម​បង្គាប់​គេ ? ។ កាន់តែ​មាន​ការ​រួបរួម​ ​មាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នកផង​រួបរួម​គ្នា​ដើរ​តាម​ខ្លួន​ ​អ្នកដឹកនាំ​កាន់​តែ​មាន​ភាព​រាបសារ​ទន់ភ្លន់​ឱនលំទោន​ចំពោះ​អ្នក​ជុំវិញ​ ខ្លួន​ខ្លាំង​ឡើង​ជា​លំដាប់ ។​ ​ភាពរួស​រាយ​ ​រាក់ទាក់​ឲ្យ​លំទោន​របស់​អ្នកដឹកនាំ​ ​ជាមន្ដ​ស្នេ​ហ៌​មួយ​អាច​ធ្វើ​ឲ្យ​គេ​ដើរ​តាម​គោលការណ៍​នានា​របស់​ខ្លួន​ ​និង​របស់​អង្គការ​នយោបាយ​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។​ ​“ដើម្បី​ដឹកនាំ​គេ​ ​ត្រូវធ្វើ​ឲ្យ​គេ​ស្រឡាញ់​​ជា​មុន​ ​ដើម្បី​ឲ្យ​គេ​ស្រឡាញ់​ ​ត្រូវ​ស្រឡាញ់​គេ​ដោយ​ស្មោះ​ស្ម័គ្រ​ជា​មុន” ។ ​តែ​ត្រូវ​ចាំ​ថា​ ​“ធ្វើ​ជា​អ្នកបម្រើ​ជាតិ​ប្រជាពលរដ្ឋ​ ​មិនមែន​ជា​អ្នក​ជិះជាន់​សង្កត់សង្កិន​រាស្ដ្រ​តូចតាច​ឡើយ” ។

តបៈ​ ឬ​ស្អាតស្អំ (Tapa = self controlling)

[កែប្រែ]

តបៈ​ ​ការ​ដុះខាត់​សម្អាត​ចិត្ដ​ ​ឬ​កម្ចាត់​នូវ​អំពើ​អាក្រក់​ក្នុង​ខ្លួន ។​ ​តើ​ត្រូវ​កំចាត់​អ្វីខ្លះ ? មេដឹកនាំ​ត្រូវ​កម្ចាត់​អារម្មណ៍​ដែល​នាំ​ឲ្យ​ប្រព្រឹត្ដិ​អំពើអាក្រក់​ ទាំងឡាយ​ ​និង​បញ្ជា​អារម្មណ៍​របស់​ខ្លួនឯង​មិន​ឲ្យ​ក្ដៅក្រហាយ ។​ ​មេដឹកនាំ​មិន​ធ្វើ​ឲ្យ​ក្ដៅ​ក្រហាយ​ដល់​ចិត្ដ​អ្នក​ដទៃ​ ​អ្នក​ក្រោម​ឱវាទ​ឡើយ ។​ ​ត្រូវ​មាន​ផែនការ​ ​កាលវិភាគ​កំណត់​ច្បាស់លាស់​សម្រាប់​កិច្ចការ​ប្រចាំ​ថ្ងៃ​ ​ហើយ​អនុវត្ដ​តាម​ផែនការ​នោះ ។​ ​ដូច្នេះ​ ​​ត្រូវ​សង្កេត​មើល​សកម្មភាព​របស់​ខ្លួន​គ្រប់ពេលវេលា​ បើ​ដឹង​ថា​ ​ធ្វើ​ខុស​ ​ឬ​ធ្វើអំពើ​អាក្រក់​ ​ត្រូវ​កែប្រែ​ចេញ ។​

អក្កោធៈ (Akkodha = non-anger)

[កែប្រែ]

អក្កោធៈ​ ​គឺ​ការ​មិន​ងាយ​ខឹង​ក្រេវក្រោធ ។​ ​មេដឹកនាំ​មិន​ត្រូវ​ខឹង​ក្រេវក្រោធ​ ​ឆេវឆាវ​ជា​ដាច់​ខាត​ ​ព្រោះ​ការ​ខឹង​នេះ​ ​គឺជា​រនាំង​បាំង​ឲ្យ​​ងងឹត​ ​មិន​ស្គាល់​ខុស​ និង​ត្រូវ​ ​ល្អ​ និង​អាក្រក់​ ​យុត្ដិធម៌​ និង​អយុត្ដិធម៌​ ​ដោយសារ​តែ​សេចក្ដី​វង្វេង​នឹង​​ភ្លើងកំហឹង ។​ ​បើ​មេដឹកនាំ​មាន​សេចក្ដី​ក្រោធ​ ​នោះ​មិនមែន​ជា​ការ​ល្អ​សោះឡើយ​ ​ព្រោះ​សេចក្ដី​ក្រោធ​ប្រៀប​ដូច​ជា​ច្រែះ​របស់​អាវុធ​ក្នុង​លោក​ ​ប្រៀប​ដូច​ជា​ភ្លើង​ឆេះ​សម្រាប់​នាំ​ទៅ​រក​សេចក្ដី​វិនាស ។​ ​អ្នក​ក្រោធ​រមែង​មិនដឹង​នូវ​ហេតុផល​ ​និង​ធ្វើ​ឲ្យ​ចិត្ដ​ក្ដៅ​ ​សោកសៅ​ (មិន​ស្ងប់) មាន​ទុក្ខ​ជា​និច្ច ។​ ​គេ​សម្គាល់​សេចក្ដី​ក្រោធ​បាន​តាម​រយៈ​ការ​មិន​ពេញចិត្ដ​ ​ការ​ទាស់ចិត្ដ​ ការ​ក្ដៅ​ពុះកញ្ជ្រោល​ ​ការ​គិត​ឈ្លោះ​ប្រកែក​ ​និង​ការ​ចងគំនុំ​សងសឹក ។​ ​ម្យ៉ាងទៀត​ពាក្យ​ថា​ ​ក្រោធ​ ​ក៏​មាន​ន័យ​ថា​ ​ខុស​ ​ដូច្នេះ​បើ​មេដឹកនាំ​ខឹង​ ​ឬ​ខ្ញាល់​ ​មាន​ន័យ​ថា​ ​ខុស​ ​ដូច​ពាក្យ​ចាស់​ពោល​ថា​ ​“ខឹង​ខុស​ ​ខឹង​ខូច​ ​ខឹង​ខាត” ។ អាស្រ័យ​ហេតុនេះ​ ​មេដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​ ​មិន​ត្រូវ​យក​ការ​ខឹង​ក្រេវក្រោធ​ ​មក​ដាក់ខ្លួន​ឡើយ ។​

អវិហឹង្សា (Avihimsa = non-violence)

[កែប្រែ]

អវិហឹង្សា​ ​មាន​ន័យ​ថា​ ​មិន​បៀតបៀន​ធ្វើ​ឲ្យ​អ្នក​ដទៃ​ក្ដៅក្រហាយ​ ​កើត​ទុក្ខ​ដោយសារ​ខ្លួន​ ​ជា​ពិសេស​លើ​ពលរដ្ឋ​របស់​ខ្លួនឯង ។​ ​មេដឹកនាំ​មិន​ត្រូវ​យក​អំណាច​តួនាទី​របស់​ខ្លួន​ ​ទៅ​គាបសង្កត់​ជិះជាន់​គំរាមកំហែង​ប្រជាពលរដ្ឋ​ ​ដើម្បី​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ​ឬ​ផលប្រយោជន៍​បក្សពួក​ខ្លួន​នោះ​ទេ ។​ ​មេដឹកនាំ​ត្រូវ​គោរព​សិទ្ធិ​ពលរដ្ឋ​ ​កុមារ​ ​ចាស់ទុំ​ ​និង​ស្ដ្រីភេទ ។​មេដឹកនាំ​មិន​ត្រូវ​ប្រើ​អំពើ​ហឹ​ង្សា​ចំពោះ​ ជនរួមជាតិ​ឡើយ​ ​ត្រូវ​ប្រកាន់​យក​ប្រជាធិបតេយ្យ​ ​យក​ប្រជាពលរដ្ឋ​ជា​ធំ ។​ ​មេដឹកនាំ​ត្រូវ​ឲ្យ​អភ័យ​ ​និង​លើក​លែង​ទោស​ ​ចំពោះ​អ្នក​ដើរ​តាម​ ​ឬ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​ធ្វើ​ខុស ។​ ​មិនមែន​ខុស​ដៃ​យកដៃ​ ​ខុស​ជើង​យក​ជើង​ទេ ។​ ​ត្រូវ​ចាំ​ថា​ ​អ្នក​ដើរ​តាម​ ​និង​ប្រជាពលរដ្ឋ​ គ្មាន​កំហុស​ទេ​ ​ខុស​ឬ​ត្រូវ​ ​គឺជា​លទ្ធផល​របស់​មេដឹកនាំ​ ​ព្រោះ​មេដឹកនាំ​ជា​អ្នក​ទទួលខុសត្រូវ ។​ ​ប្រជាពលរដ្ឋ​ប្រៀប​ដូច​ជា​កូន​​ ​ដែល​ពួក​គេ​មិនដឹង​អ្វី​ទេ ។​ ​ហេតុនេះ​ហើយ​ ​មេដឹកនាំ​ត្រូវ​ធ្វើ​ការ​អប់រំ​បណ្ដុះប​ណ្ដាល​ពលរដ្ឋ​ ​ឲ្យ​មានចំណេះ​ដឹង​ ​និង​សមត្ថភាព​គ្រប់ៗ​គ្នា ។​ ​បើ​អ្នក​ក្រោម​ឱវាទ​ធ្វើ​ខុស​ ​ឬ​បរាជ័យ​ក្នុង​កិច្ចការ​អ្វីមួយ​ ​កំហុស​ត្រូវ​ធ្លាក់​លើ​មេដឹកនាំ​ជា​អ្នក​ខុស​ ​មិន​ត្រូវ​ដាក់​កំហុស​ ឬ​ដាក់ទោស​លើ​អ្នក​ក្រោម​បង្គាប់​នោះ​ទេ ។​ ​មេដឹកនាំ​ជា​អ្នក​សម្រេច​ចិត្ដ​លើ​កិច្ចការ​គ្រប់យ៉ាង ​ទាំង​ការ​ប៉ាន់​ប្រមាណ​ស្ថានការណ៍​ ​ការ​រៀបចំ​ផែនការ​ ​ការ​អនុវត្ដ​ ​ការ​ដឹកនាំ​ធ្វើ​ ​និង​ត្រួតពិនិត្យ​ជាដើម ។​

ខន្ដី ( Khanti = forbearance)

[កែប្រែ]

ខន្ដី​ ​គឺ​ការ​អត់ធន់​​ ​មេដឹកនាំ​នឹង​ទទួល​បាន​ជោគជ័យ​លើ​កិច្ច​ការងារ​ទាំងពួង​ ​បើសិនជា​​មេដឹកនាំ​ទាំងអស់​មាន​ខន្ដី​ ​គឺ​សេចក្ដី​អត់ធន់ ។​ ​តើ​មេដឹកនាំ​ត្រូវ​អត់ធន់​នឹង​អ្វីខ្លះ ? មេដឹកនាំ​ត្រូវ​អត់ធន់​នឹង​សេចក្ដី​លំបាក​ ​សេចក្ដី​វេទនា​ ការ​ឈឺចាប់​ទាំងពួង​ ​កា​រិះគន់​ ​ការ​មើលងាយ​ ​មិន​លើកទឹកចិត្ដ​។ល ។​ ​មេដឹកនាំ​ត្រូវ​អត់ធន់​នឹង​តណ្ហា​ ​ឬ​មហិច្ឆតា​ផ្ទាល់ខ្លួន​ដែល​គាបសង្កត់​ជម្រុញ​ឲ្យ​ប្រព្រឹត្ដិ​អំពើ​មិន​ ត្រឹមត្រូវ​ ​(ទុច្ចរិត​) ។ មេដឹកនាំ​មិន​ធ្វើ​តាម​តែ​អារម្មណ៍​ ​ឬ​ចិត្ដ​របស់​ខ្លួន​នោះ​ឡើយ ។​ ​មេដឹកនាំ​ត្រូវ​អត់ធន់​ ដុសខាត់​ភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន​ ​និង​ភាព​ល្ងង់ខ្លៅ​របស់​ប្រជាពលរដ្ឋ​ ​ឬ​អ្នក​ក្រោម​បង្គាប់ ។​ ​មេដឹកនាំ​ត្រូវ​អត់ធន់​ចំពោះ​ការងារ​របស់​ខ្លួន​ ​ពាក្យ​ណែនាំ​ ​ឬ​ការ​ប្រឹក្សា​ពី​អ្នកផង​ទាំងពួង​ ​មិន​ថា​ ​អ្នក​ក្រោម​បង្គាប់​ ​ឬ​ជា​គ្រូអាចារ្យ​ឡើយ ។​ ​មេដឹកនាំ​ត្រូវ​អត់ធន់​ចំពោះ​ការ​ត្មេះ​តេះ​ដៀល​ ​ការ​ប្រឆាំង​ពី​សង្គម​ ​និង​ចំពោះ​ពេលវេលា​ដែល​ធ្វើ​ការងារ​មិច​បាន​សម្រេច ។​ ​ចំណុច​ពិសេស​មួយទៀត​ ​មេដឹកនាំ​ត្រូវ​មាន​អំណត់​ចំពោះ​ការ​ស្ដាប់​ ​ការ​ជឿ ។​ ​មិន​ត្រូវ​ជឿ​ងាយ​ ​ខឹង​ងាយ​ ​ផ្ដេសផ្ដាស​ ​(ត្រចៀក​ស​)​ឡើយ ។​ឮ​មួយ​រយ​ដង​ មិន​ស្មើ​និង​ឃើញ​ម្ដង​ ​ការ​ឃើញ​មួយ​រយ​ដង​ ​មិន​ស្មើ​បាន​ប៉ះ​ម្ដង​ ទោះជា​មាន​ហេតុផល​ក៏​ដោយ​ ​ក៏​មិន​ត្រូវ​ដាក់​ចិត្ដ​ជឿ​ភ្លាម​ទេ ។​ ​មេដឹកនាំ​ត្រូវ​ចុះ​មើល​ស្ថានការណ៍​ពិត​ជាក់ស្ដែង​ដោយ​ខ្លួន​ឯង​ ​និង​បង្កើត​ទម្លាប់​នេះ​ដល់​អ្នក​ក្រោម​បង្គាប់ ។​ ​តោង​គោរព​ប្រណិបតន៍​តាម​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ ​ដែល​អត់ធន់​ស្វែងរក​មាគ៌ា​ប្រោស​សត្វលោក​រហូត​បាន​សម្រេច​ព្រះ​ និញ្វន្ដ ។

អវិរោធនៈ (Avirodhana = uprightness)

[កែប្រែ]

អវិរោធនៈ​ ​គឺ​ការ​មិន​ធ្វើ​ខុស​​ ​មេដឹកនាំ​ត្រូវ​ធ្វើ​ឲ្យ​បាន​ត្រឹម​ត្រូវ​ជា​និច្ច​ ​ទាំង​ការ​គិត​ត្រូវ​ ​ការ​យល់​ត្រូវ​ ​ការ​និយាយ​ត្រូវ​ ​ការ​ធ្វើ​ត្រូវ​ ​ការ​ព្យាយាម​ត្រូវ​ ​ការ​ភ្ញាក់​រលឹក​ត្រូវ​ ​ការ​តម្កល់​ចិត្ដ​ត្រូវ​ ​និង​ការ​ចិញ្ចឹម​ជីវិត​ត្រូវ ។​ ​តែ​មិន​ត្រូវ​រួញរា​ដល់​មិន​ហ៊ាន​ធ្វើ​អ្វី​សោះ​ ​ព្រោះ​ខ្លាច​ខុស​នោះ​ឡើយ​ ​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ត្រូវ​ហ៊ាន​ប្រថុយ​ ​ហ៊ាន​អារកាត់​នៅ​ក្នុង​កាលៈទេសៈ​ចាំបាច់ ។​ ​ប៉ុន្ដែ​ការ​ហ៊ាន​ប្រថុយ​ ​ត្រូវ​ផ្អែក​លើ​ផលប្រយោជន៍​ជាតិ​ ​និង​ជនរួមជាតិ​ជា​ធំ​ ​ផ្អែក​លើ​កល​យុទ្ធសាស្ដ្រ​ត្រឹមត្រូវ​ស្ថានការណ៍​ជុំវិញ​ខ្លួន​ ​ពេលវេលា​ ​និង​លទ្ធភាព​ហុច​ឲ្យ ។​ ​មិន​ត្រូវ​ប្រថុយ​ដោយ​គ្មាន​គ្រឹះ​ ​គ្មាន​ការ​ត្រេះ​រិះ​ពិចារណា​ឡើយ ។​ ​មេដឹកនាំ​មិន​ត្រូវ​ប្រកាន់​នូវ​គុណធម៌​ងាប់ស្ដូក​ ​គ្មាន​ភាព​បត់បែន​ ​តាម​តម្រូវការ​សម្រាប់​អ្នកដឹកនាំ​នោះ​ឡើយ​ ត្រូវ​ចេះ​វិភាគ​រក​អ្វី​ល្អ​ ​អ្វី​អាក្រក់​ ​អ្វី​គ្រោះថ្នាក់​ដល់​សង្គម​ជាតិ​ ​ពោល​គឺ​ត្រូវ​ហ៊ាន​ធ្វើការ​អា​កាត់​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ និង​ជាតិ​ជា​ធំ ។​

ការ​ដែល​ធ្វើ​គំរោង​ផែនការ​មិន​ខុស​ មេដឹកនាំ​មុន​នឹង​ធ្វើ​ផែនការ​ ​ត្រូវ​តែ​ស្គាល់​ស្ថានការណ៍​ឲ្យ​ច្បាស់​ ​សិក្សា​យក​ព​ត៌​មាន​ឲ្យ​បាន​ជាក់លាក់ ។​ ​មេដឹកនាំ​ត្រូវ​ចម្រាញ់​ព័ត៌មាន​ដែល​ទទួល​បាន​ ​រហូត​ទាល់តែ​ព័ត៌មាន​នោះ​ល្អិតល្អន់​ល្អ​ ​ទើប​យក​ព័ត៌មាន​នោះ​ ​មក​ធ្វើ​ផែនការ​ ​ដើម្បី​ប្រៀបធៀប​ជា​​មួយ​គូរ​ប្រកួតប្រជែង​របស់​ខ្លួន​ ​ដោយ​ដឹង​ជា​មុន​ថា​ ​គំរោង​ផែនការ​នោះ​ពិតជា​ឈ្នះ​ ​ឬ​គំរោង​ផែនការ​នោះ​ចាញ់ ។​ ​មេដឹកនាំ​ត្រូវ​ដឹង​ពី​ខ្លួនឯង​ ​និង​សត្រូវ​ ទាំង​ចំនួន​កម្លាំង​ ​សមត្ថភាព​ ​ស្មារតី​ ​ធនធាន​ ​បច្ចេកវិទ្យា​ ​សម្ភារៈ​ស្ថានការណ៍​ ​និង​បរិដ្ឋាន​ជុំវិញ​ខ្លួន ។​ល​។​ ​បើសិន​មាន​ខ្វះចន្លោះ​ ​ត្រូវ​កែតម្រូវ​ ​និង​បំពេញ​បន្ថែម​ឲ្យ​បាន​ត្រឹមត្រូវ​ ​មុន​នឹង​ដាក់​ឲ្យ​គេ​អនុវត្ដ ​។​ ការ​មិន​ធ្វើ​ខុស​ដោយ​សម្ដី​ ​ដោយ​ចិត្ដ​ ​ដោយ​កាយវិការ​ ​ដោយ​ការងារ​ចំពោះ​ខ្លួនឯង​ ​អ្នក​ក្រោម​បង្គាប់​ ​សហការី​ ​ការងារ​ ​ប្រជាពលរដ្ឋ​ ​ច្បាប់​ ​តួនាទី​ ​ទំនៀមទំលាប់​ ​វប្បធម៌​ ​និង​ប្រពៃណី​ជាតិ​នេះ​ហើយ​ ​ជា​លក្ខណៈ​មេដឹកនាំ​ល្អ ​។​ «អ្នកដឹកនាំ​មិន​ គាំទ្រ​ ​មិន​សម​គំនិត​នឹង​អ្នក​ធ្វើ​ខុស​ឡើយ ។ ពេល​ធ្វើ​ខុស​ ​អ្នកដឹកនាំ​ត្រូវ​ហ៊ាន​ទទួលខុស​ ​មិន​លំអៀង​ ​ព្រោះ​ អគតិ​៤​យ៉ាង​ ​គឺ​ការ​ស្រឡាញ់​ ​ស្អប់​ ​ច្រណែន​ ​ឈ្នានីស» ៕

ឯកសារ​យោង

[កែប្រែ]
  1. គម្ពីរ​វិសុទ្ធិមគ្គ (Visuddhimagga, The Path of Purification) ដោយ​ពុទ្ធឃោសាចារ្យ (Buddhaghoṣa) (សតវត្សរ៍​ទី ១ គ្រិស្តសករាជ)​​ (5th century CE).
  2. ព្រះត្រៃបិដក​​ សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក សៀវភៅ​លេខ ៦១ ទំព័រ ១២៨ កថាខណ្ឌ ២៤០ ។
  3. Forest Wisdom. (2007, August 12). Buddhism by number : ten duties of the king.
  4. Jon Wetlesen, Did Santideva Destroy the Bodhisattva Path? Jnl Buddhist Ethics, Vol. 9, 2002 (accessed March 2010)
  5. Bodhi, Bhikkhu. 'Abhidhammattha Sangaha: A Comprehensive Manual of Abhidhamma. BPS Pariyatti Editions, 2000, p. 89.
  6. AN 4.125, Metta Sutta. See note 2 on the different kinds of Brahmas mentioned.
  7. Swami Jnāneshvara Bhārati. "Commentary on the Yoga Sutras". Swami Jnāneshvara Bhārati. Retrieved 2009-07-31.
  8. Karel Werner, The Yogi and the Mystic. Routledge 1994, page 27.
  9. Barbara Stoler Miller, Yoga: Discipline of Freedom: the Yoga Sutra Attributed to Patanjali; a Translation of the Text, with Commentary, Introduction, and Glossary of Keywords. University of California Press, 1996, page 9.
  10. Thanissaro Bhikkhu.
  11. Rhys Davids & Stede, 1921-25, Pali-English Dictionary, Pali Text Society.
  12. Peter Harvey, "An Introduction to Buddhist Ethics." Cambridge University Press, 2000, page 104.
  13. W.E. Soothill and Lewis Hodous, 1937, A Dictionary of Chinese Buddhist Terms.
  14. Buddhist Studies for Secondary Students, Unit 6: The Four Immeasurables
  15. http://www.accesstoinsight.org/lib/authors/piyadassi/wheel001.html
  16. A View on Buddhism, THE FOUR IMMEASURABLES: Love, Compassion, Joy and Equanimity
  17. Allen, Kim. "Beautifying the Mind: Benevolence". http://www.audiodharma.org/. Retrieved 16 January 2014.
  18. Fronsdal, Gil. "The Issue at Hand". theinsightmeditioncenter.com. Retrieved 16 January 2014.
  19. Majjhimanikaya, tr. by Kurt Schmidt, Kristkeitz, Berlin, 1978, p.261, tr. by Tony Page.
  20. AN 4.125, AN 4.126
  21. AN 4.125: Metta Sutta: Loving-kindness, Ñanamoli's translation (accessed March 2010)
  22. Berzin, Alexander (2005). The Four Immeasurable Attitudes in Hinayana, Mahayana, and Bon. Berzin Archives. (accessed: Monday March 1, 2010)
  23. "For students of Tibetan culture in general, the mDzod phug is one of the most intriguing of all Bon scriptures, since it is the only lengthy bilingual work in Zhang-zhung and Tibetan. (Some of the shorter but still significant sources for Zhang-zhung are signalled in Orofino 1990.)" Martin, Dan (n.d.). Comparing Treasuries: Mental states and other mdzod phug lists and passages with parallels in Abhidharma works of Vasubandhu and Asanga, or in Prajnaparamita Sutras: A progress report. University of Jerusalem. (accessed: Monday March 1, 2010)