Jump to content

ភ្នំសុពណ៌កាលី

ពីវិគីភីឌា

ភ្នំសុពណ៌កាលី មានទីតាំងស្ថិតនៅ ភូមិជ្រោយថ្ម ស្រុកព្រែកប្រសប់ ខេត្តក្រចេះ ដែលមានរាងដូចជាក្រពើ ។ ភ្នំនេះមានកាំជណ្ដើរ៨៦៤កាំ នៅលើភ្នំមានវត្ត ព្រមទាំងមានកន្លែងជាច្រើនសំរាប់ភ្ញៀវទេសចរទៅកំសាន្តក៏ដូចចូលក្នុងវិហារគោរពព្រះពុទ្ធបដិមា នៅទីនោះមានរូបចម្លាក់ដំរីក្បាលបី កន្លែងឆ្លាក់ព្រះ វត្តអារាម រន្ធល្អាងបុរាណជាដើម។

មានសៀវភៅនិទានរឿងព្រេងខ្មែរដែលមានឈ្មោះថាក្រពើលោកនេន ដែលបានរៀបរាប់ទាក់ទងនឹងភ្នំនេះ តែសាច់រឿងហាក់ដូចជាចាកឆ្ងាយបន្ដិចអំពីរឿងព្រេងដែលអ្នកភូមិតែងនិទានតៗគ្នា។

ខ្ញុំសូមលើកយកសាច់រឿងនៃប្រវត្តិភ្នំសុពណ៌កាលីមកបកស្រាយត្រួសៗតាមដែលបានស្ដាប់ការនិទានពីអ្នកភូមិម្នាក់គឺបងស្រីធី ដែលគាត់បាននិទានអោយខ្ញុំស្ដាប់កាលពីខ្ញុំនៅតូច។ ដំណាលរឿងមានដូចតទៅនេះ៖

កាលពីដើមឡើយមានក្រពើមួយ ដែលរស់នៅតាមដងទន្លេមេគង្គ ហើយក្រពើនោះមានឈ្មោះថាក្រពើហាន់ជ័យ វាកាចសាហាវណាស់ អោយតែឃើញទូកអ្នកភូមិតែងតែបោលបំបុករួចស៊ីអ្នកភូមិជាចំណី អ្នកណាក៏ញញើតនឹងក្រពើនោះដែល។ នៅវេលាថ្ងៃមួយព្រះនាងមួយអង្គព្រះនាមសុពណ៌កាលី បានធ្វើដំណើរតាមទូកឆ្លងកាត់ដែនដីក្រពើកាចសាហាវនោះ ដូចសព្វមួយដងក្រពើនោះក៏បានបោលបំបុកទូកដែលព្រះនាងសុពណ៌កាលីគង់ហើយស៊ីអស់អ្នករួមដំណើរជាមួយព្រះនាង ព្រមទាំងព្រះនាងផងដែរ។ អស់រយៈកាលច្រើនខែឆ្នាំកន្លងផុតទៅក្រពើនោះបានពងនៅក្បែរអាស្រមតាឥសី ដោយឬទ្ធិបារមីពូកែ តាឥសីបានប្រមើលដឹងថា ពងក្រពើនេះជាព្រះនាងសុពណ៌កាលីកាលពីជាតិមុន តាឥសីក៏បានយកពងក្រពើនោះមកថែរក្សា រហូតញាស់ជាកូនក្រពើហើយនៅជាមួយតាឥសីរហូតចំរើនវ័យធំធាត់។ ពេលដែលក្រពើនោះធំឡើង តាឥសីក៏បានជប់អោយក្រពើនោះអាចប្រែក្រឡាទៅជាមនុស្សបាន គឺព្រះនាងសុពណ៌កាលីនោះឯង។ ពេលដែលបានរៀនវិជ្ជាពីតាឥសីបានច្រើនហើយ ក្រពើសុពណ៌កាលីក៏មានបំណងទៅប្រយុទ្ធជាមួយនឹងក្រពើហាន់ជ័យដែលតែងតែធ្វើបាបអ្នកស្រុកអ្នកភូមិបាត់បង់ជីវិត ពេលនោះគាប់ដូចបំណងក្រពើសុពណ៌កាលីបានប្រទះឃើញក្រពើហាន់ជ័យ ឈុតប្រយុទ្ធគ្នាក៏បានកើតឡើងយ៉ាងសាហាវ លាន់ពេញផ្ទៃទឹក ទីបញ្ចប់ក្រពើសុពណ៌កាលីក៏ទទួលបានជ័យជំនះ។ នៅពេលល្ងាចឡើង ក្រពើសុពណ៌កាលីតែងតែប្រែក្រឡាខ្លួនទៅជាមនុស្សហើយអង្គុយលេងក្បែរទន្លេមេគង្គ ដោយគូព្រេងមកដល់ និស្ស័យនាំអោយជួប មានកូនកំលោះអ្នកភូមិម្នាក់បានមកនិយាយលេងជាមួយនឹងនាងរាល់រាត្រីរហូតបង្កើតបានជាចំណងស្នេហ៍ដ៏ផ្អែមល្អែម ក្ដីស្នេហ៍នៃកំលោះកូនអ្នកភូមិមិនបានយូរប៉ុន្មាន ម្ដាយបុរសនោះក៏គុណគូររកគ្រូអាចារ្យបានអោយដឹងថា កូនប្រុសរបស់គាត់កំពុងសេពគុបនឹងនាងក្រពើ ហើយបានពន្យល់អោយកូនឈប់ទៅទាក់ទងនាងនោះទៀត ដោយក្ដីស្រឡាញ់ដ៏ស្មោះស្មគ្រនៃមាណពនិងនាងសុពណ៌កាលី បុរសនោះមិនព្រមស្ដាប់ហើយជឿសំដីម្ដាយឡើយ។ ម្ដាយមិនអស់ចិត្តក៏ទៅសុំអោយគ្រូអាចារ្យសូត្រមន្ដអាគមគាថាដាក់នៅអាវ ប្រសិនបើនាងសុពណ៌កាលីពាក់ហើយនោះ នឹងប្ដូររូបរាងទៅជាក្រពើវិញមិនខាន។ ម្ដាយបុរសនោះបានបង្ខំអោយបុរសនោះយកអាវទៅអោយនាងដែលជាទីស្រឡាញ់របស់ខ្លួនពាក់ ដោយចង់បញ្ជាក់ពីភាពស្អាតស្អំ ហើយជាកូនកត្តញ្ញូ បុរសនោះក៏សុខចិត្តយកអាវនោះទៅ។ ពេលរាត្រីបានឈានចូលមកដល់ បុរសដែលជាកូនអ្នកភូមិនោះបានទៅនិយាយលេងជាមួយនាងសុពណ៌កាលីដូចរាល់ដង ហើយចុងបញ្ចប់ក៏បានជូនអាវដែលសេពមន្ដអាគមរួចនោះអោយទៅនាង គ្រាន់តែបានពាក់លើស្បែកភ្លាម រំពេចនោះស្បែកនាងក៏ប្រែក្លាយជាស្រកាក្រពើមួយរំពេក ហើយបានប្ដូររូបរាងទៅជាសត្វក្រពើដូចដើម។ បុរសនោះភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលបានឃើញនាងសុពណ៌កាលីដែលជាអ្នកជាទីស្រឡាញ់របស់ខ្លួនជាសត្វក្រពើ។ ក្រពើសុពណ៌កាលីឈឺចិត្តយ៉ាងខ្លាំង ដោយហួសចិត្តថាមិនគួរគូស្នេហ៍របស់នាង ធ្វើបែបនេះចំពោះនាងសោះ ហើយនាងក៏បានហែលបំបុកដីផ្ទុះស្លាប់ ក្លាយជាភ្នំដែលមានរូបរាងដូចក្រពើ ដែលភ្នំនេះមកដល់សព្វថ្ងៃគេហៅថា ភ្នំសុពណ៌កាលីដែលមានរូបរាងដូចក្រពើ។

ការនិទាននេះសន្មត់ថាចប់តែប៉ុណ្ណេះ នេះជាអ្វីដែលខ្ញុំបានចង់ចាំតាមអ្នកភូមិដែលបាននិទានប្រាប់អោយខ្ញុំស្ដាប់។