មករ

ដោយវិគីភីឌា
មករ ជាពាហនៈ​របស់​ព្រះ​ម៉ែ​គង្គា

មករ (សំស្ក្រឹត៖ मकर) ជា​សត្វ​សមុទ្រ​ក្នុង​ទេវកថា​ឥណ្ឌា។ គេ​ច្រើន​បង្ហាញ​មករ​ជា​ពាក់​កណ្ដាល​សត្វ (ផ្នែក​ខាង​មុខ​ជារាង​សត្វ​ដូច​ជា ដំរី ឬ ក្រពើ ឬ ក្ដាន់) និង ខ្លួន​​ជា សត្វ​សមុទ្រ ដោយ​មាន​កន្ទុយ​ជា​ត្រី ឬ ផ្សោត។ ជួនកាល គេ​ឆ្លាក់​មករ​ឱ្យ​មាន​កន្ទុយ​ជា​កន្ទុយ​ក្ងោក​ក៏​មាន។

មករ​ជា​ពាហនៈ​របស់​ព្រះ​ម៉ែ​គង្គា ជា​ទេពធីតា​ទន្លេ​គង្គា និង ជា​ពាហនៈ​របស់​ព្រះ​វរុណ។ មករ​ជា​តំណាង​ឱ្យ​ព្រះ​កាមទេព​ផង​ដែរ។ ទង់​របស់​ព្រះ​កាម​ទេព ដែល​មាន​ឈ្មោះ​ថា កក៌ធ្វជៈ មានសញ្ញា​រូប​មករ។ មករ​ជា​សញ្ញា​រាសីមួយ​ក្នុង​ចំណោម​រាសី​ទាំង​១២។​ គេ​ច្រើន​ឆ្លាក់​មករ​ ជា​ឆ្មាំ​ការពារ​ទ្វារ​ចូល​ប្រាសាទ​ហិណ្ឌូ និង វត្ដ។

ដើម​កំណើត​ពាក្យ[កែប្រែ]

មករ​ជា​ពាហនៈ​របស់​ព្រះ​វរុណ

មករ​ជា​ពាក្យ​សំស្ក្រឹត​ ដែល​មាន​ន័យ​ថា នាគ​សមុទ្រ ឬ សត្វ​ទឹក​ចម្លែក ។ ពាក្យ​នេះ​ជា​ពាក្យ​ដើម​នៃ​ពាក្យ 'mugger' ( गुंडा ) ក្នុង​ភាសា​ហិណ្ឌី។ ភាសា​ហិណ្ឌី ហៅក្រពើ​ថា मकर (មករ ឬ មករៈ)។

មករ​ក្នុង​គម្ពីរ​វេទ​[កែប្រែ]

ទង់​រូប​មករ​របស់​ស្រីលង្ការ​ ដែល​មករ​មាន​ក្បាល​ជា​ដំរី​ ឬ ត្រី និង កន្ទុយ​ក្ងោក

ក្នុង​សម័យ​វេទ នៅ​ពេល​ដែល​ព្រះ​ឥន្ទ្រ​នៅ​ជា​ព្រះ​នៃ​ស្ថានសួគ៌, ព្រះ​វរុណ, ជា​ព្រះគង្គា ក្លាយ​ជា​ព្រះ​នៃ​សមុទ្រ​ និង បាន​គង់​លើ​សត្វ​មករ​ ដែល​គេ​ហៅ​ថា ពាហនៈ​ទឹក​ចម្លែក ។ [១][២]

មករ​ ត្រូវ​បាន​គេ​រៀបរាប់​ថាជា​ សត្វ​ពាក់​កណ្ដាល​ត្រី​។ ក្នុង​ប្រាសាទ​ជា​ច្រើន មករ​ ត្រូវ​បាន​គេ​ពណ៌នា​ថា​មាន​រាង​ជា​ត្រី​ ឬ ផ្សោត​ពាក់​កណ្ដាល និង​មាន​ក្បាល​ជា​ដំរី។ ជួន​កាល​គេ​គូរ​មករ​ ឱ្យ​មាន​ក្បាល​និងថ្គាម​ក្រពើ ឬ ប្រមោយ​ដំរី ស្រកា​ត្រី និង​មាន​កន្ទុយ​ក្ងោក។ មករ​ ជា​ពាហនៈ​របស់​ព្រះ​វរុណ ជា​អាទិទេព​ខ្យល់ និង ជា​អាទិទេព​នៃ​ទន្លេ​គង្គា។ ព្រះ​នាង​លក្ស្ម៊ី គង់​លើ​ផ្កា​ឈូក ក៏​ត្រូវ​បាន​គេ​គូរ​បង្ហាញ​ថា ព្រះ​នាង​បាន​ទាញ​អណ្ដាត​ដំរី មាន​រាងសត្វ​មករ ដែល​ចង់​មាន​ន័យ​ថា ព្រះ​នាង​លក្ស្មី ជា​ទេពធីតា​នៃ វិបុលភាព ទ្រព្យ​សម្បត្តិ និង សុខភាព​ល្អ។

មករ​ ក៏​ជា​និមិត្តរូប​នៃ ព្រះ​កាមទេព ផង​ដែរ, ដែល​ជា​ព្រះ​នៃ​ស្នេហា​និង​តណ្ហា ។ មករ ជា​សញ្ញា​ទី​១០ នៃ រាសី​ចក្រ[១]

បដិមា[កែប្រែ]

មករ ជា​ធាតុ​សំខាន់​មួយ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​បម្រើ​ឱ្យ​សាសនា ។ មករ គេ​ប្រទះ​ឃើញ​ជា​ញឹកញាប់ មាន​ឆ្លាក់​នៅ​លើ ធ្នឹម ឬ ជញ្ជាំង ។ ជា​ទូទៅ​ គេ​ច្រើន​ឆ្លាក់​មករ​ជាប់​ជាមួយ​សត្វ​ផ្សេង​ទៀត ដូច​ជា​ តោ នាគ ឬ ពស់ ផុស​ចេញ​ពី​មាត់​មករ។ មករ ជាប្រធាន​ក្បាច់​ដ៏​សំខាន់​ នៃ​ធ្នឹម​ដ៏​ស្អាត​របស់​ក្រុម​ប្រាសាទ​រលួស ៖ ប្រាសាទ​ព្រះ​គោ បាគង និង លលៃ ។ នៅ បន្ទាយស្រី ចម្លាក់​មករ ខ្ជាក់ សត្វចម្លែក​ផ្សេង​ទៀត ត្រូវ​បាន​គេ​បង្ហាញ​នៅ​ជ្រុង​ជា​ច្រើន​នៃ​ប្រាសាទ​។[៣]

រឿង​ព្រេង​ទាក់ទង​នឹង​មករ[កែប្រែ]

មានតំណាលថា នៅពេលដែលកេសារមួយសរសៃរបស់ព្រះនាងគង្គា បានធ្លាក់​មកដល់​ឋាន​កណ្តាល ក៏បានក្លាយជាសត្វមករ ហើយខ្លាំងជាងអ្វីៗទាំងអស់លើលោក វាក៏បានលេប​​រាល់​សព្វសត្វ ទាំងពួងដែលវាជួបប្រទះ មិនថាមនុស្ស្ ឬ​ សត្វ ឡើយ។

ដោយនៅឋានកណ្តាលគ្មានអ្នកណាអាចបង្ក្រាបសត្វមករនេះបាន ព្រះឥសូរក៏ចុះមកតទល់ជាមួយមករ ដោយមានការសន្យាពីព្រះនាងគង្គា ថា បើ​ព្រះឥសូរ​ច្បាំងឈ្នះមករ នោះទ្រង់នឹងរៀបអភិសេកជាមួយ។

ព្រះឥសូរក៏បានចុះមកតទល់ជាមួយនឹងមករ​អស់រយៈ​ពេលជាច្រើនថ្ងៃនៅតែមិនឈ្នះ មិន​ចាញ់។ ព្រះនាងគង្គាក៏បានប្រាប់ព្រះឥសូរ ថាបើព្រះអង្គចង់ឈ្នះមករ​ លុះត្រាតែព្រះអង្គលើកទូរព្រះបង្គំដាក់លើបាតដៃរបស់ព្រះអង្គ ពេលនោះមករ​នឹងហត់ ហើយព្រះអង្គនឹង​ទទួល​ជោគជ័យ។ ព្រះឥសូរក៏ធ្វើតាមហើយទទួលបានជ័យជំនះមែន។ ចាប់តាំងពី​ ពេលនោះ​មក​មករក៏បានក្លាយជាយាន្តជំនិះ​របស់ព្រះឥសូរ ហើយក៏បានខ្ជាក់សព្វសត្វ​ទាំងពួង​​នោះ​ចេញ​មកវិញ។

របាយ[កែប្រែ]

ចម្លាក់​លើ​ថ្ម​នៃ​មករ​ និង​បុរាណស្ថាន​របស់​វា​ មាន​រាយ​នៅ​ពាស​ពេញ​អាស៊ី​ខាង​ត្បូង និង អាស៊ី​អគ្នេយ័។ ឧទាហរណ័​ចម្លាក់​នានា​មក​ពី​ប្រទេស​ចំនួន​ដប់​ មាន​បង្ហាញ​ដូច​ខាង​ក្រោម​នេះ​ ៖

ឯកសារ​យោង​[កែប្រែ]

  1. ១,០ ១,១ Robert Beer, សៀវភៅ​និមិត្ត​សញ្ញា​ពុទ្ធសាសនា​ទីបេត៍, Serindia Publications, Inc.
  2. George Mason Williams, សៀវភៅ​ទេវកថា​ហិណ្ឌូ, 2003, ABC-CLIO
  3. Vittorio Roveda, Images of the gods: Khmer mythology in Cambodia, Thailand and Laos/ រូបភាព​របស់​ព្រះ ៖ ទេវកថា​ខ្មែរ នៅ កម្ពុជា ថៃ និង លាវ, River Books, 2005