Jump to content

មច្ឆរិយកោសិយសេដ្ឋី

ពីវិគីភីឌា

ថ្ងៃមួយ សេដ្ឋីចូល​ទៅ​គាល់​ព្រះរាជា ត្រឡប់​មក​ឃើញ​អ្នក​ជនបទ​ម្នាក់​កំពុង​បរិភោគ​នំ​កុម្មាស​(នំ​ស្រស់​ធ្វើ​អំពី​សណ្តែក) និង​នំ​អំបែង ក៏​មាន​ចំណង់​បរិភោគ​នំ​អំបែង តែ​មិន​ព្រម​ទិញ​បរិភោគ និង​មិន​ប្រាប់​អោយ​អ្នក​ណា​បាន​ដឹង ព្រោះ​ខ្លាច​អស់​ទ្រព្យ​សម្បត្តិ ស៊ូ​អត់​ទ្រាំ​នូវ​ចំណង់​នោះ លុះ​កាល​វេលា​កន្លង​ទៅ​ច្រើន​ថ្ងៃ រាង​កាយ​របស់​គាត់​មាន​អាការៈ​ស្គម​លឿង សរសៃ​រវាម​ពេញ​ខ្លួន​ទាំង​អស់រហូត​អត់​ទ្រាំ​មិន​បាន តែ​គាត់​ក៏​មិន​ប្រាប់​អ្នក​ណា​អោយ​ដឹង​ឡើយ គាត់​បាន​ចូល​ក្នុង​បន្ទប់​ឡើងដេកឱបគ្រែ​ព្រោះ​បារម្ភ​ខ្លាច​អស់​ទ្រព្យ​សម្បត្តិ។ ភរិយា​ឃើញ​អាការៈខុស​ប្រក្រតី​របស់​សេដ្ឋីហើយ ក៏​ចូល​ទៅរក អង្អែល​ខ្នង​ថ្នមៗ ហើយ​សួរ​ថា បង​មាន​ជំងឺ​អ្វីឬ ព្រះ​រាជា​ទ្រង់​ក្រេវ​ក្រោធ ឬ​កូន​ប្រុស​ស្រី ឬ​បរិវារ​ណា​ធ្វើ​អោយ​បង​មិន​សប្បាយ​ចិត្ត? សេដ្ឋី​ឆ្លើយ​បដិសេធ ទើប​ភរិយា​សួរ​តទៀត​ថា បង​ចង់​បរិភោគអ្វីឬ? គាត់​ស្ងៀម​មិន​ព្រម​ឆ្លើយ ទើប​ភរិយា​រំអុក​សួរ​ថា បង​ចង់​បរិភោគ​អ្វីពិត​ហើយ​មើល​ទៅ! សេដ្ឋី​និយាយ​ដូច​ជា​មាន​អ្វី​មក​ញ៉ុក​ត្រង់​ក ធ្វើ​អោយ​និយាយ​មិន​ចេញ​ថា ខ្ញុំ​ចង់​ៗ ភរិយា​ក៏​សួរ​បញ្ជាក់ទៀត ទើប​គាត់​ថា ចង់​បរិភោគ​នំ​អំបែង ទើប​ភរិយា​និយាយ​ថា ចុះ​ម្តេច​ក៏​បង​មិន​ប្រាប់​ខ្ញុំ បង​ជា​មនុស្ស​ក្រ​ឬ? នាង​ខ្ញុំ​នឹង​ធ្វើចែក​មនុស្ស​ក្នុង​និគម​នេះ​ទាំង​អស់ សេដ្ឋី​តក់​ស្លុត ប្រញ៉ាប់​និយាយា​ជំទាស់​មិន​អោយ​ធ្វើ ទើប​ប្រពន្ទ​និយាយ​បន្ថយចុះមក សូម​ធ្វើ​ចែក​មនុស្ស​ក្នុង​មួយ​ភូមិ សេដ្ឋី​និយាយ​ចំអក​ភរិយា​គាត់​ថា ខ្ញុំ​ដឹង​ថា​នាង​ជា​អ្នក​មាន​ហើយ ភរិយា​ក៏​និយាយថា ធើ្វចែក​ចំពោះតែ​មនុស្សដែល​នៅ​ផ្ទះ​ជិត​ៗ សេដ្ឋីជំទាស់​ទៀត​ថា ខ្ញុំដឹង​ថា​នាង​អធ្យាស្រ័យ​ទូលាយ​ហើយ ភរិយា​ក៏​បន្ថយ​ថា បើ​ដូច្នោះ​នាង​ខ្ញុំ​នឹង​ធ្វើ​អោយ​មនុស្ស​នៅ​ក្នុង​ក្រុម​គ្រួសារ​យើង​ទាំង​អស់​ក៏​ជា​ការ​ស្រេច គាត់​ក៏​មិន​ព្រម ទើប​ភរិយា​ប្រាប់​ថា នាង​ខ្ញុំ​នឹង​ធ្វើ​ដើម្បី​យើង​​ទាំង​ពីរនាក់ សេដ្ឋី​កំណាញ់​ស្វិតក៏​មិន​ព្រមអោយ​ភរិយា​មាន​ចំណែក​រួម​បរិភោគផង ចុង​បញ្ចប់​ភរិយា​ប្រាប់​ថា នឹង​ធ្វើ​អោយ​ដល់​បង​តែ​ម្នាក់​ប៉ុណ្ណោះ ទើប​គាត់​ព្រម តែ​គាត់​បាន​ប្រាប់​ភរិយា​អោយឡើង​ទៅ​ធ្វើលើ​ប្រាសាទ​៧​ជាន់ ព្រោះ​ខ្លាច​អ្នក​ដទៃ​មក​សូម។
គ្រានោះ​ព្រះ​មាន​ព្រះ​ភាគ ត្រាស់​ហៅ​ព្រះ​មហាមោគ្គល្លាន​មក​គាល់ ហើយ​ត្រាស់​អោយ​ព្រះ​ថេរៈ​ទៅ​កាន់​សករនិគម ដើម្បី​ទូន្មាន​សេដ្ឋី​ដែល​មាន​ការ​កំណាញ់ អោយ​បោះ​បង់​ចោល​ការ​កំណាញ់ ហើយ​អោយ​នាំ​នំ​អំបែង​មក​កាន់​វត្ត​ជេតពនដោយ​កម្លាំង​អរិយានុភាព តថាគត​និង​ភិក្ខុ​៥០០​រូប រង់​ចាំ​ឆាន់​នំ​អំបែងនៅ​ទី​នេះឯង។ ព្រះ​មហា​មោគ្គល្លាន​ត្ថេរ​ទទួល​ព្រះ​ពុទ្ធ​តម្រាស់​ដោយ​សិរសាហើយ ហោះ​ទៅ​ដោយ​អំណាច​ឥទ្ធិឫទ្ធិ អណ្តែត​ត្រសែត​នៅ​ព្ធដ៏​អាកាស ក្បែរ​មាត់​បង្អួច​នៃ​ប្រាសាទដែល​លោកសេដ្ឋី​និង​ភរិយា​កំពុង​ធ្វើ​នំអំបែង។ លោក​សេដ្ឋី​លុះ​មើល​ទៅ​ឃើញ​ព្រះ​ថេរៈ ចិត្ត​ក៏​ភ្ញាក់​ញាប់​ញ័រគិត​ថា យើង​គេច​មក​ទី​នេះ ដោយ​ខ្លាច​សមណ​ព្រាហ្មណ៍ គាត់​រាវ​រក​គ្រឿង​ប្រើប្រាស់​ដើម្បី​ប្រើ​បណ្តេញ​ព្រះ​ថេរៈ តែ​រក​អ្វី​មិន​ឃើញ កើត​ការ​ខឹងឆួល​ឡើង ហើយ​គាត់​និយាយ​នឹង​ព្រះ​មហាមោគ្គល្លាន​ត្ថេរថា សូម្បី​លោក​មក​ដើរ​ចង្រ្កម ឈរ​ឬ​អង្គុយ​ត្រង់​បង្អួច និង​បង្ហុយ​ផ្សែង​ក៏​លោក​នឹង​មិន​បាន​អ្វី​ពី​ខ្ញុំ។ ព្រះ​ថេរៈ​ក៏​បង្ហុយ​ផ្សែង​ ឆួល​គ្រប​ដណ្តប់​ពេញ​ទូទាំង​ប្រាសាទ ចាក់​ភ្នែក​ស្វាមី​ភរិយា​រហូត​ទាល់​តែ​អត់​ទ្រាំ​មិនបាន សូម្បី​សេដ្ឋី​មាន​បំណង​ចង់​និយាយ​ថា ទោះលោក​នឹង​ធ្វើ​អោយ​ឆេះ​ទៅ​ជា​ភ្លើង ក៏​លោក​មិន​បាន​អ្វី​ពី​ខ្ញុំ តែ​មិន​ហ៊ាន​និយាយ​ដោយ​ខ្លាច​ភ្លើង​ឆេះ​ប្រាសាទ បំណង​នឹង​អោយ​ព្រះ​ថេរៈ​ចេញ​ទៅ ក៏ ប្រាប់​អោយភរិយា​ចៀន​នំអំបែង​តូច​មួយ​ប្រគេន ភរិយា​បាន​ចាក់​ម្សៅ​ចុះ​ក្នុង​អំបែង​ត្រឹមតែ​បន្តិច តែ​នំ​ក្លាយ​ជា​បន្ទះ​ដ៏​ធំ​ប៉ោង​ពេញ​មួយ​អំបែង សេដ្ឋី​ឃើញ​ហើយ​ស្តាយ ក៏​និយាយ​នឹង​ភរិយា​ថា ជួន​កាល​នាង​ដាក់​ម្សៅ​ច្រើន​ពេក​ទេ​ដឹង ទើប​ចាប់​វែក​ខ្លួន​ឯង យក​ចុង​វែក​កាត់​ដោយ​បំណង​នឹង​អោយ​តែ​បន្តិច នំ​នោះ​ត្រឡប់​ជា​ចំណិត​ធំ​ជាង​ចំណិត​មុន សេដ្ឋី​រឹង​រឹត​តែ​ចៀន នំ​រឹត​តែ​ធំ គាត់​ក៏​កើត​សេចក្តី​នឿយ​ណាយ ទើប​ប្រាប់​អោយ​ភរិយា​ប្រគេន​ទៅ​លោក​មួយ​ចំណិត តែ​ហេតុ​ដ៏​អស្ចារ្យប្រាកដ​ឡើង ពេល​ភរិយា​ចាប់​យក​នំ​មួយ​ចំណិត​ប្រគេន​ព្រះ​ថេរៈ នំ​ក៏​ទៅជាប់​គ្នាបំបែក​មិន​ចេញ ទើប​នាង​ប្រាប់​សេដ្ឋី ៗពោល​ថា ខ្ញុំ​នឹង​ធ្វើ​ដោយ​ខ្លួន​ឯង ហើយ​សេដ្ឋី​ក៏​បំបែក​មិន​ចេញ​ដូច​គ្នា ពីរ​នាក់​ស្វាមី​ព្រម​ព្រៀង​គ្នា​បំបែក​នំ តែ​មិន​អាច​ទាញ​ចេញ​ពី​គ្នា​បាន នាំ​គ្នា​ទាញរហូត​ហូរ​ញើស​ជោក​កាយ ឈប់​ឃ្លាន​នំ ទើប​ដាច់​ចិត្ត​ប្រាប់​ភរិយា​អោយ​ប្រគេន​ទាំង​អស់។
ភរិយា​លើក​ចូល​ទៅប្រគេន​ព្រះថេរៈ លោក​ក៏​សម្តែង​ធម៌​ពោល​សរសើរ​គុណ​ព្រះ​រតនត្រ័យ និង​អានិសង្ស​នៃ​កា​បរិច្ចាគ​ទេយ្យទាន លោក​សេដ្ឋី​ស្តាប់​ធម៌​ហើយ ក៏​មាន​ចិត្ត​ជ្រះថ្លា ពោល​អារាធនា​ព្រះថេរៈ​ចូល​មក​គង់​ឆាន់​ក្នុង​ប្រាសាទ​របស់​ខ្លួន តែ​ព្រះថេរៈ​ប្រាប់​អោយ​លោក​សេដ្ឋី​ជ្រាប​ដល់​ពុទ្ធ​បំណង​ថា ព្រះ​ពុទ្ធ​ជា​ម្ចាស់ និង​ភិក្ខុ​សង្ឃ​៥០០​រូប រង់​ចាំ​ឆាន់​នំ​នៅ​វត្ត​ជេត្តពន​ក្រុង​សារត្ថីនោះ បើ​អ្នក​នឹង​ប្រគេន​នំ ចូរ​អោយ​ភរិយា​កាន់​នំ និង​គ្រឿង​ធ្វើ​នំទៅ​គាល់​ព្រះ​មាន​ព្រះភាគ​ព្រម​គ្នា​ចុះ លោក​សេដ្ឋី​ខ្លាច​ទៅ​មិន​ទាន់​ពេល​ឆាន់ ព្រោះ​ផ្លូវ​ឆ្ងាយ ៤៥​យោជន៍ ព្រះ​ថេរៈ​ទទួល​ធានា​ថា នឹង​ទៅ​អោយ​ទាន់​ពេលឆាន់​ ហើយ​លោក​អធិដ្ឋាន​មេជណ្តើរ​អោយ​តាំង​ឡើង​លើ​ប្រាសាទ​របស់​សេដ្ឋី ចំ​ណែក​ជើង​ជណ្តើរ​តាំ​នៅ​ក្នុង​ស៊ុម​ទ្វារ​វត្ត​ជេត្តពន​វិហារ ហើយ​បណ្តាល​អោយ​លោក​សេដ្ឋី និង​ភរិយា​ទៅ​ដល់​វត្ត​ជេត្តពន​រហ័ស​ជាង​ការ​ចុះ​ចាក​ប្រាសាទ​ជាន់​លើទៅ​ជាន់​ក្រោម​ទៀត។
ស្វាមី​ភរិយា​ចូល​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ ហើយ​ចាត់​ចែង​ថ្វាយ​នំ​អំបែង និង​ទឹក​ទក្ខិណោទក ក្រោយ​ពី​ព្រះ​មាន​ព្រះ​ភាគ​និង​ភិក្ខុ​ទាំង​ឡាយ​ធ្វើ​ភត្ត​កិច្ច​ស្រេច​ហើយ អ្នក​ទាំង​ពីរ​នាក់​បាន​បរិភោគ​នំ​ក៏​មិន​អស់ ទោះ​បី​នាំ​ចែក​ចាយ​ដល់​អ្នក​ស៊ីដែល នំ​ក៏​នៅ​សល់​ដូច​ដើម ទើប​ក្រាបទូល​ព្រះ​មាន​ព្រះ​ភាគ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន នំ​នោះ​នៅ​សល់​ស្មើ​នឹង​នាំ​មក មិន​អស់​ទៅ​ណា​ឡើយ។ ព្រះ​ត្រាស​ថា បើ​ដូច្នេះ​ចូរ​អ្នក​ចាក់​នំ​ចោល​នៅ​ស៊ុម​ទ្វារ​វត្ត​ជេត្តពន​ចុះ អ្នក​ទាំង​ពីរ​នោះ​ក៏​ធ្វើតាម​តម្រាស់​ព្រះអង្គ ទើប​ទី​នោះ​កើត​ជា​ញក​នំ​អំបែង មានឈ្មោះ​មក​ដល់​សព្វថ្ងៃ​ ថា ញក​នំ​អំបែង។ ស្វាមី​ភរិយា​បាន​ចូល​បង្គំ​គាល់​ព្រះមាន​ព្រះភាគ ព្រះអង្គ​បាន​ធ្វើ​អនុមោទនា​ ក្នុង​កាលចប់​អនុមោទនា ទាំង​ពីរ​អ្នក​ក៏​បាន​សំរេច​សោតា​បត្តិផល ជា​ព្រះអរិយ​ថ្នាក់​ដំបូង​ក្នុង​ព្រះ​ពុទ្ធ​សាសនា។ ចាប់​ពី​នោះ​មក មច្ឆរិយ​កោសិយ​សេដ្ឋី​បាន​បរិច្ចាគ​ទ្រព្យ​ចំនួន​៨០​កោដិ​បូជា​ក្នុង​ព្រះ​ពុទ្ធ​សាសនា។