មហាចោរ៥ពួក
១. សេចក្តី ត្រិះរិះរបស់ភិក្ខុបាបថា បើដល់កាលណាអញបានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ នឹងត្រេចទៅកាន់ចារិក ក្នុងស្រុកនិគមរាជធានី ក៏នឹងបាននូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលពួកគ្រហស្ថក្តី ពួកបព្វជិតក្តី ធ្វើសក្ការគោរពរាប់អានបូជាកោតក្រែង។ លុះដល់សម័យខាងក្រោយមក ភិក្ខុបាបនោះបានបរិសទ្យ១រយ ឬ១ពាន់ចោមរោមជាគ្នាហើយ ក៏ត្រេចទៅកាន់ចារិក ក្នុងស្រុកនិគមរាជធានី បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលពួកគ្រហស្ថក្តី បព្វជិតក្តី ធ្វើសក្ការគោរពរាប់អានបូជាកោតក្រែង។ ភិក្ខុនេះហៅថា មហាចោរទី១ ដែលមានប្រាកដក្នុងលោក។
២. ភិក្ខុបាបខ្លះរៀនសូត្រធម្មវិន័យដែលព្រះតថាគតបានសំដែងហើយ ដុតកំដៅខ្លួនឯងចោល (គឺលាក់នាមគ្រូអាចារ្យ ប្រាប់គេថា រៀនចេះដោយខ្លួនឯង)។ ភិក្ខុនេះហៅថា មហាចោរទី២ ដែលមានប្រាកដក្នុងលោក។
៣. ភិក្ខុបាបខ្លះពោលចោទភិក្ខុដែលប្រព្រឹត្តធម៌ប្រសើរដ៏ស្អាត ដែលកំពុងប្រព្រឹត្តធម៌ប្រសើរដ៏បរិសុទ្ធ ចោទដោយការប្រព្រឹត្តមិនប្រសើរ រកមូលគ្មាន គឺចោទដោយមិនបានឃើញនឹងភ្នែក មិនបានឮនឹងត្រចៀក ឬមិនបានរង្កៀសក្នុងចិត្ត។ ភិក្ខុនេះហៅថា មហាចោរទី៣ មានប្រាកដក្នុងលោក។
៤. ភិក្ខុបាបខ្លះសង្គ្រោះផ្គាប់ផ្គុនគ្រហស្ថដោយគ្រឿងគរុភណ្ឌរបស់សង្ឃ ឬគ្រឿងគរុណបរិក្ខារ គ្រឿងគរុភណ្ឌ គឺអ្វីខ្លះ គ្រឿងគរុភណ្ឌនោះគឺ គុម្ពផ្កា និងដើមឈើ១ ទីដែលសំរាប់ដាំគុម្ពផ្កា និងដើមឈើ១ កុដិ១ ទីដែលសំរាប់សង់កុដិ១ គ្រែ១ តាំង១ ពូក១ ខ្នើយ១ ឆ្នាំងលោហៈ១ ស្នូកលោហៈ១ ក្អមលោហៈ១ ផើងលោហៈ១ កាំបិត១ ពូថៅ១ ដឹង១ ចប១ ពន្លាក (ឬដែកកណ្តារ)១ វល្លិប្រវែងមួយលូកឡើងទៅ១ ឫស្សីប្រវែង៨ធ្នាប់ឡើងទៅ១ ស្មៅដំណេកទន្សាយ១ ស្មៅយាប្លង១ ស្មៅធម្មតា១ ដីស្អិត១ គ្រឿងធ្វើនឹងឈើ១ គ្រឿងធ្វើនឹងដី១។ ភិក្ខុនេះហៅថា មហាចោរទី៤ មានប្រាកដក្នុងលោក។
៥. ភិក្ខុណាពោលអួតឧត្តរិមនុស្សធម្ម ដែលមិនមាន មិនប្រាកដក្នុងខ្លួន ភិក្ខុនេះជាមហាចោរទី៥ ជាចោរធំបំផុតក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។
ឯកសារយោង
[កែប្រែ]- វិន័យបិដក វិន័យបិដក បារាជិកកណ្ឌ សិក្ខាបទទី៤
- www.chhouk-krohom.de