វិន័យបិដក
ព្រះត្រៃបិដក > វិន័យបិដក (សៀវភៅលេខ ១ ដល់ លេខ ១៣)
គម្ពីរទាំងឡាយក្នុងវិន័យបិដក
[កែប្រែ]ព្រះវិន័យបិដក គឺជា ផ្នែកមួយនៃគម្ពីរពុទ្ធសាសនា ដែលបានប្រមូលផ្តុំព្រះពុទ្ធវចនៈ ផ្នែកខាងព្រះវិន័យ គឺព្រះពុទ្ធប្បញ្ញត្តិ ដែលជាការហាម, ការអនុញ្ញាត និង អភិសមាចារ (គឺ ការប្រព្រឹត្តរៀបរយ គួរឲ្យពេញចិត្ត, គួរឲ្យជ្រះថ្លា)សំរាប់ភិក្ខុ និង ភិក្ខុនី ។ ជាទម្លាប់ មនុស្សខ្លះបន្តហៅ វិន័យបិដក ថា ព្រះវិន័យ ឬ សីល ។ ម្យ៉ាងទៀត ព្រះវិន័យប្រៀបដូចជាធម្មនុញ្ញ ឬ ច្បាប់ របស់ភិក្ខុសង្ឃ ព្រោះវាជាច្បាប់សំរាប់គ្រប់គ្រងគណៈសង្ឃ ឲ្យមានរបៀបរៀបរយដោយឯកន្តៈ ។ តាមរយៈវិន័យ ព្រះពុទ្ធសាសនាអាចបន្តមានវត្តមាន តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន និង អាចបន្តទៅអនាគត ។
ប្រសិនបើ អ្នកបួសក្នុងពុទ្ធសាសនាគ្មានវិន័យជាច្បាប់ និង និយាម (ស្តង់ដារ) សម្រាប់គ្រប់គ្រងទេ អ្នកបួសទាំងឡាយនឹងបាត់សាមគ្គីភាព និង ការគោរពពីសំណាក់បរិស័ទ និង សហគមន៍ ដែលជួយទំនុកបម្រុងពួកគេ ឲ្យអាចតាំងនៅបាន ។ ប្រវត្តិសាស្ត្រ និង បទពិសោធន៍បានបង្រៀនទាំងអ្នកបួស និង បរិស័ទ ឲ្យឃើញច្បាស់នូវ ការបែកបាក់សាមគ្គីភាពរវាងអ្នកបួសក្នុងធម្មវិន័យ នាសម័យដំបូងរបស់ព្រះពុទ្ធសាសនា ។ នោះគឺជាមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុជាច្រើនទៀត ដែលអ្នកបួសក្នុងពុទ្ធសាសនាបានបែកខ្ញែកគ្នា ទៅជាច្រើនក្រុម ដែលសព្វថ្ងៃនេះប្រជាជនទូទៅស្គាល់ត្រឹមតែ ២ និកាយ (ក្រុម) ពោលគឺ ពុទ្ធសាសនានិកាយថេរវាទ (ហីនយាន) និង ពុទ្ធសាសនានិកាយមហាយាន ។ សូម្បីតែនៅក្នុងនិកាយថេរវាទ ក៏នៅបន្តបែកខ្ញែកជា មហានិកាយ និង ធម្មយុត្តិកនិកាយ ហើយនៅប្រទេសថៃ មានការបង្កើតក្រុម ធម្មកាយ បន្ថែមទៀត ។ រីឯ ផ្នែកមហាយានវិញ សព្វថ្ងៃយើងឃើញមានភាពខុសគ្នាច្រើននៅតាមបណ្តាប្រទេស ដែលបានទទួលយកការបង្រៀនរបស់ក្រុមនេះទៅអនុវត្ត ។ សូម្បីនៅតបន់ទីបេក៏និកាយមហាយាននេះបែកទៅជា ៤ ក្រុមធំៗ និង និកាយតូចតាចច្រើនទៀតដែរ ។
វិន័យបិដក មាន ២១០០០ ព្រះធម្មក្ខន្ធ ចែកចេញជា ៥ គម្ពីរ គឺ ៖
គឺជាគម្ពីរដែលរៀបរាប់ពីវិន័យរបស់ភិក្ខុសង្ឃទាំង ២២៧ សិក្ខាបទ។ សរុបទាំងអស់មាន៤ភាគ។ វិន័យទាំងនោះត្រូវបានគោរពប្រតិបត្តិប្រចាំថ្ងៃក្នុងការរស់នៅរបស់ភិក្ខុសង្ឃ។
ភិក្ខុនីវិភង្គ (Bhikkhuni Vibhanga) គឺជា គម្ពីរ រៀបរាប់វិន័យទាំងឡាយ ដែលភិក្ខុនី ត្រូវគោរព និង ប្រតិបត្តិ ។ វិន័យសម្រាប់ភិក្ខុនី សរុបទាំងអស់មាន ៣១១ សិក្ខាបទ ។ ក្រុមជំនុំព្រះត្រៃបិដកខ្មែរបានដាក់តម្រៀបវិន័យទាំងនោះនៅក្នុង ភិក្ខុនីវិភង្គ ឬ សៀវភៅលេខ ៥ ក្នុងចំណោមសៀវភៅទាំង ១៣ ក្បាល នៃវិន័យបិដក ។
គឺវគ្គធំៗ ឬ ពួកធំៗ ដែលពោលដល់សិក្ខាបទក្រៅពីបាតិមោក្ខ ខាងដើម ១០ ខន្ធកៈ ឬ វគ្គ ១០ មានទាំងអស់ ៣ ភាគ ។
វគ្គតូចៗ ឬពួកតូចៗ ដែលពោលដល់សិក្ខាបទខាងចុង ១២ ខន្ធកៈ ឬ ១២ វគ្គ មាន ៣ ភាគ ។ តាមការរៀបចំតាមរបៀបប្រែនៃព្រះត្រៃបិដកភាសាខ្មែរ ចុល្លវគ្គត្រូវបានចាត់លំដាប់ពីសៀវភៅលេខ ៩ ដល់លេខ ១១ ។
គឺពួកដែលជាចំណែកប្រកបដោយពាក្យសួរ ពាក្យឆ្លើយ បង្កើនចំណេះដឹងខាងផ្នែកព្រះវិន័យ ដែលរួមបញ្ចូលជា២ភាគ។