Jump to content

មាលាដួងចិត្ត

ពីវិគីភីឌា

រឿងមាលាដួងចិត្ត និពន្ធក្នុងឆ្នាំ ១៩៧២ ។ បោះពុម្ពផ្សាយលើកដំបូងបង្អស់នៅឆ្នាំ១៩៧២។ រឿងនេះនិពន្ធដោយ លោក នូ ហាច មុនរឿងផ្កាស្រពោននិងរឿងនារីជាទីស្នេហា។ នៅក្នុងរឿងនេះ តួអង្គប្រុស ឈ្មោះទីឃាវុធ (ដែលផ្តើមឡើងជាសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ១៩៣៩)។ រីឯតួអង្គស្រី ឈ្មោះ ថាចន្ទមុនី(ជាជនជាតិថៃ)។រឿងនេះកើតឡើងក្នុងជំនាន់ រាជ្យហ្លួងមុនីវង្ស នៃសម័យអា ណានិគមបារាំងហើយសាច់រឿងទាំងមូលកើតឡើងរហូតដល់ឆ្នាំ១៩៤៦ (រាជ្យហ្លួងនរោត្តមសីហនុ)។ទិឃាវុធគឺជាបុរសម្នាក់ដែលសុភាព ទន់ភ្លន់ក្នុងទំនាក់ទំនងជាមួយនឹងអ្នកដទៃ ហើយមានឥរិយាបថល្អចំពោះនារី និងជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ ចេះបែងចែករវាងមនុស្ស និង នយោបាយ មិនមានគំនិតប៉ាតណាប៉ាតណី ពោលគឺ គំនិតជាតិនិយម ស្នេហាមាតុភូមិដ៏ថ្លៃថ្នូរ។

កថាមុខ

[កែប្រែ]

ប្រលោមលោក​ថ្មី​ដែល​ខ្ញុំ​សូម​យកមក​ស្នើជា​គ្រឿង​កម្សាន្ត​សម្រាប់​អ្នកអាន​ក្នុង​ពេលនេះ ជា​រឿង​គម្រប់​ទី ៤ របស់ខ្ញុំ។ ដូចមុនៗដែរ សៀវភៅ​នេះ​បាន​តែង​ចប់​ក្នុងពេល​ឧត្ដមគតិ​មិនទាន់​ត្រូវ​ទម្លុះទម្លាយ ជា​ណាស់ណា​ពេក​ទេ​ដោយ​បញ្ហា​ជីវិត ពោល​គម្រប់ ២០ ឆ្នាំ​មកហើយ។ ក្រ​ដៅ​សំណៅ​ដើម​ប្រែសម្បុរ​ឡើង​លឿង​ពណ៌​ស្ករត្នោត ហើយ​ផុយ​របេះដុំៗព្រោះ​ជរាភាព។

ហេតុ​ធំ​ដែលនាំឱ្យ​ខ្ញុំ​ស្ទាក់ស្ទើរ យឺតយ៉ាវ​ក្រ​ផ្សាយ​ដល់​ម្លេះ​មកពី​មាន​បារម្ភ​ក្រែង​អ្នកផង​លើក​តួ​បុគ្គល​ខ្លះ​ក្នុង​រឿង​ទៅ​ប្រដូច ឬ​ចោទថា​ជា​ផ្នែក​ជីវភាព​របស់​បុរស​ស្ត្រី​ណាមួយ ឬ​យល់ថា ជាការ​រិះគន់​ចំពោះ​អ្នក​មុខ អ្នកការ​ណាមួយ​ទៅវិញ។ ក្នុង​ចំណុច​នេះ ពិសោធន៍​នៃ​រឿង “ផ្កា​ស្រពោន” បាន​ផ្ដល់នូវ​ឧទាហរណ៍​ស្រាប់​មកហើយ ព្រោះ​មាន​អ្នកអាន​ច្រើន​អ្នក​បាន​យល់ច្រឡំ ហើយ​លើក​ប្រដូច​តួ​បុគ្គល​នានា​ក្នុង​រឿង​នោះ​ទៅលើ​ជន​ដែលមាន​ជីវិត​រស់នៅ​មែនទែន។ ដើម្បី​ជៀសវាង​មន្ទិលសង្ស័យ​យ៉ាងនេះ​ទៀត ខ្ញុំ​បាន​យល់ថា គប្បី​ទុកពេល​វេលា​កន្លង​ហួស​ទៅហើយ​ឱ្យបាន​វែងឆ្ងាយ​បន្តិច​សិន ក្នុង​បំណង​បន្សាប​ការប្រដូច​ឬ​អត្ថាធិប្បាយផ្សេងៗ ដែល​អាច​កើតមានឡើង។

ដូច្នោះ​ខ្ញុំ​សូមបញ្ជាក់​ផ្ទួន​ជាថ្មី​ថា សៀវភៅ​នេះ​ពុំមែន​ជា​ប្រវត្តិ​បន្លំ​របស់​ជន​រូប​ណាមួយ​ឡើយ ទោះ​មាន​ឋា​នះ​ក្នុងសង្គម​ខ្ពស់​ឬ​ទាប​យ៉ាងណាក៏ដោយ​ថ្វីបើ​នៅ​ភាគ​ខាងចុង​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ចូល​មកជា​ផ្ទាំង​តម្បាញ​នៃ​រឿងលើក។ អាស្រ័យហេតុនេះ ប្រសិនបើ​អ្នកអាន​សង្កេតឃើញ ឬ​យល់ថា មាន​កន្លែង​ណា​សម​ដូច​ការពិត​ខ្លះសូម​សន្និដ្ឋាន​ចាត់ជា​ដំណើរ​ចៃដន្យ​ទៅវិញ​ផង​ចុះ។

ប្រលោមលោក “មាលាដួងចិត្ត” នេះ​និទាន​បាន​ផ្ដើម​ក្នុង​ឆ្នាំ១៩៣៩ គឺ​នៅពេល​សង្គ្រាមលោកលើកទី​ពីរ​ចាប់​ឆួល​ឆេះ​ឡើង ហើយ​មក​ចប់​នៅ​ចុងឆ្នាំ១៩៤៦ គឺ​នៅពេល​ខេត្តបាត់ដំបង និង​ដែនដី​យើង​ទាំង​ប៉ុន្មាន​ដែល​បាត់បង់​ទៅនោះ បាន​វិល​ត្រឡប់មក​ចូលរួម​ក្នុង​សហគមន៍ជាតិ​វិញ។

អ្នកនិពន្ធ​មានបំណង​ឱ្យ​សៀវភៅ​នេះ​មានគុណ​ភាពជា​កញ្ចក់ ឬ​ជា​ផ្ទាំងគំនូរ​រូបភាព​សំរាប់​គំនិត និង​ឧត្ដមគតិ​របស់​យុវជន​ខ្មែរ​ក្នុងសម័យ​នោះ។

មាន​ហេតុ​មួយទៀត​ដែលនាំឱ្យ​ខ្ញុំ​ប្រតិស្ឋ​រឿង “មាលាដួងចិត្ត” នេះ។ អ្នកអាន​យ៉ាង​ក្រាស់ក្រែល​មាន​នារី​ជា​ភាគច្រើន បាន​បន្ទោស​ខ្ញុំ​ថា ចិត្តអាក្រក់​ណាស់​ដោយ​បណ្ដោយឱ្យ នាង​វិធា​វី​ក្នុង​រឿង “ផ្កា​ស្រពោន” ស្លាប់បាត់​បង់ជីវិត​ទាំង​ក្មេងខ្ចី ហើយ​ស្លូតត្រង់​ផង។ ខ្ញុំ​សរសេរ​រឿង​ថ្មី​នេះ​ក្នុង​បំណង​ចង់​លុបលាង​នូវ​ការរិះគន់​បែបនេះ​ទៀត តើ​សម្រេច​ដូច​ប្រាថ្នា​មែនឬ​យ៉ាងណា សូម​មិត្ត​ទាំងឡាយ​មេត្តា​វិនិច្ឆ័យ​ផង​ចុះ។

សរុបសេចក្ដី​ទៅ សៀវភៅ​រឿងនេះ​ដែល​បរិបូណ៌​ដោយ​យុវភាព ហើយ​ដែល​ពិពណ៌នា​អំពី​គំនិត និង​ឧត្ដមគតិ​នៃ​យុវជន​ក្នុងអំឡុង​ឆ្នាំ១៩៣៩-១៩៤៦ សូម​យុវជន​យើង​ជំនាន់​ក្រោយ​ទុកជា​សក្ខីភាព​មួយនា​កាលសម័យ​នោះ។

ខ្ញុំ​សូម​ឧទ្ទិស​សៀវភៅ​នេះ​ចំពោះ​វិញ្ញាណក្ខន្ធ លោក ឃួន នៅ ជា​បិតា​និង​លោក ឱរ ស៊ិន ជា​ឪពុកធំ​ដែល​លោក​បាន​ណែនាំ​ខ្ញុំ​ឱ្យ​ស្រឡាញ់​អក្សរសាស្ត្រ​តាំងពី​កុមារភាព ហើយ​ចំពោះ​យុវជន​យើង វីរបុរស​យើង​ដែល​បាន​បូជាជីវិត​ដើម្បី​មាតុភូមិ។

វគ្គទី ១ វិទ្យាល័យ គ.ស. ១៩៣៩

[កែប្រែ]

ដូចជា​ពិបាក​គិត​ដែរ!… មិនដឹង​ជា​ចាប់​និយាយ​ពី​ត្រឹមណា​ទេ​រឿងនេះ ហើយព្រោះ​មាន​រាង និង​ភាព​ដូច​ពពក មាន​ពណ៌​ចម្រុះ​ដូច​ឥន្ទធនូ ហើយ​មាន​មាឌ​និង​កម្ពស់​​កម្ព​រ​​ប៉ុន​យក្សា។

ក្នុង​ដួងចិត្ត​យុវជន​អាយុ​ម្ភៃ​ឆ្នាំ​អារម្មណ៍​ដ៏​អស្ចារ្យ​នេះ ជួនណា​បោកបក់​ជា​ព្យុះជួនណា​ផាត់ផាយ​ជា​ខ្យល់ជំនោរ។ ទុក្ខ និង​សេចក្ដីសង្ឃឹម​តែង​ផ្លាស់​វេន​គ្នា​ក្នុង​សតិ​មួយ​ដែលមាន​គំនិត​វែងឆ្ងាយ តែ​ស្រួយ​ដូច​ពពុះ​សាប៊ូ​ដែល​អណ្ដែតត្រសែត​មួយសន្ទុះ លំអ​ដោយ ឆព្វណ្ណរង្សី​ចាំង​ឆ្លុះ​ទៅលើ។

ឱ ! ឆ្នេរសមុទ្រ​ដែល​បរិបូណ៌​ដោយ​ក្លិនក្រអូប​ឈួ​ល​ដែល​វិចិត្រ​ដោយ​កូនខ្ទម​ជ្រក​ក្រោម​ដើម​ដូង​ល្វន់​ល្វៃ មាន​កម្រង​វល្លិ​ផ្កា​រុំ​ស្រោប​ដូច​ហត្ថា​នាង​នាដកា។ វាយោ​ហើរ​ពី​ផ្ទៃ​សាគរ​មក​យោល​ផួ​ង​ធម្មជាតិ ឱ្យមាន​ចលនា​ទន់ភ្លន់ រួច​ហើយក៏​តាំង​ដឹក​នាំទៅ​ឆ្ងាយ​នូវ​ពិដោរ​ឈ្ងុយ​ឈ្ងប់។

ទេសភាព​ត្រកាល​នេះ មាន​នាទី​ជា​អង្រឹង​សម្រាប់​យោល​រំសាយ​ទុក្ខ​នៃ​យុវជន​ដែល​ស្រវឹង​ដោយ​ឃ្លោង ដោយ​កាព្យ​ថ្លា​ដូច​ចរណៃហើយ​ស្អាត​ដូច​ពន្លឺ​ព្រះ​ចន្ទ​ពេញបូណ៌មី។ កវីនិពន្ធ​ដ៏​មាន​ពាក្យ​ពិ​រោះ ហាក់ដូចជា​កើត​ពី​ទេពកោសល្យ​ដែល​ត្រាំ​នៅក្នុង​ទុក្ខព្រួយហើយ​រមែង​ក្ដោប​ស្រោប​នូវ​វិការ​ដ្ឋា​ន​នៃ​ជីវិត បរិបូណ៌​ទៅដោយ​ការប្រយុទ្ធ ការដណ្ដើម​ស្ទើរ​ស៊ីសាច់​គ្នា។

អាត្ម័ន​ជរាព្រលឹង​រេចរឹល​អាច​រត់​ចូល​ជ្រក​បាន​ក្នុង​សាសនាប៉ុន្ដែ​អាត្ម័ន​ក្មេង​ចិន្ដា​នឹង​រក​កំពង់ផែ​ចូល​សម្រាក​បានតែ​ក្នុង​កាមារម្មណ៍។

គិតសព្វៗទៅ សេចក្ដីស្នេហា​ជា​សាសនា​មួយបែប​ដែរ​សម្រាប់​យុវជន ព្រោះ​រមែង​មាន​សទ្ធា មាន​ជំនឿ មាន​សេចក្ដីទុកចិត្ត​ទៅ វិញទៅមក។តែ​សាសនា​នេះចាស់ៗបែរជា​មិន​យល់​ដោយ​ភ្លេច​សូន្យឈឹង ថា​កាលពីដើម​មក​ខ្លួន​ធ្លាប់​ក្មេង​ដូចគ្នា​ដែរ​ទេតើ ហេតុដូច្នេះ​ហើយបានជា​ចាស់ៗទាំងនោះ​តែង​កាន់គំនិត​រឹងត្អឹង កាន់​លទ្ធិ​សម្បូរ​ជ្ញា​សិទ្ធិ​ចំពោះ​បំពង់​ត្រួយ​ខ្ចី​នៃ​មនុស្សជាតិ។

គួរ​យើង​គិតថា ផ្កា​ក្រូចពោធិ៍សាត់​មាន​ក្លិនក្រអូប​ជាង​ផ្លែ​វា​ដែល​ទុំ​លឿង​ផូ​រ។ យ៉ាង​នេះហើយ​បានជា​យុវជន​អាច​ក្រេប​ឱជា​រស​ជីវភាព​បានជា​ជាង​មនុស្ស​រសៀល ដែលជា​ហេតុនាំឱ្យ មាណព និង មាណវី មាន​ទីតាំង​ជិត​ជាង​ក្នុង​គោលបំណង ព្រះ​កាម​ទេព។

គំនិត​វិ​ពណ៌នា​ខាងលើនេះ ជា​យោបល់​របស់ក្មេងៗដែល​រៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ក្នុង​សម័យមុន​កើត​សង្គ្រាមលោកលើកទីពី​រ។ យុវជន​ទាំងនោះ​យល់​ដោយ​ខុស ហើយ​អយុត្តិធម៌​ខ្លះ​ផង ក៏​ពុំ​ដឹងថាចាស់ៗសង្កត់សង្កិន​ព្រលឹង និង​ចិន្ដា​របស់ខ្លួន ហើយ​ថែមទាំង​បំពុល​សេចក្ដី​ត្រេកត្រអាល​ទៀតផង។

គិត​ខុស​ក៏ដោយ ត្រូវ​ក៏ដោយ ក្មេងៗបើ​យល់​យ៉ាងណា​ហើយ​តែង​ជួញ​ចិត្ត​ធ្វើឱ្យ​គំនិត​នោះបាន​សម្រេច បាន​ពិតប្រាកដ​ដោយ​សកម្ម​ក្រៃលែង។ ដើម្បី​ងាយ​យល់​នូវ​មនោសញ្ចេតនាផ្សេងៗដែល​រមែង​ក​ញ្ច្រោ​ក​បោកបោះ​អាត្ម័ន​យុវជន​នោះ ទើប​សូម​នាំ​រឿងនេះ​មក​និទាន​ដូចតទៅ៖

ថ្ងៃអាទិត្យ! អរុណ​ចាប់​លាប​ពណ៌​ក្រហមទុំ​ទៅលើ​ជើងមេឃ​ខាងកើត។ ក្នុង​សយនដ្ឋាន​មួយ​នៃ​វិទ្យាល័យ​ស៊ីសុវត្ថិ​ដែល​សេចក្ដី​ស្ងប់ស្ងាត់​គ្របដណ្ដប់​នៅឡើយ ព្រោះ​មិនទាន់​ដល់​ម៉ោង សម្លេង​ខ្សឹប​ខ្សាវ​ចាប់​ឭខ្សៀវៗពី​ត្រង់នេះ​បន្តិច​ត្រង់នោះ​បន្តិច។ មាត់​មាន់រងាវ​បង្អូស​បែបបទ​វែង​អន្លាយ​ក្នុង​ពន្លឺស្រាងៗនៃ​ព្រហាម។ សេះ​សំគម​ដែល​ទាញ​រទេះដឹក​បន្លែ​មួយអន្លើ និង​ស្បែកជើង​ឈើ​ចិន​កន្តាំង​បាននាំគ្នា​វាយ​ផ្ទៃ​ថ្នល់​ចាក់​ជ័រ​ឭ​សូរ​ភ្លិ​បផ្លាប់ៗ ឭ​ក្រោក​ក្រាក។ កងទ័ព​ក្អែក​ចេញពី​ទ្រនុំ​ដើមអម្ពិល ខ្វក​កេកកាកៗ លាន់​រំពង​ហើយ​ហើរ​ឆ្ពោះទៅ​ទិស​ខាងលិច​ដែល​ពំនូក​ពពកធំៗ ដេក​ទ្រមក់​ត្រាំ​ក្នុង​កម្ជិល​ច្រអូស​នៅឡើយ។

មួយសន្ទុះ​ក្រោយមក ស្គរ​អ្នកយាម​ទ្វារ​រោទិ៍​កម្រើក​រំ​ជួយ​អាកាស​ពណ៌​ខៀវ​នៃ​ព្រឹក​ព្រហាម ហើយ​សូរសព្ទ​ហ៊ោកញ្ជ្រៀវ​ក៏​ផ្ទុះឡើង​ដូច​ចិន​អុជ​ផាវ​សែនអ្នកតា។ អ្នកខ្លះ​ចាប់​ប្រយុទ្ធ​នឹង​សង្កើច​ដោយ​យក​ស្បែកជើង​ឈើ​វាយ​បំពៀច​ប​ច្ចា​មិត្រ​ដែល​បាន​ស្រូបយក​ឈាម​ពី​ពេលយប់ទៅលើ​ក្ដារ​គ្រែ​ឭ​ផូងផាង។ ក្នុងសម័យ​នោះ​មិនបាន​ស្គាល់​ច្បាស់​នៅឡើយ​ទេ នូវ​ការប្រើ​ម្សៅ​ដេដេតេ​សម្រាប់​សម្លាប់សត្វ​ល្អិត។ អ្នក​ខ្លះទៀត​ប្រជុំគ្នា​សប់​បាល់​ឡុង​ឭភិតៗ ហើយ​មួយ​ពួក​ផ្សែង​ដទៃ ក្រមា​មួយ​វ័ណ្ឌ​នៅ​ចង្កេះ​នាំគ្នា​ប្រមូល​ខោអាវ​យកទៅ​បោក​នៅ​ក្បាលម៉ាស៊ីនទឹក​ក្រោយ“ដ័​រ​ត្វារ។

សូរ​ទ្រហឹងអឹងអាប់​បាន​ដាស់ ទីឃាវុធ ភ្ញាក់​ពី​ដំណេក​ក្រោក​ឡើង ប្រមូល​ក្រសោប​ជើងមុង​ពាក់​ទៅលើ​ដំបូល​រួច ហើយក៏​តាំង​អង្គុយ​សញ្ជប់សញ្ជឹង​នៅលើ​គ្រែ​ដោយមាន​មុខស្ងួត​ស្ងប់ ក្មេង​ក​ម្លោះ​នេះ​នឹក​គួច​ដល់​នារី ដែល​កាលពី​ល្ងាចម៉ិញ​វិទ្យុ​បាន​នាំមក​នូវ​សម្លេង​ថ្លា​ដូច​កែវ​ទិព្វ។ នៅ​ជិត​សយនដ្ឋាន គឺ​នៅ​ម្ខាង​វិថី​ហ្វ្រ​ង់​ស្វាង​ហ្វុ​ង​តែ​ន អ្នក​ម្ចាស់​ផ្ទះមួយ​បាន​បើក​ស្ដាប់​ចម្រៀង​សិល្បការិនី​សៀម​ពីរោះ​ទន់​ល្វើយ។ គឺ​សម្លេង​នេះហើយ​ដែល​មក​ប្រលោម​បំពេរ​អាត្ម័ន ទីឃាវុធ ដែល​ស្រេកឃ្លាន​នូវ​កាមារម្មណ៍។ ចៅ​មាណព​ស្ដាប់​ពុំបាន​ច្បាស់​នូវ​ទំនុកច្រៀង​ទេតែ​សាច់​ពិ​រោះ ដែលមាន​ផ្នត់​ទូលាយ​ល្វឹងល្វើយ បាន​គួច​ព្រលឹង​ឱ្យ​អណ្ដែតអណ្ដូង​ក្នុង​រមណីយដ្ឋាន​មួយនា​វិមាន​សួគ៌ា​ល័យ។

វគ្គទី២៖ យល់សប្ដិតង់ក្លាយជាការពិតមួយដងមួយកាលដែរ

[កែប្រែ]

ក្រោយពីបានឈប់សម្រាកពិធីបុណ្យចូលឆ្នាំចិនរួចមក ទីឃាវុធ បានរៀបចំសម្ភារៈឥវ៉ាន់នានា ដាក់ក្នុងកាបូបសរបស់ខ្លួន ដើម្បីត្រៀមឡើងរថភ្លើងត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។ គាប់ជួន រាត្រីនោះក៏មានភ្លៀងធ្លាក់មួយមេធំ ដែលជាហេតុនាំឱ្យមានដក់ថ្លុកតាមផ្លូវ។ ព្រឹកឡើងទីឃាវុធបាន ធ្វើដំណើរចេញពីផ្ទះដើម្បីទៅទិញសំបុត្រជិះរថភ្លើង។ គ្រានោះស្រាប់តែមានឡានមួយបានបើកមក ហើយជះទឹកមកប្រឡាក់លើខ្លួនរបស់គាត់ពេញ។ គាត់មានកំហឹងខឹងខ្លាំងណាស់ពីព្រោះគាត់គិត ថា ហេតុតែគេជាអ្នកមានទ្រព្រសម្បត្តិច្រើនទើបគេមានចរិកក្រអឺតក្រទមបែបនេះ។ ពេលទៅដល់ កន្លែងទិញសំបុត្រស្រាប់តែ ទីឃាវុធ បានឃើញរថយន្តដដែលនោះចុះចតទិញសំបុត្រ រួមមាននារី ជនជាតិសៀមបីនាក់ និងមានអ្នកថៅកុងឡានបានជញ្ជូនកាតាបសទៅដាក់លើរថភ្លើងផង។ ឃើញ ដូចនោះគាត់ក៏បានស្រវាទិញសំបុត្រឱ្យទាន់គ្នាផងដែរ។ មុនពេលរថភ្លើងចេញដំណើរមនុស្សម្នាក់ៗ បានឡើងជិះរថភ្លើង ដែលពេញដោយសម្ភារៈច្រើនស្អេកស្កះរកកន្លែងអង្គុយមិនបាន។ ចំណែក ទីឃាវុធ ឡើងលើរថភ្លើងក្រោយគេក៏ត្រូវឈរបញ្ឆោតគ្នាតាមតែអាចធ្វើទៅបាន។ ដោយឃើញ សេចក្តីលំបាកនិងនឹកឃើញដល់ពាក្យបណ្តាំរបស់អ្នកបើករថភ្លើងទើប ទីឃាវុធ បានស្នើបន្ទប់លេខ ២សម្រាប់ស្ត្រីសៀមបីនាក់នោះចូលអង្គុយ។ ដោយឡែក ទីឃាវុធ ចង់ចេញពីបន្ទប់លេខពីរស្រាប់ តែនាងក្រមុំសៀមម្នាក់ឈ្មោះ នាង ចន្ទមណី ហាមមិនឱ្យចេញពីព្រោះចង់ឱ្យនាយកម្លោះនោះជួយ ណែនាំពីទេសភាពនៅស្រុកខ្មែរ ដោយហេតុនាងជាអ្នកថ្មីថ្មោងមកស្រុកថៃ។ អ្នកទាំងពីរបានបណ្តុះ នូវសេចក្តីស្និទ្ធស្នាលនឹងគ្នាទ្វេឡើងបន្តិចម្តងៗលើពាក្យសម្តីនិងកាយវិការ។ ពួកគេបានបរិភោគ អាហារជាមួយគ្នានៅលើរថភ្លើងយ៉ាងសប្បាយរីករាយ។ មិនយូរប៉ុន្មានរថភ្លើងក៏បានមកដល់ក្រុង ភ្នំពេញ។ ឪពុករបស់នាង ចន្ទមណី បានមកទទួលហើយនាងក្រមុំបានណែនាំទីឃាវុធដល់លោកឪពុក របស់ខ្លួន។ ឪពុករបស់នាងចន្ទមណីបានបបួលទីឃាវុធទៅលេងផ្ទះតែទីឃាវុធបដិសេធចាំពេល ក្រោយ។ ក្រោយមកអ្នកទាំងនោះក៏បានបែកគ្នាត្រឹមនោះមក។

វគ្គទី៣៖ អរុណស្នេហា

[កែប្រែ]

ក្រោយពីបែកគ្នាមក ពេលរាត្រីបានមកដល់ ទីឃាវុធ បានដេកស្រមៃពីសម្រស់ដ៏ស្រស់ ស្អាតរបស់នាង ចន្ទមណី ដោយវែកញែកលក្ខណៈរបស់នាងពីនេះពីនោះឥតដាច់រហូតទល់ភ្លឺ។ ថ្ងៃ ក្រោយមកជូនជាមានថ្ងៃបុណ្យឈប់សម្រាក ទីឃាវុធ បានទៅទស្សនាកុន។ គាប់ជួនបានជួបនឹង គ្រួសាររបស់នាង ចន្ទមណី នៅទីនោះដែរ។ អ្នកទាំងអស់គ្នាបាននិយាយរាក់ទាក់គ្នាទៅវិញទៅមក ពីនេះពីនោះ និងរឿងដែលទីឃាវុធមិនសូវបានទៅលេងគ្រួសាររបស់នាងក្រមុំសៀមរូបនោះ។ រយៈ កាលក្រោយមក ទីឃាវុធ បានទៅលេងផ្ទះគ្រួសាររបស់នាងចន្ទមណីជាញឹកញាប់។ អ្នកកម្លោះបាន ជូនគ្រួសារនោះឱ្យស្គាល់ទេសភាពក្នុងក្រុងភ្នំពេញនិងតំបន់មួយចំនួនទៀតនៅក្នុងស្រុកខ្មែរ។ អនុស្សាវរីយ៍បានបណ្តុះចិត្តរបស់អ្នកកម្លោះឱ្យមានចិត្តលើនាងក្រមុំសៀមពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកនាងក្រមុំរូបនោះក៏មានចិត្តមកលើទីឃាវុធខ្លះៗផងដែរ។ គាប់ជួនថ្ងៃមួយឪពុករបស់នាង ចន្ទមណី បានទៅព្រៃនគរ ហើយទុកឱ្យកូនក្រមុំនៅផ្ទះតែម្នាក់ឯងជាមួយនឹងអ្នកបម្រើពីរនាក់ផ្សេង ទៀត។ នាងក្រមុំបានដើរចេញពីបន្ទប់ មកចាំនៅកន្លែងទទួលភ្ញៀវដូចសព្វមួយដង។ នាងបានយកសៀវភៅ ដែលបានខ្ចីពីទីឃាវុធយកមកអានដោយជក់ចិត្ត ស្លុងអារម្មណ៍ និងបានឃើញកំណាព្យមួយសន្លឹក នៅក្នុងសៀវភៅនោះផងដែរ។ និយាយពីទីឃាវុធថ្ងៃនោះដោយសារមិនមានស៊ីក្លូជិះទើបមកដល់ ផ្ទះនាងដោយសេចក្តីយឺតយ៉ាវ។ មកដល់ពេលណាអ្នកទាំងពីរបានបបួលគ្នាទៅមើលកុន។ ខណៈ ពេលនោះនាងចន្ទមណីបានយកក្រដាសកំណាព្យដែល ទីឃាវុធ តែងមកឱ្យសូត្រប្រែជាភាសា អង់គ្លេស និងភាសាសៀម។ ដោយសេចក្តីកំណាព្យនោះគឺជាទឹកចិត្តស្នេហាដែល ទីឃាវុធ មាន ចំពោះនាងក្រមុំសៀមរូបនេះទី ឃាវុធ ក៏បានសម្រេចចិត្តសារភាពស្នេហ៍ចំពោះនាងតែម្តង។ សេចក្តី ស្នេហានោះ នាងក្រមុំមិនបានបដិសេធឡើយ ដែលជាហេតុធ្វើឱ្យ ទីឃាវុធ មានទឹកចិត្តត្រេកអរ ជាពន់ពេករកអ្វីមកប្រៀបពុំបាន។ អ្នកទាំងពីរបានសន្យាគ្នាថា ត្រូវខិតខំរៀនសូត្រដើម្បីកសាង សុភមង្គលរបស់ពួកគេទៅថ្ងៃក្រោយ។ ទីឃាវុធ សន្យានឹងរៀនឱ្យបានចប់ថ្នាក់បរិញ្ញាបត្រលើ ជំនាញ មួយជាក់លាក់ ឯនាងចន្ទមណីក៏បានសន្យាថានឹងរៀនភាសាខ្មែរឱ្យបានស្ទាត់ជំនាញ។

វគ្គទី៤

[កែប្រែ]

នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ លុះ​បាន​ត្រា​ត្រែង សញ្ជប់សញ្ជឹង​ក្នុង​គំនិត​ឥត​ប្រាកដនិយម​យ៉ាងនេះ​អស់​ពេល​យ៉ាង​វែង​មក ទីឃាវុធ ក៏​ចូលទៅ​លប់មុខ​សិតសក់​រៀបចំខ្លួន​បាន​ស្រស់បស់។ ចេញ​ផុតពី​ភាព​រាយមាយ​កាលណា អ្នក​ក​ម្លោះ​ក៏​ក្លាយជា​អ្នក​លើ​ច​លេង​ក្អាកក្អាយ​ក្នុងចំណោម​ពួកម៉ាក​ជាច្រើន​នាក់។ លុះ​ឃើញ​មាណព​និយាយ​ឆ្កា​ដៃ​ឆ្កា​ជើង​ដូច​គ្រា​ឥឡូវនេះ អ្នកផង​ដែល​ពុំដែល​ស្គាល់​ពីមុនមក​មុខតែ​មិនអាច​ស្មាន​បានទេ ថា​កាលពី​កន្លះ​ម៉ោង​មុនគេ​ជា​មនុស្ស​រវើរវាយ។

ក្នុងឱកាស​រៀបចំ​មុខ​រៀន ទីឃាវុធ ខំ​ផ្ចិតផ្ចង់​មិនឱ្យ​ល្អៀង​ទេ។ នៅលើ​មែក​ថ្កូវ​ជិត​បន្ទប់រៀន គ្រលឹង​គ្រ​លោង​ស្រវឹង​ដោយ​ពន្លឺ​ថ្ងៃ និង​សន្តិភាព​របស់​ធម្មជាតិ​ច្រៀង​ត​គ្នា​ពុំ​ដាច់​ពី​មាត់​ដែលជា​ហេតុនាំឱ្យ​ចៅ​មាណព​គួច​នឹក​ព្រួយ​ទៅ​ភូមិកំណើត ដែលជា​ភូមិតូច​មួយ​តាំងនៅ​កណ្ដាល​វាលស្រែ​ចម្ងាយ​ជាង១០គ.ម ពី​ក្រុង​បាត់ដំបង​តាមផ្លូវ​ថ្នល់​ទៅ​មង្គលបុរី។ មួយសន្ទុះ ទីឃាវុធ នឹក​ដល់​រលក​សន្ទូង និង​ពង្រោះ​ដែល​អង្កាញ់​ប្រដេញ​គ្នា​តាម​ក្រោម​រស្មី​ភ្លឺ​ថ្លា​នៃ​ព្រះ​សុរិយា ឬ​ដល់​ដងអូរ​ក្បាល​ស្រែ​ដែល​ខ្លួន​ធ្លាប់​នាំគ្នា​គ្នី​ទប់ទឹក​បាច​ចាប់​ត្រី។ ក​ម្លោះ​គិត​ឃើញ​ដោយ​រីករាយ​ថា នៅ​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​នឹង​ដល់​វិស្សមកាល​ឈប់​ចូលឆ្នាំ​ចិន​ហើយ។ អៃ​យ៉ា! ខ្លួន​នឹង​បាន​ឱកាស​ទៅលេង​ភូមិកំណើត​ហើយ​តើ!

រសៀល​ថ្ងៃនោះ ទីឃាវុធ ស្លៀកពាក់​ស្អាតបាត​ហើយ​ចេញពី​សាលា​ទៅ​ដើរ​ជាមួយ​មិត្ត​ភ័ក្ដិ​តាម​វិថី​មហាធានី។ បន្តិចក្រោយមក​ក៏​នាំគ្នា​នាំចូល​ទៅ​ញ៉ាំ​ទឹកក្រូច​នៅ​ភោជនីយដ្ឋាន “កុន​សាន” ទំរាំ​រោងកុន “ដេ​អិន” បើកទ្វារ​នឹង​ទិញ​សំបុត្រ​ចូល​មើល។ ពួក​យុវជន​ប្ដូរ​យោបល់​គ្នា​ដោយ​ប្រៀបផ្ទឹម​ការ​ប៉ិនប្រសប់​អ្នកដើរតួរ​កុន ស្រី-ប្រុស ហើយ​សើច​ធូរ​ស្រួល​សប្បាយ ទីឃាវុធ ជូន​ឧទាហរណ៍​ដោយ​ធ្វើ​ត្រាប់​អ្នកដើរតួរ​បារាំង​ម្នាក់​យ៉ាង​ក្រមាច់​ក្រមើម​នាំឱ្យ​សើច​ផ្ទុះ​ប្រាវ​ទទួល​ឡើង។

មិន​ប៉ុន្មាន​នាទី​ក្រោយមក កណ្ដឹង​អគ្គិសនី​រោង “ដេ​អិន” រោទិ៍​រន្ថាន់ ឯ​ទ្វារ​ដែក​ខាងមុខ​ក៏​បើក​ញែក​ជា​ពីរ​ផ្នែក​រួច​ចូល​គៀន។

ទីឃាវុធ ក្រោកឈរឡើង​ស្មើនឹង​គេ​ដែរ ក៏​ឧទាន៖ នៅតែ​មួយអាទិត្យ​ទៀត​ទេ យើង​ដល់ពេល​ឈប់​ចូលឆ្នាំ​ចិន​ហើយ…… មកដល់​ត្រង់នេះ​អ្នកនិពន្ធ​សូម​បើក​វង់ក្រចក​មួយ ដើម្បី​សូមឱ្យ​អ្នកអាន​អភ័យទោស ដោយបាន​ថ្លែង​រៀបរាប់​វែង​បន្តិច​អំពី​បរិយាកាស​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​ក្នុង​ឆ្នាំ គ.ស ១៩៣៩ ហើយ​អំពី​កិរិយា​ទឹកចិត្ត​អ្នក​ក​ម្លោះ ទីឃាវុធ។ ប៉ុន្ដែ​អ្នកនិពន្ធ​យល់ថា​ជាការ​ចាំបាច់​ណាស់ ដើម្បី​ងាយ​យល់​រឿង​ដែល​ហូរ​ល្អិ​លតា​ម​នារី​នៃ​ជីវិត​ដែល​លើក​មក​ពណ៌នា​ក្នុង​គ្រានោះ។

វគ្គទី ៦ យល់សប្តិ​គង់​ក្លាយជា​ការពិត​មួយដង​មួយ​កាល​ដែរ

[កែប្រែ]

​​ កាលពី​យប់​មាន​ភ្លៀង​មួយ​មេ​ធំ។ ភ្លៀង​ធ្លាក់​ក្នុង​រដូវ​នេះ ជាការ​ចំឡែក​ដែរ​មិនសូវមាន​ទេ។ ទឹកល្អក់​ខ្វល់​កាត់​ក្នុង​ជង្ហុក និង​វិថី​នៃ​ក្រុង​បាត់ដំបង។ នៅពេល​បៀ​ប​ភ្លឺ ទីឃាវុធ ទុំ​បន្តើត​លើ​រ៉ូ​ម៉ក​ដែល​ដឹក​វ៉ា​លី​ស​ខ្លួន​មួយ​ផង​បាន​សំដៅ​ឆ្ពោះទៅ​ស្ថានីយ៍​រថភ្លើង ដើម្បី​ធ្វើដំណើរ​កម្សាន្ត​ជាមួយ​គ្រួសារ​នា​ភូមិ​អូរ​តា​គី ក្នុងអំឡុងពេល​ឈប់​បុណ្យចូលឆ្នាំ​រួច អ្នក​ក​ម្លោះ​ក៏​បានមក​ស្នាក់អាស្រ័យ​នៅផ្ទះ​បងប្អូន​ក្នុង​ក្រុង​មួយ​យប់ ដើម្បី​ក្រោក​មក​ជិះ​រថភ្លើង​ឱ្យបាន​ទាន់ពេល​ព្រោះ​ត្រូវ​ចេញដំណើ​លពីព្រហាមស្រាង។

យាន​តូច​បាន​បត់​កាច់​ចូល​តាម​ថ្នល់​ត្រង់​ទៅ​ស្ថាននីយ៍។ ផ្លូវ​នេះ​មានទឹក​ដក់​តាម​ក្រឡុក​ច្រើន​អនេក ព្រោះ​ខ្វះ​ការ​ជុស​ជុល​ជា​យូរយារ​ណាស់​មកហើយ។ ផ្ទៃ​ថ្នល់​ជា​ភក់​ស្អិត​ដូច​បាយម៉ាន។ ស្រាប់​តែមាន​រថយន្ដ​ប៊ឺ​ហ្សូ ៤០២ មួយ​បរ​យ៉ាង​លឿន​ជៀស​ហួស​ទៅដោយ​បាចទឹក​កខ្វក់​មកលើ​អ្នក​ដែល​វាររគើម។ អ្នក​រ៉ឺម៉ក​ក៏​តាំង​ជេរប្រទេច។ ឯ​ទីឃាវុធ បាន​សម្លឹងមើល​លេខ​ឡាន ហើយ​ស្គាល់​ជាក់​ជា​របស់​អ្នក សៅ​រ័​ប្យ។

ស្ត្រី​នេះ​ជា​ប្រពន្ធ​មួយ​តួ ក្នុងចំណោម​ប្រពន្ធ​ច្រើន​នាក់ របស់ ពញាគ​ទាធរ អតីត​ទេសាភិបាល​បាត់ដំបង​ក្នុងសម័យ​អាណាចក្រ​សៀម។ក្រោយមក ក្នុង​គ្រា​ផែនដី “ភ័ន្ដ​ប្រែ” បាត់ដំបង​ត្រូវ​បានមក​រួបរួម​ក្នុង​អាណាចក្រ​ខ្មែរ​វិញ អ្នក សៅ​រ័​ប្យ ក៏​រត់​ភៀសខ្លួន​ជាមួយ​ចង្កោម​ប្រពន្ធឯទៀតៗ ដើម្បី​ទៅតាម​ស៊ី​បុណ្យ “លោក​ម្ចាស់” ជា​ស្វាមី​ឯ​ប្រទេស​សៀម​ទៀត។ ដោយ​បានរួម​វាសនា​ចែក​ហ៊ុន​គ្នា​ជាមួយ​ស្ត្រី​ឯទៀត​ផងអ្នក សៅ​រ័​ប្យ ក៏​ទទួលបាន​កូនស្រី​មួយ កូនប្រុស​មួយ​ពី ពញាគ​ទាធរ មួយអន្លើ និង​ទ្រព្យសម្បត្តិ​ជា​មរតក​យ៉ាង​ក្រាសក្រែល។ ឥឡូវនេះ អ្នកសៅ​រ័​ប្យ រំលៀកខ្លួន​ត្រឡប់មក​ចូល​ដែល​កំណើត​វិញ​ហើយ​សង់​ផ្ទះថ្ម​មួយ​ស្កឹមស្កៃ​កំណាច​នៅ​ភូមិ​វត្ត​លៀប។

អ្នក សៅ​រ័​ប្យ ក្ដី​បុត្រាបុត្រី​គាត់​ក្ដី​ដែល​អ្នក​បាត់ដំបង​ហៅ​ដោយ​គោរព​ថា “ឃុន” ៗ នោះ​តែង​ចេញ​បង្អួត​ឱ្យ​អ្នកផង​កោត​ថា ខ្លួន​ជា​អ្នកមាន​ទ្រព្យ ជា​អ្នក​អម្បូរខ្ពស់ ហើយ​ជា​អ្នក​ធ្លាប់​នៅ​ទីក្រុងធំ។ នៅក្នុង​ផ្ទះ​គាត់​ដែល​តុបតែង​ដោយ​វត្ថុ​ច្រើន​ស្អេកស្កះ ឥត​សមសួន​សោះ គឺមាន​ប្រើ​សុទ្ធតែ​របស់ថ្លៃៗឱ្យគេ​ស្ញប់ស្ញែង​ដូចជា ផ្តិលមាស ប្រអប់​ស្លា​មាស​ជាដើម។ ថ្វីបើ​គាត់​មាន​អាយុ​ហាសិប​ប្លាយ​ទៅហើយ គាត់​នៅ​ស្លៀក​ខៀវ​ពណ៌ស្រស់ៗមុខ​គាត់​ទទះ​ម្សៅ​រទូសៗ ជើង​គាត់​ពាក់​ស្បែកជើង​ផ្ទូ​ខ្មៅ ចុង​ស្រួច​ហើយ​ង​ឡើងលើ ហើយ​គាត់​ដើរ​កែក្រាយ​ខ្នង​បន្ទេរ​មក​ក្រោយ​បន្តិច​ភ្នែក​សម្លឹង​ទៅ​ឆ្ងាយ​មាន​ឫក​ខ្ពស់​ក្រអឺត​បែប​ចង់​សម្ដែង​ឱ្យឃើញថា ដី​នេះ ទីនេះ កាលពីដើម​ម៉ិ​ញ​ជា​របស់​ប្ដី​អញ គឺ​នៅ​ជា​របស់ខ្លួន​អញ​ខ្លះ​ដែរ។

ចំណែកឯ​កូនប្រុស​គាត់ ជើងខោ​ព្រែ​ខ្មៅធំៗប៉ុន​ការុង​អំបិល ហើយ​ពាក់អាវ​ព្រែ​អន្លូញ​តា​ប្លោកធំៗ ពណ៌​ខៀវ​ក្រហម ថ្ងៃៗឡើង គិតតែ​ពី​បើកឡាន​ដើរ​ជល់​ត្រី​ក្រឹម ឬ​ជល់​មាន់ ហើយយប់ៗឡើង ដើរ​ចែចង់​ស្រី​ជាមួយ​ដៃគូ​ត្បាញ​អាយ​ពីរ​បីនាក់។ រីឯ”ឃុន” ស្រី​វិញ​អស្ចារ្យ​ហើយ ដឹង​តែ​ប្រ​ភឹប​តែម្ដង ជិះ​កង់​ជិះ​ម៉ូតូ​តែងខ្លួន​ភោ​ភាវ​រក​គ្មាន​ពីរ​ទេ​ក្នុង​ដែន​បាត់ដំបង! ឃុន​ឯលិច ឃិន​ឯកើត អ្នក​ដងស្ទឹង​សង្កែ​ភាំង​ស្មារតី ដោយ​មិនដែល​ឃើញ​សោះ​នូវ​សេចក្ដី​ហ៊ឺហា​ចម្លែក​ដល់​ម្លេះ​ឡើយ ត្បិត​សម័យនេះ​ពុំ​ដែលមាន​ស្ត្រី​មានពូជ​អម្បូរ​ណា​ហ៊ាន​ជិះ​ទោច​ក្រ​ក្រ​យាន​ឡើយ។
[នៅ​មាន​ត]

អ្នកនិពន្ធ នូ ហាច
១៩៧២

ឯកសារយោង

[កែប្រែ]