ឆព្វណ្ណរង្សី
ឆព្វណ្ណរង្សី គឺជារស្មី៦ពណ៌មាន ពណ៌ខៀវ ស ក្រហម លឿង ស្លាទុំ(ហង្សបាទ) និងពណ៌ផ្លេក(ពន្លឺពេជ្រ) ។ រស្មីទាំង៦ពណ៌នេះនិយាយចំពោះតែរស្មីនៃព្រះសម្មាសម្ពុទ្ធតែប៉ុណ្ណោះ ។
នៅក្នុងប្រពៃណីខ្មែរបុរាណ យើងបានជ្រើសរើសពណ៌ចំនួន៦ពណ៌មកតម្រៀបនៅលើទង់ព្រះពុទ្ធសាសនាជាសាក្ខីភាពតំណាងភាពប្រសើរថ្លៃថ្លានៃអង្គព្រះសម្មាសម្ពុទ្ធ ។ កាលសម័យដើមគេច្រើនយកសំពត់សូត្រមកដេរជាទង់សាសនា ហើយសំពត់សូត្ររមែងផ្តល់ភាពភ្លឺរលោងផ្លេកបន្ថែមទៀតទៅតាមស្រមាលនិងពន្លឺ ដែលសំពត់សូត្រនោះបានទទួលពីពន្លឺធម្មជាតិ ។
អត្ថន័យ
[កែប្រែ]យោងតាមការបកស្រាយមួយ ពណ៌ទាំង៦នេះសំដៅទៅលើពន្លឺនៃព្រះធម៌ ដែលនាំឱ្យយើងបានសិក្សារៀនសូត្រ ហើយបានយល់ស្គាល់នូវភាពពណ្ណរាយរបស់ពន្លឺសតិប្រាជ្ញា ដែលជាស្ពាននាំជីវិតរបស់យើងឆ្លងទៅរកភាពសន្តិ និងសេចក្តីសុខ មានគុណធម៌ សីលធម៌ប្រចាំជីវិតយ៉ាងប្រសើរ ។ ពន្លឺនៃប្រាជ្ញា នាំឱ្យយើងចេះស្វែងរកមធ្យោបាយ ដោះស្រាយវិបត្តិ បញ្ហា ឬសេចក្តីទុក្ខរំខានទាំងឡាយ ដែលយើងជួបប្រទះក្នុងការរស់នៅ ។ ពន្លឺសតិនាំឱ្យយើងចេះគិតយល់ ហើយចែកវែកញែក បែងចែកនូវបុណ្យបាប ល្អអាក្រក់ វិជ្ជមាន អវិជ្ជមាន សុចរិត ទុច្ចរិត គុណធម៌ ឬអប្រិយតិរច្ឆាន ឱ្យដាច់ពីគ្នា ។ ពន្លឺទាំងពីរផ្គួបគ្នា គឺការមានសតិប្រាជ្ញាពណ្ណរាយរមែងនាំឱ្យមនុស្សធ្វើដំណើរក្នុងជីវិតប្រកបដោយសុវត្ថិភាព រីកចម្រើន ហើយមានសន្តិជានិច្ច ។
នេះបើយោងតាមការបកស្រាយមួយផ្សេងទៀតនេះជាអត្ថន័យ នៃឆព្វណ្ណរង្សីទាំង ៦ ពណ៌៖
- ពណ៌ខៀវ៖ តំណាងកាលព្រះពុទ្ធយោនយកកំណើតជា ស្ដេចស្រីពិរាស្ត្រ មានឥន្រ្ទព្រាហ្មណ៍មកសុំព្រះនេត្រទាំងគូរបស់ព្រះអង្គ។ ទ្រង់បានខ្វេះឆ្កៀលភ្នែកទាំងគូនោះ ដាក់ជាទានដល់ឥន្រ្ទព្រាហ្មណ៍។
- ពណ៌លឿង៖ តំណាងកាលព្រះអង្គយោនយកកំណើតជាវៃបណ្ឌិត មានព្រះឥន្រ្ទនិមិត្តធ្វើជាជាងទងមកសុំសាច់ព្រះអង្គ ដើម្បីបិទបំពេញពុទ្ធដិមាករ ដែលខ្វះខាត។ វៃបណ្ឌិតបានកាត់សាច់របស់ខ្លួន ឱ្យជាងទងនោះយកទៅឆ្នៃប្រើតាមបំណង។
- ពណ៌ក្រហម៖ តំណាងកាលព្រះអង្គយោនយកកំណើតជាមាណពឈ្មោះបទុមកុមារ មានមាតាត្រូវពស់ចឹកជិតមរណា ហើយគ្រូពេទ្យប្រាប់ថា មានតែឈាមចេញពីបេះដូងមនុស្សមួយមុខគត់ ដែលអាចព្យាបាលជំងឺបែបនេះបាន។ បទុមកុមារសុខចិត្តបូជាបេះដូងរបស់ខ្លួន ដើម្បីបិទពិសពស់ខាំមាតា ឱ្យមានជីវិតរស់ឡើងវិញ។
- ពណ៌ស៖ តំណាងកាលព្រះអង្គយោនយកកំណើតជា ព្រះវេស្សន្ដរ ហើយបានឱ្យដំរីស (បច្ច័យនាគ) ជាទានដល់ព្រាហ្មណ៍។
- ពណ៌ហង្សបាទ៖ តំណាងកាលព្រះអង្គយោនយកកំណើតជា វិជ្ជាធរ មានយក្សមាតាយកទៅ។ វិជ្ជាធរ ក៏អារសាច់របស់ខ្លួនឱ្យយក្សស៊ី ដើម្បីលោះយកមាតាមកវិញ។
- ពណ៌ឥន្ទនូ (ពណ៌ផ្លេក ឬចម្រុះ)៖ តំណាងកាលព្រះអង្គយោនយកកំណើតជាសត្វទន្សាយ មានឥន្រ្ទព្រាហ្មណ៍មកសុំសាច់ជាអាហារ។ ទន្សាយពោធិសត្វ ឱ្យសាច់ជាទាន់ដល់ឥន្រ្ទព្រាហ្មណ៍ ដោយលោតចូលទៅក្នុងភ្នក់ភ្លើង។[១]
អនុគមន៍
[កែប្រែ]រូបឆព្វណ្ណរង្សី ដែលយើង ចំណាំឃើញ គេគូរ ឬដាក់ភ្លើង តុបតែងលំព័ទ្ធព្រះកេសព្រះពុទ្ធ ដែលគង់នៅលើបល្ល័ង្ក គឺសំដៅទៅលើ ភាពពណ្ណរាយ និងភាពអច្ឆរិយៈនៃកម្លាំងឥទ្ធិពលនៃសតិប្រាជ្ញានៅក្នុងខួរក្បាលរបស់មនុស្សនោះឯង ។[២]
ទង់ពុទ្ធិក សមាគមពិភពលោក ជាទង់មានពណ៌ ៦ តម្រូវនឹងឆព្វណ្ណរង្សី របស់ព្រះសម្ពុទ្ធជា ម្ចាស់ ជាមូលដ្ឋានតាំងគំរូ ដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើផង។
បញ្ជីឯកសារយោង
[កែប្រែ]- ↑ ថោ, ច័ន្ទឬទ្ធិ (2017-03-25). "ឆព្វណ្ណរង្សីទាំង ៦ ពណ៌នៅក្រោយព្រះកេសព្រះពុទ្ធអង្គមានអត្ថន័យអ្វីខ្លះ?". news.sabay.com.kh. Retrieved 2024-05-21.
{{cite web}}
: zero width space character in|title=
at position 13 (help) - ↑ សាន, សារិន (2021-12-30). "ឆព្វណ្ណរង្សីតើជាអ្វី ?". Koh Santepheap Daily. Retrieved 2024-05-21.
{{cite web}}
: zero width space character in|title=
at position 13 (help)