Jump to content

ម៉ាជូ ពីជូ

ពីវិគីភីឌា

ម៉ាជូ ពីជូ ជា​រាជធានីបុរាណរបស់ចក្រភពអ៊ីនកា ដែលស្ថិតនៅរយៈកំពស់២៤៣០ម៉ែត្រ​លើនីវ៉ូទឹកសមុទ្រ។ ទីរមណីយដ្ឋាននេះ​មានទីតាំង​ចំងាយ៨០គីឡូម៉ែត្រ​ភាគអាគ្នេយ៍ទីក្រុងគុសស្កូ នៃប្រទេសប៉េរូ។ អ៊ីនកាចាប់ផ្ដើមសាងសង់​ទីក្រុងបុរាណនេះ​នៅឆ្នាំ១៤៣០ ប៉ុន្តែ​ត្រូវបានមេដឹកនាំអ៊ីនកា​បោះបង់ចោលវិញ នាសម័យដែលអេស្ប៉ាញលុកលុយចក្រភពអ៊ីនកានេះ។ ទោះបីជាទីរមណីដ្ឋាននេះ​ល្បីល្បាញ​នៅក្នុងប្រទេសនេះ​ក៏ដោយ ក៏ប៉ុន្តែ​វាមិនទាន់​ត្រូវបាន​គេស្គាល់​នៅក្រៅប្រទេស​ច្រើនណាស់ណាទេ។ នៅឆ្នាំ១៩១១ ប្រវត្តិវិទូអាមេរិកឈ្មោះហាយរ៉េម ប៊ីងហេម​បានទាញចំណាប់អារម្មណ៍​អន្តរជាតិ​មកទី​រមណីដ្ឋាននេះ។ ចាប់ពីពេលនោះមក ម៉ាជូ ពីជូ បានក្លាយជាគោលដៅដ៏សំខាន់​របស់អ្នកទេសចរណ៍។

ម៉ាជូ ពីជូ​ត្រូវបានប្រកាស​ដាក់ជាតំបន់អភិរក្សប្រវត្តិសាស្ត្រប៉េរូ នៅឆ្នាំ១៩៨១ និងជាបេតិកភ័ណ្ឌពិភពលោករបស់យូណេស្កូនៅឆ្នាំ១៩៨៣។ រមណីដ្ឋាននេះមិន​មានការបំផ្លិចបំផ្លាញនៅសម័យគ្រប់គ្រងដោយអេស្ប៉ាញទេ​ ហេតុនេះគេជឿថារមណីយដ្ឋានវប្បធម៌នេះជាកន្លែងសក្ដិសិទ្ធ។ ម៉ាជូ ពីជូ​ត្រូវបានសាងសង់​ក្នុងរចនាបថ​អ៊ីនកាបុរាណ។ នៅឆ្នាំ២០០៧ ប្រទេសប៉េរូនិងសាកលវិទ្យាល័យយេលបានចុះកិច្ចព្រមព្រៀង​សងវត្ថុបុរាណ​ដែលលោកហាយរ៉េម ប៊ីងហេម បានយកពីម៉ាជូ ពីជូ​នៅដើមសតវត្សរ៍ទី២០។