យី ឆេងអ៊ួ
យី ឆេងអ៊ួ | ||
---|---|---|
ជីវប្រវត្តិសង្ខេប | ||
នាមពេញ | យី ឆេងអ៊ួ | |
ឈ្មោះក្រៅ | ប៉េង | |
រហស្សនាម | កវីនិពន្ធខ្យល់វិជ្ជវាទ | |
ចំណង់ចំណូលចិត្ត | កវីនិពន្ធ | |
អាជីព | បណ្ណារក្ខ នៅអង្គការដើម្បីភាពញញឹមនៃកុមារ | |
ថ្ងៃខែឆ្នាំកំណើត | ៦ មករា ឆ្នាំ ១៩៧៦ | |
ស្រុកកំណើត | ភូមិ-ឃុំព្រៃគ្រី ស្រុកកំពង់លែង(ជលគីរី បច្ចុប្បន្ន) ខេត្តកំពង់ឆ្នាំង | |
ភរិយា | សាន វណ្ណារី | |
បុត្រី | យី អ៊ីលីង | |
បុត្រា | យី នរិន្ទជី | |
ឪពុក | ប៊ុន / យី បូ | |
ម្តាយ | មុត សឿន | |
រូបផ្សេងៗ | ||
លោក យី ឆេងអ៊ួ ជាកវីនិពន្ធ និង ជាបណ្ណារក្សខ្មែរ ប្រចាំនៅអង្គការដើម្បីភាពញញឹមនៃកុមារ PSE (Pour Un Sourire d'Enfant)។
ជីវប្រវត្តិ
ជីវិតនៅជាទារក
[កែប្រែ]លោក យី ឆេងអ៊ួ មានឈ្មោះកំណើត ៣ ផ្សេងគ្នាគឺ រ៉ា ប៉េង និង ឆេងអ៊ួ។លោកមានកំណើតនៅរាត្រីថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំ រោង ត្រូវនឹង ពាក់កណ្តាលខែមីនា ឆ្នាំ ១៩៧៦ ក្នុងខ្ទមឫស្សីប្រក់ស្បូវ ជាប់ឃ្លាំង ស្បៀងអាហារសហករណ៍នាសម័យប៉ុល ពត នៅតំបន់ខ្ពាំង(ទីកន្លែងអ្នកសច្ចំធ្វើសមាធិ តាំងសីល ចម្រើនធម៌) ស្ថិតក្នុងភូមិព្រៃគ្រី ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (ដែលបច្ចុប្បន្នទីនោះ ត្រូវបានគេដាក់ ឈ្មោះថ្មីថា ភូមិព្រៃគ្រីត្បូង ទីរួមស្រុកជលគីរី)។ ទារកនេះ កើតមកមានសំណាងជាងគេ នៅក្នុងចំណោមទារកឯទៀត ដែលបានកើតដំណាលគ្នា គឺបាននៅជិតម្តាយមើលថែដោយផ្ទាល់ដៃ។ តែខ្វះសំណាង ហេតុថាមិនបានបៅដោះម្តាយគ្រប់គ្រាន់ដូចទារកឯទៀត ដែលម្តាយបាននៅក្បែរ។ ព្រោះថាម្តាយទារកនេះ លោកត្រូវមានភារៈមើលថែទារក ៣០ ទៅ ៤០ នាក់ផ្សេងទៀត ដែលម្តាយរបស់ពួកគេត្រូវទៅធ្វើការចោលបាត់ៗ ជារៀងរាល់ថ្ងៃ។ តាមនិស្ស័យចិត្តធម៌ ម្តាយរបស់ទារកនេះ លោកតែងតែយកចិត្តទុកដាក់ថែទាំក្មេងផ្សេងទៀតបានល្អ ដូចជាកូនខ្លួនបង្កើតអីចឹងដែរ។ ជាក់ស្តែងក្រៅពីផ្តល់ចំណីអាហារ មើលថែសុខភាព ព្យាបាលជម្ងឺ ថែទាំការជុះនោម លោកក៏ឆ្លៀតចែករំលែកបំបៅដោះដល់កុមារឯទៀត ដែលកំពុងតែមានសុខភាពមិនល្អផងដែរ។ដោយទារកច្រើនពេក ឯការផ្តល់អាហាររូបត្ថមមិនគ្រប់គ្រាន់ពីសំណាក់បន ប៉ុលពត។ ទារកទាំងអស់តែងតែឈឺថ្កាត់ រាគរួស និងបាក់កម្លាំងជាប្រចាំ។ ចំណែកឯទារក ឆេង អ៊ួរក៏មិនខុសពីទារកឯទៀតដែរ គឺ ត្រូវបាក់កម្លាំង ទឹកមុខស្លេកស្លាំង ខ្លួនស្គមឃើញតែស្បែកដណ្តប់ឆ្អឹង ក្បាលធំ ពោះធំកំប៉េង ចុកពោះ រាគរួសស្ទើររាល់ថ្ងៃ និងស្រែកទារកចំណីជាប្រចាំ។ តាមការរៀបរាប់ឲ្យដឹងរបស់ម្តាយលោក ទារក ឆេងអ៊ួ បានទទួលទានទឹកដោះម្តាយបានតិចតួច អាហារប្រចាំថ្ងៃរបស់គេ គឺ បបររាវកក្លូកគ្មានអនាម័យ លាយគ្រាប់ពោតនិងស្លឹកផ្ទីរជាមួយផង។ ទោះជាយ៉ាងណាក៏ទារកនេះមិនអាក់អន់ស្រពន់ចិត្តនឹងបបរបែបនេះដែរ។ ពេលទទួលទានអាហារ ម្តងៗទារកយើងតែងតែហូបអស់ៗពីចានជានិច្ច(មិនថាទឹកឬគោគ) ឯពោះនៅតែឃ្លានពន់ប្រមាណ។ មានពេលមួយនោះ ដោយទារកយើង មានសេចក្តីស្រេកឃ្លានខ្លាំងពេក ពេលហូបរបបអាហារខ្លួនអស់ពីចានហើយ ក៏តាំងសម្លឹងរំពៃរ៍ជុំវិញខ្លួន ក្រែងមានសល់អាហារខ្លះទៀត សម្រាប់បរិភោគបន្ត។ ចៃដន្យទារកយើងបានឃើញមានទារកម្នាក់ទៀត កំពុងយំង៉ក់ង មិនព្រមហូបរបបអាហារដែលមេដោះ (ម្តាយ ទារកយីឆេងអ៊ួ) បានចែកឲ្យសោះ ឃើញដូចនោះទារក ឆេងអ៊ួក៏បានស្ទុះវឹងទៅទាញរបបអាហារ(បបរ១ចាន)នោះយកមកហូបខ្លួនឯងទាល់តែអស់ធ្វើមិនដឹង។ ឃើញដូចនោះម្តាយទារកយើង លោកក៏សម្រេចរំលែករបបអាហារផ្ទាល់ខ្លួនសងទៅទារកដែលកំពុងង៉ក់ងនោះវិញទៅ។ តាមស្ថានភាពនៃការលំបាកបែបខាងលើនេះ បានបង្កការលំបាកនិងជំងឺរ៉ាំរ៉ៃជាច្រើនសម្រាប់សុខភាពរបស់ទារកយើង ជាក់ស្តែងគឺ ក្រពះរបស់ទារកយើង ត្រូវបានចុះខ្សោយសមត្ថភាពរំលាយអាហារយ៉ាងដំណំ ហើយក៏បានបង្កបញ្ហាលំបាកជាច្រើន រហូតដល់ខ្លួនធំពេញវ័យ។ ឆ្លងតាមការដំណាលរបស់ចាស់ៗ( ជីដូនជីតា ឳពុកម្តាយ មាមីង បងប្រុសបងស្រី ជនរួមជាតិខ្មែរ)ដែលបានឆ្លងកាត់ក្នុងរបបនេះ គឺជាមេរៀនមួយដែល ទារក ឆេងអ៊ួ ពេលធំដឹងក្តីឡើង បានចងចាំនិងតែងតែគិតគូរជានិច្ច ដើម្បីរកគន្លឹះនានា ដោះស្រាយនិងទប់ស្កាត់វិបត្តិផ្ទាល់ខ្លួន សង្គមគ្រួសារ និង ប្រទេសជាតិខ្មែរ ទាំងនៅបច្ចុប្បន្ន និង ទាំងនៅពេលអនាគត។ តើនឹងមានរឿងអ្វីកើតឡើងទៀតចំពោះ លោក យី ឆេងអ៊ួ នៅពេលដែលោកស្ថិតក្នុងវ័យជាកុមារ?
ជីវិតនៅជាកុមារភាព
[កែប្រែ]ឆ្នាំ ១៩៧៩ដល់ ឆ្នាំ ១៩៨០ កុមារ ឆេងអ៊ួ ប្រកបទៅដោយភាពក្លាហានតាំងពីកុមារ។ នៅកំឡុងពេលកងទ័ពជាតិរំដោះប្រជាពលរដ្ឋកម្ពុជា និង កងទ័ពស្ម័គ្រចិត្តវៀតណាម កំពុងវាយប្រយុទ្ធគ្នា ជាមួយនឹងកងទ័ពខ្មែរក្រហម គ្រួសារកុមារ ឆេងអ៊ួ រួមទាំងអ្នកស្រុកព្រៃគ្រីទាំងមូល ត្រូវបានពួកប៉ុលពត កៀរជាចំណាត់ខ្មាំងតាំងពីភូមិព្រៃគ្រី ឆ្លងកាត់រហូតដល់ ទីរួមស្រុកកំពង់លែង បន្តដំណើរទៅដល់ទីរួមខេត្តកំពុងឆ្នាំង ចូលទៅដល់ជួរភ្នំក្រវាញ ខេត្តពោធិសាត់ខេត្ត និង ខេត្តបាត់ដំបង ដោយថ្មើរជើង ឆ្លងកាត់ឧបសគ្គតូចធំ (វាស្រែចំការ ភ្នំបឹង ជ្រោះអូរ ព្រៃស្រោង ព្រៃល្បាត) ជួបខ្លាដំរី ចចក ពស់អាសិរពឹស ជម្ងឺគ្រុនចាញ់ គេចពីគ្រាប់រំសេវគ្រប់បែបយ៉ាង ដាច់ស្បៀងអាហារជាច្រើនថ្ងៃ។ កុមារ យីឆេងអ៊ួ មានអាយុ ៣ឆ្នាំ ត្រូវបានឱពុករែកនឹងកញ្ជើរត់ប្រកបដោយភាពវេទនាក្រៃលែងរហូតដល់កំពូលភ្នំក្រវាញ។ នៅតាមផ្លូវ ទាហ៊ានទាំងសងខាងតែងតែបាញ់ផ្តក់ និងរះដាក់គ្នាជាប្រចាំមិនថាពេលយប់ឬពេលថ្ងៃ។ មានយប់មួយនោះ ស្ថិតក្នុងភាពយប់ងងឹតមើលគ្នាមិនយល់ មានការបាញ់ប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងទាហានទាំងសងខាងយ៉ាងប្រកៀកប្រកិតគ្នា។ ស្នូរកាំភ្លើងតូច កាំភ្លើងធំលាន់ឮរំពងព្រៃ មនុស្សម្នាក្មេងចាស់ ប្រុសស្រី ទាំងតូចទាំងធំ ពួនសំងំស្រែកយំក្នុងរណ្តៅ ការពារសេចក្តីសុខរៀងៗខ្លួន។ ចម្លែកតែកុមារ ឆេងអ៊ួ បែរជាមិនមានការភិតភ័យអ្វីបន្តិចសោះ ហើយក៏តាំងប្រវេប្រវារឡើងរណ្តៅ ឈររងាវ តាមសម្លេងមាន់ព្រៃរងាវធ្វើព្រងើយ។ ដោយខ្លាចសុវត្ថិភាព ម្តាយកុមារយើង ក៏ទាញដៃកូនអូសចួលរណ្តៅវិញទៅ។ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុតដោយរកផ្លូវទៅមុខទៀតមិនរួច និងដោយភាពឈ្លាសវៃរបស់ឱពុកម្តាយ ក៏ដូចជាអ្នកភូមិផ្សេងទៀត ពួកលោកក៏សម្រេចគេចខ្លួនឲ្យផុត ពីចំណាត់ខ្មាំងរបស់ក្រុមប៉ុលពត (កងទ័ពខ្មែរក្រហម) បកក្រោយតាមព្រៃភ្នំរហូតដល់ជើងជួរភ្នំឱរ៉ាល់ (ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និង កំពង់ស្ពឺ) ហើយក្រុមលោកក៏សម្រេចចូលទីរួមខេត្តកំពង់ឆ្នាំងវិញ។ ឱពុកម្តាយកុមារ យី ឆេងអ៊ួ ក៏បានសម្រេចនៅទីរួមខេត្តកំពង់ឆ្នាំងមួយរយៈខ្លី។ ដោយម្តាយកុមារយើង មិនឯកភាពក្នុងការនៅទីរួមខេត្តនេះតាមសំណើ ឱពុកកុមារក៏សម្រេចធ្វើដំណើរដោយថ្មើរជើងទៅភ្នំពេញទៀត។ មកដល់ផ្សារអូរឫស្សី ឱពុកកុមារ យី ឆេងអ៊ួ ក៏បានសម្រេចចាប់យកផ្ទះនៅជាន់ក្រោម បានមួយល្វែងជាប់នឹងផ្សារ ក្នុងបំណងរស់នៅនិងសម្រាប់បើកមុខរបរលក់ដូរអីវ៉ាន់ តែម្តាយកុមារយើង ក៏នៅតែមិនព្រមទៀត លោកទាំងពីរក៏សម្រេចគ្នាទៅស្រុកកំណើតឯភូមិព្រៃគ្រីវិញទៅ។
ឆ្នាំ ១៩៨០-ឆ្នាំ ១៩៨១ (សម័យមួយដែលសាលាទារដ្ឋានគ្មានសោះនៅឯជនបទ) ពេលបានត្រលប់ទៅដល់ស្រុកកំណើតបានប្រហែល ២ខែនិង បានជួបជុំបងប្អូនវិញហើយ ឱពុកម្តាយរបស់កុមារ ឆេងអ៊ួក៏បានសម្រេចចាកចេញពីស្រុកកំណើតម្តងទៀត ទៅរករស់នៅនិងប្រកបរបរកសិកម្មនៅភូមិត្រពាំងខ្លង ស្រុកសំពងជ័យខេត្តកំពង់ធំ។ដោយទីនោះជាតំបន់ដាច់ស្រយាល និង ប្រជាជនទីនេះខ្វះចំណេះដឹងស្រាប់ផងនេះ ធ្វើឲ្យកុមាររបស់យើងមិនមានថ្នាក់ចូលរៀនឡើយ។
ឆ្នាំ ១៩៨១-ឆ្នាំ ១៩៨៣ (សម័យមួយដែលសាលាមត្តេយ្យគ្មានសោះនៅឯជនបទ) ដោយការរកស៊ីរបរកសិកម្មនៅទីនោះមិនសូវកាក់កប ឱពុកម្តាយ កុមារ ឆេងអ៊ួ ក៏បានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅម្តងទៀត ទៅរស់នៅប្រកបរបរដដែល (កសិកម្ម)នៅភូមិត្រពាំងខ្លង ស្រុកទឹកឆា ខេត្តកំពង់ចាម។ នៅទីនោះកុមារ ឆេងអ៊ួក៏នៅតែមិនបានចូលរននៅឡើយដែរ ព្រោះថាកុមារយើងនៅក្មេងនៅឡើយបើគិតនឹងការយល់ឃើញរបស់ចាស់ៗជំនាន់នោះ។ នៅផ្ទះកុមារយើងមិនសូវជាទំនេរឡើយ គឺគេតែងតែឆ្លៀតជួយធ្វើការឱពុកម្តាយ មើលប្អូន ឃ្វាលគោ លក់នំ សន្សំកួរស្រូវ ជំរះស្មៅចំការ លាងទឹកគោ លើកលាមកគោ ដឹកជីដាក់ស្រែ ដកកក់ ក្នុងស្រែ ដងទឹកដាក់ពាង ជីដំឡូង ជិះរនាស់នៅរដូវធ្វើស្រែ ។ ពេលទំនេរកុមារយើងតែងលេងជាមួយក្មេងដទៃទៀត ទៅលបមើលបងៗកំពុងនៅឯសាលា។ មានថ្ងៃមួយដោយរពឹសពេក កុមារយើង បានធ្លាក់ពីលើដើមត្នោតទាបមួយ នៅខាងមុខផ្ទះ ជង់ទ្រូងខាងឆ្វេង មុតយ៉ាងជ្រៅជាមួយនឹងងាងបន្លារគាវត្នោតចាស់ៗ។ គ្រានោះ ឱពុកមិនបានស្ទុះចេញមកសង្គ្រោះ ទាន់ពេលវេលា ទើបបណ្តាលឲ្យហូរឈាមយ៉ាងច្រើន និងបង្កស្លាកស្នាមរហូតទល់បច្ចុបប្បន្ន។
ជួសពិសកុក៖ ជំនឿខ្មែរបុរាណក្មេងដែលមានរូបរាងស្គាំងស្គមបាក់កម្លាំងលោកថា បណ្តាលមក ពីបាតដៃទាំងពីរបស់កុមារនោះមានពិសកុក។ដូច្នេះដើម្បីឲ្យកុមារនោះមានសុខភាពល្អឡើងវិញ គេ ត្រូវឲ្យដូនជីក្នុងភូមិណាម្នាក់ដែលមានជំនាញផ្នែកនេះ វះបាតដៃនឹងកាំបិតតូចឬនឹងឡាមដើម្បីយក ពិសចេញពីបាតដៃទាំង១០រន្ធ នោះទើបជានិងអាចមានសង្ឃឹមធាត់ឬមានសាច់ឈាមភ្លឺថ្លាដូចគេឯង បាន។ ដោយមានរូបរាងស្គមស្គាំង ពោះធំកំប៉េង តាំងតែពីសម័យប៉ុលពតនេះ កុមារា ឆេងអ៊ួ ត្រូវបានម្តាយនិងបងស្ត្រីបង្កើតចាប់ល្បួងនិងចាប់យកទៅឲ្យដូនជីនៅខាងលិចភូមិ វះយកពិសកុកចេញដោយ ក្តីឈឺចាប់ពន់ប្រមាណ។
អុជពោះ (ដំបៅអុជ)៖ នៅលើផ្ទៃពោះរបស់លោក យី ឆេងអ៊ួ ពោរពេញទៅដោយស្នាមដំបៅអុជ រូបរាងស្គមស្គាំងព្រមទៅដោយពោះកំប៉េង ចាស់ៗសម័យមុនលោកបានសន្និដ្ឋានថាបណ្តាលមកពី ពោះក្មេងនោះមិនបានឆ្អិនសរសៃ។ ដូច្នេះដើម្បីព្យាបាលនូវពោះកំប៉េងនេះបានជាសះស្បើយដូចគេឯង លុះត្រាណាតែគេយកក្មេងនោះទៅធ្វើការចម្អិនសរសៃពោះឲ្យបានឆ្អិនល្អ ដោយយកភ្លើងប៉ុយដាក់ជាដុំតូចៗដាច់ៗពីគ្នាឲ្យបានច្រើនរណ្តៅ។ ក្រោយពីបានជួសពិសកុករួច មិនទាន់ទាំងបានជាស្រួលបួលផង ដោយម្តាយកុមារ ឆេងអ៊ួ មិនបានឃើញអ្វីប្រែប្រួលល្អប្រសើរជាង មុនសម្រាប់សុខភាពកូនសោះ លោកក៏ទៅធ្វើការជុំនំនឹងចាស់ទុំជិតខាងបន្តទៀត។ ចាស់ទុំទាំងនោះ បានឲ្យយោបល់ថា គួរតែយកក្មេងនេះទៅអុជចម្អិនសរសៃពោះបន្ថែមទៀតទើបបាន។ មិនបង្អង់យូរ ម្តាយកុមារយើង ក៏សម្រេចចិត្តយកកុមារស្គមស្គាំង ពោះកំប៉ោងរូបនេះទៅដុតពោះបន្ថែមទៀតរហូត បាន១៦រណ្តៅធំៗនៅលើពោះ។ ការដុតជាមួយភ្លើងបែបនេះបានបណ្តាលឲ្យកុមារយើងថ្លែងនូវក្តីឈឺ ចាប់យ៉ាងខ្លាំងប្រាប់ទៅម្តាយនិងអ្នកគ្រប់គ្នា។ អុជក្បាលសម្លាប់កូនកណ្តុរ៖ នៅលើក្បាលផ្នែកខាងឆ្វេងឆៀងខាងក្រោមរបស់លោក យី ឆេងអ៊ួ មានស្នាមដំបៅមួយ។ សុខភាពរបស់កុមារយើងនៅតែពុំទាន់មានភាពប្រសើរនៅឡើយដែរបើទោះណាជាត្រូវបានម្តាយ យកទៅជួសពិសកុក និង ដុតចម្ហុយសរសៃពោះរួចរាល់យ៉ាងណាក៏ដោយ។ នៅលើក្បាលកុមារ សំបូរទៅដោយដុំកូនកណ្តុះនិងបូសខ្នុរស្ទើរពេញក្បាល។ ការណ៍នេះបានបណ្តាលឲ្យកុមារយើងមានការក្តៅខ្លួន ឈឺចាប់ ដេកថ្ងូរជាប្រចាំ។ ដោយអាណិតអាសូរកូនពេក ម្តាយកុមារ ឆេអ៊ួ បានសម្រេច យកកូនទៅដុតកូនកណ្តុរនៅលើក្នុងផ្នែកខាងឆ្វេងថែមមួយប៉ុយទៀត។ ការឈឺចាប់នៅតែបន្ត ទាំងថ្មីទាំងចាស់ ប៉ុន្តែកុមាររបស់យើងនៅតែស៊ូទ្រាំរស់តទៅទៀតបានរហូតដល់ក្លាយជាឱពុកក្មេង ២នាក់ ជាគ្រូ-ជាបណ្ណារក្ស-ជាកវីនិពន្ធមួយរូបដូចពេលនេះ។
កម្រិតវប្បធម៌
[កែប្រែ]បញ្ចប់ការសិក្សា
1. ផ្នែកបរិញ្ញាបត្រ គ្រប់គ្រងពាណិជ្ជកម្មនៅ ឆ្នាំ ២០០១ នៅសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ។
2. ផ្នែកសញ្ញាបត្រទុតិយភូមិ នៅសាលា ជម្ពូវ័ន រាជធានីភ្នំពេញ។
3. ផ្នែកតែងនិពន្ធរឿងខ្លីសម្រាប់កុមាររយៈពេលមួយអាទិត្យពេញ ពីអង្គការ Room To Read
4. ផ្នែកនិទានរឿងសម្រាប់កុមារពីអង្គការ SVA (សន្តិស្ម័គ្រចិត្តជប៉ុន) រយៈពេល ៣ថ្ងៃពេញ។
5. ផ្នែកតែងនិពន្ធវិញ្ញាសាវិញ្ញាណ ១០ ដោយអ្នកស្រី កែវ ច័ន្ទបូរណ៍ និង លោក នភ ហង្សផលា ៤ថ្ងៃពេញ។
6. ផ្នែកតែងនិពន្ធ រឿងព្រេង និង កំណាព្យ ពីសមាគមន៍អក្សរសិល្ប៍ស៊ុយអែត និង អៀកឡង់ដ៏ ៣ថ្ងៃពេញ។
7. ផ្នែកតែងនិពន្ធកំណាព្យ រឿងព្រេង រឿងប្រលោមលោកពីអ្នកនិពន្ធ៖ អ្នកស្រី កែវ ច័ន្ទបូរណ៍ អ្នកស្រី ប៉ាល់វណ្ណារីរក្ស លោកស្រី Laura កញ្ញា Anna Matson កញ្ញា Kalinda លោក នភ ហង្សផលា កវី វ៉ែន សុន រយៈពេល ១០ថ្ងៃ។
8. វគ្គគ្រប់គ្រងបណ្ណាល័យពីបណ្ណាល័យហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
9. វគ្គគ្រប់គ្រងបណ្ណាល័យពីអង្គការសន្តិស្ម័គ្រចិត្តជប៉ុន (SVA)។
10. វគ្គគ្រប់គ្រងរដ្ឋបាល គ្រប់គ្រងទីផ្សារ គ្រប់គ្រងគម្រោង ជំនាញទំនាក់ទំនង ជំនាញចិត្តសាស្ត្រ.....ជាច្រើនវគ្គទៀត។ - ការចូលរួម
សិក្ខាសាលាទាក់ទងនឹងការលើកម្ពស់ វិស័យអក្សរសាស្ត្រ អក្សរសិល្ប៍ ការលើកកំពស់ការអាន ការលើកកម្ពស់សិទ្ធិកុមារ និង សិទ្ធិស្ត្រីជាច្រើនលើកចាប់តាំងពីឆ្នាំ ២០០៨មក ជាមួយនឹងសមាគម នូហាច សមាគមអក្សរសិល្ប៍ស៊ុយអែត សហព័ន្ធអភិវឌ្ឍសៀវភៅនៅកម្ពុជា មជ្ឈមមណ្ឌលវប្បធម៌ភាសាបារាំង...។
កម្រិតយល់ដឹងលើភាសា
[កែប្រែ]1. ភាសាខ្មែរ ជាភាសាកំនើត អាចប្រើបានជាផ្លូវការទី១
2. ភាសាអង់គ្លេស៖ ប្រើការជាផ្លូវការទី២
3. ភាសាបារាំងអាចប្រើការបានកម្រិតទី៣
4. ភាសាចិន៖ ចេះអាន ភីងអ៊ីង និយាយនិងស្តាប់បានខ្លះ
5. ភាសាវៀតណាម៖ ចេះអាន
6. ភាសាដទៃ៖ ជប៉ុន កូរ៉េ ថៃ អេស្បាញ ធ្លាប់រៀន
កម្រិតបចេ្ចកទេស
[កែប្រែ]1. ការងារគ្រប់គ្រងបណ្ណាល័យ
2. ការងារដឹកនាំនិងគ្រប់គ្រងគម្រោង
3. ការងាររដ្ឋបាលនិងទំនាក់ទំនង
4. ការងារបង្រៀន៖ ចំណេះទូទៅ ជំនាញគ្រប់គ្រងបណ្ណាល័យ ភាសាបរទេស កីឡាអៃគីដូ គ្រប់គ្រងរដ្ឋបាលការស្រាវជ្រាវតាមប្រព័ន្ធអ៊ិនធើណែតនិងពាណិជ្ជកម្ម ។
5. ការងារប្រឹក្សាលើការសិក្សារបស់សិស្ស
6. ការបើកបរឡាន (ឡានប្រភេទធុនកណ្តាល)
បទពិសោធន៍ការងារ
ការងារជាគ្រូបង្រៀន
[កែប្រែ]1. ធ្លាប់បង្រៀន៖ មុខវិជ្ជា គណិត ភាសាអង់គ្លេស ភាសាបារាំង ភាសាខ្មែរ រូបវិទ្យា គីមី ជីវវិទ្យា
2. កំពុងបង្រៀន៖ មុខវិជ្ជាគ្រប់គ្រងបណ្ណាល័យ គ្រប់គ្រងគម្រោង គ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងរដ្ឋបាល និងកីឡា អៃគីដូ។
ការងារជាអាជីពដែលធ្លាប់ឆ្លងកាត់
[កែប្រែ]1. ធ្លាប់ជាមន្ត្រីទំនាក់ទំនងសាធារណៈនៃអង្គការដើម្បីភាពញញឹមនៃកុមារ។
2. រៀបចំវគ្គបណ្តុះបណ្តាលតែងនិពន្ធសម្រាប់សិស្សអង្គការដើម្បីភាពញញឹមនៃកុមារ។
3. រៀបចំដំណើរទស្សនៈកិច្ចសិក្សា សិក្ខាសាលាសម្រាប់សិស្សអង្គការដើម្បីភាពញញឹមនៃកុមារ។
4. បង្ហាញបទពិសោធការងារគ្រប់គ្រងបណ្ណាល័យដល់បណ្ណារក្សរដ្ឋាភិបាលមកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រ កម្ពុជាក្រោមជំនួយឧបត្ថម្ភរបស់អង្គការ មូលនិធិអាស៊ី។
5. រៀបចំនិងដឹកនាំគម្រោង សំដែងកីឡា ល្បុក្កតោ អៃគីដូនិងតៃក្វាន់ដូបានជាច្រើនលើក។
6. រៀបចំនិងដឹកនាំកម្មវិធីទិវានៃការអាន ពិពណ៌ការងារ ពិធីអបអរបុណ្យចូលឆ្នាំខ្មែរនៅអង្គការដើម្បីភាពញញឹម នៃកុមារ។
ការងារជាអាជីពកំពុងអនុវត្ត
[កែប្រែ]1. បច្ចុប្បន្នជាបណ្ណារក្សនៃអង្គការដើម្បីភាពញញឹមនៃកុមារ។
2. គ្រូឧទ្ទេសនាមលើការងារបច្ចេកទេសនិងគ្រប់គ្រងបណ្ណាល័យ។
សកម្មភាពក្នុងសង្គម
[កែប្រែ]1. អ្នកប្រធានសមាគមសិក្សា
2. ជាប្រធានកម្មវិធីកីឡាប្រយុទ្ធ (ល្បុក្កតោ អៃគីដូ និង តេក្វាន់ដូ)នៃអង្គការដើម្បីភាពញញឹមនៃកុមារ
3. ជាសមាជិកនាយកប្រតិបត្តិ សមាគមអៃគីដូកម្ពុជា (លើការងារផ្សព្វផ្សាយ)
4. ជាសមាជិកនាយកប្រតិបត្តិ សភាល្បុក្កតោកម្ពុជា ។
5. ដឹកនាំនិងបំផុសឲ្យសិស្សចេះសិក្សាជាក្រុមដោយខ្លួនឯង។
ស្នាដៃតែងនិពន្ធ បកប្រែ និងរៀបរៀង
[កែប្រែ]1. រឿងព្រេងខ្លីមួយរឿងឈ្មោះថា«ទេពធីតាម្តាយ» សម្រាប់សុំសិទ្ធចូលវគ្គសិក្សា ជាមួយនឹងអង្គការ Room To Read ឈ្មោះរឿង។
2. ធ្លាប់បកប្រែសម្រួល៖ រឿងព្រេងពីភាសាវៀតណាមមកភាសាខ្មែរបានចំនួនមួយរឿង គឺរឿង កុមារីឃ្វាលទា។
3. កំណាព្យ៖ បទពាក្យប្រាំពីរ បទពាក្យប្រាំបី បទកាកគតិ ជាច្រើនបទ។
4. ចំរៀង៖ ប្រជាប្រិយខ្មែរជាច្រើនបទ។
ទស្សនៈវិស័យផ្ទាលខ្លួន
[កែប្រែ]-រស់ គឺរៀន
-មានជីវិត គឺមានក្តីសង្ឃឹម តាមររយៈការបង្រៀនអ្នកនិងបានរៀនសូត្របន្ថែម ។
-ផ្តល់ចំណេះដឹងគឺជាការជួយសង្រ្គោះមនុស្សដ៏ពិតប្រាកដមួយ។
-ចង់កាត់បន្ថយភាពក្រីក្រ ត្រូវផ្តល់ចំណេះដឹង និងទទួលចំណេះដឹងឱ្យបានច្រើនពីគ្នាទៅវិញទៅមក។
-ចិត្តល្អប្រសើរជាងរូបសម្ផស្ស។
-ភាសារលត់ ជាតិរលាយ ភាសារីកសាយ ជាតិថ្កុំថ្កើង។
-ការតែងនិព្ធ គឺជាការថែរក្សានូវមត៌កមនុស្សជាតិ។
-អតីតកាលជូរចត់ បច្ចុប្បន្នស៊ូហត់ អនាគតរុងរឿង។
-ដួងចិត្ត រាងកាយមាំមួន។
-មានតែស្នាដៃ និងសេចក្តីល្អប៉ុណ្ណោះទេ ដែលមិនព្រមស្លាប់ទៅតាមមា្ចស់។(ក្នុងលោកនេះ)
ក្ដីប្រាថ្នារបស់អ្នកនិពន្ធ
[កែប្រែ]នៅក្នុងជីវិតរបស់អ្នកនិពន្ធក្ដីប្រាថ្នារបស់ពូកលោកគឺចង់ស្នាដៃរបស់ខ្លូនត្រួវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់អ្នកអាន ឬសាធារណៈជនអ្នកអាន។ដូច្នេះដើម្បីឲ្យស្នាដៃទាំងនោះក្លាយជាស្នាដៃដែលត្រូវបានប្រជាជនភាគច្រើបានអាន បានសិក្សាបន្ដ លុះត្រាណាតែ
1. ស្នាដៃទាំងនោះត្រូចបានឆ្លុះបញ្ចាំងពីតថភាពសង្គមនៃមហាជនទូទៅ
2. ស្នាដៃទាំងនោះត្រូវមានសរសេរឡើងដោយពាក្យរាយ ប្រកបដោយអត្ថន័យ ខ្លឹមសារ អត្ថរូប អត្ថរសជ្រាលជ្រៅសម្រាប់មហាជន។ការសរសេរពុំបានប្រើពាក្យស្មុគស្មាញច្រើន។ការសរសេរទាំងនោះបំរើឲ្យមហាជនគ្រប់វ័យគ្រប់ឋានៈ។
3. លុះត្រាតែស្នាដៃទាំងនោះផ្ដល់ភាពវិជ្ជមានច្រើនដល់អ្នកអាន ឬ មហាជនទូទៅ ច្រើនជំនាន់។
4. ស្នាដៃទាំងនោះជាស្នាដៃដែលមានលក្ខណៈជាសាកលស្របតាមចំនូលចិត្ត មនុស្សល្អគ្រប់ជាតិសាសន៏។
5. ជាស្នាដៃដែលបានបំរើឲ្យប្រពៃណី ទំនៀមទំលាប់ វប្បធម៌ អរិយធម៌(ទេសចរណ៏ ការអប់រំ) មនុស្សធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម សុច្ចរិក អក្សរសាស្រ្ដ អក្សរសិល្ប៏នៃជាតិសាសន៏មួយពិតប្រាកដ។
6. លុះត្រាតែស្នាដៃទាំងនោះជាស្នាដៃដែលបានបំរើឲ្យមហាជនទូទៅភាគច្រើនជាពិសេស អ្នកក្រីក្រ ឬ រាស្រ្ដសាមញ្ញ។
ក្ដីប្រាថ្នា
- សុខភាព
-ចំនេះវិជ្ជា
-ការលើកស្ទួយការអាននៅកម្ពុជា
-ការលើកស្ទួយសីលធម៌ មនុស្សធម៌
- ប្រពៃណីវប្បធម៌ឬអរិយធម៌ អក្សរសាស្រ្ដ អក្សរសិល្ប៏ខ្មែរ
- ការលើកស្ទួយកម្រិតជីវភាពប្រជាជនឋ្មែរឲ្យបានរុងរឿង
- ការថែរក្សាមត៌កខ្មែរឲ្យបានគង់វង្ស និងរុងរឿង។
- សុភមង្គលក្នុងគ្រួសារ -ការចែករំលែកបទពិសោធន៏ដល់ក្មេងជំនាន់ក្រោយ
- ចលនាយុវជនដើម្បីសន្ដិភាព ការអប់រំ និង សេចក្ដីថ្លៃថ្នូរ(យុវជនស្មគ្រចិត្ត យុវជនជួយខ្លួនឯង យុវជនជួយកុមារ យុវជនជួយមនុស្សចាស់)
- បង្កើតអង្គការយុវជនដើម្បីមនុស្សធម៌ ការអប់រំ និងសេដ្ឋកិច្ចកម្ពុជា។
- គ្រឹះស្ថានឥណទានខ្នាតតូចសម្រាប់ប្រជាជនខ្មែរ
- សិប្បកម្មសម្រាប់ស្នាដៃសិល្ប៏ខ្មែរ
- សាលាអក្ខកម្មស្មគ្រចិត្ត
- សាលាចំនេះទូទៅ ជំនាញ មហាវិទ្យាល័យកម្ពុជា
- សមាគមន៏បណ្ណារក្សខ្មែរ(ភូមិមួយ បណ្ណាល័យមួយ គ្រួសារ១ បណ្ណាលួយ១)
- បណ្ណាល័យសាធារណៈ ពហុវប្បធម៌(ភាសាខ្មែរ និង ភាសាបរទេស ៨)
- បណ្ណាល៧យអាណាចក្រអង្គរសម្រាប់រាស្រ្ដខ្មែរ
- អជីពជាអ្នកនិពន្ធ អ្នកការសែត (ចំរៀង កំនាព្យ រឿងព្រេង ប្រលោមលោក អក្សរសាស្រ្ដ )
- មជ្ឃមណ្ឌលផ្សព្វផ្សាយវប្បធម៌ខ្មែរ
- មជ្ឃមណ្ឌលស្រាវជ្រាវវប្បធម៌សាកល(ពាណិជ្ជកម្ម ទេសចរណ៏ ការអប់រំ គរុកោសល្យ)
- មជ្ឃមណ្ឌ់លលើកស្ទួយពាណិជ្ជកម្ម និងកសិកម្មខ្មែរ
- មជ្ឃមណ្ឌសម្រាប់ការងារស្មគ្រចិត្តកម្ពុជា។
ជីវិតយុវ័យ៖
ឪពុកត្រូវសុំសីល ឈប់រកស៊ីកាប់សម្លាប់សត្វឈប់លក់ដូរអ្វីទាំងអស់។ ម្តាយមានជំងឺប្រចាំកាយ ទទួលបន្ទុកមើលថែប្អូនប្រុសស្រី ដែលកំពុងនៅតូច។ ត្រូវរៀនផ្លោះថ្នាក់ និង បង្រៀនគេឯងទៀត។ ត្រូវឆ្លៀតរកលុយបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ត្រូវទប់ទល់ជាមួយនឹងការឈ្នានីសរបស់អ្នកជិតខាងអាក្រក់មួយចំនួន ត្រូវនៅស៊ីឈ្នួលឥតថ្លៃជាមួយឪពុកមា ម្តាយមីង... ត្រូវជម្នះនិងជំងឺប្រចាំកាយរបស់ខ្លួន។ ត្រូវធ្វើដំណើរទៅសាលារៀនក្នុងរយៈចំងាយឆ្ងាយ។ ត្រូវស្វែងរកលុយកាក់មកបង្គ្រប់ ការរៀនសូត្រ។ ត្រូវចាកចេញពីផ្ទះ ឃ្លាតពីគ្រួសារទៅរស់នៅជាមួយឪពុកមា ព្រោះតែការសិក្សា និង ជីវភាពខ្សត់ខ្សោយ ដោយសារបងប្អូនច្រើនពេក(៨នាក់)។ • ផ្លោះថ្នាក់៖ ហេតុអ្វីចាំបាច់ផ្លោះថ្នាក់? • រៀនខ្សោយ៖ ហេតុអ្វីរៀនខ្សោយ? • រៀនពូកែ៖ ធ្វើដូចម្តេចទើបរៀនពូកែបាន? • ឪពុកបង្រៀនបែបថ្នាក់អក្ខរកម្ម .ព្យាយាម ការប្តេជ្ញាចិត្តខ្ពស់ • ចង់ចេះចង់ដឹងខ្លាំង យកចិត្តទុកដាក់. ឱកាសរៀន • ឪពុកមានពេលបង្រៀនកូន .យល់ពីការលំបាកគ្រោះមិនចេះអក្សរ • ខ្មាស់គេខ្លាំង
កម្រងស្នាដៃ
[កែប្រែ]ប្រជុំកំណាព្យសិក្សា (១)[តំណភ្ជាប់ខូច]
ប្រជុំកំណាព្យសិក្សា (២)[តំណភ្ជាប់ខូច]
ប្រជុំកំណាព្យសិក្សា (៣)[តំណភ្ជាប់ខូច]
ប្រជុំកំណាព្យ (៤)[តំណភ្ជាប់ខូច]
ប្រជុំកំណាព្យសិក្សា (៥)[តំណភ្ជាប់ខូច]
ឈប់រៀន រៀនមិនឈប់ Archived 2016-03-04 at the វេយប៊ែខ ម៉ាស៊ីន.
ភ្ជុំទៅវត្តណា? Archived 2011-10-21 at the វេយប៊ែខ ម៉ាស៊ីន.
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីមីនា 2024
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីធ្នូ 2024
- អ្នកល្បីឈ្មោះរបស់ខ្មែរ
- អ្នកនិពន្ធ
- អ្នកនិពន្ធខ្មែរ
- ប្រជាជនអាស៊ី
- អ្នកនិពន្ធល្បី
- អ្នកនិពន្ធនាសតវត្សទី២០
- អ្នកអប់រំ