យោគសូត្រ
[១០] ម្នាលភិក្ខុទាំងឡាយ យោគៈ (កិលេសជាគ្រឿងប្រកបសត្វទុក ក្នុងវដ្តៈ) នេះមាន ៤ យ៉ាង ។ យោគៈ ៤ យ៉ាង តើដូចម្តេច ? គឺ កាមយោគៈ ១ ភវយោគៈ ១ ទិដ្ឋិយោគៈ ១ អវិជ្ជាយោគៈ ១ ។
ម្នាលភិក្ខុទាំងឡាយ កាមយោគៈ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏កើតមានតម្រេកក្នុងកាម សេចក្ដីរីករាយក្នុងកាម សេចក្ដីសេ្នហាក្នុងកាម សេចក្ដីងប់នៅក្នុងកាម សេចក្ដីស្រេកឃ្លានក្នុងកាម សេចក្ដីអន្ទះអន្ទែង ព្រោះកាម សេចក្ដីជ្រុលជ្រប់ក្នុងកាម សេចក្ដីប្រាថ្នា ក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កាមយោគៈ [បានដល់សេចក្ដីត្រេកត្រអាល ប្រកបដោយកាមគុណ ទាំង ៥ ។ អដ្ឋកថា ។] ។ កាមយោគៈ ដូច្នេះឯង ។
ភវយោគៈ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ផង នូវភពទាំងឡាយ ក៏កើតមានតម្រេកក្នុងភព សេចក្ដីរីករាយក្នុងភព សេចក្ដីស្នេហាក្នុងភព សេចក្ដីងប់នៅក្នុងភព សេចក្ដីស្រេកឃ្លានក្នុងភព សេចក្ដីអន្ទះអន្ទែងព្រោះភព សេចក្ដីជ្រុលជ្រប់ក្នុងភព សេចក្ដីប្រាថ្នាក្នុងភព ក្នុងភពទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភវយោគៈ [បានដល់សេចក្ដីប្រាថ្នា និងសេចក្ដីត្រេកអរ ក្នុងរូបភព និងអរូបភព ។] ។ កាមយោគៈ និងភវយោគៈ ដូច្នេះឯង ។
ទិដ្ឋិយោគៈ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ ក៏កើតមានតម្រេកក្នុងទិដ្ឋិ សេចក្ដីរីករាយក្នុងទិដ្ឋិ សេចក្ដីស្នេហាក្នុងទិដ្ឋិ សេចក្ដីងប់នៅក្នុងទិដ្ឋិ សេចក្ដីស្រេកឃ្លានក្នុងទិដ្ឋិ សេចក្ដីអន្ទះអន្ទែងព្រោះទិដ្ឋិ សេចក្ដីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្ដីប្រាថ្នាក្នុងទិដ្ឋិ ក្នុងទិដ្ឋិទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិយោគៈ [បានដល់តម្រេក ប្រកបដោយសស្សតទិដ្ឋិ ៦២ ។ អដ្ឋកថា ។] ។ កាមយោគៈ ភវយោគៈ និងទិដ្ឋិយោគៈ ដូច្នេះឯង ។
អវិជ្ជាយោគៈ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ កាលបើបុគ្គលនោះ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ ក៏កើតមានសេចក្ដីល្ងង់ មិនដឹងក្នុងផស្សាយតនៈ ទាំង ៦ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អវិជ្ជាយោគៈ ។ កាមយោគៈ ភវយោគៈ ទិដ្ឋិយោគៈ និងអវិជ្ជាយោគៈ ដូច្នេះឯង ។ បុគ្គល ប្រកបដោយ អកុសលធម៌ ដ៏លាមក ជាគ្រឿងសៅហ្មង ជាគ្រឿងនាំឲ្យកើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្ដីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាគ្រឿងនាំឲ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ (បុគ្គលនោះ) ហៅថា ជាអ្នកមិនមានសេចក្ដីក្សេម ចាកយោគៈទេ ។ ម្នាលភិក្ខុទាំងឡាយ យោគៈ មាន ៤ យ៉ាងនេះឯង ។
ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈនេះ មាន ៤ យ៉ាង ។ ៤ យ៉ាង តើដូចម្តេចខ្លះ ? គឺការមិនប្រកប ដោយកាមយោគៈ ១ ការមិនប្រកបដោយភវយោគៈ ១ ការមិនប្រកប ដោយទិដ្ឋិយោគៈ ១ ការមិនប្រកបដោយអវិជ្ជាយោគៈ ១ ។
ម្នាលភិក្ខុទាំងឡាយ ចុះការមិនប្រកបដោយកាមយោគៈ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវកាមទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងកាម សេចក្ដីរីករាយក្នុងកាម សេចក្ដីសេ្នហាក្នុងកាម សេចក្ដីងប់នៅក្នុងកាម សេចក្ដីស្រេកឃ្លានក្នុងកាម សេចក្ដីអន្ទះអន្ទែងព្រោះកាម សេចក្ដីជ្រុលជ្រប់ក្នុងកាម សេចក្ដីប្រាថ្នាក្នុងកាម ក្នុងកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយកាមយោគៈ ។ ការមិនប្រកបដោយកាមយោគៈ ដូច្នេះឯង ។
ចុះការមិនប្រកប ដោយភវយោគៈ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវភពទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងភព សេចក្ដីរីករាយក្នុងភព សេចក្ដីសេ្នហាក្នុងភព សេចក្ដីងប់នៅក្នុងភព សេចក្ដីស្រេកឃ្លានក្នុងភព សេចក្ដីអន្ទះអន្ទែង ព្រោះភព សេចក្ដីជ្រុលជ្រប់ក្នុងភព សេចក្ដីប្រាថ្នាក្នុងភព ក្នុងភពទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយភវយោគៈ ។ ការមិនប្រកបដោយកាមយោគៈ និងការមិនប្រកបដោយភវយោគៈ ដូច្នេះឯង ។
ចុះការមិនប្រកបដោយទិដ្ឋិយោគៈ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវទិដ្ឋិទាំងឡាយ ក៏មិនកើតមានតម្រេកក្នុងទិដ្ឋិ សេចក្ដីរីករាយក្នុងទិដ្ឋិ សេចក្ដី ស្នេហាក្នុងទិដ្ឋិ សេចក្ដីងប់នៅក្នុងទិដ្ឋិ សេចក្ដីស្រេកឃ្លានក្នុងទិដ្ឋិ សេចក្ដីអន្ទះអន្ទែងព្រោះទិដ្ឋិ សេចក្ដីជ្រុលជ្រប់ក្នុងទិដ្ឋិ សេចក្ដីប្រាថ្នាក្នុងទិដ្ឋិ ក្នុងទិដ្ឋិទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយទិដ្ឋិយោគៈ ។ ការមិនប្រកបដោយកាមយោគៈ ការមិនប្រកបដោយភវយោគៈ និងការមិនប្រកបដោយទិដ្ឋិយោគៈ ដូច្នេះឯង ។
ចុះការមិនប្រកបដោយអវិជ្ជាយោគៈ តើដូចម្តេច ? ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដឹងច្បាស់ តាមពិតនូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈទាំង ៦ កាលបើបុគ្គលនោះ ដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើងផង សេចក្ដីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវផស្សាយតនៈ ទាំង ៦ ក៏មិនមានសេចក្ដីល្ងង់ សេចក្ដីមិនដឹង ក្នុងផស្សាយតនៈ ទាំង ៦ ឡើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការមិនប្រកបដោយអវិជ្ជាយោគៈ ។ ការមិនប្រកបដោយកាមយោគៈ ការមិនប្រកបដោយភវយោគៈ ការមិនប្រកបដោយទិដ្ឋិយោគៈ និងការមិនប្រកបដោយអវិជ្ជាយោគៈ ដូច្នេះឯង ។ បុគ្គល ប្រាសចាកអកុសលធម៌ ដ៏លាមក ជាគ្រឿងសៅហ្មង ជាហេតុនាំឲ្យ កើតក្នុងភពថ្មីទៀត ប្រកបដោយសេចក្ដីក្រវល់ក្រវាយ មានទុក្ខជាវិបាក ជាហេតុនាំឲ្យកើតជាតិ ជរា មរណៈតទៅ ព្រោះហេតុនោះ (បុគ្គលនោះ) ទើបហៅថា ជាអ្នកមានសេចក្ដីក្សេមចាកយោគៈ ។ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកបដោយយោគៈ មាន ៤ យ៉ាងប៉ុណ្ណេះ ។
ពួកសត្វប្រកបដោយកាមយោគៈ និងភវយោគៈ ទាំង ២ ប្រកបដោយទិដ្ឋិយោគៈ ត្រូវអវិជ្ជាយោគៈ ចោមរោម ជាអ្នកមានដំណើរទៅកាន់ជាតិ (ជរា) និងមរណៈ ជាប្រក្រតី រមែងអន្ទោលទៅរកសង្សារ ។ ចំណែកពួកជនណា បានកំណត់ដឹង នូវកាមយោគៈផង ភវយោគៈ ដោយអាការទាំងពួងផង ដកឡើងនូវទិដ្ឋិយោគៈផង លះបង់នូវអវិជ្ជាយោគៈផង ជាអ្នកប្រាសចាកយោគៈទាំងពួង ជនទាំងនោះ ឈ្មោះថា ជាអ្នកប្រាជ្ញ កន្លងផុត នូវយោគៈ ។
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក > សុត្តន្តបិដក > អង្គុត្តរនិកាយ > ចតុក្កនិបាត > បឋមបណ្ណាសក > ភណ្ឌគ្គាមវគ្គ > យោគសូត្រ ទី១០ (សៀវភៅភាគ ៤២ ទំព័រទី ២៣)