រាជធានីយសោធរបុរៈ
ព្រះបាទយសោវរ្ម័នទី១បានជ្រើសរើសយកភ្នំបាខែងជាចំណុចកណ្តលនៃរាជធានីរបស់ព្រះអង្គដោយសារភ្នំបាខែងមានកម្ពស់មិនខ្ពស់ពេក និងទំហំមិនធំពេក ដែលអាចដាក់ចូលទៅក្នុងរាជធានី។ ម៉្យាងទៀតភ្នំបូកមានចម្ងាយឆ្ងាយពីបឹងទន្លេសាបពេក ចំនែកភ្នំក្រោមមានទីតាំងស្ថិតនៅក្បែរបឹងទន្លេសាបពេក ដែលជាហេតុធ្វើឱ្យមានទឹកជំនន់។ ភ្នំបាខែងមានទីតាំងល្អប្រសើរដោយសារនៅជិតបឹងទន្លេសាប តែស្ថិតនៅក្រៅតំបន់លេចទឹកជំនន់។ រាជធានីស្ថិតនៅក្បែរស្ទឹងសៀមរាប ដែលប្រើសម្រាប់ធ្វើជាកំពែងរាជធានី និងការពារពីទឹកជំនន់ ម្យ៉ាងទៀតស្ទឹងនេះបានជួយក្នុងការបង្ហូរចូលស្រែនិងសម្បូរទៅដោយមច្ចារជាតិផងដែរ។ តាមរយៈសិលាចារឹកស្តក់កក់ធំបាននិយាយពីកសាងរាជធានីយសោធរបុរៈថា ព្រះរាជាបានកសាងភ្នំកណ្តាល និងមានព្រះរាជគ្រូឈ្មោះព្រាហ្មណ៍វាមសិវៈបានកសាងលិង្គរាជនៅចំកណ្តាល។ ព្រះរាជគោលបំណងរបស់ព្រះបាទយសោវរ្ម័នទី១ ដើម្បីបង្កើតនិវាសដ្ឋានពិសិដ្ឋជានិមិត្តរូបនៃការស្នាក់នៅរបស់អាទិទេពលើផែនដី ដើម្បីផ្សាយឥទ្ធិពលនៃគ្រប់ទីកន្លែងនៃអាណាចក្រ។