រាត្រីប្រមើលនិស្ស័យបុគ្គល
Appearance
រាត្រីប្រមើលនិស្ស័យបុគ្គល (បទ ពាក្យ៧) | |
រាត្រីប្រមើលនិស្ស័យបុគ្គល (បទ ពាក្យ៧) ពន្លឺចន្ទ្រារះស្រទន់ សែនល្អពេកពន់កំដខ្ញុំ មនុស្សម្នាលង់លក់សែនសុខុម វេលាឧត្តមស្ងប់ស្ងៀមស្ងាត់។ សញ្ជឹងត្រិះរិះរឿងលោកិយ បីដូចរស្មីចាំងឆ្វែឆ្វាត់ ខ្លះចាំងចិញ្ចែងភ្លឺសប់សត្វ ខ្លះរលត់បាត់បាំងព្រឹក្សា។ វេលាស្មើនេះអស់អ្នកផង គេងកើយត្រកងបែរផ្កាប់ផ្ងារ ភួយគរដណ្ដប់គ្របកាយា ប្រវេប្រវាក្នុងដំណេក។ ជីវិតទាំងអស់មិនដូចគ្នា ខ្លះប្រើវេលាតស៊ូរែក គ្មានគិតយប់ថ្ងៃបែងវែកញែក ដំបូលផ្ទៃមេឃធ្វើជាមុង។ ក្មេងតូចរងារញ័រសប់ប្រាណ ព្រោះគ្មានសន្ដានជួយសប់ជ្រុង គេងក្រៀមក្រពះនៅក្រៅមុង ដៃព័ទ្ធរង្វង់អោបក្រញង់។ គេងទៅ គេងទៅពៅកុំគិត ថ្ងៃល្អមានឬទ្ធពិតផូរផង់ ថ្ងៃស្អែកមានអ្នកមកតម្រង់ នាំប្អូនគ្រប់អង្គជួបមង្គល។
១៩ ធ្នូ ២០១០ (ម៉ោង១ និង ៤០នាទី ព្រឹក) |