រឿងចោរចិត្ដជា

ពីវិគីភីឌា

រឿងចោរចិត្ដជា ជារឿងព្រេងនិទាន និយាយតៗគ្នា ដែលចាស់ៗខ្មែរខ្លះ តែងតែលើកមកនិទានកំប្លែងលេង ប្រាប់ដល់កូនចៅរបស់ខ្លូន ហើយអ្នកសិក្សាអក្សរសាស្រ្ដទាំងឡាយ​ក៏បានលើក​យក​រឿងនេះ មកធ្វើជាបទរៀនផងដែរ។ ក្នុងសាច់រឿង អ្នកនិពន្ធដូចជាចង់ប្រាប់អ្នកអានអោយឃើញថា ការរស់នៅ ប្រកបរបរចិញ្ចឹមជីវិត គេពុំចាំបាច់ធ្វើការសិក្សារៀនសូត្រ​អ្វីអោយច្រើននោះទេ យើងឃើញក្មេងកំព្រាឪពុកម្នាក់ ដែលមិនព្រមធ្វើការសិក្សារៀនសូត្រ ស្វែងរកចំនេះវិជ្ជាអ្វីទេគេជ្រើសយកមុខរបរជា «ចោរ» ដើរលួចទ្រព្យសម្បត្ដិអ្នកដទៃទៅវិញ។

ម្យ៉ាងវិញមួយទៀត យើងឃើញស្ដេចប្រើអំនាចផ្ដាច់ការ ក្នុងការជ្រើសរើស មន្រ្ដីរាជការអោយឡើងកាន់អំនាច ជាអ្នកធំជាអ្នកដឹកនាំគ្រប់គ្រងលើអានាប្រជារាស្រ្ដ ទ្រង់មិនចាំបាច់ រើសរកយក​អ្នករៀនសូត្រ អ្នកមានចំនេះវិជ្ជាចេះដឹង អ្នកមានសមត្ថភាពអីទេ របៀបជ្រើសរើស ស្ដេចត្រូវការប្រាក់ បើនរណាមានប្រាក់ច្រើន យកទៅដាក់បញ្ចូលក្នុងឃ្លាំងរបស់ស្ដេច អ្នកនោះនិង​បានឡើងជា​មន្រ្ដីធំ ធ្វើជាអ្នកគ្រប់គ្រង ធ្វើជាអ្នកដឹកនាំ បើទោះជាអ្នកនោះ គ្មានសមត្ថភាព ជាជនពុករលួយ ជាអ្នកបោកប្រាស់ ជាអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ ជាអ្នកដែលមានលុយកាក់ច្រើនដោយអំពើ​រកស៊ីខុសច្បាប់ រឺ ជាអ្នកគ្មានចំនេះចេះដឹងយ៉ាងណាក៏ដោយ ស្ដេចអិតត្រូវការការសមត្ថភាពនេះទេ គឺព្រះអង្គត្រូវការតែលុយប៉ុណ្ណោះ។

អានក្នុងសាច់រឿងបន្ដទៀត យើងឃើញអ្នកនិពន្ធបានបង្កប់ក្នុងសាច់រឿង នូវអបិយជំនឿមួយ ដែលសង្គមខ្មែរតែងតែ ជួបប្រទះ ហើយដែលការពិតវាហាក់ដូចជាស្រពិចស្រពិលគ្រប់កាលៈទេសៈ នោះគឺ ការបន់ស្រន់សុំអោយទេវតាប្រទាន មាស ប្រាក់ បុណ្យសក្ដិជាដើម ។ ក្នុងសាច់រឿង «ចោរចិត្ដជា» មន្រ្ដីម្នាក់ចង់ធ្វើជាចៅហ្វាយខេត្ដ បន់ស្រន់ព្រះ សំពះទេវតាសុំលុយ ៤០កហាបនៈ យកទៅសូកស្ដេច ចោរស្ដាប់លឺការបន់ស្រន់ ហើយមានចិត្ដមេត្ដា ក្លែងខ្លូនជាទេវតា វេចលុយចំនួន ៤០កហាបនៈ លបយកទៅដាក់អោយមន្រ្ដីនោះ តើនេះ ពិតជាទេវតា​ប្រោសប្រទានមែនរឺ.?...។

អំពើអយុត្ដិធម៌ ក្នុងរឿងចោរចិត្ដជាមួយទៀត គឺមន្រ្ដីរាជការ ប្រើអំនាចរបស់ខ្លួន ដោះលែងចោរ ដោយគ្មានការជំនំជំរះរកហេតុផលខុសត្រូវអ្វីទាំងអស់ ចោរជាបក្សពួករបស់ខ្លួនជាកូនចៅ ជាអ្នក​ដែលខ្លួនស្គាល់ ទោះដឹងថា ជាចោរពិតប្រាកដហើយក្ដី ក៏ជនជាប់ចោទ អាចគេចផុតពីសំនាញ់ច្បាប់បាន ម៉្លោះហើយភាពអិតមានទោស ក្លាយជាអំពើអយុត្ដិធម៌ ហើយវាជាដំបៅមហារីក​ដ៏មហាសែនរាំរៃ ស៊ីរូងនៅក្នុងសង្គមមនុស្សអោយឈឺផ្សាគ្រប់ទិវារាត្រី។

ចោរចិត្ដជា ជាចោរដែលមានចិត្ដជាទេវតា ក្លែងខ្លួនជាទេវតា មានចិត្ដអានិត ហ៊ានចំនាយទ្រព្យសម្បត្ដិ លុយកាក់របស់ខ្លួនធ្វើប្រយោជន៍អោយដល់អ្នកដទៃ។ ការយល់ដឹងឧបកា្ករៈគុណដល់បុគ្គល​ដែលធ្វើប្រយោជន៍ដល់ខ្លួន ទោះជាបុគ្គលនោះតូចថោកទាបយ៉ាងណាក្ដី ក៏មិនបោះបង់ចោល។ គតិបណ្ឌិតទាំងពីរខាងលើ បើស្ថិតនៅលើបុគ្គលណានិមួយ បុគ្គលនោះរមែងបាន​ប្រកបដោយ​សេចក្ដីសុខចំរើននិច្ច។ ដូច្នេះ មនុស្សត្រូវប្រើ សតិបញ្ញាស្មារតីរបស់ខ្លួន ពិចារណាគ្រប់ហេតុផល ទៅលើអបិយជំនឿទាំងឡាយ មានខ្មោចព្រាយបីសាច រឺ ទេវតាជាដើម​ថាជាអ្នកជួយខ្លូនអោយរួច​ពីទុក្ខភ័យ ដែលវាគឺជាជំនឿមួយ ទំនាស់នឹងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនាទៀតផង។ បុរសក្រីក្រពីរនាក់ប្ដីប្រពន្ធ ក្នុងរឿងចោរចិត្ដជា បោះបង់ជំនឿរបស់ខ្លួនទៅលើទេវតា ហើយបែរ​មកជឿតាមពាក្យរបស់ចោរ ដែលខ្លួនកំពុងចាប់ដាក់គុកច្រវាក់ទៅវិញ ថាជាអ្នកផ្ដល់លុយកាក់ដល់ខ្លួនធ្វើអោយខ្លួនបានក្លាយជាចៅហ្វាយស្រុក។ ដោយជំនឿ និង សេចក្ដីដឹងគុណដ៏ជ្រាលជ្រៅ បុរសនោះហ៊ានដោះលែងចោរនោះអោយមានសេរីភាពឡើងវិញ ទាំងខុសច្បាប់ទៀតផង។

ដំនើររឿង[កែប្រែ]

កាលនេះមានក្មេងប្រុសម្នាក់នៅស្រុកមួយ អ្នកស្រុកគេហៅថាចោរចិត្តចិត្តជា។ លុះក្មេងនោះចំរើនធំឡើង ឪពុកស្លាប់ទៅនៅតែម្ដាយ។ ចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះ តែវេលាយប់​កាលណា វាតែងដើររកលួចទ្រព្យសម្បត្តិទាំងពួង។ មាតាទូន្មានប្រដៅដូចម្ដេចក៏មិនព្រមធ្វើតាម ទើបមាតាយកទៅអោយនៅវត្តរៀនអក្សរ។ ចៅនោះក៏មិនខំរៀនសូត្រឡើយ ប្រព្រឹត្តិដើរតែ លួចទ្រព្យគេយកមកចិញ្ចឹមមាតា និង អាត្មា។ គ្រូរំលឹកប្រដៅដូចម្ដេចក៏មិនព្រមស្ដាប់។

ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ចុងព្រះរាជរោង អោយសេនាបតីនាហ្មឺនសព្វមុខមន្រ្ដីចូលគាល់ ទ្រង់មានព្រះឱង្ការថា «មានខែត្រមួយនៅទំនេរ ពុំទាន់មានឈ្មោះណាទៅឈររក្សា បើអ្នកណាយកប្រាក់ ៤០កហាបន: មកដាក់ឃ្លាំង យើងនឹងអោយទៅឈរជាចៅហ្វាយស្រុករក្សាខែត្រនោះ»។ ស្ដេចក៏យាងចូលព្រះបរមរាជវាំងវិញ ។

គ្រានោះមន្រ្ដីតូចម្នាក់វិលមកផ្ទះ ដេកកើតទុក្ខចង់ធ្វើចៅហ្វាយស្រុកពន់ពេក។ លុះដល់វេលាយប់ចូលដំនេកនិយាយនឹង ភរិយាថា «នាងអើយឥលូវនេះស្ដេចមានព្រះរាជឱង្ការថា បើឈ្មោះណាមានប្រាក់៤០កហាបនៈ ថ្វាយព្រះអង្គដាក់ឃ្លាំង ទ្រង់អោយធ្វើចៅហ្វាយស្រុករក្សាខេត្រមួយដែលទំនេរ» ភរិយាឆ្លើយថា «អ្នកអើយ! ចិត្តខ្ញុំចង់អោយអ្នកធ្វើចៅហ្វាយស្រុកណាស់ តែសព្វថ្ងៃយើងក្រីក្រតោកយ៉ាកពេក នឹងរកប្រាក់ថ្វាយស្ដេចពុំបានទេ» និយាយហើយបន់ទេវតាថា «សូមទេវតាជួយខ្ញុំអោយបានប្រាក់ ៤០កហាបនៈ ថ្វាយស្ដេច ខ្ញុំនឹងបានធ្វើចៅ​ហ្វាយស្រុកគ្រានោះ »។

ពេលនោះអាចោរចិត្តជា វាដើរលួចគេហើយមកអង្គុយក្រោមផ្ទះមន្រ្ដីនោះ វាបានលឺដូច្នោះ មានចិត្តអានិតក៏យកប្រាក់ ៤០កហាបនៈពីផ្ទះវា វេចនឹងកំនាត់សំពត់ជាតិ​មកលូកដៃតាមប្រហោង​ជញ្ជាំងទៅទុកអោយមន្រ្ដីនោះ រួចត្រលប់ទៅវិញ ។ លុះភ្លឺច្បាស់មន្រ្ដីនោះភ្ញាក់ឡើងក្រលេកទៅឃើញបង្វេចសំពត់ ក៏ចាប់លើកស្រាយមើល ឃើញប្រាក់ ៤០កហាបន: អរណាស់ប្រាប់ ប្រពន្ធថា «យើងបានប្រាក់ ៤០កហាបនៈហើយ គឺទេវតាអោយ » ។ ប្រពន្ធស្ទុះមកឃើញច្បាស់ ក៏មានចិត្តត្រេកអរពន់ពេក ។លុះដល់ថ្ងៃរសៀលមន្រ្ដីនោះ យកប្រាក់៤០កហាបនៈទៅថ្វាយស្ដេចដាក់ឃ្លាំង។ ព្រះរាជាក៏តាំងមន្រ្ដីនោះអោយធ្វើជាចៅហ្វាយស្រុករក្សាខែត្រនោះតទៅ ។

ឯអាចោរចិត្តជា កាលបើដឹងថាមន្រ្ដីនោះបានធ្វើចៅហ្វាយស្រុកហើយ ក៏ដើរស្វែងរកលួចអ្នកស្រុកក្នុងខែត្រនោះ ធ្វើដំនើរអោយគេចាប់វាបាន​ម្ចាស់ទ្រព្យនាំអាចោរចិត្តជានោះ​ទៅជូន​ចៅហ្វាយស្រុក ចៅហ្វាយស្រុកបង្គាប់មេគុកអោយដាក់ច្រវាក់ឃុំទុក ក្រោមផ្ទះលោក។ វេលាយប់ស្ងាត់អាចោរចិត្តជានិយាយតែម្នាក់ឯងថា «ឱ! ហេតុតែឯងមានចិត្តអានិតគេ ៗចង់ ធ្វើចៅហ្វាយស្រុក ខ្លួនអែងប្រឹងយកប្រាក់ ៤០កហាបនៈវេចនឹងកំនាត់ជាតិ មកអោយគេទាំងយប់ អិលូវគេបានធ្វើចៅហ្វាយស្រុកហើយ គេមិនមេត្តាករុណាឯងបន្តិចសោះ គេដាក់ច្រវាក់​ឃុំឯងទុកអោយវេទនា»។ អាចោរចិត្តជានិយាយតែពាក្យដដែលៗម្នាក់ឯងមិនឈប់ ។

ឯចៅហ្វាយស្រុកនិង ប្រពន្ធ បានលឺចោរនិយាយដូច្នោះក៏ប្រឹក្សាគ្នាថា «ចោរវានិយាយនេះ ត្រូវដូចរឿងខ្លួនយើង គួរឆ្ងល់ណាស់គួរតែយើងចុះទៅសួរវាអោយជាក់ច្បាស់» ។ ទើបចៅហ្វាយស្រុក​ចុះពីផ្ទះទៅសួរចោរនោះថា «យើងលឺឯងនិយាយរឿងអី យើងស្ដាប់បានខ្លះ ចូរឯងនិយាយរឿងនោះអោយយើងស្ដាប់ក្នុង វេលានេះតាមពិត» ។ ទើបអាចោរចិត្តជានិយាយថាខ្លួនខ្ញុំនេះ​ជាមនុស្ស​ប្រព្រឹត្តចោរកម្ម ដើរតែលួចទ្រព្យរបស់គេរាល់យប់មកចិញ្ចឹមជីវិត កាលលោកនៅជាមន្រ្ដីតូច ពុំទាន់បានធ្វើចៅហ្វាយស្រុក វេលាយប់មួយនោះខ្ញុំដើរលួចគេ ហើយមកអង្គុយក្រោមផ្ទះលោក លឺលោកនិយាយ នឹង ប្រពន្ធថា «យើងបានប្រាក់៤០កហាបនៈមកពីណាថ្វាយស្ដេច ៗអោយធ្វើចៅហ្វាយស្រុកខែត្រមួយ »។ ប្រពន្ធលោកថា «យើងក្រីក្រម្ល៉េះនឹងបានពីណា ?» ។ ខ្ញុំលឺដូច្នេះ មានចិត្តអានិតលោក ក៏ទៅយកប្រាប់ ៤០កហាបនៈពីផ្ទះ វេចនឹងកំនាត់ជាតី មកដាក់ជិតក្បាលដំនេកទុកជូនលោកខ្ញុំត្រលប់ទៅវិញ ថ្ងៃក្រោយលឺគេនិយាយថា លោកបានធ្វើចៅហ្វាយស្រុក ខ្ញុំក៏មកលួចក្នុងខែត្រនេះ គេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកៗ ក៏ធ្វើទោសខ្ញុំមិនប្រណី »។

ចៅហ្វាយស្រុកបានស្ដាប់ក៏ជឿជាក់ឥតសង្ស័យ ហើយថា «ឱ! អាសំលាញ់អើយ! ឱងនិយាយនេះពិតប្រាកដមែន ដែលអញបានធ្វើចៅហ្វាយស្រុកពីព្រោះតែអែងជួយ វេលានេះឯងកុំភ័យ កុំតូចចិត្ត ព្រឹកនេះអញ នឹងដោះលែងឯងអោយរួចចេញពីទោស មួយទៀតឯង និង អញយកគ្នាជាសំលាញ់តទៅ »។ ចៅហ្វាយស្រុកសួរថា «ឯងឈ្មោះអ្វី ? »។ បុរសនោះជំរាបថា « ខ្ញុំឈ្មោះអាចោរចិត្តជា »។ រួចចៅហ្វាយស្រុកក៏ឡើងលើផ្ទះវិញ ។

លុះភ្លឺច្បាស់ចៅហ្វាយស្រុកបង្គាប់មេគុកអោយដោះអាចោរចិត្តជារួចពីទោស ហើយនិយាយថា « អាសំលាញ់ឯងនៅ នឹងអញចុះ អញចិញ្ចឹមឯងពីថ្ងៃនេះតទៅ ឯងកុំលួចគេទៀត »។ អាចោរ​ចិត្តជាឆ្លើយថា «រឿងលួចនេះអញមិនឈប់ទេ ដែលអញលួចទ្រព្យគេនោះគ្រាន់យកទៅចិញ្ចឹមមាតាមេម៉ាយ» ។ ចៅហ្វាយស្រុកក៏អោយប្រាក់ ៣០កហាបនៈយកទៅអោយមាតា។ អាចោរចិត្ត​ជាមិនព្រមយក ។ ចៅហ្វាយស្រុកសួរថា «ផ្ទះអាសំលាញ់ឯងនៅណា ? ចូរឯងប្រាប់អញអោយត្រង់ »។ អាចោរចិត្តជាប្រាប់ថា «អញនៅផ្ទះនោះ » ហើយលាចៅហ្វាយស្រុកទៅ​ផ្ទះវិញ ។

គ្រានោះលោកយមរាជ និង មន្រ្ដីតូចម្នាក់ កើតសេចក្ដីវិវាទទាស់ទែងគ្នាជាយូរខែ ហើយមន្រ្ដីតូចនោះ គុំគិតសំលាប់លោកយមរាជនោះអោយបាន។ មន្រ្ដីតូចនោះមានស្រីបំរើម្នាក់ជាទីទុកចិត្ត ប្រើដូចម្ដេចបានទាំងអស់។ ស្រីបំរើនខំផ្គាប់ផ្គន់ចៅហ្វាយមិនអោយទាស់ចិត្ត។ វេលាយប់ស្ងាត់មន្រ្ដីនោះនិយាយ នឹង ស្រីបំរើថា «វេលានេះ ចូរឯងអានិតអញពីព្រោះអញស្អប់លោក យមរាជណាស់អញចង់សំលាប់ចោល តែមិនដឹងរកអ្នកអែណាជួយរឿងនេះ សព្វថ្ងៃអញឃើញតែអែងមានប្រាជ្ញា» ហើយមន្រ្ដីនោះបង្គាប់ស្រីបំរើថា «ចូរអែងចេញពីអញទៅរកប្រាក់​លោកយមរាជ​​នៅ​នឹងគេចុះ រួចឯងខំផ្គាប់ផ្គុនគេដូចកាលនៅនឹងអញបើឯងបំរើនខាងក្រៅ លោកយមរាជនោះគេទុកចិត្តស្និទ្ធស្នាល អែងត្រូវចូលបំរើខាងក្នុងលុះបានហើយ ឯងចាំមើលរាល់វេលា​យប់ស្ងាត់ កាលណាយមរាជនោះដេកលក់ ចូរឯងរំលាយសំណអោយពុះក្ដៅ រួចយកទៅចាក់ក្នុងមាត់ទៅ លោកយមរាជនឹងស្លាប់មិនខាន គ្មានអ្នកណាដឹងឡើយបើឯងធ្វើបានដូចគំនិតនេះ អញ​នឹងចេញប្រាក់លួសឯងយកមកវិញអោយរួចពីខ្ញុំគេ »

ស្រីបំរើរនេះ ទទួលការសព្វគ្រប់ ។ វេលាយប់នោះអាចោរចិត្តជា ដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្រ្ដីនោះ កាលមន្រ្ដីនោះ និយាយបង្គាប់ស្រីបំរើអោយសំលាប់លោកយមរាជដូចម្ដេច ក៏វាស្ដាប់បានការណ៍ទាំងអស់ ។ ថ្ងៃក្រោយស្រីបំរើនោះលាម្ចាស់ទៅរកប្រាក់លោកយមរាជនោះ លោកយមរាជក៏ទទួលចេញប្រាក់លួងអោយនៅបំរើរៀងមក។ នាងនោះផ្គាប់ផ្គុនខំបំរើ លោកយមរាជ និង លោកជំទាវមិនអោយទាស់ចិត្ត។ លោកយមរាជ និង លោកជំទាវក៏ទុកចិត្តសិ្នទ្ធស្នាលអោយចេញចូលខាងក្នុងបំរើជិតដិតរៀងមក។ វេលាមួយនោះពេលយប់ស្ងាត់ ស្រីបំរើ​នោះ​វាដឹងថា លោកយមរាជ និងលោកជំទាវសំរាន្ដលក់ហើយ វាដុតភ្លើងរំលាយសំណអោយពុះក្ដៅ ហើយវាលើកសំណនោះ ចាក់ក្នុងមាត់លោកយមរាជ ៗស្លាប់ទៅរួចវាត្រលប់​ទៅដេកតាម​កន្លែងវិញ ។

លុះព្រឹកឡើងលោកជំទាវភ្ញាក់បានដឹងថា ប្ដីស្លាប់ក៏ស្រែកទ្រហ៊ោយយំ មនុស្សផ្អើលមកមើលឃើញលោកយមរាជស្លាប់មែនតែមិនដឹងថាស្លាប់ពីរោគអ្វី ដោយគ្មានស្នាក់ស្នាមបន្តិចសោះ។ លោកជំទាវនោះទៅក្រាបបង្គំទូលស្ដេចតាមរឿងដែលស្លាប់។ ព្រះរាជាទ្រង់ក៏ចាត់មន្រ្ដីអោយមកមើល តែមិនដឹងស្លាប់ពីរឿងអ្វី ព្រោះគ្មានហេតុស្លាកស្នាម ក៏ទៅក្រាបបង្គំទូលតាមរឿង។ ព្រះរាជាទ្រង់អោយយកសពទៅបញ្ចុះទុកតាមគួរ។

ក្រោយនោះជារដូវបុណ្យទ្វារទសមាស នាហ្មឺនសព្វមុខមន្រ្ដីចូលគាល់ព្រះមហាក្សត្រៗ ទ្រង់មានព្រះរាជអោង្ការថា «បើអ្នកឯណា រកឈ្មោះមនុស្សដែលសំលាប់យមរាជបានដឹងច្បាស់ប្រាកដ យើងអោយធ្វើទីយមរាជ» រួចទ្រង់ស្ដេចយាងចូលខាងក្នុងវិញ ។ សេនាបតីនាហ្មឺនសព្វមុខមន្រ្ដី ក៏ទៅផ្ទះរៀងខ្លួនវិញ ។ គ្រានោះចៅហ្វាយស្រុកដែលជា សំលាញ់អាចោរចិត្តជា ចង់ធ្វើ យមរាជណាស់ បានទៅរកអាចោរចិត្តជា ៗសួរថា «អាសំលាញ់ ឯងមករកអ្វី? »។ ចៅហ្វាយស្រុកប្រាប់ថា «អញមកមានការសួរឯងបន្តិច​ត្បិតលោកយមរាជស្លាប់ដោយ​ឥតមាននរណា​ដឹងថាស្លាប់ពីរោគអ្វី ឥលូវស្ដេចមានព្រះរាជឱង្ការថា «បើអ្នកឯណារកឈ្មោះមនុស្សដែលសំលាប់លោកយមរាជឃើញពិតប្រាកដ ទ្រង់ នឹង អោយធ្វើទីយមរាជ រឿងនេះអាសំលាញ់ឯង បានដឹងរឺទេ ? ត្បិតអញចង់ធ្វើយមរាជណាស់ » អាចោរចិត្តជាឆ្លើយថា «រឿងនេះអញបានដឹងច្បាស់ ព្រោះនៅវេលារាត្រីមួយនេះអញដើរលួចគេ​ហើយអញមកអង្គុយ​ក្រោមផ្ទះមន្រ្ដីតូចម្នាក់​នៅខាងជើងផ្ទះលោកយមរាជ ឆ្ងាយពីគ្នាបន្តិច មន្រ្ដីនោះប្រាប់ស្រីបំរើម្នាក់ថា « អញស្អប់លោកយមរាជពេក ចង់សំលាប់ចោល ព្រោះជាសត្រូវ នឹង អញ ក្នុងគ្រានេះត្រូវឯងជួយអញជាប្រាកដ ដូច្នោះត្រូវឯងចេញពីផ្ទះអញ ទៅរកផ្ទះលោកយមរាជនៅ បើគេព្រមទទួលអោយនៅត្រូវឯងខំបំរើគេអោយត្រូវចិត្តបើគេទុកចិត្តស្និទ្ធស្នាល ប្រើចេញចូលនៅខាងក្នុងវេលាណា លុះដល់យប់ស្ងាត់​ឯងត្រូវដុតភ្លើងរំលាយ សំណអោយពុះ ក្ដៅហើយយកទៅចាក់ក្នុងមាត់ លោកយមរាជកំពង់ដេកលក់ គង់ស្លាប់មិនខានអញស្ដាប់បានចាំប្រាកដ សំលាញ់ឯងទៅទូលស្ដេចតាមរឿងនេះចុះ តែអោយគាស់ខ្មោចលោកយមរាជនោះមកវះមើល បើឃើញសំណនៅក្នុង ពោះខ្មោចនោះមែនអាសំលាញ់ឯង នឹង បានធ្វើយមរាជមិនខាន »។

ចៅហ្វាយស្រុកស្ដាប់បានការហើយត្រលប់ទៅផ្ទះវិញ ។ ថ្ងៃក្រោយចៅហ្វាយស្រុកទៅទូលស្ដេចតាមរឿង ស្ដេចទ្រង់អោយភ្ជាក់ងារទៅចាប់មន្រ្ដីនោះ និងមេស្រីនោះយកមកឃុំទុក ទ្រង់អោយ​គាស់ខ្មោចលោកយមរាជ មកវះមើលឃើញសំណនៅក្នុងពោះមែន ទ្រង់អោយជំនុំរឿងនោះ មេនោះឆ្លើយថា «ខ្ញុំសំលាប់លោកយមរាជពិតប្រាកដ »ទ្រង់អោយប្រហារជីវិតទាំងពីរនាក់ ចោលទៅ ទ្រង់ក៏តាំងចៅហ្វាយស្រុកនោះអោយធ្វើទីយមរាជ ។ អែចៅហ្វាយស្រុកកាលបើធ្វើទីយមរាជហើយ អោយបំរើទៅហៅអាចោរចិត្ដជា ជាសំលាញ់មក លុះមកដល់ប្រាប់ថា «អាសំលាញ់អើយ! ឯងមានគុណ នឹងអញច្រើនណាស់ ឥលូវនេះអញបានធ្វើយមរាជហើយ ដែលអញបានធ្វើយមរាជនេះ គឺដោយសារឯងជួយអញ ពីថ្ងៃនេះទៅឯងកុំលួចគេទៀត អញចិញ្ចឹម មាតាឯង នឹងសំលាញ់ឯងលុះអស់ជីវិត » ។ អាចោរចិត្តជាឆ្លើយថា « អញសុំលួចតែម្ដងទៀត» រួចត្រលប់ទៅផ្ទះវិញ លុះយប់អាចោរចិត្តជាទៅលួចដង្ខៅម្នាក់បានប្រាក់ និង សំពត់អាវជាច្រើនយកទៅជូនមាតា។

លុះព្រឹកឡើងអាចោរចិត្តជាមកប្រាប់លោកយមរាជថា «អាសំលាញ់យប់មិញអញចូលលួចគេបានប្រាក់ និងសំពត់អាវច្រើនណាស់ ពីថ្ងៃនោះតទៅ អញលះបង់ចោលរឿងរកស៊ីលួចគេហើយ អាសំលាញ់ឯងជឿចុះ»។ លោកយមរាជតបថា « បើឯងឈប់រកស៊ីលួចគេនេះអញអរណាស់បើខ្វះខាតអ្វីមករកអញៗ អោយឯងកុំទើសទាល់ អញចិញ្ចឹមលុះអស់ជីវិត ។ អាចោរចិត្តជាក៏លា​លោកយមរាជទៅផ្ទះវិញ ទៅនៅរក្សាមាតាជាសុខសប្បាយ។ លោកយមរាជ និងអាចោរចិត្តជាស្រលាញ់រាប់អានគ្នាចិញ្ចឹមគ្នាដរាបអស់ជីវិតដូចបានសន្យាគ្នាមក។

សុភាសិតទាំងទងនឹងរឿងនេះ[កែប្រែ]

មនុស្សចិត្តជា តែងមានគ្នាជាទីពឹង

សូមមើលផងដែរ[កែប្រែ]

ប្រជុំរឿងព្រេងខ្មែរ

ឯកសារយោង[កែប្រែ]

ប្រជុំរឿងព្រេងខ្មែររបស់មណ្ឌលវប្បធម៌ខ្មែរនៅស្វីស[តំណភ្ជាប់ខូច]