រឿងពាលសង្រួមហួសប្រមាណ

ពីវិគីភីឌា

គតិលោក > គតិលោក ភាគ​ ទី ១ > រឿងពាលសង្រួមហួសប្រមាណ

រឿងពាលសង្រួមហួសប្រមាណ[កែប្រែ]


ដូចនិទានពីតាបស១រូប ទៅតាំងអាស្រមកុដិនៅខាងជាយពៃ្រ១ នៅទៀបជនបទនោះមានឧបាសកម្នាក់ ជាអ្នករាប់អានតាបសនោះ បាន ថ្វាយខ្លួនជាអ្នកឧបដ្ឋាកជាអ្នកបំរើ។ ឯតាបសនោះតែងចូលទៅកាន់ត្រកូលនោះរឿយៗ លុះនៅយូរមក ឧបាសកនោះយកប្រាក់១ហឹបទៅ ផ្ញើទុកនឹងតាបស។

ឯតាបសក៏អោយឧបាសកកប់ហឹបប្រាក់ទុកក្នុងទី១ ដ៏សមគួរខាងទីអាស្រមនោះឯង ដល់យូរបន្តិចមក តាបសនោះកើតលោភចេតនា ទើបគិតថា អាត្មាអញនេះមកបួស ខំប្រព្រឹត្តរក្សាសីល ក៏យូរឆ្នាំណាស់ហើយ មគ្គក៏មិនបានដល់ ផលក៏មិនបានសំរេចទាំង ឈានទៀតក៏មិនកើតម្តងសោះ បើដូច្នេះគួរតែអញសឹក ចេញចាកសិក្ខាទៅជាឃរា វាសវិញ គិតប្រកបការរកស៊ីយល់ជាប្រសើរជាង ឯប្រាក់ដែលឧបាសកគេផ្ញើ នោះ អញ នឹង លួចយកទៅធ្វើជាដើមទុនប្រកបការខាងផ្លូវលោកិយបានហើយ តែនឹងលួច យកទៅឥឡូវនេះ ឧបាសកជាម្ចាស់គេ នឹង តាមតវ៉ាចោទថា អាត្មាអញលួច បើដូចេ្នះ មានតែគិតលួចជាការបង្វែងដាន កុំអោយម្ចាស់គេនោះសង្ស័យនឹងខ្លួនអញបាន។

កាលបើតាបសគិតយល់ឧបាយ១ដូច្នេះហើយ ទើបកកាយយកហឹបប្រាក់អំពីទីនោះ នាំទៅកប់ទុកទីដទៃ ដើម្បីមិនអោយម្ចាស់ប្រាក់សង្ស័យ នឹងខ្លួន លុះកប់លាក់ហឹបប្រាក់ នោះហើយតាបសក៏រៀបគ្រឿងបរិក្ខារ ដាក់សំពាយស្ពាយដើរទៅកាន់ផ្ទះឧបាសក ឯឧបាសក បានយល់តាបសមកដូច្នេះហើយក៏រៀបទីអាសនៈដ៏សមគួរហើយ និមន្ត តាបសឡើងទៅលើគ្រឹះស្ថានវន្ទាធ្វើបដិសណ្ឋារៈសួរទទួលដោយសេចក្តីរាប់អាន។ ឯតាបសនិយាយថាៈ

ចំរើនពរ អាត្មាភាពមកលាញោមទាំងអស់គ្នា នឹងទៅនៅព្រៃព្រះហិមពាន្តហើយ ត្បិតទីលំនៅសព្វថ្ងៃនេះ ជាទីនៅជិតទៀបស្រុក មនុស្ស ម្នាទៅមកមិនដាច់ នាំអោយកង្វល់រវល់ នឹង ការលោកិយច្រើនណាស់ រកអោកាសនឹងចំរើនភាវនាពុំបាន ១ទៀតឯរឿងប្រាក់ញោមដែល ផ្ញើនោះ អោយញោមទៅយកផងចុះ អាត្មាទៅហើយកែ្រងមានអន្តរាយជាខាងក្រោយ ញោមកុំមៃថាអាត្មាឡើយ»។ ឯឧបាសកនោះក៏ ឆ្លើយថា៖

មិនអីទេ ព្រះករុណារឿងប្រាក់ដែលកប់លាក់ទុកនោះ ចំពោះដឹងតែលោកម្ចាស់ និងខ្ញុំករុណាតែពីរនាក់ប៉ុណ្ណោះ ឯងអ្នកឯណា នឹង បាន ដឹងលឺផងជា៣-៤នាក់ពុំមាន បើលោកម្ចាស់ចង់ទៅនៅព្រៃហិមពាន្តក្នុងថ្ងៃណា ក៏សូមនិមន្តទៅចុះ រឿងប្រាក់នោះចាំខ្ញុំរួចធុរៈរវល់ថ្ងៃណា សឹមខ្ញុំទៅ យក។ ឯតាបសក៏ឆ្លើយថា៖

ចំរើនពរអញ្ជើញទៅយកចុះ។

ថាហើយក៏់លាត្រកូលនោះចេញទៅ កាលចុះទៅដល់មាត់ជណ្តើរ តាបសក៏កាន់យកស្បូវដែលប្រក់ផ្ទះនោះមួយសរសៃ ហើយសៀត ជាប់ នឹង ជដា គឺផ្នួងសក់ដើរទៅដល់មាត់ច្រកផ្លូវ ហើយវិលត្រលប់មកវិញលើកយកកំណាត់ស្បូវនោះ ជូនទៅឧបាសកហើយថា៖

ញោមអើយអាត្មាភាពសូមទោសញោមផងចុះ ត្បិតអាត្មាពុំបានកែ្លងលួចកំណាត់ស្បូវនេះទេ គឺវាជាប់ទៅ នឹង ផ្នួងជដានៃអាត្មាអាត្មា ក៏ពុំដឹងសោះលុះតែដើរទៅដល់ក្រៅបង ស្រាប់តែឃើញស្បូវនេះវាធ្លាក់ពីជដាមក ទើបអាត្មាកើតសេចក្តីភិតភ័យដោយសីលកែ្រងសៅ ហ្មងហេតុនេះទើបយកមកជូនញោមវិញ សូមញោមមេត្តា អត់ទោសអាត្មាចុះ។

ឯឧបាសកនោះ លុះលឺពាក្យជដិលកោង និយាយជូនកំណាត់ ស្បូវដូច្នេះហើយ ក៏សំគាល់ថា «លោកតាបសនេះមានសីលពិសេស» ទើប តបទៅថាៈ

បពិត្រព្រះករុណាម្ចាស់ កុំមានហរិទ័យរង្គៀសឡើយ យើងខ្ញុំពុំមានចិត្តសង្ស័យ នឹងសីលលោកម្ចាស់ទេ ចូរលោកម្ចាស់ និមន្តទៅតាមសប្បាយចុះ។

គ្រានោះ ព្រះពោធិសត្វជាម្ចាស់យើងនេះ អន្ទោលជាតិកើតជានាយឈ្មួញ១នាក់ បានទៅជួញដល់ទៅស្រុកនោះ លុះដើរទៅបានលឺតាបស ជូនកំណាត់ស្បូវ ដែលខ្លួនកាន់យកដោយឧបាយកោងដូច្នេះហើយ ក៏យល់ដោយប្រាជ្ញាជ្រាបថាតាបសនេះ មានបើលួចយកទ្រព្យអ្វីៗរបស់ អ្នកផ្ទះនេះមិនខានឡើយ ទើបពោធិសត្វដណ្តឹងសួរ ទៅឧបាសកនោះថា៖

អ្នកឯងមានផ្ញើទុកដាក់របស់អ្វី នឹងតាបសនេះខ្លះដែរឬទេ?» ឧបាសកនោះប្រាប់ថា៖

ខ្ញុំបានផ្ញើប្រាក់១ហឹបនឹងលោក។ ពោធិសត្វថា៖

ឱ! បើ ដូច្នោះប្រាក់ឯងនោះ វិនាសដោយដៃលោកជីតុនអ្នកឯងប្រាកដហើយ ប្រាក់១ហឹបនោះ លោកជីតុនអ្នកឯងលួចយកទៅហើយ ចូរអ្នកឯងទៅតាមចាប់ខ្លួនអោយទាន់ក្នុងកាលឥលូវនេះ។

ឯឧបាសកនោះជាមនុស្សឥតប្រាជ្ញា ក៏ឆ្លើយតបថា៖

លោកជីតុនខ្ញុំនេះ លោកមានសីលវិសេសពេកណាស់ លោក នឹងអាចហ៊ានលួចប្រាក់នោះឯណាបាន តែត្រឹមកំណាត់ស្បូវ១សរសៃ ដែលជាប់ទៅ នឹង ជដាសក់របស់លោកម្តេចលោកក៏ពុំហ៊ានកន្លង លោកនាំយកមកអោយវិញ ហេតុនោះ នឹង ថាលោកលួចប្រាក់ខ្ញុំឯណា ក៏បាន។ ពោធិសត្វតបថា៖

ឱ! អ្នកឯងមិនស្គាល់អាការពាលទេតើ! នែអ្នក ក៏ឯសីលអទិន្នាទាន នឹង ដាច់ នឹង សៅហ្មង ព្រោះកំណាត់ស្បូវ ១សរសៃនោះឬអ្វី? នេះ ឯងហើយ ជាអាការរបស់មនុស្សយកសក់បាំងភ្នំ បន្លំដាន លួចប្រាក់អ្នកឯងពិតហើយ បើអ្នកឯងមិនជឿ អញ្ជើញទៅមើលប្រាក់អ្នកចុះ ដែលផ្ញើទុកនោះ ជានៅដូចដើម ឬដូចម្ដេចទៅចូរទៅអោយឆាប់ ទាន់តាបសគាត់មិនទាន់ទៅឆ្ងាយ។

ឯឧបាសកនោះក៏យល់តាម ទើបនាំពោធិសត្វទៅអាស្រមនៃតាបស ទៅមើលទីដែលកប់ប្រាក់នោះ ឃើញអាចម៍ដីខ្ចាយរាយពាស ទើប កកាយទៅខាងក្រោមក៏ពុំឃើញហឹបប្រាក់នោះឡើយ។ ឧបាសកក៏រឹត តែជឿពាក្យពោធិសត្វក្រៃពេក ទើបនាំពោធិសត្វរត់ទៅតាមតាបស បានទាន់នាកណ្តាលផ្លូវ ហើយក៏ចាប់ខ្លួនតាបសនោះមកសាកសួរថា៖

ប្រាក់យើងដែលផ្ញើនោះបាត់អស់ទៅហើយ កាលយើងមកកប់ទុកនោះ ពុំមានអ្នកណា១អាចដឹងទេ គឺដឹងតែប្រស្តែងឯង និងរូបយើង ពីរនាក់ប៉ុណ្ណោះទេ ឥឡូវបាត់ពីទីនោះទៅ នឹង ថាអ្នកឯទៀតណាមកលួចនោះក៏មិនបាន គឺប្រស្តែង ឯងលួចពិតហើយ ចូរអ្នកប្រាប់យើង ដោយពិតចុះ បើពុំប្រាប់យើង យើងនឹងវាយអោយស្លាប់ ឥឡូវនេះឯង។

ឯជដិលកោងនោះក៏ភិតភ័យខ្លាចសេចក្តីស្លាប់ ក៏ប្រាប់តាមដំណើរខ្លួនលួចបង្វែងទៅកប់ទុកនៅទីឯទៀត ហើយក៏នាំឧបាសកនោះ ទៅ យកហឹបប្រាក់ដែលខ្លួនលាក់ទុកនោះប្រគល់អោយដល់ឧបាសកជាម្ចាស់ប្រាក់។ ឯឧបាសកក៏ទទួលយកហឹបប្រាក់ហើយតិះដៀលតាបស នោះដោយប្រការផ្សេងៗ ហើយបែរទៅសរសើរប្រាជ្ញានៃ ពោធិសត្វ ដោយអនេកប្បរិយាយ ទទួលពោធិសត្វទុកជាគ្រូអាចារ្យប្រដៅខ្លួន អំពីថ្ងៃនោះមក។

ចប់តំរាពាលសង្រួមហួស ប្រមាណ

ស. ឆ្លើយថាករុណាលោកគ្រូម្ចាស់ៗ សំដែងមកនេះខ្ញុំចូលចិត្តហើយ តែការដែល នឹងស្គាល់អាការកិរិយាមនុស្សពាលនោះក្រណាស់ ជួនមនុស្សពាលនោះ វាមានអំណាច និយាយបញ្ចុះបញ្ជូលអ្នកស្រុក អ្នកស្រុកក៏នាំគ្នាជឿតាមពាលនោះទៅ ជួនជាមានអ្នកណា ១ដឹងស្គាល់ អាការកិរិយានៃមនុស្សពាល នៅមិនប្រព្រឹត្តមិនជឿតាមគេៗ ក៏បៀតបៀនអ្នកនោះឯងថា ជាមនុស្សឆ្កួតវិញដូច្នេះនេះលោកគ្រូនឹងប្រព្រឹត្ត ទៅយ៉ាងណា នឹង អោយរួចអំពីពាលនោះបាន? ។

គ. អោ!ឯងថានោះត្រូវហើយ ក៏វិស័យគេឆ្កួតពេញស្រុកហើយ ឯងជាតែម្នាក់ឯង ឯណាក៏នឹងបាន តែតោងមើលកាល មើលសម័យ ពិចារណាមើលតាមអាការនោះផង ជាការពាក់ព័ន្ធដោយទោសរាជ ឬដោយទោសរាស្រ្ត គឺកើតមកជាមនុស្សត្រូវអោយស្គាល់ទោសពីរ ប្រការ គឺទោសរាជ១ ទោសរាស្រ្ត១ ឯទោសរាជនោះ គឺពាលនោះឯង វាកែ្លងតាំងខ្លួនជាអ្នកបុណ្យ ហើយអួតខ្លួនថា វាជាស្តេចជាព្រះអង្គ ម្ចាស់ មាននាមថា ព្រះបាទធម្មិករាជជាដើមតាំងបញ្ចុះបញ្ជូលមហាជនកងទ័ព គិតក្បត់ម្ចាស់ផែនដីយ៉ាងនេះហៅថាទោសរាជ គឺទោសព្រោះ តាំងខ្លួនជាស្តេច ថាបើឯង ដឹងអាការហេតុដូចយ៉ាងថាមកនេះហើយតោងគិតវេះគេចចេញចាកទីនោះបង់ ទើបអាចរក្សាខ្លួនអោយសុខបាន។

ឯទោសរាស្រ្តនោះ គឺពាលមានអំណាចក្តី អិតអំណាចក្តី វាប្រចុបប្រចែងកែ្លងក្លាយ ប្រើឧបាយមាយានិយាយអួត កុហកថា វាចេះធ្វើ ហោរទាយ ចេះអង្គុយធម៌ មើលហួយ មើលខ្មោច ចេះគ្រូមើលជំងឺ មើលស្តោះគ្រោះ បូជាគ្រោះ ជាដើម ហើយវានិយាយបំភ័យអោយ អ្នកស្រុកបូជាផ្សេងៗ។ មនុស្សទាំងឡាយជឿពេញស្រុកហើយតែឯងមិនជឿតាមគេ គេថាឯងឆ្កួត យ៉ាងនេះហៅថាទោសរាស្រ្ត។ តែបើ ពាលមានអំណាច វានឹងបៀតបៀនហើយតោងប្រព្រឹត្តទៅតាមកិរិយាដូចតំរាថា «លោកបែ្រតោងប្រព្រឹត្តតែចិត្តកុំប្រែតាមវា» គឺប្រព្រឹត្ត តែកិរិយាក្រៅទៅចុះ ព្រោះការទាល់ ដូចមាននិទានរឿងចៅសនជាបែប។