រឿងស៊ឹមអ្នកបរឡាន (វគ្គទី៥៖ ចាំលោក)
Appearance
- ស៊ឹមឥឡូវមិនសូវនឿយហត់ទេ។ម៉ោងជិត៨បានមកដល់។ពូសនបាននិយាយទៅកាន់ស៊ឹម ក្រោយដែលស៊ឹមបានចតរទេះឡាននៅបៀតឡានគាត់ ហើយដើរមកអង្គុយជាមួយគាត់។
- ចាំមិនយ៉ាប់ចុះ ស៊ឹមឆ្លើយ រាល់ថ្ងៃចេញពីផ្ទះម៉ោង៦ ទៅដល់ផ្ទះលោកម៉ោង៦កន្លះ ជូនកូនលោកទៅរៀន រួចត្រឡប់មកជូនលោកមកធ្វើការ។
- កូនលោកទៅរៀនសាលាណា?
- រៀនសាលាបារាំងបៀតវត្តភ្នំ។
- ខ្ញុំមានកូនមួយដែរ វាប្រឡងជាប់សញ្ញាប័ត្រ តែប្រឡងចូលវិទ្យាល័យធ្លាក់។ឥឡូវមិនដឹងឲ្យទៅរៀនឯណាទេ។ប្រាក់ខែមិនគ្រប់គ្រាន់សោះ។មីងឯងចងការលុយគេចាយរាល់តែខែ ពិបាកណាស់...។
- ខ្ញុំក៏អីចឹងដែរ។ខ្វះព្រឹក ខ្វះល្ងាច។ឲ្យប្រពន្ធទៅស្រែលក់អង្ករគ្រាន់នឹងទប់។
- ពូសង្ឃឹមលើឆ្នោតណាស់សព្វថ្ងៃ។រាល់ថ្ងៃអាទិត្យ ពូទិញឆ្នោត៣សន្លឹក តែវាមិនដល់ម្តងសោះ។ឲ្យតែត្រូវចំហុកសិបម៉ឺន ពូមុខជាសង់ផ្ទះ ហើយឲ្យកូនទៅរៀនសាលាឈ្នួលទៀត...។
- ខ្ញុំឈប់ចាប់ឆ្នោតផ្សងសំណាងជាងមួយឆ្នាំហើយ។អស់ជាងពីរឆ្នាំ ខ្ញុំបានប្រព្រឹត្តលេងឆ្នោតរាល់អាទិត្យ តែវាមិនដែលបៀតមួយលេខសោះ។មួយខែៗចាយទៅឆ្នោតជិត១០០រៀល។ជញ្ជាំងខ្ទមខ្ញុំពេញទៅដោយសន្លឹកឆ្នោតជាតិ...។
- ចំណែកពូមិនដែលត្រូវសោះមែន តែមីងឯងដូចជាហេងជាងពូ គេត្រូវបានពីរលើកមួយពាន់ៗរៀល។ហេតុនេះហើយបានជាពូមិនទាន់អស់សង្ឃឹម ពូល្បងលេងទៀត...។
- ខ្ញុំស្បថឈប់លេងហើយ។ខ្ញុំសន្សំលុយនោះយកទៅប្រើការផ្សេងវិញ។មួយខែជិត១០០រៀល។
- យើងមិនចូលធ្លុងគ្នាទេ។ពូនៅតែលេងឆ្នោតជានិច្ច។មើល តើឯងសន្សំទុកដូចម្តេចកើត បើខ្វះច្រករាល់តែខែដូចនេះ។
- ខ្ញុំចាយលុយនោះទិញសៀវភៅល្អៗយកមករៀន ខ្ញុំជាវកាសែតមើល...។
- រៀនខ្មោចអី ចំណាស់ស៊ឹមឯងហើយ។វាអស់បានធ្វើលោកអ្នកនឹងគេហើយ ធុនយើងនេះ។
- ខ្ញុំគ្មានចង់ធ្វើលោក-អ្នកទេ។ខ្ញុំចង់តែចេះដើម្បីឆ្ពោះទៅរកផ្លូវយុត្តិធម៌តែប៉ុណ្ណោះ។ខ្ញុំចង់ចេះដើម្បីការពារសិទ្ធិសេរីភាពខ្ញុំ កុំឲ្យគេបំពាន។ខ្ញុំចង់ចេះដើម្បីជួយពង្រឹង និងពង្រីកអព្យាក្រឹតភាព ឯករាជ្យ ប្រជាធិបតេយ្យប្រទេសយើង...។
- ទាវាមិនដែលឡើងរានទេស៊ឹមអើយ ជឿពូចុះ។ពូបើកឡានតាំងពីជំនាន់បារាំងមក មិនដែលឃើញអ្នកបើកឡានណាឆ្កួតដូចស៊ឹមឯងទេ គិតមើលកាសែត គិតរៀននោះទេ... ឯងកុំចង់ចេះពេក ព្រោះអ្នកចេះមិនស្រួលទេ។
- ហេតុអ្វីក៏ដូចនោះ?
- តែចេះវារបេះក្បាច់។អាចារ្យហែម-ចៀវ វ័ណ្ឌកដោយសារចំណេះទេតើ។ឯងមិនចាំទេ បារាំងនិរទេសទៅកោះត្រឡាច ចោលឆ្អឹងនៅកោះកណ្តាលសមុទ្រ...
- នោះជាន់ដើម យើងចំណុះបារាំង...។
- ចុះឥឡូវ គ្មានគុកឬ? ចាងហ្វាងកាសែតច្រើនណាស់ សុទ្ធតែចេះអធិប្បាយក្បោះក្បាយដែរ...។អ្វី! ពូមិនចាំបាច់និយាយវែងទេ ឯងដឹងស្រាប់ហើយ។
- ពូថាឲ្យអស់ទៅមើល។
- តើនៅគុកប៉ុន្មានខែ ម្នាក់ៗ? ឯងចាំទេ?
- បើដូចនេះ ចង់ឲ្យកូនពូឯងរៀនចេះធ្វើអ្វី? ចាំបាច់គិតព្រួយពីគ្មានសាលាឲ្យវារៀនធ្វើអ្វី?
ត្រង់ពាក្យសួរនេះ ពូសនបែបទាល់ហើយក៏បែរមើលមុខស៊ឹម សួរតបមកវិញ៖
- មើលឯង បានរៀនអ្វីខ្លះ? ឯងមើលកាសែតអ្វីខ្លះ?
- ខ្ញុំ ពីដើមជាវកាសែតសាមគ្គី ប្រជាជន ខ្មែរថ្មីទៅមុខ។បន្ទាប់មកខ្ញុំជាវកាសែតប្រជាជាតិ ប្រជាធិបតេយ្យ។លោកខ្ញុំឲ្យកាសែតសង្គមរាស្ត្រនិយមខ្ញុំមើល ឥឡូវខ្ញុំមើល "វត្តភ្នំ"។
- ស៊ឹមឯងហ៊ានមើលកាសែតប្រជាជាតិ ប្រជាធិបតេយ្យ ប្រជាជនផង នៅស្រុកស្រែចំការ ឮគេថា គេហាមមិនឲ្យមើលកាសែតអស់នោះទេ។គេដៅសម្គាល់អ្នកមើល ស៊ឹមឯងប្រយ័ត្ន...។
- ខ្ញុំគ្រាន់តែឮ តែខ្ញុំមិនទាន់ឃើញនរណាហាមម្តងសោះ ក្រៅពីពូឯងបំភ័យខ្ញុំនេះ ក្នុងការធ្វើអ្វីក៏ដោយ យើងត្រូវពិនិត្យហ្មត់ចង់ មិនត្រូវភ័យជ្រួលគ្មានចុងដើមទេ។
- យើងត្រូវសួរជាមុន តើកាសែតទាំងនោះ នរណាឲ្យច្បាប់ចេញ ក្រែងរាជការឬ? បើដូចនេះ អ្នកដើរបំភ័យមិនឲ្យមើល មានពូសនជាដើម គឺសុទ្ធជាអ្នកបំផ្លាញច្បាប់ សេរីភាព សិទ្ធិប្រជាជនខ្មែរពេញទី។
- កុំចេះពេក។ពូដាស់រំលឹកទៅ បែរជាចោទថា ពូរំលោភសេរីភាព សិទ្ធិទៅវិញ។ស៊ឹមឯងប្រយ័ត្ន កុំក្អេងក្អាងពេក...។
- ពូសនៗ។បើកឡានមក។សម្លេងមួយបានចេញពីមន្ទីរធ្វើការ។
ពូសនរត់ចូលទៅក្នុងឡាន បញ្ឆេះម៉ាស៊ីន បើកឡានគាត់ទៅអែបជើងជណ្តើរ បន្ទាប់មកឡានម៉ាកអាមេរិកវែងបានលូនចេញទៅក្រៅ...។