រឿងឧមាមហេស្វរ
ឧមាមហេស្វរៈ ជាភាសាសំស្រ្កឹត ការហៅឈ្មោះទេពពីរអង្គបញ្ចូលគ្នាគឺ ព្រះនាងឧមា (សំស្រ្កឹត) មានន័យថាសេចក្តីស្ងប់ សុខសាន្ត កិត្តិយស លំអ ពន្លឺ ជានាមជាយាដ៏សំណប់ចិត្តរបស់ព្រះឥសូរ។ រឿងនេះតំណាលថា នៅពេលអង្គព្រះឥសូរកំពុងតាំងសមាធិនៅលើភ្នំកៃលាស ស្រាប់តែនៅចំពោះមុខព្រះអង្គមានផុសចេញនូវទេពធិតាមួយព្រះអង្គឈ្មោះថាឧមា ដែលមានកំណើតចេញពីតំណក់ទឹកសន្សើមរបស់ស្ថានទាំងបីផ្គុំធាតុចូលគ្នា ភ្លាមនោះព្រះឥសូរក៏ចាប់ចិត្តស្រឡាញ់នាងឧមាមួយរំពេច ប៉ុន្តែព្រះនាងបានពោលថា បើព្រះអង្គពិតជាស្រឡាញ់ទូលបង្គំមែន ទួលបង្គំសូមស្នើឱ្យមានវត្ថុពិសេសមួយធ្វើជាសាក្សីនៃក្តីស្រឡាញ់លើលដំបូងរបស់ព្រះអង្គមកលើខ្ញុំម្ចាស់។ ស្រាប់តែភ្លាមនោះមានរូបគោមួយដែលលេចចេញរូបរាងមិនពេញលក្ខណៈផុសនៅក្នុងកម្រងផ្កាទិព្វអណ្តែតលើលំហអាកាស ជួនឃើញខ្លួន ជួនឃើញស្នែង ជួនឃើញមុខមាត់ ជួនឃើញជើង ជួនឃើញកន្ទុយ។ ពេលនោះព្រះនាងឧមាបានសុំឱ្យព្រះឥសូរផ្គុំរូបគោឱ្យមានរូបរាងពេញលេញ និងមានជីវិតឡើង ព្រះឥសូរក៏យល់ព្រមហើយចាប់ផ្តើមរៀបចំផ្គំធាតុគោនេះឡើង ដើម្បីជាចំណងដៃក្នុងពិធីមង្គលនោះ។ ជាកិច្ចចាប់ផ្តើមព្រះឥសូរចាប់ផ្តើមព្រះឥសូរស្នើសុំនូវតំណក់ទឹកសន្សើមនៅលើខ្លួនរបស់ព្រះនាងឧមា និងតំណក់ទឹកភ្នែករបស់បក្សីគ្រុឌដែលរក្សានៅលើថ្ងាសរបស់ព្រះពហ្ម បន្ទាប់មកព្រះឥសូរស្នើសុំវត្ថុទិព្វមួយទៀតគឺឆព្វណ្ណរង្សីទាំងប្រាំមួយពណ៌របស់ព្រះវស្ណុ ភ្លាមនោះព្រះវិស្ណុបានរាំបញ្ចេញរស្មីឆព្វណ្ណរង្សីមានពណ៌ស ក្រហម ខៀវ លឿង ហង្សបាទ និងពណ៌ផ្លេកៗពន្លឺពេជ្រ បង្កើតបានជាពន្លឺចែងចាំងទាំងប្រាំមួយពណ៌ចាក់ចូលទៅក្នុងវត្ថុទិព្វទាំងឡាយនៅបាតដែព្រះឥសូរ ហើយព្រះឥសូរក៏បានបាចតំណត់ទឹកទាំងនោះទៅលើបំណែករូបគោ ទើបរូបគោនោះបានផ្គុំជារូបពេញតែម្តង។ ក្រោយមករូបពេញលក្ខណៈនិងមានជីវិតមក ព្រះគោបានចុះសំដៅទៅគោរពព្រះម៉ែឧមារួចហើយគោរពព្រះឥសូរ គោនោះមានឈ្មោះថា គោនន្ទិ ក្រោយមកបានក្លាយជាយាន្តជំនិះ និងជាឆ្មាំការពាររបស់ព្រះឥសូរនឹងព្រះនាងឧមា។ នៅក្នុងពិធីមង្គលនោះមុននឹងព្រះឥសូរលើកព្រះនាងឧមាត្រកងបីដាក់លើខ្នងគោនន្ទិ ព្រះនាងបានសួរទៅព្រះឥសូរថា ព្រះអង្គស្រឡាញ់ខ្ញុំម្ចាស់ទុកស្មើនឹងអ្វី? ព្រះឥសូរឆ្លើយតបថា ទូលបង្គំស្រឡាញ់ទុកស្មើនឹងដួងជីវិត ភ្លាមនោះព្រះឥសូរបានចាប់លើកបីព្រះនាងឧមាដាក់លើភ្លៅគង់នៅលើគោនន្ទិជាមួយគ្នា ហើយពិធីអាពាហ៍ពិពាហ៍ចាប់ផ្តើមឡើងដោយមានអាទិទេពទាំងអស់បានមកចូលរួមអបអរសាទរថ្វាយពរជ័យដល់អ្នកទាំងពីរ នៅទីបំផុតអាទិទេពទាំងឡាយបានសម្រេចនាំគ្នាហៅព្រះឥសូរនិងព្រះនាងឧមានៅគ្រានោះថា ឧមាមហេស្វរៈ[១]។
ឯកសារយោង
[កែប្រែ]- ↑ លោក ចាន់ ភក្តី