រឿងស្រះយក្ខឡោម
រឿង ស្រះយក្ខឡោម (ខេត្តរតនគិរី) ប្រជុំរឿងព្រេងខ្មែរ ភាគ ៦ ទំព័រ ១៥១ - ១៥៤ នៅក្នុងតំបន់ឡាបានសៀក ឃុំឡាំងបាង ស្រុកលំផាត់ ខេត្តរតនគិរី មានស្រះមួយធំ ទំនងជាអាងទឹកបុរាណ ដែលសេសសល់មកពីលក្ខណៈភូមិសាស្ត្រ, ព្រោះស្រះនេះ នៅចំចន្លោះជ្រលងភ្នំ ហើយមានសណ្ឋានមូលដូចបាតខ្ទះ ។ អ្នកដំណើរណា ដែលបានទៅដល់រតនគិរី គេពុំអាចភ្លេចទៅលំហែ ឬ ទៅទស្សនាស្រះយក្ខឡោមឡើយ, សមបើសព្វថ្ងៃនេះ នៅឡាបានសៀក មានការរៀបចំភូមិស្រុកល្អផង ដូចជាមានផ្សារផ្សោ មានវត្តអារាម មានភូមិនិវេសនដ្ឋាន មានចម្ការកៅស៊ូរដ្ឋ ។ល។ ក៏រឹតតែបានជាទីជំនុំចំណោមធំដុំមួយឡើង ។ កាលបើទៅដល់ "ស្រះយក្ខឡោម" គេតែងនឹករកដើមហេតុនៃឈ្មោះចម្លែកនេះភ្លាម ។ ការឆ្ងល់នេះ ក៏នាំឲ្យសាកសួររកហេតុដើម ដែលមាននៅជាប់នឹងបែបនិទានរបស់អ្នកស្រុក ជារឿងព្រេងប្លែកៗ គ្នា ដែលយើងលើកមកអធិប្បាយ ដូចតទៅនេះ ៖ ពាក្យថា "យក្ខឡោម" គេអាចយល់បានដោយងាយថា "យក្ខវាព័ទ្ធ" តាមពាក្យបរម្បរាតៗ គ្នាមក មានរឿងនិទានថា : តាំងពីយូរលង់មកហើយ មានស្ដេចក្រុងយក្ខមួយ មានឫទ្ធិអំណាចខ្លាំងពូកែណាស់ ព្រះអង្គមានព្រះរាជបុត្រីមួយ ស្អាតលើសស្រីនានា, ទាំងសក់ទាំងរូបកាយរបស់នាង តែងមានក្លិនក្រអូបជានិច្ចរៀងរាល់ថ្ងៃ ទើបយក្សជាបិតាឲ្យនាមបុត្រីនោះថា : "នាងសក់ក្រអូប" ។ លុះដល់មានវ័យគ្រប់គ្រាប់កាលណា ក៏មានមនុស្សមួយរូប ខ្លាំងពូកែណាស់ដែរ បានចូលទៅលបលួចលួងលោមស្នេហាជាមួយនាង ។ ទាំងពីរប្រាណ ដោយភ័យខ្លាចស្ដេចយក្ខជាបិតាដឹង ក៏នាំគ្នារត់មកក្នុងព្រៃមួយ ។ ក្រោយមក ស្ដេចក្រុងយក្ខ ដឹងរឿងរ៉ាវនេះ ក៏ផ្អើលឆោឡោ ស្រែកឡូឡា កេណ្ឌពលយក្ខជាបរិវារ ហោះហើរតាមរកកូនសំឡាញ់ខ្លួន ដល់មកត្រង់កន្លែងព្រៃស្ដុកនេះ ក៏មានសេចក្ដីសង្ស័យថា ប្រហែលជាបុត្រីខ្លួននៅទីនេះ ទើបបញ្ជាឲ្យយក្ខជាកូនចៅ យាមល្បាតព័ទ្ធព្រៃនោះយ៉ាងមាំ ហើយឲ្យយក្ខ ១ ក្រុមទៀត ដកព្រៃព្រឹក្សាគ្រវែងចោល ហើយនាគ្នាជីកកកាយរកនាង តែទោះបីជីកយ៉ាងណាក៏រកពុំឃើញ ទើបស្ដេចក្រុងយក្ខ នាំបរិវារត្រឡប់ទៅនគរដើមវិញ ។ អាស្រ័យហេតុពួកយក្ខ កកាយរកនាងសក់ក្រអូបនេះ ទើបមាននៅសល់ជាស្រះមួយនៅរតនគិរី ហៅថា "ស្រះយក្ខឡោម" រហូតដល់សព្វថ្ងៃ ។ ស្រះយក្ខឡោម ជាស្រះមួយមានទឹកថ្លាឈ្វេង ដែលមានជម្រៅជាង ៧០ ម. បារដូវប្រាំង, មានបណ្ដោយ និង ទទឹងប្រហែល ១ គ.ម. រាងរង្វះមូលស្មើ ។ នៅមាត់ស្រះ មានដើមមាក់ប្រេង មាក់ប្រាង សាវម៉ាវ សិរមាន់ ភ្ញៀវ ដុះនៅពាសពេញក្បែរមាត់ស្រះ គួរឲ្យទស្សនា ។ នៅជុំវិញស្រះនេះ កងខេមរភូមិន្ទយើង ទើបនឹងបានស្ថាបនាផ្លូវថ្នល់ដ៏វិចិត្រ បើករថយន្តបានដោយស្រួល ។ មានព្រះរាជដំណាក់, ភោជនីយដ្ឋានតូចៗ សម្រាប់ទទួលភ្ញៀវ ។ សព្វថ្ងៃ កងខេមរភូមិន្ទ បានចាត់ចែងស្ថាបនាដំណាក់ថ្មីមួយទៀតដោយបេតុង គឺស្ថាបនាក្នុងឆ្នាំ ១៩៦៥ ។ នៅក្នុងស្រះ មានមច្ឆជាតិតូចធំហិចហែលទាំងហ្វូងៗ ។ លោក-អ្នកទៅទស្សនាអាចដើរព័ទ្ធជុំវិញស្រះបាន ដោយមានផ្លូវថ្នល់វង់ជុំវិញ ។ តាមសេចក្ដីនិទានមួយបែបទៀត មានន័យជ្រលិះគ្នាដែរ គឺថា ៖ មានទ័ពយក្ខដេញតាមចាប់បុត្រីយក្ខ ដូចរឿងខាងលើនេះដែរ ប្លែកតែខាងចុងថា កាលទ័ពយក្ខ ឡោមព័ទ្ធជុំវិញភ្នំ ដែលនាងនេះនៅពួនជ្រកនោះហើយ នាងក៏យល់ថាគ្មានផ្លូវណាឲ្យគេចរួច ទើបនាងអធិដ្ឋានសុំឲ្យនាងលិចបាត់ទៅក្នុងដី ពេលនោះ ព្រះធរណីក៏ស្រុតនាំទាំងនាងស្រីនោះទៅផង ។ ត្រង់កន្លែងព្រះធរណីស្រុតនោះហើយ ដែលក្លាយទៅជាស្រះទឹក ដែលហៅថាយក្ខឡោម ។ តាមរឿងដំណាលមួយទៀត, មានសេចក្ដីផ្សេងពីនេះច្រើន ទំនងជារឿងពិតរបស់ភូមិស្រុកផង មានសេចក្ដីថា ៖ ពាក្យ "យាក់ឡោម" ត្រូវសរសេរដូច្នេះទៅវិញ, ព្រោះថា មកពីដើមហេតុពាក្យ យាក់ ក្លាយមកពី "យ៉ាក់" ភាសាអ្នកស្រុកនោះបុរាណ ប្រែថា មេ នាយ, ឯឡោមជាឈ្មោះមនុស្ស, ដូច្នេះ បានសេចក្ដីថា មាននាយក្រុមម្នាក់ឈ្មោះឡោម ជាអ្នកត្រួតត្រានៅភូមិភាគខាងជួរភ្នំនោះ ម្ល៉ោះហើយអ្នកផង ក៏សន្មតហៅឈ្មោះទីកន្លែងនោះឯង តាមនាម និង ងារសក្ដិ អ្នកត្រួតត្រានោះទៅ ។ រីឯស្ថានភាពកន្លែង ដែលប្រាកដតាមការសង្កេតទៅវិញ អ្នកស្រាវជ្រាវយល់ថា ទីស្រះនេះឯង ជារន្ធភ្នំភ្លើងកាលពីសម័យបុរាណ ហើយផុតរលត់ទៅ នៅសល់តែស្នាមដាន, ហេតុនេះ បានជាមានស្រះនោះ ជ្រៅដល់ទៅជម្រៅ ៧០-៨០ ម៉ែត្រ ហើយមានរង្វះមាត់មូលដូចថាសព័ទ្ធជុំវិញសុទ្ធតែភ្នំ ហើយដែលសព្វថ្ងៃ ទៅជារមណីយដ្ឋានមួយយ៉ាងប្រសើរ សម្រាប់អ្នកទៅទស្សនាទីតំបន់នោះ ។