Jump to content

លក្ខណសូត្រ

ពីវិគីភីឌា

លក្ខណសូត្រ ទី ៧

[កែប្រែ]

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងវេលានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ឆ្លើយតបព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ មហាបុរស ប្រកបដោយ មហាបុរិសលក្ខណៈ ៣២ ប្រការនេះ មហាបុរស (នោះ) រមែងមានគតិ ២ យ៉ាង មិនមែនក្រៅពី ២ យ៉ាងនេះទេ គឺបើមហាបុរសនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះផ្សាយអំណាច រហូតដល់ផែនដី ដែលមានមហាសមុទ្រទាំង ៤ ព័ទ្ធជុំវិញ ទ្រង់ដល់នូវភាវៈ ជាអ្នកមានជនបទដ៏មាំមួន ទ្រង់ប្រកបដោយរតន៍ ៧ ប្រការ ឯរតន៍ ៧ ប្រការ នៃស្តេចចក្រពត្តិនោះគឺ ចក្ករតន៍ ១ ហត្ថិរតន៍ ១ អស្សរតន៍ ១ មណិរតន៍ ១ ឥត្ថី [អដ្ឋកថា ថា បានដល់ស្រីដែលនាំមកនូវសេចក្តីសុខដ៏វិសេស ដល់ស្តេចចក្រពត្តិ ដែលគេនាំអំពីមទ្ទរាជត្រកូល ឬឧត្តរកុរុទ្វីប មកថ្វាយឲ្យតាំងជាអគ្គមហេសី ។ ] រតន៍ ១ គហបតិរតន៍ [អដ្ឋកថា ក្នុងមហាសុទស្សនសូត្រថា បានដល់ពួកអ្នកមានភោគសម្បត្តិច្រើន ។] ១ បរិនាយករតន៍ [ព្រះរាជបុត្រច្បង ដែលមានប្រាជ្ញាឈ្លាសវៃ អាចស្គាល់ចិត្ត របស់ស្តេចចក្រពត្តិ ជាអ្នកចាត់ចែងកិច្ចការគ្រប់ចំពូកថ្វាយស្តេចចក្រពត្តិបាន ។] ១ រួមត្រូវជា ៧ ប្រការ ។ ព្រះរាជបុត្រ របស់ស្តេចចក្រពត្តិនោះ ក៏មានចំនួនច្រើនពាន់ ច្រើនតែជាអ្នកក្លៀវក្លា មានរូបសណ្ឋានជាអ្នកអង់អាច អាចញាំញីនូវសេនា របស់ស្តេចឯទៀតបាន ។ ព្រះអង្គប្រាបប្រាមគ្រប់គ្រងនូវផែនដីនេះ ដែលមានសាគរជាទីបំផុត ឲ្យជាផែនដីឥតមានគោល ឥតមាននិមិត្ត ឥតមានបន្លា គឺចោរឡើយ ជាផែនដីស្តុកស្តម្ភមាំមួន ក្សេមក្សាន្ត ឥតមានឧបទ្រព ឥតមានទីពួនរបស់ចោរ ដោយធម៌ដ៏ស្មើ គឺសីល ៥ មិនបាច់ពឹងអាជ្ញា មិនបាច់ពឹងគ្រឿងសស្ត្រាវុធឡើយ បើមហាបុរសនោះ ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួសហើយ នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក មានដម្បូលគឺកិលេសបើកចេញហើយ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ប្រកបដោយមហាបុរិសលក្ខណៈ ៣២ ប្រការនោះ តើដូចម្តេចខ្លះ ទើបបានជាមានគតិ ២ យ៉ាង មិនមែនក្រៅពី ២ យ៉ាងនេះឡើយ គឺបើ មហាបុរស នៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។ សេចក្តីបំប្រួញ ។ បើមហាបុរស ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេសបើកចេញហើយ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរសក្នុងលោកនេះ មានព្រះបាទប្រតិស្ឋានល្អ គឺមានផ្ទៃព្រះបាទទាំងគូរាបស្មើសព្វអន្លើ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរសមានព្រះបាទប្រតិស្ឋានល្អ ដោយហេតុណា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរស ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ត្រង់ផ្ទៃព្រះបាទទាំងគូ ខាងក្រោមរបស់មហាបុរស មានរូបចក្រកើតឡើង ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ ១០០០ មានចន្លោះស្មើគ្នាគ្រប់អន្លើ ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ផ្ទៃព្រះបាទទាំងគូខាងក្រោម របស់មហាបុរស មានរូបចក្រកើតឡើង ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ ១០០០ មានចន្លោះស្មើគ្នា គ្រប់អន្លើ ដោយហេតុណា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរស ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាបុរស មានព្រះបណ្ហិ គឺកែង វែង ។ មានព្រះអង្គុលិ គឺម្រាមព្រះហស្ត និងម្រាមព្រះបាទវែងៗ ។ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទដ៏ទន់ល្មើយ ។ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទ ប្រទាក់ដោយក្រឡា ដូចជាសំណាញ់ ។ មានព្រះបាទដូចជាអណ្តែតឡើងខាងលើ ។ មានព្រះជង្ឃា គឺស្មងរៀវមូលត្រសូល ស្រដៀងនឹងស្មងសត្វទ្រាយ ។ កាលបើទ្រង់ឈរ មិនបាច់ឱនព្រះអង្គចុះ អាចស្ទាបអង្អែលព្រះជាណុ គឺជង្គង់ ដោយផ្ទៃព្រះហស្តទាំងពីរបាន ។ មានព្រះអង្គាវយវៈ ដែលត្រូវលាក់កំបាំង ដោយសំពត់ឋិតនៅក្នុងស្រោម ។ មានស្បែកសម្បុរថ្ងៃ (លឿងភ្លឺអន្លង់) ដូចជាសម្បុរនៃមាស ។ មានព្រះឆវី គឺសម្បុរថ្ងៃ ល្អិតផូរផង់ រលីងស្រិល រអិល ធុលីធ្លាក់មកមិនជាប់ព្រះកាយ ។ មានព្រះលោមាតែ១សរសៃៗ គឺក្នុងរណ្តៅរោម ១ មានរោម ១ ។ មានព្រះលោមា មានចុងងឡើងលើ ព្រះលោមា ដែលដុះឡើងហើយ មានចុងឡើងលើ ជាទក្ខិណាវដ្ត វិលវង់ព័ទ្ធពេនទៅខាងស្តាំ មានសម្បុរខៀវ ដូចជាសម្បុរនៃផ្កាអញ្ជ័ន កួចមូលដូចជាកុណ្ឌល ។ មានព្រះកាយត្រង់ ដូចជាកាយនៃព្រហ្ម ។ មានព្រះមំសៈ គឺសាច់ ៧ អន្លើពេញបរិបូណ៌ ។ មានព្រះកាយពាក់កណ្តាលខាងលើ ដូចជាកាយនៃរាជសីហ៍ ។ មានព្រះបិដ្ឋិ គឺខ្នង ដ៏ពេញបរិបូណ៌ ។ មានទ្រង់ទ្រាយព្រះកាយ ដូចជាបរិមណ្ឌល នៃដើមជ្រៃ កាយរបស់មហាបុរស ប្រវែងណា ព្យាមរបស់មហាបុរស ក៏ប្រវែងនោះដែរ គឺមានកាយ និងព្យាមស្មើគ្នា ។ មានព្រះសូរងមូលសម ។ មានព្រះប្រសាទ គឺសរសៃល្អិតឆ្មារ ដ៏លើសលែង សម្រាប់ទទួលរសអាហារ ។ មានព្រះហនុកា (ចង្កា) ដូចជាចង្កានៃរាជសីហ៍ ។ មានព្រះទន្ត ៤០ គត់ ។ មានព្រះទន្តរាបស្មើ ។ មានព្រះទន្តជិតស្និទ្ធល្អ ។ មានព្រះទាឋា គឺចង្កូម (ទាំង ៤ ) សស្អាត ។ មានព្រះជិវ្ហា ដ៏ធំវែង ។ មានព្រះសូរស័ព្ទ ដូចជាសំឡេងនៃព្រហ្ម ។ កាលបើបញ្ចេញវាចា លាន់ឮពីរោះ ដូចជាសំឡេងនៃសត្វករវិក ។ មានព្រះនេត្រខៀវស្រស់ ។ មានដួងព្រះនេត្រ ដូចជាភ្នែកនៃ (កូន) គោ ។ មានព្រះឧណ្ណាលោម គឺរោមប្រជុំចិញ្ចើម ដុះត្រង់ចន្លោះនៃព្រះភមុកា (ចិញ្ចើម) មានពណ៌សក្បុស ទន់ល្មើយដូចជាសំឡី ។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ដែលមានព្រះឧណ្ណាលោម ដុះត្រង់ចន្លោះនៃព្រះភមុកា មានពណ៌សក្បុស ទន់ល្មើយដូចជាសំឡី ដោយហេតុណា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរស ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាបុរស មានព្រះសីរ្ស ហាក់ដូចជាប្រដាប់ដោយក្បាំងមកុដស្រេចស្រាប់ ។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ដែលមានព្រះសីរ្ស ហាក់ដូចជាប្រដាប់ដោយក្បាំងមកុដស្រេចស្រាប់ ដោយហេតុណា ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះឯង ជាមហាបុរិសលក្ខណៈ របស់មហាបុរស ។ ម្នាលភិក្ខុទាំងឡាយ មហាបុរស ប្រកបដោយមហាបុរិសលក្ខណៈទាំង៣២ប្រការនេះឯង ទើបបានជា មានគតិជាពីរយ៉ាង មិនមែនក្រៅអំពី ២ យ៉ាងនេះឡើយ គឺបើមហាបុរស នៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។ សេចក្តីបំប្រួញ ។ បើទ្រង់ចេញចាកគេហដ្ឋាន ទៅទ្រង់ព្រះផ្នួស នឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក មានដម្បូល គឺកិលេសបើកចេញហើយ ។ ម្នាលភិក្ខុទាំងឡាយ ពួកឥសីជាខាងក្រៅ (អួតថា) តែងចេះចាំ មហាបុរិសលក្ខណៈ របស់មហាបុរសទាំង៣២ប្រការនេះឯង តែឥសីទាំងនោះ ឥតដឹងសោះ ។ ព្រោះមហាបុរស បានធ្វើនូវកម្មនេះ ។បេ។ ទើបបាននូវលក្ខណៈនេះ ។

[២] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបានសមាទានមាំមួន ក្នុងកុសលធម៌ទាំងឡាយ គឺជាអ្នកសមាទានជាប់មិនដាច់ ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការបរិចាគទាន ការសមាទានសីល ការរក្សាឧបោសថ វត្តដែលត្រូវធ្វើ ចំពោះមាតា វត្តដែលត្រូវធ្វើចំពោះបិតា វត្តដែលត្រូវធ្វើ ចំពោះសមណៈ វត្តដែលត្រូវធ្វើ ចំពោះព្រាហ្មណ៍ វត្តដែលត្រូវធ្វើចំពោះជន ដែលជាច្បងក្នុងត្រកូល និងក្នុងពួកធម៌ជាកុសល ដ៏ក្រៃលែងឯទៀតៗ ។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះហេតុតែកុសលកម្ម ដែលមហាបុរស បានធ្វើសន្សំ បណ្តុះ ឲ្យធំទូលាយហើយនោះ ។ ព្រះតថាគតនោះ តែងគ្របសង្កត់ពួកទេវតាឯទៀត ក្នុងឋានសួគ៌នោះ ដោយហេតុ ១០ ប្រការ គឺអាយុទិព្វ១ សម្បុរទិព្វ១ សុខទិព្វ១ យសទិព្វ១ ភាពជាធំដ៏ជាទិព្វ១ រូបទិព្វ១ សំឡេងទិព្វ១ ក្លិនទិព្វ១ រសទិព្វ១ សម្ផស្សទិព្វ១ ។ លុះព្រះតថាគត ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ ។

[៣] ព្រះតថាគត មានជើងប្រតិស្ឋានល្អ ដាក់លើផែនដីក៏ស្មើ លើកឡើងក៏ស្មើ គឺបាតជើងដិតស៊ប់នឹងផែនដីសព្វផ្ទៃជើង ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ ជាស្តេចទ្រង់ធម៌ មានជ័យជំនះ ផ្សាយអំណាចរហូតដល់ផែនដី ដែលមានមហាសមុទ្រទាំង ៤ ព័ទ្ធជុំវិញ នឹងដល់នូវភាពជាអ្នកមានជនបទដ៏មាំមួន ប្រកបដោយរតន៍ទាំង ៧ ប្រការ ។ រតន៍ ៧ ប្រការរបស់ស្តេចចក្រពត្តិនោះ គឺចក្ករតន៍១ ហត្ថិរតន៍ ១ អស្សរតន៍ ១ មណិរតន៍ ១ ឥត្ថីរតន៍ ១ គហបតិរតន៍១ បរិនាយករតន៍ ១ រួមត្រូវជា ៧ ប្រការ ។ ព្រះរាជបុត្រ របស់ស្តេចចក្រពត្តិនោះ ក៏មានចំនួនច្រើនពាន់ ច្រើនតែជាអ្នកក្លៀវក្លា មានរូបសណ្ឋានជាអ្នកអង់អាច អាចញាំញីនូវសេនា របស់ស្តេចឯទៀតបាន ។ ស្តេចចក្រពត្តិនោះ ប្រាបប្រាមគ្រប់គ្រងផែនដីនេះ ដែលមានសាគរជាទីបំផុត ឲ្យជាផែនដីឥតមានគោល ឥតមាននិមិត្ត ឥតមានបន្លា គឺចោរឡើយ ជាផែនដីស្តុកស្តម្ភមាំមួន ក្សេមក្សាន្ត ឥតមានឧបទ្រព ឥតមានទីពួនរបស់ចោរ ដោយធម៌ដ៏ស្មើ គឺសីល ៥ មិនបាច់ពឹងអាជ្ញា មិនបាច់ពឹងគ្រឿងសស្ត្រាវុធឡើយ បើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី នឹងបានជាអ្នកមិនតក់ស្លុត ដោយមនុស្សណាមួយជាសឹកសត្រូវ ជាបច្ចាមិត្ត កាលបើព្រះតថាគត នៅសោយរាជ្យ នឹងបានរបស់នេះឯង ។ បើចេញចាកគេហដ្ឋាន ទៅបួស នឹងបានត្រាស់ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក មានដម្បូល គឺកិលេសបើកចេញហើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ បាននូវរបស់អ្វី ទើបជាអ្នកមិនតក់ស្លុត ដោយសឹកសត្រូវ បច្ចាមិត្តខាងក្នុង ឬខាងក្រៅ គឺរាគៈក្តី ទោសៈក្តី មោហៈក្តី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ក្នុងលោក(នេះ) ។ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ បានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានពោលនូវសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៤] ព្រះតថាគត តែងត្រេកអរ ក្នុងវចីសច្ចៈផង ក្នុងធម៌ គឺកុសលកម្មបថ ១០ ផង ក្នុងការទូន្មាន នូវឥន្ទ្រិយផង ក្នុងសេចក្តីសង្រួម (ក្នុងសីល) ផង ក្នុងការសំអាតផ្លូវកាយជាដើម និងសីលជាទីនៅអាស្រ័យ [ដីកាថា សីលជាទីតាំងរបស់សមថៈ និងវិបស្សនា ។] និងឧបោសថកម្មផង ក្នុងកិរិយាមិនបៀតបៀន នូវពួកសត្វផង ក្នុងអំពើដែលមិនរួសរាន់ផង សមាទានមាំទាំ ប្រព្រឹត្តគ្រប់ទាំងអស់ ។ ព្រោះកម្មនោះឯង ទើបតថាគត បានទៅកាន់ឋានសួគ៌ ដោយសេចក្តីសុខ សេចក្តីសម្រាន និងសេចក្តីត្រេកអរ លុះច្យុតចាកឋានសួគ៌នោះ បានមកកើតក្នុងមនុស្សលោកនេះវិញ ក៏មានផ្ទៃជើងទាំងពីររាបស្មើល្អ ជាន់ត្រូវនូវផែនដី (ដោយព្រះបាទដ៏ស្មើ) ។ ពួកជនអ្នកស្គាល់លក្ខណៈ មកប្រជុំគ្នា ហើយទាយថា ព្រះតថាគត ដែលមានព្រះបាទប្រតិស្ឋានល្អ ទោះបីនៅជាគ្រហស្ថក្តី ធ្វើជាបព្វជិតក្តី ក៏ឥតញាប់ញ័រ (ដោយសត្រូវឡើយ) ព្រោះមានលក្ខណៈនោះ ជាគ្រឿងឆ្លុះបំភ្លឺសេចក្តីនោះ ។ កាលបើនៅគ្រប់គ្រងគេហដ្ឋាន តែងមិនញាប់ញ័រ (ដោយសត្រូវ) អាចគ្រងសង្កត់នូវជនដទៃបាន ពួកសត្រូវក៏មិនអាចញាំញីបាន ព្រះតថាគត មិនបានតក់ស្លុតនឹងមនុស្សណាមួយ ក្នុងលោកនេះ ដោយសារផលនៃកម្មនោះឯង ។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ ចូលទៅកាន់ផ្នួស រមែងពេញចិត្ត ត្រេកអរក្នុងនេក្ខម្មៈ បានជាអ្នកប្រាជ្ញា ប្រសើរបំផុត អ្នកប្រាជ្ញនោះ ជាអគ្គបុគ្គល ប្រសើរជាងនរជន តែងមិនដល់នូវសេចក្តីញាប់ញ័រ (ដោយកិលេស) ជាដាច់ខាត នេះឯង ជាធម្មតា របស់ព្រះតថាគតនោះ ។

[៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបាននាំមកនូវសេចក្តីសុខ ឲ្យដល់ជនច្រើននាក់ផង ជាអ្នកកំចាត់បង់នូវភ័យ គឺសេចក្តីភ្ញាក់ផ្អើល និងសេចក្តីតក់ស្លុតផង ជាអ្នកចាត់ចែង នូវការរក្សាការពារ គ្រប់គ្រងប្រកបដោយធម៌ផង បានឲ្យទាន ព្រមទាំងបរិវារ (របស់ទាន [អដ្ឋកថា ថា បរិវារ របស់ទានមាន ១០ ប្រការគឺ បាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រែ ឬតាំង លំនៅ ប្រទីប និងប្រេង ។ ] ) ផង ។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើសន្សំ បណ្តុះបណ្តាល ឲ្យធំទូលាយនោះឯង ។ ព្រះតថាគតនោះ តែងគ្របសង្កត់នូវទេវតាឯទៀត ក្នុងឋានសួគ៌នោះ ដោយហេតុ ១០ ប្រការ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ ។ គឺត្រង់ផ្ទៃជើងទាំងគូ ខាងក្រោម មានរូបចក្រ ប្រកបដោយខ្នងកង់ និងដុំ ព្រមទាំងកាំ១ពាន់ មានចន្លោះស្មើគ្នាគ្រប់អន្លើ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ បើបានជាស្តេចហើយ តើនឹងបានរបស់អ្វី ទើបជាអ្នកមានបរិវារច្រើន ឯបរិវារច្រើនរបស់ស្តេចនោះគឺ ព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន និងមហាមាត្រ ពួកសេនាមានអង្គ ៤ (មានសេនាដំរីជាដើម) អ្នករក្សាទ្វារ អាមាត្យ ពួកបរិស័ទ ស្តេច (ចំណុះ) ពួកអ្នកមានទ្រព្យ និងពួករាជកុមារ កាលបើបានជាស្តេច នឹងបានរបស់នេះ ។ បើចេញចាកគេហដ្ឋាន ទៅបួស នឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធក្នុងលោក មានដម្បូល គឺកិលេសបើកចេញហើយ កាលបើបានត្រាស់ជាព្រះពុទ្ធហើយ តើបានរបស់អ្វី ទើបជាអ្នកមានបរិវារច្រើន ឯបរិវារច្រើនរបស់ព្រះពុទ្ធនោះគឺ ពួកភិក្ខុ ពួកភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើបានត្រាស់ជាព្រះពុទ្ធ បាននូវបរិស័ទនេះ ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះចប់ហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៦] ព្រះតថាគត កើតជាមនុស្ស ក្នុងកាលពីមុនៗ ជាតិពីមុនៗ ជាអ្នកនាំនូវសេចក្តីសុខ មកឲ្យដល់ជនច្រើននាក់ ជាអ្នកបន្ទោបង់នូវភ័យ គឺសេចក្តីភ្ញាក់ផ្អើល និងសេចក្តីតក់ស្លុត ជាអ្នកខ្វល់ខ្វាយ ក្នុងការគ្រប់គ្រង ការរក្សាការពារ ។ ព្រោះកម្មនោះ ព្រះតថាគត បានទៅកាន់ឋានសួគ៌ ហើយសោយសេចក្តីសុខ សេចក្តីសម្រាន្ត និងសេចក្តីត្រេកអរ លុះព្រះតថាគតច្យុត ចាកឋានសួគ៌នោះ មកកើតក្នុងមនុស្សលោកនេះទៀត ក៏បាននូវចក្រ ត្រង់ផ្ទៃជើងទាំងពីរ ប្រកបដោយខ្នងកង់ ដុំ ព្រមទាំងកាំ១ពាន់ មានចន្លោះស្មើគ្នា ។ ពួកជនអ្នកស្គាល់លក្ខណៈ បានឃើញរាជកុមារ ដែលមានលក្ខណៈនៃបុណ្យច្រើន (យ៉ាងនេះ) ទើបព្រមគ្នាព្យាករថា (ព្រះរាជកុមារនេះ) នឹងមានបរិវារច្រើន អាចញាំញីនូវសត្រូវបាន ដូចជាចក្រដែលមានខ្នងកង់ (និងដុំ ព្រមទាំងកាំ១ពាន់) មានចន្លោះស្មើគ្នា ដូច្នោះឯង ។ បើព្រះរាជកុមារ (ដែលប្រកបដោយលក្ខណៈ) ដូច្នោះ មិនបានចេញទៅទ្រង់ព្រះផ្នួសទេ នឹងបានជាស្តេចចក្រពត្តិ ទ្រង់ប្រាបប្រាមផែនដី មានពួកក្សត្រ ដែលចុះចូល មានយសសក្តិ៍ធំ ទៅតាមហែហមព្រះរាជកុមារនោះ ក្នុងទីនេះ ។ បើព្រះរាជកុមារ (ដែលប្រកបដោយលក្ខណៈ) ដូច្នោះ ចេញទៅទ្រង់ព្រះផ្នួស តែងពេញចិត្ត ត្រេកអរ ចំពោះនេក្ខម្មៈ នឹងបានជាអ្នកប្រាជ្ញ មានទេវតា មនុស្ស អសុរ ព្រះឥន្ទ្រ អារក្ស គន្ធព្វ នាគ សត្វបក្សី សត្វជើង ៤ ដែលមានយសសក្តិ៍ធំ ចោមរោមព្រះពុទ្ធដ៏ប្រសើរ ដែលទេវតា និងមនុស្សបូជាហើយនោះ ។

[៧] ម្នាលភិក្ខុទាំងឡាយ កាលតថាគត អាស្រ័យនូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានលះបង់បាណាតិបាត វៀរស្រឡះ ចាកបាណាតិបាត ជាអ្នកដាច់ចុះនូវអាជ្ញា និងគ្រឿងសស្ត្រាវុធ មានសេចក្តីខ្មាសបាប មានចិត្តអាសូរ ករុណា តែងអនុគ្រោះសព្វសត្វ ដោយប្រយោជន៍ ។ ព្រះតថាគតនោះ ព្រោះបានធ្វើនូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំង ៣ នេះ គឺជាអ្នកមានកែងជើងវែង១ មានម្រាមដៃ និងម្រាមជើងវែងៗ១ មានកាយត្រង់ ដូចជាកាយព្រហ្ម១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈ (ទាំង ៣ ) នោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ បើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានអាយុវែង ប្រតិស្ឋាននៅអស់កាលយូរ គ្រប់គ្រងនូវជន្មាយុ ឲ្យរស់នៅបានយូរ មនុស្សជាសឹកសត្រូវ និងជាបច្ចាមិត្តណាមួយ មិនអាចនឹងផ្តាច់បង់ជីវិត ត្រង់រវាងអាយុបានទេ កាលបើបានជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានអាយុវែងផង ប្រតិស្ឋាននៅអស់កាលយូរ គ្រប់គ្រងជន្មាយុរស់នៅបានយូរ សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្តី ជាសឹកសត្រូវ ជាបច្ចាមិត្ត ក្នុងលោកនេះ មិនអាចនឹងផ្តាច់បង់ជីវិត ត្រង់រវាងអាយុបានឡើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបាននូវរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា ៖

[៨] ព្រះតថាគត ដឹងច្បាស់នូវភ័យ អំពីសេចក្តីស្លាប់ ដែលហៅថា មរណៈ ចំពោះខ្លួនឯងហើយ បានវៀរស្រឡះ ចាកការសម្លាប់នូវសត្វដទៃ ព្រោះអំពើសុចរិតនេះឯង ព្រះតថាគតនោះ បានទៅកើតក្នុងឋានសួគ៌ សោយផលវិបាករបស់កម្ម ដែលបានធ្វើទុកល្អហើយ ។ លុះច្យុតចាក(ឋានសួគ៌)នោះ មកកើតក្នុងមនុស្សលោកនេះទៀត ក៏បាននូវលក្ខណៈទាំង ៣ នេះ ក្នុងភពនេះ គឺជាអ្នកមានកែងជើងវែងទូលាយ១ មានកាយត្រង់ល្អស្អាត ដូចជាកាយព្រហ្ម១ ។ មានភ្នែនល្អ មានរូបនៅក្មេង មានទ្រង់ទ្រាយល្អ មានជាតិល្អ មានអង្គុលិរបស់ព្រះតថាគតនោះ ទន់ល្វន់វែងល្អ ព្រះតថាគត ប្រកបដោយមហាបុរិសលក្ខណៈ ៣ (នេះ) ដើម្បីញុំាងជីវិត ឲ្យប្រព្រឹត្តទៅអស់កាលយូរ ប្រហែលដូចជានៅក្មេង ។ បើព្រះតថាគតនៅជាគ្រហស្ថ តែងញុំាងជីវិតឲ្យរស់នៅអស់កាលយូរ បើចេញទៅបួស នឹងញុំាងជីវិតឲ្យរស់នៅអស់កាលយូរជាងនោះទៅទៀត ព្រះតថាគត ជាអ្នកស្ទាត់ជំនាញ រមែងញុំាងជីវិតឲ្យរស់នៅ ដោយការចម្រើនឫទ្ធិ លក្ខណៈទាំង ៣ នោះ ជានិមិត្តរូបនៃទីឃាយុភាព យ៉ាងនេះឯង ។

[៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកឲ្យនូវខាទនីយភោជនីយាហារ មានរសជាតិដ៏ថ្លៃថ្លា ព្រមទាំងទឹក ( ៨ ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំកុសលកម្មនោះ ។បេ។ លុះបែកធ្លាយរាងកាយ ខាងមុខអំពីរមណៈ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានសាច់ដ៏ពេញ ក្នុងទីទាំង ៧ អន្លើ គឺសាច់ពេញត្រង់ខ្នងដៃទាំងពីរ សាច់ពេញត្រង់ខ្នងជើងទាំងពីរ សាច់ពេញត្រង់ចង្កួយស្មាទាំងពីរ សាច់ពេញត្រង់ក ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបាននូវខាទនីយភោជនីយាហារ មានរសជាតិដ៏ថ្លៃថ្លា ព្រមទាំងទឹក ( ៨ ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ បើបានជាស្តេច នឹងបាននូវរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបាននូវខាទនីយភោជនីយាហារ មានរសជាតិដ៏ថ្លៃថ្លា ព្រមទាំងទឹក ( ៨ ប្រការ) ដែលគួរភ្លក្ស គួរលិទ្ធ កាលបើបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[១០] ព្រះតថាគត ជាអ្នកឲ្យនូវខាទនីយភោជនីយាហារ និងទឹកដែលគួរលិទ្ធ គួរភ្លក្ស ដែលមានរសជាតិដ៏ឧត្តមថ្លៃថ្លា ព្រោះកម្ម ជាសុចរិតនោះ ព្រះតថាគតនោះ ទើបរីករាយក្នុងនន្ទវ័ន (ឱទ្យាន) អស់កាលយូរ ។ (លុះច្យុតមកកើត) ក្នុងមនុស្សលោកនេះ ក៏បាននូវសាច់ដ៏ពេញ ក្នុងទីទាំង ៧ អន្លើផង បាននូវផ្ទៃដៃ និងផ្ទៃជើង ដ៏ទន់ល្វន់ផង ជនទាំងឡាយ ដែលជាអ្នកឈ្លាស ក្នុងការទាយនូវព្យញ្ជនៈ និងនិមិត្ត នាំគ្នាទាយ (ព្រះតថាគត) ព្រោះហេតុដែលព្រះតថាគត បានឲ្យនូវខាទនីយ ភោជនីយាហារ ទើបបាននូវខាទនីយ ភោជនីយាហារ មានរស (ជាតិដ៏ថ្លៃថ្លា) ។ លក្ខណៈនោះ មិនមែនជាគ្រឿងឆ្លុះបំភ្លឺសេចក្តីដល់តថាគត ដែលនៅជាគ្រហស្ថប៉ុណ្ណោះទេ ទោះបីតថាគត ចេញទៅបួស ក៏គង់បានទួលផលនោះដែរ អ្នកដែលបាននូវខាទនីយភោជនីយាហារ មានរសជាតិដ៏ឧត្តម ហៅថា អ្នកកាត់បង់នូវចំណងរបស់គ្រហស្ថទាំងអស់បាន ។

[១១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកបានសង្គ្រោះ ដល់ពពួកជន ដោយសង្គហវត្ថុ ៤ ប្រការ គឺទាន១ ពាក្យជាទីស្រឡាញ់១ ការប្រព្រឹត្ត ដែលជាប្រយោជន៍១ ការតាំងខ្លួនស្មើ គឺមិនប្រកាន់ខ្លួន១ ។ ព្រះតថាគតនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងសុគតិសួគ៌ទេវលោក ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើសន្សំ បណ្តុះបណ្តាល ឲ្យធំទូលាយនោះឯង ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺជាអ្នកមានផ្ទៃដៃ និងផ្ទៃជើងទន់ល្វន់ (ដូចជាសំឡី ដែលគេថ្ពេចអស់ ១០០ ដង) ១ មានផ្ទៃដៃ និងផ្ទៃជើង ប្រទាក់ដោយក្រឡា ដូចជាសំណាញ់១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបាននូវរបស់អ្វី គឺនឹងបានជាអ្នកសង្គ្រោះ នូវជនជាបរិស័ទ ជនបរិស័ទដែលព្រះតថាគតបានសង្គ្រោះនោះគឺ ពួកព្រាហ្មណ៍ គហបតិ អ្នកនិគម អ្នកជនបទ ពួកស្មៀន មហាមាត្រ ពួកសេនាមានអង្គ ៤ (មានសេនាដំរីជាដើម) ឆ្មាំទ្វារ អាមាត្យ រាជបរិស័ទ ស្តេចចំណុះ អ្នកមានភោគៈ និងរាជកុមារ កាលបើព្រះតថាគតនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបាននូវរបស់អ្វី គឺនឹងបានជាអ្នកសង្គ្រោះ នូវជនជាបរិស័ទ ជនជាបរិស័ទ ដែលព្រះតថាគត បានសង្គ្រោះនោះគឺ ពួកភិក្ខុ ពួកភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ ត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[១២] ព្រះតថាគត បានធ្វើ បានប្រព្រឹត្តការសង្គ្រោះ ដោយល្អ ដល់ពួកជនច្រើននាក់ (ដោយសង្គហវត្ថុ ៤ ប្រការ) គឺទាន១ ការប្រព្រឹត្តដែលជាប្រយោជន៍១ ពាក្យជាទីស្រឡាញ់១ សេចក្តីពេញចិត្ត ក្នុងការតាំងខ្លួនស្មើ១ ទើបទៅកាន់ឋានសួគ៌ដោយគុណ គឺសេចក្តីមិនប្រមាទ ។ លុះព្រះតថាគតច្យុត (ចាកឋានសួគ៌នោះ) មកកើតក្នុងភពនេះទៀត ជាមនុស្សកំឡោះ នៅក្មេងល្អ ក៏បាននូវអំពើដែលគួរធ្វើ គួរប្រព្រឹត្តទន់ភ្លន់ផង បាននូវសេចក្តីរុងរឿង សេចក្តីឈ្លាសវៃក្រៃលែង និងរូបដែលគួរឲ្យអ្នកផងពិតពិល រមិលមើល ដើម្បីចេញចាកសំណាញ់ ពោលគឺសង្សារ ។ ព្រះតថាគត បានចាត់ចែងការងារ បានគ្រប់គ្រងនូវផែនដីធំនេះ និងការសង្គ្រោះដោយល្អ ចំពោះជនជាបរិស័ទ ពោលពាក្យជាទីស្រឡាញ់ ស្វែងរកនូវប្រយោជន៍ និងសេចក្តីសុខ អើពើតែនឹងគុណ ដែលខ្លួនគាប់ចិត្តដ៏ក្រៃលែង ។ បើព្រះតថាគតលះបង់ នូវការបរិភោគកាមគ្រប់យ៉ាងហើយ (ចេញទៅបួស) នឹងបានជាព្រះជិនស្រី សំដែងនូវធម្មកថា ដល់ជនជាបរិស័ទ ពួកជនជាបរិស័ទ ដែលបានស្តាប់ធម្មកថានោះ ក៏ជ្រះថ្លា ហើយធ្វើតាមពាក្យនៃព្រះតថាគតនោះ ទើបនាំគ្នាប្រព្រឹត្តនូវធម៌ដ៏សមគួរដល់ធម៌ ។

[១៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានពោលពាក្យប្រកបដោយប្រយោជន៍ ទាំងប្រកបដោយធម៌ បានពន្យល់ជនច្រើននាក់ តែងនាំមកនូវប្រយោជន៍ និងសេចក្តីសុខ ឲ្យដល់សត្វទាំងឡាយ ជាអ្នកបូជានូវធម្មទាន ។ ព្រោះកុសលកម្ម ដែលព្រះតថាគត បានធ្វើសន្សំ ឲ្យធំទូលាយហើយនោះ ព្រះតថាគតនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺជាអ្នកមានកជើងដូចជាអណ្តែតឡើងខាងលើ១ មានចុងរោម ង ឡើងលើ១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបានជាចម្បង ប្រសើរ ជាប្រធាន ឧត្តម បវរ ជាងពួកជន ដែលបរិភោគកាម  កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាចម្បង ប្រសើរ ជាប្រធាន បវរ ជាងពួកសត្វទាំងអស់ កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ ព្រះមានព្រះភាគ ត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[១៤] ក្នុងភពពីមុន តថាគតបានពោលពាក្យ ដែលប្រកបដោយអត្ថ ទាំងប្រកបដោយធម៌ បានពន្យល់ប្រយោជន៍ ដល់ជនច្រើននាក់ ជាអ្នកបាននាំមកនូវប្រយោជន៍ និងសេចក្តីសុខ ឲ្យដល់សត្វទាំងឡាយ ជាអ្នកមិនមានសេចក្តីកំណាញ់ បានចាត់ចែងនូវការបូជាធម្មទាន ។ ព្រះតថាគតនោះ បានទៅកាន់ឋានសុគតិ រីករាយក្នុងឋានសុគតិនោះ ព្រោះកម្មជាសុចរិតនោះឯង (លុះច្យុត ចាកឋានសួគ៌នោះ) មកកើតក្នុងភពនេះ ក៏បាននូវលក្ខណៈទាំងពីរ ដើម្បីភាពនៃសេចក្តីសុខដ៏ឧត្តម ។ ព្រះតថាគតនោះ មានចុងរោម ង ឡើងលើ មានសន្លាក់ ក ជើងប្រតិស្ឋានល្អ មានសាច់ និងឈាមប្រផូរ បិទបាំងដោយស្បែក មានជង្គង់ល្អ ។ ព្រះតថាគត បានប្រកបដោយលក្ខណៈដូច្នោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាអ្នកខ្ពង់ខ្ពស់ ជាងពួកជន អ្នកបរិភោគកាម មិនមានអ្នកដទៃក្រៃលែងជាងព្រះតថាគតនោះបានឡើយ ព្រះតថាគត តែងគ្របសង្កត់ នូវជម្ពូទ្វីប (ទាំងមូល) ។ សូម្បីបព្វជ្ជា (របស់ព្រះតថាគត) ក៏មិនថយថោកឡើយ តែងដល់នូវភាពជាអ្នកខ្ពង់ខ្ពស់ ជាងពួកសត្វទាំងអស់ មិនមានសត្វឯទៀត លើសលុបជាងព្រះតថាគតនោះឡើយ ព្រះតថាគត ជាអ្នកគ្របសង្កត់ នូវសត្វលោកទាំងអស់ ។

[១៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានបង្ហាញនូវសិល្បសាស្ត្រ (ថោកទាប និងសិល្បសាស្ត្រឧត្តម) ផង នូវវិជ្ជា (ច្រើនប្រការ មានវិជ្ជាស្តោះពស់ជាដើម) ផង នូវចរណៈ គឺសីល ៥ សីល ៨ ឬសីល ១០ ឬបាតិមោក្ខសំវរសីលផង នូវការងារផង ដោយយកចិត្តទុកដាក់ ដោយតាំងចិត្តថា ធ្វើដូចម្តេចហ្ន៎ ពួកជននេះ បានចេះដឹងឆាប់ បានទទួលសេចក្តីប្រតិបត្តិឆាប់ កុំឲ្យលំបាកអស់កាលជាយូរអង្វែងឡើយ ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំនូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ នេះ គឺជាអ្នកមានស្មងរៀវមូលត្រសូល ស្រដៀងនឹងស្មងសត្វទ្រាយ ។ ព្រះតថាគតនោះ ប្រកបហើយដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបាននូវរាជវាហនៈ ដ៏សមគួរដល់ស្តេច និងវាហនៈជាអង្គនៃរាជសេនា និងគ្រឿងរាជូបភោគ ដ៏សមគួរដល់ស្តេច ដោយឆាប់រហ័ស កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបាននូវបច្ច័យ ដ៏សមគួរដល់សមណៈ និងបរិស័ទ ដែលជាអង្គរបស់សមណៈ និងគ្រឿងសមណូបភោគ ដ៏សមគួរដល់សមណៈ ដោយឆាប់រហ័ស កាលបើព្រះតថាគតបានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ ត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[១៦] ព្រះតថាគត តែងប្រាថ្នាដូច្នេះថា ធ្វើម្តេចហ្ន៎ ជនទាំងឡាយនេះ នឹងចេះដឹងនូវសិល្បសាស្ត្រ វិជ្ជា ចរណៈ និងការងារទាំងឡាយ បានដោយឆាប់រហ័ស ឯសិល្បសាស្ត្រណា មិនបៀតបៀន ដល់អ្នកណាមួយ ព្រះតថាគតបង្រៀននូវសិល្បសាស្ត្រនោះ យ៉ាងឆាប់រហ័ស មិនឲ្យលំបាកអស់កាលយូរឡើយ ។ ព្រោះព្រះតថាគត បានធ្វើកុសលកម្មនោះ ដែលជាកម្មញុំាងសុខឲ្យចម្រើន ទើបបាននូវស្មងដ៏ល្អ មានរបៀបរៀបរយល្អ ព្រះតថាគត មានចុងរោម ង ឡើងលើ វិលជាទក្ខិណាវដ្ត ដុសឡើងល្អ ច្រាងឡើងលើ ទៅតាមលំដាប់ ទាំងមានស្បែកកាយដ៏ល្អិត មដ្ឋ ព័ទ្ធជុំវិញ ។ បុគ្គលដែលប្រកបដោយលក្ខណៈដូច្នោះ អ្នកប្រាជ្ញទាំងឡាយ ពោលថា មានព្រះជង្ឃាររៀវមូល ដូចជាស្មងសត្វទ្រាយ ឯរោមមួយៗ (ក៏ដុះឡើងល្អ) ព្រះតថាគត ប្រាថ្នានូវសម្បត្តិណា សម្បត្តិនោះ ទោះបីព្រះតថាគតមិនបានបព្វជ្ជា ក៏គង់បានឆាប់ក្នុងលោកនេះ ។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ ចេញទៅបួស នឹងបានជាអ្នកប្រាជ្ញ មានសេចក្តីពេញចិត្ត ត្រេកអរចំពោះនេក្ខម្មៈ ជាអ្នកមានសេចក្តីព្យាយាម មិនថោកថយឡើយ តែងបាននូវសម្បត្តិដ៏សមគួរ ដល់បុគ្គល ដែលមានសភាពដ៏សមគួរ ។

[១៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកចូលទៅរកសមណព្រាហ្មណ៍ ហើយសាកសួរថា បពិត្រលោកដ៏ចម្រើន អំពើដូចម្តេចជាកុសល អំពើដូចម្តេច ជាអកុសល អំពើដូចម្តេច ដែលប្រកបដោយទោស អំពើដូចម្តេច ដែលមិនប្រកបដោយទោស អំពើដូចម្តេច គួរសេព អំពើដូចម្តេច មិនគួរសេព អំពើដូចម្តេច ដែលខ្ញុំធ្វើហើយ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខអស់កាលយូរអង្វែង មួយទៀត អំពើដូចម្តេច ដែលខ្ញុំធ្វើហើយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំ កសាង នូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានឆវី (សម្បុរថ្ងៃ) ដ៏ល្អិត ផូរផង់ រលីងស្រិល រអិលធុលីធ្លាក់មកត្រូវ មិនជាប់កាយ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានប្រាជ្ញាច្រើន បណ្តាអ្នកបរិភោគកាមទាំងឡាយ នឹងរកអ្នកណាមួយឲ្យមានប្រាជ្ញាប្រហែល ឬប្រសើរវិសេស ជាងបញ្ញារបស់ព្រះតថាគតនោះ គ្មានឡើយ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានប្រាជ្ញាច្រើន មានប្រាជ្ញាក្រាស់ មានប្រាជ្ញារីករាយ មានប្រាជ្ញារហ័ស មានប្រាជ្ញាដ៏មោះមុត មានប្រាជ្ញា ជាគ្រឿងសង្កត់សង្កិន ឬទម្លាយ (នូវគំនរកិលេស មានលោភៈជាដើម) បណ្តាសត្វទាំងពួង នឹងរកសត្វណាមួយ ឲ្យមានប្រាជ្ញាស្មើ ឬប្រសើរវិសេសជាងបញ្ញារបស់ព្រះតថាគតនោះគ្មានឡើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ ត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[១៨] ក្នុងកាលមុន ភពមុន ជាតិពីមុន តថាគត ជាអ្នកចង់ចេះដឹង បានចូលទៅរកបព្វជិត ហើយសាកសួរ (នូវប្រស្នា) បានស្តាប់ដោយគោរព ធ្វើសេចក្តីឲ្យតាំងនៅខាងក្នុង ហើយចំណាំនូវពាក្យ ដែលប្រកបដោយប្រយោជន៍តែមួយយ៉ាង ។ ព្រោះកម្មដែលប្រព្រឹត្តទៅ ដើម្បីបាននូវប្រាជ្ញា (នោះ) ទើបព្រះតថាគត កើតមកជាមនុស្ស មានឆវីដ៏ល្អិតផូរផង់ ពួកអ្នកប្រាជ្ញឈ្លាស ក្នុងការទាយនូវឧប្បាដ និងនិមិត្ត នាំគ្នាទាយថា ព្រះតថាគត នឹងពិចារណា ឃើញច្បាស់ នូវអត្ថដ៏ល្អិតសុខុមទាំងឡាយបាន ។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ មិនបានចេញទៅបព្វជ្ជាទេ ក៏គង់ញុំាងចក្រ ឲ្យប្រព្រឹត្តទៅ និងគ្រប់គ្រងផែនដីបាន បណ្តាពួកអ្នកប្រៀនប្រដៅនូវអត្ថ និងពួកអ្នកកំណត់កត់ចាំ (នូវអត្ថ) នឹងរកបុគ្គលណាមួយ ឲ្យត្រឹមស្មើ ឬប្រសើរជាងព្រះតថាគត នោះ គ្មានឡើយ ។ បើបុគ្គល (មានលក្ខណៈ) ដូចព្រះតថាគតនោះ ចេញទៅបព្វជ្ជា នឹងបានជាអ្នកប្រាជ្ញ មានសេចក្តីពេញចិត្ត ទាំងត្រេកអរក្នុងនេក្ខម្មៈ ជាអ្នកមានប្រាជ្ញាដ៏ប្រសើរ ប្រៀបដោយផែនដី នឹងបានដល់ពោធិញ្ញាណ ដ៏ខ្ពង់ខ្ពស់ មានចំណែកដ៏ប្រសើរក្នុងផ្លូវប្រាជ្ញា ។

[១៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកមិនមានសេចក្តីក្រោធ មិនច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត សូម្បីជនច្រើននាក់ នាំគ្នាស្តីថាឲ្យ ក៏មិនឈឺចិត្ត មិនក្រោធ មិនចងកំហឹងទុក មិន​​តម្កល់​ទុកនូវសេចក្តីក្រោធ ទាំងមិនបានធ្វើនូវសេចក្តីក្រោធ នូវការប្រទូស្ត និងសេចក្តីតូចចិត្តឲ្យប្រាកដឡើង (ដោយកាយវិការ ឬវចីវិការ) ឡើយ ព្រះតថាគត ជាអ្នកបានឲ្យនូវកម្រាល និងសម្ពត់ដណ្តប់ មានសាច់ល្អិត ទន់ល្មៃ គឺសម្ពត់ធ្វើពីសម្បកឈើ មានសាច់មដ្ឋ សម្ពត់ធ្វើពីកប្បាស មានសាច់មដ្ឋ សំពត់ធ្វើពីសូត្រ មានសាច់មដ្ឋ សំពត់ធ្វើពីរោមសត្វ មានសាច់មដ្ឋ ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំ នូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានពណ៌សម្បុរ (លឿងភ្លឺបំព្រង) ដូចជាសម្បុរនៃមាស និងមានស្បែកជិតស្និទ្ធល្អ ដូចជាមាស ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបាននូវកម្រាល និងសម្ពត់ដណ្តប់ មានសាច់ល្អិតទន់ល្មៃ គឺសម្ពត់ធ្វើដោយសម្បកឈើ មានសាច់មដ្ឋ សម្ពត់ធ្វើដោយកប្បាស មានសាច់មដ្ឋ សំពត់ធ្វើដោយសូត្រ មានសាច់មដ្ឋ សំពត់ធ្វើដោយរោមសត្វ មានសាច់មដ្ឋ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបាននូវកម្រាល និងសម្ពត់មានសាច់ល្អិត ទន់ល្មៃ គឺសម្ពត់ធ្វើដោយសម្បកឈើ មានសាច់មដ្ឋ សម្ពត់ធ្វើដោយកប្បាស មានសាច់មដ្ឋ សំពត់ដោយសូត្រ មានសាច់មដ្ឋ សំពត់ធ្វើដោយរោមសត្វ មានសាច់មដ្ឋ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[២០] ព្រះតថាគត តាំងទុកនូវសេចក្តីមិនក្រោធផង នូវទានផង ហើយបានឲ្យនូវសម្ពត់ទាំងឡាយ មានសាច់មដ្ឋ មានពណ៌ស្រស់ ព្រះតថាគត ឋិតនៅក្នុងភពពីមុន បានបរិច្ចាគ (ទាន) ហាក់ដូចជាទឹកភ្លៀង ដែលធ្លាក់ចុះមកលើផែនដី ដូច្នោះឯង ។ ព្រះតថាគត ព្រោះបានធ្វើនូវកុសលកម្មនោះ លុះច្យុតចាកអត្តភាពនេះហើយ ចូលទៅកាន់ទិព្វវិមាន បានសោយផលវិបាក នៃអំពើដែលខ្លួនបានធ្វើហើយ ជាអ្នកមានខ្លួនដូចជាមាស (លុះមកកើត) ក្នុងភពនេះ បានគ្របសង្កត់ (នូវមនុស្សទាំងអស់) ហាក់ដូចជាព្រះឥន្ទ្រ ដែលប្រសើរជាងពួកទេវតា ដូច្នោះឯង ។ បើព្រះតថាគត នៅជាមនុស្ស គ្រប់គ្រងគេហដ្ឋាន មិនប្រាថ្នានឹងបួសទេ ក៏គង់តែបានគ្រប់គ្រងផែនដីធំ គ្របសង្កត់ (នូវពួកបច្ចាមិត្ត) ព្រមទាំងបាននូវរតនៈ ៧ ប្រការ ក្នុងលោកនេះផង បាននូវសម្ពត់ ដ៏ធំទូលាយ មានសាច់ល្អិតមដ្ឋ មានសម្បុរស្រស់ស្អាតផង ។ បើព្រះតថាគតចេញទៅទ្រង់ព្រះផ្នួស នឹងបានសម្ពត់សម្រាប់ស្លៀក និងសម្ពត់សម្រាប់ដណ្តប់ដ៏ប្រសើរ ព្រះតថាគត រមែងបានសោយផលរបស់កម្ម ដែលបានទំនុកបម្រុងល្អហើយ នឹងបានធ្វើទុកមកពីជាតិមុន សេចក្តីវិនាសនៃកម្ម ដែលព្រះតថាគតធ្វើនោះ មិនមានឡើយ ។

[២១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកបានរាប់អាននូវញាតិមិត្ត សំឡាញ់ស្និទ្ធស្នាល ដែលព្រាត់ប្រាសនិរាស បាត់មុខយូរហើយផង ជាអ្នករាប់អានមាតា ព្រមទាំងកូនផង រាប់អាននូវកូន ព្រមទាំងមាតាផង រាប់អានបិតាព្រមទាំងកូនផង រាប់អានកូន ព្រមទាំងបិតាផង រាប់អានបិតា ព្រមទាំងបងប្អូនប្រុស រាប់អានបងប្អូនប្រុស ព្រមទាំងបងប្អូនស្រីផង រាប់អានបងប្អូនស្រី ព្រមទាំងបងប្អូនប្រុសផង ហើយជាអ្នកត្រេកអរក្រៃលែង ព្រោះបានធ្វើគេឲ្យព្រមព្រៀងគ្នាផង ។ ព្រះតថាគតនោះ ព្រោះបានធ្វើនូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានអង្គាវយវៈ ដែលត្រូវលាក់ឲ្យកំបាំង ដោយសម្ពត់ ឋិតនៅក្នុងស្រោម (ដូចជាអង្គជាតនៃដំរី) ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានបុត្រច្រើន ឯបុត្ររបស់ព្រះតថាគតនោះមានចំនួនច្រើនពាន់ សុទ្ធសឹងតែជាអ្នកក្លៀវក្លា អង់អាច អាចញាំញីនូវសេនារបស់ស្តេចដទៃបាន កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានបុត្រច្រើន ឯបុត្ររបស់ព្រះតថាគតនោះ ចំនួនច្រើនពាន់ សុទ្ធសឹងតែជាអ្នកក្លៀវក្លា អស់អាច អាចញាំញីនូវសេនារបស់ស្តេចឯទៀតបាន កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងកម្មជាដើមនោះថា

[២២] ក្នុងកាលពីមុន ភពពីមុន ជាតិពីមុន ព្រះតថាគត រាប់អាននូវញាតិ មិត្ត និងសំឡាញ់ស្និទ្ធស្នាល ដែលព្រាត់ប្រាស និរាសបាត់មុខអស់កាលយូរហើយផង ជាអ្នកត្រេកអរក្រៃលែង ព្រោះបានធ្វើគេឲ្យព្រមព្រៀងគ្នាផង ។ ព្រោះកម្មនោះ ព្រះតថាគត បានទៅកាន់ឋានសួគ៌ សោយសេចក្តីសុខ សេចក្តីសម្រាន្ត នឹងសេចក្តីត្រេកអរ លុះច្យុតចាកឋានសួគ៌នោះ មកកើតក្នុងមនុស្សលោកនេះទៀត ក៏បាននូវគុយ្ហប្រទេស ដ៏កំបាំងនៅក្នុងស្រោម ដែលគេត្រូវបិទបាំង ដោយសម្ពត់ ។ បុគ្គលដែលមានលក្ខណៈបែបនោះ រមែងមានកូនច្រើន ឯកូនដែលកើតអំពីខ្លួន ជាច្រើនពាន់ (នោះ) សុទ្ធសឹងជាអ្នកក្លៀវក្លា អង់អាច អាចញាំញីនូវពួកសត្រូវបាន កាលបើព្រះតថាគត នៅជាគ្រហស្ថ ក៏គង់ញុំាងបីតិ ឲ្យកើតឡើងបាន ព្រោះតែពោលពាក្យគួរស្រឡាញ់ ។ កាលបើព្រះតថាគត ចេញទៅទ្រង់ព្រះផ្នួស ក៏មានកូនច្រើនជាងនោះទៅទៀត ឯកូនទាំងនោះ សុទ្ធតែជាអ្នកជឿស្តាប់ពាក្យ (របស់ព្រះតថាគត) ទោះព្រះតថាគត នៅជាគ្រហស្ថ ឬទៅជាបព្វជិត មានលក្ខណៈនោះ ជាគ្រឿងបំភ្លឺនូវសេចក្តីនោះ ។

[២៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងភពមុន ជាអ្នកបានពិចារណា នូវការសង្គ្រោះមហាជន តែងស្គាល់ស្មើ [ពាក្យថា ស្គាល់ស្មើនោះ គឺស្គាល់ថា ជននេះមានគុណស្មើនឹងជននោះ ហើយស្រុះស្រួលទទួលបុរសនោះ តាមវិធីដែលត្រូវទទួល ។ ដីកា ។] គឺស្គាល់ថា អ្នកនេះ ស្មើនឹងអ្នកនោះ ស្គាល់ដោយខ្លួនឯង [ពាក្យថា ស្គាល់ដោយខ្លួនឯង គឺស្គាល់ដោយមិនចាំបាច់អ្នកឯទៀតមកពន្យល់ឡើយ ។] ស្គាល់បុរស [ពាក្យថា ស្គាល់បុរសនោះ គឺស្គាល់ពិតប្រាកដថា បុរសនេះជាន់ខ្ពស់ បុរសនេះជាន់កណ្តាល បុរសនេះជាន់ទាប ។ ដីកា] ស្គាល់គុណវិសេសរបស់បុរសថា បុរសនេះគួរទទួលនូវទាន និងគ្រឿងសក្ការៈនេះ បុរសនេះ គួរទទួលនូវទាន និងគ្រឿងសក្ការៈនេះ (លុះស្គាល់ដូច្នោះហើយ) ក៏បានធ្វើនូវប្រយោជន៍ប្លែកៗគ្នា តម្រូវទៅតាមគុណវិសេស របស់បុរសជាន់នោះៗ ។ ព្រះតថាគតនោះ ព្រោះបានធ្វើកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានបរិមណ្ឌល (នៃកាយ) ដូចជាបរិមណ្ឌលនៃដើមជ្រៃ១ កាលបើឈរ មិនបាច់ឱនខ្លួនចុះ អាចស្ទាបពាល់ជង្គង់ ដោយដៃទាំងពីរបាន១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានមាសច្រើន មានគ្រឿងឧបករណ៍ដែលធ្វើចិត្តឲ្យរីករាយច្រើន មានធញ្ញាហារជាទ្រព្យធ្វើ មានឃ្លាំងដ៏ពេញប្រៀប កាលបើព្រះតថាគតនៅសោយរាជ្យ នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នស្តុកស្តម្ភ មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន ទ្រព្យរបស់តថាគតទាំងនេះ គឺសទ្ធាធនំ (ទ្រព្យពោលគឺ ការជឿ)១ សីលធនំ (ទ្រព្យគឺ ការសង្រួមកាយវាចាឲ្យរៀបរយ)១ ហិរិធនំ (ទ្រព្យគឺ សេចក្តីខ្មាសបាប)១ ឱត្តប្បធនំ (ទ្រព្យគឺ សេចក្តីក្តៅក្រហាយនឹងបាប)១ សុតធនំ (ទ្រព្យ គឺការស្តាប់)១ ចាគធនំ (ទ្រព្យគឺការលះ)១ បញ្ញាធនំ (ទ្រព្យគឺកិរិយាដឹងសព្វ)១ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបាននូវរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[២៤] ព្រះតថាគត បានលៃលក ពិចារណា គិតហើយទើបសំឡឹងមើល នូវការសង្គ្រោះមហាជនដោយស្មោះស្មើ ជាអ្នកបានធ្វើនូវគ្រឿងសក្ការៈ តម្រូវតាមគុណវិសេស របស់បុរសនោះៗ ក្នុងកាលមុនថា បុរសនេះ គួរបាននូវទាន និងគ្រឿងសក្ការៈនេះ ។ ព្រះតថាគត ជាបុគ្គលមានកាយស្មើ កាលបើឈរ មិនបាច់ឱនខ្លួនចុះ អាចស្ទាបជង្គង់ដោយដៃទាំងពីរបាន មានបរិមណ្ឌល (នៃកាយ) ដូចបរិមណ្ឌលនៃដើមជ្រៃ ដែលដុះឡើងអំពីផែនដី ព្រោះសេសសល់វិបាកនៃអំពើសុចរិត (នោះឯង) ។ ពួកមនុស្ស ដែលមានប្រាជ្ញាល្អិតជ្រាលជ្រៅ ដឹងនូវលក្ខណៈនៃនិមិត្តផ្សេងៗជាច្រើន នាំគ្នាទាយថា ព្រះរាជកុមារកំឡោះក្មេងនេះ នឹងបាននូវរបស់ដ៏សមគួរ ដល់គ្រហស្ថច្រើនប្រការផង ជាអ្នកមានភោគសម្បត្តិ ដែលគួរប្រាថ្នារបស់ស្តេច និងសមគួរដល់ពួកគ្រហស្ថ ក្នុងលោកនេះជាច្រើនផង បើព្រះរាជកុមារនេះ លះបង់នូវកាមភោគៈទាំងអស់ (ហើយចេញទៅទ្រង់ព្រះផ្នួស) នឹងបានទ្រព្យដ៏ខ្ពស់ខ្ពស់ថ្លៃថ្លា រកទ្រព្យឯទៀតឲ្យលើសលុបជាងមិនមានឡើយ ។

[២៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកប្រាថ្នានូវសេចក្តីចម្រើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសុខ ប្រាថ្នាសេចក្តីក្សេមក្សាន្ត ចាកយោគៈ ដល់ពួកជនច្រើនថា ធ្វើដូចម្តេច ជនទាំងនេះនឹងបានចម្រើនដោយសទ្ធា ចម្រើនដោយសីល ចម្រើនដោយសុតៈ ចម្រើនដោយវុឌ្ឍិ ចម្រើនដោយចាគៈ ចម្រើនដោយលោកិយធម៌ ចម្រើនដោយប្រាជ្ញា ចម្រើនដោយទ្រព្យ និងធញ្ញាហារ ចម្រើនដោយស្រែ និងចំការ ចម្រើនដោយសត្វជើងពីរ និងសត្វជើង ៤ ចម្រើនដោយកូន និងប្រពន្ធ ចម្រើនដោយពួកបុរស ជាទាសៈ និងកម្មករ ចម្រើនដោយពួកញាតិ ចម្រើនដោយពួកមិត្ត ចម្រើនដោយពួកផៅពង្ស ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំង ៣ នេះ គឺមានចំណែកកន្លះកាយខាងលើស្រដៀងនឹងចំណែកកន្លះកាយនៃរាជសីហ៍១ មានខ្នងពេញស្មើ ឥតមានចង្អួរផត ខូងត្រង់កណ្តាល១ មាន ក មូលសម១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមិនសាបសូន្យជាធម្មតា គឺមិនសាបសូន្យចាកទ្រព្យ និងធញ្ញាហារ ស្រែចំការ សត្វជើង២ និងសត្វជើង ៤ កូនប្រពន្ធ ពួកបុរសជាទាសៈ និងកម្មករ ពួកញាតិ មិត្ត និងផៅពង្ស មិនបានសាបសូន្យចាកសម្បត្តិទាំងពួងឡើយ កាលបើបានជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមិនសាបសូន្យជាធម្មតា គឺមិនសាបសូន្យចាកសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា ទាំងមិនសាបសូន្យចាកសម្បត្តិទាំងពួងឡើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[២៦] ព្រះតថាគត តែងប្រាថ្នា និងប៉ុនប៉ងនូវសេចក្តីមាំមួន និងសេចក្តីបរិបូណ៌ដល់ជនដទៃថា ធ្វើដូចម្តេច កុំឲ្យជនទាំងឡាយ សាបសូន្យចាកសទ្ធា សីលៈ សុតៈ បញ្ញា ចាគៈ និងលោកិយធម៌ និងគុណ គឺសេចក្តីល្អច្រើនប្រការ នឹងទ្រព្យធញ្ញាហារស្រែចំការ កូនប្រពន្ធ (សត្វជើងពីរ) សត្វជើង ៤ ញាតិ មិត្ត ផៅពង្ស និង​កម្លាំង​ ពណ៌សម្បុរកាយ និងសុខទាំងពីរប្រការ ។ ព្រះតថាគត ជាបុគ្គលមានចំណែកកន្លះកាយខាងលើ ស្រដៀងគ្នានឹងចំណែកកន្លះកាយ នៃរាជសីហ៍ មានទ្រង់ទ្រាយល្អ១ មាន-ក-មូលក្លំ១ មានខ្នងពេញស្មើ ឥតមានផតខូង ត្រង់កណ្តាល១ ព្រោះកម្មដែលតថាគតបានសន្សំ កសាងពីជាតិមុនមក ទើបមិនបានសាបសូន្យ បុព្វនិមិត្តរបស់ព្រះតថាគតនោះ មិនបានសាបសូន្យឡើយ ។ បើព្រះតថាគតនៅជាគ្រហស្ថ តែងចម្រើនដោយធញ្ញាហារ ទ្រព្យ កូន ប្រពន្ធ (សត្វជើង ២ ) និងសត្វជើង ៤ (បើ) ព្រះតថាគត ឥតមានកង្វល់ ចេញទៅបួស ក៏បានសម្រេចសម្ពោធិញ្ញាណ រកគុណជាតឯទៀត ឲ្យក្រៃលែងជាងគ្មាន ជាធម៌មិនបានសាបសូន្យ ។

[២៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកមិនបៀតបៀនសត្វទាំងឡាយ ដោយដៃ ឬដុំដី ឬក៏ដម្បង គ្រឿងសស្ត្រាវុធឡើយ ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំនូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ នេះ គឺជាអ្នកមានប្រសាទ គឺសរសៃល្អិតឆ្មារដ៏លើសលែង សម្រាប់ទទួលរសអាហារ ឯប្រសាទសម្រាប់ទទួលរសអាហារ របស់ព្រះតថាគតនោះ មានចុង-ង-ឡើងលើ ប្រជុំស្រោបត្រង់ក សម្រាប់ទទួលរសអាហារ ជ្រួតជ្រាបផ្សព្វផ្សាយស្មោះស្មើគ្នា (សព្វសព៌ាង្គកាយ) ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយឧទរ មានភ្លើងធាតុដ៏ស្មើ គឺមិនត្រជាក់ពេក មិនក្តៅពេក កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានអាពាធតិច មានទុក្ខតិច ប្រកបដោយឧទរមានភ្លើងធាតុដ៏ស្មើ គឺមិនត្រជាក់ពេក មិនក្តៅពេក ជាយ៉ាងកណ្តាល ល្មមសមគួរ ដល់សេចក្តីព្យាយាម កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានពោលសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[២៨] ព្រះតថាគត ជាអ្នកមិនបានបៀតបៀន មិនបានប្រទូស្តដល់ប្រជុំជន ដោយដៃ ឬដោយដម្បង និងដុំដី ឬក៏ដោយគ្រឿងសស្ត្រាវុធ ពុំនោះសោត ដោយការប្រើគេឲ្យសម្លាប់ និងបៀតបៀន ឬដោយកិរិយាចងក្រៀក និងការគម្រាមឡើយ ។ ព្រោះកម្មនោះឯង ទើបព្រះតថាកត លះលោកនេះទៅ ក៏រមែងរីករាយ ក្នុងឋានសួគ៌ បាននូវសេចក្តីសុខ ព្រោះធ្វើនូវអំពើដែលមានផលជាសុខ ប្រសាទសម្រាប់ទទួលរសអាហារ ជាទីត្រេកអរ (ណា) បាន​​តម្កល់​នៅស៊ប់ល្អហើយ លុះព្រះតថាគត មកកើតក្នុងមនុស្សលោកនេះ ក៏បាននូវប្រសាទ គឺសរសៃល្អិតឆ្មារ ដ៏លើសលែងសម្រាប់ទទួលរសអាហារ (នោះ) ។ ព្រោះហេតុនោះ បានជាអ្នកប្រាជ្ញទាំងឡាយ មានប្រាជ្ញាដ៏ល្អិត នាំគ្នាទាយព្រះតថាគតនោះ ថា ជននេះ មុខជានឹងច្រើនទៅដោយសេចក្តីសុខ ទោះបីនៅជាគ្រហស្ថ ឬទៅជាបព្វជិត ក៏គង់មានលក្ខណៈនោះ ជាគ្រឿងបំភ្លឺនូវសេចក្តីនោះ ។

[២៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកមិនសំឡក់មើល (ដោយទោសចិត្ត) មិនមៀងមើលដោយចុងភ្នែក មិនលបសំឡក់គេ (ដោយស្អប់) ជាអ្នកមានចិត្តស្មោះត្រង់ រមិលមើលត្រង់ ពេញភ្នែក ជាអ្នកសំឡឹងមើលជនច្រើន ដោយចក្ខុគួរឲ្យស្រឡាញ់ ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានភ្នែកខៀវស្រស់១ មានកែវភ្នែក ស្រដៀងនឹងកែវភ្នែកកូនគោ១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកគួរឲ្យអ្នកផងពិតពិលរមិលមើល ដោយសេចក្តីពេញចិត្ត ជាទីស្រឡាញ់នៃជនច្រើន ជាទីគាប់ចិត្តរបស់ពួកព្រាហ្មណ៍ និងគហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ ពួកសេនាមានអង្គ ៤ (មានសេនាដំរីជាដើម) អ្នករក្សាទ្វារ អាមាត្យ ពួកបរិស័ទ ពួកស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងពួករាជកុមារ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកគួរឲ្យអ្នកផងពិតពិលរមិលមើល ដោយសេចក្តីពេញចិត្ត ជាទីស្រឡាញ់នៃជនច្រើន ជាទីគាប់ចិត្តរបស់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានពោលសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៣០] ព្រះតថាគត ជាអ្នកមិនសំឡក់មើល (ដោយទោសចិត្ត) មិនមៀងមើល ដោយចុងភ្នែក មិនលបសំឡក់គេ (ដោយស្អប់) ជាអ្នកមានចិត្តស្មោះត្រង់ ពិតពិលរមិលមើលត្រង់ ពេញភ្នែក ជាអ្នកសំឡឹងមើលមហាជន ដោយចក្ខុគួរស្រឡាញ់ ។ ព្រះតថាគតនោះ បានទៅសោយផលវិបាក ក្នុងសុគតិ រីករាយក្នុងសុគតិនោះ (លុះច្យុតចាកឋានសួគ៌) មកកើតក្នុងមនុស្សលោកនេះ បានជាអ្នកមានកែវភ្នែកស្រដៀងនឹងកែវភ្នែកកូនគោ១ ជាអ្នកមានភ្នែកខៀវស្រស់ គួរឲ្យរមិលមើល (ដោយចិត្តរាប់អាន)១ ។ មនុស្សទាំងឡាយ ជាអ្នកប្រកបក្នុងលក្ខណសាស្ត្រ មានប្រាជ្ញាដ៏ល្អិត ឈ្លាសវៃ ក្នុងបទ និងនិមិត្តដ៏ច្រើន និងជាអ្នកឈ្លាសវៃ ក្នុងការទាយនូវភ្នែកដែលដូចជាភ្នែកកូនគោ នាំគ្នាទាយព្រះតថាគតនោះ ថា ព្រះរាជកុមារនេះ គួរឲ្យពិតពិលរមិលមើល ដោយចិត្តជាទីស្រឡាញ់ ។ បើព្រះតថាគតនៅជាគ្រហស្ថ ជាបុគ្គលគួរឲ្យពិតពិលរមិលមើល ដោយចិត្តជាទីស្រឡាញ់ ជាទីរាប់អានរបស់ជនជាច្រើន នេះបើនៅជាគ្រហស្ថ បើទៅជាសមណៈវិញ ក៏គង់ជាទីស្រឡាញ់ និងជាអ្នកធ្វើសេចក្តីសោករបស់ជនច្រើនឲ្យវិនាសបាន ។

[៣១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាចម្បងរបស់ជនច្រើន ក្នុងកុសលធម៌ទាំងឡាយ ជាប្រធានរបស់ជនច្រើន ក្នុងកាយសុចរិត វចីសុចរិត មនោសុចរិត ការបរិច្ចាគទាន សមាទានសីល កិរិយារក្សាឧបោសថ វត្តដែលត្រូវធ្វើចំពោះមាតា វត្តដែលត្រូវធ្វើចំពោះបិតា វត្តដែលត្រូវធ្វើចំពោះសមណៈ វត្តដែលត្រូវធ្វើចំពោះព្រាហ្មណ៍ វត្តដែលត្រូវធ្វើចំពោះជន ដែលជាច្បងក្នុងត្រកូល និងក្នុងពួកកុសលធម៌ដ៏ក្រៃលែងឯទៀតៗ ។ ព្រះតថាគតនោះ ព្រោះបានធ្វើកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានសីសៈ ដូចជាប្រដាប់ដោយក្បាំងស្រេចស្រាប់ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងមានជនច្រើននាក់ជាបរិពារ គឺពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាប្រកបដោយអង្គ ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ ព្រះរាជកុមារ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺមានជនច្រើននាក់ជាបរិពារ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៣២] ព្រះតថាគត ជាចម្បង (របស់ជនច្រើន) ក្នុងសុចរិតធម៌ទាំងឡាយ ជាអ្នកត្រេកអរក្នុងការប្រព្រឹត្តធម៌ មានជនច្រើននាក់ជាបរិពារ លុះព្រះតថាគតលះលោកនេះ ក៏បានទៅសោយផលនៃបុណ្យក្នុងឋានសួគ៌ ។ លុះព្រះតថាគត សោយផលសុចរិតនោះហើយ ច្យុតមកកើតក្នុងមនុស្សលោកនេះ ក៏បានជាអ្នកមានសីសៈ ហាក់ដូចជាប្រដាប់ដោយក្បាំងស្រេចស្រាប់ ឯពួកមនុស្ស ជាអ្នកចេះចាំនូវព្យញ្ជនៈ និងនិមិត្ត នាំគ្នាទាយថា ព្រះតថាគតនេះ នឹងបានជាចម្បងរបស់ជនច្រើន ។ បណ្តាពួកមនុស្សក្នុងលោកនេះ នឹងមានមនុស្ស ជាអ្នកខ្វល់ខ្វាយបម្រើ (ព្រះតថាគតនេះជាច្រើន) សូម្បីកាលព្រះតថាគតនៅពីក្មេង ក្នុងកាលនោះឯង ក៏មានពួកមនុស្ស ទាយព្រះតថាគតនោះថា បើព្រះតថាគត ជាក្សត្រិយ៍ នៅគ្រប់គ្រងផែនដី នឹងបានពួកជនច្រើននាក់ ធ្វើការខ្វល់ខ្វាយបម្រើ ។ បើមនុស្សនោះ ចេញទៅបួស នឹងបានជាអ្នកស្ទាត់ជំនាញ ក្នុងធម៌ទាំងឡាយ ជនជាច្រើន តែងត្រេកអរ ក្នុងគុណ គឺការប្រៀនប្រដៅ របស់មនុស្សនោះ ជាអ្នកប្រព្រឹត្តតាម (ព្រះតថាគត) ។

[៣៣] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវមុសាវាទ វៀរស្រឡះហើយ ចាកមុសាវាទ ជាអ្នកនិយាយតែពាក្យពិត បញ្ចេញតែពាក្យពិត ជាអ្នកទៀងត្រង់ និយាយពាក្យគួរឲ្យគេជឿ ជាអ្នកមិនពោលបំភ្លាត់សត្វលោកឡើយ ។ ព្រះតថាគតនោះ ព្រោះបានធ្វើកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈទាំងពីរនេះ គឺជាអ្នកមានរោម ក្នុងរណ្តៅមួយៗតែមួយសរសៃៗ (រាល់រណ្តៅទាំងអស់)១ មានរោមប្រជុំចិញ្ចើម ដុះត្រង់ចន្លោះចិញ្ចើម មានពណ៌សក្បុស ទន់ល្វន់ ដូចជាសំឡី១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជនច្រើននាក់ គឺពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនា ប្រកបដោយអង្គ ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ តែងប្រព្រឹត្តតាមអធ្យាស្រ័យ របស់តថាគតនោះ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជនច្រើននាក់ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ តែងប្រព្រឹត្តតាមអធ្យាស្រ័យ របស់ព្រះតថាគតនោះ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៣៤] ក្នុងជាតិពីមុនៗ ព្រះតថាគតអ្នកកាន់ពាក្យសត្យ មានវាចាគួរជឿ វៀរចាកពាក្យមិនពិត ព្រះតថាគតនោះ ជាអ្នកមិនក្លែងពោលពាក្យមិនពិត ចំពោះជនណាមួយឡើយ និយាយតែពាក្យពិត ទៀងទាត់ ត្រឹមត្រូវ ។ ព្រះតថាគត មានរោមប្រជុំចិញ្ចើម សម្បុរសក្បុស ទន់ល្វន់ ដូចជាសំឡី ដុះត្រង់ចន្លោះចិញ្ចើម ក្នុងរណ្តៅរោមមួយៗ មិនដុះរោមពីរសរសៃឡើយ គឺព្រះតថាគត មានសរីរៈដុះរោមតែមួយសរសៃៗ ។ ពួកជនជាច្រើន ដែលជាអ្នកដឹងនូវលក្ខណៈ ឈ្លាសក្នុងការទាយនូវឧប្បាដ និងនិមិត្ត មកប្រជុំគ្នា ហើយទាយព្រះតថាគតនោះថា នឹងមានជនជាច្រើន ប្រព្រឹត្តទៅតាមអធ្យាស្រ័យ របស់តថាគត ដែលជាអ្នកមានរោមប្រជុំចិញ្ចើមប្រតិស្ឋានល្អហើយបែបនេះ ។ បើព្រះតថាគតនៅជាគ្រហស្ថ នឹងមានជនជាច្រើន ប្រព្រឹត្តតាមអធ្យាស្រ័យ ព្រោះកុសលកម្ម ដែលតថាគត បានធ្វើទុកមកពីកាលមុន ទោះបីព្រះតថាគតចេញទៅធ្វើជាបព្វជិត ឥតមានកង្វល់ នឹងបានត្រាស់ជាព្រះពុទ្ធដ៏ប្រសើរ នឹងមានជនប្រព្រឹត្តតាមអធ្យាស្រ័យដូចគ្នា ។

[៣៥] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវវាចាស៊កសៀត វៀរស្រឡះហើយចាកវាចាស៊កសៀត ជាអ្នកឮពាក្យអំពីជនឯនេះ មិននាំទៅប្រាប់ជនឯនោះ ដើម្បីបំបែកជនទាំងពីរចំណែកនេះឡើយ ឬបានឮពាក្យអំពីជនឯនោះ មិននាំមកប្រាប់ជនឯនេះ ដើម្បីបំបែកជនឯនោះឡើយ ជាអ្នកផ្សះផ្សានូវជន ដែលបាក់បែកគ្នាហើយ ជាអ្នកទំនុកបម្រុងនូវពួកជន ដែលព្រមព្រៀងគ្នា ជាអ្នករីករាយនឹងការព្រមព្រៀង ត្រេកអរនឹងការព្រមព្រៀងគ្នា ពេញចិត្តនឹងការព្រមព្រៀងគ្នា និងពោលតែវាចា ដែលធ្វើឲ្យកើតសេចក្តីព្រមព្រៀងគ្នា ។ ព្រះតថាគតនោះ ព្រោះបានធ្វើកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានធ្មេញ ៤០ គត់១ មានធ្មេញជិតស្និទ្ធល្អ១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមិនបែកបាក់បរិស័ទ ឯបរិស័ទរបស់ស្តេច ដែលមិនបែកបាក់គ្នានោះ គឺ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមានអង្គ ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ កាលបើនៅជាស្តេច នឹងបាននូវរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងមានបរិស័ទមិនបែកបាក់គ្នា បរិស័ទរបស់ព្រះតថាគត ដែលមិនបែកបាក់គ្នានោះ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ ព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៣៦] ព្រះតថាគតនោះ មិនបានពោលនូវពាក្យមិនពិត ពាក្យដែលបង្កហេតុឲ្យបែកបាក់ ចាកការព្រមព្រៀង ពាក្យដែលធ្វើសេចក្តីបែកបាក់គ្នា និងទាស់ទែងគ្នា ឲ្យចម្រើន ពាក្យដែលធ្វើជំលោះ និងអំពើមិនគួរ ឲ្យចម្រើន និងពាក្យដែលនាំឲ្យជនដែលមានបំណងព្រមព្រៀង ឲ្យបែកបាក់គ្នា ។ ព្រះតថាគត ពោលតែពាក្យល្អ ជាពាក្យធ្វើសេចក្តីមិនវិវាទ ឲ្យចម្រើន និងពាក្យផ្សះផ្សាជនដែលបែកបាក់គ្នាហើយ ព្រះតថាគត បន្ទោបង់នូវជំលោះរបស់ជន ទាំងធ្វើឲ្យព្រមព្រៀងគ្នា ព្រះតថាគត តែងរីករាយ ត្រេកអរ មួយអន្លើដោយសត្វទាំងឡាយ ព្រះតថាគត បានទៅសោយផលវិបាក ក្នុងសុគតិ រីករាយក្នុងសុគតិនោះ លុះច្យុតចាកឋានសួគ៌ (មកកើត) ក្នុងមនុស្សលោកនេះ ក៏មានធ្មេញជិតស្និទ្ធ និងមានធ្មេញ ៤០ គត់ ប្រតិស្ឋានដោយល្អ នៅក្នុងមាត់ ។ បើព្រះតថាគតនៅ (គ្រប់គ្រងគេហដ្ឋាន) នឹងបានជាក្សត្រិយ៍ គ្រប់គ្រងផែនដី មានបរិស័ទមិនបែកបាក់គ្នាឡើយ ទោះបីជាសមណៈ ក៏ជាអ្នកឥតមានធូលី ឥតមានមន្ទិល គឺរាគាទិក្កិលេសឡើយ ជាអ្នកមានបរិស័ទ តាមចោមរោម មិនញាប់ញ័រឡើយ ។

[៣៧] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន ជាអ្នកលះបង់នូវផរុសវាចា វៀរស្រឡះហើយ ចាកផរុសវាចា ជាអ្នកនិយាយតែពាក្យដែលឥតទោស ពាក្យដែលជាសុខដល់ត្រចៀកគេ គួរឲ្យស្រឡាញ់ គួរឲ្យតាំងទុកក្នុងហឫទ័យ ជាសំដីអ្នកក្រុង ទាំងជាទីស្រឡាញ់នៃជនច្រើន ជាទីពេញចិត្តនៃជនច្រើន ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំ កសាងនូវកុសលកម្មនោះ ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំងពីរនេះ គឺជាអ្នកមានអណ្តាតវែង១ មានសូរសព្ទសំឡេងក្រាងក្រអៅ ដូចជាសំឡេងព្រហ្ម កាលបើបញ្ចេញវាចា លាន់ឮពីរោះ ដូចជាសំឡេងសត្វករវិក១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានវាចាគួរឲ្យអ្នកផងកាន់តាម គឺ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមានអង្គ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ តែងកាន់តាមពាក្យ របស់ព្រះតថាគតនោះ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានវាចា គួរឲ្យអ្នកផងកាន់តាម គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ តែងកាន់តាមពាក្យ របស់ព្រះតថាគតនោះ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៣៨] ព្រះតថាគតនោះ មិនបានពោលពាក្យអាក្រក់ក្រៃលែង ដែលជាពាក្យជេរ ជាពាក្យបង្កហេតុឲ្យទាស់ទែងគ្នា បៀតបៀនគ្នា ពាក្យដែលធ្វើឲ្យឈឺចិត្ត ពាក្យជាគ្រឿងមើលងាយ នូវជនច្រើនឡើយ ព្រះតថាគត ពោលតែពាក្យផ្អែមល្ហែម ទន់ភ្លន់ ប្រកបដោយប្រយោជន៍ ។ ព្រះតថាគតនោះ ពោលតែពាក្យ ដែលជាទីស្រឡាញ់ ពេញចិត្ត គួរ​​តម្កល់​ទុកក្នុងហឫទ័យ នាំមកនូវសេចក្តីសុខ ដល់ត្រចៀក (របស់មនុស្សដែលបានស្តាប់) ព្រះតថាគត បានសោយផលនៃបុណ្យ ក្នុងឋានសួគ៌ បានសោយផលនៃអំពើសុចរិត លុះព្រះតថាគត ច្យុតមកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវភាពជាអ្នកមានសំឡេងដូចសំឡេងព្រហ្ម អណ្តាតរបស់ព្រះតថាគតនោះ ធំទូលាយ ព្រះតថាគត មានពាក្យដែលគួរឲ្យអ្នកផងកាន់តាម សូម្បីកាលព្រះតថាគត នៅជាគ្រហស្ថ និយាយយ៉ាងណាទៅហើយ ក៏តែងនាំឲ្យសម្រេចប្រយោជន៍ យ៉ាងនោះ បើព្រះតថាគត នោះ ជាមនុស្សចេញទៅបួស ក៏មានពួកជនជឿកាន់តាមពាក្យ របស់ព្រះតថាគតនោះ ដែលជាអ្នកពោលនូវពាក្យល្អច្រើន ។

[៣៩] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលមុន ជាអ្នកលះបង់នូវសម្ផប្បលាបៈ (ពាក្យរោយរាយ) វៀរស្រឡះហើយចាកសម្ផប្បលាបៈ ជាអ្នកពោលតាមកាលគួរ ពោលតែពាក្យពិត ពោលពាក្យប្រកបដោយហេតុ ពោលពាក្យប្រកបដោយផល ពោលពាក្យទូន្មាន ពោលពាក្យដែលគួរឲ្យអ្នកផង តម្កល់ទុកក្នុងហឫទ័យ ជាពាក្យប្រកបដោយគ្រឿងអាង មានទីបំផុត ប្រកបដោយប្រយោជន៍ ត្រូវតាមកាល ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំនូវកុសលកម្ម ។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានចង្កា មានសណ្ឋានដូចជាចង្កានៃរាជសីហ៍ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នក ដែលមនុស្សជាសឹកសត្រូវបច្ចាមិត្តនីមួយ មិនអាចកំចាត់បង់បានឡើយ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង ។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នក ដែលសត្រូវបច្ចាមិត្ត ខាងក្នុង ឬខាងក្រៅ គឺរាគៈក្តី ទោសៈក្តី មោហៈក្តី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬអ្នកណាមួយក្នុងលោក មិនអាចធ្វើព្រះតថាគត ឲ្យឃ្លាត (ចាកគុណ ឬទី) បានឡើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៤០] ព្រះតថាគត មិនពោលពាក្យឥតប្រយោជន៍ មិនពោលពាក្យរាយមាយ ជាអ្នកមានគន្លងនៃពាក្យមិនរោយរាយ ព្រះតថាគត តែងបន្ទោបង់នូវពាក្យ ដែលឥតប្រយោជន៍ផង ពោលតែពាក្យមានប្រយោជន៍ ដែលជាពាក្យនាំមកនូវសេចក្តីសុខដល់ជនច្រើនផង ។ ព្រះតថាគត ធ្វើនូវកុសលកម្មនោះហើយ លុះច្យុតចាកមនុស្សលោកនេះ បានទៅកើតក្នុងឋានសួគ៌ បានសោយនូវផលវិបាករបស់កម្មដែលធ្វើល្អ លុះច្យុត (ចាកឋានសួគ៌) នោះ មកកាន់អត្តភាពជាមនុស្សនេះវិញ ក៏បាននូវភាពជាអ្នកមានចង្កា ដូចចង្កាសីហៈ ដែលជាសត្វប្រសើរ ជាងពួកសត្វជើង ៤ ។ ព្រះតថាគត ជាស្តេចកំពូលនៃមនុស្ស ជាធំជាងមនុស្ស មានអានុភាពច្រើន ទោះបីអ្នកណាៗ ក៏មិនអាចញាំញីបានឡើយ ព្រះតថាគត ស្មើដោយព្រះឥន្ទ្រដែលប្រសើរ ក្នុងភពឈ្មោះតាវត្តិង្ស ទាំងក្លៀវក្លាប្រសើរក្រៃលែង ដូចជាព្រះឥន្ទ្រាធិរាជដូច្នោះឯង ។ ព្រះតថាគត ជាអ្នកមានអត្តភាពដូច្នោះ ទោះបីគន្ធព្វ អសុរ សក្កទេវរាជ រក្ខទេពទាំងឡាយ ដែលក្លៀវក្លា ក៏មិនអាចញាំញីបាន បើអ្នកណាមានលក្ខណៈ ដូចជាព្រះតថាគតនោះ ក្នុងលោកនេះ នឹងបានជាធំក្នុងទិស គឺទិសតូច និងទិសធំ ។

[៤១] ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត (អាស្រ័យ) នូវជាតិពីមុន ភពពីមុន លំនៅពីមុន កើតជាមនុស្ស ក្នុងកាលពីមុន បានលះបង់នូវមិច្ឆាជីវៈ (ការចិញ្ចឹមជីវិតខុស) ចិញ្ចឹមជីវិតដោយសម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ) ជាអ្នកវៀរចាកការបញ្ឆោត ឬបន្លំ ដោយជញ្ជីង បញ្ឆោត ដោយមាស បញ្ឆោតដោយរង្វាល់រង្វាស់ បង្ខុសបំភាន់ បញ្ឆោតបោកប្រាស និងបន្លំ ដោយរបស់ប្លម វៀរចាកកិរិយាកាត់នូវអវយវៈ មានដៃជាដើម សម្លាប់ ចង ធ្វើមនុស្សឲ្យវង្វេងផ្លូវ ប្លន់ កំហែងយកទ្រព្យ ។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំ កសាងកុសលកម្មនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏បានទៅកើតក្នុងឋានសុគតិសួគ៌ ទេវលោក ។ ព្រះតថាគតនោះ គ្របសង្កត់នូវទេវតាឯទៀត ក្នុងឋានសួគ៌នោះ ដោយហេតុ ១០ ប្រការ គឺអាយុទិព្យ១ សម្បុរទិព្យ១ យសទិព្យ១ សុខទិព្យ១ អធិបតីទិព្យ១ រូបទិព្យ១ សំឡេងទិព្យ១ ក្លិនទិព្យ១ ផ្សព្វទិព្យ១ ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវ មហាបុរិសលក្ខណៈ ទាំងឡាយពីរនេះ គឺជាអ្នកមានធ្មេញជិតស្និទ្ធល្អ១ មានចង្កូម (ទាំង ៤ ) សស្អាត១ ។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈទាំងពីរនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ ប្រកបដោយធម៌ សោយរាជ្យដោយធម៌ មានជ័យជំនះ ផ្សាយរាជអំណាច រហូតដល់ផែនដី ដែលមានសមុទ្រទាំង ៤ ព័ទ្ធជុំវិញ ទ្រង់ដល់នូវភាពជាអ្នកមាំមួន ក្នុងជនបទ ប្រកបដោយរតន៍ ៧ ប្រការ ។ រតន៍ ៧ ប្រការនេះ របស់ស្តេចនោះ គឺ ចក្ករតន៍១ ហត្ថិរតន៍១ អស្សរតន៍១ មណិរតន៍១ ឥត្ថីរតន៍១ គហបតិរតន៍១ បរិនាយរតន៍១ រួមត្រូវជា ៧ ប្រការ ។ បុត្ររបស់ស្តេចចក្រពត្តិនោះ ក៏មានចំនួនច្រើនពាន់ សុទ្ធសឹងតែជាអ្នកក្លៀវក្លា មានរូបសណ្ឋានជាអ្នកក្លៀវក្លា អាចញាំញីនូវសេនា របស់ស្តេចឯទៀតបាន ។ ទ្រង់ប្រាបប្រាមគ្រប់គ្រងនូវផែនដីនេះ ដែលមានសាគរជាទីបំផុត ឲ្យជាផែនដីឥតមានគោល ឥតមាននិមិត្ត ឥតមានបន្លា គឺចោរឡើយ ជាផែនដីស្តុកស្តម្ភ មំាមួនក្សេមក្សាន្ត ឥតមានឧបទ្រព្យ ឥតមានទីពួនរបស់ចោរ ដោយធម៌ដ៏ស្មើ មិនបាច់ពឹងអាជ្ញា មិនបាច់ពឹងសស្ត្រាវុធឡើយ កាលបើនៅជាស្តេច នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានបរិវារស្អាតបាត ឯបរិវារស្អាតបាតរបស់ស្តេចចក្រពត្តិនោះ គឺ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម អ្នកជនបទ ពួកស្មៀន ពួកមហាមាត្រ សេនាមានអង្គ ៤ អ្នករក្សាទ្វារ អាមាត្យ បរិស័ទ ស្តេចចំណុះ អ្នកមានភោគសម្បត្តិ និងព្រះរាជកុមារ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង បើព្រះតថាគត ចេញចាកគេហដ្ឋាន ទៅបួស នឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងលោក (នេះ) មានដម្បូល គឺរាគាទិក្កិលេស បើកចេញហើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នកមានបរិវារស្អាតបាត ឯបរិវារស្អាតបាត របស់ព្រះតថាគតនោះ គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ទេវតា មនុស្ស អសុរ នាគ គន្ធព្វ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង ។ លុះព្រះមានព្រះភាគ ពោលសេចក្តីនេះរួចហើយ ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា

[៤២] ព្រះតថាគតនោះ បានលះបង់ការចិញ្ចឹមជីវិតខុស បានបំពេញសេចក្តីប្រព្រឹត្តដោយស្អាតល្អ ជាធម៌ដ៏ស្មោះស្មើផង បានកំចាត់បង់នូវកម្ម ដែលឥតប្រយោជន៍ផង ប្រព្រឹត្តនូវកម្មដែលមានប្រយោជន៍ ទាំងនាំមកនូវសេចក្តីសុខ ដល់ជនច្រើនផង ។ ព្រះតថាគត ជានរជន បានធ្វើនូវអំពើមានផលដ៏ល្អ ដែលពួកសប្បុរជាអ្នកប្រាជ្ញ មានប្រាជ្ញាល្អិត តែងសរសើរ ហើយទើបសោយនូវសេចក្តីសុខ ក្នុងឋានសួគ៌ ព្រះតថាគត ជាអ្នកស្មើដោយសក្កទេវរាជ ដែលជាកំពូលនៃទេវតា ក្នុងភពឈ្មោះតាវត្តិង្ស តែងត្រេកអរ និងមូលមិត្រ ដោយសេចក្តីរីករាយ និងសេចក្តីសុខសម្រាន្ត ។ លុះព្រះតថាគត ច្យុតចាកឋានសួគ៌នោះ បានមកកើតជាមនុស្សនេះ ម្តងទៀត ក៏បាននូវធ្មេញរាបស្មើល្អផង នូវចង្កូម (ទាំង ៤ ) ស្អាតល្អផង ព្រោះសេសនៃផលវិបាក របស់កម្មដែលបានធ្វើល្អហើយ ។ ពួកមនុស្សជាច្រើន ជាអ្នកដឹងនូវលក្ខណៈ ដែលសន្មតថាជាអ្នកមានប្រាជ្ញាល្អិត មកប្រជុំគ្នាទាយព្រះតថាគតនោះថា ព្រះតថាគត ដែលមានព្រះទន្តស្មើ សស្អាតល្អ រមែងមានពួកជនស្អាតជាបរិវារ ។ បើព្រះតថាគត នៅសោយរាជ្យ នឹងបានជនច្រើន ជាបរិវារស្អាតល្អ ព្រះតថាគត ប្រៀនប្រដៅនូវមនុស្ស លើផែនដីធំនេះ គ្របសង្កត់សង្កិន មិនឲ្យមានគ្រឿងចាក់ដោតដល់ជនបទឡើយ ព្រះតថាគត ប្រព្រឹត្តនូវអំពើជាប្រយោជន៍ ទាំងសេចក្តីសុខដល់ជនច្រើន បើព្រះតថាគត ចេញទៅបួស រមែងជាអ្នកបន្សាត់បង់នូវបាប ជាអ្នកស្ងប់រម្ងាប់ មានធូលី គឺរាគាទិក្កិលេសស្ងប់រម្ងាប់ហើយ មានកិលេស ដូចជាដម្បូល បើកចេញហើយ ជាអ្នកប្រាសចាកសេចក្តីក្រវល់ក្រវាយ និងសេចក្តីលំបាកកាយ តែងឃើញនូវលោកនេះ និងលោកខាងមុខ ។ ពួកគ្រហស្ថ និងបព្វជិតជាច្រើន ដែលជាអ្នកធ្វើតាមឱវាទ របស់ព្រះតថាគតនោះ តែងជាអ្នកប្រាសចាកសេចក្តីសៅហ្មង ព្រោះថា ព្រះតថាគត ដែលមានបាប បន្សាត់ចោលហើយនោះ រមែងមានតែពួកមនុស្សស្អាតល្អ ដែលជាអ្នកកំចាត់បង់នូវមន្ទិល និងដង្គត់ គឺរាគាទិក្កិលេស នូវកំហុស គឺទោស និងកិលេសទាំងពួង មកចោមរោមជុំវិញ ។

លុះព្រះមានព្រះភាគ បានសំដែងលក្ខណសូត្រនេះចប់ហើយ ។ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះភាសិតរបស់ព្រះមានព្រះភាគ ។

ចប់ លក្ខណសូត្រ ទី ៧ ។

ឯកសារយោង

[កែប្រែ]

ព្រះត្រៃបិដក > សុត្តន្តបិដក > ទីឃនិកាយ >​ បាដិកវគ្គ > ឆដ្ឋភាគ > លក្ខណសូត្រ [សៀវភៅ​ភាគ១៩ ទំព័រទី១ ដល់ ៦៦]

พระไตรปิฎก เล่มที่ ๑๑  > พระสุตตันตปิฎก เล่มที่ ๓ > ทีฆนิกาย > ปาฏิกวรรค > ลักขณสูตร (๓๐)

The Marks of a Great Man (DN30)