លន់ ណុន
លន់ ណុន ជាប្អូនប្រុសបង្កើតរបស់ឧត្តមសេនីយ៍ លន់ នល់ ជាមនុស្សដ៏សំខាន់ម្នាក់ក្នុងការរៀបចំចាត់ចែងឱ្យមានរដ្ឋប្រហារនៅ ប្រទេសកម្ពុជានាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដើម្បីទំលាក់សម្តេចនរោត្តមសីហនុ ពីតំណែងព្រះប្រមុខរដ្ឋ ។ តពីនោះមក ឆ្លងកាត់ការផ្លាស់ប្តូររដ្ឋាភិបាលដ៏គ្មានប្រសិទ្ធជាច្រើនលើក និងសង្គ្រាមស៊ីវិលដ៏ក្រពុលមុខ ប្រទេសកម្ពុជាបានធ្លាក់ក្នុងរបបខ្មែរក្រហម ឬ របបកម្ពុជាប្រជាធិបតេយ្យ ដ៏សែនប្រល័យ ។
លន់ ណុន ត្រូវបានគេជឿថាជាមនុស្សខ្ចីដៃព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ធ្វើឱ្យរដ្ឋប្រហារមួយនៅប្រទេសកម្ពុជាប្រកបដោយជោគជ័យ ។ លន់ ណុន បានធ្វើការជាច្រើន គឺអាចនិយាយថា ធ្វើច្រើនជាង លន់ នល់ ដែលជាបងប្រុសរបស់គាត់ និង ជាមនុស្សម្នាក់ចេញមុខទទួលខុសត្រូវក្នុងការធ្វើរដ្ឋប្រហារទំលាក់ សម្តេច សីហនុ ទៅទៀត ។
លោក លីវ សេង មានកំណើតជាខ្មែរកម្ពុជាក្រោម និង ជាអតីតសមាជិក CIA ម្នាក់បានកត់សំគាល់ថា “ លន់ នល់ ជាមនុស្សមិនសូវចិត្តលះប៉ុន្មានទេ ប៉ុន្តែ លន់ ណុន វិញ ទោះជាមិនសូវចេញមុខក្តី ប៉ុន្តែគាត់ជាមនុស្សដៃដល់ និង ចិត្តមុត ហើយប្រាថ្នាចង់ស្នងតំណែងបងប្រុសរបស់គាត់ទៀតផង “ ។
ជីវប្រវត្តិ
[កែប្រែ]ប្រភពដើមនៃគ្រួសារ
[កែប្រែ]លន់ ណុន កើតនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៣០ នៅតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ឪពុកឈ្មោះ លន់ ហ៊ិន ម្តាយឈ្មោះ នួន ហើយគាត់ជាកូនទី៧ក្នុងគ្រួសារដែលមានបងប្អូន១០នាក់ ។
លន់ ណុន បានទៅសិក្សា ផ្នែកស៊ើបអង្កេត នៅប្រទេសបារាំង។
អាជីពយោធា
[កែប្រែ]ពេលត្រឡប់មកប្រទេសវិញ គាត់បានចូលបំរើការងារក្នុងអង្គភាពប៉ូលិសជាតិ លុះក្រោយមកបន្ទាប់ពីបានឆ្លងកាត់សាលាយោធាខ្មែរនៅភ្នំពេញ គឺសាលានាយទាហានសកម្មជំនាន់ទី១៣ ហើយបានទទួលឋានៈជាអនុសេនីយ៍ទោ ។ បន្ទាប់មកគាត់បានប្តូរទៅធ្វើការនៅក្នុងផ្នែកកងរាជអាវុធហត្ថរហូត ដល់ឆ្នាំ១៩៧០ ។
សម័យសង្គមរាស្ត្រនិយម គាត់ជាអ្នកឧបត្ថម្ភកាសែតក្នុងស្រុកមួយចំនួនទាំងផ្នែកការពារ ផ្នែកថវិកា និង សម្ភារៈ ។ ឋានៈរបស់លន់ នល់ ជារដ្ឋមន្ត្រីការពារប្រទេស ជាដើមនោះ ជាឱកាសដែលធ្វើឱ្យ លន់ ណុន ជាមនុស្សមានទឹកមាត់ប្រៃជាងឋានៈរបស់គាត់ ។ គាត់រស់នៅក្រោមការគាំពារពីបងប្រុសរបស់គាត់ជានិច្ច សូម្បីការិយាល័យធ្វើការ និង លំនៅឋានរបស់គាត់គឺនៅក្នុងភូមិគ្រឹះតែមួយជាមួយបងប្រុសរបស់គាត់ ក្បែរទំនប់ពេទ្យរុស្ស៊ី ។ ដោយហេតុនេះគាត់ទទួលបាននូវការចូលពឹងពាក់ពីមនុស្សជាច្រើននិង ញឹកញាប់ឥតដាច់ ។ ប្រការនេះជាឱកាសឱ្យគាត់ប្រមូលផ្តុំពួកបញ្ញាវន្តដែលប្រឆាំងរបប រាជាធិបតេយ្យ បង្កើតបានជាក្រុមតស៊ូនយោបាយតូចៗតាំងពីពេលនោះមក ។ រហូតដល់ឆ្នាំ១៩៦៨ ក្រុមតស៊ូនយោបាយតូចៗនេះ បានកើតមានកាន់តែច្រើនឡើងៗ និង សម្មឡើងៗ ។
គាត់បាន ប្រើប្រាស់គេហដ្ឋាននៅជនបទរបស់គាត់មួយទៀតដែលស្ថិតនៅក្បែរវត្តហា ប្របមាត់ស្ទឹងកន្ទួត ស្រុកកំពង់កន្ទួត ខេត្តកណ្តាល ចំងាយប្រមាណជា២០គីឡូម៉ែត្រពីភ្នំពេញ សម្រាប់ប្រជុំសំងាត់ផ្សេងៗ ។
លោក លីវ សេង បាននិយាយថា « លន់ ណុន បានរក្សាទំនាក់ទំនងសំងាត់ជាមួយចលនាខ្មែរសេរី ។ សឺង ង៉ុកថាញ់ ជាប្រមុខនៃចលនានេះដែលកំពុងនិរទេសខ្លួននៅភាគខាងត្បូងវៀតណាមនោះ បានឆ្លងមកកាន់ប្រទេសកម្ពុជាជាសំងាត់ដើម្បីពិគ្រោះគ្នាជាមួយគាត់នៅ គេហដ្ឋានរបស់គាត់នៅវត្តហាដែរ » ។ លីវ សេង បានបន្ថែមទៀតថា “ លន់ ណុន មានមនុស្ស២រូបដែលជាទីទុកចិត្តរបស់គាត់គឺ ពលបាលត្រី គា ឃីន និង កុល ឡុងសេង ជាអ្នករងរ៉ាប់ទំនាក់ទំនងផ្សេងៗជាមួយសឺង ង៉ុក ថាញ់ និង ធ្វើដំណើរបំពេញបេសកកម្មជាទៀងទាត់ទៅកាន់ខេត្តស្វាយរៀង ដែលជាប់ព្រំដែនវៀតណាមខាងត្បូង “ ។
ផ្នែកខាងសារព័ត៌មាន គាត់បានពឹងពាក់កាសែតប្រចាំថ្ងៃក្នុងស្រុកជាភាសាខ្មែរចំនួន២គឺ កាសែត ប្រយោជន៍ខ្មែរ ដែលមាន លឿង វ៉ែន ជាចាងហ្វាង និង កាសែត សុវណ្ណភូមិ ដែលមានឃូនថៃ ជានាយក ។
តួនាទីនៅក្នុងសង្គ្រាមស៊ីវិល
[កែប្រែ]ពេលមានរបបរដ្ឋាភិបាល « ស្រោចស្រង់ជាតិ » នោះ សម្តេចសីហនុ និង ព្រះអង្គម្ចាស់ សិរិមតៈ ជាញឹកញាប់មានការប្រឈមមុខដាក់គ្នា ។ លោក លឿង វ៉ែន បានព្យាយាមសរសេរអត្ថបទរិះគន់សម្តេចព្រះប្រមុខរដ្ឋជាបន្តបន្ទាប់ ចុះផ្សាយតាមកាសែត ប្រយោជន៍ខ្មែរ របស់គាត់ ខណៈកាសែត នគរធំ របស់ សុទ្ធ ប៉ូលីន ជាមិត្តរបស់លន់ ណុន ក៏បានធ្វើការដូចគ្នានេះដែរ ។ ប្រការនេះត្រូវបានគេមើលឃើញគ្រប់គ្នា និង គិតថា សិរិមតៈ និង លន់ ណុន មានការព្រមព្រៀគ្នាដើម្បីគាបព្រះប្រមុខរដ្ឋ សីហនុ ។
លឿង វ៉ែន ត្រូវបានចាប់ដាក់ពន្ធនាគារបន្ទាប់ពីត្រូវបានតម្រូវឱ្យបកស្រាយ បំភ្លឺជាសាធារណៈ និង ផ្តល់ភស្តុតាងផ្សេងៗ នៅចំពោះព្រះភក្ត្រសម្តេចព្រះប្រមុខរដ្ឋ ទាក់ទងនឹងការចោទប្រកាន់របស់គាត់ ក្នុងឱកាសសមាជជាតិចុងក្រោយរបស់សង្គមរាស្ត្រនិយម ។ បន្ទាប់មកមានដំណឹងថា វរៈសេនីយ៍ឯក អ៊ុំ ម៉ាណូរិន្ទ និង សូស្តែនហ្វែរណង់ដេស បានចេញបញ្ជាឱ្យចាប់ខ្លួនបញ្ញាវន្ត , សាស្ត្រាចារ្យ , គ្រូបង្រៀន,មន្ត្រីរាជការ និង យោធាចំនួន៥០០នាក់ ដែលក្នុងនោះភាគច្រើនជាមនុស្សរបស់លន់ ណុន មានជាអាទិ៍ ថោង លឹមហួង ជាដើម ។ លន់ ណុន ដែលធ្លាប់តែជាមនុស្សផ្តល់នូវការគាំពារគ្រប់យ៉ាងនោះ ពេលនេះគាត់ក៏បានគេចខ្លួនផងដែរ ដោយការប្រើរូបភាពសុំបញ្ជាធ្វើបេសកកម្មមួយដែលគាត់ជាអ្នក ចុះហត្ថលេខាដោយខ្លួនឯង ដែលការពិត គឺជាការរត់ទៅលាក់ខ្លួននៅកំពង់ស្ពឺ តែប៉ុណ្ណោះ ។
ខែកុម្ភៈ ឆ្នាំ១៩៧០ លន់ ណុន បានផ្ញើលិខិតទៅឱ្យមនុស្សរបស់គាត់ដោយបានចោទសួរពួកគេនូវសំនួរ ដែលគាត់បានដឹងចំលើយរួចទៅហើយនោះថាតើពួកគេត្រូវការ “ សាធារណរដ្ឋ ឬ រាជាធិបតេយ្យ “ ។
រឿង ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០
[កែប្រែ]នៅយប់ថ្ងៃទី១៧ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០នោះ លន់ ណុន អមដោយហង្ស ធុនហាក់ , ឆន សុខុម និង គង់ អ៊ន បានទៅភូមិគ្រឹះរបស់ លន់ នល់ ហើយបានប្រាប់លោក លន់ នល់ ថា៖ “ លោកបង ព្រះ អង្គម្ចាស់ សិរិមតៈ បានសម្រេចព្រះទ័យដកហូតតំណែងរបស់សម្តេចសីហនុ ហើយ “ ។ លោកសេនាប្រមុខ លន់ នល់ ដែលទើបតែភ្ញាក់ពីដំណេកដោយសារប្អូនប្រុសរបស់គាត់ដាស់ បន្ទាប់ពីពួកគេបានឈររង់ចាំយ៉ាងយូរមកនោះ បានប្រាប់ទៅលោកលន់ ណុន វិញថា ៖ “ បើមតៈ ព្រមព្រៀងរួចទៅហើយ យើងមានតែសម្រេចធ្វើអីចឹងទាំងអស់គ្នា !“ ។ តាមពិតព្រះអង្គម្ចាស់សិរិមតៈ មិនទាន់បានផ្តល់ការយល់ព្រមនៅឡើយ។ បន្ទាប់មកទៀត លោកលន់ ណុន បានចាកចេញពីផ្ទះបងប្រុសរបស់គាត់ ធ្វើដំណើរទៅគេហដ្ឋានរបស់ព្រះអង្គម្ចាស់សិរិមតៈ ហើយបានទូលព្រះអង្គថា បងប្រុសរបស់គាត់គឺ លន់ នល់ បានសម្រេចចិត្ត ចាត់ការទម្លាក់សីហនុ ហើយ ដែលតាមពិតទៅ លោកសេនាប្រមុខ លន់ នល់ បានចាញ់បោកគាត់( លន់ ណុន ) តែប៉ុណ្ណោះ។ ដោយហេតុនេះ ស្អែកឡើង គឺថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ រដ្ឋសភា និង ក្រុមប្រឹក្សាព្រះរាជាណាចក្រ បានសម្រេចបោះឆ្នោតជាឯកឆន្ទ ដកហូតសម្តេច សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋ នៅម៉ោង ១៣ និង ៣០នាទី “ ។ យប់ថ្ងៃទី១៨ មីនា ១៩៧០ នាយករដ្ឋមន្ត្រី លន់ នល់ បានប្រកាស បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជា នាពេល ដ៏ខ្លីខាងមុខ ។ ការប្រកាស បែបនេះ បណ្ឌិត រស់ ចន្ត្រាបុត្រ បានអះអាងថា ធ្វើឡើងតាម ការស្នើសុំរបស់ វរសេនីយ៍ត្រី លន់ ណុន ។ ប៉ុន្តែបន្ទាប់ពី ត្រូវបាន គេរាយ ការណ៍ថ្វាយ អំពីសេក្តី ប្រកាសនោះ ព្រះអង្គម្ចាស់ សិរិមតៈ បានជំទាស់ ហើយបានស្នើ ឱ្យលើកសេចក្តី ប្រកាសនោះ ទៅធ្វើនៅ ថ្ងៃក្រោយ ។ នៅពេលឃើញថា ដំណើរនៃការ បង្កើតរបប សាធារណៈរដ្ឋមួយ នៅកម្ពុជាត្រូវបាន រាំងខ្ទប់ដោយ ព្រះអង្គម្ចាស់សិរិមតៈ ដែលចង់បន្ត ប្រទេសកម្ពុជា ឱ្យនៅជាប្រទេស រាធិបតេយ្យ តទៅទៀតនោះ ទើបថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧០ លន់ ណុន បានបញ្ជាឱ្យ ថាច់ ជា (ដើម កំណើត ខ្មែរកម្ពុជា ក្រោម ) រៀបចំធ្វើ បាតុកម្មដ៏ ធំមួយ ឈ្មោះថា “ ដំណើរឆ្ពោះទៅរក ភាពស្របគ្នា ខាងផ្លូវចិត្តគំនិត “ នៅក្នុង ពហុកីឡាដ្ឋាន អូឡាំពិក ក្រុងភ្នំពេញ។ បាតុកម្មនេះ ធ្វើឡើងដើម្បី សំណូមពរឱ្យ សេនាប្រមុខ លន់ នល់ បង្កើតរបប សាធារណៈរដ្ឋមួយ នៅ កម្ពុជា។ បន្ទាប់ពីការ ជួបជុំ គ្នានៃហ្វូង បាតុករនេះទៅ លន់ ណុន បានសន្យា យ៉ាងឱឡារិកថា របប សាធារណរដ្ឋមួយ នឹងត្រូវបានបង្កើតឡើង នៅក្នុងពេល ឆាប់ៗ ខាងមុខនេះ។ ប៉ុន្តែព្រះអង្គម្ចាស់ សិរិមតៈ និង មនុស្សរបស់ ព្រះអង្គនៅតែ មិនព្រម ហើយព្រះអង្គម្ចាស់ លេចធ្លោជាងគេ នៃស្រឡាយ ស៊ីសុវត្ថិ អង្គនេះលើក ហេតុផលថា ពេលវេលាពុំ ទាន់មកដល់ឡើយ ហើយថាប្រការនេះ នឹងធ្វើឱ្យខូចខាត ដល់រូបភាពនៃ របបថ្មីនេះ នៅលើឆាក អន្តរជាតិ និង ធ្វើឱ្យចុះខ្សោយ របបនេះ នៅក្នុងសម័យ ប្រជុំអង្គការ សហប្រជាជាតិ ឆាប់ៗ ខាងមុខនេះ។ វាហាក់ដូចជាថា មនុស្សរបស់ លោក លន់ ណុន បានជោគជ័យច្រើនណាស់ទៅហើយ នៅពេលដែល លន់ នល់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៧០ បានប្រកាសតាមវិទ្យុថា របបសាធារណរដ្ឋ នៅកម្ពុជា នឹងត្រូវបានបង្កើតឡើងនៅរយៈពេល២ខែខាងមុខ។