ស៊ីសុវត្ថិ សិរីមតៈ
ស៊ីសុវត្ថិ សិរីមតៈ | |
---|---|
នាយករដ្ឋមន្រ្តីកម្ពុជាទី២៣ | |
ក្នុងការិយាល័យ ១១ មីនា ១៩៧១ – ១៨ មីនា ១៩៧២ | |
ប្រធានាធិបតី | ឆេង ហេង លន់ នល់ |
មុន | លន់ នល់ |
បន្ទាប់ | សឺង ង៉ុកថាញ់ |
ឧបនាយករដ្ឋមន្រ្តីកម្ពុជា | |
ក្នុងការិយាល័យ ១៤ សីហា ១៩៦៩ – ១១ មីនា ១៩៧១ | |
នាយករដ្ឋមន្ត្រី | លន់ នល់ |
អង្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសចិន | |
ក្នុងការិយាល័យ ១៩៦២–១៩៦៤ | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ភ្នំពេញ, កម្ពុជា | មករា 22, 1914
ស្លាប់ | មេសា 21, 1975 ភ្នំពេញ, កម្ពុជា | (អាយុ 61 ឆ្នាំ)
គណបក្សនយោបាយ | គណបក្សសាធារណរដ្ឋ |
ពន្ធភាព | នរោត្តម កេតនារី[១] |
កូន | ស៊ីសុវត្ថិ ចរិយា ស៊ីសុវត្ថិ លីចាវី ស៊ីសុវត្ថិ សិរីរ័ត្ឋ ស៊ីសុវត្ថិ សាន់តា ស៊ីសុវត្ថិ អូឡារី ស៊ីសុវត្ថិ កនីកា[១] |
ឪពុកម្តាយ |
|
វិជ្ជាជីវៈ | អ្នកនយោបាយ, ទាហាន |
វង្ស | ស៊ីសុវត្ថិ |
សេវាយោធា | |
ភក្ដីភាព | ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋខ្មែរ |
សាខា/សេវាកម្ម | កងទ័ពជើងគោកកម្ពុជា |
ឆ្នាំកាន់តំណែង | ១៩៤៩–១៩៧៥ |
ឋានៈ | ឧត្តមសេនីយ៍ឯក |
ពាក្យបញ្ជា | នាយអង្គសេនាធិការនៃកងកំលាំងប្រដាប់អាវុធជាតិខ្មែរ |
ស៊ីសុវត្ថិ សិរីមតៈ (ប្រសូត. ថ្ងៃទី២២ មករា ១៩១៤ –ស្លាប់. ២១ មេសា ១៩៧៥) គឺជាអ្នកនយោបាយកម្ពុជា, ទ្រង់គឺជាសមាជិកនៃគ្រួសាររាជវង្សស៊ីសុវត្ថិ។
សិរីមតៈត្រូវបានគេស្គាល់ភាគច្រើនដោយសារការងារនយោបាយរបស់ព្រះអង្គ និងការធ្វើរដ្ឋប្រហារទម្លាក់បងប្អូនជីដូនមួយឯងគឺព្រះអង្គនរោត្តម សីហនុ ហើយបានប្រែក្លាយកម្ពុជាដែលពីមុនប្រកាន់យករបររាជានិយមឱ្យមកក្លាយជាប្រទេសសាធារណរដ្ឋខ្មែរ។
ដើមជីវិត
[កែប្រែ]ព្រះអង្គសិរីមតៈបានប្រសូតនៅទីក្រុងភ្នំពេញទៅក្នុងរាជវង្សស៊ីសុវត្ថិ, ដោយទ្រង់ត្រូវជាចៅទួតរបស់ព្រះបាទស៊ីសុវត្ថិដោយជីតាព្រះអង្គ ព្រះនាមស៊ីសុវត្ថិ ឥស្សារាវង្ស និងព្រះបិតាទ្រង់គឺ ស៊ីសុវត្ថិ រតថាវី។ សិរីមតៈត្រូវបានពួកបារាំងជ្រើសរើសឱ្យចូលបម្រើការជាមន្រ្តីរាជការក្នុងឆ្នាំ១៩៣០។
នៅក្រោមអំណាចរដ្ឋធម្មនុញ្ញរបស់អាណានិគមបារាំងបានថ្លែងថា បារាំងមានសឹទ្ធជ្រើសតាងក្រុមសមាជិកណាមួយដែលមកពីវង្សនរោត្តម ឫស៊ីសុវត្ថិធ្វើជាព្រះមហាក្សត្រខ្មែរ, ដូចនេះ សិរីមតៈអាចមានឱកាសក្លាយជាព្រះមហក្សត្រកម្ពុជាបាន។ ក្នុងឆ្នាំ១៩៤១, បន្ទាប់ពីព្រះបាទស៊ីសុវត្ថិ មុនីវង្សបានសោយទីវង្គត, អាជ្ញាធរបារាំងបានជ្រើសតាងនរោត្តម សីហនុ; ដែលត្រូវជាបងប្អូនជីដូនមួយរបស់សិរីមតៈ, ជាព្រះមហាក្សត្រថ្មីនៃប្រទេសកម្ពុជា ដោយសារទ្រង់ជាមនុស្សដែលងាយស្រួលបញ្ចុះបញ្ចូល។ ក្រោយមក សីហនុក៏បាននិយាយថាព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈបានមានព្រះទ័យខ្ញាល់នឹងទ្រង់ជាខ្លាំង ហើយបានបន្ថែមទៀតថា"សិរីមតៈស្អប់ខ្ញុំកាលពីក្មេង ពីព្រោះព្រះអង្គគិតថាពូរបស់ព្រះអង្គគឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត គួរតែឡើងសោយរាជ្យលើរាជបល្ល័ង្ក, មិនមែនជាខ្ញុំទេ សិរីមតៈបានមានសញ្ញាណថាទ្រង់គួរតែត្រូវបានជ្រើសរើសធ្វើជាស្តេចថ្មីថែមទៀតផង"។[២]
អាជីពជាអ្នកនយោបាយ
[កែប្រែ]បន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបញ្ចប់, សិរីមតៈបានចូលរួមក្នុងកិច្ចការនយោបាយកម្ពុជាជាច្រើន។ ព្រះអង្គបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃឆ្នាំ១៩៤៧ ដោយទ្រង់ជាសមាជិកសំខាន់ទី ២ នៃគណបក្សស្តាំនិយមគឺគណបក្សកំណែទម្រង់ខ្មែរដែលដឹកនាំដោយលន់ នល់, ប៉ុន្តែជាលទ្ធផលគណបក្សនេះមិនបានឈ្នះអាសនៈអ្វីសម្បីតែមួយ។[៣] ព្រះបាទសីហនុបានប្រទានតំណែងរដ្ឋមន្រ្តីការពារជាតិទៅឱ្យសិរីមតៈក្នុងឆ្នាំ១៩៥២[៤], បន្ទាប់ពីទទួលបានឯករាជ្យពីបារាំង សីហនុក៏តែងតាំងសិរីមតៈជាមន្រ្តីក្រសួងការពារជាតិជាផ្លូវការ; គណបក្សកំណែទម្រង់របស់លន់ នល់ និងសិរីមតៈត្រូវបានសីហនុបញ្ចូលទៅក្នុងចលនាសង្គមរាស្រ្តនិយមរបស់ទ្រង់ មុនពេលការបោះឆ្នោតសកល ឆ្នាំ១៩៥៥បានចាប់ផ្តើម។
ទោះបីជាមានការដាក់បញ្ចូលក្រុមប្រឆាំងស្តាំនិយមជាច្រើនចូលទៅក្នុងសង្គមរាស្រ្តនិយមក៏ដោយ ក៏សិរីមតៈនូវតែជាគូប្រជែងដែលមិនអាចប្រកែកបានចំពោះសីហនុ, ជាពិសេសនៅពេលដែលសីហនុបានអត់អោនអនុញ្ញាតឱ្យទាហានកុម្មុយនិស្តវៀតណាមធ្វើសកម្មភាពនៅតាមព្រំដែនប្រទេសកម្ពុជា។ ពេញមួយទសវត្សឆ្នាំ១៩៦០, សីហនុបានព្យាយាមកាត់បន្ថយអនុភាពរបស់សិរីមតៈលើកិច្ចការនយោបាយក្នុងស្រុក ដោយបានតែងតាំងសិរីមតៈជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិន (១៩៦២-១៩៦៤), ហ្វីលីពីន និងជប៉ុន។
រដ្ឋប្រហារកម្ពុជានៃឆ្នាំ១៩៧០
[កែប្រែ]អំណាចនយោបាយរបស់សិរីមតៈបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីលន់ នល់បានក្លាយជានាយករដ្ឋមន្រ្តីកម្ពុជាក្នុងឆ្នាំ១៩៦៩។ សិរីមតៈត្រូវបានជ្រើសតាំងជាឧបនាយករដ្ឋមន្រ្តីរបស់លន់ នល់ហើយភ្លាមៗនោះ ទ្រង់ក៏បានរៀបចំចាត់ចែងវិធានការណ៍បដិវត្តន៏សេដ្ឋកិច្ច និងវិមជ្ឈការប្រឆាំងនឹងគោលនយោបាយមុនរបស់សីហនុក្នុងការគ្រប់គ្រងការនាំចេញនិងនាំចូល ជំនួញខាងធនាគារ និងផលិតកម្មនៃឱសថនិងអាល់កុល។[៥] ព្រះអង្គថែមធ្វើទស្សនកិច្ចទៅទីក្រុងហាណូយជាសម្ងាត់ទៀតផង ដើម្បីស្វែងរកវិធីក្នុងការដកទ័ពយួនឱ្យចេញពីកម្ពុជាឱ្យបានជោគជ័យ។ ព្រះអង្គខ្ញាល់ឡើងខ្លាំងនៅពេលដែលត្រូវបានគេបង្ហាញពីឯកសារដែលចុះព្រះហត្ថលេខាដោយសីហនុក្នុងការយល់ព្រមនឹងបង្កើតមូលដ្ឋានទ័ពវៀតណាមលើទឹកដីកម្ពុជា និងការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ទៅឱ្យទ័ពយួនតាមរយៈកំពង់ផែកម្ពុជា។[៦] នៅថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧០ ខណៈពេលដែលព្រះអង្គសីហនុកំពុងនៅក្រៅប្រទេស សិរីមតៈបានលុបកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សីហនុចោល ចំណែកឯលន់ នល់វិញបានទាមទារឱ្យកងទាហានវៀតណាមខាងជើង និងវៀតកុងចាកចេញពីកម្ពុជាមុនពេលព្រឹកប្រលឹមថ្ងៃទី១៥ ខែមីនា (ដល់ថ្ងៃទី១៥ ហើយប៉ុន្តែគ្មានការឆ្លើយតបអ្វីពីយួននោះទេ)។[៧] នៅថ្ងៃទី១៨ ខែមីនា, សិរីមតៈបានជួយលន់ នល់ក្នុងការរៀបចំការបោះឆ្នោតរដ្ឋសភាជាតិដើម្បីទម្លាក់សីហនុចេញពីតំណែងជាប្រមុខរដ្ឋ។ ដោយប្រើអន្តរោកាសលើកឡើងថាមានកុបកម្មមួយចំនួនប្រឆាំងនឹងវៀតណាមបានកើតឡើងនៅភ្នំពេញជាបន្តបន្ទាប់គ្នា - កុបកម្មទាំងអស់នោះទំនងប្រហែលជាមានការគាំទ្រដោយនាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តីកម្ពុជាពេលនោះ។ បណ្តាញផ្សាយព័ត៌មានបរទេសបានលើកឡើងជាបន្តទៀតថាសិរីមតៈដែលបន្តជាឧបនាយករដ្ឋមន្រ្តីរបស់លន់ នល់នៅក្នុងរដ្ឋាភិបាលថ្មីគឺជាអ្នករៀបចំរដ្ឋប្រហារទម្លាក់សីហនុពិតប្រាកដ;[៨] មានការអះអាងមួយបានបញ្ជាក់ថា ដើម្បីបញ្ចុះបញ្ចូលលន់ នល់ឱ្យយល់ស្របជាមួយព្រះអង្គសិរីមតៈ ទ្រង់ត្រូវចាក់សម្លេងសីហនុនៅក្នុងសន្និសីទសារព័ត៌មានពីទីក្រុងប៉ារីសដែលក្នុងនោះសីហនុបានគំរាមសម្លាប់ពួកគេទាំងពីរពេលនៅដែលព្រះអង្គវិលត្រឡប់មកដល់ភ្នំពេញវិញ។[៩] មានរបាយការណ៍មួយបានថា សិរីមតៈបានបង្ខំលន់ នល់ដោយយកកាំភ្លើងភ្ជុងគាត់ ដើម្បីឱ្យលន់ នល់ប្តេជ្ញាទម្លាក់សីហនុចេញពីប្រមុខរដ្ឋ។[១០]
សីហនុបានសន្មតថាបងជីដូនមួយរបស់ព្រះអង្គគឺជាអ្នកដែលនៅពីក្រោយការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០, ហើយទ្រង់បានបន្តអះអាងទៀតថា សិរីមតៈ (ដោយមានការគាំទ្រពីសេអ៊ីអា - CIA - និងកំពុងចូលដៃគ្នាជាមួយសត្រូវសីហនុគឺសឺង ង៉ុកថាញ់) បានស្នើផែនការរដ្ឋប្រហារនេះទៅឱ្យលន់ នល់នៅដើមឆ្នាំ១៩៦៩។[១១] ការសង្ស័យរបស់សីហនុហាក់ដូចជាមានឫសគល់នៅក្នុងការពិត៖ លោកព្រំ តោះដែលជារដ្ឋមន្រ្តីម្នាក់របស់លន់ នល់ បានប្រាប់អ្នកប្រវត្តិសាស្រ្ត Ben Kiernan ថាប្រហែលនៅអំឡុងខែមីនា ឆ្នាំ១៩៦៩ សិរិមតៈបានអះអាងថាសីហនុគួរតែត្រូវបានធ្វើឃាត, លន់ នល់បានបដិសេធផែនការនេះថាជា "ផែនការឆ្កួតឡប់"។[១២]
ជាមួយនឹងការប្រកាស់ឡើងនៃការបង្កើតសាធារណរដ្ឋខ្មែរ បន្ទាប់ពីទទួលបានជោគជ័យក្នុងរដ្ឋប្រហារទម្លាក់ព្រះអង្គសីហនុ, សិរីមតៈបានលះបង់នូវឋានៈក្នុងរាជព្រះអង្គ។[១៣]
សាធារណរដ្ឋខ្មែរ
[កែប្រែ]ក្នុងឆ្នាំដំបូងនៃសម័យសាធារណរដ្ឋ ក្នុងអំឡុងពេលដែលសុខភាពលោកលន់ នល់កំពុងចុះខ្សោយ, សិរីមតៈ–ជាឧបនាយករដ្ឋមន្រ្តី–បានមានតួនាទីលិចធ្លោជាងគេនៅក្នុងរដ្ឋាភិបាល។[១៤]
ឈ្មោះលន់ នល់ត្រូវបាននិស្សិតនៅតាមទីប្រជុំជនយកធ្វើជាតំណាងនៃការប្រឆាំងនឹងសីហនុ ឯសិរីមតៈវិញត្រូវបានទទួលការគាំទ្រពីសំណាក់ប្រទេសលោកខាងលិច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រជាជននៅតាមជនបទនូវតែនាំគ្នាគាំទ្រព្រះអង្គសីហនុឥតឈប់ឈរ។[១៥] សិរីមតៈខ្លួនលោកផ្ទាល់មានការគាំទ្រតិចតួចណាស់នៅក្នុងគ្រឹះស្ថាននយោបាយកម្ពុជា; អំណាចរបស់សិរីមតៈក្នុងកិច្ចការនយោបាយក៏ត្រូវបានចុះខ្សោយជាលំដាប់ដោយសារតែប្អូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីគឺលោកលន់ ណុន, សិរីមតៈក៏បានលាលែងពីកិច្ចការនយោបាយក្នុងឆ្នាំ១៩៧២ បន្ទាប់ពីមានបាតុកម្មមួយចំនួនប្រឆាំងនឹងលោក។[១៦] ទោះជាអាមេរិក; ដែលគាំទ្រសិរីមតៈ, បានដាក់សម្ពាធលើលន់ នល់ក៏ដោយ លោកបានបន្តឃុំខ្លួនសិរីមតៈក្នុងគេហដ្ឋានព្រះអង្គ (គាត់), សកម្មភាពទាំងនេះបានធ្វើឱ្យមានសម្លេងរិះគុណជាច្រើនមកលើលោកលន់ នល់។
ក្នុងខែមេសា ឆ្នាំ១៩៧៣, លន់ នល់ត្រូវបង្ខំចិត្តដកលន់ ណុនចេញពីតំណែង ហើយបានព្យួររដ្ឋសភាចោល រួចបានតែងតាំង"ក្រុមប្រឹក្សានយោបាយជាន់ខ្ពស់"ដែលមានរូបលោក, សិរីមតៈ, ចេង ហេង និងអ៊ិន តាំជាសមាជិក។[១៧] សិរីមតៈបានលើកថ្លែងជាសម្ងាត់ថា ព្រះអង្គសីហនុអាចវិលត្រលប់ចូលប្រទេសវិញបាន ពីព្រោះប្រជាពលរដ្ឋជាច្រើនកំពុងគាំទ្រឱ្យព្រះអង្គសីហនុយាងត្រឡប់មកស្រុកមាតុភូមិវិញ។ នៅពេលដែលដំណឹងនេះបានដឹកលឺទៅដល់សីហនុ; ដែលទ្រង់កំពុងខ្ញាល់ឡើងខ្លាំង, ព្រះអង្គបានមានព្រះបន្ទូលទៅសិរីមតៈវិញថា "សិរីមតៈគឺជាអ្នកប្រតិកិរិយា និងជាជនក្បត់ជាតិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា"។[១៨]
ទីក្រុងភ្នំពេញធ្លាក់ក្រោមដៃពួកខ្មែរក្រហម
[កែប្រែ]ពួកកុម្មុយនិស្តខ្មែរក្រហមបានផ្តើមការវាយលុកមកលើរាជធានីនៃកម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥។ នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៥, លន់ នល់បានលាលែងតំណែងជាប្រធានាធិបតេយ្យហើយក៏បាននិរទេសចេញទៅកោះហាវ៉ៃ។ ខ្មែរក្រហមបានលោមព័ទ្ធទីក្រុងភ្នំពេញ ហើយក្រោយមកក៏បានចុះផ្សាយ"បញ្ជីមរណៈ" ដែលមានឈ្មោះលន់ នល់នៅខាងលើគេបង្អស់។
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៧៥, ឯកអង្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាគឺលោក John Gunther Dean បានផ្តល់សឹទ្ធិឱ្យមន្រ្តីជាន់ខ្ពស់នៃសាធារណរដ្ឋខ្មែរទៅជ្រកអាស្រ័យនៅអាមេរិក ក៏ប៉ុន្តែ សិរីមតៈ, ឡុង ប៉ូរេត, លន់ ណុន, និងរួមជាមួយសមាជិកដទៃទៀតនៃគណៈរដ្ឋមន្រ្តីរបស់លន់ នល់ បាននាំគ្នាបដិសេដ ទោះបីជាឈ្មោះឡុង ប៉ូរេត និងឈ្មោះទ្រង់ត្រូវបានពួកខ្មែរក្រហមដាក់ក្នុង 'បញ្ជីជនក្បត់ជាតិទាំង ៧ នាក់ដែលត្រូវកាត់ទោសប្រហារជីវិត' ក៏ដោយ។ សិរីមតៈបានឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់ឯកអគ្គរដ្ឋទូតវិញថា៖
ឯកឧត្តម និងប្រិយមិត្ត,
ខ្ញុំសុំអរគុណដោយស្មោះនៅសាលិខិតរបស់លោកដែលផ្តល់ខ្ញុំនូវកន្លែងសម្រាប់នាំទៅរកសេរីភាព។ ខ្ញុំមិនអាចចាកចេញដោយកំសាក់របៀបនេះបានឡើយ។
ចំពោះរូបលោក និងមហាប្រទេសរបស់លោក, ខ្ញុំមិនដែរជឿមួយស្របក់ណាឡើយថាលោកបានបោះបង់ចោលប្រជាជនមួយដែលជ្រើសរើសសេរីភាព។ លោកចាកចេញទៅ, ខ្ញុំសូមប្រសឹទ្ធិពរជូនលោកនិងប្រទេសលោកឱ្យជួបតែសុភមង្គលនៅក្រោមមេឃ។
ប៉ុន្តែលោកចូលចងចាំថា បើសិនជាខ្ញុំស្លាប់នៅទីនេះ នៅក្នុងប្រទេសរបស់ខ្ញុំដែលខ្ញុំស្រឡាញ់, ដូចម្តេចក៏ដោយចុះព្រោះយើងទាំងអស់គ្នាកើតមក នឹងស្លាប់ទាំងអស់គ្នានៅថ្ងៃណាមួយមិនខាន។ ខ្ញុំប្រព្រឹត្តិកំហុសតែមួយគត់គឺជឿលើលោក និងជឿលើអាមេរិក។
សូមឯកឧត្តម, ប្រិយមិត្តទទួលនូវមនោសច្ចេតនាស្មោះត្រង់ និងមិត្តភាពរបស់ខ្ញុំ។ ពីខ្ញុំ, សិរីមតៈ។
ភ្លាមៗបន្ទាប់ពីបានប្រកាសសុំចុះចាញ់ពួកខ្មែរក្រហម សិរីមតៈបានទៅសុំសឹទ្ធិជ្រកកោននៅឯ Hotel Le Phnom ជាកន្លែងដែលក្រុមកាកបាទក្រហមអន្តរជាតិកំពុងព្យាយាមបង្កើតចេញជាតំបន់សុវត្ថិភាព។ ទ្រង់ត្រូវបានគេបដិសេដនៅពេលដែលកាកបាទក្រហមបានដឹងថាឈ្មោះរបស់ព្រះអង្គស្ថិតនៅក្នុងបញ្ជី "ជនក្បត់ប្រាំពីរនាក់" របស់ពួកខ្មែរក្រហម។ នៅខាងក្រៅសណ្ឋាគារ, សិរីមតៈបាននិយាយជាមួយអ្នកសារព័ត៌មានហើយបានចែកច្បាប់ចម្លងនៃសារលិខិតរបស់គាត់ទៅឯកអគ្គរដ្ឋទូត Dean។[១៩] លោក François Bizot បានរាយការណ៍ថាលោកសិរីមតៈបានស្វែងរកសិទ្ធិជ្រកកោននយោបាយនៅឯស្ថានទូតបារាំងហើយពួកខ្មែរក្រហមបានគំរាមចូលទៅក្នុងបរិវេណទូតនោះថានឹងដកបុគ្គលមួយចំនួនចេញដោយបង្ខំប្រសិនបើពួកគេមិនស្ម័គ្រចិត្តចេញតាមសំណើរពួកខ្មែរក្រហម។ អមដំណើរដោយអគ្គកុងស៊ុលបារាំងលោក Jean Dyrac និងអ្នកសារព័ត៌មានម្នាក់ឈ្មោះ Jon Swain,[២០] លោក Bizot គឺទទួលខុសត្រូវក្នុងការជូនដំណឹងដល់លោកសិរីមតៈថា គាត់នឹងត្រូវប្រគល់ខ្លួនទៅឱ្យពួកខ្មែរក្រហមហើយក្រោយមកគាត់ក៏បានចាកចេញពីស្ថានទូតបារាំងនៅលើ Jeep ជាមួយម៉មណៃ។[២១] សិរីមតៈ និងពួកមន្ត្រីដែលទៅជាមួយព្រះអង្គទំនងជាត្រូវបានសម្លាប់ដោយខ្មែរក្រហមនៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧៥។
ព័ត៌មានលម្អិតអំពីការទទួលអនិច្ចកម្មរបស់សិរីមតៈគឺមិនទាន់ដឹងច្បាស់នោះទេប៉ុន្តែព្រះអង្គសីហនុបានទទួលការបញ្ជាក់ថា សិរីមតៈរួមជាមួយលោកឡុង ប៉ូរេតត្រូវបានសម្លាប់ដោយក្រុមទាហានពិជ្ឈឃាដនៅឯទីលានភ្នំពេញ Cercle Sportif នៅថ្ងៃទី២១ ខែមេសា។ របាយការណ៍ផ្សេងទៀតបញ្ជាក់ថាព្រះអង្គត្រូវបានគេកាត់ក្បាលចោល។[២២] ប៉ុន្តែលោក Henry Kissinger និងមនុស្សមួយចំនួនទៀត, បានកត់សំគាល់របាយការណ៍មួយថា សិរីមតៈត្រូវបានគេបាញ់ចំក្រពះហើយបានទុកចោលឱ្យព្រះអង្គដេកទ្រាំនឹងការឈឺចាប់វេទនាអស់រយៈពេល ៣ ថ្ងៃដោយគ្មានជំនួយវេជ្ជសាស្រ្ត។[២៣]
តំណភ្ជាប់ក្រៅ
[កែប្រែ]គន្ថនីទ្ទេស
[កែប្រែ]- Jeldres, Julio A. (2003). The Royal House of Cambodia. Monument Books. https://books.google.com/books?id=fmtuAAAAMAAJ.
ឯកសារយោង
[កែប្រែ]- ↑ ១,០ ១,១ Jeldres (2003), p. 105
- ↑ Norodom Sihanouk, My War with the CIA, Pantheon, 1972, p.27
- ↑ Dommen, A. The Indochinese experience of the French and the Americans, Indiana University Press, 2001, p.196
- ↑ Dommen, p.210
- ↑ Sihanouk, p.41
- ↑ David P. Chandler, A History of Cambodia, Westview Press, 2000, ISBN 0-8133-3511-6, p. 204.
- ↑ David P. Chandler, The Tragedy of Cambodian History: Politics, War, and Revolution Since 1945, Yale University Press, 1993 ISBN 0-300-05752-0, p. 195.
- ↑ The Man Behind the Symbol Archived 2013-08-24 at the វេយប៊ែខ ម៉ាស៊ីន., TIME, 17-05-71
- ↑ Marlay, R. and Neher, C. Patriots and tyrants, Rowman & Littlefield, 1999, p.165
- ↑ Tucker, S. Encyclopedia of the Vietnam War: a political, social, and military history, ABC-CLIO, 1998, p.389
- ↑ Sihanouk, pp.36-38
- ↑ Kiernan, B. How Pol Pot came to power, Yale UP, 2004, p.301
- ↑ Sorpong Peou, Intervention & change in Cambodia, Palgrave Macmillan, p.49
- ↑ Henry Kamm, Cambodia: Report from a Stricken Land, Arcade Publishing, 1998 ISBN 1-55970-433-0, p.61
- ↑ Sorpong Peou, p.91
- ↑ Kamm, pp.110-112
- ↑ Leifer, M. Selected Works on Southeast Asia, Institute of Southeast Asian Studies, 2005, p.420
- ↑ Kamm, p.114
- ↑ Peter H. Maguire, Facing death in Cambodia, Columbia University Press, 2005 ISBN 0-231-12052-4, p. 40.
- ↑ Jon Swain, River of Time. London: Heinemann, 1995, p. 156-57.
- ↑ François Bizot, The Gate. 1st American ed. New York: Knopf, 2003, p. 165-66.
- ↑ Maguire, p. 41.
- ↑ Kissinger, H. Ending the Vietnam War, Touchstone, 2003, p.530