លោហិច្ចសូត្រ
សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
លោហិច្ចសូត្រ ទី១២
[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ព្រះដំណើរទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយពួកភិក្ខុច្រើន ប្រមាណ៥០០រូប ក៏បានទៅដល់ស្រុកឈ្មោះសាលវតិកា ក៏សម័យនោះឯង ព្រាហ្មណ៍ឈ្មោះលោហិច្ច នៅអាស្រ័យក្នុងស្រុកសាលវតិកា ដែលជាស្រុកកុះករដោយសត្វ គឺមនុស្ស និងតិរច្ឆាន មានដំរី សេះជាដើម បរិបូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយស្រូវអង្ករ ជាព្រះរាជទ្រព្យដែលព្រះបាទបសេនទិកោសលទ្រង់ព្រះរាជទាន ជាព្រះអំណោយជារង្វាន់ដ៏ប្រសើរ។
[១៥៤] ជួនសម័យនោះឯង ទិដ្ឋិអាក្រក់មានសភាពដូច្នោះ ក៏កើតឡើងដល់លោហិច្ចព្រាហ្មណ៍ថា សមណៈ ឬព្រាហ្មណ៍ក្នុងលោកនេះ គប្បីបាននូវកុសលធម៌ លុះបាននូវកុសលធម៌ហើយ មិនគប្បីប្រាប់ដល់អ្នកដទៃទេ ព្រោះថាអ្នកដទៃ នឹងធ្វើអ្វីឲ្យអ្នកដទៃបាន ដូចជាបុគ្គលកាត់ចំណងចាស់ ចងចំណងថ្មីដទៃវិញ យ៉ាងណាមិញ សេចក្តីនេះក៏យ៉ាងនោះដែរ អាត្មាអញ (យល់)ថា លោភធម៌ដ៏លាមក អ្នកដទៃនឹងធ្វើអ្វីឲ្យអ្នកដទៃបាន។ តមកលោហិច្ចព្រាហ្មណ៍បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្សត្រកូលទៅបួស ហើយទ្រង់ព្រះដំណើរទៅកាន់ចារិកក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ប្រមាណ៥០០រូប បានដល់មកស្រុកសាលវតិកាហើយ កិត្តិសព្ទសរសើរព្រះគោតមដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ។បេ។ ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែងវិលមកកាន់ភពថ្មីទៀត ទ្រង់បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ទ្រង់សំដែងធម៌ ពីរោះបទដើម បទកណ្តាល និងបទចុង ព្រះអង្គ ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ កិរិយាដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយមានសភាពដូច្នេះ ជាការប្រពៃណាស់។
[១៥៥] លំដាប់នោះឯង លោហិច្ចព្រាហ្មណ៍បាននិយាយនឹងអ្នកផ្ងូតទឹកឈ្មោះរោសិកៈថា ម្នាលរោសិកៈជាសំឡាញ់ អ្នកចូរមកអាយ អ្នកចូរទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័សរហួន កំលាំងកាយ និងធម៌ជាគ្រឿងនៅជាសុខ ចំពោះព្រះសមណគោតម តាមពាក្យរបស់យើងថា បពិត្រព្រះគោតមដ៏ចំរើន លោហិច្ចព្រាហ្មណ៍ (ផ្តាំឲ្យ) ទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័សរហួន កំលាំងកាយ និងធម៌ជាគ្រឿងនៅជាសុខ ចំពោះព្រះគោតមដ៏ចំរើន រួចហើយ ចូរទូលយ៉ាងនេះថា សូមព្រះគោតមដ៏ចំរើន ព្រមដោយភិក្ខុសង្ឃ ទទួលភត្តរបស់លោហិច្ចព្រាហ្មណ៍ ដើម្បីឆាន់ក្នុងថ្ងៃស្អែកនេះ។ អ្នកផ្ងូតទឹកឈ្មោះរោសិកៈ ទទួលពាក្យរបស់លោហិច្ចព្រាហ្មណ៍ថា បាទ អ្នកម្ចាស់ ហើយក៏ដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអ្នកផ្ងូតទឹកឈ្មោះរោសិកៈ អង្គុយក្នុងទីដ៏សមគួរស៊ប់ហើយ ក៏បានយកសេចក្តីនេះ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន លោហិច្ចព្រាហ្មណ៍ (ផ្តាំឲ្យ) ទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័សរហួន កំលាំងកាយ និងធម៌ជាគ្រឿងនៅជាសុខ ចំពោះព្រះមានព្រះភាគ ហើយឲ្យទូលនិមន្តព្រះអង្គ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមដោយភិក្ខុសង្ឃ ទទួលភត្តរបស់លោហិច្ចព្រាហ្មណ៍ ដើម្បីឆាន់ក្នុងថ្ងៃស្អែកនេះ។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។
[១៥៦] លំដាប់នោះ អ្នកផ្ងូតទឹកឈ្មោះ រោសិកៈ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចហើយដើរចូលទៅរកលោហិច្ចព្រាហ្មណ៍ លុះចូលទៅដល់ហើយ បាននិយាយប្រាប់សេចក្តីនុ៎ះ ចំពោះលោហិច្ចព្រាហ្មណ៍ថា ខ្ញុំបានទូលព្រះមានព្រះភាគនោះ តាមពាក្យរបស់អ្នកម្ចាស់ហើយថា បពិត្រព្រះអង្គដ៏ចំរើន លោហិច្ចព្រាហ្មណ៍ ឲ្យទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោកឡើងដោយរហ័សរហួន កំលាំងកាយ និងធម៌ជាគ្រឿងនៅជាសុខ ចំពោះព្រះមានព្រះភាគ ហើយឲ្យនិមន្តព្រះអង្គ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមដោយភិក្ខុសង្ឃ ទទួលភត្តរបស់លោហិច្ចព្រាហ្មណ៍ ដើម្បីឆាន់ក្នុងថ្ងៃស្អែកនេះ ឯឥឡូវ ព្រះមានព្រះភាគនោះ ក៏ទ្រង់បានទទួលនិមន្តស្រេចហើយ។ លុះកន្លងរាត្រីនោះហើយ លោហិច្ចព្រាហ្មណ៍ ឲ្យតាក់តែងខាទនីយាហារ ដ៏ឆ្ងាញ់ពីសារ ក្នុងផ្ទះរបស់ខ្លួន រួចហើយ ហៅអ្នកផ្ងូតទឹកឈ្មោះរោសិកៈមកនិយាយថា ម្នាលរោសិកៈជាសំឡាញ់ អ្នកចូរមកអាយ អ្នកចូរទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរក្រាបទូលភត្តកាល ចំពោះព្រះសមណគោតមថា បពិត្រព្រះគោតមដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេចហើយ។ អ្នកផ្ងូតទឹកឈ្មោះរោសិកៈ ទទួលពាក្យរបស់លោហិច្ចព្រាហ្មណ៍ថា បាទ អ្នកដ៏ចំរើន ហើយក៏ដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយឈរក្នុងទីដ៏សមគួរ។ លុះអ្នកផ្ងូតទឹកឈ្មោះរោសិកៈ ឈរក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលនូវភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេចហើយ។
[១៥៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ហើយស្តេចចូលទៅក្នុងស្រុកឈ្មោះ សាលវតិកានោះ ព្រមដោយភិក្ខុសង្ឃ។ សម័យនោះឯង អ្នកផ្ងូតទឹកឈ្មោះរោសិកៈ ក៏ដើរតាមក្រោយៗ នៃព្រះមានព្រះភាគ។ វេលានោះ អ្នកផ្ងូតទឹកឈ្មោះរោសិកៈ បានយកសេចក្តីនេះ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងដល់លោហិច្ចព្រាហ្មណ៍ថា សមណព្រាហ្មណ៍ក្នុងលោកនេះ គប្បីបាននូវកុសលធម៌ លុះបាននូវកុសលធម៌ហើយ មិនគប្បីប្រាប់ដល់អ្នកដទៃទេ ព្រោះថា អ្នកដទៃនឹងធ្វើអ្វីឲ្យអ្នកដទៃបាន ដូចជាបុគ្គលកាត់ចំណងចាស់ ហើយចងចំណងថ្មីដទៃវិញ យ៉ាងណាមិញ សេចក្តីនេះ យ៉ាងនោះដែរ អាត្មាអញ (យល់) ថា លោភធម៌ដ៏លាមក អ្នកដទៃនឹងធ្វើអ្វីឲ្យអ្នកដទៃបាន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ជួយដោះលោហិច្ចព្រាហ្មណ៍ ឲ្យរួចចាកទិដ្ឋិអាក្រក់នុ៎ះចេញ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលរោសិកៈ កិច្ចប៉ុណ្ណេះ មិនមែនជាភារៈ នៃតថាគតទេ ម្នាលរោសិកៈ កិច្ចប៉ុណ្ណេះ មិនសមគួរដល់តថាគតទេ។ រួចព្រះមានព្រះភាគ ទ្រង់ព្រះដំណើរទៅកាន់លំនៅលោហិច្ចព្រាហ្មណ៍នោះ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ គ្រានោះឯង លោហិច្ចព្រាហ្មណ៍ បានអង្គាសថ្វាយខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់ពីសាដោយដៃខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែហាមឃាត់។
[១៥៨] លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ លោហិច្ចព្រាហ្មណ៍ ក៏កាន់យកអាសនៈមួយ ដ៏ទាបហើយ អង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ ទ្រង់សួរសេចក្តីនុ៎ះ ចំពោះលោហិច្ចព្រាហ្មណ៍ ដែលអង្គុយក្នុងទីដ៏សមគួរថា ម្នាលលោហិច្ច បានឮថា ទិដ្ឋិអាក្រក់យ៉ាងនេះ កើតឡើងដល់អ្នកថា សមណព្រាហ្មណ៍ក្នុងលោកនេះ គប្បីបាននូវកុសលធម៌ លុះបាននូវកុសលធម៌ហើយ មិនគប្បីប្រាប់ដល់អ្នកដទៃទេ ព្រោះអ្នកដទៃនឹងធ្វើអ្វីឲ្យអ្នកដទៃបាន ដូចជាបុគ្គលកាត់ចំណងចាស់ ចោលចេញហើយ ចងនូវចំណងថ្មីដទៃវិញ យ៉ាងណាមិញ សេចក្តីនេះ ក៏យ៉ាងនោះដែរ អាត្មាអញ (យល់) ថា លោភធម៌ដ៏លាមក អ្នកដទៃនឹងធ្វើអ្វីឲ្យអ្នកដទៃបានដូច្នេះ ពិតមែនឬ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន យ៉ាងនោះមែន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលលោហិច្ច អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកអាស្រ័យនៅក្នុងស្រុកសាលវតិកា មិនមែនឬ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន យ៉ាងនោះមែន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលលោហិច្ច ជនណានិយាយយ៉ាងនេះថា លោហិច្ចព្រាហ្មណ៍ គ្រប់គ្រងស្រុកសាលវតិកា សួយណាដែលកើតឡើងក្នុងស្រុកសាលវតិកា លោហិច្ចព្រាហ្មណ៍ ត្រូវបរិភោគសួយនោះតែម្នាក់ឯង មិនត្រូវឲ្យអ្នកដទៃទេ (បើ) ជននោះ និយាយយ៉ាងនេះ តើឈ្មោះថា អ្នកធ្វើសេចក្តីអន្តរាយ ដល់ពួកញាតិមិត្ត និងកម្មករដែលរស់នៅ ព្រោះអាស្រ័យនឹងអ្នក ឬក៏មិនមែនទេ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ឈ្មោះថា អ្នកធ្វើសេចក្តីអន្តរាយមែន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា (បើ) ជននោះឈ្មោះថា អ្នកធ្វើសេចក្តីអន្តរាយ តើជននោះ នឹងហៅថា អ្នកអនុគ្រោះដោយប្រយោជន៍ ដល់ពួកញាតិមិត្តទាំងនោះ ឬមិនអនុគ្រោះ ដោយប្រយោជន៍ទេ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ហៅថា អ្នកមិនអនុគ្រោះដោយប្រយោជន៍ទេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា (បើ) ជននោះមិនអនុគ្រោះ ដោយប្រយោជន៍ហើយ នឹងហៅថា អ្នកតាំងចិត្តមេត្តាទៅរកញាតិមិត្តទាំងនោះ ឬហៅថា ជាសឹកសត្រូវ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ហៅថា សឹកសត្រូវ។ ព្រះអង្គ ទ្រង់ត្រាស់ថា កាលបើចិត្តជាសឹកសត្រូវ តាំងឡើងហើយ នឹងហៅថា ជននោះជាមិច្ឆាទិដ្ឋិ ឬជាសម្មាទិដ្ឋិ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ហៅថាជាមិច្ឆាទិដ្ឋិ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលលោហិច្ច តថាគតតែងពោលនូវគតិ២យ៉ាង គឺនរក១ កំណើតសត្វតិរច្ឆាន១ គតិណាមួយ ចំពោះជនជាមិច្ឆាទិដ្ឋិ។
[១៥៩] ព្រះមានព្រះភាគ ត្រាស់សួរថា ម្នាលលោហិច្ច អ្នកសំគាល់សេចក្តីនោះដូចម្តេច ក្រែងព្រះបាទបសេនទិកោសល គ្រប់គ្រងដែនកាសី និងកោសលឬ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ពិតមែន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលលោហិច្ច ជនណានិយាយយ៉ាងនេះថា ព្រះបាទបសេនទិកោសល គ្រប់គ្រងដែនកាសី និងដែនកោសល សួយណាកើតឡើង ក្នុងដែនកាសី និងកោសល ព្រះបាទបសេនទិកោសល ត្រូវបរិភោគសួយនោះ តែមួយព្រះអង្គឯង មិនត្រូវប្រទានដល់ពួកជនដទៃទេ (បើ) ជននោះ និយាយយ៉ាងនេះ តើនឹងចាត់ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់អ្នកទាំងឡាយ និងពួកជនដទៃ ដែលរស់នៅដោយសារព្រះបាទបសេនទិកោសលនោះ ឬមិនមែនទេ។ បពិត្រព្រះគោតមដ៏ចំរើន ចាត់ជាអ្នកធ្វើសេចក្តីអន្តរាយ។ (បើ) ចាត់ជាអ្នកធ្វើសេចក្តីអន្តរាយហើយ តើនឹងចាត់ជាអ្នកអនុគ្រោះដោយប្រយោជន៍ ដល់ពួកជនទាំងនោះ ឬមិនចាត់ជាអ្នកអនុគ្រោះ ដោយប្រយោជន៍ទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនចាត់ជាអ្នកអនុគ្រោះដោយប្រយោជន៍ទេ។ (បើ) មិនចាត់ជននោះ ថាជាអ្នកអនុគ្រោះ ដោយប្រយោជន៍ទេ តើនឹងចាត់ថាជាអ្នកតាំងមេត្តាចិត្ត ទៅរកញាតិមិត្តទាំងនោះ ឬចាត់ថាជាសឹកសត្រូវ។ បពិត្រព្រះគោតមដ៏ចំរើន ចាត់ថាជាសឹកសត្រូវ។ កាលបើចិត្តជាសឹកសត្រូវ កើតឡើងហើយ តើនឹងចាត់ជននោះជាមិច្ឆាទិដ្ឋិ ឬជាសម្មាទិដ្ឋិ។ បពិត្រព្រះគោតមដ៏ចំរើន ចាត់ថាជាមិច្ឆាទិដ្ឋិ។ ម្នាលលោហិច្ច តថាគត តែងសំដែងនូវគតិ២យ៉ាង គឺនរក១ កំណើតសត្វតិរច្ឆាន១ គតិណាមួយ ចំពោះជនជាមិច្ឆាទិដ្ឋិ។
[១៦០] ម្នាលលោហិច្ច បានឮមកថា ជនណាមួយនិយាយយ៉ាងនេះថា លោហិច្ចព្រាហ្មណ៍ នៅគ្រប់គ្រងស្រុកសាលវតិកា សួយណាដែលកើតឡើង ក្នុងស្រុកសាលវតិកា លោហិច្ចព្រាហ្មណ៍ ត្រូវបរិភោគសួយនោះតែម្នាក់ឯង មិនត្រូវឲ្យដល់ពួកជនដទៃទេ (បើ) ជននោះ និយាយយ៉ាងនេះ ឈ្មោះថា ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ពួកញាតិមិត្ត និងកម្មករដែលរស់នៅដោយសារអ្នក កាលបើជាអ្នកធ្វើសេចក្តីអន្តរាយហើយ ឈ្មោះថា ជាអ្នកមិនអនុគ្រោះដោយប្រយោជន៍ កាលបើមិនអនុគ្រោះដោយប្រយោជន៍ហើយ ចិត្តជាសឹកសត្រូវ ក៏កើតប្រាកដឡើង កាលបើចិត្តជាសឹកសត្រូវ កើតប្រាកដឡើងហើយ បុគ្គលនោះ ឈ្មោះថាជាមិច្ឆាទិដ្ឋិ។ ម្នាលលោហិច្ច យ៉ាងហ្នឹងហើយ (បើ) ជនណាមួយនិយាយយ៉ាងនេះថា សមណព្រាហ្មណ៍ក្នុងលោកនេះ គប្បីបានសម្រេចកុសលធម៌ លុះបានសម្រេចកុសលធម៌ហើយ មិនគប្បីប្រាប់ដល់បុគ្គលដទៃទេ ព្រោះថា បុគ្គលដទៃ នឹងធ្វើអ្វីឲ្យបុគ្គលដទៃបាន។ ដូចបុគ្គលកាត់ចំណងចាស់ចោលចេញ។បេ។ នឹងធ្វើ។ ជនដែលនិយាយយ៉ាងនេះ នោះ ឈ្មោះថា ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ពួកកុលបុត្ត អ្នកអាស្រ័យនូវធម្មវិន័យ ដែលតថាគត បានប្រកាសស្រេចហើយ បានសម្រេចគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនោះ ទាំងធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវអរហត្តផលខ្លះ ទាំងដល់ពួកកុលបុត្រ (ដែលស្តាប់ធម្មទេសនារបស់ព្រះតថាគតហើយ តែមិនទាន់បានលុះអរិយភូមិនៅឡើយ) គ្រាន់តែបង្អោនចិត្តទៅកាន់ទេវលោក ដើម្បីកើតក្នុងទេវលោក កាលបើជាអ្នកធ្វើសេចក្តីអន្តរាយហើយ ឈ្មោះថា ជាអ្នកមិនអនុគ្រោះដោយប្រយោជន៍ កាលបើមិនអនុគ្រោះដោយប្រយោជន៍ហើយ ចិត្តជាសត្រូវ ក៏កើតប្រាកដឡើង កាលបើចិត្តជាសត្រូវកើតប្រាកដហើយ ជននោះឈ្មោះថាមិច្ឆាទិដ្ឋិ។ ម្នាលលោហិច្ច តថាគតតែងពោលនូវគតិ២យ៉ាង គឺនរក១ កំណើតសត្វតិរច្ឆាន១ គតិណាមួយ ចំពោះជនជាមិច្ឆាទិដ្ឋិ។
[១៦១] ម្នាលលោហិច្ច បានឮមកថា ជនណាមួយ និយាយយ៉ាងនេះថា ព្រះបាទបសេនទិកោសល នៅគ្រប់គ្រងដែនកាសី និងកោសល សួយណាដែលកើតឡើង ក្នុងដែនកាសី និងកោសល ព្រះបាទបសេនទិកោសល ត្រូវសោយសួយនោះ តែមួយព្រះអង្គឯង មិនត្រូវប្រទានដល់ពួកជនដទៃទេ ជនដែលនិយាយយ៉ាងនេះ នោះ ឈ្មោះថា ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់រាជបរិពារ គឺពួកអ្នករាល់គ្នា និងពួកជនឯទៀត ដែលរស់នៅដោយសារព្រះបាទបសេនទិកោសល កាលបើជាអ្នកធ្វើសេចក្តីអន្តរាយហើយ ឈ្មោះថាជាអ្នកមិនអនុគ្រោះ ដោយប្រយោជន៍ កាលបើមិនអនុគ្រោះ ដោយប្រយោជន៍ហើយ ចិត្តជាសឹកសត្រូវ ឈ្មោះថា កើតប្រាកដឡើង កាលបើចិត្តជាសឹកសត្រូវ កើតប្រាកដហើយ ជននោះ ឈ្មោះថាជាមិច្ឆាទិដ្ឋិ។ ម្នាលលោហិច្ច យ៉ាងហ្នឹងហើយ (បើ) ជនណាមួយ និយាយយ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ ក្នុងលោកនេះ គប្បីបានសម្រេចកុសលធម៌ លុះបានសម្រេចកុសលធម៌ហើយ មិនគប្បីប្រាប់បុគ្គលឯទៀតទេ ព្រោះថា បុគ្គលឯទៀត នឹងធ្វើអ្វីឲ្យបុគ្គលឯទៀតបាន។ ដូចជាបុគ្គលកាត់ចំណងចាស់ចោលចេញហើយ ចងចំណងថ្មីដទៃទៀតឡើងវិញ ដូច្នេះឯង ខ្ញុំយល់ថាលោភធម៌ ជាអំពើដ៏លាមក ព្រោះហេតុថា បុគ្គលឯទៀត នឹងធ្វើអ្វីឲ្យបុគ្គលឯទៀតកើត។ ជនដែលនិយាយយ៉ាងនេះ នោះ ឈ្មោះថា ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ពួកកុលបុត្រ ដែលអាស្រ័យនូវធម្មវិន័យ ដែលតថាគត សំដែងហើយ បានសម្រេចគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនេះ ហើយធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវអរហត្តផលខ្លះ ទាំងដល់ពួកកុលបុត្រ (ដែលបានស្តាប់ធម្មទេសនារបស់តថាគតហើយ តែមិនទាន់បានលុះអរិយភូមិនៅឡើយ) គ្រាន់តែបង្អោនចិត្តទៅកាន់ទេវលោក ដើម្បីកើតក្នុងទេវលោក កាលបើជាអ្នកធ្វើសេចក្តីអន្តរាយហើយ ឈ្មោះថា ជាអ្នកមិនអនុគ្រោះ ដោយប្រយោជន៍ កាលបើមិនអនុគ្រោះ ដោយប្រយោជន៍ ចិត្តជាសឹកសត្រូវ ឈ្មោះថា កើតប្រាកដឡើង កាលបើចិត្តជាសឹកសត្រូវកើតឡើងហើយ ជននោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ ម្នាលលោហិច្ច តថាគត តែងពោលនូវគតិ២យ៉ាង គឺនរក១ កំណើតសត្វតិរច្ឆាន១ គតិណាមួយ ចំពោះជនជាមិច្ឆាទិដ្ឋិ។
[១៦២] ម្នាលលោហិច្ច គ្រូទាំង៣ពួកនេះ ដែលគួរដល់ការចោទប្រកាន់បានក្នុងលោក មួយទៀត ជនណា ចោទប្រកាន់ពួកគ្រូ ដែលមានសភាពយ៉ាងនេះ ការចោទប្រកាន់នោះជាការពិតប្រាកដ ប្រកបដោយធម៌ ឥតទោសទេ គ្រូទាំង៣ពួកនោះ តើដូចម្តេចខ្លះ ម្នាលលោហិច្ច គ្រូពួកខ្លះ ក្នុងលោកនេះ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃសាមញ្ញគុណនោះ គ្រូនោះ មិនបានសម្រេចឡើយ។ គ្រូនោះមិនបានសម្រេចប្រយោជន៍នៃសាមញ្ញគុណនោះ ហើយសំដែងធម៌ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ ពួកសាវ័ករបស់គ្រូនោះ រមែងមិនស្តាប់ មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹងច្បាស់ឡើយ មានតែនាំគ្នាប្រព្រឹត្តគេចចេញ ចាកពាក្យប្រដៅរបស់គ្រូ។ គ្រូនោះ អ្នកផងគួរចោទប្រកាន់ យ៉ាងនេះថា លោកមានអាយុ ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា (បើ) ប្រយោជន៍នៃសាមញ្ញគុណនោះ លោកមិនទាន់បានសម្រេចទេ លោកមិនទាន់បានសម្រេចប្រយោជន៍នៃសាមញ្ញគុណនោះ ហើយសំដែងធម៌ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ សាវ័កទាំងនោះ របស់លោក រមែងមិនស្តាប់ មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹងច្បាស់ មានតែនាំគ្នាប្រព្រឹត្តគេចចេញ ចាកពាក្យប្រដៅរបស់គ្រូ បុរសចូលទៅរកស្ត្រី ដែលមិនស្ម័គ្រ គឺស្ត្រីដែលមិនប្រាថ្នារួមសំវាសជាមួយ ឬចូលទៅឱបស្ត្រីពីខាងក្រោយ សេចក្តីនេះ ឧបមាយ៉ាងណា បុគ្គលដែលនិយាយថា ខ្ញុំ (យល់)ថា លោភធម៌ ជាធម៌លាមក បុគ្គលដទៃដូចម្តេច នឹងធ្វើអ្វីឲ្យបុគ្គលដទៃបាន ក៏យ៉ាងនោះដែរ។ ម្នាលលោហិច្ច នេះឯងជាគ្រូទី១ ដែលគួរដល់ការចោទប្រកាន់បានក្នុងលោក បើអ្នកណាចោទប្រកាន់គ្រូ មានសភាពដូច្នោះ ការចោទប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតមានទោសទេ។
[១៦៣] ម្នាលលោហិច្ច សេចក្តីតទៅទៀតថា គ្រូពួកខ្លះ ក្នុងលោកនេះ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃសាមញ្ញគុណនោះ គ្រូនោះ មិនទាន់បានសម្រេចនៅឡើយ។ គ្រូនោះ មិនទាន់បានសម្រេចប្រយោជន៍នៃសាមញ្ញគុណនោះ ហើយសំដែងធម៌ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ ដូច្នេះ។ សាវ័កទាំងនោះ របស់គ្រូនោះ ក៏ស្តាប់ ផ្អៀងត្រចៀកស្តាប់ តាំងចិត្តប្រុងស្តាប់ ដើម្បីដឹងច្បាស់ មិននាំគ្នាប្រព្រឹត្តគេចវេះចេញ ចាកពាក្យប្រដៅរបស់គ្រូទេ។ គ្រូនោះ អ្នកផងគួរចោទប្រកាន់ យ៉ាងនេះថា លោកមានអាយុ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃសាមញ្ញគុណនោះ លោកមិនទាន់បានសម្រេច លោកមិនទាន់បានសម្រេចប្រយោជន៍នៃសាមញ្ញគុណនោះទេ ហើយសំដែងធម៌ ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ ដូច្នេះ។ សាវ័កទាំងនោះ របស់គ្រូនោះ ក៏ស្តាប់ ផ្អៀងត្រចៀកស្តាប់ តាំងចិត្តប្រុងស្តាប់ ដើម្បីដឹងច្បាស់ មិននាំគ្នាប្រព្រឹត្តគេចវេះចេញ ចាកពាក្យប្រដៅរបស់គ្រូទេ បុគ្គល លះបង់ស្រែរបស់ខ្លួនចេញហើយ ទៅសំគាល់ស្រែរបស់បុគ្គលដទៃថាគួរជំរះ (ស្មៅ) សេចក្តីនេះ ឧបមាយ៉ាងណា បុគ្គលដែលនិយាយថា ខ្ញុំយល់ថា លោភធម៌ ជាធម៌លាមក បុគ្គលដទៃនឹងធ្វើអ្វីឲ្យបុគ្គលដទៃបាន ក៏យ៉ាងនោះដែរ។ ម្នាលលោហិច្ច នេះជាគ្រូទី២ ដែលគួរដល់ការចោទប្រកាន់ក្នុងលោក បើបុគ្គលណា ចោទប្រកាន់គ្រូ មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតមានទោសទេ។
[១៦៤] ម្នាលលោហិច្ច សេចក្តីតទៅទៀតថា គ្រូពួកខ្លះ ក្នុងលោកនេះ ចេញចាកផ្ទះ ទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃសាមញ្ញគុណនោះ គ្រូនោះ មិនទាន់បានសម្រេចនៅឡើយ។ គ្រូនោះ មិនទាន់បានសម្រេចសាមញ្ញគុណនោះ ហើយសំដែងធម៌ ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ ដូច្នេះ។ សាវ័កទាំងនោះ របស់គ្រូនោះ ក៏មិនស្តាប់ មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹងច្បាស់ទេ មានតែនាំគ្នាប្រព្រឹត្តគេចវេះចេញ ចាកពាក្យប្រដៅរបស់គ្រូ គ្រូនោះ គួរឲ្យអ្នកផងចោទប្រកាន់ យ៉ាងនេះថា លោកមានអាយុ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃសាមញ្ញគុណនោះ លោកមិនបានសម្រេចនៅឡើយ លោកមិនទាន់សម្រេចសាមញ្ញគុណនោះ ហើយសំដែងធម៌ ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ ដូច្នេះ។ សាវ័កទាំងនោះ របស់គ្រូនោះ ក៏មិនស្តាប់ មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹងច្បាស់ទេ មានតែប្រព្រឹត្តគេចវេះចេញ ចាកពាក្យប្រដៅរបស់គ្រូ បុគ្គលកាត់ចំណងចាស់ចេញហើយ ចងចំណងថ្មីដទៃឡើងវិញ សេចក្តីនេះ ឧបមាយ៉ាងណា បុគ្គលដែលនិយាយថា ខ្ញុំយល់ថា លោភធម៌ ជាធម៌លាមក បុគ្គលដទៃ នឹងជួយធ្វើអ្វី ដល់បុគ្គលដទៃបាន ក៏យ៉ាងនោះដែរ។ ម្នាលលោហិច្ច នេះជាគ្រូទី៣ ដែលគួរដល់ការចោទប្រកាន់ក្នុងលោកបាន បើអ្នកណា ចោទប្រកាន់គ្រូ មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតទោសទេ។ ម្នាលលោហិច្ច គ្រូទាំង៣ពួកនេះឯង ដែលគួរដល់ការចោទប្រកាន់ក្នុងលោកបាន បើអ្នកណា ចោទប្រកាន់គ្រូទាំងឡាយ មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតទោសទេ។
[១៦៥] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ លោហិច្ចព្រាហ្មណ៍ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន គ្រូណាមួយ ដែលមិនគួរដល់ការចោទប្រកាន់ ក្នុងលោក តើមានឬទេ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលលោហិច្ច គ្រូដែលមិនគួរដល់ការចោទប្រកាន់ក្នុងលោកមានដែរ។ បពិត្រព្រះគោតមដ៏ចំរើន ចុះគ្រូដូចម្តេច ដែលមិនគួរដល់ការចោទប្រកាន់ ក្នុងលោក។ ម្នាលលោហិច្ច ព្រះតថាគត កើតឡើងក្នុងលោកនេះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលលោហិច្ច ភិក្ខុជាអ្នកបរិបូណ៌ ដោយសីល យ៉ាងនេះឯង។បេ។ បានដល់នូវបឋមជ្ឈាន។ ម្នាលលោហិច្ច សាវ័ក រមែងសម្រេចនូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុងសំណាក់នៃសាស្តាណា។ ម្នាលលោហិច្ច សាស្តានេះឯង មិនគួរដល់ការចោទប្រកាន់ ក្នុងលោកឡើយ បើអ្នកណាចោទប្រកាន់សាស្តា មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការមិនពិតប្រាកដ មិនប្រកបដោយធម៌ ប្រកបដោយទោសវិញ។បេ។ ភិក្ខុ បានដល់នូវទុតិយជ្ឈាន។ នូវតតិយជ្ឈាន។ នូវចតុត្ថជ្ឈាន។ ម្នាលលោហិច្ច សាវ័ក ដែលសម្រេច នូវគុណវិសេសលើសលុប មានសភាពយ៉ាងនេះ ក្នុងសំណាក់នៃសាស្តាណា។ ម្នាលលោហិច្ច សាស្តានេះឯង មិនគួរដល់ការចោទប្រកាន់ ក្នុងលោកឡើយ បើបុគ្គលណា ចោទប្រកាន់សាស្តា មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការមិនពិតប្រាកដ មិនប្រកបដោយធម៌ ប្រកបដោយទោសវិញ។បេ។ ភិក្ខុតម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ។ ម្នាលលោហិច្ច សាវ័ក ដែលសម្រេចនូវគុណវិសេសដ៏លើសលុបយ៉ាងនេះ ក្នុងសំណាក់នៃសាស្តាណា។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅពីនេះទៅទៀត មិនមានឡើយ។ ម្នាលលោហិច្ច សាវ័ក ដែលសម្រេចនូវគុណវិសេសដ៏លើសលុបយ៉ាងនេះ ក្នុងសំណាក់នៃសាស្តាណា។ ម្នាលលោហិច្ច សាស្តានេះឯង ដែលមិនគួរដល់ការចោទប្រកាន់ ក្នុងលោកឡើយ បើបុគ្គលណា ចោទប្រកាន់សាស្តា មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការមិនពិតប្រាកដ មិនប្រកបដោយធម៌ ប្រកបដោយទោសវិញ។
[១៦៦] លុះព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន បុរសចាប់សក់បុរសផងគ្នា ដែលធ្លាក់ទៅក្នុងជ្រោះជ្រៅ ទាញឡើងលើគោកបានយ៉ាងណា ព្រះគោតមដ៏ចំរើន ក៏ស្រង់ខ្ញុំព្រះអង្គ ដែលធ្លាក់ទៅក្នុងជ្រោះជ្រៅ គឺអបាយភូមិ យកមកដាក់លើគោក គឺឋានសួគ៌ បានយ៉ាងនោះដែរ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចជាគេផ្ងារវត្ថុដែលផ្កាប់ ឬដូចជាបើកនូវវត្ថុដែលកំបាំង ពុំនោះសោត ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ដូច្នោះឯង។បេ។ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាសរណៈ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ។បេ។
ចប់ លោហិច្ចសូត្រ ទី១២