វង្សាធិបតីសម
វង្សាធិបតីសម | |
---|---|
ឧកញ៉ាវង្សាធិបតីនៃកម្ពុជាធិបតី | |
ក្នុងការិយាល័យ គ.ស. ប្រហែល១៥១៦ | |
ព្រះមហាក្សត្រ | ចន្ទរាជា |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | សម |
ឧកញ៉ាវង្សាធិបតីសម (កាន់.ប្រ.គស.១៥១៦) ជាមន្ត្រីកាន់ក្រុមព្រះសុរិយោដី ដែលបានរំលឹកឈ្មោះក្នុងរាជព្រះបាទចន្ទរាជា ត្រូវព្រះអង្គចាត់ការអោយសាងទំនប់ទឹកនៅខែត្របរិបូរណ៍ ដែលក្រោយបានធ្វើឱ្យកើតជាផ្សារបរិបូរណ៍ឡើង។
កសាងទំនប់ធារាសាស្ត្រនៅបរិបូរណ៍
[កែប្រែ]ព្រះបាទចន្ទរាជាបានចំណាយព្រះរាជទ្រព្យប្រទានដល់ហោរាហើយ ទ្រង់ក៏ចំណាយព្រះរាជទ្រព្យដល់កងទ័ព ដែលកាប់ឈើធ្វើព្រះវិហារនៅជំរំ ដែលធ្វើរោងរាជពិធីនៅមាត់ស្ទឹងមួយនៅខែត្របរិបូរណ៍។
លុះថ្ងៃក្រោយមកប្រហែលឆ្នាំ គស.១៥១៦-១៥១៧ សម្ដេចព្រះបរមបពិត្រទ្រង់ជ្រាបថា "ទឹកស្ទឹងនេះ រីងហួតអស់" ទ្រង់សង្ស័យក្នុងព្រះហឫទ័យណាស់ទើបស្ដេចឡើងគង់លើព្រះរាជទីនាំងអស្សតរព្រមទាំងពួកនិករចេញទៅទតដល់ក្បាលស្ទឹង។ ទ្រង់ឃើញទឹកស្ទឹងនោះ ហូរច្រោះដីរូងហូរទៅទិសខាងជើង មានឈើ មានថ្មរលើងរលំ ត្រង់មាត់ស្ទឹងខាងត្បូង។ ទើបទ្រង់ត្រាស់បង្គាប់ឧកញ៉ាវង្សាធិបតីសម ក្រុមព្រះសុរិយោដីឱ្យប្រមូលរាស្ត្រឱ្យបួងសួងអ្នកតាធ្វើពិធីលើកដីបិទផ្ទៃស្ទឹងនោះមិនឱ្យហូរទៅទិសខាងជើង។ ទឹកនោះក៏ហូរតាមប្រឡាយ ដែលជីកថ្មី ហើយហូរចុះទៅស្ទឹងធំដូចដើមវិញ ហើយក៏ស្ដេចព្រះរាជដំណើរមកបន្ទាយវិញ។ ក្រោយពីនោះមានស្រីពីរនាក់ មួយឈ្មោះឯម មួយទៀតឈ្មោះអាំ មានប្ដីទាំងពីរនាក់ មានផ្ទៃពោះ ហើយផិតប្ដី។ នាងឯម សាហាយ និងចៅកៅ ចាក់ចៅលួសជាប្ដីស្លាប់។ នាងអាំ សាហាយនិងចៅគាំកាប់ចៅសោមជាប្ដីស្លាប់។ ពេលនោះ ទីទំនប់ស្ទឹង ក៏ហូរធ្លាយចេញ ចុះទិសខាងជើង ដូចជាន់មុនទៀត។ ចៅហ្វាយស្រុកក្រមការ ខែត្របរិបូណ៌ចាប់បានអាចោរមេចោរទាំងប្រុសស្រីនាំខ្លួនយកទៅក្រាបបង្គំទូលថ្វាយ។ ព្រះបរមបពិត្រទ្រង់ជ្រាបសេចក្ដីគ្រប់ប្រការហើយ ទ្រង់ត្រាស់ថាអញបិទទំនប់នេះ ព្រោះត្រូវការឱ្យទឹកហូរចេញ ចុះមកក្នុងស្ទឹងដើម្បីឱ្យអ្នកស្រុកធ្វើរហាត់ទឹក យកទឹកដាក់ស្រែយកស្រូវឱ្យបរិបូណ៌ ពុំគួរឡើយអាចោមមេចោរទាំងពីរ ៤ នាក់នេះទៅបំផ្លាញពិធីទំនប់ទឹកនេះឡើយ។ បើដូច្នោះត្រូវមានទោស ៣ ស្ថានគឺ:
- ១. ត្រូវថាវាទាំង២ នាក់លួចប្រពន្ធគេ
- ២. ត្រូវវាទាំង ៤ នាក់មានទោស ព្រោះបានសំលាប់មនុស្សពីរនាក់
- ៣. វាទាំង ៤ នាក់ត្រូវមានទោស ថាបង្អត់បាយគេ ទូទៅទាំងខែត្រ។
ទើបទ្រង់បង្គាប់មន្ត្រីក្រុមព្រះនគរបាល និង ក្រុមព្រះសុរិយោដីឱ្យយកអាចោរ មេចោរទាំង ៤ នាក់នេះ ទៅដាក់ក្នុងទំនប់នោះ។ មន្ត្រីក្រុមទាំងពីរ ក៏ថ្វាយបង្គំលានាំមនុស្សចោរទាំង ៤ នាក់នោះទៅធ្វើពលិការបួងសួងអាកាសទេវតា អារក្ខទេវតា ហើយសំរេចទោស អាមេទាំង ៤ នាក់ រួចលើកដីលប់ទៅ។ បិសាចខ្មោច អា មេ ទាំង ៤នាក់និងកូនក្នុងពោះពីរនាក់ ជា៦នាក់ ក៏នៅឃុំរក្សាទំនប់នោះ ទំបន់នោះក៏ជិតជាប់រៀងមកដល់ឥឡូវនេះ។ អស់បណ្ដាអ្នកស្រុក ធ្វើស្រែដោយហេតុទំនប់នេះចំរើនផលស្រូវជាសព្វឆ្នាំ។ ទឹកស្ទឹងនេះហូរខ្លាំងមក ប្រែះដីនោះជ្រៅ ធំទូលាយ អាចឱ្យចេញចូលទូកបាន អ្នកឈ្មួញ ជួញលក់ ចេញចូលទៅនៅរកស៊ីតាំងជាផ្ទះផ្សារជាច្រើន។ ហេតុនោះហើយបានជាហៅថា "ផ្សារបរិបូណ៌" តមកដល់សព្វថ្ងៃនេះ។ ឯដីចុងស្ទឹងនោះទ្រង់ត្រាស់ឱ្យកងទ័ព និង អ្នកស្រុកធ្វើស្រែសឹងតែបានចំរើនផលជាច្រើនសូមប្រកបនឹងមានខែត្របរិបូណ៌ ដែលទ្រង់ប្រែឈ្មោះនោះ។
ឯកសារយោង
[កែប្រែ]យសស័ក្ដិខ្មែរ | ||
---|---|---|
មុនដោយ មិនស្គាល់ |
ឧកញ៉ាវង្សាធិបតីនៃកម្ពុជាធិបតី ប្រ.គស.១៥១៦ |
តដោយ មិនស្គាល់ |