វនបត្ថសូត្រ
[២៣៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវហេតុនៃការនៅក្នុងព្រៃ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយប្រុងស្តាប់ ធ្វើទុកក្នុងចិត្ត នូវហេតុនោះ ដោយប្រពៃចុះ តថាគត នឹងសំដែងឥឡូវនេះ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។
[២៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនូវដងព្រៃណាមួយ កាលភិក្ខុនោះចូលទៅអាស្រ័យនូវដងព្រៃនោះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនទាន់ដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលខ្លួនមិនទាន់បានដល់ ក៏នៅតែមិនទាន់បានដល់ដដែល គ្រឿងបម្រុងជីវិត គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណាមួយនេះ ដែលបព្វជិតគប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណា ដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវដងព្រៃនេះ កាលអាត្មាអញចូលមកអាស្រ័យនូវដងព្រៃនេះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនទាន់ដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលអាត្មាអញ មិនទាន់ដល់ ក៏នៅតែមិនទាន់ដល់ដដែល គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារឯណា ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចៀសចេញចាកដងព្រៃនោះ ក្នុងចំណែកនៃរាត្រី ឬក្នុងចំណែកនៃថ្ងៃ មិនត្រូវនៅក្នុងដងព្រៃនោះឡើយ ។
[២៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យនូវដងព្រៃណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យនូវដងព្រៃនោះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនទាន់ដល់ នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ ក៏នៅតែមិនទាន់ដល់ដដែល គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារឯណានេះ ដែលបព្វជិតគប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណា ដូច្នេះថា អាត្មាអញ ចូលទៅអាស្រ័យ នូវដងព្រៃនេះ កាលអាត្មាអញ ចូលទៅអាស្រ័យនូវដងព្រៃនេះ ចិត្តដែលមិនតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនទាន់ដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ ក៏នៅតែមិនទាន់ដល់ដដែល គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារឯណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក អាត្មាអញ ចេញចាកផ្ទះ មកបួសនេះសោត ព្រោះហេតុតែចីវរក៏ទេ អាត្មាអញ ចេញចាកផ្ទះ មកបួស ព្រោះហេតុតែបិណ្ឌបាតក៏ទេដែរ ព្រោះហេតុតែសេនាសនៈ ក៏ទេដែរ ព្រោះហេតុតែគិលានប្បច្ចយភេសជ្ជបរិក្ខារក៏ទេដែរ តាំងពីដួច អាត្មាអញ ចូលទៅអាស្រ័យ នូវដងព្រៃនេះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនទាន់ដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលអាត្មាអញមិនទាន់បានដល់ ក៏នៅតែមិនទាន់បានដល់ដដែល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើដឹង (នូវកិរិយាមិនដល់នូវសមណធម៌យ៉ាងនេះហើយ) ត្រូវចេញចាកដងព្រៃនោះ មិនត្រូវនៅ (ក្នុងដងព្រៃនោះឡើយ) ។
[២៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យ នូវដងព្រៃណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យនូវដងព្រៃនោះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏បានដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ ក៏បានដល់តាមលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារឯណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវដងព្រៃនេះ កាលអាត្មាអញ ចូលមកអាស្រ័យនូវដងព្រៃនេះ សតិដែលមិនទាន់បានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនទាន់បានខ្ជាប់ខ្ជួន ក៏ខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ អាត្មាអញ ក៏បានដល់ ដោយលំដាប់ផង ។ គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារឯណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក ។ អាត្មាអញ ចេញចាកផ្ទះ មកបួសនេះសោត ព្រោះហេតុតែចីវរក៏ទេ អាត្មាអញ ចេញចាកផ្ទះ មកបួស ព្រោះហេតុតែបិណ្ឌបាតក៏ទេដែរ ព្រោះហេតុតែសេនាសនៈ ក៏ទេដែរ ព្រោះហេតុតែគិលានប្បច្ចយភេសជ្ជបរិក្ខារក៏ទេដែរ តាំងពីដួច អាត្មាអញ ចូលមកអាស្រ័យ នូវដងព្រៃនេះ សតិដែលមិនទាន់បានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនទាន់ខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ អាត្មាអញ ក៏បានដល់ដោយលំដាប់ផង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើពិចារណាឃើញ (យ៉ាងនេះ)ហើយ គប្បីនៅក្នុងដងព្រៃនោះ មិនត្រូវចៀសចេញទេ ។
[២៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យ នូវដងព្រៃណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យនូវដងព្រៃនោះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏ខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ ក៏បានដល់តាមលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវដងព្រៃនេះ កាលអាត្មាអញ ចូលមកអាស្រ័យនូវដងព្រៃនេះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏ខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ ក៏បានដល់ដោយលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីនៅក្នុងដងព្រៃនោះ ដរាបដល់អស់ជីវិត មិនត្រូវចៀសចេញទេ ។
[២៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យ នូវស្រុកណាមួយ ។បេ ។ ចូលទៅអាស្រ័យនូវនិគមណាមួយ ។បេ ។ ចូលទៅអាស្រ័យនូវក្រុងណាមួយ ។បេ ។ ចូលទៅអាស្រ័យនូវជនបទណាមួយ ។បេ ។ ចូលទៅអាស្រ័យនូវបុគ្គលណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យនូវបុគ្គលនោះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ ក៏នៅតែមិនដល់ដដែល គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវបុគ្គលនេះ កាលអាត្មាអញ ចូលមកអាស្រ័យនូវបុគ្គលនេះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ អាត្មាអញ ក៏នៅតែមិនដល់ដដែល គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបាច់លាបុគ្គលនោះទេ គប្បីចៀសចេញទៅ ក្នុងចំណែកនៃរាត្រី ឬក្នុងចំណែកនៃថ្ងៃ មិនគប្បីដើរតាម (បុគ្គលនោះ)ឡើយ ។
[២៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យ នូវបុគ្គលណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យនូវបុគ្គលនោះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនទាន់ដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ ក៏នៅតែមិនទាន់ដល់តាមលំដាប់ គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវបុគ្គលនេះ កាលអាត្មាអញ ចូលមកអាស្រ័យនូវបុគ្គលនេះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនទាន់ដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ អាត្មាអញ ក៏នៅតែមិនទាន់បានដល់តាមលំដាប់ គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក អាត្មាអញចេញចាកផ្ទះ មកបួសនេះសោត ព្រោះហេតុតែចីវរក៏ទេ អាត្មាអញ ចេញចាកផ្ទះមកបួស ព្រោះហេតុតែបិណ្ឌបាតក៏ទេដែរ ព្រោះហេតុតែសេនាសនៈក៏ទេដែរ ព្រោះហេតុតែគិលានប្បច្ចយភេសជ្ជៈបរិក្ខារក៏ទេដែរ តាំងពីដួច អាត្មាអញ ចូលមកអាស្រ័យ នូវបុគ្គលនេះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ អាត្មាអញ ក៏នៅតែមិនទាន់បានដល់តាមលំដាប់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ពិចារណាឃើញ (យ៉ាងនេះ)ហើយ មិនបាច់លាបុគ្គលនោះទេ គប្បីចៀសចេញទៅ មិនត្រូវដើរតាមទេ ។
[២៤១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យ នូវបុគ្គលណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យនូវបុគ្គលនោះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនបានខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ ក៏បានដល់តាមលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវបុគ្គលនេះ កាលអាត្មាអញ ចូលមកអាស្រ័យនូវបុគ្គលនេះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ អាត្មាអញ ក៏បានដល់តាមលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក អាត្មាអញ ចេញចាកផ្ទះ មកបួសនេះសោត ព្រោះហេតុតែចីវរក៏ទេ អាត្មាអញ ចេញចាកផ្ទះមកបួស ព្រោះហេតុតែបិណ្ឌបាតក៏ទេដែរ ព្រោះហេតុតែសេនាសនៈក៏ទេដែរ ព្រោះហេតុតែគិលានប្បច្ចយភេសជ្ជបរិក្ខារក៏ទេដែរ តាំងពីដួច អាត្មាអញ ចូលមកអាស្រ័យ នូវបុគ្គលនេះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនបានខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ អាត្មាអញ ក៏បានដល់តាមលំដាប់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើពិចារណាឃើញ (យ៉ាងនេះ) ហើយ ត្រូវដើរតាមបុគ្គលនោះ មិនត្រូវចៀសចេញទេ ។
[២៤២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យ នូវបុគ្គលណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យនូវបុគ្គលនោះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ ក៏បានដល់តាមលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវបុគ្គលនេះ កាលអាត្មាអញ ចូលមកអាស្រ័យនូវបុគ្គលនេះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនបានខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ អាត្មាអញ ក៏បានដល់តាមលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទោះបីបុគ្គលនោះ បណ្តេញចេញក៏ដោយ ត្រូវតែដើរតាម មិនត្រូវចៀសចេញចាកបុគ្គលនោះ ដរាបដល់អស់ជីវិត ។ លុះព្រះមានព្រះភាគ បានសំដែងវនបត្ថសូត្រនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានសេចក្ដីពេញចិត្ត ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ ។
ចប់ វនបត្ថសូត្រ ទី៧ ។
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក > សុត្តន្តបិដក > មជ្ឈិមនិកាយ > មូលបណ្ណាសក > បឋមភាគ (សៀវភៅភាគ ២០ ទំព័រទី ៣៩៥)