វិទ្យាល័យកំពង់ឈើទាល

ពីវិគីភីឌា
វិទ្យាល័យកំពង់ឈើទាល
ស្លាកសញ្ញាប្រចាំវិទ្យាល័យកំពង់ឈើទាល

វិទ្យាល័យកំពង់ឈើទាល (ភាសាអង់គ្លេសៈ kampong chheuteal high school; ភាសាថៃៈ วิทยาลัยกำปงเฌอเตียล) គឺជា វិទ្យាល័យដែលមានទីតាំងនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ វិទ្យាល័យនេះ គឺជាព្រះរាជអំណោយ​ដ៏ថ្លៃថ្លានិងប្រកបដោយនិរន្តភាព របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ ​មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ជូនដល់​ប្រជា​ជន​កម្ពុជា​ដើម្បី​តបស្នង​ទឹកចិត្ត​មេត្រី​​ភាព​ដែល​មាន​ចំពោះ​ព្រះអង្គ​ និង​ជាការ​តំណាង​ឱ្យសម្ព័ន្ធ​ភាពដ៏​ល្អប្រសើរ​រវាងប្រជាជាតិទាំងពីរ​ប្រទេស ។

ស្លាកសញ្ញាប្រចាំវិទ្យាល័យ[កែប្រែ]

ផ្លាក​សញ្ញា​ (Logo)របស់​វិទ្យាល័យកំពង់ឈើទាល​បាន​យក​គំរូ​តាម​ផ្ទាំង​ចំលាក់​នៅ​លើ​ជញ្ជាំង​របស់​ប្រាសាទ​​ទាំងឡាយ​ នៃក្រុម​​ប្រាសាទ​សំបូរ​ព្រៃគុក ។ ផ្ទាំង​ចំលាក់​នេះ​ជា​រូប​តំណាង​ឲ្យ​វិមាន​អណ្តែត​ដែល​បង្ហាញ​អំពី​ត្រៃភព​ ឬឋាន​ទាំងបី​ដែល​​ប្រជារាស្រ្ត​ខ្មែរ​កាន់​ព្រហ្មញ្ញ​សាសនា និងព្រះពុទ្ធ​សាសនា​តែង​មាន​ជំនឿ​ក្នុងរឿង​នេះ ។ ផ្ទាំង​ចំលាក់ទាំងនេះ​ជាប្រភេទ​ចំលាក់លៀន​គឺ ឆ្លាក់ឲ្យ​ផុសចេញ​មក​ខាងក្រៅ ហើយ​លំអ​ដោយ​ផ្កាភ្ញី​ សត្វកំរ​ផ្សេងៗ​ដែលមាន​បរិយាយ​ក្នុងសាសនា​ព្រាហ្មណ៍​ដូចជា​ គ្រុឌ​ ហង្ស​ និង​សត្វមករ​ពាំកូន​មនុស្ស​ជាដើម ។ ផ្ទាំង​ចំលាក់​នេះ​បាន​បង្ហាញ​ភពទាំងបី​ គឺផ្នែកខាងក្រោម​ជាតំណាង​ឋាន​ព្រះយមរាជ​ ជាអ្នក​គ្រប់គ្រង​​មើល​ខុស​ត្រូវ​និង​ចាំដាក់​ទោស​ដល់​មនុស្ស​ណា​ដែល​ប្រព្រឹត្ត​អំពើបាប​ ។ ​ត្រង់​ផ្នែក​កណ្តាល​​ជាតំណាង​ឋានមនុស្ស​​ដែលមាន​ព្រះមហាក្សត្រ​​និង​មហេសី​ របស់ទ្រង់​គង់​ក្នុងវិមាន​ជាអ្នក​គ្រប់គ្រង​និងជា​ម្ចាស់​លើ​អ្វីទាំងអស់​​ដែលនៅលើ​ផែនដី​​របស់​​ព្រះអង្គ​ និង​មាន​ទំនាក់ទំនង​​ដោយ​ផ្ទាល់​ជាមួយ​អទិទេព​ដែល​ព្រះអង្គ​គោរព ។ ចំណែក​ផ្នែកខាងលើ​គឺជា​ឋាន​របស់​អាទិទេព​​ដែល មាន​​ព្រះសិវៈ​និងមហេសី​​របស់ទ្រង​ជាអទិទេព​ចំបង​ជាអ្នក​គ្រប់គ្រង​និងមើល​ការខុសត្រូវ​ដល់សុខទុក្ខ​​ក្នុងឋាន​លើ​និងឋាន​មនុស្ស​​លោក​ផង​​ដែរ។

ប្រវត្តិ[កែប្រែ]

វិទ្យាល័យកំពង់ឈើទាល ចាប់ផ្តើមឡើងក្រោយពីព្រះរាជតំរិះ របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ មហាចក្រី សិរិនថន នៃព្រះរាជាណាចក្រថៃ ទ្រង់យាងមកទស្សនកិច្ចប្រទេសកម្ពុជាលើកដំបូងនៅថៃ្ងទី 25 សីហា 1992 ដោយទ្រង់អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងព្រះរាជពិធីលៀងសាយភោជន៍របស់ព្រះបាទ នរោត្តម សីហនុ ទ្រង់មានព្រះរាជតំរិះក្នុងការជួយលើកកំពស់ លើវិស័យអប់រំ នៅប្រទេសកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានតបស្នងព្រះរាជតំរិះ ទូលស្នើឱ្យព្រះរាជទាន លើវិស័យអប់រំ និងថ្វាយជូនទីតាំងដីចំនួន 45 រ៉ៃ (បន្ទាប់មកពង្រីកទៅជា 117 រ៉ៃ) នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីសាង់សង់ជាគ្រឹះស្ថានសិក្សា។

នៅខែកុម្ភៈ ឆ្នាំ 2000 ទ្រង់មានព្រះរាជតំរិះឱ្យដំណើរការរៀបចំគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យអប់រំ និងវិស័យសុខាភិបាលកម្រិតមូលដ្ឋាន ដោយមានក្រុមរាជអង្គរក្ស មេបញ្ជាការទាហានកងកំលាំងកំពូល មេបញ្ជាការនគរបាលជាយដែន និងមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យជុឡាឡុងកន រួមស្នងព្រះរាជតំរិះ តាមព្រះរាជបន្ទូលឱ្យតែងតាំងគណៈកម្មការគម្រោងសាលារៀនព្រះរាជឧបត្ថម្ភនៅព្រះរាជាណាចក្រកម្ពុជា ដោយមានទ្រង់ជាប្រធានគម្រោង។

ព្រះអង្គម្ចាស់ក្សត្រីយ៍ ទ្រង់បានយាងមកត្រួតពិនិត្យផ្ទៃដីកសាងវិទ្យាល័យនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ជាលើកដំបូងកាលពីថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០០០ ទ្រងយាងមកបញ្ចុះបឋមសិលាកាលពីថ្ងៃព្រហស្បត្តិ៍ ទី១០ ខែឧសភា ឆ្នាំ២០០១ និងទ្រង់យាងមកសម្ពោធវិទ្យាល័យរួមជាមួយសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាបន្តបន្ទាប់ ។ វិទ្យាល័យកំពង់ឈើទាល ជាសាលារៀនកម្រិតមធ្យមសិក្សាដែលបើកបង្រៀនផ្នែកចំណេះដឹងទូទៅ ចាប់ពីថ្នាក់ទី ៧ ដល់ទី១២ និងបណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ មាន៤ ជំនាញ គឺ អេឡិចត្រូនិច អគ្គិសនី ក្សេត្រសាស្ត្រ និងបសុវប្បកម្ម សមស្របតាមតម្រូវការរបស់ព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិថន ទ្រង់បានព្រះរាជតំរិះទាក់ទងនឹងវិស័យអប់រំដល់គណៈកម្មការភាគីថៃ និងភាគីកម្ពុជា ជាពិសេស គឺព្រះរាជបន្ទូលកាលពី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៥នៅសាលប្រជុំក្រុមរាជអង្គរក្ស សួនចិត្រលដា ដែលមានដូចខាងក្រោម ៖

ខ្ញុំម្ចាស់មានអារម្មណ៍សព្វព្រះរាជហឫទ័យដែល គណៈកម្មការ​ទាំងពីរភាគី បានដំណើរ​ការវិទ្យាល័យ​មកមួយ​រយៈ ហើយទទួល​បាន​លទ្ធផល​យ៉ាង​គាប់​ប្រសើរ ។ សេចក្តីត្រូវ​ការ​របស់​ខ្ញុំម្ចាស់ គឺ​ចង់ចូល​រួម​ចំណែក​ក្នុងការ​ផ្តល់ ការឧបត្ថម្ភ លើវិស័យ​អប់រំដល់​យុវជន​កម្ពុជា ដែលជាយុវជនមានសក្តានុពលយ៉ាងប្រសើរ អាចជួយអភិវឌ្ឍន៍​សង្គមកម្ពុជា និង​សង្គមលោក​រហូតទៅ ។ រឿងដែលមានក្តីសង្ឍឹម​ចំពោះសិស្សគឺ ៖

  • ប្រការ ១ ចង់ឃើញសិស្សមានចំណេះដឹង មានសមត្ថភាពទូលំទូលាយអាចយកចំណេះដឹង​ ទៅប្រកប​មុខរបរ ឬ ធ្វើការងារ​ផ្សេង​ៗបាន​និងអាចសិក្សាបន្តទៅកំរិតខ្ពស់ទៀតបាន ។
  • ប្រការ ២ ឲ្យសិស្សក្លាយជាមនុស្សមានគុណធម៌ មានភាព​ស្មោះត្រង់ សុចរិត ចេះជួយយកអាសារអ្នកដទៃ ។
  • ប្រការ ៣ សិស្សមានមានសុខភាពរាងការល្អ មាំមួន អាចធ្វើការងារផ្សេង ៗ បានយ៉ាងល្អ​ ។
  • ប្រការ ៤ ក្លាយជាអ្នកមានសមត្ថភាព​ក្នុងការគ្រប់គ្រង ចាត់ចែង​ ពិសេស​គឺចង់ឲ្យសិស្សមកជួយ​ក្នុងការងារ​អប់រំ​របស់​វិទ្យាល័យ​ឲ្យបានគង់វង្ស​តទៅ​ដោយមិនបោះបង់​និងមិនឲ្យគុណភាពថយចុះ ។ សង្ឃឹមថា យុវជន​ទាំងនេះ​នឹងមានគំនិតអភិវឌ្ឍន៍​ជួយឲ្យ​ការងាររបស់យើង​មានភាពកាន់តែប្រសើរ​ឡើង ដើម្បីជួយសាងប្រយោជន៍​សម្រាប់ជីវិត​រស់នៅ និងកសាងសង្គមកម្ពុជា​តរៀង​ទៅ ។

ឯកសារយោង[កែប្រែ]