វិទ្យាស្ថានជាតិអប់រំ
វិទ្យាស្ថានជាតិអប់រំ (National Institute Of Education) ឬហៅកាត់ថា NIE គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលបណ្តុះបណ្តាលគ្រូបង្រៀននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានឧត្តមសិក្សាអាចជាគោលដៅដ៏ចម្បងមួយសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពិសេសគឺសម្រាប់អ្នកដែលមានបំណងចង់ក្លាយជាគ្រូបង្រៀន។[១]
ប្រវត្តិសង្ខេប
[កែប្រែ]នៅឆ្នាំ ១៩១៤អាណាព្យាបាលបារាំង បានសាងសង់សាលាបឋមសិក្សាមួយដែលមានឈ្មោះថា " សាលាបឋមសិក្សា មន្ត្រីបារាំង ម្នាក់ឈ្មោះ ហ្វ្រង់ស័រ បូឌាន់ (Francois Baudoin) ។ សាលានេះមានការវិវត្តន៍មិនឈប់ឈរព្រមទាំងត្រូវបានប្តូរឈ្មោះ ជាបន្តបន្ទាប់នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។នៅឆ្នាំ ១៩៤៣ សាលានេះបានប្រែឈ្មោះជាសាលាគរុកោសល្យបន្ទាប់មកនៅឆ្នាំ ១៩៥៧ ក៏បានប្រែក្លាយទៅជា " វិទ្យាស្ថានជាតិគរុកោសល្យ " ។ ហើយនៅឆ្នាំ ១៩៦៥ ក៏បានប្រែឈ្មោះមកជា " មហាវិទ្យាល័យគរុកោសល្យ " ។ មុនឆ្នាំ ១៩៧៥ ភារកិច្ចចម្បងរបស់គ្រឹះស្ថាននេះ គឺការបណ្ដុះបណ្ដាលបុគ្គលិកសិក្សា។ នៅពេលដែលសាលានេះមានឈ្មោះជា "សាលាគរុកោសល្យ " នៅឆ្នាំ ១៩៤៣ គឺការបណ្ដុះបណ្ដាលសម្រាប់គ្រូបឋមសិក្សានៅទូទាំងប្រទេស ។ ពីឆ្នា ១៩៥៨ ដល់ឆ្នាំ ១៩៦៥ វិទ្យាស្ថាន ជាតិគរុកោសល្យមានបេសកកម្មថ្មីគឺបណ្ដុះបណ្ដាលគ្រូមធ្យមសិក្សាបឋមភូមិគ្រប់មុខវិជ្ជានៅទូទាំងប្រទេស ។ ពីឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៧៥ មហាវិទ្យាល័យគរុកោសល្យ មានបេសកកម្មរបស់ខ្លួនដដែល តែបានបន្ថែមថ្មីមួយទៀតគឺបណ្ដុះបណ្ដាលអធិការបឋមសិក្សា។ គួររំលឹកផងដែរថាកាលពីពេលនោះការបណ្ដុះបណ្ដាលអធិការមធ្យមសិក្សាបឋមភូមិមិនទាន់មានៅឡើយទេហើយការបណ្ដុះបណ្ដាលសាស្រ្តាចារ្យមធ្យមសិក្សាទុតិយភូមិធ្វើនៅសាលាគរុវិជ្ជាជាន់ខ្ពស់ដែលមានទីតាំងកន្លែងនេះបច្ចុប្បន្នបានក្លាយជាវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វិទ្យាស្ថានជាតិអប់រំបានបណ្ដុះបណ្ដាលគ្រូមធ្យមសិក្សាបឋមភូមិគ្រប់មុខវិជ្ជាបានចំនួន២៩៩២នាក់ និងអធិការបឋមសិក្សាបានចំនួន ៦៦ នាក់ ។ នៅក្នុងឆ្នាំ ១៩៧៤ ដល់ ឆ្នាំ ១៩៧៥ មានគ្រូមមធ្យមសិក្សាបឋមភូមិចំនួន ១៤១ នាក់ និងអធិការបឋមសិក្សាចំនួន ១៤នាក់ កំពុងបណ្ដុះបណ្ដាល តែជាអកុសល ពួកគេទាំងនោះ មិនបានប្រឡងបញ្ចប់ការសិក្សាណោះទេ ក៏ព្រោះតែពួកខ្មែរក្រហមបានចូលមកកាន់កាប់អំណាច ។ពីឆ្នាំ ១៩៧៥ រហូតដល់ ឆ្នាំ ១៩៧៨ គ្រឹះស្ថាននេះក៏ដូចជាគ្រឹះស្ថានដទៃទៀតក្នុងទូទាំងប្រទេស គឺត្រូវបានបិទទ្វារទាំងស្រុង ។ ក្រោយឆ្នាំ១៩៧៩គ្រឹះស្ថាននេះបានបើកទ្វារឡើងវិញហើយមានឈ្មោះថា"សាលានយោបាយក្រសួងអប់រំ " បន្ទាប់មកក៏ បានប្រែក្លាយជាសាលាគរុកោសល្យ និង វិក្រឹតការមជ្ឍឹមនៅឆ្នាំ១៩៨០រួចនៅឆ្នាំ ១៩៨៦ ក៏មានឈ្នោះថា សាលាគ្រប់គ្រងកម្មាភិបាលជាន់ខ្ពស់ ។
នៅឆ្នាំ ១៩៩៣ បានប្ដូរឈ្មោះម្ដងទៀត ទៅជា " មហាវិទ្យាល័យគរុកោសល្យ " ដែលជាឈ្មោះដើមរបស់ខ្លួនវិញ ហើយមកដល់ឆ្នាំ ២០០៤ នេះ ដើម្បីឆ្លើយតបទៅនឹងការវិវត្តិន៍ របស់សង្គមជាតិ និងការអភិវឌ្ឍន៍របស់វិស័យអប់រំ គួបផ្សំនឹងសំណូមពរ និង តម្រូវ ការដ៏ចាំបាច់របស់ប្រទេសជាតិ ក្នុងដំណាក់កាលសកលភាវូបនីយកម្ម និង ក្នុងដំណាក់កាល នៃការរីកចម្រើន របសវិទ្យាសាស្រ្តបច្ចេកវិទ្យាមហាវិទ្យាល័យគរុកោសល្យត្រូវបានរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខបានសម្រេចប្រែក្លាយឲ្យទៅ " ជាវិទ្យាស្ថានជាតិអប់រំ " តាម អនុក្រឹត្យលេខៈ ០៤ អនក្រ.បក ចុះថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០០៤។ នៅថ្ងៃទី០៨ខែ កុម្ភៈឆ្នាំ ២០០៥ ឈ្មោះ " វិទ្យាស្ថានជាតិអប់រំ "ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ នៅថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ ២០០៧ នៅវិទ្យាស្ថានជាតិអប់រំ បានសម្ភោធមជ្ឍ មណ្ឌលវប្បធម៌ សម្ដេច ហ៊ុន សែន និង លោកជំទាវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា ។
មុខងារបណ្ដុះបណ្ដាល
[កែប្រែ]សព្វថ្ងៃនេះ វិទ្យាស្ថានជាតិអប់រំ មានមុខងារបណ្ដុះបណ្ដាលជាច្រើនផ្នែក ដូចខាងក្រោម ៖ ក្រិតឧត្ដមសិក្សា បរិញ្ញាបត្រ ១ ចំនួន ១៦ មុខវិជ្ជាឯកទេសរួមមាន ៖
- ១-អក្សរសាស្រ្ត + ភាសាបារាំង
- ២-អក្សរសាស្រ្ត + ប្រវត្តិសិល្បៈ
- ៣-ភាសាអង់គ្លេស + បច្ចេកវិទ្យា ICT
- ៤-ព័ត៌មានវិទ្យា + ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
- ៥-កសិកម្ម + បច្ចេកវិទ្យា ICT
- ៦-សេដ្ឋកិច្ច + បច្ចេកវិទ្យា ICT
- ៧-សីលធ៌ម-ពលរដ្ឋ- ការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ
- ៨-ប្រវត្តិវិទ្យា-ភូមិវិទ្យា
- ៩-ភូមិវិទ្យា-គ្រប់គ្រងបណ្ណាល័យ
- ១០-គីមីគ្រប់គ្រងបន្ទប់ពិសោធន៍
- ១១-ផែនដី-បរិស្ថាន
- ១២-គណិតវិទ្យា-បច្ចេកវិទ្យា
- ១៣- បច្ចេកវិទ្យា- ភាសាអង់គ្លេស
- ១៤-សូន្យរូប-ប្រវត្តិសីល្បៈ
- ១៥-កសិកម្ម- បច្ចេកវិទ្យា
- ១៦-ប្រវត្តិវិទ្យា-សីល្បៈ
រចនាសម្ព័ន្ធរដ្ឋបាលបុគ្គលិក និង ហេដ្ឋារចនាសម្ព័ន្ធ
[កែប្រែ]វិទ្យាស្ថានជាតិអប់រំរូមមាន ៖
- ដេប៉ាតឺម៉ង់អប់រំ និងដេប៉ាតឺម៉ង់ផែនការអប់រំ
- ការិយាល័យរដ្ឋបាល ការិយាល័យគណនេយ្យ ការិយាល័យបុគ្គលិក ការិយាល័យសិក្សា និងការិយាល័យស្រាវជ្រាវគរុកោសល្យ និងមានកម្មវិធីអប់រំ
- សាលាអនុវត្តពីកម្រិតបឋមរហូតដល់កម្រិតវិទ្យាល័យ
បុគ្គលិកមានចំនួន ២២៨ នាក់ក្នុងមានស្ត្រីចំនួន ៨៨ នាក់ ( ១៥២ នាក់ជាបុគ្គលិកវិទ្យាស្ថានជាតិអប់រំ ៣២ នាក់ជាបុគ្គលិកសាលាបឋមសិក្សាអនុវត្ត និង ៤៤ នាក់ជាវិទ្យាល័យអនុវត្ត ) ។
វិទ្យាស្ថានជាតិអប់រំមានអគារចំនួន ១៤ ដែលមាន ៦៥ បន្ទប់ក្នុងនោះមានបន្ទប់ពិសោធន៍វិទ្យាសាស្ត្រចំនួន ០៣ បណ្ណាល័យចំនួន ០២ បន្ទប់ព័ត៌មានវិទ្យាចំនួន ០៤ សាលសហសិក្សាចំនួន ០៣ និងបន្ទប់អន្តេវាសិកដ្ឋានចំនួន ០៣ ។ តែជាអកុសលអគារសិក្សាដែលជាកេរ្តិ៍ដំណែលពីអាណាព្យាបាលបារាំង មានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ។
សកម្មភាពបណ្តុះបណ្តាលតាំងពីឆ្នាំ ១៩៧៩តាំងពីឆ្នាំ ១៩៧៩ មកវិទ្យាស្ថានជាតិអប់រំមានបេសកកម្មជាចម្បង គឺបណ្តុះបណ្តាល និងវិក្រិតការសាស្ត្រា និងបុគ្គលិករបស់ក្រសួងអប់រំព្រមទាំងអធិការនៅទូទាំងប្រទេស ។ ការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រសួងអប់រំនៅវិទ្យាស្ថានជាតិអប់រំត្រូវធ្វើឡើង នៅក្រោមរូបភាពជា ការបណ្តុះបណ្តាលដំបូងនិងការបណ្តុះបណ្តាលបន្ត ។
ការបណ្តុះបណ្តាលដំបូងចាប់ផ្តើមនៅក្រោយឆ្នាំ ១៩៩៤ - ១៩៩៥ គឺនៅពេលដែលសាលាមានឈ្មោះថា មហាវិទ្យាល័យគរុកោសល្យ ។ការបណ្តុះបណ្តាលធ្វើឡើងចំពោះ៖
- អធិការបឋមសិក្សារយៈពេល ០១ ឆ្នាំ
- អធិការមធ្យមសិក្សារយៈ ០១ ឆ្នាំ
- គរុនិស្សិតគ្រប់មុខវិជ្ជាឯកទេស បរិញ្ញាបត្រ
- ១ រយៈពេល ០១ ឆ្នាំ
- គរុសិស្សកម្រិតមូលដ្ឋានមុខវិជ្ជាឯកទេសភាសាបារាំង
- ខ្មែរ រយៈពេល ០២ ឆ្នាំ
- គ្រូឧទ្ទេសភាសាអង់គ្លេស រយៈពេល ០២ ឆ្នាំ ។
ការបណ្តុះបណ្តាលគឺធ្វើឡើងសម្រាប់គ្រូឯកទេស អធិការបឋមសិក្សា បុគ្គលិកឯកទេស និងមន្ត្រីអប់រំជាន់ខ្ពស់នៅទូទាំងប្រទេស ។ មានសិក្ខាកាមប្រមាណជិត ៣០០០០ នាក់ដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងគ្រឹះស្ថានអប់រំនេះ ។ នៅឆ្នាំ ២០០២ ក្រសួងអប់រំយុវជន និងកីឡាបានផ្ដល់នូវបេសកកម្មថ្មីទៀតដល់វិទ្យាស្ថានជាតិអប់រំ នោះគឺការបណ្តុះបណ្តាលគរុនិស្សិតបរិញ្ញាបត្រ ដើម្បីឲ្យមានជំនាញក្នុងការបង្រៀនពីមុខវិជ្ជា ប្រយោជន៍ដើម្បីឆ្លើយតបទៅនឹងកង្វះគ្រូបង្រៀននៅតាមខេត្ត ឬនៅតាមទីជនបទដាច់ស្រយាល ។ លើសពីនេះទៅទៀត គរុនិស្សិតបណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំ ត្រូវទទួលការបំពាក់បំប៉នគ្រប់ៗផ្នែកព័ត៌មានវិទ្យាដើម្បីឲ្យពួកគេមានសមត្ថភាពប្រើប្រាស់កុំព្យូទ័របាននៅពេលដែលពួកគេទៅធ្វើការ ។
សម្ភារៈបរិក្ខារក្រោយពីថ្ងៃជ័យជំនះជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ វិទ្យាស្ថានជាតិអប់រំដែលប្រើប្រាស់ជាសាលានយោបាយក្រសួងអប់រំបានប្រមូលគ្រូបង្រៀន សាស្ត្រាចារ្យ អធិការបឋមសិក្សា ដែលនៅរស់រានមានជីវិតពីរបបវាលពិឃាត ដើម្បីចូលរួមក្នុវគ្គវិក្រិតការ និងដើម្បីទទួលការបណ្តុះបណ្តាលផ្នែកនយោបាយរយៈពេលខ្លី ក្នុងគោលបំណងឲ្យពួកគេអាចមានលទ្ធភាពផ្ទេរចំណេះដឹងខាងលទ្ធិសង្គមនិយមទៅអ្នកដ៏ទៃទៀតវិញម្ដងដោយរៀបចំជាវគ្គបណ្តុះបណ្តាលខ្លីៗនៅតាមទីក្រុង ឬទីជនបទនានានៅទូទាំងប្រទេស ។ វិទ្យាស្ថានជាតិអប់រំនាពេលនោះបានក្លាយទៅជាមជ្ឈមណ្ឌល បណ្តុះបណ្តាលយ៉ាងសំខាន់ ដើម្បីស្ថាបនាឡើងវិញនូវគ្រឹះនៃប្រព័ន្ធអប់រំ និងធនធានមនុស្ស ។កាលពីដំបូងឡើយ ការបណ្តុះបណ្តាលធ្វើឡើងក្នុងស្ថានភាពមួយដ៏លំបាក ។ សាស្ត្រាចារ្យមានប្រភពភាគច្រើនជាជនជាតិវៀតណាម ។ សាស្ត្រាចារ្យជនជាតិខ្មែរច្រើនតែមានសុខភាពទ្រុឌទ្រោម ព្រមទាំងទទួលរងនូវជម្ងឺភ្លេចភ្លាំងច្រើន ហើយមិនទាន់មានលទ្ធភាពក្នុងការបង្រៀនបាន ។នកាលពីដំបូងខ្លឺមសារនៃការ បណ្តុះបណ្តាល ច្រើនតែផ្តោតទៅលើនយោបាយ បន្តិចក្រោយមកក៏មានការបញ្ចូលនូវផ្នែកគរុកោសល្យដែលលក្ខណៈជាវិជ្ជាជីវៈ ។ ការធ្វើបែបនេះធ្វើឲ្យពួកគេរំឭកឡើងវិញនូវចំណេះដឺងទាំងឡាយដែលពួកគាត់មាន និងធ្វើឲ្យពួកគាត់មានសមត្ថភាពបង្រៀនឡើងវិញ ។ពីដំបូងឡើយ សម្ភារៈ និងគ្រឿងបរិក្ខាមានការខ្វះខាតជាខ្លាំង សម្ភារមួយចំនួន ច្រើនតែបានមកពីបណ្តាប្រទេសសង្គមនិយម និងអង្គការអន្តរជាតិផ្សេងៗ ។ សម្ភារដែលប្រើប្រាស់នាពេលនោះច្រើនតែចាស់ និងមិនឆ្លើយតបទៅនឺងក្រិតក្រម និងសេចក្ដីត្រូវការនៃការ បណ្តុះបណ្តាល ។ តែដោយសារការខិតខំរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សម្ភារបរិក្ខារទាំងនោះក៏ត្រូវបានលើកកម្ពស់ និងកែលម្អបានយ៉ាងប្រសើរ ។ក្រោយឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាឈានចូលក្នុងសករាជថ្មីមួយ ។ រដ្ឋកម្ពុជាក៏បានដូរឈ្មោះទៅជាព្រះរាជាណាចក្រកម្ពុជា ដោយប្រកាន់យកនូវរបបនយោបាយសេរីពហុបក្ស ។ ការ បណ្តុះបណ្តាលនៅវិទ្យាស្ថានជាតិអប់រំក៏មានការផ្លាស់ប្តូរទៅតាមរបបនយោបាយថ្មី ។ បើប្រៀបធៀបទៅនឺងការ បណ្តុះបណ្តាលមុនៗគុណភាពនៃការ បណ្តុះបណ្តាលនៅក្រោយឆ្នាំ ១៩៩៣ មានការលើកកម្ពស់ កែលម្អ បានប្រសើរទាំងខ្លឺមសារទាំងសម្ភារបរិក្ខា ព្រមទាំងធនធានមនុស្ស និងការជ្រើសរើសបេក្ខជនឲ្យចូលរៀន ។ ប៉ុន្តែនៅមានការលំបាក សម្រាប់សាស្ត្រាចារ្យភាគច្រើនក្នុងការផ្លាស់ប្តូររបបនយោបាយ និងរបៀបបង្រៀន ។វិទ្យាស្ថានជាតិអប់រំបានប្រមូលនូវធនធានរបស់ខ្លួនបន្តិចម្តងៗ ដើម្បីសម្រេចបាននូវសកម្មភាពនៃការ បណ្តុះបណ្តាលដែលជាបេសកកម្មរបស់ខ្លួន ។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏នៅមានមុខវិជ្ជាមួយចំនួនដែលវិទ្យាស្ថានជាតិអប់រំ ត្រូវអញ្ជើញសាស្ត្រាចារ្យពីខាងក្រៅឲ្យមកបង្រៀនដោយគិតជាប្រាក់ឧបត្ថម្ភជាម៉ោងបន្ថែមឲ្យពួកគាត់ ។លើសពីនេះទៅទៀត វិទ្យាស្ថានជាតិអប់រំបានទទួលជំនួយបច្ចេកទេស និងថវិកាពីអង្គការអន្តរជាតិ និងកិច្ចសហប្រតិបត្តិការផ្សេងៗដើម្បី បណ្តុះបណ្តាលអធិការបឋមសិក្សា អធិការមធ្យមសិក្សា គ្រូឧទ្ទេសបឋមសិក្សា និងមន្ត្រីគ្រប់គ្រងអប់រំ ។ ឧទាហរណ៍ដូចជាសហគមន៍អឺរ៉ុបទទួលបន្ទុកការ បណ្តុះបណ្តាលគ្រូឧទ្ទេសបឋមសិក្សានៅក្រោមគម្រោង PASEC ។ ទទួលបន្ទុកការ បណ្តុះបណ្តាលទៅលើផែនការ និងការគ្រប់គ្រងមន្ត្រីអប់រំគ្រប់កម្រិត ។ កិច្ចសហប្រតិ្តការបារាំងជួយខាងបណ្តុះបណ្តាលអធិការបឋមសិក្សា និងគ្រូកម្រិតមូលដ្ឋានឯកទេសភាសាបារាំង- ខ្មែរ ព្រមទាំងសហការជាមួយ និងកិច្ចសហប្រតិបត្តិការអង់គ្លេសក្នុងការ បណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានឯកទេសភាសាអង់គ្លេស- ខ្មែរជាដើម ។វិទ្យាស្ថានជាតិអប់រំដែលជាមជ្ឈដ្ឋានបណ្តុះបណ្តាលដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្តវិវត្តឥតឈប់ឈរ និងបានពង្រីកនូវបេសកកម្មរបស់ខ្លួនក្នុងគោលបំណងបណ្តុះបណ្តាលប្រកបដោយបរិមាណ និងគុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមដែលកំពុងតែអភិវឌ្ឍន៍ ៕
ឯកសារយោង
[កែប្រែ]- ↑ ផល្លា ផេង (2022-03-07). "មកដឹងពីគន្លឹះសំខាន់ៗមួយចំនួន ដើម្បីប្រឡងចូលវិទ្យាស្ថានជាតិអប់រំ". Brand Media. Retrieved 2024-01-29.
{{cite web}}
: zero width space character in|title=
at position 1 (help)
អត្ថបទទាក់ទងនឹងសាលារៀននេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |