វិសាខបូជា

ពីវិគីភីឌា

វិសាខបូជា

Buddha from Preah Khan temple (Angkor). Art post-Bayon 12th century.
ឈ្មោះ​ផ្លូវការណ៍ វិសាខបូជា
ឆ្នាំប្រារព្ធពិធី

ស.វទី១៩

រជ្ជកាលព្រះបាទ អង្គដួង
ប្រភេទបុណ្យ បុណ្យព្រះពុទ្ធសាសនា
ប្រារព្ធដោយ ជនជាតិខ្មែរ
រយៈពេល ១ថ្ងៃ
រដូវចាប់ផ្ដើម រៀងរាល់ខែពិសាខ
អំឡុងខែ ខែ ឧសភា
ប្រវត្តិទាំង៣របស់ព្រះពុទ្ធ
  • ទ្រង់ប្រសូត្រ
  • ត្រាសដឹង
  • បរិនិព្វាន
ចាត់ចូលជាបុណ្យអន្តរជាតិ ដោយ អង្គការសហប្រជាជាតិ ឆ្នាំ 1999
International Visak Worship Day


ព្រះពុទ្ធត្រាស់ដឹង


​វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា ដែល​ប្រទេស​កម្ពុជា បាន​ចាត់ទុកជា​បុណ្យជាតិ​។ ជាងនេះទៀត ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ​ឆ្នាំ​ ១៩៩៩ ។

​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​ចំនួន​៣ ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។

ព្រឹត្តិការណ៍​ទាំងនោះ គឺ

  • ការ​ប្រសូត
  • ការ​ត្រាស់ដឹង
  • ​ការចូល​និព្វាន​។​

​ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ (​អាន​ថា សិត​-​ធ័​ត​) ដែលជា​ព្រះរាជ​បុត្រា​របស់​ព្រះ​នាង សិរិ​មហាមាយា និង​ព្រះបាទ សុទ្ធោទនៈ​។ ព្រះអង្គ ត្រូវបាន​គេ​ហៅ​ព្រះនាម​ជាច្រើន​ទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ​, ព្រះសមណគោតម​, ព្រះ​ជិនស្រី​, ព្រះ​សក្យមុនី​, ព្រះ​បរមគ្រូ​, ព្រះ​សាស្តា ជាដើម​។​

  • ​ព្រះអង្គ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន​គ្រិស្តសករាជ​ចំនួន ៦២៣ ឆ្នាំ​។ នៅពេល​មាន​ព្រះជន្ម ២៩​ព្រះវស្សា ព្រះ​សិទ្ធត្ថ បាន​យាង​ទៅ​សាង​ផ្នួស​។
  • ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពី​ក្លាយខ្លួនជា​អ្នកបួស​អស់​រយៈពេល ៦​ឆ្នាំ ព្រះអង្គ​ក៏បាន​ត្រាស់ដឹង កា្ល​យ​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា​វេលា​ទៀបភ្លឺ​។
  • ព្រះ​បរមគ្រូ​នៃ​យើង ទ្រង់​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម ៨០ ព្រះវស្សា​។ រហូតមកដល់​ពេលនេះ ព្រះ​សក្យមុនី បាន​រលត់​សង្ខារ​អស់​រយៈពេល ២៥៦៧​ឆ្នាំ​ហើយ​។

​យើង​សង្កេតឃើញថា ព្រះ​សាស្តា ទ្រង់​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ បុណ្យ​វិសាខបូជា គឺ​តំណាង​ឲ្យ «​ថ្ងៃ​ទាំងបី​» នេះ​ឯ​ឯ​៕


ប្រភេទ​នៃ​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​មាន​ដូច​ជា បុណ្យ​វិសាខបូជា ​មាឃបូជា កឋិនទាន និង​ ចូលវស្សា ។ «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»

បុណ្យវិសាខបូជា[កែប្រែ]

បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់ រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី ថ្ងៃ​១៥​កើត ខែវិសាខ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ ។

ការ​ដែល​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ ១៥ កើត​ខែ​វិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង ព្រះ​ពុទ្ធសាសនា បាន​កំណត់ ទុក​ក្នុង​គម្ពី​របឋមសម្ពោធិ​ថា ជា​មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសម្ពុទ្ធបរមគ្រូ៖

  1. ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា
  2. ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ
  3. ​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះនិព្វាន

សម្តេច​ព្រះបរមសាស្រ្តាចារ្យ​របស់​យើង​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​ទ្រង់បរិនិព្វាន​សុទ្ធ​តែ​ក្នុង ថ្ងៃ​ពេញបូណ៌មីខែ​វិសាខ​ទាំង​អស់​ប្លែក​គ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ។ ព្រោះ​ហេតុ​នោះ​ហើយ​បាន​ជា​អ្នកប្រាជ្ញ ចង​ក្រងជា គាថា​ទុក​ដូច្នេះ​ថា អាសាឡ្ហបុណ្ណមោក្កន្តោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ

សេចក្តី​ថា ព្រះ​ពុទ្ធទ្រង់​យាង​ចុះកាន់​គភ៌​នៃ​ព្រះវរមាតា ក្នុង​ថ្ងៃ​ពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូតិ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ និង ទ្រង់​ចូល​បរិនិព្វាន​ក៏ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ (​ផ្សេង​តែ​ឆ្នាំ)

  • ព្រះអង្គ​ទ្រង់​ប្រសូតិ​នៅ ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​ច វេលា​ជិត​ថ្ងៃ​ត្រង មុនពុទ្ធសករាជ ៨០​ឆ្នាំ។ នៅ​ ឧទ្យានលុម្ពិនី ព្រៃ​សាលព្រឹក្ស ចន្លោះ​នគរ​ទាំង​ពីរ គឺ​ កបិលពស្តុ និង ទេវ​ទហៈ
  • ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង នៅ​ ថ្ងៃ​ពុធ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​រកា​ វេលា ជិត​ភ្លឺ មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ ក្នុង​ព្រះជន្ម​៣៥​ឆ្នាំ។ ទី​ស្ថាន​ដែល​ព្រះអង្គ​បាន ត្រាស់​ដឹង​ជា​សព្វញ្ញូពុទ្ធ ហៅ​ថា​ពុទ្ធគយា​ស្ថិត​នៅ​ក្នុង រដ្ឋ​ពីហា ( Bihar ) ប្រទេស​ឥណ្ឌា។
  • ព្រះអង្គ​ទ្រង់​បរិនិព្វាន ក្នុង ​ថ្ងៃ​អង្គារ ពេញ​បូណ៌​មី ខែ​វិសាខ ឆ្នាំ​ម្សាញ់ វេលា​ជិត​បែក​បច្ចូសម័យ មុន​ពុទ្ធសករាជ ១ថ្ងៃ​ក្នុង ព្រះជន្ម ៨០​ឆ្នាំ គត់ ចន្លោះដើម ​សាល​ព្រឹក្ស​ទាំង​គូ ក្នុង ​ក្រុងកុសិនារា ។ សព្វ​ថ្ងៃ​នេះ ទី​ក្រុងកុសិនារា ត្រូវ​បាន​គេ​ហៅ​ថា ក្រុង​កុសិនាហ្គារ៍ (កុសិនគរ) ឬ​ហៅថា​ក្រុង​កាស្យា ស្ថិត​នៅ​ក្នុង​រដ្ឋឧត្តរ​ប្រទេស របស់​ឥណ្ឌា ។

ជា​ប្រពៃណី​បុណ្យ​វិសាខបូជា គេ​តែង​នាំ​គ្នា​ធ្វើ​ក្នុង​ពេល​រាត្រី ព្រោះ​តម្រូវ​ទៅតាម​ពាក្យ​ថា បុណ្ណមី មាន​សេចក្តី​ថា ខែ​ពេញ​បូណ៌មី ។ ម្យ៉ាង​ទៀត ការ​ប្រារព្ធ​ពិធី​ក្នុង​ពេល​រាត្រី អា​ស្រ័យ​ដោយ លក្ខណៈ​ងាយ​ស្រួល ២​យ៉ាង គឺ​ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប​ជ្វាលា បូជា​ភ្លើងអគ្គិសនី​ឲ្យភ្លឺ​រុង​រឿង​រន្ទាល​ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាង​ទៀត ដើម្បី​បើក​ឱកាស​ឲ​ពុទ្ធ​បរិស័ទ​បាន​ជួប​ជុំ​គ្នា ដ៏​ច្រើន​កុះ​ករ​ទាំង​ប្រុស​ទាំង​ស្រី អាច​បំពេញ​កុសល​កម្ម​នេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់ ជា​ពេល​ទំនេរ​ផង។ បុណ្យ​វិសាខបូជា ចាត់​ទុក​ថាជាបុណ្យ​ដ៏​ធំ ដោយ​មាន​មហាជន ចាស់​ក្មេង​ប្រុស ស្រី នៅ​ប្រជុំ​គ្នា​អ៊ូអរ ដោយ​នាំ​ទៅ​ជា​មួយ​នូវ​គ្រឿង​សក្ការ​បូជា មាន​ទៀន ធូប ផ្កាភ្ញី និង​ប្រទីប​ជ្វាលា តូច ធំ​អុជ​បំភ្លឺ​ព្រោង​ព្រាត នៅ​គ្រប់​វត្ត​អារាម ។

តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ពុទ្ធបរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ ត្រូវ​ដើរដង្ហែរ​ប្រទក្សិណ ៣​ជុំ​សិន​មុន​នឹង​ចូល​ព្រះ​វិហារ ហើយ​គេ​យក​ទេយ្យ​វត្ថុ​រៀប​ចំដាក់​នៅ​មុខ​ពុទ្ធរូប រួច​អុជ​ទៀន​ធូប​បូជា ផ្កាភ្ញី​ផ្សេង​ៗ។ គេ​នាំ​គ្នា​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល សា្តប់​ពុទ្ធ​មន្ត ស្តាប់​ធម៌ទេសនា អំពី ពុទ្ធប្បវត្តិ​តាំង​ពី​ដើម​រហូត​ដល់​ចប់ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា សូត្រ​ធម៌​បទ​ផ្សេង​ៗ​ដូច​ជា នមោ ៨បទ ឋាន​ធំ ៨​កន្លែង​ជា​ដើម នៅ​យប់​នោះ​គេ​ធ្វើ​រហូត​ទល់​ភ្លឺ តាម​លទ្ធភាព​វត្ត​នីមួយ​ៗ ដើម្បី ឲ​មាន​បសាទសទ្ធា ចំពោះ​ព្រះរតនត្រ័យ​កាន់​តែ​ខ្លាំងក្លា​ឡើង។

ប្រវត្តិ​បុណ្យវិសាខ​បូជា[កែប្រែ]

ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​ទាំង​ឡាយ​ដែល​រាប់​អាន​ព្រះពុទ្ធសាសនា នាំ​គ្នា​ធ្វើ​វិសាខបូជា នៅ​ថ្ងៃ ពេញ​បូណ៌មីខែពិសាខ រៀង​ៗ​មក​តាំង​ពី​បុរាណកាល ។ តាម​ការ​ស្រាវជ្រាវ​គេ​បាន​ដឹង​ថា បុណ្យ វិសាខ​បូជា​ទំនង​ជា​ធ្វើ​នៅ​ក្រោយ​ពុទ្ធ​បរិនិព្វាន​ច្រើន​រយឆ្នាំ។ គេ​ថា​ប្រទេសឥណ្ឌា និង​ប្រទេស​លង្កា បាន​ប្រារព្ធ​ពិធី​បុណ្យ​នេះ​យូរ​យារ​ណាស់មក​ហើយ ។ ចំណែក​ប្រទេស​សៀម និង​ប្រទេស​ខ្មែរ​ទើប នឹង​ចាត់​ចែង​ធ្វើ​នៅ​គ្រឹស្តសតវត្សទី ១៩។ នៅ​ក្នុង​ប្រទេស​កម្ពុជា បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ ទុំ​អ្នក​មុខ​អ្នកកា​ទាំង​ឡាយ​ដំណាល​ត​ៗ​គ្នា​បាន​ឲ​ដឹងថា គេ​បាន​ផ្តើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ​សម្តេច ព្រះ​ហរិរក្សរាមា (ព្រះអង្គដួង) ដែល​គង់​នៅ​ក្រុង​ឧត្តុង្គ ក្នុង​ពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយ​មហាប៉ាន ដែល​ស្តេច​សៀម បាន​បញ្ជូន​មក​កាន់​ឧត្តុង្គ តាម​សំណើ​ព្រះបាទ អង្គដួង។

បុណ្យ​វិសាខ​បូជា​ត្រូវ​បាន រាជរដ្ឋាភិបាល ចាត់​ទុក​ជា​ថ្ងៃ​បុណ្យជាតិ របស់​ប្រទេសកម្ពុជា ។ នៅទី ១៥ ខែ ធ្នូ ​ឆ្នាំ ១៩៩៩ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ជិត ២០០ ប្រទេស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទទួល ស្គាល់ និង​ចាត់​ទុក​បុណ្យវិសាខ​បូជា ​របស់ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ។

វិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​ ៣យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែល ព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​១, ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​១​​, ទ្រង់​ចូល​កាន់ ព្រះមហាបរិនិព្វាន១ ។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​នេះ ទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ជាដរាប​រៀង​រាប​មក​ទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​នេះ ។

របៀប​ធ្វើ​វិសាខបូជា[កែប្រែ]

មុន​នឹង​ប្រកាស​វិសាខបូជា សូម​លោក​អាចារ្យ​នាំ ឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ នមស្ការ​ព្រះរតនត្រ័យ​តាមវិធី​រតនប្បណាម​សង្ខេប ឬ​ពិស្តារ ហើយ​សមាទានសីល​រួច​សឹម​ប្រកាស វិសាខ​បូជា​ដូច​ត​ទៅ​នេះ

វិធី​ប្រកាស​វិសាខបូជា[កែប្រែ]

(​លោក​អាចារ្យ​ត្រូវ​អាន​មួយ​ឃ្លា​ម្តង​ៗ ឲ​ឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ​ថា​តាម) នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស សូម​នមស្ការ ចំពោះ​ព្រះភគវន្ត​មុនី អរហន្តសម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ ។ សម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វទុក្ខស្ស បហានាយ ធម្មំ ទេសេតិ តំ សម្មាសម្ពុទ្ធំ អាទរេន នមស្សាម ។ ព្រះភគវន្តមុនីអង្គណា ទ្រង់ត្រាស់​សំដែង​នូវធម៌ ដើម្បី​កំចាត់​បង់​នូវ​សេចក្តី​ទុក្ខ​ទាំង​ពួង ព្រះភគវន្តមុនី​អង្គនោះ ជា​ព្រះសម្មាសម្ពុទ្ធ​ពិត​មែន យើង​ខ្ញុំ​ព្រះអង្គ​សូម​ថ្វាយ​បង្គំ​នូវ ព្រះសម្មាសម្ពុទ្ធ អង្គ​នោះ​ដោយ​គោរព ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង )

និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស បហានាយ ស្វាក្ខាតោ តេន ភគវតា តំ ធម្មំ អាទរេន នមស្សាម ។ ព្រះ​ធម៌​ណា​ដែល​ព្រះភគវន្តមុនី​អង្គ​នោះ ទ្រង់​ត្រាស់​សំដែង​ហើយ​ដោយ​ប្រពៃ ដើម្បី​កំចាត់ បង់​​នូវ​សេចក្តី​ទុក្ខ​ទាំង​ពួង ព្រះ​ធម៌​នោះ ជា​ធម៌​ស្រោច​ស្រង់​សត្វ​ពិត​មែន យើង​ខ្ញុំ​ព្រះ​អង្គ​សូម​ថ្វាយ បង្គំ​នូវ​ព្រះធម៌​ដោយ​គោរព ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង )

សុបដិបន្នោ វត តស្ស ភគវតោ សោ សាវកសង្ឃោ យោ សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ សង្ឃំ អាទរេន នមស្សាម ។ ព្រះអរិយ​សង្ឃណា លោក​ប្រតិត្តិ ដើម្បី​កំចាត់​បង់ នូវ​សេចក្តី​ទុក្ខ​ទាំង​ពូង ព្រះ​អរិយ​សង្ឃ នោះ ជា​សង្ឃសាវ័ក​នៃ​ព្រះភគវន្តមុនី​អង្គ​នោះ លោក​ប្រតិបត្តិ​ដោយ​ប្រពៃ​មែន​ពិត យើង​ខ្ញុំ​ព្រះអង្គ សូម​ថ្វាយ​បង្គំ​នូវ​ព្រះអរិយសង្ឃ​នោះ​ដោយ​គោរព ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង )

ថ្ងៃ​នេះ​ជាតិថី ពេញ​បូណ៌មី​នៃ​ខែ​វិសាខ មាន​ព្រះចន្ទ័​ពេញវង់ ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសក្យមុនី សម្មាសម្ពុទ្ធ ជាបរមគ្រូ ទ្រង់​ប្រសូត ទ្រង់​បាន​ត្រាស់ ជា​ព្រះសព្វញ្ញូពុទ្ធ ប្រាកដ​ឡើង​ក្នុង លោក និង​ថ្ងៃ​ដែល​ទ្រង់​រំលត់ខ័ន្ធ ចូល​កាន់​បរិនិព្វាន តិថី​នេះ ជា​ឧបលក្ខិត​សម័យ​មួយ​ដ៏​ឧត្តម​ក្នុង​​ព្រះពុទ្ធ សាសនា គឺ​ជា​ថ្ងៃ​សម្រាប់​ពុទ្ធមាមក​ជន ទាំង​បព្វជិត ទាំង​គ្រហស្ថ ប្រជុំ​គ្នា​ធ្វើ​សក្ការ​បូជា ចំពោះ ព្រះសម្មាសម្ពុទ្ធ ព្រម​ទាំង​ព្រះធម៌ ជា​បរមពុទ្ធោវាទ និង​ព្រះអរិយសង្ឃ ជា​សាវ័ក​របស់​ព្រះ អង្គ។

ឥឡូវ​នេះ យើង​ទាំង​អស់​គ្នា ជា​ពុទ្ធសាសនិកជន បាន​មក​ប្រជុំ​គ្នា បាន​រៀប​គ្រឿង​​សក្ការ បូជា មាន​ទៀន​ធូប​និង​ផ្កា​ជា​ដើម ក្នុង​ទីនេះ ដែល​មាន​ព្រះពុទ្ធ​រូប​ស្នង​ព្រះអង្គ ជា​ប្រធាន ហាក់​ដូច ជា ព្រះ​បរមសាស្តា​អង្គ​នោះ ទ្រង់​ស្តេច​មក​គង់ ក្នុង​ទី​ចំពោះ​មុខ នៃ​យើង​ទាំង​អស់​គ្នា យើង​ខ្ញុំ​សូម ថ្វាយ នូវ​គ្រឿង​សក្ការ​បូជា​ទាំង​នេះ ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ព្រះ​អង្គ​នោះ ព្រម​ទាំង​ព្រះ ធម៌ និង​ព្រះ អរិយសង្ឃ រតនត្រ័យ​ទាំង​បី ដោយ​សេចក្តី​គោរព ។

បពិត្រ​ព្រះសក្យ​មុនីបរមគ្រូ ព្រះអង្គ​ជា​បូជា​រហបុគ្គល របស់​ទេវតា​និង​មនុស្ស​ក្នុង​លោក​​ឥត មាន​បុគ្គល​ណា​មួយ ត្រឹម​ស្មើ​នឹង​ព្រះអង្គ​ឡើយ ទោះ​បី​ព្រះអង្គ ទ្រង់​បរិនិព្វាន បាត់​រូប​ព្រះកាយ​​អស់​កាល​ដ៏​យូរ​អង្វែង​ហើយ ក៏​ពិត​មែន ប៉ុន្តែ​ទ្រង់​បាន​ប្រតិស្ថាន ព្រះ​វិសុទ្ធោវាទ គឺ​ព្រះធម៌​វិន័យ​ ដ៏​បរិសុទ្ធវិសេស ទុក​ជាតំណាង​ព្រះអង្គ ទាំង​ព្រះគុណ​របស់​ព្រះអង្គ ក៏​នៅ​មាន​ប្រាកដ ទាំង​ព្រះ បរម សារីរិក​ធាតុ នឹង​ព្រះពុទ្ធ​រូប​ស្នង​ព្រះអង្គ ក៏​នៅ​មាន​ប្រាកដ​ដែរ សូម​​ព្រះ​ដ៏​មាន​បុណ្យជាបរម សាស្តា ទ្រង់​ព្រះ​មេត្តា​ប្រោស​ទទួល នូវ​គ្រឿង​សក្ការ​បូជា របស់​យើង ខ្ញុំ​ព្រះអង្គ ដែល​បាន​រៀប​ចំ ថ្វាយ​ក្នុង​ទី​នេះ ដើម្បី​ជា​ផលានិសង្ស ឲ​យើង​ខ្ញុំ​ព្រះអង្គ​បាន​ប្រកប ដោយ ឥដ្ឋមនុញ្ញផល វិបុលសុខ និង​សេចក្តី​ចម្រើន ដ៏​ធំ​ទូរលាយ អស់​កាល​ជា​អង្វែង​ទៅ ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង )

វេរគ្រឿង​សក្ការ​បូជា ឥទានាយំ ភន្តេ វិសាខបុណ្ណមី កាលោ សម្បត្តោ តស្ស អម្ហាកំ ភគវតោ​តកាលសទិសេន នក្ខត្តេន យុត្តោ បាតុភវិ​ ។ តថា ហិ ខោ អម្ហាកំ លោកនាយកោ សោណសំវច្ជរេ វិសាខបុណ្ណមីយំ សុក្រវារេ គព្ភានិក្ខមនំ បត្វា ច កុក្កដេ វិសាខបុណ្ណមីយំ ពុទ្ធវារស្មឹ សព្វញ្ញុតំ បត្វា ច សប្បេ វិសាខបុណ្ណមិយំ អង្គារេ បរិនិព្វានំ បត្វា ច អហោសិ ។

តស្មា មយំ សព្វេ តំ តំ តស្ស នក្ខត្តសមយំ អនុស្សរន្តោ ឥធ សមាគតា ឥមេហិ ទីបធូបមាលាទីហិ សក្ការេហិ ច បូជំ ករោម ធម្មេហិ ច សាធុ ភន្តេ ភគវា សុចិរប្បរិនិព្វុតោបិ ឥមេ អម្ហាកំ ទុគ្គតបណ្ណាការភូតេ បដិគ្គណ្ណតុ សាសនស្សឋិរត្ថាយ ចេវ អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។ ព្រះ​ពុទ្ធរូប​ស្នង​ព្រះអង្គ ក្តី​គោរព បពិត្រ​ព្រះ​ករុណា​ទាំង​ឡាយ​ដ៏​ចម្រើន កាល​ឥឡូវ​នេះ ជា​ថ្ងៃ​ពេញបូណ៌មី​ខែពិសាខ ប្រកប​ដោយ​នក្ខត្ត​សម័យ ដូច​សម័យ​របស់​ព្រះដ៏មាន​ព្រះភាគ ជា​ម្ចាស់​នៃ​យើង​នោះ​ប្រាកដ ។

ត្បិត​ថា​ព្រះ​លោក​នាយក​ជា​​ម្ចាស់​នៃ​យើង កាល​ទ្រង់​ប្រសូត​ចាកគភ៌ ( ព្រះមាតា ) ក្នុង ថ្ងៃ​សុក្រ​ពេញ​បូណ៌មី ខែ​ពិសាខ​ឆ្នាំ​ច​នោះ​ក្តី ត្រាស់​ដឹង​សព្វញ្ញុត្តញ្ញាណ ក្នុង​ថ្ងៃ​ពុធពេញ​បូណ៌មី ខែ​ពិសាខ​ឆ្នាំ​រកា​នោះ​ក្តី ទ្រង់​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារពេញ​បូណ៌មី ខែ​ពិសាខ​ឆ្នាំ​ម្សាញ់​នោះ​ក្តី មាន ហើយ​ដោយ​ពិត ។

ព្រោះ​ហេតុ​នោះ ( កាល​ឥឡូវ​នេះ ) យើង​ខ្ញុំ​ទាំង​ឡាយ រឭក​នូវ​នក្ខត្ត​សម័យ​នោះៗ របស់ ព្រះ​អង្គ ទើប​នាំ​គ្នា​មក​ជួប​ជុំ​ក្នុង​ទី​នេះ ធ្វើ​បូជា​ដោយ​គ្រឿង​សក្ការ​ផ្សេង​ៗ​មាន​ប្រទីប​ធូប​ទៀន និង កម្រង​ផ្កា​ជា​ដើម​ផង បូជា​ដោយ​ធម៌​ផង ។ បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដ៏​ចម្រើន សូម​ព្រះ​ដ៏មាន ព្រះ​ភាគ ដែល​ទ្រង់​បរិព្វាន​ហើយ សូម្បី​អស់​កាល​ជា​យូ​អង្វែង​ហើយ​ក្តី សូម​ព្រះអង្គ​ទទួល​នូវ គ្រឿង​បណ្ណា​ការ​ទាំង​នេះ ដែល​ទុគ្គត​បណ្ណា​ការ​របស់​យើង​ខ្ញុំ​ទាំង​ឡាយ ដើម្បី​ធ្វើ​ឲ​សាសនា​រុងរឿង ស្ថិត​ស្ថេរ​ទៅ​ផង ដើម្បី​ជា​ប្រយោជន៍ និង​សេចក្តី​សុខ​ផង ដល់​យើង​ខ្ញុំ​ទាំង​ឡាយ អស់​កាល​ជា អង្វែង​ទៅ​ហោង ។

លុះ​ចប់​វិធី​ប្រកាស​វិសាខ​បូជា​នេះ​ហើយ សូម​ព្រះសង្ឃ​ទាំង​អស់​នមស្ការ​ព្រះរតនត្រ័យ​តាម វិធី​ត្រៃ​ប្រណាម និង​ធម៌​សម្រាប់ នមស្ការ​ផ្សេង​ៗ​ទៀត​តាម​ដែល​អាច​សូធ្យ​បាន​គ្រប់​ព្រះអង្គ បន្ទាប់ មក​ទៀត​គឺ​និមន្តធម្ម​កឋិក​សម្តែង​ធម៌ទេសនា។ លុះ​ចប់​ធម៌​ទេសនា​ពុទ្ធបរិស័ទ​ណា​ចេះ​សូធ្យ​ធម៌បទ ផ្សេង​ៗ ដែល​ស្រប​នឹង​ពិធី​បុណ្យ​នេះ​​ ដូចជា នមោ ៨​បទ និង​ធម៌បទ​ដែល​ពិពណ៌នា​អំពី​ពុទ្ធប្ប​វត្ត ជា​ដើម ។ ក្នុង​កម្មវិធី​បុណ្យ​នេះ ពុទ្ធ​បរិស័ទ​គួរ​តែ​កំសាន្ត តាម​ផ្លូវ​ព្រះធម៌​ឲ​បាន​ទាល់​ភ្លឺ កុំ​ឲ​ខុស របៀប​ពី​បុរាណ​មក​ផង។ ​