វិសាខបូជា
ឧទរមាតា
វិសាខបូជា | ||||
Buddha from Preah Khan temple (Angkor). Art post-Bayon 12th century. | ||||
ឈ្មោះផ្លូវការណ៍ | វិសាខបូជា | |||
ឆ្នាំប្រារព្ធពិធី
ស.វទី១៩ |
រជ្ជកាលព្រះបាទ អង្គដួង | |||
ប្រភេទបុណ្យ | បុណ្យព្រះពុទ្ធសាសនា | |||
ប្រារព្ធដោយ | ជនជាតិខ្មែរ | |||
រយៈពេល | ១ថ្ងៃ | |||
រដូវចាប់ផ្ដើម | រៀងរាល់ខែពិសាខ | |||
អំឡុងខែ | ខែ ឧសភា | |||
ប្រវត្តិទាំង៣របស់ព្រះពុទ្ធ |
| |||
ចាត់ចូលជាបុណ្យអន្តរជាតិ | ដោយ អង្គការសហប្រជាជាតិ ឆ្នាំ 1999 | |||
International Visak Worship Day |
វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័តនិងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ ។
ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ។
ព្រឹត្តិការណ៍ទាំងនោះ គឺ
- ការប្រសូត
- ការត្រាស់ដឹង
- ការចូលនិព្វាន។
ព្រះពុទ្ធ មានព្រះនាមដើមថា សិទ្ធត្ថ (អានថា សិត-ធ័ត) ដែលជាព្រះរាជបុត្រារបស់ព្រះនាង សិរិមហាមាយា និងព្រះបាទ សុទ្ធោទនៈ។ ព្រះអង្គ ត្រូវបានគេហៅព្រះនាមជាច្រើនទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ, ព្រះសមណគោតម, ព្រះជិនស្រី, ព្រះសក្យមុនី, ព្រះបរមគ្រូ, ព្រះសាស្តា ជាដើម។
- ព្រះអង្គ ទ្រង់ប្រសូត នៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុនគ្រិស្តសករាជចំនួន ៦២៣ ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។
- ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពីក្លាយខ្លួនជាអ្នកបួសអស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បានត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នាវេលាទៀបភ្លឺ។
- ព្រះបរមគ្រូនៃយើង ទ្រង់ចូលបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ ព្រះវស្សា។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារអស់រយៈពេល ២៥៦៧ឆ្នាំហើយ។
យើងសង្កេតឃើញថា ព្រះសាស្តា ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺខុសតែឆ្នាំប៉ុណ្ណោះ។ ដូច្នេះ បុណ្យវិសាខបូជា គឺតំណាងឲ្យ «ថ្ងៃទាំងបី» នេះឯ ប្រភេទនៃពិធីកម្មក្នុងពុទ្ធសាសនាមានដូចជា បុណ្យវិសាខបូជា មាឃបូជា កឋិនទាន និង ចូលវស្សា ។ «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ»
បុណ្យវិសាខបូជា
[កែប្រែ]បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏ សំខាន់សម្រាប់ រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មី ថ្ងៃ១៥កើត ខែវិសាខ ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថាជា មហាកុសល ដ៏ប្រសើរ ។
ការដែលប្រារព្ធពិធីបូជានាថ្ងៃ ១៥ កើតខែវិសាខនេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាង ព្រះពុទ្ធសាសនា បានកំណត់ ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃ មហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ៖
- ទ្រង់ប្រសូតចាកឧទរមាតា
- ទ្រង់ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ
- ទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វាន
សម្តេចព្រះបរមសាស្រ្តាចារ្យរបស់យើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វានសុទ្ធតែក្នុង ថ្ងៃពេញបូណ៌មីខែវិសាខទាំងអស់ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះ។ ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញ ចងក្រងជា គាថាទុកដូច្នេះថា អាសាឡ្ហបុណ្ណមោក្កន្តោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ។
សេចក្តីថា ព្រះពុទ្ធទ្រង់យាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតិក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ បានត្រាស់ជាព្រះពុទ្ធ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ និង ទ្រង់ចូលបរិនិព្វានក៏ ក្នុងថ្ងៃពេញបូណ៌មី ខែវិសាខ (ផ្សេងតែឆ្នាំ)។
- ព្រះអង្គទ្រង់ប្រសូតិនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង មុនពុទ្ធសករាជ ៨០ឆ្នាំ។ នៅ ឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺ កបិលពស្តុ និង ទេវទហៈ។
- ឧទ្យានលុម្ពិនី សព្វថ្ងៃនេះស្ថិតនៅក្នុងប្រទេសនេប៉ាល់ មានចម្ងាយ២៧គ.ម. ពីព្រំដែន នៃប្រទេសឥណ្ឌា។
- ទេវទហៈ
- ព្រះអង្គទ្រង់ត្រាស់ដឹង នៅ ថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា វេលា ជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ។ ទីស្ថានដែលព្រះអង្គបាន ត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថាពុទ្ធគយាស្ថិតនៅក្នុង រដ្ឋពីហា ( Bihar ) ប្រទេសឥណ្ឌា។
- ព្រះអង្គទ្រង់បរិនិព្វាន ក្នុង ថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតបែកបច្ចូសម័យ មុនពុទ្ធសករាជ ១ថ្ងៃក្នុង ព្រះជន្ម ៨០ឆ្នាំ គត់ ចន្លោះដើម សាលព្រឹក្សទាំងគូ ក្នុង ក្រុងកុសិនារា ។ សព្វថ្ងៃនេះ ទីក្រុងកុសិនារា ត្រូវបានគេហៅថា ក្រុងកុសិនាហ្គារ៍ (កុសិនគរ) ឬហៅថាក្រុងកាស្យា ស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេស របស់ឥណ្ឌា ។
ជាប្រពៃណីបុណ្យវិសាខបូជា គេតែងនាំគ្នាធ្វើក្នុងពេលរាត្រី ព្រោះតម្រូវទៅតាមពាក្យថា បុណ្ណមី មានសេចក្តីថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀត ការប្រារព្ធពិធីក្នុងពេលរាត្រី អាស្រ័យដោយ លក្ខណៈងាយស្រួល ២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលា បូជាភ្លើងអគ្គិសនីឲ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផង និងម្យ៉ាងទៀត ដើម្បីបើកឱកាសឲពុទ្ធបរិស័ទបានជួបជុំគ្នា ដ៏ច្រើនកុះករទាំងប្រុសទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយ ព្រោះពេលយប់ ជាពេលទំនេរផង។ បុណ្យវិសាខបូជា ចាត់ទុកថាជាបុណ្យដ៏ធំ ដោយមានមហាជន ចាស់ក្មេងប្រុស ស្រី នៅប្រជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលា តូច ធំអុជបំភ្លឺព្រោងព្រាត នៅគ្រប់វត្តអារាម ។
តាមទំនៀមទម្លាប់ប្រពៃណីពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរប្រទក្សិណ ៣ជុំសិនមុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀនធូបបូជា ផ្កាភ្ញីផ្សេងៗ។ គេនាំគ្នានមស្ការព្រះរតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពី ពុទ្ធប្បវត្តិតាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗដូចជា នមោ ៨បទ ឋានធំ ៨កន្លែងជាដើម នៅយប់នោះគេធ្វើរហូតទល់ភ្លឺ តាមលទ្ធភាពវត្តនីមួយៗ ដើម្បី ឲមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យកាន់តែខ្លាំងក្លាឡើង។
ប្រវត្តិបុណ្យវិសាខបូជា
[កែប្រែ]ពុទ្ធបរិស័ទក្នុងប្រទេសទាំងឡាយដែលរាប់អានព្រះពុទ្ធសាសនា នាំគ្នាធ្វើវិសាខបូជា នៅថ្ងៃ ពេញបូណ៌មីខែពិសាខ រៀងៗមកតាំងពីបុរាណកាល ។ តាមការស្រាវជ្រាវគេបានដឹងថា បុណ្យ វិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ។ គេថាប្រទេសឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរទើប នឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩។ នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ ទុំអ្នកមុខអ្នកកាទាំងឡាយដំណាលតៗគ្នាបានឲដឹងថា គេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទសម្តេច ព្រះហរិរក្សរាមា (ព្រះអង្គដួង) ដែលគង់នៅក្រុងឧត្តុង្គ ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយមហាប៉ាន ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសំណើព្រះបាទ អង្គដួង។
បុណ្យវិសាខបូជាត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃបុណ្យជាតិ របស់ប្រទេសកម្ពុជា ។ នៅទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ ជិត ២០០ ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួល ស្គាល់ និងចាត់ទុកបុណ្យវិសាខបូជា របស់ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ។
វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស ៣យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះមហាបរិនិព្វាន១ ។ អាស្រ័យហេតុនេះហើយ ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក ថ្ងៃពេញបូណ៌មី ខែពិសាខនេះ ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងរាបមកទល់គ្នានឹងសម័យបច្ចុប្បន្ននេះ ។
របៀបធ្វើវិសាខបូជា
[កែប្រែ]មុននឹងប្រកាសវិសាខបូជា សូមលោកអាចារ្យនាំ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ នមស្ការព្រះរតនត្រ័យតាមវិធីរតនប្បណាមសង្ខេប ឬពិស្តារ ហើយសមាទានសីលរួចសឹមប្រកាស វិសាខបូជាដូចតទៅនេះ
វិធីប្រកាសវិសាខបូជា
[កែប្រែ](លោកអាចារ្យត្រូវអានមួយឃ្លាម្តងៗ ឲឧបាសក ឧបាសិកា និងពុទ្ធបរិស័ទថាតាម) នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស សូមនមស្ការ ចំពោះព្រះភគវន្តមុនី អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ។ សម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វទុក្ខស្ស បហានាយ ធម្មំ ទេសេតិ តំ សម្មាសម្ពុទ្ធំ អាទរេន នមស្សាម ។ ព្រះភគវន្តមុនីអង្គណា ទ្រង់ត្រាស់សំដែងនូវធម៌ ដើម្បីកំចាត់បង់នូវសេចក្តីទុក្ខទាំងពួង ព្រះភគវន្តមុនីអង្គនោះ ជាព្រះសម្មាសម្ពុទ្ធពិតមែន យើងខ្ញុំព្រះអង្គសូមថ្វាយបង្គំនូវ ព្រះសម្មាសម្ពុទ្ធ អង្គនោះដោយគោរព ។ ( ក្រាបថ្វាយបង្គំម្តង )
និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស បហានាយ ស្វាក្ខាតោ តេន ភគវតា តំ ធម្មំ អាទរេន នមស្សាម ។ ព្រះធម៌ណាដែលព្រះភគវន្តមុនីអង្គនោះ ទ្រង់ត្រាស់សំដែងហើយដោយប្រពៃ ដើម្បីកំចាត់ បង់នូវសេចក្តីទុក្ខទាំងពួង ព្រះធម៌នោះ ជាធម៌ស្រោចស្រង់សត្វពិតមែន យើងខ្ញុំព្រះអង្គសូមថ្វាយ បង្គំនូវព្រះធម៌ដោយគោរព ។ ( ក្រាបថ្វាយបង្គំម្តង )
សុបដិបន្នោ វត តស្ស ភគវតោ សោ សាវកសង្ឃោ យោ សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ សង្ឃំ អាទរេន នមស្សាម ។ ព្រះអរិយសង្ឃណា លោកប្រតិត្តិ ដើម្បីកំចាត់បង់ នូវសេចក្តីទុក្ខទាំងពូង ព្រះអរិយសង្ឃ នោះ ជាសង្ឃសាវ័កនៃព្រះភគវន្តមុនីអង្គនោះ លោកប្រតិបត្តិដោយប្រពៃមែនពិត យើងខ្ញុំព្រះអង្គ សូមថ្វាយបង្គំនូវព្រះអរិយសង្ឃនោះដោយគោរព ។ ( ក្រាបថ្វាយបង្គំម្តង )
ថ្ងៃនេះជាតិថី ពេញបូណ៌មីនៃខែវិសាខ មានព្រះចន្ទ័ពេញវង់ ត្រូវនឹងថ្ងៃដែលព្រះសក្យមុនី សម្មាសម្ពុទ្ធ ជាបរមគ្រូ ទ្រង់ប្រសូត ទ្រង់បានត្រាស់ ជាព្រះសព្វញ្ញូពុទ្ធ ប្រាកដឡើងក្នុង លោក និងថ្ងៃដែលទ្រង់រំលត់ខ័ន្ធ ចូលកាន់បរិនិព្វាន តិថីនេះ ជាឧបលក្ខិតសម័យមួយដ៏ឧត្តមក្នុងព្រះពុទ្ធ សាសនា គឺជាថ្ងៃសម្រាប់ពុទ្ធមាមកជន ទាំងបព្វជិត ទាំងគ្រហស្ថ ប្រជុំគ្នាធ្វើសក្ការបូជា ចំពោះ ព្រះសម្មាសម្ពុទ្ធ ព្រមទាំងព្រះធម៌ ជាបរមពុទ្ធោវាទ និងព្រះអរិយសង្ឃ ជាសាវ័ករបស់ព្រះ អង្គ។
ឥឡូវនេះ យើងទាំងអស់គ្នា ជាពុទ្ធសាសនិកជន បានមកប្រជុំគ្នា បានរៀបគ្រឿងសក្ការ បូជា មានទៀនធូបនិងផ្កាជាដើម ក្នុងទីនេះ ដែលមានព្រះពុទ្ធរូបស្នងព្រះអង្គ ជាប្រធាន ហាក់ដូច ជា ព្រះបរមសាស្តាអង្គនោះ ទ្រង់ស្តេចមកគង់ ក្នុងទីចំពោះមុខ នៃយើងទាំងអស់គ្នា យើងខ្ញុំសូម ថ្វាយ នូវគ្រឿងសក្ការបូជាទាំងនេះ ចំពោះព្រះសម្មាសម្ពុទ្ធព្រះអង្គនោះ ព្រមទាំងព្រះ ធម៌ និងព្រះ អរិយសង្ឃ រតនត្រ័យទាំងបី ដោយសេចក្តីគោរព ។
បពិត្រព្រះសក្យមុនីបរមគ្រូ ព្រះអង្គជាបូជារហបុគ្គល របស់ទេវតានិងមនុស្សក្នុងលោកឥត មានបុគ្គលណាមួយ ត្រឹមស្មើនឹងព្រះអង្គឡើយ ទោះបីព្រះអង្គ ទ្រង់បរិនិព្វាន បាត់រូបព្រះកាយអស់កាលដ៏យូរអង្វែងហើយ ក៏ពិតមែន ប៉ុន្តែទ្រង់បានប្រតិស្ថាន ព្រះវិសុទ្ធោវាទ គឺព្រះធម៌វិន័យ ដ៏បរិសុទ្ធវិសេស ទុកជាតំណាងព្រះអង្គ ទាំងព្រះគុណរបស់ព្រះអង្គ ក៏នៅមានប្រាកដ ទាំងព្រះ បរម សារីរិកធាតុ នឹងព្រះពុទ្ធរូបស្នងព្រះអង្គ ក៏នៅមានប្រាកដដែរ សូមព្រះដ៏មានបុណ្យជាបរម សាស្តា ទ្រង់ព្រះមេត្តាប្រោសទទួល នូវគ្រឿងសក្ការបូជា របស់យើង ខ្ញុំព្រះអង្គ ដែលបានរៀបចំ ថ្វាយក្នុងទីនេះ ដើម្បីជាផលានិសង្ស ឲយើងខ្ញុំព្រះអង្គបានប្រកប ដោយ ឥដ្ឋមនុញ្ញផល វិបុលសុខ និងសេចក្តីចម្រើន ដ៏ធំទូរលាយ អស់កាលជាអង្វែងទៅ ។ ( ក្រាបថ្វាយបង្គំម្តង )
វេរគ្រឿងសក្ការបូជា ឥទានាយំ ភន្តេ វិសាខបុណ្ណមី កាលោ សម្បត្តោ តស្ស អម្ហាកំ ភគវតោតកាលសទិសេន នក្ខត្តេន យុត្តោ បាតុភវិ ។ តថា ហិ ខោ អម្ហាកំ លោកនាយកោ សោណសំវច្ជរេ វិសាខបុណ្ណមីយំ សុក្រវារេ គព្ភានិក្ខមនំ បត្វា ច កុក្កដេ វិសាខបុណ្ណមីយំ ពុទ្ធវារស្មឹ សព្វញ្ញុតំ បត្វា ច សប្បេ វិសាខបុណ្ណមិយំ អង្គារេ បរិនិព្វានំ បត្វា ច អហោសិ ។
តស្មា មយំ សព្វេ តំ តំ តស្ស នក្ខត្តសមយំ អនុស្សរន្តោ ឥធ សមាគតា ឥមេហិ ទីបធូបមាលាទីហិ សក្ការេហិ ច បូជំ ករោម ធម្មេហិ ច សាធុ ភន្តេ ភគវា សុចិរប្បរិនិព្វុតោបិ ឥមេ អម្ហាកំ ទុគ្គតបណ្ណាការភូតេ បដិគ្គណ្ណតុ សាសនស្សឋិរត្ថាយ ចេវ អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។ ព្រះពុទ្ធរូបស្នងព្រះអង្គ ក្តីគោរព បពិត្រព្រះករុណាទាំងឡាយដ៏ចម្រើន កាលឥឡូវនេះ ជាថ្ងៃពេញបូណ៌មីខែពិសាខ ប្រកបដោយនក្ខត្តសម័យ ដូចសម័យរបស់ព្រះដ៏មានព្រះភាគ ជាម្ចាស់នៃយើងនោះប្រាកដ ។
ត្បិតថាព្រះលោកនាយកជាម្ចាស់នៃយើង កាលទ្រង់ប្រសូតចាកគភ៌ ( ព្រះមាតា ) ក្នុង ថ្ងៃសុក្រពេញបូណ៌មី ខែពិសាខឆ្នាំចនោះក្តី ត្រាស់ដឹងសព្វញ្ញុត្តញ្ញាណ ក្នុងថ្ងៃពុធពេញបូណ៌មី ខែពិសាខឆ្នាំរកានោះក្តី ទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារពេញបូណ៌មី ខែពិសាខឆ្នាំម្សាញ់នោះក្តី មាន ហើយដោយពិត ។
ព្រោះហេតុនោះ ( កាលឥឡូវនេះ ) យើងខ្ញុំទាំងឡាយ រឭកនូវនក្ខត្តសម័យនោះៗ របស់ ព្រះអង្គ ទើបនាំគ្នាមកជួបជុំក្នុងទីនេះ ធ្វើបូជាដោយគ្រឿងសក្ការផ្សេងៗមានប្រទីបធូបទៀន និង កម្រងផ្កាជាដើមផង បូជាដោយធម៌ផង ។ បពិត្រព្រះដ៏មានព្រះភាគដ៏ចម្រើន សូមព្រះដ៏មាន ព្រះភាគ ដែលទ្រង់បរិព្វានហើយ សូម្បីអស់កាលជាយូអង្វែងហើយក្តី សូមព្រះអង្គទទួលនូវ គ្រឿងបណ្ណាការទាំងនេះ ដែលទុគ្គតបណ្ណាការរបស់យើងខ្ញុំទាំងឡាយ ដើម្បីធ្វើឲសាសនារុងរឿង ស្ថិតស្ថេរទៅផង ដើម្បីជាប្រយោជន៍ និងសេចក្តីសុខផង ដល់យើងខ្ញុំទាំងឡាយ អស់កាលជា អង្វែងទៅហោង ។
លុះចប់វិធីប្រកាសវិសាខបូជានេះហើយ សូមព្រះសង្ឃទាំងអស់នមស្ការព្រះរតនត្រ័យតាម វិធីត្រៃប្រណាម និងធម៌សម្រាប់ នមស្ការផ្សេងៗទៀតតាមដែលអាចសូធ្យបានគ្រប់ព្រះអង្គ បន្ទាប់ មកទៀតគឺនិមន្តធម្មកឋិកសម្តែងធម៌ទេសនា។ លុះចប់ធម៌ទេសនាពុទ្ធបរិស័ទណាចេះសូធ្យធម៌បទ ផ្សេងៗ ដែលស្របនឹងពិធីបុណ្យនេះ ដូចជា នមោ ៨បទ និងធម៌បទដែលពិពណ៌នាអំពីពុទ្ធប្បវត្ត ជាដើម ។ ក្នុងកម្មវិធីបុណ្យនេះ ពុទ្ធបរិស័ទគួរតែកំសាន្ត តាមផ្លូវព្រះធម៌ឲបានទាល់ភ្លឺ កុំឲខុស របៀបពីបុរាណមកផង។