Jump to content

វិស័យអប់រំនៅជប៉ុន

ពីវិគីភីឌា

ជប៉ុន​ត្រូវបាន​គេស្គាល់​ថា​ជា​ប្រទេស​មួយ​ដែលមាន​ប្រព័ន្ឋអប់រំ​ល្អនៅលើ​ពិភពលោក​។ នៅក្នុង​ការប្រកួតប្រជែង​គណិតវិទ្យា​ជាអន្តរជាតិ​ សិស្សជប៉ុនតែងតែជាប់ចំនាត់ថ្នាក់លើៗគេ។ ការគ្រប់គ្រងវិស័យអប់រំ​ជាភារកិច្ចរបស់​ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ជប៉ុន។

ប្រវត្តិ

[កែប្រែ]
តិរ៉ាកុយ៉ា​(សាលាវត្ត)​សំរាប់ក្មេងស្រីនៅសម័យអិដុ

វិស័យអប់រំផ្លូវការ​នៅប្រទេសជប៉ុនកើតឡើងបន្ទាប់ពីមានការ​នាំចូល​នូវវប្បធម៌ចិននាសតវត្សរ៍ទី៦។ ធម៌ព្រះពុទ្ឋសាសនា​ និង សាសនាខុងជឺ ក៏ដូចជា​វិទ្យាសាស្ត្រ អក្សរផ្ចង់ (ស្សុដូ) និង អក្សរសាស្ត្រ ត្រូវបានគេយកមកបង្រៀន។ មន្ត្រីអប់រំត្រូវបានជ្រើសរើសដោយ​ការប្រលង។ ផ្ទុយពីប្រទេសចិន ប្រព័ន្ឋនេះមិនត្រូវបានគេរក្សាទុកបានយូរអង្វែងទេ ហើយទីបំផុតវាបានក្លាយជាការផ្ទេរដំនែងពីឪពុកទៅកូនទៅវិញ។

នៅ​សម័យអិដុ (១៦០៣-១៨៦៧) ពួកដៃម៉្ញូ (អ្នកដឹកនាំកងទ័ពពីសតវត្សរ៍ទី១០ដល់ទីដើមសតវត្សរ៍ទី១៩នៅជប៉ុន) ដែលដឹងថាមិនអាចពង្រីកឥទ្ឋិពលរបស់ខ្លួនតាមរយៈសឹកសង្គ្រម បានងាកមករកការ​ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចវិញ។ ពួកសាមុរ៉ៃ​ត្រូវតែរៀនពីកសិកម្ម​និងគណនី​បន្ថែមពីលើយុទ្ឋសាស្ត្រយោធា​និង​សិល្បៈប្រយុទ្ឋ។ ដូចគ្នាផងដែរ ពាណិជ្ជករ​មានៗ ត្រូវការការអប់រំ ក្នុងការធ្វើជំនួញរបស់ពួកគេ។ ប្រជាជនសាមញ្ញ​តែងធ្វើការសិក្សាតាមរបៀប តិរ៉ាកុយ៉ា (សាលាវត្ត) ។ មានគេប៉ាន់ប្រមាណថា នៅចុងសម័យអិដុ បុរស៥០% និង ស្ត្រី២០% អាចអាននិងសរសេរបាន។ ទោះជាមានការហាមឃាត់មិនអោយមានការទាក់ទងជាមួយបរទេសក៏ដោយ សៀវភៅត្រូវបានគេនាំចូលយ៉ាងគំហុគពីប្រទេសចិន​និងអឺរ៉ុប។

បន្ទាប់ពីសម័យកំនែទំរង់មេជិឆ្នាំ១៨៦៨រួចមក វិធីសាស្ត្រ​និងប្រព័ន្ឋអប់រំ​របស់​បស្ចឹមប្រទេស​ត្រូវបាន​យកមកអនុវត្ត​ដើម្បី​ធ្វើអោយ​ប្រទេសជប៉ុន​ក្លាយជារដ្ឋទំនើប​និងរឹងមាំ។ បញ្ញវ័ន​និងមន្ត្រីរដ្ឋាភិបាល​មានឋានៈខ្ពស់ៗ​ត្រូវបាន​បញ្ជួនអោយទៅសិក្សានៅបរទេស។​ បញ្ញវ័នបរទេស ត្រូវបានអញ្ជើញអោយ​មកបង្រៀន​នៅ​មហាវិទ្យាល័យ​ដែលទើបបង្កើតថ្មីៗ។ កាតព្វកិច្ចអប់រំត្រូវបានគេ​យកមកអនុវត្ត។ មកទល់ឆ្នាំ១៨៩០ គឺក្នុងរយៈពេលតែ២០ឆ្នាំ​ក្នុងការបើកអោយមាន​ទំនាក់ទំនង​អន្តរជាតិពេញលេញប៉ុណ្ណោះ ប្រទេសជប៉ុនបានបណ្ដុះបណ្ដាល​អ្នកចេះដឹង​តាមស្តង់ដារ​បស្ចឹមប្រទេស​គ្រប់គ្រាន់ ហើយ​ជប៉ុនក៏ឈប់ជួល​គ្រូពីបរទេសទៀត។

ការរីកធំធាត់របស់ពួកយោធា​បានធ្វើអោយពួកគេ​មានលទ្ឋភាព​យកប្រព័ន្ឋអប់រំមកធ្វើជាមធ្យោបាយ​ដឹកនាំជប៉ុនទៅរកសង្គ្រាម។ ពួកយោធាបានបញ្ជួនគ្រូរបស់ខ្លួនទៅកាន់សាលា។ បន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី២ រដ្ឋាភិបាលក្រោមការគ្រប់គ្រងពីសំព័ន្ឋមិត្ត​បានយក​ការធ្វើកំនែទំរង់វិស័យសិក្សាធិកា​ជា​អាទិភាពចំបងគេ ក្នុងការលុបចោលមនោគមន៍វិជ្ជាយោធា និង នាំប្រទេសជប៉ុន​មករកប្រជាធិបតេយ្យវិញ។ ប្រព័ន្ឋអប់រំត្រូវបានស្ថាបនាឡើងវិញតាមគំរូអាមេរិក។

កំនែទំរង់ផ្សេងៗទៀតត្រូវបានធ្វើឡើងចាប់ពី​ចប់សង្គ្រាមមកទល់បច្ចុប្បន្ន។ កំនែទំរង់ទាំងនោះមាន ការបន្ឋូរបន្ថយការលំបាកក្នុងការប្រលងចូលមហាវិទ្យាល័យ, ជំរុញអន្តរជាតិនីយកម្ម និង បច្ចេកវិទ្យាពត៌មានវិទ្យា, ចំរុះកម្មការអប់រំ, និងគាំទ្រការសិក្សាមួយជីវិត ជាដើម។


រចនាសម្ព័ន្ឋ

[កែប្រែ]

មត្តេយ្យ

[កែប្រែ]

ការសិក្សាពីកុមារភាពចាប់ផ្ដើមនៅតាមផ្ទះ​រៀងខ្លួន។ មានសៀវភៅនិងកម្មវិធីទូរទស្សន៍ជាច្រើនត្រូវបានបង្កើត​ដើម្បីជួយអោយមាតាបិតា​អប់រំកូនមុនចូលសាលា។ ការអប់រំនៅតាមផ្ទះនេះ មានគោលដៅចំបង​ក្នុងការអប់រំពី សីលធម៌ សុជីវធម៌ លេខ ជាដើម។ មាតាបិតាមានការយកចិត្តទុកដាក់ខ្លាំងណាស់​ចំពោះការអប់រំមុនចូលបឋមសិក្សានេះ ហើយពួកគេតែងតែចុះឈ្មោះកូនអោយចូលរៀននៅសាលាមត្តេយ្យ។

សាលាមត្តេយ្យ​ត្រូវបានត្រួតពិនិត្យ​ដោយក្រសួងអប់រំ និងមិនមែនជាផ្នែករបស់ប្រព័ន្ឋអប់រំផ្លូវការទេ។ សាលាមត្តេយ្យ៥៨% ជាសាលាឯកជន និងមានសិស្ស៧៧%ចុះឈ្មោះរៀន។ គ្រូនៅសាលាមត្តេយ្យភាគច្រើន​ជានារីក្មេងៗ​ដែលបញ្ចប់ការសិក្សាពី​មហាវិទ្យាល័យវគ្គខ្លី។ ក្រៅពីសាលាមត្តេយ្យ នៅមានមជ្ឈមណ្ឌលថែទាំកុមារពេលថ្ងៃ ដែលត្រូវបានគ្រប់គ្រងយ៉ាងល្អពីក្រសួងការងារ។ ខុសពីសាលាមត្តេយ្យ ដែលមានគោលដៅចំបងក្នុងការអប់រំ គោលដៅចំបងរបស់មជ្ឈមណ្ឌលនេះ គឺផ្ដល់ការថែទាំដល់កុមារ។

បឋមសិក្សា

[កែប្រែ]

សូមមើលអត្ថបទក្បោះក្បាយនៅ សាលាបឋមសិក្សានៅប្រទេសជប៉ុន

មានក្មេង៩៩%​ចុះឈ្មោះរៀននៅបឋមសិក្សា។ ក្មេងទាំងអស់ចូលរៀនថ្នាក់ទី១ នៅអាយុ៦ឆ្នាំ។ ការចូលរៀនដំបូងត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍យ៉ាងសំខាន់​នៅក្នុងជីវិតកុមារភាព។

ការសិក្សានៅបឋមដ្ឋានភាគច្រើនលើសលុបធ្វើឡើងនៅសាលារដ្ឋ។ មានសាលាបឋមសិក្សាឯកជនតែ១%ប៉ុណ្ណោះនៅប្រទេសជប៉ុន។

អនុវិទ្យាល័យ

[កែប្រែ]

សូមមើលអត្ថបទក្បោះក្បាយនៅ មធ្យមសិក្សានៅប្រទេសជប៉ុន

ថ្នាក់រៀននៅអនុវិទ្យាល័យ

ក្មេងៗពីអាយុ១២ទៅ១៥ឆ្នាំ ចូលរៀននៅអនុវិទ្យាល័យ​ថ្នាក់ទី៧ ៨ និង ៩។ គ្រូបង្រៀននៅអនុវិទ្យាល័យ​មានជំនាញតាមមុខវិជ្ជារបស់ពួកគេ ហើយ៨០%ក្នុងចំនោមនោះ​បញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ ថ្នាក់រៀនមានទំហំធំ ដោយមានសិស្សមធ្យម៣៨នាក់ក្នុង១ថ្នាក់។ តាមថ្នាក់នីមួយៗ មានគ្រូម្នាក់ត្រូវបានចាត់តាំងជាគ្រូបន្ទុកថ្នាក់ និងធ្វើជាទីប្រឹក្សាសិស្សផងដែរ។ ខុសពីនៅបឋមសិក្សា សិស្សនៅអនុវិទ្យាល័យមានគ្រូខុសៗគ្នាតាមមុខវិជ្ជានីមួយៗ។ គ្រូចល័តពីថ្នាក់មួយទៅថ្នាក់មួយនៅចុងសេអង់។ មួយសេអង់មានរយៈពេល៥០នាទី (នៅខ្មែរ៤៥នាទី)។

វិធីសាស្ត្របង្រៀន​នៅអនុវិទ្យាល័យ​ធ្វើឡើងដោយគ្រូសរសេរមេរៀននៅលើក្ដារខៀន ឯសិស្សនៅចាំចំលងចូលសៀវភៅសរសេរ។ គ្រូក៏ប្រើប្រាស់មេឌាមានទូរទស្សន៍និងវិទ្យុក្នុងការបង្រៀនដែរ។ មកទល់ពេលនេះ​សាលាអនុវិទ្យាល័យស្ទើទាំងអស់មានបំពាក់​កុំព្យូទ័រ។

មុខវិជ្ជាបង្រៀននៅអនុវិទ្យាល័យមាន ភាសាជប៉ុន សិក្សាសង្គម គណិតវិទ្យា វិទ្យាសាស្ត្រ តន្ត្រី វិចិត្រសិល្បៈ អប់រំកាយនិងសុខភាព និង ភាសាបរទេស (ជាទូទៅ ភាសាអង់គ្លេស)។ សិស្សានុសិស្សទាំងឡាយ​តែងតែចូលរួមក្នុងក្លឹបក្រៅម៉ោងសិក្សា (ក្លឹបកីឡា និង ក្លឹបសិល្បៈ) ដែលតំរូវអោយពួកគេចំនាយពេលនៅសាលារហូតដល់ម៉ោង៦ល្ងាចទាំងនៅថ្ងៃធម្មតា និង ថ្ងៃចុងសប្តាហ៍ផងដែរ។ សិស្សនៅអនុវិទ្យាល័យ​តែងទៅរៀន ជឹគឹ (នៅខ្មែរគេហៅ រៀនគួរ) នៅតាមសាលាបំប៉នឯកជន នាពេលល្ងាច​និងចុងសប្តាហ៍​។

ក្រសួងអប់រំគាំទ្រអោយមានការជំរុញ​ការបង្រៀនភាសាបរទេស ជាពិសេសភាសាអង់គ្លេស។ ដើម្បីជំរុញការបង្រៀនភាសាអង់គ្លេសសំរាប់សន្ទនា រដ្ឋបានអញ្ជើញជនជាតិនិយាយភាសាអង់គ្លេសជាភាសាកំនើត​អោយមកប្រទេសជប៉ុន​ ដើម្បីបំរើការងារជាជំនួយការ​គណគ្រប់គ្រងសាលា​​ និង ខេត្ត ក្រោមកម្មវិធីមួយដែលមានឈ្មោះថា Japan Exchange and Teaching Program ។

វិទ្យាល័យ

[កែប្រែ]

ទោះបីជា​ការសិក្សា​នៅវិទ្យាល័យ​មិនស្ថិតក្នុង​កាតព្វកិច្ចអប់រំនៅជប៉ុនក៏ដោយ ក៏គេឃើញមានសិស្សបញ្ចប់អនុវិទ្យាល័យ៩៩%​ចុះឈ្មោះចូលរៀននៅវិទ្យាល័យ (ស្ថិតិ២០០៥)។ សាលាឯកជនមានចំនួន៥៥% ច្រើនជាងសាលារដ្ឋ។ ទាំងសាលារដ្ឋ​និង​ឯកជន សុទ្ឋតែត្រូវបង់ថ្លៃ។ ការការប៉ាន់ប្រមាណរបស់ក្រសួងអប់រំ ការចំនាយសំរាប់សិស្សវិទ្យាល័យម្នាក់ក្នុង១ឆ្នាំគឺ ៣០០ ០០០ យ៉េន (ជាង២០០០ដុល្លា) សំរាប់សាលារដ្ឋ និង ២ដង សំរាប់សាលាឯកជន។

សាលាវិទ្យាល័យភាគច្រើន​ជា​សាលាពេញម៉ោង និង ផ្ដល់នូវកម្មវិធីសិក្សាទូទៅ (ដែលមានមុខវិជ្ជាគ្រឹះចាំបាច់​សំរាប់បន្តការសិក្សាទីមហាវិទ្យាល័យ) និង កម្មវិធីសិក្សាជំនាញបច្ចេកទេស (សំរាប់សិស្សដែលចង់ធ្វើការបន្ទាប់ពីរៀនចប់)។ មានសាលាមួយចំនួនតូចដែលផ្ដល់កម្មវិធីសិក្សា​ក្រៅម៉ោង ពេលល្ងាច និង តាមទូរអប់រំ។

សិស្សថ្នាក់ទី១​០នៅក្នុងកម្មវិធីសិក្សាទាំង២​ រៀនមុខវិជ្ជាស្រដៀងគ្នា។ មុខវិជ្ជាទាំងនោះជាមុខវិជ្ជាគ្រឹះ មាន ភាសាជប៉ុន ភាសាអង់គ្លេស គណិតវិទ្យា និង វិទ្យាសាស្ត្រ។ នៅថ្នាក់ទី១១ឡើងទៅ ពួកគេមានលទ្ឋភាពជ្រើសរើសមុខវិជ្ជាសិក្សា​តាមចំនូលចិត្តពួកគេ។ កម្មវិធីសិក្សាបច្ចេកទេស​បញ្ចូលមុខវិជ្ជាបច្ចេកទេសរាប់រយ មាន ពត៌មានវិទ្យា នាវាចរ នាសាទ កសិកម្ម ភាសាអង់គ្លេសសំរាប់ពាណិជ្ជកម្ម សេរ៉ាមិក ជាដើម។

គ្រូវិទ្យាល័យភាគច្រើនបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ វិទ្យាល័យមានដេប៉ាតឺម៉ង់​ផ្សេងៗតាមជំនាញឯកទេសរបស់គ្រូ។

ការអប់រំសំរាប់​សិស្សពិការ​​នៅវិទ្យាល័យ ផ្ដោតសំខាន់ទៅលើជំនាញ​នានា ដើម្បីអោយពួកគេ​មានសមត្ថភាពគ្រប់គ្រាន់​ក្នុងការរស់នៅដោយខ្លួនឯង​ក្នុងសង្គម។ ជំនាញទាំងនោះ​ត្រូវបានពិចារណា​តាមកំរិតពិការរបស់ពួកគេ។ រដ្ឋាភិបាល​ធ្វើការ​ប្រឹងប្រែងក្នុងការ​បង្កើនជំរើសសំរាប់ពួកគេ ដោយជំរុញអោយស្ថាប័នឧត្តមសិក្សា​អនុញ្ញាតអោយសិស្សពិការចូលរៀនបាន។

មហាវិទ្យាល័យ

[កែប្រែ]

សូមមើលអត្ថបទក្បោះក្បាយនៅ ឧត្តមសិក្សានៅប្រទេសជប៉ុន

គ្រឹះស្ថានឧត្តមសិក្សា​ផ្ដល់​ការអប់រំ​ថ្នាក់បរិញ្ញាប័ត្រ​ទូទៅរយៈពេល៤ឆ្នាំ។ មុខជំនាញពេញនិយមនៅមហាវិទ្យាល័យមាន វិទ្យាសាស្ត្រសង្គម (ពាណិជ្ជកម្ម នីតិសាស្ត្រ និង គណនី) វិស្វកម្ម មនុស្សសាស្ត្រ និង គរុកោសល្យ។

ការចំនាយជាមធ្យមនៅមហាវិទ្យាល័យ (ថ្លៃសាលា និង ហូបចុក) ក្នុងមួយឆ្នាំ ១,៤លានយ៉េន (១ម៉ឺនដុល្លា) (ស្ថិតិឆ្នាំ១៩៨៦)។ ដើម្បីផ្គត់ផ្គង់ការចំនាយទាំងនេះ និស្សិតទាំងឡាយ​តែងចេញទៅធ្វើការ​ក្រៅម៉ោង ឬខ្ចីប្រាក់ពី សមាគមអាហារូបករណ៍ជប៉ុន ដែលជាសមាគមគាំទ្រដោយរដ្ឋាភិបាលជប៉ុន។ ជំនួយក៏អាចទទួលបានពី​រដ្ឋបាលតំបន់ សហគ្រាស និង ស្ថប័ននានាផងដែរ។

សកលវិទ្យាល័យដែលមានឈ្មោះល្បីនៅប្រទេសជប៉ុនមាន សាកលវិទ្យាល័យតូក្យូ និង​ សាកលវិទ្យាល័យក្យូតុ។