សាលាបឋមសិក្សានៅជប៉ុន
មានក្មេង៩៩%ចុះឈ្មោះរៀននៅបឋមសិក្សា។ ក្មេងទាំងអស់ចូលរៀនថ្នាក់ទី១ នៅអាយុ៦ឆ្នាំ។ ការចូលរៀនដំបូងត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍យ៉ាងសំខាន់ នៅក្នុងជីវិតកុមារភាព។
ការសិក្សានៅបឋមដ្ឋានភាគច្រើនលើសលុបធ្វើឡើងនៅសាលារដ្ឋ។ មានសាលាបឋមសិក្សាឯកជនតែ១%ប៉ុណ្ណោះនៅប្រទេសជប៉ុន។
ការសិក្សានៅបឋមសិក្សាត្រូវផ្ដល់ដោយឥតគិតថ្លៃ លើកលែងតែថ្លៃអាហារថ្ងៃត្រង់ និងសំភារៈសិក្សា ដែលត្រូវចំនាយដោយមាតាបិតាសិស្ស។ សំរាប់គ្រួសារធូធារខ្លះ មានការចំនាយបន្ថែមផ្សេងទៀត ទៅលើសៀវភៅបន្ថែម ឬ មេរៀនឯកជន ឬ ជឹគឹ។ ថ្នាក់រៀននៅបឋមសិក្សាមានទំហំធំ ជាមធ្យម៣១នាក់ក្នុងមួយថ្នាក់។
មុខវិជ្ជាសិក្សា
[កែប្រែ]យោងតាមបញ្ជីមុខវិជ្ជាសិក្សានៅបឋមសិក្សារបស់ក្រសួងអប់រំ គេឃើញមានមុខវិជ្ជាយ៉ាងសំបូរបែប ទាំងមុខវិជ្ជាទាក់ទងនឹងការសិក្សា និង មិនទាក់ទងនឹងការសិក្សា និង សកម្មភាពពិសេសៗ។ សកម្មភាពពិសេសៗ សំដៅលើពេលវេលាសំរាប់រៀបចំកម្មវិធីរបស់ថ្នាក់រៀន ក៏ដូចជាបុណ្យទាននៅសាលា។ សកម្មភាពទាំងនេះជួយអោយសិស្សអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ពួកគេ និង យល់ពីសារៈសំខាន់នៃការងារជាក្រុមនិងកិច្ចសហការគ្នា។ មុខវិជ្ជាស្ដង់ដារទាក់ទងនឹងការសឹក្សាមាន ភាសាជប៉ុន សិក្សាសង្គម នព្វន្ឋ និង វិទ្យាសាស្ត្រ។ មុខវិជ្ជាមិនទាក់ទងនឹងការសិក្សាមាន សិល្បៈ សិប្បកម្ម តន្ត្រី មេផ្ទះ កីឡា និង សីលធម៌។ ភាសាជប៉ុនត្រូវបានគេផ្ដោតការយកចិត្តទុកដាក់ជាចំបង។
គ្រូ
[កែប្រែ]គ្រូនៅបឋមសិក្សាបង្រៀនគ្រប់មុខវិជ្ជា នៅក្នុងថ្នាក់រៀនដែលគេកាន់។ ថ្នាក់រៀនគ្មានការចល័តទេ។
បរិក្ខា
[កែប្រែ]កម្មវិធីផ្សាយតាមទូរទស្សន៍និងវិទ្យុរៀបរៀងដោយសមាគមផ្សាយជប៉ុន ត្រូវបានយកមកប្រើនៅតាមបឋមសិក្សា។ គេឃើញមានកំនើតសាលាដែលមានបំពាក់កុំព្យូទ័រផងដែរ។
អាហារថ្ងៃត្រង់
[កែប្រែ]ជាទូទៅ សិស្សបឋមសិក្សាត្រូវហូបអាហារថ្ងៃត្រង់នៅសាលា។ ការចំនាយនេះមានការឧបត្ថម្ភពីរដ្ឋ តែមិនមែនផ្ដល់ដោយឥតគិតថ្លៃទេ។ អាហារថ្ងៃត្រង់មាន បាយ ម្ហូប និង ទឹកដោះគោ។ ការផ្ដល់អាហារថ្ងៃត្រង់នៅសាលានេះ មិនត្រឹមតែជួយសិស្សអោយទទួលទានអាហារមានជីវជាតិគ្រប់គ្រាន់ទេ តែថែមទាំងជួយអោយគេរៀនសូត្រជំនាញជីវិតផងដែរ។ ដោយសារសាលាបឋមសិក្សាទូទៅមិនមានអាហារដ្ឋាន សិស្សត្រូវយកម្ហូបអាហារមកបរិភោគនៅក្នុងថ្នាក់ជាមួយនឹងគ្រូពួកគេ។ នេះជាឱកាសដែលគ្រូអាចបង្រៀនពួកគេពី ជីវជាតិ សុខភាព ទំលាប់ល្អក្នុងការទទួលទាន និងឥរិយាបថក្នុងសង្គម។ សិស្សតែងផ្លាស់វេនគ្នាដួសម្ហូបអាហារនិងលាងចាន។