វិស័យអប់រំនៅជប៉ុន
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ |
ជប៉ុនត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានប្រព័ន្ឋអប់រំល្អនៅលើពិភពលោក។ នៅក្នុងការប្រកួតប្រជែងគណិតវិទ្យាជាអន្តរជាតិ សិស្សជប៉ុនតែងតែជាប់ចំនាត់ថ្នាក់លើៗគេ។ ការគ្រប់គ្រងវិស័យអប់រំជាភារកិច្ចរបស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ជប៉ុន។
ប្រវត្តិ
[កែប្រែ]វិស័យអប់រំផ្លូវការនៅប្រទេសជប៉ុនកើតឡើងបន្ទាប់ពីមានការនាំចូលនូវវប្បធម៌ចិននាសតវត្សរ៍ទី៦។ ធម៌ព្រះពុទ្ឋសាសនា និង សាសនាខុងជឺ ក៏ដូចជាវិទ្យាសាស្ត្រ អក្សរផ្ចង់ (ស្សុដូ) និង អក្សរសាស្ត្រ ត្រូវបានគេយកមកបង្រៀន។ មន្ត្រីអប់រំត្រូវបានជ្រើសរើសដោយការប្រលង។ ផ្ទុយពីប្រទេសចិន ប្រព័ន្ឋនេះមិនត្រូវបានគេរក្សាទុកបានយូរអង្វែងទេ ហើយទីបំផុតវាបានក្លាយជាការផ្ទេរដំនែងពីឪពុកទៅកូនទៅវិញ។
នៅសម័យអិដុ (១៦០៣-១៨៦៧) ពួកដៃម៉្ញូ (អ្នកដឹកនាំកងទ័ពពីសតវត្សរ៍ទី១០ដល់ទីដើមសតវត្សរ៍ទី១៩នៅជប៉ុន) ដែលដឹងថាមិនអាចពង្រីកឥទ្ឋិពលរបស់ខ្លួនតាមរយៈសឹកសង្គ្រម បានងាកមករកការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចវិញ។ ពួកសាមុរ៉ៃត្រូវតែរៀនពីកសិកម្មនិងគណនីបន្ថែមពីលើយុទ្ឋសាស្ត្រយោធានិងសិល្បៈប្រយុទ្ឋ។ ដូចគ្នាផងដែរ ពាណិជ្ជករមានៗ ត្រូវការការអប់រំ ក្នុងការធ្វើជំនួញរបស់ពួកគេ។ ប្រជាជនសាមញ្ញតែងធ្វើការសិក្សាតាមរបៀប តិរ៉ាកុយ៉ា (សាលាវត្ត) ។ មានគេប៉ាន់ប្រមាណថា នៅចុងសម័យអិដុ បុរស៥០% និង ស្ត្រី២០% អាចអាននិងសរសេរបាន។ ទោះជាមានការហាមឃាត់មិនអោយមានការទាក់ទងជាមួយបរទេសក៏ដោយ សៀវភៅត្រូវបានគេនាំចូលយ៉ាងគំហុគពីប្រទេសចិននិងអឺរ៉ុប។
បន្ទាប់ពីសម័យកំនែទំរង់មេជិឆ្នាំ១៨៦៨រួចមក វិធីសាស្ត្រនិងប្រព័ន្ឋអប់រំរបស់បស្ចឹមប្រទេសត្រូវបានយកមកអនុវត្តដើម្បីធ្វើអោយប្រទេសជប៉ុនក្លាយជារដ្ឋទំនើបនិងរឹងមាំ។ បញ្ញវ័ននិងមន្ត្រីរដ្ឋាភិបាលមានឋានៈខ្ពស់ៗត្រូវបានបញ្ជួនអោយទៅសិក្សានៅបរទេស។ បញ្ញវ័នបរទេស ត្រូវបានអញ្ជើញអោយមកបង្រៀននៅមហាវិទ្យាល័យដែលទើបបង្កើតថ្មីៗ។ កាតព្វកិច្ចអប់រំត្រូវបានគេយកមកអនុវត្ត។ មកទល់ឆ្នាំ១៨៩០ គឺក្នុងរយៈពេលតែ២០ឆ្នាំក្នុងការបើកអោយមានទំនាក់ទំនងអន្តរជាតិពេញលេញប៉ុណ្ណោះ ប្រទេសជប៉ុនបានបណ្ដុះបណ្ដាលអ្នកចេះដឹងតាមស្តង់ដារបស្ចឹមប្រទេសគ្រប់គ្រាន់ ហើយជប៉ុនក៏ឈប់ជួលគ្រូពីបរទេសទៀត។
ការរីកធំធាត់របស់ពួកយោធាបានធ្វើអោយពួកគេមានលទ្ឋភាពយកប្រព័ន្ឋអប់រំមកធ្វើជាមធ្យោបាយដឹកនាំជប៉ុនទៅរកសង្គ្រាម។ ពួកយោធាបានបញ្ជួនគ្រូរបស់ខ្លួនទៅកាន់សាលា។ បន្ទាប់ពីចាញ់សង្គ្រាមលោកលើកទី២ រដ្ឋាភិបាលក្រោមការគ្រប់គ្រងពីសំព័ន្ឋមិត្តបានយកការធ្វើកំនែទំរង់វិស័យសិក្សាធិកាជាអាទិភាពចំបងគេ ក្នុងការលុបចោលមនោគមន៍វិជ្ជាយោធា និង នាំប្រទេសជប៉ុនមករកប្រជាធិបតេយ្យវិញ។ ប្រព័ន្ឋអប់រំត្រូវបានស្ថាបនាឡើងវិញតាមគំរូអាមេរិក។
កំនែទំរង់ផ្សេងៗទៀតត្រូវបានធ្វើឡើងចាប់ពីចប់សង្គ្រាមមកទល់បច្ចុប្បន្ន។ កំនែទំរង់ទាំងនោះមាន ការបន្ឋូរបន្ថយការលំបាកក្នុងការប្រលងចូលមហាវិទ្យាល័យ, ជំរុញអន្តរជាតិនីយកម្ម និង បច្ចេកវិទ្យាពត៌មានវិទ្យា, ចំរុះកម្មការអប់រំ, និងគាំទ្រការសិក្សាមួយជីវិត ជាដើម។
រចនាសម្ព័ន្ឋ
[កែប្រែ]មត្តេយ្យ
[កែប្រែ]ការសិក្សាពីកុមារភាពចាប់ផ្ដើមនៅតាមផ្ទះរៀងខ្លួន។ មានសៀវភៅនិងកម្មវិធីទូរទស្សន៍ជាច្រើនត្រូវបានបង្កើតដើម្បីជួយអោយមាតាបិតាអប់រំកូនមុនចូលសាលា។ ការអប់រំនៅតាមផ្ទះនេះ មានគោលដៅចំបងក្នុងការអប់រំពី សីលធម៌ សុជីវធម៌ លេខ ជាដើម។ មាតាបិតាមានការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះការអប់រំមុនចូលបឋមសិក្សានេះ ហើយពួកគេតែងតែចុះឈ្មោះកូនអោយចូលរៀននៅសាលាមត្តេយ្យ។
សាលាមត្តេយ្យត្រូវបានត្រួតពិនិត្យដោយក្រសួងអប់រំ និងមិនមែនជាផ្នែករបស់ប្រព័ន្ឋអប់រំផ្លូវការទេ។ សាលាមត្តេយ្យ៥៨% ជាសាលាឯកជន និងមានសិស្ស៧៧%ចុះឈ្មោះរៀន។ គ្រូនៅសាលាមត្តេយ្យភាគច្រើនជានារីក្មេងៗដែលបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវគ្គខ្លី។ ក្រៅពីសាលាមត្តេយ្យ នៅមានមជ្ឈមណ្ឌលថែទាំកុមារពេលថ្ងៃ ដែលត្រូវបានគ្រប់គ្រងយ៉ាងល្អពីក្រសួងការងារ។ ខុសពីសាលាមត្តេយ្យ ដែលមានគោលដៅចំបងក្នុងការអប់រំ គោលដៅចំបងរបស់មជ្ឈមណ្ឌលនេះ គឺផ្ដល់ការថែទាំដល់កុមារ។
បឋមសិក្សា
[កែប្រែ]សូមមើលអត្ថបទក្បោះក្បាយនៅ សាលាបឋមសិក្សានៅប្រទេសជប៉ុន
មានក្មេង៩៩%ចុះឈ្មោះរៀននៅបឋមសិក្សា។ ក្មេងទាំងអស់ចូលរៀនថ្នាក់ទី១ នៅអាយុ៦ឆ្នាំ។ ការចូលរៀនដំបូងត្រូវបានគេចាត់ទុកជាព្រឹត្តិការណ៍យ៉ាងសំខាន់នៅក្នុងជីវិតកុមារភាព។
ការសិក្សានៅបឋមដ្ឋានភាគច្រើនលើសលុបធ្វើឡើងនៅសាលារដ្ឋ។ មានសាលាបឋមសិក្សាឯកជនតែ១%ប៉ុណ្ណោះនៅប្រទេសជប៉ុន។
អនុវិទ្យាល័យ
[កែប្រែ]សូមមើលអត្ថបទក្បោះក្បាយនៅ មធ្យមសិក្សានៅប្រទេសជប៉ុន
ក្មេងៗពីអាយុ១២ទៅ១៥ឆ្នាំ ចូលរៀននៅអនុវិទ្យាល័យថ្នាក់ទី៧ ៨ និង ៩។ គ្រូបង្រៀននៅអនុវិទ្យាល័យមានជំនាញតាមមុខវិជ្ជារបស់ពួកគេ ហើយ៨០%ក្នុងចំនោមនោះបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ ថ្នាក់រៀនមានទំហំធំ ដោយមានសិស្សមធ្យម៣៨នាក់ក្នុង១ថ្នាក់។ តាមថ្នាក់នីមួយៗ មានគ្រូម្នាក់ត្រូវបានចាត់តាំងជាគ្រូបន្ទុកថ្នាក់ និងធ្វើជាទីប្រឹក្សាសិស្សផងដែរ។ ខុសពីនៅបឋមសិក្សា សិស្សនៅអនុវិទ្យាល័យមានគ្រូខុសៗគ្នាតាមមុខវិជ្ជានីមួយៗ។ គ្រូចល័តពីថ្នាក់មួយទៅថ្នាក់មួយនៅចុងសេអង់។ មួយសេអង់មានរយៈពេល៥០នាទី (នៅខ្មែរ៤៥នាទី)។
វិធីសាស្ត្របង្រៀននៅអនុវិទ្យាល័យធ្វើឡើងដោយគ្រូសរសេរមេរៀននៅលើក្ដារខៀន ឯសិស្សនៅចាំចំលងចូលសៀវភៅសរសេរ។ គ្រូក៏ប្រើប្រាស់មេឌាមានទូរទស្សន៍និងវិទ្យុក្នុងការបង្រៀនដែរ។ មកទល់ពេលនេះសាលាអនុវិទ្យាល័យស្ទើទាំងអស់មានបំពាក់កុំព្យូទ័រ។
មុខវិជ្ជាបង្រៀននៅអនុវិទ្យាល័យមាន ភាសាជប៉ុន សិក្សាសង្គម គណិតវិទ្យា វិទ្យាសាស្ត្រ តន្ត្រី វិចិត្រសិល្បៈ អប់រំកាយនិងសុខភាព និង ភាសាបរទេស (ជាទូទៅ ភាសាអង់គ្លេស)។ សិស្សានុសិស្សទាំងឡាយតែងតែចូលរួមក្នុងក្លឹបក្រៅម៉ោងសិក្សា (ក្លឹបកីឡា និង ក្លឹបសិល្បៈ) ដែលតំរូវអោយពួកគេចំនាយពេលនៅសាលារហូតដល់ម៉ោង៦ល្ងាចទាំងនៅថ្ងៃធម្មតា និង ថ្ងៃចុងសប្តាហ៍ផងដែរ។ សិស្សនៅអនុវិទ្យាល័យតែងទៅរៀន ជឹគឹ (នៅខ្មែរគេហៅ រៀនគួរ) នៅតាមសាលាបំប៉នឯកជន នាពេលល្ងាចនិងចុងសប្តាហ៍។
ក្រសួងអប់រំគាំទ្រអោយមានការជំរុញការបង្រៀនភាសាបរទេស ជាពិសេសភាសាអង់គ្លេស។ ដើម្បីជំរុញការបង្រៀនភាសាអង់គ្លេសសំរាប់សន្ទនា រដ្ឋបានអញ្ជើញជនជាតិនិយាយភាសាអង់គ្លេសជាភាសាកំនើតអោយមកប្រទេសជប៉ុន ដើម្បីបំរើការងារជាជំនួយការគណគ្រប់គ្រងសាលា និង ខេត្ត ក្រោមកម្មវិធីមួយដែលមានឈ្មោះថា Japan Exchange and Teaching Program ។
វិទ្យាល័យ
[កែប្រែ]ទោះបីជាការសិក្សានៅវិទ្យាល័យមិនស្ថិតក្នុងកាតព្វកិច្ចអប់រំនៅជប៉ុនក៏ដោយ ក៏គេឃើញមានសិស្សបញ្ចប់អនុវិទ្យាល័យ៩៩%ចុះឈ្មោះចូលរៀននៅវិទ្យាល័យ (ស្ថិតិ២០០៥)។ សាលាឯកជនមានចំនួន៥៥% ច្រើនជាងសាលារដ្ឋ។ ទាំងសាលារដ្ឋនិងឯកជន សុទ្ឋតែត្រូវបង់ថ្លៃ។ ការការប៉ាន់ប្រមាណរបស់ក្រសួងអប់រំ ការចំនាយសំរាប់សិស្សវិទ្យាល័យម្នាក់ក្នុង១ឆ្នាំគឺ ៣០០ ០០០ យ៉េន (ជាង២០០០ដុល្លា) សំរាប់សាលារដ្ឋ និង ២ដង សំរាប់សាលាឯកជន។
សាលាវិទ្យាល័យភាគច្រើនជាសាលាពេញម៉ោង និង ផ្ដល់នូវកម្មវិធីសិក្សាទូទៅ (ដែលមានមុខវិជ្ជាគ្រឹះចាំបាច់សំរាប់បន្តការសិក្សាទីមហាវិទ្យាល័យ) និង កម្មវិធីសិក្សាជំនាញបច្ចេកទេស (សំរាប់សិស្សដែលចង់ធ្វើការបន្ទាប់ពីរៀនចប់)។ មានសាលាមួយចំនួនតូចដែលផ្ដល់កម្មវិធីសិក្សាក្រៅម៉ោង ពេលល្ងាច និង តាមទូរអប់រំ។
សិស្សថ្នាក់ទី១០នៅក្នុងកម្មវិធីសិក្សាទាំង២ រៀនមុខវិជ្ជាស្រដៀងគ្នា។ មុខវិជ្ជាទាំងនោះជាមុខវិជ្ជាគ្រឹះ មាន ភាសាជប៉ុន ភាសាអង់គ្លេស គណិតវិទ្យា និង វិទ្យាសាស្ត្រ។ នៅថ្នាក់ទី១១ឡើងទៅ ពួកគេមានលទ្ឋភាពជ្រើសរើសមុខវិជ្ជាសិក្សាតាមចំនូលចិត្តពួកគេ។ កម្មវិធីសិក្សាបច្ចេកទេសបញ្ចូលមុខវិជ្ជាបច្ចេកទេសរាប់រយ មាន ពត៌មានវិទ្យា នាវាចរ នាសាទ កសិកម្ម ភាសាអង់គ្លេសសំរាប់ពាណិជ្ជកម្ម សេរ៉ាមិក ជាដើម។
គ្រូវិទ្យាល័យភាគច្រើនបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។ វិទ្យាល័យមានដេប៉ាតឺម៉ង់ផ្សេងៗតាមជំនាញឯកទេសរបស់គ្រូ។
ការអប់រំសំរាប់សិស្សពិការនៅវិទ្យាល័យ ផ្ដោតសំខាន់ទៅលើជំនាញនានា ដើម្បីអោយពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់នៅដោយខ្លួនឯងក្នុងសង្គម។ ជំនាញទាំងនោះត្រូវបានពិចារណាតាមកំរិតពិការរបស់ពួកគេ។ រដ្ឋាភិបាលធ្វើការប្រឹងប្រែងក្នុងការបង្កើនជំរើសសំរាប់ពួកគេ ដោយជំរុញអោយស្ថាប័នឧត្តមសិក្សាអនុញ្ញាតអោយសិស្សពិការចូលរៀនបាន។
មហាវិទ្យាល័យ
[កែប្រែ]សូមមើលអត្ថបទក្បោះក្បាយនៅ ឧត្តមសិក្សានៅប្រទេសជប៉ុន
គ្រឹះស្ថានឧត្តមសិក្សាផ្ដល់ការអប់រំថ្នាក់បរិញ្ញាប័ត្រទូទៅរយៈពេល៤ឆ្នាំ។ មុខជំនាញពេញនិយមនៅមហាវិទ្យាល័យមាន វិទ្យាសាស្ត្រសង្គម (ពាណិជ្ជកម្ម នីតិសាស្ត្រ និង គណនី) វិស្វកម្ម មនុស្សសាស្ត្រ និង គរុកោសល្យ។
ការចំនាយជាមធ្យមនៅមហាវិទ្យាល័យ (ថ្លៃសាលា និង ហូបចុក) ក្នុងមួយឆ្នាំ ១,៤លានយ៉េន (១ម៉ឺនដុល្លា) (ស្ថិតិឆ្នាំ១៩៨៦)។ ដើម្បីផ្គត់ផ្គង់ការចំនាយទាំងនេះ និស្សិតទាំងឡាយតែងចេញទៅធ្វើការក្រៅម៉ោង ឬខ្ចីប្រាក់ពី សមាគមអាហារូបករណ៍ជប៉ុន ដែលជាសមាគមគាំទ្រដោយរដ្ឋាភិបាលជប៉ុន។ ជំនួយក៏អាចទទួលបានពីរដ្ឋបាលតំបន់ សហគ្រាស និង ស្ថប័ននានាផងដែរ។
សកលវិទ្យាល័យដែលមានឈ្មោះល្បីនៅប្រទេសជប៉ុនមាន សាកលវិទ្យាល័យតូក្យូ និង សាកលវិទ្យាល័យក្យូតុ។